Category: ផ្សេងៗ

  • តិកនិកជ្រើសរើសក្រុមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើជំនួញឱ្យទទួលបានជោគជ័យ

    តិកនិកជ្រើសរើសក្រុមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើជំនួញឱ្យទទួលបានជោគជ័យ

    ការចាប់ផ្ដើមធ្វើអាជីវកម្មមួយ មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាមានធាតុផ្សំជាច្រើនរួមចូលគ្នា។ អ្វីដែលពិសេសនោះគឺថាប្រសិនបើអ្នកចាប់ដៃគូខុស នោះអាជីវកម្មរបស់អ្នកប្រាកដជាដួលរលំជាមិនខាន់។

    ខាងក្រោមនេះគឺជាតិកនិកក្នុងការជួយអ្នកឱ្យជ្រើសរើសដៃគូអាជីវកម្មបានល្អ និងត្រឹមត្រូវ៖

    ១) មនុស្សដែលធ្លាប់មានបទពិសោធធ្វើអាជីវកម្ម វាពិតជាមានថាមពលនៅពេលដែលក្រុមការមួយទើបតែចាប់ផ្ដើមអាជីវកម្មថ្មី មានសមាជិកក្រុមដែលមានបទពិសោធក្នុងការជួយប្រតិបត្តិការនៅក្នុងអាជីវកម្មនោះ ហើយវានឹងមានហានិភ័យកាន់តែតិចផងដែរ។

    ២) មនុស្សដែលមានទេពកោសល្យ នៅពេលដែលចាប់ផ្ដើមដំបូងក្រុមហ៊ុនត្រូវតែមានសមាជិកដែលមានសមត្ថភាពក្នុងការជួយជ្រោមជ្រែងដើម្បីធ្វើឱ្យជីវកម្មមួយនេះអាចដំណើរការទៅមុខបាន។ អ្វីដែលពិសេសនោះគឺសមាជិកក្រុមម្នាក់ៗ ត្រូវតែជាមនុស្សដែលមានទេពកោសល្យក្នុងការធ្វើការងាររបស់ខ្លួន នោះទើបក្រុមហ៊ុនអាចរីកចម្រើនលូតលាស់ទៅមុខបាន។

    ៣) មនុស្សដែលមានទំនាក់ទំនងល្អ អាជីវកម្មមួយអាចរីកចម្រើនបានលុះត្រាតែក្រុមការងារមានមនុស្សដែលពូកែខាងផ្នែកទំនាក់ទំនង ពីព្រោះការដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃនឹងជួយឱ្យជីវកម្មរបស់អ្នករីកចម្រើនបានលឿនដោយសារតែមានគេស្គាល់ច្រើន។

    ៤) ការលះបង់ សមាជិកក្រុមការងាររបស់អ្នកត្រូវតែជាមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការ ពីព្រោះការដែលមានប្ដេជ្ញាចិត្តខ្ពស់នឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន។

    ៥) ទស្សនៈវិស័យវែងឆ្ងាយ អាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនទៅមុនបាននោះទេ ប្រសិនបើមិនមានទស្សនៈវិស័យមួយច្បាស់លាស់ និងវែងឆ្ងាយ៕

  • បង្ហាត់កូនៗឲ្យចេះជួយខ្លួនឯង ចាប់តាំងពីនៅតូច រហូតដល់ធំ

    បង្ហាត់កូនៗឲ្យចេះជួយខ្លួនឯង ចាប់តាំងពីនៅតូច រហូតដល់ធំ

    កូនតូចក្នុងវ័យ1ខួបឡើងទៅ អ្នកម្តាយអាចបង្ហាត់ឱ្យគេចេះជួយខ្លួនឯងក្នុងរយៈដំបូងបានខ្លះហើយ មិនថាតែការញ៉ាំអាហារ ឬការប្រមូលចានដែលញ៉ាំរួចហើយជាដើម ទោះជាក្មេងនៅក្នុងវ័យនេះនៅមានសាច់ដុំតូចៗដែលមិនទាន់រឹងមាំ និងចាប់កាន់របស់របរអ្វីនៅមិនទាន់ជាប់មាំក៏ដោយ តែការបង្ហាត់ឱ្យកូនតូចបានចាប់ផ្តើមធ្វើដោយខ្លួនឯងនេះ មួយផ្នែកគឺជាការជួយអភិវឌ្ឍសាច់ដុំតូចៗរបស់គេឱ្យរឹងមាំឡើងបាន។

    លោកឪពុក និងអ្នកម្តាយខ្លះគិតថា កូនតូចអាយុត្រឹមតែប៉ុណ្ណឹងនៅមិនទាន់ដល់ពេលទេ ខ្លាចថាបើបណ្តោយឱ្យកូនតូចធ្វើដោយខ្លួនឯង ក៏អាចនឹងកំពប់ និងប្រឡេកប្រឡាក់អស់ តែលោកឪពុកអ្នកម្តាយដឹងទេថា លោកអ្នកកំពុងតែយល់ខុសហើយ…។ ការបណ្តោយឱ្យកូនតូចចេះជួយខ្លួនឯងនេះ នឹងរឹតតែធ្វើឱ្យកូនមានវិវឌ្ឍនាការសាច់ដុំតូចៗនោះកាន់តែរឹងមាំឆាប់រហ័សឡើង និងលទ្ធផលបន្ទាប់ដែលទទួលបានពីការបង្ហាត់ឱ្យកូនធ្វើអ្វីដោយខ្លួនឯងនេះ នឹងធ្វើឱ្យកូនមានភាពទទួលខុសត្រូវ និងស្គាល់ពីតួនាទីរបស់ខ្លួនឯងទៀតផង។

    នៅពេលកូនដល់វ័យចូលរៀន លោកឪពុកអ្នកម្តាយគួរឱ្យកូនចេះមើលថែទាំខ្លួនឯងខ្លះផង ដូចជា ស្លៀកពាក់ដោយខ្លួនឯងមិនថាតែការបិទឡេវខោ ឡេវអាវ ឬពាក់ស្រោមជើង ស្បែកជើងដោយខ្លួនឯង រៀបចំកាតាបដាក់សៀវភៅខ្លួនឯងជាដើម អ្វីផ្សេងៗទាំងអស់នេះនឹងជួយអភិវឌ្ឍជាបន្តឱ្យកូនចេះប្រើប្រព័ន្ធប្រសាទ ការប៉ះពាល់ រួមជាមួយសាច់ដុំតូចៗ ដោយឱ្យខួរក្បាលជាអ្នកដឹកនាំក្នុងការគិត ធ្វើឱ្យកូនចេះគិតជាប្រព័ន្ធយល់ពីអ្វីគួរធ្វើមុន ឬក្រោយរៀនយល់ដឹងក្នុងការកែបញ្ហាចំពោះមុខបាន និងមានភាពត្រៀមជានិច្ចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ និងគួរបង្ហាត់ឱ្យកូនធ្វើរៀងរាល់ថ្ងៃ រហូតក្លាយជាមុខនាទីដែលគេត្រូវទទួលខុសត្រូវ។

    កុមារដែលមិនចេះជួយខ្លួនឯងសោះ ច្រើនតែមានឧប្បនិស្ស័យអត្មា-និយម ទើបធ្វើឱ្យមិនមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីដែលថ្មីៗ ការសម្រេចចិត្តចំពោះមុខភ្លាមៗមិនពូកែ ព្រោះមិនដែលរៀនយល់ដឹងក្នុងការកែបញ្ហា មិនចេះស៊ូទ្រាំចំពោះក្តីលំបាកលំបិន​ ព្រោះមិនធ្លាប់ធ្វើអ្វីបានដោយខ្លួនឯង មានតែអ្នកធ្វើឱ្យជានិច្ច និងខ្វះជំនាញក្នុងការចូលសង្គមទៀតផង៕

  • ចំណេះដឹង ៖ ស្វែងយល់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    ចំណេះដឹង ៖ ស្វែងយល់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

    ភ្នំពេញ ៖ ការចុះបញ្ជីដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជា៣ប្រភេទ រួមមានការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីដាច់ដោយដុំ និងការចុះបញ្ជីដីធ្លីបំពេញបន្ថែម ប៉ុន្តែនៅពេលនេះ យើងសូមលើកយកពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។

    ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ត្រូវបានបែងចែកជា៥ដំណាក់ ក្នុងនោះរួមមាន ៖ដំណាក់កាលទី១ អំពីការរៀបចំ ៖ អភិបាលខេត្ត ក្រុង ជាអ្នកប្រកាសតំបន់ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លីត្រូវធ្វើការកំណត់ វាស់វែងព្រំដី និងវិនិច្ឆ័យ ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវការធ្វើប្រជុំវិនិច្ឆ័យ ដោយផ្ដល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន យ៉ាង ១៥ថ្ងៃនិងសាធារណជនយ៉ាងតិច៧ថ្ងៃមុនការប្រជុំ ។កិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ធ្វើការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ។

    ដំណាក់កាលទី២អំពីប្រតិបត្តិការបច្ចេកទេស ៖ មន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់កំណត់ព្រំដី វាស់វែងក្បាលដី និងធ្វើការវិនិច្ឆ័យ ទៅលើឯកសារ និងភស្តុតាងផ្សេងៗជាលក្ខណៈរូប ជាលាយលក្ខណ៍អក្សរ ឬចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី ។ ចំណែកមន្ត្រីនៅការិយាល័យ ប្រសិនបើមិនមានទំនាស់ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី ។

    ដំណាក់កាលទី៣ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ៖ អាជ្ញាធរខេត្ត ក្រុង ត្រូវប្រកាសផ្សាយជាសាធារណៈ អំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល២០ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា ។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្ដល់ការយល់ព្រមលើឯកសារនៃការវិនិច្ឆ័យទាំងនោះ ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ជូនឯកសារនៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះហត្ថលេខាទទួលស្គាល់ ។ដំណាក់កាលទី៤ អំពីការសម្រេចលើឯកសារ ៖ ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្ត ក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់ ។

    ដំណាក់កាលទី៥ អំពីការចេញបណ្ណ ៖ នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដីដើម្បីចុះបញ្ជីចេញបណ្ណ ។ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនាពេលកន្លងមកនេះថា តាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នឹងជំរុញឱ្យមន្ត្រីទាំងអស់ចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យរួចរាល់ជាស្ថាពរនៅមុនឆ្នាំ ២០៣០ខាងមុខនេះ ដោយបច្ចុប្បន្ន មន្ត្រីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បាននិងកំពុងធ្វើកិច្ចការងារយ៉ាងមមាញឹក ហើយឯកឧត្តមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុរិយោដីទាំងអស់ដែលបានធ្វើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ៕

  • ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖

    ១) ក្រោកឱ្យបានពីព្រឹក
    សហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។

    ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទ
    នេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច ប៉ុន្តែវាជាមូលហេតុដ៏ល្អឥតខ្ចោះ។ ការចាប់កាន់ទូរស័ព្ទនៅពេលភ្ញាក់ពីគេង អាចធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេសអាចធ្វើឱ្យលោកអ្នកភ្លេចភ្លាំងនូវផែនការដែលបានត្រៀមទុកពីយប់ និងរឿងមួយទៀតគឺអាចធ្វើឱ្យអ្នកប្រទះឃើញរឿងមិនល្អ បើសិនជាអ្នកបានឆែក Facebook។

    ៣) ចូរញាំអាហាពេលព្រឹកណាដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អ
    ឈប់លេងសើចជាមួយនឹងខ្លួនរបស់អ្នកទៀត ពីព្រោះអាហាពេលព្រឹកគឺជាអាហាដែលសំខាន់បំផុតក្នុងចំណោមអាហាទាំងអស់ក្នុងមួយថ្ងៃ ព្រោះវានឹងជួយធ្វើឱ្យខួរក្បាល និងរូបរាងកាយរបស់អ្នកមានថាមពលក្នុងការបំពេញភារកិច្ទបានល្អ។

    ៤) ចូរកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ
    ជារៀងរាល់ព្រឹកមុនពេលដែលអ្នកបំពេញការងារអ្នកត្រូវតែកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ ពីព្រោះវានឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

  • ទង្វើ 3យ៉ាង ដែលមិនគួរធ្វើក្នុងការនិយាយសាធារណៈ

    ទង្វើ 3យ៉ាង ដែលមិនគួរធ្វើក្នុងការនិយាយសាធារណៈ

    ការនិយាយសាធារណៈ (Public Speaking) ឬធ្វើបទបង្ហាញលើវេទិកា​ជាឱកាសយ៉ាងល្អសម្រាប់ការបញ្ចេញមតិយោបល់ រួមទាំង​បង្ហាញពីរឿងរ៉ាវសំខាន់ៗដែលអ្នកធ្លាប់លើកឡើង តែ​ពេលខ្លះ​វាក៏អាចធ្វើឱ្យអ្នកនិយាយមានភាពអាម៉ាស់ ឬ​ទទួល​រងការរិះគន់ផងដែរប្រសិនបើ​ពួកគេមិនបានស្វែងយល់ពីកំហុសឆ្គងនៃការនិយាយនោះ។

    ខាងក្រោមនេះ ជាទង្វើខុសឆ្គងមួយចំនួនដែលអ្នកនិយាយសាធារណៈ គួរចៀសវាង ដើម្បីឱ្យវេទិការបស់អ្នក​ក្លាយជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើក។

    1/ ការនិយាយ ឬអួតតែពីរឿងផ្ទាល់ខ្លួន

    ជាធម្មតា ដើម្បីនិយាយឱ្យ​គេស្តាប់លុះត្រាតែអ្នកនិយាយមានលក្ខណៈសម្បត្តិល្អប្រសើរ ឬមាន​ចំណុចពិសេស​លើសពីមនុស្សដទៃ។ ដើម្បីបង្ហាញពីចំណុចទាំងអស់នេះ អ្នកនិយាយភាគច្រើន​ចូលចិត្ត​អួតពី​មុខតំណែងខ្លួនឯង អួតពីទ្រព្យ អួតពីគ្រួសារ ឬអួតពីស្នាដៃការងារជាដើម។ ការអួតនេះ គឺត្រូវធ្វើឱ្យមានកម្រិត បើមិនដូច្នោះទេ អ្នកនឹងក្លាយជាមនុស្សដែលអ្នកស្តាប់គេជ្រេញ ហើយ​អាចរងនូវការរិះគន់បាន។

    តាមពិត អ្នកនិយាយ អាចបង្ហាញពីគុណតម្លៃរបស់ខ្លួនម្តងបន្តិចៗតាមរយៈ​ការបញ្ចូលនូវបទពិសោធ និងវិធីសាស្រ្តដោះស្រាយបញ្ហាដែលខ្លួនធ្លាប់ធ្វើទៅក្នុងអត្ថន័យនៃការបង្ហាញនោះ​។

    2/ មិនបានត្រៀមខ្លួន និងរកប្រធានបទមិនឃើញ

    អ្នកនិយាយសាធារណៈមួយចំនួន ហាក់មិនខ្វល់ពីប្រធានបទនៃកម្មវិធីដែលគេកំពុងធ្វើនោះទេ ព្រោះពួកគេហាក់មានមោទនភាពជាមួយនឹងថ្វីមាត់ ឬ​គំនិតដែលគេបានធ្វើឡើង។ កត្តាទាំងអស់នេះ អាចធ្វើឱ្យថ្វីមាត់​របស់គេបាត់បង់តម្លៃដោយសារតែ​អ្នកចូលរួម​មិនងាយនឹងយល់ ហើយពេលខ្លះអាច​គិតថា​អ្នកនិយាយនោះជាមនុស្សដែលនិយាយមិនចំគោលដៅដែលគេចង់បាន។

    3/ ព្យាយាមទន្ទេញគ្រប់ពាក្យ ឬអាន​ទាំងស្រុង

    ការនិយាយ​សាធារណៈ ជាធម្មតាត្រូវការសិល្បៈ និង​អាកប្បកិរយាប្រកបដោយថាមពល រួមទាំងភាពរួសរាយក្នុងការរៀបរាប់។ នៅពេលដែលអ្នកព្យាយាមទន្ទេញនូវអ្វីដែលអ្នក​ចង់​និយាយនោះអ្នកនឹងបាត់បង់ទំនុកចិត្តទាំងស្រុងនៅលើឆាក ព្រោះ​ថាអ្នកស្តាប់មិនបានចាប់អារម្មណ៍ទៅលើ​វេទិកានោះទេ តែអ្វីដែលអ្នកគិតគឺអក្សរ​ និងឃ្លោងឃ្លាដែលអ្នកបានសរសេរទុក។ គ្រប់ពេលដែលអ្នកនិយាយ គឺមិនខុសពីមនុស្សយន្តដែលកំពុងនិយាយនោះទេ វាប្រាកដជាមិនសូវមានសិល្បៈ ឬ​ភាពរស់រវើកនោះទេ៕

  • តើ​គួរធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​កម្ចីឥណទាន​របស់​អ្នក​ត្រូវបាន​បដិសេធ?

    តើ​គួរធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​កម្ចីឥណទាន​របស់​អ្នក​ត្រូវបាន​បដិសេធ?

    បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ខណៈ​ដែល​តម្រូវការ​ប្រាក់​កម្ចី​សម្រាប់​ប្រើ​ប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​សម្រាប់​ដំណើរការ​អាជីវកម្ម​មាន​ការ​កើន​ឡើង​ជា​លំដាប់។ តែ​ទោះ​បី​យ៉ាងណា​ការ​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​កម្ចី​មិន​សុទ្ធ​តែ​ទទួល​បាន​ការ​អនុម័ត​ទាំង​អស់​នោះ​ទេ ព្រោះ​សំណើ​មួយ​ចំនួន​ខ្វះ​ឯកសារ​ និងបញ្ហា​មួយ​ចំនួន​ទៀត។ ​ដើម្បី​ស្វែង​យល់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​សំណើ​ឥណទាន​ត្រូវ​បាន​បដិសេធ និង​គន្លឹះ​ដើម្បី​ឱ្យ​សំណើ​សុំ​ឥណទាន​របស់​អ្នក​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​ធនាគារ អ្នក​យក​ព័ត៌មាន​នៃ​កាសែត ​ឡារ៉ែន ពាណិជ្ជ ​បាន​ជួប​សម្ភាស​ជាមួយ​លោក ហុង ជៀប នាយក​គ្រប់គ្រង​ហានិភ័យ​នៃ​ធនាគារ ស៊ី​អាយ​អិម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) ដើម្បី​លម្អិត​អំពី​កិច្ចការ​នេះ។

    តើ​អតិថិជន​ត្រូវបំពេញ​លក្ខខណ្ឌអ្វីខ្លះ ដើម្បី​អាច​ស្នើសុំ​ឥណទាន​ពី​ធនាគារ CIMB? ទាំង​សំណើ​ឥណទាន​បុគ្គល ​និង​ឥណទាន​អាជីវកម្ម​គឺ​មាន​លក្ខខណ្ឌ​ដូចគ្នា។ អតិថិជន​ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​ត្រូវ​តែ​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​18​ឆ្នាំ ដល់ ​65​ឆ្នាំ ហើយ​ពួកគេ​អាច​ស្នើសុំ​ឥណទាន​ជា​លក្ខណៈ​បុគ្គល​ក៏​បាន ឬ​​ជា​លក្ខណៈ​រួមគ្នា​ក៏បាន។

    មុន​នឹង​សម្រេច​អនុម័ត ​និង​បដិសេធ​សំណើ​ឥណទាន​របស់​អតិថិជន តើ​ធនាគារ​សិក្សា​លើក​ត្តាសំខាន់ៗ​អ្វី​ខ្លះ? សម្រាប់​សំណើ​ឥណទាន​បុគ្គល ឯកសារ​ និង​លក្ខណៈ​មិនសូវ​ច្រើន​ដូច​ឥណទាន​អាជីវកម្ម​ឡើយប៉ុន្តែ​សម្រាប់​ការ​សិក្សា​គឺ​មិន​ជា​ខុសគ្នា​ប៉ុន្មាន​ឡើយ។ ក្នុងនោះ​ធនាគារ​នឹង​សិក្សា​លើ​ចំណុច​ចម្បងៗ​រួម​មាន ទី1 ​ប្រភព​ចំណូល​របស់​អតិថិ​ជន តើ​ប្រភព​ចំណូល​អាច​ទូទាត់​សង​ទៅ​ធនាគារ​វិញបាន​ដែរ ឬទេ? ហើយ​វា​មាន​និរន្តរភាព​ដែរ ឬទេ? សម្រាប់​ឥណទាន​ជា​លក្ខណៈ​បុគ្គល​ជា​ទូទៅ​ធនាគារ​តម្រូវ​ឱ្យ​មាន​ទំហំ​ចំណូល​យ៉ាងតិច​ 2ដង​នៃ​ចំនួន​ទឹកប្រាក់​ដែល​អតិថិជន​ត្រូវ​សង​ទៅ​ធនាគារ​វិញ។ ចំណែក​ឥណទាន​អាជីវកម្ម​វិញ អតិថិជន​ត្រូវមាន​ចំណូល​យ៉ាងតិច​ 1.3ដង ឬ​1.5ដង។ មិន​តែ​ប៉ុណ្ណោះ​បើ​ប្រភព​ចំណូល​មាន​រយៈពេល​ខ្លី ហើយ​ឥណទាន​មាន​រយៈ​វែង​ វា​មិន​ទូទាត់​គ្នា​ឡើយ ដូច្នេះ​ធនាគារ​នឹង​ពិនិត្យថា​ ទំហំ​ប្រភព​ចំណូល និង​រយៈពេល​នៃ​ចំណូល​មាន​និរន្ត​ន៍​ភាព និង​រីកចម្រើន​ទៅមុខ​ដែរ ឬទេ នោះ​ធនាគារ​អាច​ផ្ដល់​ឥណទាន​ជូន​បាន។ ទី2. គឺ​គោល​បំណង​នៃ​ឥណទាន​ត្រូវ​ស្របច្បាប់​ដែល​ជួយ​ដល់​អតិថិជន​ខ្លួន និង​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​។ មិន​តែ​ប៉ុណ្ណោះ​អតិថិជន​ត្រូវ​ប្រើប្រាស់​ឥណទាន ដែល​ធនាគារ​បាន​អនុម័ត​ឱ្យ​ស្រប​តាម​គោលដៅ និង​គោល​បំណង ដែល​បាន​ស្នើសុំ​ដំបូង​ព្រោះ​ធនាគារ​អាច​ប្រាកដថា ឥណទាន​ដែល​ផ្តល់ឱ្យ​អតិថិជន​នោះ​នឹង​ជួយ​ឱ្យ​ពួកគេ​រីកចម្រើន​ទៅលើ​អាជីវកម្ម និង​ជីវិត​​។ ទី3. គឺ​ទ្រព្យ​ធានា​សម្រាប់​ការស្នើសុំ​ឥណទាន​ដែល​អាច​ចាត់ជា​ទ្រព្យ​ធានាបាន​មានដូចជា​គេហដ្ឋាន ដី គណនី​មាន​កាល​កំណត់ រួមទាំង​អចលនទ្រព្យ​ផ្សេងទៀត​។ ជាគោលការ​សម្រាប់​អចលនទ្រព្យ រួមមាន​គេហដ្ឋាន និង​ដី​ជាដើម ធនាគារ CIMB ទទួល​តែ​ប្លង់រឹង​ប៉ុណ្ណោះ។ ការកំណត់​នេះ​គឺ​ដើម្បី​បញ្ចៀស​ហានិភ័យ​នានា
    ហើយ​ធនាគារ​អាច​ផ្តល់នូវ​អត្រា​ការប្រាក់​ដ៏​សមរម្យ​មួយ​សម្រាប់​អតិថិជន​ផងដែរ។

    តើ​ធនាគារ CIMB ចំណាយ​រយៈពេល​ប៉ុន្មាន​ក្នុងការ​សិក្សា និង​អនុម័ត​សំណើ​ឥណទាន​របស់​អតិថិជន? តាមពិតទៅ​រយៈពេល​នៃ​ការសិក្សា​ទៅលើ​ឥណទាននីមួយៗ​គឺ​វា​អាស្រ័យ​ទៅតាម​តថភាព​ជាក់ស្តែង ព្រោះ​ករណី​ខ្លះ​​ងាយស្រួល​សិក្សា ​ហើយ​ខ្លះទៀត​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សិក្សា​លម្អិត។ ជាទូទៅ​បើសិនជា​សំណើ​ឥណទាន ដែល​យក​ប្រាក់​បៀវត្ស​ការងារ ​ឬ​ថ្លៃ​ផ្ទះជួល​មក​សិក្សា​វា​អាច​ចំណាយពេល​ប្រមាណ 2សប្តាហ៍ ប៉ុន្តែ​បើសិន​បើ​យក​ចំណូល​ពី​អាជីវ​កម្ម​​មក​សិក្សា​ វា​ត្រូវ​ចំណាយ​ពេលវេលា​សិក្សា និង​ស្វែងយល់​យូរ​បន្តិច​ដែល​លើសពី 2សប្តាហ៍។ យ៉ាងណាមិញ​ពេលវេលា​សិក្សា​នេះ​គឺ​ដើម្បី​ប្រាកដថា​រាល់​ឥណទាន​ដែល​ធនាគារ​អនុម័ត​ឱ្យ​អតិថិជន គឺ​សុទ្ធតែ​អាចជួយ​ឱ្យ​អតិថិជន​រីកចម្រើន និង​មិន​មាន​ឥណទាន​មិន​ដំណើរការ ​ឬ​ឥណទាន​ខូច។

    តើ​មាន​ផលប្រយោជន៍​អ្វី​ដែល​ធនាគារ CIMB ត្រូវ​គ្រប់គ្រង​មិន​ឱ្យមាន​ឥណទាន​មិន​ដំណើរការ ឬ​ឥណទាន​ខូច? នៅ​ពេល​ឥណទាន​ខូច វា​មិន​មែន​ប៉ះពាល់​ដល់​ធនាគារ​តែ​ប៉ុណ្ណោះ​ទេ តែ​អតិថិជន​ក៏​នឹង​ជួប​ការលំបាក ហើយ​បរា​ជ័យ​ក្នុងការ​ស្វែងរក​ភាព​រីកចម្រើន​ផងដែរ។ ជាក់ស្ដែង​ធនាគារ​បាន​ការ​ប្រាក់​នៅពេល​ឥណទាន​អត់​ខូច ប៉ុន្តែ​អ្វីដែល​ល្អ​ជាង​នោះ​ទៀត គឺ​អតិថិជន​បាន​ក្រេឌីត ឬ​ពិន្ទុ​ល្អ​សម្រាប់​ខ្លួនឯង ហើយ​ពួក​គេ​ក៏​មាន​ការអភិវឌ្ឍ​ទៅមុខ​ផង​ដែរ។ ថ្ងៃ​ក្រោយ​ទៅ អតិថិជន​ត្រូវ​ការ​ឥណទាន​ច្រើន​ជាង​នេះ នឹង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតិថិជន​ល្អ ដូច្នេះ​ពួកគេ​ងាយ​នឹងត្រូវ​ផ្តល់​ឥណទាន​ឱ្យ​បន្ថែមទៀត។ យើង​មិន​ចង់បាន​ភាព​រីក​ចម្រើន​តែ​ខ្លួនឯង​ទេ គឺ​យើង​ចង់​ឱ្យ​ធនាគារ​ចំណេញ​ផង និង​អតិថិជន​ជោគ​ជ័យ​ដូច​គ្នា​។ ធនាគារ CIMB មាន​ឥណទាន​ខូច​ក្នុង​កម្រិត​ទាប​បំផុត ដោយ​ក្នុង​ឆ្នាំ2016 គឺមាន​ប្រមាណ​ជិត​ 0.2%​ប៉ុណ្ណោះ។ ធនាគារ​អាច​គ្រប់​គ្រង​មិន​ឱ្យ​មាន​កម្ចីខូច​ច្រើន ព្រោះ​យើង​មាន​ការប្រាស្រ័យ​ទាក់ទង​ល្អ និង​ជាប់រ​ហូត​ជាមួយ​អតិថិជន​ចាប់​តាំងពី​មុន​អនុម័ត​លើ​សំណើសុំ​ឥណទាន និង​ក្រោយ​អនុម័ត។

    ក្នុងនាម​លោក​ជា​អ្នក​នៅក្នុង​វិស័យ​ធនាគារ តើ​លោក​មាន​ជា​មតិ​ផ្តាំផ្ញើ ឬ​អនុសាសន៍​អ្វីខ្លះ​ដល់​សាធារណជន? ជាការ​ពិតណាស់​ដើម្បី​សម្រេចបាន​ជោគជ័យ​យូរអង្វែង​យើង​តែងតែ​ត្រូវការ​ដៃគូ​សហការ​​ដែល​អាច​ជឿជាក់​បាន។ ដោយ​សារ​ធនាគារ​នីមួយៗ​អាច​មាន​សេវាកម្ម និង​ផលិតផល​ខុសគ្នា កេរ្តិ៍ឈ្មោះ​ខុសគ្នា ចំនួន​សាខា​ខុសគ្នា និង​អត្រា​ការ​ប្រាក់​ខុសគ្នា អតិថិជន​មិន​គួរ​ផ្ដោត​តែ​ទៅ​លើ​ចំណុច​ណា​មួយ​ជាក់​លាក់​នោះទេ ដូច​ជា​គិត​តែ​លើ​អត្រា​ការប្រាក់​ទាប និង​ដំណើរ​ការ​ឯកសារ​លឿន​ជាដើម។ ខ្ញុំ​គិតថា នេះ​ជា​ចំណុច​មួយ​សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អតិថិជន​គួរតែ​ស្វែងរក​ធនាគារ​ដៃគូ​ណា​ដែល​អាចធ្វើការ​ជាមួយ​គាត់ និង​ធ្វើឱ្យ​គាត់​រីកចម្រើន​យូរអង្វែង​ជាមួយនឹង​ការប្រាក់​ល្អ រួមទាំង​អត្ថ​ប្រយោជន៍​​ដ៏​សម្បូរបែប​ផងដែរ៕

  • ទម្លាប់ឈ្នះៗមួយចំនួន ដែលនាំឱ្យ​អ្នក​ជោគជ័យ

    ទម្លាប់ឈ្នះៗមួយចំនួន ដែលនាំឱ្យ​អ្នក​ជោគជ័យ

    ភាពជោគជ័យ​កើតចេញពី​ទម្លាប់ ហើយ​ទម្លាប់​ចែកចេញជា​ពី​ប្រភេទ​គឺ ទម្លាប់​ជោគជ័យ និង​ទម្លាប់​បរាជ័យ។ អ្វីដែល​ពិសេស​នោះ​គឺថា​អ្នកមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ទម្លាប់​ទាំងអស់នោះ។
    ខាងក្រោម​នេះ​គឺជា​ទម្លាប់ឈ្នះៗមួយចំនួន​ក្នុងការ​ទទួលបាន​នូវ​ភាពជោគជ័យ៖

    ១) ជួសជុល​ផ្នត់គំនិត​របស់​អ្នក
    នៅក្នុង​ការសម្រេច​ជោគជ័យ អ្នក​ត្រូវមាន​ទស្សនវិស័យ​វិជ្ជមាន​ទៅលើ​ជីវិត។ គ្រប់ពេល​ទាំងអស់​គឺជា​ឱកាស​សម្រាប់​អ្នក​ក្នុងការ​សិក្សា​រៀនសូត្រ​ដើម្បី​ជួយ​ធ្វើឱ្យ​ខ្លួន​របស់​អ្នក​ល្អ​ប្រសើរឡើង។ ទោះជា​អ្នក​ដួល​ក៏ដោយ​ចូរ​ក្រោកឈរឡើង ហើយ​បន្ដធ្វើ​វា​ម្ដងទៀត​រហូតដល់​អ្នកទទួល​បាន​ជោគជ័យ។ ការ​មាន​ផ្នត់គំនិត​វិជ្ជមាន​ចំពោះ​ជីវិត​របស់​អ្នក នឹង​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​ភាពជោគជ័យ។

    ២) ចូរ​កំណត់​គោលដៅ​ជីវិត​របស់​អ្នក
    ចូរ​គិត​គោលដៅ​របស់​អ្នក​ឱ្យ​ដូចជា​គោលដៅ​នៃ​ជីវិត​របស់​អ្នក។ តើ​អ្នក​ពិតជា​ចូលចិត្ត​អ្វី​ឱ្យ​ពិតប្រាកដ? ហេតុអ្វី​បានជា​អ្នកធ្វើ​វា? តើ​អ្នក​អាចធ្វើឱ្យ​ពិភពលោក​មួយ​នេះ ក្លាយទៅជា​កន្លែង​មួយ​ដ៏​ល្អ​បាន​ដោយ​របៀប​ណា? ចូរ​ស្វែងរក​មូលហេតុ​របស់​អ្នក​សម្រាប់​ឆន្ទៈ​ក្នុងការ​រស់នៅ​ដើម្បី​អ្នក​អាច​ប្រើប្រាស់​ចំណេះ និង​ជំនាញ​របស់​អ្នក​ក្នុង​ការសម្រេច​គោលដៅ​របស់​អ្នក។

    ៣) លុបបំបាត់ចោល​នូវ​អ្វី​ដែលជា​ឧបសគ្គ
    ពីព្រោះ​អ្នក​បានកំណត់​គោលដៅ​មួយ​ច្បាស់លាស់ អ្នក​ត្រូវតែ​លុបបំបាត់ចោល​នូវ​អ្វី​ដែលជា​ឧបសគ្គ​ដល់​ខ្លួន​របស់​អ្នក​ក្នុងការ​រារាំង​អ្នក​មិនឱ្យ​អ្នកសម្រេច​គោលដៅ។ អ្នក​ត្រូវតែ​រៀបចំ​ជីវិត​មួយ​ដែល​គាំទ្រ​គោលដៅ​របស់​អ្នក ហើយ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ទាំងនោះ ដើម្បី​ដឹកនាំ​អ្នក​ឆ្ពោះទៅកាន់​គោលដៅ​របស់​អ្នក។

    ៤) ផ្ដល់រ​ង្វ​ន់​ដល់​ខ្លួនឯង
    ការ​បង្កើតជា​ទម្លាប់​ផ្ដល់​រង្វាន់​ចំពោះ​ខ្លួនឯង​គឺជា​រឿង​ដ៏​ល្អ ព្រោះ​វា​ជា​វិធីសាស្ត្រ​ជំរុញ​ទឹកចិត្ត​មួយ ដើម្បីឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ៕

     

  • ដំបូន្មានដ៏មានតម្លៃបំផុតរបស់ Jack Ma សម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង

    ដំបូន្មានដ៏មានតម្លៃបំផុតរបស់ Jack Ma សម្រាប់អ្នកចាប់ផ្ដើមអាជីវកម្មដំបូង

    ការចាប់ផ្ដើមអាជីវកម្មមួយ និងជាលើកដំបូង វាពិតជាពិបាក ដោយសារតែមានកត្តាជាច្រើនរួមផ្សំ។ កត្តាទាំងនោះរួមមាន ដើមទុន បទពិសោធន៏ និងធនធានមនុស្ស ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្មមួយទទួលបានជោគជ័យ។

    លោក Jack Ma ដែលជាស្ថាបនិករបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba ហើយក៏ជាមហាសេដ្ឋីដ៏មានប្រជាប្រិយភាពផងនោះ បាននិយាយថា អ្នកមិនអាចបង្រួបបង្រួមគំនិតរបស់មនុស្សគ្រប់គ្នា ឱ្យរួមចូលគ្នាតែមួយបាននោះទេ ប៉ុន្តែអ្នកអាចបង្រួបបង្រួមមនុស្សគ្រប់គ្នាបានតាមរយៈគោលដៅរួមតែមួយ។

    មហាសេដ្ឋីរូបនេះ បានបញ្ជាក់បន្ថែមទៀតថា កុំជឿជាក់ថា អ្នកអាចបង្រួបបង្រួមនៅអ្វីដែលមនុស្សគ្រប់គ្នាកំពុងតែគិត វាមិនអាចទៅរួចនោះទេ។ 30ភាពរយនៃមនុស្សទាំងអស់ នឹងមិនជឿជាក់លើអ្នកនោះទេ។ កុំអនុញ្ញាតឱ្យសហការរីរបស់អ្នក និងបុគ្គលិករបស់អ្នក គិតថាកំពុងតែធ្វើការសម្រាប់តែខ្លួនអ្នក។ ផ្ទុយទៅវិញ ចូរឱ្យពួកគេគិតថា ពួកគេកំពុងតែធ្វើការសម្រាប់គោលដៅរួមតែមួយវិញ ហើយធ្វើដើម្បីឱ្យក្រុមហ៊ុនទទួលភាពជោគជ័យ។ វាមានភាពងាយស្រួលច្រើនជាងក្នុងការបង្រួបបង្រួមក្រុមហ៊ុនមួយឱ្យស្ថិតនៅក្នុងគោលដៅរួមតែមួយ ជាជាងបង្រួបបង្រួមក្រុមហ៊ុនមួយឱ្យនៅជុំវិញតែមនុស្សណាម្នាក់៕

  • រឿង 6 យ៉ាងដែលអ្នកគួរស្វែងយល់មុនទិញរថយន្តប្រភេទ SUVs

    រឿង 6 យ៉ាងដែលអ្នកគួរស្វែងយល់មុនទិញរថយន្តប្រភេទ SUVs

    ជាទូទៅ មុននឹងសម្រេចចិត្តទិញរថយន្តមួយគ្រឿងវាពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែងទីផ្សាររថយន្តបច្ចុប្បន្នមានការរីកចម្រើននិងមានរថយន្តច្រើនម៉ាកច្រើនប្រភេទ ធ្វើឱ្យអតិថិជនមានជម្រើសកាន់តែច្រើន ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកពិបាកសម្រេចចិត្តគួរជ្រើសយករថយន្តណាមួយដែលស័ក្ដិសមនឹងតម្រូវការរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែជ្រើសយករថយន្តប្រភេទ SUVs។

    បច្ចុប្បន្ន មនុស្សភាគច្រើនយល់ឃើញថារថយន្តប្រភេទ SUVs ផ្ដល់អត្ថប្រយោជន៍ច្រើនជាងរថយន្តប្រភេទ Sedan។ ជាការពិតណាស់ រថយន្តប្រភេទ SUVs បានវ៉ាដាច់រថយន្តខ្នាតមធ្យមក្នុងទីផ្សាររថយន្តពិភពលោក ដោយការលក់បានរំពឹងថានឹងកើនឡើងដល់ 42 លានគ្រឿងនៅឆ្នាំ 2031។

    ខាងក្រោមនេះ ជាគន្លឹះ 6 យ៉ាងដែលអ្នកគួរស្វែងយល់មុនទិញរថយន្តប្រភេទ SUVs ដែលផ្ដល់ដោយអ្នកជំនាញមកពីក្រុមហ៊ុន Ford។

    1/-ហេតុផលនៃការជ្រើសយករថយន្តប្រភេទ SUV យកទៅប្រើប្រាស់

    អតិថិជនភាគច្រើនយល់ឃើញថាក្រៅពីរថយន្តធន់តូច រថយន្តប្រភេទ SUVs អាចផ្ដល់នូវតម្លៃសមរម្យ សមត្ថភាពខ្ពស់ និងអាចនូវផ្ដល់បទពិសោធន៍ក្នុងការបើកបរប្រកបដោយភាពសប្បាយរីករាយ មិនខុសពីរថយន្តប្រភេទ Sedan នោះទេ។ រថយន្ត SUVs បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត រួមមានទីតាំងបើកបរខ្ពស់ជាងមុន ផ្តល់ការងាយស្រួលក្នុងការមើលចរាចរណ៍ខាងមុខ និងកន្លែងផ្ទុកឥវ៉ាន់ធំទូលាយ។

    ជាការពិតណាស់ រថយន្ត SUVs មានច្រើនប្រភេទផលិតទៅតាមតម្រូវការរបស់អតិថិជន។ ជាអាទិ៍ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតរថយន្ត SUVs ជាង 50 ឆ្នាំហើយ ដែលរថយន្តនីមួយៗត្រូវបានផលិតស្របទៅនឹងតម្រូវការរបស់អតិថិជនហើយរថយន្ត SUVs មិនមែនគ្រាន់តែជារថយន្តធម្មតានោះ គឺវាបានភា្ជប់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតលើសគេ ផ្ដល់នូវបទពិសោធន៍បើកបរដ៏សប្បាយរីករាយ។

    2/-ទំហំ និងចំនួនកៅអីដែលរថយន្តនោះមាន

    រថយន្តប្រភេទ SUVs មិនមែនមានទំហំទូលាយ និងចំនួនកៅអីដូចគ្នាទាំងអស់នោះទេ។ រថយន្តខ្លះអាចមានចំនួនកៅអីច្រើន តែមានទំហំសម្រាប់ផ្ទុកឥវ៉ាន់តូច ដែលបង្កជាភាពឈឺក្បាលពេលមានដំណើរកម្សាន្តទៅណាម្ដងៗ ដែលតម្រូវឱ្យបត់កៅអីខ្លះ ដើម្បីអាចដាក់ឥវ៉ាន់បានច្រើន។ ដូច្នេះហើយការគិតអំពីរឿងនេះ ក៏ជាកត្ដាសំខាន់ផងដែរ។

    លោកអ្នកអាចធ្វើការប្រៀបធៀបតម្រូវការចំនួនកៅអីនៃរថយន្ត ទៅនឹងការផ្ទុកសម្ភារដែលវាអាចផ្ទុកបាន។ ចំណុចនេះ អ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកធ្វើដំណើរភាគច្រើនតែក្នុងទីក្រុង និងគ្មានកូនតូច អ្នកអាចជ្រើសយករថយន្ត SUVs ធន់កណ្ដាលដូចជារថយន្ត Ford Ecosport ព្រោះវាមានរាងតូចល្មមល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍ និងចង្អៀត។ មិនតែប៉ុណ្ណោះរថយន្ត Ford Ecosport ក៏មានកន្លែងផ្ទុកឥវ៉ាន់ធំទូលាយសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍ផងដែរ។

    3/-ភាពធន់នឹងស្ថានភាពផ្លូវលំបាក

    ថ្វីត្បិតតែប្រភេទរថយន្ត SUVs ភាគច្រើនត្រូវបានបើកបរនៅក្នុងទីក្រុង រួមនឹងស្ថានភាពផ្លូវល្អប្រសើរប៉ុន្តែមនុស្សម្នាក់ៗតែងតែមានបំណងសាកល្បងធ្វើដំណើរបែបលក្ខណៈផ្សងព្រេងដូចជាការបើកបរនៅលើវាលខ្សាច់ ឬធ្វើដំណើរទៅទីឆ្ងាយដាច់ស្រយាល។ ហេតុនេះហើយ រថយន្តដែលអ្នកជ្រើសរើសក៏ត្រូវមានលក្ខណៈសម្បត្តិសមនឹងលក្ខខណ្ឌទាំងនោះផងដែរ។

    ចំណុចដែលធ្វើឱ្យរថយន្ត SUVs កាន់តែលេចធ្លោនោះគឺអ្នកអាចបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើនដោយគា្មនការព្រួយបារម្ភ។ រថយន្តប្រភេទ SUVs ផ្សេងគ្នា មានសមត្ថភាពខុសគ្នា ហើយអ្នកត្រូវធ្វើការជ្រើសរើសរថយន្តណាមួយដែលសមស្របនឹងតម្រូវការរបស់អ្នក។ បើសិនជាអ្នករស់នៅក្នុងទីក្រុងដូចជាទីក្រុងភ្នំពេញ នៅរដូវភ្លៀងអ្នកបើកបរតែងតែជួបផលវិបាកព្រោះទឹកលិចផ្លូវ ក៏ប៉ុន្តែទាំងនេះពុំមែនជាបញ្ហានោះទេសម្រាប់ពពួករថយន្ត SUVs ដោយសារវាមានបាតខ្ពស់ពីដី អាចបើកកាត់ទឹកបានយ៉ាងងាយស្រួល។ តែយ៉ាងណាអ្នកគួរស្វែងយល់ពីវាដែរ ថាអាចបើកកាត់ទឹកមានជម្រៅប៉ុន្មានបាន។

    ឧទាហរណ៍រថយន្ត Ford Ecosoport និង Ford Everest ជាដើម ដែលវាអាចបើកកាត់ទឹកជម្រៅរហូតដល់ 800 មីល្លីម៉ែត្រ។

    4/- បច្ចេកវិទ្យាកម្សាន្ត ដែលមានភ្ជាប់ក្នុងរថយន្ត

    ឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃ របស់យើងបច្ចុប្បន្នសុទ្ធសឹងបំពាក់នូវបច្ចេកវិទ្យាទំនើបរួមទាំង ទូរទស្សន៍ ម៉ាញ៉េ និងទូរស័ព្ទជាដើម។ ចំណុចនេះ ពេលទិញរថយន្តអ្នកគួរតែពិនិត្យមើលលើមុខងារដែលផ្សារភ្ជាប់ឧបករណ៍ប្រើប្រាស់ទៅនឹងរថយន្តផងដែរ ដូចអេក្រង់ Touchscreen ងាយស្រួលបញ្ជា ប្រព័ន្ធ Bluetooth ដែលអាចភ្ជាប់នឹងទូរស័ព្ទដែលធ្វើការ Call ចេញ/ចូល និងអាចចាក់ចម្រៀងស្ដាប់កម្សាន្ត រួមនឹងប្រព័ន្ធ GPS ដើម្បីកំណត់ទីតាំង ឬបង្ហាញផែនទីសម្រាប់ការធ្វើដំណើរជាដើម។

    5/-ការសន្សំសំចៃ

    ប្រេងជារឿងដ៏សំខាន់ផងដែរ សម្រាប់ប្រជាជនកម្ពុជាផ្នែកលើកម្រិតជីវភាព ថានរណាៗក៏ចង់បានរថយន្តដែលស៊ីប្រេងតិចដែរ។ ជាទូទៅអ្នកតែងសួរទៅអ្នកលក់អំពីកម្រិតស៊ីប្រេងរបស់រថយន្ត។ រថយន្តខ្លះមានកម្លាំងម៉ាស៊ីនប៉ុនគ្នា ប៉ុន្ដែការប្រើប្រាស់ប្រេងអាចខុសគ្នាដោយសារតែមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុននីមួយៗ។ ដូចនេះ មុនសម្រេចចិត្តទិញរថយន្ត អ្នកត្រូវតែប្រាកដថា រថយន្តដែលអ្នកពេញចិត្ត និងកំពុងជ្រើសរើសនេះមានម៉ាស៊ីនដែលស៊ីប្រេងតិច និងការរចនាម៉ូដបែប Aerodynamic ។

    6/-តម្លៃនៃរថយន្ត

    ជារឿងចុងក្រោយគេ តម្លៃក៏ជាផ្នែកមួយដែលអ្នកគួរផ្ដោតសំខាន់ផងដែរ។ ប៉ុន្តែវាអាចជាការសម្រេចចិត្តរបស់អ្នក ព្រោះថារថយន្ត SUV ខ្លះមានលក្ខណៈសម្បត្តិដូចគ្នាស្ទើរគ្រប់ចំណុច តែមានតម្លៃខ្ពស់ជាង ឬទាបជាងគ្នា អាស្រ័យលើស្លាកសញ្ញាក្រុមហ៊ុន។ តំណាងក្រុមហ៊ុនខាងលើបានបន្ថែមថា នៅ Ford ក្រុមហ៊ុនបានឆ្លើយតបទៅគ្រប់តម្រូវការរបស់អតិថិជនជាមួយនឹងរថយន្ត SUVs គ្រប់ធន់ គ្រប់ប្រភេទ ដែលអតិថិជនចង់បានទៅតាមកម្រិត និងផ្ដល់ជម្រើសនៃការបង់ប្រាក់ច្រើនរបៀប ដែលផ្តល់ភាពស្រួលសម្រាប់អតិថិជនដែលមានថវិកាមិនគ្រប់ ក៏អាចបង់រំលស់ហើយទិញយករថយន្តថ្មីយកទៅប្រើប្រាស់បានផងដែរ៕

  •  គុណសម្បត្តិ 4ចំណុច ដែល​មេដឹកនាំ​ត្រូវតែមាន

     គុណសម្បត្តិ 4ចំណុច ដែល​មេដឹកនាំ​ត្រូវតែមាន

    វា​ពិតណាស់​ដែលថា​ការងារ​មួយ​អាច​រីកចម្រើន​ទៅមុខ​បាន វា​អាស្រ័យទៅលើ​ការ​មាន​ក្រុមការងារ​ដ៏​ល្អ និង​ស៊ីចង្វាក់​គ្នា ស្របពេលនោះ​ដែល​ក៏ត្រូវ​តែមាន​មេដឹកនាំ​មួយរូប​ដ៏​អស្ចារ្យ និង​ពោរពេញ​ដោយ​បទពិសោធន៍ ចំណេះដឹង និង​ភាពជា​អ្នកដឹកនាំ​ផងដែរ ដើម្បី​ដឹកនាំ​ក្រុមការងារ​ទាំងនេះ​ឱ្យ​ទទួលបាន​ជោគជ័យ។ បើ​គ្មាន​មេដឹកនាំ​ទេ ការងារ​ទាំងឡាយ​មិនបាន​ជោគជ័យ​នោះទេ អ៊ីចឹង​ហើយ​បានជា​មេដឹកនាំ​គឺជា​មនុស្ស​ដែល​សំខាន់បំផុត​នៅក្នុង​ក្រុម​ការ​ពីព្រោះ​គេ​ដឹងថា​ក្រុម​នេះ​នឹងធ្វើ​ដំណើរ​ទៅ​ទីណា។

    ខាងក្រោម​នេះ​គឺជា​អ្វីដែល​មេដឹកនាំ​ត្រូវ​ដឹង និង​ត្រូវធ្វើ៖

    ០១) មេដឹកនាំ​មិនគួរ​ប្រៀបធៀប​ជំនាញ​បច្ចេកទេស​របស់ខ្លួន ជាមួយនឹង​ជំនាញ​បច្ចេកទេស​របស់​បុគ្គលិក​នោះទេ។ ព្រោះ​ការធ្វើ​បែបនេះ គឺអាច​ធ្វើឱ្យ​បុគ្គលិក​បាក់​ទឹកចិត្ត ឬ​មាន​អារម្មណ៍មិនល្អ​ក្នុងការ​ធ្វើការ​ជាមួយ ប៉ុន្តែ​អ្នក​ត្រូវ​ចងចាំ​ថា ត្រូវ​ជ្រើសរើស​បុគ្គលិក​ណា​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​ខ្លាំង​ជាង​អ្នក។

    ២) មេដឹកនាំ​គួរតែមាន​ទស្សនៈវិស័យ​វែងឆ្ងាយ និង​មានការ​យល់ឃើញ​ច្បាស់លាស់​ជាង​បុគ្គលិក​របស់ខ្លួន។

    ៣) មេដឹកនាំ​គួរតែមាន​ចិត្ត​រឹងមាំ និង​ភាព​អំណត់​តស៊ូ​ច្រើនជាង​បុគ្គលិក ហើយ​និង​អាច​ស៊ូទ្រាំ​នូវ​អ្វីដែល​បុគ្គលិក​ធ្វើ​មិនបាន។

    ៤) មេដឹកនាំ​គួរតែមាន​ការតស៊ូ​អត់ធ្មត់ ហើយ​និង​សមត្ថភាព​ខ្ពស់ជាង​ក្នុងការ​ទទួលយក​ប្រឈម​ជាមួយនឹង​ការបរាជ័យ។

    គុណ​ស​ម្ប​តិ្ត​របស់​មេដឹកនាំ​ដែល​ល្អ​គឺជា​ការ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ចិត្ត​រឹងមាំ និង​ភាព​អំណត់​តស៊ូ ហើយ​និង​សមត្ថភាព៕