Category: កីឡា

  • Benitez ដឹកនាំឲ្យ Newcastle វិលទៅលេងក្របខ័ណ្ឌ Premier League វិញ

    Benitez ដឹកនាំឲ្យ Newcastle វិលទៅលេងក្របខ័ណ្ឌ Premier League វិញ

    ក្រម​សា​រិ​កា​ព្រៃ Newcastle United បាន​ឈ្នះ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​វិល​ទៅលេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League វិញ​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​បាន​ផ្តួលក្រុម Preston យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល ៤-១ នៅ​លើ​ទឹក​ដី​ខ្លួន​​​ឯង​។

    ខ្សែ​ប្រយុទ្ធ Christian Atsu បាន​ជួយ​ឲ្យ​ក្រុម​សា​រិ​កាព្រៃ​មួយ​នេះ ធ្វើ​ការ​នាំ​មុខ ២-១ នៅ​ត្រឹម​តង់​ទីមួយ ក្រោយ​ពី​កីឡាករ Jordan Hugill បាន​រក​​គ្រាប់​បាល់​តាម​ស្មើ​របស់ Ayoze Perez សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​​។ ប៉ុន្តែ ពួក​គេ​បាន​បំពេញ​ការ​ទទួល​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​​​បស់ខ្លួន តាម​រយៈ​ការ​​រក​​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀត​នៅ​តង់​ទី​២​។ ក្រុមរ​បស់​លោក Rafael Benitez ដណ្តើម​បាន​ត្រឹម​តែ​១​ពិន្ទុ​គត់​ពី​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ​របស់​ពួក​គេ ប៉ុន្តែ ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ពួក​គេ​នៅ​ជិត​​បញ្ចប់​រដូវ​កាល​ មិន​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ឡើយ ខណៈ​ដែល​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​ពួកគេ​សុទ្ធ​សឹង​ជួប​​ភាព​ត្រដាប​ត្រដួស​ដូច​គ្នា​។

    ការ​រង​​បរា​ជ័យ​របស់​ក្រុម Reading និង Huddersfield កាល​ពី​ថ្ងៃ​សៅរ៍ បាន​ធ្វើ​ឲ្យ​ក្រុម Newcastle ត្រូវ​​ការ​ជ័យ​ជម្នះ​​ត្រឹម​តែ​មួយ​លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​២​។ Newcastle ដែល​មាន​រហស្ស​នាម​សា​រិ​កា​ព្រៃ​ បាន​ក្លាយ​ជា​ក្រុម​ទី​៧​ក្នុង​ចំណោម​ក្រុម​ចំនួន​១៨​ដែល​​បាន​វិល​​ទៅកាន់​ក្រប​ខ័ណ្ឌកំពូល​ភ្លាម​ៗ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​នេះ​។ ពួក​គេ​នឹ​ងត្រូវ​ចូល​រួម​ជា​មួយ​នឹង​ក្រុម Brighton ដែល​បាន​ឈ្នះ​សិទ្ធិ​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​១​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន នៅ​រដូវ​កាល​ក្រោយ​។ លោក Benitez វ័យ​៥៧​ឆ្នាំ បាន​ជួប​នូវ​ការ​រីក​រាយ និង​​សម្រេច​គោល​ដៅ​របស់​លោក បើ​ទោះ​បី​លោក​មិន​មាន​ភាព​ច្បាស់​លាស់​ថា លោក​នឹង​​រក្សា​​ស្ថិត​នៅ​ជា​មួយ​នឹងក្លិប​មួយ​នេះ ឬ​យ៉ាង​ណា​​ក៏​ដោយ​​៕

    ប្រភព​ព័ត៌​មាន៖ Bangkok Post

  • Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    ការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្សែ​​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល N’Golo Kante សម្រាប់​​ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ផល​តប​ស្នង​វិញ​សម្រាប់​ការ​ខិត​ខំ​​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឈ្នះ​ពាន​កីឡាករ​​បាល់​ទាត់​អាជីព​ឆ្នើម​​​ប្រចាំ​ឆ្នាំ​​របស់​អង់​គ្លេស (PFA)​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​យក​​ឈ្នះ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Everton ដើម្បី​លើក​ពាន​កិត្តិ​យស​មួយ​នេះ​​​។ វា​អាច​ប្រហែល​ជា​មិន​មែន​ជា​ពាន​តែ​មួយ​ដែល​រូប​គេ​នឹង​​ត្រូ​វលើក​នៅ​​រដូវ​កាល​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​ស្ថិត​​យ៉ាង​ប្រៀក​ក្នុង​ការ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​លីក​ពីរ​ឆ្នាំ​ជាប់​ៗ​​គ្នា​ជាមួយ​​នឹងក្លិប​ផ្សេង​​គ្នា​។

    Kante បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ការ​​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​មាន​ន័យ​ថា ពិភព​លោក​ត្រូវ​បាន​ជ្រើស​រើស ហើយ​វា​​គឺ​ជា​រយៈ​ពេល​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​រដូវ​កាល​ទី​​​មួយ​​ជា​មួយ​នឹង​ក្លិប Leicester ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ជា​មួយ​នឹង​ Chelsea​។ ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ វា​គឺ​ជា​កិត្តិ​យស​មួយ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    នៅក្នុងចំណោមកីឡាករប្រដាល់ខ្លាំងៗជាច្រើន ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី ដែលមានសាច់ស្នៀត ល្អប្រហាក់ប្រហែលនឹង គ្រូបង្វឹករបស់ខ្លួនដែលជា អតីតកីឡាករ ប៉ឺត ខាំ ដែលបច្ចុប្បន្នជា គ្រូបង្វឹកក្នុងក្លឹបប្រដាល់រហាប់ស្វាយប៉ាកនោះ ធ្លាប់បានឡើងសង្វៀនប្រកួតចំនួន ៨០លើកមកហើយ នៅតែថាខ្លួនឯងមិនទាន់មានចំណុចណាល្អគ្រប់គ្រាន់នៅឡើយទេ បើទោះបីមានប្រវត្តឈ្នះជាង៧០ដងក៍ដោយ ។

    ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី (ក្រហម)

    បច្ចុប្បន្ន​​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​សាប​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ភាគ​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​រហូត។ បើ​ទោះ​ជា​មាន​ស្ថិតិ​ឈ្នះ​ច្រើន​លើស​លុប​ក្ដី​តែ​ ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ខ្លួន​ធ្វើ​មិន​ទាន់​បាន​ល្អ​ត្រង់​ចំណុច​តាំង​ឃុំ​​បាន​ល្អ​នោះ​ឡើយ​ ហើយ​លើក​ តាំង​ឃុំ​យឺត។​

    ជាក់​ស្ដែង​ដូច​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Anon​ ម្សិល​មិញ​នៅ​ PNN​ អីចឹង គេ​ភ្លាត់​រហូត​ទៅ​ដល់​ពីរ​លើក ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ទាត់​កាប់​ចាន​ត្រូវ​ រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​ដល់ទៅ​ពីរ​ដង។​ នៅ​ពេល​ចូល​អោប​ឬ​នៅ​កៀក​គ្នា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ ម្នាក់​នេះ​មិន​សូវ​ពឹត​ខ្លួន​បិទ​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ឡើយ​បាន​ល្អ​ទេ។​

    ខាំ​ ខ្លាំនាង​ បាន​ឲ្យ​ដឹងថា គេ​នឹង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ ហើយ​ចំណុច​ខ្វះ​ខាត​ខាង​លើ​ត្រូវ​តែ​ខំ​ហាត់​កែប្រែ​វា​ឲ្យ​ល្អ​ឡើង​វិញ​ ដើម្បី​បន្ត​ស្វែង​រក​ជ័យជម្នះ​និង​មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដដែល​នេះ​ទៀត​ទេ៕

  • ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល និង សម្ដេចហ៊ុន សែន សរុបជាង ៤ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះរួចមក ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុកស្រី មុំ និង លោកញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ ត្រូវបានដំឡើងឋានន្តរស័ក្តិពី អនុសេនីយឯកទៅជាវរសេនីយត្រីកាលពីព្រឹកមិញនេះ នៅស្ដាតចាស់ បន្ទាប់ពីអត្តលិកកីឡាប៉េតង់ទាំងពីរនេះ បានប្រជែងយកមេដាយមាសពិភពលោកពី  ប្រទេសប៊ែលហ្ស៊ិកកាលពីពាក់ កណ្ដាល ខែមេសាកន្លងទៅនេះ។

    ពិធីដំឡើងឋានន្តរស័ក្តិនេះ បានរៀបចំនៅក្នុងកីឡាដ្ឋានស្ដាតចាស់រាជធានីភ្នំពេញ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

    លោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ បានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។

    កីឡាការិនី អ៊ុក ស្រីមុំ

    ជាមួយគ្នានេះ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោកក៍ត្រូវបានសម្ដេចហ៊ុន សែន បានផ្ដល់ជូននូវអាហារូបករណ៍រៀនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រផងដែរ៕

    កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោក

  • 10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

    10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

    មាន​ព័ត៌មាន​ថា មហាសេដ្ឋី​អ្នក​ធុរកិច្ច​លុយរាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស ស៊ើ​រ៍ រិ​ឆាដ ប្រ៊េ​ន​សុន (Richard Branson) បាន​ចែករំលែក​គន្លឹះល្អៗក្នុង​ការធ្វើការងារ ​ការរស់នៅ​ក្នុង​ជីវិត​បែប​គ្មាន​ដែន​កំណត់ និងផ្សេងៗទៀត​ជាច្រើន។ អ្នក​ដែល​មិន​ធ្លាប់​ស្គាល់ ប្រ៊េ​ន​សុន អាច​នឹងមាន​អារម្មណ៍​ថាធម្មតាៗគ្មានអ្វី​ប្លែក​សោះ តែបើ​អ្នកណា​ធ្លាប់បាន​អាន​ប្រវត្តិ​របស់គាត់​មកខ្លះៗហើយ​នោះ នឹង​ចង់ទៅ​អង្គុយ​ស្តាប់​មិន​ខាន ព្រោះថា បុរស​ម្នាក់នេះ​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​លំដាប់​ពិភពលោក​ម្នាក់។ ពី​ក្មេង​ដែល​រៀន​មិន​ចប់​មធ្យមសិក្សា ចាប់ផ្តើម​ធ្វើ​ជំនួញ​ពេល​អាយុ 15 ឆ្នាំ មកដល់ពេលនេះ​គាត់​ក្លាយជា​បរមគ្រូ​ផ្នែក​ខាង​ការពង្រីក​ធុរកិច្ច​ជំនួញ ជា​ម្ចាស់​អាណាចក្រ “Vergin Group” ជាង 400 ក្រុមហ៊ុន​សរុប​ទឹកប្រាក់​ជិត 6ពាន់​លាន​ដុល្លារ មិន​ថា​ចាប់ មិន​ថា​ចង់​ធ្វើ​អ្វី​ក៏ដោយ ក៏​មើលទៅ​ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ស្ទើរតែ​ទាំងអស់។

    តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ ប្រ៊េ​ន​សុន ទទួលបាន​ជោគជ័យ​បាន​ដល់​ថ្នាក់​ហ្នឹង?
    សប្បាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​កំពុង​ធ្វើ៖ ប្រ៊េ​ន​សុន តែងតែ​ប្រាប់​ជានិច្ច​ថា អ្នក​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ បើសិន​ធ្វើ​អ្វីមួយ​ហើយ មិនមាន​អារម្មណ៍​សប្បាយ​ទៅជា​មួយ​វា​នោះ ដូចជា​រូបគាត់​ខ្លួនឯង ពេលធ្វើ​ប្រូ​ជេ​ក​អ្វី​ម្យ៉ាង លុះធ្វើៗទៅហើយ​ចាប់ផ្តើម​លែង​សប្បាយ គាត់​នឹង​ឈប់​ភ្លាម ហើយ​រក​អ្វី​ផ្សេង​មក​ធ្វើ​ជំនួស​វិញ។

    សាមញ្ញ មាន​ភាពជា​គ្នាឯង ងាយស្រួល​ជួប៖ ប្រ៊េ​ន​សុន​មិនមែនជា​មនុស្ស​ប្រភេទ​អង្គុយ​បញ្ជា​នៅ​នឹង​តុ​នោះទេ គាត់​តែងតែ​ចេញទៅ​សាកសួរ​សុខទុក្ខ​អតិថិជន និង​បុគ្គលិក​ក្នុង​បណ្តាញ​ដើម្បី​ស្តាប់​ពី​គំនិត​យោបល់។ ទស្សនៈ​របស់គាត់​គឺ “គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ក្នុង​ស្ទីល​ក្រុមហ៊ុន​តូច” ចូលដល់​មនុស្ស​គ្រប់រូប យកចិត្តទុកដាក់ និង​មាន​មិត្តភាព ធ្វើឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ដឹង​ពី​ភាពជិតស្និទ្ធ។

    ជា​អ្នកដឹកនាំ​ដ៏​សែន​វិសេស៖ ចំណុច​នេះ​បន្ត​មកពី​ចំណុច​ទី 2 ខាងលើ។ ប្រ៊េ​ន​សុន​យកចិត្តទុកដាក់​គ្រប់​សេចក្តីលម្អិត​ក្នុងការ​ដំណើរការ​កិច្ចការងារ គាត់​រៀន​យល់ដឹង​គ្រប់​ដំណាក់កាល និង​តែងតែ​ប្រឡូក​ជាមួយ​បុគ្គលិក​ដើម្បី​ទទួល​ស្តាប់​នូវ​អ្វីផ្សេងៗ ព្រោះ​បើ​មិន​ធ្វើ​បែប​នោះទេ គាត់​នឹង​គ្មាន​ផ្លូវ​ប៉ាន់ប្រមាណ​ដឹងថា តើ​នឹងមាន​អ្វិ​កើតឡើង​ចំពោះ​ក្រុមហ៊ុន​បានឡើយ។

    សាង​ភាពខុសប្លែក៖ ប្រ៊េ​ន​សុន​និយាយថា ការ​នឹង​អាចឈរជើង​បាន​ក្នុង​ពិភព​ធុរកិច្ច​ជំនួញ​មានន័យថា យើង​ត្រូវតែមាន​អ្វីដែល​លេចធ្លោ មិន​ដូច​អ្នកដទៃ។ លើក​ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ វើ​រ​ជីន អ៊ែត​លែ​ន​ទិ​ក ដែល​ល្បីល្បាញ​យ៉ាងខ្លាំង​លើ​រឿង​សេវាកម្ម​ដ៏​អស្ចារ្យ មាន​សេវាកម្ម​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​គ្មាន ដូចជា ជើងហោះហើរ​ថ្នាក់​សន្សំសំចៃ​ដែលមាន​ភាព​កម្សាន្ត​ផ្ទាល់ខ្លួន មាន​សេវាកម្ម​តុបតែង​មុខ​បន្ថែម​សម្រស់​នៅក្នុង​ការហោះហើរ និង​ឆេ​ក​អ៊ី​ន​បែប Drive through ជាដើម។

    មាន​ភាព​ឧស្សាហ៍​ព្យាយាម​ដ៏​អស្ចារ្យ៖ ដំណើរ​ផ្លូវ​របស់​ប្រ៊េ​ន​សុន​មិនបាន​រោយ​ដោយ​ផ្កា​កុលាប​នោះទេ គាត់​មាន​បញ្ហា​រឿង​ភាពខ្វះ​ចន្លោះ​ក្នុង​ការអាន និង​ប្រកប​អក្សរ ដែល​រាល់ថ្ងៃនេះ​ក៏​នៅតែ​ជា​បញ្ហា តែ​គាត់​ក៏​មិន​បណ្តោយឱ្យ​វា​ក្លាយជា​ឧបសគ្គ​ក្នុង​ការធ្វើការងារ​ដែរ។ សូម្បីតែ​ក្នុងអំឡុងពេល​ចាប់ផ្តើម​អាជីព​ក៏ដោយ បញ្ហា និង​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង​ជាច្រើន​សម្រុក​ចូលមក តែ​គាត់​គិតថា វា​ជា​មេរៀន និង​រៀន​យល់ដឹង​ដោយ​ខ្លួនឯង។

    ចូលចិត្ត​ក្នុងការ​ប្រថុយ និង​យល់ព្រម​ក្នុង​ការធ្វើ​ខុសពី​ទម្លាប់៖ កន្លងមក​គាត់​ធ្លាប់ធ្វើ​ដូច​អ្នកដទៃ តែ​មិន​ទទួលបាន​ជោគជ័យ បន្ទាប់ពីនោះ​គាត់​ក៏​រៀន​យល់ដឹង​ពី​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង និង​ប្រើ​សញ្ជាតិញាណ​ក្នុងការ​ដឹកនាំ​ផ្លូវ។ រឿង​មួយ​ដែល​គាត់​រៀន​យល់ដឹង​គឺ និ​វា​នុ​វត្ត​ន៍ ជា​បច្ច័យ​សំខាន់​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ការបរាជ័យ​ជា​ប្រភព​របស់​អៃ​ឌៀល្អ។

    ទទួលយក​ផ្នត់គំនិត ឬ​អៃ​ឌៀ​ថ្មី៖ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ វើ​រ​ជីន ហ្គ្រុ​ប មាន​ភាពសម្បូរ​បែប​ខាង​ធុរកិច្ច មាន​ក្រុមហ៊ុន​ក្នុង​បណ្តាញ​ដែល​ដំណើរការ​ធុរកិច្ច​ខុសគ្នា​ជាង 200 ក្រុមហ៊ុន។ ប្រ៊េ​ន​សុន​មិន​ប្រកាន់ខ្ជាប់​ជាមួយ​ធុរកិច្ច​ណាមួយ​នោះទេ គាត់​ត្រៀមខ្លួន​រួច​ជានិច្ច​ក្នុង​ការរៀន​យល់ដឹង និង​សាកល្បង​អ្វីដែលថ្មី។

    ផ្តល់​កិ​តិ្ត​យស​ដល់​បុគ្គលិក៖ ដោយសារតែ​ប្រេ​៊​ន​សុន​បង្ហាញឱ្យឃើញថា គាត់​ផ្តល់​ភាព​សំខាន់​ចំពោះ​បុគ្គលិក ទទួល​ស្តាប់​ពួកគេ​ជានិច្ច ទើប​បុគ្គលិក​កើតមាន​មោទនភាព ស្រឡាញ់​ស្មោះស្ម័គ្រ និង​មាន​ភក្តីភាព​ចំពោះ​ចៅហ្វាយនាយ និង​ស្ថាប័ន លទ្ធផល​ដែល​តាម​មក​គឺ បុគ្គលិក​តាំងចិត្ត​ធ្វើការ មាន​សំណឹក (ការដឹង​ខ្លួន​ជាប់​ជានិច្ច)នៃ​ការធ្វើជា​ម្ចាស់​រួម ហើយ​អារម្មណ៍​ដែល​ដុះ​ឡើង​នៅក្នុង​ចិត្ត​បុគ្គលិក​នឹង​ឆ្លុះបញ្ចាំង​ចេញមក​ក្នុង​រូបភាព​នៃ​ការងារ​សេវាកម្ម​ដែល​ល្អ។

    ជូន​កម្រៃ​ទៅ​សង្គម​វិញ៖ មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ពេលមកដល់​ចំណុច​នេះ​តែងតែ​ត្រូវ​ការបំពេញ​ប្រយោជន៍ និង​ជួយ​យកអាសា​មនុស្ស​ដែល​ទន់ខ្សោយ​ជាង ក្រៅពីនោះ នៅ​ជាការ​បង្ហាញឱ្យឃើញថា យើង​មិនបាន​លោភលន់ មិនបាន​ចូលមក​ដើម្បី​ប្រមូល​កើប​តែ​ម្យ៉ាង​នោះទេ តែមាន​ការជូន​កម្រៃ​ទៅ​សង្គម​វិញ​ផងដែរ។ ប្រ៊េ​ន​សុន​បង្កើត​មូលនិធិ​ពេល​គាត់​អាយុ 17 ឆ្នាំ ការងារ​ដែល​លេចធ្លោ​គឺ ការឧបត្ថម្ភ​គាំទ្រ​លើ​ការសិក្សា​ក្នុង​ទ្វីបអាហ្វ្រិក ហើយ​គាត់​ថែមទាំង​បានប្រកាស​បរិច្ចាគ​ប្រាក់ 3.000 លាន​ដុល្លារ​ដើម្បី​តតាំង​ជាមួយ​សភ​ពិភពលោក​កើន​កម្តៅ​នាពេល 10 ឆ្នាំ​ខាងមុខ​ទៀតផង។

    ស្រមៃ​ឱ្យ​ឆ្ងាយ ហើយ​ទៅឱ្យ​ដល់៖ ចាប់ផ្តើម​ពី​ការធ្វើ​សារព័ត៌មាន​ក្នុង​តំបន់​តូច​មួយ ឆ្ពោះ​មករក​មហា​អាណាចក្រ​ផ្នែក​ធុរកិច្ច​ទាំង​ខាង​អាកាស និង​ខាង​សមុទ្រ រហូតមកដល់ Virgin Galactic ក្រុមហ៊ុន​ដឹកជញ្ជូន​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​គេ​បំផុត​របស់​ពិភពលោក។ ជឿ​ចុះ​ថា ដរាបណា​ដែល​នៅ​មិនទាន់​អស់ខ្យល់​ដង្ហើម ប្រ៊េ​ន​សុន​ប្រហែលជា​នៅតែមាន​អៃ​ឌៀ​ធុរកិច្ច​ដែល​សែន​ចម្លែក​ខុសប្លែក​ពី​គេ​ឱ្យ​មនុស្សលោក​បាន​ភ្ញាក់ផ្អើល​ទៀត​មិន​ខាន៕

    ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

    សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

    លោក សៅ សុខា ប្រធានកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំ វិស័យបាល់ទាត់ តាំងពីមិនទាន់មានអ្វីសោះ រហូតដល់មានឈ្មោះល្បីដល់អន្តរជាតិ បានបង្ហាញពីអារម្មណ៍ដែលដឹកនាំវិស័យកីឡាបាល់ទាត់មួយ រយៈពេល១០ឆ្នាំ គឺមានការពិបាកខ្លាំងជាងការដឹកនាំកងទ័ពទូទាំងប្រទេសទៀត ព្រោះអ្វីៗកើតចេញពីបាល់ទាត់ គឺសុទ្ធតែមានលក្ខណៈស្ដង់ដារ ។

    ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងខែមិនាកន្លងទៅ ។

    ការដឹកនាំកងទ័ព ត្រូវការត្រឹមស្បៀង និងអាវុធ គឺអាចប្រយុទ្ធប្រឆាំងជាមួយសត្រូវបាន ប៉ុន្ដែការដឹកនាំបាល់ទាត់អ្វីៗក៏ត្រូវមានលក្ខណៈស្ដង់ដាដែរ មិនថាហេដ្ឋារចនាសម្ព័ន្ធ ធនធានកីឡាករ គ្រូបង្វឹក សម្ភារៈ ឬប្រព័ន្ធដឹកនាំនោះទេ ។ ដោយហេតុនេះក្នុងនាមជាអ្នកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ ការចាប់ផ្ដើមដំបូងឯកឧត្តម បានអនុវត្តបណ្ដើរ និងរៀនបណ្ដើរ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើន រហូតមកទល់បច្ចុប្បន្ន ។

    ប៉ុន្ដែយ៉ាងណាបាល់ទាត់កម្ពុជា មិនទាន់ដល់គោលដៅខ្លួនចង់បាននោះទេ ដូច្នេះសហព័ន្ធបាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ថ្នាលយុវជនបន្ដ តាមរយៈការបង្កើតគម្រោងបើកសាលាបាល់ទាត់ទូទាំងប្រទេស ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

  • កូនប្រុសសម្ដេចហ៊ុន សែន ២រូបគ្រោងបន្តចូលរួម រត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ម្ដងទៀត នាឆ្នាំនេះ

    កូនប្រុសសម្ដេចហ៊ុន សែន ២រូបគ្រោងបន្តចូលរួម រត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ម្ដងទៀត នាឆ្នាំនេះ

    កាលពីចុងសប្ដាហ៍មុននេះ គណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា NOCC បានប្រកាសទទួលចុះឈ្មោះ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ មកជូនរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញលើកទី៧ ឆ្នាំ ២០១៧ ដែលគ្រោងនឹងរៀបចំនាខែ មិថុនា ខាងមុខនេះ នៅមុនព្រះបរមរាជវាំង។ ខណៈកូនប្រុសសម្ដេចហ៊ុន សែន ២រូប ក៍គ្រោងនឹងចូលរួមម្ដងទៀតនាឆ្នាំនេះ។

    អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ មកដល់ពេលនេះ មានភ្ញៀវជាតិនិង អន្តរជាតិបានចូលរួមចុះឈ្មោះរួចរាល់ហើយ ជាង១០០០នាក់ បើគិតត្រឹមល្ងាចម្សិលមិញនេះ ហើយព្រឹត្តិការណ៍នេះ នឹងបិទបញ្ជីចុះឈ្មោះ ត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ។

    លោកបន្តថា៖ ទិវារត់ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិឆ្នាំកាលពីឆ្នាំមុន(២០១៦) មានចូលរូមសរុប សរុប ៥០,១០នាក់ ក្នុងនោះ មានជនបរទេស ៤៦០នាក់ មកពី ២៨ប្រទេស លើពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះក៍មានការផ្ដល់កេតិ្តយស ពីថ្នាក់ដឹកនាំពី សំណាក់លោក ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំ ក្រុមការងារ មកចូលរួមផងដែរ ។ នាឆ្នាំនេះ កូនប្រុសសម្ដេចទាំងពីរក៍គ្រោង នឹង មកចូលរួមរត់ម្ដងទៀតដែរ ខណៈដែល NOCC សង្ឃឹមមានអ្នកចូលរួមលើសកាលពីមុន ។

    លោកបន្ថែមថា៖ ចំណុចសំខាន់ ៤ ធំៗ ដែលNOCCរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺទី១ រត់ ដើម្បីអបអរសាទរ រាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ,  ទី២ដើម្បីអបអរសាទរ ទិវាអូឡាំពិក លើកទី១២២ ,ទី៣ រត់ដើម្បីទក្រុងស្អាត ទីក្រុងបៃតង ព្រមទាំងដើម្បីមនុស្សធម៌ ស្វែងរកថវិការ ជួយដល់មុន្ទីរពេទ្រគុន្ធបុប្ផា ផងដែរ ។ ជាក់ស្ដែងស្ដែងឆ្នាំនេះ គណៈកម្មការ រៀបចំ រំពឹងទទួលបានថវិការលើសពី ៥ពាន់ដុល្លារ សម្រាប់ផ្ដល់ជូន មន្ទីរពេទ្យគន្ធបុប្ឋា ។

    គួបញ្ជាក់ផងដែរថា៖ ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧គណៈកម្មការរៀបចំការប្រកួត នឹងចែកអាវ -លេខដល់អ្នកចូលរួម នៅមុខព្រះបរមរាជវាំងតែម្ដង ។ បើតាមការអះអាង នោះថាផ្លូវសម្រាប់រត់ ត្រូវបានពិនិត្យ និងកំណត់រួចហើយ សម្រាប់រត់២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) រត់តាមដងទន្លេសាប និងត្រឡប់មកវិញដងទន្លេមេគង្គ។ ក្រៅពីរត់២១គីឡូម៉ែត្រគឺមានរត់១០ គីឡូម៉ែត្រ និងរត់កម្សាន្ដសប្បាយ ៣គីឡូម៉ែត្រ គ្រប់វិញ្ញាសា ទាំងអស់គឺចេញដំណើរ ពីមុខព្រះបរមរាជវាំង និងបញ្ចប់មុខព្រះបរមរាជវាំងដែរ ៕

  • លោក Klopp អំពាវនាវឲ្យកីឡាករមិនឲ្យបោះបង់ក្តីសង្ឃឹមក្នុង Champions League ទោះចាញ់ Crystal

    លោក Klopp អំពាវនាវឲ្យកីឡាករមិនឲ្យបោះបង់ក្តីសង្ឃឹមក្នុង Champions League ទោះចាញ់ Crystal

    លោក Jurgen Klopp គ្រូ​បង្វឹករ​បស់ Liverpool បាន​សន្យា​ថា នឹង​ប្រយុទ្ធ​រហូត​ដល់​ទី​​បញ្ចប់ បើ​ទោះ​បី​ក្រុម​ហង្ស​ក្រហម​របស់​លោក បាន​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ក្នុងលទ្ធ​ផល ២-១ ក្នុង​ផ្ទះខ្លួន​ឯង​នៅពេល​​ប្រកួត​ជា​មួយ​នឹង​​ក្រុម Crystal Palace ក្នុង​ក្រប​ខ័ណ្ឌ​កាល​​ពី​ថ្ងៃ​អាទិត្យ​ក៏​ដោយ​។

    ក្រុម Manchester United បាន​ដាក់​សម្ពាធ​​​ទៅ​លើ​ក្រុម Liverpool រួច​ជាស្រេច ខណៈ​ដែល ​ប្រយុទ្ធ Anthony Martial បាន​ឆ្លើយ​តប​យ៉ាង​​វិជ្ជ​មាន​​ចំពោះ​ការ​រិះ​គន់​របស់​លោក Jose Mourinho តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ និង​​ជួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ Wayne Rooney រក​បាន​គ្រាប់​បាល់​​ទី​២​ដើម្បី​ផ្តួល​ក្រុម Burnley ២-០ និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​​ឡើង​​ទៅ​​​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​​​ដេញ​តាម​ពីក្រោយ​ក្រុម Manchester City មួយ​ពិន្ទុ​។ ហេតុនេះ ក្រុម Liverpool កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ការ​អវត្ត​មាន​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ពួក​គេ​នាំ​មុខ​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​លើ​ក្រុម Man United ដែល​នៅ​សល់​២​ប្រកួត​​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​​។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp បាន​ដាក់​ចេញ​នូវ​ការ​​​អំពាវ​នាវ​ដល់​អ្នក​គាំ​ទ្រ និង​កីឡាករ​របស់​លោក​ មិន​ឲ្យ​បោះ​បង់​ក្តី​សង្ឃឹម​ទៅលើ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន BBC ថា៖ «វា​ពិត​ជា​​លទ្ធ​ផល​ដ៏​ខក​ចិត្ត​​​។ គ្រប់​គ្នា​គិត​ថា Champions League បាន​ធ្លាក់​ចេញ​ពី​ដៃ​របស់​ពួក​គេ ប៉ុន្តែ យើង​មាន​រយៈ​ពេល​១​ខែ​​ទៀត ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជ​មាន​ឡើង​វិញ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទី​២​​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​​ដ៏​សំខាន់​ក្នុង​លទ្ធ​ផល ៣-២ លើ​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួ​ក​គេ Real Madrid កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គ្រាប់​បាល់​ទី​២​របស់​គេ ដែល​ជា​​គ្រាប់​លើក​​ទី​៥០០​​របស់​គេ​សម្រាប់​ក្លិប បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ​​នៃ​នាទី​បន្ថែម​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់ Messi បាន​កើត​ឡើង​មនៅ​ជិត​បញ្ចប់​នៃ​ការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​​ចាប់​ផ្តើម​យ៉ាង​ស្វិត​ស្វាញ ខណៈ​ដែល​ខ្សែ​ការ​ពារ Samuel Umtiti បាន​ប្រព្រឹត្ត​កំហុស​ទៅ​​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ មិន​​មាន​ការ​ផ្តល់​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ឡើយ ខណៈ​ដែល​ខ្សែ​ការ​ពារ Marcelo ក៏​មិន​បាន​រង​ពិន័យ​ផងដែរ សម្រាប់​ការ​ឲ្យ​កែង​ទៅ​លើ Messi​។ ខ្សែ​បម្រើ Casemiro បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បើក​ឆាក​​នៅនាទី ទី​២៨ នៅ​មុន​ពេល Messi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៣៣ ហើយ​ខ្សែ​បម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​វិញ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​តិ​ច​ជាង​២០​នាទី​ទៀត​។

    ការ​រង​ពិន័យ​កាត​ក្រហម​របស់​ខ្សែ​ការ​ពារ Sergio Ramos សម្រាប់​ការ​ប្រើ​ប្រាស់​ជើង​​ទាំង​ពីរ​ដើម្បី​ឈូស​ដណ្តើម​បាល់​ទៅ​លើ Messi ហាក់​ដូច​ជា​​​ធ្វើ​ឲ្យ​ក្រុម Barca ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​ទៅ​ហើយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​បម្រុង James Rodriguez បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​នៅ​នាទី ទី​៨៦ ក្រោយ​ពី​ការ​បញ្ជូន​បាល់​របស់ Marcelo ដើម្បី​រក​ក្រាប់​បាល់​តាម​ស្មើ​វិញ​។ បន្ទាប់​មក Messi បាន​​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិតប​ញ្ចប់​ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​​តាម​ស្មើ​ពិន្ទុ​ក្រុម Real Madrid ដែល​មាន​៧៥​ពិន្ទុ​ដូច​​គ្នា បើ​ទោះ​បី​ក្រុម Real នៅ​សល់​មួយ​ប្រកួត​ក្នុង​​ដៃ​ក៏​ដោយ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Barcelona បំពេញ​ការ​ស្តារ​មុខ​មាត់​​មួយ ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ស្នា​ដៃ​ក្រុម Juventus កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​​មុន​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • លោក Wenger កោតសរសើរ Sanchez ខណៈ Arsenal ទៅជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ

    លោក Wenger កោតសរសើរ Sanchez ខណៈ Arsenal ទៅជួប Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ

    លោក Arsene Wenger ជឿ​ជាក់​ថា ស្មារតី​ប្រយុទ្ធ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ក្រុម Arsenal ក្នុង​ពេល​ពួក​គេ​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ លើ​ក្រុម Manchester City ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បាន​កើត​ឡើង​ក្រោម​ជំនួយ​នៃ​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​​មុត​ស្រួច​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez​។

    គ្រូ​បង្វឹក​របស់​ក្រុម​​កាំ​ភ្លើង​ធំ​រូប​នេះ បាន​ដឹក​នាំ​ឲ្យ​ក្រុម​របស់​លោក​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ជា​លើក​ទី​២០ ក្រោយ​ពី​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​​សំណាក់​ក្រុម​​មួយ ដែល​រង​នូវ​ការ​រិះ​គន់​ជា​​រឿយ​ៗ​សម្រាប់​ការ​ធ្លាក់​ចូល​ក្នុង​សម្ពាធ​។ ក្នុង​ពេល​ដេញ​តាម​ពី​ក្រោយ​គ្រាប់​បាល់​ក្នុង​តង់​ទី​២​របស់​ខ្សែ​ប្រយុទ្ធ Sergio Aguero ក្រុម​កាំ​ភ្លើង​ធំ Arsenal ហាក់​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​រង​បរា​ជ័យ​ដ៏ខក​ចិត្ត​មួយ​ផ្សេង​ទៀត​ទៅ​ហើយ ក្នុង​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​​ពួក​គេ ក្រោយ​ពី​​ស្ថិត​ក្រោម​ការ​​គ្រប់​គ្រង​​របស់​គូ​ប្រកួត​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង​​។ ប៉ុន្តែ ក្រុម​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍មួយ​នេះ បាន​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ​​​ដ៏​មិន​នឹក​ស្មាន​ដល់ ខណៈ​ដែល​កីឡាករ Nacho Monreal បាន​រក​​គ្រាប់​បាល់​តាម​ស្មើ​ដើម្បី​បង្ខំ​ឲ្យ​ឈាន​ដល់​ការ​ប្រកួត​​នៅ​នាទី​បន្ថែម​១៥​នាទី​ពីរ​ដង នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ី​លី Sanchez បាន​រក​គ្រាប់​បាល់​ឈ្នះ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។ (more…)