Category: ជីវិត និងកម្សាន្ត

  • Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

    ការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្សែ​​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល N’Golo Kante សម្រាប់​​ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ផល​តប​ស្នង​វិញ​សម្រាប់​ការ​ខិត​ខំ​​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឈ្នះ​ពាន​កីឡាករ​​បាល់​ទាត់​អាជីព​ឆ្នើម​​​ប្រចាំ​ឆ្នាំ​​របស់​អង់​គ្លេស (PFA)​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​យក​​ឈ្នះ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Everton ដើម្បី​លើក​ពាន​កិត្តិ​យស​មួយ​នេះ​​​។ វា​អាច​ប្រហែល​ជា​មិន​មែន​ជា​ពាន​តែ​មួយ​ដែល​រូប​គេ​នឹង​​ត្រូ​វលើក​នៅ​​រដូវ​កាល​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​ស្ថិត​​យ៉ាង​ប្រៀក​ក្នុង​ការ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​លីក​ពីរ​ឆ្នាំ​ជាប់​ៗ​​គ្នា​ជាមួយ​​នឹងក្លិប​ផ្សេង​​គ្នា​។

    Kante បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ការ​​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​មាន​ន័យ​ថា ពិភព​លោក​ត្រូវ​បាន​ជ្រើស​រើស ហើយ​វា​​គឺ​ជា​រយៈ​ពេល​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​រដូវ​កាល​ទី​​​មួយ​​ជា​មួយ​នឹង​ក្លិប Leicester ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ជា​មួយ​នឹង​ Chelsea​។ ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ វា​គឺ​ជា​កិត្តិ​យស​មួយ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

    នៅក្នុងចំណោមកីឡាករប្រដាល់ខ្លាំងៗជាច្រើន ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី ដែលមានសាច់ស្នៀត ល្អប្រហាក់ប្រហែលនឹង គ្រូបង្វឹករបស់ខ្លួនដែលជា អតីតកីឡាករ ប៉ឺត ខាំ ដែលបច្ចុប្បន្នជា គ្រូបង្វឹកក្នុងក្លឹបប្រដាល់រហាប់ស្វាយប៉ាកនោះ ធ្លាប់បានឡើងសង្វៀនប្រកួតចំនួន ៨០លើកមកហើយ នៅតែថាខ្លួនឯងមិនទាន់មានចំណុចណាល្អគ្រប់គ្រាន់នៅឡើយទេ បើទោះបីមានប្រវត្តឈ្នះជាង៧០ដងក៍ដោយ ។

    ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី (ក្រហម)

    បច្ចុប្បន្ន​​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​សាប​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ភាគ​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​រហូត។ បើ​ទោះ​ជា​មាន​ស្ថិតិ​ឈ្នះ​ច្រើន​លើស​លុប​ក្ដី​តែ​ ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ខ្លួន​ធ្វើ​មិន​ទាន់​បាន​ល្អ​ត្រង់​ចំណុច​តាំង​ឃុំ​​បាន​ល្អ​នោះ​ឡើយ​ ហើយ​លើក​ តាំង​ឃុំ​យឺត។​

    ជាក់​ស្ដែង​ដូច​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Anon​ ម្សិល​មិញ​នៅ​ PNN​ អីចឹង គេ​ភ្លាត់​រហូត​ទៅ​ដល់​ពីរ​លើក ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ទាត់​កាប់​ចាន​ត្រូវ​ រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​ដល់ទៅ​ពីរ​ដង។​ នៅ​ពេល​ចូល​អោប​ឬ​នៅ​កៀក​គ្នា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ ម្នាក់​នេះ​មិន​សូវ​ពឹត​ខ្លួន​បិទ​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ឡើយ​បាន​ល្អ​ទេ។​

    ខាំ​ ខ្លាំនាង​ បាន​ឲ្យ​ដឹងថា គេ​នឹង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ ហើយ​ចំណុច​ខ្វះ​ខាត​ខាង​លើ​ត្រូវ​តែ​ខំ​ហាត់​កែប្រែ​វា​ឲ្យ​ល្អ​ឡើង​វិញ​ ដើម្បី​បន្ត​ស្វែង​រក​ជ័យជម្នះ​និង​មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដដែល​នេះ​ទៀត​ទេ៕

  • ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

    បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល និង សម្ដេចហ៊ុន សែន សរុបជាង ៤ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះរួចមក ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុកស្រី មុំ និង លោកញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ ត្រូវបានដំឡើងឋានន្តរស័ក្តិពី អនុសេនីយឯកទៅជាវរសេនីយត្រីកាលពីព្រឹកមិញនេះ នៅស្ដាតចាស់ បន្ទាប់ពីអត្តលិកកីឡាប៉េតង់ទាំងពីរនេះ បានប្រជែងយកមេដាយមាសពិភពលោកពី  ប្រទេសប៊ែលហ្ស៊ិកកាលពីពាក់ កណ្ដាល ខែមេសាកន្លងទៅនេះ។

    ពិធីដំឡើងឋានន្តរស័ក្តិនេះ បានរៀបចំនៅក្នុងកីឡាដ្ឋានស្ដាតចាស់រាជធានីភ្នំពេញ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។

    លោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ បានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។

    កីឡាការិនី អ៊ុក ស្រីមុំ

    ជាមួយគ្នានេះ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោកក៍ត្រូវបានសម្ដេចហ៊ុន សែន បានផ្ដល់ជូននូវអាហារូបករណ៍រៀនសាកលវិទ្យាល័យអាស៊ីអឺរ៉ុបរហូតចប់ថ្នាក់បរិញ្ញាបត្រផងដែរ៕

    កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោក

  • 10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

    10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

    មាន​ព័ត៌មាន​ថា មហាសេដ្ឋី​អ្នក​ធុរកិច្ច​លុយរាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស ស៊ើ​រ៍ រិ​ឆាដ ប្រ៊េ​ន​សុន (Richard Branson) បាន​ចែករំលែក​គន្លឹះល្អៗក្នុង​ការធ្វើការងារ ​ការរស់នៅ​ក្នុង​ជីវិត​បែប​គ្មាន​ដែន​កំណត់ និងផ្សេងៗទៀត​ជាច្រើន។ អ្នក​ដែល​មិន​ធ្លាប់​ស្គាល់ ប្រ៊េ​ន​សុន អាច​នឹងមាន​អារម្មណ៍​ថាធម្មតាៗគ្មានអ្វី​ប្លែក​សោះ តែបើ​អ្នកណា​ធ្លាប់បាន​អាន​ប្រវត្តិ​របស់គាត់​មកខ្លះៗហើយ​នោះ នឹង​ចង់ទៅ​អង្គុយ​ស្តាប់​មិន​ខាន ព្រោះថា បុរស​ម្នាក់នេះ​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​លំដាប់​ពិភពលោក​ម្នាក់។ ពី​ក្មេង​ដែល​រៀន​មិន​ចប់​មធ្យមសិក្សា ចាប់ផ្តើម​ធ្វើ​ជំនួញ​ពេល​អាយុ 15 ឆ្នាំ មកដល់ពេលនេះ​គាត់​ក្លាយជា​បរមគ្រូ​ផ្នែក​ខាង​ការពង្រីក​ធុរកិច្ច​ជំនួញ ជា​ម្ចាស់​អាណាចក្រ “Vergin Group” ជាង 400 ក្រុមហ៊ុន​សរុប​ទឹកប្រាក់​ជិត 6ពាន់​លាន​ដុល្លារ មិន​ថា​ចាប់ មិន​ថា​ចង់​ធ្វើ​អ្វី​ក៏ដោយ ក៏​មើលទៅ​ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ស្ទើរតែ​ទាំងអស់។

    តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ ប្រ៊េ​ន​សុន ទទួលបាន​ជោគជ័យ​បាន​ដល់​ថ្នាក់​ហ្នឹង?
    សប្បាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​កំពុង​ធ្វើ៖ ប្រ៊េ​ន​សុន តែងតែ​ប្រាប់​ជានិច្ច​ថា អ្នក​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ បើសិន​ធ្វើ​អ្វីមួយ​ហើយ មិនមាន​អារម្មណ៍​សប្បាយ​ទៅជា​មួយ​វា​នោះ ដូចជា​រូបគាត់​ខ្លួនឯង ពេលធ្វើ​ប្រូ​ជេ​ក​អ្វី​ម្យ៉ាង លុះធ្វើៗទៅហើយ​ចាប់ផ្តើម​លែង​សប្បាយ គាត់​នឹង​ឈប់​ភ្លាម ហើយ​រក​អ្វី​ផ្សេង​មក​ធ្វើ​ជំនួស​វិញ។

    សាមញ្ញ មាន​ភាពជា​គ្នាឯង ងាយស្រួល​ជួប៖ ប្រ៊េ​ន​សុន​មិនមែនជា​មនុស្ស​ប្រភេទ​អង្គុយ​បញ្ជា​នៅ​នឹង​តុ​នោះទេ គាត់​តែងតែ​ចេញទៅ​សាកសួរ​សុខទុក្ខ​អតិថិជន និង​បុគ្គលិក​ក្នុង​បណ្តាញ​ដើម្បី​ស្តាប់​ពី​គំនិត​យោបល់។ ទស្សនៈ​របស់គាត់​គឺ “គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ក្នុង​ស្ទីល​ក្រុមហ៊ុន​តូច” ចូលដល់​មនុស្ស​គ្រប់រូប យកចិត្តទុកដាក់ និង​មាន​មិត្តភាព ធ្វើឱ្យ​បុគ្គលិក​មាន​អារម្មណ៍​ដឹង​ពី​ភាពជិតស្និទ្ធ។

    ជា​អ្នកដឹកនាំ​ដ៏​សែន​វិសេស៖ ចំណុច​នេះ​បន្ត​មកពី​ចំណុច​ទី 2 ខាងលើ។ ប្រ៊េ​ន​សុន​យកចិត្តទុកដាក់​គ្រប់​សេចក្តីលម្អិត​ក្នុងការ​ដំណើរការ​កិច្ចការងារ គាត់​រៀន​យល់ដឹង​គ្រប់​ដំណាក់កាល និង​តែងតែ​ប្រឡូក​ជាមួយ​បុគ្គលិក​ដើម្បី​ទទួល​ស្តាប់​នូវ​អ្វីផ្សេងៗ ព្រោះ​បើ​មិន​ធ្វើ​បែប​នោះទេ គាត់​នឹង​គ្មាន​ផ្លូវ​ប៉ាន់ប្រមាណ​ដឹងថា តើ​នឹងមាន​អ្វិ​កើតឡើង​ចំពោះ​ក្រុមហ៊ុន​បានឡើយ។

    សាង​ភាពខុសប្លែក៖ ប្រ៊េ​ន​សុន​និយាយថា ការ​នឹង​អាចឈរជើង​បាន​ក្នុង​ពិភព​ធុរកិច្ច​ជំនួញ​មានន័យថា យើង​ត្រូវតែមាន​អ្វីដែល​លេចធ្លោ មិន​ដូច​អ្នកដទៃ។ លើក​ឧទាហរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ វើ​រ​ជីន អ៊ែត​លែ​ន​ទិ​ក ដែល​ល្បីល្បាញ​យ៉ាងខ្លាំង​លើ​រឿង​សេវាកម្ម​ដ៏​អស្ចារ្យ មាន​សេវាកម្ម​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​គ្មាន ដូចជា ជើងហោះហើរ​ថ្នាក់​សន្សំសំចៃ​ដែលមាន​ភាព​កម្សាន្ត​ផ្ទាល់ខ្លួន មាន​សេវាកម្ម​តុបតែង​មុខ​បន្ថែម​សម្រស់​នៅក្នុង​ការហោះហើរ និង​ឆេ​ក​អ៊ី​ន​បែប Drive through ជាដើម។

    មាន​ភាព​ឧស្សាហ៍​ព្យាយាម​ដ៏​អស្ចារ្យ៖ ដំណើរ​ផ្លូវ​របស់​ប្រ៊េ​ន​សុន​មិនបាន​រោយ​ដោយ​ផ្កា​កុលាប​នោះទេ គាត់​មាន​បញ្ហា​រឿង​ភាពខ្វះ​ចន្លោះ​ក្នុង​ការអាន និង​ប្រកប​អក្សរ ដែល​រាល់ថ្ងៃនេះ​ក៏​នៅតែ​ជា​បញ្ហា តែ​គាត់​ក៏​មិន​បណ្តោយឱ្យ​វា​ក្លាយជា​ឧបសគ្គ​ក្នុង​ការធ្វើការងារ​ដែរ។ សូម្បីតែ​ក្នុងអំឡុងពេល​ចាប់ផ្តើម​អាជីព​ក៏ដោយ បញ្ហា និង​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង​ជាច្រើន​សម្រុក​ចូលមក តែ​គាត់​គិតថា វា​ជា​មេរៀន និង​រៀន​យល់ដឹង​ដោយ​ខ្លួនឯង។

    ចូលចិត្ត​ក្នុងការ​ប្រថុយ និង​យល់ព្រម​ក្នុង​ការធ្វើ​ខុសពី​ទម្លាប់៖ កន្លងមក​គាត់​ធ្លាប់ធ្វើ​ដូច​អ្នកដទៃ តែ​មិន​ទទួលបាន​ជោគជ័យ បន្ទាប់ពីនោះ​គាត់​ក៏​រៀន​យល់ដឹង​ពី​ភាព​ភ្លាត់ភ្លាំង​ខុសឆ្គង និង​ប្រើ​សញ្ជាតិញាណ​ក្នុងការ​ដឹកនាំ​ផ្លូវ។ រឿង​មួយ​ដែល​គាត់​រៀន​យល់ដឹង​គឺ និ​វា​នុ​វត្ត​ន៍ ជា​បច្ច័យ​សំខាន់​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ការបរាជ័យ​ជា​ប្រភព​របស់​អៃ​ឌៀល្អ។

    ទទួលយក​ផ្នត់គំនិត ឬ​អៃ​ឌៀ​ថ្មី៖ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើឱ្យ វើ​រ​ជីន ហ្គ្រុ​ប មាន​ភាពសម្បូរ​បែប​ខាង​ធុរកិច្ច មាន​ក្រុមហ៊ុន​ក្នុង​បណ្តាញ​ដែល​ដំណើរការ​ធុរកិច្ច​ខុសគ្នា​ជាង 200 ក្រុមហ៊ុន។ ប្រ៊េ​ន​សុន​មិន​ប្រកាន់ខ្ជាប់​ជាមួយ​ធុរកិច្ច​ណាមួយ​នោះទេ គាត់​ត្រៀមខ្លួន​រួច​ជានិច្ច​ក្នុង​ការរៀន​យល់ដឹង និង​សាកល្បង​អ្វីដែលថ្មី។

    ផ្តល់​កិ​តិ្ត​យស​ដល់​បុគ្គលិក៖ ដោយសារតែ​ប្រេ​៊​ន​សុន​បង្ហាញឱ្យឃើញថា គាត់​ផ្តល់​ភាព​សំខាន់​ចំពោះ​បុគ្គលិក ទទួល​ស្តាប់​ពួកគេ​ជានិច្ច ទើប​បុគ្គលិក​កើតមាន​មោទនភាព ស្រឡាញ់​ស្មោះស្ម័គ្រ និង​មាន​ភក្តីភាព​ចំពោះ​ចៅហ្វាយនាយ និង​ស្ថាប័ន លទ្ធផល​ដែល​តាម​មក​គឺ បុគ្គលិក​តាំងចិត្ត​ធ្វើការ មាន​សំណឹក (ការដឹង​ខ្លួន​ជាប់​ជានិច្ច)នៃ​ការធ្វើជា​ម្ចាស់​រួម ហើយ​អារម្មណ៍​ដែល​ដុះ​ឡើង​នៅក្នុង​ចិត្ត​បុគ្គលិក​នឹង​ឆ្លុះបញ្ចាំង​ចេញមក​ក្នុង​រូបភាព​នៃ​ការងារ​សេវាកម្ម​ដែល​ល្អ។

    ជូន​កម្រៃ​ទៅ​សង្គម​វិញ៖ មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត ពេលមកដល់​ចំណុច​នេះ​តែងតែ​ត្រូវ​ការបំពេញ​ប្រយោជន៍ និង​ជួយ​យកអាសា​មនុស្ស​ដែល​ទន់ខ្សោយ​ជាង ក្រៅពីនោះ នៅ​ជាការ​បង្ហាញឱ្យឃើញថា យើង​មិនបាន​លោភលន់ មិនបាន​ចូលមក​ដើម្បី​ប្រមូល​កើប​តែ​ម្យ៉ាង​នោះទេ តែមាន​ការជូន​កម្រៃ​ទៅ​សង្គម​វិញ​ផងដែរ។ ប្រ៊េ​ន​សុន​បង្កើត​មូលនិធិ​ពេល​គាត់​អាយុ 17 ឆ្នាំ ការងារ​ដែល​លេចធ្លោ​គឺ ការឧបត្ថម្ភ​គាំទ្រ​លើ​ការសិក្សា​ក្នុង​ទ្វីបអាហ្វ្រិក ហើយ​គាត់​ថែមទាំង​បានប្រកាស​បរិច្ចាគ​ប្រាក់ 3.000 លាន​ដុល្លារ​ដើម្បី​តតាំង​ជាមួយ​សភ​ពិភពលោក​កើន​កម្តៅ​នាពេល 10 ឆ្នាំ​ខាងមុខ​ទៀតផង។

    ស្រមៃ​ឱ្យ​ឆ្ងាយ ហើយ​ទៅឱ្យ​ដល់៖ ចាប់ផ្តើម​ពី​ការធ្វើ​សារព័ត៌មាន​ក្នុង​តំបន់​តូច​មួយ ឆ្ពោះ​មករក​មហា​អាណាចក្រ​ផ្នែក​ធុរកិច្ច​ទាំង​ខាង​អាកាស និង​ខាង​សមុទ្រ រហូតមកដល់ Virgin Galactic ក្រុមហ៊ុន​ដឹកជញ្ជូន​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​គេ​បំផុត​របស់​ពិភពលោក។ ជឿ​ចុះ​ថា ដរាបណា​ដែល​នៅ​មិនទាន់​អស់ខ្យល់​ដង្ហើម ប្រ៊េ​ន​សុន​ប្រហែលជា​នៅតែមាន​អៃ​ឌៀ​ធុរកិច្ច​ដែល​សែន​ចម្លែក​ខុសប្លែក​ពី​គេ​ឱ្យ​មនុស្សលោក​បាន​ភ្ញាក់ផ្អើល​ទៀត​មិន​ខាន៕

    ស្រាវជ្រាវ​ដោយ តា​វ៉ែនតា

  • ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

    ភ្នំពេញៈ ថ្មីៗ​នេះ គេហាក់​ឃើញ​តារា​សម្តែង​សិចស៊ីចូល​ចិត្ត​ព្រលែង​ល្វើង​លើ​មិន​ប្រណី​ភ្នែក​បុរស​ ​ កញ្ញា ដេននី ក្វាន់ ដែល​​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ ដោយនាង​បាន​បើក​ហាង​សាឡន និង​ហាង​លក់​​​​គ្រឿង​សង្ហារឹម មានប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ បង្ហើរ​សារ​រវើរវាយ​ក្នុង​ចិត្ត​នឹក​ចង់​បាន​ស្វាមី​ ខណៈមុន​នេះ​បន្តិច​នាង​ដូចជា​រអ៊ូរ​ធុញ​នឹង​គូ​ស្នេហ៍​ដែល​ចូល​ចិត្ត​ប្រចណ្ឌនោះ។


    កញ្ញា ដេននី ក្វាន់ ដែលបាន​​ហក់​ចូលទៅ​​ក្នុង​ពិភព​សិល្បៈ​សម្តែង​ដំបូង​ ដោយ​ការ​លះបង់​ដាក់​​ទុន​​ភាព​សិច​ស៊ី​​លេច​ធ្លោជាង​គេទាក់​ទាញ​ផលិត​ករ​​នោះ បាន​សរសេរ​សារស្តែង​​ពីចិត្ត​ខ្លួន​ថា​៖ «មួយ​ជីវិត​របស់​មនុស្ស​ស្រី ថ្ងៃ​ដែល​រំភើប ហើយ​មាន​នយ័​បំផុត​នោះគឺ​ ថ្ងៃ​ដែល​បាន​រៀបការ​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ សម្រាប់​ខ្ញុំ​រក​កូន​កំលោះ​មិន​ទាន់​ឃើញទេ​!»។ ​

    មិន​តែ​ប៉ុណ្ណោះ​​តារា​សម្តែង​ស្រី​ដែល​ហ៊ាន​ថត​បង្ហាញ​ភាព​សិច​ស៊ី​កប់​ស៊េរី មិន​​ខ្លាច​ការ​ព្រមាន​​ពី​ក្រសួង​​វប្ប​​ធម៌​ច្រើន​​​​​លើកនោះ ក៏​ប្រាប់​ពី​លក្ខខណ្ឌ​ដែល​ខ្លួន​ប្រាថ្នា​ជា​គូ​សម្រាប់ជីវិត​នាង​ទៀត​ផង​ថា៖ « មាន​ការ​ស្រលាញ់ ខ្វះ​ភាព​ស្មោះត្រង់​ក៏ពិបាក មាន​ភាពស្មោះត្រង់​ ខ្វះការ​អាណិត​ក៏ពិបាក មាន​ក្តីអាណិត​ ខ្វះភាព​ជឿជាក់ នឹង​ទំនុក​ចិត្ត​ក៏ពិបាក មាន​ទំនុកចិត្ត ខ្វះក​ម្លាំង​ចិត្ត​ឲ្យ​​គ្នាក៏ពិបាក​ មា​ន​​កម្លាំង​ចិត្ត ខ្វះការឲតម្លៃចំពោះ​គ្នាក៏ពិបាក សំខាន់​មនុស្ស​ដែល​ស្រលាញ់​គ្នា​ត្រូវ​មាន​គ្រប់​ចំណុច​ខាង​លើ​ទើប​រស់​នៅ​មា​ន​សុភមង្គល.!!!»។

    អ្វីដែល​កាន់តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៀត​ គឺតារា​ស្រី​ដ៏ស្រស់​ស្អាត​ ជាម្ចាស់​ហាង​ទាំងនៅ​ក្នុង​វ័យ ២៧​ ឆ្នាំ រូបនេះ បានទទួល​កាដូ​លើក​ទឹក​ចិត្តពី​បុរស​កំពូល​ស្នេហ៍​ ជា​គ្រឿង​ពេជ្រមាន​តម្លៃ​ជាង​ ១០ ម៉ឺន ដុល្លារ​ នៅថ្ងៃ​សម្ពោធ​ហាង​នាងកន្លង​មក​ ខណៈ​អត្ត​សញ្ញាណ​បុរស​នោះ​គ្រាន់តែ​ត្រូវបាន​គេ​បង្ហើប​ថា​ជាមន្រ្តី​យោធា​​ម្នាក់​ប៉ុណ្ណោះ។

    ដោយ​មិនបាន​លាក់​លៀម​ថាខ្លួន​គ្មាន​អ្នកគ្រង​បេះដូង គ្រាន់​តែសុំ​មិន​បញ្ចេញ​ឈ្មោះ និង​ព័ត៌មាន​​​លម្អិត​ពីប្រុស​ស្នេហ៍​ទើប​ជូនកាដូ​លើក​ទឹកចិត្ត​មាន​តម្លៃ​ជាង ​ ១០ ម៉ឺន ដុល្លារ តារា​ស្រីមាន​ស្រុក​​កំណើត​មកពី​ខេត្ត​ព្រះវិហារ ដែល​ល្បីថា​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ដូចជា​សេដ្ឋិនី​ទាំងក្មេង ព្រោះនាង​មាន​របរ​រកស៊ី​ក្រៅ​សិល្បៈនោះ​បាន​បង្ហើប​ឲ្យដឹង​ដែរ​ថា៖ «អ្នកជូន​កាដូ​ដែល​មាន​តម្លៃ​ជាង ១០ ម៉ឺន ដុល្លារ​ នោះ​គាត់ពិត​ជា​មន្ត្រី​យោធា​ម្នាក់មែន តែសុំ​លាក់​ឈ្មោះ និង​តួនាទី​ការងារ​គាត់​សិន បើទោះ​បីខ្ញុំ និង​គាត់​មាន​ទំនាក់​ទំនង​យូរឆ្នាំ​មក​ហើយក្តី»។ ប៉ុន្តែ​ជុំវិញ​ទុន​ជាង ៤ ម៉ឺន​ដុល្លារ និង​ចំនួន​ច្រើន​ជាងនេះ​លើ​ហាងលក់​គ្រឿង​សង្ហារិម នោះ កញ្ញា ដេននី ក្វាន់ បាន​អះអាង​ថា​៖ «ការ​បើករបរ​អាជីវ​កម្ម​នេះ គឺជា​ធនធាន​របស់​នាងខ្ញុំ​ផ្ទាល់ តែ​ម្តង​ មិនមែន​គាត់ទេ»៕​

  • សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

    សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

    លោក សៅ សុខា ប្រធានកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំ វិស័យបាល់ទាត់ តាំងពីមិនទាន់មានអ្វីសោះ រហូតដល់មានឈ្មោះល្បីដល់អន្តរជាតិ បានបង្ហាញពីអារម្មណ៍ដែលដឹកនាំវិស័យកីឡាបាល់ទាត់មួយ រយៈពេល១០ឆ្នាំ គឺមានការពិបាកខ្លាំងជាងការដឹកនាំកងទ័ពទូទាំងប្រទេសទៀត ព្រោះអ្វីៗកើតចេញពីបាល់ទាត់ គឺសុទ្ធតែមានលក្ខណៈស្ដង់ដារ ។

    ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងខែមិនាកន្លងទៅ ។

    ការដឹកនាំកងទ័ព ត្រូវការត្រឹមស្បៀង និងអាវុធ គឺអាចប្រយុទ្ធប្រឆាំងជាមួយសត្រូវបាន ប៉ុន្ដែការដឹកនាំបាល់ទាត់អ្វីៗក៏ត្រូវមានលក្ខណៈស្ដង់ដាដែរ មិនថាហេដ្ឋារចនាសម្ព័ន្ធ ធនធានកីឡាករ គ្រូបង្វឹក សម្ភារៈ ឬប្រព័ន្ធដឹកនាំនោះទេ ។ ដោយហេតុនេះក្នុងនាមជាអ្នកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ ការចាប់ផ្ដើមដំបូងឯកឧត្តម បានអនុវត្តបណ្ដើរ និងរៀនបណ្ដើរ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើន រហូតមកទល់បច្ចុប្បន្ន ។

    ប៉ុន្ដែយ៉ាងណាបាល់ទាត់កម្ពុជា មិនទាន់ដល់គោលដៅខ្លួនចង់បាននោះទេ ដូច្នេះសហព័ន្ធបាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ថ្នាលយុវជនបន្ដ តាមរយៈការបង្កើតគម្រោងបើកសាលាបាល់ទាត់ទូទាំងប្រទេស ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

  • ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

    ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

    ភ្នំពេញៈ តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ​តួជា​ម្តាយ​ដ៏​សក្តិ​សម​បំផុត​ ដែល​​ទើប​​​​តែ​ទទួល​បាន​ពន្លឺ​សុភមង្គល​នៃ​ក្តី​ស្នេហ៍ដ៏​ផ្អែម​ល្ហែម​ជាមួយ​នឹង​​ស្វា​មីក្រោយ​​វ័យ​ក្មេង​ជា​គ្រូ​ផ្សំ​​ថ្នាំ​​ឱសថ​​បុរាណ​​​ឈ្មោះ ថោង សុខុម វ័យ ​២៥​ ឆ្នាំ មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​ក៏​ប្រេះឆា និង​​បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​​​​អ្នកនាង ស្វែ​ង សុជា​តា​ យ៉ាង​ដំណំ រួច​​រត់​ចោល​បាត់​ទៀតជាមួយ​នឹង​ម៉ូតូ​ម៉ាក​ ST7 មាន​ស្លាក​លេខ​ភ្នំពេញ​១៣១៤។​

    អ្នក​ស្វែង សុជាតា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង​របស់​ខ្លួន ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ប្ដី​ក្មេង​​បាន​វាយ​នាងឡើង ខៀវ​​ភ្នែក បែក​ថ្គាម បង្កឲ្យ​បាន​​ការ​​ភ្ញាក់​​​ឲ្យ​មាន​ការ​ផ្អើលទៅ​​អ្នកតា​ខ្មៅ​​មក​ជួយ​ទាន់​ពេល កុំ​អី​កាន់តែ​ធ្ង ន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។​

    បើ​​តាម​​សម្តី​រៀបរាប់​ប្រាប់​ទាំង​​ទឹក​ភ្នែក​​នោះ អ្នក​​នាង​ ស្វែង សុជាតា ថ្លែង​ថា ៖« នេះ​មិនមែន​ជា​លើក​​ទី ​១​ ទេ ​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ​ ដោយ​ចង់​ទុក​ឱកាស​​ឲ្យ​ប្តី​កែ​ខ្លួនគឺ​គ្រាន់​តែ​​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប៉ុណ្ណោះ»។ តែ​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក​ថ្មីៗ​នេះ តារា​​សម្តែង​ស្រី​ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង ស្វែង សុជាតា ក៏​ទទួល​​រង​នូវ​​អំពើ​ហិង្សា​បន្ត​ទៀត គឺ​ស្វាមី​បាន​ចាក់​សោ​ផ្ទះ​ដែល​អ្នក​នាង​សន្សំ​លុយ​បង់​រំ​លោះ​នៅ​បុរី​ប៉េង ​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា រហូត​ដល់ ​៧​ ជាន់ មុន​​នឹង​បង្កជម្លោះ​ជាមួយ​អ្នក​នាង។

    តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ស្រគត់​ស្រគំ តួ​ជា​ម្តាយ​ដ៏​ប៉ិន​ប្រសប់ និងជា​ម្ចាស់​ពានរង្វាន់​អាណាចក្រ​​តារា​ពីរ​ឆ្នាំជាប់​គ្នា​ អ្នក​នាង ស្វែង សុជាតា​ ​ជួប​លាភធំ​នៅ​ឆ្នាំ ២០១៥ នេះ ដោយ​បាន​ក្លាយ​ជា​តួ​អង្គ​ស្រី​សម្តែង​ជា​ម្តាយ​នៃ​គ្រួសារ​មួយ​ក្នុង​ខ្សែ​ ភាព​យន្ដ​ឆ្លុះ​បញ្ចាំង​​ពី​សម័យ​ខ្មែរ​ក្រហម​រឿង «ដំបូង​ពួកគេ​សម្លាប់ឪពុក​របស់​ខ្ញុំ»​ ដែល​ដឹក​នាំ​សម្តែង​តារា​ហូលីវូដ​​ល្បី​​អ្នកស្រី អេនជេលីណា ជោលី។

    ទោះ​យ៉ាង​នេះ​ អ្នក​នាង​ស្វែង សុជាតា ​តែ​អាណិតកូន​តូច និង​ប្រកាន់​ទស្សនៈ​មិន​ចង់​ខូច​ឈ្មោះ​​ជា​​ស្រី​​ប្តី​​បី​បួន ទើប​នៅ​ជាមួយ​ចំណង​បញ្ហា​ដែល​នាង​ពិបាក​រើ​បំរាស់​បាន​។ យ៉ាងណា​ក៏​ដោយ សូម​​អំពាវនាវ​ដល់​សមត្ថកិច្ច​​​ជួយ​ការពារ​សុវត្ថិភាព​ តារាភាពយន្ត​ល្បី​ឈ្មោះ​​ប្រចាំ​​ស្រុក​ខ្មែរ​ផង ព្រមទាំង​អង្គការ​នានា​ផង​ដែរ គួរតែ​មាន​វិធានការ​បែប​ណា​កោះហៅ ស្វាមី​វ័យ​ក្មេង​នោះ​ម​ក​អប់រំ​ដោយ​លក្ខខណ្ឌ​ផ្សេង​ៗ​ឲ្យ​តឹង​រង​ផង ដើម្បី​កុំ​ឲ្យ​​ពូកែ​ធ្វើបាប​​មនុស្ស​ស្រី ជា​ពិសេស​ប្រពន្ធ​របស់​ខ្លួន​តែ​​ម្តង​៕

  • កូនប្រុសសម្ដេចហ៊ុន សែន ២រូបគ្រោងបន្តចូលរួម រត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ម្ដងទៀត នាឆ្នាំនេះ

    កូនប្រុសសម្ដេចហ៊ុន សែន ២រូបគ្រោងបន្តចូលរួម រត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ម្ដងទៀត នាឆ្នាំនេះ

    កាលពីចុងសប្ដាហ៍មុននេះ គណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា NOCC បានប្រកាសទទួលចុះឈ្មោះ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ មកជូនរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញលើកទី៧ ឆ្នាំ ២០១៧ ដែលគ្រោងនឹងរៀបចំនាខែ មិថុនា ខាងមុខនេះ នៅមុនព្រះបរមរាជវាំង។ ខណៈកូនប្រុសសម្ដេចហ៊ុន សែន ២រូប ក៍គ្រោងនឹងចូលរួមម្ដងទៀតនាឆ្នាំនេះ។

    អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ មកដល់ពេលនេះ មានភ្ញៀវជាតិនិង អន្តរជាតិបានចូលរួមចុះឈ្មោះរួចរាល់ហើយ ជាង១០០០នាក់ បើគិតត្រឹមល្ងាចម្សិលមិញនេះ ហើយព្រឹត្តិការណ៍នេះ នឹងបិទបញ្ជីចុះឈ្មោះ ត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ។

    លោកបន្តថា៖ ទិវារត់ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិឆ្នាំកាលពីឆ្នាំមុន(២០១៦) មានចូលរូមសរុប សរុប ៥០,១០នាក់ ក្នុងនោះ មានជនបរទេស ៤៦០នាក់ មកពី ២៨ប្រទេស លើពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះក៍មានការផ្ដល់កេតិ្តយស ពីថ្នាក់ដឹកនាំពី សំណាក់លោក ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំ ក្រុមការងារ មកចូលរួមផងដែរ ។ នាឆ្នាំនេះ កូនប្រុសសម្ដេចទាំងពីរក៍គ្រោង នឹង មកចូលរួមរត់ម្ដងទៀតដែរ ខណៈដែល NOCC សង្ឃឹមមានអ្នកចូលរួមលើសកាលពីមុន ។

    លោកបន្ថែមថា៖ ចំណុចសំខាន់ ៤ ធំៗ ដែលNOCCរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺទី១ រត់ ដើម្បីអបអរសាទរ រាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ,  ទី២ដើម្បីអបអរសាទរ ទិវាអូឡាំពិក លើកទី១២២ ,ទី៣ រត់ដើម្បីទក្រុងស្អាត ទីក្រុងបៃតង ព្រមទាំងដើម្បីមនុស្សធម៌ ស្វែងរកថវិការ ជួយដល់មុន្ទីរពេទ្រគុន្ធបុប្ផា ផងដែរ ។ ជាក់ស្ដែងស្ដែងឆ្នាំនេះ គណៈកម្មការ រៀបចំ រំពឹងទទួលបានថវិការលើសពី ៥ពាន់ដុល្លារ សម្រាប់ផ្ដល់ជូន មន្ទីរពេទ្យគន្ធបុប្ឋា ។

    គួបញ្ជាក់ផងដែរថា៖ ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧គណៈកម្មការរៀបចំការប្រកួត នឹងចែកអាវ -លេខដល់អ្នកចូលរួម នៅមុខព្រះបរមរាជវាំងតែម្ដង ។ បើតាមការអះអាង នោះថាផ្លូវសម្រាប់រត់ ត្រូវបានពិនិត្យ និងកំណត់រួចហើយ សម្រាប់រត់២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) រត់តាមដងទន្លេសាប និងត្រឡប់មកវិញដងទន្លេមេគង្គ។ ក្រៅពីរត់២១គីឡូម៉ែត្រគឺមានរត់១០ គីឡូម៉ែត្រ និងរត់កម្សាន្ដសប្បាយ ៣គីឡូម៉ែត្រ គ្រប់វិញ្ញាសា ទាំងអស់គឺចេញដំណើរ ពីមុខព្រះបរមរាជវាំង និងបញ្ចប់មុខព្រះបរមរាជវាំងដែរ ៕

  • លោក Klopp អំពាវនាវឲ្យកីឡាករមិនឲ្យបោះបង់ក្តីសង្ឃឹមក្នុង Champions League ទោះចាញ់ Crystal

    លោក Klopp អំពាវនាវឲ្យកីឡាករមិនឲ្យបោះបង់ក្តីសង្ឃឹមក្នុង Champions League ទោះចាញ់ Crystal

    លោក Jurgen Klopp គ្រូ​បង្វឹករ​បស់ Liverpool បាន​សន្យា​ថា នឹង​ប្រយុទ្ធ​រហូត​ដល់​ទី​​បញ្ចប់ បើ​ទោះ​បី​ក្រុម​ហង្ស​ក្រហម​របស់​លោក បាន​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស់​ក្នុងលទ្ធ​ផល ២-១ ក្នុង​ផ្ទះខ្លួន​ឯង​នៅពេល​​ប្រកួត​ជា​មួយ​នឹង​​ក្រុម Crystal Palace ក្នុង​ក្រប​ខ័ណ្ឌ​កាល​​ពី​ថ្ងៃ​អាទិត្យ​ក៏​ដោយ​។

    ក្រុម Manchester United បាន​ដាក់​សម្ពាធ​​​ទៅ​លើ​ក្រុម Liverpool រួច​ជាស្រេច ខណៈ​ដែល ​ប្រយុទ្ធ Anthony Martial បាន​ឆ្លើយ​តប​យ៉ាង​​វិជ្ជ​មាន​​ចំពោះ​ការ​រិះ​គន់​របស់​លោក Jose Mourinho តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ និង​​ជួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ Wayne Rooney រក​បាន​គ្រាប់​បាល់​​ទី​២​ដើម្បី​ផ្តួល​ក្រុម Burnley ២-០ និង​ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​​ឡើង​​ទៅ​​​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ ដោយ​​​ដេញ​តាម​ពីក្រោយ​ក្រុម Manchester City មួយ​ពិន្ទុ​។ ហេតុនេះ ក្រុម Liverpool កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ការ​អវត្ត​មាន​​ក្នុង​ក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ ខណៈ​ដែល​ពួក​គេ​នាំ​មុខ​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​លើ​ក្រុម Man United ដែល​នៅ​សល់​២​ប្រកួត​​នៅ​ក្នុង​ដៃ​របស់​ពួក​គេ​​។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Klopp បាន​ដាក់​ចេញ​នូវ​ការ​​​អំពាវ​នាវ​ដល់​អ្នក​គាំ​ទ្រ និង​កីឡាករ​របស់​លោក​ មិន​ឲ្យ​បោះ​បង់​ក្តី​សង្ឃឹម​ទៅលើ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន BBC ថា៖ «វា​ពិត​ជា​​លទ្ធ​ផល​ដ៏​ខក​ចិត្ត​​​។ គ្រប់​គ្នា​គិត​ថា Champions League បាន​ធ្លាក់​ចេញ​ពី​ដៃ​របស់​ពួក​គេ ប៉ុន្តែ យើង​មាន​រយៈ​ពេល​១​ខែ​​ទៀត ក្នុង​ការ​​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជ​មាន​ឡើង​វិញ​»​៕

    ប្រភព​ព័ត៌​មាន៖ The Mirror

  • Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទី​២​​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​​ដ៏​សំខាន់​ក្នុង​លទ្ធ​ផល ៣-២ លើ​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួ​ក​គេ Real Madrid កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គ្រាប់​បាល់​ទី​២​របស់​គេ ដែល​ជា​​គ្រាប់​លើក​​ទី​៥០០​​របស់​គេ​សម្រាប់​ក្លិប បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ​​នៃ​នាទី​បន្ថែម​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់ Messi បាន​កើត​ឡើង​មនៅ​ជិត​បញ្ចប់​នៃ​ការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​​ចាប់​ផ្តើម​យ៉ាង​ស្វិត​ស្វាញ ខណៈ​ដែល​ខ្សែ​ការ​ពារ Samuel Umtiti បាន​ប្រព្រឹត្ត​កំហុស​ទៅ​​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ មិន​​មាន​ការ​ផ្តល់​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ឡើយ ខណៈ​ដែល​ខ្សែ​ការ​ពារ Marcelo ក៏​មិន​បាន​រង​ពិន័យ​ផងដែរ សម្រាប់​ការ​ឲ្យ​កែង​ទៅ​លើ Messi​។ ខ្សែ​បម្រើ Casemiro បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បើក​ឆាក​​នៅនាទី ទី​២៨ នៅ​មុន​ពេល Messi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៣៣ ហើយ​ខ្សែ​បម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​វិញ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​តិ​ច​ជាង​២០​នាទី​ទៀត​។

    ការ​រង​ពិន័យ​កាត​ក្រហម​របស់​ខ្សែ​ការ​ពារ Sergio Ramos សម្រាប់​ការ​ប្រើ​ប្រាស់​ជើង​​ទាំង​ពីរ​ដើម្បី​ឈូស​ដណ្តើម​បាល់​ទៅ​លើ Messi ហាក់​ដូច​ជា​​​ធ្វើ​ឲ្យ​ក្រុម Barca ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​ទៅ​ហើយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​បម្រុង James Rodriguez បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​នៅ​នាទី ទី​៨៦ ក្រោយ​ពី​ការ​បញ្ជូន​បាល់​របស់ Marcelo ដើម្បី​រក​ក្រាប់​បាល់​តាម​ស្មើ​វិញ​។ បន្ទាប់​មក Messi បាន​​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិតប​ញ្ចប់​ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​​តាម​ស្មើ​ពិន្ទុ​ក្រុម Real Madrid ដែល​មាន​៧៥​ពិន្ទុ​ដូច​​គ្នា បើ​ទោះ​បី​ក្រុម Real នៅ​សល់​មួយ​ប្រកួត​ក្នុង​​ដៃ​ក៏​ដោយ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Barcelona បំពេញ​ការ​ស្តារ​មុខ​មាត់​​មួយ ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ស្នា​ដៃ​ក្រុម Juventus កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​​មុន​៕

    ប្រភព​ព័ត៌​មាន៖ The Mirror