Category: កម្សាន្ត

  • សុខ ពិសី ពិបាក​ចិត្ត​នឹង​ព័ត៌មាន​ស្នេហ៍​ថៅកែ

    សុខ ពិសី ពិបាក​ចិត្ត​នឹង​ព័ត៌មាន​ស្នេហ៍​ថៅកែ

    ភ្នំពេញ: ជាមួយ​នឹង​ភាព​ជោគជ័យ​លើ​វិថី​សិល្បៈ ក្នុង​ទ្រនំ​ដ៏​កក់ក្តៅ​ផលិតកម្ម​សាន់ដេ តារា​ចម្រៀង​សំនៀង​មាយា កញ្ញា សុខ ពិសី បែរជា​ត្រូវ​បាន​គេ​ទម្លាយ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើល​ថា រាជិនី​សាន់ដេ កញ្ញា សុខ ពិសី និង​ម្ចាស់​ផលិតកម្ម​ផ្ទាល់​តែម្តង បាន​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាងយូរ​ក្រោម​ដំបូល​ផ្ទះ​តែមួយ។

    ប្រភព​ស្និទ្ធ​នឹង​សាន់ដេ​បង្ហើប​ទៀត​ថា សុខ ពិសី បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​សាន់ដេ ខាង​លើ​យូរឆ្នាំ​ហើយ ដោយ​រួមរស់​ក្រោម​ដំបូល​ផ្ទះ​តែមួយ​ថែម​ទៀត​ផង។ ពួកគេ​ទៅណា​មក​ណា​ជាមួយ​គ្នា ប៉ុន្តែ​មិន​ហ៊ាន​ថតរូប បង្ហាញ​ជា​សាធារណៈ​ទេ ដោយ​រូបខ្លះ​បិទបាំង ខ្លាច​ធ្លាយ​ដំណឹង​ស្នេហ៍ ដែល​ពួកគេ​ខំ​បិទ​បាំង។ ថៅកែ​វ័យក្មេង​សាន់ដេ​ឈ្មោះ លោក​សេង តែងតែ​លើក​តម្កើង​តួស្រី​របស់​ខ្លួន​រូបនេះ​ខុសពី​តារា​ផ្សេងៗ ដែល​កំពុង​ស្ថិត​ក្នុង​ទ្រនំ​ជាមួយ​គ្នា ហើយ​តារា​ទាំង​នោះ​ក៏មាន​ទឹកដម​សំនៀង​ពីរោះ​ជាង សុខ ពិសី ផងដែរ។

    ទោះ​បីជា​យ៉ាងណា ព័ត៌មាន​នេះ ក៏ត្រូវ​បាន​អ្នក​នៅក្នុង​មជ្ឈដ្ឋាន​សិល្បៈ លើក​ឡើង​ផងដែរ​ថា ជារឿង​ពិត​ដែល​ពិបាក​នឹង​និយាយ​បើក​ចំហ ប៉ុន្តែ​កញ្ញា សុខ ពិសី ក្នុង​ជំនួប​នឹង ភ្នំពេញ​ប៉ុស្តិ៍ នាង​បាន​លើក​ឡើង​ថា៖ «រឿង​ព័ត៌មាន​នេះ មិនមែន​ទើបតែ​ត្រូវ​បាន​គេ​លើក​មក​និយាយ​ពេលនេះ​ទេ។ វា​កើត​ឡើង​ច្រើន​ឆ្នាំ​ហើយ តែ​ពេលនេះ​មិន​ដឹងថា រឿងអី​ត្រូវបាន​ព័ត៌មាន​គេចុះ​ផ្សាយ​ទៀត​ទេ»។

    តារា​ចម្រៀង​កំព្រា​ម្តាយ ក្នុង​គ្រោះ​មួយ​ប៉ប្រិច​ភ្នែក​របស់​ខ្លួន កញ្ញា សុខ ពិសី ពោល​ថា៖ «ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ នឹង​ព័ត៌មាន​បែបនេះ​ផ្ទុះ​ឡើង ហើយ​ជាមួយ​មេ​កើយ​ទៀត។ វា​ពិតជា​មិនល្អ​មែន​សម្រាប់​ខ្ញុំ ហើយ​ក៏​ប៉ះពាល់​នឹង​ការងារ​ខ្ញុំ​ផងដែរ»។

    បន្ទរ​សម្ដី​ហ្មង​សៅ​នេះ តារា​ចម្រៀង សុខ ពិសី បាន​ប្រាប់​ថា៖ «វាជា​រឿង​ធម្មតា​ហើយ ខ្ញុំជា​តារា​កន្លង​មក​ក៏ធ្លាប់​ថតរូប​បែប​នេះ ក្នុង​ចេតនា​លេង​សើច​ជាមួយ​មិត្តភក្ដិ​រួម​អាជីព ហើយ​ក៏ធ្លាប់​ថតរូប​របៀប​នេះ ជាមួយ​បង សិរីមន្ត​ផង តែ​រូបនេះ​គេ​មិនបាន​យក​មក​ផ្គូផ្គង​ផង ម៉េចក៏​យក​តែ​រូបថត​នេះមក​និយាយ​អ៊ីចឹង»។

    កញ្ញា សុខ ពិសី ក៏បាន​ប្រាប់​ទៀត​ថា៖ «បើ​ខ្ញុំមាន​ស្នេហា​មែន​នោះ ខ្ញុំក៏​នឹង​មិន​លាក់​បាំង​ដែរ តែ​នេះ ខ្ញុំក៏​មិន​ដឹង​ថា បកស្រាយ​យ៉ាងណា​ដែរ ខណៈ​គេ​យករូប​បែប​នោះ ហើយ​និងថា ខ្ញុំនឹង​ថៅកែ​ជាម្ចាស់​ស្នេហ៍​នឹង​គ្នា ទាំងខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ឬក៏​ដឹងអី​សោះ​មុន​នេះ»។

    នាង​ប្រាប់ថា៖ «ខ្ញុំមិន​ដឹងថា រូបភាព​នោះ​យ៉ាង​ណាទេ តែ​ក្នុង​គណនី​ហ្វេសប៊ុក​ខ្ញុំ ខ្ញុំមិន​ដែល​បាន​បង្ហោះ​វាទេ បើ​ចង់ដឹង​ច្បាស់​មានតែ​គាត់ (ថៅកែ) ពី​រូបភាព​ទាំង​នោះ»។

    កញ្ញា សុខ ពិសី ទទូច​ទៀត​ថា៖ «ខ្ញុំ​មិន​ចង់ដឹង និង​មិន​ចង់ឮ​ទេ​ព័ត៌មាន​បែប​នេះ។ ខ្ញុំ​សព្វថ្ងៃ​គិតតែ​ពី​ការងារ​សិល្បៈ​ជា​ឆ្នាំងបាយ​ខ្ញុំ បើខ្ញុំ​អត់​សិល្បៈ​ដូច​វាយ​ឆ្នាំង​បាយ​អ៊ីចឹង ហើយ​ខ្ញុំក៏​មិនចង់​មាន​ព័ត៌មាន​ស្អី ប៉ះពាល់​ថៅកែ​ដែរ ព្រោះ​គាត់​ជាមេ ខ្ញុំ​គោរព​គាត់។ គាត់​ផ្តល់​ឱកាស​ការងារ​ឲ្យខ្ញុំ ត្រឹម​ហ្នឹង​ហើយ ដែល​ខ្ញុំមិន​សប្បាយ​ចិត្ត​ព័ត៌មាន​អ៊ីចឹងៗ​លេច​ឡើង ហើយ​ទាំង​មិនមែន​ជាការ​ពិត​ទៀត»៕

  • ផលិតកម្ម​ថោន​ស្រាយ​ចម្ងល់​​រឿង មាស សុខសោភា ខ្សត់​បទចម្រៀង​នៅ​រដូវ​ចូលឆ្នាំ​ថ្មី​​​​​ ២០១៧

    ផលិតកម្ម​ថោន​ស្រាយ​ចម្ងល់​​រឿង មាស សុខសោភា ខ្សត់​បទចម្រៀង​នៅ​រដូវ​ចូលឆ្នាំ​ថ្មី​​​​​ ២០១៧

    ភ្នំពេញៈ តាម​ចំណាំ​ឲ្យ​តែ​នៅ​ជិត​ដល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​រៀងរាល់​ឆ្នាំ ក្រុម​តារា​​ចម្រៀង​​ទាំង​ប្រុស​ទាំង​ស្រី​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​ល្បីៗ​តែង​សម្បូរ​បទចម្រៀង​ថ្មី​ៗ​​ ដើម្បី​បង្ហើរ​សំនៀង​​បំពេ​អារម្មណ៍​​ប្រិយមិត្ត​​អ្នក​ស្តាប់​របស់​ខ្លួន​ណាស់​​ តែ​​​ចម្លែក​អ្វី​នៅ​ឆ្នាំ​ ២០១៧ ​នេះ តារា​ចម្រៀង​ស្រី​សម្លេង​ស្រទន់​ ឈរ​​​លំដាប់​កំពូល​​នៃ​ទ្រនំ​​ផលិតកម្ម​ថោន​កញ្ញា មាស សុខសោភា បែរ​ជា​មាន​ចេញ​បទចម្រៀង​តិច​ខុស​ប្លែក​ពី​ពេល​ឆ្នាំ​មុនៗ បង្ក​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​​ខ្លាំង​ពី​គាំទ្រ។

    កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​នោះ​គឺ​នាពេល​ថ្មីៗ​ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​​ ខណៈ​វត្តមាន​របស់​តារាស្រី​​រូប​នេះ​​​បាន​ចូលរួម​​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​មួយ​​​​របស់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​​​ ក៏​ធ្លាប់​បាន​ព្រលយ​ចេញ​ថា នាង​ពិតជា​មាន​​បទចម្រៀង​បំពេ​អារម្មណ៍​អ្នក​គាំទ្រ​តិច​​មែន​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។​ ដំណឹង​នេះ​ក៏​​រឹត​តែ​ធ្វើ​មហាជន​​អន្ទះសារ​ចង់​ដឹង​ពី​មូលហេតុ និង​​មាន​មន្ទិល​ថា កញ្ញា មាស សុខសោភា និង​ផលិតកម្ម​អ្វី​​រកាំរកូស​នឹង​គ្នា​​មែន​ឬ​?

    លោក ករុណា ពេជ្រ អ្នក​ចាត់ការ​ថ្មី​នៅ​ផលិតកម្ម​ថោន ថ្លែង​ប្រាប់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​​តារាចម្រៀង​ស្រី​​សម្លេង​​រៃកន្តឹង និង​និយម​​ច្រៀង​តែ​ប្រភេទ​បទ​អូរីជីណល់ ឬ​បទ​មិន​ចម្លង​គេ​នោះ​ថា៖ « តាម​ពិត​ទៅ​ កញ្ញា មាស សុខសោភា មិនមែន​ផលិតកម្ម​មាន​បទចម្រៀង​​តិច​សម្រាប់​គាត់​នោះ​ទេ ​ក្នុង​ការ​ចេញ​បទចម្រៀង​​នៅ​​រដូវកាល​ចូល​ឆ្នាំ​ថ្មី​នេះ។ បើ​និយាយ​ទៅ​គឺ​មាន​ជិត​ ១០ បទ​ដែរ តែ​ពេល​ចេញ​មុន​ចូល​ឆ្នាំ​គឺ​មាន​​តែ​បី​បួន​បទ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​ផលិតកម្ម​ក៏​បាន​ចេញ​បន្ត​បន្ទាប់​រួច​ហើយ​ដែរ»។

    តារាចម្រៀង​ដែល​ជា​អ្នក​ចាត់ការ​នៅ​ផលិតកម្ម​ថោន​រូប​នេះ​បន្ត​ថា៖ «ផលិតកម្ម​តែ​ផ្តល់​អាទិភាព​ជូន​ទៅ​​គាត់ [មាស សុខសោភា​] ជានិច្ច​ព្រោះ​គាត់​ជា​តារាចម្រៀង​របស់​ផលិតកម្ម​តាំង​ពី​ដំបូង​។ សម្រាប់​ឆ្នាំ​នេះ ផលិតកម្ម​ក៏​បាន​ផ្តល់​ជម្រើស​បទ​ចំនួន​ប្រហែល​ជា​ ១០ បទ​ដែរ​ដើម្បី​ឲ្យ​គាត់​ជ្រើស​។ តែ​គាត់​ក៏​ប្រាប់​ដែរ​ថា ចង់​ច្រៀង​តែ​បទ​ណា​​មាន​គុណភាព​​ប៉ុណ្ណោះ ខណៈ​យើង​ក៏​សម្រេច​ជូន​គាត់​ប៉ុន្មាន​ពីរ​បី​បទ​ដែល​បាន​​ចេញ​​​នោះ​​ឯង​។ ម្យ៉ាង​ទៀត បទចម្រៀង​​ប៉ុន្មាន​បទ​​ក្រោយ​ ដែល​ចេញ​ក្រោយ​ចូល​ឆ្នាំ​នោះ​គឺ​​មាន​មូលហេតុ​ ដោយសារ​មាន​អ្នក​ដឹកនាំ​សម្តែង​​ម្នាក់​គាត់​បាន​អះអាង​ថា​នឹង​ខំ​ធ្វើ​ឲ្យ​បទ​នោះ​មាន​ស្ពុនស័រ​ ហើយ​ក្រុមហ៊ុន​ក៏​ទុក​ពេល​ឲ្យ​គាត់​ដល់​ពាក់​កណ្តាល​ខែ​មីនា តែ​លុះ​ដល់​ចុង​ខែ​មីនា​ឯណោះ​ទើប​តប​ថា មិន​មាន​ស្ពុនស័រ​។ ដូច្នេះ​យើង​មិន​អាច​​ធ្វើ​ឲ្យ​បទ​ក្រោយ​របស់ មាស សុខសោភា​ ចេញ​ទាន់​នឹង​បទ​មុន​របស់​នាង​នោះ​ឡើយ»៕

  • នាយ គ្រឿន ធ្វើឱ្យ​កក្រើក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «ជួប​ស៊យ»​

    នាយ គ្រឿន ធ្វើឱ្យ​កក្រើក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «ជួប​ស៊យ»​

    នេះ​គឺជា​លើកដំបូង​ហើយ ដែល​កំពូល​តារា​កំប្លែង​មាន​ប្រជាប្រិយភាព​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ​បាន​បញ្ចេញស្នាដៃ​ក្នុងការ​តែង​និពន្ធ​សាច់រឿង និង​ចូលរួម​ដឹកនាំ​ការសម្ដែង​ខ្សែភាពយន្ត​ខ្នាត​ធំ រឿង «ជួប​ស៊យ» ក្រោម​ការផ្តល់​សិទ្ធិ និង​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD Picture ខណៈដែល​តារា​កំប្លែង​រូបនេះ​ក៏​ជា​តួអង្គ​សំខាន់​ម្នាក់​សម្ដែង​នៅក្នុង​រឿង​មួយ​នេះ​ផងដែរ ។

    ជាមួយនឹង​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែល​ពោរពេញ​ទៅដោយ​ឈុត​ឆាក​កំប្លុកកំប្លែង ដែល​ចំណាយ​លើ​ការផលិត​រហូតដល់​ជិត 5 ម៉ឺន​ដុល្លារ មួយ​នេះ នាយ​គ្រឿង បាន​អះអាងថា ខ្សែភាពយន្ត​ដែល​ស្នាដៃ​លើកដំបូង​របស់លោក​មួ​យ​នេះ​គឺ​ពិតជា​មាន​ភាព​ទាក់ទាញ​ខ្លាំង ខណៈដែល​ផ្ទៃ​សាច់រឿង​ទាំងមូល​សុទ្ធតែ​អាចធ្វើឱ្យ​អ្នកទស្សនា​ផ្ទុះសំណើច សើច​ស្ទើរ​ចុកពោះ​តាំងពីដើម​រហូតដល់​ចប់ ហើយ​ក៏មាន​បញ្ចូល​ឈុត​បែប​កម្សត់​ផងដែរ ។

    ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​ថ្ងៃ​សម្ពោធ​ចាក់​បញ្ចាំង​នៅ​រោងកុន LEGEN ផ្សារ​ស្ទឹងមានជ័យ​ថ្មី​កាលពី​ល្ងាច​ថ្ងៃទី10 ខែមេសា ម្សិលមិញ​នេះ នាយ​គ្រឿន​បាន​បញ្ជាក់ថា ៖ «តាម​ការពិតទៅ​វា​ក៏​ជាការ​ងារ​លំបាក​សម្រាប់​ខ្ញុំ​ដែរ ព្រោះ​ទី1វា​ជា​ស្នាដៃ​លើកដំបូង​របស់ខ្ញុំ ហើយ​ទី2 ពិបាក​ក្នុងការ​ប្រាប់​តួ​សម្ដែង ប៉ុន្តែ​ក៏បាន​ការជួយ​ណែនាំ​ពី​បង​ចាងហ្វាង លីដា ច្រើន ។ ខ្ញុំ​មិនអាច​និយាយបានថា ស្នាដៃ​របស់ខ្ញុំ​មួយ​នេះ​វា​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​គ្រាន់តែ​បញ្ជាក់ថា ខ្ញុំ​បាន​ប្រឹងប្រែង និង​ព្យាយាម​អស់​លទ្ធភាព​របស់ខ្ញុំ​ហើយ ហើយក៏​គិត​ខ្លួនឯង​ថា វា​នឹង​ល្អប្រសើរ​បាន​ច្រើនជាង » ។

    ជាមួយនឹង​ការបញ្ជាក់​ពី​ភាពលំបាក​ក្នុង​ការសរសេរ​សាច់រឿង និង​ដឹកនាំ​សម្ដែង ខណៈដែល​ខ្លួនឯង​ផ្ទាល់​ក៏​ជា​តួអង្គ​សំខាន់ ដែលមាន​ឈ្មោះថា នាយ ស៊យ នោះ នាយ គ្រឿន ក៏បាន​បង្ហើប​ប្រាប់​ពី​សាច់រឿងត្រួសៗផងដែរ​ថា ចំពោះ​ខ្សែភាពយន្ត​ខ្នាត​ធំ បែប​កំប្លែង និង​កម្សត់​មួយ​នេះ គឺ​គ្រប់​មនុស្ស​ទាំងអស់ ដែល​បាន​ជួប​ជាមួយ​នាយ ស៊យ ដែល​សម្ដែង​ដោយ​រូបខ្ញុំ​នេះ គឺ​ត្រូវតែ​ស៊យ​ជួប​រឿង​មិនល្អ ឬ​មាន​គ្រោះថ្នាក់​ជាដើម ដែល​ភាព​ចង្រៃ ភាព​ស៊យ​នេះ​មាន​តាំងពី​ជំនាន់​ឪពុក​រហូត​បន្ត​ដល់​កូន​ជំនាន់​ក្រោយ ។ ដោយឡែក​មាន​តួអង្គ​ម្នាក់ទៀត គឺ​ឈ្មោះ នាយ ហេង ខណៈដែល​គ្រប់​មនុស្ស​ទាំងអស់​ដែល​បាន​ជួប​ជាមួយ​នាយ ហេង គឺមាន​សំណាង​តែម្ដង ។ ក៏ប៉ុន្តែ បើទោះជា​សាច់រឿង​នេះ​ភាគច្រើន​មាន​ឈុត​ឆាក​កំប្លុកកំប្លែង ផ្ទុះសំណើច​ក៏ដោយ តែ​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង គឺមាន​ឈុត​បែប​កម្សត់​ខណៈដែល​តួឯក​ត្រូវបាន​ស្លាប់​ដោយ​ជំងឺមហារីក​ខួរក្បាល ដែល​សម្ដែង​ដោយ លោក ជា សុវណ្ណ​ន​រា​ហ៍ ។

    សូមបញ្ជាក់​ផងដែរ​ថា ជាមួយ​ផ្ទាំងទស្សនីយភាព​ដ៏​កក្រើក ដែល​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី13 ខែមេសា ខាងមុខនេះ មាន​វត្តមាន​របស់​តារា​សម្ដែង និង​តារា​កំប្លែងល្បីៗជាច្រើន ដូចជា លោក ទេព រិន្ទ​ដា​រ៉ូ, អ្នកស្រី ប៉ែន សុផាន់​នី , នាយ គ្រឿន , នាយ ពាក់​មី , អ្នកនាង ខ្ញុង , លោក ជា​សុវណ្ណ​ន​រា​ហ៍ , លោក ងួន សុបិន , កញ្ញា គៀត សុ​វណ្ណា​ឡាង , កញ្ញា សាឡាត ស្រី​នាង , នាយ ក្រឹប , ឌី​ជេ BIG , ឌី​ជេ KAKA រួម​នឹង​តារា​កិត្តិយស​ជាច្រើន​នាក់​ទៀត៕

  • អ៊ិន ចាន់​រតនា កំពុង​សម្លឹងមើល​ផលិតកម្ម​ថ្មី​បង្កើន​ប្រជាប្រិយភាព​

    អ៊ិន ចាន់​រតនា កំពុង​សម្លឹងមើល​ផលិតកម្ម​ថ្មី​បង្កើន​ប្រជាប្រិយភាព​

    មានឈ្មោះ​ថា​ជា​តារាចម្រៀង និង​ធ្លាប់បាន​ចរាចរណ៍​បទ​ចម្រៀង​ជាច្រើន​បទ​នៅលើ​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​ប្រជាប្រិយភាព​របស់លោក អ៊ិន ចាន់​រតនា ត្រូវបាន​គេ​សង្កេតឃើញថា ហាក់​នៅមានកម្រិត​នៅឡើយ ហើយក៏​កម្រ​បានចេញ​មុខជា​សាធារណៈ​ដូច​តារា​ដទៃទៀត​នោះដែរ បើទោះបីជា​នៅពេល​បច្ចុប្បន្ននេះ មានកម្ម​វិធី​ប្រគំ​តន្ត្រី​បង្ហាញ​ពី​ផលិតផល​នានា​ជាច្រើន​កំពុងតែ​សម្រុក​បង្កើត​ព្រឹត្តិការណ៍​យ៉ាង​គគ្រឹកគគ្រេង ។

    អស់​រយៈពេល​ប្រមាណ​ជា3ឆ្នាំ​កន្លងមកហើយ ដែល​លោក អ៊ិន ចាន់​រតនា បានសម្រេច​ចិត្ត​ឈោង​ចាប់​អាជីព​ជា​តារាចម្រៀង​តាមរយៈ​ការចូលរួម​ប្រឡង​នៅក្នុង​កម្មវិធី «ផ្កាយ​រះ​ក្នុង​សួន» ដែល​រៀបចំឡើង​ដោយ​ស្ថានីយទូរទស្សន៍​អប្សរា ប៉ុស្តិ៍​លេខ11 ជាមួយនឹង​លទ្ធផល​ជាប់​ជម្រុះ​នៅក្នុង​វគ្គ​ចុងក្រោយ​នៃ​បេក្ខជន​សំឡេង​ពិ​រោះ​រណ្តំ។ បន្ទាប់ពីនោះ លោក ចាន់​រតនា ក៏បាន​ចូល​បង្ហាញខ្លួន​នៅក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយ រួម​ជា​នឹង​ការផលិត​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារ​ជា​បន្តបន្ទាប់ ដែល​ក្នុង​នៅក្នុង​បទ​ចម្រៀង​ដែល​ទទួលបាន​ប្រជាប្រិយភាព​គួរសម​ពី​សំណាក់​អ្នក​ស្តាប់ រួមមាន​បទ «ហេតុតែ​ស្រឡាញ់» និង​បទ «ចង់​បែក កុំ​ឆ្លើយ​អត់​អារម្មណ៍» ខណៈដែល​បទ​ទាំង2នេះហើយ ដែល​ជួយ​ជម្រុញ​កេរ្តិ៍​របស់លោក​ឱ្យគេ​ស្គាល់​ជា​សាធារណៈ។

    ជាថ្មី​ម្ដងទៀត កាលពីពេល​កន្លងទៅថ្មីៗនេះ​តារាចម្រៀង​ដែល​ទើបតែ​ចុះឈ្មោះ​ជា​សមាជិកគ្រួសារ​តារា​កម្ពុជា លោក អ៊ិន ចាន់​រតនា បាន​ពង្រីក​វិសាលភាព​នៃ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​គួរ​ជាទី​មោទន ជាមួយនឹង​ការផលិត​បទ​ចម្រៀង​តប​ទៅតាម​សំណូមពរ​របស់​ពលរ​ករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ដើម្បី​ចែករំលែក​នៅលើ​បណ្តាញ​គេហទំព័រ Youtube រួមមាន​បទ «សង្សារ​ទៅ​កូរ៉េ​ចោល» និង​បទ «ព្រះ​គុណ​ម៉ែ» ក្រោម​ការទទួលបាន​ចំនួន like ជាច្រើន​ពាន់​នាក់ ។ លោក អ៊ិន ចាន់​រតនា បាន​បង្ហើប​ប្រាប់​យ៉ាង​ដូច្នេះ​ថា ៖ «សម្រាប់​បទ​ចម្រៀង​ទាំង 2 ខាងលើនេះ ពិតជា​ទទួល​បានការ​គាំទ្រ​ច្រើន​មែន ប៉ុន្តែ​មិនបាន​ថត​ជា MV នោះឡើយ ព្រោះ​គ្រាន់តែ​ថត​ជា​បទ​ចម្រៀង ហើយ​បង្ហោះ​នៅលើ Youtube តែប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារតែ​បទ​ទាំង2នេះ វា​មាន​អត្ថន័យ​ជ្រាលជ្រៅ និង​បង្កប់​ទៅដោយ​មនោសញ្ចេតនា​ផង​នោះ ទោះជា​មិនមាន​រូបភាព​កាយវិកា ក៏​អាច​ទាក់ទាញ​ចំនួន like បានដែរ » ។

    ភ្ជាប់​ជាមួយនឹង​ការបង្ហាញ​ពី​មោទនភាព​ដែល​ទទួលបាន​ការគាំទ្រ​ទៅលើ​បទ​ចម្រៀង​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ Youtube ខាងលើនេះ មាន​សំណួរ​មួយ​ចោទ​សួរថា បើ​បទ​ចម្រៀង​របស់លោក​ទ​ទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នក​ស្តាប់ ចុះ​ហេតុអ្វី​បានជា​វត្តមាន​របស់លោក​ហាក់​ត្រូវបាន​ស្ងប់ស្ងាត់​ពី​វិស័យ​មួយ​នេះ ? ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ លោក អ៊ិន ចាន់​រតនា បាន​និយាយថា ដោយសារតែ​លោក​បាន​ចាក​ចេញពី​ផលិតកម្ម​ចាស់ ដ្បិត​ការ​ជ្រកកោន​មួយរយៈ​កន្លងទៅនេះ​ហាក់​មិនមាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក ។ លោក​បញ្ជាក់ថា « ពេលនេះ​ខ្ញុំ​បាន​ចាក​ចេញពី​ក​ម្លែ​ង​ចាស​ហើយ ហើយក៏​កំពុង​សម្លឹងមើល​ផលិតកម្ម​ថ្មី​ណាមួយ​ដែល​អាច​បន្ត​ក្ដីសង្ឃឹម​របស់ខ្ញុំ​បាន។ ពេលនេះ​ខ្ញុំ​មាន​បទ​ចម្រៀង Original Song ដែល​និពន្ធ​ឡើង​ដោយ​ខ្លួនឯង ហើយ​ក៏មាន​អត្ថន័យ​ល្អ​គួរសម ។ ខ្ញុំ​នឹង​បង្ហាញ​ស្នាដៃ​ថ្មី​នេះ​នៅក្នុង​ផលិតកម្ម​ថ្មី​ណាមួយ​ដែល​ខ្ញុំ​អាច​សហការ​បាន​ក្នុងពេល​ដ៏​ខ្លី​ខាងមុខឆាប់ៗនេះ »៕

  • គ្រួសារ​តារា​កម្ពុជា ធ្វើឱ្យ​កក្រើក​ក្រុង​តាខ្មៅ​កាលពី​ល្ងាចម្សិលមិញ​

    គ្រួសារ​តារា​កម្ពុជា ធ្វើឱ្យ​កក្រើក​ក្រុង​តាខ្មៅ​កាលពី​ល្ងាចម្សិលមិញ​

    បន្ទាប់ពី​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ជោគជ័យ នៃ​កម្មវិធី « រាំ-ច្រៀង និង​ដើរ​លើ​កម្រាលព្រំ» នៅ​សាកល​វិទ្យា ន័​រ​តុ​ន កាលពី​ឆ្នាំមុន ដើម្បី​ស្វែងរក​មូល​នី​ធី​មនុស្សធម៌​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ឧបត្ថម្ភ​កុមារកំព្រា រួមជាមួយ​នឹង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ផងដែរ​នោះ នៅ​ល្ងាច​ថ្ងៃទី09 ខែមេសា ឆ្នាំ2017 ម្សិលមិញ​នេះ គ្រួសារ​តារា​កម្ពុជា បានរៀបចំ​មហា​ព្រឹត្តិការណ៍​លើក​ទី 2 របស់ខ្លួន នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុង​តាខ្មៅ ក្រោម​ការចូលរួម​ពី​សំណាក់​តារា​ដែលជា​សមាជិកគ្រួសារ​តារា​កម្ពុជា​ប្រមាណ​ជាង40នាក់ ព្រមទាំង​សិស្ស -និស្សិត យ៉ាងច្រើន​ណែនណាន់តាន់តាប់ សរុប​រហូត​ប្រមាណ​ជាង1000នាក់ ។

    ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា លោក ផាត់ តារា​រដ្ឋ បានឱ្យ​ថា ចំពោះ​កម្មវិធី​មួយ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ចម្បង​បំផុត​គឺអាច​ស្វែងរក​ថវិកា​ដើម្បី​ជួយឧបត្ថម្ភ និង​ចូលរួម​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏ដូចជា​ជួយ​ដល់​សកម្មភាព​សង្គម និង​មនុស្សធម៌​ផងដែរ ។ លោក​ថា ចំពោះ​ថវិកា​ដែល​ចំណាយ​ទៅលើ​ការ​រ៉ាប់រង​ចំពោះ​អ្នកសិល្បៈ ក៏ដូចជា​ថ្លៃ​ធ្វើដំណើរ ថ្លៃ​ឆាក​ប្រគំ​តន្ត្រី​ជាដើម គឺជា​ការចំណាយ​ផ្ទាល់​របស់​សមាជិកគ្រួសា​រ​តារា​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ដំបូល​តែមួយ​ជា​អ្នក​ឧបត្ថម្ភ ដោយឡែក​ចំពោះ​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ភេសជ្ជៈ នំចំណី ក៏ដូចជា​ចំណូល​ពី​ការផ្ញើ​យានយន្ត​នានា ត្រូវបាន​រៀបចំ​ទុក​សម្រាប់​មូល​នី​ធិ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា។ លោក​បញ្ជាក់ថា ជាមួយនឹង​សកម្មភាព​មនុស្សធម៌​ខាងលើនេះ គ្រួសារ​តារា​កម្ពុជា នឹងមាន​គម្រោង​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​ផង ក៏ដូចជា​ចូលរួម​ជួយ​សម្រាល​បន្ទុក​សង្គម​ជាតិ​ផងដែរ ។

    ថ្លែង​នៅក្នុង​ឱកាស​ដ៏​សែន​រីករាយ​នា​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ កញ្ញា ទេ​ព្យ បូ​ព្រឹក្ស កំពូល​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ប្រចាំ​នៅក្នុង​ផលិតកម្ម ហង្ស​មាស ដែល​ស្ថិតនៅក្នុង​មហា​ព្រឹត្តិការណ៍​មួយ​នេះ បានបង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​ពិតជា​រំភើប​មែនទែន នៅពេលដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ជាពិសេស​នៅពេលដែល​បានឃើញ​បងប្អូន​មក​គាំទ្រ​យ៉ាងច្រើន​បែបនេះ ។ ទោះជា​ខ្ញុំ​មិនបាន​ទទួល​កម្រៃ ក៏​រីករាយ និង​សប្បាយ​ជាមួយ​បងប្អូន ហើយ​បើ​មានកម្ម​វិធី ឬ​ព្រឹត្តិការណ៍​ដូចនេះ​នៅពេលក្រោយៗទៀត ខ្ញុំ​នឹង​ព្យាយាម​ចូលរួម​ជា​បន្ត » ។

    ស្រដៀង​គ្នា​ទៅនឹង​កំពូល​តារាចម្រៀង​ស្រី​ខាងលើនេះ ពិធីករ​វ័យក្មេង ដែលមាន​ប្រជាប្រិយភាព​គួរសម នាយ ព្រែក ក៏បាន​បង្ហាញ​ពី​ទស្សនៈ​ផងដែរ​ថា ៖ «ពិតជា​មិនធម្មតា​មែន នេះ​សម្រាប់​ថ្ងៃនេះ គឺជា​លើក​ទី2របស់ខ្ញុំ​ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​របស់​គ្រួសារ​តារា​កម្ពុជា ខណៈដែល​ការចូលរួម​លើក​ទី1 គឺ​នៅក្នុង​ព្រឹត្តិការណ៍ វិហារ​សួគ៌​ស​ង្ក្រា​ន ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី08 ខែមេសា ឆ្នាំ2017 ។ វា​ពិតជា​អស្ចារ្យ​បំផុត នៅពេលដែល​បងប្អូន ជាពិសេស សិស្ស- និស្សិត ភាគច្រើន​សុទ្ធតែ​បានបង្ហាញ​ពី​ភាព​រីករាយ សប្បាយ ជាមួយនឹង​កម្មវិធី រាំ – ច្រៀង ដើម្បី​ស្វែងរក​មូល​នី​ធី​សប្បុរសធម៌​នាពេលនេះ ហើយ​បើសិនជា​អាច ខ្ញុំ​ចង់ឃើញ​ព្រឹត្តិការ​បែបនេះ​ទៀត ដើម្បី​ខ្ញុំ​បាន​ចូលរួមចំណែក​ផង» ៕

  • លោក ឡេង ណា​វ៉ា​ត់​ត្រា យកប្រាក់​ចំណេញ​ពី​ការ​បញ្ចាំង​រឿង​បរិច្ចាគ​ជួយ​ជនក្រីក្រ​

    លោក ឡេង ណា​វ៉ា​ត់​ត្រា យកប្រាក់​ចំណេញ​ពី​ការ​បញ្ចាំង​រឿង​បរិច្ចាគ​ជួយ​ជនក្រីក្រ​

    ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ ខណៈដែល​លោក ឡេង ណា​វ៉ា​ត់​ត្រា ដែលជា​ផលិតករ និង​ជា​អ្នកធ្វើ​ជំនួញ​ជាមួយ​វិស័យ​ភាពយន្ត យក​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ដែល​ចំណេញ​បាន​ពី​ការផលិត និង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត ទៅ​បរិច្ចាគ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ជាង100គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ស្នា ឃុំ​ព្រះ​និព្វាន ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ ។ យ៉ាងណាក៏ដោយ ជាមួយនឹង​ទឹកចិត្ត​សប្បុរស​ចូលរួម​ចែករំលែក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ខាងលើនេះ លោក ឡេង ណា​វ៉ា​ត់​ត្រា ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការជួយឧបត្ថម្ភ​នេះ​មិនមែនជា​ការសម្ដែង​ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​នោះទេ ប៉ុន្តែ​វា​ជា​ទង្វើ​ដែល​ផុស​ចេញពី​បេះដូងពិតៗ ខណៈដែល​លោក​ក៏​ធ្លាប់​ឆ្លងកាត់​ជីវភាព​ខ្សត់ខ្សោយ​ផងដែរ​នោះ ។

    ថ្លែង​នៅក្នុង​ឱកាស​នៃ​ការផ្តល់​អំណោយ​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​សរុប​ចំនួន101គ្រួសារ​ខាងលើ ដែល​រួមមាន អង្ករ ទឹកស៊ីអ៊ីវ ប្រេងឆា ប៊ីចេង និង​ថវិកា​មួយចំនួន​ផងដែរ​នោះ ចាងហ្វាង​ផលិតកម្ម Galaxy លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​លើកឡើងថា ថវិកា​ដែល​លោក​នាំយកមក​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើនេះ​មាន​ចំនួន​ប្រមាណ​ជា 20លាន​រៀល ដែល​បានមកពី​ការ​ចំណេញ​ពី​ការផលិត និង​ចាក់​បញ្ចាំង​រឿង​ដំបូង​របស់លោក​ដែលមាន​ចំណងជើង​ថា «កំពូល​ល្ងង់​នៅ​អាស៊ី» ។ លោក​បាន​សង្កត់ធ្ងន់ថា ថ្វីត្បិតតែ​ថវិកា ក៏ដូចជា​គ្រឿងឧបភោគ បរិភោគ​ទាំងនេះ​មាន​ចំនួន​តិចតួច​ក៏ពិតមែន ប៉ុន្តែ​វា​អាចជួយ​ដោះស្រាយ​ទុក្ខលំបាក​បាន​មួយគ្រា ហើយ​លោក​ក៏​នៅតែ​បន្ត​ស្វែងរក​ជំនួយផ្សេងៗទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ទៅតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។

    អតីត​ពលករ​បម្រើកា​រងារ​នៅ​ប្រទេស​កូរ៉េ រូបនេះ​បាន​បញ្ជាក់ថា ៖ «ខ្ញុំ​យល់​ពី​ភាពលំបាក និង​ស្គាល់​ពី​រសជាតិ​ក្រីក្រ​យ៉ាងច្បាស់ ព្រោះ​មុន​នឹងមាន​ទ្រព្យធន​ដូច​ពេល​បច្ចុប្បន្ននេះ ខ្ញុំ​ក៏​ធ្លាប់​ក្រ បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ដូចជា​បងប្អូន​ដែលជា​ប្រជាពលរដ្ឋ​ទាំង101គ្រួសារ​នេះដែរ ប៉ុន្តែ​ក្រោម​ការព្យាយាម​ជំនះ​ភាពលំបាក​ទាំងឡាយ ទើប​ខ្ញុំ​អាច​គេចចេញ​ផុតពី​ជីវភាព​ខ្សត់ខ្សោយ​ទាំងនោះ » ។ លោក​បាន​បន្តថា ៖ «សម្រាប់​ការជួយឧបត្ថម្ភ​ក្នុងនាម​ជា​សប្បុរសជន​ទាំងនេះ​នៅតែ​បន្ត ជាពិសេស បន្ទាប់ពី​ការចាក់​បញ្ចាំ​ងុ​រឿង «កំពូល​ល្ងង់​នៅ​អាស៊ី» របស់ខ្ញុំ​ត្រូវបាន​បញ្ចប់ នោះ​ប្រាក់​ដែល​ចំណេញ​បាន​ទាំង​ប៉ុន្មាន ខ្ញុំ​នឹង​យកមកប្រើ​ជា​មូល​នី​ធី​សប្បុរស សម្រាប់​ចែកជូន​បងប្អូន​ក្រីក្រ​ដែល​ស្ថិតនៅ​តំបន់ផ្សេងៗទៀត » ៕