Category: កម្សាន្ត

  • Bow Maylada តារាស្រីថៃជំនាន់ថ្មី ដែលទទួលបានការងារ BA ច្រើនបំផុត

    Bow Maylada តារាស្រីថៃជំនាន់ថ្មី ដែលទទួលបានការងារ BA ច្រើនបំផុត

    តារាស្រីជំនាន់ថ្មី រូបស្រស់សម្រស់បាន មានកាយវិកាញ៉ិកញ៉ក់គួរឱ្យស្រឡាញ់ កញ្ញា Bow Maylada កំពុងទទួលបានការគាំទ្រខ្លាំង និងបានក្លាយជាតារាស្រី ដែលទទួលបានការងារជា BA ប្រចាំផលិតផលធំៗច្រើនជាងគេនៅក្នុងប្រទេសថៃ ដោយនាងអាចទទួលបានកុងត្រាជាទូតសុច្ឆន្ទៈ BA ប្រចាំផលិតផលល្បីៗ និងធំៗរហូតដល់ទៅ15ផលិតផលនៅក្នុងដៃរបស់នាង។ ក្នុងនោះប្រ៊េនដ៍ល្បីលំដាប់ពិភពលោកដែល កញ្ញា Bow Maylada បាន​សហការ​ជាមួយ​​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈមានដូចជា ប្រ៊េនដ៍ស្បែកជើងដ៏ល្បីឈ្មោះម៉ាក Havaianas នៅក្នុងឆ្នាំ2023 សម្រាប់យុទ្ធនាការ “Make Your Own Havaianas Thailand 2023” ហើយនាងក៏បានចូលរួមនៅក្នុងកម្មវិធី “Gucci Together” របស់ Gucci ក្នុងខែកុម្ភៈ ឆ្នាំ2025 រួមជាមួយតារាថៃល្បីៗជាច្រើនទៀត ព្រមទាំងប្រ៊េនដ៍ Coach ជាដើម។

    គួរបញ្ជាក់ផងដែរថា តារាស្រីជំនាន់ថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ កញ្ញា Bow Maylada Susri កើតនៅថ្ងៃទី4 ខែមិថុនា ឆ្នាំ1996 នៅទីក្រុងបាងកក ប្រទេសថៃ។ សព្វថ្ងៃនាងគឺជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូដដ៏លេចធ្លោរបស់ប្រទេសថៃ។ នាងបានចាប់ផ្តើមអាជីពសិល្បៈរបស់ខ្លួនក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី “Kiss Me Five” ពីឆ្នាំ2010 ដល់ឆ្នាំ2013។ ហើយនៅក្នុងឆ្នាំ2013 នាងបានឈ្នះការប្រកួត Thai Supermodel Contest ដែលបានជំរុញឱ្យរូបនាងបានចូលសម្តែងជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ7 ថៃ។ នៅខែមិថុនា ឆ្នាំ2020 នាងបានប្តូរទៅប៉ុស្តិ៍លេខ3 ដែលជាកន្លែងដែលនាងបានបន្តអាជីពសម្តែងរបស់នាងយ៉ាងជោគជ័យ។

    បុគ្គលិកលក្ខណៈដ៏ទាក់ទាញ គួរឱ្យស្រឡាញ់ និងប្រជាប្រិយភាពរបស់នាង បានធ្វើឱ្យ Bow បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ ក៏ដូចជាប្រ៊េនដ៍ធំៗលំដាប់ពិភពលោក ដែលកំពុងស្វែងរកតំណាងប្រ៊េនដ៍របស់ពួកគេ។ ចំណែកនៅក្នុង​អាជីព​ជា​តារា​សម្ដែង Bow បាន​ទទួល​តួនាទី​ចម្រុះនៅ​ក្នុង​រឿង​ភាគ​ថៃ ទាំងតួឯក តួរង តួកាច់ តួស្លូត និងតួបែបក្រមិចក្រមើមគួរឱ្យស្រឡាញ់។ ហើយនៅក្នុងឆ្នាំ2025នេះ នាងបានសម្តែងជាមួយ Pon Nawasch នៅក្នុងរឿង “I’m a Goose, Not a Swan” ដែលបានចាក់បញ្ចាំងនៅក្នុងខែមករានេះ។ ដោយសារតែភាពប៉ិនប្រសប់ និងទេពកោសល្យរបស់នាង បានធ្វើឱ្យ Bow កាន់តែឈរយ៉ាងរឹងមាំនៅក្នុងឋានៈជាតារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចំពោះរឿងស្នេហាវិញ សព្វថ្ងៃនេះ កញ្ញា Bow Maylada កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយកំលោះរូបសង្ហាកូនកាត់ចិន លោក Alek Teeradetch ដែលជាតួប្រុសដ៏ល្បីល្បាញនៅក្នុងវិស័យខ្សែភាពយន្តថៃផងដែរ៕

  • ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន កូរ៉េ និងជប៉ុន

    ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន កូរ៉េ និងជប៉ុន

    នេះគឺជាស្តង់ដារប្រុសស្អាត ដែលប្រទេសដែលពោរពេញដោយប្រុសស្អាតបំផុតនៅលើពិភពលោកបានកំណត់យក ដើម្បីឱ្យពិន្ទុថា អ្នកដែលមានទម្រង់មុខបែបណា ពណ៌សម្បុរស្បែកបែបណា និងមានរូបរាងដូចម្តេចទើបអាចចាត់ទុកថាជាប្រុសស្អាតប្រចាំប្រទេសរបស់ពួកគេ និងទទួលបានការពេញនិយម ការស្រឡាញ់ពេញចិត្ត និងការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនរបស់ប្រទេសនីមួយៗរៀងៗខ្លួន ដូច្នេះសូមទៅដឹងពីស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងបន្តិចមើល៎ ថាតើការកំណត់ស្តង់ដារសម្រស់ប្រុសស្អាតរបស់ប្រទេសទាំង៣នេះមានលក្ខណៈពិសេស និងខុសគ្នាបែបណាខ្លះ!
    ១. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសចិន
    បើយោងតាមអ្នកនិយមលេងអ៊ីនធឺណែតនៅលើប្រព័ន្ធសង្គមរបស់ប្រទេសចិន សម្រាប់ការកំណត់ស្តង់ដារប្រុសស្អាតរបស់ពួកគេ គឺពួកគេកំណត់យកគំរូតាមតារាសម្តែង និងតារាចម្រៀងចិនដែលទទួលបានការគាំទ្រ និងការស្រឡាញ់ចូលចិត្តច្រើនជាងគេនៅក្នុងប្រទេស ដូចជា តារាសម្តែង សុង វៃឡុង (Song Wei Long) ដែលមានទម្រង់មុខវែងស្រួច មានខ្ទង់ច្រមុះស្រួច និងមានភ្នែកជ្រៅ ចំណែកបុរសដែលមានកម្ពស់ខ្ពស់ប្រហាក់ប្រហែលនឹងតារាសម្តែង ដេឡេន វ៉ាង (Dylan Wang) ក៏ជាបុរសដែលមានមន្តស្នេហ៍បំផុតផងដែរ។ ចំណុចលេចធ្លោមួយទៀតនោះគឺបុរសដែលចេះរៀបចំខ្លួនស្អាតបាត មិនស៊ាំញ៉ាំច្រើន និងតុបតែងខ្លួនប្រៀបដូចជាព្រះអង្គម្ចាស់ ដូចតារាចម្រៀង និងតារាសម្តែង ឈិន ហ្វៃយូ (Chen Fei Yu) ជាដើមក៏ជាប់ជាស្តង់ដារប្រុសស្អាតរបស់ប្រទេសចិនដែរ។
    Song Wei Long
    Dylan Wang
    Chen Fei Yu
    ២. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសជប៉ុន
    ចំពោះស្តង់ដារប្រុសស្អាតរបស់ប្រទេសជប៉ុនវិញ គឺជាបុរសដែលមានទម្រង់មុខខ្លីដូចតារាសម្តែង Ryo Yoshizawa គឺត្រូវបានគេចាត់ទុកថា ជាបុរសស្រស់សង្ហាត្រូវតាមស្តង់ដារសម្រស់របស់ប្រជាជនជប៉ុន ចំណែកឯបុរសដែលមានទម្រង់មុខបែបអង់អាចក្លាហាន បបូរមាត់ក្រាស់ ភ្នែកធំៗ និងមានត្របក់ភ្នែកពីរជាន់ ដូចតារាចម្រៀង Sho Hirano ក៏ជាក្តីស្រមៃរបស់បុរសជប៉ុន និងជាទីប៉ងប្រាថ្នារបស់នារីៗជប៉ុនមិនតិចដែរ ឬបុរសដែលមានទម្រង់មុខបែប Hot Hot កែវភ្នែកស្រទន់ ស្លូតៗ ដូច Sota Fukushi ក៏មានអ្នកស្រឡាញ់ពេញចិត្តច្រើនដែរនៅក្នុងប្រទេសជប៉ុន។
    Ryo Yoshizawa
    Sho Hirano
    Sota Fukushi
    ៣. ការកំណត់ស្តង់ដារប្រុសស្អាតរបស់ប្រទេសកូរ៉េ
    ចំណែកការដាក់ពិន្ទុប្រុសស្អាតរបស់ប្រទេសកូរ៉េវិញ គេឱ្យពិន្ទុទៅលើអ្នកដែលមានទម្រង់មុខដូចតារាសម្តែង ឆា អ៊ុនវ៉ូ (Cha Eun Woo) របស់ក្រុមអាស្ត្រូ គឺសុទ្ធតែជាទម្រង់មុខបុរសស្អាតដែលគេចូលចិត្តគយគន់បំផុត ឬបុរសដែលមានភ្នែកធំៗបន្តិច និងមិនមានត្របកភ្នែកពីរជាន់ ដូច ផាក ប៉ុកគង់ (Park Bo Gum) ក៏ជាប់ជាស្តង់ដារប្រុសស្អាត គួរឱ្យស្រឡាញ់ពេញបេះដូងដែរ និងបុរសដែលមានទម្រង់មុខដូចតារាសម្តែង ស កាងជន (Seo Kang Joon) ដែលមានស្បែកសស្អាត មានទម្រង់មុខបែបបុរសរឹងមាំ តែបេះដូងទន់ភ្លន់ និងបង្កប់ដោយស្នាមញញឹមបែបស្រទន់មានមន្តស្នេហ៍ ក៏ត្រូវបានបុរសៗនៅក្នុងប្រទេសកូរ៉េប្រាថ្នាចង់បានទម្រង់មុខដូចជាពួកគេជាខ្លាំង និងជាទីទាក់ទាញ់របស់នារីកូរ៉េបំផុតផងដែរ៕
    Cha Eun Woo
    Park Bo Gum
    Seo Kang Joon
  • សូមចូលរួមអបអរសាទរ តារាស្រី ជំពូ អារ៉ាយ៉ា ជោគជ័យទាំងអាជីព ជោគជ័យទាំងជីវិតគ្រួសារ

    សូមចូលរួមអបអរសាទរ តារាស្រី ជំពូ អារ៉ាយ៉ា ជោគជ័យទាំងអាជីព ជោគជ័យទាំងជីវិតគ្រួសារ

    គួររំឭកផងដែរថា តារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ អ្នកនាង ជំពូ អារ៉ាយ៉ា (Chompoo Araya) បានរៀបការជាមួយលោក Nott Visrut ដែលជាអ្នកជំនួញលំដាប់មហាសេដ្ឋីនៅក្នុងប្រទេសថៃ ដោយរូបលោកបានមុខជំនួញរាប់មិនអស់នៅក្នុងដៃ។​

    អាចនិយាយបានថា អ្នកនាង Chompoo Ariya នៅពេលនេះជាសេដ្ឋីនីមួយរូបហើយ បើទោះបីជានាងមិនធ្វើអ្វីសោះ ក៏មានលុយចាយពេញៗដៃ សោយសុខលើគំនរមាសប្រាក់ចាយមិនអស់ដែរ តែផ្ទុយទៅវិញអ្នកនាងជានារីដ៏ឆ្លាតវៃ ដែលតែងតែជួយរំលែកទុក្ខលំបាក និងភាពហត់នឿយរបស់ស្វាមីជានិច្ច ហើយនាងក៏បានដើរតួនាទីជាអ្នកម្តាយបានយ៉ាងល្អថែមទៀតផង ដែលធ្វើឱ្យកូនៗទាំង៣របស់នាង ព្រមទាំងស្វាមីមានការស្រឡាញ់ពេញចិត្ត មានមោទនភាព និងកោតសរសើរលើរូបនាងជាខ្លាំង រហូតដល់ពេលថ្មីនេះ ស្វាមីរបស់នាង លោក Nott Visrut បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយរូបលោកបានសម្រេចចិត្តធ្វើបណ្តាំមរតផ្ទេរទ្រព្យសម្បត្តិរបស់លោកដែលមានទាំងប៉ុន្មានមកឱ្យឧត្តមភរិយារបស់លោកទាំងអស់ ដោយភ្ជាប់ជាមួយពាក្យសរសើរពីភរិយាមិនដាច់ពីមាត់ថា ភរិយារបស់លោកបានលះបង់ច្រើនណាស់ចំពោះគ្រួសារមួយនេះ នាងបានលះបង់អាជីពសិល្បៈដែលជាអាជីពដែលនាងស្រឡាញ់បំផុតនៅក្នុងជីវិតរបស់នាង ដើម្បីបំពេញតួនាទីជាភរិយាដ៏ល្អ និងជាអ្នកម្តាយដ៏សែនល្អរបស់កូនៗទាំង៣។

    គួរបញ្ជាក់ផងដែរថា នៅមុនពេលរៀបការ ជំពូ អារ៉ាយ៉ា នាងមានទ្រព្យសម្បត្តិមិនតិចនោះទេ ដោយនាងគឺជាតារាសម្តែងជួរមុខរបស់ប្រទេសថៃដ៏ល្បីល្បាញ ហើយតម្លៃខ្លួនរបស់នាងក្នុងការសម្តែង ឬថតផ្សព្វផ្សាយផលិតផលនីមួយៗក៏មិនថោកដែរ ដែលធ្វើឱ្យនាងមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងមានកិត្តិយសជាខ្លាំងនៅក្នុងអាជីពសិល្បៈរបស់នាង។ ដូច្នេះកាតលើកតម្កើង ការផ្តល់កិត្តិយស និងការផ្តល់នូវទំនុកចិត្តរបស់ស្វាមីរបស់នាងមកលើរូបនាងគឺពិតជាត្រឹមត្រូវ និងស័ក្តិសមបំផុត ព្រោះអ្នកនាង ជំពូ អារ៉ាយ៉ា ជានារីដ៏ល្អ គួរឱ្យលើកតម្កើង និងស្ញើចសរសើរខ្លាំងណាស់ ទាំងនៅក្នុងវិស័យការងាររបស់នាង ទាំងនៅក្នុងតួនាទីជាភរិយា និងតួនាទីជាអ្នកម្តាយដ៏ល្អ ដែលពេញដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពឆ្លាតវៃរបស់នាង៕

  • តេវ តារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ៣ថៃចូលរោងការហើយ

    តេវ តារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ៣ថៃចូលរោងការហើយ

    តារាស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣របស់ប្រទេសថៃ Taew Natapohn ថ្មីៗនេះ នាងបានចូលរោងការជាមួយលោក Pranai Phonprapha ដែលជាមហាសេដ្ឋីស្ថិតនៅក្នុងត្រកូលចៅសួរ កាន់កាប់មុខជំនួញអចលនទ្រព្យជាច្រើននៅក្នុងដៃ។ ពួក​គេ​បាន​ប្រារព្ធ​ពិធីរៀប​មង្គលការ​តាមបែប​ប្រពៃណី​ថៃ​កាលពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២៥ នៅ​សណ្ឋាគារ Four Seasons Hotel Bangkok។

    គួរបញ្ជាក់ផងដែរថា លោក Pranai Phonprapha គឺជាអ្នកជំនួញ និងជាអ្នកស្នងមរតករបស់ក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសថៃ គឺ Siam Motors Group។ លោក Pranai បានគ្រប់គ្រងជំនួញភោជនីយដ្ឋាន និងសណ្ឋាគារនៅទូទាំងប្រទេសថៃ ព្រមទាំងគម្រោងលក់ផ្ទះល្វែងជាច្រើនកន្លែងទៀតផងដែរ។

    ពិធីភ្ជាប់ពាក្យរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅពេលដែលលោក Pranai បានស្នើសុំកញ្ញាដ៏ស្រស់ស្អាតរបស់យើងរៀបការ។ ហើយគូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការរបស់ពួកគេអស់រយៈពេលជាច្រើនខែ ដោយ តេវ បានប្រកាសព័ត៌មានលម្អិតអំពីគម្រោងរៀបមង្គលការរបស់ពួកគេនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដោយពួកគេមានបំណងអញ្ជើញភ្ញៀវចំនួន៧០០នាក់មកចូលរួមនៅក្នុងថ្ងៃពិសេសរបស់ពួកគេ ប៉ុន្តែក្រោយមកចំនួនភ្ញៀវបានកើនចំនួនរហូតដល់ទៅ៨០០នាក់។

    តួឯកស្រីល្បីឈ្មោះលំដាប់ជួរមុខរបស់ប្រទេសថៃម្នាក់នេះក៏​មានគម្រោងចង់បាន​កូនកំដកូនក្រមុំ​ប្រហែល ១០នាក់​សម្រាប់​ពិធីរបស់នាងផង​ដែរ។ នៅមុនថ្ងៃរៀបមង្គលការជាផ្លូវការរបស់កញ្ញា Taew Natapohn និងលោក Pranai Phonprapha សាច់ញាតិ និងគ្រួសារទាំងសងខាងក៏បានរៀបចំនូវពិធីបែបសាសនាមួយជុំគ្នានៅក្នុងទីវត្តអារ៉ាម ដើម្បីសុំពរជ័យ សិរីសួស្តីសម្រាប់ជីវិតគូរបស់ពួកគេ ដោយកម្មវិធីសុំពរជ័យនេះបានរៀបចំឡើងបែបសាមញ្ញ និងមានតែបងប្អូនសាច់ញាតិជិតស្និតរបស់គ្រួសារទាំងពីរចូលរួមតែប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យរីករាយ និងចាប់អារម្មណ៍ពីសំណាក់សាធារណជន ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់កញ្ញា តេវ នោះគឺ នៅមុនថ្ងៃរៀបមង្គលការរបស់ Taew Natapohn និងលោក Pranai Phonprapha មួយថ្ងៃ មិត្តភក្តិជិតស្និតរបស់ តេវ ក៏បានរៀបកម្មវិធីលាភាពនៅលីវជូន តេវ ផងដែរ ដោយមានមិត្តភក្តិស្រីរួមអាជីពសិល្បៈរបស់នាងមកចូលរួមជាច្រើន ដែលធ្វើឱ្យកម្មវិធីជួបជុំមួយនេះពេញដោយភាពរីករាយ ពេញដោយស្នាមញញឹម និងផ្តល់នូវកម្រងអនុស្សាវរីយ៍ជាច្រើនដល់កូនក្រមុំថ្មោងថ្មីរបស់យើង។

    គេសង្កេតឃើញថា នៅក្នុងកម្មវិធីរៀបមង្គលការរបស់តួឯកស្រីល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣ ថៃ កញ្ញា Taew Natapohn និងលោក Pranai Phonprapha គឺមានវត្តមានអ្នកចូលរួមដែលជាតារាសម្តែង តារាចម្រៀងគ្រប់ជំនាន់ និងអ្នកស្ថិតនៅក្នុងវិស័យសិល្បៈល្បីៗជាច្រើនរូប ដូចជា តារាសម្តែង Bella Ranee និងអ្នកគ្រប់គ្រងរបស់នាងក៏បានមកចូលរួមផងដែរ៕

  • តើទំនាក់ទំនងរវាង នីឆា និង តូណូ ដើរដល់ណាហើយ? តើ នីឆា ពិជាផ្តល់ឱកាសឱ្យ តូណូ មែន?

    តើទំនាក់ទំនងរវាង នីឆា និង តូណូ ដើរដល់ណាហើយ? តើ នីឆា ពិជាផ្តល់ឱកាសឱ្យ តូណូ មែន?

    រឿងដែលកំពុងផ្ទុះខ្លាំង និងកំពុងក្តៅគគុកនៅក្នុងប្រទេសថៃ និងកំពុងស្ថិតក្នុងការតាមដានរបស់អ្នកនិយមតាមដានសង្គមសិល្បៈថៃ គឺរឿងតូណូ (Tono Phakin Khamwilaisak) ដែលជាតារាប្រុសមានប្រជាប្រិយភាពខ្ពស់ ទាំងនៅក្នុងវិស័យខ្សែភាពយន្តភាគថៃ និងវិស័យចម្រៀងថៃ បានក្បាត់ចិត្តសង្សាររបស់ខ្លួន គឺ នីឆា (Nychaa Nuttanicha Dungwattanawanich) តារាស្រីលំដាប់ជួរមុខ ដែលមានអត្តចរិកសុភាពរាបសារ ស្រស់ស្អាតគួរឱ្យស្រឡាញ់ តែតូណូ បែរជាមិនចេះស្កប់ស្កល់ លួចមានទំនាក់ទំនងស្នេហាបែបស៊ីអារម្មណ៍ជាមួយអ្នកមេម៉ាយចាយរាង ម៉ាយ (Mind) ផ្អើលអាផាតមិន និងបែកធ្លាយទំនាក់ទំនងស្នេហាលើគ្រែបែបរោលរាលពេញបណ្តាញសង្គម។


    កាលពីដើមខែមេសាកន្លងមកថ្មីៗនេះ មានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងចំពោះទំនាក់ទំនងមិនធម្មតារវាងតារាប្រុស តូណូ ជាមួយ ម៉ាយ ដែលត្រូវបាន តូណូ ជួលឱ្យមកធ្វើជាជំនួយការផ្ទាល់ខ្លួន នៅពេលដែលអ្នកចាត់ការរបស់ខ្លួនអវត្តមាន ស្រីស្អាត ម៉ាយ ក៏ជាអ្នកប្រឡូកនៅក្នុងវិស័យសិល្បៈថៃផងដែរ ហើយបើទោះបីជានាងធ្លាប់មានស្វាមី និងមានកូនរួចហើយក៏ដោយ តែរូបរាងរបស់នាងគឺស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ តែ ម៉ាយ ក៏កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយសង្សាររបស់ខ្លួនដែលមានឈ្មោះថា ពេជ្រ ផងដែរ។

    តូណូបានបង្កាត់ភ្លើងស្នេហារោលរាលជាមួយ ម៉ាយ រហូតក្លាយទៅជាការលួចលាក់ផិតក្បត់ នីឆា ដែលជាសង្សារបណ្តូលចិត្តរបស់ខ្លួន និងធ្វើឱ្យ តូណូ ត្រូវបាត់បង់ ស្រីស្អាត នីឆា ជារៀងរហូតទៅ។ នៅក្នុងរឿងរ៉ាវលួចលាក់ក្បត់ចិត្ត សង្សាររបស់ខ្លួននេះ ត្រូវបាន ពេជ្រ និង ម៉ាយ ទំលាយគ្មានសល់នៅក្នុងកម្មវិធីបកស្រាយរឿងពិត របស់ភីនំកាន់ឆាយ ដែលធ្វើឱ្យទស្សនិកជនមានការស្រយុតចិត្តជាមួយ តូណូ មិនតិចទេ ហើយនឹកយល់ចិត្ត និងអាណិត នីឆា តួឯកស្រីយើងដែលមានអត្តចរិកសុភាពរាបសារ មិនគួរណាមកជួបជាមួយសង្សារចិត្តមិនស្មោះត្រង់ និងមិនចេះឆ្អែតឆ្អន់បែបនេះសោះ មានមួយមិនស្កប់ លួចលាក់ក្បត់ចិត្តសង្សារដែលរាប់អានគ្នាមកអស់រយៈពេល៧ឆ្នាំ ដោយនាយ តូណូ បានទៅវៃឡើងជាមួយ ម៉ាយ នៅឯអាផាតមិនរបស់នាង រហូតផ្អើលដល់បន្ទប់អ្នកជិតខាង ដោយសារតែមានសំឡេងលាន់ឮខុសពីធម្មតាចេញពីបន្ទប់របស់ ម៉ាយ និងរូបភាពនៃឈុតឆាករោលរាលនៅក្នុងរថយន្តរវាង តូណូ និង ម៉ាយ។ តាមរយៈការបកអាក្រាត និងប្រាប់ពីល្បិចបោកបញ្ឆោតស្នេហ៍ពីព្រានបុរស តូណូ ពីសំណាក់ ម៉ាយ ដែលជាជនរងគ្រោះផ្ទាល់បាននិយាយថា នាងមិនមានបំណងចង់បង្កាត់ភ្លើងស្នេហ៍លួចលាក់នេះ ដើម្បីបញ្ឈឺ ឬធ្វើឱ្យ នីឆា ខូចចិត្តនោះទេ តែនាងត្រូវបានចាញ់ល្បួងរបស់ តូណូ ដែលបានលួងលោមនាងថា តូណូ ឈប់ស្រឡាញ់ នីឆា ទៀតហើយ ដោយ តូណូ គិត នីឆា ត្រឹមដូចជាប្អូនស្រីប៉ុណ្ណោះ ហើយនាងបានបន្ថែមថា តូណូ បានប្រាប់ថា លោកមិនដែលបានទទួលនូវអ្វីដែលលោកចង់បានពី នីឆា ទេ (បញ្ហាលើគ្រែ) ដែលចំណុចទាំងអស់នេះបានធ្វើឱ្យ ម៉ាយ ទន់ចិត្ត និងជឿស្លង់ថា តូណូ ពិតជាស្រឡាញ់នាងពិតមែន ហើយទន្ទឹមនឹងការបកសា្រយរបស់ ម៉ាយ និងមិត្តប្រុសរបស់នាង ក៏បានធ្វើឱ្យ នីឆា យល់ពីសាច់រឿងយ៉ាងច្បាស់ ហើយបានធ្វើការសម្រេចចិត្តភ្លាមៗ ដើម្បីបញ្ឈប់ និងផ្តាច់ទំនាក់ទំនងយ៉ាងដាច់ស្រេចជាមួយ តូណូ តែម្តង។

    កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ អ្នកសារព័ត៌មានថៃ ដែលបានធ្វើបទសម្ភាសន៍ជាមួយ នីឆា នៅពេលដែលនាងបានទៅសម្តែងនៅផ្សារទំនើបមួយកន្លែងនោះ អ្នកសារព័ត៌មានបានសួរដេញដោលរហូត នីឆា បានបញ្ជាក់ច្បាស់ៗថា នាងត្រឡប់មកមានសេរីភាពវិញហើយ គឺនៅ Single ដូចដើម ចំណែកអារម្មណ៍ និងទឹកចិត្តក៏ល្អឡើងវិញដែរ សូមអរគុណចំពោះក្តីបារម្ភ និងការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ មិត្តភក្តិ និងអ្នកទាំងអស់គ្នាជាខ្លាំង។

    តាមរយៈការបកស្រាយរបស់ នីឆា បែបចំៗនេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងរបស់ នីឆា និង តូណូ គឺត្រូវបានបញ្ចប់ហើយ នីឆា អត់ទោសឱ្យ តូណូ តែមិនផ្តល់ឱកាសដល់ តូណូ ទៀតទេ ចំណែកមិត្តភក្តិស្និតស្នាល និងក្រុមគ្រួសាររបស់ នីឆា វិញ គឺថា ដាច់ខាតតែម្តង គឺមិនគាំទ្រ ឬបើកឱកាសឱ្យ តូណូ ត្រឡប់មកត្រូវគ្នាជាមួយ នីឆា ដាច់ខាត។


    ដូច្នេះ ការពិតត្រូវបានលាតត្រដាងដាច់ស្រេចអស់ហើយ គឺ តូណូ ពិតជាបានក្បត់ចិត្ត នីឆា ដែលជាសង្សារពិតមែន ហើយនៅពេលនេះ នីឆា ក៏បានផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយ តូណូ រួចស្រេចអស់ហើយ គឺសូម្បីតែដំណើរកម្សាន្តបែបលក្ខណៈគ្រួសារទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន នាងចុងខែមេសានេះ រវាងគ្រួសាតូណូ និងគ្រួសារនីឆា ក៏គេសង្កេតឃើញថា សមាជិកគ្រួសាររបស់នីឆាមិនបានទៅចូលរួមទេ គឺឃើញតែសាច់ញាតិក្រុមគ្រួសាររបស់តូណូប៉ុណ្ណោះដែលបានធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសៀងហៃ ដោយគេសង្កេតឃើញថា តូណូ បានបង្ហោះរូបបង្ហាញពីភាពឯកា និងភាពសោកសៅរបស់ខ្លួន ទោះបីជាកំពុងដើរលេងកម្សាន្តក៏ខ្លួនមិនបានសប្បាយរីករាយទៅតាមបរិយាកាស និងស្ថានភាពចំពោះមុខដែរ។ នេះហើយលទ្ធផលមានមួយមិនស្កប់ ចុងក្រោយបានត្រឹមពាក្យថា សោកស្តាយ តែមិនអាចបកក្រោយបានទេ ហើយឱកាសកែខ្លួនក៏មិនចេះតែទទួលបានងាយៗដែរ។



    សូមថែរក្សាអ្នកនៅជិតខ្លួនរបស់យើង និងពេលវេលាល្អៗជាមួយគ្នាឱ្យបានល្អបំផុត កុំធ្វើអ្វីដែលធ្វើឱ្យខ្លួនយើងស្តាយក្រោយ ឬមានវិប្បដិសារីឱ្យសោះណា៎៕

  • តើជាការពិតទេ តារាសម្តែងដ៏ល្បីឈ្មោះ បុរសសង្ហា Lee Min Ho រៀបការជាមួយអ្នកមេម៉ាយចាយសម្រស់ Song Hye Kyo?

    តើជាការពិតទេ តារាសម្តែងដ៏ល្បីឈ្មោះ បុរសសង្ហា Lee Min Ho រៀបការជាមួយអ្នកមេម៉ាយចាយសម្រស់ Song Hye Kyo?

    មួយរយៈពេលនេះមានការផ្ទុះការវែកញែក និងចង់ដឹងពីជីវិតឯកជនរបស់តារាប្រុសស្រីដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង គឺលោក Lee Min Ho និងអ្នកនាង Song Hye Kyo ជាខ្លាំង ដោយអ្នកគាំទ្រជាច្រើនតែងឃើញពួកគេទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និងតែងបង្ហោះរូបភាព និងវីដេអូបង្ហាញពីភាពស្និតស្នាលលើសពីធម្មតា ហើយទង្វើ និងរូបភាពទាំងនេះបានធ្វើឱ្យអ្នកគាំទ្រទាំងអស់បានចោទជាសំណួរជាច្រើន ដូចជា តើបុរសសង្ហា Lee Min Ho និងអ្នកមេម៉ាយដ៏ស្រស់សោភា Song Hye Kyo ពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាមែនឬ? តើពួកគេទាំងពីរពិតជាបានរៀបការជាមួយគ្នាមែន? តើពួកគេរៀបការជាមួយគ្នារួចហើយនៅចុងឆ្នាំ២០២៤នេះ?

    ពួកគេរៀបការដោយសម្ងាត់នៅទីក្រុងប៉ារីស ប្រទេសបារាំងមែនឬទេ? ឬក៏ពួកគេរៀបការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ? ហេតុអ្វីអ្នកទាំងពីរត្រូវលាក់បាំងទំនាក់ទំនងរបស់ពួកគេ? តើ Lee Min Ho និង Song Hye Kyo មានទំនាក់ទំនងស្នេហាជាមួយគ្នាមែន ឬគ្រាន់តែជាការសម្តែងទេ (ជាការងារ)? អ្នកខ្លះបានលើកមកថា Lee Min Ho និង Song Hye Kyo បានទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ចំណែកដំណឹងខ្លះបានបញ្ជាក់ថា អ្នកទាំងពីរគ្រាន់តែសម្តែងជាមួយគ្នា និងបានទៅចូលរួមកម្មវិធីជាមួយគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំងតែប៉ុណ្ណោះ។

    បើទោះជាយ៉ាងណាក៏ដោយ ចំពោះ Fans Fans របស់អ្នកទាំងពីរគឺពិតជាសង្ឃឹមថា Lee Min Ho និង Song Hye Kyo ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយអាចឈានដល់ការរៀបមង្គលការជាមួយគ្នាពិតមែន ហើយបើពួកគេស្រឡាញ់គ្នាមែននោះគឺពិតជាល្អខ្លាំងណាស់ ដោយអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរពិតជាចង់ឱ្យពួកគេបានជួបគ្នាជាគូស្នេហ៍ និងអាចឈានដល់ថ្ងៃរៀបមង្គលការជាមួយគ្នាខ្លាំងណាស់ ព្រោះអ្នកគាំទ្រទាំងអស់សង្ឃឹមថា Lee Min Ho អាចនឹងជួយស្អំបេះដូងដែលធ្លាប់ទទួលរងនូវភាពប្រេះស្រាំរបស់ Song Hye Kyo ឱ្យស្រស់ស្អាត និងរីករាយឡើងវិញ បន្ទាប់ពីនាងបានបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយអតីតស្វាមីរបស់នាង គឺលោក Song Joong‑ki។ ទន្ទឹមគ្នានោះដែរ លោក Lee Min Ho ប្រុសស្អាតមិនចេះចាស់របស់យើងក៏ធ្លាប់បានបង្ហើបមកដែរថា លោកបានចំណាយពេល២០ឆ្នាំ ទីបំផុតបានជួបជាមួយនារីក្នុងក្តីសុបិនរបស់លោកហើយ គឺលោកពិតជាចង់ចាប់ដៃគូសម្តែង ឬជួបជាមួយ Song Hye Kyo ជាដៃគូសម្តែងខ្លាំងណាស់ ហើយនៅពេលនេះក្តីសុបិនរបស់លោកបានក្លាយជាការពិតហើយ ដោយអ្នកទាំងពីបានធ្វើការជាមួយគ្នា ដើម្បីថតស្ប៉តពាណិជ្ជកម្ម និងទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិជាមួយគ្នាជាបន្តបន្ទាប់ ដោយលោកបានបញ្ជាក់ថា អ្នកនាង Song Hye Kyo គឺជាដៃគូសម្តែងដែលលោកប្រាថ្នាចង់ជួបបំផុត។

    មកទល់នឹងពេលនេះ គឺនៅមិនទាន់មានភស្តុតាងណាមួយដែលអាចបញ្ជាក់បានថា តារាសម្តែងកូរ៉េខាងត្បូង Lee Min Ho និង Song Hye Kyo បានរៀបការជាមួយគ្នានៅឡើយទេ។ ពាក្យចចាមអារ៉ាម និងវីដេអូថ្មីៗជាច្រើនបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញពីពិធីរៀបអាពាហ៍ពិពាហ៍ដោយសម្ងាត់រវាងអ្នកទាំងពីរនៅចុងឆ្នាំ២០២៤កន្លងទៅនេះ ប៉ុន្តែការអះអាងទាំងនេះគឺនៅខ្វះការផ្ទៀងផ្ទាត់ពីប្រភពដែលអាចទុកចិត្តបាន។ ជាឧទាហរណ៍ វីដេអូ YouTube មួយដែលមានចំណងជើងថា “Lee Min Ho និង Song Hye Kyo បានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០២៤ នៅទីក្រុងប៉ារីស” ដែលត្រូវបានចែករំលែកជាសាធារណៈ ប៉ុន្តែភាពត្រឹមត្រូវនៃព័ត៌មានដ៏រំភើបមួយនេះគឺនៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យនៅឡើយ ពីព្រោះនៅមិនទាន់មានស្ថាប័នសារព័ត៌មានធំៗណាមួយ ទាំងនៅក្នុងប្រទេសកូរ៉េ ខាងត្បូងផ្ទាល់ ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងៗចេញផ្សាយពីព័ត៌មានរៀបអាពាហ៍ពិពាហ៍របស់តារាសម្តែងដ៏ល្បីឈ្មោះទាំងពីរនាក់នេះនៅឡើយទេ ហើយពួកគេទាំងពីរក៏មិនទាន់បានផ្តល់បទសម្ភាសន៍ជាផ្លូវការចំពោះព័ត៌មានដ៏រសើបមួយនេះដែរ។

    គួរបញ្ជាក់ផងដែរថា កន្លងមកតារាសម្តែងល្បីឈ្មោះទាំងពីររូបនេះ គឺនៅមិនទាន់បានបញ្ជាក់ពីទំនាក់ទំនងស្នេហា ឬចំណងអាពាហ៍ពិពាហ៍របស់ពួកគេជាសាធារណៈនៅឡើយទេ។ ដូច្នេះដរាបណាសាម៉ីខ្លួនទាំងពីរនៅមិនទាន់ចេញមុខមកផ្តល់បទសម្ភាសន៍ ឬឡើង​ថ្លែងការ​ជា​ផ្លូវ​ការអំពីពិធីរៀបមង្គលការរបស់ពួកគេទេនោះ រឿងរៀបការរបស់ Lee Min Ho និង Song Hye Kyo គឺនៅតែស្ថិតក្នុងការសង្ស័យ និងគ្រាន់តែជាពាក្យ​ចចាម​អារ៉ាម​តែប៉ុណ្ណោះ៕

  • តោះមកមើលគូស្នេហ៍តារាល្បីប្រចាំប្រទេសយើងវិញម្តង តើគូណាខ្លះរៀបការហើយក្នុងឆ្នាំថ្មីនេះ?

    តោះមកមើលគូស្នេហ៍តារាល្បីប្រចាំប្រទេសយើងវិញម្តង តើគូណាខ្លះរៀបការហើយក្នុងឆ្នាំថ្មីនេះ?

    នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះមានគូស្នេហ៍តារាល្បីប្រចាំប្រទេសកម្ពុជាយើងជាច្រើនគូបានដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងការយ៉ាងរីករាយ និងទទួលបាននូវការសាទរជាខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាប្រជាជនខ្មែរយើងទូទាំងប្រទេស តោះមកមើលមើល៎មានគូស្នេហ៍ណាខ្លះដែរ?

    គូទី១ គឺគូស្នេហ៍វ័យក្មេង លោក ហេង វិសាល និងកញ្ញា ជា ស្រីនា

    គូស្នេហ៍អ្នកបង្កើតមាតិកាវ័យក្មេងដ៏ល្បីល្បាញមួយគូនេះបានដឹកដៃគ្នាចូលរោងជ័យរួចស្រេចបាច់អស់ហើយកាលពីថ្ងៃទី២៧​-២៨ ខែមីនា ឆ្នា២០២៤ ដែលរៀបចំឡើងបែបប្រពៃណីខ្មែរយើងយ៉ាងស្រស់ស្អាត និងល្បីរន្ធតែម្តង ដោយមានតារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដល្បីៗលំដាប់ប្រទេស ព្រមទាំងតារា TikTok, YouTuber និងអ្នកបង្កើតមាតិកាជាច្រើនមកចូលរួមជាភ្ញៀវកិត្តិយស និងធ្វើជាសាក្សីក្តីស្នេហារបស់គូស្នេហ៍ទាំងពីរ អមជាមួយការរៀបចំតាំងបង្ហាញនំខ្មែរ បង្អែមខ្មែរ ព្រមទាំងម្ហូបអាហារខ្មែរយើងជាច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកនៅក្នុងថ្ងៃពិសេសរបស់ វិសាល និងស្រីនា ដើម្បីទទួលភ្ញៀវដែលបានអញ្ជើញចូលរួមទាំងអស់ ដែលញ៉ាំងឱ្យពិធីមង្គលការរបស់ពួកគេទាំងពីរកាន់តែអធិកអធម ល្បីល្បាញ និងអស្ចារ្យខ្លាំងឡើង គឺល្បីដល់បណ្តាប្រទេសផ្សេងៗថែមទៀតផង។

    គូទី២ គឺគូស្នេហ៍ក្រមិចក្រមើម កញ្ញា សុភ័ក្រ កុសុម៉ា និងគូស្នេហ៍

    ចំណែកគូស្នេហ៍ប្រចាំឆ្នាំ ដែលពេញដោយភាពរ៉ូមែនទិក ភាពផ្អែមល្ហែម និងទទួលបានការសាទរជាខ្លាំងនោះគឺ គូស្នេហ៍ កញ្ញា សុភ័ក្រ កុសុម៉ា និងលោក កែវ ផុនផល្លា ដែលជាគូស្នេហ៍ គូជំលោះ ដ៏គួរឱ្យស្រឡាញ់ ដោយសាច់រឿងស្នេហារបស់ពួកគេពិតជាធ្វើឱ្យរំជួលចិត្តអ្នកគាំទ្រមិនតិចនោះទេ។

    នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកទាំងពីរបានចូលរោងការបំពេញមុខគ្រួសារទាំងសងខាងរួចស្រេចហើយ ដោយមានការចូលរួម និងអបអរសាទរពីសំណាក់សាច់ញាតិ និងមិត្តភក្តិនៅក្នុងវិស័យសិល្បៈពីគ្រប់មជ្ឈដ្ឋានយ៉ាងឱឡារិក និងរីករាយក្រៃលែង។

    នៅក្នុងថ្ងៃរៀបមង្គលការរបស់អ្នកទាំង២គឺពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ មើលតែមុខកូនក្រមុំក៏អាចបញ្ជាក់បានដែរថា ស្នេហ៍មួយនេះជាស្នេហាពិត មានការយល់ចិត្តយល់ថ្លើមគ្នា និងពេញដោយក្តីស្រឡាញ់ ពេញដោយក្តីសុខខ្លាំងប៉ុណ្ណានោះ ដែលធ្វើឱ្យអ្នកចូលរួម ក៏ដូចជាអ្នកដែលបានឃើញរូបភាព និងវីដេអូរៀបមង្គលការរបស់អ្នកទាំងពីរញញឹមឡើងដោយមិនដឹងខ្លួន។

    គូទី៣ គឺគូស្នេហ៍ កញ្ញា លីនដា (Linda Vee) និងលោក ណារ៉ូ

    បើទស្សនិកជននៅចាំមិនទាន់ភ្លេចទេនោះ ពិធីមង្គលការរបស់ Content Creator ដ៏ល្បីមួយគូ ដែលបានប្រារព្ធធ្វើឡើងយ៉ាង​កក្រើក​កាលពី​ចុងឆ្នាំ២០២៤កន្លងទៅនេះ គឺកូនក្រមុំ កញ្ញា លីនដា និងកូនកំលោះ លោក ណារ៉ូ ទទួល​បាន​នូវការ​សាទរ និងអធិកអធមមិនធម្មតាទេ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។

    ហើយថ្មីៗនេះ​ក្រមុំ​ថ្មីថ្មោង Linda Vee ដែល​មាន​ឈ្មោះ​ពិត វ៉ាន់ ម៉ៅហ្សូលីនដា និង​ស្វាមី ទេព មុន្នីឌីណារ៉ូ បាន​ទម្លាយ​ដំណឹង​ល្អ​មួយ​ដល់​អ្នក​គាំទ្រទាំងអស់ឱ្យបានដឹងថា នៅពេលនេះអ្នកទាំងពីរជិតមានសមាជិកថ្មីនៅក្នុងគ្រួសារដែលពួកគេទើបតែបង្កើតថ្មីនេះហើយ ដោយ លីនដា កំពុងពរ​ពោះកូនក្នុងផ្ទៃ​​។

    គូស្វាមី​ភរិយា​វ័យ​ក្មេងមួយ​គូនេះ បានធ្វើឱ្យ​មិត្តភក្តិ និង​អ្នក​គាំទ្រទាំងអស់មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្រោយឃើញ​វីដេអូ​ និងរូបភាពបង្ហាញ​ពី​កូននៅ​ក្នុង​ផ្ទៃរបស់ពួកគេទាំងពីរ ដោយអ្នកទាំងពីរបាន​បង្ហាញពីទឹកចិត្ត​រំភើបរីករាយ​ត្រៀម​ខ្លួនទទួល​សមាជិក​ថ្មី​ក្នុង​ឆ្នាំ​នេះផងដែរ។ ទាំង​អ្នក​គាំទ្រ មិត្តភក្ដិ ក៏ដូចជា​រៀមច្បងនៅ​ក្នុង​វិស័យ​សិល្បៈជាច្រើន​បាន​ចូលរួម​អបអរ​សាទរ​ដល់​អ្នក​ទាំង២ ព្រម​ទាំង​ជូន​ពរ​ឱ្យ​​ទាំង​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃមាន​សុខភាព​ល្អ។

    ស្វីតអត់អ្នកអានទាំងអស់គ្នា! មួយគូណាក៏ញាក់ដែរ គូស្នេហ៍តារាល្បីឈ្មោះរបស់កម្ពុជាយើង ចំណងស្នេហ៍របស់ពួកគេគឺពិតជាចាក់ដោតចិត្តអ្នកគាំទ្រាំខ្លាំងមែនទែន ជាពិសេសចាក់ដោតចិត្តអ្នក Single តែម្តង…៕

  • បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    ប្រុសស្អាតប្រចាំឆ្នាំ2024ទាំង10រូបខាងក្រោមនេះ មកពីគ្រប់វិស័យតែម្តង ទាំងបុរសសង្ហាពីវិស័យភាពយន្ត វិស័យកីឡា វិស័យចម្រៀង និងវិស័យបង្ហាញម៉ូដ ហើយមកពីគ្រប់ទ្វីបនៅទូទាំងពិភពលោក តោះមកមើលមើល៎ថា បុរសសង្ហាប្រចាំឆ្នាំរបស់យើងបានទៅលើប្រុសស្អាតណាខ្លះ? មកពីប្រទេសណាដែរ? និងមានស្នាដៃអស្ចារ្យដូចម្តេចខ្លះបានជាជាប់ឈ្មោះជាបុរសសង្ហាបំផុតលើពិភពលោកបែបនេះ?

    កំពូលបុរសសង្ហាជាងគេលើលោក ប្រចាំឆ្នាំ2024 បើយោងទៅតាមការសិក្សា និងតាមការវិភាគបែបវិទ្យាសាស្ត្រចុងក្រោយគឺបានទៅលើ៖

    1. Kim Taehyung (V)

    Kim Taehyung ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា V គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងឧស្សាហកម្មតន្ត្រីលំដាប់ពិភពលោក របស់ក្រុម K-Pop បុរសប្រចាំប្រទេសកូរ៉េខាងត្បូង គឺក្រុម BTS។ V ជារឿយៗតែងតែត្រូវបានជាប់នៅក្នុងបញ្ជីបុរសដ៏ទាក់ទាញ និងស្រស់សង្ហាបំផុតប្រចាំប្រទេស ប្រចាំទ្វីប និងទូទាំងពិភពលោក បូករួមទាំងទឹកដមសម្លេងដ៏ពីរោះ និងជ្រាលជ្រៅរបស់គេ បានធ្វើឱ្យ Kim Taehyung ក្លាយទៅជាតារាចម្រៀងដ៏លេចធ្លោនៅក្នុងក្រុម BTS។

    លើសពីនេះ Taehyung ក៏ជាតារាសម្តែងផងដែរ ហើយប្រុសស្អាតរូបនេះក៏បានជាប់ឈ្មោះជាអ្នកលេងម៉ូដសម្លៀកបំពាក់បែប K-pop និងឈុតសម្លៀកបំពាក់ម៉ូដបែបសកលដ៏ទាន់សម័យផងដែរ។

    ប្រុសស្អាត Kim Taehyung មានវ័យទើបតែ28ឆ្នាំតែប៉ុណ្ណោះ តែរូបគេទទួលបាននូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់ និងបានបំបែកឯតទគ្គកម្មជាច្រើន ព្រមទាំងមានអ្នកគាំទ្រយ៉ាងច្រើនពីគ្រប់ទ្វីប គ្រប់ប្រទេស ទូទាំងពិភពលោកថែមទៀតផង។

    1. Robert Pattinson

    Robert Pattinson មានដើមកំណើតមកពីចក្រភពអង់គ្លេស លោកជាតារាសម្តែងដ៏ល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកម្សាន្ត ជាពិសេសសាច់រឿងដែលធ្វើឱ្យប្រុសស្អាតរូបនេះល្បីល្បាញបំផុតនោះគឺនៅក្នុងរឿង “Twilight” និង “The Batman”។

    ការសម្ដែងរបស់ Robert Pattinson ដើរតួជា Bruce Wayne/Batman ក្នុងរឿង “The Batman” បានបំបែកកំណត់ត្រាថ្មីដល់សមត្ថភាពសម្តែងរបស់រូបគេជាខ្លាំង ធ្វើឱ្យមានអ្នកស្រឡាញ់គាំទ្ររូបលោកជាច្រើនឥតគណនា។ ជាមួយរូបរាងដ៏រឹងមាំ មុខមាត់បែបមនុស្សបុរាណ និងថ្គាមខ្លាបានធ្វើឱ្យ Robert Pattinson ក្លាយជាបុរសដ៏ល្អឥតខ្ចោះសម្រាប់វិស័យសម្តែង និងជាប់ឈ្មោះជាតារាប្រុសដ៏ទាក់ទាញបំផុតនៅលើពិភពលោក។

    1. David Beckham

    អតីតកីឡាករបាល់ទាត់អាជីព ជាតារាបង្ហាញម៉ូដ និងជាម្ចាស់ក្លឹប Inter Miami CF Beckham មានភាពល្បីល្បាញទូទាំងពិភពលោកសម្រាប់អាជីពបាល់ទាត់ដ៏អស្ចារ្យរបស់លោក ជាពិសេសនៅពេលលោកស្ថិតនៅក្នុងក្លឹប Manchester United និងក្លឹប Real Madrid។ Beckham ក៏ជាតារាបង្ហាញម៉ូដសម្លៀកបំពាក់ និងផលិតផលប្រ៊េដៗដ៏ល្បីឈ្មោះផងដែរ។

    ជាមួយនឹងកែវភ្នែក និងមុខដ៏ទាក់ទាញ ព្រមទាំងរូបរាងកាយដ៏មាំមួនរបស់ Beckham បានធ្វើឱ្យលោកក្លាយទៅជាបុរសសង្ហាជាងគេនៅក្នុងបញ្ជីលំដាប់ពិភពលោក។

    1. Henry Cavill

    Henry Cavill កើតនៅ Jersey – Channel Islands គឺជាតារាសម្តែងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដ៏ល្បីល្បាញក្នុងតួអង្គជា Superman នៅក្នុងរឿង DC Extended Universe។

    លោក Henry Cavill ពិតជាទទួលបាននូវការគាំទ្រ និងភាពល្បីល្បាញខ្លាំងមែនទែនក្នុងនាមជាតួអង្គដ៏លេចធ្លោនៅក្នុងភាពយន្តសហសម័យ ជាពិសេសនៅក្នុងប្រភេទរឿង superhero។

    ជាមួយរូបរាងដ៏មាំទាំ និងថ្គាមខ្លា បានធ្វើឱ្យទម្រង់មុខរបស់ Henry មានរាង​ការ៉េ​ដ៏​រឹងមាំ ទាក់ទាញ និងស្រស់សង្ហាបំផុត។

    អានរឿង៖ តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    1. Hrithik Roshan

    តារាសម្តែងបូលីវូដដ៏ល្បីល្បាញ Hrithik Roshan ដែលត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿង “Kaho Naa… Pyaar Hai”, “War” និង “Jodhaa Akbar” ត្រូវបានគេចាត់ទុកថាជាតារាបូលីវូដដ៏ស្រស់សង្ហាជាងគេ។

    មន្តស្នេហ៍ដ៏ទាក់ទាញ់របស់លោក Hrithik គឺជាកែវភ្នែកពណ៌ខៀវក្រម៉ៅដ៏គួរឱ្យស្រឡាញ់របស់លោក ច្រមុះតូច និងកម្ពស់ដ៏ខ្ពស់ដែលធ្វើឱ្យរូបលោកខុសពីតារាបូលីវូដដទៃទៀត។ Hrithik ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ជា​ព្រះ​ក្រិក​នៃ​ប្រទេស​ឥណ្ឌា ដោយ​សារ​តែ​កាយ​វិការដ៏ទាក់ទាញ​ និង​ថ្គាម​ដ៏​រឹង​មាំរបស់លោក។

    Hrithik គឺជាតារាសម្ដែងដែលមានថ្លៃខ្លួនខ្ពស់បំផុតរបស់បូលីវូដ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងដែលមានជំនាញខាងក្បាច់រាំដ៏ពិសេស និងរស់រវើកមិនមានគូប្រដូច។

    1. Chris Evans

    Chris Evans ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះទេពកោសល្យសម្ដែងរបស់លោក ជាតួអង្គ Captain America នៅក្នុងរឿង Marvel Cinematic Universe និងត្រូវបានគេចាត់ទុកថាជាតារាប្រុសដ៏សង្ហាបំផុតម្នាក់នៅក្នុងហូលីវូដ។

    Chris Evans មាន​រូប​រាង​រឹងមាំខ្លាំងណាស់ ហើយលោកក៏ជាតួសម្តែងដែល​រក្សារូបរាងកាយបានល្អបំផុតផងដែរ គឺ​ស័ក្តិសមជាមួយតួអង្គ​កំពូល​វីរបុរសតែម្តង។

    លោកតែងតែហាត់ប្រាណរក្សាកាយសម្បទា និងពង្រឹងសាច់ដុំបង្កើនភាពទាក់ទាញជាប់ជានិច្ច។ Chris មានស្នាមញញឹមដ៏មានមន្តស្នេហ៍ ដែលពេញដោយភាពកក់ក្តៅ និងទាក់ទាញបំផុត បន្ថែមពីលើរូបរាងដ៏ស្រស់សង្ហារបស់លោក។

    1. Chris Hemsworth

    Chris Hemsworth គឺជាតារាសម្តែងជនជាតិអូស្ត្រាលីម្នាក់ដែលបានក្លាយជាតួអង្គដ៏លេចធ្លោនៅក្នុងវិស័យសម្តែងរបស់ហូលីវូដ ជាពិសេសលោកត្រូវបានគេស្គាល់ថាជាតួអង្គ Thor បុរសសាច់ដុំ និងមានកម្លាំងមហាសាលនៅក្នុងខ្សែភាពយន្ត Marvel Cinematic Universe។

    ការសំដែងរបស់លោកជាតួអង្គ Thor ដែលជាតួអង្គមួយដែលត្រូវបានដកស្រង់ចេញពីទេវកថា Norse គឺទទួលបានការកោតសរសើរជាខ្លាំងថាការសម្តែងរបស់លោកស័ក្តិសមបំផុត។ Hemsworth ក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើនផ្សេងទៀតផងដែរ ដោយលោកបានបង្ហាញពីភាពប៉ិនប្រសប់របស់លោកក្នុងនាមជាតារាសម្តែងលំដាប់អន្តរជាតិ។

    Chris Hemsworth មានភាពទាក់ទាញដោយសារតែកែវភ្នែកដ៏អស្ចារ្យរបស់លោក សក់ដ៏ស្រស់ស្អាត និងរូបរាងកាយដ៏អស្ចារ្យបំផុតរបស់លោក។ Chris ទទួលបានពិន្ទុ 93.53% ចំពោះសមាមាត្រមាសក្រិកនៃ Beauty Phi ដែលវាស់ភាពល្អឥតខ្ចោះខាងរាងកាយ ហើយរូបលោកទទួលបានពិន្ទុខ្ពស់បំផុតទៅលើកែវភ្នែក និងទម្រង់មុខរបស់លោកតែម្តង។

    1. Tom Cruise

    Tom Cruise គឺជា​តារា​សម្ដែង​ដ៏ល្បី និងជាតួ​ធំ​មួយ​រូប​របស់សហរដ្ឋ​អាមេរិក។ ភាពល្បីល្បាញរបស់លោកបានមកដោយសារលោកបានសម្តែងនៅក្នុងរឿង “Top Gun” រឿងបែបស៊េរី “Mission: Impossible” និងខ្សែភាពយន្តបែបបញ្ចេញសកម្មភាពវាយប្រហារបាញ់បោះជាច្រើនទៀត។

    ទម្រង់មុខរបស់ Tom Cruise មានតុល្យភាពល្អ និងស៊ីមេទ្រី ដែលជាភាពទាក់ទាញបំផុត ព្រមជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់លោក ពិតជាបានឆក់យកចំណាប់អារម្មណ៍ និងការគាំទ្រពីទស្សនិកជនមិនតិចទេ។ ទោះបីជាឥឡូវនេះលោកមានវ័យចំណាស់បន្តិចក៏ដោយ តែ Cruise នៅតែគ្រប់គ្រងការថែរក្សារូបរាងរបស់លោកឱ្យនៅតែស្រស់សង្ហា និងមានភាពទាក់ទាញដដែល។

    Tom Cruise មានភាពល្បីល្បាញដោយសារភាពប៉ិនប្រសប់នៃការសម្តែងរបស់លោក ផ្ទៃមុខដ៏មានមន្តស្នេហ៍ និងសកម្មភាពសម្តែងដែលពេញដោយថាមពលរបស់លោក។ ភាពល្បីល្បាញរបស់លោកបានមកពីការសម្ដែងតាមបែបស្ទីលផ្ទាល់ខ្លួនរបស់លោក ដែលបានបន្ថែមកម្រិតនៃភាពពិតប្រាកដដល់ខ្សែភាពយន្តបែបវាយប្រហារបាញ់បោះ ឧទាហរណ៍ដូចនៅក្នុងឈុតឆាកឡើងភ្នំ Burj Khalifa នៅក្នុងរឿង “Mission: Impossible – Ghost Protocol” និងការលោតរបស់ HALO នៅក្នុងរឿង “Mission: Impossible – Fallout” ជាដើម។

    1. Zac Efron

    Zac Efron មានដើមកំណើតមកពីសហរដ្ឋអាមេរិក លោកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកម្សាន្តក្នុងនាមជាតារាសម្តែង និងជាអ្នកចម្រៀង។

    ភាពល្បីល្បាញរបស់លោកបានចាប់ផ្តើមជាមួយនឹងស៊េរីរឿង “High School Musical” របស់ Disney ជាកន្លែងដែលលោកបានឆក់យកបេះដូងទស្សនិកជនវ័យក្មេងទូទាំងពិភពលោក។

    ទម្រង់មុខរបស់លោកគឺពិតជាសមាមាត្រ និងស៊ីគ្នាខ្លាំងណាស់ ដែលធ្វើឱ្យរូបលោកកាន់តែមានភាពទាក់ទាញ និងមានភាពស្រស់សង្ហានៅក្នុងវិស័យសម្តែងភាពយន្ត។ លោកមានលក្ខណៈពិសេសដូចជា ថ្គាម ឆ្អឹងថ្ពាល់ និងគម្លាតនៃភ្នែករបស់លោក រួមទាំងរូបរាងដ៏សង្ហារបស់លោកផងដែរ។

    1. Ryan Reynolds

    Ryan Reynolds គឺជាបុគ្គលដ៏លេចធ្លោម្នាក់នៅក្នុងវិស័យឧស្សាហកម្មកម្សាន្ត ដែលល្បីល្បាញដោយសារទេពកោសល្យសម្តែង ភាពទាក់ទាញ និងជាអ្នកជំនួញដ៏ល្បីឈ្មោះ។ Reynolds ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​ជំនាញ​សម្ដែង​ដ៏រស់រវើក​របស់លោក ជា​ពិសេសការសម្តែងនៅ​ក្នុង​ប្រភេទរឿង​កំប្លែង និង​កំពូល​វីរបុរសជាដើម។

    ការសម្ដែងរបស់លោក ដែលទទួលបានភាពល្បីល្បាញបំផុតគឺសម្តែងជាតួអង្គឯកនៅក្នុងរឿង “Deadpool” (2016) និងរឿង “Deadpool 2” (2018) ដែលទទួលបានការសាទរ និងជោគជ័យយ៉ាងខ្លាំង។

    Reynolds ជាតារាសម្តែងប្រុសដែលពេញដោយ​មន្ត​ស្នេហ៍ និង​ការ​លេង​សើចមិនចេះរីងស្ងួត។ ភាពទាក់ទាញនេះមិនត្រឹមតែមាននៅក្នុងខ្សែភាពយន្តដែល Reynolds សម្តែងនោះទេ សូម្បីតែនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការសម្ភាសន៍ និងការបង្ហាញខ្លួនជាសាធារណៈរបស់លោក ក៏បានផ្តល់នូវភាពរីករាយ និងការពេញចិត្តដល់ Fansៗ ទាំងអស់របស់លោកផងដែរ ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងជាលំដាប់៕

  • តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    តើឆ្នាំ២០២៤ ស្រីស្អាត​បំផុត​លើ​ពិភពលោកបានទៅលើអ្នកណាខ្លះ?

    តោះមកមើលថាតើស្រីស្រស់រូបណាខ្លះ​ដែល​បានជាប់ជាស្រីស្អាត​បំផុតនៅ​ក្នុង​ពិភពលោក ដែលមានទាំងសម្រស់ មានទាំងរូបរាងដ៏​ទាក់ទាញ​ ហើយថែមទាំងមាននូវសមត្ថភាពខ្ពស់ថែមទៀត។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្គាល់ពីឈ្មោះស្រីស្រស់របស់យើងដែលជាប់ជាស្រីស្អាតបំផុតនៅលើពិភពលោក ព្រមទាំងសមត្ថភាព ទេពកោសល្យរបស់ពួកគេ ដែលនាំឱ្យពួកគេបានទទួលនូវពានរង្វាន់ និងសមិទ្ធិផលនៅក្នុងវិស័យសិល្បៈ និងអាជីពរបស់ពួកគេជាច្រើនរាប់មិនអស់។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​នារី​ដែលស្រស់​ស្អាត​បំផុត​ក្នុង​ពិភពលោក ដោយ​យោង​តាមការដាក់ពន្ទុតាមបែប​វិទ្យាសាស្ត្រទំនើប៖

    1. Jodie Comer

    ប្រវត្តិរបស់ស្រីស្អាត Jodie Comer ដែលជាប់ចំណាត់ថ្នាក់លេខ1ជាស្រីដ៏ស្រស់ស្អាតបំផុតប្រចាំឆ្នាំ2024 នាងកើតនៅថ្ងៃទី11 ខែ​មីនា ​ឆ្នាំ1993 នៅ Liverpool ចក្រភពអង់គ្លេស នាងមានកម្ពស់ 5ហ្វីត 8អ៊ីង (1.73ម៉ែត្រ) សញ្ជាតិអង់គ្លេស និងមានអាជីពជាតារាសម្តែងជនជាតិអង់គ្លេសដ៏ស្រស់សោភា។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Tony (2023) – ជាតួស្រីនាំមុខគេក្នុងរឿង “Prima Facie”។
    • ពានរង្វាន់ Laurence Olivier – តារាសម្តែងល្អបំផុតសម្រាប់ “Prima Facie” (ការសម្តែងនៅភាគខាងលិច)។
    • ពានរង្វាន់ទូរទស្សន៍ BAFTA (ទី1)។
    • ពានរង្វាន់ទូរទស្សន៍ BAFTA (ទី2)។
    • និងពានរង្វាន់ Emmy – តួឯកស្រីឆ្នើមក្នុងរឿងភាគសម្រាប់តួនាទីរបស់នាងជា Villanelle ក្នុងរឿង “Killing Eve”។
    1. Zendaya

    ស្រីស្រស់ Zendaya ជាប់ជាស្រីស្អាតបំផុតលេខ2ប្រចាំឆ្នាំ២០២៤កន្លងទៅនេះ នាងកើតនៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ1996 នៅ Oakland រដ្ឋ California សហរដ្ឋអាមេរិក មានកម្ពស់1.78ម៉ែត្រ សញ្ជាតិអាមេរិក និងមានអាជីពជាតារាម៉ូដែល តារាចម្រៀង តួសម្តែងភាពយន្ត ផលិតករភាពយន្ត ផលិតករទូរទស្សន៍ និងអ្នករាំដ៏ល្បីឈ្មោះ។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Primetime Emmy សម្រាប់តួឯកស្រីឆ្នើមក្នុងរឿងភាគ ក្នុងឆ្នាំ2020 និងឆ្នាំ2022 សម្រាប់ Euphoria។
    • ពានរង្វាន់ CFDA Fashion Icon Award 2021។
    • ពានរង្វាន់ Golden Globe សម្រាប់ការសម្តែងល្អបំផុតដោយតួសម្តែងក្នុងរឿងភាគទូរទស្សន៍ – រឿង 2023 Euphoria។
    • ពានរង្វាន់ MTV Movie & TV សម្រាប់ការសម្តែងល្អបំផុតនៅក្នុងកម្មវិធីឆ្នាំ2022 Euphoria។
    • ពានរង្វាន់តារាភាពយន្តវ័យក្មេង ដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេប្រចាំឆ្នាំ2018 និងឆ្នាំ 2022។
    1. Bella Hadid

    Bella Hadid កើតនៅថ្ងៃទី09 ខែតុលា ឆ្នាំ1996 នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិកមានកម្ពស់ 5ហ្វីត 9អ៊ីង (1.75ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាម៉ូដែលដ៏ល្បីឈ្មោះ។

    ពានរង្វាន់ និងសមិទ្ធិផល

    • នៅខែមីនា ឆ្នាំ2016 Hadid បានឈ្នះពានរង្វាន់ “ម៉ូដែលប្រចាំឆ្នាំ” នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Fashion Front Row នៅទីក្រុង Los Angeles។
    • នៅខែមិថុនា ឆ្នាំ2016 Hadid បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមតារាម៉ូដែលកំពូលទាំង50រូបរបស់ Models.com។
    • ក្នុងខែកញ្ញា នាងបានឈ្នះពានរង្វាន់ “ម៉ូដែលប្រចាំឆ្នាំ” នៅក្នុងកម្មវិធី GQ Men of the Year Awards នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
    • នៅក្នុងខែធ្នូ Models.com បានតែងតាំង Hadid សម្រាប់ពានរង្វាន់ជម្រើសរបស់អ្នកអានសម្រាប់ “ម៉ូដែលប្រចាំឆ្នាំ” និងជា “តារាប្រព័ន្ធផ្សព្វផ្សាយសង្គមប្រចាំឆ្នាំ”។
    1. Beyonce

    Beyonce នាងកើតនៅថ្ងៃទី04 ខែកញ្ញា ឆ្នាំ1981 នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 6អ៊ីង (1.68ម៉ែត្រ) សញ្ជាតិអាមេរិក ហើយនាងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាអ្នកជំនួញជនជាតិអាមេរិក។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពានរង្វាន់ Grammy ជាច្រើន រួមទាំងអាល់ប៊ុម R&B សហសម័យល្អបំផុត និងវីដេអូតន្ត្រីល្អបំផុត។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់ MTV Video Music Awards។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់រូបភាព NAACP។
    • និងពានរង្វាន់អូស្ការ សម្រាប់បទចម្រៀងដើមល្អបំផុត។

    អានរឿង៖ បុរសសង្ហាបំផុតទាំង10 នៅលើពិភពលោក ក្នុងឆ្នាំ2024

    1. Ariana Grande

    នាងកើតនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ1993 នៅទីក្រុង Boca Raton រដ្ឋ Florida សហរដ្ឋអាមេរិក មានកម្ពស់ 5ហ្វីត 3អ៊ីង (1.61ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពានរង្វាន់ Grammy រួមទាំងអាល់ប៊ុមចម្រៀងប៉ុបល្អបំផុត និងការសម្តែងទោលល្អបំផុត។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់តន្ត្រីវីដេអូ MTV។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់ Brit។
    1. Taylor Swift

    ចំណាត់ថ្នាក់ស្រីស្អាតទី6បានទៅលើតារាចម្រៀងស្រីដ៏ល្បីឈ្មោះមិនចេះរីងស្ងួត Taylor Swift នាងកើតនៅថ្ងៃទី13 ខែធ្នូ ឆ្នាំ1989 នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 10អ៊ីង (1.78ម៉ែត្រ) សញ្ជាតិអាមេរិក និងមានអាជីពជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែង។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ Grammy ជាច្រើន។
    • ពានរង្វាន់តន្ត្រីអាមេរិក។
    • ពានរង្វាន់តន្ត្រី Billboard។
    • ពានរង្វាន់សមាគមតន្ត្រីប្រទេស។
    • និងពានរង្វាន់តន្ត្រីវីដេអូ MTV ផងដែរ។
    1. Jourdan Dunn

    ស្រីស្អាត Jourdan Dunn នាងកើតនៅថ្ងៃទី03 ខែសីហា ឆ្នាំ1990 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នាងមានកម្ពស់ 5ហ្វីត 10អ៊ីង (1.78ម៉ែត្រ) សញ្ជាតិអង់គ្លេស ហើយ Jourdan Dunn មានអាជីពជាតារាម៉ូដែលជនជាតិអង់គ្លេស ដែលល្បីល្បាញដោយសារការងាររបស់នាងនៅក្នុងឧស្សាហកម្មបង្ហាញម៉ូដ។ នាង​បាន​ដើរ​លើ​កម្រាលព្រំពណ៌ក្រហម​សម្រាប់​អ្នក​ច្នៃ​ម៉ូដល្បីៗ និង​ម៉ាក​ល្បីៗ​ជា​ច្រើន ហើយ​បាន​បង្ហាញ​ខ្លួននៅ​ក្នុង​ទស្សនាវដ្ដី​ម៉ូដ​ល្បី​ៗ​ជា​ច្រើនថែម​ទៀតផង។

    ពានរង្វាន់ និងសមិទ្ធិផល

    • ឆ្នាំ2008 នាងទទួលបានពានរង្វាន់ម៉ូដសម្លៀកបំពាក់អង់គ្លេសសម្រាប់តារាម៉ូដែលប្រចាំឆ្នាំ។
    • នៅឆ្នាំ2013 ទទួលបានពាន Harper’s Bazaar Women of the Year- ម៉ូដែលប្រចាំឆ្នាំ។
    • ឆ្នាំ2015 ទទួលបានពានរង្វាន់បំផុសគំនិត Glamour Women of the Year។
    • ឆ្នាំ2015 ទទួលបានពានរង្វាន់ម៉ូដែលប្រចាំឆ្នាំសម្រាប់ម៉ូដសម្លៀកបំពាក់អង់គ្លេស។
    • ឆ្នាំ2016 ទទួលបានពានរង្វាន់ Elle Style – Style Influencer of the Year។
    • និងឆ្នាំ2017 នាងក៏ទទួលបានពានរង្វាន់ Glamour Women of the Year និង Entrepreneur of the Year ផងដែរ។
    1. Kim Kardashian

    Kim Kardashian ស្រីស្អាតបំផុតទី8 ប្រចាំឆ្នាំ2024 នាងបានកើតនៅថ្ងៃទី21 ខែតុលា ឆ្នាំ1980នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក នាងមានកម្ពស់ 5ហ្វីត 2អ៊ីង (1.57ម៉ែត្រ) មានសញ្ជាតិអាមេរិក។ Kim Kardashian គឺជាពិធីការិនីទូរទស្សន៍ អ្នកជំនួញ និងអ្នកសង្គមវិទ្យា ហើយនាងក៏​មាន​ជំនួញ​ផ្សេង​ៗ រួម​ទាំង​ជំនួញ​គ្រឿង​សម្អាង និង​គ្រឿង​ក្រអូប​ផ្ទាល់​ខ្លួនរបស់នាងផងដែរ។

    ពានរង្វាន់ និងសមិទ្ធិផល

    • ពាន​រង្វាន់​ជម្រើស​យុវវ័យ​សម្រាប់​ជម្រើស​ទូរទស្សន៍​នារី​ Reality Star ឆ្នាំ2013 ឆ្នាំ2012 និងឆ្នាំ2011។
    • ពានរង្វាន់ Glamour សម្រាប់សហគ្រិនឆ្នាំ2011។
    • ពានរង្វាន់ជម្រើសប្រជាជនសម្រាប់រូបតំណាងម៉ូដឆ្នាំ2021។
    • ពានរង្វាន់ជម្រើសប្រជាជនសម្រាប់តារាទូរទស្សន៍ដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ2012។
    • ពានរង្វាន់ CFDA Influencer Award ឆ្នាំ2018។
    • ពានរង្វាន់ MTV Movie & TV សម្រាប់ការប្រកួតល្អបំផុត-ល-។
    1. Deepika Padukone

    Deepika Padukone កើតនៅថ្ងៃទី05 ខែ​មករា ​ឆ្នាំ1986 នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក នាងមានកម្ពស់ 5ហ្វីត 9អ៊ីង (1.74ម៉ែត្រ) មានសញ្ជាតិឥណ្ឌា ហើយស្រីស្រស់ Deepika Padukone គឺជាតារាសម្តែង និងជាផលិតករជនជាតិឥណ្ឌា។ នាង​ជា​តារា​សម្ដែង​ដែល​មាន​ប្រជាប្រិយ​ភាព​បំផុត​ និងជាតារា​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា។

    ពានរង្វាន់ និងសមិទ្ធិផល

    • នាងទទួលបានពានរង្វាន់ភាពយន្តជាច្រើន រួមទាំងជាប់ជាស្ត្រីឆ្នើម និងជាតារាសម្ដែងឆ្នើមផងដែរ។
    • ពានរង្វាន់ភាពយន្តជាតិសម្រាប់តារាសម្តែងឆ្នើម។
    • ពានរង្វាន់ International Indian Film Academy (IIFA) ជាច្រើន។
    • Padma Shri ពានរង្វាន់ស៊ីវិលខ្ពស់បំផុតទីបួនរបស់ប្រទេសឥណ្ឌា។
    • និងជាប់ក្នុងចំណោម100នាក់ ជាបុគ្គលឆ្នើម និងមានឥទ្ធិពលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ2018។
    1. Ho Yeon Jung

    ស្រីស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំ2024 ចុងក្រោយបានទៅលើ Ho Yeon Jung នាងកើតនៅថ្ងៃទី22 ខែ មេសា ឆ្នាំ1994 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាងមានកម្ពស់ 5ហ្វីត 8អ៊ីង (1.73ម៉ែត្រ) សញ្ជាតិកូរ៉េខាងត្បូង ហើយ Ho Yeon Jung គឺជាតារាសម្ដែង និងជាតារាម៉ូដែលកូរ៉េខាងត្បូងដ៏ល្បីល្បាញ។

    ពានរង្វាន់ និងសមិទ្ធិផល

    • Ho Yeon Jung ទទួលបានពានរង្វាន់ Blue Dragon Series Awards ឆ្នាំ2022 សម្រាប់តារាសម្តែងថ្មីល្អបំផុត។
    • ពានរង្វាន់ Super Awards 2022 របស់ Critics’ Choice សម្រាប់តួសម្តែងល្អបំផុតនៅក្នុងរឿងភាព។
    • ពានរង្វាន់ Director’s Cut Awards 2022 សម្រាប់តារាស្រីឆ្នើមក្នុងរឿងភាគ។

    ស្រស់ស្អាតអត់អ្នកទាំងអស់គ្នា សម្រាប់តារាស្រីស្រស់សោភាបំផុតលើពិភពលោកប្រចាំឆ្នាំ2024 ទាំង10រូបខាងលើនេះ? តើលោកអ្នកស្រឡាញ់ និងគាំទ្រស្រស់ស្រស់រូបណាជាងគេដែរ? នៅក្នុងចំណោមម្ចាស់ជ័យលាភីទាំង10រូបនេះក៏មាន Idol របស់អ្នកសរសេរដែរ ស្អាត ឆ្លាត និងភេញដោយសមត្ថភាព ពិតជាគួរឱ្យស្ញើចសរសើរពិតមែន!៕

  • គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលផ្អែមល្ហែមបំផុតក្នុងឆ្នាំ២០២៤

    គូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលផ្អែមល្ហែមបំផុតក្នុងឆ្នាំ២០២៤

    រឿង​ស្នេហាផ្អែមល្ហែមដូចទឹកឃ្មុំ​មិន​មែនមានតែ​នៅក្នុងសាច់រឿងដែលគេចាក់​បញ្ចាំងនៅក្នុងកញ្ចក់ទូរទស្សន៍នោះ​ទេ នៅក្នុងជីវិតពិតក៏មានដែរ ដូចជា​តារា​ថៃ​ជា​ច្រើនគូដែលពួកគេបានរកឃើញដៃគូដ៏ស័ក្តិសម និងស្មោះស្ម័គ្ររបស់ពួកគេ ហើយជីវិតស្នេហារបស់ពួកគេកំពុងតែបញ្ចេញពន្លឺពណ៌ស៊ីជំពូយ៉ាងភ្លឺចិញ្ចាច គឺថាពួកគេស្រឡាញ់គ្នាយ៉ាងស្អិតរមួតនៅ​ក្នុង​ជីវិត​ពិតរបស់ពួកគេ តួយ៉ាងដូចជាគូស្នេហ៍ទាំង៩គូនេះចឹង សេ្នហារបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អ និងផ្អែមល្ហែមឡើងរហូតធ្វើឱ្យទស្សនិកជន ក៏ដូចជា Fans Fans ទាំងអស់នឹកច្រណែនពួកគេជាខ្លាំង។ សូមក្រឡេកមកមើលមើល៎គូស្នេហ៍គំរូប្រចាំឆ្នាំ២០២៤បានទៅគូណាខ្លះ ហើយរឿងរ៉ាវស្នេហារបស់ពួកគេដូចម្តេចដែរ បានជាអាចឆក់យកបេះដូងអ្នកគាំទ្រខ្លាំងដល់ថ្នាក់នេះ។

    គូស្នេហ៍ទី១. Nadech Kugimiya និង Yaya Urassaya

    មិនចំឡែកចិត្តទេ ដែលគូស្នេហ៍ដំបូងគេដែលជាប់ឈ្មោះថាជាគូស្នេហ៍ដ៏ស័ក្តិសម និងផ្អែមល្ហែមមិនចេះចុះថយ និងបានឆក់យកបេះដូងអ្នកគាំទ្រប្រចាំឆ្នាំ២០២៤ ជាគូស្នេហ៍របស់តួឯកប្រុសរូបសង្ហា Nadech Kugimiya ជាមួយនិងតួឯកស្រីដ៏ល្បីឈ្មោះ Yaya Urassaya នោះ ព្រោះថាគូស្នេហ៍មួយគូនេះជាសំណព្វចិត្តរបស់ទស្សនិកជនទូទាំងប្រទេសថៃ និងប្រទេសនៅក្នុងតំបន់អាស៊ីនេះហើយ ហើយក៏ជាគូស្នេហ៍តារាល្បីដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យសិល្បៈថៃផងដែរ។ កាលពីឆ្នាំ២០២៣ Nadech បានស្នើសុំមិត្តស្រីរបស់ខ្លួនរៀបការរួចស្រេចហើយ ដោយរឿងនេះបានបំពេញនូវក្តីសុបិនរបស់អ្នកគាំទ្ររបស់ពួកគេពេញៗតែម្តង ព្រោះថាអ្នកគាំទ្រទាំងអស់ពិតជាចង់ឃើញ Idol ទាំង២របស់ពួកគេដើរចូលរោងការជាមួយគ្នាឆាប់ៗនេះ។ ស្រីស្រស់ Yaya ក៏បានបង្ហើបប្រាប់មកថា នាងមានគម្រោងរៀបការជាមួយ Nadech នៅក្នុងឆ្នាំ២០២៦ខាងមុខនេះហើយ ហើយនេះគឺជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ពួកគេទាំងពីរ។

    គូស្នេហ៍ទី២. Mark Prin និង Kimmy Kimberley

    រឿង​រ៉ាវស្នេហា​​របស់គូស្នេហ៍មួយគូនេះវិញគឺប្រៀបដូចជាផ្ការីកគ្រប់រដូវអីចឹង ដោយពួកគេទាំង២នាក់បានផ្តើមស្នេហ៍នៅលើ​កញ្ចក់​ទូរទស្សន៍​ នៅពេល​ពួក​គេ​បានសហការ​​ថត​រឿងភាគជាគូនឹងគ្នា​។ Mark Prin និង Kimmy Kimberley បាន​ចង​ចំណង​អាពាហ៍ពិពាហ៍នៅឯ​ប្រទេស​អ៊ីតាលីរួចរាល់ហើយកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ ដោយ​ពួកគេបានរៀបចំ​ពិធីរៀប​មង្គលការរបស់ពួកគេ​តាមបែបដូច​វេទមន្តអីចឹង ប្លែក ស៊ីវីល័យ និងស្រស់ស្អាតខ្លាំងណាស់។ តាមរយៈបទ​សម្ភាសន៍​ចុង​ក្រោយ​របស់​លោក Mark Prin ​លោកបាន​ប្រាប់ពីគម្រោងជីវិតគូរបស់ខ្លួន​ថា ពួកគេ​គ្រោង​នឹងយក​កូន​​នៅ២ឆ្នាំ​ខាង​មុខនេះ។

    គូស្នេហ៍ទី៣. James Jirayu និង Foam

    James Jirayu បានបង្កាត់ភ្លើង​ស្នេហ៍ដ៏សាមញ្ញ តែបង្កប់ដោយភាពរ៉ូមែនទិក​ជាមួយស្រីស្អាត​ Foam ដែល​មិន​មែនជា​តារា​ល្បីនៅក្នុងវិស័យសិល្បៈនោះទេ។ បន្ទាប់ពីមានទំនាក់ទំនងស្នេហា និងស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល១០ឆ្នាំ តារាសម្តែងរូបនេះបានស្នើសុំមិត្តស្រីរបស់គាត់រៀបការនៅចុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ ដែលអង្រួនចិត្តអ្នកគាំទ្រឱ្យរំភើបញាប់ញ័រជាមួយនឹងស្នេហាដ៏ស្មោះស្ម័គ្ររបស់អ្នកទាំង២មិនតិចនោះទេ។

    គូស្នេហ៍ទី៤. Tono Pakin និង Nychaa Nattanicha

    ស្នេហារបស់ Tono Pakin និង Nychaa Nuttanicha កើតឡើងពីភាពស្និតស្នាល និងយល់ចិត្តគ្នានៅពេលពួកគេបាន​ថត​រឿងជាមួយគ្នា ដែលសាច់រឿងផ្តើមស្នេហ៍របស់អ្នកទាំង២គឺជារឿង “កាមទេព ស៊ន កុល” ហើយពួកគេ​បានសាងទំនាក់ទំនងស្នេហាដ៏ស្អិតរមួតជាមួយ​គ្នានេះ​អស់​រយៈពេល៧ឆ្នាំ​មក​ហើយ ប៉ុន្តែកញ្ញារូបស្រស់ Nychaa បានបញ្ជាក់​ថា បច្ចុប្បន្ន​អ្នកទាំង២នៅ​មិន​ទាន់មាន​គម្រោង​រៀបការជាមួយគ្នានៅឡើយទេ។

    គូស្នេហ៍ទី៥. Mario Maurer និង Junji Junjira

    តួឯកប្រុសមុខក្មេងមិនចេះចាស់ Mario Maurer និងស្រីស្អាត Junji Junjira បានមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយពួកគេបានធ្វើការជាមួយគ្នាយ៉ាងរលូននៅក្នុងពិភពសិល្បៈ នៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយមមួយ ហើយពួកគេក៏ជាដៃគូពិភាក្សាដ៏ល្អសម្រាប់គ្នាផងដែរ ពួកគេទាំងពីរគឺជាគូស្នេហ៍ដ៏យល់ចិត្តគ្នា និងតែងតែជួយគាំទ្រគ្នាទៅវិញទៅមក។

    គូស្នេហ៍ទី៦. Will Chawin និង Bella Ranee

    អ្នកជំនួញវ័យក្មេង លោក Will Chawin និងតួឯកស្រីមុខស្រទន់មានមន្តស្នេហ៍ កញ្ញា Bella Ranee បានជួប​គ្នា​ពេល​ធ្វើ​ដំណើរ ដោយសាច់រឿងស្នេហារបស់អ្នកទាំងពីរប្រៀបដូចជារឿងនិទានស្នេហាដ៏សែនរ៉ូមែនទិកអីចឹង គឺរឿង ចៃដន្យជួបស្នេហ៍ ដែលតួប្រុសជួបជាមួយខាងស្រីដែលជាតារាល្បីឈ្មោះតែមិនស្គាល់ថានាងជាអ្នកណា ល្បីប៉ុណ្ណានោះទេ ហើយពួកគេក៏ចាប់ផ្តើមមានចិត្តលើគ្នា ចាប់អារម្មណ៍ចំពោះគ្នារហូតឈានដល់ការណាត់ជួប និងស្វែងយល់ចិត្តគ្នាបានមួយរយៈហើយ ហើយថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើដំណើរកម្សាន្តជាមួយបុរសសង្ហាជាគូស្នេហ៍ទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើបុណ្យជុំសាច់ញាតិបងប្អូនថែមទៀតផង គឺពិតជាស្វីតមែនទែនស្នេហាមួយគូនេះ។

    គូស្នេហ៍ទី៧. Alek Teeradetch និង Bow Maylada

    តួឯកប្រុសមុខមានមន្តស្នេហ៍ លោក Alek Teeradetch និងកញ្ញារូបស្រស់ Bow Maylada បានចាប់​ផ្ដើម​ទំនាក់​ទំនងស្នេហាជាមួយគ្នា​កាល​ពី​៣​ឆ្នាំ​មុន នៅពេលពួកគេបាន​ថត​វីដេអូ​ចម្រៀងជាគូនឹងគ្នា។ ភាពលេងសើចច្រើន ភាព​រីករាយ និងភាពក្រមិចក្រមើម​របស់​គូស្នេហ៍មួយគូនេះ បានធ្វើ​ឱ្យ​ពួក​គេ​ក្លាយទៅជា​គូស្នេហ៍​ដ៏​គួរ​ឱ្យ​ស្រឡាញ់ និងគួរឱ្យច្រណែនបំផុតនៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ​!

    គូស្នេហ៍ទី៨. Boy Pakorn និង Faye Pornpawee

    Boy Pakorn និង Faye Porhpawee បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា​អស់​រយៈពេល៣ឆ្នាំ​មក​ហើយ។នៅក្នុងបទសម្ភាសន៍ជាមួយ Faye កាលពីខែមេសាកន្លងទៅនេះ នាងបានប្រាប់ថា ពួកគេទាំងពីរនៅមិនទាន់មានគម្រោងរៀបការជាមួយគ្នានៅពេលនេះទេ ទោះជាស្នេហារបស់ពួកគេផ្អែមល្ហែមស្ទើស្រមោចរោមក៏ដោយ។

    គូស្នេហ៍ទី៩. Nonkul Chanon និង Aff Taksaorn

    គូស្នេហ៍មួយគូនេះបានជួបគ្នានៅក្នុងខ្សែភាពយន្តភាគដ៏ល្បីនាឆ្នាំ២០២៣ ដែលមានចំណងជើងថា “ស្វែងរកខ្លួនឯង”។ ថ្មីៗនេះ លោក Nonkul Chanon បានប្រកាសនៅក្នុងកិច្ចសម្ភាសន៍ចុងក្រោយរបស់លោកថា លោកគ្រោងនឹងរៀបការជាមួយ Aff Taksaorn ក្នុងរយៈពេល3ឆ្នាំខាងមុខនេះ បើទោះបីជាស្នេហារបស់ពួកគេមានវ័យខុសគ្នាខ្លាំងបន្តិចក៏ដោយ តែសំខាន់ពួកគេស្រឡាញ់គ្នា និងចង់នៅជាមួយគ្នាគ្រប់ពេលវេលា។

    ស្វីតអត់អ្នកទាំងអស់គ្នា ហើយចុះអ្នកអានយើងវិញ តើស្រឡាញ់ពេញចិត្តគូស្នេហ៍មួយគូណាជាងគេដែរ? អាច Comment និងស្រមៃចង់បានគូស្នេហ៍ដ៏ផ្អែមល្ហែមដូច Idol យើងទាំង៩គូនេះបានណា៎!៕

    អានបន្តគូស្នេហ៍តារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្រេចចិត្ត​ចែកផ្លូវ​គ្នាក្នុងឆ្នាំ២០២៤