Category: សុខភាព

  • អ្វីដែល​អ្នក​គួរ​ដឹង​ពី​ស្ពៃក្ដោប​ពណ៌​ស្វាយមុន​ជ្រើសរើស​ទទួលទាន

    អ្វីដែល​អ្នក​គួរ​ដឹង​ពី​ស្ពៃក្ដោប​ពណ៌​ស្វាយមុន​ជ្រើសរើស​ទទួលទាន

    ដឹង​ដែរឬទេ​ថា ស្ពៃក្ដោប​ពណ៌​ស្វាយ ឬ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Red Cabbage ដែលមាន​ពណ៌​ស្វាយ​ស្រស់ស្អាត​ទាក់ទាញ​គួរឱ្យ​ចង់​ទទួលទាន​នោះ មុននឹង​បរិភោគ អ្នក​គួរតែ​យល់ដឹង​ពី​វា​ឱ្យបាន​ច្បា​ស់សិន ដើម្បីឱ្យ​ល្អ​ចំពោះ​សុខភាព​របស់​អ្នក។ នៅពេល​អ្នក​ទទួលទាន​ស្ពៃ​ប្រភេទ​ជា​អាហារ​ឆៅ ស្រស់ ដូចជា សាលាដ ឬ​ញាំ​ជាដើម​នោះ អ្នក​គួរតែ​ជ្រាប​អំពី​គុណប្រយោជន៍​ជាច្រើន​របស់​ស្ពៃ​នេះ​ចំពោះ​រាងកាយ​របស់​អ្នក។ ថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​អត្ថប្រយោជន៍​របស់​ស្ពៃក្ដោប​ស្វា​យមក​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ដូចតទៅ។

    ដោយសារតែ​ស្ពៃក្ដោប​ពណ៌​ស្វាយ ជា​បន្លែ​ដែលមាន​សរសៃ​អាហារ​ក្នុង​បរិមា​ណ​ច្រើន​គួរសម និង​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​នៅក្នុង​អាហារ​ជាច្រើន​ប្រភេទ មិនថាតែ​ប្រូ​តេ​អី​ុ​ន កាបូ​អី​ុ​ដ្រា​ត សូ​ដ្យូ​ម និង​វីតាមីន C ផងដែរ។ ក្រៅពីការទទួល​ទាន​ស្ពៃក្ដោប​ស្វាយ​យ៉ាង​ទៀងទាត់ និង​ជួយ​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ពោះវៀន និង​ជួយ​ការពារ​​ជំងឺមហារីកផ្សេងៗទៀត ដែល​ជួយ​ឱ្យ​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ។ ម្យ៉ាងទៀត​វា​សម្បូរ​ទៅ​ដោយសារ​ធាតុដែក ដែលជា​សារធាតុ​សំខាន់បំផុត​ក្នុង​ការជំរុញ​ការបង្កើត​គោ​លិ​កា​ឈាម​នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង​ផងដែរ។

    ទោះជា​យ៉ាងណាក៏ដោយ ជា​រៀងរាល់ថ្ងៃ​យើងមិនគួរ​បរិភោគ​ស្ពៃ​ឆៅ​ច្រើនជាង1-2គីឡូក្រាម​នោះទេ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ដែល​ឱ្យ​ឈ្មោះថា Goitrogen មាននៅ​ក្នុង​ស្ពៃក្ដោប ហើយ​បណ្ដាលឱ្យ​សារធាតុ​នេះ​លើស​នៅក្នុង​រាងកាយ ដែល​បង្ក​ឱ្យ​សារជាតិ​អី​ុ​យ៉ូ​តទី​រ៉ូ​អី​ុ​ត​ដែល​នៅក្នុង​ឈាមមាន​សភាព​ថយចុះ ក៏ប៉ុន្ដែ​សារធាតុនេះ​នឹង​បាត់បង់​ទាំងស្រុង​នៅពេល​ស្ពៃក្ដោប​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ៕

  • វីតាមីន10មុខសម្រាប់​ស្ត្រី​គ្រប់រូប

    វីតាមីន10មុខសម្រាប់​ស្ត្រី​គ្រប់រូប

    អាហារ​ហូបចុក​ប្រចាំថ្ងៃ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ដូច្នេះ​ក្នុងនាម​ជា​អ្នក​ចាត់​ចែក​ចំណីអាហារ​ក្នុង​គ្រួសារ​អ្នក​គួរតែ​ជ្រើសរើស​អាហារ​ណា​ដែល​ល្អ​សម្រាប់​អ្នក និង​សមាជិក​គ្រប់គ្នា ទាំង​ចំពោះ​សុខភាព និង​សម្រស់។ វីតាមីន​សំខាន់​ណាស់​សម្រាប់​អ្នក ហើយ​វីតាមីន​ទាំង10ខាងក្រោម​នេះ​រឹតតែ​សំខាន់​ទៅទៀត ព្រោះ​វា​គឺជា​វីតាមីន​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ផ្គត់ផ្គង់​ទៅឱ្យ​រាងកាយ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បីឱ្យ​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ប្រកបដោយ​សុខភាព​ល្អ​ប្រពៃ និង​មាន​សម្រស់​ដ៏​ផូរផង់​ជាទី​ទាក់ទាញ​ចិត្ត។

    1-វីតាមីន A ៈ ផ្ទុក Antioxidant ដែល​ស្ត្រី​គ្រប់​វ័យ​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​សាងសង់ និង​ទ្រទ្រង់​ឆ្អឹង ធ្មេញ ស្បែកនិង​ភ្នាស​រំអិលជាដើម។ វីតាមីន A ក៏​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​សន្លាក់​រាំ​រ៉ៃជំនួយ​ភ្នែក និង​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​ផងដែរ។ អាហារ​ដែល​សម្បូរ​វីតាមីន A មានដូចជា ការ៉ុត ល្ពៅ ត្រសក់ Cantaloupe ប៉េងប៉ោះ ត្របែក ឪឡឹក ខាត់ណា​ខៀវ ល្ហុង ស្ពៃ ស៊ុត ថ្លើម ទឹកដោះគោ និង​ធញ្ញជាតិ​ជាដើម។

    2-វីតាមីន B2 ៈ ជា​វីតាមីន​ដែល​អាចជួយ​ឱ្យ​រាងកាយ​លូតលាស់​បានល្អ មាន​សុខ​ភាពល្អ និងផ្តល់​ថាមពល​ដល់​រាងកាយ។ ជួយ​ព​ង្រឹ​ក​ប្រព័ន្ធ​ភាពស៊ាំ បន្ថយ​ភាព​ហត់នឿយ ធុញថប់ និង​ស្ពឹក​ស្រពន់​ជាដើម។វត្តមាន​របស់​វីតាមីន B2 ជួយ​ការពារ​មិនឱ្យ​កើតមាន​បញ្ហា​ប្រេះ​បែក​បបូរមាត់ សក់​ស្ងួត ស្បែក​ជ្រួញ និង​រមាស់​ស្បែក​ជាដើម។ ប្រភេទ​អាហារ​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា Cheeseទឹកដោះគោ បន្លែ​បៃតង ស៊ុត ធញ្ញជាតិ សណ្តែកបាយ អាល់​ម៉ុ​ន និង​ផ្សិត​ជាដើម។

    3-វីតាមីន B6 ៈ បន្ថែម​ការចងចាំ កាត់បន្ថយ​ជំងឺ​បេះដូង អស់កម្លាំង ជំនួយ​ខួរក្បាល សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​អាការ​ចាញ់កូន និង​ការពារ​ជំងឺ​ខ្វះ​ឈាម។ចេក សាច់ ផ្លែ​ប៊័រ សណ្តែក ត្រី គ្រាប់​ធញ្ញជាតិ គឺជា​អាហារ​ដែលមាន​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​ច្រើនជាងគេ។

    4-វីតាមីន B7 ៈ វីតាមីន​ប្រភេទ​នេះ​ត្រូវការ ដើម្បី​ភាព​រីកលូតលាស់​នៃ​កោសិកា​ស្បែក និង​ការ​សំយោគ​របស់​អាស៊ីត​ខ្លាញ់។ វា​ជួយ​រក្សា​សំណើម​ឱ្យ​សក់ និង​ស្បែក ជួយ​ជុំរុញ​ការលូតលាស់​នៃ​សក់ ព្យាបាល​បញ្ហា​ក្រចក​ឆាប់​បាក់។ វីតាមីនB7 ក៏​ជា​តម្រូវការ​សម្រាប់​ការលូតលាស់​នៃ​ឆ្អឹង និង​ជួយ​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ផងដែរ។ អាហារ​មួយចំនួន​ដែល​សម្បូរ​វីតាមីន​ប្រភេទ​នេះ​មានដូចជា ត្រី ដំឡូងជ្វា អាល់​ម៉ុ​ន ការ៉ុត ចេក ផ្លែឈើ​ពណ៌​លឿង បន្លែ​បៃតង សណ្តែក ទឹកដោះគោ យ៉ា-​អួរ និង​ម្ទេស…។

    5-វីតាមីន B9 ៈ សំខាន់​ណាស់​សម្រាប់​ស្ត្រី​យើង ព្រោះ​វា​ជួយ​ការពារ​ជំងឺ​បេះដូង សំពោ​ធ​ឈាម​ឡើង​ខ្ពស់ Alzheimer អស់កម្លាំង មហារីក និង​ការចងចាំ​ថយចុះ​ជាដើម។ក្រៅពីនោះ​វា​ជួយ​ដល់​សុខភាព​ខួរក្បាល ព្រមទាំង​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​
    ផងដែរ។ B9 មាននៅ​ក្នុង​អាហារ​មួយចំនួន​ដូចជា បន្លែ​បៃតង ទឹកក្រូច ត្រសក់ស្រូវ ស្ត្រូ​ប៊ឺ​រី ស៊ុត និង​សណ្តែក…។

    6-វីតាមីន B12 ៈ វីតាមីន​ផ្សេងទៀត​ដែល​ស្ត្រី​គួរ​ទទួលទាន​គឺ B12 ដែលមាន​សារសំខាន់​ក្នុង​ការជួយ​បំ​លែង​អាហារសំយោគ​ប្រូ​តេ​អី​ុ​ន។ វីតាមីន​នេះ​ជួយ​ដល់​បេះដូងនិង​ខួរក្បាល​មិនឱ្យ​កើតមាន​បញ្ហា​ខ្វះ​ឈាម។ អាច​រកបាន​នៅក្នុងត្រី សាច់ ទឹកដោះគោ ស៊ុត និង​យ៉ា​អួជាដើម។

    7-វីតាមីន E ៈ សំខាន់​សម្រាប់​ស្បែក សក់ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ វា​មាននៅ​ក្នុងស្ពៃ ប្រេង​ពោត ប្រេង​អូ​លីវ គ្រាប់​ផ្កាឈូករ័ត្ន ស៊ុត និង​ត្រសក់…។

    8-វីតាមីន C ៈ ជួយ​បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺមហារីក ជួយ​បង្កើត​កោសិកា​ឈាមក្រហម ព​ង្រឹ​ក​ប្រព័ន្ធ​ការពារ បង្កើត​សមត្ថភាព​ក្នុងការ​ព្យាបាល​រាងកាយ។ ខាត់ណា​ខៀវ ក្រូចថ្លុង គី​វី ក្រូច ត្របែក ដំឡូងបារាំង ប៉េងប៉ោះ និង​ស្ត្រូ​ប៊ឺ​រី … សុទ្ធតែជា​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន C។

    9-វីតាមីន D ៈ គឺជា​ភ្នាក់ងារ​បឺត​ស្រូប​កាល់ស្យូម ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹង​ឆ្អឹង​ឱ្យ​រឹងមាំ និង​គុណប្រយោជន៍​ជាច្រើន​ទៀត។ ខ្លាញ់ត្រី ទឹកដោះគោ ថ្លើម និង​ស៊ុត… ជា​អាហារ​ដែលមាន​វីតាមីន​ប្រភេទ​នេះ​ខ្ពស់​ជាងគេ។

    10-វីតាមីន K ៈ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ឆ្អឹង សម្រួល​ឈាម បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង និង​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ។ សម្បូរ​នៅក្នុង ស្ពៃក្តោប ត្រសក់ ម្ទេសចេក ប៉េងប៉ោះ ប្រេងសណ្តែក និង​ខ្លាញ់ត្រី….។

    នៅពេលដែល​រាងកាយ​របស់​អ្នកមាន​វីតាមីនទាំង10ប្រភេទ​នេះ​គ្រប់គ្រាន់​ហើយ​នោះ ធានាថារាងកាយ​របស់​អ្នក​ពិតជា​ប្រកបដោយ​សុខភាព​ល្អ និង​មាន​សម្រស់​ស្រស់ស្អាត​ជាមិនខាន៕

  • ស្វែងយល់​ពី​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ឬ​យោ​គៈ

    ស្វែងយល់​ពី​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ឬ​យោ​គៈ

    យូ​ហ្គា ឬ​យោ​គៈ ត្រូវបាន​គេ​ស្គាល់​ថា ជាការ​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​មាន​ប្រយោជន៍​យ៉ាង​លើសលប់​ចំពោះ​សុខភាព​រាងកាយ ផ្លូវចិត្ត ស្មារតី ជាពិសេស​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ព្យាយាម​ជំងឺផ្លូវចិត្ត​បាន​យ៉ាង​ប្រសើរ ហើយក៏​កំពុងមាន​ប្រជាប្រិយភាព​នាពេល​បច្ចុប្បន្ននេះ​ផងដែរ ដែល​សូម្បីតែ​ក្រសួងទេសចរណ៍ ក៏មាន​បំណង​បង្កើត​ទីតាំង​សម្រាប់​ហាត់ប្រាណ​បែប​យូ​ហ្គា​នេះ​នៅតាម​បណ្តា​តំបន់​ទេសចរណ៍​នានា​ថែម​ទៀតផង។ តើ​ប្រិយមិត្ត​អ្នកអាន​ធ្លាប់បាន​ជ្រាប​ទេ​ថា យូ​ហ្គា ឬ​យោ​គៈ នេះ​មាន​ប្រភព​មក​ណា អ្នកណា​ជា​អ្នក​រកឃើញ និង​បង្កើតឡើង ហើយ​គួរ​ហាត់​បែបណា នៅ​កន្លែង​ណា ទើប​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព? សូម​តាមដាន​លម្អិត​ជាមួយ​អត្ថបទ​នៅ​ខាងក្រោម​នេះ ក្រោម​ការបកស្រាយ​បញ្ជាក់​ពី​សំណាក់​អ្នកជំនាញ ដែលជា​គ្រូបង្ហាត់​នៅ អាសា​ហា ហ្វោ​នដេ​សិន (Azahar Foundation-Phnom Penh) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ 39 ផ្លូវ 21 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រា​ធានី​ភ្នំពេញ។

    1 និយមន័យ យោ​គៈ
    បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បានអោយដឹងថា យោ​គៈ គឺជា​សាលា​មួយ​ដែល​គេ​សិក្សា​ពី​ទស្សនៈ​របស់ឥណ្ឌា ចាប់តាំងពី​សហ​វត្ស​ទី3មុន គ.ស។ ចំណែក​ពាក្យ​ថា “យូ​ហ្គា” មកពី​ភាសាសំស្ក្រឹត​បុរាណ​មួយ​ដែល​មានន័យថា ​ការផ្សារភ្ជាប់​គ្នារវាងបេះដូង​ ចិត្ត​
    និង​វិញ្ញាណ។ សម្រាប់​​ការហាត់​ប្រាណ​តាមបែប​យោ​គៈ គឺជា​ការបង្កើត​ទំនាក់ទំនង​រវាង​ផ្នែក​រាងកាយ​ទៅនឹង​ផ្នែក​ខាងក្នុង​របស់​យើង។ ក្នុងន័យ​មួយទៀត​បាន​លើក​ឡើង​ថា យោ​គៈ គឺជា​ការបង្កើតឱ្យមាន​ទំនាក់ទំនង​រវាង​ខ្លួន​យើងទៅនឹង​ធម្មជាតិ ឫម​ជ្ឈដ្ឋា​ន​ដែល​នៅ​ជុំវិញខ្លួន​របស់​យើង។ការអនុវត្ត​លំ​ហាត់ប្រាណ យោ​គៈ ប្រៀបបាន​ទៅនឹង​ការដាក់វិន័យ​សម្រាប់​រា​ង​កាយ​របស់​យើងតាម​វិធីសាស្ត្រ និង​បច្ចេកទេសផ្សេងៗគ្នា។ ដោយឡែក​សម្រាប់​បច្ចេក​ទេស​ទាំងនោះ រួមមាន​ការប្រើ​ឥរិយាបថ​នៃ​រាងកាយ ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះថា អាសា​ណា (ASANAS) និង​ការប្រើប្រាស់​ចលនា​ដង្ហើម ការធ្វើ​សមាធិ ការ​​សម្រាក​រាងកាយ ចិត្ត ត្រូវបាន​គេ​ប្រើជា​មួយ​ក្បាច់ ប្រា​ណា​យា​ម៉ា (Pranayama)។ ក្នុងន័យ​ម្យ៉ាងទៀតការធ្វើ​លំ​ហាត់ប្រាណ យោ​គៈ គឺជា​វិធីសាស្ត្រ​មួយ​ដែល​ប្រាប់​ឱ្យ​យើង​បាន​ស្គាល់​ច្បាស់​ពី​ខ្លួនឯង ដោយ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយចំនួន​ដូចជា តើ​ខ្ញុំ​ជា​នរណា? ខ្ញុំ​មកពីណា? តើ​ខ្ញុំ​នឹង​ទៅ​ទីណា? តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី? ក្នុងន័យនេះ​យើង​អាច​យល់បាន​ថា ការអនុវត្ត​យោ​គៈ គឺជា​ការឱ្យ​យើង​បាន​ចងចាំ​ពី​ខ្លួន​យើង​ឡើងវិញ។

    2 ផលប្រយោជន៍ខាង​រាងកាយ ​និងសីលធម៌
    ពិតណាស់​ការធ្វើ​លំ​ហាត់ប្រាណតាមបែប​យោ​គៈ វា​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។ យោ​គៈ គឺជា​វ៉ិ​ច​ទ័​រ​ដ៏​ល្អ​នៃ​ការតាមដាន​លើ​សុខុមាលភាព។ ការអនុវត្ត​របស់​វា​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ទាំង​ផ្នែក​រាងកាយ​ និង​បញ្ញា​ស្មារតី វា​អាចជួយ​សម្រួល​ដល់​ប្រភេទផ្សេងៗនៃ​ជំងឺ​ដូចជា ​ជំងឺលើសឈាម ​បញ្ហា​ផ្លូវដង្ហើម ​ជំងឺ​ផ្លូវដង្ហើម​ ឈឺក្បាល​ប្រកាំង​ ឈឺ​ខ្នង​ ធ្លាក់ទឹក​ចិត្ត​ និងថប់​បារម្ភជាដើម។ នៅពេលដែល​យើង​អនុវត្ត​យោ​គៈ វា​មានន័យថា យើង​បង្កើតឱ្យមាន​គំនិត​ប្រាជ្ញា​ល្អ ភាព​រីករាយ និង​មេត្តាធម៌ពិតប្រាកដ។

    3 អំពី អាសា​ហា ហ្វោ​ន​ដេ​សិន
    អាសា​ហា ហ្វោ​ន​ដេ​សិន បានចាប់ផ្តើមការងារ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2008 ដែលមាន​លោកស្រី យូ​ហ្គេ​ស​ស្វា​រី (Yogeswari) ជា​ស្ថាបនិក។ សកម្មភាព​របស់ អាសា​ហា ហ្វោ​ន​ដេ​សិន ដំបូង គឺ​បានធ្វើ​ការបង្ហាត់​យោ​គៈ​ដល់​ក្មេង​នៅ​មណ្ឌល​កុមារកំព្រា។ ក្រោយមក​ដោយ​សង្កេតឃើញ​ថា ក្មេងៗនៅ​ទីនោះ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការហាត់​យោ​គៈនេះ ដូច្នេះលោកស្រី យូ​ហ្គេ​ស​ស្វា​រី (Yogeswari) ក៏បាន​សម្រេច​ចិត្ត​បង្កើត​អង្គការ​នេះ​ឡើង ​ដើម្បី​បង្កើតឱ្យមាន​កន្លែង​សម្រាប់​ហាត់​យោ​គៈ និង​សមាធិ។ បច្ចុប្បន្ននេះអាសា​ហា ហ្វោ​ន​ដេ​សិន ​បាន​ផ្តោតលើ​ការរួមចំណែក​ក្នុង​ការកសាង​សន្តិភាព​តាមរយៈយោ​គៈ​រួមមាន​កម្មវិធី​មួយចំនួន​ដូចជា ថ្នាក់​យោ​គៈ ថ្នាក់​សិក្សា​សន្តិភាព​រយៈពេល8ខែ​ និង​ការចុះ​កម្ម​សិក្សា កម្មវិធី​បោះជំរុំ​សន្តិភាព​ដែលមាន​គ្រូ​យោ​គៈ
    ជា​ជនជាតិខ្មែរ មាន​វិញ្ញាបនបត្រ ជំនាញ​ផ្នែកយោ​គៈ​យ៉ាង​ត្រឹមត្រូវ។

    4 ថ្នាក់​យោ​គៈជា​មួយ អាសា​ហា ហ្វោ​ន​ដេ​សិន
    គ្រូបង្រៀន​យោ​គៈរបស់ ​អាសា​ហា ហ្វោ​ន​ដេ​សិន ​ផ្តល់នូវ​ថ្នាក់​យោ​គៈ ដោយ​អម​ជាមួយ​តន្ត្រី​ស្មូត​ និង​ជួយ​ដល់​សិស្ស។ ជា​រៀងរាល់ថ្ងៃ​ការ​អនុវត្ត​​មាន​លក្ខណៈខុសៗគ្នា​ និង​ប្រកបដោយ​ការច្នៃប្រឌិត ​ដូច្នេះ​វា​បានធ្វើឱ្យ​អ្នកហាត់មិន​ធុញទ្រាន់ ហើយ​មាន​ភាព​រីករាយ​ពីមួយពេល​ទៅមួយ​ពេល​ថែមទៀតផង។ នៅពេល​ចាប់ផ្តើម​ថ្នាក់នីមួយៗ គ្រូបង្រៀន​នឹង​សួរ​សិស្សប្រាប់​ឱ្យ​បិទ​ភ្នែក​ដើម្បី​ធ្វើឱ្យ​ចិត្តស្ងប់។ បន្ទាប់មក​គ្រូបង្រៀន​នឹង​ចាប់ផ្តើម​យឺតៗ ដើម្បី​ឱ្យបានកម្ដៅ​ខ្លួនប្រាណ​តាមរយៈអាស៊ីត​ដែល​បញ្ចេញ​មក​នៅពេលដែល​យើង​ធ្វើ​ចលនា​ដង្ហើម។ មួយ​ថ្នាក់​មាន​រយៈពេល1ម៉ោង​ ឬ1ម៉ោង 15នាទី ​ដែលអាស្រ័យ​លើ​ថ្នាក់ និង​បែបបទ​នៃ​លំ​ហាត់ប្រាណ។តាមរយៈ​ការធ្វើ​ចលនា​រាងកាយ វា​បាន​ជួយ​ឱ្យ​សាច់ដុំ​ និង​បញ្ញា​ស្មារតី​ដំណើរការ​ល្អប្រសើរ​ជាង​មុន។

    យោ​គៈ អាច​ហាត់​បានគ្រប់ៗគ្នា​ ទាំង​ក្មេងចាស់ ប្រុស ស្រី ដោយ​មិន​ប្រកាន់​នៃ​ភាពរស់រវើក​របស់​រា​ង​កាយ​ឡើយ។ នៅ​ស្ទី​ឌី​យោយោ​គៈរ​បស់ អាសា​ហា ហ្វោ​ន​ដេ​សិន មាន​ផ្តល់នូវ​ឧបករណ៍​ជំនួយ​ក្នុងពេល​ហាត់ ដើម្បី​ធានា​នូវ​គុណភាព​លំ​ហាត់ប្រាណ​ដល់​អ្នកហាត់។ អាសា​ហា ហ្វោ​ន​ដេ​សិន មានការ​បង្ហាត់យោ​គៈ សម្រាប់​គ្រប់​កម្រិត ​ទាំង​អ្នក​មិន​ធ្លាប់បាន​អនុវត្ត អ្នក​ធ្លាប់​ហាត់​បានខ្លះៗ និង​អ្នក​ដែលមាន​កំរិត​ខ្ពស់។

    សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន អាសា​ហា ហ្វោ​ន​ដេ​សិន​ មាន​សាខា​ចំនួន2 ដោយ​សាខា​ទី1ស្ថិត​ផ្ទះ​លេខ 39 ផ្លូវ 21 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ សាខា​ទី2 ស្ថិតនៅ​ផ្ទះ​លេខ 628 ផ្លូវ​ហាប់​ហ្គ​ន់ ភូមិ​កណ្តាល ក្រុង​សៀមរាប​ ឬ​អាចទាក់ទង​តាមរយៈ E-mail: [email protected] ឬ ​face-book: Azahar Foundation-Phnom Penh៕

  • បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    បុរសៗដឹង​ឬទេគ្រាន់តែ​ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ?

    វិធីងាយៗ ដែល​ធ្វើឱ្យ​បុរស​យើង​មាន​ស្បែក​ពោះ​ស្អាត មាន​សាច់ដុំ​ពោះ6កង់​ដោយ​វិធីងាយៗបំផុត ព្រោះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន បានដឹងថា បុរស​មួយចំនួន​ធ្វើ​ការងារ​នឿយហត់ មិនសូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ការហាត់​ប្រាណ​ប៉​ន្មា​ន​ទេ។ ដូច្នេះ​គ្រាន់តែ​ដកដង្ហើម​ក៏​អ្នក​អាចមាន​សាច់ដុំ​ពោះ6កង់​បានដែរ គ្រាន់តែ​ធ្វើតាម​វិធី​ខាងក្រោម​នេះ​តែប៉ុណ្ណោះ។

    ពិតប្រាកដ​ណាស់ បច្ចុប្បន្ននេះ​គឺមាន​ភាព​សំខាន់​ខ្លាំង​ដែលបុរសៗគួរ​យកចិត្តទុកដាក់​ទាក់ទង​នឹង​សុខភាព​រាងកាយ​របស់​ខ្លួន ព្រោះ​ក្រៅពី​បានទទួល​នូវ​សុខភាព​រាងកាយ​រឹងមាំ​ហើយ ភាព​មាន​ទំនុកចិត្ត​ក៏​មក​តាម​ជាមួយ​ផងដែរ។ ប្រសិនបើ​រាងកាយ​ស្រស់​សង្ហា ការ​ហុច​ផល​តប​មកវិញ​នោះ​គឺ មន្ត​ស្នេហ៍​ដែល​ទាក់ទាញ​ចំពោះនារីៗនៅ​ជុំវិញខ្លួន ដូច្នេះ​ការហាត់​ប្រាណ​ខ្ជាប់ខ្ជួន និង​ការ​ទទួលទាន​អាហារ​ដ៏​ត្រឹមត្រូវ គឺជា​រឿង​សំខាន់ ក៏​ប៉ុន្ដែគន្លឹះ​មួយទៀត​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺ ការធ្វើ​លំ​ហាត់​ដង្ហើម។

    ដកដង្ហើម​ក៏​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ6កង់​បានដែរ! បុរស​ជាច្រើន​ប្រហែលជា​ឆ្ងល់​ហើយ​ថា វា​ពិតជា​អាចជួយ​បាន​មែន​ឬទេ? គ្រាន់តែ​ដកដង្ហើម​នេះ នឹង​ជួយ​ឱ្យមាន​សាច់ដុំ​ពោះ​បាន?ដូច្នេះ​យើង​សូម​ជម្រាប​តែម្ដង​ថា វា​ពិតជា​បាន​ផល​ពិតមែន ព្រោះ​ការដកដង្ហើម​ឱ្យជ្រៅៗ និងវែងៗវា​ជួយ​ឱ្យ​រាងកាយ​នាំយក​នូវ​អុកស៊ីហ៊ែ្សន​ចូលទៅក្នុង​រាងកាយ​បាន​គ្រប់គ្រាន់ ព្រមទាំង​ជួយ​កម្ចាត់កាបូនឌីអុកស៊ីត​បាន​យ៉ាង​ប្រសើរ ហើយ​វា​បាន​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​រំញោច​ប​ញ្ជេ​ញ​នូវ​កាកសំណល់ និង​ភាព​តានតឹង អារម្មណ៍​ធុញ​ថ​ប់ ដែលជា​ការ​ហុច​ផល​ល្អ​ដល់​ការ​សម្មាធិ​របស់​អ្នក។

    ខាងក្រោម​នេះ​ជាការ​អនុវត្ត​ការ​ដង្ហើម ដើម្បី​ទទួលបាន​សាច់ដុំ​ពោះ6កង់

    1-ដកដង្ហើម​បែប Concentric និង Eccentric
    អ្នក​អាច​កាន់​កូន​ដុំ​ដែក​នៅក្នុង​ដៃ​ទាំងពីរ​សងខាង រួម​ធ្វើ​លំ​ហាត់​ដង្ហើម ដោយ Concentric គឺជា​ការលើក​ដុំ​ដែក​ឡើង ហើយ​ដក​ដង្ហើមចេញ។ រីឯ​លំ​ហាត់ប្រាណ Eccentric គឺជា​ការទម្លាក់​ដុំ​ដែក​ចុះ រួច​ដកដង្ហើម​ចូល
    មក​ក្នុង​រាងកាយ​វិញ ការធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ គឺជា​ការ​ស្រូបយក​អុក​ស៊ី​ហ្សែ​៊​ន​ដែល​ត្រឹមត្រូវ។ អ្នក​អាចធ្វើ​លំ​ហាត់​ដង្ហើម​បែបនេះ​ក្នុង​រយៈពេល30វិនាទី​ម្ដង ឱ្យបាន​គ្រប់​ចំនួន200ដង​ឡើងទៅ។

    2-Valsava Maneuver
    នៅក្នុង​ពោះ​របស់​អ្នក​អាច​នឹងមាន​ខ្យល់​ស្រាប់​ហើយ ដូច្នេះ​ការធ្វើ​លំ​ហាត់ប្រាណ​វិធី​នេះ គឺ​ការរក្សា​លំនឹង​ខ្យល់​នៅក្នុង​ពោះ ដែលមាន3ដំណាក់កាល​គឺ Intra (ផ្នែក​ខាងក្នុង) Abdominal (បរិវេណ​ពោះ) និង Pressure (ផ្នែក​ខាងក្រោម)។ ការអនុវត្ត​គឺ អ្នក​ត្រូវ​ដកដង្ហើម​ចូលក្នុង​ខ្លួន​សិន រួច​បោះដៃ​ទាំងសងខាង​តម្រង់​ទៅខាង​មុខ បន្ទាប់មក​បន្ទន់​ជង្គង់​អង្គុយ​ចុះ។ បន្ទាប់មកទៀត​ត្រូវ​ក្រោក​ឡើង​ត្រឹម​ពាក់កណ្ដាល​ខ្លួន ហើយ​បញ្ចេញ​ដង្ហើម​បន្តិច​សិន រួច​ខណៈដែល​អ្នក​ក្រោកឈរ​ពេញទំហឹង ទើបត្រូវ​បញ្ចេញ​ខ្យល់​ដង្ហើម​មក​ក្រៅ​ទាំងអស់​តែម្ដង។

    3-Push-up
    តាមរយៈ​ភាសារ​អង់គ្លេស​ត្រូវបាន​គេ​ហៅថា Push-up ឬ​ខ្មែរ​យើង​និយម​ហៅថា ពុ​យ​អា​វ៉ង់ ការ​ធ្វើ​លំ​ហាត់​ដង្ហើម បែបនេះគីជាការ​ប្រឹង​សាច់ដុំ​ពោះ​ដូចគ្នា​ផងដែរ៕

  • ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    ស្លាកស្នាម​ក្រោយ​កើតមុន​អាច​បំបាត់​បានទេ?​

    វា​ជា​រឿង​មួយ​សំណាង​ណាស់ ប្រសិនបើ​ស្បែក​របស់​អ្នក​មិនដែល​បន្សល់ទុក​នូវ​ស្លាកស្នាម​បន្ទាប់ពី​កើតមុន​រួច ប៉ុន្តែ​សំណាង​នេះ​មិន​កើតមាន​ចំពោះ​មនុស្ស​ស្រី​ភាគច្រើន​នោះទេ ហេតុដូច្នេះ​ហើយ​បានជា​ពួកគាត់​តែងតែ​ខិតខំ​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​កុំឱ្យ​កើតមុន ក៏ដូចជា​ខិតខំ​ប្រើប្រាស់​ផលិតផល​ជាច្រើន​ប្រភេទ​ទាំង​ផលិតផល​បែប​ធម្មជាតិ និង​លាយ​ជាតិគីមី ដើម្បី​បំបាត់ចោល​នូវ​រាល់​ស្លាកស្នាម​ដែល​នឹង​កើតមានឡើង​បន្ទាប់ពី​កើតមុន​រួច។

    ស្លាកស្នាម​អាច​កើតមាន​នៅលើ​ស្បែក ដោយសារតែ​វា​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង ឬ​អាច​បណ្តាលមកពី​ការព្យាបាល​ដែល​មិន​ត្រឹមត្រូវ រហូត​បណ្តាលឱ្យ​ក្លាយជា​ស្លាកស្នាម។ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​នេះ​បណ្តាលមកពី​ការបំផ្លាញ​នៃ​ស្រទាប់​ស្បែក។

    ស្នាម​ដែល​បន្សល់ទុក​ក្រោយ​កើតមុន​ជាទូទៅ​តែងតែ​កើតមាន​នៅលើ​មុខ ខ្នង ស្មា និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ។ ស្នាម​ទាំងនេះ​ត្រូវបាន​ចែកចេញជា​ពីរ​ប្រភេទ​គឺ ស្នាមសើៗលើ​ស្បែក​និង​ស្នាម​ដែល​ចូល​ជ្រៅ​ទៅក្នុង​សាច់។ ស្នាមសើៗនៅលើ​ស្បែក​ជា​ស្នាមតូចៗដែល​អាចមើលឃើញ​តាមរយៈ​ការឆ្លុះ​កញ្ចក់​ពិនិត្យមើល ហើយ​ការព្យាបាល​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ស្នាម​ជ្រៅ​វិញ​នោះ(ស្នាម​ធំ​ខូង​ជ្រៅ​ទៅក្នុង​ស្បែក) វា​មានការ​ពិបាក​ក្នុងការ​ព្យាបាល ឬ​អាច​នឹង​ព្យាបាល​មិន​បាត់​តែម្តង ប្រសិនបើ​អ្នក​មិន​រួសរាន់​ក្នុងការ​ព្យាបាល​វា​ទេនោះ។

    ការព្យាបាល​តាមបែប​គីមី ៖ ការព្យាបាល​បែបនេះ​ភាគច្រើន​ត្រូវបាន​យកមកអនុវត្ត​សម្រាប់​អ្នក​ដែលមាន​ស្នាម​ជ្រៅ (ទទួលបាន​លទ្ធផល​ល្អ​ច្រើន) ហើយ​រយៈពេល​នៃ​ការព្យាបាល​គឺ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​ស្លាកស្នាម។ ប្រសិនបើ​អ្នក​ចង់​ទទួល​ការព្យាបាល​តាមបែប​គីមីដែរនោះ អ្នក​គួរតែ​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ព្យាបាល​ទើប​ជាការ​ប្រសើរ។

    ការព្យាបាល​ដោយ​ឡាស៊ែរ ៖ នេះ​ក៏​ជា​វិធី​ព្យាបាល​មួយទៀត​ដែល​តែងតែ​ផ្តល់នូវ​ប្រសិទ្ធភាព​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្នាម​គ្រប់​ប្រភេទ ជាពិសេស​ស្នាមធំៗ ឬ​ខូង​ចូល​ជ្រៅ​ទៅក្នុង​សាច់​ជាដើម។

    ការព្យាបាល​ដោយ​ផលិតផល​កម្ចាត់​ស្នាម ៖ វា​អាច​មិនមាន​ប្រសិទ្ធភាព​លឿន​ដូច​ការព្យាបាល​ដោយ​គីមី ឬ​ដោយ​ឡាស៊ែរ​នោះទេ ប៉ុន្តែ​វា​មាន​ភាពងាយស្រួល ហើយ​សូមកុំ​បារម្ភ​ខ្លាំងពេក​អី​ព្រោះ​បច្ចុប្បន្ននេះ​មាន​ផលិតផល​ខ្លះ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ក្នុង​ការជួយ​ព្យាបាល​បញ្ហា​ស្នាម​ហើយក៏​មិន​ប្រើ​ពេលវេលា​យូរពេក​នោះដែរ។

    ព្យាបាល​តាមបែប​ធម្មជាតិ ៖ ភាគច្រើន​ការព្យាបាល​ស្នាម​ដែល​កើតមាន​បន្ទាប់ពី​កើតមុន​រួច​តាម​វិធី​ធម្មជាតិ​ត្រូវបាន​គេ​អនុវត្ត​នៅពេល​វា​ទើបតែ​កើតថ្មីៗ ហើយ​ជា​ស្នាម​ដែលមាន​ទ្រង់ទ្រាយ​តូច។ មិន​ពិបាក​ណាស់ណា​ទេ បើ​អ្នក​ចង់​ព្យាបាល​ដោយ​វិធី​ធម្មជាតិ ដោយ​ធ្វើតាមដំណាក់កាល​មួយចំនួន​ដូចជា លាង​សម្អាត​មុខ​ឱ្យ​ស្អាត ជូត​មុខ​ឱ្យ​ស្ងួត រួច​យក​សំឡី​មួយ​ដុំ​តូច​ជ្រលក់​ក្នុង​ទឹកក្រូច​ឆ្មារ​ដែលមាន​លាយ​ជាមួយ​ទឹក​បន្តិច មក​ជូត​ពីលើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ស្នាម រួច​ទុកចោល15នាទី ឬ​ពេញ​មួយ​យប់​ក៏បាន បន្ទាប់មក​សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច។ វិធី​នេះ​អាច​ប្រើ​ពេលវេលា​យូរ​បន្តិច​ហើយ តែ​ទទួលបាន​លទ្ធផល​ជាទី​ពេញចិត្ត​បន្ទាប់ពី​ព្យាបាល​រួច៕

  • តើ​ធ្វើ​បែបណា​ទើប​មាន​សុខភាព​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​ល្អ?

    តើ​ធ្វើ​បែបណា​ទើប​មាន​សុខភាព​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​ល្អ?

    អញ្ចាញធ្មេញ​មាន​អាការ​ឈឺចាប់ ឬ​ឈាម​ហូរ​ចេញមកក្រៅ​នៅពេលដែល​កំពុង​ដុសធ្មេញ ឬ​ខាត់​សម្អាត​ធ្មេញ និង​មាន​បញ្ហា​រឿង​ក្លិន​មាត់​គ្រប់ពេលវេលា ដូច្នេះ​អ្នក​គួរតែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ទន្ដពេទ្យពោលគឺ​អាការ​ទាំងអស់នេះ គឺជា​សញ្ញា​ប្រាប់​អំពី​បញ្ហា​ប៉ះពាល់​ង​អាក្រក់​បំផុត​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក​ហើយ។

    ទន្ដពេទ្យ ឬ​អ្នកជំនាញ​ខាង​សុខភាព​មាត់​ធ្មេញ​អាច​ផ្ដល់យោបល់ និង​ផ្តល់​ពាក្យ​ណែនាំ​ទាក់ទង​ទៅនឹង​ការព្យាបាល​សុខភាព​មាត់​ធ្មេញដើម្បី​ព្យាបាល​ឱ្យមាន​សុខភាព​ល្អ និង​មិនមានអារម្មណ៍​ភ័យខ្លាច​ចំពោះ​ក្លិន​មាត់​គ្រប់ពេលវេលាជាពិសេស​វិធីសាស្រ្តល្អៗនៅ​អំឡុងពេល​ដុសធ្មេញ និង​ខាត់​សម្អាត​ធ្មេញ។

    តើ​ធ្វើ​បែបណា​ទើប​មាត់​ធ្មេញ អញ្ចាញ និង​អណ្ដាត​មាន​សុខ​ភាពល្អ?

    ការព្យាបាល​សុខភាព​មាត់ និង​ធ្មេញ​ ដែល​ល្អ ជា​រឿង​សំខាន់បំផុត​ដែល​ត្រូវ​គិតគូ​សម្រាប់​ធ្មេញ និង​អញ្ចាញធ្មេញ​របស់​អ្នក ហើយ​ធ្មេញ​ដែល​រឹងមាំ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អ្នក​មើលទៅ​ស្រស់-ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ឱ្យ​អ្នក​ទទួលទាន​អាហារ​បាន​ងាយស្រួល និង​ជួយ​ឱ្យ​អ្នកមាន​ទំនាក់ទំនង​សន្ទនា​គ្នា​បាន​យ៉ាង​មាន​សេចក្ដីសុខ ដោយ​មិន​ភ័យខ្លាច ឬ​ព្រួយបារម្ភ​ថា​នឹងមាន​ក្លិន​មិនល្អ​ភាយ​ចេញមក​នោះទេ។ ដូច្នេះហើយ​ទើបបានជា​សុខភាព​មាត់​ធ្មេញ​ល្អ ហុច​ផល​ល្អ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកជា​ខ្លាំង។

    ការថែរក្សា​ធ្មេញ អញ្ចាញធ្មេញ ជាប្រចាំ​ថ្ងៃ គឺជា​ការ​ដុសធ្មេញ​ឱ្យ​ត្រឹមត្រូវ​តាម​វិធី​ណែនាំ​របស់​ទន្ដពេទ្យ នោះ​នឹង​អាច​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​បាន​យ៉ាង​ល្អ និង​មិន​បណ្ដាលឱ្យ​អ្នក​ឈឺធ្មេញ ចៀស​ផុតពី​ក្ដីកង្វល់​នៅក្នុង​ចិត្ត​យ៉ាងពិត​ប្រាកដ។ ដូច្នេះហើយ​បានជា​ទន្ដពេទ្យ​បាន​ណែនាំ​ប្រាប់​ប្រិយមិត្ត​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ទាំងអស់​ឱ្យ​អនុវត្ត​ការសម្អាត និង​ការរក្សា​សុខភាព​មាត់​ធ្មេញ​ជាប្រចាំ​ថ្ងៃ​តាម​វិធីសាស្ត្រ​ខាងក្រោម​នេះ៖

    1 ដុសធ្មេញ​ថ្មមៗ មិន​សង្កត់​ខ្លាំង ដោយ​សម្អាត​គ្រប់​កន្លៀត​របស់​ធ្មេញ មួយថ្ងៃ​យ៉ាងហោចណាស់​ឱ្យបាន2ដង និង​ប្រើ​សរសៃអំបោះ​សម្អាត​ធ្មេញ​មួយថ្ងៃ មួយដង​គឺ​គ្រប់គ្រាន់​ហើយ។

    2 ការទទួល​ទាន​អាហារ​ដែលមាន​គុណប្រ-យោជន៍​សម្រាប់​ធ្មេញ​ឱ្យបាន​ច្រើន ជាង​អាហារ​ដែល​បណ្ដាលឱ្យ​ធ្មេញ​ពុកផុយ។

    3 ត្រូវ​ប្រើ​ថ្នាំដុសធ្មេញ​ដែលមាន​ការណែនាំ​ពី​គ្រូ​ពេទ្យធ្មេញ​ជំនាញ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់។

    4 ការប្រើប្រាស់​ទឹក​ថ្នាំ​ខ្ពុ​ល​មាត់ នៅពេលដែល​ទន្ដពេទ្យ​ណែនាំ​ឱ្យប្រើ​តែប៉ុណ្ណោះ កុំ​ប្រើ​តាមការគិត ឬ​មិនបាន​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ។

    5 ក្មេង​ក្រោម​អាយុ12ឆ្នាំ ត្រូវឱ្យ​ញ៉ាំ​ទឹក​ដែលមាន​សារធាតុ​ផ្ល័​រ​អឺ​រ៉ៃ និង​អាហារ​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ឱ្យសុខភាព​មាត់​ធ្មេញ​ល្អ៕

  • ទឹក​ខាត់ណា ជំនួយ​ឆ្អឹង និង​ភ្នែក ទប់ទល់​នឹង​ជំងឺមហារីក​តាមបែប​ធ​ម្ម​ជាតិ

    ទឹក​ខាត់ណា ជំនួយ​ឆ្អឹង និង​ភ្នែក ទប់ទល់​នឹង​ជំងឺមហារីក​តាមបែប​ធ​ម្ម​ជាតិ

    នៅក្នុង​ខាត់ណា​សម្បូរ​ទៅដោយ​វីតាមីន A ផូស្វ័រ កាល់ស្យូម និង​វីតាមីន C ដែល​បន្ថែម​នូវ​ប្រសិទ្ធភាព​ក្នុងការ​បំប៉ន​ដល់ភ្នែក ឆ្នឹង និង​ទប់ទល់​ជាមួយ​ជំងឺមហារីក ព្រមទាំង​បំបាត់​អាការ​ស្រែក​ទឹកបាន​ទៀតផង។ សម្រាប់​អ្នក​ដែល​មិនសូវ​ចូលចិត្ត​ពិសា​ទឹក​ខាត់ណា​ដែលមាន​កាក ថ្ងៃនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះ​ក្នុងការ​ធ្វើ​ទឹក​ខាត់ណា​ដ៏​មានឱជារស​ឆ្ងាញ់​ពិសា និង​មានគុណ​ប្រយោជន៍​មក​ចែកជូន​ប្រិយមិត្ត​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ។

    គ្រឿងផ្សំ
    ដើម​ខាត់ណា ហាន់​ជា​ចំណិតតូចៗ 1 ពែង
    ទឹកឃ្មុំ 2 ស្លាបព្រា​បាយ
    ទឹកក្រូច​ឆ្មារ 1 ស្លាបព្រា​បាយ
    អំបិល​ម៉ដ្ឋ 1/4 ស្លាបព្រា​កាហ្វេ
    ទឹកបរិសុទ្ធ 1 ពែង

    វិធី​ធ្វើ
    1. លាង​ដើម​ខាត់ណា​ឱ្យ​ស្អាត ហាន់​ជា​ចំណិត
    តូចៗ ហើយ​យកមក​ក្រឡុក​ជាមួយ​ទឹកបរិសុទ្ធ ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ហើយ​សម្រិត​កាក​ចេញ​យកតែ​ទឹក។
    2. យក​ទឹក​ខាត់ណា មកលាយ​ជាមួយ​ទឹកឃ្មុំ អំបិល ទឹកក្រូច​ឆ្មារ រួច​ទទួលទាន​ជាមួយ​ទឹកកក​ជាការ​ស្រេច៕

  • វិធីងាយៗ​បំបាត់​ស្នាម​ខ្មៅ​ជាំ​នៅលើ​ស្បែ​កដៃ និង​ជើង

    វិធីងាយៗ​បំបាត់​ស្នាម​ខ្មៅ​ជាំ​នៅលើ​ស្បែ​កដៃ និង​ជើង

    ដៃ និង​ជើង​របស់​អ្នកជា​ផ្នែកមួយ​ដែល​នៅក្រៅសម្លៀកបំពាក់ ទើប​វា​មិន​ចម្លែក​ទេ​ដែល​ស្បែក​នៅ​បរិវេណ​នោះ​មាន​ស្នាម​ខ្មៅ​នៅជាប់​បរិវេណ​នោះ​រហូត​ក៏​ដោយសារតែ​កម្ដៅ​នៃ​ពន្លឺ​ព្រះ​អាទិ​ត្យ​បាន​ដុត​ឱ្យ​ស្បែក​ផលិត​ជាតិ​មេឡានីន​ចេញមក​ការពារស្បែក​ ហើយ​បណ្ដាលឱ្យ​ស្បែក​ប្រែ​ជា​ពណ៌​ខ្មៅ​នឹង​ស្បែក​មាន​សភាព​ក្រិនតិចៗ។ ដោយសារតែ​ស្បែក​ត្រូវ​ខូច​បែបនេះ​ហើយក៏​នៅមាន​ភាវៈ​កខ្វក់​ជាតិពុល​ក្នុង​បរិយាកាស និង​សារ​ធាតុគីមីផ្សេងៗ ក៏​ជា​មូលហេតុ​ចូលរួម​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ខូច​បាន​ផងដែរ។ ខណៈដែល​ស្បែ​កដៃ និង​ជើង​អ្នក​ខ្មៅ​មិន​ស្អាត វា​ក៏​អាចធ្វើឱ្យ​អ្នក​មិន​សប្បាយចិត្ត​គ្មាន​កម្លាំងចិត្ត​ទៀត-ឡើយ ទើប​ពេលនេះ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះខ្លះៗដើម្បី​កែប្រែ​ស្បែក​ជាំខ្មៅ​ឱ្យក្លាយ​ជាស​ស្អាត​ឡើងវិញ ព្រមទាំង​មិន​ចំណាយ​ថវិកា​អស់​ច្រើន​ទៀតផង។

    ក្រូចឆ្មារ
    សាកល្បង​យក​ក្រូចឆ្មារ​រោយ​ជាមួយ​ស្ករ​សមក​ខាត់​នៅ​ស្បែក ដើម្បី​ជម្រុះ​កោសិកា​ស្បែក​ចាស់​ចេញ ដោយ​ខាត់​រយៈពេល10នាទី និង​ផ្អាប់​ចោល1-2ម៉ោង។ ចូរ​អនុវត្ត​បែបនេះ​ពេញ​មួយ​សប្ដាហ៍ នោះ​អ្នកនឹង​សង្កេតឃើញថា ស្បែក​នឹង​ស​ស្អាត​ដូច​សភាព​ដើម​ជាមិនខាន​ឡើយ។

    ទឹកដោះគោ​ជូរ
    គុណប្រយោជន៍​នៃ​ទឹកដោះគោ​ជូរ គឺជា​រូបមន្ដ​ខាត់​ស្បែក​តាមបែប​ធម្មជាតិ​មួយ​ដែរ ដោយ​យក​វា​មក​លាប និង​ម៉ាស្សា​នៅលើ​បរិវេណ​ស្បែកខ្មៅៗ ខាត​ទុក​រយៈពេល10-15នាទី បន្ទាប់មក​លាង​ចេញ​ដោយ​ទឹកស្អាត​ជាការ​ស្រេច។ ដោយ​អ្នក​គួរតែ​ធ្វើជា​ប្រចាំ1-2ដង​ក្នុង1ថ្ងៃ ដើម្បីឱ្យ​ស្បែ​កមាន​សំណើម។

    ត្រសក់
    យក​ត្រ​សក់មក​ចិត​ជាចំណិតៗ ហើយ​យកមក​បិទ​នៅលើ​ស្បែក​ដែល​ជាំខ្មៅ​រយៈពេល20នាទី​អាចធ្វើ​បែបនេះ2-3ដង​ក្នុង​មួយថ្ងៃ ឬ​អ្នក​អាច​ប្រើ​ទឹក​ត្រសក់​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ផ្សំគ្នា​យកមក​ម៉ាស្សា​នៅ​បរិវេណ​ស្បែ​កដៃ និង​ជើង​រយៈពេល10-15នាទី​បន្ទាប់មក​សឹម​លាង​ចេញ​ជាមួយទឹក​ត្រជាក់ ដោយ​ធ្វើបែបនេះ​ក្នុង​មួយថ្ងៃ2ដង។

    ប្រទាល​កន្ទុយក្រពើ
    យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ត្រដុស​ពីលើ​ស្បែ​កដៃ និង​ជើង​រយៈពេល5-10នាទី ហើយ​ផ្អាប់​ទុក​រយៈពេល30នាទី ក្រោយមក​សឹម​លាង​ទឹក​ឱ្យ​ស្អាត ហើយ​នៅពេល​អនុវត្ត​វិធី​នេះ​ហាម​ចេញទៅ​ក្រៅ​ក្រោម​កម្ដៅថ្ងៃ​ជាដាច់ខាត។

    ម្សៅ​សម្បក​ក្រូច
    ម្សៅ​សម្បក​ក្រូច 2ស្លាបព្រា​បាយ​ផ្សំ​ជាមួយ​ទឹកដោះគោ​ជូរ ឬ​ទឹកដោះគោ​ស្រស់​កូរ​ឱ្យ​សព្វ ហើយ​យកម ក​លាប​លើ​ស្បែក​ដែលមាន​ចំណុចខ្មៅៗ រួច​ផ្អាប់​ទុក​រយៈពេល20នាទី។ អាចធ្វើ​បែប-នេះ 1-2ដង​ក្នុង​មួយ​សប្ដាហ៍។

    ប៉េង​ប៉ោះ
    ប៉េងប៉ោះ​ពុះ​ជា​ពីរ​យក​ពាក់កណ្តាល​ផ្លែ បន្ទាប់មក​យកមក​ត្រដុស​ម្រាមដៃ និង​ម្រាមជើង រួច​ផ្អាប់​ទុក​រយៈពេល2-3នាទី ហើយ​វិធី​នេះ​អ្នក​អាចធ្វើ​វា​ជា​រៀងរាល់ថ្ងៃ​មុនពេល​អ្នក​ងូតទឹក​ពេលយប់៕

  • ទម្លាយ​អាថ៌កំបាំង​បំបាត់​មុន​ខ្មៅមុន​អង្កាម​នៅលើ​ច្រមុះ

    ទម្លាយ​អាថ៌កំបាំង​បំបាត់​មុន​ខ្មៅមុន​អង្កាម​នៅលើ​ច្រមុះ

    ឡា​រ៉ែ​ន សូម​ណែនាំ​ពី​វិធី​កម្ចាត់​មុន​ខ្មៅ និង​មុន​អង្កាម​នៅលើ​ច្រមុះ​ដោយ​វិធីងាយៗ ហើយ​ជឿថា អ្នក​ទាំងអស់គ្នា​ធ្លាប់​ជួបប្រទះ​បញ្ហា​នេះ​រួចហើយ នៅតាម​ចំណុចផ្សេងៗនៅលើ​ស្បែ​កមុខ ជាពិសេស​នៅលើ​ច្រមុះ​ផ្ទាល់​តែម្ដង ទើប​យើង​លើកយក​នូវ​អាថ៌កំបាំង​នៃ​ការ​កម្ចាត់​មុន​ក្បាល​ខ្មៅ និង​មុន​អង្កាម​នៅលើ​ច្រមុះ​នេះ មក​ប្រាប់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់គ្នា។

    របស់​ដែល​អ្នក​ត្រូវ​ត្រៀម​ជាស្រេច

    1. កន្សែង​ត្រាំ​ទឹក​ក្ដៅឧណ្ហៗឱ្យ​សើម​ជោក
    2. អំបិល​ម៉ដ្ឋ


    3. ទឹកក្រូច​ឆ្មារ 1 ចំហៀង


    4. ទឹកឃ្មុំ 1 ស្លាបព្រា​បាយ

    វិធី​ធ្វើ

    1 . ចាប់ផ្ដើម​យក​កន្សែង​ក្ដៅឧណ្ហៗមក​ស្អំ​នៅលើ​ច្រមុះ​រយៈពេល10នាទី ដើម្បីឱ្យ​មុន​អង្កាម​ដែលជា​ខ្លាញ់​នៅក្នុង​រន្ធ​រោម​នោះ​បើកមុខ និង​កក​ជា​ដុំរឹងៗ ហើយ​អ្នក​ត្រូវ​រំលាយ​ខ្លាញ់​មុន ដោយ​កម្ដៅ​ក្រណាត់ឧណ្ហៗ។
    2 . នៅពេល​ខ្លាញ់​មុន​ចាប់ផ្ដើម​រលាយ​ហើយ អ្នក​ត្រូវ​សម្អាត​ចេញ​ម្ដងបន្ដិចៗ ដើម្បីឱ្យ​រន្ធ​រោម​បិទមុខ​វិញ។
    3. យក​អំបិល ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ ដែល​ផ្សំ​ចូលគ្នា​ហើយ មក​ម៉ាស្សា និង​ស្អំ​ដោយ​ដៃថ្នមៗរយៈពេល10នាទី។
    4. បន្ទាប់មក​យក​កន្សែង​ក្ដៅឧណ្ហៗ មក​ជូត​ចេញ​ដោយថ្នមៗ។
    5. ជា​ចុងក្រោយ ចូរ​លាងមុខ​ជាមួយ​ទឹក​ធម្មតាដើម្បីឱ្យ​រន្ធ​រោម​បង្រួម​ខ្លួន​តូច​ឡើងវិញ៕

  • 5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ ជួយ​ឱ្យ​នារី​ស្រស់ស្អាត​ទាក់ទាញ និង​មាន​មន្ដ​ស្នេហ៍​បំផុត

    5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ ជួយ​ឱ្យ​នារី​ស្រស់ស្អាត​ទាក់ទាញ និង​មាន​មន្ដ​ស្នេហ៍​បំផុត

    បញ្ហា​ពណ៌​សម្បុរ​នៃ​ស្បែក គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​នារី​នៅក្នុង​ប្រទេស​កម្ពុជា​យើង បើទោះបីជា​អាកាសធាតុ​ក្ដៅ មាន​ពន្លឺ​ព្រះ​អាទិ​ត្រ​ខ្លាំង​ក៏ដោយ ក៏​នារី​ខ្មែរ​យើ​ង​តែង​សង្ឃឹម​ចង់បាន​ស្បែក​-ស​ស្អាត​ដូចជា​នារី​កូរ៉េ​ដែរ។ យ៉ាងណាមិញ​កុំ​ទាន់​បាក់​ទឹកចិត្ត​អី ទោះជា​ស្បែក​មិន​ស​ភ្លឺ​ចែង​ចាំ​ដូចជានារី​កូរ៉េ ក៏ប៉ុន្ដែ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះ​ទាំង5យ៉ាង​ដែល​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​នៅលើ​ស្បែក​ដងខ្លួន ផ្ទៃមុខ ឱ្យ​ប្រែ​មកជា​ស្រស់-ស្អាត​តាមបែប​ធម្មជាតិ និង​ចំណេញ​ថវិកា​ច្រើន ព្រមទាំង​ស្រស់ស្អាត​បាន​រយៈពេលយូរ​ផងដែរ។

    1 ខាត់​ស្បែក

    នារី​មួយចំនួន​និយម​លា​ឡេ​ការពារ​កម្ដៅថ្ងៃ តែ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក​ឡើយ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ស្បែក​អ្នក​កាន់តែ​ខ្មៅ​ស្រអាប់ ព្រោះថា ការ​ខាត់​ស្បែក គឺជា​ការ​ជម្រុះ​នូវ​កោសិកា​ស្បែក​ចាស់​ចេញ ហើយ​កោសិកា​ស្បែក​ដែល​រង​នូវ​កម្ដៅ​ព្រះ​អាទិ​ត្យ វា​បាន​ខ្លោច​ស្លាប់ ហើយ​ទោះបីជា​អ្នក​ប្រើ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ក៏ដោយ ក៏​នៅតែ​មើល​ឃើ​ញ​ស្បែក​របស់​អ្នកមាន​សភាព​ខ្មៅ​ស្រ-អាប់​ដែរ។ ដូច្នេះ​នារី​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក ឬ​ជម្រុះ​ក្អែល​នៅលើ​ស្បែក​ចេញ ដោយ​ប្រើ​អំបិល​ខាត់​ស្បែក និង​ផ្សំ​លាយ​សម្រាប់​ប្រើ​ជា​ក្រែ​ម​ខាត់​ស្បែក ដើម្បីឱ្យ​ស្បែក​ទន់​ភ្លឺរលោង។

    2 លាប​ឡេ Whitening Body Lotion

    នេះ​ប្រហែលជា​ការចាប់​ផ្ដើមដំបូង​សម្រាប់​សុភាពនារី​ទាំងអស់ ក្នុងការ​ប្រើប្រាស់​នូ​វប្រ​ភេទ​ឡេ Whitening Body Lotion ដែល​ត្រឹមត្រូវ ហើយ​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង ដោយ​អនុវត្តតាម​វិធីងាយៗដូចជា៖

    -ជ្រើសរើស​ផលិតផល​ដែលមាន​ម៉ាកល្បីៗមាន​ទំនុកចិត្ត​អាច​ថែរក្សា​ស្បែក​របស់​អ្នក​បាន ដោយ​វា​មិនមាន​ប្រតិកម្ម​ជាមួយ​ស្បែក និង​មិន​ធ្វើឱ្យ​ស្បែក​ខូចខាត។
    -ត្រូវ​ពិ​និ​ត្យ​មើល​ប្រភេទ​ឡេ Whitening Body Lotion មាន​សារធាតុ​ផ្សំ​ពី Niacinamide,Vitamin C, Vitamin B3/B5 ដែល​ឬទេ? ព្រោះ​វា​ជួយ​ឱ្យ​ស្បែក​ស​ភ្លឺរលោង និង​មិនមាន​គ្រោះ-ថ្នាក់​ដល់​ស្បែក។
    -ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់​ដល់​ស្បែក និង​លាប​ជាប្រចាំ​ថ្ងៃ។

    3 ឡេ​ការពារ​កម្ដៅថ្ងៃ

    នារី​ខ្មែរ​ភាគច្រើន​និយម​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​តែ​នៅត្រង់​កន្លែង​មួយចំនួន​នៃ​ដងខ្លួន​ដូចជា ស្បែ​កមុខ ដៃ និង​ជើង​ជាដើម។ដូច្នេះ​ការ​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ បានធ្វើឱ្យ​ស្បែកនារីៗយើង មាន​សភាព​ស្រអាប់​ខ្មៅ​ត្រង់​កន្លែង​មួយចំនួន​ដែល​មិនបាន​ការពារ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​មិន​ដូចគ្នា។ ការប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ដ៏​ត្រឹមត្រូវគឺ អ្នក​គួរតែ​លាប​ជា​រៀងរាល់​ពេល2-3ម៉ោង​ម្ដងព្រោះ​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​នៃ​ការការពារ​ស្បែក​ពី​កម្ដៅថ្ងៃ អំពូល​ភ្លើង​នៅ​កន្លែងធ្វើការ​បាន​ប្រសើរឡើង ព្រមទាំង​ស្បែក ​មាន​សភាព​ទន់​ភ្លឺរលោង​ជានិច្ច។

    4 ទទួលទាន​ផ្លែ​ប៉េង​ប៉ោះ
    ការទទួល​ផ្លែ​​ប៉េង​ប៉ោះស្រស់ ជា​វិធី​ថែរក្សា​ស្បែក​ដ៏​ល្អ​មួយទៀត ព្រោះថា នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ​មាន​សារធាតុ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Lycopene និង​វី​តា​មី C ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស​ស្អាត ភ្លឺរលោង និង​ជួយ​ទំនុកបម្រុង​ការពារ​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។
    អ្នក​អាច​ទទួលទាន​ជា​ផ្លែ ឬ​ជា​ទឹកស្រស់100% ជា​រៀងរាល់ថ្ងៃ​ក៏បាន គឺ​ពិតជា​ល្អ​ចំពោះ​ស្បែក​របស់​អ្នកខ្លាំង​ណាស់។

    5 តុបតែង​ខ្លួន​ឱ្យមាន​ភាព​ទាក់ទាញ

    វិធី​ចុង​ក្រោយនេះ គឺជា​ការបន្ថែម​ទំនុកចិត្ត​នៅពេលដែល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ ដោយ​អ្នក​គួរ​ស្លៀក​សម្លៀកបំពាក់​បែប​ជិត​ល្អ ដូចជា​អាវដៃវែង និង​ខោជើងវែង​ជាដើម។ យើង​សូម​ណែនាំ​ឱ្យប្រើ​សម្លៀក​បំពា​ក់វែងៗ ដែលមាន​ពណ៌​ស ព្រោះ​មើលទៅ​ស័ក្ដិសម និង​
    ជួយ​លើក​សម្រស់​របស់​អ្នក​បាន​មួយកម្រិត​ទៀតដែល​មើលទៅ​ទាក់ទាញ​បំផុត។

     

    គន្លឹះ​ទាំង5 ដែល​បាន​រៀបរាប់​ខាងលើនេះ មិនមែនជា​អាថ៌កំបាំង​អ្វី​នោះទេ ក៏ប៉ុន្ដែ​ជា​វិធីសាស្ត្រងាយៗ ដែល​ជួយ​ឱ្យ​សុភាពនារី​ទាំងឡាយ​ទទួលបាន​នូវ​សម្រស់ និង​សុខភាព​ស្បែក​ល្អ មិន​បណ្ដោយឱ្យ​ស្បែក​របស់​អ្នក​ចាស់​ទៅតាម​អាយុ​កាលដែល​កន្លង​ទៅជា​រៀងរាល់ថ្ងៃ​នោះឡើយ ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា សម្រស់​មិន​រង់ចាំ​យើង​ឡើយ ការពារ​ប្រសើរ​ជាង​ព្យាបាល៕