Category: សុខភាព

  • អាហារ​ណាខ្លះ ដែល​ហាម​ហូប​នៅពេល​មាន​ជំងឺ?

    អាហារ​ណាខ្លះ ដែល​ហាម​ហូប​នៅពេល​មាន​ជំងឺ?

    តើ​ប្រី​យ​មិត្ត​អ្នកអាន​ធ្លាប់​ដែរឬទេ ពេល​យើង​ឈឺ​ថ្កាត់ម្តងៗ ពេលខ្លះ​តែង​បានឮ​លោកយាយ ឬ​អ្នក​ម្តាយ​ប្រាប់ថា ហាម​ញាំ​នេះ ហាម​ញ៉ាំ​នោះ ព្រោះ​វា​ជា​របស់​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​អាការ​ជំងឺ​ដែល​យើង​កំពុង​កើត។ អាហារ​មិនល្អ គឺ​បណ្តា​អាហារ​ដែល​មិនត្រូវ​ធាតុ​គ្នា​នឹង​រោគ​ទាំងឡាយ​នោះ  ដែល​ជួនកាល​ក៏​ធ្វើឱ្យ​យើង​ងឿងឆ្ងល់​ដូចគ្នា​ដែរ​ថា តើ​យ៉ាងម៉េច​បាន​វា​ពាក់ព័ន្ធ​គ្នា​ទៅ​កើត? តែ​រឿង​បែបនេះ កុំ​ប្រហែស​ឱ្យសោះ ជាពិសេស​ជាមួយនឹង​ជំងឺ៩ ប្រភេទ​ខាងក្រោម​នេះ។

    គ្រុនក្តៅ​ខ្លួន​ខ្លាំង៖  គួរ​ចៀសវាង​អាហារ​ដែល​មិន​ឆ្អិន  អាហារ​ដែល​ត្រជាក់​ខ្លាំង អាហារ​ចៀន​បំពង  អាហារ​ដែលមាន​ខ្លាញ់​ច្រើន ដែល​សុទ្ធតែជា​អាហារ​ពិបាក​រំលាយ និង​ធ្វើឱ្យ​កំដៅ​ខ្លួន​កើនឡើង ប្រៀបដូចជា​ការ​ជះ​ប្រេង​ទៅលើ​ភ្នក់ភ្លើង​អ៊ីចឹង​ដែរ។

    ជំងឺ​ក្រពះ៖  គួរ​ចៀសវាង​ភេ​ស​ជ្ជះ​ប្រភេទ​អាល់កុល តែ​ឆុង​ចាស់ កាហ្វេ របស់ហឹរៗ  របស់​ចៀន​បំពង របស់​មាន​ខ្លាញ់​ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​កំដៅ ធ្វើឱ្យ​ជំងឺ​ក្រ​ជា។  វិធី​ដែល​ល្អ គួរ​ទទួលទាន​អាហារ​ក្នុង​បរិមាណ​តិច ឱ្យបាន​ញឹកញាប់  ទទួលទាន​ឱ្យ​ទៀងពេល និង​ជា​អាហារ​ដែល​ងាយ​រំលាយ។

    ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់៖ គួរ​ចៀសវាង​អាហារ​ខ្លាញ់  អាហារ​ដែលមាន​ខូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ដូចជា សាច់ជ្រូក​បី​ជាន់ ស៊ុត​ត្រី  រួមទាំង​ស្រា​ផងដែរ ព្រោះ​អាហារ​ទាំងអស់នេះ ធ្វើឱ្យ​កើត​ភាព​ក្តៅ​អាប់​សន្សំ​នៅក្នុង​រាងកាយ និង​ភាព​សើម​អាប់​ក៏មាន​ផល​ធ្វើឱ្យ​កើត​ភាព​ខាប់​ស្អឹ​ត​ក្នុង​លំហូរ​វឹល​គ្រប់​ប្រព័ន្ធ​នៅក្នុង​រាងកាយ ហើយ​កំដៅ​នឹង​ទៅ​ជម្រុញ​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។  ក្រៅពីនេះ​គួរ​ចៀសវាង​អាហារ​រសជាតិ​ហឹរ ឬ​អាហារ​ផ្អែម​ខ្លាំង រួមទាំង​ផ្លែឈើ ដូចជា ផ្លែ​មៀន ធុ​រេ​ន ជាដើម។

    ជំងឺថ្លើម និង​ថង់ទឹកប្រមាត់៖ ចៀសវាង​ភេ​ស​ជ្ជះ​ដែលមាន​ជាតិ​អាល់កុល អាហារ​ខ្លាញ់ សាច់​ជាប់​ខ្លាញ់ គ្រឿងក្នុង​សត្វ​អាហារ​ចៀន​បំពង អាហារ​ផ្អែម​ខ្លាំង ព្រោះ​ពេទ្យ​ចិន​ជឿថា ថ្លើម និង​ថង់ទឹកប្រមាត់​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ ការទទួលបាន​អាហារ​ប្រភេទ​នេះ​ច្រើនពេក នឹងធ្វើ​ឱ្យ​សមត្ថភាព​របស់​ការរំលាយ​អាហារ​ចុះខ្សោយ និង​មានគុណ​វិបត្តិ​ដល់​ថ្លើម និង​ថង់ទឹកប្រមាត់ ។

    ជំងឺ​បេះដូង និង​ជំងឺ​តម្រងនោម៖ គួរ​ចៀសវាង​អាហារ​រសជាតិ​ប្រៃ​ខ្លាំង​ព្រោះ​នឹងធ្វើ​ឱ្យមាន​សន្សំ​ជាតិ​ទឹក លំហូរ​វឹល​របស់​ឈាម​នឹង​យឺត ធ្វើឱ្យ​បេះដូង​កាន់តែ​ធ្វើការ​ធ្ងន់​ឡើង តម្រងនោម​ត្រូវធ្វើ​ការបណ្តេញ​សារធាតុ​អំ​បឹ​ល​រ៉ែ​កាន់តែខ្លាំង​ឡើង  ចំណែក​អាហារ​រសជាតិ​ហឹរ ក៏​គួរ​ចៀសវាង​ដែរ ព្រោះ​ធ្វើឱ្យ​វា​ទៅ​ជម្រុញ​លំហូរ​វឹល​បាត់បង់​កម្លាំង​ថាមពល ហើយ​បេះដូង​ក៏​ធ្វើការ​កាន់តែ​ធ្ងន់ឡើង​ដែរ។

    ជំងឺ​ទឹកនោមផ្អែម៖ ចៀសវាង​អាហារ​រសជាតិ​ផ្អែម ឬ​ម្សៅ​ដែលមាន​កាឡូរី​ខ្ពស់ ដូចជា តំឡូងបារាំង តំឡូងជ្វា គួរ​ទទួលទាន​អាហារ​ប្រភេទ​សណ្តែក ដូចជា តៅហ៊ូ ទឹកដោះគោ  សាច់​ហ្វ៊ី​ឡេ​ដែល​គ្មាន​ខ្លាញ់ ត្រី  និង​បន្លែស្រស់ ។

    ជំងឺ​គេង​មិន​លក់៖ ចៀសវាង​ទឹកតែ កាហ្វេ  រួមទាំង​ការជក់បារី​ផងដែរ ព្រោះ​របស់​ទាំងអស់នេះ មាន​ឥទ្ធិពល​ជំរុញ​ប្រសាទ ធ្វើឱ្យ​មិន​ងងុយគេង ឬ​គេង​លក់​មិន​ស្រួល ។

    ជំងឺ​ឬ​ស​ដូង​បាត ឬ​ទល់លាមក៖ ចៀសវាង​អាហារ​ប្រភេទឈ្ងុយៗ ខ្ទឹមស ខ្ញី​ស្រស់ ម្រេច ម្ទេស  ព្រោះ​អាហារ​ទាំងនេះ​អាចធ្វើឱ្យ​ឆ្អល់ពោះ បែក​សរសៃឈាម និង​អាការ​ឬ​ស​ដូង​បាត​កំរើក​ឡើង​ខ្លាំង ។

    ខ្យល់ពុល៖ រលាក​ស្បែក ជំងឺហឺត ដង្ហក់ គួរ​ចៀសវាង​សាច់​ពពែ សាច់​ត្រី បង្គា គ្រំ ក្តាម ស៊ុត ទឹកដោះ និង​អាហារ​រសជាតិ​ហឹរ ព្រោះ​វា​នឹង​ទៅ​ជំរុញ និង​ធ្វើឱ្យ​អាការរោគ​ស្បែក​កំរើក​ឡើងវិញ​ទៀតផង៕

  • ហេតុផល 4 យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    ហេតុផល 4 យ៉ាង ដែល​អ្នក​គួរ​ដឹង​មុននឹង​ខាត់​ស្បែក

    មនុស្ស​ស្រី​យើង រឿង​ស្បែក​ស្អាត​គឺជា​រឿង​ធំ​សម្បើម​ណាស់ បើ​អ្នកមាន​ផ្ទៃមុខ​ស្រអាប់​ខ្មៅ​ផង​នោះ រឹតតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ភាពជឿជាក់​លើ​ខ្លួនឯង ទៅទៀត ការ​ខាត់​ស្បែក​គឺជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ឡើង​ស​ភ្លឺ​ថ្លា​បាន។ ការមើល​ថែទាំ​ស្បែក​របស់​នារី​ដោយ​ការ​ខាត់​ស្បែក (Scrub) គឺជា​ការ​មើលថែ​ស្បែក​ដ៏​ល្អ​មួយ ហើយនារីៗទាំងឡាយ​ច្រើនតែ​និយម​វិធី​នេះ​ទៀតផង ថ្ងៃនេះ យើង​មាន​រឿងរ៉ាវ​ដែលនារីៗគួរ​យល់ដឹង​មុននឹង​ធ្វើការ​ខាត់​ស្បែ​កមក​ជំរាបជូន​ដូចខាងក្រោម ៖

    – ខាត់​ស្បែក 1 សប្តាហ៍ 1 ដង

    ភាព​ញឹកញាប់​ក្នុងការ​ខាត់​ស្បែក​ដែល​សមល្មម​បំផុត​នោះ គឺ 2 សប្តាហ៍ 1ដង​នៅពេល​ល្ងាច សំរាប់​ស្បែក​ធម្មតា ចំណែក​ស្បែ​កមាន​ជាតិ​ខ្លាញ់​វិញ អាច​ធ្វើបាន​ញឹកញាប់​ជាង​គឺ 1សប្តាហ៍ 1ដង និង​សំរាប់​ស្បែក​ស្ងួត អាចធ្វើ​បាន 2-3 សប្តាហ៍1ដង ។ មនុស្ស​យើង​តែង​ជម្រុះ​កោសិកា​ស្បែក​ដែល​ងាប់​ហើយ​រៀងរាល់ 28 ថ្ងៃ ដូច្នេះ​ការ​ខាត់​ស្បែក​ដែល​សមល្មម នឹង​ជួយ​បើក​ស្បែក​ថ្មី​ដែល​ស្អាត​គួរឱ្យ​គយគន់​បាន ។

    – ជ្រើសរើស​ប្រើ​សា​ច់ឡេ​ខាត់​ស្បែក​បែប​ធម្មជាតិ

    សា​ច់ឡេ​ខាត់​ស្បែក​បែប​គ្រើម​អាចធ្វើឱ្យ​ស្បែក​របក​បាន ដូច្នេះ​វិធី​ដែល​ល្អ​នោះ​គឺ គួរ​ជ្រើសរើស​សាច់​ឡេ​បែប​ហ្មត់​ដែល​ផ​លឹ​ត​ពី​ធម្មជាតិ​ដូចជា កន្ទក់ សារធាតុ​ចម្រាញ់​ពី​គ្រាប់​អំ​ពឹ​ល ស្ករ សំបក​ផ្លែ​ក្រូចសើច អំ​ពឹ​ល​ទុំ ស្លឹកគ្រៃ -ល- ដែល​អាចជួយ​កំចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​បាន​យ៉ាង​ទន់ភ្លន់ និង​ជួយ​បង្កើន​គុណភាព​ស្បែក​ទៀតផង ។

    – ជ្រើសរើស​ឱសថ​បុរាណ​ឱ្យ​ស​ក័​ក្តិ​សម​នឹង​ស្បែក

    ព្រោះ​សារធាតុ​ចម្រាញ់​ដែល​ផ្សំ​នៅក្នុង​សាច់​ឡេ​មាន​ភាពខុស​ផ្លែ​ក​ពីគ្នា ឱសថ​បុរាណ​ប្រភេទ​ខ្លះ​ល្អ​ចំពោះ​អ្នក​ដែលមាន​ស្បែក​ស្ងួត ដូចជា ទឹកឃ្មុំ ផ្លែ​ត្រសក់ ប្រទាល​កន្ទុយក្រពើ  ចំណែក​ស្បែ​កមាន​ជាតិ​ខ្លាញ់ និង​ស្បែ​កមាន​មុន​វិញ​គួរ​ជ្រើសរើស​ប្រើ​សាច់​ឡេ​ដែល​ផ្សំ​ពី​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ ដូចជា ផ្លែ​កន្ទួត ផ្លែ​ស្ពឺ ក្រូចសើច អំ​ពឹ​ល​ជាដើម ដើម្បីឱ្យ​ឱសថ​បុរាណ​បាន​សំអាត និង​ថែទាំ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ត្រឹមត្រូវ ។

    – នៅពេល​ប្រុង​ចេញទៅ​ខាងក្រៅ

    ពេល​ត្រៀម​ចេញទៅ​ដើរលេង​នៅ​សមុទ្ទ គួរ​ផ្អាក​ការ​ខាត់​ស្បែក​មុននឹង​ចេញទៅ​ប៉ះ​ពន្លឺ​ថ្ងៃ​ប្រមាណ​ជា 2 ថ្ងៃ ដើម្បី​ការពារ​កុំឱ្យ​ស្បែក​ត្រូវ​ពន្លឺ​ថ្ងៃ​បំផ្លាញ​ខ្លាំងពេក និង​ជ្រើសរើស​ប្រើ​ផ​លឹ​ត​ផល​ការពារ​ពន្លឺ​ថ្ងៃ​រៀងរាល់ 4 ម៉ោង​ម្តង រួមទាំង​ការបាញ់​ស្ប្រៃ​យ៍​ស្បែក​ឱ្យមាន​សំណើម​ជាប់​ជានិច្ច​ផង ។

    ខាត់​ស្បែក​លើក​ក្រោយ កញ្ញាៗទាំងអស់​សាកល្បង​ធ្វើតាម​ចំណុច​ខាងលើ​ល​មើល៍ ដើម្បីឱ្យ​ស្បែ​កស​ស្អាត​រៀងរាល់ថ្ងៃ៕

  • Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    Lychee Mojito ស្រា​ក្រឡុក​ជំនួយ​សុខភាព

    បច្ចុប្បន្ននេះ ស្រា​ក្រឡុក បាននិង​កំពុងតែ​មានការ​ពេញនិយម​ជាខ្លាំង​ពី​មហាជន​ទូទៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ពី​សំណាក់​មិត្ត​យុវវ័យ​ដែល​មាន​​ធនធាន​តែម្ដង ដ្បិត​ស្រា​ប្រភេទ​នេះ​មាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់​ជាប់មាត់ មិន​ពិបាក​លេប​ដូច​ប្រភេទ​វី​ស្គី​ទូទៅ ឬ​ស្រា​បៀរ​នោះទេ។ បន្ថែម​ពីនេះ ស្រា​ក្រឡុក ក្រៅពី​បានបង្ហាញ​ពី​ភាពទាន់សម័យ​ចំពោះ​អ្នក​ទទួលទាន​នោះ វា​ក៏​អាច​ចូលរួមចំណែក​ក្នុង​ការជួយ​បំប៉ន​សុខភាព​ផងដែរ ខណៈដែល​ការ​ទទួល​​ទាន​ត្រូវបាន​ធ្វើឡើង​ស្របតាម​ការកំណត់ គ្រាន់តែ​ថា វា​មានតម្លៃ​ថ្លៃ​បន្តិច​តែប៉ុណ្ណោះ។

    គ្រឿងផ្សំ
    • ស្រាស (white rum)
    • ជី​អង្កាម (Mint Leaves)
    • ស្ករត្នោត (Brown Sugar)
    • ផ្លែក្រូច​ឆ្មារ (Lime)
    • ផ្លែ​គូ​លេន (Ly Chee fruit)
    • ទឹក​សូ​ដា (Soda)

    វិធី​លាយ
    សម្រាប់​របៀប​ធ្វើ ឬ​លាយ​បង្កើតជា​ស្រា​ក្រឡុក ដែលមាន​ឈ្មោះថា​ Lychee Mojito នេះ ហាក់​មិនមាន​អ្វី​ពិបាក​នោះទេ។ រាល់​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ទាំងអស់​សុទ្ធតែ​ងាយ​ស្វែង​រកបាន ហើយ​ចំពោះ​កម្រិត ឬ​បរិ​មាណនៃ​ការប្រើ ក៏​អាស្រ័យទៅលើ​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន​ផ្ទាល់ ប៉ុន្តែ​សង្កត់​ធ្ងន់​​លើ​បរិមាណ​របស់​ផ្លែ​គូ​លេន​ច្រើនជាងគេ​បន្តិច ដ្បិតថា ស្រា​មួយ​ប្រភេទ​នេះ​ត្រូវបាន​ផ្តោតទៅលើ​រសជាតិ​ផ្អែម​ឈ្ងុយ​នៃ​ផ្លែ​គូ​លេន។ យក​គ្រឿងផ្សំ​ទាំងអស់​​វាយ​ក្រឡុក​បញ្ចូល​គ្នា ដោយ​ទុក​ត្រឹមតែ​សមាសធាតុ​របស់​សូ​ដា ដែល​ត្រៀម​សម្រាប់​ចាក់​បន្ថែម​ពីលើ​ក្រោយ​គេ។ ជាមួយគ្នានេះ ជាការ​បង្កើន​សោភ័ណភាព លោកអ្នក​ក៏​អាច​យក​ចំណិត​ផ្លែក្រូច​ឆ្មារ​បំពាក់​ពីលើ​មាត់​កែវ​ជាការ​ស្រេច។ លោកអ្នក​ក៏​អាច​ស្វែងរក​ស្រា​ក្រឡុក​ប្រភេទ​នេះ​បាន​នៅ​ភោជនីយដ្ឋាន Cowboy នៅ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ៕

  • Untitled post 14919

    សញ្ញា5យ៉ាង​បង្ហាញ​ពី​ គ្រោះថ្នាក់​របស់​ជំងឺ​ក្រលៀន

    ជំងឺ​ក្រលៀន គឺជា​ជំងឺ​ដែល​បណ្ដាលមកពី​ការដែល​ក្រលៀន​ធ្វើ​ការខុស​ប្រក្រតី មាន​ប្រសិទ្ធភាព​ថយចុះ បង្ក​ឱ្យ​កើតការ​ដក់​ស្ទះ​នូវ​វត្ថុ​កាកសំណល់​នៅក្នុង​រាងកាយ រហូត​ហុច​ផលប៉ះពាល់​ដល់​ការធ្វើការងារ​ក្នុង​ប្រព័ន្ធផ្សេងៗទូទាំង​រាងកាយ ហើយ​អាច​ហុច​ផល​ឱ្យ​កើត​សភាវ​គាំង​ក្រលៀន​បាន ដែល​ការពិតទៅ​វា​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ ទាំង​កើតឡើង​តាំងពី​កំណើត កើត​ពី​ការ​រលាក​ក្លាយ ឆ្លង​មេរោគ ដក់​ស្ទះ​ក្នុង​តម្រងនោម ឬ​មាន​ដុះ​សាច់​ជាដើម ដោយ​វា​នឹង​បង្ហាញ​អាការ​ចេញមក​ខុសប្លែក​ពីគ្នា ដែល​យើង​អាច​សរុប​អាការ​ដែល​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​បាន​ដូចខាងក្រោម​នេះ។

    1- ទឹកមូត្រ​មាន​លក្ខណៈខុស​ប្រក្រតី
    ទាំង​ការ​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​លាយ​ឈាម ទឹកមូត្រ​មាន​ពពុះ​ច្រើន ឬ​ទឹកមូត្រ​ខាប់​ជាដើម អាចសន្និដ្ឋាន​ទុកជាមុន​បានតែ​ម្ដងថា អាច​នឹង​ប្រថុយប្រថាន​នឹង​ការកើត​ជំងឺ​ក្រលៀន​ហើយ គួរតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់​បំផុត ជាពិសេស​អ្នក​ដែល​បន្ទោបង់​ទឹកមូត្រ​ចេញមក​មាន​ឈាម​ចេញមក​ជាមួយ ព្រមជាមួយ​មាន​សរសៃខាប់(ដូច​ស៊ុត-ស) ឬ​មាន​ប្រូ​តេ​អី​ុ​ន​ចេញមក​លាយឡំ​ជាមួយ​ទឹកមូត្រ​ជាដើម។

    2- ឈឺពោះ​ខ្លាំង
    អាច​កើតឡើង​រួមជាមួយ​ការ​បន្ទោបង់​ចេញមក​មាន​ឈាម ទឹកមូត្រ​ខាប់ ឬ​មាន​គ្រាប់​ខ្សាច់តូចៗ ដោយ​អាការ​ទាំងអស់នេះ​ប្រថុយប្រថាន​ក្នុង​ការកើត​ក្រួស​ក្នុង​តម្រងនោម និង​ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តម្រងនោម។

    3- ឃើញ​មាន​ដុំ​អ្វី​ម្យ៉ាង​នៅ​ម្ដុំ​ក្រលៀន
    បើសិនជា​ស្ទាប​ទៅហើយ​ឃើញ​មាន​ដុំ​សាច់​អ្វី​ម្យ៉ាង​នៅត្រង់​ម្ដុំ​ចង្កេះ​ទាំងសងខាង​របស់​អ្នក នេះ​អាចជា​សញ្ញា​គ្រោះថ្នាក់​មួយរបស់​ជំងឺ​ក្រលៀន​ដែល​បណ្តាលមកពី​ការស្ទះ​ថង់​ទឹកមូត្រ ការ​ណែន​ស្ទះ​របស់​ក្រលៀន ឬ​ការដុះ​សាច់​នៅក្នុង​ក្រលៀន​ជាដើម។

    4- សម្ពាធ​ឈាម​ឡើង​ខ្ពស់
    ដោយសារតែ​ក្រលៀន​បំពេញ​តួនាទី​សាង​សារធាតុ​គ្រប់គ្រង​សម្ពាធ​ឈាមប្រកប​ជាមួយ​ក្រលៀន​ដែលមាន​តួនាទី​រក្សា​តុល្យភាព​របស់​ទឹក និង​អំបិល​រ៉ែ​ក្នុង​រាងកាយ ដូច្នេះហើយ​ទើប​ការដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្តាលមកពី​ជំងឺ​ក្រលៀន​ដោយ​ត្រង់។


    5- អាការ​ហើម
    អ្នក​ដែល​កើត​ជំងឺ​ក្រលៀន​នឹងមាន​អាការ​ហើម ជាពិសេស​នៅលើ​ស្បែក​ភ្នែក​នៅពេល​ព្រឹក ឬ​ហើម​មុខតែ​ម្ដង ដែល​បើសិនជា​ធ្ងន់ធ្ងរ​នឹងមាន​អាការ​ហើម​បែបនេះ​ពេញ​ទាំង​ដងខ្លួន​តែម្ដង។ តែ​យ៉ាងណាក៏ដោយ អាការ​ហើម​នេះ​ក៏​អាច​បណ្ដាលមកពី​ជំងឺថ្លើម ជំងឺ​បេះដូង
    ការខ្វះ​សារធាតុ​អាហារ ឬ​ភាពខុសប្រក្រតី​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​បានដែរ ដូច្នេះ​គួរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បីឱ្យ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ និង​ដើម្បី​ទទួល​ការព្យាបាល​មុនពេលអ្វីៗហួសពេល​នឹង​កែកុន​ទៅបាន៕

  • ហាម​បរិភោគ​អាហារ​ប្រភេទ​នេះ បើ​មិន​ចង់​អាយុ​ខ្លី

    ហាម​បរិភោគ​អាហារ​ប្រភេទ​នេះ បើ​មិន​ចង់​អាយុ​ខ្លី

    សុខភាព​ល្អ​គឺជា​អ្វីដែល​យើងទាំងអស់គ្នា​ប្រាថ្នា​ចង់បាន ក៏ប៉ុន្តែ​នៅពេល​ខ្លះ​ក៏​យើង​បាន​មើលរំលង ដោយ​ការបរិភោគ​អាហារ​ដែលមាន​លក់​សម្បូ​រ​បែប​ដូច​សព្វថ្ងៃនេះ។ សោ​ភ័​ណ្ឌ​ភាព​អាហារ​ដែល​ត្រូវបាន​ច្នៃប្រឌិត​ឱ្យមាន​ភាព​វិចិត្រ ទាក់ទាញ​ចិត្ត​ឱ្យ​ចង់​ទទួលទាន តាមពិតទៅ​វា​ក៏មាន​គ្រោះថ្នាក់​ដល់​សុខភាព​យើង​ដោយ​មិនដឹង​ខ្លួន។ ដូច្នេះ​ប្រសិនបើ​នរណាម្នាក់​មិន​ចង់ឱ្យ​អាយុ​ខ្លី​ទេនោះ គួរតែ​ជ្រាប​ពី​អាហារ​មួយចំនួន​ដែល​អ្នកជំនាញ​ហាមឃាត់ និង​គួរ​ចៀសវាង​ដូចខាងក្រោម​នេះ។

    1- ភេ​ស្ជ​ជៈ​ជាតិ​ហ្គាស់
    ភេ​ស្ជ​ជៈ​ដែលមាន​សារជាតិ​ហ្គាស់ វា​ត្រូវបាន​រកឃើញថា សម្បូរ​ទៅដោយ​សារធាតុ​គីមី និង​បរិមាណ​ជាតិ​ស្ករ​ច្រើន ប្រសិនបើ​អ្នកទទួល​ទាន​វា​ជា​រៀងរាល់ថ្ងៃ នោះ​អ្នកនឹង​ប្រឈម​មុននឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ ហើយ​វា​ក៏មាន​គ្រោះថ្នាក់​ដូចជា​ ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺ​រលាក​ក្រពះ​ផងដែរ។

    2- ប្រភេទ​សាច់​សម្រេច
    អាហារ​ប្រភេទ​សាច់​សម្រេច​ដូចជា សាច់ក្រក ហ​ត​ដក ប្រហិត​កញ្ចប់ ណែម សាច់​ងៀត ដែល​ត្រូវបាន​ក្រុមហ៊ុន​ឧស្សាហកម្ម​នានា​ផលិតឡើង គឺមាន​លាយ​ផ្សំ​ជាមួយ​សារជាតិ​គីមី​ជាច្រើន​ដូចជា សារធាតុ​ការពារ​ចំណីអាហារ​ឱ្យមាន​អាយុកាល​យូរ សារធាតុ​ខ្លាញ់​ច្រើនសូ​ដ្យូ​ម និង​សារធាតុ​ដែល​ការពារ​មិនឱ្យ​សើម ហើយ​ស្អុយ​ជាដើម។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​សាច់​ប្រភេទ​នេះ ក៏​មិនមាន​គុណប្រយោជន៍​អ្វី​ចំពោះ​រាងកាយ​របស់​អ្នក​នោះទេ។

    3- ប្រភេទ​នំ​កញ្ចប់
    អាហារ​ប្រភេទ​នេះ ជា​អាហារ​កែច្នៃ​ដែល​មិនសូវមាន​សារធាតុ​អាហារូបត្ថម្ភ ហើយ​នៅពេលដែល​អ្នក​បរិភោគ​ចូលក្នុង​រាងកាយ​អ្នក នោះ​នឹង​ទទួលបាន​មកវិញ​តែ​ជាតិ​សូ​ដ្យូ​ម ជាតិ​ស្ករនិង​ជាតិ​ខ្លាញ់​ដែលមាន​បរិមាណ​ច្រើនតែ​ប៉ុណ្ណោះគឺ​វា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​អ្នកខ្លាំង​ណាស់អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​វា​អាច​បណ្ដាលឱ្យ​កើត​ជំងឺមហារីក​ពោះវៀនធំ ជំងឺ​ប្រព័ន្ធ​សរសៃឈាម និង​ជំងឺ​បេះដូង​បាន​ផងដែរ៕

  • ទទួលទាន​ទឹក​ស្លឹកគ្រៃ ព្យាបាល​រោគ​រលាក​សន្លាក់​ហ្គោ​តរបស់​មនុស្ស​ចាស់

    ទទួលទាន​ទឹក​ស្លឹកគ្រៃ ព្យាបាល​រោគ​រលាក​សន្លាក់​ហ្គោ​តរបស់​មនុស្ស​ចាស់

    ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​វិធី​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត ដែល​កើតមាន​ចំពោះ​មនុស្ស​មាន​វ័យ​ចំណាស់ តាមបែប​ឱសថ​ដែល​ងាយរ​កនៅ​ក្នុងផ្ទះ បើទោះបីជា​នៅតាម​ទីជន-បទ ឬ​ទីក្រុង​ក៏ដោយ អាចរ​កមក​ផ្សំ ហើយ​ដាំទឹក​ពិសា​បាន​យ៉ាង​ជាសះស្បើយ ព្រមទាំង​មិនបាច់​ភ័យព្រួយ​ខ្លាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ថែមទៀត​ផង។ មុននឹង​រៀបរាប់​អំពី​ឱសថ​ព្យាបាល​រោគ​ជំងឺ​ខាងលើនេះ ជាបឋម​សូម​ជម្រាបជូន​ប្រិយមិត្ត​អ្នកអាន​ជាមុន​អំពី​អ្វី​ទៅជា​រោគ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត​សិន​ថា កើត​នៅ​កន្លែង​ណាខ្លះ​នៃ​រាងកាយ​របស់​មនុស្ស​យើង?

    រោគ​ហ្គោ​ត ឬ​រលាក​សន្លាក់​ហ្គោ​ត ជា​ភាវៈ​ជំងឺ​ដែល​អាច​សង្កេត​ពី​អាការ​រលាក​សន្លាក់​រ៉ាំរ៉ៃហើយ​ផ្ដល់នូវរោគសញ្ញាឱ្យមាន​អារម្មណ៍​ឈឺចាប់​ស្រួចស្រាវ​ដដែរៗ ហើយ​មានចេញ​អុច​ពណ៌​ក្រហម ឡើង​ពង​ទឹក រលាក ហើម​ត្រង់​គន្លាក់​សន្លាក់ សន្លាក់ឆ្អឹង​បាតជើង ម្រាមជើង ម្រាមដៃ ជាពិសេស​រមែង​កើត​ត្រង់​សន្លាក់​មេជើង ដែល​ទទួលរង​នូវ​ផលប៉ះពាល់​គ្រោះថ្នាក់​ខ្លាំង​បំផុត ហើយ​ធ្លាប់​កើត​លើ​ក្រុមមនុស្ស​ប្រមាណ​ជា50%​នៃ​អ្នកជំងឺ​លោកខាងលិច។ ក្រៅពីនេះ អាច​ជួបប្រទះ​រោគសញ្ញាហើម​ពងទឹក​លើ​ស្បែក ក្រួស​ក្នុង​តម្រងនោម និងរោគ​តម្រងនោម​ដែល​កើត​ពី​អាស៊ីតអ៊ុយ​រិ​ក។ល។ រោគ​នេះ​កើតឡើង​នៅពេល​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​នៅក្នុង​ឈាមហើយ​អាស៊ីត​នេះ​ច្រើន​គ្រាប់ ដែលមាន​សណ្ឋាន​ដូច​គ្រាប់​គ្រី​ស្ដា​ល់ចំ​សរសៃ និង​ជុំវិញ​សរសៃ​យាវ។

    ការស្រាវជ្រាវ​របស់​គ្រូពេទ្យ​ជំនាញចំពោះការ​ពិនិត្យ​ដុំ​គ្រី​ស្ដា​ល់​ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​ក្រួសតម្រងនោម​នេះ​បាន​រកឃើញថា វិធីព្យាបាលជំងឺនេះគឺអាចធ្វើទៅបាន​ដោយប្រើថ្នាំ​បំបាត់​ការ​រលាក​មួយ​ប្រភេទ ដែល​មិន​ប្រើ​ស្តេ​រ៉ូ​អីុ​ដ(NSAIDs) និង Colchicine អាច​ព្យាបាល​ឱ្យ​អ្នកជំងឺ​មាន​អាការ​ប្រសើរឡើង បន្ទាប់ពីចាប់ផ្ដើម​មាន​អាការ​រលាក​ស្រួចស្រាវ​កើតឡើង ហើយ​កម្រិត​នៃ​ទឹក​អាស៊ីត​អ៊ុយ​រិ​ក​ដែលមាន​នៅក្នុង​ឈាម​ក៏​ថយចុះ​វិញ​ដែរ។ ជំងឺនេះ​អាចជា​សះ-ស្បើយ​បាន​ដោយ​ការផ្លាស់ប្ដូរ​របៀប​រស់នៅរបស់អ្នកជំងឺពោលគឺ​អ្នក​ដែលមាន​អាការ​រោគនេះ​អាច​ប្រើ Allopurinol ឬថ្នាំ​ចាក់ Prome-nade ដើម្បី​ការពារ​ក្នុង​រយៈពេល​យូរអង្វែង។

    ចំនួន​អ្នកជំងឺ​រោគ​រលាក​សន្លាក់​ហ្គោ​ត អាច​នឹង​កើតជំងឺនេះឡើងវិញ​នៅក្នុងអំឡុងរយៈពេល10ឆ្នាំក្រោយមក ហើយគេ​ជឿជាក់​ថា ជំងឺ​រលាក​សន្លាក់​ហ្គោ​ត អាច​ហុច​ផល​វិជ្ជមាន​​មួយចំនួន​​ចំពោះក្រុមមនុស្សដែលមាន​ជំងឺ​មេ​តា​បូ​លិ​កក្រុមមនុស្សដែល​អាយុ​ច្រើន និងក្រុមមនុស្សដែលមាន​ទង្វើ​នៃ​ការបរិភោគ​អាហារ​​ផ្លាស់ប្ដូរជារឿយៗ។ ពី​មុន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ត​ធ្លាប់មាន​ឈ្មោះថា ជា​ជំងឺ​អ្នកមាន ឬ​ជំងឺ​ស្ដេច។

    វិធី​ព្យាបាល ​និងវិធីការពារខ្លួនពីជំងឺ​រោគ​រលាក​សន្លាក់​ហ្គោ​ត
    1. ស្លឹកគ្រៃ​សុទ្ធ 4-5 ដើម
    2. ស្លឹក​តើយ​សុទ្ធ 2-3 សន្លឹក
    3. ទឹកបរិសុទ្ធ 2 លីត្រ

    វិធី​ធ្វើ
    1. ដាំទឹក​ស្លឹកគ្រៃ និង​ស្លឹក​តើយ​រហូតដល់​ពុះ។ នៅពេល​ពុះ​ហើយ ក៏​បន្ថយ​ភ្លើងចុះបន្ដិច​វិញ។
    2. រំងាស់វាបន្ដរយៈពេល15នាទី ហើយនៅពេលរំងាស់ហាម​បិទ​គម្រប​ឆ្នាំង​ជាដាច់ខាត។
    3. បន្ទាប់ពីគ្រប់15នាទី​ហើយ សឹមពន្លត់ភ្លើង រួចទុកចោល​ឱ្យ​ត្រជាក់។
    4. ចូរទទួលទានទឹកស្លឹកគ្រៃនេះ​ជំនួស​ទឹក​ធម្មតា​ចំនួន1សប្ដាហ៍ ដើម្បី​លាង​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​នៅក្នុង​ឈាម ដែលជា​មូលហេតុ​បណ្ដាល​ឱ្យ​កើតអាការ​ឈឺជង្គង់ ឬសន្លាក ដែល​កើត​ពី​​ជំងឺ​រលាក​សន្លាក់​ហ្គោ​តនេះ ឱ្យជា​សះស្បើយ និងមានភាពប្រសើរ​ឡើង​ដោយ​មិនបាច់​ប្រើប្រាស់​ថ្នាំអ្វីទាំងអស់។ ចំពោះអ្នកដែលមានអាយុច្រើន តែមិនទាន់កើតមានជំងឺ​រលាក​សន្លាក់​ហ្គោ​ត ក៏អាចទទួលទានទឹកស្លឹកគ្រៃនេះ ដើម្បីការពារខ្លួនពីជំងឺនេះបានដែរ៕

  • ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ប្រេង​ស្លឹក​ប្រេងខ្យល់! ប្រសិទ្ធភាព​កម្ចាត់​ស្នាម​ផ្លែ​លើ​ស្បែក​ដោយ​នឹកស្មាន​មិន​ដល់

    ស្នាម​ផ្លែ​លើ​សាច់ បាន​ក្លាយជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ស្ត្រី​មួយចំនួន​ត្រូវ​ស​ម្រ​ច​ចិត្ត​ជ្រើសរើស​ទិញ និង​ស្លៀកពាក់​សម្លៀកបំពាក់​មួយ​ចំនួន​ទាំង​ដែល​ខ្លួន​មិនបាន​ស្រឡាញ់​ពេញចិត្ត ហេតុផល​ក៏​ព្រោះតែ​ដើម្បី​បិទបាំង​ស្នាម​ផ្លែ​ដ៏​អាក្រក់​មើល​នៅលើ​ស្បែក។ ស្នាម​ផ្លែ​នេះ​ភាគច្រើន​កើតឡើង​ក្រោយពី​ការ​មាន​របួសស្នាមផ្សេងៗ ប៉ុន្តែ​វា​មិនមែន​កើតឡើង​លើ​សាច់មនុស្ស​គ្រប់គ្នា​នោះទេ។ ក្រោយពី​កើតមាន​សភាព​បែបនេះហើយ មាន​មនុស្ស​មួយចំនួន​បាន​ខិតខំ​ព្យាបាល​ដោយ​វិធីផ្សេងៗគ្នា ខ្លះ​ក៏បាន​ទទួលផល​ជាទី​ពេញចិត្ត ខ្លះទៀត​ក៏បាន​តិចតួច ចំណែក​អ្នក​ខ្លះទៀត​ក៏​មិន​ទទួលបាន​ផល​អ្វី​ទាល់តែសោះ ព្រោះតែ​គាត់​ខ្វះ​សេចក្តី​ព្យាយាម​ក្នុងការ​ព្យាបាល ឬ​ខ្វះ​លទ្ធភាព​ក្នុងការ​ចំណាយ​ជាដើម។ ប្រេង​ដែល​ចម្រាញ់​ចេញពី​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ឈ្មោះថា ដើម​ប្រេងខ្យល់ (Tea Tree Oil) ត្រូវបាន​រកឃើញថា​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ស្នាម​ផ្លែ​នៅលើ​ស្បែក​គួរឱ្យកត់សម្គាល់។

    បើទោះជា​អ្នកស្រាវជ្រាវ​បាន​កំណត់ថា ប្រេង​ស្លឹក​ប្រេងខ្យល់​បាន​ផ្តល់នូវ​គុណប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​ក៏ពិតមែន ប៉ុន្តែ​វា​ក៏ត្រូវ​បាន​គេ​កំណត់ថា ជា​ប្រេង​រុក្ខជាតិ​ដែល​អាចជួយ​ព្យាបាល​បញ្ហា​នៅលើ​ស្បែក​ដូចជា ស្នាម ស្នាម​ដាច់រយះ ស្នាម​ផ្លែ និង​ស្នាម​មុន​ជាដើម​ផងដែរ។ ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​អ្នក​ត្រូវធ្វើ​ដូចម្តេចខ្លះ ដើម្បីឱ្យ​ប្រេង​ប្រភេទ​នេះ​ជួយ​កម្ចាត់​ផ្លែ​លើ​ស្បែក​របស់​អ្នក​បាន​នោះ សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដូចតទៅ៖

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ថ្នាំ​អា​ស្ពេ​រី​ន ៈ យក​ថ្នាំ​អា​ស្ពេ​រី​ន​ចំនួន4គ្រាប់ កិន​វា​ឱ្យ​បែក លាយ​ជាមួយ​ទឹក3-4ដំណក់ កូរ​វា​ឱ្យ​រលាយ​សព្វ​ចូលគ្នា។ យក​ល្បាយ​ដែល​លាយ​រួច​ទៅ​លាប​លើ​ស្បែក​ត្រង់​កន្លែង​ដែលមាន​ផ្លែ រួច​ទុកចោល15-30នាទី រហូតដល់​វា​ស្ងួត។ បន្ទាប់មក​លាង​សម្អាត​ជាតិ​ថ្នាំ​នោះ​ចេញ​ជាមួយ​ទឹកស្អាត រួច​បន្ត​ដោយ​ការយក​ប្រេង​ស្លឹក​ប្រេងខ្យល់2-3ដំណក់​លាប​ត្រង់​កន្លែង​ផ្លែ​លើ​ស្បែក (មិនបាច់​លាង​ចេញ​ទៀត​ទេ)។ថ្នាំ​អា​ស្ពេ​រី​ន គឺជា​សារធាតុ​ផ្សំ​ដែល​អាចជួយ​សម្អាត​ស្បែក​ជាមួយ​សារធាតុ​ផ្សំ​សកម្ម ដែល​
    មិន​ត្រឹមតែ​អាច​ព្យាបាល​ស្នាម​នោះទេ តែ​វា​ថែមទាំង​អាច​ព្យាបាល​មុន និង​បញ្ឈប់​ការរីក​រាលដាល​នៃ​ផ្លែ​សាច់​បាន​ថែម​ទៀតផង។

    ប្រេង​ស្លឹក​ប្រេងខ្យល់ អំបិល និង​ប្រទាល​កន្ទុយក្រពើ ៈ អំបិល គឺជា​ភ្នាក់ងារ​សម្លាប់​មេរោគ​ដ៏​អស្ចារ្យ។ ដាក់​ទឹក2ស្លាបព្រាបាយ និង​អំបិល1ស្លាបព្រាបាយ ដាំ​លើ​ភ្លើង រួច​កូរ​រហូតដល់​អំបិល​រលាយ។ ជ្រលក់​សំឡី​មួយ​ដុំ​តូច​ចូលទៅក្នុង​ទឹក​នោះ រួច​យក​វា​មក​សង្កត់ពីលើ​សាច់​ផ្លែ​នោះ​ប្រហែល5នាទី សឹម​យក​សំឡី​នោះ​ចេញ ហើយ​លាបប្រេង​ស្លឹក​ប្រេងខ្យល់(3-5ដំណក់) ពីលើ។ រង់ចាំ​ប្រមាណ​ជា5នាទី រហូត​ទាល់តែ​ប្រេង​ស្លឹក​ប្រេងខ្យល់​នោះ​ត្រូវបាន​ស្រូប​ចូលទៅក្នុង​ស្បែក រួច​លាប​ប្រទាល​កន្ទុយ-ក្រពើ កន្លះ​ស្លាបព្រា​កា​េហ្វ​ពីលើ​ជាការ​ស្រេច។ជាតិ​អន្ធិល​នៃ​ប្រទាល​កន្ទុយក្រពើ ធ្វើការ​ជាមួយ​ប្រេង​ស្លឹក​ប្រេងខ្យល់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការ​រលាក​ហើមផ្សេងៗនៅលើ​ស្បែក​ដែលមាន​ផ្លែ។

    ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E ៈ ប្រេង​ស្លឹក​ប្រេងខ្យល់ និង​ប្រេង​វីតាមីន E លាយ​ចូលគ្នា​ក្នុង​បរិមាណ​ស្មើគ្នា រួច​យកមក​លាប​ត្រង់​សាច់​ផ្លែ ហើយ​ទុក​វា​ចោល​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ក៏បាន ប៉ុន្តែ​មុន​អនុវត្ត​សូម​សម្អាត​ស្បែក​របស់​អ្នក​ឱ្យបាន​ស្អា​ជាមុនសិន។
    វីតាមីន E ជា​ប្រភព​នៃ Antioxidants ដែល​អាចជួយ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ​នានា។

    សូមបញ្ជាក់ថា​សម្រាប់​វិធីនីមួយៗខាងលើនេះ​ត្រូវធ្វើ​ឱ្យបាន​ម្តង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវធ្វើ​វា​ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ។ ប្រេង​ស្លឹក​ប្រេងខ្យល់​ប្រហែលជា​មិនអាច​ព្យាបាល​សាច់​ផ្លែ​បាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​សូម​ចាំ​ថា​យ៉ាងហោចណាស់​វា​ក៏​អាច​បន្ថយ​ការបង្ហាញ​ចេញ និង​រារាំង​មិនឱ្យ​ផ្លែ​សាច់​រីកលូតលាស់​កាន់តែ​ធំ​បានដែរ ហើយ​ប្រសិនបើ​អ្នកធ្វើ​វា​ឱ្យបាន​ទៀងទាត់​នោះ រយៈពេល3-4សប្តាហ៍​ក្រោយមក​អ្នកនឹង​បានឃើញ​ពី​ភាពខុសប្លែក​គ្នា​រវាង​ពេលមុន និង​ក្រោយពេល​អនុវត្ត​ជាមិនខាន៕

  • វិធី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ជាមួយ​បន្លែ​បែប​ធម្មជាតិ

    វិធី​បង្កើន​សមត្ថភាព​ផ្លូវភេទ​ជាមួយ​បន្លែ​បែប​ធម្មជាតិ

    សម្រាប់​ជីវិត​ជា​គូ គេ​ជឿថា​កម្រ​នឹងមាន​អ្នកណាម្នាក់​ហ៊ាន​ហាមាត់​និយាយ​បដិសេធថា​ទេ​ចំពោះ​តម្រូវការ​ផ្លូវភេទ​នោះឡើយ ខណៈដែល​តម្រូវការ​មួយ​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​រឹតបណ្តឹង​ចំណង​សម្ពន្ធភាព​នៃ​ដៃគូ​ជីវិត​ឱ្យ​កាន់​តែមាន​ភាព​ផ្អែមល្ហែម ហើយ​វា​ក៏​ជា​ចំណែក​មួយ​នៃ​រសជាតិ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ផងដែរ។ យ៉ាងណាក៏ដោយ​ប្រសិនបើ​សម្ពន្ធ​នៃ​មេត្រីភាព​ជួប​បញ្ហា ឬ​ប្រព្រឹត្តទៅ​មិន​រលូន​ដោយ​ប្រការ​ណាមួយ ដូចជា ដំណើរការ​សិច​ត្រូវបាន​បញ្ចប់​ក្នុងពេល​ដ៏​ខ្លីឬ​ភាគី​បុរស​អសមត្ថភាព ក៏ដូចជា​ភាគី​ខាង​ស្រី​គ្មាន​ចំណង់ ដែល​ប្រការ​ទាំងអស់នេះ អ្នក​ត្រូវតែ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​ភាព​សោះកក្រោះ​ក្នុង​ឆាកជីវិត​ជា​គូ​របស់​អ្នក។

    ចំពោះ​វិធីសាស្ត្រ​អាចមាន​ច្រើន​ជម្រើស​ក្នុងនោះ​រួមមាន​ដូចជាការប្រើប្រាស់​ឱសថ​ជាដើម ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​វិធី​មួយ​ដែលមាន​ការពេញនិយម និង​ទទួលបាន​លទ្ធផលភ្លាម។ ប៉ុន្តែ​សម្រាប់​ពេលនេះ យើង​សូម​ណែនាំ​ថា ចំពោះ​ឱសថ​ជំនួយ​មួយ
    ចំនួន​គឺ​ពិត​ជាមាន​ប្រសិទ្ធភាព​ពិតមែន តែ​វា​មិនបាន​ធ្វើឱ្យ​សមត្ថភាព​ភ្លូវ​ភេទ​មាន​ភាព​យូរអង្វែង​នោះទេ ហើយ​វា​អាច​បាត់បង់​ទៅវិញ​បន្ទាប់ពី​អស់​ឥទ្ធិពល​នៃ​ជាតិ​ថ្នាំ។ ដូច្នេះ អ្នក​គួរតែ​ងាក​មករក​វិធីសាស្ត្រ​តាមបែប​ធម្មជាតិ ដោយ​ការ​ទទួលទាន​អាហារ រួមមាន​
    បន្លែ ត្រី​សាច់ ព្រមទាំង​ផ្លែឈើ​ទើប​ជាការ​ប្រសើរ។

    បន្លែ​ធម្មជាតិ​ដែល​ជំនួយ​ដល់​សមត្ថភាព​ផ្លូវភេទ​មានដូចជា៖

    1 . បន្លែ​ភ្លៅកង្កែប ៖ នេះ​ជា​ប្រភេទ​បន្លែ​ឱសថ ដែលមាន​លទ្ធភាព​អាចធ្វើឱ្យ​សមត្ថភាព​ផ្លូវភេទ​របស់​អ្នកមាន​ភាពប្រសើរ​ជាង​មុន ព្រោះថា វា​ជា​បន្លែ​ដែល​ផ្ទុក​ទៅដោយ​សារធាតុ​អរ​ម៉ូ​ន​ភេទ​ឈ្មោល​យ៉ាងច្រើន ជួយ​ឱ្យ​បុរស​មាន​កម្លាំង​ខ្លាំង និង​ធ្វើឱ្យ​ដៃគូ​របស់​អ្នកមាន​ភាព​ពេញចិត្ត​ស្អិតល្មួត​ទ្វេដង ជាពិសេស​អាចធ្វើឱ្យ​អ្នក​ឈានដល់​ចំណុចកំពូល​នៅពេល​ប្រយុទ្ធ​ក្នុង​សមរភូមិ​យ៉ាង​អស្ចារ្យ។

    2 . ជី​វ៉ាន់ស៊ុយ ៖ ជា​ប្រភេទ​បន្លែ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម កាលស្យូម ម៉​ង់​ហ្គា​ណែ​ល និង​ជាតិ​ដែក ដែល​ជួយ​ដល់​ការទប់ស្កាត់​ការពារ​ជំងឺផ្សេងៗ ហើយ​ក្រៅពីនេះ ជី​វ៉ាន់ស៊ុយ ក៏​ជួយ​ដល់​ភ្នែក និង​ប្រព័ន្ធ​ប្រសាទ​ផ្លូវភេទ​ផងដែរ។ គួរ​បញ្ជាក់ថា កាលពី​សម័យបុរាណ មនុស្ស​ជាច្រើន​បាន​យក​វា​មក​ធ្វើជា​ឱសថ​ប្រភេទ​សម្រើប​តណ្ហា ដែល​ភាគច្រើន​ឃើញ​នៅក្នុង​តំបន់​មេ​ឌី​ទែ​រា​៉​ណេ និង​នៅក្នុង​ប្រទេស​ឥណ្ឌា​តែម្ដង។

    3 . ខ្ទឹមស ៖ ខ្ទឹមស​ជួយ​សម្រួល​ដល់​ផ្លូវដង្ហើម និង​កម្ចាត់​ក្លិន​មិនល្អ​នៅក្នុង​ប្រព័ន្ធ​ផ្លូវ​ដ​ង្ហើ​យ។ ខ្លឹម​ស​ក៏​ជួយ​ឱ្យ​បញ្ហា​ផ្លូវភេទ​របស់​អ្នក​ប្រែក្លាយជា​ល្អប្រសើរ​ឡើងវិញ​បានដែរ បន្ទាប់ពី​ទទួលទាន​វា​ជា​ប្រចាំថ្ងៃ ដោយសារ​ក្លិនឈួល​វា​ជួយ​ឱ្យ​សរសៃឈាម​រីក​ឡើង ធ្វើឱ្យ​ឈាម​រត់​បាន​សព្វ ជាពិសេស នៅ​តំបន់​ដែលមាន​ស្បែកស្តើងៗ ដូចជា បបូរមាត់ និង​ប្រដាប់ភេទ ដែល​ធ្វើឱ្យមាន​អារម្មណ៍​ពុះកញ្ជ្រោល​ក្នុងការ​រួមភេទ។

    4 . ផ្លែ​ម្ទេស ៖ ផ្លែ​ម្ទេស​ក៏​ជា​ប្រភេទ​អាហារ​ជំនួយ​ដល់​ផ្នែក​ផ្លូវភេទ​ផងដែរ ក្រៅពី​ការយក​វា​មក​ធ្វើជា​គ្រឿងទេស​ក្នុង​មុខម្ហូប​នោះ។ វា​មាន​ផ្ទុក​ទៅដោយ​សារធាតុ Capsaicin ដែលជា​ជាតិគីមី​ម្យ៉ាង​អាចជួយ​សម្រួល​ដល់​សរ​សៃ​ឈាម​ឱ្យ​រត់​ស្រួល និង​ធ្វើឱ្យ​អា​អូន​តូច​របស់​អ្នក​ឡើង​ធំ ហើយ​រឹងមាំ​ទៀតផង និង​អាចឱ្យ​អ្នកប្រតិបត្តិ​ការ​ការងា​រលើ​គ្រែ​កាន់តែ​យូ​ជាង​មុន​ថែមទៀត៕

  • គន្លឹះ​សំខាន់​ក្នុងការ​ថែរក្សា​ស្បែក​នាពេល​ធ្វើដំណើរ​កម្សាន្ត

    គន្លឹះ​សំខាន់​ក្នុងការ​ថែរក្សា​ស្បែក​នាពេល​ធ្វើដំណើរ​កម្សាន្ត

    មិន​ថា​ជានា​រី ឬ​បុរស​នោះទេ មិន​ត្រូវឱ្យ​ខាតបង់​ពេលវេលា​ឡើយ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ស្បែក​របស់​អ្នក​គ្រប់ពេលវេលា។ ខណៈពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ជិត ឬ​ឧស្សាហ៍​ធ្វើដំណើរ​កម្សាន្ត ស្បែក​របស់​អ្នកនឹង​ទទួលរង​នូវ​កម្លាំង​ខ្យល់ កម្ដៅព្រះអាទិត្យ សីតុណ្ហភាព​ក្នុង​ខ្លួន សីតុណ្ហភាព​នៃ​បរិស្ថាន​ជំ​ុ​វិញ​ខ្លួន ទាំងអស់នេះ​បណ្ដាលឱ្យ​សម្បុរស្បែក​របស់​អ្នក​ងាយ​រង​នូវ​ការ​ខូចសុខភាព​ស្បែក ព្រោះថា មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ណាស់​ថា ពេល​ដើរ​កម្សាន្ត​ទៅណា​មក​ណាម្ដងៗ រាល់ពេល​ត្រឡប់មកវិញ​គឺ សង្កេត​មើលឃើញ​ស្បែក​របស់ខ្លួន​ប្រែសម្បុរ ហើយ​ជាំខ្មៅ​ស្រអាប់​មិន​ស្រស់ថ្លា​ទាល់តែសោះ។ ចំណុច​នេះ​គឺ​ទាមទារ​ឱ្យ​អ្នកធ្វើ​ការថែទាំ​ស្បែក​របស់​អ្នក ជាពិសេស​នាពេល​ធ្វើដំណើ​រ ដូច្នេះហើយ​ទើប​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ផ្តល់នូវ​គន្លឹះសំខាន់ៗ និងល្អៗ បើ​ចង់​ជ្រាប​ច្បាស់​ពី​ការថែរក្សា​ស្បែក​ខណៈ​ធ្វើដំណើរ​ទៅតាម​តំបន់​រមណី​ដ្ឋា​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដូចខាងក្រោម​នេះ។

    1- ទទួលទាន​ទឹក​ឱ្យបាន​ច្រើន
    ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​ស្បែក​ស្ងួត ខណៈពេល​ធ្វើដំណើរ​រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​ទឹក​ច្រើន ដូច្នេះ​អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​បំបាត់​ភាព​នឿយហត់ ជួយ​មិនឱ្យ​ស្ងួត​បំពុងក និង​ជួយ​ឱ្យ​ស្បែ​កមាន​សំណើម​គ្រប់ពេល មិន​ស្ងួត​ហួតហែង​ដោយសារតែ​កម្លាំង​ខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ។ ម្យ៉ាងវិញទៀត បើ​អ្នក​ទទួលទាន​ទឹក​ដែលមាន​ជាតិ​អំបិល​រ៉ែ នោះ​គឺ​កាន់តែ​ល្អ​ទាំង​សុខភាព និង​ស្បែក​របស់​អ្នក។

    2- លាប​ឡេ​ការពារ​កម្ដៅថ្ងៃ
    ខណៈដែល​អ្នកធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​មាត់សមុទ្រ ឬ​ទី​រមណី​ដ្ឋា​ន​ធម្មជាតិ​នានាកត្តា​សំខាន់បំផុត​គឺ ត្រូវ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ប្រភេទ SPF50 PA+++ ព្រោះថា​វា​មាន​ប្រសិទ្ធភាព​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​យ៉ាង​ល្អ​បំផុត ព្រមទាំង​មិន​ធ្វើឱ្យ​ស្បែក​ខ្លួន និង​ស្បែ​កមុខ បែកញើស ចេញ​ខ្លាញ់ និង​ធំ​ុ​ក្លិន​ខ្លួន​ទៀតផង។

     

    3- ប្រើ​ម្សៅ​ផង់ ឬ​ម្សៅ​ទ្រនាប់ ដើម្បី​ជួយ​ការពារ​ស្បែក
    ម្សៅ​ផង់​ដែលមាន​លក់​នៅលើ​ទីផ្សារ​គឺមាន​ច្រើន​ប្រភេទ​ណាស់ ហើយ​អ្វីដែល​សំខាន់​​ អ្នក​ត្រូវ​មើល​ការណែនាំ​ដែល​បាន​សរសេរ​បញ្ជាក់ប្រាប់​នៅលើ​ប្រអប់ និង​សម្បក​កំប៉ុង ដែល​បង្ហាញ​ពី​ភាព​ស័ក្ដិសម​ក្នុងការ​ប្រើប្រាស់ និង​ត្រូវ​ជាមួយនឹង​ប្រភេទ​ស្បែក​របស់​អ្នក។ ខណៈពេលដែល​អ្នក​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ប្រភេទSPF50 PA+++ នៅលើ​ស្បែ​កមុខ​មួយ​ជាន់​ហើយ នោះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ អ្នក​ចាំបាច់​ត្រូវតែ​ប្រើ​ម្សៅ​ផង់ ឬ​ម្សៅ​ទ្រនាប់​ជំនួយ​បន្ថែម​មួយ​ជាន់​ទៀត ដើម្បី​ជួយ​ការពារ​ស្បែក​របស់​អ្នក​នៅក្នុង​ដំណើរ​កម្សាន្ត។

    4- Sleeping Mask
    កុំ​ភ្លេច​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​នាពេល​រាត្រី​ផង​ណា៎ ព្រោះថា​ការ​ហត់នឿយ​ពេញ​មួយថ្ងៃ​កន្លងទៅ ស្បែក​របស់​អ្នក​ក៏មាន​ភាព​ទ្រុឌទ្រោម មិន​ស្រស់ថ្លា​ឡើយ។ ដូច្នេះ​រឿង​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ទា​ប់​ពីស​ម្រាក​ពី​ដំណើរ​កម្សាន្ត​នោះ​គឺ នៅពេល​យប់​អ្នក​ត្រូវ​ប្រើប្រាស់ Sleeping Mask ដើម្បី​ធ្វើការ​ម៉ាស្សា​ស្បែ​កមុខ​ឱ្យមាន​សំណើម នឹង​ជួសជុល​ត្រង់ចំណុច​ដែល​បាន​រង​នូវ​ការខូចខាត​ឡើងវិញ ដើម្បីឱ្យ​នៅពេល​អ្នក​ក្រោក​ពី​គេង​វិញ ស្បែក​មុខ​អ្នកនឹង​បាន​ស្រស់ថ្លា និង​មិនអាក្រក់​មើល។

    5- ប្រើ Eyes Cream ការពារ​ស្បែក​ភ្នែក
    ការធ្វើដំណើរ​កម្សាន្ត​នៅពេល​ខ្លះ​បានធ្វើឱ្យ​លោកអ្នក​លង់​ស្នេហ៍ និង​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​ទេសភាព និង​របស់ប្លែកៗ រហូតដល់​អ្នក​ភ្លេចខ្លួន​ថា អ្នក​សម្រាក​មិនបាន​គ្រប់គ្រាន់។ដូច្នេះ​អ្នក​គួរតែ​យកចិត្ត​ទុក​ចំពោះ​សុខភាព​ស្បែ​កនៅ​ជំ​ុ​វិញ​ភ្នែក​របស់​អ្នកផង។ អ្នក​ត្រូវ​រក​ផលិតផល​ណា ដែល​អាចជួយ​ការពារ​ត្របកភ្នែក​របស់​អ្នក​មិនឱ្យ​ខ្មៅ និង​ជួយ​បំបាត់​ស្នា​មដក់​ខ្មៅ​នៅក្រោម​ភ្នែក​របស់​អ្នក ដើម្បី​លាប​ម៉ាស្សា​ស្បែក​ភ្នែក​ដោយថ្នមៗ។ ដើម្បី​កុំឱ្យ​ស្បែក​នៅ​ជំ​ុ​វិញ​ភ្នែក​របស់​អ្នក​រង​នូវ​ភាព​ខូ​ត​ខាត​កាន់តែខ្លាំង ហើយ​សូម​ចៀសវាង Make Up ត្របកភ្នែក​ខណៈដែល​កំ​ពុង​ធ្វើដំណើរ​កម្សាន្ត​ផងដែរ។

    6- ដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​តាម​ខ្លួនជានិច្ច
    មិន​ថា​នៅ​ទីកន្លែង​ណា​នោះទេ អ្នក​ត្រូវ​ចង់ចាំ​ថា អ្នក​ត្រូវដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​តាម​ខ្លួន​ជានិច្ច ទាំង​ឡេ​ការពារ​ស្បែក​ខ្លួន និង​ស្បែ​កមុខ។ដូច្នេះ​ដើម្បី​ថែរក្សា​ស្បែក​របស់​អ្នក​មិនឱ្យ​ខូចនិង​អាច​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ដ​របស់​អ្នក​យ៉ាង​ពេញទំហឹង អ្នក​ត្រូវដាក់​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាប់​តាម​ខ្លួន ឬ​នៅក្នុង​កូន​កា​បូប​ឱ្យ​ជាប់ និង​ត្រូវ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​រៀងរាល់2ម៉ោង​ម្តង៕

  • អ្នក​រវល់​ច្រើន បើ​ស្រឡាញ់​សុខភាព ​ត្រូវ​ប្ដូរ​និស្ស័យ​របស់ខ្លួន!

    អ្នក​រវល់​ច្រើន បើ​ស្រឡាញ់​សុខភាព ​ត្រូវ​ប្ដូរ​និស្ស័យ​របស់ខ្លួន!

    មនុស្ស​ជាច្រើន​បាន​ជួបប្រទះ​នូវ​បញ្ហា​នឿយហត់ និង​ធុញ​ទ្រ​ាន់​ជាមួយ​ការងារ ដោយសារតែ​ភាព​មមារ​ញឹក​ពេក ទើប​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​ថាល្វើយ។ ធ្វើការ​ងារ​ពេញ​មួយថ្ងៃ ខួរក្បាល​របស់​អ្នក​ចាប់ផ្ដើម​ទន់ខ្សោយ​អស់​ថាមពល ម្យ៉ាង​អារម្មណ៍​មួយ​ដែល​ឃើញ​មិត្ត​រួម​ការងារ​នៅក្នុង​ក្រុមហ៊ុន​បានបញ្ចប់​ការងារ​តាម​ពេលវេលា​កំណត់ តែ​ខ្លួន​បែរជា​ត្រូវធ្វើ​ការបន្ថែម​ម៉ោង​នោះ បែបនេះ​កាន់តែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចុះខ្សោយ និង​ចង់​សម្រាក​កាន់តែខ្លាំង​ឡើង។ ទម្លាប់​ហាត់ប្រាណ​គឺជា​រឿង​សំខាន់​ចាំបាច់​មួយ ដែល​ធ្វើឱ្យ​សុខភាព​អ្នក​ល្អប្រសើរ ក៏ប៉ុន្ដែ​ភាព​នឿយហត់ និង​រវល់​ជាមួយ​ការងារ បានធ្វើឱ្យ​អ្នកមើល​រំលង​ការហាត់​ប្រាណ និង​បណ្ដុះ​និស្ស័យ​ខ្ចិ​ល​ជាប់​មក​រាល់ថ្ងៃ។ ដូច្នេះ​ដើម្បីឱ្យ​សុខភាព​ល្អ និង​សម្រស់​កាន់តែ​ក្មេង​ជាង​វ័យ បើទោះបីជា​រវល់​ប៉ុណ្ណា​ក៏ដោយ​នោះ អ្នក​គប្បី​គួរតែ​ព្យាយាម​ក្រោកហាត់​ប្រាណ​នាពេល​ព្រឹក​ព្រលឹម។ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន នឹង​ជម្រាបជូន​នូវគន្លឹះ​តៀម​ខ្លួន​ក្នុងការ​ហាត់ប្រាណ​នាពេល​ព្រឹក ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​ឱ្យបានដឹង និង​អនុវត្តន៍​តាម ធានាថា​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត​សម្រាប់​សុខភាព​អ្នក និង​សម្រស់​របស់​អ្នក។

    1 សាកល្បង​គូ​រូបភាព​នៅក្នុង​ខួរក្បាល​ថា ជា​ថ្ងៃ​ដែល​ស្រស់ថ្លា​បំផុត
    អ្នក​ត្រូវតែ​សាកល្បង​គូ​រូបភាព​តំបន់​ដែលមាន​ទេព​ភាពស្រស់​ស្រាយ ជាទី​កន្លែង​អ្នក​ត្រូវ​ក្រោក​ទៅ​ហាត់ប្រាណ​នាពេល​ព្រឹក​ព្រលឹម ហើយក៏​ជាទី​តាំង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ សម្បូរ​ដោយ​អុកស៊ីហែ៊្សន ខណៈដែល​អ្នក​ស្រូបខ្យល់​ចូលទៅក្នុង​រាងកាយ គឺ​ធ្វើឱ្យ​ផ្លូវដង្ហើម និង​សួត​របស់​អ្នកមាន​អារម្មណ៍​ថា ស្រស់ថ្លា និង​បរិសុទ្ធ​ក្រៃលែង។ សាក​នឹក​ពី​រូបភាព​ដែល​អាច​ធ្វើឱ្យ​អ្នក​ស្រូបយក​ខ្យល់អាកាស និង​ទទួលបាន​វីតាមីន​ពី​ពន្លឺ​រស្មី​ព្រះអាទិត្យ​រះឡើង​នាពេល​ព្រលឹមស្រាងៗ ព្រោះ​ការ​នឹក​រូបភាព​អស់ទាំង​នេះ នឹង​ជួយ​ឱ្យ​អ្នក​កាន់​តែមាន​អារម្មណ៍​ចង់​ក្រោក​ហាត់ប្រាណ។

    2 ដាក់​ម៉ោង​រោទិ៍
    មនុស្ស​ខ្លះ​អាច​នឹងដាក់​ម៉ោង​រោទិ៍​ចំនួន2ដង និង​រោទិ៍​រៀងរាល់5នាទី​ម្ដង ហើយ​រឿង​ដែល​សំខាន់​គឺ​ត្រូវ​តាំង​នាឡិការ​រោទិ៍​នៅ​ឆ្ងាយ​ពី​គ្រែ​គេង ឬ​ឱ្យឆ្ងាយពីក្បាលដំណេក​របស់​អ្នក​។ ប្រសិនបើ​ការ​ក្រោក​ដោយ​ការ​ដាស់​តាមរយៈ​នាឡិការ នៅតែ​មិនទាន់​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ស្វាង​ឡើង​ទេនោះ អ្នក​អាច​ក្រោក រួច​ទៅ​បើកភ្លើង ព្រោះ​ពន្លឺភ្លើង​អាច​នឹង​ធ្វើឱ្យ​ភ្នែក​អ្នក​ស្វាង​ពី​ដំណេក។

    3 ការត្រៀម​ឧបករណ៍​ឱ្យ​រួចរាល់
    អ្នក​ត្រូវ​ត្រៀម​ឧបករណ៍​ឱ្យ​រួចរាល់​នាពេល​យប់​ឱ្យ​ហើយ ងាយស្រួល​ក្រោក​ពី​ព្រឹក​ទៅ​ហាត់ប្រាណ ដោយ​អ្នក​មិនចាំបាច់​នឿយហត់​ក្នុងការ​ស្វែងរក​ឧបករណ៍​ហាត់​ប្រា​ណ​នាពេល​ព្រឹក​នោះទេ។

    4 ត្រៀម​កន្សែង​បង់ក​ពណ៌​ក្រហម
    អ្នកជំនាញ​និយាយថា ពណ៌​ក្រហម​ជា​ពណ៌​ដែល​ធ្វើឱ្យ​អ្នកមាន​កម្លាំង​នាពេល​ព្រឹក ដូច្នេះ​ការត្រៀម​កន្សែង​បង់ក​ពណ៌​ក្រហម​គឺ​រឿង​ល្អ​បំផុត​សម្រាប់​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ពី​អាការ​ងងុយគេង ព្រមទាំង​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ឡើង​ទៀតផង។

    5 ក្រឡេកមើល​អ្នក​ហាត់ប្រាណ​ជុំវិញខ្លួន
    ប្រសិនបើ​អ្នក​ក្រឡេកមើល​មនុស្ស​ដែល​កំពុង​ហាត់ប្រាណ​នៅ​ជុំវិញខ្លួន​អ្នក នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិន​ខ្មាសអៀន និង​ឯកា​នោះឡើយ យ៉ាងហោចណាស់​ក៏​អ្នក​មិន​ភ័យខ្លាច​ក្នុងការ​ហាត់ប្រាណ​ដែរ។

    6 ទទួលទាន​អាហារ​ពេលព្រឹក
    នាពេល​ព្រឹក​មុន​ចេញទៅ​ហាត់ប្រាណ អ្នក​គួរ​ទទួលទាន​អាហារ​ដូចជា ប្រភេទ​គ្រប់​ធញ្ញជាតិ ឬ​អាហារសម្រន់ ព្រមទាំង​ទទួលទាន​តែក្ដៅៗ និង​ទឹកដោះគោ​ស្រស់​ផងដែរ ព្រោះថា​ការធ្វើ​បែបនេះ នឹង​ជួយ​ឱ្យ​អ្នកមាន​កម្លាំង​ថាមពល​ក្នុង​រាងកាយ​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​ហាត់ប្រាណ។

    7 ត្រៀម​ទឹក​សុទ្ធ​ដាក់​តាម​ខ្លួន
    ការហាត់​ប្រាណ គឺ​បាន​ដុត​រំលាយ​ខ្លាញ់​ដែរមាន​នៅក្នុង​រាងកាយ ជាហេតុ​បណ្ដាលឱ្យ​អ្នក​ហត់ និង​បែកញើស​ច្រើន។ ទម្លាប់​ល្អ​មួយ​ដែល​អ្នក​មិនអាច​រំលង​បាន​នោះ​គឺ ការត្រៀម​ទឹក​សុទ្ធ​ដាក់​តាម​ខ្លួន​ជាប់​ជានិច្ច​នាពេល​ហាត់ប្រាណ។

    8 បបួល​មិត្តភក្ដិ​ទៅជា​មួយ
    សាកល្បង​បបួល​មិត្ត​ភក្ដិទៅ​ជាមួយគ្នា ដើម្បី​ទទួលបាន​ការប្រឹក្សា​យោបល់ និង​ជា​កម្លាំងចិត្ត​ក្នុង​ហាត់ប្រាណ ព្រោះថា មាន​គ្នាច្រើន​ប្រសើរ​ជាង​ទៅ​តែម្នាក់ឯង ម្យ៉ាងទៀត​បើ​មាន​ប្រការ​គ្រោះថ្នាក់ គ្រេច​ថ្លោះ​អ្វី មិត្ត​អ្នក​អាចជួយ​អ្នក​បាន​ទាន់ពេលវេលា។

    9 ត្រៀម​ថ្នាំ​រឹត
    នៅពេល​ហាត់ប្រាណ​ថ្ងៃ​ដំបូង អ្នក​អាច​នឹងមាន​អារម្មណ៍​ថា ចុក​ស្រពន់​ដៃជើង​បន្ដិច។ ដូច្នេះហើយ​អ្នក​ត្រូវ​ត្រៀម​ថ្នាំ​រឹត ដែលជា​ប្រភេទ​ថ្នាំ​មាន​សារធាតុ​ម៉ុង​តុល​ហើយ​ក្ដៅ ដែល​អាចជួយ​សម្រួល​ព​ន្លា​សាច់ដុំ និង​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ជួយ​មិនឱ្យ​កើតមាន​អាការ​ឈឺចាប់។

    10 ព្យាយាម​ឱ្យ​ទម្លាប់​ល្អ​នេះ​ជាប់​ជា​និស្ស័យ
    ទង្វើ​ដែល​អ្នកធ្វើ​ដដែរៗ នោះ​អាច​ប្រែក្លាយ​មកជា​ទម្លាប់ ដូច្នេះ​អ្នក​គួរ​ព្យាយាម​រក្សា​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក​នេះ​ឱ្យ​ក្លាយជា​និស្ស័យ​ល្អ​នៅជាប់​ជាមួយ​អ្នកជា​និច្ច។ យើងជឿថា ប្រសិនបើ​អ្នក​ព្យាយាម​ក្រោក​ហាត់ប្រាណ​នាពេល​ព្រឹក​បាន3ទៅ4ថ្ងៃ​ដំបូង​ហើយ​នោះ ថ្ងៃក្រោយ​មកវា​នឹង​ក្លាយជា​ទម្លាប់​ដោយ​ខ្លួនឯង​ហើយ។ ជា​ចុងក្រោយ​យើង​សង្ឃឹមថា បើទោះបីជា​អ្នក​រវល់​ធ្វើ​ការងារ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​អ្នក​អាច​ផ្លាស់ប្ដូរ​និស្ស័យ​មក​ទម្លាប់​ហាត់ប្រាណ​នាពេល​ព្រឹក ដើម្បី​សុខភាព​ផងដែរ៕