Category: សុខភាព

  • គុណវិបត្តិ​របស់​កាហ្វេ និង​ផលប៉ះពាល់​ចំពោះ​សុខភាព

    គុណវិបត្តិ​របស់​កាហ្វេ និង​ផលប៉ះពាល់​ចំពោះ​សុខភាព

    ជឿថានៅរៀងរាល់ព្រឹករបស់អ្នក​ដែលនិយមទទួលទានកាហ្វេច្បាស់ជាមិនខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ី​ន​មក​បន្ថែម​ភាពស្រស់​ស្រាយ​ឱ្យ​រាងកាយ​នោះឡើយ។ ដោយ​ភាព​ក្រអូប​ឈ្ងុយ និង​រស់ជាតិ​ដែល​ធ្វើឱ្យមាន​អារម្មណ៍​ថា​ក្លៀវក្លា​ស្វាហាប់​នោះ ទើប​វា​មិនមែនជា​រឿង​ប្លែក​ឡើយ ដែល​កាហ្វេ​ក្លាយជា​ភេសជ្ជៈ​កំពូល​ពេញនិយម​ដែល​មនុស្ស​ជាច្រើន​មិនអាច​ខ្វះ​បាន។ តែ​ភេសជ្ជៈ​ដែល​មនុស្ស​មិនអាច​ខ្វះ​បាន ដូចជា “កាហ្វេ” នេះ ទោះជា​ផ្តល់​ប្រយោជន៍​ក្នុង​រឿង​ភាព​ស្រស់ស្រាយ​ស្វាហាប់​មែន តែបើ​ទទួលទាន​ច្រើន​ជ្រុល​ពេក ក៏​ផ្តល់នូវ​គុណវិបត្តិ​ចំពោះ​រាងកាយ​ក្នុង​រយៈពេល​វែង​បានដែរ ព្រោះ​ក្រៅពី​កាហ្វេ​មាន​ជាតិ “កាហ្វេ​អ៊ី​ន” ហើយ​នោះ លោកអ្នក​ដឹង​ឬទេ​ថា តើ​វា​នៅមាន​សារធាតុ​អ្វីដែល​ផ្តល់​ទោស​ដល់​រាងកាយ​ទៀត​ដែរឬទេ?

    សារធាតុ​ដែល​ផ្តល់នូវ​គុណវិបត្តិ​នៅក្នុង​កាហ្វេ
    1. សារធាតុ​ធី​អូ​ហ្វ៊ីល​លីន (Theophylline) ជា​សារធាតុ​នៅក្នុង​កាហ្វេ​អ៊ីន​ដែល​ធ្វើឱ្យ​បំពង់ខ្យល់​រីក និង​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ។ នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ សារធាតុ​នេះ​គេ​ប្រើ​ជាមួយ​អ្នក​ជំងឺហឺត​ដង្ហក់ ដើម្បី​ជំរុញ​ការដកដង្ហើម បើ​បានទទួល​សារធាតុ​នេះ​ក្នុង​បរិមាណ​ច្រើន អាច​នឹង​ហុច​ផល​ឱ្យ​រាងកាយ​បាត់បង់​តុល្យការ ដោយសារតែ​វា​ទៅ​ជំរុញ​ប្រព័ន្ធ​ខួរក្បាល​ផងដែរ ទើប​មិន​ស័កិ្តសម​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​បេះដូង​នោះទេ។

    2. សារធាតុ ស៊ែ​ន​ធី​ន អាល់​ខា​លយ​ដ៍ (Xanthine Alkaloid) ជា​សារធាតុ​ដែល​បញ្ចេញ​ឬ​ទ្ធិ​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ផ្នែក​កណ្តាល ដែល​ធ្វើឱ្យមាន​អារម្មណ៍​ក្លៀវក្លា រាងកាយ​ស្វាហាប់ បើសិន​បានទទួល​ក្នុង​បរិមាណ​ច្រើន អាចធ្វើឱ្យ​បេះដូង​ដើរ​លឿន​ខុស​ប្រក្រតី​បាន ទើប​សារធាតុ​នេះ​ត្រូវបាន​ប្រើ​ជា​ចំណែក​ផ្សំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹក​ភេសជ្ជៈ​កំប៉ុងផ្សេងៗ ជា​សារធាតុ​ដែលមាន​នៅក្នុង​កាហ្វេ​អ៊ីន មាន​របាយការណ៍​ខ្លះ​បាន​ប្រាប់ថា សារធាតុ​នេះ​ប្រើ​លាយ​ផ្សំ​នៅក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត ព្រោះ​កាហ្វេ​អ៊ីន​អាចធ្វើឱ្យ​សត្វល្អិត​ស្លាប់​បាន។ សារធាតុ​នេះ​ធ្វើឱ្យ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ​ធ្លាក់​ចុះខ្សោយផងដែរ។

    សភាវ​ពុល​កាហ្វេ​អ៊ីន
    សភាវ​ពុល​កាហ្វេ​អ៊ី​ន​កើត​នៅលើ​អ្នក​ដែល​ញៀន​កាហ្វេ​អ៊ី​ន​ខ្លាំងមែនទែន ដែល​ហុច​ផល​ឱ្យ​កើត​ដំបៅ​នៅក្នុង​ក្រពះ ទើប​ធ្វើឱ្យ​អ្នក​ដែលមាន​ជំងឺ​ក្រពះ​ស្រាប់​ហើយ មាន​អាការ​ចុកពោះ​នៅពេល​ទទួល ទាន​កាហ្វេ​ពេល​ពោះ​ទំនេរ។ អ្នក​ដែល​កើត​សភាវ​ពុល​កាហ្វេ​អ៊ីន នឹង​វិលមុខ មាន​អារម្មណ៍​រសាប់រសល់ និង​ហុច​ផល​ដល់​សុខភាព​ផ្លូវចិត្ត ធ្វើឱ្យ​ងាយ​កើត​អាការ​ធុញថប់​តានតឹង។ អាការ​បន្ទាប់បន្សំ​ដែល​ជួបប្រទះ​ញឹកញាប់​គឺ ការ​បត់ជើងតូច​ញឹកញាប់​ខុស​ប្រក្រតី បេះដូង​លោត​ញាប់ខ្លាំងៗ និង​គេង​លក់​មិន​ស្រួល គ្រោះថ្នាក់​ម្យ៉ាងទៀត​ដែល​អាច​កើតឡើង​បាន​ចំពោះ​អ្នកញៀន​កាហ្វេ​អ៊ីន​នោះ​គឺ សភាវ​ពុល​កាហ្វេ​អ៊ីន​នៅក្នុង​ឈាម​ខ្ពស់​ដែល​ហុច​ផល​ឱ្យ​កើត​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ធ្វើឱ្យ​ខ្លាញ់​នៅក្នុង​ឈាម​កើនឡើង​ដែរ ដែលជា​លទ្ធផល​ធ្វើឱ្យ​ក្រពះ​ផលិត​អាស៊ីត​ចេញមក​បន្ថែម ធ្វើឱ្យ​ងាយ​កើត​ដំបៅ​ក្នុង​ក្រពះ​ខ្លាំង​ជាង​មនុស្ស​ប្រក្រតី។ ចំណែក​ផលប៉ះពាល់​ដែល​កើត​នៅលើ​មនុស្ស​ស្រី​វិញ កាហ្វេ​អ៊ី​ន​ក្នុង​បរិមាណ​ច្រើន​នឹងធ្វើ​ឱ្យ​ងាយ​កើត “ដុំ​គីស” ជាង​មនុស្ស​ប្រក្រតី និង​ប្រថុយប្រថាន​ក្នុង​ការកើត​មហារីក ឬ​ដុះ​សាច់​នៅក្នុង​សុដន់​ទៀតផង។

    ញៀន​កាហ្វេ​អ៊ី​ន​ខ្លាំង​ប៉ុនណា… ក៏​អាច​ឈប់​បាន​ដោយ​វិធី​ខាងក្រោម​នេះដែរ
    1. បន្ថយ​បរិមាណ
    សម្រាប់​អ្នក​ដែល​ញៀន​កាហ្វេ ហើយ​ត្រូវ​ការចង់​ឈប់​ទទួលទាន​កាហ្វេ​យ៉ាង​ដាច់ខាត​តែ​ម្តងនោះ ដំបូងៗអាចមាន​អាការ​ឈឺ-ក្បាល និង​មាន​អារម្មណ៍​ឡេះឡះ​នៅពេល​មិនបាន​ទទួលទាន​កាហ្វេ។ ដំណាក់កាល​ដំបូង​សុំឱ្យ​សាកល្បង​ប្តូរ​ពី​កាហ្វេ​ខ្មៅសុទ្ធមកជា​កាហ្វេ​ទឹកដោះគោ​ប្រមាណ​ជាមួយ​អាទិត្យ រួចហើយ​សឹម​បញ្ចុះ​មក ជា​ការ​ទទួលទាន​ទឹកដោះគោឆៅ​ក្តៅឧណ្ហៗលាយ​កាហ្វេស្តើង។ ក្នុងអំឡុងពេល​ថ្ងៃ ចូរ​ប្តូរ​ពី​កាហ្វេ​មកជា​កូ​កូ​ក្តៅ​ជំនួស​វិញ ព្រោះ​កូ​កូ​ក៏មាន​កាហ្វេ​អ៊ីន​ដូចគ្នា​ដែរ តែ​តិចជាង​កាហ្វេ។

    ការឈប់​ទទួលទាន​កាហ្វេ​បែប​ដាច់ខាតភ្លាមៗ នឹង​ហុច​ផល​អាក្រក់​ច្រើនជាង​ផល​ល្អ និង​អាចធ្វើឱ្យ​កាន់តែ​ពិបាក​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ​ខ្លាំង​ឡើងទៅ​វិញ​ទេ ដូច្នេះ​ទើប​គួរប្រើ​វិធី​កាត់បន្ថយ​បរិមាណ ដែល​អាច​ហៅ​បាន​ថា ជាការ​ដកខ្លួន​ថយ​ឆ្ងាយ​ពី​គុណវិបត្តិ​របស់​កាហ្វេ​បន្តិចម្តងៗទើប​ជាការ​ប្រសើរ។

    2. ទទួលទាន​ទឹកតែ​ ឱសថ​បុរាណ និង​ភេសជ្ជៈ​ក្លិន​ខា​រ៉ា​មេ​ល
    តែ​ប្រភេទ​ខ្លះ​គ្មាន​កាហ្វេ​អ៊ីន​ឡើយ ហើយ​ថែមទាំង​ក្លិន​របស់​ទឹកតែ​ឆុងចាស់ៗ នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ស្រស់ថ្លា អាច​ជំនួស​ឱ្យ​ការ​ញៀន​កាហ្វេ​បាន។ តែ​ឱសថ​បុរាណ ដូចជា តែ​យឹ​ន​ស៊ិ​ន តែ​ព្នៅ តែ​ខ្ញី តែ​បៃតង មាន​ក្លិនក្រអូប និង​ជួយ​បំប៉ន​សុខភាព ជួយ​សម្រួល​តុល្យ​ការឱ្យ​រាងកាយ។ ការរក​អ្វី​ផ្សេង​មក​ទទួលទាន​ជំនួស​កាហ្វេ​ក៏​អាចជួយ​បានដែរ បើ​លោកអ្នក​មិន​ចូលចិត្ត​ទឹកតែ ចូរ​ប្តូរ​មក​ទទួលទាន​ទឹកដោះ​ក្រឡុក​លាយ​ក្លិន​ខា​រ៉ា​មេ​ល ឬ​បាត់​ធើ​រ៍ ស្ក​ត់ ក៏​ជា​ភេសជ្ជៈ​មួយទៀត​ដែល​អាច​ជំនួស​កាហ្វេ​បានដែរ ព្រោះ​ទាំង​ខា​រ៉ា​មេ​ល និង​បាត់​ធើ​រ៍ ស្ក​ត់​នឹង​ផ្តល់នូវ​ក្លិន​ស្រដៀង​កាហ្វេ​ខ្លាំង​បំផុត។

    នៅពេល​ដឹង​ពី​គុណវិបត្តិ​របស់​កាហ្វេ​ហើយ ក៏​គួរតែ​បន្ថយ​បរិមាណ​ការទទួល​ទាន​កាហ្វេ​ឱ្យមាន​តុល្យភាព​ជាមួយ​ការទទួល​ទាន​អាហារផ្សេងៗ គួបផ្សំ​ជាមួយ​ការទទួល​ទាន​បន្លែ​ផ្លែឈើ​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​ទទួលទាន​ទឹកស្អាត​ឱ្យបាន​ញឹកញាប់​ឡើង ដើម្បី​លាងជម្រះ​ឬ​ទ្ធិ​របស់​កាហ្វេ​អ៊ីន​ឱ្យ​ថយចុះ​ខ្លះ៕

  • គ្លីនីកកែសម្ផស្សប្រដាប់ភេទបុរសពី ខ្មៅ ទៅ ស កំពុងតែល្បីល្បាញនៅក្នុងប្រទេសថៃ

    គ្លីនីកកែសម្ផស្សប្រដាប់ភេទបុរសពី ខ្មៅ ទៅ ស កំពុងតែល្បីល្បាញនៅក្នុងប្រទេសថៃ

    តាមរយៈគេហទំព័រព័ត៌មាន Lapatilla បានដកស្រង់ព័ត៌មានពីសារព័ត៌មានថៃនៅថ្ងៃទី 5 ខែ មករា ឆ្នាំ2018 នេះបាន​ឱ្យដឹងថា មានក្រុមបុរសប្រមាណ 100 នាក់ក្នុងមួយខែ បាននាំគ្នាធ្វើតម្រង់ជួរចាំនៅក្នុងគ្លីនិកនៅប្រទេសថៃ ដែលផ្តល់នូវការវះកាត់កែសម្បុរព័ណ៌ស្បែក​ប្រដាប់ភេទបុរសឱ្យស។ គ្លីនីកកែសម្ផស្ស Lelux នៅទីក្រុងបាងកក បានប្រកាសចាប់ផ្តើមផ្តល់ជូននូវសេវាកម្មការព្យាបាល និងកែសម្ផស្សមិនធម្មតានេះ ចាប់ទាំងពីអំឡុងខែ កញ្ញា ឆ្នាំ 2017 កន្លងទៅមកម្លេះ ហើយសព្វថ្ងៃនេះទទួលបានអតិថិជនពី 3ទៅ 4នាក់ក្នុងមួយថ្ងៃមកកែសម្ផស្សលិង្គជាប្រចាំ។

    ការវះកាត់ដោយប្រើកាំរស្មីឡាស៊ែរនេះបានធ្វើឱ្យសាធារណជនមានទាំងការភ្ញាក់ផ្អើលនិងព្រួយបារម្ភ ប៉ុន្តែគ្លីនិកនិយាយថា ពួកគេមានអតិថិជនមកសួរចង់វះកាត់ច្រើនជាងមុន។ អ្នកចាត់ការទូទៅរបស់គ្លីនិកខាងលើ លោក  Bunthita Wattanasiri បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថៃថា “សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់មកសួររឿងវះកាត់នេះ។ យើងមានអតិថិជនប្រហែល 100 នាក់ក្នុងមួយខែ ពោលគឺអតិថិជនពី3នាក់ទៅ4នាក់ក្នុងមួយថ្ងៃ”។

    អ្នកចាត់ការទូទៅដដែលបានអះអាងបន្ដទៀតថា  “យើងត្រូវប្រុងប្រយ័ត្នព្រោះវាជាផ្នែកដ៏ស្រៀវបំផុតនៃរាងកាយ។ អតិថិជនភាគច្រើនមានអាយុចាប់ពី 22 ដល់ 55 ឆ្នាំ ដែលភាគច្រើនគឺមកពីសហគមន៍ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ) របស់ថៃ។ គួរបញ្ជាក់ផងដែរថា ថ្លៃសេវាកម្មគឺប្រហែល 610 ដុល្លារសម្រាប់ការវះកាត់ដែលមាន 5 ដំណាក់កាលនេះ៕

  • 5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ និង​ជួយ​ឱ្យ​នារី​មាន​មន្ដ​ស្នេហ៍

    5 គន្លឹះ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់ និង​ជួយ​ឱ្យ​នារី​មាន​មន្ដ​ស្នេហ៍

    បញ្ហា​ពណ៌​សម្បុរ​នៃ​ស្បែក គឺជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​នារី​នៅក្នុង​ប្រទេស​កម្ពុជា​យើង បើទោះបីជា​អាកាសធាតុ​ក្ដៅ មាន​ពន្លឺ​ព្រះ​អាទិ​ត្រ​ខ្លាំង​ក៏ដោយ ក៏​នារី​ខ្មែរ​យើង​តែង​សង្ឃឹម​ចង់បាន​ស្បែក-ស​ស្អាត​ដូចជា​នារី​កូរ៉េ​ដែរ។ យ៉ាងណាមិញ​កុំ​ទាន់​បាក់​ទឹកចិត្ត​អី ទោះជា​ស្បែក​មិន​ស​ភ្លឺ​ចែង​ចាំ​ដូចជា​នារី​កូរ៉េ ក៏ប៉ុន្ដែ​គេហទំព័រ ឡា​រ៉ែ​ន បាន​ពាំ​នាំនូវ​គន្លឹះ​ទាំង 5យ៉ាង​ដែល​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​នៅលើ​ស្បែក​ដងខ្លួន ផ្ទៃមុខ ឱ្យ​ប្រែ​មកជា​ស្រស់ស្អាត​តាមបែប​ធម្មជាតិ និង​ចំណេញ​ថវិកា​ច្រើន ព្រមទាំង​ស្រស់ស្អាត​បាន​រយៈពេល​យូរ​ផងដែរ។

    1/ ខាត់​ស្បែក

    នារី​មួយចំនួន​និយម​លា​ឡេ​ការពារ​កម្ដៅថ្ងៃ តែ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក​ឡើយ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​ស្បែក​អ្នក​កាន់តែ​ខ្មៅ​ស្រអាប់ ព្រោះថា ការ​ខាត់​ស្បែក គឺជា​ការ​ជម្រុះ​នូវ​កោសិកា​ស្បែក​ចាស់​ចេញ ហើយ​កោសិកា​ស្បែក​ដែល​រង​នូវ​កម្ដៅ​ព្រះអាទិត្យ វា​បាន​ខ្លោច​ស្លាប់ ហើយ​ទោះបីជា​អ្នក​ប្រើ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ក៏ដោយ ក៏​នៅតែ​មើលឃើញ​ស្បែក​របស់​អ្នកមាន​សភាព​ខ្មៅ​ស្រអាប់​ដែរ។ ដូច្នេះ​នារី​ទាំងឡាយ​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក ឬ​ជម្រុះ​ក្អែល​នៅលើ​ស្បែក​ចេញ ដោយ​ប្រើ​អំបិល​ខាត់​ស្បែក និង​ផ្សំ​លាយ​សម្រាប់​ប្រើ​ជា​ក្រែ​ម​ខាត់​ស្បែក ដើម្បីឱ្យ​ស្បែក​ទន់​ភ្លឺរលោង។

    2/ លាប​ឡេ Whitening Body Lotion

    នេះ​ប្រហែលជា​ការចាប់​ផ្ដើមដំបូង​សម្រាប់​សុភាពនារី​ទាំងអស់  ក្នុងការ​ប្រើប្រាស់​នូ​វប្រ​ភេទ​ឡេ Whitening Body Lotion ដែល​ត្រឹមត្រូវ ហើយ​ជួយ​ឱ្យ​ស្បែក​ភ្លឺរលោង ដោយ​អនុវត្តតាម​វិធីងាយៗដូចជា៖

    – ជ្រើសរើស​ផលិតផល​ដែលមាន​ម៉ាកល្បីៗមាន​ទំនុកចិត្ត​អាច​ថែរក្សា​ស្បែក​របស់​អ្នក​បាន ដោយ​វា​មិនមាន​ប្រតិកម្ម​ជាមួយ​ស្បែក និង​មិន​ធ្វើឱ្យ​ស្បែក​ខូចខាត។

    – ត្រូវ​ពិនិត្យមើល​ប្រភេទ​ឡេ Whitening Body Lotion មាន​សារធាតុ​ផ្សំ​ពី Niacinamide, Vitamin C, Vitamin B3/B5 ដែល​ឬទេ? ព្រោះ​វា​ជួយ​ឱ្យ​ស្បែក​ស​ភ្លឺរលោង និង​មិនមាន​គ្រោះថ្នាក់​ដល់​ស្បែក។

    – ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់​ដល់​ស្បែក និង​លាប​ជាប្រចាំ​ថ្ងៃ។

    3/ ឡេ​ការពារ​កម្ដៅថ្ងៃ

    នារី​ខ្មែរ​ភាគច្រើន​និយម​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​តែ​នៅត្រង់​កន្លែង​មួយចំនួន​នៃ​ដងខ្លួន​ដូចជា ស្បែ​កមុខ ដៃ និង​ជើង​ជាដើម។ ដូច្នេះ​ការ​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ បានធ្វើឱ្យ​ស្បែកនារីៗយើង មាន​សភាព​ស្រអាប់​ខ្មៅ​ត្រង់​កន្លែង​មួយចំនួន​ដែល​មិនបាន​ការពារ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​មិន​ដូចគ្នា។ ការប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ដ៏​ត្រឹមត្រូវ​គឺ អ្នក​គួរតែ​លាប​ជា​រៀងរាល់​ពេល 2-3ម៉ោង​ម្ដង​ព្រោះ​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​នៃ​ការការពារ​ស្បែក​ពី​កម្ដៅថ្ងៃ អំពូល​ភ្លើង​នៅ​កន្លែងធ្វើការ​បាន​ប្រសើរឡើង ព្រមទាំង​ស្បែក​មាន​សភាព​ទន់​ភ្លឺរលោង​ជានិច្ច។

    4/ ទទួលទាន​ផ្លែ​ប៉េង​បោះ

    ការទទួល​ផ្លែ​ប៉េង​បោះ​ស្រស់ ជា​វិធី​ថែរក្សា​ស្បែក​ដ៏​ល្អ​មួយទៀត ព្រោះថា នៅក្នុង​ផ្លែ​ប៉េងប៉ោះ​មាន​សារធាតុ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Lycopene និង​វី​តា​មី C ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស​ស្អាត ភ្លឺរលោង និង​ជួយ​ទំនុកបម្រុង​ការពារ​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។ អ្នក​អាច​ទទួលទាន​ជា​ផ្លែ ឬ​ជា​ទឹក​ស្រស់100% ជា​រៀងរាល់ថ្ងៃ​ក៏បាន គឺ​ពិតជា​ល្អ​ចំពោះ​ស្បែក​របស់​អ្នកខ្លាំង​ណាស់។

    5/ តុបតែង​ខ្លួន​ឱ្យមាន​ភាព​ទាក់ទាញ

    វិធី​ចុង​ក្រោយនេះ គឺជា​ការបន្ថែម​ទំនុកចិត្ត​នៅពេលដែល​ស្ថិតនៅក្រោម​កម្ដៅថ្ងៃ ដោយ​អ្នក​គួរ​ស្លៀក​សម្លៀកបំពាក់​បែប​ជិត​ល្អ ដូចជា​អាវដៃវែង និង​ខោជើងវែង​ជាដើម។ យើង​សូម​ណែនាំ​ឱ្យប្រើ​សម្លៀក​បំពា​ក់វែងៗ ដែលមាន​ពណ៌​ស ព្រោះ​មើលទៅ​ស័ក្ដិសម និង​ជួយ​លើក​សម្រស់​របស់​អ្នក​បាន​មួយកម្រិត​ទៀត​ដែល​មើលទៅ​ទាក់ទាញ​បំផុត។

    គន្លឹះ​ទាំង5 ដែល​បាន​រៀបរាប់​ខាងលើនេះ មិនមែនជា​អាថ៌កំបាំង​អ្វី​នោះទេ ក៏ប៉ុន្ដែ​ជា​វិធីសាស្ត្រងាយៗ ដែល​ជួយ​ឱ្យ​សុភាពនារី​ទាំងឡាយ​ទទួលបាន​នូវ​សម្រស់ និង​សុខភាព​ស្បែក​ល្អ មិន​បណ្ដោយឱ្យ​ស្បែក​របស់​អ្នក​ចាស់​ទៅតាម​អាយុ​កាលដែល​កន្លង​ទៅជា​រៀងរាល់ថ្ងៃ​នោះឡើយ ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា សម្រស់​មិន​រង់ចាំ​យើង​ឡើយ ការពារ​ប្រសើរ​ជាង​ព្យាបាល៕

  • វិធី​ការពារ​កុំឱ្យ​ក្រចក​លឿង និង​វិធី​ព្យាបាល​

    វិធី​ការពារ​កុំឱ្យ​ក្រចក​លឿង និង​វិធី​ព្យាបាល​

    មនុស្ស​មួយចំនួន​តូច​អាច​គិតថា បើ​មាន​បញ្ហា​ក្រចក​ឡើង​ពណ៌​លឿង​នោះ​គឺ​មិន​មានអី​ពិបាក​នោះទេ គ្រាន់តែ​លាប​ពណ៌ភ្លឺៗគ្របពីលើ​ទៅ​គឺ​រួចស្រេច​បាត់ទៅហើយ។ តែ ឡា​រ៉ែ​ន យល់ថា​នេះ​មិនមែនជា​ជម្រើស​ដ៏​ល្អ​បំផុត​នោះទេ ព្រោះ​បើទោះជា​អ្នក​អាច​បិទបាំង​ភ្នែក​អ្នកដទៃ​បាន តែ​អ្នក​មិនអាច​កុហក​ខ្លួនឯងបាន​នោះទេ។ គ្រប់ពេល​តែងតែមាន​ការបារម្ភ​ថា អាថ៌កំបាំង​នៃ​ក្រចក​លឿង​របស់​អ្នក​នឹងត្រូវ​បែកធ្លាយ ព្រោះ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ពេលណា​ថ្នាំ​ក្រចក​នឹង​របក​ចេញ ឬ​ថ្ងៃ​ណាមួយ​អាច​នឹង​ចេញទៅ​ក្រៅ​ដោយ​ភ្លេច​លាប​ក្រចក​ជាដើម។ ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កើត​សុវត្ថិភាព និង​ទំនុកចិត្ត​ឱ្យ​ក្រចកដៃ​ដ៏​ស្រ​ឡូ​ន​របស់​អ្នក​ជាមួយនឹង​ក្រចក​ភ្លឺ​ស​ស្អាត​វិញ​នោះ​គឺ ការការពារ និង​ការព្យាបាល​ឱ្យ​វា​វិល​មករក​សភាព​ដើម​វិញ។

    ជា​ញឹកញាប់​សភាព​ក្រចក​លឿង​កើតឡើង​ដោយ​ការ​ប្រឡាក់​ជាប់​ពី​ពណ៌​នៃ​ថ្នាំលាបក្រចក ដូច្នេះ​វា​សំខាន់​ណាស់​ដែល​រាល់ពេល​លាប​ពណ៌​ក្រចកម្តងៗអ្នក​ត្រូវ​លាប​ពណ៌​រលោង​ជាមុនសិន ដើម្បី​ការពារ​កុំឱ្យ​ប្រឡាក់​ក្រចក ហើយក៏​ធ្វើឱ្យ​ជាប់​ពណ៌​បានយូរ​ផងដែរ។ គួរ​ចៀសវាង​ប្រើ​ទឹក​ថ្នាំ​សម្អាត​ក្រចក​ដែលមាន​ជាតិ Acetone ព្រោះ​វា​នឹងធ្វើ​ឱ្យ​ក្រចក​របស់​អ្នក​កាន់តែ​យ៉ាប់​ឡើង។ បើ​អ្នកចេះ​ជក់បារី ឱកាស​ដែលនាំឱ្យ​ក្រចក​ឡើង​ពណ៌​លឿង​នឹងមាន​កាន់តែច្រើន ដោយសារ​សារធាតុ nicotine ពី​បារី​ទាំងនោះ។ មូលហេតុ​ទូទៅ​មួយទៀត​ដែលនាំឱ្យ​ក្រចក​ប្រែ​មកជា​ពណ៌​លឿង​គឺ​បណ្តាលមកពី​មេរោគ​ផ្សិត។ មេរោគ​ទាំងនេះ​មិន​ត្រឹមតែ​ប្តូរ​ពណ៌​ក្រចក​ទេ តែ​វា​ថែមទាំង​អាចធ្វើឱ្យ​ក្រចក​របស់​អ្នករបក ឬ​មាន​ក្លិន​មិនល្អ​ថែម​ទៀតផង។

    ដូចដែល​គេ​និយាយថា​ការពារ​ប្រសើរ​ជាង​ព្យាបាល​នោះ​វា​មិន​ខុស​ទេ ដូច្នេះ​បើ​អាច​ការពារ​បាន​អ្នក​គួរតែ​ការពារ។ វិធី​ដែល​អាចជួយ​ការពារ​អ្នក​ពី​អាការ​ក្រចក​ឡើង​ពណ៌​លឿង​នោះ​គឺ​ប្រេង​ដើម​តែ លាយ​ជាមួយ​វីតាមីន​E ឬ​ប្រេង​គ្រាប់​ផ្លែ​ទំពាំងបាយជូរ។ ម៉ាស្សា​ក្រចកដៃ​ដោយ​ប្រេង​ជា​រៀងរាល់ថ្ងៃ ដើម្បី​ក្រចក​មាន​សុខភាព​ល្អ ភ្លឺរលោង និង​ការពារ​ក្រចក​ពី​មេរោគ​ផ្សិត។

    ប្រសិនបើ​អ្នក​បាន​សាកល្បង​វិធី​អស់​ទាំងនេះ​រួចហើយ ប៉ុន្តែ​ក្រចក​នៅតែមាន​ពណ៌​លឿង​ទៀត​នោះ វា​អាចជា​រោគសញ្ញា​ដែល​កើត​មកពី​សួត ឬ​ថ្លើម ហើយ​វា​ក៏​ជា​ពេលដែល​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​វិញ​ម្តង។ ការការពារ​ជា​រឿង​ល្អ​បំផុត តែបើ​កើត​រួចហើយនោះ​គឺមាន​តែ​ស្វែងរក​វិធី​ព្យាបាល​វិញ​ប្រសើរ​ជាង។ ការសាកល្បង​ព្យាបាល​តាមបែប​ធម្មជាតិ ដោយ​វិធី​មួយចំនួន​ត្រូវបាន​ផ្តល់ជូន​មានដូចជា ម្សៅ Baking soda, ថ្នាំដុសធ្មេញ និង​ទឹក hydrogen peroxide។ លាប​ពណ៌​ក្រចក​ញឹក

    ញាប់ ដោយ​មិនបាន​ទ្រាប់​ដោយ​ទឹក​រលោង ការជក់បារី​ដែលជា​មូលហេតុ​នាំឱ្យ​ក្រចក​លឿង​ក៏​គួរតែ​ត្រូវ​កាត់បន្ថយ​ដែរ​ហើយ បើ​ចង់ឱ្យ​ក្រចក​របស់​អ្នក​ប្រែ​មកជា​ពណ៌​សរ​លោង​ស្អាត​ដូច​បំណង​នោះ។

    ទឹក Hydrogen Peroxide៖ លាយ​ទឹក Hydrogen Peroxide 1កូន​ពែង ទឹក3កូន​ពែង ដាក់​ក្នុង​ចាន រួច​ត្រាំ​ក្រចក​ពី10-15នាទី រួច​សឹម​លាង​ចេញ និង​បន្ថែម​ដោយ​ប្រេង​ផ្តល់​សំណើម​ជាការ​ស្រេច។

    ប្រើ​ថ្នាំ​ជំនួយ៖ ថ្នាំ​ដែល​គេ​យកមកប្រើ​ដើម្បីឱ្យ​ធ្មេញ​ស​ស្អាត ក៏មាន​ប្រសិទ្ធភាព​ជាមួយ​ក្រចក​ដែរ ដូច្នេះ​អ្នក​គួរតែ​សាកល្បងលេងៗទៅ​មើល៍។

    ថ្នាំដុសធ្មេញ៖ មិន​ខុស​អី​ពី​ការសម្អាត​ពណ៌​លឿង​ចេញពី​ធ្មេញ​នោះទេ ថ្នាំដុសធ្មេញ​ក៏​អាចជួយ​ដុស​សម្អាត​ជាតិ​ពណ៌​លឿង​ពី​ក្រចក​បានដែរ។

    ទឹកក្រូច​ឆ្មារ៖ ទឹកក្រូច​ឆ្មារ​ដែល​ច្របាច់​ចេញពី​ផ្លែក្រូច​ឆ្មារ​អាចយ​កមក​ប្រើ​ដើម្បី​ជួយ​ដល់​ក្រចក​លឿង​បាន។ ត្រាំ ឬ​ត្រដុស​ក្រចកដៃ​របស់​អ្នក​ជាមួយនឹង​ទឹកក្រូច​ឆ្មារ 5-10នាទី សឹម​សម្អាត និង​ផ្តល់​សំណើម​ឱ្យ​ក្រចក​របស់​អ្នក​បានល្អ​តាម​ក្រោយ៕

  • ទឹកក្រូច​ឆ្មា មាន​ប្រយោជន៍​ច្រើនជាង​ភាព​ជូរ​ទៅទៀត

    ទឹកក្រូច​ឆ្មា មាន​ប្រយោជន៍​ច្រើនជាង​ភាព​ជូរ​ទៅទៀត

    តើ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ធ្លាប់​ទេ ពេលដែល​អ៊ុត​ក្រណាត់សស្តើងៗដោយ​ឆ្នាំងអ៊ុត​ដែល​កំពុង​ក្តៅ​ខ្លាំង ហើយ​កើតមាន

    ស្នាមលឿងៗនៅលើ​សាច់​ក្រណាត់  អ្នក​អាច​កែប​ញ្ហា​នេះ​បាន ដោយ​ការយក​ទឹកក្រូច​ឆ្មា​មក​លាប​នៅលើ​បាត​ឆ្នាំងអ៊ុត​មុននឹងអ៊ុត ធ្វើបែបនេះ​ក្រណាត់​នឹង​លែង​ឡើង​ស្នាម​លឿង​ទៀតហើយ ។

    សំពត់​អាវ​ដែល​ស្លៀក​មក​យូរហើយ ច្រើន​តែមាន​ស្នាម​ប្រឡាក់កខ្វក់ៗដឹ​ត​ជាប់​ណែន​ពិបាក​ក្នុង​ការបោក​សម្អាត  ស្ត្រី​មេផ្ទះភាគច្រើនៗតែ​យក​សំពត់​អាវ​នោះ​ទៅ​ស្ងោរ ដែល​វា​ក៏​អាចជួយ​ឲ្យ​ស​ស្អាត​ឡើងវិញ​បានដែរ តែបើ​ចង់​ឲ្យ​កាន់តែ​ស​ស្អាត និង​កាន់តែ​រហ័ស​ឡើង​ទៀត​នោះ ចូរ​ចិត​ផ្លែ​ក្រូចឆ្មា​ជាបន្ទះៗដាក់​ចូលទៅ 2 – 3បន្ទះ​ផង ពេល​ស្ងោរ​នឹង​រឹតតែ​ជួយ​ឲ្យ​សំពត់​អាវ​នោះ​កាន់តែ​ស​ស្អាត​ឡើង​ទៀត៕

  • ពិត​ទេ គ្រាប់​ផ្លែ​ត្របែក​ទុំ ទទួលទាន​ហើយ​ប្រថុយ​នឹង​រោគ​រលាក​ខ្នែងពោះវៀន?

    ពិត​ទេ គ្រាប់​ផ្លែ​ត្របែក​ទុំ ទទួលទាន​ហើយ​ប្រថុយ​នឹង​រោគ​រលាក​ខ្នែងពោះវៀន?

    «រលាក​ខ្នែងពោះវៀន» ជា​អា​ការដែល​គ្មាន​នរណាម្នាក់​ចង់​កើត​ឡើយ ហើយ​មនុស្ស​ជាច្រើន​ប្រហែលជា​បានដឹង​ច្បាស់​ហើយ​ថា វា​បណ្ដាលមកពី​អាការ​រលាក​របស់​ខ្នែងពោះវៀន​ដែលជា​អវយវៈ​តូច​មួយ​នៅជាប់​នឹង​ចុង​ពោះវៀនធំ ដែល​ធ្វើឱ្យ​យើង​ឈឺពោះ​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​នៅឯ​មន្ទីរពេទ្យ​យ៉ាង​បន្ទាន់​ទៀតផង ហើយ​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នេះ​មាន​តាំងពី​អាយុ 15ឆ្នាំ​ដល់45ឆ្នាំ ដែល​អាច​និយាយបានថា ជា​អំឡុង​អាយុ​ដែល​វែង​គួរសម។ មុននឹង​ទៅ​មើលថា តើ​គ្រាប់​ផ្លែ​ត្របែក​ទុំ​ជា​ដើមចម​របស់​រោគរ​លាក​ខ្នែងពោះវៀន​មែនឬ? យើង​នាំគ្នា​មក​មើ​លពី​មូលហេតុ​របស់​ការ​រលា​ក​ខ្នែងពោះវៀន​ជាមុនសិន​ប្រសើរ​ជាង។

    មូលហេតុ​របស់​រោគរ​លាក​ខ្នែងពោះវៀន​រលាក​ខ្នែងពោះវៀន បណ្ដាលមកពី​អាការ​រលាក​ដែល​កើតឡើង​ពី​កម្ទេច​ចំណីអាហារ​ធ្លាក់ចូល​ទៅសម្ងំ​នៅក្នុង​ខ្នែងពោះវៀន​រយៈពេល​យូរ​រហូត​វត្ថុ​រាវ ឬ​សារធាតុ​រំអិល​មិនអាច​ហូរ​វិល​ចូលទៅ​បាន​តាម​ប្រក្រតី  ទើប​កើតជា​អាការ​រលាក​ដោយ​វត្ថុ​ដែល​ធ្លាក់​ចូលទៅក្នុង​ខ្នែងពោះវៀន​នោះ​អាចជា​អ្វីមួយ​ក៏បាន​ដែរ ដែល​ក្រពះ​បាន​បញ្ជូន​ទៅក្នុង​ពោះវៀនធំ ដូចជា កម្ទេច​ចំណីអាហារ សត្វល្អិត ដុំ​សាច់​ដុះ ក្បាល​អង្កាម ដុំ​ក្រួស ឬ​ក្រពេញ​ទឹករងៃ​នៅ​បរិវេណ​នោះ​មាន​អាការ​ហើម​ខ្លាំង​រហូត​ធ្វើឱ្យ​ខ្នែងពោះវៀន​កៀប​ជាប់​ណែន​ស្ទះ បង្ក​ឱ្យ​រលាក និង​ឆ្លង​មេរោគ​នៅ​ទីបំផុត។

    គ្រាប់​ត្របែក មូលហេតុ​ចម្បង​របស់​រោគ​ពោះវៀន​ដុះ​ខ្នែង?

    នៅពេល​បានដឹងហើយថា អ្វី​ក៏ដោយ​ដែល​របូត​ធ្លាក់​ចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​ខ្នែងពោះវៀន​រហូត​ធ្វើឱ្យ​រលាក​នោះ សុទ្ធតែជា​មូលហេតុ​បាន​ទាំងអស់ ដូច្នេះ​មិនមែន​មានតែ​គ្រាប់​ផ្លែ​ត្របែក​ទុំ​នោះទេ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ការ​ញ៉ុ​ក​ស្ទះ​របស់​ខ្នែងពោះវៀន​នោះ។ មិន​ថា ចំណីអាហារ​ប្រភេទ​ណា ក៏​សុទ្ធ​តែមាន​ភាព​ប្រថុយប្រថាន​ទាំងអស់ គ្រាន់តែ​លក្ខណៈ​របស់​គ្រាប់​ត្របែក​វា​មាន​ខ្នាត និង​ភាព​រឹង​ងាយ​ក្នុង​ការចូលទៅ​ញ៉ុ​ក​ស្ទះ​ក្នុង​រន្ធ​ខ្នែងពោះវៀន​បាន​ស្រួល​ហ្នឹងឯង។

    អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន

    ដូចដែល​មនុស្ស​ជាច្រើន​បានដឹងហើយថា អាការ​របស់​រោគ​រលា​ក​ខ្នែងពោះវៀន​ច្រើនតែ​បង្កឡើង​ដោយ​ការ​ចុកពោះ អាច​នឹង​មិនបាន​ចុកពោះ​នៅលើ​ទីតាំង​ខាងស្ដាំ​ផ្នែក​ខាងក្រោម​តាំងពី​ដំបូង​តែម្ដង​នោះទេ តែ​អាច​នឹង​ចុកពោះ​ជុំវិញ​រន្ធ​ផ្ចិត​ជាមុន បន្ទាប់ពីនោះ6-12ម៉ោង​តម​ក​អាច​រំកិល​មក​ចុក​នៅត្រង់​ម្ដុំ​ពោះ​ខាងស្ដាំ​ផ្នែក​ខាងក្រោម តែ​ក៏​ធ្លាប់មាន​ខ្លះ​ដែរ​ដែល​នឹង​ចុក​នៅ​ម្ដុំ​កណ្ដាល​ពោះ ឬ​ខាងស្ដាំ​លើ អាស្រ័យ​លើ​ទីតាំង​របស់​ខ្នែងពោះវៀន​របស់​មនុស្សម្នាក់ៗថា ស្ថិតនៅ​ត្រង់ណា។ រឹតតែ​អ្នកណា​ដែល​ចុកពោះ​ខ្លាំងក្លា​ទាំង​ខាងឆ្វេង និង​ខាងស្ដាំ​ផង​នោះ អាចជា​សញ្ញា​មួយ​ដែល​បង្ហាញថា ខ្នែងពោះវៀន​អាច​នឹង​រលាក​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​ស្អុយរលួយ មាន​ខ្ទុះ ឬ​បែកធ្លាយ​ខ្ចាត់ខ្ចាយ​ពេញ​ក្នុង​ពោះ​រហូតដល់​ចាប់ផ្ដើម​ឆ្លង​មេរោគ​ទៅហើយ​ទៀតផង។

    តែ​មុននឹង​ចុកពោះ​ខ្លាំង​រហូតដល់​ត្រូវ​ចូលទៅ​ទទួលយក​ការវះកាត់​បែប​បន្ទាន់​នោះ វា​អាចមាន​សញ្ញា​ដាស់តឿនតិចៗដែល​មនុស្ស​ជាច្រើន​អាច​មិនដឹងថា វា​ពាក់ព័ន្ធ​នឹង​អាការ​ខុស​ប្រក្រតី​របស់​ខ្នែងពោះវៀន ទើប​ធ្វើឱ្យ​ព្រងើយកន្តើយ​ក្នុង​ការចូលទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ។ ដូច្នេះ បើសិនជា​អ្នកណា​មិន​ចង់​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​នោះ ក្រៅពី​ត្រូវ​ទទួលទាន​អាហារ​ដោយ​ទំពា​ឱ្យបាន​ល្អិត​ម៉ដ្ឋ​មុននឹង​លេប និង​ចៀសវាង​ការទទួល​ទាន​អាហារ​ណា​ដែលរឹងៗ ដែល​ពិបាក​ក្នុងការ​កិន​រំលាយ​របស់​ក្រពះ​ហើយ​នោះ ការពិនិត្យ​សុខភាព​ប្រចាំឆ្នាំ ពិនិត្យ​សុខភាព​ប្រអប់​ពោះ និង​សង្កេតមើល​ចំណីអាហារ និង​ភាពខុសប្រក្រតី​របស់ខ្លួន​ឯង​ជា​ញឹកញាប់រឿយៗ មិន​ព្រងើយកន្តើយ​ក្នុងការ​យកចិត្តទុកដាក់​មើលថែទាំ​ខ្លួនឯង​ក៏​អាចជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​នឹង​រោគ​រលាក​ខ្នែងពោះវៀន​បាន​ដូចគ្នា​ដែរ៕

  • រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    រូបមន្ដ​ធ្វើ​ភេ​ស្ជ​ជៈ​ព្យាបាល​ក្រួស​ក្នុង​តម្រងនោម​តាមបែប​ធម្មជាតិ

    អាហារូបត្ថម្ភ​ដែល​មិនល្អ គឺជា​កត្តា​ដែលនាំឱ្យ​កើត​ជំងឺ​ម្យ៉ាង ដែល​គេ​ហៅថា “ក្រួស​នៅក្នុង​តម្រងនោម” ជាហេតុ​បណ្ដាលឱ្យ​អ្នកជំងឺ​នឿយហត់ អស់កម្លាំង ហើយ​ក្រួស​នៅក្នុង​តម្រងនោម​នេះ អាច​កម្ចាត់​បាន​ដោយ​ការ​ទទួលទាន​ភេសជ្ជៈ​ធ្វើ​ពី​បន្លែ និង​ផ្លែឈើ​ដូចខាងក្រោម​នេះ។

    គ្រឿងផ្សំ

    – ទឹកស្អាត 1/2លីត្រ
    – ផ្លែ​ក្រូចថ្លុង 1ផ្លែ
    – ត្រសក់ 1ផ្លែ
    – ការ៉ុត 1មើម
    – ខ្ញី 2ចំណិត
    – ស្លឹក​ជី​អង្កាម 5សន្លឹក

    វិធី​ធ្វើ

    ហាន់​ផ្លែ​ក្រូចថ្លុង ការ៉ុត ត្រសក់​ជាចំណិតៗ រួច​ក្រឡុក​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​បន្ថែម​ទឹក​បន្តិច និង​ចំណិត​ខ្ញី រួច​ក្រឡុក​ចូលគ្នា​ឱ្យ​ម៉ដ្ឋ។ ក្រោយមក​ទើប​ដាក់​ស្លឹក​ជី​អង្កាម​ចូលទៅ​ក្រឡុក​ជាមួយគ្នា​ទៀត​ជាការ​ស្រេច។ អ្នក​អាច​ទទួលទាន2ដង​ក្នុង​មួយថ្ងៃ គឺ​នៅពេល​ព្រឹក និង​មុន​ពេលបាយ​ថ្ងៃត្រង់។

    គុណប្រយោជន៍​របស់​ទឹក​ភេសជ្ជៈ​ដែលមាន​រូបធាតុ​ផ្សំ​ខាងលើនេះ​មានដូចជា ៖

    1/ ផ្លែ​ក្រូចថ្លុង៖ ជា​ផ្លែឈើ​ដែលមាន​ផលប្រយោជន៍​ចំពោះ​សុខភាព​បំផុត វា​ជួយ​ព្យាបាល និង​សម្អាត​សារ​ជាតិពុល​នៅក្នុង​រាងកាយ ក្រៅពី​វា​សម្បូរ​ទៅដោយ​វីតាមីន​C ដែល​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់ និង​បន្ថែម​កម្លាំង​ដល់​រាងកាយ​ហើយ វា​ក៏មាន​សមត្ថភាព​ជួយ​បំបាត់​ភាព​នឿយហត់​ផងដែរ។

    2/ ការ៉ុត៖ ការ៉ុត​ជា​បន្លែ​ដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​ពោរពេញ​ទៅដោយ​សារធាតុចិញ្ចឹម អង់​ទី​អុកស៊ីដ​ង់ និង​បេ​តា​ការ៉ូ​ទីន ដែល​រាងកាយ​អាច​បំ​លែង​ទៅជា​វីតាមីន A។ ក្រៅពីនោះ​វា​ក៏​អាចជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ផងដែរ។

    3/ ត្រសក់៖ ជា​ប្រភេទ​បន្លែ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​អាហារ​កាក​សរសៃ ជួយ​ចម្អែត​ក្រពះ និង​ជា​ឱសថ​បុរាណ​សម្រាប់​ប​ញ្ជុះ​ទឹកនោម​ផងដែរ៕

  • 10វិធី បំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

    10វិធី បំបាត់​អាការ «ត្អើក» យ៉ាង​មាន​ប្រសិទ្ធភាព

    «ត្អើក» ជា​អាកា​រដែ​លអាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា ដែល​បណ្ដាលមកពី​អាការ​ដែល​ក្រពះ​អាហារ​កើត​អាការ​ក្រហាយ ធ្វើឱ្យ​សរសៃប្រសាទ​ត្រូវ​ជំរុញ​ឱ្យធ្វើ​ការខុស​ប្រក្រតី ហុច​ផល​ឱ្យ​សន្ទះ​បាំង​ខ្យល់ ឬ​សាច់ដុំ​ដែល​ឃាំង​កណ្ដាល​រវាង​ប្រអប់​ទ្រូង និង​ប្រអប់​ពោះ​មាន​អាការ​បង្រួញ​ខ្លួន​ឡើង​រឹង​ជាចង្វាក់ៗ សាច់ដុំ​ឆ្អឹងជំនី​បានទទួល​រង​ការ​ញ័រ​រញ្ជួយ​ឱ្យ​កើតការ​បង្រួញ​ខ្លួន​ឡើង​រឹង​ក្នុង​លក្ខណៈ​ដូចគ្នា។

    មូលហេតុ​របស់​អាការ​ត្អើក មាន​ទាំង​ខាង​សភាព​រាងកាយ និង​ខាង​អារម្មណ៍។ ខាង​រាងកាយ​មានដូចជា ផលប៉ះពាល់​បន្ទាប់បន្សំ​ពី​ភាពខុសប្រក្រតី​របស់​បំពង់ក និង​ដើមទ្រូង ដូចជា ឃើញ​មាន​ដុំ​សាច់​ដុះ ក្រពេញ​ទឹករងៃ​រីក​ធំ ឬ​ភាពខុសប្រក្រតី​របស់​ប្រអប់​ពោះ ដូចជា រលាក​សាច់​ភ្នាស​ប្រអប់​ពោះ ឬ​អា​ការដែល​កើតឡើង​ក្រោយ​ការវះកាត់។ ចំណែក​អាការ​ត្អើក​បណ្តាលមកពី​ខាង​អារម្មណ៍ មានដូចជា ការភ្ញាក់ផ្អើល​ឡើងភ្លាមៗ ឬ​មាន​បញ្ហា​ធុញថប់​តានតឹង​រ៉ាំរ៉ៃ​ជាដើម។

    ក្រៅពីនេះ ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ហ្គាស​ច្រើន ដូចជា ស្រា​បៀរ ស្រា​សូ​ដា ការទទួល​ទាន​អាហារ​ច្រើន​ជ្រុល​ពេក ទទួលទាន​អាហារ​រសជាតិ​ហឹរ ឬ​ប្រៃ​ខ្លាំង និង​ជក់បារី​ច្រើន​ក៏​ជា​មូលហេតុ​របស់​អាការ​ត្អើក​បាន​ដូចគ្នា។

    ជា​ប្រក្រតី​អាការ​ត្អើក​នឹង​បាត់​ទៅវិញ​ជាបណ្ដើរៗនៅពេលដែល​ពេលវេលា​កន្លងផុត​ទៅបាន​មួយរយៈ តែបើ​សិន​ជាមាន​អាការ​ត្អើក​ក្នុងអំឡុងពេលសំខាន់ៗ ដូចជា ស្ថិតក្នុង​អំឡុងពេល​ប្រជុំ សម្ភាស​ចូលធ្វើការ ឬ​នៅ​ទីសាធារណៈ​ជាដើម​នោះ អ្នក​ច្រើនតែ​ចង់ឱ្យ​អាការ​ត្អើក​នេះ​ឆាប់​បាត់​ទៅវិញ​ឱ្យលឿនៗ ដូច្នេះ​ចូរ​សាកល្បង​ធ្វើតាម​វិធី​ខាងក្រោម​ទាំងអស់នេះ​សាកល​មើល៖

    1. ដកដង្ហើម​ក្នុង​ថង់​ក្រដាស
    2. ទំពា​នំប៉័ង​ក្រៀម
    3. បង្អោន​ខ្លួន​ទទួលទាន​ទឹក​ពី​មាត់​កែវ​ដែល​នៅខាងមុខ ឬ​ខាង​ណា​ដែល​នៅ​ជិត​បបូរមាត់
    4. ក្រេបទឹក​ពី​កែវលឿនៗ ច្រើន​ក្អឹ​ក
    5. លេប​ទឹកកក​ដែល​កិន​ម៉ដ្ឋ
    6. ធ្វើឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង ដូចជា ទះ​ខ្នងស្រាលៗមិនឱ្យ​ដឹងខ្លួនភ្លាមៗ
    7. ច្របាច់​ត្រង់​សាច់​ប៉ោង​ក្រោម​ម្រាម​មេដៃរ​បស់ដៃ​ម្ខាង​ទៀត ឬ​សង្កត់​ម្ដុំ​ស្នាម​ចង្អូរ​លើ​បបូរមាត់
    8. យក​ម្រាមដៃ​ញ៉ុ​ក​រន្ធ​ត្រចៀក​ប្រមាណ​ជា 20-30នាទី
    9. ក្រេបទឹក​ផ្លែក្រូច​ឆ្មារ​ស្រស់
    10. អត់​ដង្ហើម ហើយ​រាប់​លេខ​នៅក្នុង​ចិត្ត​ពី1ដល់15

    បើ​ធ្វើ​អស់​គ្រប់​វិធី​ហើយ អាការ​ត្អើក​នៅតែ​មិន​បាត់​ទៀត សូម​ធ្វើ​ចិត្ត​ឱ្យត្រជាក់ៗ ហើយ​អង្គុយ​រង់ចាំ​មួយស្របក់ អាការ​ត្អើក​នឹង​ល្អប្រសើរ​ឡើងវិញ​ជាបណ្ដើរៗមិន​ខាន។ តែបើ​លោក​អ្នកមាន​អាការ​ត្អើក​ញឹកញាប់ ឬ​ត្អើកខ្លាំងៗរហូត​មាន​អាការ​ឈឺ-ក ឈឺ​ដើមទ្រូង ឬ​ឈឺ​ខ្នង​នោះ គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​រាងកាយ​យ៉ាង​លម្អិត​ជាថ្មី​ម្ដងទៀត៕

  • អនុវត្តតាម 3ចំណុច​នេះ​រាល់ថ្ងៃ សមត្ថភាព​សិច​របស់​អ្នកនឹង​នៅតែ​អស្ចារ្យ

    អនុវត្តតាម 3ចំណុច​នេះ​រាល់ថ្ងៃ សមត្ថភាព​សិច​របស់​អ្នកនឹង​នៅតែ​អស្ចារ្យ

    គ្មាន​អ្នកណាម្នាក់​ហាន​និយាយថា ខ្លួន​មិនត្រូវ​ការ​សិច​នោះទេ ដែល​សូម្បីតែ​ឈានចូល​ដល់​វ័យ​អាយុ 70ឆ្នាំ​ក៏​នៅតែ​ប្រាថ្នា​មាន​សមត្ថភាព​សិច​ខ្លាំង​នៅឡើយ ចុះ​សម្រាប់​គូស្នេហ៍​ដែល​នៅមាន​កម្លាំង​ពេញ​នៅឡើយ​នោះ រឿង​អី​មិន​ចង់បាន​ភាពស្រណុកសុខស្រួល​ស្កប់ស្កល់? ប៉ុន្តែ​ទោះជា​យ៉ាងណា បញ្ហា​នៅតែ​កើតមាន ដែល​វា​អាច​កើតចេញ​មកពី​ចន្លោះប្រហោង​នានា ក្រោម​សកម្មភាព​ប្រចាំថ្ងៃ រហូត​បណ្ដាលឱ្យមាន​អារម្មណ៍​តានតឹង​ដូចជា សម្ពាធ​ការងារ កម្លាំង​ថាមពល​ថមថយ និង​បរិយាកាស​ជុំវិញ​ជាដើម។ ដូច្នេះ​ដើម្បី​ជំ​រុញឱ្យ​ការប្រព្រឹត្ត​សកម្មភាព​សិច​ប្រសើរឡើង​សូម​ស្វែងយល់​ជាមួយ​ចំណុច​សំខាន់​ចំនួន3 ដែលមាន​ប្រសិទ្ធភាព​បង្កើន​ភាពល្អប្រសើរ​ដល់​ជីវិត​សិច​របស់​អ្នក​ដូចខាងក្រោម ៖

    1 / ការទទួល​ទាន​អាហារ​ប្រចាំថ្ងៃ

    មនុស្ស​ជាច្រើន​តែងតែ​មើលរំលង ឬ​មិនបាន​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នៃ​របប​អាហារ ដែល​អាច​ជះឥទ្ធិពល​ដល់​ជីវិត​សិច​នោះទេ។ ការ​កង្វះ​ជីវជាតិ ឬ​បរិភោគ​អាហារ​មិន​ត្រឹមត្រូវ​អាច​នាំទៅរក​ភាព​កង្វះ​ថាមពល​ដែល​ឈានទៅរក​ការបញ្ចេញ​សមត្ថភាព​នៅលើ​គ្រែ​ជាមួយ​ដៃគូ​មិនបាន​ពេញលេញ។ ដូច្នេះ​ដើម្បី​កែខៃ​នូវ​ចំណុច​អវិជ្ជមាន​នេះ អ្នក​ត្រូវ​គិតដល់​ការទទួល​ទាន​អាហារ​ឱ្យបាន​សមស្រប​ជា​រៀងរាល់ថ្ងៃ។ ពាក្យ​ថា​សមស្រប​នេះ​គឺ​សំដៅ​ដល់​បរិមាណ​អាហារ​ល្មម​និង​មាន​តុល្យភាព​ដែល​អ្នក​ត្រូវ​ទទួលទាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដើម្បី​បង្ការ​ការនឿយហត់​អស់កម្លាំង។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន កាបូន​អី​ុ​ត្រាត ផ្លែឈើស្រស់ៗ និង​បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​នៃ​ថាមពល។ បន្ថែម​ពីនេះ ធញ្ញជាតិ ខ្លាញ់ត្រី ប្រេង​អូ​លីវ ប្រេងដូង និង​ផ្លែ​ប៊័រ ក៏​ជា​ប្រភព​ដ៏​ល្អ​ក្នុង​ការផ្ដល់​កម្លាំង​ថាមពល​សិច​ដល់​រាងកាយ​យ៉ាង​ប្រសើរ​ផងដែរ។

    2/ ចៀសវាង​ភាព​ថុ​ញ​ថប់ (ស្ត្រេ​ស)

    ស្ដ្រេ​ស​ជា​របាំង​ធំ​បំផុត​ក្នុង​បញ្ហា​លើ​គ្រែ។ កាលណា​អ្នកមាន​អារម្មណ៍​តានតឹង​ខ្លាំង​ពី​ការងារ​នោះ អ្នក​ប្រាកដជា​មិន​នឹកនា​ដល់​រឿង​សិច​ឡើយ។ ដូច្នេះ​ការកាត់បន្ថយ​ស្ត្រេ​ស និង​ធ្វើឱ្យ​ចិត្តស្ងប់​ជាការ​ល្អ​ក្នុងការ​កែខៃ​ជីវិត​សិច​របស់​អ្នក។ តើ​គួរ​ធ្វើ​បែបណា? ដំណោះស្រាយ​ដ៏​ល្អ​គឺ បែងចែក​ពេលវេលា​ឱ្យបាន​ច្បាស់លាស់។ ចាត់ទុក​ការងារ​ជា​រឿង​មួយ និង​សុភមង្គល​គ្រួសារ​ជា​រឿង​ផ្សេង​ពីគ្នា។ ដូច្នេះ​មិន​ថា អ្នកមាន​បញ្ហា​ពី​កន្លែង​ការងារ​ក៏ដោយ នៅពេល​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ត្រូវ​គិតពី​ភាព​សុខ​ស្រួល​របស់​ដៃគូ​ជាង ដោយ​បំភ្លេចចោល​រឿង​ការងារ​មួយ​ឡែក​សិន។

    3/ កុំ​ភ្លេច​ហាត់ប្រាណ

    ការហាត់​ប្រាណ​តាមរយៈ​សកម្មភាពផ្សេងៗជាមួយ​ដៃគូ ដូចជា ការរត់ ការ​ជិះ​កង់ ឬ​ការហាត់​កាយ​សម្ពន្ធ​រួមគ្នា វា​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​រាងកាយ​មាំមួន និង​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ តាមរយៈ​ការហាត់​ប្រាណ​ទាំងនេះ​អ្នកនឹង​កើតមាន​ចំណង់​ផ្លូវភេទ​ទ្វេដង ហើយ​អាច​អាចឱ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​នៅក្នុង​សមរភូមិ​ក្ដៅ​ជាមួយ​ដៃគូ ដោយសារ​ការហាត់​ប្រាណ​ជួយ​បញ្ចេញ​សារជាតិ​គីមី និង​អ័រម៉ូន​មិនល្អ​ចេញពី​ក្នុង​រាងកាយ​មក​ខាងក្រៅ។

    សូម​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​ទៅ នោះ​អ្នកនឹង​បានដឹង​ពី​ប្រសិទ្ធភាព​នៃ​គន្លឹះ​ទាំង3ខាងលើនេះ​ជាក់​ជាមិនខាន៕

  • វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    វិធីថែបំប៉ន​ស្បែក​មុខស្ងួត​ ដោយប្រើ​ផ្លែឈើ

    ស្បែក​មុខស្ងួត របក​ឡើង​ហុយ បើនារីៗយើង​ធ្លាប់​ជួប​បញ្ហា​នេះ អាច​បណ្តាលមកពី​ច្រើន​មូលហេតុ ជាពិសេសនារីៗដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ជាប់​រហូត​រយៈពេល​យូរ ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​សម្រួល​ខ្លួន​មិនទាន់​រហូតដល់​ខ្វះ​សំណើម និង​ខ្វះ​ភាពស្រស់​បស់។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ផ្លែឈើ5ប្រភេទ​មក​ណែនាំ​ក្នុង​ការជួយ​ថែបំប៉ន​ស្បែក​មុខ​របស់នារីៗយើង​ឱ្យ​ត្រឡប់មក​មាន​សំណើម​ស្រស់បស់​កាន់តែខ្លាំង​ឡើងវិញ តើ​មាន​អ្វីខ្លះ​នោះ សូម​តាមដាន​ជា​បន្ត។

    1/ ប្រទាល​កន្ទុយក្រពើ (Aloe Barbadensis Mill)

    ស្លឹក​ប្រទាល​កន្ទុយក្រពើ​មានគុណ​សម្បត្តិ​ជួយ​កា​ពារ​ស្បែក​មិនឱ្យ​ស្ងួត បន្ថែមសំណើម ប្រឆាំង​ការ​រលាក ធ្វើឱ្យ​ស្បែក​រាប​រលោង ការពារ​ពន្លឺ​អ៊ុ​ល​ត្រា​វិ​យ៉ូ​ឡេ។ ស្លឹក​ប្រទាល​កន្ទុយក្រពើ​មាន​ជ័រខាប់ៗ និង​សាច់ថ្លាៗដែល​អាចជួយ​រក្សា​សំណើម​នៅលើ​ស្រទាប់​ស្បែក​ខាងក្រៅ​បាន ក្រៅពីនេះ​នៅមាន​សារធាតុ Carboxypeptidase ដែល​ជួយ​ភ្ជិត​ស្បែក ជួយ​បក​ស្រទាប់​ស្បែក​ដែល​ក្រៀម​ស្ងួត​ចេញ និង​បង្កើត​ស្រទាប់​ស្បែក​ថ្មី​ដែល​រាប​រលោង​ឡើងមក​ជំនួស​វិញ។

    2/ ត្រសក់ (Cucumis Sativus Linn)

    ផ្លែ​ត្រសក់​មាន​សារធាតុ Cystin, Methionin និង​នៅមាន​សារធាតុ ផូ​លី​ស៊ែ​ក​ខា​រ៉ា​យ ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម ប្រឆាំងនឹង​ការឡើង​ស្នាម​កន្ទួល​ក្រហម ល្អ​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត និង​អ្នក​មានមុខ​ឡើង​ខ្លាញ់ បង្កើន​ភាព​តឹង​ណែន​របស់​ស្បែក រក្សា​ភាព​ក្មេង​ជាង​វ័យ និង​ថែមទាំង​មាន​សារធាតុ​រ៉ែ​ផ្សេងទៀត​ដែល​ជួយ​ធ្វើឱ្យ​កើតមាន​សំណើម​តាម​ធម្មជាតិ​នៅលើ​ស្រទាប់​ស្បែក​ទៀតផង។

    3/ ផ្លែ​ម្នាស់ (Anana Comosus (Linn) Merr)

    ផ្លែ​ម្នាស់ ជួយ​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ កាត់បន្ថយ​ការ​ក្លាយ មាន​អង់​ហ្ស៊ី​ម Papain ជួយ​រំលាយ​កោសិកា​ដែល​ស្លាប់​ហើយ​របស់​ស្រទាប់​ស្បែក​ឱ្យ​របូត​ចេញមក មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែលមាន​មុន​ក្បាល​ខ្មៅ​នៅលើ​ផ្ទៃមុខ ធ្វើឱ្យ​ស្បែក​កាន់តែ​ស្រស់ថ្លា​ឡើង។ ម្នាស់​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​កាត់បន្ថយ​ការ​រលាក​ក្លាយ និង​នៅមាន​វីតាមីន A វីតាមីន C ជួយ​ប្រឆាំង​អនុ​មូល​ឥស្សរៈ និង​មាន​សារធាតុ​រ៉ែ​ច្រើន​ប្រភេទ​ទៀត​ដែល​ជួយ​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា​មាន​សំណើម មិន​ស្ងួត​ក្រៀម។

    4/ ផ្លែ​ប៉េងប៉ោះ​ទុំ (Lycopersicon Esculentum Mill)

    ផ្លែ​ប៉េងប៉ោះ​ទុំ ជួយ​បង្កើន​សំណើម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ ធ្វើឱ្យ​ផ្ទៃមុខ​ស​ឡើង។ ទឹក​ចម្រាញ់​ពី​ផ្លែ​ប៉េងប៉ោះ​មាន​វីតាមីន​ច្រើន​ប្រភេទ និង​មាន​សារធាតុ​គ្លុយ​ខូ​អាល់​ខា​ឡយ​ដ៍​ឈ្មោះ ថូ​ម៉ា​ធី​ន ជា​សារធាតុ​ដែលមាន​ឥទ្ធិពល​ភ្ជិត​សន្លាក​ស្នាម ក្រៅពីនោះ​នៅមាន​ឬ​ទ្ធិ​ជា​ទឹក​អាស៊ីត​ខ្សោយ​ជួយ​លាង​ផ្ទៃមុខ​ឱ្យ​ស្អាត​ទន់​រលោង និង​សម្រួល​សភាព​ស្បែក​មុខ​ដែល​ស្ងួត​ក្រៀម​ឱ្យមាន​សំណើម​ស្រស់ថ្លា​ឡើងវិញ​បាន​យ៉ាង​ល្អប្រសើរ។

    5/ ផ្លែ​ចេក (Musa Paradisiacal L.Var. sapientum O.Ktze)

    ផ្លែ​ចេក មាន​សារ​ធា​ត​រំអិល​បង្កើន​ភាពស្រស់​ស្រាយ និង​ថែមទាំង​មាន​វីតាមីន សារធាតុ​រ៉ែ ប្រូ​តេ​អុ​ី​ន​ច្រើន​ប្រភេទ​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​ក្នុង​ការបង្កើន​សំណើម លុប​ស្នាម​ជ្រីវជ្រួញ ព្យាបាល​សន្លាក​ស្នាម ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​អនុ​មូល​ឥស្សរៈ​ទៀតផង។

    អាន​រួចហើយ​គឺ​មិន​គួរឱ្យ​ជឿ​សោះ​ថា បន្លែ​ផ្លែឈើ​ទាំងអស់នេះ​មានគុណ​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​របស់​យើង​បាន​ច្រើន​ដល់​ថ្នាក់​នេះឡើយ ហើយ​ថែមទាំង​មិន​ពិបាក​រក​ទៀតផង ចង់ឱ្យនារីៗយើង​សាកល្បង​យកមក​ថែបំប៉ន​ស្បែក​មុខ​ល​មើល ចង់​យកមក​ចិត​ជា​បន្ទះស្តើងៗបិទ​នៅលើ​ផ្ទៃមុខ ឬ​យកមក​កិន​ឱ្យ​ម៉ដ្ឋ​ហើយ​បំពោក​លើ​ផ្ទៃមុខ ទុកចោល3-5នាទី ហើយ​លាង​សម្អាត​ចេញ​ដោយ​ទឹកស្អាត​ក៏បាន។ ក្រៅពី​ថែបំប៉ន​ស្បែក​មុខ​ហើយ សូមកុំ​ភ្លេច​ទទួលទាន​អាហារ​ឱ្យ​គ្រប់5ប្រភេទ​ក្រុម គេង​សម្រាក និង​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ផង តែ​ប៉ុណ្ណឹង​ស្បែក​មុខ​របស់នារីៗយើង​នឹង​ស​ស្អាត ភ្លឺរលោង តឹង​ណែន លែង​ខ្មៅ​ជ្រី​ញ​ជ្រួញ​តទៅទៀត​មិន​ខាន៕