Category: សុខភាព

  • ឈាម​ចេញ​តាម​ធ្មេញ គួរ​ទៅរក​ទន្តពេទ្យ​ដែរឬទេ?

    ឈាម​ចេញ​តាម​ធ្មេញ គួរ​ទៅរក​ទន្តពេទ្យ​ដែរឬទេ?

    សភាវ​ឈាម​ចេញ​តាម​ធ្មេញ និង​អញ្ចាញធ្មេញ ខណៈពេល​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​កម្លាំងខ្លាំងៗ តើ​គួរតែ​ទៅ​ជួប​ទន្តពេទ្យ​ដែរឬទេ? សភាវ​នេះ​អាចជា​សញ្ញា​របស់​ជំងឺ​រលាក​អញ្ចាញ​ធ្ម​ញ និង​រលាក​អាប់​សែ។ ដូច្នេះហើយ​ជំងឺ​រលាក​អញ្ចាញធ្មេញ​នៅក្នុង​អំឡុងពេលដំបូងៗ ប្រសិនបើ​អ្នក​បណ្ដែតបណ្ដោយ​មិន​ព្រមទៅ​ធ្វើការ​ព្យាបាល ថែទាំ​ទេនោះ រោគ​អាប់​សែ​មួយ​នេះ អាច​នឹង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​អាក្រក់ ហើយ​ស្ថានភាព​សុខភាព​ធ្មេញ​ក៏​កាន់តែ​ដុនដាប​អាក្រក់ឡើងៗ ហើយ​រលាក​ធ្ងន់ធ្ងរ​ថែម​ទៀតផង។

    យ៉ាងណាមិញ បើ​អ្នក​បាន​ទៅ​ជួប​ព្យាបាល​ជាមួយ​ទន្តពេទ្យ​កាន់តែ​លឿន គឺ​កាន់តែ​ប្រសើរ ហើយ​ងាយ​នឹង​ព្យាបាល​ថែម​ទៀតផង។ ទន្ដពេទ្យ​អាចជួយ​លោកអ្នក​បាន​ទៅតាម​ដំណាក់កាល​នៃ​ការ​រលាក ហើយ​ទន្ដពេទ្យ​នឹងធ្វើ​ការថែទាំ​អញ្ចាញធ្មេញ​របស់​អ្នក​ឡើងវិញ រហូតដល់​មាន​សុខភាព​ធ្មេញ​ល្អ​ឡើងវិញ។

    អញ្ចាញ និង​ការត្រួតពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ

    មិន​ថា​មាន​ឈាម​ចេញមក​ខណៈដែល​អ្នក​ដុស​សម្អាត​ធ្មេញ​ឬ​អត់​នោះទេ? អ្នក​ក៏​គួរតែ​ទៅ​ជួប​ជាមួយ​ទន្ដពេទ្យ​យ៉ាងហោចណាស់​ជា​រៀងរាល់6ខែម្តង។ ការ​ទៅ​ជួប​ទន្ដពេទ្យ​ជា​ទៀងទាត់ គឺអាច​ការពារ និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​រលាក​អញ្ចាញធ្មេញ ហើយ​មាន​មូលហេតុ​ចាំបាច់​ទាំង 2ប្រការនេះ។

    មូលហេតុ​ទីមួយ​គឺ នៅពេល​អ្នក​ទៅពិនិត្យ​សុខភាព​មាត់​ធ្មេញ នោះ​ទន្តពេទ្យ​នឹងធ្វើ​ការពិគ្រោះ​ថា តើ​អ្នកមាន​ជំងឺ​រលាក​អ​ញ្ចេ​ញ​ធ្មេញ ឬ​មាន​ជំងឺ​ពុក​ធ្មេញ​ដែរឬទេ? ហើយ​ត្រូវ​ពិនិត្យមើល​អាការផ្សេងៗ ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​បាន​ខ្លះ។ ហេតុផល​ទី​ពីរ​គឺ ទន្ដពេទ្យ​នឹង​ជួយ​កម្ចាត់​កំបោរ និង​ដង្កូវខ្មៅៗដែល​មាននៅ​គល់​ធ្មេញ និង​លើ​អញ្ចាញធ្មេញ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ម្យ៉ាង ដែល​ទន្ដពេទ្យ​ហៅថា សម្អាត​ធ្មេញ។

    ក្រា​កំបោរ​ធ្មេញ គឺជា​មូលហេតុ​មួយ​ដែល​បណ្ដាលឱ្យ​អ្នកមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ បាក់តេរី​ដែល​បាន​សម្ងំ​រស់នៅ​ជាមួយ​ក្រា​កំបោរ វា​អាច​កកើត​បាន ហើយ​បង្កើត​មេរោគ​ជំងឺ​រលាក​អញ្ចាញ និង​ធ្វើឱ្យ​ធ្មេញ​មាន​សភាព​ពុកផុយ ទាំង​គល់​ធ្មេញ​រហូត​ស៊ី​ចូល​ទៅដល់​ផ្ទៃ​ខាង​ក្នុងនៃ​ឫសធ្មេញ។

    ក្រៅពី​ការ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ថ្នាំដុសធ្មេញ​ជា​រៀងរាល់ថ្ងៃ​ហើយ​នោះ អ្នក​គប្បី​ត្រូវតែទៅ​ជួប​ទន្តពេទ្យ ដើម្បី​ធ្វើការ​សម្អាត​ក្រា​កំបោរ​ចេញពី​ធ្មេញ​ជា​រៀងរាល់ខែ ទៅតាម​កំណក​ក្រាស់ ឬ​ស្ដើង ដើម្បី​កុំឱ្យ​មាន​បាក់តេរី​ជាប់​នៅ​នឹង​ធ្មេញ។ ទន្តពេទ្យ​នឹង​ណែនាំ​ថ្នាំដុសធ្មេញប្រភេទ​ណា​ដែល​ស័ក្ដិសម​ទៅនឹង​ស្ថានភាព​ធ្មេញ​របស់​អ្នក ហើយ​ថែមទាំង​អាច​ការពារ​ធ្មេញ​អ្នក​បាន​ថែម​ទៀតផង។

    មូលហេតុ​នានា​ដែល​ធ្វើឱ្យមាន​ឈាម​ហូរ​តាម​ចន្លោះ​ធ្មេញ

    ជំងឺ​រលាក​អញ្ចាញធ្មេញ មិនមែន​មាន​មូល​ហេតុតែ​ម្យ៉ាង​នៃ​ការហូរ​ឈាម​តាម​ចន្លោះ​ធ្មេញ​នោះទេ។ ការដែល​ទើបតែ​ចាប់ផ្ដើម​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ជា​លើកដំបូង ឬ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​មិនឱ្យ​ហូរឈាម​តាម​អញ្ចាញធ្មេញ ក៏​អាចធ្វើឱ្យ​កើតជា​បញ្ហា​រលាក​អញ្ចាញធ្មេញ​បានដែរ។

    ប្រសិនបើ​អ្នកធ្វើការ​ដុស​សម្អាត​ធ្មេញ ហើយ​សង្កេតឃើញ​មានការ​ហូរឈាម​មិន​ឈប់​ក្នុង​រយៈពេល​មួយ​សបា្តហ៍ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅរក​ទន្ដពេទ្យ ព្រោះ​ជាទូទៅ ការ​ដុស​សម្អាត​ធ្មេញ​ជា​លើកដំបូង អាច​នឹងមាន​ឈាម​ហូរ​ខ្លះ ហើយនឹង​បាត់ទៅ​វិញ​ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ឡើយ។ នៅក្នុង​ករណី​ដែល​ទន្ដពេទ្យ​បានឱ្យ​ថ្នាំ​ដែល​ជួយ​ផ្សះ​ការ​ហូរឈាម​ធ្មេញ​ហើយ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ទៀត​នោះ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ក្នុងការ​ផ្លាស់ប្ដូរ​ថ្នាំ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិចារណា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន។

    ខណៈដែល​ស្ត្រី​កំពុង​តាំង​គភ៌ មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​ជំងឺ​នេះ អាចមកពី​បំរែបំរួល​អ័រម៉ូន បានធ្វើឱ្យ​អញ្ចាញធ្មេញ​ទន់ខ្សោយ និង​មានបាក់តេរី​រស់នៅ​ច្រើន​ផងដែរ។ ដូច្នេះហើយ​បើ​អ្នក​សង្កេតឃើញថា អ្នក​កំ​ពុ​តែមាន​ជំងឺ​រលាក​អញ្ចាញធ្មេញ និង​មាន​ឈាម​ហូរ​នៅ​ចន្លោះ​ធ្មេញ​មិន​បាត់​ទេនោះ សូម​ប្រញាប់​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ភ្លាម កុំ​បង្អង់​យូរ​ឱ្យសោះ៕

  • ផ្លែឈើ 8ប្រភេទ ជួយ​ឱ្យនារីៗមាន​រូបរាង​ស្វែ​ល​ស្អាត

    ផ្លែឈើ 8ប្រភេទ ជួយ​ឱ្យនារីៗមាន​រូបរាង​ស្វែ​ល​ស្អាត

    នារីៗណា​ដែល​ប្រាថ្នា​ចង់​មាន​រូបរាងកាយ​ស្វែ​ល ស្អាត​សមសួន ច្រើនតែ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ជា​អាហារ​ពេលទំនេរ ឬ​អ្នកខ្លះ​ទទួលទាន​ផ្លែឈើ​ជំនួស​អាហារ​ពេលចម្បងៗម្ដងម្កាល​ក៏មានដែរ​ទាំងអស់នេះ​គឺ​ដើម្បីឱ្យ​តួលេខ​នៅលើ​ជញ្ជីង​ថ្លឹង​ទម្ងន់​ខ្លួន​បាន​ថយចុះ​សមតា​ម​បំណងប្រាថ្នា ប៉ុន្តែ…សួរថា តើ​ត្រូវ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​មួយណា​ល្អ​ទៅ ទើប​វា​ជួយ​បញ្ចុះ​ភាពធាត់​បាន​បែបស្រួលៗ ថែមទាំង​ឆ្អែត​ពោះ​ទៀតផង​នោះ?

    ថ្ងៃនេះ យើង​មាន​ផ្លែឈើ8ប្រភេទ​ដែល​នឹង​ជួយ​ឱ្យនារីៗយើង​បញ្ចុះ​ភាពធាត់​របស់​រាងកាយ​បាន​យ៉ាង​ងាយស្រួល​មក​ជម្រាប ជូន​ដូចតទៅ៖

    1/ ផ្លែ​ប៉ោម

    ផ្លែឈើ​ពណ៌​ក្រហម លឿង និង​បៃតង​នេះ អាចជួយនារីៗយើង​ឱ្យ​បញ្ចុះ​ភាពធាត់​បាន​យ៉ាងសប្បាយៗ ព្រោះ​ផ្លែ​ប៉ោម​មានឈ្មោះ​ល្បីល្បាញ​ថា ជា​ស្ដេច​របស់​ផ្លែឈើ​សម្រក​ទម្ងន់ ដោយសារតែ​ផ្លែ​ប៉ោម​មាន​សារធាតុ​កាក​សរសៃ​អាហារ ឬ​ហ្វៃ​ប៊ើ​រ​យ៉ាងច្រើន។ នៅពេល​ទទួលទាន​ចូលទៅ​ហើយ នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ពោះ​បានយូរ ព្រោះ​ជាតិ​ស្ករ ហ្វ្រុ​ក​តូ​ស នៅក្នុង​ផ្លែ​ប៉ោម​នឹង​បំ​លែង​រូប​ទៅជា​ថាមពល​យ៉ាងសន្សឹមៗ ជួយ​ឱ្យ​រាងកាយ​មិនមាន​អារម្មណ៍​ថា​ឃ្លាន។

    ក្រោ​ពីនេះ ផ្លែ​ប៉ោម​នៅ​ផ្ដល់​ថាមពល​ត្រឹមតែ 59កាឡូរី​ប៉ុណ្ណោះ ទើប​មិន​ធ្វើឱ្យ​ធាត់ ថែមទាំង​មាន​វីតាមីន សារធាតុ​រ៉ែ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ​ជាច្រើន​ទៀតផង ជាពិសេស “ផេ​កទីន” ដែលមាន​គុណសម្បត្តិ​បំប៉ោង​ខ្លួន​បាន​ច្រើន​ទើប​វា​ទៅ​បង្កើន​កាក​សរសៃ​ក្នុង​អាហារ​ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​យ៉ាង​ប្រក្រតី ជួយ​ការពារ​ជំងឺមហារីក​ពោះវៀនធំ ជួយ​ចាប់​កូ​លេ​ស្តេ​រ៉ូ​ល និង​ជួយ​កម្ចាត់​សារធាតុពុល​ចេញពី​រាងកាយ​បាន​ទៀតផង។

    2/ ផ្លែ​ត្របែក

    កំពូល​ផ្លែឈើ​ដែល​ពេញប្រៀប​ទៅដោយ​វីតាមីន​មួយ​នេះ ជួយ​ឱ្យ​លោកអ្នក​អាច​បញ្ចុះ​ភាពធាត់​បាន​យ៉ាង​មិន​ពិបាក​ឡើយ ព្រោះ​ផ្លែ​ត្របែក​ជា​ផ្លែឈើ​ដែល​ផ្ដល់​កម្លាំង​ថាមពល​ទាបថែមទាំង​មាន​រសជាតិ​ឆ្ងាញ់ ទំពា​ជក់មាត់​ទៀតផង ទើប​ស័ក្តិសម​ជាមួយនារីៗយើង​ដែល​ចូលចិត្ត​ញ៉ាំ​នេះ​ញ៉ាំ​នោះជារឿយៗ ដែល​ក្រៅពី​នឹង​ជួយ​បញ្ចុះ​ភាពធាត់​បាន​ហើយ  វីតាមីន C នៅក្នុង​ផ្លែ​ត្របែក​ថែមទាំង​ជួយ​សាង​ខូ​ល​ឡា​ជេន ធ្វើឱ្យ​ស្បែក និង​សាច់​របស់​អ្នក​ឡើង​តឹង ភ្លឺរលោង គ្មាន​សន្លាក​ស្នាម​ទៀតផង។

    ដូច្នេះ បើសិន​ឃ្លាន​នៅពេលក្រោយៗទៀត កុំ​ភ្លេច​ស្រវា​រក​ផ្លែ​ត្របែក​មក​ទទួលទាន​ជំនួស​នំផ្សេងៗណា៎… តែ​សូម​ផ្ដាំ​ផង​ថា ទទួលទាន​តែ​ផ្លែ​ត្របែក​មួយ​មុខ​គត់​ទេ​ណា៎ កុំ​ច្រឡំ​ភ្លេចខ្លួន​ទៅ​ជ្រលក់​ជាមួយ​អំបិលម្ទេស​ស្ករ​ឱ្យសោះ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ធាត់​បាន។

    3/ ផ្លែ​ឪឡឹក

    ឪឡឹក ផ្លែធំៗ រសជាតិផ្អែមៗ មិនបាន​ធ្វើឱ្យ​លោកអ្នក​ធាត់​ដោយ​ប្រការ​ណាមួយ​ឡើយ ព្រោះ​សាច់​ផ្លែ​ឪឡឹក​មួយ​ចាន ផ្ដល់​ថាមពល​ត្រឹមតែ50កាឡូរី​ប៉ុណ្ណោះ ថែមទាំង​ផ្ដល់​ជាតិ​ខ្លាញ់​តិច​បំផុត និង​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ច្រើន​ដល់​ទៅ93% នៃ​ចំណែក​ផ្សំ​ទាំងអស់ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ឆាប់​ឆ្អែត ដូច្នេះ​មិនចាំបាច់​ភ័យខ្លាច​ថា ផ្លែ​ឪឡឹក​នឹងធ្វើ​ឱ្យនារីៗយើង​ធាត់​នោះទេ។ ផ្ទុយទៅវិញ បើ​ទទួលទាន​ផ្លែ​ឪឡឹក​ជំនួស​អាហារ​ពេល​ល្ងាច​ផង ក៏​អាចជួយ​បញ្ចុះ​ភាពធាត់​បាន​យ៉ាង​ងាយ​ផងដែរ តែ​គួរ​ទទួលទាន​ឱ្យ​សមល្មម មិន​ច្រើន​ជ្រុល​ពេក មិន​ដូច្នោះ​ទេ ពោះ​នឹង​កូរ​រមួល ថែមទាំង​ត្រូវ​ចូល​បន្ទប់ទឹក​បត់ជើង​តូច​ញឹកញាប់​ទៀតផង។

    4/ ផ្លែក្រូច

    នារីៗជាច្រើន​នាក់ ច្រើនតែ​កេះ​សរសៃ​សម្បក​ក្រូច​ចេញពី​សាច់​ក្រូច​រហូត​អស់រលីង ដើម្បីឱ្យ​ងាយស្រួល​ទទួលទាន តែ​អ្នកដឹង​ទេ​ថា អ្នក​កំពុងតែ​បោះ​របស់​ល្អ​ចោល​ហើយ ព្រោះ​កាក​សរសៃ​ហ្នឹងហើយ​ដែល​នឹង​ជួយ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឱ្យនារីៗយើង​នោះ ដោយ​កាក​សរសៃ​នេះ​នឹង​ជួយ​ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​ឆ្អែត​ពោះ និង​ជួយ​ធ្វើឱ្យ​បន្ទោបង់​បាន​ស្រួល។ យ៉ាងណាក៏ដោយ ក្រូច​ជា​ផ្លែឈើ​ដែល​ផ្ដល់​កម្លាំង​ថាមពល​រាង​ខ្ពស់​បន្តិច បើ​ធៀប​ជាមួយ​ផ្លែឈើ​បញ្ចុះ​ភាពធាត់​ប្រភេទ​ផ្សេងទៀត ដូច្នេះ​គួរ​ទទួលទាន​ក្នុង​បរិមាណ​ល្មម​សមរម្យ​បាន​ហើយ។

    5/ ផ្លែ​ល្ហុង

    ល្ហុង ជា​ផ្លែឈើ​ដែល​ជួយ​បណ្ដេញ​សារធាតុពុល និង​កាកសំណល់​ចេញពី​រាងកាយ ថែមទាំង​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ផ្សេងៗនៅ​ខាងក្នុង​រាងកាយ​បាន​ទៀតផង។ ផ្លែ​ល្ហុង​មាន អង់​ហ្ស៊ី​ម​ប៉ា​ប៉េ​ន ដែល​នឹង​ជួយ​រំលាយ​ប្រូ​តេ​អី​ុ​ន និង​រំលាយ​អាហារ ទើប​វា​ជួយ​បញ្ចុះទម្ងន់​បាន​មួយផ្នែក​ដែរ។ ចំណែក​អ្នកណា​ដែល​ចង់​មាន​ស្បែក និង​សាច់​ស្អាត​វិញ ផ្លែ​ល្ហុង​ក៏​ជា​ជម្រើស​មួយ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ ព្រោះ​ល្ហុង​មាន​វីតាមីន C និង​បេ​តា​ឃែ​រ៉ូ​ធី​ន​ខ្ពស់ ទើប​វា​ជួយ​បំប៉ន​ស្បែក​បាន​យ៉ាង​ល្អ។

    6/ ផ្លែ​ស្រកានាគ

    ស្រកានាគ ជា​ផ្លែឈើ​ដែល​ជួយ​ឱ្យ​លោកអ្នក​ឆ្អែត​ពោះ​បាន​យ៉ាង​ងាយ មិន​ចាញ់​ផ្លែឈើ​ប្រភេទ​ផ្សេង​ទៀតឡើយ ព្រោះ​ផ្លែ​ស្រកានាគ​មាន​កាក​សរសៃ​ខ្ពស់ និង​កាឡូរី​ទាប ថែមទាំង​មានរសជាតិ​ផ្អែម​ឆ្ងាញ់​ទៀតផង ដូច្នេះហើយ​ទើប​មនុស្ស​ជាច្រើន​ជ្រើសរើស​ទទួលទាន​ផ្លែ​ស្រកានាគ​ធ្វើជា​អាហារ​ពេល​ល្ងាច ឬ​ទទួលទាន​រួមជាមួយ​ញាំ​បន្លែ​ដទៃទៀត ដើម្បី​បញ្ចុះទម្ងន់ ដោយ​មិនបាច់​បារម្ភ​ថា ភាព​ផ្អែម​របស់​វា​នឹង​ក្លាយទៅជា​ដុំ​ខ្លាញ់​ប្រមូល​សន្សំ​ក្នុង​រាងកាយ​នៅពេល​ក្រោយ​ឡើយ។

    ក្រៅពី​បញ្ចុះទម្ងន់​ហើយ លទ្ធផល​បន្ទាប់បន្សំ​មួយទៀត​ដែល​បាន​ពី​ផ្លែ​ស្រកានាគ​ដែលនារីៗយើង​មិនគួរ​ខកខាន​ដូចគ្នា​ដែរនោះ​គឺ​ស្រកានាគ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែលមាន​វីតាមីន E ខ្ពស់​ខ្លាំងណាស់ ដូច្នេះ​ទើប​វា​ជួយ​ថែបំប៉ន​ស្បែក​ផង ហើយ​ថែមទាំង​ជំរុញ​ក្រពេញ​ទឹកដោះ​សម្រាប់​ស្ត្រី​ដែល​ទើបតែ​ប្រសូត​បុត្រ​រួច​ទៀតផង។

    7/ ផ្លែ​គី​វី

    ជា​ផ្លែឈើ​ដ៏​ពេញនិយម​មួយទៀត​របស់នារីៗដែល​ប្រាថ្នា​បញ្ចុះទម្ងន់ ព្រោះ​គី​វី​ជា​ផ្លែឈើ​ដែលមាន​កាក​សរសៃ​ច្រើនជាង​ផ្លែ​ប៉ោម និង​ក្រូច​ដល់​ទៅ25%ឯណោះ ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​ឆ្អែត និង​ឆ្អែត​បានយូរ ថែមទាំង​មាន​វីតាមីន C និង​វីតាមីន E ខ្ពស់ ដែល​នឹង​ជួយ​ឱ្យ​ស្បែក និង​សាច់​ភ្លឺ​ថ្លា ជួយ​ប្រឆាំង​អនុ​មូល​ឥស្សរៈ បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម បំប៉ន​កោសិកា​គ្រាប់​ឈាម​ឱ្យ​រឹងមាំ និង​ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម​ទៀតផង។ អ្នកណា​ដែល​ចូលចិត្ត​ទទួលទាន​ផ្លែ​គី​វី​នឹង​ទទួលបាន​ប្រយោជន៍​ពី​ផ្លែ​គី​វី​ច្រើនយ៉ាង​ណាស់។

    8/ ក្រេប​ហ្វ្រុ​ត

    Grapefruit with a half and leaves on white background

    ជា​កំពូល​ផ្លែឈើ​ដៃ​អ៊ែត​ដែល​កំពុង​ពេញ-និយម​បំផុត  ព្រោះ​កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា ការទទួល​ទាន “ក្រេប​ហ្វ្រុ​ត” ពាក់កណ្ដាល​ផ្លែ​មុនពេលបាយ នឹង​ជួយ​ឱ្យ​ទម្ងន់​ខ្លួន​ថយចុះ​បាន​យ៉ាង​មិនគួរ​ឱ្យ​ជឿ ដោយ​វា​អាច​បញ្ចុះ​បរិមាណ​កាឡូរី​បាន​ដល់​ទៅ150កាឡូរី​ក្នុង​មួយថ្ងៃ ហើយ​ថែមទាំង​ក្នុង​ក្រេប​ហ្វ្រុ​ត​ពាក់កណ្ដាល​ផ្លែ​នោះមាន​កាឡូរី​ត្រឹមតែ39កាឡូរី​តែប៉ុណ្ណោះ​ទៀតផង។

    ចង់​ស្គម ចង់​ស្អាត នារីៗយើង​ត្រូវតែ​កុំ​ខកខាន​ក្នុងការ​ភ្លក្ស​រសជាតិ​ផ្លែឈើ​បញ្ចុះទម្ងន់​ទាំង8ប្រភេទ​ដែល​យើង​បាន​នាំយកមក​ផ្ញើជូន​ដូច​ខាងលើនេះ​ឱ្យសោះ ណា៎​ចា៎ស!៕

  • បញ្ហាសំខាន់​ដែល​បុរស​ចង់បាន​ចម្លើយ និង​មូល​ហេតុដែល​ទម្ងន់​មិន​ព្រម​ស្រក ទោះ​ព្យាយាម​ហាត់ប្រាណ​ក៏ដោយ

    បញ្ហាសំខាន់​ដែល​បុរស​ចង់បាន​ចម្លើយ និង​មូល​ហេតុដែល​ទម្ងន់​មិន​ព្រម​ស្រក ទោះ​ព្យាយាម​ហាត់ប្រាណ​ក៏ដោយ

    បញ្ហា​គឺអាច​ស្ថិតនៅលើ​ខ្លួន​យើង​ក៏មានដែរ សូម​កុំទៅ​សម្លឹង​អ្វីដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ខ្លួន​យើង​ឡើយ។ បញ្ហា​សុខភាព និង​ការហាត់​ប្រាណ​ទាំងអស់នេះ​គឺជា​បញ្ហាសំខាន់​ណាស់ ដែល​បុរស​ចង់បាន​ចម្លើយ​ថា តើ​មូល​ហេតុអ្វី​គីឡូ​មិន​ព្រម​ស្រក​ទាល់តែសោះ ទាំង​ដែល​ខ្លួន​កំពុងតែ​ព្យាយាម​ហាត់ប្រាណ​យ៉ាង​នឿយហត់​ក៏ដោយ។ សម្រាប់​បុរស​ទាំងឡាយ​ដែល​កំពុងតែ​ហាត់ប្រាណ​លើក​សាច់ដុំ​និង​ព្យាយាម​ចង់បាន​សាច់ដុំកង់ៗ តើ​លោកអ្នក​មានបាន​កត់សម្គាល់​ចំណុច​ប្លែក​នៃ​រាងកាយ​របស់ខ្លួន​ដែល​អាច​នឹង​ធ្លាប់​ជួប​បញ្ហា​ទាំងនេះ​ខ្លះ​ដែរឬទេ? យ៉ាងណាមិញ​បញ្ហា​មិនមាន​ច្រើនពេក​នោះទេ។

    បញ្ហា​នៃ​ការហាត់​ប្រាណ​ដែល​បាន​អនុវត្ត​ជាប្រចាំ ជួនកាល​ខ្លួន​អ្នក​ចង់​ព្យាយាម​ឱ្យ​ទម្ងន់​ស្រក​បានភ្លាមៗតាម​ក្ដី​ស្រមៃ​ពេក​ក៏​ជា​បញ្ហា​ដែល​ងាយ​នាំឱ្យ​ទម្ងន់​មិន​ស្រក​ដូចគ្នា​ផងដែរ។ ថ្ងៃនេះទស្សនា​វ​ដ្តី ឡា​រ៉ែ​ន មាន​ចម្លើយ​អំពី​បញ្ហា​មួយ​នេះ​ដែល​បាន​នាំយកមក​ប្រាប់​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប។ ហេតុផល​ដែល​ធ្វើឱ្យ​ទម្ងន់​មិន​ស្រក​នោះ ពោលគឺ​នៅ​មិន​ឆ្ងាយ​ពី​ខ្លួន​អ្នក​ឡើយ។ គ្រប់យ៉ាង​រមែង​អាច​កើតចេញ​ខ្លួន​អ្នក​ក៏​ថា​បាន នៅពេលដែល​បាន​មើលរំលង​ពី​ចំណុចតូចៗរបស់​វា។ តើ​សុភាពបុរស​ទាំងឡាយ​ធ្លាប់បាន​សង្កេត​ពី​មូល​ហេតុដែល​បង្កដោយ​ខ្លួនឯង​ដែរឬទេ?

    ដូច្នេះ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​អាច​ប្រាប់​អ្នក​បាន​អំពី​មូលហេតុ​នៃ​ការ​សម្គាល់​ពី​ខ្លួនឯង​តាមបែបងាយ៖

    1/ ក្រោយពី​ការហាត់​ប្រា​ណហើយ ទៅ​ទទួលទាន​អាហារ​ឆ្ងាញ់ច្រើនៗ

    នេះហើយ!!… គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ស៊ើបអង្កេត​ស្វែងរក​ចម្លើយ​ជា​បន្ដទៀត​ទេ។ បញ្ហា​ដែល​ធ្វើឱ្យ​ទម្ងន់​អ្នក​មិន​ព្រម​ស្រក​ទាល់តែសោះ​នោះ​គឺ​ខណៈដែល​អ្នក​ទៅ​ទទួលទាន​អាហារឆ្ងាញ់ៗ ដើម្បី​បំពេញ​កម្លាំង​បន្ថែម​ឡើងវិញ​ក្នុងការ​បំបាត់​ភាព​នឿយហត់​ក្រោយ​ហាត់ប្រាណ​នេះឯង។ ក៏​ព្រោះថា​ការដែល​ទទួលទាន​អាហារឆ្ងាញ់ៗដែលមាន​ប្រូ​តេ​អី​ុ​ន និង​កាឡូរី​ច្រើន​គឺច្បាស់​ទទួលបាន​រង្វាន់​ធំ​ពី​ការឡើង​គីឡូ​យ៉ាង​លឿន​ជាក់​ជាមិនខាន​ឡើយ។ យើង​សូមបញ្ជាក់​ដោយ​ត្រង់​ទៅ​ចុះ​ថា អាហារ​ដែល​អ្នក​គួរ​ទទួលទាន ដើម្បី​បំបាត់​ភាព​នឿយហត់​ក្រោយពី​ហាត់ប្រាណ​រួច ព្រមទាំង​មិន​ធ្វើឱ្យ​ឡើង​ទម្ងន់​នោះ​គឺ ទឹកដោះគោ យ៉ា​អួរ ផ្លែឈើ​ស្រស់ ជាពិសេស​គឺ​ផ្លែ​ប៉ោម​ខៀវ។

    2/ បញ្ហា​នៃ​អារម្មណ៍​តប់ប្រមល់​ខ្លាំងពេក

    ភាព​តានតឹង និង​អារម្មណ៍​តប់ប្រមល់ វា​មិន​ត្រឹមតែ​ជា​បញ្ហា​ដែល​បាន​ហុច​ផល​ដល់​សុខភាព និង​សុខភាព​ផ្លូវចិត្ត​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្ដែ​វា​ក៏​នៅ​ហុច​ផល​អាក្រក់​ដល់​រាងកាយរបស់​អ្នក​ថែម​ទៀតផង។ ព្រោះថា​នៅពេលណា​ដែល​រាងកាយ​របស់​អ្នក​ស្ថិតក្នុង​សភាព​អួល​អាប់​មាន​អារម្មណ៍​តានតឹង​តប់ប្រមល់​ខ្លាំងពេក​នោះ​រាងកាយ​របស់​អ្នកនឹង​បញ្ចេញ​អ័រម៉ូន Cortisolចេញមក​ច្រើនពេក ទើបបានជា​អ័រម៉ូន​នោះ​ទៅ​ជំរុញ​ភាព​ស្រែក​ឃ្លាន​អាហារ​ដល់​រាងកាយ​អ្នក​កាន់តែខ្លាំង​ឡើង។ ដូច្នេះហើយ​ទើប​អ្នក​ត្រូវ​បង្ខំ​ទទួលទាន​អាហារ​ជាច្រើន​ក្រោយពេល​ធ្វើការ​ហាត់ប្រាណ​រួច។

    3/ ការ​សម្រាក​មិន​គ្រប់គ្រាន់

    ការ​គេង​តិចតួច គេង​យប់​ជ្រៅ និង​ការ​សម្រាក​មិន​គ្រប់គ្រាន់​ជាដើម​នោះ គឺ​បណ្ដាលឱ្យ​បាក់កម្លាំង និង​រាងកាយ​មាន​សភាព​ល្វើយ​នឿយហត់ ជាមួយ​អារម្មណ៍​តានតឹង​មកពី​គេង​មិន​លក់​នេះ។ ចំពោះ​ការ​គេង​យប់​ជ្រៅ​អាចធ្វើឱ្យ​រាងកាយ​របស់​អ្នក​ដុត​កម្តៅ​បាន​យឺត​បំផុត ហើយ​ប្រព័ន្ធ​ដុត​កម្ដៅ Metabolism មិន​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​គ្រប់គ្រាន់​ឡើយ​ទើប​បណ្ដាលឱ្យ​កើត​អាការ​ឈឺក្បាល​ដោយសារ​ចុះ​ជាតិ​ស្ករ៕

  • ពុល​អាហារ៖ មូលហេតុ អាការ និង​វិធី​ព្យាបាល

    ពុល​អាហារ៖ មូលហេតុ អាការ និង​វិធី​ព្យាបាល

    ពុល​អាហារ ឬ​ទទួលទាន​អាហារ​មាន​ជាតិពុល​ចូលទៅក្នុង​ខ្លួន មានន័យ​អំពី ការ​រាករូស (បន្ទោបង់​ចេញមក​ជា​ទឹក) ដោយសារតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទានទឹក​ដែលមាន​លាយឡំ​សារធាតុពុល ដែល​អាចជា​សារធាតុពុល​កើតចេញពី​មេរោគ​ដែលមាន​ច្រើន​ប្រភេទ និង​សារ​ធាតុគីមី ឬ​រុក្ខ​ជាតិពុល ឬ​សត្វ​មាន​ជាតិពុល និង​ច្រើនតែ​សង្កេតឃើញថា ក្នុង​ក្រុម​អ្នក​ដែល​បរិភោគ​ជាមួយគ្នា នឹងមាន​អាការ​ពុលដំណាលៗគ្នាច្រើន​នាក់ និង​អាចមាន​អាការ​ខ្លាំង​ខ្សោយ​ខុសប្លែក​ពីគ្នា​អាស្រ័យ​លើ​បុគ្គល និង​បរិមាណ​ដែល​បាន​ទទួលទាន​ចូលទៅ។

    មូលហេតុ​របស់​អាការ​ពុល​អាហារ

    អាការ​ពុល​អាហារ​ភាគច្រើន​តែងតែ​បណ្ដាលមកពី​ការបរិភោគ​អាហារ ឬ​ទទួលទាន​ទឹក​ដែល​លាយឡំ​ដោយ​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស​ក្រៅពីនេះ​នៅ​អាច​ប្រទះឃើញ​មាន​ខ្លះ​ដែរ​គឺមាន​លាយឡំ​ដោយ​ពួក​សត្វ​ប៉ារ៉ាស៊ីត ដូចជា អា​មី​បា (Amoeba) ជាដើម ចំណែក​ការបរិភោគ​អាហារ​ដែលមាន​លាយឡំ​ដោយ​សារធាតុពុល​ផ្សេងទៀត​ដែល​មិនមែនជា​មេរោគ​ដែលប្រទះឃើញ​ញឹកញាប់​នោះ​គឺ ពុល​សារ​ធាតុគីមី (ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត សារធាតុ​សំណ និង​សារធាតុ​បា​រ៉​ត​ជាដើម) រុក្ខ​ជាតិពុល ដូចជា ផ្សិត​មើម​ក្ដួច និង​សត្វ​ដែលមាន​ជាតិពុល ដូចជា គីង្គក់​ត្រី​កំពត និង​អាហារ​សមុទ្រ​ជាដើម។

    អាការ​របស់​ការពុល​អាហារ

    មេរោគ​ជាច្រើន​ប្រភេទ​អាច​បញ្ចេញ​ជាតិពុល (Toxin) ចេញមក​លាយឡំ​នៅក្នុង​អាហារផ្សេងៗ ហើយ​នៅពេល​មនុស្ស​បរិភោគ​អាហារ​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារធាតុពុល​ទាំងនោះ​ចូល​ទៅនឹង​ធ្វើឱ្យ​កើត​អាការស្រដៀងៗគ្នា​គឺ ចុកពោះ​រមួល​ជាដំណាក់ៗ ក្អួត (ច្រើន​តែមាន​កម្ទេច​អាហារ​ចេញមក​ជាមួយ) និង​រាក​ញឹកញាប់។ អ្នកខ្លះ​អាចមាន​គ្រុនក្ដៅ​ខ្លួន និង​អស់កម្លាំង​ខ្លាំង​រួមជាមួយ​ផង។ អាការ​ទាំងអស់នេះ​អាច​ខ្លាំង ឬ​ខ្សោយ​អាស្រ័យ​លើ​ភាព​តិច ឬ​ច្រើន​របស់​ជាតិពុល​ដែល​ទទួលទាន​ចូលទៅ។ ជាទូទៅ​បើសិនជា​តិចតួច មិន​ធ្ងន់ធ្ងរ អាការ​ទាំងនោះ​នឹង​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល 24-48ម៉ោង។ ចំណែក​អ្នក​ដែល​ធ្ងន់ធ្ងរ អាច​នឹងមាន​អាការ​ក្អួត និង​រាករូស​ខ្លាំងក្លា​រហូតដល់​រាងកាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​រ៉ែ​យ៉ាងធ្ងន់ធ្ងរ​បាន។

    វិធី​ព្យាបាល​អាការ​ពុល​អាហារ

    ការព្យាបាល និង​ការមើល​ថែទាំ​ខ្លួនឯង​ជាបឋម អ្នកជំងឺ​ពុល​អាហារ​គួរ​ប្រតិបត្តិ​តាម​ការណែនាំ​ដូចខាងក្រោម​នេះ៖

    1. បើ​មាន​អាការ​ចុកពោះ​ខ្លាំងក្លា រាករូស​ធ្ងន់ធ្ងរ (បន្ទោបង់​ចេញមក​សុទ្ធតែ​ទឹកម្ដងៗច្រើន)ក្អួត​ខ្លាំង (រហូតដល់​ថ្នាក់​ទទួលទាន​ទឹក ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹក​បបរ​លែងកើត) នៅពេលក្រោក​អង្គុយ​ហើយ​មាន​អាការ​វិលមុខ និង​មាន​សភាវ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ (បបូរមាត់​ស្ងួត បំពង់ក​ស្ងួត ភ្នែក​រូង បត់ជើងតូច​ចេញមក​តិច និង​ជីព​ចរលោត​ញាប់) ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។
    2. បើ​មិនមាន​អាការ​ធ្ងន់ធ្ងរ​ដូចខាងលើ​ទេ ចូរ​ឱ្យ​អ្នកជំងឺ​ពុល​អាហារ​ទទួលទាន​ទឹកអំបិល​រ៉ែ ឬ​ទឹកស្អាត​ឱ្យបាន​ញឹកញាប់ ដើម្បី​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅដោយ​សារ​ការ​ក្អួត និង​រាក និង​ទទួលទាន​រហូត​ទាល់តែ​ទឹកមូត្រ​ចេញមក​ថ្លា ឬ​អាការ​រាករូស​បាន​ធូរស្រាល​ឡើងវិញ។
    3. ហាម​លេបថ្នាំ​ដើម្បី​បញ្ឈប់​ការ​រាករូស ព្រោះ​មិនមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​នោះទេ ហើយ​បើ​ប្រើប្រាស់​ខុស​វិធី​ផង​នោះ អាច​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​បាន។
    4. បើ​មាន​គ្រុនក្ដៅ​ខ្លួន ចូរ​ឱ្យ​លេបថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដើម្បី​បញ្ចុះ​កម្ដៅ៕
  • គន្លឹះ​ទាំង5 ដើម្បី​រក្សា​សុខភាព​នៅក្នុង​រដូវរងា

    គន្លឹះ​ទាំង5 ដើម្បី​រក្សា​សុខភាព​នៅក្នុង​រដូវរងា

    រដូវរងា គឺជា​អំឡុង​ពេលវេលា​ដែល​យើង​ត្រូវ​មើលថែ​យកចិត្តទុកដាក់​បំផុត ជាពិសេស​ចំពោះ​សុខភាព​តែម្តង សូមកុំ​បណ្ដោយឱ្យ​ពេលវេលា​នៅក្នុង​រយៈពេល​នេះ រំលង​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អាកាសធាតុ​ផ្លាស់ប្តូរ​ពី​ក្ដៅ​មក​ត្រជាក់ ហើយ ធ្លាក់​ខ្យល់​ខ្លាំង សម្រាប់​អ្នក​ដែល​ចាញ់​រងា គឺ​ពិតជា​ងាយ​នឹង​ឈឺ​ញឹកញាប់។ ដូច្នេះហើយ​ត្រូវ​ងាក​មក​ត្រៀមខ្លួន​មើលថែ​ខ្លួនឯង​ឱ្យមាន​សុខភាព​ល្អ​វិញ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ពាំ​នាំនូវ​គន្លឹះ​ថែទាំ​សុខភាព​នៅក្នុង​រដូវរ​ងា​ទាំង5ចំណុច​ដូចខាងក្រោម​នេះ។

    1/ ស្លៀកពាក់​ខោអាវ​ជុំជិត និង​អាវ​រងា

    ចៀសវាង​ការ​ស្លៀកពាក់​ខោអាវ​ស្ដើង ខោ​ចខ្លីៗ ដែល​ធ្លាប់តែ​បញ្ចេញ​ស្ទា​យល៍​នៅ​រដូវក្ដៅ​ត្រូវ​ទុក​មួយអន្លើ​សិន។ នៅ​រដូវរងា​នេះ​ត្រូវឱ្យ​ស្លៀកពាក់​បែប​រុំជិតៗ អាវធំ ដៃវែងៗ និង​ខោជើងវែង ហើយ​មាន​សាច់​ក្រណាត់ក្រាស់ៗ នោះ​ទើប​ជាការ​ប្រសើរ។ ចំពោះ​ដៃ​អាច​នឹង​ងាយ​ត្រជាក់​រងា​គ្រប់ពេលវេលា ដូច្នេះ​អ្នក​គួរតែ​ប្រើប្រាស់​ស្រោមដៃ និង​ស្រោមជើង​ដូចគ្នា។ ករណី​ដែល​រងា​ខ្លាំងពេក​អ្នក​អាច​ពាក់មួក​រងា​ឱ្យ​ជិត​ត្រចៀក ឬ​យក​ក្រណាត់ កន្សែង​បង់ក មក​រុំ​បរិវេណ​ក្បាល​ក៏បាន​ដែរ។ ការថែរក្សា​សុខភាព​បែ​បងាយៗនៅក្នុង​អំឡុងពេល​រដូវ​រងា លោកអ្នក​មិនត្រូវ​មើលរំលង​ឡើយ។

    2/ ទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍

    វិធីសាស្ត្រ​ការពារ​មិនឱ្យ​ផ្ដាសាយ​ដែល​អ្នក​មិនគួរ​មើលរំលង​នោះ​គឺ​ការបន្ថែម​ថាមពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ដោយ​ការ​ទទួលទាន​អាហារ​ដែលមាន​សារធាតុចិញ្ចឹម និង​វីតាមីន ដែល​អាចជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​ប្រយុទ្ធប្រឆាំង​ជាមួយ​មេរោគ​នៅក្នុង​រដូវរងា។ ចំពោះ​អាហារ​ដែរ​គួរតែ​ទទួលទាន​ឱ្យបាន​ច្រើន​បំផុត​នោះ​គឺ បន្លែ ផ្លែឈើ​គ្រប់មុខ​ជាជាង​សាច់​ក្រហម ព្រោះ​បន្លែ​ផ្លែឈើ​សម្បូរ​ទៅដោយ​សារធាតុ​វីតាមីន​ជាច្រើន​ប្រភេទ ថែមទាំង​មាន​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​រាងកាយ​មិនឱ្យ​ឆ្លង​មេរោគ និង​ងាយ​ឈឺ​ថ្កាត់។

    3/ ពិសា​ទឹក​ក្ដៅ ឬ​ភេសជ្ជៈក្ដៅៗ

    ដើម្បី​ការពារ​សុខភាព​រាង​កា​យ​របស់​អ្នកជា​ប្រចាំថ្ងៃ នៅក្នុង​រដូវរងា​អ្នក​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ជាពិសេស​គឺ​ទឹក​ក្ដៅ ឬ​ភេសជ្ជៈ​ក្ដៅឧណ្ហៗ ក្នុងការ​បន្ថែម​កម្ដៅ​ដល់​រាងកាយ និង​ស្បែក​របស់​អ្នក ព្រោះថា នៅក្នុង​រដូវរងា​ស្បែក​របស់​អ្នក​ងាយ​នឹង​ស្ងួត ក្រៀមក្រោះ​ដោយសារ​ខ្យល់ ដូច្នេះហើយ​អ្នក​ត្រូវ​បន្ថែម​ជាតិ​ទឹក​ឱ្យ​រាងកាយ ដើម្បី​ឱ្យមាន​សំណើម​ឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ត្រជាក់​ច្រើន​នៅក្នុង​អំឡុង​អាកាសធាតុ​ត្រជាក់​បែបនេះ ក៏​មិនសូវ​ហុច​ផល​ល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ប៉ុន្មាន​ដែរ វា​ធ្វើឱ្យ​អ្នក​ងាយ​ឈឺបំពុងក  រលាក​បំពង់ក ហើយនឹង​ងាយ​ផ្ដាសាយ​ផងដែរ។

    4/ ហាត់ប្រាណ​ជាប្រចាំ

    អ្នក​អាច​ក្រោក​មក​ហាត់ប្រាណ​ដោយ​ការរត់ ឬ​ដើរ​ដើម្បី​ទទួល​ពន្លឺ​រស្មី​នៃ​កម្ដៅ​ព្រះអាទិត្យ ដើម្បី​ជំរុញ​រាងកាយ​ឱ្យ​សាង​ភាពកក់ក្ដៅ​នៅ​ខាងក្នុង។ ប្រសិនជា​មិនមាន​ពេលវេលា​នាពេល​ព្រឹក​ទេនោះ អ្នក​អាច​កម្ដៅ​សាច់ដុំ​នៅពេល​ល្ងាច ដើម្បី​បញ្ចេញ​ញើស និង​ជាតិពុល​ចេញ​ក៏បាន ព្រោះ​ក្រៅពី​រាងកាយ​បាន​កក់ក្ដៅ​ហើយ​នោះ វា​ក៏​អាច​បន្ថយ​ភាព​រងា​ចេញពី​រាងកាយ​អ្នក​បាន​ផងដែរ ព្រមទាំង​មាន​សុខភាព​ល្អ​ថែម​ទៀតផង។

    5/ ងូតទឹក​ក្ដៅ

    ដោយសារតែ​អាកាសធាតុ​ត្រជាក់​ទើប​រាងកាយ​របស់​អ្នក​ត្រូវមាន​ភាពកក់ក្តៅ​គ្រប់ពេល និង​ចៀស​ឆ្ងាយ​ពី​ជំងឺផ្សេងៗ ដូច្នេះ អ្នក​គួរតែ​ងូតទឹក​ក្តៅ​ជាជាង​ទឹក​ត្រជាក់ ដើម្បី​ជួយ​រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ឱ្យនៅ​សភាព​ដើម និង​ជួយ​កាត់បន្ថយ​ជំងឺ​ផ្តាសាយ​ផងដែរ៕

  • ប្រយ័ត្ន! សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង និង​មនុស្ស​ចាស់​ដែរ

    ប្រយ័ត្ន! សូម្បីតែ​ជំងឺ​គ្រុនផ្ដាសាយ ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង និង​មនុស្ស​ចាស់​ដែរ

    សុខភាព​របស់​ក្រុមគ្រួសារ​គឺជា​រឿង​សំខាន់បំផុត ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សមាជិកគ្រួសារ​ទាំងមូល​រួមមាន ឪពុកម្ដាយ កូន ក្មួយ និង​ចៅ​ជាដើម​ដោយឡែក​ជំងឺ​គ្រុនផ្ដាសាយ ក៏​អ្នក​គួរតែ​យកចិត្តទុកដាក់​ពី​វា​ផងដែរ។ ជំងឺ​កើតឡើង​មិន​ប្រកាន់​ចំពោះមុខ​សមាជិក​ក្រុមគ្រួសារ ឬ​ប្រកាន់​ថា​កើត​ចំពោះ​នរណា​នោះឡើយ។ ប្រសិនបើ​សមាជិក​ម្នាក់​នៅក្នុង​គ្រួសារ​កើត​ជំងឺ​នេះហើយ វា​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់ទៀត​បាន នៅពេលដែល​ការសម្អាត​ឬ​អនាម័យ​មិន​ស្អាត និង​បរិភោគ​អាហារ​ជុំគ្នា ដែល​អាច​ឆ្លង​តាមរយៈ ក្អក កណ្ដាស់ និង​តាមរយៈ​ផ្លូវដង្ហើម​ជាដើម។

    បើតាម​ការបកស្រាយរ​បស់​គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា គ្រុន​ផ្ដាសាយធំ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​វីរុស​គ្រុនផ្ដាសាយ​ផ្ដល់​អត្រា​គ្រោះថ្នាក់​ខ្ពស់ជាង​ជំងឺ​គ្រុនផ្ដាសាយ​ធម្មតា និង​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ។

    លោកអ្នក​អាច​ឆ្លង​ជំងឺ​ប្រភេទ​នេះ​តាម​ប្រព័ន្ធ​ផ្លូវដង្ហើម​ដោយ​រង​សម្ពាធ​ពី​អ្នកជំងឺ ឬ​អ្នក​ផ្ទុកមេរោគ​គ្រុន​ផ្ដាសាយធំ នៅពេល​អ្នកជំងឺ​ក្អក ឬ​កណ្ដាស់, អាច​ឆ្លងតាម​ការប៉ះពាល់​អ្នកជំងឺ​ដោយផ្ទាល់ ឬ​តាម​ការប៉ះពាល់​វត្ថុ​ដែលមាន​វីរុស​បង្ក​គ្រុនផ្ដាសាយ។

    ថ្ងៃនេះ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​បញ្ហា​ជំងឺ​គ្រុនផ្ដាសាយ និង​ប្រការ​ប្រុងប្រយ័ត្ន​ការពារ​មិនឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្មេង​និង​មនុស្ស​ចាស់​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក​ដូចខាងក្រោម​នេះ៖

    1/ គ្រោះថ្នាក់​អាក្រក់​កើតឡើង​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ

    មនុស្ស​គ្រប់រូប​សុទ្ធតែ​មានឱកាស​នៃ​ការកើតមាន​ជំងឺ​គ្រុន​ផ្ដាសាយធំ​ទាំងអស់ បើទោះជា​អ្នក​ទាំងនោះ​មាន​សុខ​ភាពល្អ​មាំមួន​ក៏ដោយ ក៏​មិន​ប្រាកដថា​អាច​ចៀស​ផុតពី​ជំងឺ​ប្រភេទ​នេះ​បានដែរ​ព្រោះថា​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ពី​មនុស្ស​ម្នាក់​ទៅកាន់​អ្នកដទៃ​វា​ប្រព្រឹត្ត​ទៅដោយ​មិនដឹង​ខ្លួន។ មនុស្ស​ចាស់ជរា កុមារ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ជំងឺហឺត ខ្សោយតម្រងនោម គឺ​ប្រឈម​កាន់តែ​ខ្ពស់ នោះ​ការគំរាមកំហែង​អាយុជីវិត​ក៏​កាន់តែខ្លាំង នៅពេលដែល​គ្រុន​ផ្ដាសាយធំ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គ្រុន​ផ្ដាសាយធំ​ក៏បាន​ហុច​ផល​អាក្រក់​មួយចំនួនទៀត​ដូចជា​បង្កឱ្យមាន​ជំងឺ​រលាក​សួត​ដោយ​បាក់តេរី រលាក​ត្រចៀក រលាក​ស៊ីនុស បាត់បង់​ជាតិ​ទឹក ជាពិសេស​អាចធ្វើឱ្យ​ស្ថានភាព​ជំងឺ​ប្រចាំកាយ​ដូចជា​ជំងឺ​បេះដូង ជំងឺហឺត ឬ​ជំងឺ​ទឹកនោមផ្អែម​កាន់​ធ្ងន់ធ្ងរ​ថែម​មួយកម្រិត​ទៀត។

    2/ កំណត់សម្គាល់​អំពី​រោគសញ្ញា

    ជាការ​ពិតណាស់ ជំងឺ​គ្រុន​ផ្ដាសាយធំ មិន​ដូចជា​គ្រុនផ្ដាសាយ​ធម្មតា​នោះទេ ដូច្នេះ​នៅពេលដែល​លោកអ្នក​បាន​ជួបនឹង​អាការ​មួយចំនួន​ដូចជា មាន​គ្រុនក្ដៅ ចាប់ពី​កម្ដៅ 38-39 អង្សា​សេ ឈឺក្បាល ក្អក​ខ្លាំង អស់កម្លាំង ល្ហិតល្ហៃ ឈឺខ្លួន​ប្រាណ​ស្ងួត​បំពង់ក ក្រហាយ​ភ្នែក នោះ​លោកអ្នក​ប្រហែលជា​កំពុង​កើត​ជំងឺ​គ្រុន​ផ្ដាសាយធំ​ហើយ ដែល​តម្រូវឱ្យ​លោកអ្នក​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ដំណោះស្រាយ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា បើ​មិន​ដូច្នោះ​ទេ ពោល​គឺមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​លោកអ្នក។

    3/ ការការពារ

    វិធី​ងាយស្រួល​បំផុត​សម្រាប់​ការពារ​ពី​ជំងឺ​ផ្ដាសាយធំ លោកអ្នក​គ្រាន់តែ​ចេះ​ថែរក្សា​ខ្លួនប្រាណ​ដោយ​ការប្រើ​ម៉ាស ឧស្សាហ៍​ពិសា​ទឹក​ក្ដៅ​ជាប្រចាំ ហើយ​ជាពិសេស នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នកមាន​ផ្ទុកមេរោគ​គ្រុនផ្ដាសាយ និង​ផ្ដាសាយធំ។ ម្យ៉ាងវិញទៀត ដោយសារតែ​វេជ្ជសាស្ត្រ​កាន់តែ​ទំនើប ដែលមាន​ថ្នាំ​បង្ការ និង​វាក់​សាំង​ហេតុនេះ​លោកអ្នក​អាច​ស្វែងរក​វិធី​ការពារ​ដោយ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ​ជាការ​ស្រេច​នៅ​តា​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​គ្លីនិក​ឯកជន​ក៏បាន៕

  • ស្វែងយល់​ពី​រុក្ខជាតិ​បន្លែ​ដែល​អាច​សម្លាប់​កោសិកា​មេរោគ​មហារីក​បាន​ក្នុង​រយៈពេល 16ម៉ោង

    ស្វែងយល់​ពី​រុក្ខជាតិ​បន្លែ​ដែល​អាច​សម្លាប់​កោសិកា​មេរោគ​មហារីក​បាន​ក្នុង​រយៈពេល 16ម៉ោង

    តាមរយៈ​ការចេញផ្សាយ​របស់​គេហ​ទំព័រ​សុខភាព​មួយ​បានឱ្យដឹងថា ជនជាតិ​ចិន​បាន​រកឃើញថា បន្លែ​តាំងអោ ឬ​ភាសា​ចិន​ហៅថា Qinghao Su និង​ភាសា​អង់គ្លេស​ហៅថា Artemisinin មាន​សម្បូរ​ទៅដោយ​សារធាតុ Artemisinin អាចជួយ​សម្លាប់​កោសិកា​មេរោគ​មហារីក​សុដន់​បាន​រហូតដល់​ទៅ 98% និង​អាចជួយ​ប្រយុទ្ធប្រឆាំង​ជាមួយ​កោសិកា​មហារីក​ផ្សេងទៀត​បាន​ដូចគ្នា នៅក្នុង​រយៈពេល 16ម៉ោង​តែប៉ុណ្ណោះ។

    អ្នកវិទ្យាសាស្ត្រ​ជីវវិទ្យា និង​ក្រុម​អ្នកជំនាញ​ឱសថ​បុរាណ បានធ្វើ​ស្រាវជ្រាវ​ចំពោះ​រុក្ខជាតិ​បន្លែ​ប្រភេទ​នេះ និង​បាន​អះអាងថា រុក្ខជាតិ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​សម្បូរ​ទៅដោយ​សារធាតុ Artemisinin ដល់​ទៅ28%ដែល​វា​មាន​សមត្ថភាព​កម្ចាត់ និង​សម្លាប់​កោសិកា​មហារីក​សុដន់ ថែមទាំង​បង្អាក់ដំណើរ​ការកកើត​របស់​កោសិកា​មហារីក​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ។ អ្វីដែល​សំខាន់បំផុត​នោះ​គឺ​សារធាតុ​នៅក្នុង​ដើម​តាំងអោ មិនបាន​បង្ក​ឱ្យ​កើតមាន​គ្រោះថ្នាក់​អាក្រក់​ណាមួយ​ចំពោះ​សុខភាព​របស់​យើង​ឡើយ ជាពិសេស​ចំពោះ​កោសិកា​ដទៃទៀត​នៅក្នុង​រាងកាយ​របស់​មនុស្ស​យើង។

    ជាមួយគ្នានេះដែរ ខាង​ផ្នែក​គ្រូថ្នាំ​បុរាណ​ចិន​បាន​ប្រាប់​ពី​ការប្រើប្រាស់ ទទួលទាន និង​គុណប្រយោជន៍​របស់​បន្លែ​តាំងអោ​ថា អាច​ចាត់ទុកបាន​ថា រាប់ពាន់​ឆ្នាំ​មកហើយ បន្លែ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុដែក និង​សម្រាប់​សម្លាប់​ប៉ារ៉ាស៊ីត​បាន​យ៉ាង​ល្អប្រសើរ។ សារធាតុ​ដែក​ដែល​ចូលទៅ​បន្សំ​នៅក្នុង​កោសិកា​មហារីក និង​ជួយ​ព្យាបាល​និង​ពន្យារ​ស្ថិរភាព​របស់​ជំងឺមហារីក ដែលជា​ហេតុ​បណ្ដាលឱ្យ​កោសិកា​រោគ​ត្រឡប់មក​មាន​ភាព​ដូច​ធម្មតា​ឡើងវិញ ហើយ​ក្រៅពីនេះ ការរួមបញ្ចូល​ខ្លួន​របស់​សា​ធាតុដែក និង​សារធាតុ Artemisinin គឺ​វា​មាន​ភាពល្អប្រសើរ​ក្នុងការ​សម្លាប់​កោសិកា​មហារីក។ ការលើកឡើង​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​នៅ​ទីក្រុង ញូវយ៉ក ក៏បាន​ប្រាប់ថា ដើម​តាំងអោ អាច​រារាំង​ការបង្កើត​ម៉ូលេគុល E2F1 ដែលជា​ដំណើរការ​កកើត​របស់​កោសិកា​មហារីក​សុដន់ ថែមទាំង​ជួយ​បង្អាក់​ការរីកលូតលាស់​របស់​កោសិកា​មហារីក​ដទៃទៀត​បាន​យ៉ាង​ល្អ​ទៀតផង។

    រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាច្រើន​នាក់​ណាស់​ដែល​បាន​មើលរំលង​ពី​គុណប្រយោជន៍​របស់​បន្លែ “តាំងអោ” ដោយ​មិន​បានដឹង​ពី​តម្លៃ​របស់​វា​ចំពោះ​សុខភាព និង​ការការពារ​ពី​ជំងឺមហារីក។ ដើម​តាំងអោ មិន​ត្រឹមតែ​អាចជួយ​ដល់​សុខភាព​របស់​យើង​ឡើយ វា​ក៏​អាចជួយ​បង្កើន​ប្រាក់ចំណូល​ពី​ការដាំដុះ​របស់​បងប្អូន​ប្រជាកសិករ​ផងដែរ ព្រោះថា បន្លែ​មួយ​ប្រភេទ​នេះ មានតម្លៃ​ថ្លៃ​សមរម្យ​នៅលើ​ទីផ្សារ៕

  • មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    មូល​ហេតុដែល​បណ្ដាលឱ្យ​សក់ស្កូវ​មុន​អាយុ

    កាលណា​និយាយ​ពីស​ក់ គឺ​អ្នកនឹង​នឹកឃើញ​ទៅដល់​ស្បែក​ភ្លាម ដែល​ពណ៌​សម្បុរស្បែក​អាស្រ័យទៅលើ​កោសិកា​ស្បែក​ម្យ៉ាង​ឈ្មោះថា មេ​ឡា​ណូ​សាយ។ មានន័យថា កោសិកា​ស្បែ​កមេ​ឡា​ណូ​សាយ​នេះ​ឱ្យ​ពណ៌​ទាំង​ស្បែក ទាំង​សក់​ដូចគ្នា។ ម្យ៉ាងទៀត​លោកអ្នក​ដែលមាន​សក់​ពណ៌​ខ្មៅ ឬ​សក់​ពណ៌​ផ្សេងទៀត​ដូចជា ពណ៌​ក្រហម​ស្លេក​មាន​តាំងពី​កំណើត​មក គឺ​អាស្រ័យ​ទៅតាម​ហ្សែ​ន​ដែលមាន​នៅក្នុង​ខ្លួន​របស់​បុគ្គលម្នាក់។

    ដូចនេះ​គេ​អាច​កំណត់​ពី​មូលហេតុ​សក់ស្កូវ​មុន​អាយុ​បាន​តាមរយៈ​ចំណុច​មួយចំនួន​ដូចជា ៖

    • មេ​តា​ប៉ូលីស៖ ការប្រែប្រួល​របស់​មេ​តា​ប៉ូ​ស​លី​ស ដែល​បំប្លែង​សារធាតុ​ប្រូ​តេ​អី​ុ​ន ជាតិ​ស្ករ ជាតិ​ខ្លាញ់ និង​បំប្លែង​សារធាតុផ្សេងៗទៀត​នៅក្នុង​ខ្លួន បណ្ដាលឱ្យ​ពណ៌​សក់​មានការ​ប្រែប្រួល​ខុសពី​ពណ៌​សក់​ធម្មជាតិ។
    • ការប្រើប្រាស់​ឱសថ៖ ការទទួល​ទាន​ឱសថ​មួយចំនួន​ដូចជា ឱសថ​ព្យាបាល​ជំងឺមហារីក ជំងឺគ្រុនចាញ់ ឬ​ប្រើប្រាស់​ឱសថ ដើម្បី​បន្ថយ​សម្ពាធ​ឈាម​ក៏​ជា​កត្ដា​ធ្វើឱ្យ​សក់​មានការ​ស្លក់​ពណ៌​បន្ដិចម្ដងៗរហូត​សក់​ប្រែ​ពណ៌​ទៅជា​ស្កូវ។
    • ការ​កង្វះ​វីតាមីន៖ ភាព​កង្វះ​វីតាមីន​មួយចំនួន​ដូចជា កង្វះ​វីតាមីន B12 និង​កង្វះ​ជាតិ​ដែក​ជាដើម​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​សក់​ស្លក់​ពណ៌​ដែរ។
    • បញ្ហា​លើ​ស្បែក៖ ស្បែក​មាន​ជំងឺ​ដូចជា កើត​ឃ្លង់ល្ពៅ​នៅលើ​ស្បែក​នៅត្រង់​កន្លែង​ណា​ធ្វើឱ្យ​ស្បែក​កន្លែង​នោះ​ប្រែ​ពណ៌​ទៅ​ជាស​ស្លែត​ដោយសារ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មក​ពាក់ព័ន្ធ ហើយ​បណ្ដាលឱ្យ​ស្បែក និង​សក់​ប្រែ​ពណ៌​ខុសពី​ធម្មជាតិ។

    វិធី​បង្ការ​សក់ស្កូវ​មុន​អាយុ

    ដោយសារ​អ្នក​បានដឹង​ពី​មូលហេតុ​មួយចំនួន​នៃ​សក់ស្កូវ​មុន​អាយុ អ្នក​ក៏​អាច​ទប់ស្កាត់​កុំឱ្យ​កើតឡើង​បានដែរ។ លោកអ្នក​មិនត្រូវ​បណ្ដាលឱ្យមាន​កង្វះ​ជាតិ​ដែក និង​ជាតិ​ស្ករ​នៅក្នុង​ខ្លួន​នោះទេ។ មិនត្រូវ​ទទួលទាន​ឱសថ​ណា​ដែល​ប៉ះពាល់​ដល់​សរសៃសក់​ធ្វើឱ្យមាន​ការប្រែប្រួល​ពណ៌​សក់​ឡើយ ហើយ​ត្រូវ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន និង​ប្រូ​តេ​អី​ុ​ន​ឱ្យបាន​គ្រប់គ្រាន់។

    ត្រូវការពារ​ស្បែក​កុំ​ឱ្យមាន​បញ្ហា​ដូចជា កើត​ឃ្លង់ល្ពៅ កើត​ជំងឺ ឬ​រោគ​សើ​ស្បែកផ្សេងៗ ព្រោះ​វា​អាចធ្វើឱ្យ​កោសិកា​ស្បែក មេ​ឡា​ណូ​សាយ មាន​ពាក់ព័ន្ធ បណ្ដាលឱ្យ​ស្បែក​ស្លក់​ពណ៌ ក៏ដូចជា​ធ្វើឱ្យ​សក់​មានការ​ប្រែប្រួល​ពណ៌​ផងដែរ៕

  • តើ​អ្នកដឹង​ទេ​ថា ពេលណា​ដែល​មិនគួរ​ហាត់ប្រាណ?

    តើ​អ្នកដឹង​ទេ​ថា ពេលណា​ដែល​មិនគួរ​ហាត់ប្រាណ?

    ការហាត់​ប្រាណ​នឹងធ្វើ​ឱ្យ​សុខភាព​រឹងមាំ​ឡើង​ទាំង​រាងកាយ ទាំង​ផ្លូវចិត្ត។  អ្នក​ដែល​ហាត់ប្រាណ​ជាប់​ជាប្រចាំ​នឹង​យល់ច្បាស់នូវ​ការពិត​ក្នុង​ចំណុច​នេះ​យ៉ាងច្បាស់​លាស់។  អ្នកខ្លះ​ប្រាប់ថា ការហាត់​ប្រាណ​ប្រៀបដូចជា​គ្រឿងញៀន​ម្យ៉ាង​អុ​ី​ចឹ​ង ព្រោះ​បើ​បានប្រព្រឹត្ត​ប្រតិបត្តិ​រហូត​ក្លាយជា​ទម្លាប់​ប្រចាំ​ហើយ​នោះ បើ​មិនបាន​ហាត់ប្រាណ​មួយថ្ងៃ នឹងមាន​អារម្មណ៍​ថា ដូចជា​មិនសូវ​ស្រស់ស្រាយប៉ុន្មាន​សោះ នេះ​ជាការ​ពិត (ព្រោះ​រាងកាយ​មិនបាន​បញ្ចេញ​សារ​ថា​តុ​នៃ​សេចក្តីសុខ «អេ​ន​ដូ​ហ្វ៊ី​ន» ចេញមក)។

    តែ​យ៉ាងណាក៏ដោយ ទោះជា​ការហាត់​ប្រាណ​ធ្វើឱ្យមាន​ផល​ល្អ​ដល់​សុខភាព​រាងកាយ​យ៉ាងច្រើន​មែន តែ​ក៏មាន​ករណី​ជាច្រើន​ដែល​យើង​គួរតែ​ប្រយ័ត្ន ឬ​គួរ​តម​ការធ្វើ​លំ​ហាត់ប្រាណ​ជា​បណ្តោះអាសន្ន​ដែរ ជាពិសេស​ក្នុង​សភាវ​ណាមួយ​ដូចខាងក្រោម​នេះ។

    1 . ឈឺ​ថ្កាត់ មិន​ស្រួលខ្លួន ជាពិសេស​បំផុត​បើ​មាន​គ្រុន​ក្តៅខ្លួន ឬ​មាន​អាការ​រលាក​ក្លាយ​នៅលើ​ផ្នែក​ណាមួយ​របស់​រាងកាយ

    2 . ក្រោយ​ជាសះស្បើយ​ពី​ជំងឺថ្មីៗ ដែល​រាងកាយ​នៅ​ទន់ខ្សោយ បើសិន​ហាត់ប្រាណ​ក្នុងអំឡុង​ពេលនេះ នឹង​ធ្វើឱ្យ​រាងកាយ​រឹតតែ​ទន់ខ្សោយ​ទៅទៀត។

    3 . បន្ទាប់ពី​ញ៉ាំ​អាហារ​ហើយភ្លាមៗ ព្រោះ​នឹងធ្វើ​ឱ្យ​ឈាម​នៅក្នុង​ប្រព័ន្ធ​ឈាម​រត់​ត្រូវ​បែងចែក​ទៅប្រើ​ប្រាស់​ក្នុងការ​រំលាយ​អាហារ ដូច្នេះ​ឈាម​ដែល​នឹង​ហូរ​ទៅ​ចិញ្ចឹម​សាច់ដុំ​ផ្នែក​ដែល​ហាត់ប្រាណ​នឹង​ថយចុះ ធ្វើឱ្យ​សាច់ដុំ​ចុះខ្សោយ​សមត្ថភាព និង​ងាយ​កើត​ប្រគ្រីវកាច់។

    4 . ក្នុងពេលដែល​ធាតុអាកាស​ក្តៅ និង​ហប់​ខ្លាំង ព្រោះ​រាងកាយ​នឹង​បាត់បង់​ញើស និង​ទឹក​ច្រើនជាង​ប្រក្រតី ធ្វើឱ្យ​រាងកាយ​ទន់ខ្សោយ ឆាប់​ហត់ ឬ​អាច​ខ្យល់គ​បាត់ស្មារតី​ក៏មាន (សម្រាប់​អ្នក​ដែល​រាងកាយ​មិន​រឹងមាំ​ដូច​អ្នកកីឡា)។

    អា​ការដែល​បង្ហាញថា គួរ​បញ្ឈប់​ការហាត់​ប្រាណ

    ក្នុងករណី​ខ្លះ​ដែល​រាងកាយ​អាច​ចុះ​ទន់ខ្សោយ​មួយ​ខណៈពេល ដូចជា ក្រោយពេល​កើត​អាការ​រាករូស អត់ងងុយ ការហាត់​ប្រាណ​ដែល​ធ្លាប់តែ​ធ្វើតាម​ធម្មតា​នោះ អាច​ក្លាយទៅជា​ធ្ងន់ធ្ងរ​បាន  ដូច្នេះ​បើសិន​ជាមាន​អាការ​ដូចខាងក្រោម​នេះ ទោះជា​តែមួយ​ករណី ឬ​ច្រើនយ៉ាង​ក៏ដោយ គួរតែ​ឈប់​ធ្វើការ​ហាត់ប្រាណ​ភ្លាម ដូចជា ៖

    1 . មាន​អារម្មណ៍​ថា​ហត់​ខុស​ប្រក្រតី

    2 . មាន​អាការ​ញ័រ​បេះដូង​ខុស​ប្រក្រតី

    3 . មាន​អាការ​ដកដង្ហើម​មិន​ស្រួល ឬ​ដកដង្ហើម​មិនបាន​ពេញលេញ

    4 . មាន​អាករ​វឹលមុខ

    5 . មាន​អាការ​ក្អួតចង្អោ

    6 . មាន​អាការ​ងងឹតមុខ

    7 . ជីពចរ​លោត​ញាប់​ច្រើនជាង 140 ដង​ក្នុង 1នាទី (សម្រាប់​មនុស្ស​ចាស់) ឬ 160ដង​ក្នុង 1នាទី(សម្រាប់​ក​ម្លោះ​ក្រមុំ)

    សូម​ចាំ​ទុក​ថា បើ​មាន​អាការ​ណាមួយ​កើតឡើង ត្រូវ​ឈប់​ហាត់ប្រាណ​ភ្លាម រួចហើយ​អង្គុយ​សម្រាក ឬ​គេង​សម្រាក​រហូត​ទាល់តែ​បាត់​ហត់  មិនគួរ​ហាត់ប្រាណ​បន្ត​ទៀតឡើយ និង​ត្រូវ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឬ​សម្រាក​ឈប់​ហាត់ប្រាណ​រហូត​ទាល់តែ​សភាព​រាងកាយ​រឹងប៉ឹង​ដូច​ប្រក្រតី​ឡើងវិញ៕

  • តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    តើ​ស្បែក​របស់​អ្នក​បែបណា​ដែរ និង​គួរ​មើលថែទាំ​យ៉ាងណា​ទៅ?

    រឿង​សាច់​ស្អាត ស្បែក​រាប​ភ្លឺរលោង សម្រាប់នារីៗយើង គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​បើសិន​ស្បែក​ស្អាត មាន​សុខ​ភាពល្អ ពិតជា​មាន​ផល​ល្អ​ដល់​រូបអ្នក​វិញ​មិន​ខាន ដូច្នេះ​តើ​ស្បែក​របស់​អ្នក​យ៉ាងណាដែរ? ព្រោះ​ស្បែក​របស់​មនុស្ស​យើង​មិន​ដូចគ្នា​ទេ អ្នកខ្លះ​ស្បែក​ស្ងួត អ្នកខ្លះ​មាន​ស្បែក​ធម្មតា ឬ​ជួនកាល​ស្បែក​របស់​អ្នក​ឡើង​ជាតិ​ប្រេង (ឡើង​ខ្លាញ់)ច្រើន ដូច្នេះ តើ​អ្នកមាន​ដឹង​ពី​វិធី​ការមើល​ថែទាំ​ស្បែក​របស់​អ្នក​ដែរឬទេ? ថ្ងៃនេះ យើង​មានចំណេះដឹងល្អៗពាក់ព័ន្ធ​នឹង​ប្រភេទ​ស្បែក​របស់នារីៗយើង​មក​ជម្រាបជូន​ប្រី​យ​មិត្ត​អ្នកអាន​ដូចតទៅ ៖

    ឥលូវ យើង​នាំគ្នា​មក​សាកល្បង​ពិនិត្យមើល​ស្បែក​របស់​យើង​ថា តើ​ស្បែក​របស់​យើង ជា​ស្បែក​ប្រភេទ​បែបណា ។

    លាងមុខ​ឱ្យ​ស្អាត រួច​ទុកចោល​ប្រមាណ​ជា 2 – 3 ម៉ោង បើ​ធ្វើការ​សាកល្បង​មើល​ក្រោយពេល​លាងមុខ​ហើយភ្លាមៗនោះ អាចធ្វើឱ្យ​លទ្ធផល​ចេញមក​មិនសូវ​ប្រាកដ​ច្បាស់ ព្រោះ​សូម្បីតែ អ្នក​ដែលមាន​ផ្ទៃមុខ​ឡើងជា​តិ​ខ្លាញ់​ខ្លាំង​បំផុត នៅ​អាច​មើលទៅ​ឃើញ​ឡើង​ស្ងួត​បាន​បន្ទាប់ពី​លាង​សម្អាត​មុខ​ហើយថ្មីៗ ដូច្នេះ​ទើប​គួរ​ទុក​ចន្លោះពេល​ចោល​មួយរយៈ​ដើម្បី​រង់ចាំ​មើល​ការធ្វើការងារ​របស់​ក្រពេញ​ជាតិ​ខ្លាញ់ ដោយ​ការយក​ក្រដាសអនាម័យទន់ៗ ស្តើងៗ មក​បិទ​ពីលើ​មុខ បើ​ក្រដាស់​នោះ​ជាប់​នៅលើ​មុខ បញ្ជាក់ថា អ្នកមាន​ស្បែ​កមុខ​ប្រភេទ​ឡើង​ប្រេង បើ​ក្រដាស​មិន​ស្អឹ​ត​ជាប់​នៅលើ​មុខ​សោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ស្ងួត បើ​ក្រដាស​ស្អឹ​ត​ជាប់​នៅលើ​ផ្ទៃមុខ​មួយផ្នែក ជាពិសេស​កន្លែង T zone(ក្តោងច្រមុះ និង​ថ្ងាស់)នោះ បញ្ជាក់ថា អ្នកមាន​ស្បែក​ប្រក្រតី។

    ស្បែក​ស្ងួត៖ ជា​ស្បែក​ដែល​មិនអាច​រក្សា​សំណើម​បាន ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​គ្មាន​ភាព​ស្រស់បស់ និង​មានឱកាស​ឆាប់​កើតស្លាកស្នាម​ជ្រីវជ្រួញ​បាន​ងាយ​ជាង​ស្បែក​ប្រភេទផ្សេងៗទៀតផង។ លក្ខណៈ​ផ្ទៃមុខ​របស់​អ្នក​ដែលមាន​ស្បែក​ស្ងួត គឺ​នៅ​ម្តុំ​ថ្ពាល់​ផ្នែក​ខាងក្រោម​ដែល​ជាប់​នឹង​ធ្គា​ម ហើយ​និង​ស្បែក​ក្រោម​ភ្នែក នឹង​មើលទៅ​ឃើញ​រាង​ស្ងួត ជួនកាល​រាងរបកៗហុយ​ទៀតផង។

    ដំណាក់កាល​ការមើល​ថែទាំ៖ ចៀសវាង​ការប្រើ​ឡូ​ស្សឹ​ន​ជូត​ស្បែក ព្រោះ​នឹងធ្វើ​ឱ្យ​ស្បែក​កាន់តែ​ស្ងួត​ឡើង វិធី​ដែល​ល្អ គឺ​គួរប្រើ​ទឹកស្អាត​លុប​លាងមុខ​នៅពេល​ព្រឹក ចំណែក​ពេល​ល្ងាច ដែលជា​ពេល​ត្រូវ​លាង​គ្រឿងសម្អាង​ចេញពី​មុខ​នោះ គួរ​ជ្រើសរើស​ប្រើ​គ្រី​ម​លាង​សម្អាត​ផ្ទៃមុខ​ណា​ដែលមាន​ចំណែក​ផ្សំ​របស់ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ដែល​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​ថា ស្បែក​រាងរអិលៗបន្ទាប់ពី​លាង​សម្អាត​មុខ​ហើយ។ ចំណែកឯ​មុនពេល​គេង គួរ​បំប៉ន​ស្បែក​មុខ​ដោយ​គ្រី​ម​បំប៉ន​ដើម្បី​បន្ថែមសំណើម និង​ភាព​ស្រស់បស់​ដល់​ស្បែ​កមុខ។ សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ខ្លាំង រហូត​បែក​មាន​ស្នាម ចូរ​បន្ថែម ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍​នៅពេល​ព្រឹក និង​ពេល​ថ្ងៃតែ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ក៏មាន​ចំណុច​ល្អ​ដែរ គឺ​រន្ធ​រោម​ច្រើនតែ​បិទ​ជិត មើលទៅ​ឃើញ​ផ្ទៃមុខ​រាប​រលោង និង​មិនសូវមាន​បញ្ហារឿង​ផ្ទៃមុខ​ឡើង​ខ្លាញ់​រលើប ដែលជា​មូលហេតុ​ធ្វើឱ្យ​តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ស្បែក​ឡើង​ប្រេង (ស្បែក​មុខ​ឡើង​ខ្លាញ់)៖ ស្បែក​ប្រភេទ​នេះ នឹងមាន​ភាព​ខ្លាញ់​រលើបរលោង​ពាសពេញ​ផ្ទៃមុខ និង​ឡើង​ច្រើន​ជាពិសេស​នៅ​កន្លែង T zone ឬ​ម្តុំ​ថ្ងាស់ ធ្គា​ម និង​ច្រមុះ។ អ្នក​ដែលមាន​ស្បែក​ឡើង​ខ្លាញ់ មើលទៅ​ហាក់ដូចជា​មិន​ងាយ​កើតស្លាកស្នាម​ដូច​អ្នក​ដែលមាន​ស្បែក​ស្ងួត​ទេ តែ​ក៏​ពិបាក​នឹង​លាង​សម្អាត​ដែរ និង​ដោយសារតែ​ក្រពេញ​ជាតិ​ប្រេង​ធ្វើការ​ខ្លាំង​ជាង​ប្រក្រតីនោះ ទើប​ធ្វើឱ្យ​រន្ធ​រោម​រីក​ធំ មើលទៅ​ឃើញ​ស្បែក​មុខ​រាង​គ្រើម​ជាង​អ្នក​ដែលមាន​ស្បែក​ស្ងួត។ បញ្ហា​មួយទៀត​របស់​អ្នក​ដែលមាន​ស្បែក​មុខ​ឡើង​ប្រេង គឺ​នៅពេល​ជាតិ​ប្រេង​ចេញមក​ស្រោប​លើ​ផ្ទៃមុខ​ច្រើន​នោះ នឹង​ធ្វើឱ្យ​ផ្ទៃមុខ​មើលទៅ​រលើប​រងើម ជោរ​ប្រេង ផ្ទៃមុខ​មិន​ស្រស់ថ្លា តុបតែង​មុខ​មិនសូវ​ជាប់​បានយូរ។

    ដំណាក់កាល​ការមើល​ថែទាំ៖ ជ្រើសរើស​ប្រើ​សាប៊ូ​ប្រភេទខ្សោយៗ ឬ​ជេ​ល​លាងមុខថ្លាៗ និង​មិនចាំបាច់​លាងមុខ​ញឹកញាប់​នោះទេ  បើ​មាន​អារម្មណ៍​ថា ផ្ទៃមុខ​ឡើង​ប្រេង​ខ្លាំង ចូរ​ប្រើ​ក្រដាសអនាម័យ ជូត​រាង​ប្តិតៗជាតិ​ប្រេង​នោះ​ចេញ នឹង​ជួយ​ឱ្យ​ស្បែ​កមុខស្រស់​ឡើងវិញ​បាន ចំណែក​គ្រឿងសម្អាង គួរ​ជ្រើសរើស​ប្រើ​ប្រភេទ Oil – Free ដើម្បី​កុំឱ្យ​ផ្ទៃមុខ​ឡើង​រងើម។

    ស្បែក​ធម្មតា៖ ការពិតទៅ មនុស្ស​ភាគច្រើន ច្រើន​មាន​ស្បែក​ក្នុង​លក្ខណៈ​នេះ គឺមាន​ជាតិ​ប្រេង​ស្រោប​លើ​ស្បែក​បែបស្តើងៗនៅ​ម្តុំ T zone គឺ​ថ្ងាស់ និង​ច្រមុះ នឹងមាន​ភាព​រលើប​ខ្លាំង​ជាង​ផ្នែក​ខាង​ថ្ពាល់​បន្តិច ខណៈដែល​ស្បែ​កនៅ​ម្តុំ​កែវភ្នែក និង​ថ្ពាល់​ចុះ​មកដល់​បំពង់ក​មើលទៅ​ឃើញ​រាង​ស្ងួត​ជាង​ម្តុំ T zone។

    ដំណាក់កាល​ការមើល​ថែទាំ៖ គួរ​លាង​សម្អាត​ផ្ទៃមុខ​ដោយ​សាប៊ូ​ប្រភេទខ្សោយៗ និង​មិន​គួរប្រើ​ឡូ​ស្សឹ​ន​ដែលមាន​ចំណែក​ផ្សំ​របស់​អាល់កុល​ឡើយ  ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​ដែលមាន​ស្បែក​ស្ងួត ចំណែក​ការប្រើ ម៉​យ​ស៏​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ចូរ​លាប​តែ​លើ​ថ្ពាល់ និង​ស្បែក​ជុំវិញ​កែវភ្នែក ដើម្បី​ការពារ​ការកើត​ស្លាកស្នាម​បាន​ហើយ។

    វិធី​មើលថែទាំ​ស្បែក​ប្រភេទនីមួយៗមិន​ដូចគ្នា​ទេ តែ​យ៉ាងណាក៏ដោយ នារីៗយើង​គួរ​សាកល្បង​ជ្រើសរើស​វិធី​ការមើល​ថែទាំ​ស្បែក​ណាមួយ​ដែល​ស័ក្តិសម​នឹង​ខ្លួនឯង​ឱ្យបាន​ច្រើន​បំផុត ដើម្បី​ស្បែក​ដ៏​ស្អាត​ស្រស់ថ្លា​របស់​អ្នក​ហ្នឹងឯង៕