Category: សុខភាព

  • 15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

    15នាទី​សំខាន់ ជួយ​មនុស្ស​គាំងបេះដូង

    មាន​ជា​ច្រើនដង​ណាស់​ដែល​យើង​តែង​បានឮ​ពី​ព័ត៌មាន​មនុស្ស​ដែល​ស្ថិតក្នុង​វ័យ​កំលោះ​ក្រមុំ​ត្រូវស្លាប់​បាត់បង់​ជីវិត​មុន​វ័យ​ដោយ​អាការ​គាំងបេះដូង ដែល​កាលពី​ពេលមុន​យើង​ធ្លាប់តែ​នាំគ្នាជឿថា អាការ​នេះ​កើត​នៅលើ​តែ​មនុស្ស​ដែលមាន​អាយុ​ច្រើន​ប៉ុណ្ណោះ តែ​ក្នុងពេល​បច្ចុប្បន្ន ស្ថានភាព​សង្គម​ដែល​ផ្លាស់ប្ដូរ វិធី​ការហូបចុក ការ​សម្រាក​របស់​មនុស្ស​ទីក្រុង​បាន​ផ្លាស់ប្ដូរ​ខុសពី​អតីតកាល​យ៉ាង​ស្រឡះ។

    ខណៈដែល​មនុស្ស​ជាច្រើនលើក​បន្ទុក​ក្នុងការ​ព្យាបាល​ទៅឱ្យ​គ្រូពេទ្យ​ទាំង​ក្នុង​ការពិត​វិញ​នោះ គ្រូពេទ្យ និង​បុគ្គលិក​ខាង​វេជ្ជសាស្ត្រ​គឺជា​ចុង​ផ្លូវ​នៃ​ការរក្សា​ជីវិត ព្រោះ​ដើមផ្លូវ​នៃ​ការរក្សាជីវិត​ឱ្យ​រស់​នៅបាន​យ៉ាង​ល្អ​តាម​អាយុ​ខ័យ​នោះ​ត្រូវ​ចាប់ផ្ដើម​ពី​យើង​ខ្លួនឯង ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់ រៀន​យល់ដឹង និង​ការពារ រួមទាំង​ការជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះដូងឬ​អាការ​គាំងបេះដូង​ទាន់ហន់​នៅក្នុង​បន្ទាត់​ខាងក្រោម​នេះ។

    អាការ​គាំងបេះដូង

    គាំងបេះដូង” មានន័យ​ពី​សរសៃឈាម​បេះដូង​ត្រូវ​ស្ទះ​ទាំងអស់ បន្ទាប់ពីនោះ​សាច់ដុំ​បេះដូង​នឹង​ចាប់ផ្ដើម​ឈប់​ធ្វើការ អាការ​អាច​នឹង​យូរ​ជាង15នាទី និង​មិន​ធូរស្រាល​ដោយសារ​កោសិកា​សាច់ដុំ​បេះដូង​ដែល​ខ្វះ​ឈាម​មក​ចិញ្ចឹម​នោះ​នឹង​ចាប់ផ្ដើម​ស្លាប់​ក្នុង​រយៈពេល​មិន​ប៉ុន្មាន​នាទី​ក្នុង​ម៉ោង​ដំបូង​ដែល​កើត​អា​ការឈឺ​ចុក​ក្នុង​បេះដូង។ អា​ការដែល​បង្ហាញឱ្យឃើញ​គឺ ឈឺ​ចុក​ដើមទ្រូង រាល​មក​បំពង់ក ដៃ និង​ធ្គា​ម​នឹងមាន​ញើស​ចេញមក​ច្រើន​រហូត​មាន​អារម្មណ៍​ថា​រងា​មួយ​កំណាត់​ខ្លួន​ខាងលើ អាចមាន​អាការ​វិលមុខ ដកដង្ហើម​មិន​ពេញ​រួមជាមួយ​ទៀតផង។

    វិធី​ជួយសង្គ្រោះ​នៅពេល​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង

    ការជួយ​ជីវិត​បែប​ដែល​ហៅថា CARDIO PULMONARY RESUSCITATION (CPR) មានន័យថា ការជំរុញ​បេះដូង ឬ​ផ្លុំ​ខ្យល់​បញ្ចូល​សួត​ដើម្បីឱ្យ​ជនរងគ្រោះ​មានជីវិត​ឡើងវិញ។ អា​ចរាប់ថា ជាការ​សង្គ្រោះ​ជីវិត​ដែល​សំខាន់​ណាស់ ជាពិសេស​ក្នុងអំឡុងពេល 15នាទី​ដំបូង​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែលមាន​អាការ​គាំងបេះដូង អ្នកមាន​ឱកាស​ជួយ​ឱ្យគេ​រស់​ឡើងវិញ​បាន។

    ចាប់ផ្ដើម​ដំបូង ត្រូវ​ព្យាយាម​ប្រាប់​ឱ្យ​មនុស្ស​ដែល​មក​ចោមរោម​មើល​ជនរងគ្រោះ​ចេញ​ឱ្យ​ឆ្ងាយ​សិន បន្ទាប់មក​ពិនិត្យ​មើលថា ជនរងគ្រោះ​នៅ​ដកដង្ហើម​ដែរឬទេ? ចូរ​ដោះ​ខ្សែក្រវាត់ និងឡេវអាវ​ដើម្បីឱ្យ​ជនរងគ្រោះ​បាត់​ភាព​ថប់​តានតឹង​ឱ្យបាន​ច្រើន​បំផុត បន្ទាប់ពីនោះ​ធ្វើការ​ម៉ាស្សា​បេះដូង ដោយ​ប្រើ​បាតដៃ​ដាក់​ពីលើ​គ្នា​សង្កត់​ទៅលើ​ឆ្អឹង​សន្ទះ​ទ្រូង ខាងលើ​ចុងដង្ហើម​បន្តិចសង្កត់​ហើយ​លែង​ជា​ចង្វាក់​មិនតិចជាង100ដង​ក្នុង​មួយ​នាទី ដើម្បី​ជាការ​ធ្វើ​ម៉ាស្សា​បេះដូង​ឱ្យធ្វើ​ការឡើង​វិញ និង​ត្រូវ​ប្រញាប់​ហៅ​ឡានពេទ្យភ្លាមៗនៅពេល​ឃើញ​មនុស្ស​កើត​អាការ​គាំងបេះដូង។

    បើ​មាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង និង​នៅតែ​ម្នាក់ឯង គួរ​ធ្វើយ៉ាងណា?

    បើ​លោក​អ្នកជា​មនុស្ស​ដែលមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គាំងបេះដូង​ទាន់ហន់ ដែល​មានន័យថា អ្នកមាន​អាការ​របស់​ជំងឺ​ទឹកនោមផ្អែម លើសឈាម ធាត់​ជ្រុល ឬ​ធ្លាប់មាន​អាការនេះ​ពីមុនមក​នោះ ការរៀន​យល់ដឹង​ក្នុងការ​ដោះខ្លួន​ឱ្យ​រស់​ពេលដែល​នៅតែ​ម្នាក់ឯង​នោះ​គឺជា​រឿង​សំខាន់។ ការណែនាំ​ដំបូង បើសិន​មាន​អារម្មណ៍​ថា ចុក​ណែន​ដើមទ្រូង និង​មាន​អាការស្រដៀង​នឹង​បេះដូង​ចង់​គាំង​នោះ ចូរ​ចាប់ផ្ដើម​ក្អក​បែប​ដែល​ហៅថា Cough CPR ភ្លាម ដោយ​ដក​ដង្ហើមចូល​ឱ្យ​វែង​គ្រប់​ពេលមុន​ការ​ក្អក និង​ក្អក​ឱ្យ​ដូច​មាន​ស្លេស្ម៍​ក្នុង​បំពង់ក។

    ការដកដង្ហើម​ចូលវែងៗ និង​ការ​ក្អក​ត្រូវ​ធ្វើជា​បន្តបន្ទាប់​រៀងរាល់2វិនាទី និង​ក្អកជារឿយៗអាចជួយ​សម្រាល​អាការ​ធ្ងន់ធ្ងរ​បាន និង​ធ្វើ​បែប​ហ្នឹង​រហូត​ទាល់​តែមាន​អ្នក​មកជួយ ឬក៏​បេះដូងដំណើរការ​ជា​ប្រក្រតី​ឡើងវិញ ហើយ​ក្រោយពី​នោះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ។

    បើ​មាន​ថ្នាំ អាស្ពីរីន នៅក្នុង​ផ្ទះ នៅពេល​ចាប់ផ្ដើម​មាន​អាការ​មិន​ស្រួល ការ​លេបថ្នាំ​អាស្ពីរីន​អាចជួយ​ឱ្យ​ចរន្តឈាម​រត់​ហូរ​វិល​បានល្អ មិន​ផ្ដុំគ្នា​ជា​ដុំ តែ​ទាំងអស់នេះ វា​ត្រឹមតែ​ជាការ​ណែនាំក្នុងករណី​ដែល​លោកអ្នក​នៅតែ​ម្នាក់ឯង​ប៉ុណ្ណោះ​ឯ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​ព្យាយាម​កុំឱ្យ​ខ្លួនឯង​ស្ថិតក្នុង​សភាវ​ប្រថុយប្រថាន​អី​ប្រសើរ​ជាង៕

  • តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    តើ​ត្រូវ​ទទួលទាន​យ៉ាងណា​ឱ្យ “ថ្លើម” រឹងប៉ឹង?

    មិត្ត​អ្នកអាន​ដឹង​ឬទេ​ថា “ថ្លើម” គឺជា​អវយវៈ​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវបាន​បំផ្លាញ​ខ្លាំង​បំផុត។ តាមរយៈ​ការរស់នៅ​ដែល​មិនសូវ​ជា​សមរម្យ​របស់​មនុស្ស​យើង ទើប​ធ្វើឱ្យ​អត្រា​ផ្នែក​នៃ​ការកើត​ជំងឺដែល​ពាក់ព័ន្ធ​នឹង​ថ្លើម​កើនឡើង​ខ្ពស់ជារឿយៗ ទាំង​ជំងឺ​ក្រិន​ថ្លើម ខ្លាញ់​រុំ​ថ្លើម មហារីក​ថ្លើម ជាពិសេស​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​តែង​ជួបប្រទះ​នៅលើ​ប្រជាជន​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​កាន់តែ​ច្រើនឡើងជារឿយៗរៀងរាល់ឆ្នាំ។ មូលហេតុ​មួយ គឺ​បណ្ដាលមកពី​កា​ទទួលទាន​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ដែល​អាចធ្វើឱ្យ​កើតការ​រលាក ហើយ​អាច​នាំ​ឆ្ពោះទៅរក​ជំងឺ​ក្រិន​ថ្លើម ឬ​ថ្លើម​ធ្វើ​ការខុស​ប្រក្រតី ដែល​បើ​មិន​ប្រញាប់​ចូលទៅ​ទទួល​ការព្យាបាល​ទេនោះ អាចមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​បាន។

    អាហារ​បំផ្លាញ​ថ្លើម ដែល​គួរ​ចៀសវាង

    ចម្បងៗមុនគេ​គឺ អាល់កុល អាហារ​ជ្រក់​ត្រាំ​ដែល​នឹងមាន​សារធាតុ​ក្នុង​ក្រុម​ណៃ​ត្រេ​ត និងផ្សេងៗទៀត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម រួមទាំង​អាហារ​ស្ទើរ​ឆៅ ស្ទើរ​ឆ្អិន ដូចជា ប្រហុក និង​សាច់​ត្រី​ឆៅ​ជាដើម ដែល​សុទ្ធតែជា​មូលហេតុ​របស់​ជំងឺ​សត្វល្អិត​នៅក្នុង​ថ្លើម ដែល​អាច​នាំ​ឆ្ពោះទៅរក​ការ​កើតរោគ​មហារីក​ថ្លើម និង​រលាក​ថ្លើម​បាន​ដូចគ្នា​ទាំងអស់។

    ក្រៅពីនេះ​នៅមាន​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់  អាហារ​ដែលមាន​ខ្លាញ់​ច្រើន និង​អាហារ​ចៀន​បំពង ដែល​នឹង​ធ្វើឱ្យ​កើតការ​ប្រមូល​សន្សំ​រប​ស់​ជាតិ​ខ្លាញ់ រួមទាំង​អាហារ​ដែលមាន​ការ​ប្រឡាក់ប្រឡូស​មេរោគ​ផ្សិត ដូចជា Aflatoxin ជា​មេរោគ​ផ្សិត​នៅក្នុង​សណ្ដែក​ដែល​នឹងធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម​បាន។

    អាហារ​បំប៉ន​ថ្លើម ដែល​អ្នក​គួរ​ទទួលទាន

    អាហារ​ដែល​អ្នក​គួរ​ទទួលទាន​គឺ អង្ករសំរូប ព្រោះ​នៅក្នុង​អង្ករសំរូប​នឹងមាន​សារធាតុ​អាហារ​ច្រើនជាង​អង្ក​រស​ធម្មតា ជាពិសេស​កាក​សរសៃអាហារ អាស៊ីត​ហ្វូ​លិ​ក វីតាមីនផ្សេងៗ ដូចជា Gamma, Orissanol (សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​គ្រាប់​ធញ្ញជាតិ) វីតាមីន E រួមទាំង​សារធាតុ Gaba ដែល​សុទ្ធ​ជា​សារធាតុ​ដែលមានប្រយោជន៍​ដល់​រាងកាយ​ទាំងអស់។

    ក្រៅពីនេះ​ថែមទាំង​គួរ​ទទួលទាន​រុក្ខជាតិ​បន្លែ​ផ្លែឈើ ដូចជា ស្ពៃក្ដោប មើម​ការ៉ុត ផ្លែ​ឪឡឹក ទំពាំង​បារាំង-ល- ព្រោះ​បន្លែ និង​ផ្លែឈើ​នឹងមាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ខ្ពស់ ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​អាច​បណ្ដាលមកពី​បំផ្លាញ​របស់​អនុ​មូល​ឥស្សរៈ ហើយ​នៅមាន​កាក​សរសៃ​អាហារ​ច្រើន​ដែល​ជួយ​កាត់បន្ថយ​ការកើត​ជាតិពុល​ចំពោះ​ថ្លើម​បាន។

    ទទួលទាន​ថ្លើម​សត្វ ជួយ​បំប៉ន​ថ្លើម​មនុស្ស​ឬ?

    ថ្លើម​ជា​ប្រភព​ប្រមូល​សន្សំ​របស់​វីតាមីន A និង​មាន​សារធាតុ​ដែក​ទៀតផង។ សារធាតុ​ទាំងនេះ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​ស្រាប់​ទៅហើយ តែ​ថ្លើម​ក៏មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ដែរ ដូច្នេះ​ការទទួល​ទាន​ថ្លើម​សត្វ​ដើម្បី​សង្ឃឹម​លទ្ធផល​ក្នុងការ​បំប៉ន​ថ្លើម​មនុស្ស​យើង​ជាប់​ជាប្រចាំ​នោះ អាចមាន​ផល​មិនល្អ​ក្នុង​រឿង​ជាតិ​ខ្លាញ់​ដែល​នឹង​វិល​ចូលមកក្នុង​រាងកាយ ឬ​ចូលទៅ​រុំ​ថ្លើម​វិញ ដូច្នេះត្រូវ​ទទួលទាន​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត។

    ទទួលទាន​ភេសជ្ជៈផ្អែមៗ អាចជួយ​ព្យាបាល​ថ្លើម​ឬ?

    អ្នក​ដែល​កើតរោគ​ថ្លើម មានន័យថា ការធ្វើការងារ​របស់​ថ្លើម​នឹង​ខុស​ប្រក្រតី ធ្វើឱ្យ​ថ្លើម​មិនអាច​ប្រមូល​រក្សា​ជាតិ​គ្លុយ​ខូ​ស (ជាតិ​ស្ករ)ទុក​និង​នាំយកទៅ​រំលាយ​ឱ្យ​ក្លាយជា​កម្លាំង​ថាមពលបានទេ ទើប​ធ្វើឱ្យ​អ្នកមាន​ជំងឺថ្លើម​អាច​កើត​អាការ​ទន់​ល្វើយ​គ្មាន​កម្លាំង និង​ចង់តែ​ទទួលទាន​អាហារផ្អែមៗ ដូច្នេះ​នៅពេល​ទទួលទាន​អាហារផ្អែមៗចូលទៅ ក៏​នឹងមាន​អារម្មណ៍​ថា​ធូរស្រាលឡើង តែ​គ្រាន់តែ​ជា​អា​ការល្អ​ប្រសើរឡើង​បណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនមែនជា​ការព្យាបាល​ដែល​ត្រឹមត្រូវ​នោះទេ។ ក្រៅពីនេះ​ការទទួល​ទាន​ភេសជ្ជៈផ្អែមៗជាប្រចាំ អាចធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​តាម​ក្រោយ ឬ​ជំងឺផ្សេងៗជាច្រើន​ទៀតផង៕

  • ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    ត្រី ប្លាធូ រឹតតែ​ទទួលទាន រឹតតែ​ជួយ​កាត់បន្ថយ​ការកើត​រោគ​បេះដូង

    សម្រាប់​អ្នក​និយម​ទទួលទាន​អាហារ​បែប​ខ្មែរ​យើង ប្រហែលជា​ធ្លាប់​សាកល្បង​ភ្លក្ស​រសជាតិ “ទឹកគ្រឿង​ត្រី​ប្លាធូ” “ស្ងោ​ជ្រក់ត្រី​ប្លាធូ​ស្រស់” ឬ​សូម្បីតែ​ត្រី​ប្លាធូ​ចៀនធម្មតាៗជាមួយ​បាយក្ដៅៗហើយ​មើលទៅ។ ទាំងអស់នោះ​សុទ្ធតែជា​ម៉ឺ​នុយ​ដែលនាំឱ្យ​ស្រស់ទឹក​មាត់​គ្រប់​ពេលដែល​នឹកឃើញ ហើយ​ប្រាកដ​ណាស់ សម្រាប់​ត្រី​ប្លាធូ​ដែល ឡា​រ៉ែ​ន នឹង​លើក​យកមក​ជម្រាបជូន​នៅថ្ងៃនេះ មិនមែន​មានគុណ​សម្បត្តិ​ត្រឹមតែ​ភាព​ឈ្ងុយឆ្ងាញ់​តែ​ម្យ៉ាង​នោះទេ តែ​ត្រី​ប្លាធូ​នៅមាន​គុណសម្បត្តិ និង​ប្រយោជន៍ ព្រមទាំង​សម្បូរ​ទៅដោយ​គុណ-តម្លៃ​ខាង​ភោជនាហារ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​ដឹង។

    ប្រយោជន៍ និង​គុណ​តម្លៃ​ខាង​អាហារ​អំពី​ត្រី​ប្លាធូ​ប្លាធូ

    ជា​ត្រី​ដែលមាន​គុណប្រយោជន៍ និង​សារធាតុ​អាហារ​ដែល​គ្រប់គ្រាន់​ចំពោះ​រាងកាយ​ដោយ​យើង​សឹងតែ​មិនចាំបាច់​ទទួលទាន​អាហារបំប៉ន​ទៀតផង ព្រោះ​ការទទួល​ទាន​ត្រី​ប្លាធូ​តែមួយ​ក្បាល​នឹង​ទទួលបាន​សារធាតុ​អាហារ​យ៉ាងច្រើន​ដូចខាងក្រោម​នេះ ៖

    1. ត្រី​ប្លាធូ សម្បូរ​ដោយ EPA និង DHA ដែលជា​អាស៊ីត​ខ្លាញ់​មិន​បង្កក​ខ្លួន ដោយ​សារធាតុ​ទាំងពីរ​ប្រភេទ​នេះ​នឹង​បំពេញ​តួនាទី​កាត់បន្ថយ​ការ​ផ្ដុំ​ខ្លួន​របស់​គ្រាប់​ឈាម​ដែល​ខុស​ប្រក្រតី ទើប​នៅលើ​អ្នកខ្លះ​ធ្វើឱ្យ​កើត​សភាវ​រឹង​សរសៃឈាម ឬ​ប្រទះឃើញ​ការ​រលាក​ជាដើម។ ក្រៅពីនោះ ទាំង EPA និង DHA នេះ​នៅមាន​ចំណែក​ជួយ​ក្នុងការ​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​ប្រភេទ​ដែល​ធ្វើឱ្យ​កើត​កំណក​ឈាម ឬ​សរសៃឈាម​ណែន​ស្ទះ​ទៀតផង។
    2. ត្រី​ប្លាធូ​មាន​ប្រយោជន៍​ព្រោះ​មាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ដោយ​ក្នុង​ត្រី​ប្លាធូ 1ក្បាល​នឹង​ផ្ដល់​ប្រូ​តេ​អី​ុ​ន​ខ្ពស់​ដល់​ទៅ20ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បាន​ពី​ត្រី​ប្លាធូ​គឺជា​ប្រូ​តេ​អី​ុ​ន​ដែល​ងាយ​រំលាយ និង​រាងកាយ​អាច​នាំយក​ទៅប្រើ​ជា​ប្រយោជន៍​បានភ្លាមៗតែម្ដង។
    3. គុណសម្បត្តិ​របស់​ត្រី​ប្លាធូ​គឺមាន​កាល់ស្យូម និង​ផូស្វ័រ ដោយ​បរិមាណ​កាល់ស្យូម​ក្នុង​ត្រី​ប្លាធូ​មាន​ច្រើន​ដល់​ទៅ 170មី​លី​ក្រាម​ក្នុង​ត្រី​ប្លាធូ​ស្រស់100ក្រាម ក្រៅពីនេះ​នៅ​សម្បូរ​ទៅដោយ​ផូស្វ័រ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដោយសារ​ធាតុ​អាហារ​ទាំងនេះ​នឹងមាន​ចំណែក​ជួយ​ក្នុង​ការបង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង និង​ធ្មេញ​បាន​យ៉ាង​ល្អ ជាពិសេស​នៅលើ​កុមារ និង​មនុស្ស​ចាស់។
    4. ត្រី​ប្លាធូ​សម្បូរ​ទៅដោយ​អូ​មេ​ហ្កា3 និង6 ដែលមាន​ចំណែក​ជួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល ហើយ​ថែមទាំង​ជា​ចំណែក​ប្រកប​របស់​សាច់​ភ្នាស​កោសិកា ជួយ​បញ្ចុះ​កូ​លេ​ស្តេ​រ៉ូ​ល បន្ថយ​ភាព​ប្រថុយ​ទាំង​ជំងឺ​បេះដូង និង​សរសៃឈាម។ ក្រៅពីនេះ​អូ​មេ​ហ្កា3 និង6 នៅក្នុង​ត្រី​ប្លាធូ​ថែមទាំង​ជា​គ្រោង​សាង​ដ៏​សំខាន់​របស់​សាច់​ភ្នាស​បរិវេណ​ផ្ទាំង​ប្រសាទ​កែវភ្នែក ឬ Retina ដែល​ជួយ​ក្នុងការ​មើលឃើញ​ទៀតផង។

    ទទួលទាន​ត្រី​ប្លាធូ​រាល់ថ្ងៃ ល្អ​ចំពោះ​រាងកាយ​ឬទេ?

    ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ត្រី​ប្រភេទនីមួយៗមាន​កម្រិត​ជាតិ​ខ្លាញ់​មិន​ស្មើគ្នា​ទេ បើ​ទទួលទាន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​រៀងរាល់ថ្ងៃ ច្បាស់​ជា​ហុច​ផល​អាក្រក់ ច្រើនជាង​ផល​ល្អ ដូច្នេះ​បើសិន​ចង់​បរិភោគ​ត្រី​ឱ្យ​ទទួលបាន​ប្រយោជន៍ គួរ​ជ្រើសរើស​ប្រភេទ​របស់​ត្រី​ឱ្យ​ស័ក្តិសម​ជាមួយ​រាងកាយ និង​តម្រូវការ​ក្នុង​វ័យនីមួយ។ ក្នុង​ផ្នែក​របស់​ត្រី​ប្លាធូ​វិញ យើង​នឹង​បាន​ឃើញថា ជា​ត្រី​ដែលមាន​បរិមាណ​ជាតិ​ខ្លាញ់​មិន​ខ្ពស់​ខ្លាំង​ទេ ទើប​អាច​ទទួលទាន​រាល់ថ្ងៃ​បានតែ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យបាន​ភោជនាហារ​ដែល​សម្បូរបែប ទើប​គួរ​ទទួលទាន​ត្រី​ប្រភេទផ្សេងៗ រួមទាំង​សាច់សត្វ​ប្រភេទផ្សេងៗរួមជាមួយ​ផង។

    ទទួលទាន​ត្រី​ច្រើន​ប៉ុនណា ទើប​ហៅថា​ល្អ?

    ជឿថា ហេតុផល​ក្នុងការ​ទទួលទាន​ត្រី​របស់​មនុស្ស​ជាច្រើន គឺ​មកពី​ត្រូវការ “ប្រូ​តេ​អី​ុ​ន”  ដែលមាន​នៅក្នុង​សាច់​ត្រី​ស្ទើរតែ​គ្រប់​ប្រភេទ។ ជាធម្មតា មនុស្ស​យើង​មាន​តម្រូវការ​ប្រូ​តេ​អី​ុ​នខុសៗពីគ្នា​ក្នុងអំឡុង​វ័យ​ដូចតទៅ​នេះ ៖

    *ក្មេង​តូច-ក្មេង​ធំ នឹងត្រូវ​ការ​ប្រូ​តេ​អី​ុ​ន​ពី 1-1.1ក្រាម ក្នុង​ទម្ងន់​ខ្លួន 1គីឡូក្រាម។
    *មនុស្ស​ធំ ត្រូវការ​ប្រមាណ 0.8ក្រាម
    *ស្ត្រី​មានគភ៌ ត្រូវការ​ដល់​ទៅ 1.3ក្រាម

    ឧទាហរណ៍​ដូចជា បើ​អ្នក​បរិភោគ​មាន​ទម្ងន់​ខ្លួន 60គីឡូក្រាម រាងកាយ​នឹងត្រូវ​ទទួល​ប្រូ​តេ​អី​ុ​ន​ដល់​ទៅ60ក្រាម​ឯណោះ ហើយ​ប្រូ​តេ​អី​ុ​ន​ដែល​បានមកពី​សាច់​ត្រី​ឆ្អិន​មាន​ប្រហែលជា 15-30ក្រាម​ក្នុង​ទម្ងន់​ត្រី 100ក្រាម ដូច្នេះ​បើ​ត្រូវការ​ប្រូ​តេ​អី​ុ​ន​ពី​ត្រី​តែ​ម្យ៉ាង​នោះ ត្រូវ​ទទួលទាន​ត្រី​យ៉ាងតិច3-4ក្បាល​ឯណោះ។ ដូច្នេះ អ្នក​ទទួលទាន​គួរតែ​ទទួលទាន​អាហារ​ប្រភេទ​ផ្សេងទៀត​រួមជាមួយ​ផង ដើម្បី​បន្ថែម​ប្រូ​តេ​អី​ុ​ន មិនថាតែ ស៊ុត ទឹកដោះ សណ្ដែក សាច់មាន់ ឬ​សូម្បីតែ​សាច់ជ្រូក​ដែល​មិន​ជាប់​ខ្លាញ់ ឬ​បើ​អ្នកណា​ចង់​ទទួលទាន​តែ​ត្រី​ម្យ៉ាង ហើយ​បាន​ប្រូ​តេ​អី​ុ​ន​ខ្ពស់​នោះ គួរតែ​ជ្រើសរើស​ប្រភេទ​ត្រី និង​វិធី​ចម្អិន​ឱ្យ​ល្អ ដូចជា គួរ​ជ្រើសរើស​ទទួលទាន​ត្រី​ហាល​ស្ងួត ដូចជា ត្រីប្រឡាក់ ត្រីងៀត ឬ​ទទួលទាន​បែប​ចំហុយ ដែល​នឹង​ទទួលបាន​ប្រូ​តេ​អី​ុ​ន​ច្រើនជាង​ការ​ស្ងោ អាំង ឬ​ចៀន​ជាដើម។

    តាមរយៈ​ព័ត៌មាន​ដែល​យើង​បាន​នាំយកមក​ជូន​នៅថ្ងៃនេះ សង្ឃឹមថា នឹងធ្វើ​ឱ្យ​ការ​ទទួលទាន​ត្រី​ប្លាធូ​របស់លោក​អ្នក​កាន់តែ​ឆ្ងាញ់​ឡើង និង​ទទួលបាន​ប្រយោជន៍​ច្រើនឡើង បើ​មិនតិច​ក៏​ច្រើន​ដែរ។ ចុងក្រោយ​នេះ ឡា​រ៉ែ​ន ចង់ឱ្យ​មនុស្ស​ជាច្រើន​ដែល​មិនសូវ​ចូលចិត្ត​ទទួលទាន​ត្រី​ប្លាធូ​បែរមក​សាកល្បង​ភ្លក្ស​ឱ្យបាន​ម្ដង រួចហើយ​លោកអ្នក​នឹង​ដឹងថា គុណសម្បត្តិ និង​ប្រយោជន៍​របស់​ត្រី​ប្លាធូ គឺជា​កំពូល​អាហារ និង​ជា​របស់​ល្អ​ដែល​មិនគួរ​មើលរំលង​សូម្បីតែ​បន្តិច៕

  • «ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ» ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    «ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ» ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

    បច្ចុប្បន្ននេះ​ធាតុអាកាស​មិន​ទៀងទាត់ ខែ​ភ្លៀង​បែរជា​ក្ដៅ​ហួតហែង ខែប្រាំង​បែរជា​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ធ្វើឱ្យ​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​បំផុត។ សម្រាប់​អ្នកខ្លះ​នៅពេល​មាន​អារម្មណ៍​ថា ខ្លួន​ហាក់ដូចជា​រកកល​ចង់​ឈឺ​ហើយ​នោះ ក៏​ប្រញាប់​ស្ទុះ​ទៅរក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង ព្រោះតែ​ជឿថា “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” តើ​រឿងនេះ​មាន​ភាព​ពិតប្រាកដ និង​អាច​ធ្វើបាន​ដែរឬទេ? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា…។

    “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ជំនឿ​ក្នុង​រឿងនេះ “មិនមែនជា​រឿង​ពិត” នោះទេ ការ​លេបថ្នាំ​ព្យាបាល​ទុកជាមុន​ក្រោយពី​មាន​អារម្មណ៍​ថា ខ្លួន​រកកល​ឈឺ ឬ​ក្រោយពី​ទទឹកភ្លៀង ឬ​ត្រូវ​ថ្ងៃ​ខ្លាំង​រយៈពេល​យូរ​ដែល​ធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការកើត​ជំងឺ​គ្រុនផ្ដាសាយ ឬ​មិន​ស្រួលខ្លួន​នោះ មិនបាន​ជួយ​ការពារ​រោគា​ទាំងនោះ​មិនឱ្យ​កើត​បានទេ ព្រោះថ្នាំ​ទាំងនោះ​មិន​មែនមាន​ឫទ្ធិ​ក្នុងការ “ការពារ” ទេ តែមាន​ឫទ្ធិ​ក្នុងការ “ព្យាបាល” ទៅតាម​អាការរោគ ដូច្នេះ​គួរ​លេបថ្នាំ​ទាំងនោះ​នៅពេលណា​ដែលមាន​អាការ ឬ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ។

    ដូចជា​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​មែនមាន​ឫទ្ធិ​បំបាត់រោគ​ផ្ដាសាយ​ដោយ​ត្រង់​នោះទេ តែមាន​ឫទ្ធិ​សម្រាល​អាការ​ឈឺក្បាល ឈឺ​ចុកចាប់​តាម​រាងកាយ បញ្ចុះ​កម្ដៅ ចំណែក​ថ្នាំ​ព្យាបាល​រោគ​ផ្ដាសាយ​ជាបន្ទះៗវិញ​នោះ ក៏​ជា​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បូក​ជាមួយ​ថ្នាំ​បន្ថយ​ការ​ហៀរ​សំបោរ ឬ​ថ្នាំ​ព្យាបាល​ប្រតិកម្ម​ចាញ់ផ្សេងៗ ដែល​នឹង​បញ្ចេញ​ឫទ្ធិ​ដើម្បី​សម្រាល​អាការ​ឈឺក្បាល បញ្ចុះ​កម្ដៅ តឹង​ច្រមុះ និង​ហៀរ​សំបោរ​ហ្នឹងឯង។

    ដូច្នេះ​បើសិន​ញ៉ាំ​ថ្នាំ​ទាំងនោះ​ចូលទៅ​ដោយ​មិនមាន​អាការ​ទាំងនោះ ហើយ​ថែមទាំង​ទទួលទាន​បែប​ហ្នឹង​ញឹកញាប់​ទៀតផង​នោះ ច្បាស់​ជាមាន​គ្រោះថ្នាក់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដ ព្រោះ​ការ​ញ៉ាំ​ថ្នាំ​ផ្ដេសផ្ដាស់ ដោយ​មិនបាន​ញ៉ាំ​តាម​អា​ការដែល​កើតឡើង​ពិតប្រាកដ​នោះ មានន័យថា លោកអ្នក​កំពុង​បានទទួល​ថ្នាំ​លើស​កម្រិត​ហើយ ដែល​វា​នឹងមាន​ផលប៉ះពាល់​ទៅដល់​ថ្លើម​ដែល​ត្រូវតែ​ធ្វើការ​កាន់តែខ្លាំង​ឡើង និង​ប្រថុយ​នឹង​ការ​កើតរោគ​រលាក​ថ្លើម​នាពេល​អនាគត​ទៀតផង។

    តែ​បើសិនជា​លោកអ្នក​ប្រាប់ថា លោកអ្នក​មិនបាន​ទទួលទាន​ថ្នាំ​ទាំងនោះ​ញឹកញាប់​ដល់​ថ្នាក់​នោះទេ វា​ក៏​ប្រហែលជា​នឹងមិន​កើតរោគ​រលាក​ថ្លើម​នោះដែរ តែ​ក៏​សូមកុំ​ភ្លេច​ចំណុច​ដំបូង​ដែល​យើង​បាន​ប្រាប់ថា ការដែល​ញ៉ាំ​ថ្នាំ​ទាំងនោះ​ដើម្បី​ស្ទាក់​មិនឱ្យ​កើត​ជំងឺ​មិន​អាចជួយ​ការពារ​បាន​នោះទេ ដូច្នេះ​គួរតែបញ្ឈប់​ទង្វើ​បែប​ហ្នឹង​ទៅ​ប្រសើរ​ជាង៕

  • រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​មាន​គ្រោះថ្នាក់​ដែរឬទេ?

    ឡា​រ៉ែ​ន គិតថា ប្រហែល​វា​ជា​គំនិត​របស់​មនុស្ស​ជាច្រើន​ដែល​គិតថា ចង់យក​ស្អី​ទៅ​ដាក់​ក្នុង​ទូទឹកកក​ក៏បាន​ដែរ វា​នឹងធ្វើ​ឱ្យ​របស់​ទាំងអស់នោះ​ក្រ​ផុតកំណត់ ព្រោះ​ភាព​ត្រជាក់​ក្នុង​ទូទឹកកក​នឹង​ជួយ​ថ្នម​វត្ថុ​អស់ទាំងនោះ​ឱ្យនៅ​បានយូរ​ឡើង ដែលថាៗទៅ សម្រាប់​វត្ថុ​ជាច្រើន​អាច​នឹង​ត្រឹមត្រូវ តែ​បើសិនជា​រឿង​របស់ “ថ្នាំពេទ្យ” វិញ តើ​វា​នឹង​ពិត​ដូចដែល​គេ​នាំគ្នា​ជឿ​ហ្នឹង​ឬ​យ៉ាងណា? ខាងក្រោម​នេះ​គឺជា​ចម្លើយ…។

    រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​គឺជា​រឿង​ពិត​មួយ​ដែល​អាចនិយាយបាន ធាតុអាកាស​ក្ដៅ​ហប់​អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​លឿន​ជាង​ប្រក្រតី តែ​ក៏​មិនបាន​មានន័យថា ការ​រក្សាទុក​ថ្នាំពេទ្យ​នៅក្នុង​ទូទឹកកក​នឹង​ជួយ​បន្ត​អាយុ​របស់​ថ្នាំ​ឱ្យ​ទុក​ប្រើប្រាស់​បានយូរ​ឡើង​ដែរ ព្រោះ​ក្រៅពី​រក្សាទុក​ថ្នាំ​ក្នុង​កន្លែង​ដែលមាន​ធាតុអាកាស​ត្រជាក់​ខ្លាំង​ជ្រុល​ពេក អាច​នឹង​ធ្វើឱ្យ​ថ្នាំ​ចុះខ្សោយ​ប្រសិទ្ធភាព​បាន​ដូចគ្នា​ហើយ​នោះ នៅ​ធ្វើឱ្យ​ថ្នាំ​កើត​សារធាតុពុល​កើនឡើង​បាន​ទៀតផង ព្រោះ​នៅក្នុង​ទូទឹកកក​ក៏មាន​ភាព​សើម​អាប់​ខ្ពស់​ដូចគ្នា​ដែរ ហើយ​ភាព​សើម​អាប់​នេះឯង​ដែល​ធ្វើឱ្យ​ថ្នាំ​បាត់បង់​ប្រសិទ្ធភាព។

    លើក​ឧទាហរណ៍​ដូចជា ថ្នាំ​អាស្ពីរីន នៅពេល​ប៉ះ​នឹង​ភាព​សើម​អាប់​នៅក្នុង​ទូទឹកកកយូរៗទៅ អាច​រលាយខ្លួន​ក្លាយជា​អាស៊ីត​សាលី​ស៊ី​លិ​ក​និង​អាស៊ីត អា​សេ​ទិ​ក ដែល​នឹង​ធ្វើឱ្យ​ថ្នាំ​លែងមាន​ប្រសិទ្ធភាព រួមទាំង​ធ្វើឱ្យ​កើតមាន​ជាតិពុល​ធ្វើឱ្យ​រាងកាយ​ខ្វះ​អុក​ស៊ី​ែ​ហ្ស៊​ន ទៅជា​ប្រកាច់ និង​បាត់បង់​សតិ​ស្មារតី​បាន​ទៀតផង​បើ​រាងកាយ​ទទួល​ក្នុង​បរិមាណ​ច្រើន។

    ការរក្សា​ទុកដាក់​ថ្នាំពេទ្យ​យ៉ាង​ត្រឹមត្រូវ

    1. រក្សាទុក​នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បក់​ចេញចូល​បាន​ស្រួល មិន​ក្ដៅ មិន​អាប់​សើម​ជ្រុល​ពេក និង​គ្មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូលដល់។
    2. រៀបចំ​ទុកដាក់​តាម​ប្រភេទ​ថ្នាំនីមួយៗរួមគ្នា និង​អាចបែងចែក​តាម​ប្រភេទ​របស់​ថ្នាំ ដូចជា ថ្នាំ​ទឹក ឬ​ថ្នាំ​គ្រាប់ ថ្នាំ​សម្រាប់​លាប​លើ​ស្បែក ឬ​ថ្នាំ​សម្រាប់​លេប​ព្យាបាល​ក្នុង​ខ្លួន(ថ្នាំ​ផ្សះ) ឬអាចបែងចែក​តាម​ក្រុម​ថ្នាំ​ដែល​ព្យាបាល​អាការ​ដូចគ្នា ដូចជា ថ្នាំ​បំបាត់​ការឈឺចាប់(ឈឺក្បាល ឈឺពោះ ឈឺធ្មេញ) និង​ថ្នាំ​ព្យាបាល​របួស ឬ​ដំបៅ​ជាដើម។
    1. នៅពេល​បាន​ថ្នាំ​មក គួរពិនិត្យមើល​ថ្ងៃ​ផុតកំណត់ ឬ​បើ​មិនដឹង​ទេ គួរ​សរសេរ​លើ​ក្រដាស​បិទ​លើ​ដប ឬ​កញ្ចប់​ថ្នាំ​នោះ​ថា បានមក​នៅ​ថ្ងៃ​ណា ហើយ​រកមើល​ព័ត៌មាន​ថា ថ្នាំ​ប្រភេទ​នោះអាច​រក្សាទុក​បានយូរ​ប៉ុនណា (ភាគច្រើន​បើ​ឃើញ​មានតែ​ថ្ងៃ​ផលិត ចូរ​រាប់​ចាប់ពី​ថ្ងៃ​ផលិត​មក3ឆ្នាំ​ទៀត នោះ​គឺ​ថ្ងៃ​ផុតកំណត់​ហើយ តែ​ទាំងអស់នេះ​អាស្រ័យ​លើ​ប្រភេទ​របស់​ថ្នាំ​ដែរ)។
    2. រៀបចំ​ការប្រើ​ថ្នាំ​តាម​លំដាប់ ពី​ថ្នាំ​ដែល​ជិត​ផុតកំណត់​មុន​ជានិច្ច។
    3. នៅក្នុង​ទូ​ថ្នាំ ឬ​ប្រអប់​ទុកដាក់​ថ្នាំ គួរ​សរសេរ​បិទ​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយ​ក្នុង​ការចាប់​យកមកប្រើ។
    4. ថ្នាំ​ដែលជា​បន្ទះ មិនគួរ​កាត់ចេញ​មក​ជា​គ្រាប់ ឬ​ឆ្កឹះ​ចេញពី​បន្ទះ​នោះទេ គួរ​រក្សាទុក​ទាំង​បន្ទះ ដើម្បី​ទុក​មើល​ថ្ងៃ​ផុតកំណត់​នៅលើ​បន្ទះ​នោះ។
    5. បើ​ថ្នាំ​នៅ​មិនទាន់​ផុត​ថ្ងៃ​កំណត់ តែ​សង្កេតឃើញ​មាន​ភាពខុសប្រក្រតី​ណាមួយ​ដែល​ខុសប្លែក​ពីមុន ដូចជា ប្រែ​ពណ៌ រូបរាង​ខុសពី​មុន មាន​ក្លិន និង​រសជាតិ​ប្លែក​ជាដើម-ល- មិនគួរ​រក្សាទុក​ថ្នាំ​នោះ​ទៀត​ទេ។

    យ៉ាងណាក៏ដោយ ថ្នាំនីមួយៗអាច​នឹងមាន​វិធី​រក្សា​ទុកដាក់​ខុសប្លែក​ពីគ្នា ដូច្នេះ​គួរ​រកមើល​វិធី​ថែរក្សា​ទុក​ថ្នាំនីមួយៗនោះ​នៅលើ​ស្លាក​របស់​ផលិតផល ឬ​បើជា​ថ្នាំ​ដែល​គ្រូពេទ្យ​ផ្សំ​មកឱ្យ​ជាឈុតៗនោះ គួរតែ​ទទួលទាន​តាម​វេជ្ជបញ្ជា​ឱ្យអស់ កុំ​ឈប់​កណ្ដាល​ទី​ដែលនាំឱ្យ​ថ្នាំ​នៅសល់​ហើយ​គិត​រក្សា​ថ្នាំ​នោះ​ទុក​ដើម្បី​លេប​នៅពេល​ឈឺ​លើក​ក្រោយ​ទៀត​ឱ្យសោះ ព្រោះ​ក្រៅពី​ថ្នាំ​នោះ​អាច​នឹង​ចុះខ្សោយ​ប្រសិទ្ធភាព​ហើយ​នោះ នៅ​ធ្វើឱ្យ​រាងកាយ​យើង​ឌឺ​ថ្នាំ ដោយសារតែ​លេប​មិន​គ្រប់​ចំនួន​តាម​គ្រូពេទ្យ​ណែនាំ​ទៀតផង៕

  • គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

    គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ

    បញ្ហា​សុខភាព ជា​រឿង​មួយ​ដែល​មនុស្ស​យើង​គិតគូរ​ខ្លាំងណាស់​នាពេល​បច្ចុប្បន្ន​នេះ អាច​សង្កេតឃើញ​បាន​តាមរយៈ​ពេលធ្វើ​បុណ្យ​សុំ​ពរ ឬ​ជូនពរ​គ្នា​ទៅវិញទៅមក​ជាដើម  ពាក្យ​ថា “សូមឱ្យ​មាន​សុខភាព​រឹងមាំ” តែងតែ​បានឮ​ជាប់​ជានិច្ច។ ថ្មីៗនេះ ទស្សនា​វ​ដ្តី​សុខភាព H to H Magazine នៅក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក បាន​សរសេ​អត្ថបទ​សុខភាព​មួយ​ដែលមាន​ចំណងជើង​ថា “គន្លឹះ 9 យ៉ាង ដើម្បី​សុខភាព​ល្អ” ដែល ឡា រ៉ែ​ន សូម​នាំមក​ជំរាប​ប្រី​យ​មិត្ត​អ្នកអាន​ជា​បន្ត ដើម្បី​សាកល្បង​អនុវត្តតាម ព្រោះ​មិនមែនជា​រឿង​ពិបាក​ឡើយ ។

    1. ផ្លែ​ប៉ោម មួយថ្ងៃ មួយ​ផ្លែ

    ពាក្យស្លោក​ដែលថា An apple a day , keeps doctor away គឺជា​រឿង​ត្រឹមត្រូវ​ជានិច្ច។ តាមរយៈ​ការសិក្សាស្រាវជ្រាវ​របស់​មហាវិទ្យាល័យ ឡុ​ន​ដុន បាន​រកឃើញថា ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ នឹងធ្វើ​ឱ្យ​ការធ្វើការងារ​របស់សួត​កាន់តែ​ល្អប្រសើរ​ឡើង ។ ដោយសារ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ និង​សារធាតុ​ក្នុង​ផ្លែ​ប៉ោម​ដែល​ហៅថា Quercetin នឹង​ជួយ​ធ្វើឱ្យសួត​រឹងប៉ឹង និង​ធ្វើការ​បាន​យ៉ាង​ត្រឹមត្រូវ។

    1. ដកដង្ហើមវែងៗ

    យើង​គួរ​ដកដង្ហើម​ឱ្យបានវែងៗដើម្បី​ពង្រីក​ការធ្វើការងារ​របស់​សួត និង​ធ្វើឱ្យ​រាងកាយ​បានទទួល​អុក​ស៊ី​ហ្ស៊ែ​ន​យ៉ាង​គ្រប់គ្រាន់​ផង តែ​រៀងរាល់​ថ្ងៃនេះ​យើង​ច្រើនតែ​ដកដង្ហើមខ្លីៗ ដោយសារតែ​ធ្វើការ​នៅក្នុង​កន្លែង​តូច​ហប់ ឬ​ព្រោះតែ​មិន​បានដឹង​ក៏មានដែរ ដូច្នេះហើយ​ក្នុងមួយថ្ងៃៗចូរ​សាកល្បង​ដកដង្ហើមវែងៗឱ្យបាន​យ៉ាងតិចណាស់​ក្នុង​មួយថ្ងៃ 10 ដង ដោយ​ត្រូវ​ដកដង្ហើម​ចូល​ឱ្យ​ពោះ​ឡើង​ប៉ោង និង​ដក​ដង្ហើមចេញ​វិញ​ឱ្យ​ពោះ​ឡើង​ផត​ទើប​ត្រឹមត្រូវ​តាម​វិធី។

    1. ចៀសវាង​ការយក​បន្លែ​ចូលទៅ​ដាក់​ចម្អិន​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ

    តាមរយៈ​ការស្រាវជ្រាវ​វិភាគ​របស់​ប្រទេស​អេស្បាញ​បាន​រកឃើញថា ការ​ចម្អិន​បន្លែ​ឱ្យ​ឆ្អឹ​ន​នៅក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ នឹង​ធ្វើឱ្យ​សារជាតិ​អាហារ​បាត់អស់​ដល់​ទៅ 97%  ដូច្នេះហើយ​គួរ​ជ្រើសរើស​ទទួលទាន​បន្លែស្រស់​ទើប​ប្រសើរ​ជាង។

    1. កំរើកខ្លួន​ជានិច្ច

    អ្នក​ដែល​កំរើកខ្លួន ឬ​ធ្វើ​ចលនា​ជាប់​ជានិច្ច​នឹងមាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អជា​អ្នក​ដែល​គិតតែ​អង្គុយតែ​មួយកន្លែង។ វិធី​នេះ​ជួយ​ការពារ​អាការ​ចុក​ឆ្អល់ពោះ រួមទាំង​រោគ​ពុក​ឆ្អឹង​ទៀតផង។

    1. ប្រយោជន៍​របស់​ទឹកដូង

    ទឹកដូង​គឺជា​ទឹក​ផ្លែឈើ​ដែល​ល្អ​បំផុត​មួយ​ប្រភេទ មាន​សារធាតុ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​គ្រប់​ទាំងអស់ ដូចជា ប៉ូ​តា​ស្យូ​ម ដែក សូ​ដ្យូ​ម កាល់ស្យូម ផូស្វ័រ  អាស៊ីត​អៈ​មី​ណូ និង​វិ​តា​មីន B ហើយ​ថែមទាំង​មាន​ជាតិ​ស្ករ​គ្លូ​ខូ​ស ដែល​រាងកាយ​អាច​បឺត​យកទៅ​ប្រើ​ជា​ថាមពល​បាន​ភ្លាម​តែម្តង មាន​សារធាតុ​ខ្លាញ់​ដែលមាន​ប្រយោជន៍​ដល់​រាងកាយ និង​មាន​ប្រយោជន៍​ក្នុងការ​បណ្តេញ​សារជាតិ​ពុល​ចេញពី​រាងកាយ​ទៀតផង។

    1. ពេល​គ្រុន​ក្តៅខ្លួន មិនគួរ​ញ៉ាំ​ផ្លែ​ត្របែក​ទេ

    នៅក្នុង​ផ្លែ​ត្របែក​មាន រ៉ែ​ប៉ូ​តា​ស្យូ​ម​ខ្ពស់។ នៅពេល​គ្រុន រាងកាយ​នឹងមាន​សីតុណ្ហភាព​ឡើង​ខ្ពស់ ការទទួល​ទាន​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់ អាច​នឹង​ហុច​ផល​ឱ្យ​កើត​អាការ​ប្រកាច់​បាន។

    1. ញ៉ាំ​ក្រូច​ជួយ​កែ​អាការ​ធុញទ្រាន់ នឿយណាយ​បាន

    ការ​ញ៉ាំ​ផ្លែក្រូច​ដោយ​បកសំបក​ខ្លួនឯង នឹង​បាន​ធុំក្លិន​ក្រូច​ដែល​នឹង​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ហើយ​វិ​តា​មីន C ដែល​រាងកាយ​បានទទួល​ពី​ផ្លែក្រូច​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់ នឹង​ជួយ​ជំ​រុញឱ្យ​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​ដែល​ធ្វើឱ្យ​បាត់​ភាព​ធុញថប់​តឹងតែង​ក្នុង​ចិត្ត​បានល្អ​ទៀតផង។

    1. ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជួយ​ការពារ​រោគ​ភ្លេចភ្លាំង

    អាហារ​ពេលព្រឹក​ជួយ​ប្រឆាំង​ការ​បង្កក​ខ្លួន​របស់​ឈាម ព្រោះ​ឈាម​នៅពេល​ព្រឹក​នឹង​ងាយ​បង្កក​ខ្លួន​ជាង​ពេល​ប្រក្រតី ដូច្នេះ​គួរ​ទទួលទាន​អាហារ​ពេលព្រឹក​ឱ្យបាន​ទៀងទាត់ ដើម្បីឱ្យ​ខួរក្បាល​ត្រូវបាន​ឈាម​ហូរ​ទៅ​ចិញ្ចឹម​យ៉ាង​គ្រប់គ្រាន់ ខួរក្បាល​នឹង​បាន​ភ្លឺ​ថ្លា។

    1. សូកូឡា​ខ្មៅ​ប្រឆាំង​អនុ​មូល​ឥស្សរៈ

    តើ​មិត្ត​អ្នកអាន​ដឹង​ទេ​ថា សូកូឡា​ប្រភេទផ្សេងៗនោះ​ស្ទើរតែ​គ្មាន​ចំណែក​ផ្សំ​របស់​កូ​កូ​ឡើយ មានតែ​សូកូឡា​ខ្មៅ​មួយ​ប៉ុណ្ណោះ​ដែលជា​សូកូឡា​សុទ្ធ​ពិត និង​ថែមទាំង​មាន​ប្រយោជន៍​ដល់​រាងកាយ​ទៀតផង ព្រោះ​មាន​សារធាតុ Flavonoid ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ឈាម​រត់​ឱ្យ​ល្អ​ឡើង។ គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ក្នុង​មួយថ្ងៃ​ប្រមាណ​កន្លះ អន​ស៍៕

  • ក្បួន​ថែរក្សា​ស្បែក​ក្នុង​អាកាសធាតុ​ត្រជាក់

    ក្បួន​ថែរក្សា​ស្បែក​ក្នុង​អាកាសធាតុ​ត្រជាក់

    ធាតុអាកាស​ប្រែប្រួល​ទៅតាម​ពេលវេលា ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយទៀត ហើយ​ស្បែក​របស់​អ្នក​ក៏មាន​ការប្រែប្រួល​ទៅតាម​នោះដែរ វា​ជា​មូល​ហេតុដែល​ទាមទារ​ឱ្យ​អ្នក​ត្រូវ​ថែរក្សា​សភាព​ស្បែក​របស់​អ្នក​ឱ្យ​បានល្អ​បំផុត ដើម្បី​រក្សាទុក​នូវ​ភាពស្រស់ស្អាត​ឱ្យបាន​ស្ថិតស្ថេរ​គ្រប់ពេលវេលា។ ខណៈពេលដែល​អាកាសធាតុ​ត្រជាក់​ជាង​សព្វមួយដង អ្នក​គួរតែ​សង្កត់ធ្ងន់​ទៅលើ​ការថែទាំ​ស្បែក​នៃ​រាងកាយ និង​ផ្ទៃមុខ​ឱ្យបាន​ល្អ។

    ហេតុនេះហើយ​អ្វីដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​គន្លឹះសំខាន់ៗដែល​ទាក់ទង​ទៅនឹង​ការថែរក្សា​សម្រស់​ក្នុង​អាកាសធាតុ​បែបនេះ។

    – ប្រសិនបើ​អ្នក​មិនទាន់បាន​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យបាន​រួចរាល់​ទេនោះ​អ្នក​កុំ​ទាន់​ចេញទៅ​ខាងក្រៅ​អី​ណា៎។ ចូរ​លាប​គ្រឿងសម្អាង ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ឱ្យបាន​មុនពេល​ចេញទៅ​ខាងក្រៅ​យ៉ាងហោចណាស់​ឱ្យបាន​មួយ​ម៉ោង​សិន សឹម​ចេញទៅ​ខាងក្រៅ​ទើប​ជាការ​ល្អ។

    – ជែ​ល ឬ​ក្រេ​ម​លេប​បបូរមាត់ គឺមាន​ប្រយោជន៍​ខ្លាំងណាស់​ក្នុងការ​ថែរក្សា​និង​ផ្តល់​សំណើម​ដល់​បបូរមាត់​នៅក្នុង​រដូវ​ត្រជាក់​បែបនេះ។ ដូច្នេះ​អ្នក​គួរតែ​លាប​ក្រេ​ម​ផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ និង​ឱ្យបាន​ជាប់​ជានិច្ច។

    – រដូវ​ត្រជាក់​មកដល់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ស្បែក​ឱ្យបាន​ល្អ ដូច្នេះ​អ្នក​គួរតែ​កុំ​លាង​សម្អាត​ស្បែក​ដោយ​ប្រើ​សាប៊ូលាងមុខ​អី តែ​គួរ​ប្តូរ​មកជា​ផលិតផល​សម្អាត​ស្បែ​កមុខ ដែលមាន​សារធាតុ​សាប៊ូ​តិច​បំផុត ទើប​ជាការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​របស់​អ្នក៕

  • បំបាត់​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ

    បំបាត់​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ​តាម​វិធី​ធម្មជាតិ

    មាន​វិធី​តាមបែប​ធម្មជាតិ​ជាច្រើន​ដែល​អាចជួយ​លប់បំបាត់​ស្នាម​អុច​ខ្មៅ​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ទន់ភ្លន់ តើ​មាន​អ្វីខ្លះ​នោះ សូម​តាមដាន​ដូចតទៅ៖

    ផ្លែក្រូច​ឆ្មារ

    ដូចដែល​យើង​បានដឹង​ច្បាស់​ហើយ​ថា ទឹកក្រូច​ឆ្មារ​មាន​ភាពជា​ទឹក​អាស៊ីត​ខ្សោយ ដែល​អាច​លាង​សម្អាត​ពណ៌​ដែល​ដិត​ជាប់​នៅលើ​ស្រទាប់​ស្បែក​ផ្នែក​ខាងលើ​បាន ដោយ​ប្រើ​សំឡី​ត្បារ​ត្រចៀក​ជ្រលក់​ទឹក​ជាមួយ​ទឹកក្រូច​ឆ្មារ ហើយ​យកមក​ផ្តិត​ជូត​លើ​ស្នាម​អុច​ខ្មៅ ក្នុង​មួយថ្ងៃ​ឱ្យបាន​ពីរដង ព្រឹក-ល្ងាច រយៈពេល​មួយខែ​នឹង​បានទទួល​លទ្ធផល​ជាមិនខាន។

    ទឹកដោះគោ និង​ប្រេង​ល្ហុងខ្វង​ជាតិ​អាស៊ីត លែ​ក​ទិ​ក

    នៅក្នុង​ទឹកដោះគោ​ជួយ​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​ឡើង​បាន ហើយ​ថែមទាំង​ជួយ​សម្រួល​សភាព​ស្បែក​ឱ្យ​រាប​រលោង​ទៀតផង វិធី​ធ្វើ​ក៏​ងាយស្រួល ដោយ​គ្រាន់តែ​យក​សំឡី​ជ្រលក់​ក្នុង​ទឹកដោះគោ ហើយ​យកមក​បិទ​នៅត្រង់​កន្លែង​ដែលមាន​ស្នាម​អុច​ខ្មៅ រួច​ទុកចោល15នាទី ហើយ​លាង​ចេញ ឯ​ប្រេង​ល្ហុងខ្វង​ក៏មាន​គុណសម្បត្តិ​ជួយ​ប្រឆាំងនឹង​ការ​រលាក​ក្លាយ ហើយ​ថែមទាំង​ផ្តល់នូវ​ភាព​ស្រស់បស់​ដល់​ស្បែក​មុខ​ថែម​ទៀតផង ដោយ​គ្រាន់តែ​បន្តក់​នៅលើ​ស្នាម​អុច​ខ្មៅ​នោះ ក្នុង​មួយថ្ងៃ​ឱ្យបាន2ដង​ប៉ុណ្ណោះ។

    ប្រទាល​កន្ទុយក្រពើ

    យក​សាច់​ក្នុង​របស់​ស្លឹក​ប្រទាល​កន្ទុយក្រពើ​មក​ដុស​នៅត្រង់​កន្លែង​ដែលមាន​ស្នាម​អុច​ខ្មៅ​លើ​ផ្ទៃមុខ មួយថ្ងៃ2ដង ហើយ​ទុកចោល​ឱ្យបាន​យ៉ាងតិច45នាទី មុននឹង​លាង​ចេញ​នឹង​ទឹកស្អាត។ គុណសម្បត្តិ​សំខាន់​របស់​សាច់​ប្រទាល​កន្ទុយក្រពើ គឺ​ជួយ​ជួសជុល​កោសិកា​ស្បែក ទើប​ធ្វើឱ្យ​វិធី​នេះ​ធ្វើ​ហើយ បានទទួល​លទ្ធផល​ល្អ​ណាស់៕

  • ជំងឺដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពី «មូស»

    ជំងឺដ៏មានគ្រោះថ្នាក់ 3យ៉ាង ដែលបណ្តាលមកពី «មូស»

    នៅក្នុងរដូវភ្លៀងដែលមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃរហូតដល់មានទឹកដក់សឹងគ្រប់ទីកន្លែងនោះ គឺជាប្រភពកំណើតយ៉ាងល្អដល់ពួកសត្រូវកំណាចដូចជាសត្វមូស។

    ជាប្រក្រតី សត្វមូសមានវដ្តជីវិតក្នុងអំឡុងពេលនៅជាស៊ុតរហូតដល់ធំពេញវ័យក្នុងរយៈពេលពី 9 – 14 ថ្ងៃ ហើយមានតែមូសញីប៉ុណ្ណោះដែលបឺតឈាមជាអាហារ ចំណែកមូសឈ្មោលវិញបឺតទឹកដមពីកេសរផ្កាជាអាហារ ហើយក្រៅពីនេះសត្វមូសញីដែលធំពេញវ័យហើយមានអាយុវែងបានដល់ទៅ 1 – 3 ខែ ឯមូសឈ្មោលមានអាយុត្រឹមតែ 6 – 7ថ្ងៃប៉ុណ្ណោះ តែអ្វីដែលគួរឱ្យខ្លាចនោះគឺ ស៊ុតរបស់មូស ដោយមូសញីនឹងទម្លាក់ស៊ុតនៅក្នុងទឹកនឹង(អត់ហូរ) ស៊ុតនឹងអណ្តែតខ្លួននៅលើផ្ទៃទឹក។ មូសប្រភេទខ្លះប្រើពេលវេលាចាប់តាំងពីទម្លាក់ស៊ុតរហូតដល់ញាស់ត្រឹមតែ 24 ម៉ោងប៉ុណ្ណោះ។ ការទម្លាក់ស៊ុតរបស់សត្វមូសម្តងៗមានចំនួនស៊ុតចាប់តាំងពី50 រហូតដល់ 300 ស៊ុតឯណោះ ហើយមូសញីមួយក្បាល ក្នុងមួយជីវិតរបស់វាអាចទម្លាក់ស៊ុតបានចាប់ពី 1 – 7ដងឯណោះ និងអ្វីដែលសំខាន់នោះគឺ ស៊ុតរបស់មូសធន់នឹងសភាវស្ងួតក្រៀមក្រោះបានជាច្រើនខែ និងបើសឹនជាបានទទួលសំណើម ឬមានទឹកលិចស៊ុតម្តងទៀតនោះ ស៊ុតនឹងអាចញាស់ចេញជាសត្វមូសបានក្នុងរយៈពេលតែ 20 – 60 នាទីប៉ុណ្ណោះ។ ថ្ងៃនេះឡា រ៉ែនសូមនាំយកព័ត៌មានរបស់ជំងឺឆ្លងដែលបណ្តាលមកពីសត្វមូសចម្លងរោគមកជម្រាបជូនមិត្តអ្នកអាន ដើម្បីធ្វើជាចំណេះដឹងក្នុងការសង្កេតមើលអាការ និងការការពារជំងឺទាំងនោះដូចខាងក្រោម។

    1 . ជំងឺគ្រុនឈាម
    មូលហេតុ៖ បណ្តាលមកពីមេរោគវីរុសដោយមានមូសខ្លាជាភ្នាក់ងារចម្លងរោគ។
    អាការ៖ បន្ទាប់ពីត្រូវមូសខ្លាដែលមានមេរោគខាំបានប្រមាណជា 5 – 8ថ្ងៃ នឹងកើតមានអាការគ្រុនក្តៅខ្លួនខ្លាំង(38.5 -40អង្សាសេ)ជាប់ៗគ្នា 2 – 7ថ្ងៃ មុខក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺក្នុងឆ្អឹង ឈឺរង្វង់ភ្នែក អ្នកខ្លះមានអាការឈឺពោះ ក្អួតចង្អោ មិនឃ្លានអាហារ មានកើតស្នាមអុចក្រហមៗនៅលើដៃជើង ខ្លួន ក្លៀក អាចមានចេញឈាមតាមច្រមុះ និងតាមជើងធ្មេញ អាការទូទៅស្រដៀងជំងឺគ្រុនផ្តាសាយ តែគ្មានក្អក និងគ្មានហៀរសំបោរទេ។
    សញ្ញាគ្រោះថ្នាក់នៅពេលកំដៅថយចុះ៖ បើមានអាការស្ងៀមស្ងាត់ ល្វើយខ្លាំង រសាប់រសល់ ត្រជាក់ដៃជើង ជីពចរលោតលឿនតែស្រាលៗ ចុកពោះទាន់ហន់ ស្រេកទឹក នោមតិច មានហូរឈាមតាមច្រមុះ ក្អួតចេញឈាម លាមកឡើងពណ៌ខ្មៅ បើឃើញមានអាការទាំងនេះ ចូរប្រញាប់នាំទៅមន្ទីពេទ្យដែលនៅជិតបំផុត បើអ្នកជំងឺឆាប់បានស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យទាន់ពេលវេលាហើយនោះ ឱកាសក្នុងការបាត់បង់ជីវិតមានតិចណាស់។
    ការការពារ៖ ដោយសារតែជំងឺនេះនៅមិនទាន់មានវ៉ាក់សាំងការពារនោះ ទើបវិធីការពារគឺ កុំឱ្យមូសខាំ កម្ចាត់ដង្កូវទឹក និងកំទេច ឬបំបាត់ប្រភពកំណើតរបស់មូសខ្លាទាំងអស់។

    2 . ជំងឺគ្រុនរលាកខួរក្បាល
    មូលហេតុ៖ បណ្តាលមកពីការឆ្លងមេរោគវីរុសដែលមានសត្វមូសរំខានជាភ្នាក់ងារចម្លងរោគដែលច្រើនតែបង្កើនពូជនៅក្នុងប្រភពទឹកតាមវាលស្រែ។ មូសប្រភេទនេះបានទទួលមេរោគគ្រុនរលាកខួរក្បាល ជេ អុី ខណៈពេលជញ្ជក់ឈាមពីសត្វ ជាពិសេសជ្រូកជាប្រភពមេរោគសំខាន់ បន្ទាប់ពីនោះ នៅពេលមូសមកខាំមនុស្សវានឹងបញ្ជូនមេរោគនេះចូលក្នុងរាងកាយមនុស្ស។
    អាការ៖ ភាគច្រើនអ្នកឆ្លងមេរោគច្រើនតែគ្មានកើតអាការអ្វីឡើយ តែនៅលើអ្នកជំងឺដែលកើតមានអាការ នឹងមានកម្តៅឡើងខ្ពស់ ឈឺក្បាលខ្លាំង អស់កម្លាំងល្វើយ បើអាការធ្ងន់ធ្ងរ អ្នកជំងឺអាចលែងដឹងខ្លួន និងបាត់បង់ជីវិត ឬអ្នកខ្លះពេលជាសះស្បើយហើយអាចមានអាការពិការខាងខួរក្បាល សតិបញ្ញាចុះខ្សោយ ឬពិការខាងរាងកាយបាន។
    ការការពារ៖ ជំងឺនេះអាចការពារបានដោយការការពារកុំឱ្យត្រូវមូសខាំ និងការចាក់វ៉ាក់សាំងការពារ ដូច្នេះអ្នកដែលស្ថិតក្នុងវ័យដែលត្រូវទទួលការចាក់វ៉ាក់សាំងការពារ ដូចជា កុមារតូចៗនោះ អាណាព្យាបាលត្រូវនាំទៅចាក់វ៉ាក់សាំងការពារនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតគេហដ្ឋាន។

    3 . ជំងឺគ្រុនចាញ់
    មូលហេតុ៖ បណ្តាលមកពីមេរោគ ប្រូតូឈួ ដោយមូសដែកគោលញីដែលរស់នៅក្នុងព្រៃជាភ្នាក់ងារចម្លងរោគ។ នៅពេលត្រូវមូសដែកគោលខាំប្រមាណជា 15 – 30 ថ្ងៃក្រោយ នឹងកើតមានអាការជំងឺ។
    អាការ៖ ជាប្រក្រតី អ្នកជំងឺច្រើនតែចាប់ផ្តើមមានអាការក្រោយពីបានទទួលមេរោគហើយប្រមាណជា 1សប្តាហ៍រហូតដល់2ខែ ដោយអ្នកជំងឺនឹងកើតមានអាការ ក្តៅខ្លួនខ្លាំង រងារញាក់ មិនឃ្លានអាហារ ឈឺចុករួយតាមរាងកាយ អ្នកខ្លះមានអាការចុកពោះរាក ចំពោះអ្នកជំងឺដែលធ្ងន់ធ្ងរនឹងមានអាការស្លេកស្លាំង ស្បែកឡើងលឿងខ្លាំង ស្ងាត់ស្ងៀម មានសភាវក្រលៀនលែងធ្វើការ និងអាចដល់ថ្នាក់ស្លាប់បាន។
    ការការពារ៖ បច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំងដែលប្រើក្នុងការការពារជំងឺនេះទេ ហើយក៏មិនទាន់មានថ្នាំលេបការពារជាមុនណាដែលមានប្រសិទ្ធភាពខ្ពស់នៅឡើយដែរ ការការពារខ្លួនកុំឱ្យត្រូវមូសខាំ ជាវិធីដែលល្អបំផុតក្នុងខណៈពេលនេះ។

    ឥលូវនេះអ្នកបានដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីសត្វកំណាចខ្លួនតូចល្អឹតនេះហើយមែនទេ? ដូច្នេះយើងត្រូវការពារខ្លួនកុំឱ្យត្រូវមូសខាំ និងជួយគ្នាកម្ចាត់ប្រភពកំណើតរបស់សត្វសម្លងរោគដ៏ចង្រៃនេះឱ្យបានច្រើនបំផុត៕