Category: សុខភាព

  • 9យ៉ាង​ពី​អ្នកជំនាញ អំពី​សម្រស់

    9យ៉ាង​ពី​អ្នកជំនាញ អំពី​សម្រស់

    ភាពស្រស់ស្អាត​ជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​មិន​ថា​បុរស ឬ​ស្ត្រី​នោះទេ ហេតុនេះ​ចង់​មិន​ចង់​គួរតែ​បង្ខំ​ខ្លួន​អ្នក​ឱ្យ​ស្រឡាញ់ និង​យកចិត្តទុកដាក់​ថែរក្សា​សម្រស់​របស់ខ្លួន​ខ្លះ​ផង។

    អ្នកជំនាញ​ខាង​ភាពស្រស់ស្អាត​បាន​ប្រាប់ថា​ការថែរក្សា​សម្រស់​ឱ្យបាន​ស្អាត មិន​ពិបាក​ខ្លាំង​ដូច​អ្នក​គិត​នោះទេ ហើយ​បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ងាយ​ប៉ុណ្ណា​នោះ គឺ​មានតែ​បន្ត​អាន​នូវ​អត្ថបទ​ខាងក្រោម​នេះ ទើប​អាច​ឆ្លើយ​ប្រាប់​អ្នក​បាន៖

    1/ សុខភាព និង​ភាព​ស័ក្តិសម

    គឺជា​ជំហាន​ទីមួយ​ក្នុងការ​រក្សា​សម្រស់។ ប្រសិនបើ​អ្នក​បានដាក់​បញ្ចូល​តែ​រឿងល្អៗទៅក្នុង​រាងកាយ នោះ​វា​នឹង​បញ្ចេញ​មកវិញ​នូវ​ភាព​ភ្លឺរលោង​នៅ​ខាងក្រៅ។ ព្យាយាម​ទទួលទាន​ធញ្ញជាតិ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ដូចជា គ្រាប់​ផ្លែឈើ ផ្លែឈើ និង​បន្លែ​ជាដើម។ ទទួលទាន​ត្រី បក្សី និង​ប្រូ​តេ​អី​ុ​ន​ឱ្យបាន​ច្រើនជាង​មុន ហើយ​កុំ​ភ្លេច​បញ្ចេញ​ថាមពល​ខ្លះ​ផង។

    2/ ទទួលទាន​ទឹក​ឱ្យ​ច្រើន

    ទទួលទាន​ទឹក​ឱ្យបាន8-9កែវ​ក្នុង​មួយថ្ងៃ។ ទឹក​សំខាន់បំផុត​សម្រាប់​អ្នក វា​ជួយផ្តល់​សំណើម​ឱ្យ​រាងកាយ និង​ចិញ្ចឹម​ស្បែក ហើយ​វា​ក៏​ជួយ​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ភ្លឺ​ថ្លា​ផងដែរ។

    3/ បញ្ចូល​វីតាមីន

    កុំ​ភ្លេច​ដាក់បញ្ចូល Biotin (វីតាមីន) នាពេល​ព្រឹក ព្រោះ​វា​អាចជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា សក់ និង​ក្រចក​មាន​សុខភាព​ល្អ។

    4/ ខាត់​ស្បែ​កមុខ​ឱ្យ​ស្អាត

    ខាត់​ស្បែក​មុខ​របស់​អ្នក​ក្នុង​មួយ​សប្តាហ៍ 2ដង អាចជួយ​ផ្លាស់ប្តូរ​ស្រទាប់​ស្បែកចាស់ៗចោល​បាន។ ការ​ខាត់​ស្បែក​ជួយ​ឱ្យ​ស្បែក​ទន់ រលោង ភ្លឺ​ថ្លា ថែមទាំង​កាត់បន្ថយ​ស្នាម​ជ្រួញ​ទៀតផង។ ហេតុផល​ពិសេស​មួយទៀត​គឺ​វា​ជួយ​គ្រប់គ្រង​បញ្ហា​មុន និង​ធ្វើឱ្យ​ផ្ទៃមុខ​កាន់តែ​ស្រស់ស្អាត​ពេល​តុបតែង​មុខ។

    5/ មុនពេល​តុបតែង​មុខ

    ត្រូវ​ចងចាំ​ជានិច្ច​ថា​ត្រូវ​សម្អាត ផ្តល់​សំណើម​ដល់​ផ្ទៃមុខ​ជាមុនសិន។ ត្រូវ​ប្រាកដ​ចិត្ត​ថា​បាន​ទិញ​ផលិតផល​ដែល​នឹងមិន​ធ្វើឱ្យ​ស្បែក​របស់​អ្នក​រមាស់ ឬ​មាន​បញ្ហាផ្សេងៗឡើយ។

    6/ របៀន​តុបតែង​មុខ​ប្រចាំថ្ងៃ

    សម្រាប់​ការតុបតែង​មុខ​រាល់ថ្ងៃ​គួរតែ​ធ្វើ​បែបស្រាលៗ និង​មើលទៅធម្មតាៗ មានន័យថា​ការតុបតែង​មុខ គួរតែ​ធ្វើឡើង​តាមបែបខុសៗគ្នា នោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត និង​លេចធ្លោ​ឡើង។

    7/ ផ្លាស់ប្តូរ​ស្ទីល​តុបតែង​មុខ​ខ្លះ

    ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ អ្នក​ក៏​ត្រូវតែ​ចាំ​ដែរ​ថា ការតុបតែង​មុខ​គឺជា​រឿង​អស្ចារ្យ ដូច្នេះ​មិនចាំបាច់​ខ្លាច​ចំពោះ​ពណ៌​តិចតួច​នោះទេ ប្តូរ​វា​មកជា​ពណ៌ស្រស់ៗខ្លះ​ក៏បាន​ដែរ ព្រោះ​ថាបើ​អ្នក​នៅតែ​ប្រកាន់យក​ពណ៌ដដែលៗមិន​ព្រម​ប្តូរ​ថ្មី​សោះ​នោះ អ្នក​ពិតជា​មិនបាន​ទទួល​នូវ​អ្វីដែល​ប្លែក​នោះទេ។

    8/ ខាត់​បបូរមាត់

    មាត់​គឺជា​ទីតាំង​ដ៏​ទាក់ទាញ​ក្នុងការ​ទទួលបាន​នូវ​ស្នាម​ថើប​ដ៏​ទាក់ទាញ។ ធ្វើឱ្យ​វា​ស្រស់ស្អាត ដោយ​ទឹក​ក្រូចឆ្មារ​ជាមួយនឹង​ស្ករស ដោយ​ការយកមក​ត្រដុសថ្នមៗនៅលើ​បបូរមាត់ ដើម្បី​បំបាត់ចោល​នូវ​សភាព​ស្បែក​បបូរមាត់​ដែល​ខ្មៅ និង​ស្ងួត។

    9/ លើកទឹកចិត្ត​ខ្លួនឯង

    សម្រស់​តែង​តាម​មកជា​មួយ​អ្នកជា​និច្ច​មិន​ថា​អ្នកមាន​រាង​បែបណា ឬ​មាន​ទំហំ​ខ្លួន​បែបណា​នោះទេ សម្រស់​ពិត​គឺជាអ្វីៗគ្រប់យ៉ាង​ដែល​នៅលើ​ខ្លួន​អ្នក ដូច្នេះ​សូមកុំ​បាក់​ទឹកចិត្ត ហើយ​ខំ​ធ្វើ​វា​ឱ្យ​បានល្អ​បំផុត​ទៅបាន​ហើយ៕

  • វិធីព្យាបាល​ស្នាម​សន្លាក ក្នុង​រយៈពេល​ខ្លី​បំផុត

    វិធីព្យាបាល​ស្នាម​សន្លាក ក្នុង​រយៈពេល​ខ្លី​បំផុត

    មុន​គឺជា​មេ​បញ្ហា​ដែល​នាំមក​តែ​ភាពអាក្រក់​មកឱ្យ​ស្បែក ធ្វើឱ្យ​ជំនឿ​ចិត្ត​របស់​អ្នក​ត្រូវ​បាត់បង់។ មុន​អាច​បន្សល់ទុក​នូវ​ស្នាម​ដែល​ធ្វើឱ្យ​មើលទៅ​មានតែ​ភាព​សោកសៅ។ វិធី​នៃ​ការ​កម្ចាត់​ចោល​ស្នាម​អស់ទាំងនោះ​គឺ​នៅមាន ហើយ ឡា​រ៉ែ​ន នឹង​យក​វា​មក​បង្ហាញជូន​មិត្ត​អ្នកអាន​ទាំងអស់​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ។

    កំណត់​ការ​ត្រូវ​កម្តៅថ្ងៃ

    មួយ​ក្នុងចំណោម​រឿង​សំខាន់បំផុត​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់​គឺ ការប៉ះពាល់​ដោយ​កម្តៅថ្ងៃ។ នៅពេលដែល​ស្បែក​របស់​អ្នក​ទទួលរង​ការប៉ះពាល់​ជាមួយ​កម្តៅថ្ងៃ​កាន់តែ​តិច ឱកាសនៃ​ការធ្វើឱ្យ​ស្ថានភាព​ស្បែក​បានល្អ​ប្រសើរឡើង​ក៏មាន​កាន់តែច្រើន ដូច្នេះ​នៅក្នុង​អំឡុងពេល​កើតមុន និង​ពេលមុន​ទើបតែជាថ្មីៗ អ្នក​ត្រូវតែ​ព្យាយាម​នៅក្នុង​ម្លប់​ឱ្យបាន​ច្រើន​បំផុត ដើម្បីឱ្យ​ការព្យាបាល​កាន់​តែមាន​ប្រសិទ្ធភាព។

    ប្រើ​ទឹកក្រូច​ឆ្មារ

    ដោយសារតែ​ក្រូចឆ្មារ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​ជួយ​ឱ្យ​ស្បែ​កស វា​បាន​ក្លាយជា​រឿង​ដែល​ងាយ​យល់​បំផុត ថា​ហេតុ​អី​បានជា​មនុស្ស​ជាច្រើន​ត្រូវបាន​ណែនាំ​ឱ្យប្រើ​វា ដើម្បី​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន។ ទឹកក្រូច​ឆ្មារ​មាន​វីតាមីន C ដែល​អាចជួយ​បង្កើត​ខូ​ឡា​ជែ​ន ដែលជា​សារធាតុ​ផ្សំ​ដ៏​សំខាន់បំផុត​សម្រាប់​ស្បែក​របស់​មនុស្ស​យើង​ឡើងវិញ។

    ទឹកឃ្មុំ

    មិន​ថា​អ្នក​ជឿ ឬ​មិន​ជឿ​នោះទេ ប៉ុន្តែ​ទឹកឃ្មុំ​ពិត​ជាមាន​ប្រយោជន៍​ណាស់​ក្នុង​ការយកមក​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន។ ក្រៅពី​ទឹកឃ្មុំ អ្នក​ត្រូវ​បន្ថែម​ទឹក និង​ថ្នាំ​អា​ស្ពេ​រី​នប​និ្ត​ច ដើម្បី​បញ្ឈប់​ស្នាម​អស់ទាំងនោះ។

    ប្រទាល​កន្ទុយក្រពើ

    អ្នកនឹង​បានទទួល​លទ្ធផល​ស្រដៀង​គ្នា​ទៅនឹង​ទឹកឃ្មុំ និង​ក្រូចឆ្មារ​ដែរ ប្រសិនបើ​អ្នក​ប្រើ​ប្រទាល​កន្ទុយក្រពើ។ យើង​សូម​ណែនាំ​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​នេះ ព្រោះថា វា​ក៏​អាច​ផ្តល់ឱ្យ​អ្នក​នូវ​ស្បែក​ដែល​រលោង និង​ជួយ​ព្យាបាល​ស្បែក​ផងដែរ។

    ប្រេង​អូ​លីវ

    ត្រូវ​និយាយ​ពាក្យ​ថា​អរគុណ​ចំពោះ​ប្រេង​អូ​លីវ ទឹក​ក្តៅឧណ្ហៗ និង​កន្សែង​ស្អាត​ហើយ​ដែល​បាន​ជួយ ព្រោះ​ដោយសារតែ​វត្ថុ​ទាំងអស់​នេះហើយ​ដែល​ធ្វើឱ្យ​ស្នាម​រលាយ​ទៅ​បាត់​ដោយ​ជោគជ័យ។

    ដំឡូង​ឆៅ

    សារធាតុ​ផ្សំ​ដែលមាន​នៅក្នុង​ដំឡូងបារាំង​ឆៅ គឺជា​សារធាតុ​ផ្សំ​យ៉ាង​ពិសេស​ក្នុង​ការជួយ​កម្ចាត់​ស្នាម ដោយ​ប្រើ​រយៈពេល​ត្រឹមតែ3-4ថ្ងៃ​ប៉ុណ្ណោះ។ គ្រាន់តែ​យកមក​ត្រដុស​នៅត្រង់​កន្លែង​ណា​ដែលមាន​ស្នាម​ជាការ​ស្រេច។

    ប៉េងប៉ោះ​ស្រស់

    ប៉េងប៉ោះ​ស្រស់​ក៏​អាចជួយ​កម្ចាត់​ស្នាម​បាន​យ៉ាង​ជោគជ័យ​ផងដែរ ដោយ​យក​សាច់​ប៉េងប៉ោះ​មក​លាប​លើ​ផ្ទៃមុខ ហើយ​សម្អាត​ចេញ​វិញ​ដោយ​ទឹកស្អាត​ជាការ​ស្រេច។ សាកល្បង​វិធី​អស់ទាំង​នេះ លទ្ធផល​នឹង​បង្ហាញ​ចេញមក​យ៉ាង​ឆាប់រហ័ស មិន​ដល់​មួយ​សប្តាហ៍​ទេ ស្នាម​នឹង​ត្រូវបាន​កម្ចាត់​ចោល​ជា-មិន​ខាន៕

  • 6 ចំណុច​នៃ​គុណ​ប្រ​យោន៍​ទឹកកក ក្នុងការ​រក្សា​សម្រស់

    6 ចំណុច​នៃ​គុណ​ប្រ​យោន៍​ទឹកកក ក្នុងការ​រក្សា​សម្រស់

    អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ទឹកកក មានគុណ​ប្រយោជន៍​ជាច្រើន​រួមមាន​ដូចជា ក្លាសេ​បន្លែ សាច់ និង​គ្រឿងទេស ជួយ​បង្កើត​រសជាតិ​របស់​ភេសជ្ជៈ​ជាដើម។ អ្នកខ្លះ​ទៀត​បាន​យក​ទឹកកក​ទៅ​ស្អំ​ពោះ ស្អំ​ដៃជើង ដើម្បី​ជួយ​រំលាយ​គ្រាប់​ឈាមកក​បាន​ផងដែរ។

    ក្រៅពីនេះ​តើ​អ្នកមាន​ធ្លាប់ប្រើ​ដុំ​ទឹកកក​ដាក់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ដែរឬទេ? ប្រសិនបើ​អ្នក​ឆ្ងល់​ថា ហេតុ​អី្វ​ចាំបាច់​ធ្វើ​ដូចនេះ​នោះ អ្នក​ត្រូវតែ​ធ្វើការ​ស្វែងយល់​នូវ​អត្ថប្រយោជន៍​របស់​ដុំ​ទឹកកក​ចំពោះ​សម្រស់​ហើយ ព្រោះ​ដុំ​ទឹកកក​អាច​ប្រើ​សម្រាប់​ជួយ​ដល់​ការលើក​សម្រស់​បានជា​ច្រើន​យ៉ាង។ ពេលនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​ពី​ការថែរក្សា​សម្រស់​ដោយ​ប្រើ​ដុំ ទឹកកក​ដូចខាងក្រោម​នេះ។

    1/ សម្រួល​លំហូ​វិល​នៃ​ចរន្ដឈាម​រត់

    ប្រសិនបើ​អ្នកយក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ នោះ​វា​នឹង​អាច​បង្កើន​ដល់​ចរន្តឈាមរ​ត់របស់​អ្នក​ឱ្យ​ដំណើរ​ការល្អ។ ជា​លទ្ធផល​នោះ គឺ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ដល់​សញ្ញា​នៃ​ភាព​ចាស់​មុន​វ័យ។ អ្នក​អាច​យក​ដុំ​ទឹកកក​មក​ជូត និង​ត្រដុសថ្នមៗនៅលើ​ផ្ទៃមុខ​របស់​អ្នក​ក្នុង​យៈ​ពេល1នាទី នោះ​វា​នឹងធ្វើ​ឱ្យ​ផ្ទៃ មុខ​របស់​អ្នក​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ​ជាមិនខាន​ឡើយ។ អ្នក​អាចធ្វើ​ដូចនេះ​ឱ្យបាន2ដង​ក្នុង​មួយ​សប្តាហ៍។

    2/ បំបាត់​មុន​នៅលើ​ផ្ទៃមុខ

    ការយក​ដុំ​ទឹកកក​មក​ត្រដុស​ជូតថ្នមៗនៅលើ​ផ្ទៃមុខ​នៃ​តំបន់​ដែល​ត្រូវបាន​រងគ្រោះ​ដោយសារ​ការកើត​មុន គឺ​វា​អាចជួយ​កាត់បន្ថយ​បាន​នូវ​ស្ថានភាព​អាក្រក់​របស់​មុន។ អ្នក​គួរ​អនុវត្តតាម​វិធី​នេះ​ឱ្យ​បានជា​បន្តបន្ទាប់​ទើប​អាច​ផ្តល់នូវ​ផលិតផល​ដ៏​ល្អ​ដល់​ផ្ទៃមុខ​របស់​អ្នក។ ចូរ​យក​ដុំ​ទឹកកក​មក​ត្រដុស​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ឱ្យបាន1 ឬ2នាទី។ ប្រសិនបើ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ត្រង់​កន្លែង​ណា​ដែល​ហាក់​មាន​សភាព​ស្ពឹក នោះ​អ្នក​ត្រូវ​សម្រាក1នាទី​សិន រួច​សឹម​ចាប់ផ្តើម​ធ្វើ​វា​ម្តងទៀត។

    ការធ្វើ​បែបនេះ គឺ​អាចជួយ​កម្ចាត់​មុន​ក្នុង​កម្រិត​ស្រាល​បាន ដោយ​ប្រើពេល​ត្រឹមតែ​រយៈពេល2ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ចិត្ត​ថា ស្បែក​របស់​អ្នក គឺអាច​ទទួលយក​នូវ​ភាព​ត្រជាក់​បែបនេះ​បាន មុន​ពេលដែល​អ្នកសម្រេច​ជ្រើសរើស​អនុវត្តតាម​វិធី​នេះ ចៀសវាង​មាន​បញ្ហា​ចំពោះ​ស្បែក​មុខ​របស់​អ្នក។

    3/ ព្យាបាល​ការ​រលាក​ដោយសារ​កម្ដៅ​ថ្ងៃ

    ដុំ​ទឹកកក​អាចជួយ​សម្រាល​ដល់​ស្ថានភាព​នៃ​ការ​រលាក​នឹង​កម្ដៅថ្ងៃ។ ដាក់​ដុំ​ទឹកកក2 ឬ3ដុំ​នៅក្នុង​ក្រណាត់ និង​យក​វា​មក​ជូត​នៅ​តំបន់​ដែល​កំពុងមាន​បញ្ហា ហើយ​សូម​ធ្វើបែបនេះ​ឱ្យបាន 2ទៅ 3ដង។ វា​អាចជួយ​សម្រាល​ដល់​ការ​រមាស់​ដែល​បណ្តាលមកពី​ស្ថានភាព​រលាក​ដោយ​កម្តៅថ្ងៃ។

    4/ លុបលាង​ជាតិ​កង្វក់​នៅលើ​ស្បែ​កមុខ

    អ្នក​មិនចាំបាច់​មានការ​ភ្ញាក់ផ្អើល​នោះទេ នៅពេល​អ្នក​បានឮ​ដូចនេះ។ ដុំ​ទឹកកក ប្រសិនបើ​ត្រូវបាន​គេ​ប្រើ វា​មក​ត្រដុស​នៅលើ​ផ្ទៃមុខ មុនពេល​អ្នក​ចាប់ផ្តើម​លាប​គ្រឿងសម្អាង គឺអាច​ជួយ​ឱ្យ​គ្រឿងសម្អាង​ជាប់​បានយូរ។

    5/ ព្យាបាល​ការ​រលាក និង​ហើម​ភ្នែក

    តើ​អ្នក​ធ្លាប់​រងគ្រោះ​ពី​ស្ថានភាព​នៃ​អាការ​ហើមប៉ោង​នៅលើ​ត្របកភ្នែក ឬ​រលាក និង​មាន​សរសៃ​ក្រហម​នៅក្នុង​ភ្នែក​ដែរឬទេ? ដាក់​ដុំ​ទឹកកក​មួយចំនួន​នៅក្នុង​ក្រណាត់​ទន់​មួយ រួច​ដាក់​វា​នៅក្រោម​ភ្នែក​របស់​អ្នក។ វិធី​នេះ​គឺ​អាចជួយ​សម្រាល​នូវ​ភាព​ហើមប៉ោង​បាន។ ដុំ​ទឹកកក ក៏​អាចជួយ​សម្រាល​ដល់​ភាព​នឿយហត់​របស់​គ្រាប់ភ្នែក ហើយ​វា​ក៏ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ហា​រោគសញ្ញា​នៃ​ការ​ស្ងួត​គ្រាប់ភ្នែក​បាន​ផងដែរ។

    6/ ធ្វើ​ម៉ាស​បិទមុខ

    តើ​អ្នកមាន​ធ្លាប់ប្រើ​ម៉ា​សកក​ត្រជាក់​បិតមុខ​ដែរឬទេ? ចូរ​លាយ​ទឹក​ត្រសក់ និង​ទឹក​ផ្កាកូលាប។ បន្ទាប់មក​ដាក់​វា​ក្លាសេ​ឱ្យ​កក រួច​យក​វា​ចេញមកក្រៅ និង​ដាក់​វា​ស្អំ​នៅលើ​ផ្ទៃមុខ​របស់​អ្នក។ ម៉ាស​កក​ត្រជាក់​នេះ អាចជួយ​កាត់បន្ថយ​នូវ​ស្នាម​ជាំ និង​ស្នាម​ជ្រាវ-ជ្រួញ​នៅលើ​ស្បែក​មុខ​របស់​អ្នក​បាន។ ហើយ​វា​ក៏​អាចជួយ​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​ស្រស់ថ្លា​ជាង​មុន​តាមបែប​ធម្មជាតិ​ដែរ៕

  • ចង់បាន​ស្បែ​កស តឹង​ណែន​ល្អ​ត្រូវ​ចំណាយពេល​បន្តិច!

    ចង់បាន​ស្បែ​កស តឹង​ណែន​ល្អ​ត្រូវ​ចំណាយពេល​បន្តិច!

    នា​សម័យ​បច្ចុប្បន្ន ចង់ឱ្យ​ស្បែ​កស​ស្អាត​តឹង​ណែន​មិន​ពិបាក​នោះទេ ព្រោះថា​មាន​ផលិតផល​ថែរក្សា​សម្រស់​ដែលមាន​គុណភាព​ល្អ​ច្រើនណាស់ ដែល​តម្រៀប​គ្នា​ចាំ​ឱ្យ​អ្នកប្រើប្រាស់​ជ្រើសរើស​ទៅតាម​ប្រភេទ​ស្បែក​របស់ខ្លួន។ ដោយសារតែ​ចំណូលចិត្ត​របស់​មនុស្ស​យើង​មិន​ដូចគ្នា ហេតុនេះហើយ​បានជា​វិធី​នៃ​ការថែរក្សា និង​ផ្តល់នូវ​ភាពស្រស់ស្អាត​ឱ្យ​ខ្លួនឯង​មាន​ភាពខុសប្លែក​ពីគ្នា។

    សម្រាប់​អ្នក​ដែល​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ការទិញ​ផលិតផល ឬ​បារម្ភ​ខ្លាច​ថា ផលិតផល​ដែល​អ្នក​ប្រើ​អាច​មិនត្រូវ​ជាមួយ​ប្រភេទ​ស្បែក​របស់ខ្លួន​នោះ ទើប​ធ្វើឱ្យ​ពួកគេ​សុខចិត្ត​ងាក​មក​ថែរក្សា​សម្រស់​របស់​ពួកគេ​តាមបែប​សាមញ្ញ​វិញ បើទោះជា​ពួកគេ​បានដឹង​យ៉ាងច្បាស់​ហើយ​ថា ការថែរក្សា​ស្បែ​កដោយ​វិធី​នេះ គឺ​ត្រូវ​ចំណាយពេល​យូរ​ជាង​ការប្រើ​ផលិតផល​ក៏ដោយ។ ចំពោះ​អ្នកដែល​ចាប់អារម្មណ៍​ជាមួយនឹង​វិធី​ថែរក្សា​សម្រស់​តាមបែប​ធម្មជាតិ​នោះ សូម​តាមដាន​ជាមួយនឹង​គន្លឹះសំខាន់ៗដូចខាងក្រោម។

    ស្បែក​តឹង​ណែន

    សម្រាប់​អ្នក​ដែល​និយម​ចង់​រក្សា​ស្បែក​ឱ្យមាន​ភាព​តឹង​ណែន​តាមបែប​ធម្មជាតិ គេ​និយម​ប្រើ​សារធាតុ​ផ្សំ​ពី​ធម្មជាតិ​មួយចំនួន​ដូចជា ផ្នែក​ពណ៌​ស​នៃ​ស៊ុត លាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ​រួច​លាប​នៅលើ​ផ្ទៃមុខ លុះ​ដល់ពេល​ស្ងួត គេ​ប្រើ​ទឹក​ក្តៅតិចៗលាង​សម្អាត​ល្បាយ​នោះ​ចេញរួច​សម្អាត​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់។ វិធី​មួយទៀត​ដែល​អាចជួយ​ឱ្យ​ស្បែក​តឹង​ណែន​ល្អ​នោះ​គឺ ម៉ាស​ត្រសក់ និង​ផ្លែ​ប៊័រ។ សារធាតុ​ផ្សំ​ដែល​គេ​យកមកប្រើ​មានដូចជា ស៊ុត​ស ម្សៅ​ទឹកដោះគោ ផ្លែ​ប៊័រ និង​ផ្លែ​ត្រសក់។

    យក​គ្រឿងផ្សំ​ទាំងអស់​ដាក់ចូល​គ្នា​កិន​ឱ្យ​ម៉ដ្ឋ​រួច​យកទៅ​ទុក​ក្នុង​ទូទឹកកក​ឱ្យ​ត្រជាក់​រយៈពេល​ប្រមាណ​ជា1ម៉ោង បន្ទាប់មក​សឹម​លាប​ល្បាយ​នោះ​នៅលើ​ផ្ទៃមុខ និង​ក។ រួច​ទុកចោល30នាទី ហើយ​សឹម​លាង​វា​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហៗ បន្ទាប់មក​សម្អាត​វា​ឱ្យ​ស្អាត​ម្តងទៀត​ជាមួយ​ទឹក​ត្រជាក់។

    ស្បែក​ស​ស្អាត

    ដោយសារតែ​ក្រូចឆ្មារ​ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុង​ការជួយ​ឱ្យ​ស្បែក-ស​ភ្លឺ​ថ្លា ព្រោះ​វា​មាន​ជាតិ​អាស៊ីត​ដែល​អាចជួយ​ប្រែ​ពណ៌​ស្បែក​ពី​ខ្មៅ​មកជា​សបាន។ ប៉ុន្តែ​ដោយសារ​ថា​ក្រូចឆ្មារ​តែ​ម្យ៉ាង​អាច​បណ្តាលឱ្យ​ស្បែក​រមាស់ ហេតុនេះហើយ​បានជា​គេ​ត្រូវការ​ជំនួយ​ពី​ទឹក ដើម្បី​កាត់បន្ថយ​ភាព​កាត់​របស់​វា។ ទឹក និង​ទឹក​ក្រូចឆ្មារ​ត្រូវ​ប្រើ​ក្នុង​ល្បាយ​ស្មើគ្នា រួច​យក​អេ​ប៉ុងទន់ៗមក​ជ្រលក់​ក្នុង​ទឹក​ល្បាយ​នោះ ហើយ​លាប​នៅលើ​ស្បែក​របស់​អ្នក។

    ទុកចោល15នាទី រួច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅឧណ្ហ។ ចំណែក​អ្នកខ្លះ បានជ្រើសរើស​ម៉ាស​ប៉េងប៉ោះ ព្រោះ​គេ​ជឿថា​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្ថែម​ភាព​ស​ស្អាត​ដល់​ស្បែក និង​ជួយ​ការពារ​ស្បែក​ពី​កាំរស្មីព្រះអាទិត្យ​ផងដែរ។ មិនមាន​អ្វី​ច្រើន​នោះទេ គេ​គ្រាន់តែ​យក​ប៉េងប៉ោះ​ទុំ​កិន​លាយ​ជាមួយ​ម្សៅ Baking Soda ទឹកឃ្មុំ រួច​លាប និង​ត្រដុស​វាថ្នមៗនៅលើ​ផ្ទៃមុខ និង​នៅ​បរិវេណ​ករ​បស់​អ្នក​ប្រហែល5នាទី រួច​លាង​សម្អាត​ចេញ​ជាការ​ស្រេច។

    បើទោះជា​មនុស្ស​មួយ​ភាគ​និយម​ថែរក្សា​ស្បែក​តាមបែប​ធម្មជាតិ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ក៏​មិនដែល​បោះបង់ចោល​ផលិតផល​ថែរក្សា​ស្បែក​ទាំងស្រុង​នោះដែរ។ ឡេ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ និង​ក្រែ​ម​បន្ថែមសំណើម​ជាដើម នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​សម្រស់​ស្បែក​របស់​ពួកគេ។ ក្រៅពីនេះ​ពួកគេ​ក៏​នៅតែ​រក្សា​ទម្លាប់ល្អៗមួយចំនួន​ឱ្យបាន​យ៉ាង​ខ្ជាប់ខ្ជួន​ដូចជា ទទួលទាន​ទឹក បន្លែ​ឆៅ ផ្លែឈើ​ស្រស់​ហាត់ប្រាណ ហាត់​យ៉ូ​ហ្គា រក្សា​ទម្ងន់ ម៉ាស្សា ចំហុយ​ស្បែក ការពារ​ស្បែក​ពី​ការបំផ្លាញផ្សេងៗជាប់​ជានិច្ច ដើម្បីឱ្យ​ស្បែក​នៅតែមាន​សភាពស​ស្អាត​រលោង​ភ្លឺ​ថ្លា៕

  • គុណប្រយោជន៍ នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់

    គុណប្រយោជន៍ នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់

    ប្រេង​អូ​លីវ គឺជា​ប្រេង​ល្អ​បំផុត​មួយ​ដែល​អ្នកជំនាញ​តែង​យកមកប្រើ ដើម្បី​ធ្វើការ​ម៉ាស្សា​លើ​ដងខ្លួន ព្រោះ​គេ​ជឿជាក់ថា ប្រេង​អូ​លីវ​មានគុណ​សម្បត្តិ​ខ្ពស់​ក្នុង​ការជួយ​បង្កើន​សម្រស់​របស់​អ្នក ហើយ​វា​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផងដែរ។ ដូច្នេះ​បើ​មិត្ត​អ្នកអាន​ទាំងឡាយ​បានមក​មើល​ពី​គុណប្រយោជន៍​នៃ​ការ​ម៉ាស្សា​ប្រេង​ចំពោះ​សម្រស់​បន្តិច​ក៏​ល្អ​ដែរ។

    បន្ថយ​ការឈឺចាប់៖ នេះ​គឺជា​គុណប្រយោជន៍​ដ៏​ល្អ​មួយ​ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ​ចំពោះ​រាងកាយ។ ការ​ម៉ាស្សា​រាងកាយ​ដោយ​ប្រេង​អូ​លីវ​ក្តៅតិចៗអាចជួយ​សម្រួល​ដល់​ចលនា​សាច់ដុំបន្ថយ​ការឈឺចាប់ ហើយ​វា​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ជាងនេះទៅទៀត បើ​អ្នកធ្វើ​វា​រួម​ជាមួយនឹង​ការហាត់​យូ​ហ្គា ផ្នែក​ខាងក្រោយ​ខ្នង និង​ជើង​ផង​នោះ។

    បំបាត់​ភាព​ធុញថប់៖ ជីវិត​របស់​យើងម្នាក់ៗពោរពេញ​ទៅដោយ​បញ្ហា និង​សំ​ពោធ ទាំង​នៅ​កន្លែងធ្វើការ និង​នៅផ្ទះ ជាហេតុ​ធ្វើឱ្យ​អារម្មណ៍​តានតឹង​អាច​កើតមានឡើង​បាន​គ្រប់ពេលវេលា។

    ការ​ម៉ាស្សា​រាងកាយ​ដោយ​ប្រេង​អាចជួយ​ជំរុញ​ចលនា​ឈាម​ឱ្យ​ដើរ​បាន​ស្រួល បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល និង​ជួយ​បន្ថែម​ថាមពល​ដល់​រាងកាយ​ផងដែរ។

    សម្រួល​ដល់​បញ្ហា​ដំណេក៖ ក្រៅពី​ទទួល​បានការ​សម្រាក និង​កាត់បន្ថយ​ភាព​តានតឹង​ហើយ​នោះ ការ​ម៉ាស្សា​ដោយ​ប្រេង​អូ​លីវ អាចជួយ​ព្យាបាល​អាកា​រគេង​មិន​លក់បាន​ទៀតផង។

    កាត់បន្ថយ​ការ​រលាក​ដោយ​កម្តៅថ្ងៃ៖ សម្រាប់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ស្លៀកខ្លីៗ ប្រហែលជា​ត្រូវចិត្ត​ហើយ​ពេល​បានដឹងថា ការ​ម៉ាស្សា​ប្រេង​អាចជួយ​សម្រួល​បញ្ហា​នេះ​បាន។ ប្រេងអូ​លីវ​គឺជា​ប្រេង​មួយ​ប្រភេទ​ដែល​ពេញ​ទៅដោយ​គុណប្រយោជន៍​ក្នុងការ​ផ្លាស់ប្តូរ​ស្បែក​ដែល​រលា​ករោល​ឱ្យមក​នៅក្នុង​សភាព​ធម្មតា​វិញ។ លាយ​ប្រេង​អូ​លីវ និង​ទឹកស្អាត​ក្នុង​ចំណុះ​ស្មើគ្នា​ដាក់ក្នុង​ដប​មួយ រួច​ក្រឡុក​វា​ឱ្យ​រលាយ​ចូលគ្នា សឹម​យកមក​លាប​លើ​ស្បែក​ដែល​រលាក​ដោយ​កម្តៅថ្ងៃ​នោះ។ ជាតិ​ប្រេង​នឹង​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក បន្ថយ​អាការ​រមាស់ ជួយ​សម្រួលពណ៌​ស្បែក​ឱ្យ​ស​ស្មើគ្នា​ឡើងវិញ។

    ជួយផ្តល់​សំណើម​ឱ្យ​ស្បែក​ដែល​ស្ងួត៖ ជាតិ​សំណើ​មយ៉ាង​សន្ធឹកសន្ធាប់​ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ គឺជា​សារធាតុ​ផ្សំ​ម្យ៉ាង​ក្នុង​ការជួយ​កែខៃ​បញ្ហា​ស្បែក​ស្ងួត។ ជាតិ​សំណើម​ពី​ប្រេងអូ​លីវ​នឹង​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក កាត់បន្ថយ​ភាព​ស្ងួត ប្រេះ​បែក​ស្រកា អាការ​រមាស់​នៃ​ស្បែក ជាពិសេស​វា​ក៏​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ស្រស់ស្អាត​ទៀតផង។

    កាត់បន្ថយ​បញ្ហា​ចាស់​មុន​អាយុ៖ ប្រេង​អូ​លីវ​គឺជា​ធនធាន​ដ៏​ល្អ​ក្នុង​ការជួយ​កាត់បន្ថយ​ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ ថ្ងាស កន្ទុយភ្នែក ក្បែរ​បបូរមាត់ ព្រោះ​វា​ជួយ​បន្ថែម​ខូ​ឡា​ជិន និង​ភាព​តឹងណែន​ដល់​ស្បែក។ សូម​ចាំ​ថា​ការ​ម៉ាស្សា​មុខ​ជាមួយនឹង​ប្រេង​អូ​លីវ គឺជា​ទម្លាប់​ដ៏​ល្អ​ក្នុងការ​ថែរក្សា​ផ្ទៃមុខ។

    ទាំងនេះ​គឺជា​គុណប្រយោជន៍​ដែល​បានមកពី​ការ​ម៉ាស្សា​ស្បែ​កដោយ​ប្រេង​អូ​លីវ ដូច្នេះ​បើ​អ្នក​កំពុងតែ​មានចិត្ត​ចង់បាន​ភាពស្រស់ស្អាត​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ សូមកុំ​ភ្លេចស្វែងរក​ជំនួយ​ពី​ប្រេង​អូ​លីវ​ពី​ពេលនេះ​តែម្តងទៅ៕

  • អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

    នៅពេលដែល​សង្កេតឃើញ​ថា ស្បែកក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេចសៗ ឬ​ដែល​ភាសាងាយៗហៅថា អង្កែ នោះ ឡា​រ៉ែ​ន ជឿជាក់ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិត​ឃើញនោះ​គឺ ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​អង្កែ។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រកឃើញ​សាប៊ូកក់សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែកក្បាល​របស់​អ្នក​បាន ប៉ុន្តែបើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ ឡា​រ៉ែ​ន ចង់​ស្នើឱ្យ​អ្នកងា​កមក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង។

    វិធី​កម្ចាត់​អង្គែ ដោយ​ប្រេង​អូ​លីវ

    ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ ប្រេង​អូ​លីវ​ក៏​អាច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផងដែរ។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ អាចជួយ​ប​ន្ថូ​រ​អារម្មណ៍​តានតឹង បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​អង្កែ និង​បញ្ហា​របកស្បែក​ក្បាល​ផងដែរ។ ភាពសម្បូរ​បែប​នៃ​វីតាមីន E សារធាតុចិញ្ចឹម និង antioxidants ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ នឹង​ចូលទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែកក្បាល រមាស់ និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ព្រមទាំង​បន្ថយ​សភាព​ស្បែកស្ងួត​ផងដែរ។ យក​ប្រេង​អូ​លីវក្តៅៗបន្តិច​មក​ដាក់​លើ​ស្បែកក្បាល ហើយ​ម៉ាស្សាថ្នមៗលើ​ស្បែកក្បាល​ប្រហែល20នាទី។ ទុកចោល​រយៈពេល​មួយ​ម៉ោង រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច។

    វិធី​កម្ចាត់​អង្គែ ដោយ​ទឹក​ក្រូចឆ្មារ

    ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើឱ្យ​អ្នកមាន​ការបារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ ទឹកក្រូច​ឆ្មារ។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែថ្មីៗមានប្រសិទ្ធភាព​ណាស់​ក្នុងការ​កម្ចាត់​អង្កែ។ យក​ទឹកក្រូច​ឆ្មារ​មកចាក់​លើ​ស្បែកក្បាល ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សាតិចៗ រួច​ទុកចោល​មួយសន្ទុះ​សឹម​លាង​សម្អាត​ចេញ។

    វិធី​កម្ចាត់​អង្គែ ដោយ​ស្លឹក​ស្តៅ

    នៅមាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការព្យាបាល​ស្បែកក្បាល​ពី​ការកើត​អង្កែ​ដោយ​ស្លឹក​ស្តៅ។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ 2ក្បង់​ដៃ​ទៅ​ដាក់​ក្នុង​ទឹក​ក្តៅ4-5ពែង រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់។ លុះ​ព្រឹក​ឡើង យក​ទឹក​ដែល​ត្រាំ​ស្លឹក​ស្តៅ​នោះមក​កក់សក់ រួច​ទុកចោល 1ម៉ោង មុនពេល​សម្អាត​ចេញ​ដោយ​ទឹកស្អាត។

    ឡា​រ៉ែ​ន បានត្រឹមតែ​ធ្វើជា​អ្នក​ណែនាំ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក! ដូច្នេះ​សូម​សាកល្បង​វិធីងាយៗ ចំណាយ​ប្រាក់​តិច មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ហើយ​បើ​វា​មានប្រសិទ្ធភាព​ចំពោះ​ស្បែកក្បាល​របស់​អ្នកនោះ ទុក​ថា​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ៕

  • គន្លឹះ​ថែរក្សា​ថ្នាំលាបក្រចក​ឱ្យ​ជាប់​បានយូរ មិន​ងាយ​របក និង​ភ្លឺរលោង​ចែងចាំង​ជានិច្ច

    គន្លឹះ​ថែរក្សា​ថ្នាំលាបក្រចក​ឱ្យ​ជាប់​បានយូរ មិន​ងាយ​របក និង​ភ្លឺរលោង​ចែងចាំង​ជានិច្ច

    ក៏​ព្រោះតែ​ភាពស្រស់ស្អាត​គឺជា​គូ​ជាមួយនឹង​នារី​យើង​ហើយ​ទាមទារ​ឱ្យនារីៗទាំងអស់​ស្វែ​ករក​នូវ​គន្លឹះ​ក្នុងការ​ថែរក្សា​សម្រស់​ឱ្យនៅ​គង់វង្ស​ជាមួយនឹង​ខ្លួន​អ្នក ដូច្នេះហើយ​បានជានារីៗយើង​តែងតែ​ស្វែងរក​របស់​នេះ​បន្ដិច​របស់​នោះ​បន្ដិច​មក​បន្ថែម​នៅលើ​រូបរាង​របស់ខ្លួន ដើម្បីឱ្យ​មើលទៅ​មាន​ភាពស្រស់ស្អាត និង​ជាទី​ចាប់អារម្មណ៍​ពី​ក្រសែភ្នែក​អ្នកដទៃ​ដែល​គេ​បាន​សម្លឹង​មក​មើលរូប​អ្នក។ មិនមែនជា​រឿង​អ្វី​ប្លែក​នោះទេ ការ​លាបថ្នាំ​ក្រចក ក៏​ជា​រឿង​សំខាន់​មួយ​ក្នុង​ការបន្ថែម​នូវ​ភាពស្រស់ស្អាត និង​ជួយ​លើក​សម្រស់នារីៗយើង​ផងដែរ។ ហើយក៏​មាននារីៗមួយចំនួនទៀត​ដែលនិយម​លេង​ម៉ូដ​ក្រចក​គ្រប់​ពណ៌ ក៏ប៉ុន្ដែ​ទន្ទឹមនឹង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ហើយ​នោះ ក៏​អាចធ្វើឱ្យនារីៗយើង​ខកចិត្ត​ដែរ បើ​មិនដឹង​ពី​ទិ​កនិច​ក្នុងការ​ថែរក្សា​ពណ៌​ក្រចក​ឱ្យ​ភ្លឺ​ចែងចាំង​បានយូរ។

    នៅពេលដែលនារីៗចូលទៅ​ធ្វើ​ក្រចក​នៅក្នុង​ហាង​សាឡ​ន​ជា​ញឹកញាប់ នោះ​កាបូប​លុយ​របស់​អ្នក​ក៏​កាន់តែ​ស្រាល​ទៅ​ដែរ ជម្រើស​ដ៏​ល្អ​គឺ​មានតែ​ទិញ​ថ្នាំ​ក្រចក​យកមក​លាប​ដោយ​ខ្លួនឯង​នៅឯ​ផ្ទះ​វិញ។ សូមកុំ​ព្រួយបារម្ភ​ថា ការដែល​លាបថ្នាំ​ក្រចក​នៅផ្ទះ​ដោយ​ខ្លួនឯង នឹងធ្វើ​ឱ្យ​ក្រចក​របស់​អ្នក​មិន​ស្រស់ស្អាត​ដូច​នៅក្នុង​ហាងធំៗឱ្យសោះ សាកល្បង​អាន​អត្ថបទ​នេះហើយ អនុវត្តតាម ធានាថា​នឹងមិន​ខកបំណង​ឡើយ ពោលគឺ ក្រចក​របស់​អ្នកនឹង​ស្រស់ស្អាត ហើយ​ថែមទាំង​ភ្លឺរលោង​ចែងចាំង​ដូចជា ពេលធ្វើ​ក្រចក​នៅក្នុង​ហាងថ្លៃៗអី​ុ​ចឹ​ង​ដែរ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តីឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​វិធីសាស្ត្រ​ក្នុងការ​លាបថ្នាំ​ក្រចក ដែល​អាច​រក្សា​គុណភាព​ទឹក​ថ្នាំ​ឱ្យ​ជាប់​ក្នុង​រយៈពេល​យូរ មិន​ងាយ​ប្រះ របក ឬ​ហើរ​ពណ៌​ឡើយ ផ្ទុយទៅវិញ​គឺមាន​សភាព​ស្រស់ស្អាត ហើយ​ចំណេញ​ថវិកា​ទៀតផង។

    របស់​ដែល​អ្នក​ត្រូវ​ត្រៀម​មានដូចជា៖

    1. ក្រូចឆ្មារ 1 ផ្លែ
    2. ចានគោម​ធំ 1
    3. ថ្នាំលាបក្រចក
    4. កន្សែង​ជូត​ដៃ
    5. ទឹកកក​អនាម័យ 1 ថង់

    វិធី​អនុវត្តន៍

    1. ដំបូង​អ្នក​ត្រូវ​សម្អាត​ក្រចក​របស់​អ្នក​ឱ្យបាន​ស្អាត​ជាមួយ​ក្រូច​ឆា្ម​រ​ជាមុនសិន។
    1. បន្ទាប់មក​ត្រូវ​លាង​ក្រចក​ចេញ​ដោយ​ទឹកស្អាត និង​ជូត​ដោយ​កន្សែង​ជូត​ដៃ​ឱ្យ​ស្ងួត​ល្អ។
    1. ជំហាន​បន្ទាប់​គឺ អ្នក​ត្រូវ​លាបថ្នាំ​ក្រចក​តាម​ពណ៌​ដែល​អ្នក​ចូលចិត្ត​គ្រប់​ម្រាមដៃ។
    2. រួច​ចាក់​ទឹកកក​ចូលទៅក្នុង​ចានគោម​ដែលមានទឹក​សម្រាប់​ត្រាំ​ក្រចកដៃ។
    3. ក្រោយពី​បាន​លាបថ្នាំ​ក្រចក​រួចហើយ អ្នក​មិនបាច់​រង់ចាំ​ឱ្យ​ថ្នាំ​ក្រចក​ស្ងួត​នោះទេ ពោលគឺ អ្នក​អាច​យក​ម្រាមដៃ​ដាក់​ត្រាំ​នៅក្នុង​ទឹកកក រួច​ត្រាំ​រយៈពេល​ពី2-3នាទី ជាការ​ស្រេច។
    4. បន្ទាប់ពី​បាន​ត្រាំ​ជាមួយ​ទឹកកក​ហើយ នោះ​អ្នកនឹង​សង្កេតឃើញថា​ថ្នាំ​ក្រចក​គឺ​ស្ងួត​លឿន​ណាស់ ហើយ​មាន​សភាព​ភ្លឺរលោង​ចែងចាំង​តែម្ដង ថែមទាំង​រក្សា​ភាពជា​ប់​បាន​រយៈពេល​យូរ​ទៀតផង។

    សូមកុំ​ភ្លេច​សាកល្បង​អនុវត្ត​នៅផ្ទះ​ទាំងអស់គ្នា​ណា៎!

  • ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅ​ឧណ្ឌៗរាល់​ព្រឹក ល្អ​ចំពោះ​សុខភាព

    ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅ​ឧណ្ឌៗរាល់​ព្រឹក ល្អ​ចំពោះ​សុខភាព

    ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​គឺជា​រឿង​សំខាន់ មិន​ថា​អ្នក​ស្ថិតនៅក្នុង​វ័យ​ណា​នោះទេ។ ដោយឡែក​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន ធ្លាប់បាន​ជម្រាបជូន​ពី​អត្ថប្រយោជន៍​របស់​ផ្លែក្រូច​ឆ្មារ និង​ទឹកឃ្មុំដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព​ស្បែក សម្រស់ និង​សារពាង្គកាយ​ជាច្រើន​អត្ថបទ​រួចមកហើយ នៅពេលនេះ​សូម​ងាក​មក​យល់ដឹង​ពី​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ល្អ​ចំពោះ​សុខភាព​វិញ​ម្តង។

    ឡា​រ៉ែ​ន សូម​ណែនាំ​អំពី​ការ​ទទួលទាន​ភេសជ្ជៈ ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ដែល​ធ្វើឱ្យ​សុខភាព​របស់​អ្នកមាន​ភាពល្អ​ប្រសើរឡើង និង​មិន​ងាយ​មាន​ជំងឺ​ឱកាសនិយម​កើត​ឡើងលើ​រូបអ្នក​ឡើយ។

    ការ​ទទួលទាន​ភេសជ្ជៈ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ក្តៅឧណ្ហៗរាល់​ព្រឹក ជា​ទង្វើ​ដែល​ហុច​ផល​ល្អ​ដល់​សុខភាព​ដូចជា៖

    1/ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
    ក្រូចឆ្មារ និង​ទឹកឃ្មុំ អាច​ប្រមូល​ជាតិពុល​ចេញពី​ក្នុង​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ។ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ច្រើន​ហួស​កម្រិត​នៅពេល​យប់ ឬ​ទទួលទាន​សារជាតិ​ខ្លាញ់​ច្រើន នោះ​អ្នក​គួរតែ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗលាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ ព្រោះ​វា​អាចជួយ​លាង​សម្អាត​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ល្អ និង​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

    2/ បន្សាប​ជាតិពុល និង​បញ្ចុះ​ទឹកនោម
    ការ​ពិសា​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ នៅពេល​ព្រឹក​គឺ​ជួយ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ជាពិសេស វា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​អត្រា​ទឹកនោម និង​ជួយ​សម្រួល​ដល់​ទឹកនោម​ឱ្យមាន​សុខ​ភាពល្អ​ផងដែរ។

    3/ ជួយ​ឱ្យ​ដកដង្ហើម​បាន​ស្រស់ថ្លា
    ដូច​អ្នក​បានដឹងហើយថា ក្លិន​មាត់​វា​តែងតែ​កើតមានឡើង​នៅពេល​ក្រោកពីដំណេក​ពេលព្រឹក ប៉ុន្តែ​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​ក្តៅ លាយ​ជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ វា​ជួយ​សម្រួល​ដល់​ក្លិន​មាត់​របស់​អ្នក​ធ្វើឱ្យ​ខ្យល់​ដង្ហើម​មាន​ភាពស្រស់ថ្លា។ បន្ថែម​ពីនេះ​ទៅទៀត វា​អាច​សម្លាប់​មេរោគ​ក្នុង​មាត់​បាន​ថែម​ទៀតផង។

    4/ ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា
    ដោយសារតែ​ទឹកឃ្មុំ និង​ក្រូចឆ្មារ មាន​សារធាតុ​បំប៉ន​ជាច្រើន ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ដូច​បំណង ព្រោះ​វា​បាន​ទៅ​ជម្រុះ​ជាតិ​ខ្លាញ់​នៅក្នុង​ស្បែក​របស់​អ្នក។ ជាពិសេស​ទៀត​នោះ វា​ជួយ​ការពារ​ការកើត​មុនធំៗ និង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ម៉ដ្ឋ​រលោង។

    5/ សម្រក​ទម្ងន់
    ចំពោះ​ចំណុច​នេះ មនុស្ស​មួយចំនួនធំ​តែង​គិតថា​ការទទួល​ទាន​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​បែបនេះ អាចជួយ​ស្រក​ទម្ងន់​បាន ប៉ុន្តែ​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​ណាមួយ​បានបញ្ជាក់​នោះទេ។ ទន្ទឹមនឹង​មិនមាន​ភស្តុតាង​វិទ្យាសាស្ត្រ​បានបង្ហាញ​ក៏ដោយ ក៏​វា​មិនបាន​ធ្វើឱ្យ​មនុស្ស​ទាំងអស់​បញ្ឈប់​នូវ​វិធី​ស្រក​ទម្ងន់​បែបនេះ​ឡើយ ពោលគឺ​ពួកគេ​នៅតែ​និយម​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ដ​ដែរ ព្រោះ​ពួកគេ​គិតថា​វា​អាចជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ​ពិតមែន។

    6/ ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ
    អ្នកជំនាញ​ធ្លាប់បាន​បកស្រាយ​ថា ការទទួល​ទាន​ទឹក​ក្តៅឧណ្ហៗជាមួយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ នៅពេល​ព្រឹក​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​រឹងមាំ។ ចំពោះ​ទឹកឃ្មុំ មាន​សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីតកម្ម ហើយ​ក្រូចឆ្មារ​សម្បូរ​ទៅដោយ​ជាតិ​វីតាមីន C ដែល​ជួយ​ប្រឆាំង​អុកស៊ីតកម្ម ថែមទាំង​ធ្វើឱ្យ​រាងកាយ​របស់​អ្នកមាន​សភាព​ស្រ​ឡូ​ន​ស្អាត​ថែម​ទៀតផង៕

  • ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

    ប្រតិកម្ម 9យ៉ាង​របស់​រាងកាយ ដែល​អ្នក​គិតថា​ជា​រឿង​ប្រក្រតី… តែ​មិន​ប្រក្រតី​ទេ

    ទំព័រ​សុខភាព​លេខ​នេះ ឡា​រ៉ែ​ន មាន​ខ្លឹមសារល្អៗ ពាក់ព័ន្ធ​នឹង​សុខភាព​រាងកាយ​ដែល​មិត្ត​អ្នកអាន​អាច​នឹងមិន​ធ្លាប់​បានដឹង​ពីមុនមក​ជម្រាបជូន។

    ជា​ប្រក្រតី​រាងកាយ​របស់​មនុស្ស​យើង​មានប្រតិកម្ម​ជាច្រើន​ដែល​មនុស្ស​ភាគច្រើន​គិតថា វា​ជា​រឿង​ប្រក្រតី​ធម្មតា​ដែល​កើតឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តាម​ធម្មជាតិ ដូចជា ការ​ស្ងាប និងការ​កណ្ដាស់​ជាដើម ទាំងអស់នេះ​វា​ជា​រឿង​អស្ចារ្យ​ម្យ៉ាង​របស់​រាងកាយ​មនុស្ស​យើង តែ​ការពិត​វា​ជា​យន្តការ​មួយ​ក្នុងការ​ការពារ​ខ្លួន​របស់​រាងកាយ​អ្នក​ហ្នឹងឯង ទើប​ថ្ងៃនេះ ឡា​រ៉ែ​ន សូមនាំ​ប្រតិកម្ម9យ៉ាង​របស់​រាងកាយ​ម​នុស្ស​យើង​មក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា​បានដឹង។

    1/ កណ្ដាស់៖ ជា​ប្រក្រតី​អ្នកនឹង​កណ្ដាស់​នៅពេល​ច្រមុះ​របស់​អ្នកមាន​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង ដូចជា ធូលី​ដី​ក្លិន​ឆួល ឬអ្វី​ម្យ៉ាង​ដែល​ប៉ះពាល់​សាច់​ភ្នាស​ច្រមុះ​ខ្លាំង​ជ្រុល​ពេក ដូច្នេះ​ទើប​ការ​កណ្ដាស់​ប្រៀបដូចជា​ការ​កម្ចាត់​សំរាម​ចេញពី​រាងកាយ​ដែរ។

    2/ ស្ងាប៖ ជា​ប្រតិកម្ម​ម្យ៉ាង​ដែល​រាងកាយ​ធ្វើឡើង​ដើម្បីឱ្យ​ខួរក្បាល​ត្រជាក់​ចុះ បន្ទាប់ពី​ខួរក្បាល​បានទទួល​កម្ដៅ​ខ្លាំង​ជ្រុល​ពេក។

    3/ ព្រឺ​សម្បុរ (ព្រឺរោម)៖ វា​ជាការ​បន្ថយ​បរិមាណ​កម្ដៅ​នៅក្នុង​រាងកាយ​តាមរយៈ​រន្ធ​រោម ដើម្បី​ជាការ​ផ្ដល់​ភាពកក់ក្ដៅ​ចំពោះ​រាងកាយ​ក្នុង​សភាព​អាកាសធាតុ​មិន​អំណោយផល។

    4/ ភ្ញាក់​កន្ត្រាក់​ពេល​គេង​លក់៖ ជា​អា​ការដែល​ពេល​អ្នក​កំពុង​គេង​លក់​ទៅហើយនោះ សុខៗស្រាប់តែ​កើត​អាការ​ភ្ញាក់​កន្ត្រាក់​ភ្លាម​ឡើង​តែម្ដង។ ជាការ​កន្ត្រាក់​របស់​សាច់ដុំ ដែល​ជួនកាល​វា​អាច​កន្ត្រាក់​ខ្លាំង​រហូតដល់​អ្នកខ្លះ​សឹងតែ​ធ្លាក់​ពីលើ​គ្រែ​ផង​ក៏មាន។ វា​ជា​លទ្ធផល​មកពី​ក្រោយពេល​រាងកាយ​លង់លក់​ទៅ ចង្វាក់​នៃ​ការដកដង្ហើម​នឹង​ធ្លាក់ចុះ​ទាបភ្លាមៗ ហើយ​ខណៈពេល​ជាមួយគ្នា ជីពចរ​ក៏​នឹង​លោត​យឺត​ដែរ រួមទាំង​សាច់ដុំ​ក៏​បន្ធូរ​ខ្លួន​ដែរ​ផង​នោះ ដូច្នេះ​ទើប​ខួរក្បាល​ត្រូវ​ធ្វើឱ្យ​រាងកាយ​ស្វាហាប់​ឡើងវិញ ដើម្បី​មិនឱ្យ​ប្រព័ន្ធផ្សេងៗធ្វើការ​យឺត​រហូតដល់​ឈប់​ធ្វើការ ទើប​ខួរក្បាលបញ្ជូន​ការងារ​ធ្វើឱ្យ​រាងកាយ​អង្រួន​ឡើង​ហ្នឹងឯង។ អាច​និយាយបានថា នេះ​ជា​ភាព​អស្ចារ្យ​មួយ​របស់​ខួ​ក្បាលមនុស្ស​យើង។

    5/ ទឹកភ្នែក៖ ក្រៅពី​ការបំពេញ​តួនាទី​ការពារ​មិនឱ្យ​វត្ថុ​ចម្លែកផ្សេងៗចូលមកក្នុង​កែវភ្នែក​ហើយ​នោះ ទឹកភ្នែក​ថែមទាំង​ជា​ឧបករណ៍​ការពារ​ខាង​អារម្មណ៍​ទៀតផង ដោយ​អ្នកវិទ្យាសាស្ត្រ​ជឿថា ក្នុង​ស្ថានការណ៍​ដែល​តានតឹង រាងកាយ​នឹង​សាង​ចំណាប់អារម្មណ៍​ទៅ​កន្លែង​ផ្សេង ទើប​ធ្វើឱ្យ​កែវភ្នែក​ក្រហាយ និង​យំ​ស្រក់​ទឹកភ្នែក​ចេញមក។

    6/ ស្បែក​ឡើង​ផុយ៖ ក្រោយពី​រាងកាយ ឬ​ស្បែក​មនុស្ស​យើង​ត្រូវ​ទឹក ឬ​ត្រាំ​ក្នុង​ទឹក​អស់​រយៈពេល​យូរ គេ​សង្កេតឃើញថា ស្បែក​ឡើង​ជ្រួញ​ផុយ ជាពិសេស​នៅលើ​ដៃ​និង​ជើង។ វា​ជា​រឿង​ដែល​កើតឡើង​បាន បើសិនជា​រាងកាយ​បានទទួល​ភាព​ទទឹក​សើម​ក្នុង​បរិមាណ​ខ្ពស់ ដូច្នេះ​ស្បែក​នឹង​ចាប់ផ្ដើម​សម្រួល​ខ្លួន​ភ្លាម ដើម្បីឱ្យ​អាច​ចាប់​កាន់​វត្ថុ​រាបស្មើរលោងៗបាន​យ៉ាង​ងាយ។

    7/ ការបាត់បង់​ការចង​ចាំ៖ ច្រើនតែ​កើតឡើង​ក្រោយពី​បាន​ជួប​ហេតុការណ៍​អាក្រក់​បំផុត ដូច្នេះ​ទើប​ខួរក្បាល​ធ្វើការ​លុប​ការចងចាំ​នោះ​ចោល។

    8/ ត្អើក៖ ការទទួល​ទាន​អាហារ​យ៉ាង​រហ័ស​លេប​អាហារ​ដុំធំៗ ឬ​ទទួលទាន​ច្រើន​ជ្រុល​ពេក នឹង​ហុច​ផល​រំខាន​ប្រព័ន្ធ​ប្រសាទ Pneumogastric បន្ទាប់ពីនោះ​ប្រព័ន្ធ​ប្រសាទ​នឹង​ត​ភ្ជាប់​មករក​ក្រពៈ និង​ក្បាំង​ខ្យល់​របស់​អ្នក​ធ្វើឱ្យ​កើតការ​ត្អើក​ឡើង។

    9/ ការ​ពន្យឺត ឬ​ពត់​ខ្លួន៖ តាម​សញ្ជាតិញាណ​អ្នក​តែងតែ​ពន្យឺត ឬ​ពត់​ខ្លួន​ដើម្បី​ត្រៀម​ភាព​ប្រុងប្រៀប​សម្រាប់​រាងកាយ តែ​ក្នុងខណៈពេល​ជាមួយគ្នា​នោះ ការ​ពន្យឺត​សាច់ដុំ​ក៏​ជួយ​ស្ដារ​ចរន្តឈាម​រត់ និង​ជួយ​បង្កើន​អារម្មណ៍​ឱ្យ​រាងកាយ​មាន​ភាពស្វាហាប់​ផងដែរ៕

  • គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការសម្រេច​កាម​ដោយ​ខ្លួនឯង

    គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ការសម្រេច​កាម​ដោយ​ខ្លួនឯង

    តាមរយៈ​ការស្ទង់មតិ​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នកស្ម័គ្រចិត្ត និង​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវភេទ​បានបញ្ជាក់​ឱ្យដឹងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺមាន​អត្រា​ខ្ពស់បំផុត ហើយក៏​ជា​វិធីសាស្ត្រ​ដ៏​ពេញនិយម​ទាំង​មនុស្ស​ស្រី ក៏ដូចជា​មនុស្ស​ប្រុស​ផងដែរ រហូតដល់​អត្រា​ប្រមាណ​ជាង 92% ខណៈដែល​ប្រមាណ​ជា8%ផ្សេងទៀត លាចាក​ពី​ចំណង់​ផ្លូវភេទ​ដោយសារ​វ័យ​ជរា និង​ជំងឺ​ជាដើម។ ចង់ដឹង​ទេ​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ? បើ​ចង់​ជ្រាប​ច្បាស់​សូម​បន្ត​ការអាន​នៅ​អត្ថបទ​ខាងក្រោម​នេះ។

    អ្វី​ទៅជា​ការសម្រេច​កាម? គឺជា​ការ​ដាស់​ចំណង់​ផ្លូវភេទ ដោយ​ការប្រើ​ដៃ​ក្ដោប ប្រើ​ម្រាមដៃ ឬ​ប្រើ​ឧបករណ៍​សិច​សិប្ប​និមិត្តផ្សេងៗច្រើន​រូបភាព​ជាដើម។

    គុណសម្បត្តិ

    មានការ​លើកឡើងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ចំណុច​ល្អជា​ច្រើន ដូចជា អាចបំពេញ​ចំណង​ផ្លូវភេទ​របស់ខ្លួន​បាន​គ្រប់​ពេលដែល​នឹក​ចង់ និង​គ្រប់​ទីកន្លែង, មិន​ចំណាយថវិកា, មាន​សុវត្ថិភាព​ខ្ពស់ មិន​ឆ្លង​រោគផ្សេងៗ ដូចជា មេរោគ HIV ដែល​បណ្តាលអោយ​កើត​ជំងឺអេដស៍ ជំងឺ​កាមរោគ ជំងឺថ្លើម​ប្រភេទ​B, C, ជំងឺ​ប្រមេះ, ជំងឺ Chlamydia និង​ជំងឺ​ឆ្លងតាមការ​រួមភេទ​ជាច្រើន​ទៀត។ មិនចាំបាច់​ខាត​ពេលវេលា មិន​សាំ​ចិត្ត និង​មិន​អស់ប្រាក់​កាស​ក្នុង​ការជួប​ជាមួយ​ដៃគូ។ បន្ថែម​ពីនេះ សម្រាប់​អ្នក​ដែល​ចូលចិត្ត​សម្រេច​កាម​អាចមាន​អត្រា​ចៀសឆ្ងាយ​ពី​ជំងឺស្ត្រេស មិនសូវ​ជួប​បញ្ហា​នៃ​ជំងឺ​ផ្តាសាយ បំបាត់​អារម្មណ៍​តានតឹង ជាពិសេស អាច​ផ្លាស់ប្ដូរ​រសជាតិ​នៃ​ជីវិត​សិច​បាន​តាមរយៈ​ឧបករណ៍ផ្សេងៗ តាម​ការចង់បាន​រប​ស់​ខ្លួន។

    គុណវិបត្តិ

    បើទោះជា​យ៉ាងណាក៏ដោយ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក៏មាន​ផលប៉ះពាល់​ដែលជា​ចំណុច​អវិជ្ជមាន​ផងដែរ ខណៈដែល​មនុស្ស​មួយចំនួន​គិតថា​វា​ជា​ទង្វើ​អសីលធម៌ ប្រាសចាក​ពីគន្លង​សាសនា និង​ជា​សកម្មភាព​ខុសពី​ធម្មជាតិ។

    អ្វីដែល​ជាការ​ប៉ះពាល់​បំផុត​នោះ​គឺ នៅក្នុង​អំឡុងពេល​កំពុង​ប្រព្រឹត្ត​កាម ដំណើរ​ឈាម​ក្រោម​ស្បែក (Ecchymosis) នៃ​សរីរាង្គ​ប្រដាប់ភេទ អាច​កើតឡើង​ទាំង​បុរស​ទាំង​ស្ត្រី ជាពិសេស​នៅពេលប្រើ​ឧបករណ៍​សិច​សិប្ប​និមិត្ត វា​អាច​នឹង​ធ្វើឱ្យ​ឈឺចាប់​ខ្លាំង ព្រោះ​វា​មិនមាន​ទឹករំអិល​គ្រប់គ្រាន់។ បន្ថែម​ពីនេះ នៅពេល​ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​ភាពងាយស្រួល​ពេក វា​អាច​បណ្តាលឱ្យ​មនុស្ស​ដែល​ញាណ​កាម ចូលចិត្ត និង​ឧស្សាហ៍​អនុវត្ត​ញឹកញាប់ ដែល​អាច​បង្កឱ្យមាន​ប​ញ្ហា​ផ្លូវចិត្ត ប្រព័ន្ធ​ប្រសាទ​ចុះខ្សោយ ប្រឈម​នឹង​ភាព​បាត់​ការចងចាំ។

    បញ្ជាក់ ៖ សម្រាប់​ការសម្រេច​កាម​ដោយ​ខ្លួនឯង អាច​ប្រព្រឹត្តទៅបាន​ចំពោះ​មនុស្សពេញវ័យ និង​មនុ​ស្សមាន​អាយុ​ក្រោម40ឆ្នាំ ទើប​មិនសូវមាន​ផលប៉ះពាល់​ខ្លាំង៕