Category: សុខភាព

  • តើ​អ្នក​ចាំបាច់​ត្រូវ “បន្ទោបង់” រាល់ថ្ងៃ​ឬ?

    តើ​អ្នក​ចាំបាច់​ត្រូវ “បន្ទោបង់” រាល់ថ្ងៃ​ឬ?

    រឿង​បន្ទោបង់(បត់​ដៃ បត់ជើង)នឹង​គិត​វា​ជា​រឿង​តូចតាច​ក៏​ថា​បាន តែបើ​សិន​ជាការ​បន្ទោបង់​ដំណើរ​ការមិន​ប្រក្រតី​វិញ​នោះ វា​អាចធ្វើឱ្យ​យើង​មិន​ស្រួល​សប្បាយខ្លួន មិន​ស្រួល​ពោះ និង​អាច​រំខាន​ទៅដល់​ការទទួល​ទាន​អាហារ ការរំលាយ​អាហារ​​ និង​មាន​ក្ដី​ទុក្ខវេទនា​ពី​អាការ “ទល់លាមក” ឬ​កើតរោគ “ឫសដូងបាត” ទៀតផង។ តែ​ការណ៍​នឹង​ធ្វើឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​បន្ទោបង់​ដែល​ល្អក៏​អាចជា​រឿង​លំបាក​ដែរ​សម្រាប់​មនុស្ស​ជាច្រើន។

    អ្នកជំនាញ​ខាង​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​បាន​បញ្ជាក់ថា “រាងកាយ​របស់​មនុស្ស​យើង​មាន​ភាពស្មុគស្មាញ ការធ្វើការងារ​របស់​អវយវៈផ្សេងៗរបស់​មនុស្សម្នាក់ៗអាច​នឹងមាន​ភាពខុស​ប្លែក​គ្នា​បន្តិចបន្តួច មិនថាតែ​រឿង​ការ​គេង​សម្រាក​លង់លក់ ការ​បន្ទោបង់​ទាំង​ធំ និង​តូច ជា​រឿង​ដែល​មើលទៅ​ហាក់ដូច​ជាធម្មតា​សម្រាប់​មនុស្ស​ជាច្រើន​នោះ អាច​នឹង​ក្លាយជា​រឿង​លំបាក​សម្រាប់​មនុស្ស​មួយចំនួន​បាន ជាពិសេស​រឿង “បន្ទោបង់”។ អ្នកខ្លះ​អាចមាន​អារម្មណ៍​ថា ក្នុង 1ថ្ងៃ​ត្រូវ​បន្ទោបង់​យ៉ាងតិច 1ដង ព្រោះ​បើសិនជា​ពេញ​មួយថ្ងៃ មិន​បន្ទោបង់​សោះ​នោះ នឹងមាន​អារម្មណ៍​ទើសទាល់ណែនៗពោះ និង​អាច​ហុច​ផល​ឱ្យនៅ​ថ្ងៃ​បន្ទាប់មក​ធ្វើឱ្យ​ពិបាក​បន្ទោបង់ ឬ​បន្ទោបង់​ពិបាក​ខ្លាំង រហូត​អាច​កើត​អាការ​ទល់លាមក​ទៀតផង តែ​អ្នកខ្លះ​កន្លងមក 2 – 3ថ្ងៃ​ទើប​បត់ជើង​ម្ដង តែ​ក៏​បន្ទោបង់​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនមាន​អារម្មណ៍​ថា​ពិបាក​អ្វី​ឡើយ ដូច្នេះហើយ​ទើប​រឿង​របស់​ការ​បន្ទោបង់​សម្រាប់​មនុស្សម្នាក់ៗហាក់ដូចជា​ខុសប្លែក​ពីគ្នា និង​ច្រើនបែប​ច្រើនយ៉ាង​តាម​ការធ្វើការ​របស់​ប្រព័ន្ធ​បន្ទោបង់ រួមទាំង​ដំណើរ​ជីវិត អាហារ​ការហូបចុកផ្សេងៗជាដើម​ផងដែរ”។

    ចំនួន​ដង​នៃ​ការ​បន្ទោបង់​ដែល​ស័ក្តិសម​របស់​មនុស្សម្នាក់ៗក៏​ហាក់ដូចជា​ខុសប្លែក​ពីគ្នា​ខ្លាំងដែរ។ តាមរយៈ​របាយការណ៍​ពី​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ការ​បន្ទោបង់​ដែល​ល្អ​ដល់​សុខភាព​រាងកាយ​ខ្លាំង​បំផុត នឹង​ស្ថិតក្នុង​ចំនួន​តាំងពី3ដង​ក្នុង​មួយថ្ងៃ រហូត​ទៅដល់3ដង​ក្នុង​មួយ​សប្ដាហ៍ និង​តិចជាង 40%ដែល​បាន​រកឃើញថា មាន​អ្នក​បន្ទោបង់​មួយថ្ងៃ 1ដង។

    យ៉ាងណាក៏ដោយ ចំនួន​ដង​របស់​ការ​បន្ទោបង់​អាចពាក់ព័ន្ធ​នឹង​អាការ​របស់​រោគ​ឆ្លង​ប្រភេទ​ខ្លះ​ដែរ ដូចជា រោគ​រាករូស(ដែល​ធ្វើឱ្យ​មានការ​បន្ទោបង់​ច្រើនដង) មហារីក(បន្ទោបង់​ចេញមក​ជា​ឈាម) ឬ​បើសិនជា​គ្មាន​ការ​បន្ទោបង់​សោះ ក៏​អាចជា​សញ្ញា​ដាស់តឿន​របស់​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ទោបង់​ដូចគ្នា។

    តើចាំបាច់​ត្រូវតែ​បន្ទោបង់​ឱ្យបាន​ក្នុង​មួយថ្ងៃ 1ដង​ឬទេ?
    អ្នកស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​មកពី​ស្ថាប័ន​វិទ្យាសាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់ថា “ការ​បន្ទោបង់​ឱ្យបាន​មួយថ្ងៃ 1ដង​មិនមែនជា​រឿង​ចាំបាច់​ទេ តែបើ​បន្ទោបង់​តិចជាង3ដង​ក្នុង​មួយ​សប្ដាហ៍ អាច​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ឡើង​បាន ដូចជា​កើតរោគ​ឫសដូងបាត ឬ​រន្ធ​គូទ​កើតមាន​របួស​ដោយសារ​លាមក​មាន​ទំហំ​ធំ និង​រឹង​រហូត​ធ្វើឱ្យមាន​ឈាម​ចេញមក​ជាដើម”។

    “អាការ​ទល់លាមក​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ តាំងពី​បណ្ដាលមកពី​ការព្យាបាល​របស់​ជំងឺ​មួយចំនួន(ដោយសារ​ផលប៉ះពាល់​ពី​ថ្នាំ​ប្រភេទ​ខ្លះ ) និង​មូល​ហេតុដែល​ច្បាស់លាស់​បំផុត​នោះ​គឺ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​តិច​ជ្រុល​ពេក។

    គន្លឹះល្អៗក្នុងការ​ធ្វើឱ្យ​ការ​បន្ទោបង់​ល្អ​ប្រក្រតី
    ងាយៗបំផុត​គឺ បន្ថែម​អាហារ​ដែលមាន​ជាតិកាក​សរសៃ​ឱ្យបាន​ច្រើនឡើង​នៅក្នុង​ពេលបាយម្ដងៗ ដូចជា​​ ​បន្លែ ផ្លែឈើ ធញ្ញជាតិ សណ្ដែក និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើនឡើង។ ការហាត់​ប្រាណ​ជាប្រចាំ​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង​ដូចគ្នា​ដែរ។ បើ​ចាប់ផ្ដើម​មាន​អាការ​ទល់លាមក តឹង​ណែន​ពោះ ចង់​បត់ជើង លោកអ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​ច្រើនឡើង ឬ​ញ៉ាំ​អាហារ​ដែលមាន​ប្រូ​បៃ​អូ​ទិ​កស៍ ដូចជា​ ទឹកដោះគោ​ជូរ យ៉ា​អួរ និង​ គីម​ឈី ក៏​អាចជួយ​បាន​ដូចគ្នា​ដែរ៕

  • វិធីងាយៗក្នុងការលេបថ្នាំគ្រាប់ ឱ្យកាន់តែងាយស្រួលឡើង

    វិធីងាយៗក្នុងការលេបថ្នាំគ្រាប់ ឱ្យកាន់តែងាយស្រួលឡើង

    មនុស្សជាច្រើនមានបញ្ហាជាមួយការលេបថ្នាំគ្រាប់ មិនថាតែកូនក្មេង ឬមនុស្សធំពេញវ័យហើយនោះឡើយ អ្នកខ្លះដល់ថ្នាក់ក្អួតចេញមកវិញបន្ទាប់ពីខំព្យាយាមលេបគ្រាប់ថ្នាំឱ្យបានទៀតផង ហើយអ្នកខ្លះទៀតដល់ថ្នាក់ត្រូវយកថ្នាំគ្រាប់ទាំងនោះទៅដាក់ក្នុងទឹកឱ្យរលាយ ឬកិនជាម្សៅ និងជួនកាលថែមទាំងដកស្រោមកាប់ស៊ូលចេញយកតែម្សៅថ្នាំខាងក្នុងមកលាយជាមួយទឹកដើម្បីលេបក៏មាន។

    វិធីលេបថ្នាំគ្រាប់យ៉ាងងាយៗ
    ការសិក្សាស្រាវជ្រាវ ពីមហាវិទ្យាល័យ Heidelberg នៅក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំបង្ហាញពីតិចនិកងាយៗក្នុងការជួយឱ្យយើងលេបថ្នាំគ្រាប់បានយ៉ាងងាយស្រួលដូចតទៅ ៖
    1. ចាក់ទឹកចូលទៅក្នុងដបប្លាស្ទិក ឬដបទឹកភេសជ្ជៈ។
    2. ដាក់គ្រាប់ថ្នាំនៅលើអណ្ដាត ឬអាចដាក់ទៅជិតគល់អណ្ដាតក៏បាន។
    3. ប្រើបបូរមាត់ទាំងខាងលើ និងខាងក្រោមពាំមាត់ដបឱ្យជាប់ និងជិតកុំឱ្យទឹក ឬខ្យល់ហៀរចេញទៅក្រៅមាត់បាន។
    4. លើកគូទដបទឹកឡើងឱ្យទឹកហូរចូលទៅក្នុងមាត់ ហើយក្នុងពេលដែលទឹកកំពុងហូរចូលមាត់នោះ ចូរបន្ថែមកម្លាំងបឺតទឹកចូលទៅក្នុងមាត់ដំណាលគ្នាផង។ កុំឱ្យមានខ្យល់ចូលទៅក្នុងអំឡុងពេលញ៉ាំទឹក។

    អ្នកដែលធ្វើការសាកល្បងលេបថ្នាំដោយវិធីនេះប្រមាណជា140នាក់បានរកឃើញថាការលេបថ្នាំដោយវិធីនេះ (បិទភ្នែកខណៈ ពេលលេបថ្នាំផង) ជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើងជាង 60% បើប្រៀបធៀបនឹងការលេបថ្នាំគ្រាប់ដោយញ៉ាំទឹកពីកែវ។

    ក្រៅពីនេះនៅមាន 1វិធីទៀតដែលអាចជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើង និងទទួលជោគជ័យដែលស័ក្តិសមជាមួយថ្នាំគ្រាប់ប្រភេទកាប់ស៊ូល នោះគឺ៖
    1. ដាក់ថ្នាំគ្រាប់កាប់ស៊ូលនៅលើអណ្ដាត។
    2. ក្រេបទឹកចូលទៅក្នុងមាត់មួយក្អឹក តែបៀមទុកសិន កុំអាលលេប។
    3. ឱនមុខ ឱ្យចង្កាចង្អុលមកដើមទ្រូង។
    4. រួចលេបទឹកចូលទៅដំណាលគ្នានឹងថ្នាំខណៈពេលកំពុងឱនមុខនោះ។ ភាគច្រើនថ្នាំគ្រាប់កាប់ស៊ូល ច្រើនតែមានទម្ងន់ស្រាល និង អណ្ដែតលើទឹក នៅពេលយើងឱនមុខ ហើយលេបថ្នាំដែលកំពុងអណ្ដែតលើទឹកនោះ វានឹងធ្វើឱ្យការលេបថ្នាំគ្រាប់កាប់ស៊ូលក្លាយជារឿងដែលកាន់តែងាយស្រួលឡើង។ វិធីនេះអាច បង្កើនប្រសិទ្ធភាពក្នុងការលេបថ្នាំបានច្រើន ដល់ទៅ 89% បើប្រៀបធៀបនឹងការញ៉ាំទឹក ដើម្បីលេបថ្នាំពីកែវទឹកដោយវិធីធម្មតា។

    ក្រៅពីវិធីទាំង2ខាងលើ ដែលជួយឱ្យការលេបថ្នាំគ្រាប់ក្លាយជារឿងងាយស្រួលហើយនោះ បើសិនជាសាកល្បងធ្វើហើយនៅតែមិនបានផលទៀត ចូរសាកល្បងញាត់គ្រាប់ថ្នាំចូលទៅក្នុងនំទន់ៗ ដូចជា ចាហួយ ឬនំអាកោជាដើមមុននឹងដួសជាដុំតូចៗ ហើយលេប ចូល ទៅទាំងដុំ ឬក៏កិនថ្នាំឱ្យម៉ដ្ឋ ហើយលាយជាមួយនំទន់ៗ ឬហាន់គ្រាប់ថ្នាំជាបំណែកតូចៗ ហើយលេបម្ដង 1បំណែកៗក៏អាចជួយឱ្យការលេបថ្នាំប្រព្រឹត្តទៅបានងាយស្រួលដែរ៕

  • តើ​គួរ​ជ្រើសរើសវ៉ែនតា​បែបណា ឱ្យ​ស័​ក្ដិសម​នឹង​ភ្នែក​របស់​អ្នក?

    តើ​គួរ​ជ្រើសរើសវ៉ែនតា​បែបណា ឱ្យ​ស័​ក្ដិសម​នឹង​ភ្នែក​របស់​អ្នក?

    ជឿថា​មនុស្ស​ភាគច្រើន​នៅក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ បាន​ជ្រាប​ដឹង​អំពី​គ្រោះថ្នាក់​នៃ​កម្ដៅថ្ងៃ​កើតឡើង​ចំពោះ​ស្បែក ហើយក៏​មានការ​ការពា​រ​ស្បែ​កដោយ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ​ជាច្រើន​ផលិតផល ដែលមាន​លក់​នៅលើ​ទីផ្សារ​ផងដែរ។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ប្រាប់​អតិថិជន​ថា គ្រោះថ្នាក់​ចំពោះ​ស្បែក ដោយសារ​កម្ដៅថ្ងៃ​អាច​នឹង​ធ្វើឱ្យ​ស្បែក​ខ្មៅ​ជាំ ស្បែក​ឡើង​ប្រេះ ស្ងួត ស្រអាប់ មិន​ស្រស់ថ្លា ហើយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ អាច​នឹង​កើត​ជំងឺមហារីក​ស្បែក ដោយសារ​កាំរស្មី​យូ​វី (UV)។ គ្រូពេទ្យ​ជំនាញ​បាន​ប្រាប់​ឱ្យដឹងថា កាំរស្មី UV មិន​ត្រឹម​តែមាន​គ្រោះថ្នាក់​ចំពោះ​ស្បែក​តែមួយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​គ្រោះថ្នាក់​យ៉ាង​សាហាវ​ចំពោះ​ភ្នែក​របស់​អ្នក​ដូចគ្នា​ដែរ។ កាំរស្មីព្រះអាទិត្យ​មួយ​នេះ បាន​បង្ក​ឱ្យ​ភ្នែកមាន​អាការ​ឈឺ​ចុកចាប់​ដូចជា ក្រហាយ​ភ្នែក ហូរ​ទឹកភ្នែក ភ្នែក​ឡើង​ក្រហម ភ្នែក​ឡើង​សរសៃ​ក្រហមតូចៗ ភ្នែក​ឡើងបាយ ទឹក​ដក់​ក្នុង​ភ្នែក និង​រលាក​ប្រ​ស្រី​ភ្នែក​ជាដើម។ ទោះជា​យ៉ាងណាក៏ដោយ មាន​មនុស្ស​ភាគតិច​ណាស់ ដែល​បាន​ចាប់អារម្មណ៍​ការពារ​ភ្នែក​ពី​កម្ដៅថ្ងៃ ខណៈដែល​ពួកគេ​ធ្វើដំណើរ​លើផ្លូវ​វែងឆ្ងាយ។ ការការពារ​ភ្នែក​ពី​កាំរស្មី UV ជា​រឿង​ដ៏​សំខាន់បំផុត ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ភ្នែក​របស់​អ្នក។ មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ តែ​ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​លើកយក​នូវ​វិធី​ប្រើប្រាស់​វ៉ែនតា​ការពារ​កម្ដៅថ្ងៃ សម្រាប់​ចែកជូន​ប្រិយមិត្ត​អ្នកអាន​ឱ្យបាន​ជ្រាប​ដូចតទៅ។

    1. តើ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ត្រូវ​ប្រើ វ៉ែនតា​ខ្មៅ ឬ​វ៉ែនតា​ការពារ​កាំរស្មី UV?
    វ៉េ​ន​តាខ្មៅ​ការពារ​កម្ដៅថ្ងៃ ឬ​កាំរស្មី UV ជាទូទៅ​គឺមាន7ពណ៌​ដូចជា ពណ៌​ស្វាយ ពណ៌​ទឹកសមុទ្រ ពណ៌​ខៀវ ពណ៌​បៃតង ពណ៌​លឿង ពណ៌​ការ៉ុត និង​ពណ៌​ក្រហម។ ពណ៌​ទាំងអស់នេះសុទ្ធសឹងតែ​ជា​ពណ៌​ដែល​អាច​ទប់ទល់​នឹង​ក​ម្ដៅ​ថ្ងៃ​បាន​យ៉ាង​ល្អ ដូច្នេះ​រាល់​វ៉ែនតា​ការពារ​កម្ដៅថ្ងៃនីមួយៗ តែងមាន​ពណ៌​ទាំងអស់នេះ ចម្រុះ​គ្នា​នៅក្នុង​សាច់​កញ្ចក់​វ៉ែនតា និង​ទៅតាម​ការនិយម​ពេញចិត្ត​របស់​អ្នកប្រើប្រាស់ ក្នុងការ​រៀបចំ​ស្ទា​យល៍រៀងៗខ្លួន។ យ៉ាងណាមិញ បើទោះបីជា​ពណ៌​ដែល​បាន​រៀបរាប់​ទាំងអស់នេះ អាច​ការពារ​ពន្លឺព្រះអាទិត្យ​បាន​ក្ដី ក៏​វា​មិនអាច​ទប់ទល់​បាន​ពេញ100%បាន​នោះទេ។ អ្នក​ត្រូវ​បន្ថែម​នូវ​បន្ទះ​ការពារកាំរស្មី UV មួយ​ជាន់​ទៀត។ នៅលើ​កញ្ចក់​វ៉ែនតាដែល​បានសរសេរថា UV 400 ឬ UV 100% នោះ​សុទ្ធសឹងតែ​មានការ​បញ្ជា​ក់​ការពារ​យ៉ាង​ត្រឹមត្រូវ។ តែ​យ៉ាងណាមិញ អ្នក​មិនគួរ​ជ្រើសរើស​ប្រើប្រាស់​វែ​៉​នតា​ដែលមាន​ពណ៌​ខ្មៅ​ខ្លាំង ឬ​កញ្ចក់​ខ្មៅ​តែម្ដង​នោះទេ ព្រោះថា ពណ៌​ខ្មៅ វា​ជា​ពណ៌​ដែល​ស្រូប ឬ​ចម្លង​កម្ដៅថ្ងៃ​បាន​យ៉ាង​ប្រសើរ​បំផុត នោះ​វា​អាច​នឹង​ងាយ​ស្រូប​កម្ដៅ​ចូលក្នុងរង្វង់​ភ្នែក​របស់​អ្នក នាំឱ្យ​ភ្នែក​របស់​អ្នក​ងាយ​រងគ្រោះថ្នាក់​ទៅវិញ។

    2. ការជ្រើសរើស​វ៉ែនតា​ឱ្យ​ស័ក្ដិសម​នឹង​អ្នក
    * វ៉ែនតា​ដែល​ការពារ​ភ្នែក​ពី​កាំរស្មីព្រះអាទិត្យ​បាន100%។
    * ជ្រើស​រើសមុខ​កញ្ចក់​ដែល​អាច​បិទបាំង​រង្វង់​ភ្នែក​បាន​ពេញ មិនឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បី​ការពារភ្នែក​មិនឱ្យ​ឡើង​ជាំខ្មៅ ។
    * វ៉ែនតា​ត្រូវ​បន្ថែម​បន្ទះ​ការពារ​កាំរស្មី​យ៉ាងហោច1ជាន់​បន្ថែមទៀត ត្រូវ​ពិនិត្យ និង​សាក​ល្បងមើល​ជាមួយ​ពន្លឺ​ថ្ងៃ​ថា​តើ មាន​ពន្លឺ​ចូល​ភ្នែក​ដែល​ឬទេ? មុននឹង​សម្រេចចិត្ត​ទិញ​យកមកប្រើ។
    * ជ្រើសរើស​វ៉ែនតា​ដែល​ផ្ទុយ​នឹង​ទម្រង់​មុខ​របស់​អ្នក ដូចជា អ្នក​ដែល​មានមុខ​មូល មិនគួរ​ជ្រើស​វ៉ែនតា​ណា ដែលមាន​រូបរាង​មូល​ដែរ​នោះទេ។
    * ទំហំ​នៃ​កញ្ចក់​វ៉ែនតា​ត្រូវ​តូច​ល្មម​សម​នឹង​ទំហំ​មុខ​របស់​អ្នក។
    * វ៉ែនតា​ដែល​អ្នក​ពាក់​ចាំបាច់​ត្រូវតែ​សមស្រប​ទៅនឹង​បុគ្គលិកលក្ខណៈ​របស់ខ្លួន​អ្នក​ផងដែរ។ មានន័យថា បើ​អ្នកជា​មនុស្ស​សុភាពរាបសា​រ មិនគួរ​ពាក់​វ៉ែនតា​ណា​ដែលមាន​ម៉ូដ​ហ៊ឺហារ ឡូយឆាយ​ជ្រុល​ពេក​នោះទេ។

    3. ការប្រើប្រាស់​កញ្ចក់​កែវភ្នែក (Contact Lens)
    គ្រូពេទ្យ​ជំនាញ បាន​ប្រាប់​ឱ្យដឹងថា ការប្រើ​កញ្ចក់​កែវភ្នែក ឬ Contact Lens នៅក្នុង​កម្ដៅថ្ងៃអាចមាន​ផល​អាក្រក់ ដូចជា មានឱកាស​ឆ្លង​មេរោគ ធ្វើឱ្យ​ភ្នែក​ស្ងួត និង​កញ្ចក់ភ្នែក​ខ្វះ​អុក​ស៊ី​ហ្ស៊ែន ជាពិសេស​កញ្ចក់ Lens ដែល​ឃោសនា​ថា មាន​ទឹកជា​សមាសធាតុ​ផ្សំ​ច្រើន​នោះ គឺអាច​ធ្វើឱ្យ​ភ្នែក​ស្ងួត​លើស​ដើម។ សម្រាប់​កញ្ចក់ Lens ពណ៌ផ្សេងៗនោះ ម៉ាក​ខ្លះ​មិនមាន​ស្តង់ដារ អាចធ្វើឱ្យ​អាល់​លែ​ក​ហ្ស៊ី រលាក ឬ​ធ្វើឱ្យ​ស្ងួត​ភ្នែក​លើស​ដើម ដោយសារ​កញ្ចក់ Lens ប្រភេទ​នេះក្រាស់​ជាង​ធម្មតា រីឯ​កញ្ចក់​ពា Lens មួយចំនួនទៀត អាច​កោង​ខុប​ខ្លាំង ដើម្បីឱ្យ​អ្នក​ពាក់​មើលទៅ​ឃើញ​ភ្នែក​ធំ នោះ​វា​ធ្វើឱ្យ​កញ្ចក់ Lens កោង អាច​សង្កត់​គែម​កញ្ចក់ភ្នែក​កាន់តែខ្លាំង​ឡើង។ សម្រាប់​ការថែទាំ​កែវភ្នែក បើ​អ្នក​ពាក់​កញ្ចក់ Lens នោះ អ្នក​ត្រូវ​ថែទាំ​ជាពិសេស មិន​ថា​ជា​កញ្ចក់ Lens បែប​មី​ញ៉ូ​ប ឬ​កញ្ចក់ Lens បែប​ពណ៌ផ្សេងៗនោះទេ អ្នក​គួរតែ​ត្រៀម​នូវ​ទឹក​លាង​សម្អាត​កញ្ចក់ភ្នែក (ទឹកភ្នែក​សិប្បនិម្មិត) ដែលមាន​លក់​ទូទៅ សម្រាប់​លាង​សម្អាត និង​កម្ចាត់​មេរោគ​ឱ្យបាន​ល្អ៕

  • គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    កំលោះៗ ក្រមុំៗអាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើនច្រើនតែងរកវីតាមីនមកញ៉ាំដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅវីតាមីន B ក៏សំខាន់ចំពោះរាងកាយ​មិនតិចជាងវីតាមីនប្រភេទផ្សេងទៀតឡើយ​ ជាពិសេសវីតាមីន B12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួលវីតាមីន B12 គ្រប់គ្រាន់ អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយក្នុងផ្នែកផ្សេងៗបាន។

    ប្រយោជន៍របស់វីតាមីន B12
    វីតាមីនB មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម​្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យមមនុស្សក្នុងវ័យធ្វើការគួរបានទទួលវីតាមីន B12 ក្នុង1ថ្ងៃ 2.4មីក្រូក្រាម ហើយវីតាមីន B12 ក៏ដូចវីតាមីនដទៃទៀតដែរដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន​ និងត្រូវតែទទួលបានពីអាហារដែលអ្នកទទួលទានប៉ុណ្ណោះ។

    បច្ច័យប្រថុយប្រថានដែលអាចធ្វើឱ្យរាងកាយបានទទួលវីតាមីនB12តិចជ្រុល
    បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រថុយនឹងការបានទទួលវីតាមីន B12 តិចជ្រុល ៖
    ទទួលទានមំសវិរតិ(មិនបរិភោគសាច់​សត្វ) ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីនB12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប​ អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។

    អ្នកកើតជំងឺ ខ្រូន (Crohn ជាភាពខុស ប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយ អាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំ ដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីនB12 បាន តិច ព្រោះវីតាមីន B12 នឹង ត្រូវបឺតជ្រាបយកបានត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។

    អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីន B12 បានតិចទៅតាមហ្នឹងដែរ។

    គ្រោះថ្នាក់ចំពោះសុខភាពដោយសារការខ្វះវីតាមីន B12
    1. ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍) ធ្វើ
    ការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការ ទទួលដឹងក្លិនផ្លាស់ប្ដូរ។
    2. មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង។
    3. ពិបាកដើរ បាត់បង់ភាពរហ័សរហួន(ដើរ ទ្រេតទ្រោត ជើងទាំងពីរដើរមិនមានតុល្យភាពគ្នា)។
    4. ប្រថុយនឹងសភាវលោហិតស្លេក។
    5. ហើម ឬរលាកអណ្ដាត។
    6. រិះគិត ឬ វិភាគរឿងផ្សេងៗដើម្បីរកហេតុ ផលមិនសូវបាន ឬការចងចាំបាត់បង់អស់មួយ ចំណែក។
    7. ទប់ ឬទ្រាំការបន្ទោបង់មិនបាន។
    8. សុខភាពជារួមចុះទន់ខ្សោយ។
    9. ឆាប់ ឬងាយនឿយល្វើយ។
    10. ឆាប់ ឬងាយវិតក្កកង្វល់ និងស្រេ្ត
    11. សោកសៅ ឬចេះតែមើលឃើញទិដ្ឋ- ភាពអាក្រក់ៗ។
    12. ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។

    វិធីបង្កើនបរិមាណវីតាមីន B12 ក្នុងរាងកាយ
    1. ទទួលទានវីតាមីន B12 បន្ថែមពីពេលញ៉ាំអាហារប្រក្រតី(គួរទៅទទួលយកការប្រឹក្សានិងពិនិត្យសុខភាពដោយលម្អិត។អំពីគ្រូពេទ្យមុននឹងទិញមកទទួលទាន)។
    2.ទទួលអាហារដែលមានវីតាមីនB12ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ។

    ចំណេះដឹងបន្ថែមដែលមនុស្សយើងច្រើនតែយល់ខុសពាក់ព័ន្ធនឹងវីតាមីន B12
    អត្ថបទនៅក្នុងអុីនធើណិតអាចមាន ការអធិប្បាយថា វីតាមីនB12អាចការពារជំងឺខួរ ក្បាលចុះខ្សោយ ជំងឺបេះដូង ជំងឺរ៉ាំរ៉ៃ គ្រោះថ្នាក់ផ្សេងៗ រួមទាំងកែបញ្ហាសភាវគ្មានបុត្រ ជំងឺសើរស្បែក និងជំងឺផ្សេងៗទៀតជាច្រើនទៀត ដែលទាំងអស់នេះច្រើនតែចេញមកពីការសិក្សាវិ ភាគ ដែលមិនទាន់មានភ័ស្តុតាងច្បាស់លាស់នៅឡើយ។

  • បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    សាច់ដុំ​ក្បាលពោះ6កង់ (Six Packs) សាច់ដុំ​ទ្រូង ឬ​សាច់ដុំ​ស្មា​បើក​រីក​ធំ សុទ្ធសឹង​ជា​ក្ដី​ប្រាថ្នា​របស់​សុភាពបុរស​ទាំងឡាយ។ កន្លែង​សាច់ដុំ​ផ្នែក​នៃ​រាងកាយ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​បុរស​មាន​រូបរាង​សង្ហា និង​ទាក់ទាញ។ តើ​អ្នកមាន​បានដឹង​ទេ​ថា នៅពេលដែល​បុរស​និយម​ហាត់ប្រាណ​យក​សាច់ដុំ ធ្វើឱ្យ​បាត់បង់​សារធាតុ​រ៉ែ​នៅក្នុង​រាងកាយ? សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជាច្រើន​នៃ​រាងកាយ។ ដូច្នេះ ទង្វើ​នៃ​ការហាត់​ប្រាណ ធ្វើឱ្យ​សារធាតុ​រ៉ែ​មានការ​ថយចុះ ហើយ​ចុះ​អ្នកត្រូវការ​បំពេញ​សារធាតុ​រ៉ែ​អ្វីខ្លះ​ចំពោះ​រាងកាយ?

    1. កាល់ស្យូម
    តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​របស់​អ្នក គឺ​នៅ​ចន្លោះ800មី​លី្ល​ក្រាម​ទៅ1,300មី​លី្ល​ក្រាម។ ជាតិ​កាល់ស្យូម​មាន​សារៈសំខាន់ សម្រាប់​ការបង្កើត​ភ្នាស​កោសិកា។ អ្នកត្រូវការ​កោសិកា​ទាំងនេះ​សម្រាប់​ការសាងសង់​ឆ្អឹង សាច់ដុំ បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រោយ ឬ​មុនពេល​ហាត់ប្រាណ ត្រូវ​មាន​ទម្លាប់​ទទួលទាន​ទឹកដោះគោ​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ។

    2. ប៉ូ​តា​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ពី2,500មី​លី្ល​ក្រាម​ទៅ4,700មី​លី្ល​ក្រាម​ក្នុង​របប​អាហារ​របស់​ពួកគេ។ ប៉ូ​តា​ស្យូ​ម ជួយ​ក្នុងការ​សាងសង់​សាច់ដុំ រក្សា​ការលូតលាស់​របស់​រាង​កាយ និង​កោសិកា។ សារធាតុ​ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែឈើ​ដូចជា ផ្លែ​ចេក ផ្លែ​ប៊័រ និង​ពពួក​សណ្តែក​ជាដើម។ ក្រោយពេល​ហាត់ប្រាណ​រួច អ្នក​អាច​ចម្អែត​ក្រពះ​ដោយ​អាហារ​ទាំងអស់នេះ ជំនួស​ចំណីអាហារ​ក៏បាន។

    3. ផូស្វ័រ
    អ្នកត្រូវការ​ជាតិ​រ៉ែ​ផូស្វ័រ​ប្រមាណ800មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ។ រ៉ែ​ប្រភេទ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការបង្កើត​ឆ្អឹង និង​ការផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង។ វា​មាននៅ​ក្នុង​អាហារ​ដូចជា គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង ផ្លែ​ផា​សិន ល្ហុង និង​ផ្លែ​ស្រកានាគ។

    4. សូ​ដ្យូ​ម
    ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក រាងកាយ​អ្នកត្រូវការ​ជាតិ​សូ​ដ្យូ​ម​ប្រមាណ​ពី1,500មី​លី្ល​ក្រាម​ទៅ2,500មី​លី​ក្រាម។ សារធាតុ​សូ​ដ្យូ​ម ជួយ​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ទឹក​សរុប និង​កម្រិត pH នៅក្នុង​រាងកាយ។ វា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ។ សូ​ដ្យូ​ម មាននៅ​ក្នុង​ប្រភេទ​ទឹករ៉ែ និង​អំបិល។

    5. ម៉ាញ៉េ​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​ប្រហែល350មី​លី្ល​ក្រាម​ទៅ420មី​ល្លី​ក្រាម នៅក្នុង​របប​អាហារ​របស់​អ្នក។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម និង​គ្រប់គ្រង​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​នៅក្នុង​រាងកាយ។ ម៉ាញ៉េ​ស្យូ​ម មាននៅ​ក្នុង​អាហារ និង​ផ្លែឈើ​ដូចជា ក្រូចឆ្មារ ទឹកដូង ផ្លែទៀប ផ្លែ​ពុទ្រា និង​ផ្លែ​ឈូក​ជាដើម៕

  • 7 សញ្ញា​គ្រោះថ្នាក់​ ដែល​ប្រាប់ថា ដល់ពេល​ព្យាបាល ឫសធ្មេញ ហើយ

    7 សញ្ញា​គ្រោះថ្នាក់​ ដែល​ប្រាប់ថា ដល់ពេល​ព្យាបាល ឫសធ្មេញ ហើយ

    អាការ​ឈឺធ្មេញ អាច​បញ្ជាក់ប្រាប់​អំពី​អា​ការខុស​ប្រក្រតី​របស់​ធ្មេញ​បាន​ច្រើនយ៉ាង មិនថាតែ​ធ្មេញ​ពុក ធ្មេញ​ទាល់ ធ្មេញ​បែក ឬ​រលាក​អញ្ចាញធ្មេញ​នោះឡើយ តែបើ​ជា​អា​ការដែល​បង្ហាញថា ឫសធ្មេញ​របស់លោក​អ្នក​ដល់ពេល​វេលា​ត្រូវ​ចូលទៅ​ទទួល​ការជួសជុល​ជាបន្ទាន់​វិញ​នោះ ច្រើន​តែមាន​សញ្ញា​គ្រោះថ្នាក់​ដែល​ខ្លាំង​ជាង​គ្រាន់តែ​ឈឺធ្មេញ​ធម្មតា។

    សញ្ញា​គ្រោះថ្នាក់… ដល់ពេល​ត្រូវ​ព្យាបាល ឫសធ្មេញ ហើយ
    1. កើត​អាការ​ឈឺធ្មេញពើតៗ តាម​ចង្វាក់​លោត​របស់​ជីពច​រ។
    2. ឈឺធ្មេញ​ខ្លាំង​ពេល​ទំពា និង​ខាំ​អាហារ។
    3. ឈឺ និង​ហើម​អញ្ចាញ​ដោយសារ​អាការ​អញ្ចាញធ្មេញ​ឆ្លង​មេរោគ។
    4. ឈឺ​នៅពេល​ធ្មេញ​ប៉ះគ្នា។
    5. ឈឺធ្មេញ​ដោយ​មិនដឹង​មូលហេតុ។
    6. ឈឺធ្មេញ សូម្បីតែ​ពេល​គេង​នៅពេល​យប់។
    7. ឈឺធ្មេញ​ដោយ​មិនចាំបាច់​មាន​អ្វី​មក​ជំរុញដូចជា ទឹក​ត្រជាក់ ឬ​អាហារ​ដែលមាន​រសជាតិ​ផ្អែម(នំ ឬ​បង្អែម)។

    ហេតុអ្វី​យើង​ត្រូវ​ព្យាបាល​ឫសធ្មេញ?
    ដោយសារ​ឫសធ្មេញ​អាចមាន​ភាពខុសប្រក្រតី​ដោយសារ​ការឆ្លង​មេរោគ ការ​រលាក តាមរយៈ​អាការ​ធ្មេញ​ពុក​ធ្លុះ​ទៅដល់​បណ្ដុំ​ប្រសាទ​ធ្មេញ មាន​ធ្មេញ​ដែល​ប្រេះ ឬ​បែក​រហូត​ទៅដល់​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ ធ្មេញ​បានទទួល​ការបុក​ប៉ះ​ខ្លាំង​រហូត​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ឧប្បត្តិហេតុ រហូត​ធ្វើឱ្យ​មេរោគ​ចូលទៅ​បំផ្លាញ​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ​នៅ​ខាងក្នុង​បាន។

    តើ​ត្រូវធ្វើ​ដូចម្ដេច នៅពេល​ត្រូវ​ព្យាបាល​ឫសធ្មេញ?
    បច្ចុប្បន្ន​មាន​វិធី​ព្យាបាល​ឫសធ្មេញ​ជាច្រើន​ដែល​ពាក់ព័ន្ធ វា​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​របស់​ឫសធ្មេញ​ដែល​ត្រូវ​បំផ្លាញ និង​ការពិនិត្យ​វិនិច្ឆ័យ​របស់លោក​គ្រូពេទ្យ។ ចាប់ផ្ដើម​តាំងពី​ការ​រ៉​ធ្មេញ​ដើម្បី​បើកផ្លូវ​ចូល​ឆ្ពោះទៅរក​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ កម្ចាត់​សាច់​ភ្នាស​ដែលមាន​ឆ្លង​មេរោគ​ចោល លាង​សម្អាត​ចង្អូរ​ឫសធ្មេញ​ ដើម្បី​មិនឱ្យ​មេរោគ​ត្រឡប់​ចូលមក​ជាថ្មីទៀត។ បន្ទាប់ពីនោះ​ទើប​ងាក​មក​ស្ដារ​សភាព​ឫសធ្មេញ​ជាបណ្ដើរៗឡើងវិញ ដែលមាន​តាំងពី​ការដាក់​ដាំ​បង្គោល​ធ្មេញ ការបណ្ដុះ​ឆ្អឹង បណ្ដុះ​សាច់​អញ្ចាញ (បើសិន​ចាំបាច់) រួម​ទៅដល់​ការបិទ​ប្រហោង​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ត្រឡប់មក​មាន​រូបរាង​លក្ខណៈ​ដូចដើម​វិញ​ជាដើម ដែល​អ្នកជំងឺ​នឹង​អាច​ប្រើប្រាស់​ធ្មេញ​ទំពា​អាហារ និង​មើលថែទាំ​សម្អាត​ដោយ​ការ​ដុសធ្មេញ និង​ប្រើ​អំបោះ​ខាត់​ធ្មេញ​បាន​ដូច​ប្រក្រតី។

    ការថែរក្សា​ធ្មេញ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ការពារ​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ​ដែល​ត្រូវ​បំផ្លាញ
    1. សម្អាត​ធ្មេញ​ដោយ​ការ​ដុសធ្មេញ និង​ប្រើ​អំបោះ​ខាត់​សម្អាត​ធ្មេញ​យ៉ាង​ត្រូវ​តាម​វិធី យ៉ាងតិច​ក្នុង​មួយថ្ងៃ 2ដង ព្រឹក-ល្ងាច ឬ​ប្រើ​អំបោះ​ខាត់​សម្អាត​ធ្មេញ​គ្រប់ពេល​ក្រោយ​បរិភោគ​អាហារ។
    2. មិន​ប្រើ​ធ្មេញ​ខាំត្របាក់ ខាំ​បំបែក​របស់រឹងៗ ឬ​ខាំ​ទាញ​វត្ថុស្វិតៗ ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​រង​ការខូចខាត។
    3. បើ​ទទួល​គ្រោះថ្នាក់​ឧប្បត្តិ​ហេតុដែល​ធ្វើឱ្យ​ធ្មេញ​បាក់បែក​ខូចខាត ដូចជា​ របើក​ធ្មេញប្រេះ បែកជាដើម​នោះ គួរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា។
    4. បើ​មាន​អាការ​ឈឺធ្មេញ ឈឺ​អញ្ចាញធ្មេញ ឬ​មាន​ភាពខុសប្រក្រតីផ្សេងៗ ដូច​ជា មាន​ក្លិន​មាត់​មិនល្អ​ខ្លាំង​ជាដើម គួរ​ប្រញាប់​ទៅ​ជួប​ទន្តពេទ្យ។
    5. ទៅ​ជួប​ទន្តពេទ្យ​រៀងរាល់6ខែម្ដង៕

  • នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    ឈ្មោះថា សត្វល្អិត ឬ​ព្រូន មិន​ថា​ជា​អ្វី​ក៏ដោយ គ្មាន​នរណាម្នាក់​ចង់ឱ្យ​វា​ចូលមក​នៅក្នុង​រាងកាយ​របស់​យើង​ឡើយ មែន​ទេ? តែ​បើសិនជា​យើង​ចៃដន្យ​វាក់អ៊ើ​សត្វ​ព្រូន​សរសៃវែងតូចៗ ទន់ៗនៅក្នុង​សាច់ជ្រូក ឬ​ក្នុង​គ្រឿងក្នុង​ជ្រូក​ក្នុងអំឡុងពេល​ចម្អិន​ម្ហូបអាហារ ឬ​យ៉ាប់​ជាង​នោះ​ទៅទៀត​គឺ ខាំ​ចូល​មាត់​ទំពា​ខ្ញាច់ៗរួចទៅហើយ​កន្លះ​ដុំ​នោះ តើ​វា​នឹង​បង្ក​ជា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ដែរឬទេ? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ!

    តើ​សត្វល្អិត ឬ​ព្រូន​ក្នុង​សាច់ជ្រូក​ឆៅ គឺជា​ព្រូន​ប្រភេទ​ណា?
    ព្រូន​នៅក្នុង​សាច់ជ្រូក​ដែល​យើង​ច្រើន​ប្រទះឃើញ​ជា​ព្រូនអំបោះ​ដែលមាន​លក្ខណៈសរសៃៗតូចៗ ទន់ៗ ពណ៌ក្រហមៗដែល​នឹង​ចូលទៅក្នុង​ខ្លួន​របស់​សត្វ​ជ្រូក​តាមរយៈ​ការ​ស៊ី ដោយ​ជ្រូក​អាច​នឹង​ស៊ី​អាហារ​ដែលមាន​លាយឡំ ឬ​ប្រឡាក់​លាមក​ដែលមាន​ស៊ុត​របស់​ព្រូន ទើប​ធ្វើឱ្យ​ស៊ុត​ព្រូន​ចូលទៅ​រីក​ធំធាត់​នៅក្នុង​ពោះវៀន សួត និង​អវយវៈ​ខាងក្នុង​ផ្សេងទៀត​របស់​សត្វ​ជ្រូក។ បើសិនជា​សត្វ​ជ្រូក​មិន​បានទទួល​ការចិញ្ចឹម​ថែទាំ​យ៉ាង​ស្អាត ត្រូវ​នឹង​សុខ​អនាម័យ និង​មិន​បានទទួល​ការទម្លាក់​សត្វល្អិត ឬ​ព្រូន​តាម​ពេល​កំណត់​ទេនោះ ក៏​គេ​អាច​ប្រទះឃើញ​មាន​ព្រូន​នៅក្នុង​ជ្រូក​ដែរ ហើយបើសិនជា​ស្ត្រី​មេផ្ទះ​លាង​សម្អាត​គ្រឿងក្នុង​ជ្រូក​មិនបាន​ល្អ ក៏​ព្រូន​អាច​ជាប់​មកជា​មួយ​ម្ហូបអាហារ​របស់​យើង​បានដែរ។

    ទទួលទាន​ដោយ​សត្វល្អិត ឬ​ព្រូន​ចូលទៅក្នុង​រាងកាយ នឹង​បង្ក​គ្រោះថ្នាក់​ឬទេ?
    ដំណឹង​ល្អ​គឺ បើសិនជា​ព្រូន​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ​ហើយ អាច​ទទួលទាន​បាន មិន​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​ទេ តែបើ​សិន​បរិភោគ​សាច់ជ្រូក​ដែលមាន​ព្រូន ឬ​ស៊ុត​ព្រូន​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ​ចូលទៅ ព្រូន​ក៏​អាច​ទៅ​រីក​ធំធាត់​នៅក្នុង​រាងកាយ​យើង​បាន ហើយ​បើសិន​កើតរោគ​ព្រូនអំបោះ​នេះហើយ អាច​នឹង​កើត​អាការ​ណែន​ដើមទ្រូង ឆាប់​ហត់​ដង្ហក់ មាន​គ្រុន​ក្ដៅខ្លួន ហើយ​បើសិនជា​ព្រូន​បង្កប់ខ្លួន​នៅក្នុង​ពោះវៀនតូច​ផង​នោះ នឹង​កើតមាន​សភាវ​ពោះធំ ខ្វះ​សារធាតុ​អាហារ ឈឺ​ចុកពោះ ក្អួតចង្អោរ ហើយបើសិន​ជាមាន​ព្រូន​ច្រើន ពួកវា​អាច​រមួល​ផ្ដុំ​ចូលគ្នា​ជា​ដុំ​រហូត​ធ្វើឱ្យ​ស្ទះ​ពោះវៀន​ធ្វើឱ្យមាន​បញ្ហា​ធំ​បាន។

    វិធី​ការពារ​រោគ​ព្រូនអំបោះ
    1 . បរិភោគ​តែ​សាច់សត្វ​ដែល​ចម្អិន​ឆ្អិន 100%។
    2 . ជ្រើសរើស​បរិភោគ​សាច់សត្វ​ដែល​ចេញ​មកពី​ប្រភព​ផលិត​ដែលមាន​ស្តង់ដារ។
    3 . បើ​ចម្អិន​ម្ហូបអាហារ​ដោយ​ខ្លួនឯង គួរ​លាង​សម្អាត​សាច់សត្វ និង​គ្រឿងក្នុង​ទាំងនោះ​ឱ្យបាន​ស្អាត​ហ្មត់ចត់។
    4 . បើ​ទទួលទាន​អាហារ​ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​ហើយ​កើតមាន​អាការ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ត។ តែ​ប៉ុណ្ណឹង​ក៏​មិនចាំបាច់​នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​ខ្លាំង​រហូតដល់​ឈប់​ញ៉ាំ​ម្ហូបអាហារ​ដែល​ធ្វើ​ពី​សាច់សត្វ​អី​ដែរ តែ​ចំណុច​សំខាន់​គឺគួរ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​មុន​ទទួលទាន​គ្រប់ពេល ដើម្បី​មិន​ប្រថុយ​នឹង​ការកើតមាន​ព្រូន​នៅក្នុង​ពោះ OK!៕

  • ស្ត្រី គួរអនុវត្តទង្វើទាំងនេះ ដើម្បីបញ្ឆេះអារម្មណ៍សិចរបស់បុរស

    ស្ត្រី គួរអនុវត្តទង្វើទាំងនេះ ដើម្បីបញ្ឆេះអារម្មណ៍សិចរបស់បុរស

    មិនថាតែចំពោះជនជាតិអាស៊ី ឬអឺរ៉ុបនោះទេ ភាគច្រើនស្រ្តីតែងតែយល់ច្រឡំ និងប្រកាន់ខ្លួនយ៉ាងដូច្នេះថា រាល់សកម្មភាពសិចជាមួយដៃគូ គឺជាការទទួលខុសត្រូវរបស់ភាគីខាងបុរសទាំងអស់ ដោយរាប់ចាប់តាំងពីពេលចាប់ផ្តើម រហូតដល់ពេលបញ្ចប់ ដោយខ្លួនឯងគ្រាន់តែអ្នកចាំបំពេញបំណងដោយការដេកស្ងៀមថ្មឹងរឹងខ្លួនដូចគល់ឈើ ឬរង់ចាំតែទទួលផលសុខស្រួលតាមតែសកម្មភាពរបស់បុរសដែលផ្តល់ឱ្យតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកជាស្ត្រីផ្ទាល់តែម្ដង ប្រសើនបើអ្នកយល់បែបនេះដែរ វាជាការខុសឆ្ងង់ដែលត្រូវតែមានការកែប្រែទម្លាប់ចាស់ ហើយងាកមកអនុវត្តនូវសកម្មភាពងាយៗជាមួយដៃគូ ដើម្បីទទួលបានសេចក្ដីសុខស្រួលទាំងអស់គ្នាក្នុងនាមជាភរិយាស្វាមី។ អ្នកគ្រាន់តែអនុវត្តនូវចំណុចងាយៗដូចខាងក្រោម៖

    ការបង្ហាញអារម្មណ៍បញ្ជាក់ពីចំណង់សិចរបស់អ្នក ៖ ​មិនថាតែចំពោះបុរសណាម្នាក់នោះទេ នៅពេលដែលនារីដែលជាដៃគូរបស់ខ្លួន បង្ហាញពីអារម្មណ៍យកចិត្តទុកដាក់ណែបនិត្យបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅបែបស្នេហា ភាគច្រើនគឺរមែងស្លុងអារម្មណ៍ទៅតាមហ្នឹងដែរជាមិនខាន។ ដូច្នេះ ប្រសិនបើអ្នកចង់បានក្ដីស្រឡាញ់ ដែលឈានទៅរកសកម្មភាពសិចជាមួយបុរសជាដៃគូ អ្នកគួរតែសាកល្បងដូចការណែនាំមួយនេះ នោះនឹងដឹងពីលទ្ធផលដែលទទួបានជាមិនខាន។

    ការប្រើដៃដើម្បីដាស់អារម្មណ៍សិចបុរស ៖ កុំថាឡើយបុរសអាចប្រើដៃរបស់ខ្លួនធ្វើជាឧបករណ៍ដាស់អារម្មណ៍នារីឱ្យមានភាពពុះកញ្ច្រោល សម្រាប់នារីក៏អាចប្រើដៃដាស់អារម្មណ៍កាមគុណបុរសបានដូចគ្នា។ នៅពេលដែលឈានចូលដល់ដំណាក់កាលទី2 ដែលអាចអន្ទងចិត្តបុរសជាដៃគូឱ្យមានអារម្មណ៍សិចជាមួយអ្នករួចហើយ ដៃរបស់អ្នកគឺមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឱ្យបុរសមានភាពត្រេកត្រអាលស្ទើរតែទប់អារម្មណ៍មិនបាន ដោយអ្នកគ្រាន់តែប្រើដៃចាប់ក្តោបក្រសោបអវៈយវៈភេទរបស់ដៃគូ(អង្គជាតិ) ហើយត្រដុសថើរទៅលើ ចុះក្រោម ដោយសកម្មភាពមួយៗ។

    បន្ថែមអារម្មណ៍សិចបុរសដោយប្រើមាត់ ៖​ អ្នកមានធ្លាប់ដឹងទេថា ការប្រើមាត់ធ្វើជាឧបករណ៍ជំនួយសិចមានឥទ្ធពលខ្លាំងដល់កម្រិតណា? វាមិនខុសគ្នាពីអ្នកដែលធ្លាប់ទទួលបានអារម្មណ៍សុខស្រួលយ៉ាងពុះកញ្ច្រោលរហូតរមួលខ្លួន ក្រោមសកម្មភាពដ៏រស់រវើកនៃអណ្តាតដៃគូលិឌប្រដាប់ភេទរបស់អ្នកនោះទេ។ បុរសក៏ដូចគ្នា។ នៅពេលអ្នកប្រើមាត់ និងអណ្តាតឃុំគ្រងប្រដាប់ភេទបុរសជាដៃគូ (បៀមប្រៀបដូចការ៉េម) នោះបុរសនឹងកើតមានអារម្មណ៍ក្ដៅពេញទាំងប្រាណរហូតមិនអាចទប់អារម្មណ៍ខ្លួនឯងបានក៏ថាបានដែរ។

    ទុកឱកាសឱ្យភាគីបុរសជាអ្នកនាំមុខ ៖ វាជាការពិតណាស់ទៅហើយ សម្រាប់អ្នកដែលជាស្រ្តីមិនអាចចាប់បង្ខំបុរសជាដៃគូឱ្យផ្តេកផ្តួលរួមដំណេកជាមួយអ្នកភ្លាមៗបាននោះទេ ប៉ុន្តែអ្នកអាចដុតបញ្ឆេះអារម្មណ៍របស់ដៃគូឱ្យឆេះក្ដៅបាន។ ជាមួយនឹងសកម្មភាពទាំងអស់ខាងលើនេះ យើងថា ភាគីខាងបុរសនឹងមិនអាចតាំងជំហរ ទប់អារម្មណ៍បាននោះទេ ហើយជាចុងក្រោយបំណងរបស់អ្នកច្បាស់ជាទទួលបានផ្លែផ្កាយ៉ាងត្រចេះត្រចង់រួមគ្នាជាមួយដៃគូជាក់ជាមិនខាន។

    ជូនពរឱ្យដំណើរជីវិតសិចជាដៃគូរបស់អ្នកទទួលបានភាពល្អប្រសើរ និងយូរអង្វែង…៕

  • អាថ៌កំបាំង​របស់​ការ “ស្ងាប‟ និង​ហេតុផល​ដែល​ធ្វើឱ្យ​អ្នកដទៃ​ត្រូវ​ស្ងាប​តាម…

    អាថ៌កំបាំង​របស់​ការ “ស្ងាប‟ និង​ហេតុផល​ដែល​ធ្វើឱ្យ​អ្នកដទៃ​ត្រូវ​ស្ងាប​តាម…

    ស្ងាប ជា​អា​ការដែល​យើង​ជួបប្រទះ​ជា​ញឹកញាប់​នៅលើ​មនុស្ស​គ្រប់​វ័យ ដែល​រហូតមក​ដល់ពេលនេះ​ហើយក៏​នៅតែ​មិនទាន់មាន​ចម្លើយ​ដែល​ច្បាស់លាស់​ណាមួយ​បញ្ជាក់ថា ហេតុអ្វី​បាន​មនុស្ស​យើង​ត្រូវ​ស្ងាប​នៅឡើយ តែមាន​ទ្រឹស្ដី​ជាច្រើន​ដែល​អធិប្បាយ​ថា ហេតុ​អី​បាន​មនុស្ស​ត្រូវ​ស្ងាប និង​ហេតុ​អី​បាន​ត្រូវ​ស្ងាប​តាម​គ្នា… ទ្រឹស្ដី​ទាំងអស់នោះ​មានដូចជា ៖

    ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​លែង​ងងុយគេង
    ជា​អ្វីដែល​យើង​បានដឹង​ច្បាស់​ទាំងអស់គ្នា​ហើយ​ថា ការ​ស្ងាប​តែងតែ​តាម​មក​ដោយ​ការធ្វើ​ចលនា​រាងកាយ ដូចជា​ ការពត់​ខ្លួន ឬ​ក្រោកឈរ​ជាដើម ដែល​ទង្វើ​ដ៏​គួរឱ្យ​រំខាន​ទាំងអស់នេះ​អាចជួយ​ទប់ស្កាត់​ អារម្មណ៍​ងងុយគេង​ដែល​កើតឡើង​បាន។ ជួយ​បន្ថែម​ភាព​ត្រជាក់​ដល់​ខួរក្បាលទ្រឹស្ដី​មួយទៀត​បាន​ប្រាប់ថា ការ​ស្ងាប​ជួយ​ឱ្យ​ខួរក្បាល​ត្រជាក់ ដោយសារតែ​ការ​ស្ងាប​នឹងធ្វើ​ឱ្យ​ត្រូវ​ស្រូប​ដង្ហើមចូលវែងៗ ដើម្បី​ទាញយក​ខ្យល់អាកាសត្រជាក់ៗចូលទៅ​តាម​មាត់ បន្ទាប់ពីនោះ​ក៏​នឹងធ្វើ​ឱ្យ​ឈាម​ដែល​កំពុង​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​ត្រជាក់​។ អ្នកកំណត់​ទ្រឹស្ដី​នេះ​បាន​អះអាងថា មានការ​សង្កេតឃើញ​សីតុណ្ហភាព​របស់​ខួរក្បាល​កើនឡើង​ខ្ពស់​ក្នុងអំឡុង​មុននឹង​កើត​អាការ​ស្ងាប និង​សង្កេតឃើញ​សីតុណ្ហភាព​ដែល​ថយចុះ​ក្នុងអំឡុងពេល​ក្រោយ​ស្ងាប​រួច។

    ហេតុ​អី​បាន​មានការ​ស្ងាបតាមគ្នា?
    ការ​ស្ងាប​ជា​ទង្វើ​ដែល​ធ្វើឱ្យ​កើតមាន​ការ​ស្ងាប​តាម​គ្នា​បាន ដូច្នេះ​ពេលដែល​ឃើញ​នរណាម្នាក់​ស្ងាប យើង​ក៏​ច្រើនតែ​ចង់​កើត​អាការ​ស្ងាប​តាម​ដែរ ដែល​អាការ​នេះ​មានការ​សន្និដ្ឋានថា ការ​ស្ងាប​តាម​គ្នា​នេះ មាន​ចំណែក​ពាក់ព័ន្ធ​នឹង​កម្រិត​ភាព​យល់ចិត្ត​យល់​ថ្លើម និង​យល់​ពី​អារម្មណ៍​របស់​អ្នកដទៃ។

    មិន​ចង់​ស្ងាប ចូរ​សាកល្បង​ធ្វើបែបនេះ…
    * ដកដង្ហើម​ចូលវែងៗ ៈ បើ​អ្នកណា​មាន​អារម្មណ៍​ថា​ខ្លួនឯង​កើត​អាការ​ស្ងាប​យ៉ាងច្រើន​នោះ ចូរ​សាកល្បង​ដកដង្ហើម​ចូល-ចេញវែងៗតាម​ច្រមុះ ព្រោះ​រាងកាយ​អាច​ត្រូវការ​អុក​សុីែហ៊្សន​ក្នុង​បរិមាណ​ច្រើនឡើង។ ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការដក​ដង្ហើមចូល-ចេញវែងៗ អាចជួយ​បន្ថយ​អាការ​ដែល​ចង់​ស្ងាបតាមគ្នា​បាន។
    * កម្រើក​រាងកាយ ៈ អ្នក​គួរ​កម្រើក​រាងកាយ​ឱ្យ​ច្រើនឡើង កុំ​អង្គុយ​នៅ​ស្ងៀម ក្រៅពីនេះ អារម្មណ៍​នឿយ​ល្វើយ ធុញទ្រាន់ និង​តានតឹង​ក៏​ច្រើនតែ​ធ្វើឱ្យ​មនុស្ស​យើង​កើត​អាការ​ស្ងាប​ច្រើន​បានដែរ។
    * ធ្វើឱ្យ​រាងកាយ​ត្រជាក់ ៈ អ្នក​អាច​ប្រើ​វិធី​ចេញទៅ​ដើរលេង​នៅក្នុង​ទីកន្លែង​ដែលមាន​ធាតុអាកាស​ល្អ ឬ​មាន​សីតុណ្ហភាព​ដែល​ត្រជាក់​ស្រួល​ជាង​កន្លែងចាស់ តែបើ​អ្នក​គ្មាន​ពេល​ក្នុងការ​ធ្វើ​បែប​នោះបាន ក៏​សាកល្បង​ញ៉ាំ​ភេសជ្ជៈត្រជាក់ៗ ឬ​ញ៉ាំ​នំត្រជាក់ៗ ដូចជា​ ការ៉េម ឬ​ទឹក​កក​ឈូស​ក៏បាន។ នៅពេល​សីតុណ្ហភាព​របស់​រាងកាយ​ត្រជាក់​ចុះ​ហើយ ប្រហែល​ជា​ជួយ​ឱ្យ​អាការ​ស្ងាប​ច្រើន​នោះ​ថយចុះ ឬ​បាត់អស់​ទៅវិញ​បាន។

    បើ​ស្ងាប​ច្រើន ឬ​ស្ងាប​ញឹកញាប់​ជ្រុល​ពេក គួរ​ទៅ​ជួប​គ្រូពេទ្យ​ឬទេ?
    អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ បើ​មាន​អារម្មណ៍​ថា​អាការ​ស្ងាប​របស់​អ្នក​មិន​ប្រក្រតី និង​មាន​អាការ​ផ្សេងទៀត​រួមជាមួយ​ដែល​អាចជា​អាការ​ដែល​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក។ អ្នក​គួរ​ប្រាប់​គ្រូពេទ្យ​ថា មាន​អាការ​ស្ងាប​កើតឡើង​នៅពេលណា រួមទាំង​អាការផ្សេងៗរួមជាមួយ​ផងដូចជា​មើលឃើញ​មិនសូវ​ច្បាស់ ឈឺចាប់​នៅត្រង់​ណាមួយ ឬ​មាន​អត់​បាន​គេង​ដែរឬទេ​ជាដើម។ ព័ត៌មាន​ទាំងអស់នេះ អាច​នឹង​ជួយ​ឱ្យ​គ្រូពេទ្យ​វិនិច្ឆ័យ​អាការ​ដែល​បង្កប់​នៅក្នុង​រាងកាយ​របស់​អ្នក​បាន រួមទាំង​ការណែនាំ​ក្នុងការ​ព្យាបាល​ដែល​ល្អប្រសើរ​ឡើង​ផងដែរ។

    ការពិតទៅ ការ​ស្ងាប​អាចជា​សញ្ញា​ខាង​រាងកាយ​ដែល​កើត​អាការ​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​រវាង​អាការ​ដឹងខ្លួន និង​អាការ​ងងុយគេង ហើយ​នៅ​ទីបំផុត​ក៏​ធ្វើឱ្យ​កើត​អាកា​រងោក និង​លក់​ក្នុង(អារម្មណ៍​គេង​លក់ តែ​ភ្នែក​នៅ​បើក)ឡើង ដូច្នេះ​បើ​ពេលនោះ​អាការ​ងងុយគេង​មានជ័យ​ជម្នះ ហើយ​ស្មារតី និង​អារម្មណ៍​របស់​មនុស្ស​ដែល​កំពុង​បើកបរ​បញ្ជា​ឱ្យ​ចត​រថយន្ត​ដើម្បី​ឈប់សម្រាក​នោះ យើង​គួរតែ​ធ្វើតាម​បញ្ជា​របស់​រាងកាយ…៕

  • 8 សញ្ញា ដាស់តឿន​ថា អ្នក​កំពុងតែ “ញ៉ាំ​ទឹក​តិចពេក​ហើយ”

    8 សញ្ញា ដាស់តឿន​ថា អ្នក​កំពុងតែ “ញ៉ាំ​ទឹក​តិចពេក​ហើយ”

    ជីវិត​ដ៏​សែន​ប្រញាប់ប្រញាល់​របស់​អ្នក អាច​នឹង​ធ្វើឱ្យ​អ្នក​ភ្លេច​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​រាងកាយ ដែល​ការ​ញ៉ាំ​ទឹកបាន​តិច​នេះ​នឹង​បង្ក​ឱ្យ​កើត​ចំណុច​អាក្រក់​ជាច្រើន​យ៉ាង រួមទាំង​ជំងឺ​ដ៏​គួរឱ្យ​ភ័យខ្លាច ដូចជា ​រលាក​ប្លោកនោម ឬ​រលាក​តម្រងនោមជាដើម​ទៀតផង។ល។ តែ​បញ្ហា​គឺ អ្នក​អាច​នឹងមិន​ដឹងខ្លួន​ថា អ្នកកំពុងតែ​ញ៉ាំ​ទឹកបាន​តិចពេក​នោះឡើយ ដូច្នេះ​អ្នក​នាំគ្នា​មក​សង្កេតមើល​រាងកាយ​របស់​អ្នក​វិញ​ប្រសើរ​ជាង​ថា តើ​ដល់ពេល​ហើយ ឬ​នៅ ដែល​អ្នកគួរតែ​បន្ថែម​ទឹក​ឱ្យ​រាងកាយ​ឱ្យបាន​ច្រើនឡើង?

    1. ការ​ស្រេកទឹក
    គឺ​ពេលខ្លះ​អ្នកអាច​នឹង​ស្រេកទឹក​ដោយ​មិនដឹង​ខ្លួន ហើយ​ពេល​បាន​ញ៉ាំ​ទឹក សឹងតែ​មិន​ចង់​ឈប់​ញ៉ាំ លើក​កែវ​ឡើង​ញ៉ាំ​តែម្ដង​អស់ហើយថែមទាំង​អាច​នៅមាន​អារម្មណ៍​ថា មិនទាន់​បាត់​ស្រេក​ទៀត។

    2. ទឹកមូត្រ​មាន​ពណ៌​លឿងចាស់-ពណ៌​ទឹកក្រូច​ជាប្រចាំ
    ពណ៌​របស់​ទឹកមូត្រ​ដែល​ប្រក្រតី​គួរតែ​ជា​ពណ៌​លឿងខ្ចី​ស្រាល និង​ក្លិន​ក៏​មិនគួរ​ឈួ​ល​ខ្លាំង​រហូត​មាន​អារម្មណ៍​ដឹងថា​ខុស​ប្រក្រតី​យ៉ាងច្បាស់​ដែរ។ ទឹកមូត្រ​ពណ៌​លឿងចាស់ ហើយ​មាន​អារម្មណ៍​ថា​ដូចជា​រាងខាប់ៗនោះ គឺ​បញ្ជាក់ថា អ្នក​ញ៉ាំ​ទឹកបាន​តិចពេក​ហើយ។

    3. បត់ជើងតូច​មិន​ដល់4ដង​ក្នុង​មួយថ្ងៃ
    មនុស្ស​ប្រក្រតី​ត្រូវតែ​ក្រោក​ទៅ​ចូល​បន្ទប់ទឹក​ដើម្បី​បត់ជើងតូច​ច្រើនជាង 4ដង​ក្នុង​មួយថ្ងៃ តែបើ​អ្នក​ដឹងខ្លួន​ថា ថ្ងៃ​ខ្លះ​ដែល​អ្នក​អង្គុយ​ធ្វើការ និង​សឹងតែ​មិនបាន​ទៅ​ចូល​បន្ទប់ទឹក​សោះ​នោះ អ្នក​គួរតែ​ដឹងខ្លួន និង​សួរ​ខ្លួនឯង​ហើយ​ថា អេ៎ ថ្ងៃនេះ​បាន​ញ៉ាំ​ទឹក​ខ្លះ​នៅ​ហ្នឹង?

    4. បបូរមាត់​ស្ងួត
    ក្រៅពី​មានប្រតិកម្ម​ចាញ់​ក្រែ​ម​លាប​មាត់​ហើយ បើ​អ្នកមាន​អាការ​ស្ងួត​បបូរមាត់​ញឹកញាប់ នោះអាច​បណ្ដាលមកពី​រាងកាយ​របស់​អ្នក​ខ្វះ​ទឹក​ច្រើន​ហើយ។

    5. ភ្នែក​ឡើង​ស្ងួត
    រឹតតែ​អ្នកណា​ដែល​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ ឬ​ពាក់​ខន់​ថិ​កលេ​នស៍​ផង​នោះ នឹង​ជួប​បញ្ហា​ស្ងួត​ភ្នែក​ញឹកញាប់ រឹតតែ​បើសិនជា​អ្នក​ញ៉ាំ​ទឹក​មិនបាន​គ្រប់គ្រាន់​ផង​នោះ ភ្នែក​របស់​អ្នកនឹង​រឹតតែ​ស្ងួត​ខ្លាំង​ឡើង។ ស្ងួត​ដល់​ថ្នាក់​ពិបាក​ពាក់​ខន់​ថិ​កលេ​នស៍ ឬ​សូម្បីតែ​ពេល​ដោះ​ក៏​រឹតតែ​ពិបាក​ដែរ ព្រោះ​ខន់​ថិ​កលេ​ន​ស៍នឹង​បឺត​ជាប់​នឹង​ភ្នែក ព្រោះ​ខ្វះ​សំណើម… គួរឱ្យខ្លាច​ណាស់​មែន​ទេ?

    6. ទល់លាមក
    ប្រាកដ​ណាស់ នៅពេល​រាងកាយ​មិនបាន​ទទួល​ទឹក​យ៉ាង​គ្រប់គ្រាន់ កាក​សរសៃ​អាហារ​ដែល​ឆ្លងកាត់​ការរំលាយ ការ​ត្រង​ចេញ​ក៏​ខ្វះ​សំណើម​ដូចគ្នា ដូច្នេះ​លាមក​នឹង​ឡើង​រឹង ពិបាក​បត់ជើង ភ្លេចៗខ្លួន​អាច​កើត​អាការ​ទល់លាមក​ញឹកញាប់ ធ្វើឱ្យ​ប្រថុយ​នឹង​ជំងឺ​ឫសដូងបាត​ទៀតផង។

    7. ស្បែក​ស្ងួត ស្លាកស្នាម​សួររក​មុខមុន​វ័យ
    ត​ឱ្យ​អ្នកមាន​ស្បែក​ឡើង​ប្រេង​ក៏ដោយ តែ​អ្នកនឹង​ក្លាយជា​មនុស្ស​ស្បែក​ឡើង​ប្រេង​ដែល​ខ្វះ​ជាតិ​ទឹក ស្បែក​របស់​អ្នកនឹង​រឹតតែ​ឡើង​ប្រេង​ខ្លាំង​ឡើង ព្រោះ​នៅពេល​អ្នកមាន​ស្បែក​ស្ងួត​ជ្រុល​ពេក ក្រពេញ​ខ្លាញ់​នៅក្រោម​ស្រទាប់​ស្បែក​នឹង​រឹតតែ​ផលិត​ប្រេង​ឡើងមក​ស្រោប​ស្បែក​មិនឱ្យ​ស្បែក​ស្ងួត។ តែបើ​អ្នកជា​មនុស្ស​ស្បែក​ស្ងួត​វិញ ក៏​នឹង​រឹតតែ​ស្ងួត​ខ្លាំង​ឡើង​ទៀត ហើយ​ចុងក្រោយ ស្លាកស្នាម​ក៏​នឹង​មក​សួរសុខទុក្ខ​មុន​វ័យ​មិន​ខាន។ សាកល្បង​សង្កេត​មើលថា តើ​ស្លាកស្នាម​នៅ​ម្ដុំ​ថ្ពាល់ ចុង​ភ្នែក និង​ថ្ងាស​មកដល់​ហើយ​ឬ​នៅ? បើ​អ្នក​អាយុ​នៅ​តិច​សោះ ស្រាប់​តែមាន​ស្លាកស្នាម​ឡើង​ពេញមុខ​ហើយ​នោះ បញ្ជាក់ថា ស្បែក​របស់​អ្នក​ខ្វះ​សំណើម​ហើយ ហើយអ្នក​អាច​ញ៉ាំ​ទឹក​មិនបាន​ច្រើន​គ្រប់គ្រាន់​ហ្នឹងឯង។

    8. ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា
    អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់ មានឱកាស​កើតរោគ​ក្រពះ ឬ​អាស៊ីត​ហូរ​បញ្ច្រាស់​ខ្លាំង​ជាង​ប្រក្រតី ព្រោះ​នៅពេលដែល​ក្រពះ​មានទឹក​មកជួយ​រំលាយ​អាហារ​មិន​គ្រប់គ្រាន់ បរិមាណ​របស់​អាស៊ីត​ក៏​នឹង​ខាប់​ខ្លាំង​ឡើងភាពរឹងមាំ​របស់​ក្រពះ​ក្នុងការ​រំលាយ​អាហារ រួមទាំង​ទឹករំអិល​ដែល​ជួយ​ក្នុងការ​រំលាយ​អាហារ​ក្នុង​ក្រពះ​ក៏​ថយចុះ អាចធ្វើឱ្យ​អាហារ​មិន​រំលាយ ធ្វើឱ្យ​តឹង​ពោះ​ឆ្អល់ពោះ ឬយូរៗទៅ​អាច​ប្រថុយ​នឹង​អាការ​អាស៊ីត​ហូរ​បញ្ច្រាស់​បាន។

    វិធី​ការពារ​មិនឱ្យ​រាងកាយ​ខ្វះ​ទឹក​ក៏ងាយៗគ្មានអ្វី​ពិបាក​សោះ ដោយ​អ្នក​គ្រាន់តែ​ដាក់​កែវ​ទឹក​នៅជិតៗខ្លួន ហើយ​លើក​ក្រេប​ឱ្យបាន​ញឹកញាប់​ពេញ​មួយថ្ងៃ និង​ត្រូវ​ញ៉ាំ​ឱ្យអស់​រៀងរាល់ថ្ងៃ ហើយ​កុំ​រវល់​តែ​វីវក់​ជាមួយ​ការងារ​រហូតដល់​ភ្លេច​ញ៉ាំ​ទឹក​ញឹកញាប់​ឱ្យសោះ។ តែ​ប៉ុណ្ណឹង​រាងកាយ​របស់​អ្នកនឹង​បានទទួល​ទឹក​យ៉ាង​គ្រប់គ្រាន់​មិន​ខាន៕