Category: សុខភាព

  • ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    លោក Mei Zhongming អាយុ​57ឆ្នាំ ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែលជា​ថ្នាក់​លើ​របស់​​សពលោក​វេជ្ជបណ្ឌិត​ Li Wenliang (ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​មុន) ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារមេរោគ​ដ៏កាច​សាហាវ​នេះ​ដែរ​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​3មិនា​នេះ​។

    វេជ្ជបណ្ឌិត Mei Zhongming អនុប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​អ៊ូហាន (Wuhan Central Hospital) គឺ​ជាថ្នាក់លើ​របស់​សព​លោក​វេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​កុម្ភៈ។ វេជ្ជបណ្ឌិត Mei បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ នៅ​ពេល​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​នេះ​ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Jinyintan Hospital ជាកន្លែង​ដែល​លោក​បាន​សម្រាក​ព្យា​បាល​ជំងឺ​។

    លោក​វេជ្ជបណ្ឌិត​ទាំង​2អ្នក​ខាងលើ​នេះ គឺជា​មនុស្ស​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ដំបូង​ទាក់ទិន​នឹង​មេរោគ​កូរ៉ូណា​។ ប៉ុន្តែ ពេល​នោះ​គ្មាន​អ្នក​ណា​ជឿ​រឿង​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វេជ្ជបណ្ឌិត​ Li Wenliang ដែល​ជា​ថ្នាក់​ក្រោម​របស់​វេជ្ជបណ្ឌិត​ Men Zhongming ថែម​ទាំង​ត្រូវ​នគរ​បាល​ហៅ​ទៅ​សួរ​នាំ​ និង​បង្ខំ​ឱ្យចុះ​ហត្ថលេខា​លើកំណត់​ហេតុ​មួយ​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

    បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​អំពីហានិភ័យ​នៃ​អាសន្ន​រោគ​កូរ៉ូណា​ដែល​អាច​រាត​ត្បាត​ពាស​ពេញផ្ទៃ​​ប្រទេស​ ពលរដ្ឋ​អាមេរិកាំង​ ក៏​ចាប់​ផ្ដើម​សម្រុក​ទៅ​ផ្សារ​ទំនើប ដណ្ដើម​គ្នា​ទិញទំនិញ​ចាំបាច់​​អស់ៗពី​ផ្សារ​។

    ព័ត៌មាន​ស្ដីអំពី​ចំនួន​អ្នក​ឆ្លងមេរោគ Covid-19 កើន​ឡើង​ច្រើន​ជាង​ 100ករណី និង​អ្នក​ស្លាប់​ចំនួន​6ករណី នៅ​ក្នុង​រដ្ឋ​ Washington​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក នាំ​គ្នាសម្រុក​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​​ យក​មក​ទុក​ប្រើ​ប្រាស់​រយៈ​ពេល​វែង​។

    លោក Duane Tanouye ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ Costco បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​200នាក់​បាន​មក​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ រង់ចាំ​ទិញ​ទំនិញ។ នៅ​ទី​នេះ អតិថិជន​ មិន​អាច​ទិញ​ទំនិញ​ឱ្យ​លើស​ពី​ការ​កំណត់​របស់​ផ្សារ​ទំនើប​នេះ​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រឹង​រើស​យក​ទំនិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ​។

    នៅ​រដ្ឋ​ New York ប្រជា​ជន​ក៏​មាន​ការ​ភ័យព្រួយ ​ខ្លាច​ខ្វះ​អាហារ​ និង​របស់​ប្រើ​ប្រាស់​ចាំបាច់ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ស្រ្តី​ម្នាក់​នៅ​ក្នុង​ខណ្ឌ Manhanttan មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ក្រោយ​ពី​បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ង់​។ ពល​រដ្ឋ​នៅ​តំបន់​នេះ ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បុគ្គលិក​ម្នាក់​របស់​ផ្សារទំនើប Whole Foods Market បាន​ឱ្យ​ដឹង​ថា ផ្សារ​ទំនើប​នេះ កំពុង​តែ​ខ្វះ​ទំនិញ​ជា​ច្រើន​មុខ​ ក្នុង​នោះ​ក៏មាន​ទឹក​សុទ្ធ​ និង​អាហារ​ក្រៀម​ជា​ដើម។ ចំណែក​ទំនិញ​ដែល​លក់​ដាច់់​បំផុត​ មាន​ដូច​ជា​ទឹក​ថ្នាំ​លាងដៃ ថ្នាំបញ្ចុះ​កម្ដៅ ទឹក​សុទ្ធ អង្ករ និង​របស់​របរ​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ក្រដាស​អនាម័យ កន្សែង​ត្រជាក់ និង​ក្រដាស​ជូត​មុខ​។ល។

    ក្រៅ​ពី​បណ្ដា​ផ្សារ​ទំនើប​នានា​ខាង​លើនេះ គេ​ក៏ឃើញ​មាន​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​។

    Nancy Messonnier ដែល​ជា​មន្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៅ​អាមេរិក កាល​ពី​ថ្ងៃទី​25កុម្ភៈ បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ Covid-19 គឺ​ពិត​ជា​ធំធេង ហើយ​ការ​ដែល​មេរោគ​នេះ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំនៅ​អាមេរិក គឺ​ជា “រឿង​ដែល​មិន​អាច​គេច​ផុត”។ ក្រុម​មន្ត្រី​បាន​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ចាប់​ផ្ដើម​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​រោគ​រាត​ត្បាត​នេះ​។

    កាកបាទ​ក្រហម​សហ​រដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​ប្រជា​ជន​ត្រៀម​​អាហារ​ក្រៀម និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​អាច​ប្រើ​ប្រាស់​បាន​30ថ្ងៃ​ ដើម្បី​ត្រៀម​សម្រាប់​គ្រា​ដែល​អាសន្ន​រោគ​នេះ​ឆ្លង​រាល​ដាល​ខ្លាំង​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អង្គការ​ WHO “លេង”​ TikTok ដើម្បី​ “ពន្លត់” ព័ត៌មាន​ក្លែង​ក្លាយ​​ស្ដី​អំពី​ Covid-19

    អង្គការ​ WHO “លេង”​ TikTok ដើម្បី​ “ពន្លត់” ព័ត៌មាន​ក្លែង​ក្លាយ​​ស្ដី​អំពី​ Covid-19

    អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​បង្កើត​គណនី TikTok ផ្លូវ​ការ​របស់​ខ្លួន​ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់​ស្កាត់​ដំណឹង​ក្លែង​ក្លាយ​ទាក់​ទិន​នឹង​បញ្ហា​រោគ​រាត​ត្បាត​ Covid-19 នៅ​ទូទាំង​ពិភពលោក​។

    នៅ​ក្នុង​វីដេអូ​ដំបូង​របស់​ខ្លួន​នៅ​លើ​ TikTok សាស្ត្រា​ចារ្យ​ Benedetta Allegranzi អ្នក​ជំនាញ​ជាន់​ខ្ពស់​អំពី​ការ​ទប់​ស្កាត់​ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​ចែក​រំលែកចំណេះ​ដឹង​ទាក់​ទិន​នឹង​ការ​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ និង​បាន​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ TikTok ចូល​ទៅ​អាន​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​អង្គ​ការ​មួយ​នេះផងដែរ​។

    WHO សរសេរ​នៅ​ផ្នែក​ខាង​លើ​នៃ​វីដេអូនេះ​ថា “យើង​ចូល​រួម​ប្រើ​ប្រាស់​ TikTok គឺ​ដើម្បី​ផ្ដល់​ជូន​មិត្ត​ទាំង​អស់​នូវ​ដំបូន្មាន​ទាន់​ហេតុ​ការណ៍​ និង​គួរ​ជា​ទី​ទុក​ចិត្ត​ ស្ដីអំពី​សុខ​ភាព​សាធារណៈ”។​

    សូម​បញ្ជាក់ថា មុន​នេះ​ គេ​ឃើញ​មានរូប​ត្លុក​ “meme” ពាស់​ពេញ​បណ្ដាញ​សង្គម​ ​TikTok ទាក់​ទិន​នឹង​រោគ​រាត​ត្បាត​កូរ៉ូណា Covid-19។ ជាង​នេះ គេ​ក៏ឃើញ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ ធ្វើ​ដូច​ជា​ខ្លួន​ឯង​បាន​ឆ្លង​រោគ​នេះ​ផងដែរ។​

    ការ​ដែល​ WHO ចូល​រួម​លេង​ TikTok (ដែល​ជា​បណ្ដាញ​សង្គមចែក​រំលែង​ឃ្លីប​វីដេអូខ្លីៗ​) បែប​នេះ អាច​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​ព័ត៌មាន​លឿន​ និង​ប្របក​ដោយ​ភាព​ត្រឹម​ត្រូវ​អំពី​រោគ​រាត​ត្បាត​ Covid-19។ គេហ​ទំព័រ MIT Technology Review បាន​ឱ្យ​ដឹង​ថា WHO រួម​នឹង​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​សហ​រដ្ឋ​អាមេរិក​ បាន​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍​ក្នុង​ការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​​ដែល​ត្រូវ​គេ​ចែក​រំលែង​នៅ​លើ​ Facebook, Twitter, TikTok រួម​នឹង​កម្ម​វិធី​របស់​ Tencent។

    នៅ​ចំពោះ​មុខ​ការ​ “រាត​ត្បាត” នៃ​ព័ត៌មាន​ក្លែង​ក្លាយ​ ក្រុម​ហ៊ុ​ន Google ក៏បានបង្ហាញ​ព័ត៌មាន​ពី​ WHO នៅ​ផ្នែក​ខាង​លើ​​នៃ​លទ្ធ​ផល​ស្វែង​រក​ព័ត៌មាន​ស្ដីអំពី​វីរុស​កូរ៉ូណា​។ Facebook ក៏​បាន​បន្ថែម​ការ​ណែនាំ​ឱ្យចូល​ទៅ​កាន់​គេហ​ទំព័រ​​របស់​អង្គ​ការ​សុខភាព​ពិភពលោក នៅ​លើ​ New Feeds របស់​ម្ចាស់​គណនី​។ នៅ​ពេល​គេ​ស្វែង​រក​ពាក្យ​គន្លឹះ “virus corona” បណ្ដាញ​សង្គម​ Twitter នឹង​ណែនាំ​ឱ្យ​ចូល​អាន​ព័ត៌មាន​របស់​អង្គ​ការ​សុខ​ភាព​ក្នុង​តំបន់​ និង​ពិភពលោក​។ ចំណែក TikTok វិញ ក៏បាន​តភ្ជាប់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ដែល​ស្វែង​រក​ព័ត៌មាន​ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា​ ទៅ​កាន់​គេហ​ទំព័រ​របស់​អង្គការ​សុខ​ភាព​ពិភពលោក​(WHO)នេះ​ដែរ។

    បណ្ដាញ​សង្គម​ទាំង​អស់​ក្នុង​ពិភព​លោក បាន​សន្យា​ថា​នឹង​លុប​ចោល​រាល់​ព័ត៌មាន​ក្លែង​ក្លាយ​ដែលទាក់ទិន​នឹង​រោគ​រាត​ត្បាត​ Covid-19 ដែល​ដូច​ទៅ​នឹង​វិធាន​ការ​​ទប់​ស្កាត់​ខ្លឹម​​សារ​ដែលមាន​និន្នាការ​​ប្រឆាំង​នឹង​ថ្នាំ​វ៉ាក់​សាំង​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​។

    គេហទំព័រ​ The Verge បានសរសេរ​ថា “WHO​ បាន​បង្ហាញ​អំពី​ជំហាន​រីក​ចម្រើន​មួយ​នៅ​ពេល​ប្រកាស​ព័ត៌មាន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ដូច្នេះ​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Covid-19៖ ​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ដែលបាន​​ស្លាប់​ និងបាន​ឆ្លង​វីរុសកូរ៉ូណា​

    Covid-19៖ ​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​ដែលបាន​​ស្លាប់​ និងបាន​ឆ្លង​វីរុសកូរ៉ូណា​

    មេរោគកូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ទី​ក្រុង Wuhan ខេត្ត​ Hubei ប្រទេស​ចិន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 និង​បានឆ្លង​រាល​ដាល់​ដល់​ស្ទើរ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ជាង 3,117​​នាក់ និង​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់ 90,933នាក់​ ក្នុង​នោះ​មាន​ទាំង​ប្រជា​ជន​សាមញ្ញ មាន​ទាំង​អ្នក​ដឹក​នាំ​មន្ទីរ​ពេទ្យ និង​មាន​ទាំង​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ក្រសួង​ ឬ​ស្ថាប័ន​រដ្ឋ​។ល។

    ខាង​ក្រោម​នេះ​គឺជា​ថ្នាក់​ដឹក​នាំ​មួយ​ចំនួនដែល​បាន​ស្លាប់​ និង​បាន​ឆ្លង​វីរុស​កូរ៉ូណា Covid-19 ៖

    សមាជិក​​ក្រុមប្រឹក្សា​ផ្ដល់យោបល់នៃ​ប្រទេស​អ៊ីរ៉ង់(ស្លាប់)

    លោក Seyyed Mohammad Mirmohammadi សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ (Expediency​ Discernment Council) របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​​កូ​រ៉ូ​ណា Covid-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​អ៊ីរ៉ង់ Iran Front Page នៅ​ថ្ងៃ​ទី2 ខែមីនា​។​

    មន្ត្រីជាន់ខ្ពស់​របស់​អ៊ីរ៉ង់​អាយុ72ឆ្នាំ​រូបនេះ បាន​ស្លាប់ នៅឯ​មន្ទីរពេទ្យ​​ Masih Daneshvari ក្នុង​ទីក្រុង​ Tehran ។

    ​លោក Mirmohammadi ត្រូវបានតែងតាំង​ដោយផ្ទាល់​ពី​មេដឹកនាំ​កំពូល Ayatollah Seyyed Ali Khamenei កាលពី​ឆ្នាំ2017 ជា​សមាជិក​មួយរូប​នៃ​ក្រុមប្រឹក្សា​ផ្ដល់យោបល់ ដែល​មាន​តួនាទីដោះស្រាយ​រាល់​ការ​ខ្វែង​គំនិត​គ្នា​​រវាង​សភាតំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ភិបាល​របស់​អ៊ីរ៉ង់​។

    អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ(បាន​ឆ្លង​មេរោគ)

    អនុប្រធានា​ធិបតី​អ៊ីរ៉ង់ ទទួល​បន្ទុក​​កិច្ច​ការ​នារី​ និង​គ្រួសារ​ លោក​ស្រី Masoumeh បាន​ឆ្លង​វីរុស​កូរ៉ូណា​ ប៉ុន្តែ គេ​មិន​បាន​ដឹង​ថា លោក​ស្រី​បាន​ឆ្លង​​មេរោគ​នេះ​នៅ​ពេល​ណា​ និង​កន្លែង​ណា​នោះ​ទេ​។

    ​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា លោក​ស្រី Masoumeh ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រធានា​ធិប​តីអ៊ីរ៉ង់​ និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ នៅ​មុន​ពេល​លោក​ស្រី​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​​មេរោគ​កូរ៉ូណា​។

    អនុរដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់(បាន​ឆ្លង​មេរោគ)

    លោក Iraj Harirchi គឺជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​​រោគ​រាត​ត្បាត​នៃ​​ប្រទេស​នេះ​។

    អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​នៅក្នុង​កិច្ច​សម្ភាស​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ឱ្យ​ដឹង​ថា លោក​ Iraj Harirchi បាន​ឆ្លង​មេរោគ​ និង​កំពុង​ទទួល​ការ​ព្យាបាល​។

    តំណាង​រាស្ត្រ​អ៊ីរ៉ង់ មក​ពី​​ទីក្រុង​ Astana Ashrafieh(ស្លាប់​)

    តំណាង​រាស្ត្រ​អ៊ីរ៉ង់​ម្នាក់ គឺ​លោក Mohammad Ali Ramazani Dastak ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ស្លាប់​កាល​ពី​ថ្ងៃទី​29​កុម្ភៈ បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​ Covid-19 អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។

    លោក Mohammad Ali Ramazani Dastak ទើបតែ​​បាន​ជាប់​ឆ្នោត​​ជា​តំណាង​រាស្ត្រនៃ​ទីក្រុង​ Astana Ashrafieh កាល​ពី​ខែ​មុន​។ លោក​ត្រូវ​គេ​រាយ​ការណ៍​ថា បាន​បាត់​បង់​ជីវិត​​កាល​ពី​ព្រឹក​ថ្ងៃទី​29​កុម្ភៈ​ ក្រោយ​ពី​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​កាល​ពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​2020។

    តំណាង​រាស្ត្រ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ “ដោយ​មាន​រោគ​សញ្ញា​គ្រុន​ផ្ដាសាយ និង​ស្នាម​របួស​ដោយ​សារ​គីមី” ដែលបង្ករ​ឡើង​កាល​ពី​​សង្គ្រាម​អ៊ីរ៉ង់-អ៊ីរ៉ាក់​។

    លោក Dastak គឺជា​អ្នក​នយោបាយ​ទី​2​ របស់​អ៊ីរ៉ង់ ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ Covid-19។ អ្នក​នយោបាយ​អ៊ីរ៉ង់​ដែល​បាន​ស្លាប់​មុន​នេះ គឺ​លោក Hadi Khosrowshahi។

    អតីត​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង Vatican(ស្លាប់)

    សារ​ព័ត៌មាន​ក្នុង​ប្រទេស​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា អតីត​ឯកអគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ Vatican លោក Hadi Khosrowshahi បាន​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃទី​ព្រហស្បតិ៍ ទី​27កុម្ភៈ ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។

    សារ​ព័ត៌មាន​ Tasnim បាន​ឱ្យ​ដឹង​ថា អ្នក​នយោបាយ​វ័យ​81ឆ្នាំ​រូប​នេះ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​អ៊ីរ៉ង់។

    ប្រធាន​មន្ទីរពេទ្យ​ Wuchang ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​(ស្លាប់)

    វេជ្ជ​បណ្ឌិត​ Liu Zhiming ប្រធាន​មន្ទីរពេទ្យ​ Wuchang ក្នុង​ទីក្រុង​ Wuhan បាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ឈ្មោះ Covid-19។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ចិន​ CCTV។

    លោក​ Liu Zhiming មាន​អាយុ​51​ឆ្នាំ បាន​ស្លាប់​នៅ​វេលា​ម៉ោង​10និង30នាទី​ព្រឹក​ ក្នុង​ថ្ងៃទី​18​កុម្ភៈ​ ឆ្នាំ 2020។ លោក​គឺជា​ប្រធាន​មន្ទីរ​ពេទ្យ​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​នេះ​។

    ក្រៅ​ពី​អ្នក​រង​គ្រោះ​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19 ខាង​លើ ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​ និង​កំពុង​ទទួល​រង​ឥទ្ធិ​ពល​ពី​អាសន្ន​រោគ​ដ៏​កាច​សាហាវ​នេះ​ ក្នុង​នោះ​មាន​3,117​នាក់​បាន​ស្លាប់ និង​ជាង90,936​នាក់​បាន​ឆ្លង​មេរោគ​ Covid-19​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បកស្រាយចម្ងល់ រឿង “វីរុសកូរ៉ូណា ឬ COVID-19” គឺអ្វី? មានអាការរោគយ៉ាងម៉េច?

    បកស្រាយចម្ងល់ រឿង “វីរុសកូរ៉ូណា ឬ COVID-19” គឺអ្វី? មានអាការរោគយ៉ាងម៉េច?

    ស្ថានការណ៍របស់មេរោគឆ្លងដែលបង្ហាញឈ្មោះនៅលើបណ្ដាញសង្គមរៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ន និងនៅមិនទាន់មានសញ្ញាណាមួយថា វានឹងធូរស្រាលឡើងសោះនោះ គឺ “វីរុសកូរ៉ូណា” ឬ “COVID-19”បានធ្វើឱ្យមនុស្សជាច្រើនមានក្ដីបារម្ភកង្វល់ និងនាំគ្នាតាមដានព័ត៌មានគ្រប់ពេលវេលាអំពីចំនួនអ្នកឆ្លងមេរោគ អត្រាការស្លាប់ រួមទាំងការការពារខ្លួនឯងឱ្យរួចផុតពីការឆ្លងមេរោគដ៏កំណាចនេះផងដែរ។

    តើមានអ្វីខ្លះដែលយើងគួរដឹងពាក់ព័ន្ធនឹងមេរោគកូរ៉ូណា ឬ COVID-19 ខ្លះនោះ សូមតាមដានតទៀត…

    វីរុសកូរ៉ូណា ឬ COVID-19 គឺអ្វី?

    វីរុសកូរ៉ូណា ជាមេរោគវីរុសដែលត្រូវបានរកឃើញនៅឆ្នាំ1960 តែនៅមិនទាន់ដឹងពីប្រភពកំណើតច្បាស់ថា ចេញមកពីទីណានៅឡើយ តែជាវីរុសដែលអាចឆ្លងបានទាំងមនុស្ស និងសត្វ។ មកទល់បច្ចុប្បន្នមានការរកឃើញមេរោគវីរុសប្រភេទនេះរួចមកហើយទាំងអស់ 6ប្រភេទ ចំណែកប្រភេទដែលកំពុងឆ្លងរាលដាលខ្លាំងទូទាំងពិភពលោកនៅពេលនេះ គឺជាប្រភេទដែលមិនធ្លាប់ជួបពីមុនមកឡើយ គឺជាប្រភេទទី7 ដូច្នេះហើយទើបវាត្រូវបានហៅថា “វីរុសកូរ៉ូណាប្រភេទថ្មី” និងពេលក្រោយមក វាត្រូវបានដាក់ឈ្មោះឱ្យជាផ្លូវការថា “COVID-19” ហ្នឹងឯង។

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ចេញមកពីណា?

    វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ពីដំបូងត្រូវបានរកឃើញពីសត្វជាមុន ជាសត្វសមុទ្រដែលមានការឆ្លងមេរោគវីរុសនេះ ហើយមនុស្សដែលនៅជិត ដែលបានប៉ះពាល់នឹងសត្វទាំងនោះ ក៏ឆ្លងមេរោគវីរុសនេះមកមួយជាន់ទៀត ដោយចាប់ផ្ដើមពីទីក្រុងវូហាន ប្រទេសចិន ដែលមានការសង្ស័យថា មានប្រភពចេញមកពីផ្សារលក់សត្វសមុទ្រ និងសត្វព្រៃទាំងឡាយ។

    អាការជំងឺ ពេលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    អាការរបស់វីរុស COVID-19 ដែលអាចសង្កេតឃើញយ៉ាងងាយដោយខ្លួនឯង មានអាការ 5ធំៗ ដូចខាងក្រោម៖

    1.មានគ្រុនក្ដៅខ្លួន
    2.ឈឺក
    3.ក្អកស្ងួត
    4.ហៀរសំបោរ
    5.ដកដង្ហើមដង្ហក់
    ខាងមន្ទីរពេទ្យអាចនឹងធ្វើការត្រួតពិនិត្យបន្ថែមដោយការ X-Rayសួត ហើយរកឃើញថា សួតរលាកហើម បើសិនមានអាការធ្ងន់ធ្ងរ អាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់អវយវៈខាងក្នុងផ្សេងទៀតផង។

    គ្រោះថ្នាក់របស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    ទោះជាអាការជាទូទៅ មើលទៅហាក់ដូចជាត្រឹមតែគ្រុនផ្ដាសាយធម្មតាមែន តែអ្វីដែលគេនាំគ្នាភ័យខ្លាចទូទាំងពិភពលោកនោះគឺ ដោយសារតែមេរោគវីរុសនេះ ជាមេរោគប្រភេទថ្មីដែលមិនទាន់មានថ្នាំមួយណាអាចព្យបាលឱ្យជាដោយផ្ទាល់បាននៅឡើយ។ ការព្យាបាលដំណើរការទៅបែបទប់ទល់ និងប្រគងទៅតាមអាការតែប៉ុណ្ណោះ។

    ក្រៅពីនេះ គ្រោះថ្នាក់ដែលធ្វើឱ្យប្រថុយប្រថានដល់ជីវិតនោះ នឹងកើតឡើងនៅពេលដែលប្រព័ន្ធប្រឆាំងជំងឺនៅក្នុងរាងកាយរបស់យើងមិនរឹងមាំ ឬមេរោគវីរុសចូលទៅបំផ្លាញការធ្វើការងាររបស់សួត រហូតធ្វើឱ្យមេរោគវីរុសសាយភាយរាលដាលច្រើនឡើង និងឆាប់រហ័ស។

    វិធីការពារការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19

    1.ចៀសវាងពីការនៅជិតអ្នកជំងឺដែលមានអាការក្អក កណ្ដាស់ ហៀរសំបោរ ដកដង្ហើមហត់ដង្ហក់ និងឈឺក។2.ចៀសវាងការធ្វើដំណើរទៅតំបន់ដែលមានភាពប្រថុយប្រថានក្នុងឆ្លងរោគនេះ។
    3.ពាក់ម៉ាស់ការពារគ្រប់ពេលវេលា ពេលនៅក្នុងទីសាធារណៈ។
    4.លាងសម្អាតដៃជាប់ជានិច្ចដោយសាប៊ូ ឬអាល់កុលជេលយ៉ាងតិច 20នាទី(អាល់កុលកម្រិតមិនទាបជាង 70% និងមិនលាយទឹក)។
    5.តមយកដៃប៉ះភ្នែក ច្រមុះ មាត់ នៅពេលដែលមិនទាន់បានលាងដៃ។
    6.ចៀសវាងការប្រឡែងលេងជាមួយសត្វ ដោយគ្មានការពារ។
    7.ទទួលទានអាហារឆ្អិន ស្អាត ប្រើស្លាបព្រាកណ្ដាល មិនបរិភោគម្ហូបអាហារដែលចម្អិនពីសាច់សត្វព្រៃ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    Covid-19៖ កូរ៉េខាង​ត្បូង មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​ 4,800នាក់

    កូរ៉េខាង​ត្បូង បាន​ឱ្យ​ដឹង​នា​ព្រឹក​នេះ​ថា ប្រទេសនេះ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​477នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​កើន​ដល់​4,812​នាក់។

    មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៃ​កូរ៉េខាង​ត្បូង​ ថ្ងៃ​នេះ​បាន​ប្រកាស​នៅ​ព្រឹក​មិញ​នេះ​ថា ប្រទេស​នេះ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​បន្ថែម​477នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​4,812​នាក់​ និង​អ្នក​ស្លាប់​ឡើង​ដល់​28នាក់​។

    ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​ Covid-19 គឺមាន​60% ជាប់​ទាក់​ទិន​នឹង​សាខា​វិហារ​សាសនា​ Shincheonji ដែល​ដឹក​នាំ​ដោយ​លោក​អាចារ្យ​ Lee Man-hee។ វិហារ​នេះ ស្ថិត​នៅ​ក្នុង​ទីក្រុង Daegu ដែល​ជា​ទី​ក្រុង​ធំ​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជាជន​ចំនួន​2,5នាក់​កំពុង​រស់​នៅ​។

    សូមបញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន ​អាជ្ញាធរ​កូរ៉េខាង​ត្បូង​ បាន​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​​ទៅ​លើ​លោក​អាចារ្យ​ Lee Man-hee ទាក់​ទិន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃមេរោគ​ Covid-19 ទៅ​លើ​ក្រុម​សាសនិក​​ដែល​ជា​សមាជិក​នៃ​វិហារ​ដែល​គាត់​គ្រប់គ្រង​។ កាល​ពី​ម្សិល​មិញ លោកអាចារ្យ​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​សុំ​ទោស​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ Covid-19 ទៅ​លើ​សមាជិក​នៃ​វិហារ​ Shincheonji ដោយ​គាត់​បាន​លុតជង្គង់​​ក្រាប​សំពះសុំ​ទោស​អ្នក​រាល់គ្នា​។

    គិត​មក​ដល់​ពាក់​កណ្ដាល​យប់​នៃ​ថ្ងៃទី​2មិនា ចំនួន​អ្នក​ឆ្លង​មេរោគ​បន្ថែម​ថ្មី​នៅ​កូរ៉េខាង​ត្បូង​​ដែល​គេ​រាប់​ចូល​ទៅ​ក្នុង​ថ្ងៃ​ទី​2មិនា​ គឺ​មាន​ចំនួន​600នាក់ ក្នុង​នោះ មាន​519ករណី​នៅ​ក្នុង​តំបន់ Daegu និង​61ករណី​នៅ​ខេត្ត Gyeongsang ខាង​ជើង និង​ច្រើន​ករណី​ទៀត​នៅ​ក្នុង​តំបន់​ផ្សេងៗ។ ចំណែក​ទីក្រុង Seoul ក៏មាន​អ្នក​ឆ្លង​រោគ​បន្ថែម​7នាក់​ផងដែរ​។

    នៅ​ទូទាំង​ពិភពលោក គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត​ Covid-19​ មាន​ចំនួន​3,117នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជាង 90,912នាក់​។ ចំណែក​​អ្នក​ដែល​បាន​​ជា​សះស្បើយ​ពី​ជំងឺ​ មាន​ចំនួន​ជិត48,000​នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ប្រទេសជប៉ុន ក្នុងថ្ងៃដែលវីរុសវាយប្រហារ… JAPAN how are you?

    ប្រទេសជប៉ុន ក្នុងថ្ងៃដែលវីរុសវាយប្រហារ… JAPAN how are you?

    ជប៉ុន អ្នកសុខសប្បាយទេ?

    អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនម្នាក់ បានធ្វើការអធិប្បាយ ព្រមជាមួយរូបភាពនៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងតូក្យូ ក្នុងថ្ងៃដែលវីរុសកូរ៉ូណាប្រភេទថ្មី ឬCOVID-19 វាយប្រហារ រហូតដល់ថ្នាក់រដ្ឋាភិបាលនៃប្រទេសជប៉ុនត្រូវប្រកាសឱ្យប្រជាជនរបស់ខ្លួនថែរក្សាជីវិតរបស់ពួកគេដោយការនៅតែក្នុងផ្ទះក្នុងអំឡុងពេល 2សប្ដាហ៍ ចាប់ពីពេលនេះតទៅ។

    លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានថ្លែងកាលពីថ្ងៃទី29 ខែកុម្ភៈកន្លងទៅ ដោយសុំការសហការពីប្រជាជនក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយលោកបានថ្លែងថា ការតស៊ូក្នុងគ្រានេះ នឹងមិនអាចយកឈ្នះមេរោគមរណៈនេះបានដោយរដ្ឋាភិបាលជប៉ុនតែម្នាក់ឯងបានឡើយ…។ លោកអាបេ បានសង្កត់ធ្ងន់ថា ក្នុងអំឡុង 1-2សប្ដាហ៍ខាងមុខនេះ នឹងក្លាយជាអំឡុងពេលដ៏សំខាន់បំផុតក្នុងការគ្រប់គ្រងការឆ្លងរាលដាល។ រដ្ឋាភិបាលជប៉ុន បានផ្ដល់នូវភាពសំខាន់ខ្ពស់បំផុតក្នុងការការពារអាយុជីវិត និងសុខភាពរបស់ជនជាតិជប៉ុនគ្រប់រូប ហើយនឹងដំណើរការវិធានការផ្សេងៗដែលចាំបាច់ ដោយអាស្រ័យលើស្ថានការណ៍ជាចម្បង។

    រដ្ឋាភិបាលជប៉ុនបានចេញបញ្ជាជាបន្ទាន់មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី27 កុម្ភៈ ឱ្យសាលារៀនបឋម និងមធ្យមទូទាំងប្រទេស បិទទ្វា ផ្អាកការបង្រៀន តាំងពីថ្ងៃចន្ទ ទី2មីនាម្សិលមិញតទៅ។ មិនត្រឹមតែសាលារៀនត្រូវបិទប៉ុណ្ណោះទេ សារមន្ទីរ មណ្ឌលកម្សាន្ត ដូចជាឌីស្នីយ៍ លែនដ៍ យូនីវើរសល ស្ទូឌីយោ ក៏ត្រូវបិទទាំងអស់ដែរ។ កិច្ចការងារជួបជុំក្នុងសង្គម ឬពិធីបុណ្យផ្សេងៗទៀត ក៏ត្រូវលុបចោលដែរ។

    អង្គភាពរាជការទាំងអស់សុទ្ធតែត្រូវចេញបញ្ជាឱ្យកាត់បន្ថយការប្រជុំ ការទាក់ទងដែលមិនប្រញាប់ និងមិនចាំបាច់ចោលទាំងអស់ ដោយមានគោលដៅតែមួយ គឺដើម្បីកាត់បន្ថយសកម្មភាពរបស់ប្រជាជន ដែលអាចហៅបានថា ជាការ “បិទទីក្រុង” ខាងផ្នែកប្រតិបត្តិ ហ្នឹងឯង។

    អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនរូបនោះ បានធ្វើដំណើរទៅស្ថានីយអ្នកដំណើរ “តូក្យូ” មជ្ឈមណ្ឌល​កណ្ដាលខាងការដឹកជញ្ជូនរបស់ទីក្រុងនៃដែនដីសាមូរ៉ៃនេះ ដែលជាធម្មតានឹងមានមនុស្សម្នាដើរប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ ទាំងអ្នកទេសចរ អ្នកដែលធ្វើដំណើរដោយរថភ្លើងទាំងក្នុងទីក្រុងតូក្យូ និងរថភ្លើងល្បឿនលឿន ឈិងកាន់ហ្សេន ទៅទូទាំងប្រទេស រួមទាំងអ្នកដែលមកដើរទិញទំនិញ ឬដើរលេងកម្សាន្តនៅតំបន់នេះផងដែរ។ តែកាលពីសប្ដាហ៍កន្លងទៅ មនុស្សម្នាដែលចេញមកក្រៅផ្ទះ បានថយចុះយ៉ាងឃើញច្បាស់តែម្ដង ផ្លូវថ្នល់ទាំងឡាយស្រឡះល្វឹង មនុស្សម្នាដែលដើរទៅមក សឹងតែគ្រប់គ្នា មានពាក់ម៉ាស់ការពារ លើកលែងតែជនបរទេសមួយចំនួនដែលគិតថា មិនចាំបាច់ប៉ុណ្ណោះ។

    កន្លែងឈររង់ចាំរថភ្លើង សឹងតែគ្មានមនុស្សឈរចាំ កៅអីនៅក្នុងរថភ្លើង ក៏ទំនេរ យ៉ាងមិនដែលក្លាយជាបែបនេះពីមុនមកសោះ។ ទាំងពេលនេះ ជាពេលព្រលប់ៗ ជាអំឡុងពេលដែលមានមនុស្សម្នាធ្វើដំណើរច្រើនបំផុត។

    ហាងលក់ទំនិញ និងហាងកាហ្វេ ក្នុងតំបន់ម៉ារុណូអ៊ុជិ ដែលធម្មតា នឹងមានមនុស្សម្នាដ៏ច្រើនក្នុងអំឡុងពេលដែលធាតុអាកាសល្អបែបនេះ តែពេលនេះបែរជាស្ងាត់ជ្រងំ គួរឱ្យស្រណោះ។

    បុគ្គលិកហាងលក់ទំនិញនាំគ្នានិយាយថា អតិថិជនបានធ្លាក់ចុះយ៉ាងខ្លាំង។ ពួកគេមិនខា្លចវីរុសទេ តែខាងម្ចាស់ហាងបានបញ្ជាឱ្យបុគ្គលិកទាំងអស់ត្រូវតែពាក់ម៉ាស់ការពារ ដែលបើសិនជាស្ថិតក្នុងស្ថានការណ៍ប្រក្រតីវិញ បុគ្គលិកហាង មិនអាចពាក់ម៉ាស់បិទមុខបានទេ ព្រោះជាការគ្មានសុជីវធម៌ចំពោះអតិថិជន។

    រថភ្លើងល្បឿនលឿនឈិងកាន់ហ្សេន កៅអីទំនេរសឹងតែទាំងអស់ ទោះជាស្ថិតនៅលើផ្លូវដែលពេញនិយម ដូចជា តូក្យូ-អូសាកា ដែលប្រក្រតី ត្រូវតែកក់សំបុត្រទុកមុនក៏ដោយ តែពេលនេះក៏ស្ទើរតែគ្មានអ្នកដំណើរ។

    ចំណែកនៅតំបន់ ឈិប៊ូយ៉ា ដ៏ល្បីល្បាញ ពេលនេះក៏ស្ងាត់ជ្រងំ។ ស្ថានីយរថភ្លើងដែលធ្លាប់តែអ៊ូអរ ពេលនេះគ្មានមនុស្សម្នា…។

    បន្ទប់ទឹកសាធារណៈ មានបិទប្រកាសណែនាំពីវិធីលាងដៃដែលត្រឹមត្រូវ ណែនាំឱ្យលាងដៃ ខ្ពុរមាត់ ដើម្បីការពារការឆ្លងមេរោគ។

    ការឆ្លងរាលដាលរបស់មេរោគវីរុស COVID-19 ថែមទាំងហុចផលប៉ះពាល់ដល់ការធ្វើការងារ និងមុខជំនួញផ្សេងៗទៀតផងដែរ ដូចជាទស្សនាវដ្តីជាច្រើនយីហោ ប្រកាសពន្យារពេល ឬបញ្ឈប់ការចេញផ្សាយក្នុងខែមីនា។

    និងថែមទាំងនៅមានព័ត៌មានចចាមអារ៉ាមជាច្រើនទៀតផងថា ក្រដាសអនាម័យ នឹងខ្វះនៅលើទីផ្សារដូចគ្នានឹងម៉ាស់ការពារដែរ ព្រោះនាំចូលមកពីប្រទេសចិន ធ្វើឱ្យជនជាតិជប៉ុននាំគ្នាសម្រុកទៅទិញក្រដាសអនាម័យទុកប្រើ រហូតនៅលើទីផ្សារលែងមានលក់ ទាំងការពិតទៅ សរសៃក្រដាសសឹងតែទាំងអស់ ផលិតនៅប្រទេសជប៉ុន ធ្វើឱ្យហាងលក់ទំនិញជាច្រើន ត្រូវកំណត់ឱ្យទិញបានតែក្នុង 1គ្រួសារ តែ 1យួរប៉ុណ្ណោះ។

    បញ្ជាបន្ទាន់ឱ្យបិទសាលារៀន ធ្វើឱ្យបណ្ដាអាណាព្យាបាល ឪពុកម្ដាយ គ្រូបង្រៀន រហូតដល់ប្រជាជនជប៉ុនទាំងអស់ សឹងតែរៀបចំប្រុងប្រៀបអ្វីៗស្ទើរតែមិនទាន់…ឪពុកម្ដាយភាគច្រើន នៅត្រូវចេញទៅធ្វើការតាមធម្មតា​​…តើនរណានឹងមើលថែទាំកូននៅផ្ទះ?

    ម្ហូបអាហារក្លាស្សេ ម្ហូបអាហារកំប៉ុង ត្រូវបានលក់ដាច់ខ្លាំង ព្រោះបណ្ដាឪពុកម្ដាយទាំងឡាយត្រូវទិញយកមកទុកឱ្យកូនៗដែលត្រូវឈប់សម្រាកនៅផ្ទះ តែការផលិត និងការដឹកជញ្ជូន បានទទួលរងផលប៉ះពាល់ដោយ​សារ​តែការឆ្លងរាលដាលរបស់មេរោគ រហូតដល់ទំនិញមួយចំនួនលែងមានលក់នៅលើទីផ្សារ។

    ធាតុអាកាសនៅក្នុងប្រទេសជប៉ុន ឆ្នាំនេះកក់ក្ដៅល្អជាងឆ្នាំមុនៗ ធ្វើឱ្យផ្កាសាគូរ៉ា ឆាប់រីកជាងប្រក្រតី តែមេរោគវីរុសកំណាច ធ្វើឱ្យពិធីបុណ្យទស្សនាផ្កាសាគូរ៉ាភាគច្រើនត្រូវបានផ្អាក…អំឡុងពេលមាស អំឡុងពេលប្រាក់របស់វិស័យទេសចរណ៍ជប៉ុនឆ្នាំនេះ ត្រូវបានបញ្ចប់តាំងពីមិនទាន់បានចាប់ផ្ដើម។

    ផ្កាសាគូរ៉ា នៅតែរីកស្គុះស្គាយយ៉ាងស្រស់ស្អាត តែឆ្នាំនេះគ្មានមនុស្សម្នាមកទស្សនា។ ជនជាតិជប៉ុនមួយចំនួននឹកឃើញទៅដល់ព្រឹត្តិការណ៍រញ្ជួយផែនដី និងមហារលកយក្ស ស៊ូណាមិវាយប្រហារកាលពីឆ្នាំ2011…ខុសគ្នាតែត្រង់ថា រញ្ជួយផែនដី កើតឡើងត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ និងកន្លែងរងគ្រោះមានព្រំដែនច្បាស់លាស់ តែមេរោគកំណាចនេះ វានឹងឆ្លងរាលដាលយូរតទៅទៀត និងពង្រីកអាណាចក្ររបស់វា រហូតមិនដឹងថា តើវានឹងចប់នៅទីណា និងនៅពេលណា???៕

    ប្រភព ៖ ព័ត៌មានបរទេស

  • Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    Covid-19៖ សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​6នាក់​ហើយ ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា

    សហ​រដ្ឋ​អាមេរិក​ ដែល​ជា​មហា​អំណាច​ពិភពលោក​ ​មាន​ប្រព័ន្ធ​សុខា​ភិបាល​ល្អ​ ក៏​មិន​អាច​គេច​ផុត​ពី​អាសន្ន​រោគ​កូរ៉ូណា Covid-19 ខណៈ​មក​ដល់​ថ្ងៃ​នេះ​មាន​អ្នក​ស្លាប់​ចំនួន​6នាក់​ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​ក្នុង​រដ្ឋ​ Washington។

    5នាក់ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​6នាក់​នោះ សុទ្ធ​តែ​រស់​នៅ​ក្នុង​តំបន់​ King ដែល​ជា​ខណ្ឌ​មួយ​មាន​ប្រជាជន​ច្រើន​ជាង​គេ​របស់​រដ្ឋ Washington វា​ជា​កន្លែង​ដែល​មាន​ទី​ក្រុង Seattle តាំង​នៅ និង​មាន​​ប្រជាជន​ចំនួន​700,000​នាក់​កំពុង​រស់​នៅ​ទី​នោះ​។ ចំណែក​អ្នក​ស្លាប់​ទី​6 គឺ​ពល​រដ្ឋ​មក​ពី​តំបន់ Snohomish។

    រដ្ឋ​ Washington បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​4ករណី នាំ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​នេះ​កើន​ដល់​18នាក់​ ក្នុង​នោះមាន​3ករណី​នៅ​​ក្នុង​មន្ទីរ​ថែ​ទាំ​ចាស់​ជរាមួយ​កន្លែង​ក្នុង​រដ្ឋ​នេះ​​។

    បុគ្គលិក​សុខា​ភិបាល​នៅ​តំបន់ King ឈ្មោះ Jeff Duchin បាន​ឱ្យ​ដឹង​ថា “ហានិភ័យ​នៃការ​ឆ្លង​មេរោគ​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ៗ”។

    បច្ចុប្បន្ន អាមេរិក​មាន​អ្នក​ជំងឺ​កូរ៉ូណា​ Covid-19 សរុប​ចំនួន​99នាក់ ក្នុង​នោះ​ ប្រមាណជា​50% គឺជា​អ្នក​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ចិន​ និង​មកពី​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​ប្រទេស​ជប៉ុន​។ អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​ មាន​ជាប់​ទាក់​ទិន​នឹង​អ៊ីរ៉ង់ និង​អ៊ីតាលី ដែល​ជា​ប្រទេស​កំពុង​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ជាង​90,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ខណៈ​អ្នក​ស្លាប់​កើន​ដល់​…

    ជាង​90,000នាក់​បាន​ឆ្លង​មេរោគ​ Covid-19 នៅ​ទូទាំង​ពិភពលោក ខណៈ​អ្នក​ស្លាប់​កើន​ដល់​…

    វីរុស​ Covid-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​​76 នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន​90,433​នាក់ ក្នុង​នោះ​មាន​3,118​នាក់​បាន​បាត់​បង់​ជីវិត​ គឺកើន​ឡើង​66ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។

    ចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 នៅ​កូរ៉េខាង​ត្បូង អ៊ីតាលី និង​អ៊ីរ៉ង់​ នៅ​តែ​បន្ត​កើន​ឡើង​។ កូរ៉េខាង​ត្បូង​​មាន​អ្នក​ជំងឺ​កូរ៉ូណា​ចំនួន​4,335​នាក់ និង​28នាក់​បាន​បាត់​បង់​ជីវិត ខណៈ​អ្នក​ផ្ទុក​មេរោគ​ Covid-19 នៅ​អ៊ីតាលី​ មាន​ចំនួន​2,036​នាក់ និង​អ៊ីរ៉ង់​ 1,501​នាក់​។

    គណៈកម្ម​ការ​សុខាភិបាល​ចិន ថ្ងៃនេះបាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​125នាក់ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​រាប់​​ចាប់​តាំង​ពី​ថ្ងៃទី​21​មករា​មក​នេះ។ ប្រទេស​ចិន​ក៏​មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន​31នាក់ ដែល​អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​​ក្នុង​តំបន់​សម្បុក​មេរោគ​ Hubei​។

    ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ WHO លោក​ Tedros Adhanom Ghebreyesus បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ “កើន​ឡើង​ខ្ពស់​ជាង​9ដង” បើ​ធៀប​នឹង​ករណី​ឆ្លង​ថ្មី​ដែល​ទើប​រក​ឃើញ​នៅ​ប្រទេស​​ចិន​​ក្នុង​ថ្ងៃ​ទី3មិនា​ម្សិល​មិញ​។

    ​អ៊ីរ៉ង់​ គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារអាសន្ន​រោគ​កូរ៉ូណា​ ច្រើន​ជាង​គេ​ក្នុង​លោក​ បន្ទាប់​ពី​ប្រទេសចិន ដោយ​មាន​​អ្នក​ស្លាប់​66នាក់។

    ចំណែក​អ៊ីតាលី​វិញ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ដំបូង​កាល​ពី​ថ្ងៃទី​31​មករា និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​នៅ​អឺរ៉ុប​នា​បច្ចុប្បន្ន។ ប្រទេសព័រទុយហ្គាល់ អ៊ីស្លង់ និង​ប្រទេស​អង់ដូរ៉ា ក៏​បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ដំបូង​កាល​ពី​ម្សិល​មិញដែរ ដែល​ភាគ​ច្រើន​គឺជា​អ្នកវិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ីតាលី។

    បច្ចុប្បន្ន ពិភពលោក​ មាន​អ្នក​ផ្ទុក​មេរោគ Covid-19 សរុប​ចំនួន​ 90,433នាក់ និង​ 3,118​នាក់​បាន​បាត់​បង់​ជីវិត និង​48,111នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មិន​មាន​អារម្មណ៍​ចង់​រួមរ័ក​

    ហេតុផល​ដែល​ស្ត្រី​ភាគច្រើន​មិន​មាន​អារម្មណ៍​ចង់​រួមរ័ក​

    សព្វថ្ងៃ​នេះ​មាន​នារី​មិន​តិច​នាក់​នោះ​ទេ​ ដែល​កំពុង​ពិបាក​ចិត្ដ​ពិបាក​ហារ​មាត់​និយាយ​ពី​បញ្ហា​មួយ​នេះ​ ពីព្រោះ​ពួកគាត់​រក​មិនឃើញ​សោះ​នូវ​ “ភាព​សប្បាយ​ ឬតម្រេក​នៃ​តណ្ហា​” នៃ​ចំណង​មេត្រីភាព​រវាង​ប្ដី​ និង​ប្រពន្ធ​។ និយាយរួម​គឺ​ ជីវភាព​សិច​របស់​ពួកគាត់​ ត្រូវ​បាន​ជួប​នូវ​ភាព​រអាក់រអួល​ស្ទើរតែ​មិនដែល​ស្គាល់​ពាក្យ​ថា​ “ស្រណុក​សុខ​ស្រួល​” រហូត​បង្កើត​ឱ្យ​មាន​ភាព​សោះអង្គើយ​ជាមួយ​ដៃគូ​រួម​ជីវិត​របស់​ពួកគាត់​ថែមទៀត​ផង​។

    កម្រ​នឹង​មាន​នារី​ណា​ដែល​នៅ​ស្ងៀម​ៗស្រាប់​តែ​នឹកឃើញ​ដល់​តម្រូវការ​ផ្លូវភេទ​នោះ​ណាស់​ ជាពិសេស​ចំពោះ​អ្នក​ដែល​តែង​កើតមាន​បញ្ហា​បែប​សោះកក្រោះ​នៅពេល​រួមដំណេក​តែម្ដង​។ តាមធម្មតា​ស្ថានភាព​នៃ​ការ​គ្មាន​អារម្មណ៍​ស្រើបស្រាល​ក្នុង​រឿង​ស្នេហា​របស់​នារី​ តែង​កើតមាន​ក្រោយពេល​មានរឿង​តក់ស្លុត​ភ័យរន្ធត់​យ៉ាង​ខ្លាំង​ខាង​ចិត្ដ​សា​ស្ដ្រ ឬដោយសារ​ជំ​ងឺ​ផ្សេង​ៗ។ ទោះបីជា​ដោយសារ​មូលហេតុ​អ្វីក៏ដោយ​ ការ​គ្មាន​អារម្មណ៍​ក្នុង​ពេល​រួមរ័ក​ នឹង​បង្កើត​ជា​បញ្ហា​នៅក្នុង​ជីវិត​របស់​នា​រីៗ​ទាំងនោះ​ ជាពិសេស​គឺ​ក្នុង​ការរស់នៅ​ជា​ប្ដី​ប្រពន្ធ​ដ៏​យូរអង្វែង​តែម្ដង​។ ការ​គ្មាន​អារម្មណ៍​នឹង​ធ្វើ​ឱ្យ​បាត់បង់​ភាព​មាន​សម្រើប​ដល់​កំពូល​ក្នុង​ការ​រួមរ័ក​រវាង​ប្រុស​ និង​ស្រី​ បាន​សេចក្ដី​ថា​ ពុំ​ទាន់​ឈាន​ទៅដល់​សម្រើប​ដ៏កំពូល​ដែល​មនុស្ស​គ្រប់រូប​តែងតែ​ចង់បាន​ និង​ចង់ឱ្យ​កើតមាន​។ ទោះជា​ក្នុង​សម័យ​ណា​ក៏​ដោយ​ ជំងឺ​គ្មាន​អារម្មណ៍​របស់​នារី​ ហាក់​មាន​លក្ខណៈ​ស្រដៀងគ្នា​ ខុសគ្នា​បន្តិច​ត្រង់​ចំណុច​ថា​នារី​សម័យនេះ​ងាយ​នឹង​ “រអ៊ូរទាំ​” និង​មាន​លក្ខខណ្ឌ​ជាច្រើន​សម្រាប់​ “កែខៃ​” ជាង​សម័យ​បូរាណ​ដែល​នារី​ចូល​ចិត្ដ​លាក់​ទុក​ក្នុង​ចិត្ដ​។

    ជាមួយនឹង​ករណី​ឧបស័គ្គ​ក្នុង​ពេល​រួមរ័ក​នេះ​ លោក​វេជ្ជបណ្ឌិត​ឯកទេស​ខាង​រោគ​ស្ដ្រី​ (Gynecology​) ឈ្មោះ​ Joelle​ Bensimhon​ បាន​កត់សម្គាល់​ថា​ ក្នុង​មួយ​ថ្ងៃ​ៗកាន់តែ​មាន​ស្ត្រី​ច្រើន​ឡើង​ៗទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដោយសារ​មូលហេតុ​ខាងលើ​នេះ​ ហើយក៏​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ណែនាំ​បន្ដ​ឱ្យទៅ​ជួប​ជាមួយ​អ្នកជំនាញ​ខាង​បញ្ហា​នេះ​(សម្ពន្ធភាព​សិច​)។ អ្នកជំងឺ​តែងតែ​និយាយប្រាប់​គ្រូពេទ្យ​ថា​ ​“ខ្លួនខ្ញុំ​ដូចជា​ធម្មតា​ ខ្ញុំ​មិន​ពេញ​ចិត្ដ​ក្នុង​ការ​រួមរ័ក​ជាមួយ​ប្ដី​ ខ្ញុំ​មាន​ឧបស័គ្គ​ក្នុង​ពេល​ស្នេហា​…។ យ៉ាងណា​ក៏ដោយ​តាមធម្មតា​ នារី​ក៏ដូចជា​បុរស​ដែរ​ គឺ​ចង់​បាន​ជីវិត​ប្ដី​ប្រពន្ធ​ប្រកបដោយ​សុភមង្គល​ និង​ជីវភាព​រួមរ័ក​ប្រកបដោយ​ភាពល្អ​រលូន​ និង​ផ្អែមល្ហែម​។ អ្នក​សិក្សា​ខាង​រឿង​សិច​បាន​យល់​ច្បាស់​អំពី​បញ្ហា​នេះ​។ ជាក់ស្ដែង​គឺ​គេ​ខំ​ស្រាវជ្រាវ​រក​ឱស​ថថ្មី​ៗសម្ដៅ​រំញោច​អារម្មណ៍​ស្រើបស្រាល​របស់​នារី​ ឬស្វែងរក​វិធាន​ការ​ផ្សេង​ៗ ដើម្បី​ស្ដារ​ឡើងវិញ​នូវ​សមត្ថភាព​ដែល​ទាក់ទិន​ដល់​ការ​បង្កើន​អារម្មណ៍​របស់​ស្រី​។ គេ​ពិបាក​នឹង​វាស់​ស្ទង់​បាន​កម្រិត​សម្រើប​ដល់​កំពូល​នៃ​ការ​រួមរ័ក​របស់​ស្ត្រី​ណាស់​។ ប្រសិនបើ​ជឿ​លើ​គំរូ​សម្ដែង​តាម​ខ្សែភាពយន្ដ​ គឺ​សម្រើប​កំពូល​ក្នុង​ពេល​រួមរ័ក​តែងតែ​គួបផ្សំ​ជាមួយ​សញ្ញា​ប្រែប្រួល​របស់​ទឹក​មុខ​ ឬសម្រែក​ថ្ងូរ​។ អាស្រ័យហេតុ​នេះ​នារី​ខ្លះ​ក៏​ភាន់ច្រឡំ​ថា​ ខ្លួន​មិនដែល​មាន​អារម្មណ៍​បាន​សុខ​ស្រួល​ ឬមិន​ធ្លាប់​មាន​សម្រើប​ដល់​កំពូល​ ពីព្រោះ​ពេល​ខ្លួន​មាន​សម្រើប​ គេ​មិនធ្លាប់​បាន​ស្រែកថ្ងូរ​អ្វី​សោះ​ដូច​ក្នុង​សាច់រឿង​នោះ​ឡើយ​។

    ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ច្បាស់​ថា​ នារី​ភាគច្រើន​មាន​ចំណុច​សម្រើប​ខ្លាំង​នៅ​ខាងលើ​បបូរមាត់​យោនី​ និង​ សិ​ (Clitoris​) ជាង​នៅ​តាម​ទ្វារមាស​ (Vaginal​) ។ សម្រើប​របស់​ទ្វារមាស​ច្រើនតែ​កើតមាន​នៅពេល​ក្រោយពេល​រួមរ័ក​ ជួនកាល​នៅពេល​វ័យ​ឈាន​ដល់​ខ្ទង់40ឆ្នាំ​ប្លាយ​ទើប​នារី​បានដឹង​ច្បាស់​ ខណៈ​ដែល​ពួកគេ​មិន​អាចប​កស្រាយ​ឱ្យ​ច្បាស់​ថា​បណ្តាល​មក​ពី​ហេតុអ្វី​នោះ​ទេ​។ អាស្រ័យ​ដោយ​ខ្វះ​ការយល់​ដឹង​ ទើប​គូ​ស្វាមីភរិយា​ខ្លះ​បាន​ខ្ជះខ្ជាយ​ពេលវេលា​នៅក្នុង​ជីវភាព​រួមរ័ក​ដោយ​អចេតនា​ ដែល​កាន់តែ​ធ្វើ​ឱ្យ​ជីវភាព​សិច​សោះអង្គើយ​ជា​រៀង​រហូត​ទៅ​។ បញ្ហា​សំខាន់​មិនមែន​របៀប​សម្ដែង​របស់​នារី​ដែល​មាន​សម្រើប​ដល់​កំពូល​នោះ​ទេ​ តែ​គឺជា​ការ​ពេញ​ចិត្ដ​ដែល​កើត​ចេញពី​សម្រើប​ឈាន​ដល់កម្រិត​កំ​ពូល​។ នៅពេល​ដែល​ទីតាំង​នៃ​សម្រើប​បាន​ឈាន​ដល់កម្រិត​កំពូល​ដែល​ស្ថិតនៅ​ក្នុង​ខួរក្បាល​ត្រូវ​ទទួល​ឥទ្ធិពល​ វា​នឹង​បញ្ចេញ​ជាតិ​ Endorphines​ ដែល​ជា​វត្ថុ​ពិសេស​បង្កើត​ឱ្យ​មាន​ភាព​សុខ​ក្សេមក្សាន្ដ​។

    ជំងឺ​គ្មាន​អារម្មណ៍​រួមរ័ក​អាច​កើតឡើង​ដោយ​មូលហេតុ​មួយចំនួន​ដូចជា​ អ្នកខ្លះ​ធ្លាប់​ជួបប្រទះ​នឹង​បញ្ហា​ ខណៈ​ពេល​ឈាន​ចូល​ដល់​ដំណាក់​កាល​យុវវ័យ​ក៏​ត្រូវ​បាត់បង់​អស់​សមត្ថភាព​រួមរ័ក​ ហើយ​គ្រប់ការ​ប៉ះពាល់​រាងកាយ​ក៏​មិនបាន​បង្កើត​ឱ្យ​មាន​អារម្មណ៍​ដែរ​។ ក្នុងករណី​នេះ​ រឿង​រួមរ័ក​ក៏​ត្រូវ​ចាត់ទុកថា​ជា​រឿង​ស្មោកគ្រោក​ និង​គួរ​ឱ្យ​មាក់ងាយ​។ ជួនកាល​ជំងឺ​គ្មាន​អារម្មណ៍​ ក៏​កើត​ចេញពី​ការ​ប៉ះពាល់​គ្នា​ជាលើកដំបូង​ ហើយ​ច្រើន​តែ​ត្រូវ​បកស្រាយ​ថា​ ដោយសារ​អ្នក​ទាំងពីរ​ខ្វះ​បទ​ពិសោធ​។ ពួ​កគេ​មិ​ទាន់​យល់​ពីសា​រៈសំ​ខាន់​របស់​ឥរិយាបថ​ក្នុង​ពេល​រួមរ័ក​ជាលើកដំបូង​នៅឡើយ​។ នារី​ខ្លះ​កើតមាន​ជំងឺ​គ្មាន​អារម្មណ៍​ប្រភេទ​នេះ​ក្រោយពេល​សម្រាលកូន​ (ដែល​អូស​បន្លាយ​ ​និង​ដោយសារ​មាន​ជំ​ងឺ​ផ្សេង​ៗ) និង​អាស្រ័យ​ដោយមាន​ការ​ប្រែ​ប្រួល​ភ្លាម​ៗនៅ​ម្ដុំ​ឆ្អឹងត្រគាក​ ប៉ុន្ដែ​ការ​គ្មាន​អារម្មណ៍​ក្រោយពេល​សម្រាលកូន​នេះ​វា​មិន​អាច​ស្ថិតស្ថេរ​យូរអង្វែង​ឡើយ​។ វេជ្ជ​បណ្ឌិត​ Bensimhon​ មាន​មតិ​ថា​ មុនដំបូង​គេ​ត្រូវ​គិតទៅ​ដល់​មូលហេតុ​ច្របូកច្របល់​របស់​រាង​កាយ​។ មូលហេតុ​ខ្លះ​ដោយសារ​អ័រម៉ូន​ (Hormone​) ឧទាហរណ៍​ដូចជា​ដំណាក់កាល​ក្រោយ​ពេល​អស់​រដូវ​ ដោយមាន​ការប្រែប្រួល​សរសៃ​ប្រសាទ​ ឬដោយ​ជំងឺ​ទឹកនោមផ្អែម​ ឬក៏​ការ​ប្រើប្រាស់​ឱសថ​ខុស​ ឬច្រើនពេក​ដូចជា​ ការប្រើ​ថ្នាំ​ខាង​សរសៃប្រសាទ​ជាដើម​។

    យ៉ាងណាក៏ដោយ​ ជា​ដំណោះស្រាយ​ ស្ត្រី​ដែល​បាន​ជួបនឹង​បញ្ហា​ខាងលើ​នេះ​ អាច​ព្យាយាម​ស្វែងយល់​បន្ថែម​ពី​ខ្លួនឯង​នូវ​ចំណុច​ ក៏ដូចជា​ទីតាំង​ណាមួយ​ជា​តំបន់​ផ្ដល់​រំញោច​ និង​សម្រើប​ដែល​ផ្ដល់​ផល​ល្អ​ក្នុង​ជីវិត​សិច​។ បន្ថែម​ពីនេះ​ ស្ត្រី​ទាំងអស់​ក៏​គួរតែ​មាន​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ដោយ​ត្រង់​ជាមួយ​ដៃគូ​ ក៏ដូចជា​ស្វែងរក​ការ​ប្រឹក្សា​សុំ​យោ​បល់​ល្អ​ៗពី​អ្នកជំនាញ​ ឬវេជ្ជ​បណ្ឌិត​ឯកទេស​ជា​ជំនួញ​៕