Category: អន្តរជាតិ

  • អាម៉េរិក ផ្ដល់​ជំនួយ​យោធា​បន្ថែមជាង ៧០០ លាន​ដុល្លារ​ដល់​ អ៊ុយក្រែន​

    អាម៉េរិក ផ្ដល់​ជំនួយ​យោធា​បន្ថែមជាង ៧០០ លាន​ដុល្លារ​ដល់​ អ៊ុយក្រែន​

    ក្រសួង​ការ​បរទេស​អាម៉េរិក និង​ មន្ទីរបញ្ចកោណ​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​បន្ថែម​តម្លៃ​ ៧២៥ លាន​ដុល្លារសម្រាប់​ អ៊ុយក្រែន ក្នុង​នោះ​មាន​ទាំង​មីស៊ីល​សម្រាប់​​ប្រព័ន្ធ​ HIMARS ផងដែរ​។

    «ខ្ទង់​ជំនួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់ រុស្ស៊ី នៅ​ពាស​ពេញ​ទឹក​ដី​អ៊ុយក្រែន​» រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Antony Blinken ប្រកាស​កាល​ពី​ថ្ងៃទី ១៤ តុលា ស្ដីពី​កញ្ចប់​ជំនួយ​យោធា​បន្ថែម​ដែល​មាន​តម្លៃ​ ៧២៥ លាន​ដុល្លារ​ សម្រាប់​ អ៊ុយក្រែន​។

    ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក​ ក្នុង​ថ្ងៃ​ដដែល​បាន​ប្រកាស​ថា កញ្ចប់​ជំនួយ​យោធា​ថ្មី​បំផុត​សម្រាប់​ អ៊ុយក្រែន​ នឹង​បន្ថែម​រ៉ុក្កែត​ជា​ច្រើន​ទៀត​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​ប្រតិកម្ម​រហ័សចល័ត​ HIMARS។ កញ្ចប់​ថ្មី​នេះ​ធ្វើ​ឱ្យ​ជំនួស​សរុប​របស់​ វ៉ាស៊ីងតោន​ សម្រាប់ ទីក្រុង​កៀវ ឡើង​ដល់​ ១៨.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    មន្ទីរបញ្ចកោណ​ ក៏​បាន​ឱ្យ​ដឹង​ថា កញ្ចប់​ជំនួយ​ថ្មី​សម្រាប់ អ៊ុយក្រែន​ នេះ នឹង​មាន​ទាំង​អាវុធ​ប្រឆាំង​រថក្រោះ​ មីស៊ីល​ល្បឿន​លឿន​ប្រឆាំង​វិទ្យុសកម្ម​ HARM រួម​នឹង​យាន​យោធា និង​សម្ភារៈ​សុខាភិបាល​ផងដែរ​។

    ភាគី​ខាង​រុស្ស៊ី មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ ទាក់​ទិន​នឹង​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់​ សហរដ្ឋ​អាម៉េរិក សម្រាប់​ អ៊ុយក្រែន​៕

  • ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ចំនួន ២,៥០០ នាក់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​

    ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ចំនួន ២,៥០០ នាក់ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​

    ទាហាន​ម៉ារីនចំនួន ២,៥០០ នាក់​របស់​ សហរដ្ឋ​អាម៉េរិក និង​ ហ្វ៊ីលីពីន ចូល​រួម​សមយុទ្ធ​​យោធា Kamandag ដែល​ប្រើប្រាស់​មីស៊ីល​​ប្រតិកម្ម​រហ័ស​ និង​កាំភ្លើង​ធំ​វាយ​ប្រហារ​គោលដៅ​ដែល​បាន​រៀប​ចំ​ទុក​។

    សមយុទ្ធ​​យោធាដែល​មាន​ឈ្មោះ​ថា «កិច្ច​សហការ​រវាង​ក្រុម​ទាហាន​សមុទ្រ (Kamandag) ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី ១៣ ដល់ ១៤ តុលា នៅ​តំបន់​សម្រាប់​ធ្វើ​សមយុទ្ធ​ក្នុង​ជ្រលង​ភ្នំ​ក្បែរ​ទី​រួម​ស្រុក Capas ភាគ​ខាង​ជើង​ រដ្ឋធានី​ម៉ានីល។

    ក្រុម​ទាហាន​អាម៉េរិក និង​ ហ្វ៊ីលីពីន ធ្វើ​សមយុទ្ធ​ផ្នែក​វាយ​ឡើង​គោក​ និង​យុទ្ធសាស្ត្រ​ផ្គុំ​កម្លាំង​ការ​ពារ​ឆ្នេរ​សមុទ្រ​។

    ប្រព័ន្ធ​មីស៊ីល​ HIMARS របស់ សហរដ្ឋ​អាម៉េរិក និង​កាំភ្លើង​ធំ បើក​ការ​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ដែល​បាន​រៀប​ចំជា​មុន​ ក្នុងគ្រា​​ដែលយន្តហោះ​ចម្បាំង​ F-35 ហោះ​ពី​ខាងលើ​។ សមយុទ្ធ​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា គឺជា​ការ​បង្ហាញ​កម្លាំង​អាវុធ​ទំនើប​របស់ អាម៉េរិក នៅ​ក្នុង​តំបន់​។

    សមយុទ្ធ​យោធា​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នឹង​សមយុទ្ធ​រវាង​ អាម៉េរិក និង​ ជប៉ុន នៅ​លើ​កោះ Hokkaido ភាគ​ខាង​ជើង​នៃ ប្រទេស​ជប៉ុន ដែល​មាន​ទាហាន​ ៣,០០០ នាក់​ចូល​រួម​។

  • ខ្មាន់​កាំភ្លើង​បាញ់​រះ​នៅ​ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាងតិច ​៥ នាក់

    ខ្មាន់​កាំភ្លើង​បាញ់​រះ​នៅ​ សហរដ្ឋ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាងតិច ​៥ នាក់

    ប៉ូលិស​នៅ Carolina ខាងជើង បាន​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ម្នាក់​ ក្រោយ​ពី​ជនសង្ស័យ​នេះ​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៥ នាក់ និង​បណ្ដាល​ឱ្យ​ច្រើន​នាក់​រង​របួស​។

    ការិយាល័យ​ប៉ូលិស Raleigh បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល ១៨ ថ្ងៃទី ១៣ តុលា (ម៉ោង​ ៥ ព្រឹក​ ថ្ងៃទី ១៤ តុលា នៅ​ កម្ពុជា) ពួក​គេ​បាន​ទទួល​ព័ត៌មាន​ស្ដី​ពី​ករណី​​ផ្ទុះ​អាវុធ​នៅ​តំបន់​ភាគ​ឦសាន​នៃ​មជ្ឈមណ្ឌល​ទីក្រុង Raleigh រដ្ឋ Carolina ខាង​ជើង សហរដ្ឋ​អាម៉េរិក​។

    អភិបាល​ក្រុង Raleigh លោក​ស្រី Mary-Anne Baldwin បាន​ឱ្យ​ដឹង​ថា ករណី​ផ្ទុះ​អាវុធ​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ ៥ នាក់​បាត់បង់ជីវិត និង​ច្រើន​នាក់​រង​របយស​ ក្នុង​នោះ​ក៏​មាន​ប៉ុលិស​ម្នាក់​ដែល​កំពុង​បំពេញ​ភារកិច្ច​។ សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ដែល​ជា​ខ្មាន់​កាំភ្លើង​។

    ការិយាល័យ​ប៉ូលិស Raleigh មិន​ទាន់​ប្រកាស​អំពី​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ក្នុងករណី​នេះ​នៅ​ឡើយ​។

    សហរដ្ឋ​អាម៉េរិក ថ្មី​ៗ​នេះ​ កើត​មាន​ករណី​បាញ់​រះ​សម្លាប់​មនុស្ស​ជា​បន្ត​បន្ទាប់​។ ជនសង្ស័យ Robert Crimo កាល​ពី​ថ្ងៃទី ៤ កក្កដា បានប្រើប្រាស់​កាំភ្លើង​បាញ់​រះ​នៅ​ក្នុង​ទិវា​ឯករាជ្យ​ បណ្ដាល​ឱ្យ​មនុស្ស ៦ នាក់​ត្រូវ​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​។ មុន​នោះ ករណី​បាញ់​រះ​ដ៏បង្ហូរ​ឈាម​មួយ​បាន​កើត​ឡើង​នៅ​ឯ​សាលា​បឋម​សិក្សា​​មួយ​ក្នុង​តំបន់ Ulvade រដ្ឋ Texas ធ្វើ​ឱ្យ​មនុស្ស​ ២១ នាក់​បាត់​បង់ជីវិត​៕

  • យន្តហោះ​ចម្បាំង​ ១០ គ្រឿង​របស់ កូរ៉េខាងជើង ចូល​ទៅ​កៀក​ព្រំដែន​កូរ៉េខាងត្បូង

    យន្តហោះ​ចម្បាំង​ ១០ គ្រឿង​របស់ កូរ៉េខាងជើង ចូល​ទៅ​កៀក​ព្រំដែន​កូរ៉េខាងត្បូង

    កូរ៉េខាងត្បូង​ និយាយ​ថា កូរ៉េខាងជើង​ បញ្ជូន​យន្តហោះ​ចម្បាំង​ប្រហែល ១០ គ្រឿង​​ ចូល​មក​កៀក​នឹង​ព្រំ​ដែន​ប្រទេស​នេះ​ និង​បាញ់​មីស៊ីល​ប្លោង​ចូល​តំបន់​សមុទ្រ​។

    សេនាធិការដ្ឋាន​ចម្រុះ​កូរ៉េខាងត្បូង (JSC) បាន​ឱ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​កូរ៉េខាងជើង បាន​ហោះ​ហើរ​នៅ​លើបន្ទាត់​​ខណ្ឌ​ចែក​កងទ័ពប្រហែល ២៥ គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង​ និងមាន​ចម្ងាយ​​ប្រហែល ១២ គីឡូម៉ែត្រ​ ធៀប​នឹង​បន្ទាត់​ព្រំដែនជាក់​ស្ដែង​​នៅ សមុទ្រ​លឿន​ នៅ​វេលា​ម៉ោង​ ២២ និង ៣០ នាទី ថ្ងៃទី ១៣ តុលា​ និង​ម៉ោង​ ០ និង ២០ នាទី​ថ្ងៃទី ១៤ តុលា​ (ម៉ោង​​ ២០ និង ៣០ នាទី និងម៉ោង ២២ និង ៣០ នាទី​ ថ្ងៃទី ១៣ តុលា នៅ​ កម្ពុជា)។

    យោង​តាម​ JCS យន្តហោះ​ចម្បាំង​កូរ៉េខាងជើង ក៏​ត្រូវ​បាន​រកឃើញ​នៅ​ក្បែរ​ព្រំដែន​នៅ​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ​ ផងដែរ​។ កូរ៉េខាងត្បូង បាន​បញ្ជូន​យន្តហោះចម្បាំង​ជា​ច្រើន​គ្រឿង​ ក្នុង​នោះ​ក៏​មាន F-35A ទៅ​ទល់​ទល់ស្ថាន​ការណ៍​នេះ​។

    JSC ក្រោយ​មក​ក៏​បាន​រាយការណ៍​ថា កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ប្លោង​មិន​ស្គាល់​អត្តសញ្ញាណ​ ចូល​សមុទ្រ​។ នេះ​គឺជាករណី​សាកល្បង​មីស៊ីល​ប្លោង​លើក​ទី ៨ របស់ កូរ៉េខាងជើង ក្នុង​រង្វង់​ប្រហែល​ ២ សប្ដាហ៍​ចុង​ក្រោយ​នេះ​ និង​ជា​ករណី​សាកល្បង​លើក​ទី ២៦ របស់ ទីក្រុង​ព្យុងយ៉ាង រាប់ចាប់​ពី​ដើម​ឆ្នាំ​។

  • ផ្ទុះ​ឃ្លាំង​អាវុធ​នៅរុស្ស៊ី! អ៊ុយក្រែន​ រង​ការ​ចោទ​ថា​ «នៅ​ពី​​ក្រោយ​» អំពី​នេះ​

    ផ្ទុះ​ឃ្លាំង​អាវុធ​នៅរុស្ស៊ី! អ៊ុយក្រែន​ រង​ការ​ចោទ​ថា​ «នៅ​ពី​​ក្រោយ​» អំពី​នេះ​

    ក្រុមមន្ត្រី​នៅ​ទីក្រុង Belgorod ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី បាន​ចោទ​ថា ការ​បាញ់​កាំភ្លើង​ធំ​របស់ អ៊ុយក្រែន សំដៅ​ចូល​ទឹក​ដី​របស់​ រុស្ស៊ី បាន​បំផ្លាញ​ផ្ទះ​ប្រជាជន និង​ធ្វើ​ឱ្យ​ផ្ទុះ​ឃ្លាំង​អាវុធ​មួយ​កន្លែង​ផងដែរ​។

    «នៅ​ក្នុងភូមិ​មួយ​នៅ Belgorod ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​ កងកម្លាំង​អ៊ុយក្រែន បាន​បណ្ដាល​ឱ្យ​ឃ្លាំង​អាវុធ​មួយ​ត្រូវ​ផ្ទុះ​​ខ្ទេច» អភិបាល​ខេត្ត Belgorod លោក Vyacheslav Gladkov បាន​ឱ្យ​ដឹង​តាម​ Telegram កាល​ពី​ថ្ងៃទី ១៣ តុលា​ដូច្នេះ​។

    អភិបាល​ខេត្ត​ខាងលើ​បន្ត​ថា ព័ត៌មាន​ដំបូង​ឱ្យ​ដឹង​ថា មិន​មាន​អ្នក​ណាម្នាក់​​រង​របួស​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីសុវត្ថិភាព​។ មុន​នោះ លោក Gladkov បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខូច​ខាត​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ អ៊ុយក្រែន​ នៅទីក្រុង Belgorod។

    Mykhaylo Podolyak ជំនួយ​ការ​ជាន់​ខ្ពស់​របស់​​ ប្រធានាធិបតី​អ៊ុយក្រែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា កងទ័ព​អ៊ុយក្រែន នៅ​ពី​ក្រោយ​អំពី​វាយប្រហារ​លើ​តំបន់​ប្រជាជន​។ មន្ត្រី​រូប​នេះ​និយាយ​ថា កម្លាំង​រុស្ស៊ី បាញ់​មីស៊ីល​សំដៅ​ទីក្រុង​ Kharkov របស់ អ៊ុយក្រែន នៅ​ក្បែរ​ព្រំដែន​ «ប៉ុន្តែ មាន​បញ្ហា​ ហើយ​មីស៊ីល​ក៏​ហោះ​ទៅ​ចំ​អគារ​ស្នាក់​នៅ​»។

    អភិបាល​ខេត្ត Roman Starovoit ឱ្យ​ដឹង​ថា នៅតំបន់ Kursk ដែល​ជា​ទឹកដី​មួយ​ផ្សេង​ទៀត​របស់ រុស្ស៊ី នៅ​ក្បែរ​ព្រំ​ដែន​ជាមួយ អ៊ុយក្រែន មាន​ភូមិ​ចំនួន ២ ត្រូវ​ដាច់​ចរន្ត​អគ្គិសនី​ ដោយ​សារ​តែ​ស្ថានីយ​អគ្គិសនី​រង​ការ​ខូច​ខាត​ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ អ៊យក្រែន​។ អាជ្ញាធរ​រុស្ស៊ី កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

    ក្រសួង​ការ​ពារ​ជាតិ​អ៊ុយក្រែន ពេលនេះ​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ ទាក់​ទិន​នឹង​ករណី​ផ្ទុះ​ឃ្លាំង​អាវុធ និង​ការ​ចោទ​ប្រកាន់នានា​​របស់​ រុស្ស៊ី​៕

  • G7 សន្យា​កំណត់​គោលដៅ​បន្សាប​ឧស្ម័នបំភាយ​ក្នុង​បរិយាកាស​​នៅ​ឆ្នាំ​ ២០៥០

    G7 សន្យា​កំណត់​គោលដៅ​បន្សាប​ឧស្ម័នបំភាយ​ក្នុង​បរិយាកាស​​នៅ​ឆ្នាំ​ ២០៥០

    កាល​ពី​ថ្ងៃទី ១២ តុលា នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ IMF និង WB នៅ សហរដ្ឋ​អាម៉េរិក​ ក្រុម​រដ្ឋមន្ត្រី​ក្រតំណាង​​បណ្ដា​ប្រទេស​នៅ​​ G7 បាន​អះអាង​ជា​ថ្មី​អំពី​ការ​សន្យា​​​ដែល​ថា នឹង​សម្រេច​គោល​ដៅ​បំភាយ​ឧស្ម័ន​សុទ្ធ​ស្មើ​នឹង​ ០ នៅ ២៨ ឆ្នាំ​ទៀត​។

    ក្រុម​មេដឹកនាំ​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿនទាំង​ ៧ (G7) សន្យា​ថា បង្កើន​កិច្ច​ខិតខំ​ក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន និង​ផ្ដល់ជំនួយ​ទាក់​ទិន​នឹង​បញ្ហា​អាកាស​ធាតុ​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍ​។

    នៅ​ក្នុង​ប្រកាស​ដែល​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី ១២ តុលា នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​ក្រៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ (IMF) និង ធនាគារ​ពិភពលោក​ (WB) នៅ វ៉ាស៊ីងតោន (សហរដ្ឋ​អាម៉េរិក) ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ និង​ទេសាភិបាល​ធនាគារ​ជាតិ​របស់​ G7 បាន​អះអាង​ជា​ថ្មី​អំពី​ការ​សន្យា​​​ដែល​ថា នឹង​សម្រេច​គោល​ដៅ​បំភាយ​ឧស្ម័ន​សុទ្ធ​ស្មើ​នឹង​ ០ នៅ​ឆ្នាំ​ ២០៥០​។

    យោង​តាម​ក្រុម​មន្ត្រី​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំខាងលើ​ ក្នុងមួយ​រយៈ​ពេល​កន្លង តម្លៃ​ថាមពល​ និង​ស្បៀង​អាហារ​បាន​កើន​ឡើង​ខ្ពស់​ ប៉ះពាល់​ដល់​ទីផ្សារ​ និង​ប្រភព​ផ្គត់ផ្គង់​ទូទាំង​សកល​លោក​។

    ក្រុម​មន្ត្រី​ខាង​លើ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​អាកាស​ធាតុ​ រួម​មាន​ការ​ពន្លឿន​ដំណើរ​ការ​ងាក​ទៅ​រក​ថាមពល​ស្អាត​ ការ​ធានា​តុល្យ​ភាព​ និង​ស្ថិរភាព​ ដើម្បី​ជួយ​កែ​លំអ​សន្តិ​សុខ​ថាមពល​របស​ពិភពលោក​៕

  • យន្តហោះ​ពាណិជ្ជកម្ម​ត្រូវ​គំរាម​បំផ្ទុះ​គ្រាប់​បែក អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង​អមការ​ពារ

    យន្តហោះ​ពាណិជ្ជកម្ម​ត្រូវ​គំរាម​បំផ្ទុះ​គ្រាប់​បែក អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង​អមការ​ពារ

    ទ័ព​អាកាស​របស់​ អង់គ្លេស​ បញ្ជូន​យន្តហោះ​ចម្បាំង​​ Typhoon ច្រើន​គ្រឿង​ ហោះអម​ការ​ពារ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង​ដែល​​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែកដែល​​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​​អំពី​សុវត្ថិភាព​។

    ប៉ូលិស​តំបន់ Essex ភាគ​អាគ្នេយ៍​របស់ ចក្រភាព​អង់គ្លេស បាន​ទទួល​ការ​រាយការណ៍​អំពី​ការ​គំរាម​កំហែង​​ចំពោះ​ជើង​ហោះ​ហើរ LS922 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Jet2 កាលពី​ម៉ោង​ប្រហែល ២១ ថ្ងៃទី ១២ តុលា (ម៉ោង​ ៣ ថ្ងៃទី ១៣ តុលា នៅ កម្ពុជា)។ យន្តហោះ Airbus A321 នេះ បាន​ចេញដំណើរ​ពី Dalaman របស់ តួកគី កំពុង​ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Manchester។

    ទ័ព​អាកាស​អង់គ្លេស​ (RAF) បាន​បញ្ជូន​យន្តហោះ​ចម្បាំង Typhoon ២ គ្រឿង ចេញ​ទៅ​ហោះ​អមការ​ពារ​ Airbus A321 ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ London​ Stansted នៃ​តំបន់ Essex។ ប្រភព​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Jet2 ឱ្យ​ដឹង​ថា យន្តហោះ​នេះ​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក​។

    ផ្លូវហោះហើររបស់យន្តហោះ Airbus A321 ដែលអមការពារដោយយន្តហោះចម្បាំង Typhoon ២ គ្រឿង

    យន្តហោះ​ខាងលើ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​លើ​ទីតាំង​ដាច់​ដោយ​ឡែក​ដែល​គេ​ស្ថាបនា​ឡើង​ទុក​សម្រាប់​ទប់​ទល់​នឹង​ករណី​ភេរវកម្ម​ និង​ករណី​ប្លន់​យន្តហោះ​។ សមត្ថកិច្ច​ Essex បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យន្តហោះ​ទាំង​មូល ប៉ុន្តែ​មិន​បាន​រកឃើញ​អ្វី​មួយ​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​យន្តហោះ​នេះ​ឡើយ​៕

  • មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្កោលទោស​រុស្ស៊ី ករណី​រឹបអូស​ ៤​ ខេត្ត​របស់ អ៊ុយក្រែន

    មហាសន្និបាត​អង្គការសហប្រជាជាតិ​ ថ្កោលទោស​រុស្ស៊ី ករណី​រឹបអូស​ ៤​ ខេត្ត​របស់ អ៊ុយក្រែន

    មហាសន្និបាត​អង្គការសហប្រជាជាតិ អនុម័ត​សេចក្ដី​សម្រេច​ថ្កោលទោស​ចំពោះ​ រុស្ស៊ី ដែល​បាន​ច្របាច់​បញ្ចូលទឹក​ដី​​ ៤ ខេត្ត​របស់​ អ៊ុយក្រែន ទៅ​ក្នុង​ប្រទេស​ខ្លួន​ ដែល​នេះ​គឺជា​ការ​សម្រេច​ដែល​ ប្រធានាធិបតី​អាម៉េរិក អធិប្បាយ​ថា ជា​ការ​ផ្ញើ «សារ​យ៉ាង​ច្បាស់​» ដល់​ ទីក្រុង​មូស្គូ។

    សេចក្ដី​សម្រេច​ «ថ្កោលទោសចំពោះ​​ការ​ដែល​ សហព័ន្ធ​រុស្ស៊ី ប្រារព្ធ​អ្វី​ដែល​ហៅ​ថា ប្រជាមតិ​ខាង​ក្នុង​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​របស់ អ៊ុយក្រែន» ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ១៤៣ និង​សំឡេង​ប្រឆាំង​ចំនួន ៥ ​ក្នុង​ការ​បោះ​ឆ្នោត​នៃ​ មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃ​ទី ១២ តុលា​ ២០២២​។

    ក្នុង​ចំណោម​ប្រទេស​ចំនួន ៣៥ ដែល​បាន​បោះ​ឆ្នោត​អនុបវាទ​ ក៏​មាន​ ប្រទេស​ចិន ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង និង​ ប៉ាគីស្ថាន​ ផងដែរ​។ ចំណែក​ ៥ ប្រទេស​ដែល​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​ថ្កោល​ទោស​លើ​ រុស្ស៊ី រួម​មាន រុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី និង នីការ៉ាហ្កា។

    សេចក្ដី​សម្រេច​ថ្កោល​ទោស​ខាងលើ​ ​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​របស់ អង្គការ​សហប្រជាជាតិ​ និង​អន្តរជាតិ មិន​ទទួល​ស្គាល់​រាល់​ការ​ប្រែប្រួល​ដែល​ រុស្ស៊ី បាន​ប្រកាស​ ស្ដីពី​ព្រំដែន​ និង​ស្នើ​ឱ្យ​ ទីក្រុង​មូស្គូ «ធ្វើ​បញ្ច្រាស​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​» ចំពោះ​ការ​សម្រេច​របស់​ខ្លួន​។

    ថ្មី​ៗ​នេះ រុស្ស៊ី បាន​រឹបអូស​ទឹក​ដី​ ៤ ខេត្តរបស់ អ៊ុយក្រែន រួម​មាន Donetsk, Lugansk, Kherson និង Zaporizhzhia តាម​រយៈ​ការ​វាយចូល​​កាន់កាប់​ និង​ការ​ធ្វើប្រជាមតិ​។ អ៊ុយក្រែន និង​សម្ព័ន្ធ​មិត្ត​ បាន​ថ្កោល​ទោស​ទង្វើ​នេះ​របស់ ​រុស្ស៊ី​ មុន​នឹង​ សហរដ្ឋ​អាម៉េរិក និង​​ អាល់បានី ដាក់​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ថ្កោលទោស​ឡើង​ទៅ​កាន់​ ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​។

  • ទិដ្ឋភាព​កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា​របស់ កូរ៉េខាងជើង

    ទិដ្ឋភាព​កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា​របស់ កូរ៉េខាងជើង

    កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ទំហំ​ ២៨០ ហិកតា ដែល​ស្ថិត​នៅ​លើ​អតីត​ទីតាំង​សម្រាប់​ការ​សាកល្បង​មីស៊ីល​ គឺជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ អាជ្ញាធរ​កូរ៉េ​ខាងជើង​។

    កសិដ្ឋាន​ផ្ទះកញ្ចក់​ទំនើប​ Ryonpho ស្ថិត​នៅ​​ក្នុង​ស្រុក Hamju ភាគ​ខាង​កើត​ប្រទេស​ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាលពី​ថ្ងៃទី ១០​ តុលា ក្នុង​ឱ​កាស​ទិវា​បង្កើត​បក្ស​ពលករ​កូរ៉េខាងជើង​។

    បក្ស​ពលករ​ របស់ កូរ៉េខាង​ជើង កំពុង​រៀង​ផែនការ​ «ម្ចាស់​ការ និង​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ ដោយ​មាន​ផ្ទះកញ្ចក់​ Ryonpho ជា​និមិត្ត​រូប» លោក គីម ជុងអុន ថ្លែង​ដូច្នេះ​។

    ប្រធាន​រដ្ឋ​កូរ៉េខាងជើង​ បាន​អំពាវនាវ​ឱ្យ​សាងសង់​កសិដ្ឋាន​ធំៗជា​ច្រើន​ទៀត​ និង​បង្កើន​ចំនួន​ប្រភេទ​បន្លែបង្ការ ធានា​ការ​ផលិត​ គ្រប់គ្រង​បែប​វិទ្យា​សាស្ត្រ  និង​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​នៅ​តាម​កសិដ្ឋាន​។

    Jungphyong ដែល​ជា​កសិដ្ឋាន​ដូច​ទៅ​នឹង​ Ryonpho ប៉ុន្តែ​មាន​ទំហំ​តូច​ជាង និង​ស្ថិត​ក្នុង​ស្រុក​ Kyonsong ភាគឦសាន​ប្រទេស​ គឺជា​ទម្រង់​ផ្ទះកញ្ចក់​ដំបូង​ដែល កូរ៉េខាងជើង បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ២០១៩​ ក្នុង​កិច្ច​ប្រឹងប្រែង​ «ខ្លួន​ទីពឹង​ខ្លួន» នៅ​ចំពោះ​មុខ​ទណ្ឌកម្ម​អន្តរជាតិ​ទាក់ទិន​នឹង​កម្មវិធី​អាវុធ​នុយក្លេអែរ របស់ ទីក្រុង​ព្យុងយ៉ាង​។

    ក្នុង​កិច្ច​ប្រជុំ​កំណត់​គោល​នយោបាយ​សំខាន់​កាល​ពី​ខែ​ធ្នូ ២០២១ បក្ស​ពលករ​កូរ៉េខាងជើង បាន​ប្រកាស​ផែនការ​កែប្រែ​មូលដ្ឋាន​ទ័ព​អាកាស​ Ryonpho ឱ្យ​ទៅ​ជា​ «កសិដ្ឋាន​ស្វ័យ​ប្រវត្ត​កម្រិត​ខ្ពស់» អម​ជាមួ​យ​នឹង​គំរូ​ជនបទ​ថ្មី​ ដោយ​ចាត់​ទុក​ថា ទាំង​នេះ​គឺជា​អាទិភាព​ដំបូង​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន។

    លោក គីម ជុងអុន គឺជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ក្នុង​ការ​អភិវឌ្ឍ​កសិដ្ឋាន​ទំនើប​នេះ​ ក្នុង​បំណង​បង្កើន​ប្រភព​ផ្គត់ផ្គង់​បន្លែ​បង្ការ​។ ក្នុង​ថ្ងៃ​ធ្វើ​ទស្សនកិច្ច​ លោក គីម បាន​កោត​សរសើរ​ចំពោះ​ទាហាន និង​កម្មករ​ដែល​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​សាងសង់​​កសិដ្ឋាន​ Ryonpho ដោយ​ប្រើពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

    តំបន់​​កសិដ្ឋាន​ Ryonpho ធ្លាប់​ជា​ទីលាន​បាញ់​សាកល្បង​មីស៊ីល​ប្លោង​រយៈ​ចម្ងាយ​ខ្លី​ ក្នុង​នោះ​ក៏​មាន KN-25 ដែល​បាន​សាកល្បង​កាល​ពី​ខែ​វិច្ឆិកា ២០១៩​ និង​ KN-23 សាកល្បង​កាល​ពី​ឆ្នាំ​ ២០២១​។ ក្រៅ​ពី​កសិដ្ឋាន​ផ្ទះកញ្ចក់ តំបន់​ខាងលើ​នេះ​ក៏​មាន​ផ្ទះស្នាក់​នៅ សាលា​រៀន មជ្ឈមណ្ឌល​វប្បធម៌ និង​សេវាកម្ម​ចំនួន ១,០០០ ខ្នង​ផងដែរ​៕

  • កូរ៉េខាងជើង​ បាញ់​សាកល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​យុទ្ធសាស្ត្រ

    កូរ៉េខាងជើង​ បាញ់​សាកល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​យុទ្ធសាស្ត្រ

    កូរ៉េខាងជើង​ ប្រកាស​ថា បានបាញ់​សាក​ល្បង​មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអែរ​ ក្រោម​ការ​តាម​ដាន​របស់​មេដឹក​នាំ​ គីម ជុងអុន​។

    ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ឱ្យ​ដឹង​ថា មេដឹកនាំ​ គីម ជុងអុន បាន​តាម​ដាន​ដោយ​ផ្ទាល់​នូវ​ដំណើរ​ការ​បាញ់​សាកល្បង​ «មីស៊ីល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ​រយៈ​ចម្ងាយ​ឆ្ងាយ​យុទ្ធ​សាស្ត្រ​ចំនួន​ពីរ​គ្រាប់» កាលពី​ថ្ងៃទី ១២ តុលា និង​បន្ថែម​ថា នេះ​គឺជា​ការ​សាកល្បង​ក្នុង​បំណង​បញ្ជាក់​អំពី​ភាព​ប្រាកដ​ប្រជា​ និង​សមត្ថភាព​ប្រយុទ្ធ​របស់​អាវុធ​នុយក្លេអែរ​ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ជួរ​កងទ័ព​។

    មីស៊ីល​ពីរ​គ្រាប់​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល ១០,២៣៤ វិនាទី និង​ធ្លាក់​ចំ​គោល​ដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​ ២,០០០ គីឡូម៉ែត្រ​ពី​ទីតាំង​បាញ់​សាកល្បង​។

    «នេះគឺជា​ការ​ព្រមាន​ច្បាស់លាស់​សម្រាប់​សត្រូវ​។ កូរ៉េខាងជើង​ ត្រូវ​​បន្ត​ការ​ពង្រីក​សមត្ថភាព​ប្រយុទ្ធ​​របស់​កងកម្លាំង​ដែល​មាន​អាវុធ​នុយក្លេអែរ​ ដើម្បី​កំញើញ​​ដោយ​ការ​ប្ដេជ្ញា​នៅ​ក្នុង​វិបត្តិ​យោធា​នៅ​គ្រប់​កាល​ទេសៈ​ និង​មាន​ប្រៀប​ជាង​ទាំង​ស្រុង​» KCNA ដកស្រង់សម្ដី​របស់​លោក គីម ជុងអុន ថ្លែង​ក្នុង​ព្រឹត្តិការណ៍​បាញ់​សាកល្បង​មីស៊ីល​។

    សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង ជប៉ុន មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់​ទិន​នឹង​ព័ត៌មាន​ខាងលើ​។ប៉ុន្តែ ប្រទេស​ទាំង​នេះ​កម្រ​នឹង​មាន​ប្រតិកម្ម​​​ទៅ​នឹង​ការ​សាកល្បង​នា​ពេល​កន្លង​ ដោយ​សារ​តែ​អាវុធ​ប្រភេទ​នេះ​មិន​ត្រូវ​បាន ​អង្គការ​សហប្រជាជាតិ​ហាម​ចំពោះ​ កូរ៉េខាងជើង​៕