Category: អន្តរជាតិ

  • ពិភពលោក​សម្រេចបាន ​«កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ»

    ពិភពលោក​សម្រេចបាន ​«កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ»

    បណ្ដា​ប្រទេស​បាន​យល់ព្រម​ចុះហត្ថលេខា​លើ «កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ធម្មជាតិ» ដើម្បី​ប្រែ​ត្រលប់ការបំផ្លិច​បំផ្លាញ​ចំពោះ​បរិស្ថាន និង​ប្រព័ន្ធ​ជីវសាស្ត្រ​ទូទាំង​សកលលោក​ដែល​បាន​កើត​ឡើង​រាប់​ទសវត្ស​រ៍​កន្លង។

    ក្រៅ​ការចរចា​ប្រកបដោយ​ភាព​តានតឹង 4 ឆ្នាំ ប្រទេស​ជាង 190 បាន​ជួប​ភិ​ភា​ក្សា​គ្នា​នៅក្នុង​សន្និសីទ​កំពូល​ស្ដីពី​ជីវចម្រុះ COP15 របស់ អង្គការសហប្រជាជាតិ ​ដែល​ចិន​ធ្វើជា​អ្នកសម្របសម្រួល និង​ត្រូវបាន​ធ្វើឡើង​នៅ ប្រទេស​កាណាដា ដើម្បី​សង្គ្រោះ​តំបន់​ដីគោក មហាសមុទ្រ និង​ជីវិត​នៅលើ​ផែនដី​ពី​ការបំពុល​បរិស្ថាន ឱនភាព និង​វិបត្តិ​អាកាសធាតុ។

    ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ព្រឹក​ថ្ងៃទី 19 ធ្នូ 2022 រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី​ចិន Huang Runqiu ប្រធាន COP15 ប្រកាសថា «សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ធម្មជាតិ» ត្រូវបាន​អនុម័ត បើ​ទោះ​មានការ​ជំទាស់​ពី សាធារណរដ្ឋ​កុង​ហ្កោ ជា​ប្រទេស​ដែល​ស្នើឱ្យ​មានការ​ផ្ដល់ជំនួយ​បន្ថែមទៀត​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

    មេដឹកនាំ​របស់ សហភាព​អឺរ៉ុប (EU) Ursul von der Leyen ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គឺជា «គ្រឹះ​សម្រាប់​សកម្មភាព​សកល​ស្ដីពី​ជីវចម្រុះ ជាការ​បំពេញបន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ទីក្រុងបារី​ស ស្ដីពី​អាកាសធាតុ»។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ក៏បាន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ ខណៈដែល​អ្នកនាំពាក្យរ​បស់ ក្រសួងការបរទេស​អា​ម៉េ​រិ​ក Ned Price លើកសរសើរ​ថា នេះ​គឹជា​កិច្ចព្រមព្រៀង​ប្រកបដោយ «ភាព​សកល និង​មហិច្ឆតា»។

    «សន្ធិសញ្ញា​សន្តិភាព​ជាមួយ​ធម្មជាតិ» នេះ​សន្យាថា ការពារ​ផ្ទៃដី​បៃតង​ចំនួន 30% នៅ​ឆ្នាំ 2030 ដោយ​ផ្ដល់ប្រាក់​ជំនួយ​ប្រចាំឆ្នាំ​ចំនួន 30 ពាន់​លាន​ដុល្លារ​សម្រាប់​ពិភពលោក​ដែល​កំពុង​អភិវឌ្ឍ និង​ទប់ស្កាត់​ការ​ផុត​ពូជ​របស់​ប្រភេទ​សត្វ រុក្ខជាតិ​ដែល​រង​ការគំរាមកំហែង​ដោយសារ​មនុស្ស។ កិច្ចព្រមព្រៀង​នេះ​ក៏​សន្យាថា ការពារ​សិទ្ធិ​របស់​ប្រជាជន​មូលដ្ឋាន​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​តំបន់​ដី​របស់​ពួកគេ។

    គោលដៅ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដទៃទៀត​ក្នុង​កិច្ចព្រមព្រៀង​នេះ រួមមាន ការ​សំច័យ​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​ការកាត់បន្ថយ​ជំនួយ​ផ្នែក​កសិកម្ម​ដែល​បង្ក​ផល​អាក្រក់​ដល់​បរិស្ថាន ការកាត់បន្ថយ​ហានិភ័យ​ពី​ថ្នាំ​ការពារ​ដំណាំ និង​ការដោះស្រាយ​បញ្ហា​សត្វ​ចង្រៃ។

    អ្នកគ្រប់គ្រង​របស់ អង្គការ​យុទ្ធនាការ​សម្រាប់​ធម្មជាតិ Brian O’Donnell បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ជា «ការសន្យា​ការពារ​មហាសមុទ្រ និង​ដីគោក​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

    ក្រុម​អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​ប្រៀបប្រដូច​កិច្ចព្រមព្រៀង​នេះ​ទៅ​នឹង​ផែនការ​សម្រាប់​​រប​ត់​ថ្មី​ដើម្បី​កាត់បន្ថយ​ការកើនឡើង​កម្ដៅ​នៅ​ទូទាំង​សកលលោក​ក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​កិច្ចព្រមព្រៀងទីក្រុង​​បារី​ស​ស្ដីពី​អាកាសធាតុ​ឆ្នាំ 2015 បើ​ទោះ​អ្នកជំនាញ​ខ្លះ​ព្រមាន​ថា វា​មិនទាន់​គ្រប់គ្រាន់៕

    រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី​ចិន Huang Runqiu ប្រធាន COP15
  • ដោយ​សារ​​ព្រឹល​ធ្លាក់​ក្រាស់ខ្លាំង​ពេក ចរាចរណ៍​នៅ​មូ​ស្គូ ត្រូវ​កកស្ទះ​

    ដោយ​សារ​​ព្រឹល​ធ្លាក់​ក្រាស់ខ្លាំង​ពេក ចរាចរណ៍​នៅ​មូ​ស្គូ ត្រូវ​កកស្ទះ​

    រដ្ឋធានី​មូ​ស្គូ កាលពី​ថ្ងៃទី 18 ធ្នូ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ព្រឹល​ធ្លាក់​ច្រើនជាងពេលណាៗទាំងអស់ នាំឱ្យ​​ជើង​ហោះ​ហើរ​​ជាច្រើន​នៅតាម​បណ្ដា​ព្រលានយន្តហោះ​ត្រូវ​ពន្យារពេល ឬ​លុបចោល បណ្ដាលឱ្យមាន​ការកកស្ទះ​ចរាចរណ៍។

    នៅក្នុង​តំបន់​ជាច្រើន​នៃ​ រដ្ឋធានីមូ​ស្គូ របស់ ប្រទេស​រុស្ស៊ី ព្រឹល​ធ្លាក់​ក្រាស់​រហូតដល់ 40 សម ដែលជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ 1989 រហូតដល់​បច្ចុប្បន្ន។

    ដើម្បី​រក្សា និង​ធានា​ដល់​រាល់​សកម្មភាព​ប្រចាំថ្ងៃ អាជ្ញាធរ​ក្រុង​មូ​ស្គូ បាន​ប្រើប្រាស់​កម្មករ​ជិត 120,000 នាក់​នៅក្នុង​ការដោះស្រាយ​បញ្ហា​ឈូស​ឆាយ​ព្រឹល។

    ប្រធាន​នាយកដ្ឋាន​ឧតុនិយម​រុស្ស៊ី Roman Vilfand បញ្ជាក់ថា នេះ​គឺជា​ការធ្លាក់​ព្រឹល​ក្រាស់​បំផុត​ក្នុងអំឡុង 80 ឆ្នាំ​មកនេះ។ កំណត់ត្រា​មុន​នោះបាន​កើតឡើង​កាលពី​ឆ្នាំ 1941 នៅពេល​ព្រឹល​ធ្លាក់​កម្រាស់​ដល់ 34 សមនៅ មូ​ស្គូ។

    ជើងហោះហើរ​ជាង 100 ត្រូវបាន​ពន្យារពេល ឬ​លុបចោល​នៅតាម​អាកាសយានដ្ឋាន​មួយចំនួន មានដូចជា Domodedovo, Sheremetyevo និង Nvukovo នៅ រដ្ឋធានី​របស់ រុស្ស៊ី៕

  • រាជធានី​តូ​ក្យូ ៖ ផ្ទះ​ដែល​សង់​ថ្មី​ចាប់ពី​ឆ្នាំ 2025 ត្រូវតែ​បំពាក់​ផ្ទាំង​សូ​ឡា

    រាជធានី​តូ​ក្យូ ៖ ផ្ទះ​ដែល​សង់​ថ្មី​ចាប់ពី​ឆ្នាំ 2025 ត្រូវតែ​បំពាក់​ផ្ទាំង​សូ​ឡា

    រាល់​ផ្ទះ​ថ្មី​នៅ រាជធានី​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​សាងសង់​ដោយ​ក្រុមហ៊ុនធំៗ ក្រោយ​ខែមេសា 2025 ត្រូវតែ​បំពាក់​ផ្ទាំង​សូ​ឡា​ដើម្បី​កាត់បន្ថយ​បរិមាណ​ឧស្ម័ន​កាបូន​របស់​គ្រួសារ​នានា។

    នេះ​គឺជា​ខ្លឹមសារ​នៅក្នុង​សេចក្ដីកំណត់​ថ្មី​ដែល​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​រាជធានី​របស់ ជប៉ុន អនុម័ត​កាលពី​ថ្ងៃ​​ទី 15 ធ្នូ 2022។

    យោងតាមអាជ្ញាធរ​ជប៉ុន ការកំណត់​ថ្មី​នេះ​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​សំណង់ធំៗប្រហែល 50 ស្ថាប័ន បំពាក់​ប្រភព​ថាមពល​កកើត​ឡើងវិញ (ភាគច្រើន​គឺ​ផ្ទាំង​សូ​ឡា) ទៅលើដំបូល​ផ្ទះ អគារ​ថ្មី​ដែលមាន​ទំហំចាប់​ពី​ 2,000 ម៉ែត្រក្រឡា។

    អភិបាលក្រុង​តូ​ក្យូ លោកស្រី Koike Yuriko

    អភិបាលក្រុង​តូ​ក្យូ លោកស្រី Koike Yuriko បានឱ្យដឹងថា អាជ្ញាធរ​កំណត់​គោលដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យបាន​ពាក់កណ្ដាល​នៅ​ឆ្នាំ 2030 ធៀប​នឹង​ឆ្នាំ 2020។

    ជប៉ុន ដែលជា​ប្រទេស​បំ​ភាយ​ឧស្ម័ន​កាបូន​ច្រើនជាងគេ​លំដាប់​ទី 5 លើ​ពិភពលោក បាន​សន្យាថា នឹង​សម្រេច​ឱ្យបាន​នូវ​អព្យាក្រឹតភាព​​កាបូន​នៅ​ឆ្នាំ 2050៕

  • (World Cup 2022)- មេដឹកនាំ​បណ្ដា​ប្រទេស ចូលរួម​អបអរសាទរ ចំពោះ អា​ហ្ស​ង់​ទីន

    (World Cup 2022)- មេដឹកនាំ​បណ្ដា​ប្រទេស ចូលរួម​អបអរសាទរ ចំពោះ អា​ហ្ស​ង់​ទីន

    មេដឹកនាំ​ប្រទេស​មួយចំនួន​បាន​ចូលរួម​អបអរសាទរភ្លាមៗចំពោះ អា​ហ្ស​ង់​ទីន ដែល​ដណ្ដើមបាន​ជ័យជម្នះ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ កាតា និង​លើក​ពាន​ជើងឯក បន្ទាប់ពី​បាន​យកឈ្នះ បារាំង។

    «ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ទើបតែ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយនឹង ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Alberto Fernandez និង​អបអរសាទរ​ដល់​លោក នៅពេល​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្លាយជា​ជើងឯក FIFA World Cup» អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 18 ធ្នូ ក្នុង​ប្រកាស​ស្ដីពី​ការហៅ​ទូរស័ព្ទ​ទៅ​អបអរ​របស់ ប្រធានាធិបតី​រុស្ស៊ី ចំពោះ​សម​ភាគី​អា​ហ្ស​ង់​ទីន។

    នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏បាន tag ប្រធានាធិបតី​អា​ហ្ស​ង់​ទីន Fernandez ទៅក្នុង​សារ​អបអរសាទរ​នៅលើ Twitter ផងដែរ។ «…អបអរសាទរ អា​ហ្ស​ង់​ទីន ដែល​បាន​ក្លាយជា​ជើងឯក! …ពលរដ្ឋ​ឥណ្ឌា រាប់លាន​នាក់​ដែលជា​អ្នកគាំទ្រ អា​ហ្ស​ង់​ទីន និង Messi សុទ្ធតែ​សប្បាយរីករាយ​ជាមួយនឹង​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ» លោក Modi សរសេរ​ដូច្នេះ។

    ប្រធានាធិបតី​តួ​ក​គឺ Recep Tayyip Erdogan ក៏​សម្ដែង​ការអបអរសាទរ​ដល់​ប្រជាជន និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ អា​ហ្ស​ង់​ទីន។ លោក​បាន​ហៅ​ការប្រកួត​រវាង អា​ហ្ស​ង់​ទីន និង បារាំង ថា​ជា «ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មួយ​ដែល​តានតឹង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

    លោក Erdogan បាន​ទៅ​ទស្សនាការ​ប្រកួត​នេះ​ដោយផ្ទាល់ តាម​ការអញ្ជើញ​របស់ មហាក្សត្រ​កាតា។ លោក Erdogan អង្គុយ​ទស្សនា​ការប្រកួត​ជាមួយនឹង​ក្សត្រា al-Thani, ប្រធានាធិបតី​បារាំង Macron និង​ប្រធាន FIFA Gianni Infantino។

    ប្រ​ធានា​ធិ​ប​តិ​ទើប​ជាប់ឆ្នោត​របស់ ប្រេ​ស៊ី​ល Luiz Inacio Lula da Silva ក៏បាន​ចូលរួម​អបអរសាទរ​ជ័យជម្នះ​របស់ អា​ហ្ស​ង់​ទីន។ ចំណែក ប្រធានាធិបតី​បារាំង វិញ ថ្វីបើ​ស្រពោន​ចិត្ត​ព្រោះតែ បារាំង ចាញ់ ប៉ុន្តែ​ក៏បាន​អបអរសាទរ​ចំពោះ អា​ហ្ស​ង់​ទីន ផងដែរ។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​លើក​ពាន​ជើងឯក World Cup 2022 ដោយបាន​យកឈ្នះ​លើ បារាំង 4-2 ក្នុងការ​ប្រកួត​ទាត់​ប៉េ​ណាំង​ទី បន្ទាប់ពី​មាន​លទ្ធផល 3-3 ក្នុង 2 តង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ (18 ធ្នូ 2022)។ នេះ​គឺជា​ពាន​ជើងឯក​ទី​បី​ដែល អា​ហ្ស​ង់​ទីន ដណ្ដើមបាន បន្ទាប់ពី​បានក្លាយ​ជា​ជើងឯក World Cup 1978 និង 1986៕

  • ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី

    ឥណ្ឌូណេស៊ី ផ្ដល់ជំនួយ​សម្រាប់​ពល​រដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី

    ការផ្ដល់​ជំនួយ​សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នេះ គឺជា​ផ្នែក​មួយ​ក្នុង​គម្រោង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី កំពុងមាន​ផែនការ​ផ្ដល់ជំនួយ​ដល់​អ្នក​ទាំងឡាយណា​ដែល​ទិញ​ម៉ូតូ​អគ្គិសនី​ថ្មី និង​រថយន្ត​អគ្គិសនី​ថ្មី។

    ឥណ្ឌូណេស៊ី នឹង​ផ្ដល់ជំនួយ 80 លាន​រូពៀ ប្រហែល​នឹង 5,000 ដុល្លារ​អាម៉េរិក សម្រាប់​ពលរដ្ឋ​ដែល​ទិញ​រថយន្ត​អគ្គិសនី, 40 លាន​រូពៀ ប្រហែល​នឹង 2,500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​រថយន្ត​កូនកាត់ (អគ្គិសនី + សាំង) និង 8 លាន​រូពៀ ប្រហែល​នឹង 500 ដុល្លារ​អាម៉េរិក សម្រាប់​អ្នកទិញ​ម៉ូតូ​អគ្គិសនី។

    ក្រៅបីនេះ ឥណ្ឌូណេស៊ី ក៏​នឹង​ផ្ដល់ជំនួយ 5 លាន​រូពៀ ប្រហែល 320 ដុល្លារ​អាម៉េរិក សម្រាប់​អ្នក​ដែល​ព្រម​ប្ដូរ​ម៉ូតូ​ម៉ាស៊ីន​ចំហេះ​ក្នុង ទៅជា​ម៉ូតូ​អគ្គិសនី​ផងដែរ។

    កម្មវិធី​ខាងលើនេះ​អាច​ត្រូវបាន​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ 2023។ ឥណ្ឌូណេស៊ី បានកំណត់​គោលដៅ​មាន​ម៉ូតូ​អគ្គិសនី​យ៉ាងតិច 1.2 លាន​គ្រឿង និង​រថយន្ត​អគ្គិសនី 35 ពាន់​គ្រឿង​នៅ​ឆ្នាំ 2024៕

  • អាង​តាំង​បង្ហាញ​​ត្រី​ខ្នាត​យក្ស​នៅ បែរ​ឡាំង ផ្ទុះ​បែក បណ្ដាលឱ្យ​ត្រី​រាប់ពាន់​ក្បាល​លោត​ពេញ​ផ្លូវ

    អាង​តាំង​បង្ហាញ​​ត្រី​ខ្នាត​យក្ស​នៅ បែរ​ឡាំង ផ្ទុះ​បែក បណ្ដាលឱ្យ​ត្រី​រាប់ពាន់​ក្បាល​លោត​ពេញ​ផ្លូវ

    អាង​ត្រី​កម្ពស់ 14 ម៉ែត្រ និង​មាន​ត្រី​កម្រ​ប្រហែល 1,500 ក្បាល​នៅ រដ្ឋធានី​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ បាន​បែកខ្ទេច​កាលពី​ព្រឹក​ថ្ងៃទី 16 ធ្នូ ធ្វើឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស នេះ​បើតាម​មន្ត្រីប៉ូលិស និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​នៅ បែរ​ឡាំង។

    អាងតាំង​បង្ហាញ​​ត្រី AquaDom ស្ថិតនៅ​បរិវេណ​ខាងមុខ​របស់​សណ្ឋាគារ Radisson Collection ក្នុង​តំបន់​កំសាន្ត និង​ពាណិជ្ជកម្ម DomAquaree។ ប៉ូលិស​បានឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 2 នាក់​ត្រូវ​រងរបួស។

    អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​សាលាក្រុង បាន​បង្ហោះ​នៅលើ Twitter ថា បុគ្គលិក​ពន្លត់​អគ្គិភ័យ 100 នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ ចំណែក​អភិបាលក្រុង​បែរ​ឡាំង Franziska Giffey ក៏​ឱ្យដឹង​ដែរ​ថា ទឹក​ប្រហែល 1 លាន​លីត្រ បាន​ខ្ចាយ​ពី​អាង​ត្រី​នេះ។

    អ្នកនាំពាក្យ​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ Adrian Wentzel និយាយថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត 06 ថ្ងៃទី 16 ធ្នូ 2022 (ម៉ោង​ក្នុងស្រុក)។

  • អាជ្ញាធរ​ថៃ បំបែកសំបុក​ទទួល​ចាក់​ភ្នាល់​បាល់ទាត់ រឹបអូស​បាន​ប្រាក់​រាប់លាន​ដុល្លារ

    អាជ្ញាធរ​ថៃ បំបែកសំបុក​ទទួល​ចាក់​ភ្នាល់​បាល់ទាត់ រឹបអូស​បាន​ប្រាក់​រាប់លាន​ដុល្លារ

    ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​មនុស្ស 31 នាក់ ដោយ​ចោទថា គ្រប់គ្រង​បណ្ដា​គេហទំព័រ​ចាក់​ភ្នាល់​បាល់ទាត់​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ធំ ដោយមាន​ប្រាក់​ភ្នាល់​ឡើងដល់ 1.2 ពាន់​លាន​បាត។

    អង្គភាព​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា (TCSD) នៃ​ការិយាល័យ​ជាតិ​ស៊ើបអង្កេត​របស់ ប្រទេស​ថៃ បាន​ឆែកឆេរ​ទីតាំង​ចំនួន 2 នៅ បាងកក និង 5 ទីតាំង​ទៀត​នៅ​ខេត្ត​ចន្ទ​បុរី បន្ទាប់ពី​បានទទួល​ព័ត៌មាន​ថា ទីតាំង​ទាំងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ចាក់​ភ្នាល់​បាល់ទាត់​ខាងលើ។

    មនុស្ស​ចំនួន 31 នាក់ ក្នុងនោះ​មាន 22 នាក់​ជា​បុរស និង 9 នាក់​ជា​ស្ត្រី ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការបង្ក្រាប​របស់​អាជ្ញាធរ​នៅ​ខណ្ឌ Bang Khen រាជធានី​បាងកក និង​ស្រុក Muang របស់​ខេត្ត​ចន្ទ​បុរី។

    ក្រុមមន្ត្រី​ថៃ បានឱ្យដឹងថា ក្រុម​ជនជាប់សង្ស័យ​ខាងលើ​បាន​គ្រប់គ្រង​គេហទំព័រ​ទទួល​ចាក់​ភ្នាល់​បាល់ទាត់​ខុសច្បាប់​ចំនួន 20។ ប៉ូលិស​ក៏បាន​រឹបអូស​កុំព្យូទ័រ​ជាង 50 គ្រឿង និង​រថយន្ត 3 គ្រឿង និង​សាច់ប្រាក់​ប្រហែល 70 លាន​បាត (ជាង 2 លាន​ដុល្លារ​អាម៉េរិក)។

    វត្ថុតាង​មួយចំនួន​ដែល​ប៉ូលិស​បាន​រឹប​អូស
  • ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​នៅ​ទូទាំង​សកលលោក​ដោយសារ​កូ​វីដ-19 អាច​បញ្ចប់​នៅ​ឆ្នាំក្រោយ

    ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​នៅ​ទូទាំង​សកលលោក​ដោយសារ​កូ​វីដ-19 អាច​បញ្ចប់​នៅ​ឆ្នាំក្រោយ

    នេះ​គឺជា​ប្រកាស​ដែល​ទើបត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​លើកឡើង នៅពេល​ជិត​ឈានចូល​ដល់ 3 ឆ្នាំ ដែល​ពិភពលោក​បាន​ប្រឈម​នឹង​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​រលាក​សួត​កូ​វីដ-19 ដែល​បង្កឡើង​ដោយ​វីរុស SARS-CoV-2។

    ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ ហ្សឺ​ណែវ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 ប្រចាំ​សប្ដាហ៍ បើទោះជា​ស្ថិតនៅក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​មួយឆ្នាំ​មុន។ ប្រធាន WHO សង្ឃឹមថា អាច​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​ផ្នែក​សុខាភិបាល​ទូទាំង​ពិភពលោក​ដោយសារ​កូ​វីដ-19 នៅ​ឆ្នាំក្រោយ។

    តាម​ផែនការ គណៈកម្មាធិការ​គ្រាអាសន្ន​ស្ដីពី​កូ​វីដ-19 របស់ WHO នឹង​ពិភាក្សា​អំពី​គោលការណ៍​ដើម្បី​ប្រកាស​បញ្ចប់​ស្ថានភាព​អាសន្ន​នៅក្នុង​កិច្ចប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ខែមករា 2023។

    យោងតាម WHO បើទោះជា​លទ្ធភាព​នៃ​ការផ្ទុះ​ឆ្លង​អាច​នៅមាន​បន្ត ប៉ុន្តែ ជំងឺ​រាតត្បាត​នេះ​នឹងមិន​ដូច​គ្រា​ដំបូង​ទៀតឡើយ ដោយសារតែ​ចំនួន​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ និង​ស្លាប់មាន​កម្រិត​ទាប​ជាង​ឆ្ងាយ៕

  • ឆេះ​អគារ​ស្នាក់​នៅ​ក្នុង​ក្បែរ​ទីក្រុង Lyon ប្រទេស​បារាំង បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់

    ឆេះ​អគារ​ស្នាក់​នៅ​ក្នុង​ក្បែរ​ទីក្រុង Lyon ប្រទេស​បារាំង បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់

    យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ 10 នាក់​ ក្នុង​នោះ​មាន​កុមារ 5 នាក់ បាន​ស្លាប់​នៅ​ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​ស្នាក់នៅ​មួយ​កន្លែង​​​កាល​ពី​ព្រឹក​ថ្ងៃទី 16 ធ្នូ នៅ​តំបន់ Vaulx-en-Velin របស់ទីក្រុង Lyon ប្រទេស​បារាំង​។

    សារព័ត៌មាន Reuters ដកស្រង់​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ក្នុង​តំបន់​របស់ Lyon និង Rhone បានឱ្យដឹងថា មូលហេតុ​នៃ​អគ្គិភ័យ​នេះ​មិនទាន់​ត្រូវ​បានដឹង​នៅឡើយ។

    ភ្លាមៗបន្ទាប់ពី​មាន​អគ្គិភ័យ បុគ្គលិក​សង្គ្រោះបន្ទាន់ និង​ក្រុម​ពន្លត់​អគ្គិភ័យ​ប្រហែល 170 នាក់ បាន​ទៅដល់​កន្លែងកើតហេតុ។

    អគ្គិភ័យ​ដែល​​បាន​កើត​ឡើង​នៅ​វេលា​ព្រឹក​ព្រលឹម​ថ្ងៃទី 16 ធ្នូ នៅ​អគារ​ស្នាក់​នៅ​កម្ពស់​ 7 ជាន់​ ក្នុង​តំបន់ Vaulx-en-Velin នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ 10 នាក់ ក្នុងនោះក៏​​មាន​កុមារ 5 នាក់។ ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​រង​របួស​ 14 នាក់ផងដែរ​។

  • យន្តហោះ​ចម្បាំង​បំបាំងកាយ​របស់ អាម៉េរិក ដាំ​ក្បាល​ចុះដី ពេល​កំពុង​ចុះចត (វីដេអូ)

    យន្តហោះ​ចម្បាំង​បំបាំងកាយ​របស់ អាម៉េរិក ដាំ​ក្បាល​ចុះដី ពេល​កំពុង​ចុះចត (វីដេអូ)

    យន្តហោះ​ចម្បាំង F-35 ជួប​បញ្ហា​ពេល​កំពុង​សាកល្បង​ហោះ​បណ្ដែត​ខ្លួន​នៅឯ​រដ្ឋ Texas របស់ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​ក្បាល​របស់​វា​ដាំ​ចុះ​លើផ្លូវ​រត់ និង​បាក់​ឈ្នាន់​កង់។

    ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​មូលដ្ឋាន​ទ័ពជើងទឹក Fort Worth ក្នុង​រដ្ឋ Texas កាលពី​ថ្ងៃទី 15 ធ្នូ ពេល​យន្តហោះ​បំបាំងកាយ F-35B ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ការពារជាតិ Lockheed Martin កំពុង​ហោះហើរ​សាកល្បង។

    អំពី​មូលហេតុ​ដែលនាំឱ្យ​យន្តហោះ​នេះ​ត្រូវ​ជួប​គ្រោះថ្នាក់ ក៏ដូចជា​កម្រិត​នៃ​ការខូចខាត​របស់​យន្ត​ហោះ​នេះ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ។

    F-35B គឺជា​កំណែ​ដែល​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​កង​ម៉ា​រី​ន​អាម៉េរិក។ យន្តហោះ​នេះ​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់​ដូច​ទៅនឹង​ឧទ្ធម្ភាគចក្រ។ ក្រៅពី​កង​ម៉ា​រី​ន​អាម៉េរិក ប្រទេស​មួយចំនួន​ដែលជា​សម្ព័ន្ធមិត្ត​របស់ ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏បាន​បញ្ជា​ទិញ និង​កំពុង​ដាក់ឱ្យ​ប្រើប្រាស់ F-35B នេះដែរ៕