Category: អន្តរជាតិ

  • លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    លោកយាយវូហាន អាយុ 103ឆ្នាំ ជាមនុស្សចាស់បំផុតដែលឈ្នះវីរុសកូរ៉ូណា

    សារព័ត៌មាន Independent របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា រកឃើញស្ត្រីចំណាស់ អ្នកស្រុកវូហានម្នាក់ អាយុ 103ឆ្នាំ គឺជាមនុស្សដែលមានវ័យច្រើនបំផុត ដែលបានយកឈ្នះមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងព្យាបាលជា បានត្រឡប់ទៅផ្ទះវិញហើយ។

    លោកវេជ្ជបណ្ឌិត ស៊ឹង យូឡាន់ អ្នកព្យាបាលលោកយាយចាង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន Chutian Metropolis Daily ថា ស្ថិតិនៃការធូរស្បើយយ៉ាងឆាប់រហ័សរបស់មនុស្សដែលមានអាយុខ្ទង់រយឆ្នាំនេះ គឺមកពីលោកយាយគ្មានលក្ខខណ្ឌផ្នែកសុខភាពផ្សេងទៀត ក្រៅពីអាការមិនសូវជាធ្ងន់ធ្ងរប៉ុន្មានរបស់ជំងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ។

    លោកយាយជរា ចាង បានទទួលការវិនិច្ឆ័យថា បានឆ្លងមេរោគវីរុសកូវីដ-19 នៅឯមន្ទីរពេទ្យ លី យួន នៃ​មហា​វិទ្យាល័យវេជ្ជសាស្ត្រ តុង ជិ ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី1 មីនាកន្លងទៅ និងបានទទួលការព្យាបាលរហូតដល់ជា ក្លាយជាបុគ្គលចំណាស់បំផុតដែលបានជាសះស្បើយពីជំងឺគ្រោះថ្នាក់នោះរហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីលោកតា អាយុ 101ឆ្នាំម្នាក់ដែលជាសះស្បើយពីវីរុសនេះ នៅក្នុងវូហានដូចគ្នាកាលពីពេលមុន។

    គួររំឭកដែរថា អ្នករស់នៅក្នុងទីក្រុងវូហានទាំង 11លាននាក់ ត្រូវបានបង្ខាំង(មិនឱ្យចេញទៅណា)តាំងពីចុងខែមករា។ ជំងឺនេះមានអ្នកឆ្លងមេរោគជាង 80,700នាក់នៅក្នុងប្រទេសចិន និងមានអ្នកស្លាប់ជាង 3,000នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​11,000​នាក់​

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​អ៊ីតាលី កើន​លើស​11,000​នាក់​

    រដ្ឋាភិបាល​នៃ​ប្រទេស​អ៊ីតាលី អាច​នឹង​បន្ត​ពន្យារ​សុពល​ភាព​នៃ​បទ​បញ្ជា​បម្រាម​គោចរ​​ ខណៈ​ដែល​​តួលេខ​អ្នក​ស្លាប់​បាន​កើន​ឡើង​លើស​10,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​100,000​នាក់​។

    ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី​29​មីនា បាន​ប្រកាស​ថា ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​756​ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​10,779​ករណី​។ តួលេខ​អ្នក​ស្លាប់​ថ្មី​បាន​ថយ​ចុះ​បន្តិច​ក្នុង​អំឡុង​2ថ្ងៃ​ជាប់​ៗ​គ្នា​ បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​919​នាក់​ក្នុង​ថ្ងៃទី​27​មីនា​ និង​889​នាក់​ក្នុង​ថ្ងៃទី​28​មីនា​។

    ​អ៊ីតាលី​ បច្ចុប្បន្ន​ជា​ប្រទេស​ដែ​ល​មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ពោល​គឺ​មាន​ចំនួន​ដល់​ទៅ​1/3 នៃ​អ្នក​ស្លាប់សរុប​ទូទាំង​ពិភពលោក​។

    ក្នុង​ថ្ងៃទី​29​មីនា​ដដែល​ ប្រទេស​អ៊ីតាលី​ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជាង​5,200​ករណី​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ កើន​ដល់​97,689​ករណី​ ច្រើន​ជាង​គេ​លំដាប់​ទី2​នៅក្នុង​ពិភពលោក​​បន្ទាប់​ពី​សហរដ្ឋ​អាមរិក​។ មន្ត្រី​អ៊ីតាលី​បាន​ឱ្យ​ដឹង​ថា​ តួលេខ​ពិត​អាច​មាន​ច្រើន​ជាង​តួលេខ​ដែល​បាន​ប្រកាស​ ដោយ​សារ​បច្ចុប្បន្ន​ប្រទេស​នេះ ធ្វើ​តេស្ត​ចំពោះ​តែ​អ្នក​ដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​នៅ​ឯផ្ទះ​របស់​ពួកគេ​ កំពុង​រង់​ចាំ​ការ​ធ្វើ​តេស្ត​​។

    គិត​មក​ដល់​​ថ្ងៃ​នេះ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​មេរោគ​COVID-19 សរុប​721,946​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​33,966​នាក់ ជាសះស្បើយ​151,312​នាក់ និង​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ដល់​ទៅ​26,789​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    WHO ប្រកាស៖ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនជាងកន្លះលាន ចំណែកវ៉ាក់សាំង គ្មានផ្លូវកាត់ទេ ត្រូវរង់ចាំ 1ឆ្នាំ

    ទីក្រុងហ្សឺណែវ ថ្ងៃទី27 មីនា អង្គការសុខភាពពិភពលោក ឬ WHO បានបង្ហើបឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលបានអះអាងហើយទូទាំងពិភពលោក បានកើនឡើងដល់ជាងកន្លះ លាននាក់ និងមានអ្នកស្លាប់ច្រើនជាង 20,000នាក់ហើយ ដែលនេះជា “ស្ថិតិដ៏គួរឱ្យសោកសៅ” បំផុត។

    WHO បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកបានកើនឡើងដល់ 509,164នាក់ គិតត្រឹមម៉ោង10 ម៉ោងនៅអឺរ៉ុប នៃថ្ងៃសុក្រ ទី27 មីនា ដោយវីរុសបានឆ្លងសាយភាយទូទាំងប្រទេស និងភូមិភាគ ជាង 200កន្លែង និងធ្វើឱ្យមានអ្នកស្លាប់ច្រើនរហូតដល់ 23,335នាក់។

    លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងថា នៅតែត្រូវរង់ចាំយ៉ាងហោចណាស់ក៏ 12-18ខែទៀតដែរ ទម្រាំនឹងមានវ៉ាក់សាំងការពារមេរោគមួយនេះ…។ លោកព្រមទាំងបាននិយាយសង្កត់ធ្ងន់ទៅលើភាពចាំបាច់យ៉ាងបន្ទាន់ក្នុងការព្យាបាលអ្នកជំងឺ និងបន្ថយចំនួនអ្នកស្លាប់ ទៀតផង។

    “ការសាកល្បងដែលបានរួមដៃគ្នាជាធ្លុងមួយ មានន័យអំពីការសាកល្បងខាងការព្យាបាលរបស់ប្រទេសជាច្រើន ដើម្បីស្វែងរកវិធីព្យាបាលជំងឺដែលបណ្ដាលមកពីវីរុសកូវីដ-19 គឺជាការសាកល្បងជាប្រវត្តិសាស្ត្រ ដែលវានឹងជួយឱ្យការពិសោធភ័ស្តុតាងពាក់ព័ន្ធនឹងថ្នាំដែលមានប្រសិទ្ធផលខាងការព្យាបាល”

    លោក ថេដ្រូស បានប្រកាសថា អ្នកជំងឺ 1ឈុតដំបូងនៅក្នុងប្រទេសន័រវេយ៍ និងអេស្បាញ នឹងចូលរួមការសាកល្បងខាងការព្យាបាលក្នុងពេលឆាប់ៗនេះ ដើម្បីប្រៀបធៀបពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់ឱសថតែមួយ ឬឱសថផ្សំ ដែលអាចមានសក្ដានុពលព្យាបាលជំងឺដ៏សាហាវមួយនេះ ចំនួន 4មុខ”

    “រឹតតែមានប្រទេសផ្សេងៗ ចូលរួមការសាកល្បងកាន់តែច្រើនឡើង នឹងរឹតតែជួយឱ្យយើងបានទទួលលទ្ធផលកាន់តែលឿនឡើង”។ លោកបានបន្តទៀតថា បច្ចុប្បន្ន មានប្រទេស និងភូមិភាគប្រមាណជា 45 កំពុងរួមដៃគ្នាសាកល្បងខាងគ្លីនិក ដើម្បីស្វែងរកវិធីការព្យាបាល និងសង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងទៀត។

    ខណៈពេលជាមួយគ្នា លោក ថេដ្រូស បានអំពាវនាវឱ្យចៀសវាងពីវិធីព្យាបាលដែលមិនបានបង្ហាញពីប្រសិទ្ធផល ដោយលោកបានសង្កត់ធ្ងន់ថា វា “គ្មានផ្លូវកាត់” ទេ និងត្រូវតែប្រកាន់យកភ័ស្តុតាងដែលមានការពិសោធសាកល្បង និងរៀនយល់ជាបន្តបន្ទាប់ថា តើវិធីការមួយណាដែលទទួលបានលទ្ធផល៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    អតីត​រដ្ឋមន្ត្រី​របស់​បារាំង​ម្នាក់ បាន​​បាត់​ស្លាប់​ដោយ​សារ​ COVID-19

    លោក Patrick Devedjian អាយុ​75​ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រីម្នាក់​​របស់​ប្រទេស​បារាំង​ បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ដំបូងបង្អស់​​របស់​ប្រទេស​នេះ បាន​ស្លាប់​ដោយ​សារ​ COVID-19។

    Patrick Devedjian​ គឺជា​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​របស់​ប្រទេស​បារាំង​ ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។ លោក​ក៏ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​អតីត​ប្រធានា​ធិបតី​បារាំង​ Nicolas Sarkozy ផងដែរ​។ អតីត​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ប្រកាស​ថា លោក​មាន​រោគ​សញ្ញា​ឆ្លង​ COVID-19 កាល​ពី​ថ្ងៃទី​25មិនា​។

    លោក Devedjian ធ្លាប់​បាន​កាន់​កាប់​តំណែង​ជា​ច្រើន​ តាំង​ពី​បាន​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​1983។ លោក​ក៏ធ្លាប់​បាន​ធ្វើ​ជា​អភិបាល​ក្រុង​ Antony មុន​ពេល​ចូល​កាន់​តំណែង​ប្រធាន​តំបន់​​ Haut-de-Seine នៅ​ជាយ​ក្រុង​​ភាគ​ខាង​លិច​នៃរដ្ឋធានី​​បារីស​។

    គិតមក​ដល់​ពេលនេះ ប្រទេស​បារាំង​ បាន​រកឃើញ​អ្នកជំងឺ​ COVID-19 ចំនួន​38,105​នាក់​ ក្នុង​នោះ​មាន 2,317​​នាក់​បាន​​បាត់​បង់ជីវិត​ និង​ជិត​6,000​នាក់​បាន​ជាសះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់ ស្លាប់​ដោយ​សារ​​ធ្វើ​អត្តឃាត​ ព្រោះ​តែ​​បារម្ភ​អំពី COVID-19

    Thomas Schaefer ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​រដ្ឋ​ Hesse នៃ​​ប្រទេស​អាល្លឺម៉ង់ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា បាន​ធ្វើ​អត្តឃាត​​ព្រោះ​តែ​ “មាន​ការ​បារម្ភ​ជ្រុល​” អំពី​វិធាន​ការ​ទប់​ទល់​នឹង​ហានិភ័យ​ដួល​រលំ​នៃ​សេដ្ឋ​កិច្ច​ជាតិ​ ដោយ​សារ​តែ​ COVID-19។

    Schaefer មាន​អាយុ​54​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​មួយ​កន្លែង​កាល​ពី​ថ្ងៃទី​28​មីនា​កន្លង​ទៅ​។ ការិយាល័យរដ្ឋ​អាជ្ញា​នៃ​តុលា​ការ​ក្រុង​ Wiesbaden បាន​ឱ្យ​ដឹង​ថា ពួកគេ​ជឿ​ថា រដ្ឋ​មន្ត្រី​រូប​នេះ បាន​ធ្វើ​អត្ត​ឃាត​។

    “យើង​ពិត​ជា​តក់ស្លុត​​ខ្លាំង​ណាស់​…។ យើង​ពិត​ជា​មាន​ការ​សង្វេគ​ខ្លាំង​ណាស់​” អភិបាល​រដ្ឋ Hesse លោក Volker Bouffier មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុងសេចក្ដី​ប្រកាស​របស់​លោក​ បន្ទាប់​ពី​ករណី​ខាង​លើ​បាន​កើត​ឡើង​។

    លោក Bouffier បាន​ឱ្យ​ដឹង​ថា លោក Schaefer បាន​កាន់​កាប់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​ Hesse អស់​រយៈ​ពេល​10​ឆ្នាំ​មក​ហើយ​។ លោក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ “មិន​ថា​យប់​ថ្ងៃ​” ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា និងកម្មករ​ទូទៅ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​ពី​ COVID-19។

    អភិបាល​រដ្ឋ Hesse បាន​ថ្លែង​ថា “យើង​ជឿ​ថា គាត់​ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។ នេះ​ពិត​ជា​ដំណាក់​កាល​ដ៏​លំបាកដែល​យើង​ត្រូវ​ការ​មនុស្ស​ដូច​គាត់​”។

    Schaefer កន្លង​មក​នេះ ត្រូវ​បាន​គេ​យល់​ថា​ជា​អ្នក​បន្ត​វេន​របស់​អភិបាល​រដ្ឋ Hesse គឺ​លោក Bouffier។ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​រូប​នេះ បាន​លាចាក​លោក​នេះ​ទៅ ដោយ​បន្សល់​ទុក​ភរិយា​ និង​កូន​2​នាក់​ឱ្យ​រស់​នៅ​ដោយ​គ្មាន​ស្វាមី និង​ឪ​ពុក​។

    គិត​ត្រឹម​ម៉ោង​នេះ ប្រទេស​អាល្លឺម៉ង់ បាន​រកឃើញ​អ្ន​កផ្ទុក​មេរោគ​COVID-19 ចំនួន​ 58,247នាក់ និង​ស្លាប់​ចំនួន​​455​នាក់​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ហ្វីលីពីន៖ យន្ត​ហោះ​ដឹក​អ្នក​ជំងឺឆ្ពោះ​ទៅ​កាន់​ជប៉ុន​​ ​ផ្ទុះ​ឆេះ​នៅ​ព្រលាន​យន្ត​ហោះ Ninoy Aquino

    ហ្វីលីពីន៖ យន្ត​ហោះ​ដឹក​អ្នក​ជំងឺឆ្ពោះ​ទៅ​កាន់​ជប៉ុន​​ ​ផ្ទុះ​ឆេះ​នៅ​ព្រលាន​យន្ត​ហោះ Ninoy Aquino

    យន្តហោះ​ដឹក​មនុស្ស​8​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់ បាន​ផ្ទុះ​ឆេះ​ និង​ជ្រុល​ចេញ​ផុត​ពី​ផ្លូវ​នៃ​ព្រលាន​យន្ត​ហោះ​ Ninoy Aquino ក្នុង​រដ្ឋ​ធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​។

    យន្ត​ហោះ​ធន់​តូច​ IAI Westwind ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ជា​យន្ត​ហោះ​ដែល​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន​ជួល​ដើម្បី​ដឹក​អ្នក​ជំងឺ​ម្នាក់​ទៅ​កាន់​ប្រទេស​ជប៉ុន​។ យន្ត​ហោះ​​ ដែល​មាន​ស្លាក​លេខ​ RP-C5880​នេះ បាន​​ចាប់​ផ្ដើម​ហោះ​ហើរ​នៅ​វេលា​ម៉ោង​20​ ថ្ងៃទី​29​មីនា។ ក្នុង​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ យន្ត​ហោះ​នេះ​ស្រាប់​តែ​ឆេះ​សន្ធោ​សន្ធៅ និង​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្នុង​ព្រលាន​យន្ត​ហោះ​។ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​1ម៉ោង​ ទើប​អាច​ពន្លត់​ភ្លើង​ឆេះ​យន្ត​ហោះ​នេះ​បាន​។

    អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក Dexter Cabalza បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​នេះ​ដឹក​មនុស្ស​8​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​3​នាក់ និង​អ្នកជំងឺ​ម្នាក់​។ សារ​ព័ត៌មាន​ Reuters បាន​ចេញផ្សាយ​ថា មនុស្ស​ទាំង​8​នាក់​នៅ​លើ​យន្តហោះ​នេះ បាន​បាត់បង់ជីវិត​។ ចំណែកអ្នកជំងឺ​ម្នាក់​នៅ​លើ​យន្ត​ហោះ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ជា​អ្នក​ជំងឺ​ COVID-19 ឬ​យ៉ាង​ណា​នោះ​ដែរ​។

    នៅ​មុន​ពេល​ជួប​គ្រោះ​ថ្នាក់ យន្ត​ហោះ​នេះ​បាន​ហោះ​ហើរ​ជា​ច្រើន​លើក​ជុំ​វិញ​បណ្ដា​កោះ​របស់​ហ្វីលីពីន​ ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​វេជ្ជ​សាស្ត្រ​សំខាន់​ៗ​។ ទន្ទឹម​នឹង​នេះ យន្ត​ហោះ​នេះ​ក៏​ធ្លាប់​បាន​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ប្រទេស​ថៃ និង​កោះ​តៃ​វ៉ាន់​ផងដែរ៕

    https://www.youtube.com/watch?v=voZKaQANXFI

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អ្នកជំនាញបកស្រាយ៖ ហេតុអ្វី កូវីដ-19 អាចសម្លាប់ជីវិតមនុស្សប្រុស ច្រើនជាងមនុស្សស្រី?

    អ្នកជំនាញបកស្រាយ៖ ហេតុអ្វី កូវីដ-19 អាចសម្លាប់ជីវិតមនុស្សប្រុស ច្រើនជាងមនុស្សស្រី?

    ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ បានរាយការណ៍ថា ជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ មានសញ្ញាថា បានសម្លាប់ជីវិតអ្នកជំងឺ “ភេទប្រុស” ច្រើនជាងអ្នកជំងឺ “ភេទស្រី”។

    ក្រុមអ្នកជំនាញការ បានផ្ដល់ការយល់ឃើញថា ក្រៅពីសភាវរាងកាយមិនសូវរឹងមាំ និស្ស័យចូលចិត្តកាត់បន្ថយសុខភាពខ្លួនឯង ដូចជាការជក់បារី និងផឹកគ្រឿងស្រវឹង ដែលអាចបំផ្លាញសួតហើយនោះ ឥទ្ធិពលពីអ័រម៉ូនក្នុងការតបស្នងរបស់ប្រព័ន្ធប្រឆាំងជំងឺ អាចមានតួនាទីសំខាន់នៅក្នុងបាតុភូតនេះផងដែរ…។

    លោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើស ប្រធានកងប្រតិបត្តិការកូវីដ-19 ជនជាតិអាមេរិក ប្រចាំសេតវិមាន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ប្រចាំថ្ងៃថា មានរបាយការណ៍ពីប្រទេសអ៊ីតាលី ដែលបានបង្ហាញឱ្យឃើញពីការស្លាប់បាត់បង់ជីវិតដោយសារមេរោគវីរុសកូវីដ-19 របស់មនុស្សប្រុសគ្រប់អំឡុងវ័យ មានអត្រាខ្ពស់ជាងមនុស្សស្រី…ដែលនេះជា “សញ្ញាដ៏គួរឱ្យវិតក្កកង្វល់មួយ”។

    ស្ថិតិ ពីអង្គភាពសាធារណៈសុខាភិបាលអ៊ីតាលី បានបញ្ជាក់ថា បុរសមានអត្រាច្រើនដល់ទៅ 58ភាគរយនៃអ្នកជំងឺកូវីដ-19 ទាំងអស់ 13,882នាក់ ហើយ 72% នៃអ្នកជំងឺដែលស្លាប់ក្នុងអំឡុងថ្ងៃទី 21កុម្ភៈ-12 មីនា ដោយមនុស្សប្រុសដែលចូលមន្ទីរពេទ្យមានសញ្ញាថា បានស្លាប់ច្រើនជាងមនុស្សស្រីច្រើនដល់ទៅ 75%។

    ខណៈដែលស្ថិតិពីប្រទេសផ្សេងៗ ក៏បានរកឃើញដូចគ្នាដែរថា មនុស្សប្រុសបានស្លាប់ដោយសារវីរុសកូវីដ-19 ច្រើនជាងមនុស្សស្រី។

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃប្រទេសចិន(CCDC) បានចង្អុលបង្ហាញថា ការស្លាប់របស់មនុស្សប្រុសដែលបានទទួលការអះអាងហើយថា បានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ ច្រើនជាងមនុស្សស្រី 65%។

    ក្រុមអ្នកជំនាញការបានមើលឃើញថា និស្ស័យចូលចិត្តកាត់បន្ថយសុខភាពខ្លួនឯង ដូចជាការជក់បារី និងផឹកគ្រឿងស្រវឹង ច្រើនតែឃើញមាននៅលើបុរសច្រើនជាងនារី ដែលទង្វើទាំងនេះ អាចបំផ្លាញសួត និងជាបច្ច័យចម្បងរបស់អាការរលាក ខណៈពេលព្យាបាលសភាវឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី។

    ចំណែកលោក ខេនត៍ ភិនឃើរតុន សាស្ត្រាចារ្យប្រចាំគណៈវេជ្ជសាស្ត្រ ដេវីស នៃមហាវិទ្យាល័យ កាលីហ្វ័រនៀ បានថ្លែងថា ការតបស្នងរបស់ប្រព័ន្ធប្រឆាំងជំងឺ រវាងភេទប្រុស និងភេទស្រី អាចពាក់ព័ន្ធនឹងអ័រម៉ូន តែអ្នកវិទ្យាសាស្ត្រនៅត្រូវសិក្សាស្រាវជ្រាវតទៅទៀត ដើម្បីស្វែងរកវិធីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឱ្យកាន់តែល្អប្រសើរឡើង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    តួលេខ​នៃ​ការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ពិសេស​គឺនៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ នាំ​ឱ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​30,851​នាក់​ ក្នុង​ចំណោម​អ្នក​ផ្ទុក​វីរុស​662,967​នាក់​។

    ​​ករណី​ស្លាប់ដោយ​សារ​វីរុស​COVID-199 ​នៅ​ទូទាំង​ពិភលោកមាន​30,671​ករណី ក្នុង​នោះ អឺរ៉ុប​មាន​2/3។ ចំណែក​អ៊ីតាលី​វិញ​មាន​1/3​ ក្នុង​ចំណោម​ករណី​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ ដោយ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​10,023​ករណី​។

    សហរដ្ឋ​អាមេរិក​បន្ត​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ក្នុង​លោក​ ដោយ​មាន​អ្នក​ផ្ទុក​មេរោគ​ចំនួន​123,313​ករណី​ អ្នក​ស្លាប់​2,211ករណី និង​ជាសះស្បើយ​3,231​ករណី។ ករណី​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈ​ពេល​3​ថ្ងៃ​មក​នេះ​។

    អ៊ីតាលីជា​សម្បុក​មេរោគ​ធំ​លំដាប់​ទី2​ក្នុង​ពិភពលោក៖ ករណី​ឆ្លង​មេរោគ​ថ្មី5,974​នាក់ អ្នក​ឆ្លង​មេរោគ​សរុប​92,472​នាក់ អ្នក​ស្លាប់​ថ្មី​889​នាក់ អ្នក​ស្លាប់​សរុប​10,023​នាក់​។

    អេស្ប៉ាញ​ជា​សម្បុក​មេរោគ​ធំ​លំដាប់​ទី2​ នៅ​អឺរ៉ុប៖ ករណី​ឆ្លង​មេរោគ​ថ្មី7,516នាក់ អ្នក​ឆ្លង​មេរោគ​សរុប​73,235 ​នាក់ អ្នក​ស្លាប់​ថ្មី​844​នាក់ អ្នក​ស្លាប់​សរុប​5,982​នាក់​។

    អាល្លឺម៉ង់​ជា​សម្បុក​មេរោគ​ធំ​ទី​5​ក្នុង​ពិភពលោក៖ ​អ្នក​ឆ្លង​មេរោគ​ថ្មី​6,824​ករណី អ្នក​ស្លាប់​ថ្មី​82​នាក់ អ្នក​ឆ្លង​មេរោគ​សរុប​57,695​ករណី​ និង​អ្នក​ស្លាប់​សរុប​433​ករណី​។

    COVID-19! តួលេខ​ចុង​ក្រោយ​៖ មនុស្ស​ជា​ង30,000​នាក់បាន​​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីនៅ​ទូទាំង​ពិភពលោក

    បារាំង​៖ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​4,611​ករណី​ អ្នក​ឆ្លង​មេរោគ​សរុប​37,573​នាក់​ អ្នក​ស្លាប់​ថ្មី​319​ករណី និង​អ្នក​ស្លាប់​​សរុប​2,314​ករណី​។

    អង់គ្លេស​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​2,546​ករណី អ្នក​ស្លាប់​ថ្មី​260​ករណី អ្នក​ឆ្លង​សរុប​17,089ករណី​ និង​អ្នក​ស្លាប់​សរុប​1,019​ករណី​។

    អ៊ីរ៉ង់​គឺជា​សម្បុក​មេរោគ​ធំ​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​3,076​ករណី​ អ្នក​​ស្លាប់​ថ្មី139​ករណី អ្នក​ឆ្លង​មេរោគ​សរុប​35,408​ករណី អ្នក​ស្លាប់​សរុប​2,517​ករណី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! មនុស្ស​ជាង​800នាក់បាន​​ស្លាប់​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅប្រទេស​អេស្ប៉ាញ

    COVID-19! មនុស្ស​ជាង​800នាក់បាន​​ស្លាប់​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ នៅប្រទេស​អេស្ប៉ាញ

    ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​នេះ​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​រហូត​ដល់​ទៅ​​832​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺកូរ៉ូណា​សរុប ​​72,248​នាក់​។

    តួលេខ​ខាង​លើនេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​គ្រា​ដែល​ប្រទេស​អេស្ប៉ាញ​កំពុង​តែ​បង្កើន​ការ​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ អត្រា​នៃ​ការ​ឆ្លង​វីរុស​ហាក់​បី​ដូច​ជា​ថយ​ចុះ​បន្តិច បើ​ទោះជា​ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​​នេះ​ ប្រទេស​​អេស្ប៉ាញ​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​ដល់​ទៅ​8,189​នាក់​បន្ថែម​ទៀត​ក៏ដោយ​។ ក្រុម​មន្ត្រី​សុខាភិបាល​ក៏បាន​ឱ្យ​ដឹង​ថា វិបត្តិ​សុខ​ភាព​នេះ​ជិត​ឡើង​ដល់​ចំណុច​កំពូល​ដែរ​ហើយ​។

    ទីក្រុង​ Madrid នៅ​តែ​ជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ ដោយ​មាន​អ្នក​ស្លាប់​សរុប​2,757​នាក់ និង​អ្នក​ឆ្លង​មេរោគ​បាន​ឡើង​ដល់​21,520​នាក់​ បណ្ដាល​ឱ្យ​មន្ទីរ​ពេទ្យ​នានា​ រួម​នឹង​សាល​ដាក់​សាក​សព​ត្រូវ​លើស​ចំណុះ។ អាជ្ញា​ធរ​មូលដ្ឋាន​កំពុង​មាន​គម្រោង​កែ​ប្រែ​អាគារ​ធំ​មួយ​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​ ឱ្យទៅ​ជា​សាល​ដាក់​សាក​សព​បណ្ដោះ​អាសន្ន​ទី​2​ក្នុង​ទីក្រុង​នេះ​។ ក្រុម​យោធា​ក៏បាន​ចូល​រួម​ក្នុង​ការ​ដឹក​ជញ្ជូន​សាក​សព​ផងដែរ​។

    ប្រទេស​អេស្ប៉ាញ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​ទី​4​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក អ៊ីតាលី និង​ប្រទេស​ចិន​។ នៅ​ទូទាំង​ពិភពលោក​ គិត​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​មេរោគ​COVID-19 សរុប​​617,129​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​28,377​​នាក់ និង​​137,336​​នាក់​បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    កោដ្ឋ​ដាក់​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហាន

    ក្រឡ(​កោដ្ឋ​​)ដាក់​អធិធាតុ​​រាប់​ពាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្ទះ​បុណ្យសព​​នានា​ក្នុង​ទី​ក្រុង​អ៊ូហាន ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ទៅលើ​តួលេខ​ជាក់​ស្ដែង​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​ចិន​។

    បណ្ដា​រូប​ថត​បង្ហាញ​អំពី​មនុស្ស​ម្នា​ឈរ​តម្រៀប​ជួរ​គ្នា​យ៉ាង​វែង​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទី​ក្រុង​អ៊ូហាន​ ខេត្ត​ Hubei ប្រទេស​ចិន​ ដើម្បី​រង់​ចាំ​ទទួល​អដ្ឋិ​ធាតុ​ញាតិ​របស់​ពួកគេ​​ ដែល​​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិននា​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ឱ្យ​មាន​សម្ពាធ​កាន់​តែ​ធ្ងន់​ទៅលើ​អាជ្ញាធរ​ទីក្រុង​ ក្នុង​ការ​ប្រកាស​អំពី​តួលេខ​នៃ​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានទិន្ន​ន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា អ្នកជំងឺ​ចំនួន​2,535​នាក់ បាន​បាត់​បង់ជីវិត​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​។ ក៏ប៉ុន្តែ បណ្ដា​រូប​ថត​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជ​កម្ម​ Caixin (ដែល​មាន​ទីស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ប៉េកាំង​) ​ចុះផ្សាយ​នាពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា តួលេខ​ខាង​លើ​នេះ ពិត​ជា​គួរ​ឱ្យ​សង្ស័យ​។

    នៅក្នុង​​រូប​ថត​ទាំង​នោះ​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ Caixin គេ​ឃើញ​មាន​ក្បួន​រថយន្ត​ដឹក​ទំនិញមួយ​​ ដឹក​កោដ្ឋ​ដាក់​អដ្ឋិ​ធាតុ​​ប្រមាណ​ជា​2,500​ ឆ្ពោះ​ទៅកាន់​ផ្ទះ​បុណ្យ​សព​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​កាល​ពី​ថ្ងៃទី25​ និង​26​ខែមីនា​កន្លង​ទៅ​។ ឯរូប​ភាព​មួយ​សន្លឹក​ទៀត​ ក៏បាន​បង្ហាញ​អំពី​កោដ្ឋ​ដាក់​អដ្ឋិធាតុ​ប្រមាណជា​3,500​ ត្រូវ​បាន​តម្រៀប​លើ​គ្នា ក្នុង​ផ្ទះ​បុណ្យ​សព​មួយ​កន្លែង​ផងដែរ។

    កោដ្ឋ​អដ្ឋិធាតុ​របស់​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 រាប់​ពាន់​ ត្រូវ​បាន​តម្រួត​​​លើ​គ្នានៅ​​ខាង​ក្រៅ​ផ្ទះ​បុណ្យ​សព​នៅ​ ទីក្រុង​អ៊ូហានផ្ទះ​បុណ្យ​សព​នានា​នៅ​ក្នុង​ទីក្រុង​អ៊ូហាន​ បាន​បដិសេធ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ចំនួន​សាក​សព​ដែល​ត្រូវ​បាន​បូជា​នោះ​ទេ ប៉ុន្តែ​ មាន​គ្រួ​សារ​មួយ​នោះ​បាន​រៀប​រាប់​ថា គេ​ត្រូវ​ចំណាយ​ពេល​រង់ចាំ​រាប់​ម៉ោង​ ទើប​អាច​​ទទួល​បាន​អដ្ឋិធាតុ​​របស់​ញាតិ​ពួក​គេ​។ ទស្សនាវដ្ដី Caixin បាន​សរសេរថា អ្នក​ដែល​បាន​ទៅ​ទទួល​អដ្ឋិ​ធាតុ ត្រូវ​ឈរ​តម្រៀប​ជួរ​ប្រវែង​ប្រហែល​200​ម៉ែត្រ​​នៅ​ខាង​ក្រៅ​ផ្ទះ​បុណ្យ​។

    គណៈកម្ម​ការ​សុខាភិបាល​ចិន បាន​ឱ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ​ ប្រទេស​ចិន​មាន​អ្នក​ស្លាប់ជា​​​ 3,200​នាក់ ខណៈ​ដែល​អ្នក​បាន​ឆ្លង​វីរុស​មាន​ចំនួនជាង​ 81,000​នាក់​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស