Category: អន្តរជាតិ

  • 121ប្រទេស ស្រែកសុំ “កូរ៉េខាងត្បូង” ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យផង…

    121ប្រទេស ស្រែកសុំ “កូរ៉េខាងត្បូង” ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យផង…

    កាលពីថ្ងៃទី1 ខែមេសា ម្សិលមិញ ទីភ្នាក់ងារសាររព័ត៌មានរ៉យទ័រ បានរាយការណ៍ព័ត៌មាន ដោយយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា កូរ៉េខាងត្បូងបានទទួលការសំណូមពរពីប្រទេសចំនួន121 ទូទាំងពិភពលោក ឱ្យជួយចាត់ចែងរកឈុតពិនិត្យមេរោគវីរុសឱ្យប្រទេសរបស់ពួកគេទាំងនោះ ដែលម្នាក់ៗសុទ្ធតែកំពុងតស៊ូទប់ទល់យ៉ាងខ្លាំងក្លានឹងការឆ្លងរាលដាលរបស់វីរុសកូវីដ-19 និងថា កូរ៉េខាងត្បូង បានតែងតាំងគណៈកម្មការពិសេសមួយឡើង ដើម្បីពិចារណាចំពោះរឿងនេះថា តើនឹងត្រូវផ្ដល់ការជួយសង្គ្រោះយ៉ាងណា ដែលអាចជាការនាំចេញឈុតពិនិត្យមេរោគវីរុស(បែបពាណិជ្ជកម្ម) ឬក៏ផ្ដល់ការជួយសង្គ្រោះផ្នែកមនុស្សធម៌?។

    យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង មិនបានបង្ហើបឱ្យដឹងថា មានប្រទេសណាខ្លះដែលសំណូមពរសុំការជួយសង្គ្រោះនេះទេ តែក្រុមហ៊ុនផលិតឈុតពិនិត្យមេរោគវីរុសរបស់កូរ៉េខាងត្បូងជាច្រើន មានការធ្វើកិច្ចសន្យារៀបចំចាត់ចែងរកឧបករណ៍ខាងផ្នែកវេជ្ជសាស្ត្រទាំងនេះជាមួយប្រទេសអាមេរិក និងប្រទេសជាច្រើនទៀត រួមទាំងប្រទេសអ៊ីតាលីដែលកំពុងមានការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងររបស់វីរុសកូវីដ-19នេះរួចហើយផងដែរ។ ខណៈដែលកាលពីសប្ដាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកសុំអង្វរឱ្យកូរ៉េខាងត្បូងជួយចាត់ចែងបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រឱ្យទៅសហរដ្ឋអាមេរិកផង ព្រមទាំងបានសន្យាថា នឹង ជួយ សម្រួល និងបើកផ្លូវឱ្យក្រុមហ៊ុនអ្នកផលិតឧបករណ៍ទាំងនោះរបស់កូរ៉េខាងត្បូង បានទទួលការអនុញ្ញាតពីអ្នកគ្រប់គ្រងច្បាប់របស់សហរដ្ឋអាមេរិកក្នុងការចាត់ចែងបញ្ជូនឧបករណ៍ខាងវេជ្ជសាស្ត្រទាំងនោះចូលទៅប្រទេសអាមេរិកទៀតផង។

    ទាំងអស់នេះ ក្រុមហ៊ុនអ្នកផលិតតិចណូឡូជីសរីរាង្គរបស់កូរ៉េខាងត្បូង បានបង្កើនកម្លាំងការផលិតឧបករណ៍ខាងវេជ្ជសាស្ត្រទាំងនោះយ៉ាងពេញទំហឹង ដើម្បីធានាដល់តម្រូវការក្នុងទីផ្សារពិភពលោកដែលកំពុងហក់ឡើងខ្ពស់ក្រោយកើតមានជំងឺឆ្លងរាលដាលនេះ ដែលថែមទាំងធ្វើឱ្យតម្លៃភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនក្នុងផ្នែកការផលិតនេះ ស្ទុះឡើងខ្លាំងជិត 3ដង តាំងពីពេលចាប់ផ្ដើមឆ្នាំថ្មីកន្លងមកទៀតផង ខណៈដែលយុទ្ធនាការតម្រង់ទៅរកការពិនិត្យរកមេរោគវីរុសយ៉ាងទំលំទូលាយចំនួនដ៏ច្រើន និងការតាមដានស្វែងរកអ្នកប៉ះពាល់ និងទាក់ទងនឹងអ្នកឆ្លងជំងឺរបស់កូរ៉េខាងត្បូង បានក្លាយជាយុទ្ធសាស្ត្រសំខាន់ ដែលជួយឱ្យកូរ៉េខាងត្បូងអាចពន្យឺតការឆ្លង រាលដាលរបស់មេរោគមរណៈនេះនៅក្នុងប្រទេសបាន ដែលខុសពីពេលមុននេះ កូរ៉េខាងត្បូង គឺជាប្រទេសមួយដែលមានការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ធ្ងន់ធ្ងរខ្លាំងបំផុត បន្ទាប់ពីចិន៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ជាង​930,000​នាក់បាន​ឆ្លងវីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​930,000​នាក់បាន​ឆ្លងវីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក

    សហរដ្ឋ​អាមេរិក និង​អឺរ៉ុប នៅ​តែ​បន្តជា​ចំណុច​ក្ដៅ​នៃ​រោគ​រាត​ត្បាត​COVID-19 នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ឆ្លង​វីរុស​នេះ កើន​ឡើង​ដល់​ជាង​930,000នាក់​ ក្នុង​នោះ​មាន​ជិត​47,000​នាក់​បាន​បាត់​បង់​ជីវិត​។

    ពិភពលោក​មាន​អ្នក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 ចំនួន​933,688​នាក់ និង​អ្នក​ស្លាប់​កើន​ដល់​46,869​នាក់​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​203​ ក្នុង​នោះមាន​​អ្នក​ឆ្លង​មេរោគ​ថ្មី​​​79,076​នាក់ និង​អ្នក​ស្លាប់​4,825​នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​ត្រឹម​តែ​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    សហរដ្ឋ​អាមេរិក៖ អ្នក​ឆ្លង​វីរុស​សរុប​213,372​នាក់ និង​អ្នក​ស្លាប់​សរុប4,757​នាក់។ ប្រទេស​នេះ​បន្ត​ជា​សម្បុក​មេរោគ​COVID-19 ធំ​ជាង​គេ​ក្នុង​ពិភពលោក​។

    ប្រទេស​អ៊ីតាលី៖ អ្នក​ឆ្លង​វីរុស​ថ្មី​ 4,782​នាក់​ និងអ្នក​​ស្លាប់​ថ្មី ​727​នាក់​។ អ្នក​ជំងឺ​សរុប​110,574​នាក់ និង​អ្នក​ស្លាប់​សរុប​13,155​នាក់​។

    អេស្ប៉ាញ​៖ អ្នក​ទើប​បាន​ឆ្លង​មេរោគ​ថ្មី​ៗ​ 8,195​នាក់ និង​អ្នក​ទើប​ស្លាប់ ​923​នាក់។ អ្នក​បាន​ឆ្លង​មេរោគ​សរុប​104,118​នាក់ និង​អ្នក​ស្លាប់​សរុប​9,387​នាក់​។ ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​។

    អាល្លឺម៉ង់​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​6,173​នាក់ និង​អ្នក​ស្លាប់​ថ្មី​156​នាក់។ អ្នក​បាន​ឆ្លង​មេរោគ​សរុប​77,981​នាក់ និង​អ្នកស្លាប់​សរុប​931​នាក់​។ ប្រទេស​នេះ ជា​សម្បុក​មេរោគ​ធំ​បំផុត​ទី​3​នៅ​អឺរ៉ុប​ បន្ទាប់​ពី​អ៊ីតាលី​ និង​អេស្ប៉ាញ។

    អង់គ្លេស​៖ អ្នកទើប​តែ​​ឆ្លង​មេរោគ​​ មាន​ចំនួន​4,324​នាក់ និង​អ្នក​ទើប​តែ​បាន​ស្លាប់​ 563​នាក់។ អ្នកជំងឺ​សរុប​29,474​នាក់ និង​អ្នក​ស្លាប់​សរុប​2,352​នាក់​។​

    ប្រទេស​អ៊ីរង់៖ ប្រទេស​នេះ​​នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​ទី​2​នៅក្នុង​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​47,593​នាក់ និង​អ្នក​ស្លាប់​សរុប​3,036​នាក់ បន្ទាប់​ពី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន​2,988​ករណី​ និង​​អ្នក​ស្លាប់​ថ្មី​138​ករណី​។

    ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង៖ ប្រទេស​ទាំង​2នេះ​ មិន​ទាន់​ប្រកាស​អំពី​តួលេខ​ថ្មី​នៅ​ឡើយ​ ប៉ុន្តែ​បើ​តាម​ទិន្ន​ន័យ​ចុងក្រោយបង្ហាញ​ថា ប្រទេស​ចិន មាន​អ្នក​​ឆ្លង​មេរោគ​សរុប82,361​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ 3,316​នាក់​។ ចំណែក​កូរ៉េខាង​ត្បូង​វិញ មាន​អ្នក​ជំងឺ​សរុប​ 9,976​នាក់ និង​អ្នក​ស្លាប់​សរុប​169នាក់​។

    អាស៊ីអាគ្នេយ៍​៖ ម៉ាឡេស៊ី​ជា​សម្បុក​មេរោគ​ធំបំផុត​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​2,908​នាក់ និង​អ្នក​ស្លាប់​45​នាក់​។ រីឯ​ប្រទេស​ឥណ្ឌូនេស៊ី ដែលជា​​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​ក្នុង​តំបន់​ មាន​អ្ន​ក​ស្លាប់​157​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​1,677​នាក់​។ អត្រា​នៃការ​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​នេះ​ គឺ​ប្រមាណជា​ជិត​9.4%៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! អ្នក​លក់​ឆ្នោត​នៅ​វៀត​ណាម​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ 50,000ដុងក្នុង​1ថ្ងៃ​​ សម្រាប់​​រយៈ​ពេល​15​ថ្ងៃ

    COVID-19! អ្នក​លក់​ឆ្នោត​នៅ​វៀត​ណាម​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ 50,000ដុងក្នុង​1ថ្ងៃ​​ សម្រាប់​​រយៈ​ពេល​15​ថ្ងៃ

    អ្នក​លក់​ឆ្នោត​ប្រមាណជា​8,000​នាក់​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ 50,000​ដុង​ (2.14ដុល្លារ​)/ថ្ងៃ​ ទៅ​តាម​សំណើ​របស់មន្ទីរ​ការ​ងារ​-យុទ្ធជនពិការ និងសង្គមកិច្ច។

    ​ការ​ផ្ដល់​ជំនួយ​នេះ​ មាន​រយៈ​ពេល​15​ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃទី​1មេសា។ ប្រាក់​ជំនួយ​ដែល​បាន​មក​ពី​មូលនិធិដើម្បី​អ្នក​ក្រ​ទីក្រុង​ និង​ស្រុក​ខណ្ឌ​នេះ មាន​ទំហំ​ឡើង​ដល់​ជិត​6​ពាន់​លាន​ដុង​ (257,000ដុល្លារ​អាមេរិក)។

    ប្រការ​ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​ស្នើ​របស់​គណៈ​កម្មធិការ​ទីក្រុង​ហូជីមិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ឆ្នោត​នានា​បាន​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ ដោយ​សារ​តែ​វីរុស​COVID-19។

    កិច្ច​ប្រជុំ​របស់​គណៈ​កម្ម​ធិការ​ប្រជា​ជន​នៃ​ទី​ក្រុង​ហូជីមិញកាល​ពី​ថ្ងៃ​ទី​27​មីនា​ បាន​អនុម័ត​ទៅ​លើ​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​ជាង​2,750​ពាន់​លាន​ដុង​ (118,193,000ដុល្លារ​អាមេរិក) ដើម្បី​ទប់​ស្កាត់​ COVID-19 ក្នុង​នោះ​ ខ្ទង់​ប្រាក់​ប្រមាណ​ជា​1,800​ពាន់​លាន​ដុង (77,356,000ដុល្លារ​) សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ជួប​ការ​លំបាក​ដោយ​សារ​ COVID-19 ដោយ​ម្នាក់​ៗនឹង​ទទួល​បាន1លាន​ដុង (43ដុល្លារ) /ខែ រួម​មាន​៖ គ្រូបង្រៀន បុគ្គលិក​សិក្សា​កម្រិត​មត្តេយ្យ​ឯកជន។ ទីក្រុង​ហូជីមិញ​ក៏មាន​គម្រោង​ជួយ​ដល់​ជន​អនា​ថា និង​អ្នក​ទីទាល់​ក្រ​ផងដែរ​។

    បច្ចុប្បន្ន ទីក្រុង​សៃហ្គន (ហូជីមិញ) បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​50​នាក់​​ និង​ជាង​9,000​នាក់​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​តាម​តំបន់​ និង​ជិត​1,800​នាក់​ត្រូវ​បង្ខាំង​ខ្លួន​នៅ​ក្នុង​ផ្ទះ​។

    នៅ​ក្នុង​ថ្ងៃ​នេះ​ (1មេសា) នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Xuan Phuc ក៏បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​​ក្នុង​ការ​ប្រកាស​បញ្ជាក់​ថា​​​​វីរុសCOVID-19 រាត​ត្បាត​ទូទាំង​ប្រទេស​​ជា​ផ្លូវ​ការ​ផងដែរ​ បន្ទាប់​ពី​បាន​ចេញ​បទ​បញ្ជា​ដាក់​បម្រាម​គោចរ​នៅ​គ្រប់​ខេត្ត​ក្រុង​​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ប្រយ័ត្ន!! ពេទ្យប្រាប់ថា អ្នកកណ្ដាស់ខ្លាំងៗ អាចធ្វើឱ្យមេរោគវីរុសកូវីដ-19 ហោះទៅឆ្ងាយបាន 8.2ម៉ែត្រ

    ប្រយ័ត្ន!! ពេទ្យប្រាប់ថា អ្នកកណ្ដាស់ខ្លាំងៗ អាចធ្វើឱ្យមេរោគវីរុសកូវីដ-19 ហោះទៅឆ្ងាយបាន 8.2ម៉ែត្រ

    វេបសាយ ដេលី មែល បានរាយការណ៍នៅថ្ងៃទី1 ខែមេសាថា លោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វូស៊ី ប្រធានក្រុមការងារផ្នែកការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 របស់សហរដ្ឋអាមេរិក បានចេញមកថ្លែងការណ៍អំពីលទ្ធផលនៃការវិភាគរបស់ស្ថាប័នតិចណូឡូជី ម៉ាសាឈូសិតស៍ ឬ MIT ដោយបានបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវវិភាគថ្មីៗដែលបានរកឃើញថា ការកណ្ដាស់យ៉ាងខ្លាំងក្លា អាចធ្វើឱ្យលម្អងទឹកតូចៗល្អិតៗ(មើលមិនឃើញដោយភ្នែកទទេ)ដែលអាចមានមេរោគវីរុសកូវីដ-19 ជាប់មកជាមួយ អាចអណ្ដែតទៅឆ្ងាយបានដល់ទៅ 27ហ៊្វុត ឬប្រមាណជា 8.2ម៉ែត្រ ដែលលទ្ធផលនៃការរកឃើញនេះ ហុចផលឱ្យការណែនាំក្នុងការរក្សាគម្លាតចម្ងាយខាងសង្គម 6ហ៊្វុត ឬប្រមាណជា 2ម៉ែត្រ នាពេលបច្ចុប្បន្ននេះ អាចនឹងមិនគ្រប់គ្រាន់។

    លោក ហ្វូស៊ី បានបញ្ជាក់ថា ការស្រាវជ្រាវវិភាគមួយនេះ គឺជាការសាកល្បងការចម្លងរាលដាលរបស់ទឹកមាត់ ក្នុងករណីកណ្ដាស់យ៉ាងខ្លាំង មិនមែនសាយភាយតាមរយៈការនិយាយ ឬក្អក ឬការកណ្ដាស់ធម្មតានោះទេ តែនោះវាមានន័យថា បើសិនប្រទះឃើញអ្នកណាដែលកណ្ដាស់ខ្លាំងៗ ចូរប្រញាប់ថយចេញឱ្យឆ្ងាយពីទីកន្លែងនោះភ្លាមៗតែម្ដង ឬព្យាយាមស្ថិតនៅឱ្យឆ្ងាយពីចំណុចនោះប្រមាណ 8ម៉ែត្រ។

    ទាំងអស់នេះ លទ្ធផលនៃការស្រាវជ្រាវវិភាគរបស់ MIT បានរកឃើញថា ការកណ្ដាស់ខ្លាំងៗ បូកជាមួយខ្យល់ដែលកើតឡើង បានហុចផលឱ្យលម្អងទឹកតូចៗល្អិតៗ(មើលមិនឃើញដោយភ្នែកទទេ)អណ្ដែតទៅកាន់តែឆ្ងាយឡើង ខណៈដែលភាពសើម ក៏ហុចផលឱ្យលម្អងទឹកតូចៗល្អិតៗអណ្ដែតនៅក្នុងអាកាសបានកាន់តែយូរឡើងដូចគ្នា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ដុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ…

    វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ដុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ…

    ដើម្បី​ជួយ​សម្រួល​ការ​លំបាកដែលកើត​ឡើង​ដោយសារ​វិបត្តិ​សុខភាព​ COVID-19 គ្រួ​សារ​នីមួយ​ៗ​នឹង​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10%​ ទៅ​លើ​តម្លៃ​អគ្គិសនី​ក្នុង​រយៈ​ពេល3​ខែ​។ នេះ​បើ​តាម​សំណើ​របស់​ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​សៀត​ណាម​។

    នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​រដ្ឋាភិបាល​ថ្ងៃ​នេះ​ (1មេសា) ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជកម្ម​រៀត​ណាម​ បាន​ដាក់​សំណើ​​ទៅនាយក​រដ្ឋមន្ត្រី​ដើម្បី​សុំ​ការ​អនុញ្ញាត​បញ្ចុះ​តម្លៃ​អគ្គិសនី​ សម្រាប់​​ជួយ​សម្រួល​ដល់​ជីវ​ភាព​ប្រជាជន​ និង​ក្រុម​ហ៊ុន​ដែលកំពុង​រកស៊ី​នៅ​ប្រទេស​នេះ​។

    ថ្លែង​ប្រាប់​សារ​ព័ត៌​មាន​ក្នុង​ស្រុក លោក​ Nguyen Anh Tuan ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​អគ្គិសនី​របស់​ក្រសួង​ឧស្សាហ​កម្ម​ និង​ពាណិជ្ជ​កម្ម​ បាន​ឱ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​អគ្គិសនី​​ចាប់​ពី​កម្រិត​ទី​1 ដល់​កម្រិត​ទី​4 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10​% ក្នុង​រយៈ​ពេល​3ខែ​។

    ក្រសួង​ខាង​លើ​ក៏បាន​ធ្វើ​សំណើ​ឱ្យ​រក្សា​តម្លៃ​ដដែល​ចំពោះ​គ្រួសារ​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ចាប់​ពី​300​kWh ឡើង​ទៅ​ ព្រោះ​ថា​ “អតិថិ​ជន​ដែល​ប្រើ​អគ្គិសនី​កម្រិត​នេះ​ គឺជា​គ្រួសារ​ដែល​មាន​ចំណូល​ខ្ពស់​ មិន​សូវ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខភាព​ COVID-19។

    ក្រសួង​ឧស្សាហ​កម្ម និង​ពាណិជ្ជ​កម្ម​វៀត​ណាម ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ និង​រោង​ចក្រ​ផងដែរ​។ ជាក់​ស្ដែង​ តម្លៃ​អគ្គិសនី​សម្រាប់​ក្រុម​ហ៊ុន​ និង​រោង​ចក្រ ក៏​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10% ចាប់​ពី​ខែ​មេសា​ដល់​ខែ​មិថុនា​។

    បច្ចុប្បន្ន វៀត​ណាម​មាន​អ្នក​ប្រើប្រាស់​អគ្គិសនី​ប្រមាណ​ជា​28​លាន​គ្រួ​សារ​។ ទំហំ​ទឹក​ប្រាក់​នៃ​ការ​បញ្ចេុះ​តម្លៃ​ខាងលើ​ គឺ​ជិត​ស្មើ​នឹង​ 1.1លាន​លាន​ដុង​ (47,399,000​ដុល្លារ​អាមេរិក)។

    វៀតណាម៖ ពលករ​​​អត់​ការ​ងារ​​ធ្វើ​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​​1.8​លាន​ឌុង​ក្នុង​1ខែ​ ខណៈ​អគ្គិសនី​​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​​10ភាគ​រយ
    នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc

    គិត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​វៀត​ណាម​ បាន​ចាត់​វិធានការ​ទៅ​លើ​គោល​នយោបាយ​ឥណទាន និង​ពន្ធ​សម្រាប់​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​។ ទន្ទឹ​មនឹង​កញ្ចប់​ឥណ​ទាន​ 250លាន​លាន​ដុង (10,772,670,000ដុល្លារ​)​ ធនាគារ​ជាច្រើន​ក៏កំពុង​អនុវត្ត​វិធាន​ការ​ដើម្បី​ជួយ​សម្រួល​ដល់កូន​បំណុល​របស់​ពួកគេ​ផងដែរ​។ ក្រសួង​ហិរញ្ញ​វត្ថុ​ក៏​កំពុង​តែណែនាំ​ការ​អនុវត្ត​លើ​កញ្ចប់​ថវិកា​ 80.2​លាន​លាន​ដុង​ (3,455,874,000ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​ក្នុង​ការ​ពន្យារ​​ពេល​នៃ​ការ​បង់​ពន្ធ​ទៀត​ផង។

    កាល​ពី​ថ្ងៃទី​31​មីនា នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Nguyen Xuan Phuc​ ក៏បាន​ឱ្យ​ដឹង​ថា នឹង​មាន​កញ្ចប់​ថវិកា​ 30​លាន​លាន​ដុង(1,292,720,000​ដុល្លារ​អាមេរិក) ដើម្បី​ធានា​សុខុមាល​ភាព​សង្គម សម្រាប់​ពល​រដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​ COVID-19។ កម្មករ​ កម្មការិនី​ដែល​ត្រូវ​បាន​ឱ្យ​ផ្អាក​ពី​ការ​ងារ​បណ្ដោះអាសន្ន​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​ខ្ទង់​ថវិកា​ជំនួយ​1.8​លាន​ដុង​ (77​ដុល្លារ​) ក្នុង​1ខែ​។ សម្រាប់​ពលរដ្ឋ​ក្រី​ក្រនឹង​ទទួល​បាន​ជំនួយ​1លាន​ដុង​ (43​ដុល្លារ​)។ អ្នក​មាន​គុណ​ចំពោះ​រដ្ឋ​នឹង​ទទួល​បាន​500,000​ដុង (21ដុល្លារ) រៀង​រាល់​ខែ​។ អាជីវ​កម្ម​លក្ខណៈ​គ្រួសារ​ដែល​ត្រូវ​ផ្អាក​ដំណើរ​ការ​ និងចួប​ការ​​លំបាក​ខ្លាំង​ដោយ​សារ​ COVID-19 នឹង​ទទួល​បាន​ជំនួយ​1លាន​ដុង​ (43​ដុល្លារ​)​រៀង​រាល់​ខែ​៕

    ប្រភព​៖ VNEXPRESS

  • ព័ត៌មាន Update តាមជាប់ស្ថានការណ៍ COVID-19 ជុំវិញពិភពលោក

    ព័ត៌មាន Update តាមជាប់ស្ថានការណ៍ COVID-19 ជុំវិញពិភពលោក

    ព័ត៌មាន Update ស្ថានការណ៍មេរោគកូវីដ-19 ជុំវិញពិភពលោកថ្ងៃនេះ…

    អូស្ត្រាលី ចាប់ផ្ដើមលេងធម៌ក្ដៅជាមួយពួកបំពានវិធានការ “បិទទីក្រុង”

    AFP/ នៅក្នុងប្រទេសអូស្ត្រាលី អាជ្ញាធរបានចាប់ផ្ដើមប្រើការដាក់ទណ្ឌកម្មខ្លាំងៗ ចំពោះអ្នកដែលល្មើសច្បាប់កំណត់ការដើរហើរ ដើម្បីទប់ស្កាត់មេរោគវីរុសកូវីដ-19 ដោយនៅរដ្ឋនីវសៅវេលស៍ អាជ្ញាធរកំពុងដាក់ទោសដោយការពិន័យប្រាក់ខ្ពស់បំផុតចំនួន 11,000ដុល្លារអូស្ត្រាលី និងដាក់ពន្ធនាគាររយៈយូរដល់ទៅ 6ខែ សម្រាប់អ្នកដែលចេញពីផ្ទះដោយ “គ្មានការបញ្ជាក់ដែលសមហេតុសមផល” ឬទៅផ្ដុំគ្នាជាក្រុមលើសពី 2នាក់។

    របាយការណ៍បានបញ្ជាក់ថា មានអ្នកប្រព្រឹត្តល្មើសយ៉ាងតិចជាង 10នាក់ហើយដែលត្រូវរងការពិន័យខាងលើ ក្នុងចំនួននេះ មានអ្នកខ្លះ ជាអ្នកដែលមិនព្រមបំបែកខ្លួនឯងនៅដាច់ដោយឡែកតាមការកំណត់ ឬមិនព្រមឱ្យបង្ខាំងការពារជំងឺតាមរយៈពេលដែលបានកំណត់។

    ***មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគនៃប្រទេសកូរ៉េខាងត្បូង(KCDC) បានរាយការណ៍អំពីចំនួនអ្នកឆ្លងមេរោគកូវីដ-19ថ្មី រួមទាំងអស់ 125នាក់កាលពីថ្ងៃទី31 មីនា ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងប្រទេស ស្ថិតលើតួលេខ 9,786នាក់ ស្លាប់ 162នាក់ ដោយតួលេខនៃចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃនៅក្នុងប្រទេសនេះ នៅតែទាប ឬខ្ពស់ជាង100 មិនច្រើនប៉ុន្មានឡើយ ពេញមួយរយៈពេល 3សប្ដាហ៍កន្លងមកនេះ។

    រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃម្សិលមិញ(ទី31មីនា)ថា សាលារៀនទូទាំងប្រទេស នឹងចាប់ផ្ដើមបើកការបង្រៀន និងរៀនអនឡាញចាប់ពីសប្ដាហ៍ក្រោយតទៅ ហើយនឹងពន្យារពេលការប្រឡងចូលមហាវិទ្យាល័យ រហូតទៅដល់ខែវិច្ឆិកា ដោយសារនៅតែរកឃើញមានការឆ្លងរាលដាលរបស់មេរោគវីរុសមរណៈនេះនៅក្នុងចំណោមក្រុមមនុស្សចំនួនតិចៗនៅឡើយ។

    ***ទីក្រុងមិកស៊ិកូ បានប្រកាសសភាវអាសន្នផ្នែកសាធារណៈសុខាភិបាលកាលពីថ្ងៃចន្ទ(ទី30មីនា)កន្លងទៅ ព្រមទាំងកំណត់ប្រើវិធានការគ្រប់គ្រងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ ក្រោយពីចំនួនអ្នកឆ្លងមេរោគនេះបានហក់ឡើងដល់លើស 1ពាន់នាក់ និងមានអ្នកស្លាប់កើនឡើងយ៉ាងឆាប់រហ័ស។

    អាជ្ញាធរមិកស៊ិកូ បានរាយការណ៍ថា តួលេខអ្នកជំងឺទូទាំងប្រទេសបានកើនឡើងដល់ 1,094នាក់ ពី 993នាក់ កាលពី1ថ្ងៃមុន និងមានអ្នកស្លាប់ក្នុង 1ថ្ងៃដល់ទៅ 8នាក់ រួមទាំងអស់ 28នាក់ ដែលបើសិនជាគ្មានវិធានការគ្រប់គ្រងដែលល្អត្រឹមត្រូវទេនោះ អាចនឹងធ្វើឱ្យប្រព័ន្ធសាធារណៈសុខាភិបាលលែងអាចទ្រាំទ្របានមិនខាន។

    ទាំងអស់នេះ រដ្ឋាភិបាលនៃប្រទេសមិកស៊ិក បានចេញច្បាប់ហាមការជួបជុំគ្នានៅក្នុងទីសាធារណៈលើសពី 50នាក់ និងពង្រីកពេលវេលាផ្អាកកិច្ចការងារផ្សេងៗដែលមិនចាំបាច់ទៀតផង។

    ***អ្នកទោសក្នុងគុកនៃប្រទេសអ៊ីរ៉ង់ បានបង្កចលាចលដោយសារភ័យខ្លាចមេរោគកូវីដ-19 និងចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅថ្ងៃអង្គារ(ទី31មីនា)មានចំនួន 2,757នាក់ ឆ្លងមេរោគសរុប 41,495នាក់។

    អ្នកទោសនៅក្នុងពន្ធនាគារភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងទី30 មីនា បានបង្កចលាចលឡើងនៅខាងក្នុងពន្ធនាគារ ដោយអភិបាលខេត្តFars លោក អ៊ីណាយ៉ាតុលឡោះ រ៉ាហ៊ីមី(Enayatollah Rahimi) បានថ្លែងថា ការតវ៉ាបានកើតឡើងនៅក្នុងអំឡុងពេលព្រឹកថ្ងៃអាទិត្យ(ទី29មីនា) នៅឯពន្ធនាគារ Adel Abad ក្នុងទីក្រុង Shiraz។

    លោក រ៉ាហ៊ីមី បានថ្លែងថា អ្នកទោសបានបំផ្លាញកាមេរ៉ាទូរទស្សន៍សុវត្ថិភាព និងធ្វើឱ្យមានការខូចខាតយ៉ាងច្រើននៅក្នុងដែនឃុំឃាំងទី2 ប៉ុន្តែមិនមានរបាយការណ៍ពីការរត់គេច ឬរងរបួសកើតមានឡើយ។ ទាំងអស់នេះ កាលពីមុនថ្ងៃសុក្រ(ទី27មីនា) មានអ្នកទោសចំនួនប្រមាណជា 70នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ Saqqez ក្នុងខេត្តឃើឌិស្ថាន។

    ***ប្រទេសរុស្ស៊ី មើលឃើញតួលេខការឆ្លងមេរោគកើនឡើងខ្ពស់ជាថ្ងៃទី7 ជាប់ៗគ្នា

    សារព័ត៌មាន ដឹ ហ្គាដៀន បានរាយការណ៍ថា ប្រទេសរុស្ស៊ីមានចំនួនអ្នកឆ្លងមេរោគកូវីដ-19 ថ្មី កើនឡើង 500នាក់ បណ្ដាលឱ្យចំនួនអ្នកឆ្លងមេរោគនេះសរុបចុងក្រោយបំផុត 2,337នាក់កាលពីថ្ងៃអង្គារ(ទី31មីនា)ម្សិលមិញ ដែលនេះអាចនិយាយបានថា ជាចំនួនបន្ថែមករណីថ្មីច្រើនបំផុត រយៈពេល 7ថ្ងៃជាប់ៗគ្នា។

    នៅក្នុងទីក្រុងមូស្គូ មានអ្នកឆ្លងមេរោគកំណាចនេះ18នាក់បានស្លាប់ ខណៈដែល 121នាក់បានជាសះស្បើយ។
    ***ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ប្រកាសសភាវគ្រាអាសន្នកូវីដ-19 តែមិនទាន់ “បិទប្រទេស” នៅឡើយ
    AFP/ លោក ចូខូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ(ទី31មីនា) បានប្រកាសស្ថានការណ៍គ្រាអាសន្ន ក្រោយពីចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទី4 មួយនេះ បានហក់ឡើងខ្ពស់ជាថ្មីម្ដងទៀត តែនៅជំទាស់នឹងសំឡេងទាមទារឱ្យបិទប្រទេស។

    រដ្ឋបាលរបស់លោក វីដូដូ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះករណីដែលមិនទាន់សម្រេចចិត្តបិទការចូល-ចេញទីក្រុងធំៗនានា ក្នុងនោះរួមទាំងទីក្រុងចាការតា ទីក្រុងដែលមានប្រជាជនប្រមាណជា 30លាននាក់ផងដែរ ខណៈដែលអ្នកស្លាប់ដោយសារមេរោគមរណៈកូវីដ-19នៅក្នុងប្រទេស ភាគច្រើន គឺស្ថិតនៅក្នុងទីក្រុងមួយនេះ។

    មេដឹកនាំឥណ្ឌូនេស៊ី បានផ្ដល់សេចក្ដីលម្អិតនៅក្នុងសេចក្ដីប្រកាសស្ថានការណ៍គ្រាអាសន្នត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ បន្ថែមពីលើការអំពាវនាវឱ្យប្រជាជនអនុវត្តយ៉ាងម៉ឺងម៉ាត់ជាមួយវិធានការរក្សាគម្លាតចម្ងាយខាងសង្គម តែខណៈពេលជាមួយគ្នា ក៏បានប្រកាសចំណាយថវិកា 1,500លានដុល្លារ លើកកម្ពស់ការជួយសង្គ្រោះផ្នែកសង្គម និងគាំទ្រពលករដែលមានប្រាក់ចំណូលទាប។

    កាលពីថ្ងៃអង្គារ(ទី31មីនា) អាជ្ញាធរបានបង្ហើបឱ្យដឹងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 កើនឡើងថែមទៀត 14នាក់ សរុប 136នាក់ ចំណែកចំនួនសរុបនៃអ្នកឆ្លងមេរោគបានកើនឡើងដល់ 1,528នាក់ តែគេបានប៉ាន់ស្មានថា ចំនួនអ្នកឆ្លងមេរោគផ្លូវការនេះ ប្រហែលជាទាបការពិតច្រើនណាស់នៅក្នុងប្រទេសបណ្ដុំកោះ ដែលមានប្រជាជនច្រើនជាង 260លាននាក់មួយនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ចុំ?!? មន្ទីរពេទ្យជាច្រើននៅអាមេរិក គំរាមដេញគ្រូពេទ្យចេញ ឈប់ឱ្យធ្វើការ និងហាមនិយាយរឿងផ្ទៃក្នុងមន្ទីរពេទ្យ

    ចុំ?!? មន្ទីរពេទ្យជាច្រើននៅអាមេរិក គំរាមដេញគ្រូពេទ្យចេញ ឈប់ឱ្យធ្វើការ និងហាមនិយាយរឿងផ្ទៃក្នុងមន្ទីរពេទ្យ

    មន្ទីរពេទ្យជាច្រើនកន្លែងនៅក្នុងប្រទេសអាមេរិក បានគំរាមដេញមន្ត្រីផ្នែកសាធារណៈសុខាភិបាលណា ដែលហ៊ានចេញមករិះគន់យ៉ាងបើកចំហ អំពីស្ថានភាពក្នុងកន្លែងធ្វើការ ក្នុងអំឡុងពេលវិបត្តិនៃការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) និងមានអ្នកខ្លះត្រូវបានបណ្ដេញចេញពីការងាររួចរាល់ហើយទៀតផង។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន ប្ល៊ូមប៊ើក។

    មិង លីន គ្រូពេទ្យប្រចាំបន្ទប់សង្គ្រោះបន្ទាន់ក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្ហើបឱ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា រូបគេត្រូវអស់ការងារធ្វើ ក្រោយពីបានទៅផ្ដល់បទសម្ភាសដល់សារព័ត៌មានមួយច្បាប់ ពាក់ព័ន្ធនឹងព័ត៌មានដែលរូបគេបានផូស្តនៅលើហ្វេសប៊ុកកាលពីពេលមុននោះ ដោយគេបានសរសេរបង្ហាញពីគំនិតយោបល់នៅលើបណ្ដាញសង្គមអនឡាញ ណែនាំមិត្តរួមការងារថា ការពាក់ម៉ាស់អនាម័យការពារតែម្យ៉ាង មិនគ្រប់គ្រាន់ទេសម្រាប់ការការពារមេរោគកូវីដ-19។

    នៅក្នុងទីក្រុងស៊ីកាហ្គោ គិលានុបដ្ឋាកម្នាក់ ក៏ត្រូវបានបណ្ដេញចេញពីការងារដូចគ្នាដែរ បន្ទាប់ពីនាងបានសរសេរអ៊ីមែលផ្ញើទៅមិត្តភក្តិ ដោយរអ៊ូថា ត្រូវការម៉ាស់អនាម័យការពារមេរោគច្រើនជាងនេះក្នុងអំឡុងពេលប្រតិបត្តិតួនាទី។ ចំណែកឯនៅទីក្រុងនីវយ៉កវិញ មណ្ឌលព្យាបាល NYU Langone Health បានចេញសេចក្ដីប្រកាស ព្រមានដល់គ្រូពេទ្យ និងក្រុមគិលានុបដ្ឋាកដែលជានិយោជិតថា ពួកគេនឹងត្រូវបណ្ដេញចេញពីការងារ បើសិនជាទៅផ្ដល់សម្ភាសជាមួយសារព័ត៌មានណាមួយដោយគ្មានការអនុញ្ញាត។

    អ្នកស្រី រូត ឈូប៊ែត អ្នកនាំពាក្យ នៃសមាគមគិលានុបដ្ឋាកនៃទីក្រុងនីវយ៉ក បានឱ្យដឹងថា “មន្ទីរពេទ្យទាំងឡាយ កំពុងរិះរកវិធីហាមប្រាមបណ្ដាគិលានុបដ្ឋាក និងមន្ត្រីសាធារណៈសុខាភិបាលដទៃទៀត ដើម្បីព្យាយាមការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន វាគួរឱ្យឈឺចាប់ណាស់” អ្នកស្រីនិយាយថា “ជាធម្មតា មន្ទីរពេទ្យនានា តែងតែប្រកាន់ខ្ជាប់ក្បួនច្បាប់ប្រតិបត្តិផ្នែកទំនាក់ទំនងមហាជនយ៉ាងតឹងរ៉ឹង ដើម្បីការពារសិទ្ធិបុគ្គលរបស់អ្នកជំងឺ ដោយទាមទារឱ្យមន្ត្រីនិយាយជាមួយសារព័ត៌មានតាមរយៈអង្គភាពទំនាក់ទំនងព័ត៌មានតែប៉ុណ្ណោះ តែក្នុងអំឡុងពេលវិបត្តិរោគរាតត្បាតដ៏សាហាវនេះ វាបាននាំមកនូវយុគសម័យមួយដែលប្រែប្រួលខុសពីមុន”។

    អ្នកស្រីបន្តថា៖ “មន្ត្រីសាធារណៈសុខាភិបាល ត្រូវតែបានទទួលឱកាសក្នុងការប្រកាសប្រាប់ទៅសាធារណជន ឱ្យបានដឹងថា មានអ្វីកើតឡើងខ្លះ នៅក្នុងមណ្ឌលព្យាបាលដែលកំពុងមើលថែទាំអ្នកជំងឺកូវីដ-19”។

    គ្រូពេទ្យ និងគិលានុបដ្ឋាកដែលជានិយោជិតរបស់មណ្ឌលព្យាបាល NYU Langone Health បានទទួលការឱ្យដំណឹងពី លោក ខេធី លូអ៊ីស អនុប្រធានគ្រប់គ្រងផ្នែកព័ត៌មានថា អ្នកណាក៏ដោយដែលនិយាយជាមួយសារព័ត៌មានដោយមិនមានការអនុញ្ញាត នឹងត្រូវទទួលទោសខាងវិន័យ ក្នុងនោះមានទាំងការបណ្ដេញចេញពីការងារផងដែរ។

    លោក ជីមម៉ានឡឺរ៍ អ្នកនាំពាក្យរបស់ NYU Langone Health បានប្រាប់ថា គោលការណ៍នេះ គឺដើម្បីការពាររឿងសម្ងាត់របស់អ្នកជំងឺ និងបុគ្គលិក(គ្រូពេទ្យ និងគិលានុបដ្ឋាក) “ព្រោះថា ព័ត៌មានទាំងឡាយ វាអាចប្រែប្រួលជារឿយៗ វាជាផលប្រយោជន៍ខ្ពស់បំផុតរបស់បុគ្គលិក និងស្ថាប័នរបស់យើង និងជាពិសេសអ្នកដែលមានព័ត៌មានអាប់ឌែតថ្មីៗ នឹងបានទទួលការអនុញ្ញាតឱ្យនិយាយពីប្រធានបទទាំងនោះជាមួយអ្នកយកព័ត៌មាន”។

    អ្នកស្រី ឡូរី ម៉ាស៊ូខៀវិស ជាគិលានុបដ្ឋាក និងជាអ្នកទីក្រុងស៊ីកាហ្គោ ត្រូវបានបណ្ដេញចេញពីមន្ទីរពេទ្យ Northwestern Memorial Hospital ក្រោយពីអ្នកស្រីទាមទារឱ្យមិត្តរួមការងារស្លៀកឈុតការពារឱ្យបានច្រើនជាន់ ជាងពេលបច្ចុប្បន្ន ហើយពេលនេះ អ្នកស្រីកំពុងដាក់ពាក្យប្ដឹងមន្ទីរពេទ្យខាងលើ ពីបទបណ្ដេញឈប់ដោយមិនត្រឹមត្រូវ។ អ្នកស្រីបាននិយាយថា “មន្ទីរពេទ្យជាច្រើន កំពុងប្រាប់បុគ្គលិករបស់ពួកគេថា ត្រឹមតែម៉ាស់អនាម័យការពារមួយ វាគ្រប់គ្រាន់ហើយ ហើយមកដល់ពេលនេះ មានគ្រូពេទ្យ និងគិលានុបដ្ឋាកជាច្រើន កំពុងធ្លាក់ខ្លួនឈឺ ពួកគេកំពុងតែជិតស្លាប់”។

    អ្នកស្រី ម៉ាស៊ូខៀវីស វ័យ 40ឆ្នាំ ត្រូមើលថែឪពុកដែលកំពុងធ្លាក់ខ្លួនឈឺ ដោយជំងឺខាងផ្លូវដង្ហើម និងស្ថិតក្នុង​វ័យ 75ឆ្នាំ ឪពុករបស់អ្នកស្រី ស្ថិតក្នុងក្រុមមនុស្សដែលមានភាពប្រថុយប្រថានបំផុតពីការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! ពិធី​ករ​របស់​ CNN និង​​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York បាន​ឆ្លង​វីរុស​បង្ក​រលាក​សួត​

    COVID-19! ពិធី​ករ​របស់​ CNN និង​​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York បាន​ឆ្លង​វីរុស​បង្ក​រលាក​សួត​

    Chris Cuomo ​ជា​​ពិធីករ​ម្នាក់​របស់​ស្ថានីយ​ទូរទស្សន៍​ CNN និង​ជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​​ New York លោក​ Andrew Cuomo បាន​ទទួល​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19។​

    “Chris Cuomo អាយុ​49​ឆ្នាំ មាន​សុខ​ភាព​ល្អ​ខ្លាំង​ណស់” នេះ​បើ​តាម​សារ​របស់ CNN ដែល​បាន​ផ្ញើ​ទៅ​កាន់​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​ បន្ទាប់ពី​ពិធី​ករ​​ម្នាក់​នេះ​បាន​ឆ្លង​វីរុស​COVID-19។

    Chris ដែល​បាន​ចូល​ធ្វើ​ការ​នៅ​ CNN តាំង​ពី​ឆ្នាំ​2013 គឺជា​ប្អូន​ប្រុស​របស់​អភិបាល​រដ្ឋ​ New York នៃ​សហរដ្ឋ​អាមេរិក​ និង​ជា​កូន​ប្រុស​ពៅ​របស់​លោក Mario Cuomo ដែលជា​អតីត​អភិបាល​រដ្ឋ​ New York។ គិត​មក​ដល់​បច្ចុប្បន្ន Chris គឺជា​បុគ្គលិក​ទី​3​របស់​ CNN​​ នៅ​ New York វិជ្ជ​មាន​ជាមួយ​នឹង​COVID-19។

    “ខ្ញុំ​បាន​នៅ​ក្បែរ​មនុស្ស​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ក្រោយ​មក​ អ្នក​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​ COVID-19។ ខ្ញុំ​ក្ដៅ​ខ្លួន​ ស្រៀវ​ស្រាញ​​ និង​ពិបាក​ដក​ដង្ហើម”។ លោក​ Chris សរសេរ​បែប​នេះ​នៅ​លើ​ទំព័រ​ Twitter កាល​ពី​ថ្ងៃទី​31​មីនា​។​

    អភិបាល​រដ្ឋ​​ New York លោក​ Andrew Cuomo

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដីចំនួន​200​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 857,800​នាក់​បាន​ឆ្លង​វីរុស​នេះ ក្នុង​នោះ​មាន​ជាង​42,000នាក់​បាន​បាត់​បង់ជីវិត​។ សហរដ្ឋ​អាមេរិក​ គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ជាង189,500នាក់​ ក្នុង​នោះ​មាន​4,076​នាក់​បាន​ស្លាប់​។ រដ្ឋ​ New York គឺ​ជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយ​សារ​វិបត្តិ​សុខ​ភាព​នេះ​៕

    ប្រភព៖ សារព័ត៌មាន​បរទេស​

  • អ្នក​ជំងឺ​ជិត​​860,000​នាក់​បាន​ឆ្លង​វីរុសCOVID-19 នៅ​ទូទាំង​ពិភព​លោក​

    អ្នក​ជំងឺ​ជិត​​860,000​នាក់​បាន​ឆ្លង​វីរុសCOVID-19 នៅ​ទូទាំង​ពិភព​លោក​

    ល្បឿន​នៃ​ការ​ឆ្លង​រាល​ដាល​របស់​វីរុសCOVID-19 មិន​ទាន់​មាន​សញ្ញា​ថម​ថយ​នៅ​ឡើយ​ ពិសេស​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក នាំ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ជិត860,000​នាក់ ជាមួយ​នឹងអ្នក​ស្លាប់​ជាង​​42,000។

    ​អ្នក​ឆ្លង​មេរោគ​COVID-19 ចំនួន​854,612​ករណី និង​​បាត់​បង់ជីវិត​ 42,044​ករណី​ នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​202​ នៅ​ទូទាំង​ពិភពលោក​ ដោយ​អ្នក​ជំងឺ​ថ្មី​កើន​72,578​ករណី​ និង​ស្លាប់​កើន​4,435​ករណី​បន្ថែម​ទៀត​​ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ៊ីតាលី​គឺជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ច្រើនជាង​គេ​ក្នុង​ពិភពលោក​។

    សហរដ្ឋ​អាមេរិក​ មក​ដល់​ពេល​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ចំនួន​188,172​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​3,899ករណី​។ នេះ​បើ​តាម​ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hokins។ ដូច្នេះ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​សហរដ្ឋអាមេរិក​ បាន​កើន​ឡើង​លើស​ប្រទេស​ចិន​ ដែល​មាន​អ្នក​ស្លាប់ចំនួន​3,305​ករណី​។

    អ៊ីតាលី៖ អ្នក​ឆ្លងវីរុស​ថ្មី4,035​នាក់ អ្នក​ស្លាប់​ថ្មី​837​នាក់។ អ្នក​ឆ្លងមេរោគ​សរុប​105,792​នាក់ និង​អ្នកស្លាប់​សរុប​12,428​នាក់​។

    អេស្ប៉ាញ៖ អ្នក​ឆ្លង​វីរុស​ថ្មី7,967​នាក់ អ្នក​ស្លាប់​ថ្មី​748​នាក់។ អ្នក​ឆ្លង​មេរោគ​សរុប​95,923​នាក់ និង​អ្នក​ស្លាប់​សរុប​8,464​នាក់ ដែល​តួលេខ​នេះ​បាន​លោត​រំលង​ប្រទេស​ចិន ដើម្បី​ក្លាយ​ជា​សម្បុក​មេរោគ​ធំបំផុត​លំដាប់​ទី​3​ក្នុង​ពិភពលោក​។

    អាល្លឺម៉ង់៖ អ្នក​ឆ្លង​មេរោគ​ថ្មី​4,923​នាក់ អ្នក​ស្លាប់​ថ្មី​130​នាក់។ ​អ្នក​ឆ្លង​មេរោគ​សរុប​71,808​នាក់ និង​អ្នក​ស្លាប់​សរុប​775​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​ធំបំផុត​ទី​3​នៅ​អឺរ៉ុប បន្ទាប់​ពី​អ៊ីតាលី និង​អេស្ប៉ាញ។

    អង់គ្លេស​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​3,009​នាក់ និង​អ្នក​ស្លាប់​ថ្មី​381​នាក់។ ​អ្នក​ឆ្លង​មេរោគ​សរុប​25,150​នាក់ និង​អ្នក​ស្លាប់​សរុប​1,789​នាក់​។ ក្នុង​ចំណោម​អ្នក​ជំងឺ​ ក៏​មាន​ព្រះ​អង្គ​ម្ចាស់​ Charles រួម​នឹង​នាយក​រដ្ឋមន្ត្រី​ Boris Johnson និង​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ Matt Hancock ផងដែរ​។

    អ៊ីរ៉ង់៖ ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ធំ​បំផុត​ទី​2​ក្នុង​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។ អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី​3,110​នាក់ និងករណី​​ស្លាប់​ថ្មី​141​នាក់​ ដូច្នេះ​អ្នក​ឆ្លង​មេរោគ​សរុបឡើង​ដល់​​44,605​នាក់ និង​អ្នក​ស្លាប់​សរុប​2,898​នាក់​។

    ប្រទេស​ចិន៖ តួលេខ​ចុងក្រោយ​ (ដែល​មិន​ទាន់​ប្រកាស​តួលេខថ្មី​​ក្នុង​ថ្ងៃ​នេះ) បង្ហាញ​ថា​ មាន​អ្នក​ឆ្លង​មេរោគ​សរុប​ 81,518​នាក់​ និង​ស្លាប់​សរុប3,305​នាក់​។

    កូរ៉េ​ខាង​ត្បូង​៖ តួលេខ​ចុងក្រោយ​ (ដែល​មិន​ទាន់​ប្រកាស​តួលេខថ្មី​​ក្នុង​ថ្ងៃ​នេះ) បង្ហាញ​ថា មាន​អ្នក​ឆ្លង​មេរោគ​សរុប​9,786​នាក់ និង​អ្នក​ស្លាប់​សរុប​​162​នាក់​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី គឺជា​សម្បុក​មេរោគ​ធំ​បំផុត​នៅក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​2,766​នាក់ និង​ស្លាប់​43​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ គឺជា​ “វាល​ពិឃាត” ធំបំផុត​របស់វីរុស​COVID-19 ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​136​នាក់ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​1,528​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ប្រធានាធិបតី​ បេឡារូស ប្រាប់​ឱ្យ​ប្រជាជន​ផឹក​ស្រា​ vodka ដើម្បី​សម្លាប់​ COVID-19

    ប្រធានាធិបតី​ បេឡារូស ប្រាប់​ឱ្យ​ប្រជាជន​ផឹក​ស្រា​ vodka ដើម្បី​សម្លាប់​ COVID-19

    ប្រធានាធិបតី​នៃប្រទេស​បេឡារូស បាន​ណែនាំ​ឱ្យ​ប្រជា​ជន​របស់​លោក ផឹក​ស្រា​ vodko ដើម្បី​ “បំពុល​មេរោគ​ COVID-19” ឬ​ប្រើ​វា​ដើម្បី​សម្អាត​ខាង​ក្នុង​រាងកាយ​។

    “ថ្មី​ៗ​នេះ ខ្ញុំ​មិន​ដែលបាន​ផឹក​ស្រា​នោះ​ទេ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ហើយ​ថា អ្នក​រាល់​គ្នា​មិន​គួរ​គ្រាន់​តែ​លាង​ដៃ​នឹង​ស្រា vodka នោះ​ទេ​ តែ​ចូរ​ប្រើ​វា​ដើម្បី​បំពុល​វីរុស​។ អ្នក​គួរ​តែ​ផឹកស្រាខ្លាំង​ ​ប្រហែល​40-50​មីល្លីលីត្រ រាល់​ថ្ងៃ​ ប៉ុន្តែ កុំផឹក​នៅ​កន្លែង​ធ្វើ​ការ​” ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បាន​ថ្លែង​បែប​នេះ​ បន្ទាប់​ពី​បាន​ទស្សនា​ការ​ប្រកួត​វាយ​កូន​បាល់​លើ​ទឹក​កក​រួច កាលពី​ថ្ងៃទី​29មីនា។

    លោក Lukashenko ក៏បាន​អះអាង​ថា កីឡា​គឺជា “ឱសថ​ល្អ​បំផុត​សម្រាប់​ប្រឆាំង​នឹង​វីរុស។ ពុំ​មាន​មេរោគ​ណា​នៅ​ទី​នេះ​នោះ​ទេ ខ្ញុំ​មិន​បាន​ឃើញ​វា​ផង​”។

    បេឡារូស ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​9.5​លាន​នាក់​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគCOVID-19 ចំនួន​150​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ជា​សះស្បើយ និង​មិន​ទាន់​មាន​ករណី​ស្លាប់​នោះទេ។ នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​ត្បូង​មួយ​នេះ ហាង​ទាំង​ឡាយ រួម​នឹង​ផ្សារ​ជា​ដើម ក៏នៅ​មាន​សកម្ម​ភាព​ធម្មតា​ កន្លែង​ប្រគំ​តន្ត្រី​ក៏​នៅ​តែ​បើក​ដំណើរ​ការ​ ចំណែក​អ្នក​ចូល​ចិត្ត​កីឡា​ក៏​នៅ​តែ​នាំគ្នាំ​ទៅកាន់​កីឡដ្ឋាន​ មើល​កា​រប្រកួត​។

    កាលពី​ថ្ងៃទី​16មីនា ប្រធានាធិបតី​រូប​នេះ​ ក៏បាន​ថ្លែ​ងថា ពិភព​លោក​ “កំពុង​តែ​ឡប់គ្រឿង​ដោយ​សារ​ COVID-19 និង​កំពុង​មាន “អាការ​វិកល​ចរិត” ព្រោះ​តែ​វីរុស​​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ត្រូវ​រាំង​ស្ទះ។ នៅ​ក្នុង​ការ​ថ្លែង​ដែល​ធ្វើ​ឱ្យ​មាន​ការ​រិះ​គន់​កាល​ពី​ថ្ងៃទី​16​មីនា​នោះ លោក Lukashenko ក៏បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​បេឡារូស​ កុំស្លន់ស្លោ ហើយ​ត្រូវ​ទៅ​ធ្វើការ​បន្ត​ទៀត​។

    លោក​ថ្លែង​ថា “អ្នក​រាល់​គ្នា​គួរ​តែ​ធ្វើការ​ ពិសេស​គឺ​ពេល​នេះ។ ត្រាក់ទ័រ និង​ស្រែចំការ​នឹង​ព្យាបាល​ជំងឺ​ឱ្យ​អ្នក​រាល់​គ្នា​”។

    និពន្ធនាយក​នៃ​សារ​ព័ត៌មាន​ Tut.by អ្នក​ស្រី Marina Zolotova

    ក៏ប៉ុន្តែ មិន​មែន​ពលរដ្ឋ​បេឡារូស​ទាំង​អស់សុទ្ធ​តែ​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​នេះ​នោះ​ទេ​។ និពន្ធនាយក​នៃ​សារ​ព័ត៌មាន​ Tut.by អ្នក​ស្រី Marina Zolotova និយាយ​ថា​ ប្រជាជន​បេឡារូស​ជា​ច្រើន​ “គិត​ថា លោក​បាន​បញ្ចេញ​សកម្ម​ភាព​ដោយ​មិនសមហេតុ​ផល​តាម​ជាក់​ស្ដែង និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​”។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស