Category: អន្តរជាតិ

  • នៅរួចខ្លួន 15ប្រទេស!!…តើ​ប្រទេស​ណា​ខ្លះ​លើពិភពលោក ដែលនៅមិនទាន់មានរបាយការណ៍អ្នកឆ្លង​មេ​រោគ​កូវីដ-19?

    នៅរួចខ្លួន 15ប្រទេស!!…តើ​ប្រទេស​ណា​ខ្លះ​លើពិភពលោក ដែលនៅមិនទាន់មានរបាយការណ៍អ្នកឆ្លង​មេ​រោគ​កូវីដ-19?

    ទីភ្នាក់ងារព័ត៌មាន Foxnews បានរាយការណ៍ថា វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅតែឆ្លងរាលដាលយ៉ាងសាហាវ​ទូទាំងពិភពលោកក្នុងអត្រាទ្វេគុណ ក្នុងរយៈពេល1ម៉ោងៗដែលកន្លងផុតទៅ ទាំងប្រទេសធំ និងប្រទេសតូចសុទ្ធតែបានរាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគថ្មីជាបន្តបន្ទាប់ ក៏ប៉ុន្តែ រហូតមកទល់ថ្ងៃព្រហស្បតិ៍​(ទី2មេសា)ម្សិលមិញ នៅសល់ប្រទេសចំនួន 15ទៀត ដែលនៅមិនទាន់មានរបាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគវីរុសមរណៈនេះនៅឡើយ។

    កាលពី 3សប្ដាហ៍ដំបូង ទីភ្នាក់ងារព័ត៌មាន Foxnews បានរាយការណ៍ថា នៅមាន 63ប្រទេសទៀតដែលមិនទាន់ការប្រកាសថា រកឃើញអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងតំបន់របស់ពួកគេនៅឡើយ មុននឹងថយចុះមកនៅ 19ប្រទេសកាលពីសប្ដាហ៍មុន និងចុងក្រោយបំផុត កាលពីថ្ងៃព្រហស្បតិ៍(ទី2មេសា)ម្សិលមិញ នៅសល់តែ 15​ប្រទេស​ប៉ុណ្ណោះ ដែលមិនទាន់មានរបាយការណ៍អំពីអ្នកឆ្លងមេរោគនៅក្នុងប្រទេសរបស់ពួកគេទៅកាន់ស្ថាប័នពិភពលោកដែលពាក់ព័ន្ធនឹងរឿងនេះ ខណៈដែលចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោកបានកើនឡើងធ្លុះ 1លាននាក់ទៅហើយ និងស្លាប់ចំនួន 51,465នាក់។

    តទៅនេះ គឺបញ្ជីឈ្មោះប្រទេសទាំងនោះ ព្រមជាមួយចំនួនប្រជាជនរបស់ពួកគេ៖ 1.ខូម៉ូរ៉ូស(814,000នាក់) 2.សាធារណរដ្ឋ ឃិរិបាស(116,300នាក់) 3.រាជាណាចក្រ ឡេសូថូ(2.2លាននាក់) 4.ម៉ាឡាវី(18.6លាននាក់) 5.ប៉ាឡៅ(21,000នាក់) 6.សាមួ(196,440នាក់) 7.សៅទូមេ និងព្រិនស៊ីពី(204,300នាក់) 8.បណ្ដុំកោះសូឡូម៉ុន(611,300នាក់) 9.ស៊ូដង់ខាងត្បូង(12.6លាននាក់) 10.ថាជិគីស្ថាន(8.9លាននាក់) 11.តង់ហ្កា(108,000នាក់) 12.ទើកមេនីស្ថាន(5.8លាននាក់) 13.ទូវ៉ាលូ(11,192នាក់) 14.វ៉ានូអាទូ(276,250នាក់) 15.យេមែន(28.2លាននាក់)។

    យ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរសាធារណៈសុខាភិបាល និងអ្នកជំនាញការរបស់ពិភពលោក បានវិភាគពីព័ត៌មានទាំងនោះយ៉ាងប្រយ័ត្នប្រយែងបំផុត ដោយសារតែ បើសិនជាប្រទេសណាមួយមិនបានរាយការណ៍ពីករណីអ្នកឆ្លងមេរោគកូវីដ-19 នោះមិនមែនមានន័យថា ពួកគេមិនមានអ្នកឆ្លងមេរោគនោះទេ ព្រោះនៅក្នុងនោះ មួយចំណែកខ្លះអាចមិនមានធនធានមនុស្ស និងបច្ចេកទេសសម្រាប់ពិនិត្យរកមេរោគដែលគួរឱ្យជឿទុកចិត្តបាន និងប្រទេសខ្លះទៀត ក៏ជាប្រធានបទពាក់ព័ន្ធនឹងការជិះជាន់សង្កត់សង្កិនរបស់អំណាចផ្ដាច់ការដែរ។

    ចំណែកឯ ប្រទេសកូរ៉េខាងជើង ដែលមានព្រំដែនជាប់នឹងប្រទេសចិន ចំណុចដែលការឆ្លងរាលដាលបានចាប់កំណើតឡើងកាលពីចុងឆ្នាំទៅនោះ មិនទទួលស្គាល់ថា មានការឆ្លងរាលដាលនៃមេរោគកូវីដ-19នៅក្នុងប្រទេសរបស់ខ្លួនឡើយ តែយ៉ាងណាក៏ដោយ Foxnews បានយោងលើព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក និងសារព័ត៌មានក្នុងតំបន់ដែលជឿថា ក្រុងព្យុងយ៉ាងកំពុងតែតស៊ូប្រយុទ្ធនឹងករណីអ្នកឆ្លងមេរោគកំណាចនេះជាច្រើនពាន់នាក់ ខណៈដែលសារព័ត៌មាន ហ្វៃនេនសៀល ថាមស៍ បានរាយការណ៍កាលពីថ្ងៃពុធ(ទី1មេសា)ថា ក្រុងព្យុងយ៉ាង បានទំនាក់ទំនងទៅអង្គការអន្តរជាតិជាច្រើនយ៉ាងស្ងាត់ៗ ដើម្បីសុំការជួយសង្គ្រោះក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

    ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

    សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមព័ត៌មានពីមហាវិទ្យាល័យ ចន ហប់គីនស៍ថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បានកើនឡើងលើស 1លាននាក់ហើយកាលពីថ្ងៃព្រហស្បតិ៍​(ទី2មេសា)​ម្សិលមិញ ដោយរោគរាតត្បាតដ៏ចង្រៃនេះ នៅតែចម្លងមេរោគយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាមេរិក ខណៈដែលចំនួនអ្នកស្លាប់នៅតែកើនឡើងជារឿយៗ ទាំងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញ។

    វេបសាយតាមដានស្ថានការណ៍ការឆ្លងរាលដាលនៃមេរោគកូវីដ-19 បែបអនឡាញ របស់មហាវិទ្យាល័យ ចន ហប់​គីនស៍ ថែមទាំងបានរកឃើញថា វីរុសកូវីដ-19បានប្រហារជីវិតមនុស្សទូទាំងពិភពលោកលើស 51.000នាក់ហើយ​ទៀតផង ដោយប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតគឺ អ៊ីតាលី តាមក្រោយដោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក។

    តួលេខរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានបង្ហាញឱ្យដឹងពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយពីបានរកឃើញថា ពិភពលោកបានប្រើពេលវេលាប្រមាណជា 55ថ្ងៃក្នុងការមានអ្នកឆ្លងមេរោគកូវីដ-19 នេះគ្រប់ 100,000​នាក់ដំបូង តែបន្ទាប់ពីនោះមកក៏ឡើងធ្លុះដល់ខ្ទង់ 500,000នាក់នៅថ្ងៃទី76(21ថ្ងៃក្រោយ) មុននឹងវីរុសនេះប្រើពេលវេលាថែមទៀតត្រឹមតែ 8ថ្ងៃប៉ុណ្ណោះ រាប់តាំងពីពេលនោះ ក្នុងការចម្លងមេរោគទៅមនុស្សលោកទ្វេ 1ជា2 រហូតដល់លើស 1លាននាក់។

    ចំនួនអ្នកឆ្លងមេរោគជារួមនៅថ្ងៃព្រហស្បតិ៍(ទី2មេសា) កើនឡើងពីមួយថ្ងៃមុននោះ 10% ដែលតួលេខនេះអាចនិយាយបានថា គឺជាលើកដំបូងហើយដែលមានការចម្លងមេរោគរបស់កូវីដ-19 បានកើនឡើងក្នុងកម្រិតតួលេខ 2ខ្ទង់ រាប់ចាប់តាំងពីវីរុសកូរ៉ូណាប្រភេទថ្មីនេះចាប់ផ្ដើមឆ្លងរាលដាលចេញមកក្រៅប្រទេសចិន។

    ពេលនេះ មានប្រទេស និងតំបន់ផ្សេងៗ 117កន្លែង បានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគលើស 100​ករណី និង 50កន្លែង មានអ្នកឆ្លងមេរោគលើស 1,000ករណី និងមាន 7ប្រទេស ដែលបានរាយការណ៍អំពីការ​រកឃើញអ្នកឆ្លងមេរោគលើស 50,000នាក់ ភាគច្រើននៅក្នុងទ្វីបអឺរ៉ុប។

    បច្ចុប្បន្នអ្នកស្លាប់ទូទាំងពិភពលោក ស្ថិតក្នុងកម្រិតលើសពី 5% របស់គ្រប់ករណីអ្នកឆ្លងមេរោគដែលមានការរាយការណ៍ជាផ្លូវការ ដោយសហរាជអាណាចក្រ, សហរដ្ឋអាមេរិក, និងប្រទេសអេស្ប៉ាញ សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់កើនឡើងយ៉ាងច្រើនក្នុងអំឡុងពេលមិនប៉ុន្មានថ្ងៃកន្លងមកនេះ។

    ក្នុងករណីអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក មានប្រមាណ 22% ស្ថិតក្នុងសហរដ្ឋអាមេរិក(ប្រមាណ 238,000​នាក់) ចំណែកអ៊ីតាលី និងអេស្ប៉ាញ គិតត្រួសៗប្រមាណជា 10%ក្នុង1ប្រទេស ខណៈដែលចិន ប្រទេសដែលមេរោគវីរុសកើតឡើងមុនគេនោះ មានអ្នកឆ្លងមេរោគគិតជាភាគរយ ប្រមាណ 8% នៃចំនួនអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក ដែលនេះជាភ័ស្តុតាងជាក់ស្ដែងថា មណ្ឌលកណ្ដាលនៃការឆ្លងសាយភាយ បានចូលមកដល់អឺរ៉ុប និងអាមេរិកហើយ។

    ទាំងអស់នេះ បើរាប់គ្រប់ប្រទេសនៅក្នុងអឺរ៉ុបរួមគ្នា ពួកគេមានចំនួនអ្នកឆ្លងមេរោគ គិតទៅជាងពាក់កណ្ដាលនៃអ្នកឆ្លងមេរោគទូទាំងពិភពលោក និងមានអ្នកស្លាប់រួមគ្នាច្រើនជាង 70% នៃចំនួនអ្នកស្លាប់ទូទាំងពិភព​លោក ដោយប្រទេសជាច្រើននៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប ដែលជាសង្គមប្រជាជនវ័យចំណាស់ បានក្លាយជាប្រទេស​ដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនេះធ្ងន់ធ្ងរបំផុត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក(វីដេអូ)

    ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិក(វីដេអូ)

    អ្នក​បើក​បរ​រថភ្លើង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​បាន​ព្យាយាម​បង្វែរ​ក្បាល​រថភ្លើង​តម្រង់​ទៅ​កាន់​នាវា​មន្ទីរពេទ្យ​ USNS Mercy នៅ​ក្នុង​រដ្ឋ​ Los Angeles ដោយ​សារ​តែអ្នក​បើក​បរ​រូប​នេះ​ សង្ស័យ​អំពី​គោល​បំណង​នៃ​​វត្ត​មាន​របស់​នាវា​មន្ទីរ​ពេទ្យ​នេះ​។

    Eduardo Moreno អាយុ​44​ឆ្នាំ រស់នៅ​ក្នុង​តំបន់ San Pedro ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ក្រោយ​ការ​បំផ្លាញ​រថភ្លើង​កាលពី​យប់​ថ្ងៃ​ទី​31​មករា​” នេះ​បើ​តាម​ការ​ប្រកាស​​របស់​ការិយាល័យ​មេធាវី​នៃតំបន់​​ Central District ក្នុង​រដ្ឋ​ California នា​ថ្ងៃ​នេះ​។

    កាមេរ៉ា​នៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ថា Moreno បាន​បើក​បរ​រថភ្លើង​ក្នុង​ល្បឿន​លឿន​បំផុត​នៅ​ចុង​ផ្លូវ​ដែក​ ក្បែរ​កំពង់​ផែ​ Los Angeles។ រថភ្លើង​នេះ​បាន​បុក​របង​បេតុង​ រួច​ទម្លុះរបង​ដែក​ និង​របង​សំណាញ់​ដែក បន្ទាប់​មក​ក៏​ជ្រុល​ទៅ​ដល់​ទីលាន​​ចត​រថយន្ត​ និង​បុក​ទៅ​លើ​ជញ្ជាំង​របង​ផ្សេង​មួយ​ទៀត​។

    ហេតុ​ការណ៍​នេះ មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​នោះ​ទេ​ ហើយ​ក៏​មិន​មាន​រថយន្ត​ណាមួយ​ត្រូវ​រង​ការ​ខូច​ខាត​នោះ​ដែរ​។ ក្បាល​រថភ្លើង​ បាន​ឈប់​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​200​ម៉ែត្រ​ពី​នាវា​មន្ទីរពេទ្យ​ USNS Mercy។

    ផែន​ការ​បើក​រថភ្លើង​បំបុក​នាវា​មន្ទីរពេទ្យ​នៅ​សហរដ្ឋ​អាមេរិកជនសង្ស័យ​បាន​សារភាព​រួច​ហើយ​នៅក្នុង​ការ​សួរ​ចម្លើយ​របស់​សមត្ថ​កិច្ច​នៅ​ឯកំពង់​ផែ Los Angeles នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI)។ Moreno បាន​ឱ្យ​ដឹង​ថា​ សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ ដោយ​បាន​អះអាង​ថា​ វត្តមាន​របស់​នាវា​មន្ទីរ​ពេទ្យ​ USNS Mercy មិន​មែន​ដើម្បី​ជួយ​ដល់​ការ​ប្រឆាំង​នឹង​វីរុស​COVID-19 នោះ​ទេ​ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ “ផ្នែក​មួយ​ក្នុង​ផែន​​ការ​ក្ដោប​ក្ដាប់​អំណាច​របស់​រដ្ឋាភិបាល​” តែប៉ុណ្ណោះ​។ នេះ​បើ​តាម​ Washington Times។

    “Moreno យល់​ថា USNS Mercy ពិត​ជាគួរ​ឱ្យ​សង្ស័យ​ ហើយ​គាត់​ក៏មិន​ជឿ​ទៅ​លើ​ការ​ប្រកាស​របស់​មន្ត្រី​អំពី​គោល​បំណង​របស់​វា (នាវា)” នេះ​បើ​តាម​ការ​ប្រកាស​របស់​ការិយាល័យ​មេធាវី​។ ការ​ប្រកាស​នេះ​បន្ត​ថា ជនសង្ស័យ​អាច​ប្រឈម​នឹង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​​រយៈ​ពេល​20​ឆ្នាំ​។

    មុន​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​បញ្ជា​ឱ្យ​នាវា​មន្ទីរពេទ្យ​ USNS Mercy ធ្វើ​ដំណើរ​ទៅកាន់​ Los Angeles និង​នាវា​ USNS Comfort ទៅកាន់​ទីក្រុង​ New York។ នាវា​នីមួយ​ៗ មាន​គ្រែ​ចំនួន​1,000​​ និង​បន្ទប់​វះ​កាត់​ចំនួន​12។ នាវា​ទាំង​នេះ​មិន​មាន​សមត្ថ​ភាព​ព្យាបាល​ COVID-19 នោះ​ទេ ប៉ុន្តែវា​អាច​ទទួល​ព្យាបាល​អ្នក​ជំងឺ​ធម្មតា​ (ក្រៅ​ពី​ជំងឺ​កូរ៉ូណា) ដើម្បី​ទុក​ឱ្យ​មន្ទីរ​ពេទ្យ​នានា​នៅ​លើ​គោក​ អាច​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​តែ​អ្នកជំងឺ​ COVID-19។

    USNS Comfort និង​ USNS Mercy គឺជា​នាវា​មន្ទីរពេទ្យ​ដែល​ស្ថិត​ក្នុង​ក្រុម​នាវា​ Mercy ដែល​ជា​នាវា​ប្រភេទធំ​បំផុត​លំដាប់​ទី​3​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បន្ទាប់ពី​កំពូល​នាវា​ Nimitz និង Gerald R. Ford៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​(វីដេអូ)

    លទ្ធ​ផល​ពិសោធន៍​ថ្មី​៖ COVID-19 អាច​រក្សា​ជីវិត​បាន​7​ថ្ងៃ​នៅ​លើ​ម៉ាស់​(វីដេអូ)

    “ថ្វី​បើវីរុស​​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​នៅ​លើ​ម៉ាស់​ ប៉ុន្តែ​ពួកវា​ក៏​ងាយ​នឹង​ត្រូវ​សម្លាប់​ដោយ​វិធី​សាមញ្ញ” នេះ​បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​របស់​សាកលវិទ្យា​ល័យ​ហុង​កុង​។

    លទ្ធ​ផល​នៃ​ការ​សិក្សាស្រាវជ្រាវ​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពីថ្ងៃទី​15​មីនា នៅ​លើ​គេហទំព័រ​ medRxiv របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​​ហុង​កុង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​វីរុស​COVID-19 មាន​ភាព​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​បរិយា​កាស​ ឬ​ផ្ទៃ​នៃ​វត្ថុ​ដែល​វា​កំពុង​ស្ថិត​នៅ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​បន្តក់​វីរុស​ដែល​គេ​បាន​បណ្ដុះ 1តំណក់​​ទៅ​លើ​ផ្ទៃ​លើ​នៃ​វត្ថុ​មួយ​ចំនួន​ រួម​មាន​ ក្រដាស ឈើ​ក្រដាស​ជូត​មាត់ ក្រណាត់ វ៉ែន​តា ប្រាក់​ ដែក​អ៊ីណុក ជ័រ រួម​នឹង​ម៉ាស់​ជាដើម​។

    ជា​លទ្ធ​ផល​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​មិន​បាន​រកឃើញ​វីរុស​COVID-19 នៅ​លើ​ក្រដាស និង​ក្រដាស​ជូន​មាត់​នោះ​ទេ បន្ទាប់​​ពី​បាន​បន្តក់​មេរោគ​រយៈ​ពេល​3ម៉ោង​

    COVID-19 ក៏មិន​មាន​នៅ​ជាប់​នៅ​លើ​ឈើ​ និង​ក្រណាត់ បន្ទាប់​ពី​2ថ្ងៃ​ក្រោយ​ការ​បន្តក់​មេរោគ​​។ បន្ទាប់​ពី​រយៈ​ពេល​4​ថ្ងៃ គេ​ក៏​មិន​ឃើញ​មាន​វីរុស​នេះ​នៅ​ជាប់​​នៅ​លើ​កញ្ចក់​វ៉ែនតា និង​ក្រដាស​ប្រាក់​នោះ​ដែរ​។ វីរុស​កូរ៉ូណា​COVID-19 អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ នៅ​លើ​ដែក​អ៊ីណុក​ និង​ជ័រ​

    អ្វីដែល​គួរ​ឱ្យ​បារម្ភ​ជាង​គេ​នោះ​គឺ​ថា នៅ​ផ្ទៃ​ខាង​ក្រៅនៃ​ម៉ាស់ពេទ្យ (surgical mask)​ វីរុស​នេះ​អាច​រក្សា​ជីវិត​របស់​វា​បាន​ដល់​ទៅ​7​ថ្ងៃ​ ដូច​ទៅ​នឹង​នៅលើ​ជ័រ​ និង​ដែក​អ៊ីណុក​។

    ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​បាន​សន្និដ្ឋាន​ថា បើ​ទោះ​វីរុស​ COVID-19 អាចមាន​ជីវិត​យូរ​ថ្ងៃ​នៅ​លើ​វត្ថុ​មួយ​ចំនួន​ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ត្រូវ​បាន​សម្លាប់​ដោយ​វិធី​កំចាត់​មេរោគ​សាមញ្ញ​ៗផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    ប្រធាន​សភា​អ៊ីរ៉ង់ បាន​ឆ្លង​វីរុស​COVID-19!

    លោក Ali Larijani អាយុ​62​ឆ្នាំ ជា​ប្រធាន​សភា​អ៊ីរ៉ង់ ត្រូវ​បាន​រក​ឃើញ​ថា​វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 ហើយ​លោក​កំពុង​ទទួល​ការ​ព្យាបាល​​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​។

    ស្ថានីយ​ទូរទស្សន៍​ជាតិ​អ៊ីរ៉ង់​កាល​ពី​ម្សិល​មិញ​បាន​ចេញ​ផ្សាយ​ថា ប្រធាន​សភា​អ៊ីរ៉ង់ លោក Ali Larijani ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19 បន្ទាប់​ពី​មាន​រោគ​សញ្ញា​មួយ​ចំនួន​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត បាន​រកឃើញ​ថា​លោក​មាន​ផ្ទុក​មេរោគ​COVID-19 ហើយ​លោក​ក៏កំពុង​ទទួល​ការ​ព្យាបាល​។

    លោក Ali Larijani បាន​ក្លាយជា​មន្ត្រី​​ម្នាក់​ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​​របស់​អ៊ីរ៉ង់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។ មុន​នេះ​ អនុប្រធានាធិបតី​ Masoumeh Ebtekar រួម​នឹង​ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​ និង​សន្តិសុខ​ជាតិ​​របស់​សភា​អ៊ីរ៉ង់ លោក Mojtaba Zolnour និង​តំណាង​រាស្ត្រ​ Mahmoud Sadeghi និង​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ Iraj Harirchi ក៏​បាន​ឆ្លង​វីរុស​COVID-19។

    លោក​ Hadi Khosroshahi ជា​បព្វ​ជិត​ម្នាក់​នៅ​ទី​ក្រុង Qom ដែលជា​អតីត​ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីក្រុង​ Vatican ក៏​បាន​ទទួល​មរណ​ភាព​ដោយ​សារ​ COVID-19។

    ប្រទេស​អ៊ីរ៉ង់​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​នៅទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺ​សរុប​50,468​នាក់ និង​អ្នក​ស្លាប់​សរុប​3,160​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! ជាប់​ពន្ធ​នាគារ​កន្លះ​ឆ្នាំ​ ព្រោះតែ​ក្អក​ដាក់​មុខ​សមត្ថ​កិច្ច​

    COVID-19! ជាប់​ពន្ធ​នាគារ​កន្លះ​ឆ្នាំ​ ព្រោះតែ​ក្អក​ដាក់​មុខ​សមត្ថ​កិច្ច​

    មនុស្ស​ម្នាក់​ កាល​ពី​ថ្ងៃទី​1មេសាកន្លង​ទៅ​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​6​ខែ​ បន្ទាប់​ពី​បាន​ក្អក​តម្រង់​ទៅ​លើ​មុខ​របស់​​មន្ត្រី​នគរ​បាល​ម្នាក់​ ហើយ​ថែម​ទាំង​បាន​គំរាម​ថា​នឹង​ចម្លង​វីរុស​COVID-19។

    Adam Lewis អាយុ​55​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​កំពុង​ព្យាយាម​គាស់​ទ្វារ​ឡាន​មួយ​គ្រឿង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃទី​31​មីនា​កន្លង​ទៅ​។ នៅ​ពេល​សមត្ថ​កិច្ច​មក​ដល់ Lewis ក៏បាន​ប្រតិកម្ម​ដោយ​បោក​ដប​ស្រា​ដែលនៅ​​ក្បែរ​នោះ​ ហើយ​ស្រែក​គំរាម​មន្ត្រី​នគរ​បាល។ នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាននគរ​បាល​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​។

    “ខ្ញុំ​គឺ​ជា​អ្នកជំងឺ​ COVID-19។ ខ្ញុំ​នឹង​ក្អក​ដាក់​មុខ​លោក​ឯង​ ឱ្យ​លោក​ឯង​ឆ្លង​ជំងឺ​ម្ដង” Lewis ស្រែក​គំរាម​បែប​នេះ​ ហើយ​ក្អក​តម្រង់​មុខ​សមត្ថ​កិច្ច​។ បុរស​រូប​នេះ​ថែមទាំង​ព្យាយាម​ស្ដោះ​ទឹក​មាត់​តម្រង់​ទៅ​នគរ​បាល​ទៀត​ផង។

    បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ដូច​ខាង​លើ Lewis ក៏ត្រូវ​បាន​ចាប់​បញ្ជូន​ឡើង​តុលាការ​នៅ​តំបន់ Westminster កាល​ពី​ម្សិល​មិញ។ បុរស​វ័យ​55​ឆ្នាំ​រូប​នេះ ត្រូវ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​6ខែ​ ក្រោម​បទ​ចោទ “មាន​ចេតនា​វាយប្រហារ​សមត្ថ​កិច្ច​” ដោយ​យោង​ទៅ​តាម​មាត្រា​មួយ​នៃ​ច្បាប់របស់​ប្រទេស​អង់គ្លេស​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2018។

    មន្ត្រី​ម្នាក់​នៅ​ឯតុលាការ​ បាន​ឱ្យ​ដឹង​ថា “ខ្ញុំ​សង្ឃឹម​ថា ការ​ដាក់​ទោស​នេះ​នឹង​ជា​សារ​មួយ​សម្រាប់​​អ្នក​រាល់​គ្នា​ឱ្យ​ដឹង​​ថា ទង្វើ​បែប​នោះ គឺ​មិន​អាច​អត់ឱន​បាន​ឡើយ​”។

    ប្រទេស​អង់គ្លេស​ គិត​មកដល់​ថ្ងៃ​នេះបាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន 29,872​នាក់ ក្នុង​នោះ​អ្នក​​ស្លាប់មាន​ចំនួន​​2,357​នាក់​ ខណៈ​ដែល​ពិភពលោក​ទាំងមូល​ មាន​អ្នក​ឆ្លង​វីរុស​សរុប 956,588​​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់48,583​​នាក់ និង​អ្នក​បាន​ជាសះស្បើយ​មាន​ប្រមាណជា​202,728​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​ទេស​

  • ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន បាន​បាត់​បង់ជីវិត​ហើយ ​ដោយ​សារ​តែ​ COVID-19

    លោក​ស្រី​ Bernardita Catalla អាយុ​62​ឆ្នាំ ជា​ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន ប្រចាំ​ប្រទេស​លីបង់ បាន​បាត់​បង់ជីវិត​ក្នុង​ថ្ងៃនេះ​នៅ​ឯមន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ​ធានី​ Beirut នៃ​ប្រទេស​លីបង់ ក្រោយ​ពី​បាន​ឆ្លង​វីរុស​COVID-19។

    ក្រសួង​ការបរទេស​ហ្វីលីពីន​ បាន​ប្រកាស​​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​ប្រចាំ​នៅ​​ទីក្រុង Beirut បាន​ទទួល​មរណ​ភាព​​ដោយ​សារ​តែ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី COVID-19។ លោក​ស្រី​ Catalla បាន​ធ្វើ​ការ​ក្នុង​វិស័យ​ការ​ទូត​អស់​រយៈ​ពេល​27​ឆ្នាំ​មក​ហើយ​។ លោក​ស្រី​ធ្លាប់​កាន់​តំណែង​សំខាន់​ៗ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។ នៅ​មុន​ពេល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គរដ្ឋ​ទូត​ប្រចាំ​នៅ​ប្រទេស​លីបង់ លោក​ស្រី​ក៏ធ្លាប់​ធ្វើ​ជា​អគ្គកុង​ស៊ុល​របស់​ហ្វីលីពីន ប្រចាំ​ទីក្រុង​ហុង​កុង​ផងដែរ​។

    ប្រទេស​លីបង់ មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ជិត​500​នាក់ ក្នុង​នោះ​មាន​16​នាក់​បាន​បាត់បង់ជីវិត​។

    ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ លោក​ស្រី Catalla ត្រូវ​បាន​គេ​មើល​ឃើញ​ថា មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​ការ​ងារ​ ពិសេស​គឺ​កិច្ច​ការ​ដែល​ទាក់​ទិន​នឹង​ការ​បញ្ជូន​ពលករ​ហ្វីលីពីន​ជា​ច្រើន​ម៉ឺន​នាក់នៅ​លីបង់​ ត្រឡប់​ទៅ​កាន់​ប្រទេស​វិញ ខណៈ​មេរោគ​ COVID-19 កំពុង​រាល​ដាល​ពាស​ពេញ​ពិភពលោក​។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​203​ ក្នុងពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 956,588​នាក់​​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នកជំងឺ​ 48,583​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

    តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​

    COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួត​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន203​ បណ្ដាលឱ្យ​មនុស្ស​ប្រមាណជា​​​938,348នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន47,286​នាក់​បាន​បាត់​បង់ជីវិត​ និង​35,736​​នាក់​កំពុង​មាន​អាការ​ធ្ងន់​ធ្ងរ និង​ប្រមាណជា​195,371នាក់​បាន​ជា​សះស្បើយ​។

    ដោយឡែក​នៅ​ក្នុង​តំបន់​អាស៊ីភាគ​អាគ្នេយ៍​​ដែល​មាន​ប្រទេស​ចំនួន​11 និង​មាន​ប្រជា​ជនសរុប​ប្រមាណជា​ 655,298,000​នាក់​ ក៏​មាន​អ្នក​ជំងឺ​ COVID-19 មិន​តិច​នោះ​ដែរ​។ ខាង​ក្រោម​នេះ​គឺជា​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែល​មាន​ និង​មិន​ទាន់​មាន​ករណី​ឆ្លង​ ឬ​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    តារាង​​ចំណាត់​ថ្នាក់​នៃបណ្ដា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​វីរុស​​COVID-19 នៅ​អាស៊ីអាគ្នេយ៍​
    ចំណុច​ពណ៌​លឿង​គឺ​ជា​​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែល​មាន​11​ប្រទេស​

    >​ចំណាត់​ថ្នាក់​នៃប្រទេស​ទាំង​11​​​ដែល​មាន​ករណី​ឆ្លង​វីរុស​COVID-19 (ពី​ច្រើន​ទៅ​តិច)​៖​
    1-ម៉ាឡេស៊ី 2,908នាក់
    2-ហ្វីលីពីន 2,311​នាក់​
    3-ប្រទេស​ថៃ ​​​​​​​​​1,771​នាក់​
    4-ឥណ្ឌូនេស៊ី​ 1,677​នាក់​
    5-សិង្ហបុរី 1,000​នាក់​
    6-វៀតណាម​ 222​នាក់​
    7-ប៊្រុយ​ណេ​ 131​នាក់
    8-កម្ពុជា​ 110​នាក់​
    9-មីយ៉ានម៉ា​រ 16​នាក់
    10-​ប្រទេស​ឡាវ 10​នាក់​
    11-ទីម័រ​ខាង​កើត​ (Timor-Leste) 1​នាក់​

    >​ចំណាត់​ថ្នាក់​នៃប្រទេស​​ទាំង​7ដែល​មាន​ករណី​ស្លាប់​ដោយ​សារ​​វីរុស​COVID-19 (ពី​ច្រើន​ទៅ​តិច​)៖​
    1-ឥណ្ឌូនេស៊ី 157នាក់​
    2-ហ្វីលីពីន 96​នាក់​
    3-ម៉ាឡេស៊ី 45​នាក់​
    4-ប្រទេស​ថៃ 12​នាក់
    5-សិង្ហបុរី 4​នាក់
    6-ប៊្រុយ​ណេ 1​នាក់
    7-មីយ៉ានម៉ា​រ 1​នាក់​

    >4​ប្រទេស​ដែល​មិន​ទាន់​មាន​ករណី​​ស្លាប់​ដោយ​សារ​វីរុស​COVID-19៖
    1-កម្ពុជា
    2-វៀតណាម
    3-ឡាវ
    4-ទីម័រ​ខាង​កើត​ (Timor-Leste)

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

    COVID-19! សិង្ហបុរី​៖ អ្នក​ឆ្លង​វីរុស​​​កូរ៉ូណា​ឡើង​ដល់​1,000​ករណី​ហើយ​

    ចំនួន​អ្នក​ឆ្លង​មេរោគ​COVID-19 នៅ​ប្រទេស​សិង្ហបុរី បាន​កើន​74​នាក់​បន្ថែម​ទៀត​ហើយ ក្នុង​រយៈ​ពេល​24ម៉ោង​កន្លង​ទៅ​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ជំងឺ​នេះ កើន​ដល់​1,000​ករណី​ ក្នុង​នោះ​មាន​4​នាក់បាន​បាត់​បង់ជីវិត​។

    ក្រសួង​សុខាភិបាល​​សិង្ហបុរី​បាន​ឱ្យ​ដឹង​ថា​ ករណី​ឆ្លង​មេរោគ​ថ្មី​ ត្រូវ​បាន​រកឃើញ​នៅក្នុង​តំបន់​មេរោគចំនួន​​2កន្លែង​ ក្នុង​នោះ​ក៏មាន​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ផងដែរ។ 54​ករណី គឺជា​អ្នក​ជំងឺ​ក្នុង​ស្រុក ហើយ​ក្រៅ​ពី​នេះ​គឺជា​អ្នកជំងឺ​ “នាំចូល​”។ លោក​យាយ​វ័យ​102​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​អ្នក​ជំងឺ​COVID-19 ដែល​មាន​អាយុ​ច្រើន​ជាងគេ​បំផុត​នៅ​ប្រទេស​សិង្ហ​បុរី​។

    ប្រទេស​នេះ​ក៏ទើប​តែ​មាន​អ្នក​ស្លាប់​​ថ្មី​ម្នាក់​ទៀត​ដោយ​សារ​ COVID-19 នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​កើន​ដល់​4​ករណី​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​នៅ​សិង្ហបុរី​ មាន​ចំនួន​245​ករណី ខណៈ​ដែល​អ្នកជំងឺ​461​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​ ក្នុង​នោះ​មាន​24​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ដែល​​ត្រូវ​ការ​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​។

    រដ្ឋាភិបាល​សិង្ហបុរី បាន​ប្រកាសថា​ មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​ទាំង​អស់​​ត្រូវ​ផ្អាក​ទទួល​ភ្ញៀវ​មក​សួរ​សុខ​ទុក្ខ​ រហូត​ដល់​ថ្ងៃទី​30​មេសា​។ សិង្ហបុរី​ កំពុង​តែ​អនុវត្ត​វិធាន​ការ​កណ្ដាប់​ដៃ​ដែក​ ដើម្បី​បន្ថយ​ល្បឿន​នៃ​​ការ​ឆ្លង​វីរុស​COVID-19។ នេះ​បើតាមការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Straits Times។

    វិធានការ​ក្ដៅ​1 ក្នុង​ចំណោម​វិធាន​ការ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​ នោះ​គឺ​ “ការ​ពិន័យ​”។ ពលរដ្ឋ​ទាំង​អស់​ត្រូវ​បាន​ហាម​មិន​ឱ្យ​ឈរ ឬ​អង្គុយ​នៅ​ក្បែរ​គ្នា​ក្រោម​1ម៉ែត្រ​នៅ​ទី​សាធារណៈ។ បើ​សិន​ពល​រដ្ឋ​ណា​រំលោភបទ​បញ្ជា​នេះ​នឹង​ត្រូវ​ទទួល​ពិន័យ​ជា​ទឹក​ប្រាក់​7,000​ដុល្លារ​អាមេរិក​ ហើយ​​ត្រូវ​ជាប់​ព័ន្ធ​នាគារ​6ខែ​។ សម្រាប់​ក្រុម​ហ៊ុនអាជីវកម្ម​នានា ក៏ត្រូវ​ដាក់​កៅអី​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាង​ហោច​ត្រឹម​​1ម៉ែត្រ ដើម្បី​ជួយ​ឱ្យ​ភ្ញៀវ​​មក​ទិញ​ទំនិញ ឬ​បុគ្គលិក​ មាន​សុវត្ថិភាព​ ហើយ​ក្រុម​ហ៊ុន​ណា​​ដែល​បំពាន​បទបញ្ជា​នេះ ក៏នឹង​ត្រូវ​ទទួល​ពិន័យ​ដូច​ខាង​លើ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន203​ បណ្ដាលឱ្យ​មនុស្ស​ប្រមាណជា​​​936,045នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​47,245នាក់​បាន​បាត់​បង់ជីវិត​ និង​35,610​នាក់​កំពុង​មាន​អាការ​ធ្ងន់​ធ្ងរ និង​ប្រមាណជា​194,576​នាក់​បាន​ជា​សះស្បើយ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់បន្ថែម​ទៀត​​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​ “អំណាច”

    COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់បន្ថែម​ទៀត​​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​ “អំណាច”

    ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ កំពុង​តែ​ស្វែង​រក​វិធី​ផ្គត់​ផ្គង់​​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់ ទៅ​ឱ្យ​តំបន់​នានា​នៅ​មូលដ្ឋាន​ ក្នុង​គ្រា​ដែល​តួលេខ​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ខ្ពស់​បន្ត​ទៀត​។

    ទីភ្នាក់​ងារ​​គ្រប់​គ្រង​អាសន្ននៃ​សហរដ្ឋ​អាមេរិក​​ FEMA (Federal Emergency Management Agency) បាន​បញ្ជូន​សំណើ​របស់​ខ្លួន​ ទៅ​កាន់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង​ ដោយ​ស្នើ​សុំ​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់។ នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​មន្ត្រី​ម្នាក់​នៅ​មន្ទីរ​បញ្ច​កោណ​ (មន្ទីរ​បញ្ច​កោណ​គឺជា​ទីស្នាក់​ការ​កណ្ដាល​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង) កាល​ពី​ថ្ងៃទី​1មេសា​កន្លង​ទៅ​។ ទី​ភ្នាក់ងារភ័ស្តុភារការពារជាតិ DLA (Defense Logistics Agency) កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ ដើម្បី​ទទួល​បាន​ប្រភព​ផ្គត់​ផ្គង់​បន្ថែម​ទៀត​។

    ថង់​ដាក់​សាក​សព​ដំបូង​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ឃ្លាំង​របស់ DLA ខណៈ​ដែល​ក្រុម​ហ៊ុន​នានា​កំពុង​បង្កើន​​ការ​ផលិត​។ គេមិនទាន់​ដឹង​ថា DLA នឹង​បញ្ជូន​ទំនិញ​នេះ​ទៅ​ឱ្យ​ FEMA នៅ​ពេល​ណា​ពិត​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ FEMA និយាយ​ថា ពួក​គេ​ចង់​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

    កន្លង​មក​ សារ​ព័ត៌មាន​ Bloomberg បាន​រាយការណ៍​ថា មន្ទីរ​បញ្ជកោណ កំពុង​ត្រៀម​ទិញ​ថង់​ដាក់​សាក​សព​បន្ថែម​ទៀត ហើយ​នៅ​ចំពោះ​មុខ​ ពួក​គេ​នឹង​យក​ថង់​ផ្លាស្ទិក​ដាក់​សាក​សព​ ចំនួន​50,000​ថង់ ពី​ក្នុង​ឃ្លាំង​របស់​​ខ្លួន​​។ អ្នក​នាំពាក្យ​របស់​ FEMA បាន​ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​នេះ កំពុង​តែ​រៀប​ផែន​ការ​យុទ្ធ​សាស្ត្រ​សម្រាប់​តម្រូវ​ការ​នាពេល​ខាង​មុខ​ ក្នុង​នោះ​មាន​ការ​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ “ករណី​ស្លាប់​” ដែល​កើត​ឡើង​នៅ​តាម​បណ្ដា​រដ្ឋ​ផងដែរ​។

    COVID-19! សហរដ្ឋអាមេរិក​ត្រៀម​ថង់ផ្លាស្ទិក​ដាក់​សាក​សព​ចំនួន​100,000​ថង់​ ខណៈវីរុស​បង្ក​ជំងឺ​រលាកសួត​ថ្មី​ កាន់​តែ​បង្ហាញ​​ "អំណាច"
    មន្ទីរ​បញ្ច​កោណ​ (The Pentagon) គឺជា​ទីស្នាក់​ការ​កណ្ដាល​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង

    សកម្ម​ភាព​ខាង​លើនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ Donald Trump និង​ទីប្រឹក្សា​មួយ​ចំនួន​របស់​លោក កាល​ពី​ថ្ងៃទី​1មេសា បាន​ព្រមាន​ថា​​ តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​សហរដ្ឋ​អាមេរិក នឹង​អាច​​កើន​ឡើង​ដល់​240,000​ករណី​។

    បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក បាន​កើន​ដល់​​​​5,116ករណី​ ក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​ 215,417​ករណី​ ខណៈ​ដែល​ពិភពលោកទាំង​មូល ​មាន​អ្នក​ឆ្លង​មេរោគ​សរុប 935,817ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​47,208​ករណី និង​ជា​សះស្បើយជាង​ 93,700​ករណី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​