Category: អន្តរជាតិ

  • អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​ ​COVID-19

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​ ​COVID-19

    អូស្ត្រាលី៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យា​ល័យ ​Monash បាន​រកឃើញថា ​ថ្នាំ​ប្រឆាំង​ប៉ារ៉ាស៊ីត​ឈ្មោះ Ivermectin មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ “ការ​បង្កើត​កូនចៅ​” របស់​វីរុស​COVID-19 នៅ​ពេល​ពួក​គេ​ធ្វើការ​នៅ​ក្នុង​បន្ទប់​ពិសោធន៍។

    “Ivermectin ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ និង​ជា​ឱសថ​សុវត្ថិ​ភាព​។ ពេល​នេះ​ យើង​ត្រូវ​ការ​ស្វែង​យល់​អំពី​កម្រិត​សុវត្ថិ​ភាព​ដែល​មនុស្ស​អាច​ប្រើ​ប្រាស់បាន​​ ហើយ​ថា​តើ​វា​អាច​មាន​ប្រសិទ្ធ​ភាព​ដែរ​ ឬអត់​ ពេល​ប្រើ​នៅ​លើ​មនុស្ស​។ នោះ​គឺជា​ជំហាន​បន្ទាប់​” វេជ្ជ​បណ្ឌិត​ Kylie Wagstaff នៅ​សាកលវិទ្យា​ល័យ​ Monash ដែល​ជា​ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវខាង​លើ​ បាន​ឱ្យ​ដឹង​បែប​នេះ​។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះ ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​ទស្សាវដ្ដី​ Antiviral Research កាល​ពី​ថ្ងៃទី​3មេសា​កន្លង​ទៅ​។

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ "ការ​បង្កើត​កូនចៅ​" របស់​ ​COVID-19(ថ្នាំ Ivermectin ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​កមរមាស់ និង​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​កើត​ឡើង​ដោយ​ប៉ារ៉ាស៊ីត)។

    ថ្នាំ Ivermectin កាត់​បន្ថយ​ម៉ូលេគុល ARN (RNA គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើង​ពីនុយក្លូទ័រ។ RNA ដើរ​តួយ៉ាង​សំខាន់​ក្នុងការសំយោគ​ប្រូតេអ៉ុន​នៅពេល​ដែលវាត្រូវបាន​បញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic) របស់​វីរុស​COVID-19 នៅ​លើ​កោសិកា​ដែល​បាន​បណ្ដុះ ដល់​ទៅ​93%​ក្រោយ​ប្រើ​ថ្នាំ​នេះ​រយៈ​ពេល​24​ម៉ោង​ និង​99% ក្រោយ​រយៈ​ពេល​48​ម៉ោង​ ពោល​គឺ​ថ្នាំ​នេះ​ធ្វើ​ឱ្យ​ ARN របស់​វីរុស​ ត្រូវ​ថយ​ចុះ​ប្រហែល​5,000​ដង​។ “យើង​បាន​រកឃើញ​ថា គ្រាន់​តែ​ប្រើ​ថ្នាំ​នេះមួយ​ដង ក៏​អាច​កម្ចាត់​ ARN របស់​វីរុស​ស្ទើរ​តែ​ទាំង​អស់​ដោយ​ប្រើ​ពេល​ត្រឹម​តែ​48​ម៉ោង​ ហើយ​បើ​24​ម៉ោង វា​ក៏អាច​កាត់​បន្ថយ​បាន​ច្រើន​ផងដែរ” Wagstaff ថ្លែង​បែប​នេះ​។ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​យន្ត​ការ​នៃ​ការ​កម្ចាត់​វីរុស​របស់​ថ្នាំ​នេះ​នៅ​ឡើយ។ អ្នក​ស្រី​ Wagstaff យល់​ថា ថ្នាំ​នេះ​​អាច​មាន​លទ្ធ​ភាព​ទប់ស្កាត់​​មិន​ឱ្យវីរុស​រារាំង​កោសិកា​មនុស្ស​កម្ចាត់​ពួក​វា​​។

    អូស្ត្រាលី​រកឃើញ​ថ្នាំ​កាត់​បន្ថយ​ "ការ​បង្កើត​កូនចៅ​" របស់​ ​COVID-19(ARN គឺ អាស៊ីត nucleic តែមួយដែលជាប់គ្នាដែលផ្សំឡើង​ពីនុយក្លូទ័រ។ RNA ដើរ​តួយ៉ាង​សំខាន់​ក្នុងការសំយោគ​​ប្រូតេអ៉ុន​នៅពេល​ដែលវាត្រូវបាន​បញ្ចូលក្នុងការ ចម្លង សំយោគនិង បកប្រែក្រមហ្សែន ដើម្បីផលិតប្រូតេអ៊ីន។ RNA តំណាងឱ្យអាស៊ីត ribonucleic)។

    ថ្នាំ​ Ivermectin ​ត្រូវ​បាន​ប្រើ​ប្រាស់​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ​1980 ដើម្បី​ព្យាបាល​​ជំងឺ​កម​រមាស់ និង​ចៃ​ និង​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​កើត​ឡើង​ដោយ​ប៉ារ៉ាស៊ីត (ប៉ារ៉ាស៊ីត​គឺ​ជា​ពពួក​មីក្រុប​ដែល​រស់នៅ​ដោយសារ​សរីរាង្គ​ដទៃ​)។ គ្រូពេទ្យ​ក៏​ប្រើ​ថ្នាំ​នេះ​ដើម្បី​ព្យាបាល​​ rosacea ជា​ជំងឺ​ដែល​ធ្វើ​ឱ្យ​ស្បែក​មុខ​ឡើង​ក្រហម​​ផងដែរ​៕

    ប្រភព៖ Newsweek

  • សែនអាណោចអធម…​ប្រទេស​អេក្វាដ័រ​ តស៊ូ​វិបត្តិ​កូវីដ-19 លែងរួច បង្ខំចិត្តដើរប្រមូល​សាក​​សព​ជន​​រងគ្រោះដ៏ច្រើនដែលដេកស្លាប់តាមចិញ្ចើមថ្នល់

    សែនអាណោចអធម…​ប្រទេស​អេក្វាដ័រ​ តស៊ូ​វិបត្តិ​កូវីដ-19 លែងរួច បង្ខំចិត្តដើរប្រមូល​សាក​​សព​ជន​​រងគ្រោះដ៏ច្រើនដែលដេកស្លាប់តាមចិញ្ចើមថ្នល់

    អាជ្ញាធរនៃប្រទេសអេក្វាដ័រ បានប្រញាប់ដើរប្រមូលសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ដែលដេកស្លាប់នៅតាមចិញ្ចើមថ្នល់ដ៏ច្រើន មកដាក់ក្នុងទូកុងតឺន័រ ក្រោយពីប្រព័ន្ធសាធារណៈសុខាភិបាលក្នុងទីក្រុង កួយ៉ាហ្គីល មណ្ឌលកណ្ដាលនៃការឆ្លងរាតត្បាត ទ្រាំទ្រនឹងវិបត្តិកូវីដ-19 លែងរួច។

    នៅថ្ងៃទី5 មេសា 2020នេះ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងរ៉យទ័រ បានរាយការណ៍ពីការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសអេក្វាដ័រ ប្រទេសដែលក្របំផុតក្នុងតំបន់អាហ្វ្រិកខាងត្បូង ដែលនាំឱ្យកើតមានភាពអាណោចអធម និងសោកសង្រេងក្នុងចិត្តយ៉ាងខ្លាំង ដោយសារតែប្រទេសមួយនេះ កំពុងជួបនឹងបញ្ហាមានចំនួនអ្នកស្លាប់ដ៏ច្រើន រហូតដល់បន្ទប់តម្កល់សពនៅក្នុងមន្ទីពេទ្យក្នុងតំបន់ លែងមានកន្លែងគ្រប់គ្រាន់សម្រាប់ទុកដាក់ និងខណៈពេលជាមួយគ្នា បុគ្គលិកក្នុងមន្ទីរពេទ្យ ក៏កំពុងតស៊ូទ្រាំទ្រក្នុងការព្យាបាលអ្នកជំងឺក្នុងចំនួនដ៏ច្រើន ស្ទើរតែលែងរួចហើយដែរ ធ្វើឱ្យមានអ្នកជំងឺដោយសារមេរោគកូវីដ-19 ដែលមិនបានមកព្យាបាលក្នុងមន្ទីរពេទ្យ ត្រូវដេកស្លាប់នៅតាមចិញ្ចើមថ្នល់យ៉ាងច្រើនគួរឱ្យរន្ធត់ចិត្ត រហូតដល់អាជ្ញាធរ​ក្នុងតំបន់ត្រូវប្រញាប់ដើរប្រមូលសាកសពទាំងនោះមកទុកមួយកន្លែង។

    អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ
    អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ

    Caption៖ អាជ្ញាធរក្នុងប្រទេសអេក្វាដ័រ កំពុងដឹកជញ្ជូនសាកសពអ្នកស្លាប់ដោយសារមេរោគកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រ ខណៈដែលមេរោគមរណៈនេះកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះ

    យ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រ បានចាប់ផ្ដើមដំណើរការដឹកជញ្ជូនអ្នកស្លាប់ដោយសារមេរោគវីរុសកូវីដ-19 យកទៅដាក់ក្នុងទូកុងតឺន័រខ្នាតធំហើយ ក្រោយពីមានអ្នកស្លាប់ចំនួនជាច្រើនរយនាក់ នៅក្នុងទីក្រុង កួយ៉ាហ្គីល ទីក្រុងធំបំផុត និងមានប្រជាជនច្រើនបំផុតរបស់ប្រទេស ចំនួនប្រមាណជា 2.29លាននាក់។

    រដ្ឋបាលអេក្វាដ័រ មានការត្រៀមទូកុងតឺន័រខ្នាតធំ មានម៉ាស៊ីនត្រជាក់ចំនួន 3ទូ ដែលទូនីមួយៗមានបណ្ដោយប្រវែង ប្រមាណជា 12ម៉ែត្រ និងបាននាំយកមកដាក់តាំងនៅក្នុងមន្ទីរពេទ្យដើម្បីតម្កល់សាកសពអ្នកស្លាប់ មុននឹងនាំយកទៅធ្វើបុណ្យតាមពិធីសាសនា។

    លោកអភិបាលក្រុង កួយ៉ាហ្គីល ដែលជាទីក្រុងធំរបស់ប្រទេសអេក្វាដ័រ និងដែលបានរកឃើញអ្នកឆ្លងមេរោគ និងស្លាប់ច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងផ្សេងទៀតរបស់ប្រទេសអេក្វាដ័រនោះ បានថ្លែងថា ខណៈនេះមានអ្នកស្លាប់ដោយសារមេរោគកូវីដ-19នៅក្នុងទីក្រុងនេះ ត្រូវបានយកទៅបញ្ចុះរួចរាល់ហើយប្រមាណជា 150សាកសព។

    ទាំងអស់នេះ រដ្ឋបាលអេក្វាដ័រ បានអះអាងថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ចំនួន 318នាក់ ដែលធ្វើឱ្យអេក្វាដ័រកំពុងតែក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ដោយសារមេរោគនេះ ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រិក និងមានអ្នកឆ្លងមេរោគនេះ ចំនួន 3,465នាក់ ខណៈដែលរដ្ឋបាលអេក្វាដ័របានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 នៅក្នុងទីក្រុងកួយ៉ាហ្គីល និងខេត្តក្បែរខាង នឹងកើនឡើងខ្ពស់ដល់ទៅ 3,500នាក់ រហូតដល់ត្រូវរៀបចំជាជំរំពិសេសមួយសម្រាប់កប់សាកសពចំនួនដ៏ច្រើនទាំងនោះ និងកាលពីថ្ងៃសៅរ៍(ទី4មេសា)កន្លងទៅ រដ្ឋបាលអេក្វាដ័រថែមទាំងបានចាប់ផ្ដើមប្រើប្រព័ន្ធឌីជីថលបែបថ្មី ដើម្បីឱ្យសមាជិកក្នុងគ្រួសារអ្នកស្លាប់ អាចតាមដានស្វែងរកសាច់ញាតិរបស់ខ្លួនដែលស្លាប់ហើយនោះថា ត្រូវបាននាំយកទៅបញ្ចុះនៅទីណាហើយទៀតផង៕

    ប្រភព៖សារព័ត៌មានបរទេស

  • COVID-19! អាល្លឺម៉ងថា​​អាមេរិក​ “ប្លន់” ម៉ាស់​​របស់​ខ្លួន ប៉ុន្តែ​អាមេរិក​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ​

    COVID-19! អាល្លឺម៉ងថា​​អាមេរិក​ “ប្លន់” ម៉ាស់​​របស់​ខ្លួន ប៉ុន្តែ​អាមេរិក​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ​

    សារ​ព័ត៌មាន​អាល្លឺម៉ង់ បាន​ចុះ​ផ្សាយ​ថា សហរដ្ឋអាមេរិក​បាន​ “ដណ្ដើម​” ម៉ាស់​ចំនួន​200,000​បន្ទះ​ដែល​ដឹក​ពី​ប្រទេស​ចិន​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។

    សារ​ព័ត៌មាន​ Tagesspiegel របស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​3មេសា​បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សន្តិសុខ​ជាតិ​បាន​ឱ្យ​ដឹង​ថា​​​ ម៉ាស់ប្រភេទ FFP2 (N95) និង​ FFP3 ចំនួន​2សែន​បន្ទះ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាល្លឺម៉ង់​បញ្ជា​ទិញ​សម្រាប់​ទុក​ឱ្យ​កង​កម្លាំង​នគរ​បាល​ប្រើប្រាស់​ ​ត្រូវ​បាន​ “ស្កាត់​យក និង​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​”។

    សារ​ព័ត៌មាន​ខាង​លើ បាន​ដកស្រង់​សម្ដី​របស់​លោក Nadreas Geisel ដែលជា​មេដឹកនាំ​អង្គ​ភាព​កិច្ច​ការ​ផ្ទៃ​ក្នុង​​របស់​ទីក្រុង​ Berlin បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​បញ្ជា​ទិញ​ម៉ាស់​ប្រភេទ​ FFP2 និង​ FFP3 ចំនួន​400,000​បន្ទះ​ ពី​ក្រុម​អាមេរិកាំង​មួយ​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​កង​កម្លាំង​នគរ​បាល​នៅ​រដ្ឋ​ធានី​នៃ​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ទប់​ទល់​នឹង​វីរុស​COVID-19។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​ម៉ាស់​ចំនួន​​200,000​បន្ទះ​​ ​ត្រូវ​បាន​ដឹក​​ពី​រោង​ចក្រ​មួយ​នៅ​ប្រទេស​ចិន​ទៅ​កាន់​អាល្លឺម៉ង់ វា​ក៏​ត្រូវ​បាន​មន្ត្រី​សហរដ្ឋ​អាមេរិក​រឹប​អូសនៅ​ឯព្រលាន​យន្ត​ហោះ​ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ​។

    បុគ្គលិក​ចិន កំពុង​ជញ្ជូន​​ម៉ាស់​ឡើង​យន្ត​ហោះ​អាមេរិក

    Geisel ថ្លែង​ថា​ អាល្លឺម៉ង់ “ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​សកម្ម​ភាព​ប្លន់​ក្នុង​សម័យ​ទំនើ​ប”។ ប៉ុន្តែ ស្នងការ​នគរ​បាល​ក្រុង​ Berlin លោក​ស្រី​ Barbara Slowik ថ្លែង​ថា បម្រាម​លើ​ការ​នាំ​ចេញ​ម៉ាស់​របស់​សហរដ្ឋ​អាមេរិក អាច​ជា​មូលហេតុ​នៃ​សកម្ម​ភាព​រឹប​អូស​ខាង​លើ​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ T-Online របស់​អាល្លឺម៉ង់ បាន​ទាក់​ទង​ទៅកាន់​សេត​វិមាន​ដើម្បី​សាក​សួរ​ព័ត៌មាន​ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិកាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ពី​អាល្លឺម៉ង់​។ “នេះ​គឺជា​ព័ត៌មាន​ខុស​ពីការ​ពិត។ សហរដ្ឋអាមេរិក មិន​បាន​រឹប​អូស ឬ​យក​ម៉ាស់​ណា​មួយ​ដែល​​ត្រូវបញ្ជូន​ទៅកាន់​ប្រទេស​ណា​មួយ​នោះ​ទេ​។ សហរដ្ឋ​អាមេរិកនឹង​ផលិត​សម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​ប្រទេស​ ដោយ​ទិញ​វត្ថុ​ធាតុ​ដើម​ពី​ប្រទេស​ផ្សេង​”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​សេត​វិមាន​។

    សូម​រំឭក​ថា ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃទី​3មេសា បាន​ចេញបញ្ជា​ហាម​មិន​ឱ្យ​នាំ​ចេញ​ម៉ាស់​ និង​សម្ភារ​ការ​ពារ​សុខ​ភាព​បុគ្គល​ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការ​ខ្វះ​ខាត​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​ដែល​កើត​ឡើង​ដោយ​វីរុស​COVID-19។

    មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​
    មន្ត្រី​ម្នាក់​សហរដ្ឋអាមេរិកម្នាក់ ថ្លែង​ជា​សាធារណៈ បន្ទាប់​ពី​បាន​ទទួល​ម៉ាស់​ដែល​ដឹក​ពី​ប្រទេស​ចិន​

    សហរដ្ឋ​អាមេរិក គឺ​ជា​សម្បុក​មេរោគ​កូរ៉ូណាCOVID-19 ​ធំ​បំផុត​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​​ជាង​ 311,600​នាក់​ ក្នុង​នោះ​មាន​ 8,454នាក់​បាន​បាត់បង់ជីវិត​។ ក្រុម​អ្ន​ក​ជំនាញ​ការ​បាន​ព្យាករ​ថា ជនជាតិ​អាមេរិកាំង​ប្រមាណ​ពី​100,000​នាក់ ទៅ​ 240,000​នាក់​ អាច​ស្លាប់​ដោយ​សារ​វីរុស​COVID-19។

    ចំណែក​អាល្លឺម៉ង់​វិញ គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​លំដាប់​ទី​3នៅ​អឺរ៉ុប ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ចំនួន​96,092​នាក់​ និង​ស្លាប់​​1,444នាក់​។

    ប្រភព៖ Sputnik, T-Online

  • (ទស្សនាឃ្លីប) ថ្ងៃ​ឆេង​​ម៉េង​ 2020​…”​ថ្ងៃ​ដ៏សែនរន្ធត់នៃប្រជាជាតិជាតិ”

    (ទស្សនាឃ្លីប) ថ្ងៃ​ឆេង​​ម៉េង​ 2020​…”​ថ្ងៃ​ដ៏សែនរន្ធត់នៃប្រជាជាតិជាតិ”

    ចិនបានកំណត់យកថ្ងៃទី4 ខែមេសា ឆ្នាំនេះជា “ថ្ងៃកាន់ទុក្ខនៃប្រជាជតិចិន” ចំពោះអ្នកស្លាប់ដោយសារមេរោគវីរុសកូវីដ-19 ជាង 3,300នាក់។

    ចិនបានទម្លាក់ទង់ជាតិមកនៅត្រឹមពាក់កណ្ដាលដងទូទាំងប្រទេស រួមទាំងនៅតាមស្ថានទូត និងស្ថានកុងស៊ុល​ចិនប្រចាំប្រទេសផ្សេងៗទូទាំងពិភពលោក និងថែមទាំងផ្អាកកិច្ចការងារសន្ទនាទាំងអស់ទៀតផង។

    លោកប្រធានាធិបតីស៊ី ជីនភីង បានដឹកនាំក្រុមមេដឹកនាំដែលមានឥទ្ធិពលខ្ពស់បំផុតរបស់ប្រទេស ដែលមានដូចជា លោកលី ឃើឈាង លោកលី ចានស៊ូ លោកវ៉ាង យ៉ាំង លោកវ៉ាង ហ៊ូមិង លោកចាវ ឡឺជី លោកហាន់ ជឹង លោក វ៉ាង ឈីសាន់ រួមសម្ដែងក្ដីអាឡោះអាល័យនៅមុខបរិវេណវិមានអនុស្សាវរីយ៍ ចុង ណាន់ហៃ ក្នុង​ទី​ក្រុង​ប៉េកាំង រយៈពេល 3នាទី ក្រោមសំឡេងស៊ីរ៉ែន សំឡេងស៊ីហ្វ្លេរថយន្ត សំឡេងត្រែរថភ្លើង និងកប៉ាល់ រួមប្រគំសំឡេង ប្រៀបបីដូចជាសំឡេងស្រែកទ្រហោយំទូទាំងប្រទេស។

    ខាងក្រោមនេះ គឺជាឃ្លីបវីដេអូដែលបង្ហាញពីបរិយាកាសក្នុងថ្ងៃកាន់ទុក្ខចំពោះជនរងគ្រោះដែលបានស្លាប់ដោយ​សារមេរោគវីរុសកូវីដ-19 ដែលរៀបចំធ្វើឡើងដោយសារព័ត៌មាននៅទីក្រុងហុងកុង South China Morning Post។

    ថ្ងៃទី4 មេសារៀងរាល់ឆ្នាំ គឺជាថ្ងៃនៃពិធីបុណ្យឆេងម៉េង ឬថ្ងៃសម្អាតចេតីយ៍ ឬផ្នូរសព ជាពិធីតាមប្រពៃណីមួយដែលជនជាតិចិននាំគ្នាទៅសែនព្រេនដល់បុព្វបុរស និងសម្អាតផ្នូរ តែសម្រាប់ថ្ងៃឆេងម៉េងឆ្នាំនេះ បានប្រែក្លាយជា “ថ្ងៃដ៏សែនរន្ធត់នៃប្រជាជាតិចិន” ទៅវិញ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មនុស្ស​ជាង​64,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​ ខណៈ​ចិន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​6ក្នុង​ចំណោម​សម្បុក​មេរោគ​ធំ​ៗ​ក្នុង​លោក

    មនុស្ស​ជាង​64,000នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​ ខណៈ​ចិន​ធ្លាក់​ទៅ​ឈរ​លេខ​រៀង​ទី​6ក្នុង​ចំណោម​សម្បុក​មេរោគ​ធំ​ៗ​ក្នុង​លោក

    សហរដ្ឋ​អាមេរិក និង​អឺរ៉ុប នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក​​ដែល​នាំ​ឱ្យ​អ្នក​ឆ្លង​វីរុស​កើន​ដល់​ជាង​1.1​លាន​នាក់​ និង​ស្លាប់​ជាង​64,000​នាក់​។

    សាកល​វិទ្យា​ល័យ​ Johns Hopkins ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ និង​ដែន​ដី​ចំនួន​205ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​102,485​នាក់​ និង​ស្លាប់​5,762​នាក់ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​ 1,196,553​នាក់​ ក្នុង​នោះ​មាន​អ្នក​​ស្លាប់​សរុប​64,549​នាក់​ និង​ជាសះស្បើយ​មាន​​246,108នាក់។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​មេរោគថ្មី​27,867​នាក់​ និង​ស្លាប់​ថ្មី​​​1,139​នាក់។ អ្នក​ឆ្លង​មេរោគ​សរុប​305,820​នាក់​ និង​ស្លាប់​សរុប​8,291​នាក់​។

    អេស្ប៉ាញ៖ អ្នក​ឆ្លង​មេរោគថ្មី7,026​​​នាក់​ និង​ស្លាប់​ថ្មី​​​806នាក់។ អ្នក​ឆ្លង​មេរោគ​សរុប​124,736នាក់​ និង​ស្លាប់​សរុប​11947នាក់​។

    អ៊ីតាលី៖ អ្នក​ឆ្លង​មេរោគ​ថ្មី​4,805​នាក់​ និង​អ្នក​ស្លាប់​ថ្មី​681​នាក់​។ អ្នក​ឆ្លង​មេរោគ​សរុប​124,632នាក់​ និង​ស្លាប់​សរុប​ 15,362​នាក់។

    អាល្លឺម៉ង់៖ អ្នក​ឆ្លង​មេរោគ​ថ្មី​6,082​នាក់​ និង​ស្លាប់​ថ្មី​141នាក់​។ អ្នក​ឆ្លង​មេរោគ​សរុប​85,778​នាក់​ និង​ស្លាប់​សរុប​1,158​នាក់​។

    អង់គ្លេស​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​3,735​នាក់​ និង​ស្លាប់ថ្មី​708​នាក់​។ អ្នក​ឆ្លង​មេរោគ​សរុប​41,903​នាក់ និង​ស្លាប់​សរុប​4,313​នាក់​។

    ប្រទេសបារាំង​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​7,788​នាក់ និង​ស្លាប់​ថ្មី​441​នាក់​។ អ្នក​ឆ្លង​មេរោគ​សរុប​89,953​នាក់​ និង​ស្លាប់សរុប​7,560​នាក់​។

    ប្រទេសអ៊ីរ៉ង់៖ ​អ្នក​ឆ្លង​មេរោគ​សរុប​​55,743នាក់ និង​ស្លាប់​សរុប​​3,452នាក់​។

    ប្រទេស​ចិន៖ (តួលេខ​ចុង​ក្រោយ​) អ្នក​ឆ្លង​មេរោគ​សរុប​81,669 និង​ស្លាប់​សរុប​​3,329នាក់​។

    កូរ៉េខាង​ត្បូង៖ (តួលេខ​ចុងក្រោយ) អ្នក​ឆ្លង​មេរោគ​សរុប​10,156​នាក់ និង​ស្លាប់​សរុប​177​នាក់​។

    ម៉ាឡេស៊ី៖ អ្នក​ឆ្លង​មេរោគ​សរុប​3,483​នាក់ និង​ស្លាប់សរុប​57​នាក់​។

    ហ្វីលីពីន៖ អ្នក​ឆ្លង​មេរោគ​សរុប​3,018​នាក់ និង​ស្លាប់សរុប​144​នាក់​។

    ឥណ្ឌូនេស៊ី៖ អ្នក​ឆ្លង​មេរោគ​សរុប​2,092​នាក់​ (កើន​106ករណី​ធៀប​នឹង​ម្សិល​មិញ) និង​ស្លាប់​សរុប​191​នាក់​(កើន​10ករណីធៀប​នឹង​ម្សិល​មិញ)។

    ប្រទេស​ថៃ៖ អ្នក​ឆ្លង​មេរោគ​សរុប​2,067​នាក់​ និង​ស្លាប់​សរុប​20​នាក់​។

    វៀតណាម៖ អ្នក​ឆ្លង​មេរោគ​សរុប​​240នាក់

    ប្រភព៖ AFP, CNN, Reuters

  • COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    ឥណ្ឌា៖ ប្ដីប្រពន្ធ​មួយ​គូនៅ​ឯទីក្រុង​ Raipur បាន​ដាក់​ឈ្មោះ​ឱ្យ​កូន​ភ្លោះ​របស់​ខ្លួន​ថា Corona និង​ Covid ដើម្បី​ចង​ចាំ​នូវ​ការ​លំបាកដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19 ​ដែល​ពួកគេ​បាន​ឆ្លង​កាត់​។

    ពាក្យ​ “Corona” និង “Covid” អាច​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច​ ប៉ុន្តែ​ចំពោះ​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ក្នុង​ទី​ក្រុង​ Raipur នៃ​រដ្ឋ​ Chhattisgarh របស់​ប្រទេស​ឥណ្ឌាវិញ បាន​ចាត់​ទុក​ថាជា​ និមិត្តរូប​នៃ​ការ​យក​ឈ្នះ​ទៅ​លើ​ស្ថាន​ភាព​លំបាក ដោយ​សារ​តែ​កូន​ភ្លោះ​របស់ពួក​គេ​បាន​ចាប់​កំណើត​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជាជន​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល​កំពុង​​រស់​នៅ​ក្រោម​បម្រាម​គោចរ​​។

    “ខ្ញុំ​បាន​ទទួល​កូន​ទាំង​2​រូប​ ម្នាក់​ស្រី និង​ម្នាក់​ប្រុស កាល​ពី​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃទី​27​មីនា​” Preeti Verma អាយុ​27​ឆ្នាំ ជា​ម្ដាយ​របស់​ទារក​ភ្លោះ​ទើប​កើត​ បាន​និយាយ​បែប​នេះ​។ “ពួកយើង​បាន​ដាក់​ឈ្មោះ​ឱ្យកូនប្រុស​ថា Covid និង​កូនស្រី​ថា Corona។ ខ្ញុំ​បាន​បង្កើត​ពួកគេ​បន្ទាប់​ពី​បាន​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ ដូច្នេះ​ហើយ ខ្ញុំ​ និង​ប្ដីខ្ញុំ​ មាន​បំណង​ចង់​ចង​ចាំ​កាលៈ​ទេសៈ​នេះ​”។

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"
    ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ “Corona” និង​ “Covid”

    ប្ដី​ប្រពន្ធ​នេះ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​រដ្ឋ Uttar Pradesh និង​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​នៅ​តំបន់ Raipur។ យប់​នៃ​ថ្ងៃទី​26​មីនា នាង​ Verma ឈឺ​ពោះ​យ៉ា​ង​ខ្លាំង​ ធ្វើ​ឱ្យ​ប្ដី​របស់នាង​ត្រូវ​ហៅ​ឡាន​ពេទ្យ​102 Mahtari Express មក​ដឹក​នាង​ទៅ​ពេទ្យ​ជា​បន្ទាន់​។ ប៉ុន្តែ មធ្យោបាយ​ធ្វើដំណើរ​ទាំង​អស់​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​អំឡុង​ពេល​អនុវត្ត​បទ​បញ្ជាបម្រាម​គោចរ​។ ពួកគេ​ត្រូវ​បាន​សមត្ថ​កិច្ច​ជា​ច្រើន​កន្លែងរារាំង​ និង​សួរ​នាំ​។ ញាតិ​របស់​ Verma ក៏មិន​អាច​ទៅ​ថែ​ទាំ​នាង​បាន​ ព្រោះ​តែ​រថយន្ត​ក្រុង​ និង​រថភ្លើង​សុទ្ធ​តែ​ត្រូវ​ផ្អាក​ដំណើរ​ការ​។

    “ពួកគេ​បាន​សម្រេច​ចិត្តឆ្លង​ទន្លេ​ដោយ​ការ​​វះកាត់​ ព្រោះ​នេះ​គឺជា​ករណី​ស្មុគស្មាញ”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ Shubhra Singh ដែលជា​តំណាង​របស់​មន្ត្រី​ពេទ្យ Dr BR Ambedkar Memorial។ ក្រោយ​រយៈ​ពេល​45​នាទី​ កូន​ភ្លោះ​មួយ​គូបាន​ចាប់​កំណើត​។ ទារក​ទាំង​2នាក់​នេះ មានសុខភាព​ល្អ និង​មាន​ទម្ងន់​2.9 និង​2.7​គីឡូក្រាម​។

    Verma ថ្លែង​ថា បើ​ទោះជា​បង្ក​គ្រោះ​ថ្នាក់​ធំធេង ប៉ុន្តែ វីរុសCOVID-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​អនាម័យ​ជាង​មុន​ និង​ចងចាំ​ទម្លាប់​ល្អ​ផ្សេង​ៗ​ទៀត​។

    COVID-19! ទារក​ភ្លោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា​ "Corona" និង​ "Covid"“នៅ​ពេល​បុគ្គលិក​ពេទ្យ​បាន​ហៅ​ទារក​ទាំង​2ថា Corona និង Covid​ យើង​ក៏សម្រេច​ចិត្ត​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូនៗ” Verma និយាយ​បែប​នេះ​។ ប៉ុន្តែ​ ប្ដីប្រពន្ធ​នេះ​បាន​ឱ្យ​ដឹង​ថា ពួកគេ​អាច​នឹង​កែ​ប្រែ​ការ​សម្រេច​ចិត្ត​ និង​ប្ដូរ​​ឈ្មោះ​ឱ្យ​កូនៗ នៅ​ពេល​ក្រោយ​។

    ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​អ្នក​ជំងឺ​ COVID-19 ជាង​2,500​នាក់ ក្នុង​នោះ​មាន​70​នាក់​បាន​បាត់បង់ជីវិត​។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដាក់​បម្រាម​គោចរ​ចាប់ពីថ្ងៃទី​25មីនា​ ដោយ​ស្នើ​ឱ្យប្រជាជន​ប្រមាណជា​1.3​ពាន់​លាន​នាក់​ នៅ​តែ​ក្នុង​ផ្ទះ​ ហើយ​មាន​តែ​សេវា​កម្ម​ចាំបាច់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    COVID-19! ប្រទេស​ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​

    លោកវេជ្ជ​បណ្ឌិត​ Li Wenliang ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​អំពី​វីរុស​ COVID-19 ដំបូង​គេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ចុះ​កិច្ច​សន្យា​ទទួល​កំហុសកន្លង​មក​នោះ​ ពេល​នេះ​ត្រូវ​បាន​តែង​តាំង​ជា​វីរជនពលី​។

    អាជ្ញាធរ​ខេត្ត​ Hubei ប្រទេស​ចិន បាន​សម្រេច​ផ្ដល់​ឋានៈ​ជា​វីរជន​ពលី​ (martyr) ដល់​បុគ្គលិក​ពេទ្យ​ចំនួន​12​រូប​ដែល​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​វីរុស​COVID-19 បន្ទាប់​ពី​បាន​​បូជា​ជីវិត​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​ដើម្បី​ការ​ពារ​ជីវិត​ និង​សុខ​ភាព​របស់​ប្រជាជន​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ CCTV កាល​ពី​ថ្ងៃទី​2មេសា​កន្លង​ទៅ​។

    “វីរជនពលី” គឺ​ជាឋានៈ​កិត្តិយស​ខ្ពស់​បំផុត​ត្រូវ​បាន​ប្រទេស​ចិន​តែង​តាំង​ដល់​ពល​រដ្ឋ​ដែល​បាន​ស្លាប់​ក្នុង​ពេល​បំពេញ​បេសក​កម្ម​ដើម្បី​ប្រទេស​ជាតិ​។ ឋានៈ​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​​សព​វេជ្ជបណ្ឌិត​ Li Wenliang បន្ទាប់​ពី​គ្រូពេទ្យ​រូប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ Wuhan ហៅ​ទៅ​ស្ដី​បន្ទោស​ បង្ខំ​ឱ្យ​ចុះកិច្ច​សន្យា​ និង​ទទួល​កំហុស​។

    Li Wenliang គឺជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​ Central Hospital ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubie។ ចុង​ខែ​ធ្នូ ឆ្នាំ2019 វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ចែក​រំលែក​សារ​​មួយ​ទៅ​កាន់​អ្នក​រួម​អាជីព​ អំពី​ជំងឺ​ថ្មី​មួយ​ដែល​ដូច​ទៅ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​វីរុស​SARS។ បន្ទាប់​មក​ មេរោគ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា COVID-19 ដែល​បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​មនុស្ស​​ជាង​1098,000​នាក់​​បាន​កើត​ជំងឺ និងជាង​​​59,160​នាក់ បានបាត់​បង់ជីវិត​ នៅទូទាំង​ពិភពលោក​។

    ក្រោយ​ពី​បាន​ចែក​រំលែក​ព័ត៌មាន​ស្ដី​អំពី​វីរុស​ថ្មី វេជ្ជ​បណ្ឌិត​ Li Wenliang ក៏ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​ទៅ​សួរនាំ​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ថា​បាន​ “បញ្ចេញ​ព័ត៌​មាន​ព័ត៌មិន​ពិត​” និង “បញ្ចេញ​មតិ​មិន​ត្រឹម​ត្រូវ​”​។

    លោក​វេជ្ជ​បណ្ឌិត​ Li បន្ទាប់​មក​ក៏​បាន​ឆ្លង​វីរុស​​កូរ៉ូណា​ COVID-19 នៅ​ពេល​កំពុង​ព្យាបាល​អ្នកជំងឺ​ ហើយ​បាន​បាត់បង់ជីវិត​កាល​ពី​ថ្ងៃទី​27​មីនា នៅ​មន្ទីរពេទ្យ​Central Hospital​។ នៅមុន​ពេល​លោក​ស្លាប់ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ក៏​ធ្លាប់​បាន​សម្ភាស​ជា​មួយ​សារ​ព័ត៌មាន New York Time និង​បាន​ថ្លែង​ថា “បើ​សិន​ជា​ក្រុម​មន្ត្រី​បាន​បញ្ចេញ​ព័ត៌មាន​ស្ដីអំពី​ជំងឺ​នេះ​បាន​ឆាប់​ ខ្ញុំ​គិត​ថា​ស្ថាន​ភាព​នឹង​បាន​ធូរ​ស្រាល​ជាង​នេះ​ច្រើន​។ គេ​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់ និង​តម្លាភាព​ជាង​នេះ​”។

    COVID-19! ចិន​ផ្ដល់​ឋានៈ​ដល់​​សព​វេជ្ជ​បណ្គិត​ Li Wenliang ជា​វីរជនពលី​​របស់​ប្រទេស​ជាតិ​ការ​ស្លាប់​របស់​គ្រូពេទ្យ​ Li បាន​ធ្វើ​ឱ្យ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ជន​ចិន​។ ពួកគេ​អំពាវ​នាវ​ឱ្យ​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ឱ្យ​អាជ្ញាធរ​សុំ​ទោស​ជា​ដើម​។ល។ ប្រការ​នេះ​បាន​ជះឥទ្ធិពល​ដល់​រដ្ឋា​ភិបាល​ចិន​។ ថ្ងៃទី​19​មីនា NSC(National Supervisory Commission) ដែលជា​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​របស់​ប្រទេស​ចិន​ បាន​ប្រកាស​ថា ទង្វើ​ដែល​អាជ្ញា​ធរ​ទីក្រុង​ Wuhan ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li Wenliang គឺ​ជា​រឿង “ខុស​ប្រក្រតី” និង​ “មិន​ត្រឹម​ត្រូវ​”​។

    NSC ថ្លែង​ថា នគរ​បាល​ទីក្រុង​ Wuhan ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ហើយ​ការ​ពិន័យ​ទៅ​លើ​វេជ្ជ​បណ្ឌិត​ Li ក៏ត្រូវ​តែ​លុប​ចោល​។ អាជ្ញាធរ​ទី​ក្រុង​ Wuhan ក្រោយ​មក​ក៏បាន​ធ្វើ​ការ​សុំ​ទោស​ និង​ដក​ការ​ពិន័យ​​របស់​ខ្លួន​មកវិញ។

    នៅ​ព្រឹក​នេះ ប្រទេស​ចិន​ទាំង​មូល​បាន​ធ្វើ​ការ​គោរព​វិញ្ញាណក្ខន្ធ​3នាទី​ ដើម្បី​លើក​តម្កើង​កិត្តិយស​របស់​វីរជន​ វីរនាី​ទាំងអស់​ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​វីរុស​COVID-19៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជិត​59,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជិត​59,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​បន្ត​ជា​ចំណុច​ក្ដៅ​របស់​ COVID-19 នាំ​ឱ្យ​ករណី​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​1.1​លាន​នាក់​ ក្នុងនោះ​អ្នកជំងឺ​ជិត​59,000​នាក់​ បាន​បាត់​បង់ជីវិត​។

    យោង​តាម​ទិន្ន​ន័យរបស់​សាកលវិទ្យា​ John Hopkins ពិភពលោក​ទាំង​មូល​មាន​អ្នក​ឆ្លង​មេរោគ​ COVID-19 ចំនួន​1,094,068​នាក់​ ក្នុង​នោះ​អ្នក​ស្លាប់​មា​ន​ចំនួន​58,787​នាក់។ អ្នក​ឆ្លង​មេរោគ​ថ្មីកើន​ 82,578​ករណី និង​អ្នក​ស្លាប់​ថ្មី​កើន​5,924​ករណី​​ ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​មក​នេះ​។ ក្នុង​ចំណោម​អ្នកជំងឺ​សរុប មាន​225,796​ករណី​បាន​ជា​សះស្បើយ​ ដែល​ភាគ​ច្រើន​គឺ​នៅ​ប្រទេស​ចិន​។

    សហរដ្ឋ​អាមេរិក៖ មាន​អ្នក​ឆ្លង​មេរោគ​ថ្មី28,667​ករណី និង​អ្នក​ឆ្លង​មេរោគ​សរុប​273,880​ករណី​។ អ្នក​ស្លាប់​ថ្មី​1,094​ករណី និង​អ្នក​ស្លាប់​សរុប​7,094​ករណី​។

    អ៊ីតាលី៖ អ្នក​ឆ្លង​វីរុស​ថ្មី​4,585​ករណី និង​ឆ្លង​​សរុប​119,827​ករណី​។ អ្នក​ស្លាប់​ថ្មី​766​ករណី និង​អ្នក​ស្លាប់​សរុប​14,681​ករណី​។

    អេស្ប៉ាញ៖ អ្នក​ឆ្លង​មេរោគ​ថ្មី​7,134​ករណី និង​អ្នក​ឆ្លង​សរុប​119,199​ករណី​។ អ្នក​ស្លាប់ថ្មី​​850​ករណី និង​ស្លាប់​សរុប​11,198​ករណី​

    អាល្លឺម៉ង់​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​6,365​ករណី និង​អ្នក​ឆ្លង​សរុប​​91,159​ករណី​។ អ្នក​ស្លាប់​ថ្មី​168​ករណី និង​អ្នក​ស្លាប់​សរុប​1,275​ករណី​។

    អង់គ្លេស​៖ អ្នក​ឆ្លង​មេរោគ​ថ្មី​4,450​ករណី និង​អ្នក​ឆ្លង​​សរុប​38,168​ករណី​​។ អ្នក​ស្លាប់​ថ្មី​684​ករណី និង​ស្លាប់​សរុប​3,560​ករណី​។

    នៅ​ប្រទេស​ចិន តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​​មាន​81,639ករណី និង​អ្នក​ស្លាប់​សរុប​​3,326ករណី​ ខណៈ​កូរ៉េខាង​ត្បូង​ មាន​អ្នក​ឆ្លង​មេរោគ​សរុប​10,156​ករណី និង​ស្លាប់​សរុប​​177​ករណី​។

    ប្រទេស​អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​មេរោគ​សរុប​​53,183​ករណី និង​ស្លាប់សរុប​​3,294​ករណី​ បន្ទាប់​ពី​បាន​រកឃើញ​​អ្នក​ជំងឺ​ថ្មី​2,715​ករណី និង​ស្លាប់​ថ្មី​134​ករណី​។

    អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ី​គឺជា​សម្បុក​មេរោគ​ធំ​បំផុត​ ដោយ​មាន​អ្នក​ជំងឺ​3,333​នាក់​​ និង​ស្លាប់​53​នាក់​។ ចំណែក​ឥណ្ឌូនេស៊ីវិញ​គឺជា​ “វាល​ពិឃាត” ធំបំផុត​​របស់​វីរុស​COVID-19 ក្នុង​តំបន់នេះ​​ ដោយ​មាន​អ្នក​ស្លាប់​181​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​1,986​នាក់។ ហ្វីលីពីន​មាន​អ្នក​ផ្ទុក​មេរោគ​3,018​ករណី ក្នុង​នោះ​មាន​136​ករណី​បាន​បាត់បង់ជីវិត​។ ប្រទេស​ថៃ មាន​អ្នកជំងឺ​សរុប​1,978​នាក់ ក្នុង​នោះ​ករណី​ស្លាប់​មាន​ចំនួន​19​នាក់​៕

    ប្រភព៖ AFP/Worldometers

  • ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​​បារម្ភ

    ករណី​ស្លាប់​ និង​ឆ្លង​ COVID-19 នៅអាស៊ីអាគ្នេយ៍​ បន្ត​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​​បារម្ភ

    ប្រទេស​ម៉ាឡេស៊ី​ថ្ងៃ​នេះបាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ចំនួន​217​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ករណី​ឆ្លង​មេរោគ​សរុប​កើន​លើស​ពី​3,300នាក់​ ខណៈ​ដែល​​ឥណ្ឌូនេស៊ី បាន​រកឃើញ​អ្នក​ផ្លុកមេរោគ​កូរ៉ូណា​ច្រើន​បំផុត​រាប់​ចាប់​ពី​មេរោគ​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​នេះ​។

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី ថ្ងៃ​នេះបាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយ​សារ​មេរោគ​COVID-19 ចំនួន​3​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​នេះ​កើន​ដល់​53​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​3,333​នាក់​។ ម៉ាឡេស៊ីគឺជាសម្បុក​មេរោគ​កូរ៉ូណា​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។។

    “វាល​ពិឃាត” របស់​ COVID-19 ដែល​ធំជាង​គេ​លំដាប់​ទី​2​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នោះ​គឺ​ប្រទេស​ហ្វីលីពីន​ ដោយមាន​អ្នក​ស្លាប់​សរុប​136​ករណី​ ក្នុង​នោះ​មាន​29​ករណី​ទើប​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​។ ប្រទេស​នេះ​ក៏​ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​385​នាក់​បន្ថែម​ទៀត​ដែរ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​កើន​ដល់​3,018​នាក់​។

    ប្រទេស​ថៃ ថ្លៃ​នេះ​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​103​ករណី ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​ឡើង​ដល់​1,978​នាក់។ ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 ចំនួន​19​នាក់​ ក្នុង​នោះ​មាន​4នាក់​ទើប​តែ​បាន​ស្លាប់​ក្នុង​ថ្ងៃ​នេះ​។

    ចំណែក​ប្រទេស​ឥណ្ឌូនេស៊ីវិញ ទើប​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​196​ករណី​បន្ថែម​ទៀត​ដែរ​ បណ្ដាល​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​ឡើង​ដោយ​1,986​នាក់​។ ​ឥណ្ឌូនេស៊ីជា​ “វាល​ពិឃាត” ធំ​បំផុត​របស់​ COVID-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​មាន​អ្នក​ស្លាប់​181​នាក់​។

    តួលេខ​នៃ​ចំនួន​អ្នកបាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប​នៅ​ប្រទេសសិង្ហបុរី បាន​ឡើង​ដល់​1,114ករណី ក្នុងនោះ​អ្នក​ស្លាប់​មាន​ចំនួន​5ករណី​ បើ​គិត​មក​ដល់​ពេលនេះ​។​

    ប្រទេស​វៀតណាម ថ្ងៃ​នេះ​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​10​ករណី​ ធ្វើ​ឱ្យ​ករណី​ឆ្លងមេរោគ​កូរ៉ូណា​សរុប​ឡើង​ដល់​237​ករណី ក្នុង​នោះ​មាន​86​ករណី​បាន​ជា​សះស្បើយ។

    ប្រទេស​ប៊្រុយណេ មាន​អ្នក​ជំងឺ​សរុប​​134​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​បាត់​បង់​ជីវិត​។

    ប្រទេស​មីយ៉ានម៉ារ បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​20​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​។

    ប្រទេស​ឡាវ មាន​អ្នកជំងឺ​សរុប​10​នាក់។ ប្រទេស​នេះ​មិន​ទាន់​មាន​អ្នក​ស្លាប់​នៅ​ឡើយ​។

    ទីម័រ​ខាង​កើត ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីភាគ​អាគ្នេយ៍​ដែរ​នោះ​ មាន​អ្នកជំងឺ​សរុប​1នាក់។

    នៅ​កម្ពុជា​ ម​ក​ដល់​បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​សរុប​ចំនួន​114​ករណី​ បន្ទាប់​ពី​បាន​រកឃើញ​4ករណី​ថ្មី​ក្នុង​ថ្ងៃ​នេះ​។ ក្នុង​ចំណោម​អ្នក​​បាន​ឆ្លង​មេរោគ​សរុប​ គឺមាន​79​ករណី​កំពុង​ទទួល​ការ​ព្យាបាល​ និង​35​ករណី​បាន​ជាសះស្បើយ​។

    COVID-19 បាន​បង្ហាញវត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​204​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​54,465​នាក់​បាន​ស្លាប់​ និង​38,405នាក់​​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ ខណៈ​ដែល​220,025​នាក់​បាន​ជា​សះស្បើយ​​ ក្នុង​ចំណោម​អ្នក​ជំងឺ​​សរុប​1,034,163​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

    ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​

    ការ​វិភាគ​ទៅ​លើ​ប្រព័ន្ធ​ហ្សែន​របស់​ COVID-19 បាន​បង្ហាញ​ថា រចនា​សម្ព័ន្ធ​ប្រូតេអ៊ីន​រាង​បន្លា​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​វីរុសនេះ ធ្វើ​ការ​ដោយ​មាន​​ប្រសិទ្ធ​ភាព​ខ្លាំងណាស់​ រហូតដល់​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​មិន​អាច​បង្កើត​​បាន​មេរោគ​បែប​នេះ​នោះ​ឡើយ​។​

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា COVID-19 មិន​មែន​ជា​ផលិត​ផល​​នៃ​ការ​បង្កើត​ឡើង​ដោយ​មនុស្ស​នោះ​ទេ​ នៅ​ពេល​បាន​ប្រៀប​ធៀប​លំដាប់​អាស៊ីត RNA (Ribonucleic acid) របស់​វីរុសCOVID-19 ជាមួយ​នឹងវីរុស​​SARS, MERS និង​បណ្ដា​​វីរុស​កូរ៉ូណា​​ប្រភេទ​ផ្សេង​ទៀត​ ដូចជាវីរុស​ HKU1 ដែល​បង្ក​​អាការ​រោគ​ស្រាល​នៅ​លើ​មនុស្ស​ជា​ដើម។

    លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​17​មីនា លើ​ទស្សនាវដ្ដី​ Nature។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ផ្ដោតសំខាន់​ទៅ​លើ​បណ្ដា​ប្រូតេអ៊ីន​ដែលមាន​រូប​រាង​ដូច​បន្លា​របស់​ COVID-19។ ប្រូតេអ៊ីន​នេះ រួមមាន​ដែនត​ភ្ជាប់​ RDB (Receptor Binding Domain) និង​ទីតាំង​កាត់​ផ្ដាច់ (Cleavage Site)។

    RDB ថ្ពក់​ជាប់​ទៅ​នឹង​ទី​តាំង​ភ្ជាប់​ ACE2 ដែល​មាន​នៅ​លើ​កោសិកា​មនុស្ស​ បន្ទាប់​មក​ Cleavage Site បើក​ផ្លូវ​ឱ្យ​វីរុស​រុក​ចូល​ទៅ​ខាង​ក្នុង​កោសិកា​។ រចនាសម្ព័ន្ធរបស់​ប្រូតេអ៊ីនរូប​បន្លារបស់​វីរុស​COVID-19​ ធ្វើការ​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់​ថ្នាក់​ “​មាន​តែ​​ធម្ម​ជាតិ​​ប៉ុណ្ណោះទើប​អាច​ធ្វើ​បែប​នេះ​បាន” ពោល​គឺ​មិន​មែន​ជា​ផលិត​ផល​ផ្នែក​ជីវ​សាស្ត្រ​របស់​មនុស្ស​នោះ​ទេ។

    នៅ​ពេល​ដែល​អ្នក​វិទ្យា​សាស្ត្រ​បង្កើតវីរុស​ COVID-19 នៅ​លើ​កុំព្យូទ័រ ពួកគេ​ឃើញ​ថា សមត្ថ​ភាព​ឆ្លង​របស់​វីរុស​នៅ​លើ​កុំព្យូទ័រ​ មាន​លក្ខណៈ​ខ្សោយ​ជាង​ច្រើន​ណាស់​បើ​ធៀប​នឹង​វីរុស​នៅ​ខាង​ក្រៅ​។

    វេជ្ជ​បណ្ឌិត​ Kristian Andersen នៅ​មន្ទីរ​ពិសោធន៍ Scripps ដែល​ជា​សមាជិកម្នាក់​​នៃ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​លើ​ បាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​អ្នក​វិទ្យា​សាស្ត្រ​ជា​អ្នក​បង្កើត​វីរុស​COVID-19ពិត​មែន នោះ​ពួក​គេ​នឹង​មិន​ជ្រើស​យក​ប្រូតេអ៊ីន​វ៉ារ៉្យុង(variant protein) ដែល​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ ក្រៅ​ពី​នេះ​ អាវុធ​ជីវសាស្ត្រ​ជា​ទូទៅ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វីរុស​សាហាវ​ៗ​។ ក៏ប៉ុន្តែ បណ្ដា​វីរុស​សែស្រឡាយ​ជិត​របស់​កូរ៉ូណាCOVID-19 ​ដែល​មាន​នៅ​លើ​សត្វ​ប្រចៀវ​ និង​ពង្រូល​ វា​ហាក់​មិន​បង្កគ្រោះ​ថ្នាក់​នោះ​ឡើយ​។

    ភ័ស្តុតាង​បង្ហាញ​ថា COVID-19 ​មិន​មែន​ជា​ផលិត​ផល​បង្កើត​ឡើង​ដោយ​​មនុស្ស​លោក​រូប​រាង​ និង​រចនាសម្ព័ន្ធ​របស់​វីរុស​កូរ៉ូណា​COVID-19

    ​COVID-19 ត្រូវ​បាន​គេ​ជឿថា បាន​ឆ្លងពី​សត្វ​ប្រចៀវ​ ទៅ​ពង្រូល និង​ពី​ពង្រូល​ទៅ​កាន់​មនុស្ស​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​ខាងលើ​បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​ធ្វើ​ការ​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់​ទៅ​លើ​បញ្ហា​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​