Category: អន្តរជាតិ

  • COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    COVID-19! សហរដ្ឋ​អាមេរិក​ស្នើ​ចិន​អនុញ្ញាត​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​អន្តរ​ជាតិ​ ចូល​មើល​បន្ទប់​ពិសោធន៍​

    រដ្ឋ​មន្ត្រី​ការ​​បរទេស​អាមេរិកាំង​ លោក Pompeo កាល​ពីថ្ងៃទី​22​មេសា​ បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​ អនុញ្ញាត​ឱ្យ​​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ចូល​ទៅ​កាន់​បន្ទប់​ពិសោធន៍​សម្ងាត់​​របស់​ប្រទេស​នេះ​ ដោយ​លោក​បាន​សម្ដែង​​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​សុវត្ថិ​ភាព​របស់​បន្ទប់​ពិសោធន៍​ទាំង​នោះ​ នៅ​​ក្នុង​ករណី​ COVID-19។

    “​បណ្ដា​បន្ទប់​ពិសោធន៍​បែប​នេះ នៅ​តែ​បន្ត​បើក​ដំណើរ​ការ​នៅ​ប្រទេស​ចិន​ ហើយ​ពួក​វា​អាច​មាន​មេរោគ​ដ៏ស្មុគ​ស្មាញ​កំពុង​ត្រូវ​បាន​ពិសោធ។ មិន​មែន​មាន​តែ​វិទ្យា​ស្ថាន​វីរុស​សាស្ត្រ​មួយ​នៅ​អ៊ូហាន​នោះ​ទេ​។ ប្រការ​ដែល​សំខាន់​គឺ​ថា សម្ភារ​ទាំង​នោះ​​ត្រូវ​តែ​មាន​សុវត្ថិ​ភាព​ និង​ធានា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​កុំឱ្យ​កើត​មាន​បញ្ហា​សាយ​ភាយ​មេរោគ​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​” នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ការបរទេស​ Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ថ្ងៃទី​22​មេសា​ នៅក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​។

    លោក​ Pompeo បាន​លើក​ឧទាហរណ៍​អំពី​សកម្ម​ភាព​ត្រួត​ពិនិត្យ​​ទៅលើ​មជ្ឈ​មណ្ឌល​នុយក្លេអែរ​នានា​នៅ​លើ​ពិភពលោក​ ដើម្បី​ធានា​សុវត្ថិភាព​។​ រដ្ឋ​មន្ត្រី​រូប​នេះ​ក៏បាន​ថ្លែង​ថា មិន​រំលង​ចោល​លទ្ធ​ភាព​ដែលថា​​ COVID-19 រួច​​ចេញ​​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​អ៊ូហាន​ ជា​សម្មតិ​កម្ម​មួយ​ដែល​ធ្លាប់​ត្រូវ​បាន​ប្រទេស​ចិន​បដិសេធ​រួច​ហើយ​។

    លោក​ Pompeo និយាយ​ថា “យើង​នៅ​តែ​មិន​ទាន់​ទទួល​បាន​សំណាក​វីរុស​ ហើយ​ពិភពលោក​ក៏​មិន​មាន​សិទ្ធិ​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ ឬ​បន្ទប់​ពិសោធន៍​​ផ្សេង​ៗ​ ​ជា​កន្លែង​ដែល​​វីរុសអាច​​រួច​ចេញ​នៅ​ទីក្រុង​អ៊ូហាន​”។

    អ្នក​ជំនាញ​មួយ​ចំនួន​របស់​ប្រទេស​ចិន​បាន​និយាយ​ថា COVID-19 ​អាច​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​ចេញ​ពី​ផ្សារ​លក់​សត្វ​រស់​មួយ​កន្លែង​នៅ​ទីក្រុង​អ៊ូហាន​កាល​ពីខែ​ធ្នូ ឆ្នាំ​2019។ ប៉ុន្តែ បន្ទប់​ពិសោធន៍ដ៏សម្ងាត់​មួយ​​ស្ថិត​នៅ​ក្បែរ​តំបន់​ផ្សារ​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​នេះ​។ ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រីជាន់​ខ្ពស់​របស់​​សហ​រដ្ឋ​អាមេរិក​​ជា​ច្រើន​ ​បាន​លើក​ឡើង​អំពី​សម្មតិ​កម្ម​មួយ​ដែល​​ថា​វីរុស​នេះ​អាច​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នេះ​។

    ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ មាន​មតិ​​រិះគន់​ជា​ច្រើន​សំដៅ​លើ​ប្រធានាធិបតី​ Donald Trump ដោយ​ចោទ​ថា​ លោក​កំពុង​តែ​បង្វែរ​ការ​ទម្លាក់​កំហុស​ទៅ​លើ​វិធី​ដែល​លោក​យក​មកដោះ​ស្រាយ​បញ្ហា​ COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ជាង​46,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    មនុស្ស​ជិត​183,000​នាក់​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក៖ 4ប្រទេស​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់ជិត​​183,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជាង​2.6​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​COVID-19 ចំនួន​ 2,620,579​នាក់ ក្នុង​នោះ​មាន​ 182,903​នាក់​បាន​បាត់បង់​ជីវិត​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​60,075​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​5,977​នាក់ ខណៈ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​709,541​នាក់​។

    សហរដ្ឋ​អាមេរិក​៖ អ្នក​ជំងឺ​ថ្មីមាន​23,725​នាក់ អ្នក​ស្លាប់​ថ្មី​មាន​1,804​នាក់។ ​អ្នក​ជំងឺ​សរុប​មាន​846,982​នាក់ អ្នក​ស្លាប់​សរុប​មាន​46,609​នាក់​។ ប្រទេស​នេះ​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​មាន​4,211​នាក់ អ្នក​ស្លាប់​ថ្មី​មាន​435​នាក់​។ អ្នក​ជំងឺ​សរុប​208,389​នាក់​ អ្នក​ស្លាប់​សរុប​21,717​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,370​នាក់ អ្នក​ស្លាប់​ថ្មី​មាន437​នាក់​។ អ្នក​ជំងឺ​សរុប​មាន​187,327​នាក់ អ្នក​ស្លាប់​សរុប​មាន​25,085​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​​មាន​1,827​នាក់ អ្នកស្លាប់​ថ្មី​មាន​544​នាក់។ អ្នក​ជំងឺ​សរុប​មាន​159,877​នាក់​ អ្នក​ស្លាប់​សរុប​មាន​21,340​នាក់។ ប្រទេស​នេះ​បាន​ក្លាយ​​ជា​ “វាល​ពិឃាត”​ របស់​ COVID-19 ធំជាង​គេ​លំដាប់ទី​4​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​20,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក

    រដ្ឋមន្រ្តីក្រសួងប៉ូលីស​ និងសន្តិសុខសាធារណៈ​នៃ​ប្រទេស​ឡេ​សូថូ (Lesotho) ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​មិនព្រម​ចូល​តុលាការ​​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ដែល​កំពុង​អនុវត្ត​នៅ​​ក្នុង​ “សង្គ្រាម​” ប្រឆាំង​នឹងវីរុសCOVID-19 ដោយ​បាន​លួច​​ទៅ​ទិញ​ស្រា​ផឹក​ទៅ​វិញ​។

    Lehlohonolo Moramotse ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​​ប៉ូលីស និង​សន្តិសុខ​សាធារណៈ​នៃ​ប្រទេសឡេសូថូ ត្រូវ​បាន​ប្រទះឃើញ​កំពុង​ទិញ​ស្រា​ នៅ​ក្នុង​ពេល​ដែល​ប្រទេស​នេះ​កំពុង​អនុវត្ត​បម្រាម​គោចរ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​24​ថ្ងៃ​។ រដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​20​មេសា​ ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ​ ទើប​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ការិយាល័យ​របស់​លោក ​នៅក្នុង​រាជ​​ធានី​ Maseru ក្នុងថ្ងៃ​ដដែល​នោះ​។

    លោក Mpiti Mopeli អ្នក​នាំ​ពាក្យ​របស់​នគរបាល​នៃ​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​ថា “គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​1យប់​នៅ​ឯ​អធិការដ្ឋាន​នគរ​បាល​ក្នុង​ទីក្រុង​ Maseru។ គាត់​កំពុង​ប្រឈម​នឹង​បទ​ចោទ​​ថា​បាន​រំលោភ​លើ​បម្រាម​គោចរ​ និង​តភ្ជាប់​បំពង់​ទឹក​ចូល​ទៅ​ផ្ទះ​របស់​គាត់​ដោយ​ខុស​ច្បាប់​”។

    រដ្ឋមន្ត្រី​​ត្រូវ​បាន​ចាប់​ខ្លួន​ព្រោះ​តែ​គេច​ពី​បម្រាម​គោចរ​ លួច​ទៅ​ទិញ​ស្រា​ផឹក
    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​

    រាជាណាចក្រឡេសូថូ ដែលជា​ប្រទេស​​ឯករាជ្យ​មួយ ​ដែល​ព័ន្ធ​ជុំ​វិញ​ដោយ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិកខាងត្បូង​ គិត​មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​COVID-19 ​នៅឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ Thomas Thabane បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​29​មិនា ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​ថា វីរុស​COVID-19 អាច​នឹង​ឆ្លង​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​3,300​នាក់ និង​អ្នក​ស្លាប់​​យ៉ាង​តិច​ 60​នាក់​។

    គិត​មក​ដល់​ពេល​នេះ COVID-19 បាន​សម្លាប់​មនុស្ស​យ៉ាង​តិច 177,674​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​សរុប​​​2,557,837​នាក់ នៅ​ទូទាំង​ពិភពលោក៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • សុដន់ក្លែងក្លាយ ជួយសង្គ្រោះជីវិត…គ្រូពេទ្យប្រាប់ថា បានដុំស៊ីលីខូនជួយ អ្នករបួសរួចពីស្លាប់

    សុដន់ក្លែងក្លាយ ជួយសង្គ្រោះជីវិត…គ្រូពេទ្យប្រាប់ថា បានដុំស៊ីលីខូនជួយ អ្នករបួសរួចពីស្លាប់

    ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ពីករណីសិក្សាស្រាវជ្រាវខាងវេជ្ជសាស្ត្រមួយថា មានស្ត្រីជនជាតិកាណាដាម្នាក់ បានរួចជីវិតពីការត្រូវគេបាញ់ចំដើមទ្រូង ដោយសារតែដុំស៊ីលីខូនដែលដាក់ដើម្បីបង្កើនទំហំសុដន់បានជួយការពារគ្រាប់កាំភ្លើង។

    ករណីមួយនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រវេជ្ជសាស្ត្រ SAGE កាលពីសប្ដាហ៍មុន ដោយលោកគ្រូពេទ្យដែលជាអ្នកព្យាបាលអ្នករបួសឈ្មោះ ជិអាន់ខាឡូ ម៉េកអ៊ីវេនីវ បានសរសេររៀបរាប់ថា អ្នករបួសស្រីម្នាក់ អាយុ 30ឆ្នាំ មកពីទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានរួចជីវិតពីការត្រូវគេបាញ់នៅក្នុងហេតុការណ៍មួយកាលពីឆ្នាំ 2019 ដោយសារតែដុំស៊ីលីខូនបង្កើនទំហំសុដន់ បានជួយបង្វែរទិសដៅរបស់គ្រាប់កាំភ្លើង។

    រូបភាព X-ray ដើមទ្រូងរបស់ស្ត្រីរងគ្រោះ បានបង្ហាញឱ្យឃើញនូវគ្រាប់កាំភ្លើងកប់ជាប់នៅនឹងផ្ទាំងកំពែងខាងឆ្វេងនៃដើមទ្រូងដែលជាដុំស៊ីលីខូន គឺជាដុំស៊ីលីខូនដែលបានទទួលការអនុញ្ញាតឱ្យដាក់លក់នៅក្នុងសហរដ្ឋ អាមេរិក ចំនួន 2ប្រភេទ ដែលសុទ្ធតែជាប្រភេទមានសម្បកហ៊ុមព័ទ្ធ ដែល 1ប្រភេទមានទឹករ៉ែនៅខាងក្នុង និង 1ប្រភេទទៀតមានជេលនៅខាងក្នុង។

    សុដន់ក្លែងក្លាយ ជួយសង្គ្រោះជីវិត...គ្រូពេទ្យប្រាប់ថា បានដុំស៊ីលីខូនជួយ អ្នករបួសរួចពីស្លាប់ទោះជាមិនមានសេចក្ដីរាយការណ៍លម្អិតច្បាស់លាស់ថា ហេតុអីបានស្ត្រីរងគ្រោះត្រូវគេបាញ់ក្ដី តែគ្រូពេទ្យបានប្រាប់ថា ស្ត្រីរងគ្រោះបានដើរចូលមកក្នុងផ្នែកសង្គ្រោះបន្ទាន់ ដោយអាការភ័យស្លន់ស្លោ និងប្រាប់ថា នាងត្រូវគេបាញ់ចំដើមទ្រូង…។

    “គ្រាប់កាំភ្លើង បុកចូលទៅរកដើមទ្រូងខាងឆ្វេង តែធ្វើឱ្យទៅកើតមានស្នាមប្រេះបែករបស់ឆ្អឹងជំនីផ្នែកខាងស្ដាំ។ លក្ខណៈគ្រាប់កាំភ្លើង បានបុកទម្លុះស្បែក ហើយខ្ទាតត្រឡប់មកក្រោយ ឆ្លងកាត់ឆ្អឹងសន្ទះទ្រូង តម្រង់ទៅដើមទ្រូងផ្នែកខាងស្ដាំ។ ដុំស៊ីលីខូនដែលបង្កើនទំហំសុដន់ ធ្វើឱ្យគ្រាប់កាំភ្លើងប្ដូរទិសដៅ”

    លោកវេជ្ជបណ្ឌិត ម៉េកអ៊ីវេនីវ បានថ្លែងទៀតថា ស្ត្រីរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើង បែកឆ្អឹងជំនី និងបែកដុំស៊ីលីខូន តែអវយវៈផ្សេងទៀត គ្មានរងការខូចខាតអ្វីទាំងអស់ និងនៅពេលមើលតាមជ្រុងនៃការវះកាត់ យើងឃើញថា គ្រាប់កាំភ្លើងត្រូវបានបង្វែរទិសដៅដោយសារដុំស៊ីលីខូន។

    សុដន់ក្លែងក្លាយ ជួយសង្គ្រោះជីវិត...គ្រូពេទ្យប្រាប់ថា បានដុំស៊ីលីខូនជួយ អ្នករបួសរួចពីស្លាប់“នៅផ្នែកខាងឆ្វេងរបស់ដើមទ្រូង មានបេះដូង និងសួត បើគ្រាប់កាំភ្លើងបុកធ្លុះចូលទៅត្រង់ៗ ជនរងគ្រោះអាចរងរបួសធ្ងន់ធ្ងរ ឬអាចដល់ថ្នាក់ស្លាប់បាន” លោកវេជ្ជបណ្ឌិតបានថ្លែងបញ្ចប់សេចក្ដី។

    សម្រាប់ស្ត្រីរងគ្រោះវិញ ក្រោយមក នៅពេលធូរស្រាល និងបាត់អាការភ័យស្លន់ស្លោផុតកំពូលហើយ ទើបគ្រូពេទ្យព្យាបាលអាការរបួស និងយកដុំស៊ីលីខូនចេញមក ដើម្បីព្យាបាលត្រង់កន្លែងដែលរងរបួស ដោយផ្ដល់ថ្នាំផ្សះទៀតផង។ ចំណែកឯការស៊ើបសួរអំពីរឿងរ៉ាវមួយនេះមិនទទួលបានលទ្ធផលឡើយ ព្រោះខាងប៉ូលិសរកមិនឃើញទាំងកាំភ្លើង និងអ្នកបាញ់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សភាជាន់​ខ្ពស់​អាមេរិកាំង​ យល់​ព្រម​​​ទម្លាក់​​ថវិកា​ជិត​500​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​អាជីវ​កម្ម​ខ្នាត​តូច

    សភាជាន់​ខ្ពស់​អាមេរិកាំង​ យល់​ព្រម​​​ទម្លាក់​​ថវិកា​ជិត​500​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​អាជីវ​កម្ម​ខ្នាត​តូច

    សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី​21​(ម៉ោង​នៅ​អាមេរិក) បាន​អនុម័ត​យល់​ព្រម​ទម្លាក់កញ្ចប់​​ថវិកា​​ជំនួយ​សេដ្ឋ​កិច្ច​ថ្មី​មួយ​ទៀត ​ដែល​មាន​តម្លៃ​ជិត​500​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​​សម្រាប់​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ ក្នុង​បំណង​​ជួយ​​​ទប់​ទល់​នឹង​ផល​ប៉ះពាល់​ពី​រោគ​រាត​ត្បាត​COVID-19។ សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​ជាន់​ទាប​ដើម្បី​អនុម័ត​​នៅ​ក្នុង​សប្ដាហ៍​នេះ​។

    “សភា​ជាន់​ខ្ពស់​នឹង​បន្ត​គាំទ្រ​ដល់​ប្រជា​ជន​អាមេរិកាំង​” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Mitch McConnell មេដឹក​នាំ​ក្រុម​តំណាង​រាស្ត្រភាគ​ច្រើន​​នៃ​សភា​ជាន់​ខ្ពស់​ ដែល​បានថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃទី 21​មេសា​។

    មេដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិចនៅ​សភា​ជាន់​ខ្ពស់​ Chuck Schumer និង​មេដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច​នៅ​​សភា​ជាន់​ទាប​ Kevin Mc Carthy រួម​នឹង​​​​បណ្ដាមន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​នៃ​សភា​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេរិក ក៏បាន​បញ្ជាក់​ថា ពួកគេ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ទៅ​លើ​ការ​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ថ្មី​នេះ​។

    រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​​រដ្ឋ​អាមេរិក​ Steven Mnuchin បាន​ឱ្យ​ដឹង​ថា លោក​សង្ឃឹម​ថា សភា​ជាន់​​ទាប​នឹង​អនុម័ត​យល់​ព្រម​លើ​កញ្ចប់​ថវិកា​ខាងលើ​ ​នៅ​ថ្ងៃទី​22​មេសា​នេះ​(ម៉ោង​នៅ​សហរដ្ឋ​អាមេរិក)។

    សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​482​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន អាជីវ​កម្ម​ខ្នាត​តូច​ បណ្ដា​មន្ទីរ​ពេទ្យ និង​ដើម្បី​បង្កើន​សកម្មភាព​ធ្វើ​តេស្ត​រក​មេរោគ​នៅ​ទូទាំង​ប្រទេស​។ ក្នុង​នោះ​រួម​មាន​ 321​ពាន់​លានដុល្លារ​​សម្រាប់​គម្រោង​ផ្ដល់​ឥណទាន​ដល់​ក្រុម​ហ៊ុន​អាជីវ​កម្ម​ខ្នាត​តូច 60​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​មូលនិធិគ្រោះ​មហន្តរាយ​បន្ទាន់​(ក៏សម្រាប់​អាជីវ​កម្ម​ខ្នាត​តូច) 75​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​បណ្ដា​មន្ទីរ​ពេទ្យ​ និង​25​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ធ្វើ​តេស្តរកវីរុស​COVID-19 ទូទាំង​ប្រទេស​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន Reuters

    សភា​ជាន់​ខ្ពស់​បាន​អនុម័ត​ទៅ​លើ​កញ្ចប់​ថវិកា​ខាង​លើ​ បន្ទាប់​ពី​កម្មវិធី​ការ​ពារ​ប្រាក់​ឈ្នួល​​ដែល​ហៅ​កាត់​ថា PPP (Paycheck Protection Program) ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​មុន​ដែល​ស្ថិត​ក្នុង​កញ្ចប់​ជំនួយសេដ្ឋ​កិច្ច​ទី​3​ បាន​អស់ប្រាក់ទៅ​ហើយ​​។ ប្រការ​នេះ​មាន​ន័យ​ថា កម្មវិធី​ PPP នឹង​មិន​ផ្ដល់​ឥណទាន​ថ្មី​ដល់​ក្រុម​ហ៊ុន​​នានា​ រហូត​ដល់​មាន​កញ្ចប់​ថវិកា​ថ្មី​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ផ្ដល់​ជំនួយ​​បន្ថែម​310​ពាន់​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ PPP ផងដែរ​។

    ប្រធានាធិបតី​ Donald Trump ថ្លែងថា រដ្ឋបាល​របស់​លោក​ “គាំទ្រ​ពេញ​ទំហឹង​” សេចក្ដី​ព្រាង​ច្បាប់​នេះ​។

    សារ​ព័ត៌មាន​ The Epoch Times បាន​ចេញ​ផ្សាយ​ថា សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក​ តាម​គម្រោង​នឹង​ត្រូវ​បោះ​ឆ្នោត​អនុម័ត​​លើ​សេចក្ដី​ព្រាង​ច្បាប់​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយ​ដែល​ទើប​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ។ បើ​សិនជា​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ឆ្លង​ផុត​​សភា​ជាន់​ទាប​ និងត្រូវ​បាន​​ប្រធានាធិបតី​ចុះ​ហត្ថ​លេខា​​ឱ្យ​ក្លាយ​ជា​ច្បាប់​ហើយ​នោះ វា​នឹង​ក្លាយ​ជា​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ទី​4​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ជួយ​ទប់​ទល់​នឹង​ឥទ្ធិ​ពល​របស់​វីរុស​ COVID-19។ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ទាំង​4​នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ ​ប្រមាណជា​ 3លាន​លាន​ដុល្លារ​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​​វីរុស​ COVID-19 ចាប់​ពី​​10,000​​នាក់​ឡើង​ទៅ​ ខណៈ​ពិភព​លោក​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​​ដោយ​សារ​​វីរុស​ COVID-19 ចាប់​ពី​​10,000​​នាក់​ឡើង​ទៅ​ ខណៈ​ពិភព​លោក​ទាំង​មូល​មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ជំងឺ​សរុប​ជិត​2.6​លាន​នាក់​ ក្នុង​នោះ​មាន​ជិត​177,000​នាក់​បាន​ស្លាប់​ដោយ​សារ​វីរុស​ COVID-19។ មេរោគ​រាត​ត្បាតនេះ ហាក់​បាន​ថម​ថយ​ខ្លះ​ ​នៅ​ប្រទេស​មួយ​ចំនួន ប៉ុន្តែ​ក្នុង​នោះ​មាន​​ប្រទេស​ជា​ច្រើន​ ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ បាន​កើន​លើស​ពី​10,000​នាក់​។

    ស្ថិតិ​របស់​​សាកល​វិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ប្រទេស​ និង​ដែន​ដី​ចំនួន​210 បាន​រក​ឃើញ​​អ្នកជំងឺ​COVID-19 សរុប​ 2,560,504​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​176,926​នាក់។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​90,094​នាក់ និង​អ្នក​ស្លាប់ថ្មី​​កើន​7,331​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នក​ជំងឺ​សរុប​823,257​នាក់ និង​អ្នក​ស្លាប់សរុប​​44,805​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​41,098​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,344​នាក់​។ លោក​ Trump ថ្លែង​ថា មនុស្ស​ប្រមាណ​ពី​50,000-60,000​នាក់​ អាច​នឹង​ស្លាប់​ក្នុង​មហា​អាសន្ន​រោគ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក។

    អាស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នកជំងឺ​សរុប​204,178​នាក់​ អ្នក​ស្លាប់​សរុប​21,282​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​3,986​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​430​នាក់​។ ករណី​បុគ្គលិក​សុខាភិបាល​ឆ្លង​វីរុស​នៅ​ប្រទេស​នេះ គឺពិត​ជា​គួរ​ឱ្យ​ព្រួយបារម្ភ ដោយ​បច្ចុប្បន្ន មាន​បុគ្គលិក​ពេទ្យ​31,788​នាក់​ហើយ​ដែល​បាន​ឆ្លង​វីរុស​នេះ​។

    អ៊ីតាលីមាន​អ្នក​ជំងឺ​ថ្មី​ 2,729​នាក់ អ្នក​ស្លាប់ថ្មី​534​នាក់​ នាំ​ឱ្យ​តួលេខ​អ្នកជំងឺសរុប​ឡើង​ដល់​183,957​នាក់​ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​24,648​នាក់​

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​2,667​នាក់ និង​អ្នក​ស្លាប់ថ្មី​531​នាក់។ អ្នក​ជំងឺ​សរុប​158,050​នាក់ និង​អ្នក​ស្លាប់​សរុប​20,796​នាក់​។

    អង់គ្លេស​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​5​នៅ​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​129,044​នាក់ និង​អ្នក​ស្លាប់​សរុប​17,337​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​ 4,301​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​ 828​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump៖ នឹង​ហាម​មិន​ឱ្យ​ជនបរទេស​ចូល​ទឹក​ដី​អាមេរិក​ក្នុង​រយៈ​ពេល​60​ថ្ងៃ​

    លោក​ Trump៖ នឹង​ហាម​មិន​ឱ្យ​ជនបរទេស​ចូល​ទឹក​ដី​អាមេរិក​ក្នុង​រយៈ​ពេល​60​ថ្ងៃ​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​21​មេសា បាន​ឱ្យ​ដឹង​ថា លោក​នឹង​ចេញ​បទ​បញ្ជា​ថ្មី​មួយ​ទៀត​ដើម្បី​ហាម​មិន​ឱ្យ​ជន​បរទេស​ចូល​មកកាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​60​ថ្ងៃ​ រួច​ហើយ​នឹង​វាយ​តម្លៃ​ឡើង​វិញ​បន្ទាប់​ពី​​បទ​បញ្ជា​នេះ​អស់​សុពល​ភាព​ ដើម្បី​ទប់​ស្កាត់​ COVID-19។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ម្សិល​មិញ លោក​ Trump បាន​ឱ្យ​ដឹង​ថា បទ​បញ្ជា​នេះ​នឹង​អនុវត្ត​ទៅ​លើ​តែ​អ្នក​ដែល​មាន​បំណង​មក​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​​តាម​​រយៈ​កម្ម​វិធីប័ណ្ណ​បៃ​តង​(Green Card)​ និង​មិន​ប៉ះពាល់​ដល់​​ពលករ​បរទេស​នោះ​ឡើយ​។ ប័ណ្ណ​បៃ​តង​​គឺជា​ប័ណ្ណ​រស់​នៅ​អចិន្ត្រៃយ៍​ ឬ​ប័ណ្ណ​អន្តោប្រវេសន៍​សម្រាប់​អ្នក​ដែល​មិន​មែន​ជា​ពលរដ្ឋ​អាមេរិកាំង​ ដែល​បាន​ទទួល​ផល​ប្រយោជន៍​ពី​របប​ស្នាក់​នៅ​អចិន្ត្រៃយ៍​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​។ និយាយ​រួម អ្នក​ដែល​ទទួល​បាន​ប័ណ្ណ​បៃតង​នឹង​អាច​ទៅ​រស់​នៅ​លើ​ទឹក​សហរដ្ឋ​អាមេរិក​​បាន​ដោយ​ស្រប​ច្បាប់​។

    លោក​ Trump បន្ថែម​ថា អាជ្ញា​ធរ​របស់​លោក​នឹង​សិក្សា​ ​រក​វិធាន​ការ​បន្ថែម​ទាក់​ទិន​នឹង​បញ្ហា​អន្តោប្រវេសន៍​ ដើម្បី​ “ការ​ពារ​ពលករ​អាមេរិកាំង​”។ “យើង​នឹង​ការ​ពារ​ពួកគេ​ឱ្យ​បាន​កាន់​តែ​ច្រើន​។ ការ​ផ្អាក​ទទួល​ជន​បរទេស​នេះ​ក៏​នឹង​ជួយ​ការ​ពារ​ប្រភព​ធន​ធាន​មនុស្ស​ផ្នែក​សុខាភិបាល​ចាំបាច់​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​​”។

    “បទ​បញ្ជា​នេះ​​កំពុង​ត្រូវ​បាន​រៀប​ចំ​នៅ​ពេល​យើង​និយាយ​នៅ​ទី​នេះ វា​ប្រហែល​ជា​រួច​រាល់​នៅ​ថ្ងៃស្អែក​” លោក Trump សង្កត់​ធ្ងន់​ថា​ បទ​បញ្ជា​នេះ​ក៏​នឹង​មាន​ករណី​លើក​លែង​ផងដែរ​។

    ក្រុម​អ្នក​សង្កេត​ការណ៍​យល់ថា ឥរិយាបថ​នេះ​របស់​លោក Trump គឺ​មាន​ចរឹត​ជា​និមិត្ត​រូប​ច្រើន​ជាង​ ព្រោះ​ថា​ រដ្ឋ​អំណាច​របស់​លោក Trump បាន​ចេញ​បទ​បញ្ជា​រឹត​ត្បិត​លើ​​បញ្ហា​អន្តោប្រវេសន៍​មុន​នេះ​រួច​ហើយ​ដើម្បី​ទប់​ស្កាត់​ COVID-19។

    សហរដ្ឋ​អាមេរិក គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ និង​ស្លាប់​ដោយ​សារ​វីរុស COVID-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។ គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​កូរ៉ូណា​ដល់​ទៅ​ ​817,952​នាក់​ ក្នុង​នោះ​មាន​ជាង​45,000​នាក់​បាន​បាត់បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មា​ន​បរទេស

  • អង្គការ យូនីសេហ្វ ឱ្យដឹងថា ​“កូវីដ-19”​ រាត​ត្បាត ធ្វើឱ្យកុមារក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែក្រទៅទៀត រាប់លាននាក់

    អង្គការ យូនីសេហ្វ ឱ្យដឹងថា ​“កូវីដ-19”​ រាត​ត្បាត ធ្វើឱ្យកុមារក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែក្រទៅទៀត រាប់លាននាក់

    មូលនិធិដើម្បីកុមារនៃអង្គការសហប្រជាជាតិ ឬយូនីសេហ្វ បានឱ្យដឹងថា ការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ហុចផលឱ្យកុមារចំនួនរាប់លាននាក់នៅក្នុងភូមិភាគមជ្ឈិមបូព៌ា កាន់តែក្រចុះទៅទៀត ដោយសារតែអាណាព្យាបាលរបស់ពួកគេ ត្រូវបានបញ្ឈប់ពីការងារ ដែលបណ្ដាលមកពីការប្រកាសបិទប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាលរបស់មេរោគ។

    យូនីសេហ្វ បានបញ្ជាក់ថា នឹងមានមនុស្សប្រមាណជា 8លាននាក់ដែលបានរងផលប៉ះពាល់ពីការបញ្ឈប់ពីការងារចំនួន 1.7លានកន្លែងនៅក្នុងឆ្នាំនេះ។ ក្នុងចំនួន 8លាននាក់នេះ ពាក់កណ្ដាលជាកុមារ និងថា ការបិទប្រទេស នឹងហុចផលឱ្យក្រុមគ្រួសារជាច្រើនមិនអាចរកអាហារ មកចិញ្ចឹមសមាជិកក្នុងគ្រួសារបាន ដោយនៅពេលនេះ អង្គការយូនីសេហ្វ បានវាយតម្លៃថា មានកុមារប្រមាណជា 110លាននាក់ ដែលត្រូវឈប់រៀន និងនៅផ្ទះ ក្នុងភូមិភាគមជ្ឈិបូព៌ា បណ្ដាលមកពីវិធានការបិទប្រទេស។

    ក្រៅពីនេះ យូនីសេហ្វថែមទាំងបានបញ្ជាក់ទៀតថា មានកុមារ 25លាននាក់ទូទាំងពិភពលោកដែលត្រូវការការជួយសង្គ្រោះ ក្នុងចំនួននេះ រួមទាំងក្រុមជនភៀសខ្លួន អ្នកដែលត្រូវគេចចេញពីផ្ទះសំបែង បណ្ដាលមកពីទំនាស់ក្នុងតំបន់ផ្សេងៗ និងស្រែកសុំថវិកាប្រមាណ 92លានដុល្លារ ដើម្បីលើកកម្ពស់ការទប់ទល់នឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្នុងអំឡុងពេលបិទប្រទេស ឱ្យ​ប្រជា​ជន​នៅ​តែ​ក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវា​យក​កាំបិត​មក​អារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប…

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យ​ប្រជា​ជន​នៅ​តែ​ក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវា​យក​កាំបិត​មក​អារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប…

    នៅថ្ងៃទី21 មេសានេះ ទីភ្នាក់ងារព័ត៌មាន ដេលី មីរើរ បានរាយការណ៍ រឿងក្ដីឃាតកម្មដ៏គួរឱ្យភ័យរន្ធត់មួយនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលបុរសម្នាក់ឈ្មោះ អូលេកសានឌើរ អាយុ 41ឆ្នាំ អ្នករស់នៅក្នុងទីក្រុង ក្រឺវើររី ក្នុងមណ្ឌល ដៈនីប្រូពែត្រូស ភាគកណ្ដាល បានបង្កហេតុសម្លាប់ស្ត្រីជាគូស្នេហ៍ វ័យ 50ឆ្នាំ មុននឹងកាត់យកជើងចេញពីដងខ្លួនសាកសព ដើម្បីចៀរយកសាច់ទៅចម្អិនហូបជាអាហារ ក្រោយពីបានផឹកគ្រឿងស្រវឹង រហូតដល់ស្រវឹងខ្លាំង និងមានអារម្មណ៍ឃ្លានហួសហេតុពេក។

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...របាយការណ៍នោះបានបញ្ជាក់ថា ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី13 មេសាកន្លងទៅ បុរសឈ្មោះ អូលេកសានឌើរ និងគូស្នេហ៍ បានបបួលគ្នាផឹកសុរានៅនឹងផ្ទះដែលពួកគេទាំង2 ស្នាក់នៅជាមួយគ្នា ក្នុងអំឡុងពេលដែលទូទាំងប្រទេសកំពុងប្រើវិធានការបិទប្រទេស ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19។ ក្នុងអំឡុងពេលនោះ អូលេកសានឌើរ មានអារម្មណ៍នឹកឃ្លានសាច់អាំង តែជំនួសឱ្យការក្រោកឡើងទៅធ្វើម្ហូបអាហារហូប គេបែរជាទៅស្រវាយកកាំបិតហាន់សាច់នៅក្នុងចង្ក្រានបាយ ហើយដើរត្រឡប់មកអារកគូស្នេហ៍ដែលមិនដឹងខ្លួនថាកំពុងត្រូវបានសម្លាប់នោះតែម្ដង។

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...អូលេកសាបឌើរ រង់ចាំរហូតទាល់តែគូស្នេហ៍របស់គេហូរឈាមអស់ពីខ្លួន រហូតស្លាប់ ទើបកាប់ផ្ដាច់ជើងទាំងសងខាងរបស់សាកសព ហើយយកទៅចៀរសាច់ធ្វើជាអាហារ ចំណែកដងខ្លួនសាកសពដែលនៅសល់ គេបានលើកញាត់ចូលទៅក្នុងថង់ រួចអូសចេញទៅក្រៅផ្ទះចម្ងាយប្រមាណជាង 500ម៉ែត្រ ទើបលាក់ទុកនៅក្នុងគុម្ពោតព្រៃក្រាស់ជិតដងទន្លេ។

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...លុះព្រឹកឡើង លោក មិខូឡា បុរសម្នាក់ដែលរស់នៅម្ដុំក្បែរៗគ្នានោះដែរ បាននាំក្រុមគ្រួសារចេញទៅដើរលេង…លោកនិយាយថា៖ “ពួកយើងកំពុងតែសម្លឹងរកមើលកន្លែងអង្គុយស្ទូចត្រី ក៏ស្រាប់តែទៅជាន់ថង់អ្វីម្យ៉ាង…ខ្ញុំមើលឃើញសាច់កំប៉េះគូទលេចចេញមកពីមាត់ថង់នោះ ខ្ញុំគិតថា អ្វីដែលនៅខាងក្នុងថង់នោះ ច្បាស់ជាសាកសពមនុស្សមិនខាន ទើបប្រញាប់ទូរស័ព្ទប្ដឹងប៉ូលិសតែម្ដង”

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...ខណៈពេលជាមួយគ្នា ពួកអ្នកស្រុក បានចាប់ផ្ដើមនាំគ្នាចេញមករោមមើល ពេលឃើញសាកសព ក៏ដឹងភ្លាមតែម្ដងថា ជានរណា ទើបជូនដំណឹងទៅអាជ្ញាធរដែលកំពុងរួសរាន់មកកន្លែងប្រទះឃើញសាកសពនោះ បន្ទាប់ពីនោះ អាជ្ញាធរក៏នាំកម្លាំងទៅសម្រុកចាប់ខ្លួន អូលេកសានឌើរ តែម្ដង។

    ចំណែកសារព័ត៌មានក្នុងតំបន់ បានបញ្ជាក់ថា ក្រុមអាជ្ញាធរ សឹងតែក្អួតចេញមកភ្លាមៗតែម្ដង នៅពេលបានចូលទៅដល់ក្នុងផ្ទះ និងឃើញ អូលេកសានឌើរ កំពុងហូបសាច់ភ្លៅដែលគេបានចៀរចេញពីជើងសាកសពគូស្នេហ៍ ហើយយកទៅចៀននៅក្នុងខ្ទះ។ បន្ទាប់ពីក្រុមអាជ្ញាធរបាត់ភាន់ភាំង និងតាំងស្មារតីបានវិញហើយ ក៏ប្រញាប់ចាប់ខ្លួន អូលេកសានឌើរ យកទៅស៊ើបសួរ រួមទាំងឃុំឃាំង ដើម្បីដំណើរការតាមផ្លូវច្បាប់។

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...ជាបឋម មិនមានរបាយការណ៍ថា ឃាតករ អូលេកសានឌើរ នេះជាមនុស្សមានបញ្ហាផ្លូវចិត្ត ឬត្រូវនាំខ្លួនចូលទៅពិនិត្យស្ថានភាពផ្លូវចិត្តនោះឡើយ តែបើសិនតុលាការសម្រេចក្ដីថា ពិតជាមានកំហុសមែននោះ អូលេកសានឌើរ អាចត្រូវជាប់ពន្ធនាគារ 15ឆ្នាំ។

    ក្នុងអំឡុងពេលបិទប្រទេស ឱ្យប្រជាជននៅតែក្នុងផ្ទះ បុរសអ៊ុយក្រែនម្នាក់ ស្រវឹង ហើយឃ្លាន ស្រវាយកកាំបិតមកអារកគូស្នេហ៍ មុននឹងកាត់ជើង “ចៀរសាច់” យកទៅចៀនហូប...សម្រាប់ស្ថានការណ៍ការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសអ៊ុយក្រែនវិញ បច្ចុប្បន្នមានចំនួនអ្នកឆ្លងមេរោគសរុបកើនឡើងដល់ 5,710នាក់ និងស្លាប់យ៉ាងតិច 151នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • WHO ព្រមាន​ថា​ បញ្ហា​អាក្រក់​បំផុត​​នៃ​ COVID-19 កំពុងរង់​ចាំ​​នៅ​ខាង​​មុខ​

    WHO ព្រមាន​ថា​ បញ្ហា​អាក្រក់​បំផុត​​នៃ​ COVID-19 កំពុងរង់​ចាំ​​នៅ​ខាង​​មុខ​

    ខណៈ​ដែល​​ប្រទេស​មួយ​ចំនួន​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ ឬ​បន្ថយ​ការ​រឹត​បន្តឹង​ទៅ​លើ​ការ​ដើរ​ហើរ​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កន្លង​មកដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19 អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) បាន​ចេញ​មក​ព្រមាន​ថា បញ្ហា​អាក្រក់​បំផុត​នៅ​តែ​ស្ថិត​នៅ​ខាង​មុខ​នៅ​ឡើយ​។

    AFP ដក​ស្រង់​សម្ដី​របស់​ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus ដែល​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃទី​20​មេសា បាន​ឱ្យ​ដឹដង​ថា “យើង​ត្រូវ​ការ​សាមគ្គី​ភាព​ទូទាំង​ពិភពលោក​ ដោយ​យោង​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​នៃ​សាមគ្គី​ភាព​របស់​បណ្ដា​ប្រជាជាតិ​។ បើ​សិន​ជា​មិន​មាន​ប្រការ​ទាំង​2នេះ​ទេ សូម​ជឿ​យើង​ខ្ញុំ​ថា បញ្ហា​អាក្រក់​បំផុត​នៅ​តែមាន​វត្តមាន​​នៅ​ខាង​មុខ​។ ចូរ​ទប់​ស្កាត់​សោក​នាដ​កម្ម​នេះ​។ នោះ​គឺជា​វីរុស​ដែល​មនុស្ស​ជា​ច្រើន​មិន​ទាន់​យល់​អំពី​វា​”។

    មេដឹក​នាំ​អង្គ​ការ​ WHO បាន​បន្ថែម​ថា “យើង​បាន​ព្រមាន​រួច​ហើយ​ថា វីរុស​នេះ​ថែម​ទាំង​អាច​គ្រប​ដណ្ដប់​ទាំង​បណ្ដា​ប្រទេស​អភិវឌ្ឍ​។ ហើយ​ជាក់​ស្ដែង​ វា​ពិត​ជា​ដូច្នេះ​មែន​។ យើង​និយាយ​ថា វា​នឹង​ធ្វើ​ឱ្យ​ប្រទេស​អ្នក​មាន​ នឹក​ស្មាន​មិន​ដល់​។ ចូរ​ទប់​ស្កាត់​សោក​នាដ​កម្ម​នេះ​។ មនុស្ស​រាប់​សែន​នាក់​កំពុង​តែ​ស្លាប់​ជា​បន្ត​​បន្ទាប់​។ ជីវិត​មនុស្ស​ម្នាក់​ក៏​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​។ ចូរ​និយាយ​ថា៖ មក​ដល់​ត្រឹម​នេះ​គឺ​គ្រប់​គ្រាន់​ហើយ​”។

    លោក Tedros ក៏បាន​ថ្លែង​ថា​ ការ​មិន​ចុះ​សម្រុង​គ្នា​ផ្នែក​នយោបាយ​នៃ​បណ្ដា​ប្រទេស ​ក៏អាច​បណ្ដាល​ឱ្យ​ស្ថាន​ភាព​នៃ​រោគ​រាតត្បាត​កាន់​តែ​អាក្រក់​ជាង​មុន បើ​សិន​ជា​មេដឹក​នាំ​ប្រទេស​នានា​ មិន​សហការ​គ្នា​ក្នុង​ការ​ទប់​ទល់​នឹង​វីរុស​នេះ​។ លោក​បន្ត​ថា “ចូរ​កុំ​កេង​ចំណេញ​ទៅលើ​វិបត្តិ​សុខភាព​នេះ​ដើម្បី​ធ្វើ​ជា​ទីលាន​ប្រយុទ្ធ​គ្នា​ ឬ​ដើម្បី​បាន​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​។ ប្រការ​នេះ​ពិតជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​វា​ដូច​ទៅ​នឹង​ការ​ដែល​យើង​ប្រលែង​ជា​មួយ​ភ្លើង​យ៉ាង​ដូច្នោះ​ដែរ​។ ចូរ​សហការ​គ្នា​។ យើង​ត្រូវ​ការ​សាមគ្គី​ភាព​រវាង​ប្រជា​ជាតិ​”។

    ការ​ព្រមាន​ និង​ការ​អំពាវ​នាវ​របស់​លោក Tedros ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ COVID-19 បាន​សម្លាប់​មនុស្ស​ជាង​170,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​ជិត​2.5​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​មួយ​ចំនួន​​បាន​ និង​កំពុង​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​ការ​ដើរ​ហើរ​ ហើយ​ប្រទេស​ខ្លះ​ក៏​កំពុង​រៀប​ចំ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ឡើង​វិញ ដោយ​ពួកគេ​យល់​ថា “ដំណាក់​កាល​អាក្រក់​បំផុត​” បាន​កន្លង​ផុត​ទៅ​ហើយ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​