Category: អន្តរជាតិ

  • ពិសមេរោគកូវីដ-19 ធ្វើឱ្យជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ បាត់បង់ការងារធ្វើ

    ពិសមេរោគកូវីដ-19 ធ្វើឱ្យជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ បាត់បង់ការងារធ្វើ

    តួលេខគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ច្រើនជាងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំកាលពីទសវត្សរ៍1930 ទៅទៀត ដោយខណៈពេលនេះ មានជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែវិបត្តិមេរោគវីរុសកូវីដ-19។

    តួលេខចុងក្រោយបំផុតដែលបានបង្ហាញឡើង បានឱ្យដឹងថា ជនជាតិអាមេរិកដែលបានដាក់ពាក្យសុំជំនួយ ដោយសារតែគ្មានការងារធ្វើ កាលពីសប្ដាហ៍កន្លងទៅ បានកើនឡើងច្រើនជាង 4.4លាននាក់ ធ្វើឱ្យតួលេខសរុបរបស់អ្នកគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកក្នុងខណៈពេលនេះ មានខ្ពស់ដល់ជាង 26លាននាក់ហើយ ដែលអាចប្រៀបធៀបបានជាមួយនឹងតួលេខរបស់ពលរដ្ឋក្នុងទីក្រុងដែលធំបំផុត 10កន្លែងរបស់សហរដ្ឋអាមេរិករួមគ្នា។
    ការប្រកាសពីស្ថានភាពអ្នកគ្មានការងារធ្វើសរុបជាង 26លាននាក់នេះ ជាតួលេខដែលកើនឡើងជាបន្តបន្ទាប់ និងបានទទួលការប្រកាសទាំងអស់នេះត្រឹមតែរយៈពេល 5សប្ដាហ៍កន្លងមក ពេលដែលមានការចេញវិធានការគ្រប់គ្រងតឹងរ៉ឹង ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19។

    ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ច បានធ្វើឱ្យមានមនុស្សម្នានៅក្នុងរដ្ឋជាច្រើនចេញមកតវ៉ាទាមទារ ឱ្យបន្ធូរបន្ថយវិធានការបិទទីក្រុង និងមានការចាប់ផ្ដើមដំណើរការរៀបចំផែនការបន្ធូរបន្ថយការគ្រប់គ្រងតឹងរ៉ឹងផ្សេងៗខ្លះហើយ បើទោះជាសហរដ្ឋអាមេរិកនៅតែជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ និងឆ្លងមេរោគកូវីដ-19 ច្រើនជាងគេនៅលើពិភពលោកក៏ដោយ។

    CBS news របស់សហរដ្ឋអាមេរិក បានធ្វើគំរូបែបសម្រង់គំនិតយោបល់ ពាក់ព័ន្ធនឹងការបន្ធូរបន្ថយវិធានការគ្រប់គ្រងតឹងរ៉ឹងនេះ ហើយលទ្ធផលបានបង្ហាញថា 63% នៃអ្នកឆ្លើយតប មានអារម្មណ៍វិតក្កកង្វល់ពាក់ព័ន្ធនឹងការលុបចោលវិធានការគ្រប់គ្រងតឹងរ៉ឹងលឿនជ្រុលពេក ដែលអាចនឹងរឹតតែធ្វើឱ្យការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរឡើង ខ្លាំងជាងការភ័យខ្លាចពីផលប៉ះពាល់ខាងសេដ្ឋកិច្ចទៅទៀតក្នុងករណីបិទទីក្រុងយូរ។ ចំណែកអ្នកឆ្លើយតប 13% ទៀតបានបញ្ជាក់ថា ចង់ចេញទៅនៅក្នុងទីសាធារណៈម្ដងទៀតភ្លាមៗតែម្ដង នៅពេលមានការលុបចោលបញ្ជាហាមចេញក្រៅផ្ទះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវា​ទេសចរណ៍​Costa Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

    នាវិក​90​នាក់​បាន​ឆ្លង​COVID-19 នៅ​លើ​នាវា​ទេសចរណ៍​Costa Atlantica របស់​​អ៊ីតាលី​ ដែល​សំចត​​នៅ​ជប៉ុន

    សមាជិក​ក្រុម​នាវិក​ចំនួន​40​នាក់​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី ដែល​កំពុង​សំចត​​នៅ​កំពង់ផែ​ Nagasaki ប្រទេស​ជប៉ុន​ វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​លើ​នាវា​នេះ​កើន​ដល់​90​នាក់​។

    ស្ថានីយ​ទូរទស្សន៍​ NHK របស់​ជប៉ុន ថ្ងៃ​នេះ​បាន​ប្រកាស​ថា តួលេខ​សរុប​នៃ​​អ្នក​ជំងឺ​កូរ៉ូណា​នៅ​លើ​នាវា​ Costa Atlantica ដែល​កំពុង​សំចត​​នៅ​ក្នុង​កំពង់​ផែន​ Nagasaki បាន​កើន​ដល់​90​នាក់ហើយ​ បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​40​នាក់​បន្ថែម​ទៀត​។ នាវា​ទេសចរណ៍​ Costa Atlantica របស់​ប្រទេស​អ៊ីតាលី​នេះ មិន​មាន​ដឹក​ភ្ញៀវ​នោះ​ទេ​ ដោយ​វា​ត្រូវ​បាន​នាំ​ទៅ​កាន់​រោង​ចក្រ​ជួសជុល​នាវា​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Nagasaki នៅ​​ភាគ​និរតី​ប្រទេស​ជប៉ុន ដើម្បី​ជួស​ជុល​ ក៏ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​​ដោយ​សារ​តែ​ COVID-19។

    ក្រុម​មន្ត្រី​សុខាភិបាល​នៅ​ Nagasaki បាន​ឱ្យ​ដឹង​ថា​ ពួកគេ​នឹង​បញ្ចប់​ការ​ធ្វើ​តេស្ត​រក​មេរោគ​នៅ​លើ​នាវិក​ទាំង​623​នាក់​របស់​នាវា​Costa Atlantica​នេះ​ ប៉ុន្តែ​ក៏មាន​ការ​ព្រួយ​បារម្ភ​ខ្លាំងផងដែរ​​ ចំពោះ​ហានិភ័យ​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រជា​ជន​នៅ​ក្នុង​ទីក្រុង​​ បន្ទាប់​ពី​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​នាវិក​ម្នាក់​​របស់​ Costa Atlantica បាន​ចាក​ចេញ​ពី​តំបន់​ជួសជុល​នាវា​នេះ​។

    ព័ត៌មាន​ស្ដីអំពី​សម្បុក​មេរោគ​នៅ​លើ​នាវា​ទេស​ចរណ៍​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ច្រើន​នៅ​លើ​ Twitter នៅ​ពេល​ដែល​មាន​គេ​ប្រៀប​ធៀប​​វា​ទៅ​នឹង​នាវា​ទេសចរណ៍​ Diamond Princess ដែល​ធ្លាប់​មាន​មនុស្ស​​ជាង​700​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​13​នាក់​បាន​បាត់​បង់​ជីវិត​។ នាវា​ Diamond Princess ធ្លាប់​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​នៅ​ឯ​លម្ហ​សមុទ្រ​ Yokohama ប្រទេស​ជប៉ុន កាលពី​ខែ​កុម្ភៈ​នៅ​មុន​ពេល​អ្នក​ទេសចរ​ និង​ក្រុម​នាវិក​ត្រូវ​បាន​ជម្លៀស​ចេញពី​នាវា។

    អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​សរសេរ​ថា “មាន​បញ្ហា​អ្វី​ទៀត​ហើយ តើ​មិន​បាន​ដក​បទ​ពិសោធន៍​ពី​ Diamond Princess ទេអី? វា​បាន​ចូល​ចត​នៅ​កំពង់​ផែ​ដើម្បី​ជួស​ជុល ប៉ុន្តែ​សួរ​ថា​ តើ​ស្ថាន​ភាពនោះ​​​ចាំបាច់​​ដល់​កម្រិត​នេះ​ហើយ​ឬ​នៅ​? ហេតុ​អ្វី​បាន​ជា​អនុញ្ញាត​ឱ្យ​វា​ចូល​ចត​បែប​នេះ​?”។

    បច្ចុប្បន្ន ប្រទេស​ជប៉ុន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ជាង​12,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជិត​300​នាក់​បាន​ស្លាប់​ ដោយ​មិន​ទាន់​បូក​រួម​ស្ថិតិ​នៅ​លើ​នាវា​ទេស​ចរណ៍​ Diamond Princess នៅ​ឡើយ​។ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ Shizon Abe បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ ទន្ទឹម​នឹង​ការ​ស្នើ​ឱ្យ​ប្រជា​ជន​ទាំង​អស់​នៅក្នុង​ផ្ទះ​ លើក​លែង​តែ​មាន​កិច្ច​ការ​ចាំបាច់​ ដើម្បី​កាត់​បន្ថយ​ទំនាក់​ទំនង​ផ្ទាល់​ក្នុង​សង្គម​ឱ្យ​បាន​80​%​ បំណង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19។

    គិត​មក​ដល់​បច្ចុប្បន្ន​ មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19។ វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​191,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​2.7​លាន​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! ទ្វីប​​អាស៊ី​មាន​អ្នក​ជំងឺ​សរុបជាង​​435,000​នាក់ ខណៈ​ពិភព​លោក​​មាន​អ្នក​ស្លាប់​ជាង​190,000​​នាក់​

    COVID-19! ទ្វីប​​អាស៊ី​មាន​អ្នក​ជំងឺ​សរុបជាង​​435,000​នាក់ ខណៈ​ពិភព​លោក​​មាន​អ្នក​ស្លាប់​ជាង​190,000​​នាក់​

    ពិភពលោក​ទាំង​មូល​ មាន​អ្នក​ស្លាប់​ជាង​190,000​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​COVID-19 ជាង​2.7​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​។

    ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins ឱ្យ​ដឹង​ថា វីរុសCOVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ នៅក្នុង​ពិភពលោក​ ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ 2,708,590​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​190,303​នាក់​​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​កើន​ 88,011​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​កើន​7,400​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ។ ចំនួន​ករណី​ដែល​បាន​ជា​សះ​ស្បើយ​ មាន​ចំនួន​744,866​នាក់​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក។​ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

    អេស្ប៉ាញ​ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2​ក្នុង​ពិភពលោក​ បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​4,635​នាក់ អ្នក​ស្លាប់​ថ្មី​440​នាក់​។ អ្នក​ជំងឺ​សរុប​213,023​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​22,157​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​​2,646​នាក់ អ្នក​ស្លាប់​ថ្មី​464​នាក់ ចំណែក​អ្នក​ជំងឺសរុប​មាន​189,973​នាក់ និង​អ្នក​ស្លាប់​សរុប​ 25,549​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​ក្នុងពិភពលោក​ ប៉ុន្តែ​ជា​ “វាល​ពិឃាត​” ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

    បារាំង៖ អ្នកជំងឺ​ថ្មី​2,323​នាក់ អ្នក​ស្លាប់​ថ្មី​516​នាក់ ខណៈ​ដែល​អ្នក​ជំងឺ​សរុប​មាន​158,183​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​21,856​នាក់​។

    អាល្លឺម៉ង់៖ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​1,136​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​126​នាក់ នាំ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​151,784​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​5,404​នាក់​។

    នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​​1,193,276​នាក់ អាមេរិក​ខាង​ជើង​មាន​​948,983​នាក់​ ទ្វីប​អាស៊ី​មាន​435,282​នាក់ អាមេរិក​ខាង​ត្បូង​មាន​103,336​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​28,104​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោក​ Trump ប្ដូរ​គំនិត​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈ​ពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

    លោក​ Trump ប្ដូរ​គំនិត​លើ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ខណៈ​ពល​រដ្ឋ​​អាមេរិកាំង​ជិត​​50,000​នាក់​ ស្លាប់​ដោយ​សារ​ COVID-19!

    ប្រធានាធិបតី​​ Donald Drump បាន​ឱ្យ​ដឹង​ថា លោក​អាច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​ឃ្លាត់​ពី​គ្នា​រហូត​​ដល់​ប្រទេស​នេះ​មាន​សុវត្ថិ​ភាព​​នៅ​ចំពោះ​មុខ​ COVID-19 ដែល​ជា​វីរុស​ដ៏​សាហាវ​ សម្លាប់​មនុស្ស​ជិត​50,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​។

    យោង​តាម​ស្ថិតិ​នៅ​លើ​ទំព័រ​ Worldometers គិត​មក​ដល់​ថ្ងៃទី​23​មេសា​​(ម៉ោង​ក្នុង​ស្រុក) សហរដ្ឋ​អាមេរិក​​មាន​អ្នក​ស្លាប់​សរុប​49,751​នាក់​ និង​​អ្នក​ស្លាប់​ថ្មី​ជិត​2,100​នាក់​ ដោយ​សារ​​ឆ្លង​វីរុស​COVID-19 ​។ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ សហរដ្ឋ​អាមេរិក​ក៏មាន​អ្នក​ជំងឺ​ថ្មី​ជាង​ 30,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​879,000​នាក់​។

    រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរ​ហើរ​ ដើម្បី​ត្រៀម​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ ដែល​នេះ​ជា​សកម្ម​ភាព​ត្រូវ​បាន​លោក​ Trump គាំទ្រ។ ក៏ប៉ុន្តែ​ មួយ​រយៈ​ពេល​ខ្លី​ចុង​ក្រោយ​នេះ លោក​ Trump ហាក់​បាន​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​អំពី​ការ​បើក​ដំណើរការ​សេដ្ឋី​កិច្ច​ឡើង​វិញ​នេះ​។ ជាក់​ស្ដែង​ លោក​បាន​បដិសេធ​​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​​ឡើង​វិញ​របស់​រដ្ឋ​ Georgia។ លោក​ Trump ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ថា “ខ្ញុំ​គិត​​ថា វា​ដូច​ជា​ឆាប់​ពេក​ហើយ​”។

    កាល​ពី​ម្សិល​មិញ លោក​ក៏​បាន​លើក​បញ្ហា​ខាង​លើ​នេះ​មក​និយាយ​ម្ដងទៀត​៖ ខ្ញុំ​ចង់​ឱ្យ​រដ្ឋ​នានា​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​បាន​ឆាប់ គឺ​ឆាប់​ជាង​គាត់​ (អភិបាល​រដ្ឋ​ Georgia លោក Brian Kemp) ទៅ​ទៀត​។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឃើញ​​កន្លែង​ស្ប៉ា​បើក​ទ្វារ​​នៅ​ដំណាក់​កាល​ដំបូង​នេះ​ ហើយ​ក្រុម​គ្រូ​ពេទ្យ​ក៏ដូច​គ្នា​”។ លោក​ Trump បាន​និយាយ​ដល់​គម្រោង​របស់​អាជ្ញាធរ​រដ្ឋ Georgia ដែល​សម្រេច​​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​បន្ទប់​ហាត់​ប្រាណ ហាង​ធ្វើ​ក្រចកនិង​សក់​ និង​ហាង​ម៉ាស្សា​ជា​ដើម បើក​ទ្វារ​ចាប់​ពី​ថ្ងៃទី​24​មេសា​។

    នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ការ​ពី​ថ្ងៃទី​23​មេសា​ លោក​ Trump ឱ្យ​ដឹង​ថា លោក​អាច​សម្រេច​ពន្យារ​សុពល​ភាព​នៃ​ការ​ដាក់​សង្គម​ឱ្យ​នៅ​ឃ្លាត​ពី​គ្នា​រហូត​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​ បើ​សិន​ជា​លោក​យល់​ថា សហរដ្ឋ​អាមេរិក​មិន​ទាន់​មាន​សុវត្ថិ​ភាព​នៅ​ចំពោះ​មុខ​រោគ​រាត​ត្បាត​ COVID-19។ “យើង​អាច​អូស​បន្លាយ​ពេល​យូរ​ជាង​នេះ​…។ យើង​នឹង​ពន្យារ​សុពល​ភាព​ (បម្រាម​គោចរ​) រហូត​ដល់​ពេល​ដែល​យើង​មាន​សុវត្ថិ​ភាព​” លោក​ Trump សង្កត់​ធ្ងន់​បែប​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

    COVID-19! នាវា​ទេសចរណ៍​នៅ​ជប៉ុន​មួយ​គ្រឿង​ទៀត​ហើយ ដែល​ក្លាយជា​សម្បុក​មេរោគរលាក​សួត​ថ្មី

    នាវា​ទេស​ចរណ៍​របស់​ប្រទេស​អ៊ីតាលី​មួយ​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ប្រទេស​ជប៉ុនដើម្បី​ជួស​ជុល​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​ COVID-19 ខណៈ​មក​ដល់​ពេល​នេះ​ វា​មាន​អ្នក​ជំងឺ​កូរ៉ូណា​​ប្រភេទ​ថ្មី​ យ៉ាង​តិច​48​នាក់​។

    នៅ​ថ្ងៃ​នេះ​ (23មេសា) មន្ត្រី​នៅ​ Nagasaki ប្រទេស​ជប៉ុន​បាន​ឱ្យ​ដឹង​ថា នាវា​ទេស​ចរណ៍​អ៊ីតាលី Costa Atlantica មាន​អ្នកជំងឺ​ COVID-19 យ៉ាង​តិច​ចំនួន​48​នាក់​។ នាវា​ Costa Atlantica បាន​ក្លាយ​ជា​សម្បុក​មេរោគលើ​ផ្ទៃ​ទឹក​ទី​2​នៅ​ជប៉ុន​​ បន្ទាប់​​នាវា​ Diamond Princess ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​700​នាក់​។ ក៏ប៉ុន្តែ នាវា​ Costa Atlantica វិញ​ មាន​តែ​ក្រុម​នាវិក​ប៉ុណ្ណោះ​ដែល​​កំពុង​នៅ​លើ​នាវា​​ ព្រោះ​ថា វា​កំពុង​ចត​នៅ​កំពង់​ផែ​ Nagasaki ដើម្បី​ជួស​ជុល​។

    នាវា​ខាងលើនេះ បាន​ទៅ​កាន់​​រោង​ចក្រ​សាង​សង់​នាវា​មួយ​នៅ​តំបន់ Nagagaki កាល​ពី​ចុង​ខែ​កុម្ភៈ​ ក្រោយ​ពី​ COVID-19 បាន​ធ្វើ​ឱ្យ​គម្រោង​ជួស​ជុល​របស់​ពួកគេ​នៅ​ប្រទេស​ចិន​មុន​នោះ​ត្រូវ​បាន​លុប​ចោល​។

    អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​14​នាក់​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​នាវា​ Costa Atlantica បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា វា​អាច​នាំ​ឱ្យ​ឆ្លង​ដល់​​ប្រជា​ជន​ក្នុង​តំបន់​ Nagasaki។ មុន​នេះ មាន​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា នាវិក​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​​តំបន់​ដែល​គេ​បាន​កំណត់​ បើ​ទោះ​ជា​ក្រុម​ហ៊ុន Costa Cruises (Italia) ដែល​ជា​អ្នក​​គ្រប់​គ្រង​នាវា Costa Atlantica បាន​សន្យា​ថា ក្រុម​នាវិក​របស់​ខ្លួន​​នឹង​នៅ​តែ​ក្នុង​តំបន់​រោង​ចក្រ​សាង​ស​ង់​នាវា​ដែល​ពួកគេកំពុង​ស្ថិត​នៅ​ក៏ដោយ​។

    នាវា​ទេសចរណ៍​របស់​អ៊ីតាលីនេះ មាន​នាវិក​ និង​អ្នក​បម្រើ​ចំនួន​623​នាក់ និង​មិន​មាន​ភ្ញៀវ​ទេស​ចរណ៍​នោះ​ទេ​។ សមាជិក​ក្រុម​នាវិក​ម្នាក់​ ដែល​បាន​ឆ្លង​វីរុស​ COVID-19 កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯមន្ទីរពេទ្យ​។ អ្នកជំងឺ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដល់​ជីវិត និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​។

    ចំណែក​អ្នកជំងឺ​47​នាក់​ផ្សេង​ទៀត កំពុង​បង្ខាំង​ខ្លួន​នៅ​ក្នុង​បន្ទប់​ដោយ​ឡែក​។ ពួកគេ​មិន​ទាន់​មាន​អាការ​រោគ​ធ្ងន់​ធ្ងរ​នៅ​ឡើយ​។

    សារ​ព័ត៌មាន​ AP បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​ជប៉ុន​កំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​សម្បុក​មេរោគ​នេះ​ ខណៈ​ដែល​តំបន់ Nagasaki មាន​អ្នកជំងឺ​​តែ​17​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​ជប៉ុន​បាន​សង្ស័យ​ថា មេរោគ​ប្រហែល​ជា​បាន​ឆ្លង​នៅ​ពេល​ដែល​បុគ្គលិកនៃ​ក្រុម​​នាវិក​បាន​ចេញ​ទៅ​ក្រៅ​ ឬ​បាន​ឆ្លង​នៅ​ពេល​នាវា​នេះ​បាន​ប្ដូរ​នាវិក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។

    បច្ចុប្បន្ន ជប៉ុន​មាន​អ្នកជំងឺ​កូរ៉ូណា​សរុបប្រមាណជា​​ជិត​12,000​នាក់ និង​ជិត​300​នាក់​បាន​បាត់​បង់​ជីវិត​។ តួលេខ​នេះ មិន​បាន​រាប់​បញ្ចូល​ទាំង​អ្នកជំងឺ​នៅ​លើ​នាវា​ Diamond Princess នោះ​ទេ​៕

    ប្រភព៖ Channel News Asia

  • យន្ត​ហោះ​​នៃ​​ប្រទេស​ចំនួន​7 ដែល​ហោះ​ទៅ​យក​សម្ភារ​សុខាភិបាល​ពី​ចិន ត្រូវ​ត្រឡប់​មក​ស្រុក​ដោយ​ដៃ​ទទេ

    យន្ត​ហោះ​​នៃ​​ប្រទេស​ចំនួន​7 ដែល​ហោះ​ទៅ​យក​សម្ភារ​សុខាភិបាល​ពី​ចិន ត្រូវ​ត្រឡប់​មក​ស្រុក​ដោយ​ដៃ​ទទេ

    រដ្ឋមន្ត្រី​ការ​បរទេស​កាណាដា​ បាន​រៀប​រាប់​អំពី​ស្ថាន​ការណ៍​ដណ្ដើម​គ្នា​ទិញ​សម្ភារសុខាភិបាល​ពី​ប្រទេស​ចិន នៅ​កណ្ដាល​សម័យ​កាល​ COVID-19 គឺ​ដូច​ទៅ​នឹង​ខ្សែ​ភាព​យន្ត​រឿង​ “Wild Wild West” បន្ទាប់​ពី​យន្តហោះ​ជា​ច្រើនគ្រឿង​​របស់​បណ្ដា​ប្រទេស​ ត្រូវ​ហោះ​ត្រឡប់​មក​ស្រុក​ដោយ​ “ដៃ​ទទេ”។

    សារ​ព័ត៌មាន​ Fox News ដក​ស្រង់​សម្ដី​របស់​នាយករដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau កាល​ពីថ្ងៃទី​21​មេសា បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​2​គ្រឿង​របស់​ប្រទេស​នេះ បាន​ហោះ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ដឹកសម្ភារ​សុខាភិបាល​ ត្រូវ​បង្ខំ​ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​ដោយ​ “ដៃ​ទទេ” កាល​ពី​ដើម​សប្ដាហ៍​នេះ​។ លោក​ Trudeau មាន​ប្រសាសន៍​ថា “បទបញ្ជា​រឹត​បន្តឹង​ដ៏ខ្លាំង​ក្លា​” ទាក់​ទិន​ទៅ​នឹង​ពេល​វេលា​ដែល​យន្ត​ហោះ​មួយ​គ្រឿង​ត្រូវ​ចុះ​ចត​​នៅ​លើ​ព្រលាន​យន្ត​ហោះ​​របស់​​ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​យន្ត​ហោះ​2គ្រឿង​របស់​កាណដា​ ត្រូវ​វិល​មក​ប្រទេស​វិញ​ ដោយ​មិន​អាច​​យក​ទំនិញ​បាន​។ នេះ​គឺជា​យន្ត​ហោះ​2​គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ដើម្បី​​ទទួល​សម្ភារ​សុខាភិបាល​ មក​ឱ្យ​​រដ្ឋាភិបាល​ និង​ខេត្ត​មួយ​ទៀត​របស់​ប្រទេស​កាណាដា​។

    នាយក​រដ្ឋមន្ត្រី​កាណដា​ថ្លែង​ថា ផ្លូវ​ដែល​​រថយន្ត​ដឹក​ទំនិញ​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​ព្រលាន​យន្ត​ហោះ​​ មាន​ការ​លំបាក​ខ្លាំង​ ហើយ​ត្រូវ​រអាក់​រអួល​ដោយ​សារ​តែ​ត្រូវ​ឈប់​នៅ​កន្លែង​ត្រួត​ពិនិត្យ​រក​មេរោគ​ ដូច្នេះ ពេល​វេលា​នៃ​ការ​ដឹក​ជញ្ជូន​ក៏ត្រូវ​អូស​បន្លាយ​។ បច្ចុប្បន្ន គេមិន​ទាន់​ដឹង​ថា​ តើ​លោក Trudeau បាន​បញ្ជា​ឱ្យ​យន្ត​ហោះ​​ ធ្វើ​ដំណើរ​​ទៅ​​កាន់​ប្រទេស​ចិន​ម្ដង​ទៀត​ដើម្បី​យក​ទំនិញ​ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ លោក​បាន​និយាយ​ថា កាណាដា​សង្ឃឹម​ថា នឹង​មាន​ប្រភព​ទំនិញ​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ។

    ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា លោក​ស្រី​ Chrystia Freeland បាន​ថ្លែង​ថា “ស្ថាន​ភាព​​ពេល​នេះ ប្រៀប​ដូច​ជាស្ថាន​ភាព​នៅ​​ក្នុង​ភាព​យន្ត​ “Wild Wild West” យ៉ាង​ដូច្នោះ​ដែរ​”។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន Politico បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​កាណាដា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ដឹង​ថា កាណាដា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ជួប​បញ្ហា​ដូច​ខាង​លើ​នេះ​នោះ​ទេ​​ ព្រោះ​ថា​ មាន​យន្ត​ហោះ​​របស់​ប្រទេស​យ៉ាង​តិចចំនួន​​6ផ្សេង​ទៀត​ បាន​ជួប​បញ្ហា​ដូច​គ្នា​នេះ​ដែរ​។ ក៏ប៉ុន្តែ មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​នោះ​គឺជា​ប្រទេស​ណា​ខ្លះ​នោះ​ទេ​។

    មន្ត្រី​ខាង​លើ​បាន​ប្រាប់​សារ​ព័ត៌មាន Politico ថា ព្រលាន​យន្ត​ហោះ​សៀង​ហៃ​របស់​ប្រទេស​ចិន បាន​ស្ថិត​ក្នុង​ស្ថាន​ភាព​លើស​ចំណុះ នៅ​ពេលដែល​ជើង​ហោះ​ហើរ​បាន​កើន​ឡើដ​4​ដង​ បើ​ធៀប​នឹង​​ពេល​ធម្មតា​ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​បញ្ជូន​យន្ត​ហោះ​ទៅ​កាន់​ទី​នេះ​ដើម្បី​ដឹក​សម្ភារ​សុខាភិបាល​។ មន្ត្រី​នេះ​ក៏​បាន​បញ្ជាក់ថា សម្ភារ​​សុខាភិបាល​ប្រមាណជា​70​%​របស់​ប្រទេស​កាណាដា​ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ក្រៅ​ពីនេះ​គឺនាំ​ចូល​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ស្វីស​។

    បច្ចុប្បន្ន ប្រទេស​ចិនមិន​ទាន់​បាន​បញ្ចេញ​មតិ​អ្វី​ជុំ​វិញ​បញ្ហា​ខាង​លើ​នេះ​នៅ​ឡើយ​។

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​ប្រទេស​ចិន​ ចាប់​ពី​ចុង​ឆ្នាំ2019​ ហើយ​បច្ចុប្បន្ន វា​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ 2,648,481​នាក់ឆ្លង​វីរុស​​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​184,616​នាក់ និង​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​724,382​នាក់​។ ប្រទេស​កាណាដា បច្ចុប្បន្ន មាន​អ្នកជំងឺកូរ៉ូណា​​ 40,190​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន​ចំនួន​​1,974​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ​ចិន​សម្ពោធ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ថ្មី​ទី​ពីរ​ មុន​ខួប​71​ឆ្នាំ​នៃ​​ការ​បង្កើត​កង​ទ័ព​ជើង​ទឹក​ប្រទេស​នេះ​

    ​ចិន​សម្ពោធ​នាវា​ចម្បាំង​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ថ្មី​ទី​ពីរ​ មុន​ខួប​71​ឆ្នាំ​នៃ​​ការ​បង្កើត​កង​ទ័ព​ជើង​ទឹក​ប្រទេស​នេះ​

    ប្រទេស​ចិន​បញ្ចេញ​នាវា​ចម្បាំងផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ប្រភេទ ​​Type-075 ទី2របស់​ខ្លួន​ បន្ទាប់​ពី​នាវា​ទី​1​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​8ខែមុន​ បើ​ទោះ​ជា​ Type-075 ទី2នេះ មិន​ទាន់​រួច​រាល់​​ជា​ស្ថាពរ​ក៏ដោយ​។

    ពិធី​សម្ពោធ​បង្ហាញ​វត្តមាន​របស់​នាវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​ឯ​រោង​ចក្រ​ផលិត​នាវា​ Hudong Zhonghua នា​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃទី​22​មេសា​ នៅ​មុន​​ថ្ងៃ​ខួប​71​ឆ្នាំ​នៃ​ការ​បង្កើត​កង​ទ័ព​ជើង​ទឹករបស់​​ប្រ​ទេស​ចិន​។ រូប​ភាព​ពី​ flycam បាន​បង្ហាញ​ថា ផ្នែក​ខាង​លើ​នៃ​នាវា​នេះ​មិន​ទាន់​រួច​រាល់​ជា​ស្ថា​ពរ​នៅ​ឡើយ​។

    Li Jie ដែលជា​អ្នក​ជំនាញ​ផ្នែក​ជើង​ទឹក​ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​សង្កត់​ធ្ងន់​ថា ការ​ដែល​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​2​គ្រឿង​ដែល​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ដោយ​មុន​-ក្រោយ​គ្នា​ត្រឹម​តែ​8​នេះ​ បង្ហាញ​ថា ប្រទេស​ចិន​មាន​​​បច្ចេក​វិទ្យា​សាង​សង់​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ខ្នាត​ធំ​ ក៏ដូច​ជា​បណ្ដា​ប្រភេទ​ឧទ្ធម្ភាគ​ចក្រ​​នៅ​លើ​នាវា​នេះ​។ លោក​ Li Jie បន្ថែម​ថា “ដំណើរការ​នៃ​ការ​សាង​សង់​នាវា​​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​លឿន​ ខណៈ​ដែល​ប្រព័ន្ធ​ និង​ឧបករណ៍​នានា​ តាម​គម្រោង​នឹង​ត្រូវ​បាន​បំពាក់​នាពេល​ដ៏ខ្លី​ខាងមុខ​”។

    Type-075 អាច​ផ្ទុក​ទម្ងន់​បាន​ដល់​40,000​តោន គឺច្រើន​ជាង​ បើ​ធៀប​នឹង​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ ប្រទេស​ចិន មាន​គម្រោង​សាង​សង់​នាវា​ប្រភេទ Type-075 នេះ​ចំនួន​3គ្រឿង​ ក៏ប៉ុន្តែ ចិន​បាន​រក្សា​ការ​សម្ងាត់​នៃ​ដំណើរ​ការ​អភិវឌ្ឍ​​ន៍នាវា​ទាំង​នេះ​។ Type-075 មាន​បណ្ដោយ​ប្រវែង​​​237​ម៉ែត្រ ប្រហាក់​ប្រហែល​នឹង​នាវា​ Wasp របស់​សហរដ្ឋអាមេរិក​។

    អ្នក​ជំនាញ​យល់​ថា នាវា​នេះ​ពិបាក​នឹង​ដាក់​ឱ្យ​បម្រើ​ការ​នៅ​​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាងមុខ​។ ដោយ​សារ​តែ​ជា​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ចិន ដូច្នេះ Type-075 នឹង​ត្រូវ​ការ​ពេល​​ច្រើន​ឆ្នាំ​សម្រាប់​​ធ្វើ​ការ​សាក​ល្បងដើម្បី​ធានា​ថា​វា​ដំណើរ​ការ​ល្អ​។

    ក្រុម​នាវិក​ និង​អ្នក​បើក​យន្ត​ហោះ​​នៃ​កង​ទ័ព​ជើង​ទឹក​ចិន ក៏​ត្រូវ​ការ​ហ្វឹកហាត​ស៊ី​ជម្រៅ​ដើម្បី​អាច​បំពេញ​ភារ​កិច្ច​នៅ​លើ​នាវា​ផ្ទុក​ឧទ្ធម្ភាគ​ចក្រ​នេះ​បាន​ល្អ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    WHO ដាស់តឿនពិភពលោក៖ កុំប្រហែស! ព្រោះ កូវីដ-19 នៅជាមួយយើងយូរតទៅទៀត…

    ខណៈដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងអំឡុងពេលបន្ធូរបន្ថយវិធានការបិទប្រទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបណ្ដាលមកពីការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នោះ លោក ថេដ្រូស អាត់ហាណូម គីប្រ៊ីយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ឬ WHO បានចេញមកដាស់តឿនប្រទេសនានាថា ចូរកុំធ្វើអ្វីខុសឆ្គងឱ្យសោះ ព្រោះនៅមានដំណើរផ្លូវវែងឆ្ងាយតទៅទៀត ដែលត្រូវដើរ ហើយវីរុសកូវីដ-19 នឹងនៅជាមួយយើងយូរតទៅទៀត។

    លោក គីប្រ៊ីយេស៊ុស ថ្លែងថា “ប្រទេសភាគច្រើន នៅតែកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការឆ្លងរាលដាលប៉ុណ្ណោះ ខណៈដែលប្រទេស ដែលមានការឆ្លងរាលដាលតាំងពីដំបូងៗនោះ ខណៈនេះ ក៏កំពុងរកឃើញការឆ្លងរាលដាលថ្មីៗកើតឡើងដូចគ្នា..”

    លោកប្រធានអង្គការ WHO បានសម្ដែងក្ដីកង្វល់ពាក់ព័ន្ធនឹងសញ្ញានៃការកើនឡើងក្នុងការឆ្លងរាលដាលដ៏ធំមួយនៅក្នុងផ្លែកខ្លះរបស់ទ្វីបអាហ្វ្រិក ខណៈដែលការឆ្លងរាលដាលនៅក្នុងអឺរ៉ុបខាងលិច មើលទៅហាក់ដូចជាកំពុងស្ថិតក្នុងសភាវស្មើ និងថយចុះជាបណ្ដើរៗហើយ។

    លោក គីប្រ៊ីយេស៊ុស បានដាស់តឿនថា នៅតែមានចន្លោះប្រហោងជាច្រើនទៀត ក្នុងការដាក់វិធានការដើម្បីការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ទូទាំងពិភពលោក និងគ្មានប្រទេសណាមួយក្នុងពិភពលោក មានភាពត្រៀមខ្លួនរួចជាស្រេចគ្រប់យ៉ាងឡើយ។ ប្រទេសនានាចាំបាច់ត្រូវចំណាយប្រាក់ពាក់ព័ន្ធនឹងការត្រៀមខ្លួនឱ្យរួចជាស្រេច ព្រោះក្នុងខណៈពេលនេះ មានត្រឹមតែ 76% ប៉ុណ្ណោះ ដែលមានប្រព័ន្ធតាមដានដែលអាចត្រួតពិនិត្យរកអ្នកឆ្លងមេរោគបាន។

    ស្ថិតក្រោមពាក្យរិះគន់ថា WHO ឆ្លើយតបនឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 មិនបានល្អគ្រប់គ្រាន់នោះ លោកគីប្រ៊ីយេស៊ុស នៅតែអះអាងថា ការប្រកាសសភាវអាសន្នកម្រិតពិភពលោក ដែលជាការប្រកាសកម្រិតខ្ពស់បំផុតរបស់អង្គការមួយនេះកាលពីថ្ងៃទី30 មករាកន្លងទៅ គឺជាពេលវេលាដែលសមរម្យហើយ និងស្ថិតក្នុងអំឡុងពេលដែលពិភពលោកមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងស្ថានការណ៍ទាំងនោះ ដោយខណៈនោះ មានអ្នកឆ្លងមេរោគកូវីដ-19 នៅក្រៅប្រទេសចិន មានត្រឹមតែ 82នាក់ប៉ុណ្ណោះ។

    ចំណែកលោក ម៉ៃក៏ រ៉ៃអាន់ អ្នកជំនាញការរបស់អង្គការ WHO បានដាស់តឿនថា ការបើកដំណើរការទេសចរណ៍លឿនជ្រុលពេក ត្រូវមានការគ្រប់គ្រងចាត់ការភាពប្រថុយប្រថានយ៉ាងប្រុងប្រយ័ត្ន ព្រោះខណៈពេលនេះ ក្នុងតំបន់ខ្លះរបស់ទ្វីបអាហ្វ្រិក ដូចជា សូម៉ាលី ជាដើម បានរកឃើញការកើនឡើងនៃអ្នកឆ្លងមេរោគដល់ទៅជិត 300% ក្នុងអំឡុងសប្ដាហ៍កន្លងទៅ ដែលការណ៍នេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍ការឆ្លងរាលដាលធំនៅក្នុងទ្វីបអាហ្វ្រិក ទើបតែចាប់ផ្ដើមប៉ុណ្ណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    កូរ៉េខាង​ត្បូង​អះអាង​ថា​ អ្នក​វិជ្ជ​មាន​ឡើង​វិញ​ជាមួយ​COVID-19 នឹង​មិន​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ឡើយ

    ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់ថា​ អ្នក​ជំងឺ​កូរ៉ូណា​មួយ​ចំនួន​នៅ​កូរ៉េខាង​ត្បូង​ ​វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19នេះ​ឡើង​វិញ ប៉ុន្តែ​មិន​មាន​លទ្ធ​ភាព​ចម្លង​ទៅ​​អ្នក​ដទៃ​នោះ​ទេ។

    ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់ស្កាត់​ជំងឺ​​ឆ្លង​របស់​កូរ៉េខាង​ត្បូង​ KCDC (Korea Centers for Disease Control and Prevention) បណ្ឌិត​ Jung Eun-kyeong បានថ្លែង​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពីថ្ងៃទី​22​មេសា​ ​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​COVID-19មួយ​ចំនួនដែល​បាន​ជា​សះ​ស្បើយ​​របស់​ប្រទេស​នេះ បាន​កើត​ជំងឺ​នេះ​ជា​ថ្មី​ ប៉ុន្តែ មិន​មាន​លទ្ធ​ភាព​ក្នុងការ​ចម្លង​មេរោគ​ទៅ​អ្នក​ដទៃ​នោះ​ឡើយ​។

    KCDC បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​អ្នក​ជំងឺ​25​នាក់​ដែល​បាន​ជាពី​ជំងឺ​ដើម្បី​ស្វែង​យល់​ថា​តើ​ពួក​គេ​នៅ​មានផ្ទុក​​វីរុស​COVID-19នេះ​ដែរ​ ឬ​អត់​។ អ្នក​ទាំង​នេះ សុទ្ធ​តែ​មាន​អង្គ​បដិប្រាណ​​ទប់​ទល់​នឹង​ COVID-19 ក៏ប៉ុន្តែ 12​នាក់​ក្នុង​ចំណោម​25​នាក់​ខាង​លើ បាន​បង្ហាញ​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​នេះ​ម្ដង​ទៀត​។

    “បញ្ហា​នេះ​អាស្រ័យ​ទៅ​លើ​អ្នក​ជំងឺ​ម្នាក់​ៗ ដែល​អាច​ធ្វើ​ឱ្យ​វីរុស​នេះ​​ស្ថិត​នៅ​ក្នុង​រាងកាយ​បាន​យូរ​ដោយ​មិន​អាច​បណ្ដេញ​ពី​រាង​កាយ​ឱ្យ​អស់​ សូម្បី​តែ​នៅ​ពេល​រាង​កាយ​បាន​​បង្កើត​​អង្គ​បដិប្រាណរួច​ហើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​​បន្ថែម​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​”។ នេះ​បើ​តាម​សម្ដី​របស់​លោក​Jung Eun-kyeong​។

    កូរ៉េខាង​ត្បូង​ ព្រឹក​នេះ​បាន​រាយការណ៍​ថា មាន​អ្នកជំងឺ​ថ្មី​8​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​10,702​នាក់​។ ក្នុងចំណោម​អ្នកជំងឺ​ថ្មី ក៏មាន​4​នាក់​ជា​អ្នក​ជំងឺ​នាំ​ចូល​ ដែល​មក​ទល់​នឹង​ពេល​នេះ​ កូរ៉េខាង​ត្បូង​មាន​អ្នកជំងឺ​នាំ​ចូល​សរុប​1,021​នាក់​។ ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ចំនួន​240​នាក់​ ខណៈ​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​មាន​ចំនួន​8,411​នាក់​ ក្នុង​នោះ​មាន​134​នាក់​ទើប​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​។

    គិត​មក​ដល់​បច្ចុប្បន្ន ពិភពលោក​ទាំង​មូល​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​វីរុស​COVID-19 បណ្ដាល​ឱ្យ​មនុស្ស​ជាង​2.6​លាន​នាក់​បាន​ឆ្លង​មេរោគ និង​ជាង​184,000​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​បារាំង​នាំគ្នា​វាយ​បំផ្លាញ​សម្បត្តិ​សាធារណៈ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ

    ពលរដ្ឋ​បារាំង​នាំគ្នា​វាយ​បំផ្លាញ​សម្បត្តិ​សាធារណៈ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ

    ប្រជាជន​បារាំង​ជា​ច្រើន​ បាន​នាំ​គ្នា​ចេញ​មក​តាម​ដង​ផ្លូវ​ ហើយ​បាន​ដុត​បំផ្លាញ​ធុង​សំរាម​ វាយ​បំបែក​​រថយន្ត ព្រម​ទាំង​ប៉ះទង្គិច​ជាមួយ​ក្រុម​សមត្ថ​កិច្ច​ ដោយ​មិន​ខ្វល់​អំពី​បម្រាម​គោចរ​ទប់​ស្កាត់​ COVID-19 នៅ​ប្រទេស​នេះ​។

    បារាំង​បាន​ដាក់​បម្រាម​គោចរ​ចាប់​ពីថ្ងៃទី​17​មីនា​ ដល់​ថ្ងៃទី​11​ឧសភា​ នៅ​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ដោយ​សារ​ COVID-19 ចេះតែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន ប្រទេស​នេះ​មាន​អ្នក​​ជំងឺ​សរុប​159,877​នាក់ និង​អ្នក​ស្លាប់​ឡើង​ដល់​21,340​នាក់​ ហើយ​ក្លាយជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​លំដាប់​ទី​4​នៅ​ក្នុង​ពិភពលោក​។

    ក៏ប៉ុន្តែ បម្រាម​គោចរ​​ដែល​មាន​សុពល​ភាព​យូរ​ពេក បាន​ធ្វើ​ឱ្យ​ភាព​តាន​តឹង​រវាង​ប្រជា​ជន​ ជាមួយ​នឹង​ក្រុម​ប៉ូលិស។ ស្ថាន​ភាព​តាន​តឹង​បាន​រាល​ដាល​ធំឡើង​ៗ បន្ទាប់​ពី​មាន​ករណី​បរុស​ម្នាក់​បើក​បរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ទ្វា​ររថយន្ត​របស់​ប៉ូលិស​ ដែល​កំពុង​ឈប់​​នៅពេល​​ស្តុប​ភ្លើង​ក្រហម ​ក្នុងតំបន់ Villeneuve-la-Garenne ជាយ​ក្រុង​ភាគ​ខាង​​ជើង​ប៉ារីស​​កាល​ពីថ្ងៃទី18​មេសា​។

    សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​បាន​បើក​​ទ្វា​រ​រថយន្ត​ដោយ​ចេតនា​ដើម្បី​ស្កាត់​អ្នក​ជិះ​ម៉ូតូ​ម្នាក់​នោះ​ ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​ច្រាន​​ចោល​​ការ​អះអាង​​នេះ​។ ករណី​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​ពាស​ពេញ​ប្រទេស​បារាំង​។

    នៅក្នុង​ខណ្ឌ​មួយ​នៅ​ទីក្រុង​Lyon ក្រុម​មនុស្ស​ប្រមាណជា​30​នាក់ បាន​នាំ​គ្នា​វាយ​កម្ទិច​ស្ថានីយរង់​ចាំ​រថយន្ត​​មួយ​កន្លែង​ ហើយ​ពួកគេ​ក៏បាន​ដុត​ធុង​សំរាម វាយ​បំផ្លាញ​រថយន្ត និង​កម្ទិច​ខ្លោង​ទ្វារ​ចូល​ទៅ​កាន់​​មណ្ឌល​កុមារ​មួយ​កន្លែង​កាលពីថ្ងៃទី​20​មេសា​កន្លង​ទៅ ដោយ​មូល​ហេតុ​ថា​ “ទាម​ទារ​យុត្តិ​ធម៌​ជូន​ Villeneuve-la-Garenne”។

    នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ទៀត​ដូច​ជា Toulouse, Strasbourg, Bordeaux និង Versailles​ ជាដើម​ ក៏​មាន​សកម្ម​ភាព​វាយ​បំផ្លាញ​ដូច​គ្នា​នេះ​ដែរ​។ អំពើ​ហិង្សា​បាន​បន្ត​កើត​ឡើង​នៅ​យប់​ថ្ងៃទី​21​មេសា​ នៅ​ពេល​ដែល​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ប៉ារីស ត្រូវ​បាន​ដុត​បំផ្លាញ​ទាំង​ស្រុង​ ខណៈ​ដែល​ប៉ូលិស​នៅ​ក្នុង​ខណ្ឌ​មួយ​ផ្សេង​ទៀត​ក៏បាន​រាយ​ការណ៍​ថា ពួក​គេ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​។

    “ខ្ញុំ​យល់​អំពី​មូលហេតុ​ដែល​អ្នក​បាន​វាយ​បំផ្លាញ​រថយន្ត​។ សូម​មេត្តា​​ត្រឡប់​ទៅ​ផ្ទះ និង​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​” នេះ​គឺ​ជា​សម្ដី​របស់​អ្នក​ជិះ​ម៉ូតូ អាយុ​30​ឆ្នាំ និយា​យ​ក្នុងឃ្លីប​​វីដេអូ​មួយ​ដែល​ថត​ពី​មន្ទីរ​ពេទ្យ​ ជា​កន្លែង​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ដោយ​សារ​តែបាក់​ជើងក្នុង​ហេតុការណ៍​​​មួយ​កាល​ពី​សប្ដាហ៍​មុន​ ដែល​បង្ក​ឡើង​ដោយ​ប៉ូលិស​​។

    អភិបាល​ក្រុង Lyon លោក Alexandre Vincendet បាន​ហៅ​ក្រុមអ្នក​​​ប្រើ​អំពើ​ហិង្សា​ ដោយ​មិន​ខ្វល់​ពី​បម្រាម​គោចរ​នោះ​ថា ជា​ “ក្រុម​មនុស្សឆោត​ល្ងង់”។ លោក​សង្កត់​ធ្ងន់​ថា “ពួកគេ​ក៏​ប្រហែល​ជា​មិន​ដឹង​ថា​ Villeneuve-la-Garenne នៅ​ទី​ណា​​លើ​ផែន​ទី​ទៀត​ផង​ក៏មិន​ដឹង​។ នោះ​គ្រាន់​តែ​ជា​លេស​សម្រាប់​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​តែ​ប៉ុណ្ណោះ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស