ប្រជាជនជាច្រើននៅក្នុងទីក្រុងសៃហ្គន(Ho Chi Minh) ប្រទេសវៀតណាម បាននាំគ្នាយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ចជាបន្តបន្ទាប់ ដោយក្នុងនោះមានអាវុធស្ទើរគ្រប់ប្រភេទ តាំងពីកាំបិត រហូតដល់កាំភ្លើង។
ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅទីក្រុងសៃហ្គន ភាគខាងត្បូងប្រទេសវៀតណាម គឺឃើញមានសកម្មភាពប្រមូលអាវុធ និងប្រគល់អាវុធបានកើតឡើងជាហូរហែ ពិសេសគឺនៅក្នុងខណ្ឌ Binh Thanh។ កាំភ្លើងខ្យល់ (Air gun) កាំភ្លើងគ្រាប់ជ័រ កាំបិត machete មានវែងមានខ្លី រួមនឹងគ្រាប់កាំភ្លើង គ្រឿងផ្ទុះ និងគ្រឿងអាវុធជាច្រើនផ្សេងទៀត ត្រូវបានប្រជាជននាំយកមកប្រគល់ឱ្យប៉ូលីស។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ចហើយ អតីតម្ចាស់អាវុធទាំងនោះក៏ទទួលបានអំណោយជាអាហារពីសំណាក់អាជ្ញាធរក្រុង។
លោក Le Phat Minh មកពីខណ្ឌ Binh Thanh បានឱ្យដឹងថា “កាំភ្លើងដែលខ្ញុំបានទិញនេះគឺទុកសម្រាប់បាញ់សត្វកាលពីនៅក្មេង។ ក្រោយមក ដោយសារតែឃើញថាវាលែងមានប្រយោជន៍ និងអាចបង្កគ្រោះថ្នាក់ដល់សង្គម ព្រមទាំងមានការប្រកាសពីខាងសង្កាត់ ដែលឱ្យប្រជាជនប្រគល់អាវុធ ខ្ញុំក៏យកវាមកប្រគល់ឱ្យប៉ូលីស ដើម្បីចៀសវាងហេតុការណ៍អាក្រក់កើតឡើង។
ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ Huynh Le Tuan Khanh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ចដែរនោះ បាននិយាយថា “កាំភ្លើងនេះ ខ្ញុំរើសបាននៅលើដងផ្លូវ។ ក្រោយពីមានការប្រកាសពីអាជ្ញាធរសង្កាត់ ខ្ញុំក៏សម្រេចចិត្តយកវាមកប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួន។
លោក Nguyen Dinh Anh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ច បានថ្លែងថា “បើទោះជាមិនមានអំណោយ ក៏ខ្ញុំនៅតែយកវាមកប្រគល់ឱ្យនគរបាលជាធម្មតា គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អំណោយសម្រាប់ខ្ញុំគឺមិនមានសំខាន់នោះទេ”។
សារព័ត៌មានវៀតណាមដកស្រង់ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា អាវុធទាំងនេះនឹងត្រូវកំណត់តាមប្រភេទ រួចហើយយកទៅកម្ទេចចោល។ ប្រធានប៉ូស្តិ៍នគរបាលសង្កាត់2 លោក Le Tran Trung បានថ្លែងថា “នៅក្នុងរយៈពេលនៃការសម្រាកនៅផ្ទះដោយសារបម្រាមគោចរកន្លងមក មានករណីឈ្លោះប្រកែកគ្នាច្រើន ដែលនាំឱ្យមានបញ្ហាប្រើប្រាស់អាវុធកើតឡើង។ ក្រោយពីបម្រាមគោចរបានបញ្ចប់ សង្កាត់ក៏មានកម្មវិធីប្រមូលអាវុធ ព្រោះថា ការប្រើប្រាស់អាវុធគឺជារឿងគ្រោះថ្នាក់ ដែលអាចបង្កឱ្យមានរឿងស្ដាយក្រោយជាច្រើន។ មេប៉ូស្តិ៍រូបនេះបន្ថែមថា “សមត្ថកិច្ចនឹងបន្តប្រមូលអាវុធដែលនៅសល់ឱ្យអស់ ពិសេសគឺចំពោះក្រុមក្មេងៗ។
សមត្ថកិច្ចបានឱ្យដឹងថា សកម្មភាពប្រមូលអាវុធខាងលើនេះនឹងត្រូវបានអាជ្ញាធរក្រុងសៃហ្គន បន្តអនុវត្តដល់ដំណាច់ឆ្នាំ2020៕
ប្រភព៖ សារព័ត៌មានបរទេស




វេជ្ជបណ្ឌិត Husemann អះអាងថា ពួកគាត់ចង់ជួយសង្គ្រោះអ្នកជំងឺខ្លាំងណាស់ ប៉ុន្តែពួកគាត់ក៏ត្រូវការសម្ភារវេជ្ជសាស្ត្រដែលសមស្របផងដែរ។ វេជ្ជបណ្ឌិតមួយរូបផ្សេងទៀតថ្លែងថា “ខ្ញុំបានទទួលការបណ្ដុះដើម្បីដេរមុខរបួស។ ហេតុអ្វីឱ្យខ្ញុំដេរម៉ាស់ដោយខ្លួនឯងទៀត?”។
បណ្ដាក្រុមហ៊ុន និងរោងចក្រនៅអាល្លឺម៉ង់ បានបង្កើនចង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីផ្គត់ផ្គង់ឈុតការពារមេរោគ ក៏ដូចជាសម្ភារវេជ្ជសាស្ត្រ ប៉ុន្តែនៅតែមិនអាចសមតាមតម្រូវការជាក់ស្ដែង។
ការសិក្សាស្រាវជ្រាវថ្មីកន្លងមកនេះរបស់សមាគមនៃក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែខ្វះម៉ាស់ប្រភេទប្រើ1ដងចោល ប្រមាណជា100លានបន្ទះ និងម៉ាស់ប្រភេទមានតម្រងច្រោះខ្យល់ជិត50លានបន្ទះ រួមនឹងស្រោមដៃប្រើម្ដងចោលជាង60លានស្រោម៕





