Category: អន្តរជាតិ

  • ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ពិភពលោក​ទាំង​មូល​​​ មាន​អ្នក​ស្លាប់​ជាង​227,000​នាក់​ ក្នុង​ចំណោម​​អ្នក​ជំងឺ​​​COVID-19 ជិត​3.2​នាក់​ ក្នុង​នោះ​តំបន់​អឺរ៉ុប និង​អាមេរិកខាង​ជើង​ រង​គ្រោះ​ធ្ងន់​ធ្ងរជា​ងគេ​បំផុត​។

    ទិន្ន​ន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ និងដែន​ដី​ចំនួន​210​ក្នុងពិភពលោក បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​3,187,919​នាក់ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​សរុប​227,177​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​76,189​នាក់ និង​អ្នកស្លាប់​ថ្មី​មាន​ចំនួន​10,320​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ជិត​1​លាន​នាក់​។

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​30​មេសា​នេះ ទំព័រ WorldOMeters បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​គឺ​ទ្វីប​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​​1,347,380​នាក់​ ខណៈ​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,150,083​នាក់​ អាស៊ី​មាន​​507,328​នាក់ អាមេរិក​ខាង​ត្បូង​មាន​​165,812​នាក់ និង​អាហ្វ្រិក​មាន​​37,663​នាក់​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​គេ​​ នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,037,526​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​60,846​នាក់​។ អ្នក​ជំងឺ​ថ្មីនៅ​ប្រទេស​នេះ​មាន​25,926​នាក់ និង​អ្នក​ស្លាប់ថ្មី​មាន​2,503​នាក់​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​4,771​នាក់ និង​អ្នក​ស្លាប់​ថ្មី​453នាក់។ អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​មាន​ 236,899​នាក់ និង​អ្នក​ស្លាប់​សរុប​24,275​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,086​​នាក់ និង​អ្នក​ស្លាប់​ថ្មី​323​នាក់​។ អ្នក​ជំងឺ​សរុប​203,591​នាក់​ និង​អ្នក​ស្លាប់​សរុប​27,682​នាក់​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

    សហរដ្ឋ​អាមេរិក​៖ ជាង​61,000​នាក់​ស្លាប់​ដោយ​សារ​COVID-19! សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​

    COVID-19 បាន​សម្លាប់​មនុស្ស​ជាង​​61,000​នាក់​នៅ​សហរដ្ឋ​អាមេរិក​ និង​បាន​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ដាំ​ក្បាល​ចុះ​យ៉ាង​ឆាប់រហ័ស​ និង​ធ្ងន់​ធ្ងរ​បំផុត រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​កាល​ពី​ឆ្នាំ​2008។

    យោង​តាម​ទិន្នន័យ​នៅ​លើ​ទំព័រ Worldometers គិត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​ COVID-19 ជាង​1,900​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ​ឡើង​ដល់​61,180​នាក់​។ ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​​ប្រមាណ​ជា​ជិត​21,000​នាក់​ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជិត​1,06​លាន​នាក់​។

    តួលេខ​អំពី​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ប្រហាក់​ប្រហែល​ទៅ​នឹង​តួលេខ​អ្នក​ស្លាប់​ដោយ​​ជំងឺ​ផ្ដាសាយ​រដូវ​(seasonal influenza (flu) នៅ​ប្រទេស​នេះ​កាលពី​ឆ្នាំ​2017-2018។ ក្រុម​អ្នកជំនាញ​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារCOVID-19 នៅ​សហរដ្ឋ​អាមេរិក​អាច​កើន​ដល់​74,000​នាក់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​។

    COVID-19 ​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាលដាល​នៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ចុង​ខែ​មករា ឆ្នាំ​2020 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​។ យោង​តាម​ទិន្ន​ន័យ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ ក្រសួង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា GDP​ ក្នុង​ត្រីមាស​ទី​1​របស់​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​4.8% ដែល​នេះ​បាន​បង្ហាញ​ថា សេដ្ឋ​កិច្ច​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ចាប់​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​2008។

    ប្រធាន​នាយក​ដ្ឋាន​នៃ​ប្រព័ន្ធ​បម្រុង​សហរដ្ឋ​អាមេរិក​(Fed) កាល​ពី​ម្សិល​មិញ​បាន​ព្រមាន​ថា “យើង​នឹង​អាច​ឃើញ​តួលេខ​សេដ្ឋ​កិច្ច​ក្នុង​ត្រី​មាស​ទី​2 អាក្រក់​ជាង​ពេល​ណា​ៗ​ទាំង​អស់”។ មន្ត្រី​រូប​នេះ​សង្កត់​ធ្ងន់​ថា ដំណើរ​ការ​នៃ​ការ​ងើប​ឡើង​វិញ​របស់​សេដ្ឋ​កិច្ច​ នឹង​ស៊ី​ពេល​យ៉ាង​យូរ និង​មាន​ឧបសគ្គ​ច្រើន​ ប៉ុន្តែក៏​អាច​ងើប​ឡើង​វិញ​បន្តិច​ម្ដង​ៗ​នៅ​ត្រី​មាស​ទី​3 នៅ​ពេល​ដែល​បណ្ដា​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ចាប់​បើក​ដំណើរ​ការ​ឡើង​វិញ។

    ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​លើក​ឡើង ក្នុង​ពេល​ដែល​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ និង​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ​។ ប៉ុន្តែ ប្រការនេះ​ក៏​​ត្រូវ​បាន​អ្នក​​ជំនាញ​ព្យាករ​ថា អាច​ធ្វើ​ឱ្យ​ COVID-19 ងើប​ក្បាល​ឡើង​វិញ​ផងដែរ​។

    វិបត្តិ​សុខ​ភាព​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណ​ជា​27​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក បាត់​បង់​ការ​ងារ​ធ្វើ។ Kevin Hassett ដែល​ជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​របស់​ប្រធានាធិបតី Trump កាល​ពី​ថ្ងៃ​ទី​26​មេសា បាន​ឱ្យ​ដឹង​ថា​ អត្រា​នៃ​អ្នក​បាត់​បង់​ការ​ងារ​​ឡើង​ដល់​16​% ឬ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​ខែ​មេសា និង​ “អាក្រក់​ជាង​នេះ​” ក្នុង​ពេល​ខាងមុខ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ឆេះ​ការដ្ឋាន​សំណាង់​អគារ​4​ជាន់​ សម្លាប់​​មនុស្ស​38​នាក់​

    ឆេះ​ការដ្ឋាន​សំណាង់​អគារ​4​ជាន់​ សម្លាប់​​មនុស្ស​38​នាក់​

    កូរ៉េខាង​ត្បូង​៖ ករណី​អគ្គិភ័យ​ឆេះ​សំណង់​អគារ​ឃ្លាំង​កំពស់​4​ជាន់​នៅ​តំបន់​ Icheon បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​38​នាក់ និង​10​នាក់​ផ្សេង​ទៀត​រង​របួស​។

    ហេតុ​ការណ៍​អគ្គិភ័យ​ខាង​លើ​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​13និង​32​នាទី​(ម៉ោង​11​និង​30នាទី​នៅ​ភ្នំពេញ) នា​ថ្ងៃ​នេះ​ នៅ​តំបន់​ Icheon ដែល​មាន​ចម្ងាយ​ប្រហែល​80​គម ភាគ​អាគ្នេយ៍​រដ្ឋ​ធានី​ Seoul។ កម្ម​ករ​ប្រមាណ​ជា​78​នាក់​កំពុង​បំពេញ​ការ​ងារ​នៅ​ជាន់​ក្រោម​ដី​របស់​អគារ​នេះ ​ខណៈ​ពេល​អគ្គិភ័យ​កំពុង​កើត​ឡើង។ កង​កម្លាំង​ពន្លត់​អគ្គិភ័យ​ និង​ក្រុម​សង្គ្រោះ​បន្ទាន់​ចំនួន​​410​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែ​ងកើត​ហេតុ​ និង​បាន​គ្រប់​គ្រង​ស្ថាន​ការណ៍​នៅ​វេលា​ម៉ោង​18និង​42​នាទី​ ត្រូវ​នឹង​ម៉ោង​16​និង​40​នាទី​នៅ​កម្ពុជា​។

    សមត្ថ​កិច្ច​សង្ស័យ​ថា ហេតុ​ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​ការ​ផ្ទុះ​មួយ​ទាក់​ទិន​នឹង​ការ​ដំឡើង​ជណ្ដើរ​យន្ត​ដឹក​ទំនិញ​ពី​ជាន់​ក្រោម​ដី​ និង​ urethane ដែល​ជា​សារ​ធាតុ​គីមី​ងាយ​ឆាប​ឆេះ​ ប្រើ​សម្រាប់​ការ​ពារ​កម្ដៅ​។ ជន​រង​គ្រោះ​ដែល​នៅ​មាន​ជីវិត​យល់​ថា​ កន្ទុយ​បារី​អាច​ជា​មូលហេតុ​នៃ​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​។

    ប្រធានាធិបតី​ Moon Jae-in បាន​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​។

    គួរ​រំឭក​ថា កាល​ពី​2ឆ្នាំ​មុន​ អគ្គិភ័យ​មួយ​ក៏បាន​កើត​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​ហាត់​ប្រាណ​មួយ​កន្លែង​នៅ​តំបន់ Jecheon បណ្ដាល​ឱ្យ​មនុស្ស​​29​នាក់​បាន​ស្លាប់​​ ហើយ​1ខែ​ក្រោយ​ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ ក៏​មាន​អគ្គិភ័យ​1ទៀត​បាន​កើត​ឡើង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​1នៅ​ទីក្រុង​ Miryang ដែល​​បាន​សម្លាប់​មនុស្ស​41​នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

    សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

    Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

    ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បាញ់ និងកម្ទេចនាវាណាក៏ដោយរបស់អ៊ីរ៉ង់ បើសិននាវាទាំងនោះចូលមករំខាន ឬរករឿងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រ។

    សំណេររបស់លោកត្រាំនៅក្នុងធ្វីតធើរនេះ បានកើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្សព្វផ្សាយឃ្លីបវីដេអូមួយដែលបង្ហាញឱ្យឃើញនាវាប្រដេញចំនួន 11គ្រឿងរបស់កងកម្លាំងការពារការបដិវត្តអ៊ីរ៉ង់ ឬIRGC បានបើកចូលមកក្បែរនាវារបស់កងទ័ពសហរដ្ឋអាមេរិក និងអង្គភាពការពារដែនសមុទ្រក្នុងរយៈចម្ងាយដ៏គ្រោះថ្នាក់បំផុត ខណៈកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រពែក្ស៍ ធ្វើឱ្យសហរដ្ឋអាមេរិក ថ្លែងថ្កោលទោសថា ជាទង្វើដែលបង្កគ្រោះថ្នាក់ និងពន្យុះសង្គ្រាម។

    យ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ប្រាកដថា បញ្ជាចុងក្រោយបំផុតរបស់លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាច្បាប់ដែលត្រូវតម្កល់ទុកប្រចាំកងទ័ពជើងទឹក ឬយ៉ាងណានោះទេ និងថែមទាំងមិនទាន់ប្រាកដច្បាស់ថា ទីបញ្ជាការជាន់ខ្ពស់ ដែលមានតួនាទីគ្រប់គ្រងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងបញ្ជាឱ្យបាញ់នាវារបស់អ៊ីរ៉ង់ ឬយ៉ាងណានៅឡើយដែរ។ តែបញ្ជាបែបនេះ អាចធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងអ៊ីរ៉ង់ ដែលប៊ិះនឹងកើតមានសង្គ្រាមកាលពីអំឡុងដើមឆ្នាំនោះ កាន់តែអាក្រក់ឡើងទៅទៀត។

    https://www.lareine.com.kh/news/inter/77425/Caption រូបភាពដែលផ្សព្វផ្សាយដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញនាវាប្រដេញរបស់កងទ័ពអ៊ីរ៉ង់បើកមកប្រកៀកនាវាចម្បាំង USS Paul Hamilton និងនាវាផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ក្នុងរយៈចម្ងាយអសុវត្ថិភាព កាលពីថ្ងៃទី15 មេសាកន្លងទៅ…

    ចំណែកអ្នកនាំពាក្យរបស់ IRGC បានចេញមកឆ្លើយតបធ្វីតធើររបស់លោកត្រាំថា “ជំនួសឱ្យការ ចង់មករំលោភអ្នកដទៃដូចថ្ងៃនេះហើយ ពួកអាមេរិកាំង គួរតែខំប្រឹងព្យាយាមដើម្បីជួយបុគ្គលិកកងទ័ពរបស់ខ្លួនឯងដែលឆ្លងមេរោគវីរុសកូរ៉ូណាឱ្យជាសះស្បើយវិញ ប្រសើរជាង”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ…

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ…

    ថ្ងៃទី​22​សីហាឆ្នាំ​2019 កុមារា​ជា​អ្នក​ជំនាញ​ខាង​​ហោរាសាស្ត្រ​ម្នាក់​ឈ្មោះ​ Abhigya Anand អាយុ​14​ឆ្នាំ នៅ​ប្រទេស​ឥណ្ឌា​ បាន​បង្ហោះឃ្លីប​វីដេអូ​មួយ​នៅ​លើ​ Youtube ដោយ​បាន​ធ្វើ​ការព្យាករ​យ៉ាង​ឆុត​​អំពីសោក​នាដ​កម្ម​បង្ក​ឡើង​ដោយ​វីរុស​ COVID-19 នាបច្ចុប្បន្ន​។

    នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​22​សីហា​ឆ្នាំ​2019​នោះ Abhigya Anand បាន​ធ្វើ​ការ​ព្យាករ​ថា​នឹង​មាន​សោក​នាដ​កម្ម​មួយ​កើត​ឡើង​នៅ​លើ​ផែន​ដី​ចាប់​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​2019 ដល់​ចុង​ខែ​មេសា​ឆ្នាំ​2020​។ កុមារា​​ដែល​ធ្លាប់​ទទយល​បាន​ពាន​រង្វាន់​ “អច្ឆរិយ​​កុមារ​ពិភពលោក​” រូប​នេះ​បាន​ឱ្យ​ដឹង​ថា ពិភពលោក​នឹង​បាន​ឃើញ​​សង្គ្រាម​ជីវ​សាស្ត្រ​មួយ​នៅ​ឆ្នាំ​2020​ ដែល​ប្រការ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​រោគ​រាត​ត្បាត​COVID-19។

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ...
    ក្នុង​រូប​ថត​នេះ​ មាន​ឪពុក​ម្ដាយ​ និង​ប្អូន​ស្រី​របស់​ Abhigya Anand

    Abhigya Anand ព្យាករ​ថា សោក​នាដ​កម្ម​​បែប​រោគ​រាត​ត្បាត​នឹង​កើត​ឡើង និង​​គ្រប​ដណ្ដប់​ទូទាំង​សកល​លោក​ ចាប់​ពី​អាស៊ី​ដល់​អឺរ៉ុប រហូត​ដល់​ទ្វីប​អាមេរិក ឥណ្ឌា រួម​នឹង​បណ្ដា​ប្រទេស​នៅ​ភាគ​ពាយព្យ​ប្រទេស​ឥណ្ឌា​។ល។

    កុមារា​រូប​នេះ​ក៏បាន​ព្យាករ​ថា ប្រទេស​ចិន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​សោក​នាដកម្ម​នេះ។ ទន្ទឹមនឹង​នេះ បណ្ដា​ប្រទេស​អ្នក​មាន ឬ​ក៏​ប្រទេស​ដែល​មាន​អណ្ដូង​ប្រេង​ច្រើន​ដូច​ជា សហរដ្ឋ​អាមេរិក អង់គ្លេស​ ប៉ាគីស្ថាន អ៊ីស្រាអែល​ជា​ដើម​ ក៏នឹង​ត្រូវ​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​សោក​នាដ​កម្ម​នេះ​ផងដែរ​។

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ...គ្រោះ​មហន្តរាយ​​នេះ​ក៏នឹង​បង្ក​ឱ្យ​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ទ្រង់​ទ្រាយ​ធំទូទាំង​ពិភពលោក​ដោយ​សារ​តែ​រោគ​រាត​ត្បាត​ឆ្លង​រាលដាល​។ ក្នុង​នោះ​ វិស័យ​សេដ្ឋកិច្ច​ ដឹក​ជញ្ជូន​ និង​ទេសចរណ៍​ក៏ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​។​ នេះ​បើ​តាម​សម្ដី​កុមារាអច្ឆរិយ Abhigya។

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ...អ្នក​ជំនាញ​ខាង​ហោរា​សាស្ត្រ​​​នេះ​ក៏បាន​និយាយ​បន្ថែម​ថា សង្គ្រាម​ជីវសាស្ត្រ​ ដែល​តាម​ការ​យល់​ឃើញ​របស់​កុមារ​នេះ​នោះ​គឺ​សង្គ្រាម​របស់​មនុស្ស​ ប្រឆាំង​ទៅ​នឹង​វីរុស​ដ៏គ្រោះ​ថ្នាក់​។ កុមារា​នេះ​ក៏​បាន​ស្នើ​ឱ្យ​អ្នក​រាល់គ្នា​នៅ​ក្នុង​ផ្ទះ​ក្នុង​អំឡុង​ពេល​សង្គ្រាម​ជីវ​សាស្ត្រ​នេះកំពុង​កើត​ឡើង​​ ព្រោះ​ថា​ការ​ចេញ​ក្រៅ​ផ្ទះ​នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ផ្ទុះ​ជា​រោគ​រាត​ត្បាត​។

    កុមារ​ Abhigya Anand មាន​បញ្ញា​ខ្ពស់​គួរ​ឱ្យ​កោត​សរសើរ​

    Abhigya Anand ទទួលបាន​សមត្ថិ​ផល​យ៉ាង​ច្រើន​គួរ​ឱ្យ​គោរព​កោត​សរសើរ​។ កុមារ​នេះ​បច្ចុប្បន្ន​មាន​អាយុ14​ឆ្នាំ​ ប៉ុន្តែ​បាន​ក្លាយ​ជា​អ្នក​ព្យាករ​វ័យ​ក្មេង​បំផុត​ក្នុងពិភពលោក​ ដែល​មាន​ការ​យល់​ដឹង​ច្រើន​អំពី​គម្ពីរត្រៃវេទ​(The Vedas) និង​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ(Ayurveda)។

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ...Abhigya ទទួល​បាន​សញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែកមីក្រូជីវសាស្រ្ត Ayurveda (Post Graduate Diploma in Ayurvedic Microbiology(PGDAM) ហើយ​ក៏ជា​សិស្ស​ក្មេង​បំផុត​ដែលបាន​ទទួល​សញ្ញា​បត្រ​កម្រិត​នេះ​នៅក្នុងប្រទេស​ឥណ្ឌា​។ បច្ចុប្បន្ន កុមារ​រូប​នេះ​កំពុង​តែ​សិក្សា​លើមុខវិជ្ជាព្យាករ​ផ្នែកហិរញ្ញវត្ថុជាន់​ខ្ពស់​នៅសាកលវិទ្យាល័យ Divya Jyothi ប្រទេស​ឥណ្ឌា។

    Abhigya Anand ក៏បាន​ស្រាវជ្រាវ​​ និង​យល់​ដឹង​ស៊ី​ជម្រៅ​អំពី​ភាសា​សំស្ក្រឹត​ រហូត​ដល់​ថ្នាក់​ដែល​អាច​បង្រៀន​​​សិស្ស​ដូច​ទៅ​នឹង​សាស្ត្រា​យ៉ាង​ដូច្នោះ​ដែរ​។ កុមារ​រូប​នេះ រួម​នឹង​ប្អូន​ស្រី​របស់​គាត់ មាន​ប៉ុស្តិ៍​ Youtube មួយ​ដែល​​មាន​​វីដេអូ​ជាង​700​ឃ្លីប ក្នុង​នោះ​មាន​300​ឃ្លីបនិយាយ​អំពី​ការ​ព្យាករ​នានា​។

    ​​កុមារ​អច្ឆរិយ​ពិភពលោកនៅ​ឥណ្ឌា​ ដែល​ធ្លាប់​បាន​ព្យាករ​យ៉ាង​ឆុត​​អំពី​ COVID-19 តាំង​ពី​ខែ​សីហា​2019 យល់​ដឹង​ច្បាស់​ពី​គម្ពីរ​ត្រៃវេទ សំស្រ្កឹត និង​​ប្រព័ន្ធ​វេជ្ជ​សាស្ត្រ​ហិណ្ឌូ​បុរាណ...ដោយ​សារ​តែ​សមិទ្ធិផលដ៏ល្អបំផុត​របស់​ខ្លួន Abhigya Anand ក៏​ទទួល​បាន​ពាន​រង្វាន់​ “អច្ឆរិយ​​កុមារ​ពិភពលោក​” (Global Child Prodigy) ដែល​ពាន​រង្វាន់​ប្រភេទ​នេះ​បាន​ប្រគល់​ជូន​កុមារ​តែ​ប៉ុន្មាន​រយ​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក​នា​បច្ចុប្បន្ន៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

    តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

    ក្រោយការបាត់ខ្លួនយ៉ាងគ្មានតម្រុយរបស់លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ពីការមិនទៅចូលរួមពិធីបុណ្យអបអរសាទរថ្ងៃកំណើតរបស់លោក គីម អ៊ីល ស៊ុង ជីតារបស់ខ្លួនអ្នកបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី15 មេសាកន្លងទៅនោះ បានធ្វើឱ្យកើតមានព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹក អំពីរឿងសុខភាពរបស់លោក គីម ជុង អ៊ុន និងថែមទាំងមានរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន CNN ដែលដកស្រង់ពីសម្រង់ព័ត៌មាន បានបញ្ជាក់ថា លោកគីម បានចូលវះកាត់ព្យាបាលបេះដូង និងមានអាការធ្ងន់ធ្ងរ។

    កណ្ដាលព័ត៌មានចចាមអារ៉ាមដែលខ្ចរខ្ចាយដ៏ច្រើននោះ ក៏មានរបាយការណ៍ពីក្រុមអង្គការ 38North ជាក្រុមអ្នកសង្កេតការណ៍ និងតាមដានហេតុការណ៍ផ្សេងៗនៅក្នុងកូរ៉េខាងជើង ដែលបានបង្ហាញរូបភាពតាមរយៈផ្កាយរណប ដែលបង្ហាញឱ្យឃើញពីក្បួនរថភ្លើងដែលត្រូវបានបញ្ជាក់ថា ជាក្បួនរថភ្លើងរបស់លោកប្រធាន គីម ជុង អ៊ុន ដែលមានប្រវែងប្រមាណជា 250ម៉ែត្រ កំពុងចតនៅក្នុង “ស្ថានីយរថភ្លើងមហាមេដឹកនាំ” ក្នុងទីក្រុងវ៉នសាន ដែលត្រូវបានគេរកឃើញថា បានចតនៅទីនោះតាំងពីថ្ងៃទី21 មេសា រហូតដល់ថ្ងៃទី23 មេសា។

    ស្ថានីយរថភ្លើងមហាមេដឹកនាំនេះ ជាស្ថានីយរថភ្លើង ដែលប្រើប្រាស់បានចំពោះតែមនុស្សក្នុងត្រកូលគីមតែប៉ុណ្ណោះ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌល “វ៉នសាន ខំផ្លេកស៍” ជាកន្លែងដែលមានអគារធំៗដ៏ច្រើន ដែលសាងសង់ឡើងមិនយូរប៉ុន្មានក្រោយពីលោក គីម ជុង អ៊ុនឡើងគ្រប់គ្រងប្រទេសកាលពីឆ្នាំ2011។

    នៅខាងក្នុងមជ្ឈមណ្ឌល វ៉នសាន ខំផ្លេកស៍ មានផ្ទះទទួលភ្ញៀវខ្នាតធំដល់ទៅ 9ខ្នង និងបន្ទប់សន្ទនាការ 1កន្លែង ក្រៅពីនេះនៅមានកំពង់ផែចំណតនាវាកម្សាន្តទំនើបខ្នាតធំរបស់លោកគីម ទីលានបាញ់កាំភ្លើង និងបន្ទប់ទស្សនាភាពយន្តទៀតផង។

    តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍នៅក្បែរនឹងស្ថានីយរថភ្លើងមហាមេដឹកនាំ នៅមានរ៉ាន់វេយ៍(ផ្លូវចុះចត និងហោះឡើងរបស់យន្តហោះ)ខ្នាតតូចមួយ ដែលកាលពីដើមសម្រាប់ប្រើជាមួយយន្តហោះធុនតូច តែមកដល់ពាក់កណ្ដាលឆ្នាំកន្លងទៅ(2019) ទីនោះត្រូវបានកែច្នៃឱ្យក្លាយជាទីលានសម្រាប់ជិះសេះ ជាការងារដែលលោកប្រធានគីម ចូលចិត្តបំផុត។

    យ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់ក្បួនរថភ្លើងរបស់លោកប្រធានគីមនេះ នៅមិនទាន់អាចពិសោធបានថា តើលោកប្រធានគីមពិតជាស្នាក់នៅមជ្ឈមណ្ឌលវ៉នសាន ខំផ្លេកនេះ ឬយ៉ាងណានោះទេ?

    ព្រោះរបាយការណ៍របស់ DailyNK សារព័ត៌មានរបស់ក្រុមអ្នករត់គេចចេញពីប្រទេសកូរ៉េខាងជើង បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា ក្រោយពីចូលទទួលការវះកាត់បេះដូងរួច លោកគីម ក៏ត្រូវបាននាំខ្លួនទៅសម្រាកស្ដារសុខភាពឡើងវិញ នៅឯផ្ទះលម្ហែ យកខ្យល់អាកាសនៅក្នុងខេត្ត ផយ៉ង់ កាន់ ខាងជើង។

    ពេលនេះ កុំថាតែរឿងកន្លែងស្នាក់នៅរបស់លោកគីម ជុង អ៊ុន ថានៅទីណានោះ សូម្បីតែថា តើលោក គីម ជុង អ៊ុន នៅមានជីវិតរស់នៅ ឬអត់នោះ ក៏មិនទាន់មានអ្នកណាដឹងច្បាស់នៅឡើយ?…៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

    អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

    ក្រុម​មន្ត្រី​​អាមេរិកាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​អនុសាសន៍​របស់​លោក Trump ដែល​បាន​ថ្លែង​ថា៖ គួរ​តែពិសោធលើក​ការ​ចាក់​សារ​ធាតុ​សម្អាត​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​ជំងឺ​ដើម្បី​កម្ចាត់​ COVID-19

    ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​​កាល​ពី​ថ្ងៃទី​23​មេសា ដែល​កាល​ណោះ​លោក​ Trump បាន​ផ្ដល់​អនុសាសន៍​ដូច​ខាង​លើ​ គេ​ឃើញ​ថា​មាន​សេចក្ដី​ប្រកាស​បន្ទាន់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រមាន​ដល់​សាធារណ​ជន​អំពី​ហានិភ័យ​ដែល​អាច​នាំ​ឱ្យ​បាត់​បង់​ជីវិត​ទាក់​ទិន​នឹង​វិធីសាស្ត្រ​ដែល​ប្រធានាធិបតី​អាមេរិកាំង​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​23​មេសា​កន្លង​ទៅ​នោះ​។

    រដ្ឋបាល​គ្រប់​គ្រង​ចំណី​អាហារ​ និង​ឱសថ​(FDA/Food and Drug Administration) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​24​មេសា​ ក៏បាន​ព្រមាន​អំពី​ការ​ប្រើប្រាស់​ hydroxychloroquine ជា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​​ដែល​លោក​ Trump បាន​សរសើរ​ជា​ច្រើន​​ដង​ថា​ ​ជា​កត្តា​ “ផ្លាស់​ប្ដូរ​ល្បែង​លេង​” ក្នុងសង្គ្រាម​ប្រឆាំង​នឹង​ COVID-19 ព្រោះ​ថា​ថ្នាំ​នេះ​មានបង្កប់​ហានិភ័យ​​ដែល​គ្រោះ​ថ្នាក់​ដល់​ចង្វាក់​បេះ​ដូង​។​

    Stephen Hahn សមាជិក​ម្នាក់​របស់​ FDA បាន​ថ្លែង​ថា “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​ នឹង​មិន​ផ្ដល់​អនុសាសន៍​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​សារ​ធាតុ​សម្អាត​មេរោគ​ទៅ​ក្នុងរាងកាយ​នោះ​ឡើយ​”។​ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ពល​រដ្ឋ​មិន​ឱ្យ​ធ្វើ​តាម​គំនិត​របស់​លោក​ Trump ផងដែរ​។ បណ្ឌិត​ Jerome Adams បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​កំពុង​តាម​ដាន​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា “សូម​មេត្តា​សួរ​យោបល់​ពី​គ្រូពេទ្យ​ មុន​នឹង​អនុវត្ត​វិធី​ព្យាបាល​ណា​មួយ​ ឬ​ថ្នាំ​ណា​មួយ​​សម្រាប់​ក្រុម​គ្រួ​សារ​”។ ចំណែក​ក្រុម​ហ៊ុន​ផលិត​សារធាតុ​សម្លាប់​មេរោគ​ Lysol បាន​អះអាង​ថា មិ​ន​ត្រូវ​បញ្ចូល​សារ​ធាតុ​កម្ចាត់​មេរោគ ចូល​ទៅក្នុង​រាង​កាយ​មនុស្ស​ “​បើ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ​”។

    វិធី​សាសន៍​ដែល​ត្រូវ​បាន​លោក Trump ណែនាំ​ឱ្យ​ធ្វើ​ការ​ពិសោធ​នោះ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ៗ​ ក្នុង​អំឡុង​សង្គ្រាម​ប្រឆាំង​ COVID-19។ នៅ​រដ្ឋ Maryland ខ្សែ​ទូរស័ព្ទ​បន្ទាន់​របស់​អាជ្ញាធរ បាន​ទទួល​ការ​ហៅ​ចូល​ជាង​100​លើក​ពី​ពលរដ្ឋ​ ដែល​​បាន​សួរ​ថា “តើ​ការ​ចាក់​ថ្នាំ​សម្អាត​មេរោគ​ចូល​ក្នុង​រាងកាយ​គឺ​ពិត​ជា​វិធី​ព្យាបាល​ជំងឺ​មែន​ ឬ​យ៉ាង​ណា​?”។

    នៅ​សេត​វិមាន Kayleigh McEnany ដែល​ជា​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​លោក Trump បាន​ចោទ​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា “គ្មាន​ការ​ទទួល​ខុស​ត្រូវ​” ដោយ​បាននាំ​យក​មតិ​ចាក​ឆ្ងាយ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​។ ប៉ុន្តែ ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក Trump ក៏បាន​ឱ្យ​ដឹង​ថា យោបល់​របស់​លោក​ ដែល​ត្រូវ​បាន​ចុះផ្សាយ​នោះ​គឺ​ជា​ការ​ពិត​ ប៉ុន្តែ​លោក​ Trump បាន​អះអាង​ថា​ លោក​គ្រាន់​តែ​និយាយ​បែប​ “បញ្ឆិត​បញ្ឆៀង​” តែ​ប៉ុណ្ណោះ​។

    វេជ្ជបណ្ឌិត​ Deborah Birx អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិ​កម្ម​​រហ័ស​របស់​សេត​វិមាន​ចំពោះ​ COVID-19 បាន​ការ​ពារ​ប្រធានាធិបតី​ ដោយ​លោក​យល់​ថា​ មតិ​យោបល់​ដែល​លោក Trump បាន​លើក​ឡើង​គឺជា​ផ្នែក​មួយ​ក្នុង​ការ​យល់​ឃើញ​ បើ​ទោះ​មិនបាន​ទទួល​ស្គាល់ជា​​ផ្លូវ​ការ​។ Deborah Birx ថ្លែង​ប្រាប់​ Fox News ថា “នៅ​ពេល​ប្រធានាធិបតី​ទទួល​បាន​ព័ត៌មាន​ថ្មី គាត់ក៏ចង់​និយាយ​ចេញ និង​ចង់​ពិភាក្សា​ជា​មួយ​គ្នា​”។

    ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្ត្រ​យល់​ថា អនុសាសន៍​គ្មាន​មូលដ្ឋាន​ពីប្រធានាធិបតី​ Trump ដែល​ជា​អ្នក​មិន​មាន​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​វេជ្ជ​សាស្ត្រ ប៉ុន្តែ​​សម្ដី​មាន​ឥទ្ធិពល​​ គឺ​ពិត​ជា​ “គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​”។

    Jack Chow ដែល​ជា​ឯក​អគ្គរដ្ឋ​ទូតសកល​​អំពី​ HIV/AIDS របស់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​ប្រធានាធិបតី​ George W. Bush មាន​យោបល់​ថា “គំនិត​របស់​ប្រធានាធិបតី​ Trump បើ​សិន​ជា​មាន​អ្នក​សាក​ល្បង នោះ​អាច​នឹង​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​ចំពោះ​សុខ​ភាព​ ឬ​នាំ​ឱ្យ​មាន​ការ​ពិសោធ​ប្រកប​ដោយ​ការ​ខាត​បង់​ និង​មិនអាច​បង្កើត​បាន​ជា​វិធី​ព្យាបាល​ណា​មួយ​”។

    កាល​ពី​ខែ​មុន បន្ទាប់​ពី​លោក​ Trump បាន​ប្រកាស​ថា hydroxychloroquine គឺជា​សន្លឹក​បៀរ​ដែល​ជួយ​ “ផ្លាស់​ប្ដូរ​ស្ថាន​ការណ៍​” ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ COVID-19 មាន​ប្ដីប្រពន្ធ​មួយ​គូ​ធ្វើ​តាម​ការ​លើកឡើង​នេះ​ ដោយ​​​​ផឹក​ទឹក​ថ្នាំ​ដែល​មាន​សារ​ធាតុ​​គីមី​ chloroquine phosphate ដែល​មាន​សារធាតុ​ផ្សំ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ Trump ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​សម្លាប់​មេរោគ​ក្នុង​ខ្លួន​។ ប៉ុន្តែ ពួក​គេ​បាន​​ធ្លាក់​ខ្លួន​ឈឺ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ដែល​ក្រោយ​មកបុរស​ជា​ប្ដី​បាន​បាត់​បង់ជីវិត ខណៈ​ប្រពន្ធ​​បាន​រួច​ផុត​ពី​ការ​ស្លាប់​។

    ករណី​ខាង​លើ​នេះ ធ្វើ​ឱ្យ​មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC (Centers​ for​ Disease​ Control ​and ​​Prevention) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​28​មេសា ត្រូវ​ចេញ​សេចក្ដី​ព្រមាន​ដល់​បណ្ដា​គ្លី​និក​ទូទាំង​ប្រទេស​ ស្ដី​អំពី​គ្រោះ​ថ្នាក់​​របស់​សារ​​ធាតុ​ ​chloroquine phosphate ដែល​​ “អាច​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ និង​អាយុ​ជីវិត​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

    >Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​​ថ្នាំ​សម្អាត​មេរោគ​ ឬ​ពន្លឺ​ចូល​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

  • គួរឱ្យស្ដាយ…គ្រូពេទ្យលំដាប់ខ្ពស់អាមេរិកម្នាក់ធ្វើអត្តឃាត អាចមកពីមានអារម្មណ៍តានតឹង ព្រោះឃើញអ្នកជំងឺកូវីដ-19 រងទុក្ខវេទនាពេក…

    គួរឱ្យស្ដាយ…គ្រូពេទ្យលំដាប់ខ្ពស់អាមេរិកម្នាក់ធ្វើអត្តឃាត អាចមកពីមានអារម្មណ៍តានតឹង ព្រោះឃើញអ្នកជំងឺកូវីដ-19 រងទុក្ខវេទនាពេក…

    សារព័ត៌មាន នីវយ៉ក ថាមស៍ បានរាយការណ៍ថា គ្រូពេទ្យប្រចាំបន្ទប់សង្គ្រោះបន្ទាន់ម្នាក់នៅក្នុងទីក្រុងនីវយ៉កស៊ីធី ដែលជាសះស្បើយពីការឆ្លងមេរោគកូវីដ-19 និងបានវិលត្រឡប់មកជួយព្យាបាលអ្នកជំងឺវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 វិញនោះ បានធ្វើអត្តឃាតយ៉ាងគួរឱ្យរន្ធត់ចិត្ត និងសោកស្ដាយយ៉ាងក្រៃលែង កាលពីថ្ងៃអាទិត្យ ទី26 មេសាកន្លងទៅ ដែលមូលហេតុ អាចបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍។

    អ្នកស្រីវេជ្ជបណ្ឌិត ឡូណា អេម ប្រ៊ីន អាយុ 49ឆ្នាំ នាយិកាវេជ្ជសាស្ត្ររបស់ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ ផ្រេសប៊ីថេរៀន ក្នុងតំបន់មែនហាត់តុន នីវយ៉ក ដែលពោរពេញទៅដោយអ្នកជំងឺកូវីដ-19នោះ បានស្លាប់នៅក្នុងផ្ទះ ក្នុងទីក្រុងឆាឡត់វីលល៍ រដ្ឋវើជីនៀ ដែលអ្នកស្រីស្នាក់នៅជាមួយក្រុមគ្រួសារ។

    ថៃលើរ៍ ហន អ្នកនាំពាក្យក្រុមប៉ូលិសទីក្រុងឆាឡត់វីលល៍ បានឱ្យដឹងតាមរយៈអ៊ីមែលថា កាលពីថ្ងៃអាទិត្យ(ទី26មេសា) អាជ្ញាធរបានទទួលទូរស័ព្ទសុំជំនួយសង្គ្រោះពីគ្រូពេទ្យ ក៏ប្រញាប់ធ្វើដំណើរទៅកន្លែងកើតហេតុភ្លាមតែម្ដង។ លោកបានឱ្យដឹងថា “ជនរងគ្រោះត្រូវបានដឹកទៅមន្ទីរពេទ្យរបស់មហាវិទ្យាល័យវើជីនៀ តែបានស្លាប់នៅពេលក្រោយមក ព្រោះមិនអាចទ្រាំនឹងអាការរបួសបាន”។

    មិនទាន់ដឹងច្បាស់លាស់នៅឡើយថា អ្វីគឺជាមូលហេតុ ដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តផ្ដាច់ជីវិតខ្លួនឯងនោះទេ ប៉ុន្តែខាងក្រុមគ្រួសារ ប៉ូលិស និងគ្រូពេទ្យដទៃទៀត បានបញ្ជាក់ប្រាប់ថា អាចបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ ដោយសារតែរោគរាតត្បាតដ៏ធំក្នុងទីក្រុងនីវយ៉កនាពេលបច្ចុប្បន្ន ទើបនាំឆ្ពោះទៅរកការធ្វើអត្តឃាតរបស់អ្នកគ្រូពេទ្យម្នាក់នេះ។ លោក ហ្វ៊ីលីព ប្រ៊ីន ឪពុករបស់អ្នកស្រីវេជ្ជបណ្ឌិត ឡូណា អេម ប្រ៊ីន បានប្រាប់កាសែត នីវយ៉ក ថាមស៍ថា “នាងប្រឹងប្រែងព្យាយាមបំពេញតួនាទីរបស់ខ្លួន ហើយការងារនោះវាសម្លាប់នាង”។

    គួរឱ្យស្ដាយ...គ្រូពេទ្យលំដាប់ខ្ពស់អាមេរិកម្នាក់ធ្វើអត្តឃាត អាចមកពីមានអារម្មណ៍តានតឹង ព្រោះឃើញអ្នកជំងឺកូវីដ-19 រងទុក្ខវេទនាពេក...

    ឪពុករបស់អ្នកស្រីបានបន្តទៀតថា អ្នកស្រីវេជ្ជបណ្ឌិត ឡូណា អេម ប្រ៊ីន ធ្លាប់ឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះម្ដងរួចមកហើយ មុននឹងជាសះស្បើយ ហើយបានត្រឡប់ទៅធ្វើការងារតាមប្រក្រតីឡើងវិញ បន្ទាប់ពីបានសម្រាកប្រមាណជាជាង 1សប្ដាហ៍រួចមក ហើយបន្ទាប់ពីនោះ ក៏ត្រូវបានខាងកន្លែងធ្វើការ បញ្ជូនអ្នកស្រីត្រឡប់មកផ្ទះវិញម្ដងទៀត…អំឡុងពេលនោះ ក្រុមគ្រួសារមានការសង្ស័យថា អាចមានអ្វីម្យ៉ាងខុសប្រក្រតីហើយមើលទៅ? ទើបសម្រេចចិត្តនាំគ្នាទៅទទួលយកអ្នកស្រីមករស់នៅជាមួយគ្នា ឯរដ្ឋវើជីនៀ។

    លោកហ្វ៊ីលីព ប្រ៊ីន បានអះអាងថា កូនស្រីរបស់លោក គ្មានប្រវត្តិឈឺថ្កាត់ផ្នែកផ្លូវចិត្តទេ តែពេលដែលលោកជជែកគ្នាជាមួយនាងលើកចុងក្រោយបង្អស់ មើលទៅនាង ហាក់ដូចជាអស់សង្ឃឹម ដូចមានអ្វីម្យ៉ាងខុសប្រក្រតី។ នាងប្រាប់ថា មានអ្នកជំងឺច្រើនណាស់ ដែលស្ថិតក្នុងអាការជិតស្លាប់តាំងពីមុនពេលនាំខ្លួនចុះពីរថយន្តសង្គ្រោះម្ល៉េះ”… “កូនស្រីខ្ញុំ គឺជាអ្នកប្រយុទ្ធដ៏រឹងមាំនៅក្នុងសមរភូមិជួរមុខ សូមជឿចុះថា នាងនឹងត្រូវបានលើកតម្កើងក្នុងឋានៈជាវីរនារី ព្រោះនាងជាវីរនារី…”

    លោក រ៉ាឆេលល៍ ប្រ៊ាក់ន័រ មេបញ្ជាការប៉ូលិសទីក្រុងឆាឡត់វីលល៍ បានប្រាប់ថា “អ្នកប្រកបវិជ្ជាជីវៈផ្នែកសាធារណៈសុខាភិបាលនៅជួរមុខ និងអង្គភាពសង្គ្រោះបន្ទាន់ គ្មានប្រព័ន្ធការពារខាងផ្លូវចិត្ត ឬការពារផលប៉ះពាល់ខាងផ្លូវចិត្ត ដោយសាររោគរាតត្បាតនាពេលបច្ចុប្បន្ននេះទេ”

    ចំណែកនាយកវិទ្យាល័យវេជ្ជសាស្ត្របន្ទាន់នៃសហរដ្ឋអាមេរិក ដែលអ្នកស្រីដុកទ័រ ឡូណា អេម ប្រ៊ីន ក៏ជាសមាជិកម្នាក់ដែរនោះ បានប្រាប់ថា ការស្លាប់របស់អ្នកស្រី គឺជារឿងដាស់តឿនផ្លូវចិត្តដ៏គួរឱ្យរន្ធត់ចិត្តមួយ ពាក់ព័ន្ធនឹងក្ដីទុក្ខលំបាកវេទនាដែលបណ្ដាក្រុមមន្ត្រីសាធារណៈសុខាភិបាលជាច្រើននាក់ត្រូវប្រឈម កណ្ដាលការឆ្លងរាលដាលដ៏ធំរបស់វីរុសកូវីដ-19។

    លោក វីលៀម ចាកវីស ប្រធានគណៈកម្មាធិកាវិទ្យាល័យវេជ្ជសាស្ត្របន្ទាន់ នៃសហរដ្ឋអាមេរិក បានថ្លែងថា “វាជារឿងហួសវិស័យ ដែលស្ថានការណ៍នៅតាមមន្ទីរពេទ្យនានារបស់យើង ធ្វើឱ្យយើងកើតមានស្នាមរបួសដ៏ជ្រៅ…ក្នុងរឿងរ៉ាវរបស់ដុកទ័រ ប្រ៊ីន ខ្ញុំនឹកស្រមៃបានត្រឹមតែថា វាធ្ងន់ធ្ងរហួសនឹងនាងអាចទ្រាំទ្របាន វាមិនមែនជាភាពទន់ជ្រាយទេ តែវាជាភាពរឹងមាំនៅក្នុងអារម្មណ៍វេទនាចិត្តអាណិតអ្នកដទៃរបស់នាង…”

    ព័ត៌មាននៅក្នុងវេបសាយរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានរកឃើញថា រហូតមកដល់ថ្ងៃអង្គារម្សិលមិញ​(ទី28មេសា) នៅក្នុងរដ្ឋនីវយ៉ក មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីនេះរួចហើយ ជាង 17,500នាក់ ជិតស្មើនឹង 1ភាគ3 នៃចំនួនអ្នកស្លាប់ទាំងអស់នៅទូទាំងសហរដ្ឋអាមេរិក៕

    ប្រភព ៖ សារព័ត៌មានបរទេស

  • ជិត​217,000​នាក់​ស្លាប់​ដោយសារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    ជិត​217,000​នាក់​ស្លាប់​ដោយសារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​217,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ COVID-19 ជាង​3.1​លាន​នាក់​ ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins នៃ​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ក្នុង​ពិភពលោក មាន​អ្នក​ជំងឺ​ COVID-19សរុប​ឡើង​ដល់​ 3,111,730​នាក់ និង​216,857​នាក់​បាន​បាត់បង់ជីវិត​ ក្នុង​នោះ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​75,553​នាក់ និង​ករណីស្លាប់​ថ្មី​ចំនួន​6,306​នាក់​។ ករណី​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​925,442​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​200,000​នាក់​ មាន​3​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក អេស្ប៉ាញ និង​អ៊ីតាលី៖

    ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​បង្អស់​លំដាប់​ទី​មួយក្នុង​ពិភពលោក​ គឺ​នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ដដែល​ ដោយ​មាន​អ្នកជំងឺរហូត​ដល់​​1,011,600​នាក់​ ក្នុង​នោះ​មាន​58,343​នាក់​បាន​បាត់​បង់ជីវិត​។ អ្នក​ជំងឺ​ថ្មី​របស់​ប្រទេស​នេះ​មាន 26,226​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​2,391​នាក់​។

    អេស្ប៉ាញ​ទើប​បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​2,706​នាក់​ និង​អ្នក​ស្លាប់​ថ្មី​301​នាក់ ក្នុងចំណោម​អ្នកជំងឺ​សរុប​232,128​នាក់​ និង​អ្នក​ស្លាប់សរុប​23,822​នាក់​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​2,091​នាក់ និង​អ្នក​ស្លាប់ថ្មី​382​នាក់​ ក្នុង​ចំណោម​អ្នកជំងឹ​សរុប​201,505​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​27,359​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3 ប៉ុន្តែ​ជា​ “វាល​ពិឃាត” ធំជាង​គេ​លំដាប់​ទី​2​នៅ​ក្នុង​ពិភពលោក​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស