Category: អន្តរជាតិ

  • លោក ត្រាំ ទទួលស្គាល់វិបត្តិកូវីដ-19 ថា ពិតជាអាក្រក់ខ្លាំងជាង “ភើល ហាប៊ើរ និង 9/11” និងក្រឡាស់សម្ដី មិនលុបចោលក្រុមប្រយុទ្ធប្រឆាំងវីរុស…

    លោក ត្រាំ ទទួលស្គាល់វិបត្តិកូវីដ-19 ថា ពិតជាអាក្រក់ខ្លាំងជាង “ភើល ហាប៊ើរ និង 9/11” និងក្រឡាស់សម្ដី មិនលុបចោលក្រុមប្រយុទ្ធប្រឆាំងវីរុស…

    លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ(ទី6 ឧសភា)ម្សិលមិញ បានទទួលស្គាល់ថា រោគរាតត្បាតដ៏ធំកូវីដ-19 បានធ្វើឱ្យកើតមានផលប៉ះពាល់ដល់ប្រទេសអាមេរិក ធ្ងន់ធ្ងរជាងហេតុការណ៍វាយប្រហារកោះ ភើល ហាប៊ើរ កាលពីសម័យសង្គ្រាមលោកទី2 ឬសូម្បីតែសោកនាដកម្ម 9/11 ទៅទៀត ព្រមទាំងបានបដិសេធព័ត៌មានដែលថា លោកត្រៀមរំលាយចោលក្រុមចំពោះកិច្ចប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណារបស់សេតវិមាន និងតាំងគោលដៅ រីស្តាតសេដ្ឋកិច្ច។

    លោកថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “យើងកំពុងជួបប្រទះនឹងការវាយប្រហារក៏អាក្រក់បំផុត តាមដែលធ្លាប់កើតមានកន្លងមកនៅក្នុងប្រទេសរបស់យើង វាជាពិតជាការវាយប្រហារដ៏អាក្រក់បំផុត តាមដែលយើងធ្លាប់ប្រឈមកន្លងមក” លោកបន្តថា “វាអាក្រក់ជាង ភើល ហាប៊ើរ វាអាក្រក់ជាងហេតុការណ៍ វើលថ្រេដ សេនធើរ ទៅទៀត”

    យុទ្ធនាការ ភើល ហាប៊ើរ គឺជាការវាយប្រហារខាងយោធាដ៏គួរឱ្យចម្លែកចិត្ត របស់កងកម្លាំងពិសេស(ស្ម័គ្រស្លាប់)ខាងផ្លូវអាកាស នៃកងទ័ពជើងទឹកចក្រពត្តិជប៉ុន ទៅលើមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកំពង់ផែ ភើល ហាប៊ើរ កោះហាវ៉ៃ ក្នុងឆ្នាំ1941 ដែលហេតុការណ៍នេះ បានក្លាយជាការអូសប្រទេសអាមេរិកឱ្យធ្លាក់ចូលសង្គ្រាមលោកលើកទី2។

    ខណៈដែលហេតុការណ៍វាយប្រហារភេរវកម្ម ថ្ងៃទី11 ខែកញ្ញា(ខែ9) ឆ្នាំ2001 ដែលបានសម្លាប់ជីវិតមនុស្សនៅក្នុងសហរដ្ឋ​អាមេរិកប្រមាណជា 3,000នាក់ ភាគច្រើនស្ថិតនៅក្នុងអគារ វើលថ្រេដ សេនធើរ ក្នុងទីក្រុងនីវយ៉ក គឺមានមូលហេតុមកពីសង្គ្រាមផ្សេងៗរបស់អាមេរិក និងប្រតិបត្តិការតតាំងប្រឆាំងការបង្កវិនាសកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប្រទេសផ្សេងៗទៀត។

    មកដល់ពេលនេះ មានពលរដ្ឋអាមេរិកាំងជាង 70,000នាក់ហើយ ដែលត្រូវអស់ជីវិតក្នុងអំឡុងការឆ្លងរាលដាលរបស់រោគរាតត្បាតដ៏ធំ ដែលមានអាការស្រដៀងនឹងជំងឺគ្រុនផ្ដាសាយធំ ក្នុងខណៈដែលការលុបចោលវិធានការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម អាចនឹងធ្វើឱ្យពលរដ្ឋអាមេរិកាំងកាន់តែស្លាប់ច្រើនឡើង…យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ(ទី6ឧសភា) មើលទៅលោក ត្រាំ ហាក់ដូចជាក្រឡាស់សម្ដីពីផែនការដែលបានថ្លែងកាលពីពេលមុននេះ។

    កាលពីមុន សេតវិមានបានចង្អុលបង្ហាញថា ក្រុមការងារលំដាប់ខ្ពស់មួយ អាចនឹងត្រូវរំលាយចោលក្នុងអំឡុងប្រមាណជាដើមខែមិថុនា ខណៈដែលលោកត្រាំ បានបញ្ជូនសញ្ញាឱ្យដឹងថា វាដល់ពេលហើយ ដែលនឹងត្រូវងាកចេញពីវិបត្តិផ្នែកសាធារណៈសុខាភិបាល និងបែរតម្រង់ឆ្ពោះទៅរកការបើកសេដ្ឋកិច្ចឡើងវិញ។

    តែយ៉ាងណាក៏ដោយ លោកត្រាំបានសរសេរនៅក្នុងធ្វីតធើរជាដំណាក់ៗ នៅក្នុងថ្ងៃពុធ(ទី6ឧសភា) ក្នុងអំឡុងពេលដែលក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា បានទទួលជោគជ័យយ៉ាងធំធេង ថា “នឹងធ្វើការបន្តទៅមុខទៀតយ៉ាងគ្មានពេលកំណត់ ព្រមជាមួយគោលដៅបើកប្រទេសរបស់យើងឡើងវិញយ៉ាងមានសុវត្ថិភាព”។

    …និងទោះជាយ៉ាងនេះក្ដី លោកប្រធានាធិបតីរូបនេះ បានប្រាប់ថា លោកអាចនឹង “បន្ថែម ឬបន្ថយចំនួនមនុស្ស” ក្នុងក្រុមការងារឈុតនេះ ដែលរឿងនេះបានបង្ហាញឱ្យឃើញថា ស្ថានការណ៍មិនទាន់នឹងនរនៅឡើយទេ…៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោក​យ៉ាង​ណា?​(តចប់)

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង…តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោក​យ៉ាង​ណា?​(តចប់)

    រោគរាតត្បាតដែលត្រូវបានបំភ្លេចចោល?

    ទោះជាបានផ្ដល់មេរៀនដល់មនុស្សក្នុងពិភពលោកយ៉ាងច្រើនហើយក៏ដោយ តែមើលទៅហាក់ដូចជាជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បានក្លាយជាជំងឺមួយដែលត្រូវបានគេបំភ្លេចចោល។

    ដូចគ្នានឹងកូវីដ-19ដែរ ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញបានធ្វើឱ្យកើតមានផលប៉ះពាល់ដល់បុគ្គលដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើន ដូចជា ប្រធានាធិបតី អ៊ែនឌ្រូ វីលសុន របស់សហរដ្ឋអាមេរិក និងលោកនាយករដ្ឋមន្ត្រី ឡយដ៍ ចច របស់អង់គ្លេស ដែលទាំង 2នាក់សុទ្ធតែធ្លាក់ខ្លួនឈឺដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញដូចគ្នា ខណៈដែលលោកប្រធានាធិបតី រូឌ្រីហ្គេស អាល់វីស របស់ប្រទេសប្រេស៊ីល បានស្លាប់ដោយសារជំងឺដ៏សាហាវនេះ។

    យ៉ាងណាក៏ដោយ ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ បែរជាត្រូវបិទបាំងចំណាប់អារម្មណ៍របស់មនុស្សម្នាក្នុងពិភពលោកដោយសារសង្គ្រាមលោកលើកទី1…1ផ្នែក គឺដោយសារតែខណៈពេលនោះ រដ្ឋបាលនៃប្រទេសជាច្រើនបានប្រើវិធានការសិនស៊ើរ ឬកាត់ចោល មិនឱ្យសារព័ត៌មានរាយការណ៍អំពីផលប៉ះពាល់ដោយសារជំងឺរាតត្បាតនៅគ្រានោះក្នុងអំឡុងពេលសង្គ្រាម។

    ក្រៅពីត្រូវបានរារាំងការរាយការណ៍ព័ត៌មានហើយ ការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ ថែមទាំងស្ទើរតែមិនត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ឬវប្បធម៌សម័យនិយមផ្សេងៗ ដូចជា បទចម្រៀង ឬស្នាដៃសិល្បៈផ្សេងៗឡើយ។

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(តចប់)
    រូបគំនូរអំពីខ្លួនឯងរបស់ អ៊ែដវើដ មុនហ្ស៍ ខណៈពេលកំពុងឈឺដោយជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ គឺជាស្នាដៃសិល្បៈតែប៉ុន្មានផ្ទាំងប៉ុណ្ណោះដែលកត់ត្រារឿងរ៉ាវរបស់ជំងឺរាតត្បាតដែលបានកើតឡើង

    តែមានម្នាក់ ក្នុងចំណោមសិល្បករដែលបានបង្កើតស្នាដៃទុកក្នុងអំឡុងពេលនោះគឺ លោក អ៊ែដវើដ មុនហ្ស៍ វិចិត្រករ​ជន​ជាតិ​ន័រវេយ៍ ដែលបានគូររូបរបស់ខ្លួនឯង ក្នុងខណៈពេលកំពុងឈឺដោយសារជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ។

    ប្រវត្តិសាស្ត្រ ដែលមនុស្សគួរតែដឹង...តើកូវីដ-19 និងការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញកាលពីអតីតកាល ផ្លាស់ប្ដូរពិភពលោកយ៉ាងណា?(តចប់)ទោះជាការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ អាចត្រូវបានបំភ្លេច ឬរលុបបាត់ពីការចងចាំរបស់មនុស្សម្នា ឬបាត់ពីក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកក៏ពិតមែន តែការឆ្លងរាលដាលដ៏ធំរបស់មេរោគកូវីដ-19 ដែលកំពុងកើតឡើងនៅពេលនេះ បានរើកកាយការចងចាំ ដាស់ស្មារតី និងដាស់តឿនមនុស្សលោក ឱ្យដឹងពីភាពធ្ងន់ធ្ងររបស់រោគរាតត្បាតដែលបាននាំមហាហាយនៈមកឱ្យពិភពលោកកាលពីជាង 100ឆ្នាំមុនដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • កង​ទ័ព​អាមេរិកាំង​ដក​ខ្លួន​​ចូល “ពួន​​ក្រោម​ដី”​ ដើម្បី​គេ​ច​ពី​COVID-19 បំណង​ការ​ពារ​កម្លាំង​ ​ត្រៀម​សម្រាប់​ករណី​អាក្រក់​បំផុត

    កង​ទ័ព​អាមេរិកាំង​ដក​ខ្លួន​​ចូល “ពួន​​ក្រោម​ដី”​ ដើម្បី​គេ​ច​ពី​COVID-19 បំណង​ការ​ពារ​កម្លាំង​ ​ត្រៀម​សម្រាប់​ករណី​អាក្រក់​បំផុត

    ឧត្តម​សេនីយ៍​​ Pete Fesler កាលពី​ចុង​ខែ​កុម្ភៈ​ បាន​ត្រៀម​ឱ្យ​ទាហាន​របស់​ខ្លួន​ប្រមាណ​ជា​130​នាក់ ចូល​រួម​ក្នុង​យុទ្ធ​នាការ​​ទាក់​ទិន​នឹង​វិធានការ​ទប់​ស្កាត់​វីរុស​COVID-19 ដោយ​ការ​ដក​ថយ​ចូល​ទៅ​ធ្វើ​ការ​ក្រោម​ដី​ ដើម្បី​ការ​ពារ​ខ្លួន​ និង​រក្សា​កម្លាំង​ស្នូល​របស់​ខ្លួន​។

    Pete Fesler គឺជា​មេបញ្ជា​ការ​ជាន់​ខ្ពស់​នៃ​បញ្ជា​ការ​​ដ្ឋាន​​កង​ទ័ព​ការ​ពារ​អវកាស​​​ និង​ដែន​អាកាស​អាមេរិក​​​ភាគ​ខាងជើង​​ ដែល​ហៅ​ថា NORAD ​(North American Aerospace Defense Command)​ ដែល​មាន​មូលដ្ឋាន​នៅ​តំបន់ Colorado Spring ក្នុង​រដ្ឋ Colorado សហរដ្ឋ​អាមេរិក​។ កង​កម្លាំង​របស់​ឧត្តម​សេនីយ៍​រូប​នេះ កំពុង​ដក​ថយ​ចូល​ទៅ​នៅ​ក្រោម​ដី​ ដើម្បី​បង្ខាំង​ខ្លួន​ពី​ពិភព​ខាង​ក្រៅ​ ក្នុង​បំណង​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​COVID-19។ NORAD​ មាន​ភារ​កិច្ច​ការ​ពារ​សហរដ្ឋ​អាមេរិក​ពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ផ្លោង​ ឬ​ការ​គំរាម​ពី​ដែន​អាកាស​ និង​អវកាស​​។

    មន្ទីរ​បញ្ច​កោណ​សង្ឃឹម​ថា កាយវិការ​ដូច​ជា​នៅ​បញ្ជា​ការដ្ឋាន​​របស់ Fesler នឹង​ជួយ​ទប់​ស្កាត់​COVID-19 មិន​ឱ្យ​វាយ​លុក​​ចូល​ក្នុង​ជួរ​កងទ័ព​ដែល​ត្រូវ​បាន​ហ្វឹក​ហាត់​ជា​ពិសេស​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​។

    បើ​ទោះ​ជា​មន្ទីរ​បញ្ច​កោណ​ដែល​ជា​អគ្គបញ្ជាការដ្ឋាន​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ បាន​បញ្ចេញ​ទាហាន​រាប់​ម៉ឺន​នាក់​ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ក្នុង​ប្រទេស​ ប៉ុន្តែ​ COVID-19នេះ នៅ​តែ​បង្ក​ឧបសគ្គ​ដល់​ការ​បំពេញ​ភារ​កិច្ច​​ស្នូល​របស់​កង​ទ័ព​អាមេរិកាំង​។ វីរុស​នេះ​បាន​ធ្វើ​ឱ្យ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​គាំង​ដំណើរ​ការ​​ដោយ​សារ​មាន​ទាហាន​ជាច្រើន​បាន​ឆ្លង​មេរោគ​ ចំណែក​ទាហាន​ថ្មី​ក៏​ត្រូវ​ថយ​ចុះ​ច្រើន​ បណ្ដាល​ឱ្យ​សម​យុទ្ធ​អន្តរ​ជាតិនានា​​ត្រូវ​ពន្យារ​ពេល​ ឬ​កាត់​បន្ថយ​ទំហំ​។ គិត​មក​ដល់​បច្ចុប្បន្ន ទាហាន​អាមេរិកាំង​​ជិត​5,000​នាក់​បាន​ឆ្លង​វីរុស​COVID-19 ក្នុង​នោះ​មាន​ទាហាន​2​នាក់​បាន​បាត់​បង់ជីវិត​។

    កង​ទ័ព​អាមេរិកាំង​ដក​ខ្លួន​​ចូល "ពួន​​ក្រោម​ដី"​ ដើម្បី​គេ​ច​ពី​COVID-19 បំណង​ការ​ពារ​កម្លាំង​ ​ត្រៀម​សម្រាប់​ករណី​អាក្រក់​បំផុត​ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​វីរុស​COVID-19 មន្ទីរ​បញ្ចកោណ​បាន​ចេញ​បញ្ជា​ ហាម​មិន​ឱ្យ​កង​ទ័ព​អាមេរិកាំង​​ផ្លាស់​ទី​ទូទាំង​សកល​លោក​ និងបាន​​បញ្ចេញ​វិធានការ​ផ្សេង​ៗ​ទៀត។ ចំពោះ​អង្គ​ភាព​ពិសេស​ដូច​ជា​ NORAD ជា​ដើម ថ្នាក់​ដឹក​នាំ​មាន​ប្រតិកម្ម​ដោយ​ឡែក និង​ជា​ពិសេស​។

    បុគ្គលិក​មួយ​ផ្នែក​របស់​អង្គ​ភាព​ដែល​គ្រប់​គ្រង​ដោយ​ឧត្តម​សេនីយ៍​ Fesler ត្រូវ​បាន​បញ្ជូន​ទៅ​ “លាក់​ខ្លួន​” និង​ធ្វើ​ការ​នៅ​ក្នុង​​បន្ទប់​ក្រោម​ដី​នៅ​តំបន់​ភ្នំ​ Cheyenne ដែល​ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់ ដើម្បី​​​​គេច​​​ពី​វីរុសកូរ៉ូណា​​។ ពួកគេ​ត្រូវ​បាន​បញ្ជុន​មក​កាន់​ទី​នេះ​កាល​ពី​2ខែ​មុខ ដើម្បី​ត្រៀម​ក្នុងករណី​វីរុស​បាន​ធ្វើ​ឱ្យ​គាំង​ដំណើរ​ការ​នៅ​មូលដ្ឋាន​ Peterson ក្នុង​រដ្ឋ​ Colorado។

    លោក​ Fesler ថ្លែង​ថា “បន្ទាប់​ពី​បាន​ដឹង​ថា​ COVID-19 ឆ្លង​រាលដាល​ខ្លាំង យើង​យល់​ថា​ ត្រូវ​តែ​មាន​វិធានការ​​​ដើម្បី​ត្រៀម​ និង​ការ​ពារ​កម្លាំង​ក្នុង​ករណី​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19 បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​​​នៅ​ទូទាំង​ពិភពលោក

    COVID-19 បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​​​នៅ​ទូទាំង​ពិភពលោក

    វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​3.8​លាន​នាក់នៅ​ពាស់​ពេញ​សកល​លោក​​ត្រូវ​កើត​ជំងឺ​ ក្នុង​នោះ​ វា​បាន​សម្លាប់​មនុស្ស​ជាង​264,000​នាក់​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ ត្រូវ​បាន​រាយ​ការណ៍​ថា មាន​អ្នក​ជំងឺ​COVID-19 សរុប​3,812,513​នាក់ និង​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នេះ​ចំនួន​264,109​នាក់​ ដោយនៅ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​​​នេះ​មាន​​អ្នក​ជំងឺ​ថ្មី​​​91,120​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​6,242​នាក់​​។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ មាន​អ្នក​ជំងឺ​​1,288,726​នាក់​បាន​​ជា​សះស្បើយ​​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WourldeMeters។

    ទ្វីបអាមេរិក​​មាន​អ្នក​ជំងឺ​COVID-19​ច្រើន​ជាង​ទ្វីប​ណា​ៗ​ទាំង​អស់ ក្នុង​នោះ​តំបន់​អាមេរិក​ខាង​ជើង​​មាន​អ្នក​ជំងឺ​សរុប​1,375,502​នាក់ អាមេរិក​ខាង​ត្បូង​មាន​253,597​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​​1,524,884​នាក់ ទ្វីប​អាស៊ី​មាន​​603,065​នាក់ និង​ទ្វីប​អាហ្វ្រិក​​មាន​​52,341​នាក់​។

    ប្រទេស​ដែល​មាន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូរ៉ូណា​សរុប​លើស​ពី25,000​នាក់​ មាន​​​​5ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ និង​បារាំង​។

    ប្រទេសចំនួន​10​​​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​លើស​ពី​​​100,000​នាក់ រួម​មាន​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ អ៊ីតាលី​ អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ រុស្ស៊ី ទួរគី ប្រេស៊ីល និង​ប្រទេស​អ៊ីរ៉ង់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នឹង​មិន​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ​ណា​មួយ​មក​ស៊ើប​អង្កេត​បញ្ហា​ប្រភព​របស់​វីរុសកូរ៉ូណា​នោះ​ទេ រហូត​ដល់​​ប្រទេស​នេះ​ទទួល​បាន​ “ជ័យ​ជំនះ​ចុង​ក្រោយ​”។

    WHO កាលពី​ចុង​សប្ដាហ៍​កន្លង​បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុងការ​ស្រាវ​ជ្រាវ​លើ​ប្រភព​របស់​ COVID-19​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បញ្ហា​នេះ ឯកអគ្គរដ្ឋ​ទូត​ចិន​ Chen Xu ថ្ងៃ​នេះ​បាន​ឆ្លើយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​អនឡាញ​ពី​ទីក្រុង​ហ្សឺណែវ​ថា “អាទិភាព​បច្ចុប្បន្ន​គឺ​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ រហូត​ដល់​យើង​បានទទួល​ជោគ​ជ័យ​ចុង​ក្រោយ​”។

    លោក Chen Xu បន្ត​ថា “យើង​ត្រូវ​ការ​ផ្ដោត​ចំបញ្ហា​ និង​បែងចែក​កម្លាំង​សមស្រប​។ យើង​មិន​ខ្លាច​នឹង​ការ​ស៊ើប​អង្កេត​ និង​វាយ​តម្លៃ​ណាមួយ​នោះ​ទេ ព្រោះ​ថា​វា​អាចជួយ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពិភពលោក​ដើម្បី​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ករណី​បន្ទាន់​អំពី​សុខភាព​សាធារណៈ​ក្នុង​ពេល​អនាគត​”។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​យល់​ថា វីរុស​COVID-19 មាន​​ប្រភព​ពី​សត្វ​ប្រចៀវ​ និង​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​នៅ​ឯផ្សារ​លក់​សត្វ​ព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan​ កាល​ពី​ចុង​ឆ្នាំ​2019។ ប៉ុន្តែ​លោក​ Trump និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo រួម​នឹង​មន្ត្រី​អាមេរិកាំង​ជា​ច្រើន​ផ្សេង​ទៀត​ កំពុង​តែ​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​សម្មតិ​កម្ម​ដែល​ថា COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។​ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​កំពុង​ស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ថា វីរុស​នេះ​ “មិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស​”។

    ប្រទេស​ចិន​បាន​អះអាង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​មិន​អាច​បញ្ជាក់​អំពី​បញ្ហា​ដែល​ថា​ វីរុស​COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan នោះ​ឡើយ ព្រោះ​ថា លោក​ “មិនមាន​ភ័ស្ដុតាំង​ណា​មួយ​បញ្ជាក់​​អំពី​រឿង​នេះ​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​210​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3.8​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​ជាង​259,000​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​របស់​រុស្ស៊ី ​ឆ្លង​វីរុស​COVID-19

    រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ប្រទេស​រុស្ស៊ី លោក​ស្រី​ Olga Lyubimova វិជ្ជមាន​ជាមួយ​នឹង​វីរុស​COVID-19 ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​សមាជិក​គណៈរដ្ឋ​មន្ត្រី​​ទី3​របស់​ប្រទេស​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​នេះ​។

    លោក​ស្រី Olga Lyubimova អាយុ39​ឆ្នាំ មាន​រោគ​សញ្ញា​ស្រាល​ និង​កំពុង​បង្ខាំងខ្លួន​ដោយ​ឡែក​នៅ​ឯផ្ទះ​ ប៉ុន្តែ​ លោក​ស្រី​នៅ​តែ​បន្ត​បំពេញ​ការ​ងារ​ពីចម្ងាយ​ ជាមួយ​នឹង​កិច្ច​ប្រជុំ​តាម​អនឡាញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​ Anna Usacheva នា​ថ្ងៃ​នេះ​។

    លោក​ស្រី​ Olga Lyubimova ធ្លាប់​ធ្វើ​ជា​អ្នក​កាសែត​ និង​ជា​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​មួយ​រូប​ផងដែរ​។ លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​កាលពី​ខែ​មករា​2020 និង​បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​រដ្ឋ​មន្ត្រី​ដែល​មាន​វ័យ​នៅ​ក្មេង​ជាង​គេ​ក្នុង​គណៈរដ្ឋមន្ត្រី​រុស្ស៊ី​។

    កាលពី​សប្ដាហ៍​មុន នាយក​រដ្ឋមន្ត្រី​រុស្ស៊ី Mikhail Mishustin បាន​ប្រកាស​ថា​ លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​ព្យាបាល​ដាច់​ដោយ​ឡែក​។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ Andrei Belousov បាន​​ឡើង​កាន់កាប់​តំណែង​ជំនួយ​ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​អវត្តមាន​។ រដ្ឋមន្ត្រី​ក្រសួង​សំណង់​នៃ​ប្រទេស​នេះ គឺ​លោក Vladimir Yakushev កាល​ពី​សប្ដាហ៍​មុន​ក៏បាន​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​កូរ៉ូណា​នេះ​ដែរ​ ខណៈ​ដែល​អនុរដ្ឋ​មន្ត្រី​​ម្នាក់​របស់​លោក​​ ក៏​បាន​ឆ្លង​មេរោគ​នេះ​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នកជំងឺ​កូរ៉ូណា​ជិត​166,000​នាក់ និង​អ្នក​ស្លាប់​សរុប​ជាង​1,500​នាក់​។ ក្នុង​រយៈ​ពេល​4​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ជាង​10,000​នាក់​រៀង​រាល់​ថ្ងៃ​។ ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​រក​មេរោគ​​ជូន​ប្រជា​ជន​ប្រមាណជា​ជាង​4.6​លាន​នាក់​​ ក្នុង​នោះ​ក៏កំពុង​តាម​ដាន​សុខ​ភាព​របស់​មនុស្ស​​ជាង​227,000​នាក់​​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    អាមេរិកាំង​សាក​ល្បង​វ៉ាក់​សាំង​​ប្រឆាំង​COVID-19 លើ​មនុស្សជាង​300​នាក់

    ក្រុម​ហ៊ុន​ផលិត​ឱសថ Pfizer និង​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ BiNTech បាន​ប្រកាស​ថា ពួកគេ​​សាក​ល្បង​វ៉ាក់សាំង​​ទប់​ស្កាត់​វីរុស​COVID-19​ លើ​មនុស្សចាប់​ពី​ថ្ងៃទី​4​ឧសភា​។

    នេះ​គឺជា​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​អាស៊ីត RNA(Ribonucleic acid) ដែល​មាន​តួនាទី​ “ណែនាំ​” ឱ្យ​កោសិកា​របស់​មនុស្ស​បញ្ចេញ​ប្រូតេអ៊ីន​ដើម្បី​ទប់​ទល់​នឹង​វីរុស​នានាដែល​កំពុង​ឆ្លង​មក​មនុស្ស​​។ ខុស​ពី​វ៉ាក់សាំង​​បុរាណ​ វ៉ាក់​សាំង​ប្រភេទ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​ថ្មី​នេះ​ មិន​បាន​ប្រើ​ប្រាស់​វីរុស​ដែល​ត្រូវ​បាន​បន្ថយ​កម្លាំង​​ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​​រាង​កាយ​នោះ​ទេ​ ដូច្នេះ​​វា​នឹង​មាន​សុវត្ថិ​ភាព​ខ្ពស់​សម្រាប់​ប្រើប្រាស់​នៅ​លើ​មនុស្ស​។

    Moderna, Inovio, CanSino និង​ក្រុម​ហ៊ុនផលិត​ឱសថ​ជា​ច្រើន​ផ្សេង​ទៀត​ក៏កំពុង​តែ​អភិវឌ្ឍ​វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដូច​គ្នា​នេះ​ដែរ​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​ខ្លះ​បាន​ចាប់​ផ្ដើម​សាក​ល្បង​លើ​មនុស្ស​​​​ជា​ច្រើន​សប្ដាហ៍​មក​ហើយ​ដែរ​។ គិត​មក​ដល់​បច្ចុប្បន្ន វ៉ាក់​សាំង​ប្រភេទ​ថ្មី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ RNA មិន​ទាន់​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​នៅ​ឡើយ​។

    នៅក្នុង​ដំណាក់​កាល​សាក​ល្បង​ដំបូង​ ​ក្រុម​ហ៊ុន​ Pfizer និង​ក្រុម​ហ៊ុន BioNTech មាន​គម្រោង​ពិសោធ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​360​នាក់​ ចំណែក​ដំណាក់​កាល​ទី​2​ នឹង​មាន​អ្នក​ស្ម័គ្រ​ដល់​ទៅ​8,000​នាក់​។ ការ​សាក​ល្បង​វ៉ាក់​សាំង​ខាងលើ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាលា​វេជ្ជ​សាស្ត្រ​ Grossman នៃ​សាកល​វិទ្យា​ល័យ​ New York រួម​នឹង​សាលា​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ Maryland និង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​ Rochester ព្រម​ទាំង​មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ​របស់​មន្ទីរពេទ្យ​ Nhi Cincinnati ផងដែរ​។

    ក្នុង​ករណី​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ និង​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចាប់​ផ្ដើម​ផលិត ក្រុមហ៊ុន ​Pfizer និង​ក្រុម​ហ៊ុន BioNTech អាច​ផ្គត់​ផ្គង់​វ៉ាក់សាំង​នេះ​​​រាប់​លាន​ដប​សម្រាប់​​ទីផ្សារ​ពិភពលោក​​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    ម៉ូដែល1 របស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្នុងសហរដ្ឋអាមេរិក នឹងកើនឡើងយ៉ាងច្រើន ក្នុងអំឡុងមិនប៉ុន្មានសប្ដាហ៍ខាងមុខទៀត ដោយអាចនឹងមានអ្នកស្លាប់ច្រើនដល់ទៅ 3,000នាក់ក្នុង 1ថ្ងៃ យ៉ាងលឿនបំផុតក្នុងអំឡុងដើមខែមិថុនា។ នេះបើតាមរយៈឯកសារផ្ទៃក្នុងដែលខាងទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ បានទទួល។

    តួលេខប៉ាន់ប្រមាណនេះ គឺជាតំណាងរបស់ចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងច្រើនក្នុងរយៈពេលក្រោយៗនេះ ដោយរហូតពេញ 1សប្ដាហ៍កន្លងទៅ មានជនជាតិអាមេរិកាំងស្លាប់ដោយសារកូវីដ-19 ប្រមាណជា 2,000នាក់ក្នុង 1ថ្ងៃ តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យចន ហប់គីនស៍ ខណៈដែលការប៉ាន់ប្រមាណទាំងនោះ ស្ថិតលើមូលដ្ឋានគ្រឹះរបស់ម៉ូដែល1 របស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃរដ្ឋបាលកណ្ដាលសហរដ្ឋអាមេរិក។

    នៅក្នុងឯកសាររបស់រដ្ឋបាល បានប៉ាន់ប្រមាណថា តួលេខអ្នកឆ្លងមេរោគកូវីដ-19 នឹងកើនឡើងដល់ 200,000នាក់ក្នុង 1ថ្ងៃ យ៉ាងយូរបំផុតក្នុងថ្ងៃទី1 មិថុនា និងតួលេខអ្នកស្លាប់ នឹងកើនឡើងទៅដល់ 3,000នាក់ក្នុង 1ថ្ងៃ ប្រៀបធៀបនឹងកម្រិតបច្ចុប្បន្ន ដែលអ្នកឆ្លងមេរោគថ្មីៗជាមធ្យមស្ថិតក្នុងចំនួន 2,500 – 3,000នាក់ក្នុង 1ថ្ងៃ ស្លាប់ប្រមាណជា 1,500 ទៅ 2,000នាក់ក្នុង 1ថ្ងៃ។

    អាជ្ញាធររបស់រដ្ឋបាលសហរដ្ឋអាមេរិកម្នាក់ បានអះអាងប្រាប់ CNN ថា ឯកសារដែលទីភ្នាក់ងារសារព័ត៌មាននីវយ៉ក ថាមស៍ ទទួលបានមកនោះ ជារបស់ពិត ដោយវាជាឯកសារដែលចែកចាយទៅអង្គភាពផ្សេងៗដែលពាក់ព័ន្ធកាលពីចុងសម្ដាហ៍មុន តែយ៉ាងណាក៏ដោយ មកដល់ចំណុចនេះ អាជ្ញាធរនៅតែប្រយ័ត្នប្រយែងពាក់ព័ន្ធនឹងតួលេខការប៉ាន់ប្រមាណទាំងឡាយនោះនៅឡើយ។

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុងអ្នកយកព័ត៌មានរបស់ CNN បានទាក់ទងទៅសេតវិមាន ដើម្បីសាកសួរព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍ព័ត៌មាននោះ តែខាងសេតវិមាន បានប្រាប់ថា ក្រុមការងារចំពោះកិច្ច ផ្នែកវីរុសកូរ៉ូណាប្រភេទថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមិនទាន់បានឃើញឯកសារដែលបែកធ្លាយដល់ដៃទីភ្នាក់ងារសារព័ត៌មាននីវយ៉កថាមស៍នោះនៅឡើយ។

    លោកថ្លែងថា “វាមិនមែនជាឯកសាររបស់សេតវិមាន ឬជាតំណាងរបស់គណៈកម្មការចំពោះកិច្ចផ្នែកវីរុសកូរ៉ូណា ឬឯកសារដែលផ្ញើតាមរយៈអង្គភាពការងារណាមួយឡើយ។ ការណែនាំឱ្យបើកអាមេរិកឡើងវិញជាដំណាក់កាលៗរបស់លោកប្រធានាធិបតី ជាវិធានការដែលដំណើរការដោយគោលការណ៍ខាងវិទ្យាសាស្ត្រ ដែលពួកអ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលលំដាប់ខ្ពស់ និងអ្នកជំនាញការខាងជំងឺឆ្លងរបស់រដ្ឋបាលកណ្ដាល ក៏បានឯកភាពផងដែរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងផ្ដល់ភាពសំខាន់ទៅលើសុខភាពរបស់ពលរដ្ឋអាមេរិកមុនអ្វីៗទាំងអស់ ហើយនឹងនៅតែជាដូច្នេះរហូតតទៅ ក្នុងខណៈដែលយើងកំពុងតាមដានសង្កេតសកម្មភាពការបន្ធូរបន្ថយវិធានការបិទទីក្រុងរបស់រដ្ឋផ្សេងៗ”

    ការកែសម្រួលបន្ថែមការប៉ាន់ប្រមាណតួលេខអ្នកស្លាប់នេះ បានកើតឡើងក្នុងខណៈដែលរដ្ឋផ្សេងៗ បានបន្ធូរបន្ថយវិធានការបិទទីក្រុង ក្រោយពីអំឡុងពេលចុងសប្ដាហ៍កន្លងទៅ មានពលរដ្ឋអាមេរិកាំងចំនួនដ៏ច្រើន បាននាំគ្នាចេញមកក្រៅផ្ទះ ដើម្បីតវ៉ាទាមទារ ឬមកទទួលយកពន្លឺថ្ងៃ ក្នុងរដូវស្លឹកឈើលាស់នៅតាមសួនច្បារសាធារណៈនានា។

    ទាំងអស់នេះ រដ្ឋហ្វ្លរីដា, ខូឡូរ៉ាដូ, អ៊ិនដៀណា, នេប្រាស្កា, សៅថ៍ឃែរ៉ូឡៃណា, វេស្ត វើជីនៀ ដូចគ្នានឹងរដ្ឋផ្សេងៗទៀតដែរ បានចាប់ផ្ដើមមានសកម្មភាពបន្ធូរបន្ថយការកំណត់ផ្សេងៗ ក្នុងការព្យាយាមស្ដារសេដ្ឋកិច្ចដែលបែកខ្ចាយជាបំណែកៗ និងបំបាត់អារម្មណ៍រសាប់រសល់របស់ប្រជាជន។

    យ៉ាងណាក៏ដោយ ក្នុងការសន្និដ្ឋានច្បាស់លាស់ថា ការបើកសេដ្ឋកិច្ចរបស់រដ្ឋផ្សេងៗនោះ អាចត្រូវប្ដូរនឹងភាពប្រថុយប្រថានដល់ថ្នាក់ស្លាប់តែម្ដង។ “វាជាភាពល្ងង់ខ្លៅបែបងាយៗ” អ្នកស្រី អេលីហ្សាប៊ែត ខេហេន អ្នកយកព័ត៌មានផ្នែកសាធារណៈសុខាភិបាលរបស់ CNN បាននិយាយថា “ពេលអ្នកប្រាប់ប្រជាជនថា អេ៎! អ្នកអាចចេញទៅបារ៍ ទៅភោជនីយដ្ឋានបានហើយណា៎ នោះចំនួនអ្នកស្លាប់ នឹងកើនខ្ពស់ឡើង”

    ភ័យរន្ធត់ជំនួស!! ឯកសារបែកធ្លាយ៖ មិនយូរប៉ុន្មានសហរដ្ឋអាមេរិកនឹងមានអ្នកឆ្លងមេរោគកូវីដ-19 1ថ្ងៃ 2សែននាក់-ស្លាប់ 1ថ្ងៃ 3ពាន់នាក់ ក្រោយបញ្ឈប់វិធានការបិទទីក្រុង

    តាមរយៈព័ត៌មានរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានរកឃើញថា វីរុសកូរ៉ូណាប្រភេទថ្មី បានធ្វើឱ្យមានអ្នកឆ្លងមេរោគនៅក្នុងសហរដ្ឋអាមេរិករួចបាត់ទៅហើយជាង 1,170,000នាក់ ក្នុងនោះ ស្លាប់ជាង 68,000នាក់។

    កាលពីពេលមុនហ្នឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានសន្និដ្ឋានថា នឹងមានពលរដ្ឋអាមេរិកាំងស្លាប់ដោយសាររោគរាតត្បាតដ៏ធំនេះប្រមាណជា 65,000នាក់ តែកាលពីយប់ថ្ងៃអាទិត្យ(ទី3ឧសភា) លោកបាន កែ សម្រួលបន្ថែមការប៉ាន់ស្មានដល់ទៅ 80,000 ឬ 90,000នាក់។ តែយ៉ាងណាក៏ដោយ ជួនកាលតួលេខនេះ វាអាចមិនមែនជាការកែសម្រួលបន្ថែមក្នុងការប៉ាន់ស្មានលើកចុងក្រោយនោះទេ។

    វេជ្ជបណ្ឌិត Deborah Birx សមាជិកម្នាក់ក្នុងក្រុមការងារផ្នែកទប់ទល់នឹងមេរោគកូវីដ-19 របស់សេតវិមាន បានប្រាប់ថា តាមរយៈការប៉ាន់ប្រមាណផ្សេងៗ បានរកឃើញថា ទោះបីជានៅតែមានការណែនាំផ្នែករក្សាគម្លាតឆ្ងាយខាងសង្គមក៏ដោយ ក៏ប្រហែលជានៅតែមានពលរដ្ឋអាមេរិកាំងប្រមាណជា 100,000 ទៅ 240,000នាក់ នឹងត្រូវស្លាប់ដោយសារវិបត្តិក្នុងគ្រានេះដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវ​​គេ​ចោទ​ថា​ ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន

    របាយការណ៍ព័ត៌មានរបស់ចិន កាលពីថ្ងៃចុងសប្ដាហ៍មុន(ថ្ងៃទី2ឧសភា) បានឱ្យដឹងថា អ្នកវីរុសវិទ្យាល្បីឈ្មោះម្នាក់ នៃស្ថាប័នវីរុសវិទ្យាក្នុងទីក្រុងវូហាន លោកស្រី ស៊ឺ ជឹងលី ដែលបានធ្លាក់ខ្លួនក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន បានចេញមកបដិសេធចំពោះព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹកដែលថា “លោកស្រីបានក្បត់ឧត្ដមគតិខ្លួនឯង និងបានរត់ភៀសខ្លួនចេញពីប្រទេសចិន”។

    លោកស្រី ស៊ឺ អ្នកស្រាវជ្រាវវីរុសសត្វប្រចៀវល្បីឈ្មោះលំដាប់ពិភពលោក បានផូស្តសំណេរមួយផ្ញើទៅក្រុមមិត្តភក្តិក្នុងបណ្ដាញសង្គមចិន វីឆាត កាលពីថ្ងៃសៅរ៍(ទី2មេសា) ថា “មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាឡើយ គ្មានថ្ងៃដែលនឹងកើតហេតុការណ៍ក្បត់ឧត្ដមគតិខ្លួនឯង ដូចដែលពាក្យចចាមអារ៉ាមលេចឮនោះឡើយ”។

    ដោយសារតែមានចរន្តព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ បញ្ជាក់ថា លោកស្រី ស៊ឺ ជឹងលី បាន “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារ និងប្រមូល “ឯកសារសម្ងាត់ប្រមាណជា 1ពាន់ឈុត” រត់ភៀសខ្លួនគេចទៅអឺរ៉ុប និងបានដាក់ពាក្យស្នើសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង។

    រហូតទាល់តែទីភ្នាក់ងារព័ត៌មានរបស់ចិន ដែលមានដូចជា វេបសាយព័ត៌មាននៅក្នុងប្រទេស Global Times និងទីភ្នាក់ងារព័ត៌មាននៅទីក្រុងហុងកុង សៅថ៍ ឆាយណា ម៉រនីង ផូស្ត បានចេញមករាយការណ៍ព័ត៌មាន(កាលពីថ្ងៃទី2 ឧសភា) បដិសេធរាល់ព័ត៌មានចចាមអារ៉ាមទាំងនោះ ដោយបានផ្សព្វផ្សាយសំណេររបស់លោកស្រី ស៊ឺ នៅក្នុងបណ្ដាញសង្គម WeChat ទៀតផង។

    អ្នកវីរុសវិទ្យាចិនម្នាក់ ដែលត្រូវគេចោទថា ដឹងរឿង “កូវីដ-19 បែកធ្លាយចេញពីបន្ទប់ពិសោធន៍វូហាន” បានបដិសេធរឿង “ក្បត់ឧត្ដមគតិ” នាំក្រុមគ្រួសារភៀសខ្លួនចេញពីចិន
    លោកស្រី ស៊ឺ ជឹងលី ផូស្តសំណេរនៅលើ WeChat បដិសេធព័ត៌មានចចាមអារ៉ាមរឿង “ក្បត់ឧត្ដមគតិ” និងនាំក្រុមគ្រួសាររត់គេចខ្លួនចេញពីប្រទេសចិន ទៅសុំការគាំពារពីស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសបារាំង

    សារព័ត៌មាន គ្លោបល ថាមស៍ របស់បក្សកុម្មុយនីស្តចិន បានអះអាងថា លោកស្រីស៊ឺ ជឹងលី ជាអ្នកសរសេរសំណេរ ផូស្តនៅលើបណ្ដាញសង្គម WeChat ពិតប្រាកដមែន ដោយសំណេរនោះបានសរសេរថា “មិត្តភក្តិជាទីស្រឡាញ់…ខ្ញុំ និងក្រុមគ្រួសារសុខសប្បាយជាទេ មិនថាត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរប៉ុនណាក៏ដោយ គ្មានថ្ងៃដែលខ្ញុំនឹង “ក្បត់ឧត្ដមគតិខ្លួនឯង” ដូចដែលព័ត៌មានចចាមអារ៉ាមបានលេចឮនោះទេ។ ពួកយើងមិនបានធ្វើអ្វីខុសទេ ពួកយើងមានជំនឿដ៏គង់វង្សចំពោះវិទ្យាសាស្ត្រ នឹងត្រូវតែមានថ្ងៃដែលដុំមេឃខ្មៅរលាយបាត់អស់ និងដួងព្រះអាទិត្យចាំងចែងពន្លឺចេញមកមិនខាន”

    លោកស្រី ស៊ឺ ជឹងលី អ្នកស្រាវជ្រាវប្រចាំស្ថាប័នវីរុសវិទ្យាទីក្រុងវូហាន បានធ្លាក់ខ្លួនក្លាយជាមុខសញ្ញាក្នុងការរិះគន់ និងក្លាយជាជនសង្ស័យថាបានដឹង បានឮរឿងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលចាប់ផ្ដើមឆ្លងរាលដាលក្នុងវូហានកាលពីចុងឆ្នាំកន្លងទៅ។

    លោកស្រី ស៊ឺ បានបំពេញការងារសិក្សាស្រាវជ្រាវជាមួយមេរោគវីរុសកូរ៉ូណាយូរជាង 10ឆ្នាំមកហើយ និងជាអ្នករកឃើញវីរុសកូរ៉ូណានៅក្នុងសត្វប្រចៀវ ដែលបង្កជាជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងទាន់ហន់) នៅឆ្នាំ2002 ដល់ 2003។

    ក្រុមអ្នកវិទ្យាសាស្ត្រនាំគ្នាជឿថា វីរុសកូរ៉ូណាប្រភេទថ្មី បានចម្លងមេរោគពីសត្វ មកមនុស្ស និងអាចជាសត្វប្រចៀវ ហើយនិងមើលទៅហាក់ដូចជាមិនអាចទៅរួចសោះឡើយ ដែលវាអាចរបូតធ្លាយចេញមកពីស្ថាប័នវីរុសវិទ្យានៅទីក្រុងវូហានដោយឧប្បត្តិហេតុ ឬដោយទង្វើដែលកើតចេញពីស្នាដៃមនុស្ស។

    តែយ៉ាងណាក៏ដោយ នៅមិនទាន់មានអ្នកណាបានដឹងពីប្រភពកំណើតពិតប្រាកដនៃវីរុសមរណៈនេះនៅឡើយ ចំណែកប្រទេសចិន បានថ្លែងថា ខ្លួនកំពុងតែដំណើរការស៊ើបអង្កេតអំពីរឿងនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    Donald Trump៖ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​ប្រភព​របស់​COVID-19

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​Donald Trump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​​របស់​លោក​នឹង​ប្រកាស​លម្អិត​អំពី​ប្រភព​របស់​​ COVID-19 ដែល​ជា​វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​ថ្មី​​​ ទន្ទឹម​នឹង​ការ​តឿន​ឱ្យ​ប្រទេស​ចិន​ ធ្វើ​ឱ្យ​មាន​តម្លា​ភាព​លើ​បញ្ហា​នេះ​។

    សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​សម្អិត

    ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មុន​ពេល​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Arizona នា​ថ្ងៃទី​5ឧសភា ប្រធានា​ធិបតី​ Donald Trump ឱ្យ​ដឹង​ថា “យើង​ប្រាកដ​ជា​នឹង​ប្រកាស​ (ប្រភព​របស់​វីរុស)”។ ម្ចាស់​សេត​វិមាន​រូប​នេះ មិន​បាន​បញ្ជាក់​អំពី​ពេល​វេលា​ជាក់​លាក់​​ណា​មួយ​ក្នុង​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​លើ​បញ្ហា​ប្រភព​របស់​មេរោគ​COVID-19នោះ​ទេ​។

    ទន្ទឹមនឹង​នេះ លោក​ Trump ក៏បាន​តឿន​ប្រទេស​ចិន​ឱ្យ​មាន​តម្លា​ភាព​អំពី​ព័ត៌មាន​ទាក់​ទង​នឹង​រោគ​រាត​ត្បាត​នេះ​ផងដែរ​។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters ដក​ស្រង់​សម្ដី​លោក Trump ថ្លែង​ថា “យើង​ចង់​ឱ្យ​ពួកគេ​ធ្វើ​ឱ្យ​មាន​តម្លាភាព​។ យើង​ចង់​ស្វែង​យល់​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កើត​មាន​សា​ជា​ថ្មី​”។

    លោក Trump និង​មន្ត្រី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាប់​បាន​ចោទ​ប្រទេស​ចិន​​ថា​បាន​លាក់​បាំង​ព័ត៌មាន​ ធ្វើ​ឱ្យ​ COVID-19 ឆ្លង​រាលដាល​ខ្លាំង​ និង​ក្លាយ​ជា​រោគ​រាត​ត្បាត​ពេញ​សកល​លោក​។ លោក​ Trump ក៏បាន​បញ្ជា​ឱ្យ​ក្រុម​ចារ​បុរស​របស់​ខ្លួន​ ស៊ើប​អង្កេត​លើ​ប្រភព​របស់​វីរុស​នេះ​ផងដែរ​។ កាល​ពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​ថ្លែង​ថា មាន​ភ័ស្តុ​តាង​ក្នុង​ការ​​អះអាង​ថា​​វីរុស​នេះ​មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។ ថ្ងៃទី​3​ឧសភា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក​ Mike Pompeo ក៏បាន​អះអាង​ថា “មាន​ភ័ស្តុតាង​ធំ” ស្ដី​អំពី​វីរុស​មាន​ប្រភព​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan។

    សហភាព​អឺរ៉ុប​គាំទ្រ​ការ​ស៊ើប​អង្កេត​លើប្រភព​របស់​វីរុស​កូរ៉ូណា​ថ្មីនេះ​ដែរ

    សហភាព​អឺរ៉ុប​ EU កាល​ពី​ថ្ងៃទី​5ឧសភា បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទូទាំង​ពិភពលោក​អំពី​ប្រភព​របស់​វីរុស​COVID-19។​ EU ឱ្យ​ដឹង​ថា នៅក្នុង​មហា​សន្និបាត​សុខ​ភាព​ពិភពលោក​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​18​ឧសភា​ ក្រុម​ប្រទេស​នេះ​នឹង​លើក​ឡើង​អំពី​សេចក្ដី​ព្រាង​លើ​សេចក្ដី​សម្រេច​មួយ​​ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ “ការ​ស៊ើប​អង្កេត​ឯករាជ្យ” ទៅលើ​ប្រភព​របស់​វីរុស​​ដែល​បាន​និង​កំពុង​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ក្នុង​1​ថ្ងៃ​ៗ​។

    រីឯ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Scott Morrison កាល​ពីថ្ងៃទី​5ឧសភា​ក៏បាន​ថ្លែង​ថា លោក​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​បណ្ដា​ប្រទេស​​ G20 ដើម្បី​អំពាវ​នាវ​ឱ្យ​មាន​ការ​ “វាយ​តម្លៃ​ត្រឹម​ត្រូវ” អំពី​ប្រភព​របស់​ COVID-19។

    ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ មក​ដល់​ពេល​នេះ​មិន​បាន​សន្យា​ថា​នឹង​ចូល​រួម​ក្នុងការ​ស៊ើប​អង្កេត​បញ្ហា​ខាង​លើ​នេះ​នៅ​ឡើយ ដោយ​បាន​និយាយ​ថា នេះ​នឹង​ជា​យុទ្ធ​នាការ​ “ទម្លាក់​កំហុស” ទៅលើ​ទីក្រុង​ប៉េកាំង​តែ​ប៉ុណ្ណោះ។

    គិត​មក​ដល់​បច្ចុប្បន្ន ​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ មាន​​អ្នក​ជំងឺ​កូរ៉ូណា​សរុបជាង​​ 3,721,000​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ជិត​258,000​នាក់​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​