Category: អន្តរជាតិ

  • ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    ចិន​​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​

    កងកម្លាំង​នគរ​បាល​ចិន​ បាន​ធ្វើ​ការ​រឹប​អូស​ប្រាក់​ក្លែង​ក្លាយ​​ចំនួន​6​តោន​ ដែល​មាន​តម្លៃ​​422​លាន​យន់​ នៅក្នុង​បេសក​កម្ម​ស្រាវ​ជ្រាវ​រក​បណ្ដាញ​ផលិតក្រដាស​​ប្រាក់​ក្លែង​ក្លាយ​ដ៏​ធំ​នៅ​ប្រទេស​នេះ​។

    សមាជិក​ចំនួន​16​នាក់​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​ត្រូវ​បាន​ចាប់​ខ្លួន​ នៅក្នុង​យុទ្ធ​នាការ​បោស​សម្អាត​ទ្រង់​ទ្រាយ​ធំ​ចាប់​ពី​ខេត្ត​ក្វាង​ទុង​(Guangdong) នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន រហូត​ដល់​ខេត្ត​ហីឡុងជាំង​(Heilongjiang) នៅ​ភាគ​ឦសាន​ប្រទេស​។ នេះ​បើ​តាម​សេចក្ដី​ប្រកាសកាល​ពី​ម្សិល​មិញ​​របស់​ក្រសួងសន្តិសុខសាធារណៈរបស់​ប្រទេស​ចិន​។

    កងកម្លាំង​នគរ​បាល​ បាន​រឹប​​អូស​ប្រាក់​ក្លែង​ក្លាយ​ចំនួន​6​តោន ​មាន​តម្លៃ​ស្មើ​នឹង​422​លាន​យន់​(ប្រហែល​នឹង​59​លាន​ដុល្លារ​អាមេរិក​) ដែលនេះ​គឺជាប្រាក់​ក្លែង​ក្លាយ​មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ​រាប់​ចាប់​តាំង​ពី​សាធារណរដ្ឋប្រជាមានិត​ចិនត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1849​។ ក្រសួង​សន្តិសុខ​សាធារណៈ​ប្រទេស​ចិន​បាន​អះអាង​ថា​ ប្រាក់ក្លែងក្លាយ​ទាំង​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់នៅ​ឡើយ​។ កង​កម្លាំង​នគរ​បាល​ចិន​ក៏​បាន​ប្រមូល​យក​ឧបករណ៍​ទាំង​​អស់​ដែល​ទាក់​​ទិន​នឹង​ការ​ផលិត​ប្រាក់​ក្លែង​ក្លាយ​នេះ​។

    នគរបាល​ខេត្ត​ក្វាង​ទុង​ បាន​រក​ឃើញ​តម្រុយ​នៃ​បណ្ដាញ​ផលិត​ប្រាក់​ក្លែង​ក្លាយ​​ទ្រង់​ទ្រាយ​ធំនេះ​កាល​ពី​ចុង​ឆ្នាំ​2019​ និង​បាន​រាយ​ការណ៍​ទៅ​ក្រសួង​សន្តិសុខ​សាធារណៈ​។ ក្រោយ​រយៈ​ពេល​3ខែ​នៃ​ការ​ស្រាវ​ជ្រាវ​ ក្រសួង​សន្តិសុខ​សាធារណៈ​​​កំណត់​បានអត្តសញ្ញា​​​ជន​សង្ស័យ​ជា​ច្រើននាក់​ ហើយ​ក៏​បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​បោស​សម្អាត​ព្រម​ៗ​គ្នា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អីយ៉ា!! លោក ត្រាំ និយាយថា គ្មានអារម្មណ៍និយាយជាមួយ“ស៊ី ជីន ភីង”ទេ…លើកប្រធានបទកូវីដ-19 គំរាមផ្ដាច់សម្ព័ន្ធភាពទាំងអស់ជាមួយចិន

    អីយ៉ា!! លោក ត្រាំ និយាយថា គ្មានអារម្មណ៍និយាយជាមួយ“ស៊ី ជីន ភីង”ទេ…លើកប្រធានបទកូវីដ-19 គំរាមផ្ដាច់សម្ព័ន្ធភាពទាំងអស់ជាមួយចិន

    លោកប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់នៅថ្ងៃព្រហស្បតិ៍(ទី14 ឧសភា)ថា លោកមិនស្ថិតក្នុងអារម្មណ៍ក្នុងការនិយាយជាមួយលោក ស៊ី ជីន ភីង មេដឹកនាំចិននោះទេ ព្រមទាំងដំឡើងសំឡេងព្រមានយ៉ាងមិនសូវជាច្បាស់លាស់ប៉ុន្មានថា លោកអាចនឹងកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយមហាអំណាចគូទំនាស់មួយនេះ ចំពោះវិធីរបស់ក្រុងប៉េកាំងក្នុងការទប់ទល់នឹងការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

    លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Fox News ថា “ខ្ញុំមានសម្ព័ន្ធភាពដ៏ល្អខ្លាំងណាស់ តែពេលនេះ ខ្ញុំគ្រាន់តែមិនចង់និយាយជាមួយគេប៉ុណ្ណឹងឯង…អ្វីដែលខ្ញុំអាចប្រាប់ពួកអ្នកបាននៅពេលនេះគឺ ខ្ញុំមានអារម្មណ៍អស់សង្ឃឹមខ្លាំងណាស់ជាមួយចិន”

    នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងវិធីដែលសហរដ្ឋអាមេរិក អាចនឹងជ្រើសរើសប្រើសម្រាប់ឆ្លើយតបទៅចិនវិញនោះ លោកត្រាំ មិនបានផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ចំៗណាមួយឡើយ តែបានប្រើសំឡេងក្នុងន័យគំរាមថា “មានរឿងជាច្រើនដែលយើងអាចធ្វើបាន យើងអាចនឹងធ្វើរឿងផ្សេងៗ យើងអាចនឹងកាត់ផ្ដាច់សម្ព័ន្ធភាពទាំងអស់” លោកបានបន្ថែមថា “បើអ្នកធ្វើបែបហ្នឹង តើវាហ្នឹងមានរឿងអ្វីកើតឡើងអ៊ីចឹងហ្អេ៎? អ្នកនឹងសន្សំសំចៃប្រាក់បាន 500,000ដុល្លារ បើអ្នកកាត់ផ្ដាច់សម្ព័ន្ធភាពទាំងអស់”

    ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងតែក្ដៅគគុកខ្លាំងឡើង ខណៈដែលពួកគេបានសាចភក់ដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងប្រភពកំណើតរបស់ជំងឺឆ្លងរាតត្បាតដ៏ធំ ដែលបានសម្លាប់ជីវិតមនុស្សទូទាំងពិភពលោករួចហើយអស់ជិត 300,000នាក់។

    ច្រើនសប្ដាហ៍កន្លងទៅ ដែលលោកដូណាល់ ត្រាំ បានចោទប្រកាន់ចិនថា បានបិទបាំងការពិត ពាក់ព័ន្ធនឹងព្រំដែននៃការឆ្លងរាលដាល ដែលចាប់ផ្ដើមឡើងនៅក្នុងទីក្រុងវូហាន កាលពីអំឡុងចុងឆ្នាំ2019 ដោយហេតុនេះហើយ ទើបវាស្មើនឹងការបើកផ្លូវឱ្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មីមានឱកាសឆ្លងរាលដាលយ៉ាងស្ងាត់ៗ។

    ក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់នេះយ៉ាងដាច់ខាត ព្រមទាំងអះអាងថា ពួកគេបានបញ្ជូនព័ត៌មានទាំងអស់ដែលមាន ទៅឱ្យអង្គការសុខភាពពិភពលោកយ៉ាងលឿនបំផុតតាមដែលអាចទៅរួច រួចហើយ។

    យ៉ាងណាក៏ដោយ លោកត្រាំ បានបន្ថែមទម្ងន់ការចោទប្រកាន់ទាំងអស់នោះម្ដងទៀត ក្នុងអំឡុងការផ្ដល់បទសម្ភាសជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍(ទី14 ឧសភា) ថា “ទាំងអស់ វាមកពីចិន ហើយពួកគេគួរតែបញ្ឈប់វាឱ្យបាន!!”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​បាន​អនុម័ត​យល់​ព្រម​​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ទៅ​លើ​​​សេចក្ដី​ព្រាង​ច្បាប់​មួយ​​​សម្រាប់​ជនជាតិ​អ៊ុយហ្គួរ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

    កាល​ពី​ម្សិលមិញ(14ឧសភា) សភា​ជាន់ខ្ពស់​អាមេរិកាំង​បាន​អនុម័តច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​​ជន​ជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងអំពើ​ឃុំ​ឃាំង​ជន​ជាតិ​អ៊ុយហ្គួរ​​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​ទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​(Xinjiang) នៃ​ប្រទេស​ចិន​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ Marco Rubio មក​ពី​បក្ស​សាធារណរដ្ឋ​ និង​តំណាង​រាស្ត្រ​​ Bob Menendez មក​ពី​បក្សប្រជាធតិបតេយ្យ​ នៃ​សភា​ជាន់​ខ្ពស់​​អាមេរិកាំង​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​ជាន់ខ្ពស់​អាមេរិកាំង។

    ច្បាប់​នេះ​ស្នើ​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

    សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​សភា​ជាន់​ទាប​ដែល​​បក្ស​ប្រជាធតិបតេយ្យ​ជា​​អ្នក​គ្រប់​គ្រង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​អនុម័ត​។ បើសិនជា​សភា​ជាន់​ទាប​អនុម័ត​យល់​ព្រម​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​សេត​វិមាន​ដើម្បី​ប្រធានាធិបតី​ពិនិត្យ​ និង​សម្រេច​ថា គួរ​ចុះ​ហត្ថលេខា​ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ច្បាប់​ដែរ​ ឬ​អត់​។

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិនសូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​2017 រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​​ប្រមាណជា​1​លាន​នាក់​ ទៅ​កាន់​ជំរំ​​មួយ​ចំនួន​។ ភាគី​ខាង​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ជំរំទាំង​នោះ​គឺ​ជា​ “មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​” ហើយ​ពួកគេ​កំពុង​ប្រតិ​កម្ម​ដោយ​ស្រប​ច្បាប់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភាព​ជ្រុល​និយម​ខាង​សាសនា​។ សេចក្ដី​ប្រកាសនេះ​​របស់​ចិន​ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ងប់​ចិត្ត​នោះ​ទេ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​។​

    គួរ​រំឭក​ផងដែរ​ថា សភា​ជាន់​ទាប់​អាមេរិកាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ ក៏ធ្លាប់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ ដែល​ឱ្យ​ឈ្មោះ​ថា Uighur Intervention and Global Humanitarian Unified Response Act of 2019 ឬ the UIGHUR Act of 2019 (ការធ្វើអន្តរាគមន៍ជួយ​ជនជាតិអ៊ូហ្គួរ និងការឆ្លើយតបផ្នែកមនុស្សធម៌ជា​សកល) ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមរិកាំង​ កំណត់​អត្ត​សញ្ញាណ​ និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃុំ​ឃាំង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​ ក្នុង​ក៏​មាន​ឈ្មោះ​​លេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​របស់​​​ស៊ីនជាំង គឺ​លោក Chen Quanguo​។

    សេចក្ដី​ច្បាប់​ថ្មី​ដែល​ទើប​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អាមេរិកាំងអនុម័ត​​នេះ ក៏​បាន​និយាយ​ដល់​ឈ្មោះ Chen Quanguo និង​អនុលេខា​បក្សនៃ​តំបន់​ស៊ីនជាំង​​ គឺ​លោក Zhu Hailun​ ផងដែរ​។

    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​
    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​

    ចំណែក​ប្រទេស​ចិន​វិញ ក៏​ធ្លាប់​​ព្រមាន​ថា​នឹង​សង​សឹក​ បើ​សិន​ជា​លោក​ Chen Quanguo ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​។ ប្រទេសចិន​ក៏បាន​ហៅ​សកម្ម​ភាព​របស់​អាមេរិកាំង​​ថា​ជា​ “អន្តរាគមន៍​ប្រកប​ដោយ​ហិង្សា” ទាក់​ទិន​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង​។

    អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ មិន​ទាន់​មាន​ប្រតិ​កម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ​នៅ​ឡើយ​។

    ឥរិយាបថ​របស់​សភា​ជាន់​ខ្ពស់​អាមេរិកាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថាន​ភាព​ទំនាក់​ទំនង​រវាង​​អាមេរិក​និង​ចិន​​កំពុង​តែ​អាក្រក់​ទៅ​ៗ​ដោយ​សារ​វីរុស​COVID-19។ អាមេរិកាំង​បាន​ចោទ​ចិន​ថា មិន​មាន​តម្លា​ភាព​ និង​លាក់​បាំង​បញ្ហា​វីរុស​ និង​យឺត​យ៉ាវ​ក្នុង​ការ​ប្រកាស​អាសន្ន​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​កើន​​ដល់​ជាង​ 86,900​នាក់​

    Trump មិន​ពាក់​ម៉ាស់​ទៀត​ហើយ​ ពេល​កំពុង​ធ្វើ​ទស្សនកិច្ច​មន្ទីរ​ផ្គត់​ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ ខណៈ​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ​កើន​​ដល់​ជាង​ 86,900​នាក់​

    លោក​ Donald Trump មិន​បាន​ពាក់​ម៉ាស់ការ​ពារ​វីរុស​ នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ទស្សន​កិច្ច​មជ្ឈមណ្ឌល​គ្រប់​គ្រងសម្ភារ​វេជ្ជ​សាស្ត្រ​នៅ​ក្នុង​រដ្ឋ​ Pennsylvania ខណៈ​ដែល​មនុស្ស​នៅ​ជុំ​វិញ សុទ្ធ​តែ​ពាក់​ម៉ាស់​ការ​ពារ​។

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump កាល​ពីថ្ងៃទី14​ឧសភា​កន្លង​ទៅ បាន​​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង​​សម្ភារ​វេជ្ជ​សាស្ត្រ Owens & Minor Inc នៅ​ក្នុង​រដ្ឋ​ Pennsylvania ជា​កន្លែង​ផ្គត់​ផ្គង់​ម៉ាស់​ប្រភេទ​ N95 និង​ខោអាវ​ការ​ពារ​មេរោគ រួម​នឹង​ស្រោម​ដៃ​សុខាភិបាល​ដល់​បណ្ដា​មន្ទីរ​ពេទ្យ​នៅ​សហរដ្ឋ​អាមេរិក​។

    រូប​ថត​ស្ដី​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ថា ម្ចាស់​សេត​វិមាន​រូប​នេះ​មិន​បាន​ពាក់ម៉ាស់​​នោះ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​​អម​ដំណើរ​ និង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​នេះ​សុទ្ធ​តែ​ពាក់​ម៉ាស់​គ្រប់​គ្នា​។ នេះ​គឺជា​លើក​ទីពីរ​ហើយ​ដែល​លោក​ Trump មិន​បាន​ពាក់​ម៉ាស់​ក្នុង​ខណៈ​ពេល​ធ្វើ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ក្នុង​វិស័យសុខាភិបាល​​នៅ​ក្នុង​អំឡុង​10​ថ្ងៃ​ចុង​ក្រោយ​នេះ​។ កាល​ពីថ្ងៃទី​6​ឧសភា​ លោក​ក៏​មិន​បាន​ពាក់​ម៉ាស់​ដែរ នោ​ពេល​ធ្វើ​​ទស្សនកិច្ច​រោង​ចក្រ​ Honeywell។

    ក្នុង​គ្រា​នោះ​ដែរ លោក​​ Trump បាន​ប្រកាស​អំពី​គម្រោង​បន្ថែម​ទំនិញ​ទៅក្នុង​ឃ្លាំង​​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​​យុទ្ធ​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ ដែល​បច្ចុប្បន្ន​មាន​ការ​ខ្វះខាត​ច្រើន​​ដោយ​សារ​វីរុស​COVID-19។ លោក​ Trump ថែម​ទាំង​បាន​ចោទ​អតីត​រដ្ឋាភិបាល​របស់​លោក​ Barack Obama ថា បានបន្សល់​ទុក​ផល​វិបាក​នេះ​ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​ Trump អះអាង​ថា នឹង​ស្វែង​រក​វិធីដើម្បី​រក្សា​សម្ភារ​វេជ្ជ​សាស្ត្រ​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​3ខែ​ ដែល​បច្ចុប្បន្ន​ឃ្លាំង​នេះ​អាច​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​បាន​តែ​​រយៈ​ពេល​3សប្ដាហ៍​ប៉ុណ្ណោះ​។

    ម្ចាស់​សេត​វិមាន​ថ្លែង​ថា “ខ្ញុំ​ប្ដេជ្ញា​ជួយ​ឱ្យ​សហរដ្ឋ​អាមេរិក​​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​សម្រាប់​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​នា​ពេល​អនាគត​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ បញ្ហា​ (ជំងឺរាត​ត្បាត​) នោះ​នឹង​មិន​កើត​ឡើង​នោះ​ទេ”។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​សហរដ្ឋ​អាមេរិក​មាន​ម៉ាស់​ប្រភេទ​ N95 ប្រហែល​តែ​13​លាន​បន្ទះប៉ុណ្ណោះ​នៅ​មុន​ COVID-19 ផ្ទុះ​ឡើង​។ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិកាំង​ កាលពី​ម្សិលមិញ​​និយាយ​ថា ពួកគេ​កំពុង​តែ​មាន​គម្រោង​រក​ម៉ាស់​ឱ្យ​បាន​300​លាន​បន្ថែម​ទៀត​​​នៅ​មុន​ដំណាច់​រដូវ​ស្លឹក​ឈើ​ជ្រុះ​។

    ចាប់​តាំង​ពី​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​ទប់​ស្កាត់​ជំងឺ​​របស់​សហរដ្ឋ​អាមេរិក​(Centers for Disease Control and Prevention) បាន​ណែនាំ​ឱ្យ​អ្នក​គ្រប់​គ្នា​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ គេ​ឃើញ​ថា​ លោក​ Trump បាន​ប្រតិកម្ម​ជា​ច្រើន​លើក​ថា នោះ​ជា​ប្រការ​ “មិន​មាន​ន័យ​ និង​មិន​ស័ក្ដិ​សម​ជា​មួយ​ឋានៈ​ជា​មេដឹក​នាំ​មួយ​រូប​ក្នុង​ពិភពសេរី​ភាព​”។

    វេជ្ជ​បណ្ឌិត​ Viswanath សាស្ត្រាចារ្យ​សារ​ព័ត៌មាន​​​វេជ្ជ​សាស្ត្រ​មក​ពី​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​​វេជ្ជ​សាស្ត្រ​សាធារណៈ​ Harvard T.H. Chan របស់​ឥណ្ឌា​បាន​ថ្លែង​ថា អ្នក​រាល់​គ្នា​នឹង​សង្កេត​មើល​សកម្ម​ភាព​របស់​អ្នក​ដឹក​នាំ​​ដែល​បាន​ធ្វើ​​​ផ្ទុយទៅ​នឹង​ការ​ណែនាំ​ដែល​ពួកគេ​បាន​លើក​ឡើង​។ លោក​ថា “ក្នុង​ស្ថាន​ភាព​អាក្រក់​បំផុត​ បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​សាធារណ​ជន​សង្ស័យ​ថា តើ​វិធាន​ការ​ ឬ​សារ​ណែនាំ​សម្រាប់​ពួក​គេ​ពិត​ជា​មាន​សារ​សំខាន់​ ឬ​អត់​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​4.5​លាន​នាក់​ត្រូវ​ឆ្លង​វីរុស និង​ជាង​300,000​នាក់បាន​ស្លាប់​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​គេបង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​កូរ៉ូណា​ជាង​1.5​លាន​នាក់​ និង​​​អ្នក​ស្លាប់​ជាង​ 86,900​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ជាង​300,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​

    ពិភពលោក​ទាំង​មូល​​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ជិត​303,000​នាក់​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ខណៈ​ដែល​មនុស្ស​ជាង​4.5​លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​សកល​លោក​ បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19សរុប​ 4,518,216​​នាក់​ និង​អ្នក​ស្លាប់​​​សរុប​302,966​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​ចំនួន​94,314​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​5,301​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ជិត​1.7​លាន​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

    នៅ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​អ្នក​ជំងឺ​COVID-19 សរុប​​1,718,672​នាក់​ ខណៈ​ទ្វីប​អាមេរិក​មាន​1,636,843​នាក់​ អាស៊ី​មាន​738,920​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​​77,002​នាក់​។

    ប្រទេស​ចំនួន​3​ដែល​មាន​អ្នក​ជំងឺ​កូរ៉ូណា​ច្រើន​ជាង​គេ​​ នោះ​គឺ​សហរដ្ឋ​អាមេរិក​ឈរ​លំដាប់​ទី​មួយ​ (អ្នក​ជំងឺ​សរុប​1,455,866​នាក់​) អេស្ប៉ាញឈរ​លំដាប់​​ទីពីរ(អ្នក​ជំងឺ​សរុប​272,646​នាក់​)​ និង​រុស្ស៊ី​​ឈរ​លំដាប់​ទីបី​(​អ្នកជំងឺ​សរុប​252,245​នាក់​)៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

    អ្នក​នាំ​ពាក្យ​របស់​លោក​ Putin ឆ្លង​វីរុស​COVID-19 ខណៈ​រុស្ស៊ី​​ក្លាយ​ជា​សម្បុក​មេរោគ​ធំលំដាប់​ទី​បី​ក្នុង​ពិភពលោក

    អ្នកនាំ​ពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក​ Dmitry Peskov បាន​បញ្ជាក់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​លោក​ ក្រោយ​ពី​បាន​​ចូល​​មន្ទីរ​ពេទ្យ​​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​ថ្មី​ដែល​បង្ក​ឡើងដោយ​វីរុស​COVID-19។

    នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ Kommersant កាល​ពីថ្ងៃទី​13​ឧសភា ជំនួយ​ការ​ផ្ទាល់​របស់​ប្រធានាធិបតី​រុស្ស៊ី​ និង​ជា​អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​ លោក Dmitry Peskov បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​រលាក​សួត​ច្រើន​កន្លែង​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។ មុននោះ​1​ថ្ងៃ​ លោក​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​COVID-19នេះ​ ដែល​នាំ​ឱ្យ​លោក​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

    លោក​ Peskov រៀប​រាប់អំពី​អាការ​រោគ​របស់​លោក​​ថា មុន​នោះ លោក​​មាន​អាការ​​ក្ដៅ​ខ្លួន​ ហើយ​ភរិយា​របស់​លោក​ក៏​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​។ លោក​ថា “នៅ​ពេល​មាន​អាការ​ក្ដៅ​ខ្លួន និង​ឈឺ​ក្នុង​រាងកាយ​ យើង​ក៏​បាន​នាំ​គ្នា​មក​កាន់​មន្ទីរ​ពេទ្យ​​”។

    អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​បាន​ទទួល​ស្គាល់​ថា ដំបូង​ឡើយ​ លោក​បាន​ពាក្យ​កាត់​មួយ​ដែល​អ្នក​ផលិត​និយាយ​ថា ​អាច​ទប់​ស្កាត់​វីរុស​។ “ប៉ុន្តែ ពេល​អ្នក​សារ​ព័ត៌មាន​និយាយ​ថា កាតនោះ​គ្មាន​ប្រសិទ្ធ​ភាព​ ខ្ញុំ​ក៏​លែង​ពាក់​វា​”។

    លោក Peskov គឺជាមន្ត្រី​​ម្នាក់​ក្នុងចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​រដ្ឋាភិបាល​រុស្ស៊ី​ដែល​បាន​ឆ្លង​វីរុស​COVID-19។ កាល​ពី​ចុង​ខែ​មេសា នាយក​រដ្ឋមន្ត្រី​ Mikhail Mishustin ក៏បាន​ប្រកាស​ថា បាន​ឆ្លង​វីរុស​កូរ៉ូណា​​នេះ​។ ក្រៅ​ពី​នេះ​ក៏​មាន​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៍​ Olga Lyubimova រដ្ឋ​មន្ត្រី​ក្រសួង​សំណង់​ និង​លំនៅដ្ឋាន Vladimir Yakushev​ រួម​នឹង​អនុរដ្ឋ​មន្ត្រី​​ក៏​បាន​ឆ្លង​វីរុស​COVID-19 នេះ​ដែរ​។

    គិត​មក​ដល់​ថ្ងៃ​ទី​14ឧសភា ប្រទេស​រុស្ស៊ី​បាន​រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ជាង​252,000​នាក់​ ក្នុង​នោះ​មាន​ជាង​2,300​នាក់​បាន​បាត់​បង់ជីវិត​។ បច្ចុប្បន្ន​ ប្រទេស​នេះ​បាន​ក្លាយ​ជា​សម្បុកមេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​អេស្ប៉ាញ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក

    លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក

    ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump យល់ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ នៅ​ប្រទេស​នេះ​ ធាតុ​ពិត​​អាច​ទាប​ជាង​​របាយការណ៍​​​ផ្លូវ​ការ​ ដែល​នេះ​​គឺ​ផ្ទុយ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​ទីប្រឹក្សា​ផ្នែក​សុខាភិបាល​​នៃ​​សេត​វិមាន​។

    ​សហរដ្ឋ​អាមេរិក​​មាន​​អ្នក​ជំងឺ​សរុប​1.428.993​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​ 20,357​នាក់​។ អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​មាន​ចំនួន​85,144​នាក់​ គឺ​កើន​1,719​នាក់​បើធៀប​នឹង​ម្សិលមិញ​។ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​307.893​នាក់​ហើយ​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​។

    សារ​ព័ត៌មាន​CNN ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យ​ដឹង​ថា សេតវិមាន​កំពុង​តែ​មាន​ការ​សង្ស័យ​ទៅ​លើ​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19។ ប្រធានាធិបតី​ Donald Trump និង​ជំនួយ​ការ​ទាំង​អស់របស់​លោក​ ត្រូវ​បាន​គេ​ជឿថា​ កំពុង​ស្រាវ​ជ្រាវ​លើទិន្ន​ន័យ​​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺរបស់​អាមេរិក​ US-CDC (Centers for Disease Control and Prevention) ដែល​ប្រើ​សម្រាប់​ស្រង់​ស្ថិតិ​​ចំនួន​អ្នក​ស្លាប់​ និង​ព្យាករ​ចំនួន​អ្នកស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​​កន្លង​មក ដើម្បី​ឱ្យ​ដឹង​ថា តើ​គួរ​ទុក​ចិត្ត​បាន​ដែរ​ឬ​យ៉ាង​ណា​។

    ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្ម​ធីការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​បាន​សួរ​អំពី​វិធី​សាស្ត្រ​ដែល​ US-CDC ប្រមូល​ និង​តាម​ដាន​ទិន្ន​ន័យ​។ ពួកគេ​យល់​ថា តួលេខ​ដែល​បាន​រាយការណ៍​ អាច​ត្រូវ​បាន​គេ​បំប៉ោង​ហួស​ពី​ការ​ពិត​។

    លោក​ Trump សង្ស័យ​តួលេខ​​ត្រូវ​បាន​គេ​បំប៉ោង​ ខណៈ​មាន​មនុស្ស​ជាង​85,000​នាក់​បាន​ស្លាប់​ដោយ​សារ​COVID-19នៅ​សហរដ្ឋ​អាមេរិក
    ​វេជ្ជ​បណ្ឌិត​ Anthony Fauci និង​លោក​ Trump

    ប្រការ​ខាងលើ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​យល់​ឃើញ​របស់​អ្នកជំនាញ​កំពូល​ផ្នែក​សុខ​ភាព​​របស់​សហរដ្ឋ​អាមេរិក គឺ​វេជ្ជ​បណ្ឌិត​ Anthony Fauci ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មធិការ​ដឹកនាំ​​ការ​ទប់​ទល់​នឹង​COVID-19 របស់​សេត​វិមាន​។ លោក​ Fauci មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​គណៈកម្ម​ធិការ​មួយ​នៃ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19​ នាបច្ចុប្បន្ន​ ទំនង​ជា​មិន​ទាន់​បង្ហាញ​អំពី​ភាព​ជាក់ស្ដែង​នោះ​ទេ​ ដោយ​លោក​អះអាង​ថា តួលេខ​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​នេះ​ ដោយសារ​តែ​មាន​អ្នក​ខ្លះ​ស្លាប់​នៅ​ឯផ្ទះ និង​អ្នក​ខ្លះ​ស្លាប់​មុន​ពេល​ធ្វើ​តេស្ត​រក​មេរោគ​។

    វេជ្ជ​បណ្ឌិត​ Anthony Fauci ក៏​បាន​ព្រមាន​ថា ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​​យ៉ាង​ប្រញាប់​ប្រញាល់​ អាច​ធ្វើ​ឱ្យ​វីរុស​COVID-19​ ផ្ទុះ​ឆ្លង​រាលដាល​សាជា​ថ្មី និង​ “មិន​អាច​គ្រប់​គ្រង​” បាន​។ ក៏ប៉ុន្តែ លោក​ Trump បាន​ទាត់​ចោល​ការ​យល់​ឃើញ​របស់​លោក Anthony Fauci។

    វិទ្យា​ស្ថាន​វាយតម្លៃនិងវាស់វែងផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវ៉ាស៊ីងតោន IHME (Institute for Health Metrics and Evaluation) ថ្មី​ៗ​នេះ បាន​បង្កើន​តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការ​ព្យាករ​​របស់​ខ្លួន​ ដោយ​សារ​តែ​រដ្ឋ​ជា​ច្រើន​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​គោចរ​ និង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ។ IHME បាន​ព្យាករ​ថា ចំនួន​អ្នកស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋអាមេរិក​អាច​ឡើង​ដល់​147,000​នាក់​នៅដើម​ខែ​សីហា​​ខាង​មុខ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ជិត​298,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​298,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​

    វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជិត​298,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​ជាង​4.4​លាន​នាក់​​នៅ​ជុំវិញ​ពិភព​លោក​។

    ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​សកល​លោក​ ត្រូវ​បាន​រាយ​ការណ៍​ថា បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 សរុប​​ឡើង​ដល់​4,423,902​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​ចំនួន​297,665​នាក់​​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ពិភពលោក​ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​88,081​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​5,364​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​បាន​កើន​ឡើង​ដល់​1,654,891​នាក់​។ នេះ​បើតាម​ស្ថិតិ​របស់​ Worldometer។

    ទ្វីប​អាមេរិក​ជា​សម្បុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ធំជាង​គេ​ក្នុង​ពិភពលោក​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​1,569,569​នាក់​ អាមេរិក​ខាង​ត្បូង​មាន​355,274​នាក់​ ខណៈ​ទ្វីប​​អឺរ៉ុប​មាន​1,696,322​នាក់​ ទ្វីប​អាស៊ី​មាន​720,802​នាក់​ និង​អាហ្វ្រិក​មាន​​73,832​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក នៅ​តែជា​សហរដ្ឋ​អាមេរិក​ដដែល​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1.428.993​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​ 20,357​នាក់​។ អ្នក​ស្លាប់​សរុប​ដោយ​សារ​កូរ៉ូណា​មាន​ចំនួន​85,144​នាក់​ គឺ​កើន​1,719​នាក់​បើធៀប​នឹង​ម្សិលមិញ​។ ប្រទេស​នេះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​307.893​នាក់​ហើយ​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់​ផ្ដើម​សាង​សង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)

    គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់​ផ្ដើម​សាង​សង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)

    ផ្លូវរូងក្រោមឆកសមុទ្រ Fehmarn Belt ដែលតភ្ជាប់ប្រទេសដាណឺម៉ាកទៅកាន់ប្រទេសអាល្លឺម៉ង់ និងត្រូវសាងសង់ចាប់ពីដើមឆ្នាំ2021នោះ នឹងជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរពី45នាទី មកនៅត្រឹម7នាទី។

    តាមគម្រោង កំណាត់ផ្លូវម្ខាងទៀតនៃផ្លូវរូងក្រោមសមុទ្រដែលស្ថិតក្នុងប្រទេសដាណឺម៉ាក នឹងត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី1មករា ឆ្នាំ2021។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី24មេសារបស់ក្រសួងដឹកជញ្ជូននៃប្រទេសដាណឺម៉ាក។

    គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)ផ្លូវរូងក្រោមឆកសមុទ្រ Fehmarn Belt នេះ នឹងតភ្ជាប់កោះ Lolland របស់ប្រទេសដាណឺម៉ាក ជាមួយនឹង Puttgarden ដែលជាភូមិ និងកំពង់ផែនៅលើកោះ Fehmarn នៅភាគខាងជើងប្រទេសអាល្លឺម៉ង់។

    នៅក្នុងការសាងសង់ ដំបូង ចង្អូរដែលមានទទឹង60ម៉ែត្រ ជម្រៅ16ម៉ែត្រ នឹងត្រូវបានជីកក្រោមបាទសមុទ្រ Baltic។ មិនដូចទៅនឹងផ្លូវរូងក្រោមបាទសមុទ្រផ្សេងៗ ដូចជាផ្លូវរូងក្រោមឆកសមុទ្រ Manche ឬ Seikan នៅប្រទេសជប៉ុននោះទេ ផ្លូវរូងនៅឆកសមុទ្រ Fehmarn Belt នឹងត្រូវបានសាងសង់ដោយប្រើប្រាស់កំណាត់ផ្លូវរូងដែលគេបានចាក់ពុម្ភជាស្រេច ដោយគ្រាន់តែយកវាទៅជ្រមុជក្រោមទឹកត្រង់ចង្អូរដែលមានជម្រៅពីផ្ទៃទឹកសមុទ្រប្រមាណជា35ម៉ែត្រ។ កំណាត់ផ្លូវរូងនីមួយៗនឹងមានទទឹង40ម៉ែត្រ ជម្រៅ(កម្ពស់)15ម៉ែត្រ និង​ទម្ងន់​73,000​តោន។

    គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)កំណាត់ផ្លូវរូងទាំងនោះនឹងត្រូវបានផលិតឡើងដោយរោងចក្រមួយនៅដាណឺម៉ាក បន្ទាប់មកវានឹងត្រូវគេដឹកដោយកប៉ាក់ យកទៅកាន់ការដ្ឋានសាងសង់ផ្លូវរូងនោះ។ ប្រព័ន្ធបណ្ដែតដ៏ធំនឹងត្រូវបានប្រើដើម្បីទម្លាក់កំណាត់ផ្លូវរូងទៅក្នុងចង្អូរដែលគេបានធ្វើរួចជាស្រេច។

    គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)គម្រោងសាងសង់ផ្លូវរូងក្រោមសមុទ្រដែលមានប្រវែងវែងជាងគេក្នុងពិភពលោកមួយនេះ នឹងត្រូវចំណាយប្រាក់ប្រមាណជា7.6ពាន់លានដុល្លារអាមេរិក។ ផ្លូវក្រោមសមុទ្រនេះរួមមាន ផ្លូវដែកប្រវែង18គីឡូម៉ែត្រចំនួនពីរខ្សែ និងផ្លូវល្បឿនលឿន2ខ្សែ​ដែលមាន4គន្លង។

    គម្រោងផ្លូវរូងក្រោមសមុទ្រវែងបំផុតក្នុងពិភពលោក នឹងត្រូវចាប់ផ្ដើមសាងសង់នាពេលដ៏ខ្លីខាងមុខ(វីដេអូ)ផ្លូវរូងក្រោមសមុទ្រនេះនឹងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Fehmarn Belt ចុះមកនៅត្រឹម10នាទីបើសិនធ្វើដំណើរដោយរថយន្ត និង7នាទីបើធ្វើដំណើរតាមរថភ្លើង ដែលនេះពិតជារយៈពេលដ៏ខ្លីបើធៀបជាមួយនឹង45នាទី នៅពេលគេធ្វើដំណើរតាមស្រឡាងដូចបច្ចុប្បន្ន។

    តាមគម្រោង ផ្លូវរូងក្រោមបាទសមុទ្រនេះនឹងត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ2029 ដោយផ្ដើមការសាងសង់ចាប់ពីដើមឆ្នាំ2021ខាងមុខ៕

    https://www.youtube.com/watch?v=_XUiMncXp7A

    ប្រភព៖ សារព័ត៌មានបរទេស

  • “ស្ពាន” ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​​ឯ​នាយ​​អវកាស​​(វីដេអូ)

    “ស្ពាន” ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​​ឯ​នាយ​​អវកាស​​(វីដេអូ)

    “ស្ពានឧស្ម័ន” ដែលមាន​ម៉ាស់ធ្ងន់ជាង6លានលានដងធៀបនឹងម៉ាស់របស់ព្រះអាទិត្យ ត្រូវបានបង្កើតឡើងក្រោយពីហេតុការណ៍ប៉ះទង្គិចគ្នារវាងបណ្ដុំកាឡាក់ស៊ីចំនួនពីរកាល​ពី​អតីតកាល​ដ៏យូរ​លង់​ណាស់​មក​ហើយ។

    បណ្ដុំកាឡាក់ស៊ីទាំងពីរនេះ បាន “សាងសង់” ស្ពានឧស្ម័ន​មួយដ៏វែងបន្ទាប់ពីពួកវាបានប៉ះទង្គិចគ្នាកាលពីរាប់រយលានឆ្នាំមុន។ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានឱ្យដឹងថា ពួកវាបានប៉ះទង្គិចគ្នា ហើយក៏ហោះបញ្ច្រាសគ្នា បង្កឱ្យមានឧស្ម័នដែលមានបរិមាណដ៏ច្រើនមហិមា បង្កើតបានជាស្ពានឧស្ម័នដ៏ចម្លែកដែលមានប្រវែងជាង3លានឆ្នាំពន្លឺ។

    "ស្ពាន" ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​ឯនាយ​អវកាស​បណ្ដុំកាឡាក់ស៊ីគឺជាវត្ថុធំជាងគេបង្អស់ក្នុងលម្ហ​អវកាស​ ដែលត្រូវបានតភ្ជាប់គ្នាដោយកម្លាំងទំនាញ។ នៅ​ក្នុង​បណ្ដុំ​កាឡាក់ស៊ី​ ឬ​ចង្កោម​កាឡាក់ស៊ី​ គឺ​មាន​កាឡាក់ស៊ី​ជា​ច្រើន​។

    រចនាសម្ព័ន្ធដែលមានកាឡាក់ស៊ីពីរ និងស្ពានឧស្ម័ននេះត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា Abell 2384។ Abell 2384នេះ មានម៉ាស់សរុបធ្ងន់ជាង260លានលានដងបើធៀបជាមួយនឹងម៉ាស់របស់ព្រះអាទិត្យ។ ដោយ​ឡែក​ ស្ពានឧស្ម័ន​របស់​ Abell 2384​ វិញ មាន​ម៉ាស់​ធ្ងន់ជាង6លានលានដងធៀបនឹងម៉ាស់របស់ព្រះអាទិត្យ។

    "ស្ពាន" ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​ឯនាយ​អវកាស​រូបភាពស្ដីអំពី Abell 2384 ត្រូវបានថតដោយកែវ​យឹត​អវកាស​ Chandra (Chandra X-ray Observatory) ដែល​មាន​តួនាទី​សង្កេតកាំរស្មី X រួម​នឹង​យានអវកាស XMM-Newton និងកែវយឹតរលកវិទ្យុ Metrewave។

    មហាប្រហោងខ្មៅនៅចំកណ្ដាលកាឡាក់ស៊ីមួយដែលស្ថិតក្នុងបណ្ដុំកាឡាក់ស៊ីមួយក្នុងចំណោមបណ្ដុំកាឡាក់ស៊ីទាំងពីរ កំពុងតែបញ្ចេញវត្ថុធាតុដែលវាបាននិងកំពុង “ទំពាស៊ី” យ៉ាងខ្លាំងក្លា រហូតដល់អាចធ្វើឱ្យមហាស្ពានឧស្ម័នបានប្រែរូបរាង​។

    "ស្ពាន" ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​ឯនាយ​អវកាស​ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញដាននៃ​ក្បាលរលកកាំរស្មី Shockwave ដែលដូចទៅនឹងការផ្ទុះដ៏ខ្លាំងក្លាពីយន្តហោះប្រដេញដូច្នោះដែរ។

    យោងទៅតាមការវិភាគនៅលើកុំព្យូទ័រ អ្នកវិទ្យាសាស្ត្រយល់ថា បណ្ដុំកាឡាក់ស៊ីទាំងពីរនេះ នឹងរួមបញ្ចូលចូលគ្នាតែមួយនា​ពេល​អនាគត។

    "ស្ពាន" ប្រវែង3លានឆ្នាំពន្លឺ តភ្ជាប់បណ្ដុំកាឡាក់ស៊ីចំនួនពីរ នៅ​ឯនាយ​អវកាស​លទ្ធផលនៃការរកឃើញនេះ ត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស