Category: អន្តរជាតិ

  • យានអវកាសមានមនុស្សបើកបរដំបូងគេបង្អស់របស់ SpaceX នឹងហោះទៅកាន់ស្ថានីយអវកាស ISS នៅសប្ដាហ៍ក្រោយ

    យានអវកាសមានមនុស្សបើកបរដំបូងគេបង្អស់របស់ SpaceX នឹងហោះទៅកាន់ស្ថានីយអវកាស ISS នៅសប្ដាហ៍ក្រោយ

    ជើងហោះហើរជាប្រវត្តិសាស្ត្ររបស់រ៉ុកកែត Falcon 9 នាថ្ងៃទី27ឧសភាខាងមុខនឹងក្លាយជាលើកដំបូងបង្អស់ដែលទីភ្នាក់ងារអវកាសអាមេរិកាំង NASA បាញ់បង្ហោះយានអវកាសដឹកអវកាសយានិកពីទឹកដីសហរដ្ឋអាមេរិក ក្រោយរយៈពេលជិត1ទសវត្សរ៍មកនេះ។

    រ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX នឹងត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Dennedy ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នៅក្នុងយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX នោះ នឹងមានអវកាសយានិកជនជាតិអាមេរិកាំង2រូប។ គោលដៅរបស់ពួកគេគឺស្ថានីយអវកាសអន្តរជាតិ(ISS) ជាកន្លែងដែលពួកគេត្រូវចំណាយពេលចាប់ពី1ខែទៅ4ខែ នៅលើកម្ពស់400គីឡូម៉ែត្រពីលើផែនដី។

    យានអវកាសមានមនុស្សបើកបរដំបូងគេបង្អស់របស់ SpaceX នឹងហោះទៅកាន់ស្ថានីយអវកាស ISS នៅសប្ដាហ៍ក្រោយជើងហោះហើរនេះ មិនត្រឹមតែជាសញ្ញានៃជោគជ័យផ្នែកបច្ចេកវិទ្យានោះទេ ប៉ុន្តែវាក៏មានអត្ថន័យធំធេងទាក់ទងនឹងភូមិសាស្ត្រនយោបាយរបស់អាមេរិកាំងផងដែរ។

    NASA នឹងលែងពឹងផ្អែកទៅលើកាំជ្រួច Soyuz របស់រុស្ស៊ីដូចមុនទៀតហើយក្នុងការហោះហើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយពួកគេនឹងអាចបញ្ជូនអវកាសចរឡើងទៅទីអវកាសពីសហរដ្ឋអាមេរិកផ្ទាល់។
    នេះនឹងជាបេសកកម្មឡើងទៅកាន់អវកាសដែលមានមនុស្សបើកបរដំបូងបង្អស់ដែលត្រូវបានបាញ់បង្ហោះពីទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជិត1ទសវត្សរ៍មកនេះ។

    យានអវកាសមានមនុស្សបើកបរដំបូងគេបង្អស់របស់ SpaceX នឹងហោះទៅកាន់ស្ថានីយអវកាស ISS នៅសប្ដាហ៍ក្រោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានទទួលជោគជ័យក្នុងការហោះហើរលក្ខណៈហ្វឹកហាត់មួយដោយប្រើអវកាសយានិកសិប្បនិម្មិតកាលពីខែមីនា ឆ្នាំ2019។

    https://www.youtube.com/watch?v=FLP5EGO-RzU

    ពួកគេក៏បានដឹកជញ្ជូនទំនិញឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ចំនួន19លើក ចាប់ពីឆ្នាំ2012 រហូតមកដល់បច្ចុប្បន្ន ដោយប្រើប្រាស់យានអវកាស Crew Dragon៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្លាក់​យន្ត​ហោះ​ទៀត​ហើយ! ​5​ថ្ងៃ​ចុង​ក្រោយ​នេះ យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​​អាមេរិក​ពីរ​គ្រឿង​ បាន​ជួប​គ្រោះ​ថ្នាក់​

    ធ្លាក់​យន្ត​ហោះ​ទៀត​ហើយ! ​5​ថ្ងៃ​ចុង​ក្រោយ​នេះ យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​​អាមេរិក​ពីរ​គ្រឿង​ បាន​ជួប​គ្រោះ​ថ្នាក់​

    យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ដែល​ទើប​តែ​បាន​ជួប​ឧបទ្ទវហេតុ​នៅ​ពេល​កំពុង​ហ្វឹក​ហាត់​នៅ​ក្នុង​រដ្ឋ​ Florida បាន​ក្លាយជា​ជា​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ទីពីរ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ធ្លាក់​ ក្នុង​អំឡុង​ពេល​មិន​ដល់​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះ​​។

    “F-35A ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​យន្ត​ហោះ​ចម្បាំង​លេខ​58​​ បាន​ធ្លាក់​នៅ​ពេល​កំពុង​ចុះ​ចត​នា​វេលា​ម៉ោង​21​និង​30​នាទី​ ក្នុង​ថ្ងៃទី​19​ឧសភា​។ អ្នក​បើក​បរ​យន្ត​ហោះ​បាន​ចុច​គន្លឹះ​បាញ់​កៅ​អី​ចេញ​ពី​យន្ត​ហោះ​ទាន់​ពេល​ដោយ​សុវត្ថិ​ភាព​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ដើម្បី​ពិនិត្យ​ និង​ព្យា​បាល​របួស​​។ គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​នេះ​បាន​កើត​ឡើង​នៅ​ពេល​យន្ត​ហោះ​នេះ​កំពុង​ចូល​រួម​ក្នុង​ការ​ហ្វឹកហាត់​នៅ​ពេល​យប់​។ ប៉ុន្តែ ហេតុ​ការណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ ឬរបួស​ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​លើ​ដី​នោះ​ទេ​” នេះបើ​តាម​សម្ដី​មេបញ្ជា​ការ​នៃ​ជំរំទ័ព​អាកាស​ Eglin ក្នុង​រដ្ឋ​ Florida នៃ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ប្រកាសឱ្យ​ដឹង​​​ក្នុង​ថ្ងៃ​ទី​20​ឧសភា​​នេះ​។

    ធ្លាក់​យន្ត​ហោះ​ទៀត​ហើយ! ​5​ថ្ងៃ​ចុង​ក្រោយ​នេះ យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​​អាមេរិក​ពីរ​គ្រឿង​ បាន​ជួប​គ្រោះ​ថ្នាក់
    យន្ត​ហោះ​ F-22

    នេះ​គឺជា​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ទីពីរ​​របស់​កង​កម្លាំង​នៅ​មូលដ្ឋាន​ទ័ព Eglin ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ក្នុង​អំឡុង​ពេល​ត្រឹម​តែ​5​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​យន្ត​ហោះ​ F-22 មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ពេល​កំពុង​​ហ្វឹក​ហាត់​​កាល​ពីថ្ងៃទី​15​ឧសភា​កន្លង​ទៅ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • Hot News! ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​ “​ផ្ដាច់​​ខ្លួន​” នោះ​ឡើយ បន្ទាប់​ពី​​​​តៃ​វ៉ាន់​​​ប្រកាស​បដិសេធ​​គោល​ការណ៍ “ប្រទេស​មួយ របប​ពីរ​”

    Hot News! ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​ “​ផ្ដាច់​​ខ្លួន​” នោះ​ឡើយ បន្ទាប់​ពី​​​​តៃ​វ៉ាន់​​​ប្រកាស​បដិសេធ​​គោល​ការណ៍ “ប្រទេស​មួយ របប​ពីរ​”

    ប្រទេស​ចិន​បាន​ប្រកាស​អំពី​គោល​នយោបាយ​ “ប្រទេស​មួយ​ របប​ពីរ​” តាំង​ពី​យូរ​យារ​មក​ហើយ និង​បាន​ប្រកាស​ជា​ថ្មី​​ថា​នឹង​មិន​លើក​លែង​​ទោស​ឱ្យ​ក្រុម​ “ផ្ដាច់​ខ្លួន​” ណា​មួយ​នៅ​កោះ​តៃវ៉ាន់​នោះ​ឡើយ​។

    Ma Xiaoguang ដែល​ជា​អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ថ្លែង​ថា រូប​មន្ត​ “ប្រទេស​មួយ របប​ពីរ​” គឺជា​គោល​ការណ៍​ស្នូល​ក្នុង​គោល​នយោបាយ​សម្រាប់​តៃវ៉ាន់​របស់​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនភីង​។ ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់​នូវ​រូបមន្ត​នេះ​។

    “បង្រួប​បង្រួម​គឺជា​ប្រការ​ដែល​មិន​អាច​គេច​រួច​នៅក្នុង​ប្រវត្តិ​រីក​ចម្រើន​ដ៏​មហិមា​របស់​ប្រទេស​ចិន​” លោក Ma Xiaoguang ​ថ្លែង​បែប​នេះ​។ លោក​បន្ត​ថា “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ប្រកប​ដោយ​ភាព​ជឿ​ជាក់​ និង​សមត្ថ​ភាព​ពេញ​លេញ​ដើម្បី​ការ​ពារអធិបតេយ្យ​ភាព​របស់​ប្រទេស​ជាតិ​។ យើង​នឹង​មិន​លើក​លែង​ទោស​ឱ្យ​ក្រុម​ណា​មួយ​ដែលធ្វើ​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ ឬ​កម្លាំង​បរទេស​ណា​ដែល​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ជា​ដាច់​ខាត”។

    ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​ "​ផ្ដាច់​​ខ្លួន​" នោះ​ឡើយ បន្ទាប់​ពី​​​​តៃ​វ៉ាន់​​​ប្រកាស​បដិសេធ​​គោល​ការណ៍ "ប្រទេស​មួយ របប​ពីរ​"
    លោក Ma Xiaoguang អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន

    អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន បាន​សង្កត់​ធ្ងន់​ថា “តៃវ៉ាន់​ឯករាជ”​ គឺជា​ការ​ដើរ​បញ្ច្រាស​និន្នា​ការ​សម័យ​ថ្មី​ និង​ជា​ផ្លូវ​ដែល​មិន​អាច​នាំ​ទៅ​ណា​បាន​នោះ​ទេ​។ “យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើត​វិសាល​ភាព​ធំ​ទូលាយ​សម្រាប់​បង្រួប​បង្រួម​ជាតិ​ដោយ​សន្តិភាព​ ប៉ុន្តែ​ដាច់​ខាត​មិន​ទុក​ចន្លោះ​ប្រហោង​ណាមួយ​សម្រាប់​សកម្ម​ភាព​ផ្ដាច់​ខ្លួន​នៃ​ក្រុម​ “តៃវ៉ាន់​ឯក​រាជ”​ នោះ​ទេ​ បើ​ទោះ​ក្នុង​រូប​ភាព​ណា​ក៏ដោយ”។

    ការ​ប្រកាស​របស់​ Ma Xiaoguang ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សុន្ទរកថា​​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​មេដឹក​នាំ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen។ លោក​ស្រី​ថ្លែង​ថា តៃវ៉ាន់​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ចរចា​ជា​​មួយ​ភាគី​ចិន​ ប៉ុន្តែ​មិន​យល់ព្រម​ឱ្យ​ទីក្រុង​ប៉េកាំង​ប្រើ​ប្រាស់​រូប​មន្ត​ “ប្រទេស​មួយ របប​ពីរ​” ដើម្បី​ទម្លាក់​តួនាទី​របស់​តៃវ៉ាន់​នោះឡើយ​។

    ប្រទេស​ចិន​ (ដីគោក) តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដីរបស់​ខ្លួន​ ដែល​រង់​ចាំ​តែ​ការ​បង្រួប​បង្រួម​ប៉ុណ្ណោះ​ រាប់​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​បាយ​ផងដែរ​។ ទំនាក់​ទំនង​រវាង​ចិនដីគោក និង​កោះតៃវ៉ាន់​ បាន​ប្រែ​ទៅ​ជា​ល្អក់​កករ​ជា​ថ្មី​ចាប់​តាំង​ពី​លោក​ស្រី​ Tsai Ing-wen​​ ដែលជា​អ្នក​ប្រឆាំង​នឹង​គោល​នយោបាយ​ “ប្រទេស​មួយ របប​ពីរ​” បាន​ជាប់ឆ្នោត​កាល​ពី​ឆ្នាំ​2016។

    មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen និង​ថ្នាក់​ដឹក​នាំ​កោះ​តៃវ៉ាន់
    មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen និង​ថ្នាក់​ដឹក​នាំ​

    នៅក្នុង​អាណត្តិ​ដំបូង​ លោក​ស្រី Tsai Ing-wen បាន​ប្រកាស​ជា​ច្រើន​ដង​ថា​មិន​ទទួល​យក​រូបមន្ត​ “ប្រទេស​មួយ របប​ពីរ​”​ ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​។ លោក​ស្រី​ថា តៃវ៉ាន់​ “គឺជា​ប្រទេស​ឯករាជ្យ​”។ ទន្ទឹមនឹង​នេះ “ភាព​ផ្អែម​ល្ហែម​” រវាង​កោះតៃវ៉ាន់ និង​អាមេរិកាំង​ ក៏បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា​ខ្លាំង​ផងដែរ​។ ប្រទេស​ចិន​បាន​បញ្ជុះ​បញ្ចូល​ឱ្យ​សម្ព័ន្ធ​មិត្ត​​ចំនួន​7​របស់​កោះ​តៃវ៉ាន់ កាត់​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កោះ​នេះ​​​ ហើយ​ងាក​មក​បង្កើត​ទំនាក់​ទំនង​ជាមួយ​​ទីក្រុង​ប៉េកាំង​។ បច្ចុប្បន្ន កោះតៃវ៉ាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ចំនួន​15​ ដែល​ភាគ​ច្រើន​ជា​បណ្ដា​ប្រទេស​តូច​ៗ​នៅ​អាមេរិកខាង​ត្បូង​ និង​ប្រទេស​នៅ​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វីក។ តៃវ៉ាន់​ក៏​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​បណ្ដា​ប្រទេស​ដូច​ជា អូស្ត្រាលី កាណាដា បណ្ដា​ប្រទេស​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​ ជប៉ុន​ នូវែលហ្សេឡង់ និង​សហរដ្ឋ​អាមេរិក​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់…

    អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់…

    សម្ព័ន្ធភាពរវាង “មហានាគ” និង “មហាឥន្ទ្រី” កំពុងត្រូវធ្វើឱ្យញ័ររញ្ជួយជាថ្មីម្ដងទៀត បន្ទាប់ពី “សង្គ្រាមពាណិជ្ជកម្ម” ដែលទាំង 2នាក់ធ្លាប់បើកឆាកប្ដូរកណ្ដាប់ដៃគ្នាម្នាក់ 1ដៃកាលពីពេលមុនរួចមកហើយ និងកំពុងស្ថិតក្នុងអំឡុងពេលសម្រាកឱ្យទឹកនោះ ក៏ស្រាប់តែមានកម្លាំងជំរុញជាថ្មីម្ដងទៀត ពីអ្វីដែល “មនុស្សមិនអាចមើលឃើញបានដោយភ្នែកទទេ” តែបានសម្លាប់ជីវិតមនុស្សរួចទៅហើយអស់រាប់សែននាក់ និងថែមទាំងធ្វើឱ្យមនុស្សជាច្រើនត្រូវរងទុក្ខវេទនា ដោយសារតែត្រូវអស់ការងារធ្វើ ជាច្រើនលាននាក់ទៀត ទូទាំងពិភពលោក។

    1.Chinese Virus!!
    2.ឧប្បត្តិហេតុក្នុងបន្ទប់ពិសោធន៍ទីក្រុងវូហាន ធ្វើឱ្យកូវីដ-19 ដែលឆ្លងកាត់ការបង្កាត់ពូជរួចហើយ របូតធ្លាយចេញមក!!
    3.ដោយសារតែរដ្ឋបាលចិន បិទបាំងព័ត៌មាន ធ្វើឱ្យកូវីដ-19 រាលដាលឆាបឆេះពេញសហរដ្ឋអាមេរិក!!
    4.WHO កាន់ជើងរដ្ឋបាលចិន ជាហេតុបណ្ដាលឱ្យការធ្វើការងារកើតការខុសឆ្គង រហូតធ្វើឱ្យសហរដ្ឋអាមេរិករងផលប៉ះពាល់!!
    5.វីរុសកូវីដ-19 កើតឡើងនៅក្នុងប្រទេសចិន ដូច្នេះ ចិនត្រូវតែទទួលខុសត្រូវ និងចេញថ្លៃខូចខាតឱ្យពលរដ្ឋអាមេរិកាំងដែលរងផលប៉ះពាល់!!

    នេះគ្រាន់តែជា “ការបើកឆាក” ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក គាស់ឡើងយកមកសំពង “មហានាគ” ក្រោយពីកូវីដ-19 សម្លាប់ជីវិតពលរដ្ឋអាមេរិកាំងអស់ 91,981នាក់ និងឆ្លងមេរោគ 1,550,294នាក់(សម្រាប់ថ្ងៃទី19 ឧសភា ដោយទីភ្នាក់ងារព័ត៌មាន Worldmeter) និងអស់ការងារធ្វើ ប្រមាណជា 36.6លាននាក់(ប្រភព Financial Times កាលពីថ្ងៃទី14 ឧសភា)។

    នៅពេលត្រូវសំពងមកយ៉ាងធ្ងន់ៗបែបនេះ តើមានដែរឬ ដែល “មហានាគនៃអាស៊ី” នៅធ្វើព្រងើយបាននោះ? ដូច្នេះបាតុភូត China strikes back ក៏ចាប់កំណើតឡើង!!

    អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...
    ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនភីង

    “អ្នកអាចកុហកមនុស្សគ្រប់គ្នាបាននៅពេលខ្លះ និងអាចកុហកអ្នកខ្លះបាន
    នៅគ្រប់ពេល តែអ្នកមិនអាចកុហកមនុស្សគ្រប់គ្នាបានគ្រប់ពេលនោះទេ”

    សម្ដីមាស របស់លោកប្រធានាធិបតី “អាប្រាហាម លិនខន់” អ្នករំដោះប្រទេសសហរដ្ឋអាមេរិកចេញពីការ “ជិះជាន់ខាងវណ្ណៈ” ត្រូវបានព្រលែងចេញមកពីមាត់របស់លោក “ចាវ លី ចៀន” អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន។ បន្ទាប់ពីនោះ ក៏បន្តទៀតដោយ “មុខកាំបិត លាបទឹកឃ្មុំ” វះចាក់ដោតបន្ថែម ដោយការហៅអ្វីគ្រប់យ៉ាងដែលរដ្ឋបាលសហរដ្ឋអាមេរិកលាបពណ៌នោះថា ជា “ភាពកុហកបោកប្រាស់ 24ចំណុច”។

    អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...

    តើអ្វីដែលធ្វើឱ្យសម្ព័ន្ធភាពរវាងរដ្ឋាភិបាលទាំង 2ប្រទេស ដើរមកដល់ “ចំណុចទាស់ទែង” រហូតដល់ថ្នាក់បើកសង្គ្រាមជះពាក្យសម្ដីដាក់គ្នា និងពាក្យសម្ដីដែលថានេះ កំពុងតែនាំឆ្ពោះទៅកាន់បញ្ហាទំនាស់រវាងជនជាតិ ដែលអាចនឹងធ្លាក់បន្តពី “1ជំនាន់ ទៅ1ជំនាន់” នៅទីបំផុត…

    តើការបើកឆាកសង្គ្រាម “ថ្ងៃប្រកួតពាក្យសម្ដី” នេះ វាកើតឡើងនៅពេលណា?

    ក្នុងអំឡុងពេលដំបូងៗ រដ្ឋបាលចិន ត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរទាំងខាងក្នុង និងខាងក្រៅ ក្នុងរឿងការចាត់ការកែបញ្ហាការឆ្លងរាលដាលនៃមេរោគកូវីដ-19 ហើយវាចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗ នៅពេលដែលសហរដ្ឋអាមេរិកបានចូលមកប្រឡូកជាមួយដែរ តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ រដ្ឋបាលប៉េកាំង នៅតែព្យាយាម “ខាំមាត់អត់ធ្មត់” មិនសូវចេញមកបង្ហាញឥរិយាបថឆ្លើយតបការចោទប្រកាន់ទាំងនោះប៉ុន្មានឡើយ។

    តែទីបំផុត នៅពេលចូលដល់ខែមីនា ស្ថានការណ៍នៅក្នុងប្រទេសចិន “ចាប់ល្អប្រសើរឡើង” តែ “វីរុស” មហាកំណាចនោះ បែរជាឆ្លងរាលដាល និងរាតត្បាតចេញទៅទូទាំងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុប បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្លាំងក្លាបំផុត។ ពេលនោះហើយ “មហានាគ” ក៏ចាប់ផ្ដើមវែកវាំងននសន្សឹមៗ ចេញមកឆ្លើយតប “មហាឥន្ទ្រី” ប្រភពកំណើតនៃពហុ “ការចោទប្រកាន់” និង “មហាព័ត៌មានចចាមអារ៉ាម” ទាំងឡាយ។

    អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...ដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន “ដណ្ដើមវាយលុកមុន” ដោយការព្រលែងសារក្នុងធ្វីតធើរ “បង្កើតទ្រឹស្ដីសមគំនិត” ឡើងមកថ្មីមួយថា វីរុសកូវីដ-19 ការពិតទៅ ប្រហែលជា “អាវុធជីវសាស្ត្រ” ដែលត្រូវបានផលិតឡើងដោយ “កងទ័ពអាមេរិក” ច្រើនជាង ដោយការនាំយក “ឃ្លីប” ពាក្យសម្ដីផ្ដល់ដំណឹង នៅក្នុងសភាកុងហ្ក្រេសរបស់លោក “រ៉ូប៊ើត រេដហ្វ៉ដ” អគ្គនាយកមជ្ឈមណ្ឌលការគ្រប់គ្រងរោគ និងការការពាររបស់សហរដ្ឋអាមេរិក ឬ CDC ដែលបានបញ្ជាក់ថា រកឃើញថា មានអ្នកស្លាប់មួយចំនួននៅក្នុងសហរដ្ឋអាមេរិក បណ្ដាលមកពីការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(ដែលក្រោយមកគឺ កូវីដ-19) មកប្រើប្រកបជាមួយការអះអាង រហូតធ្វើឱ្យសារនៅក្នុងធ្វីតធើរនោះ ត្រូវបានចែកចាយបន្តជាង 300,000ដង។

    តែភ្លាមៗនោះ លោកមហាមេដឹកនាំ ដូណាល់ ត្រាំ ក៏ចេញមកឆ្លើយតបវិញដោយការ “អារ-ក បែបទន់ភ្លន់” អំពីទ្រឹស្ដីសមគំនិតនេះ ដោយការហៅ “មេរោគកំណាច” នេះ ស្ទើរតែគ្រប់ពេលក្នុងការធ្វើសម្ភាសថា “Chinese Virus” ភ្លាមៗតែម្ដង!! ដោយមានគោលបំណង ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំង មនុស្សលើពិភពលោកថា ដើមកំណើតរបស់ “វា” គឺនៅក្នុងប្រទេសចិន!!។

    សូមរង់ចាំអាននៅថ្ងៃស្អែក
    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • បារាំងបញ្ជាឱ្យបិទសាលារៀនវិញហើយ នៅក្នុងទីក្រុងចំនួន8 ក្រោយរកឃើញកូនសិស្សឆ្លងមេរោគ 70នាក់

    បារាំងបញ្ជាឱ្យបិទសាលារៀនវិញហើយ នៅក្នុងទីក្រុងចំនួន8 ក្រោយរកឃើញកូនសិស្សឆ្លងមេរោគ 70នាក់

    កាលពីថ្ងៃទី19 ឧសភាម្សិលមិញ ទីភ្នាក់ងារព័ត៌មាន ដេលីមែល បានរាយការណ៍ថា រដ្ឋបាលក្នុងតំបន់នៃទីក្រុងរូបេហ្ស៍ ក្នុងខេត្តន័រ ភាគខាងជើងរបស់ប្រទេសបារាំង ជាប់នឹងព្រំដែនប្រទេសបែលហ្ស៊ិក បានបញ្ជាឱ្យបិទសាលារៀនវិញចំនួន 8កន្លែងជាបន្ទាន់ ជាសាលារៀនរបស់រដ្ឋ 7កន្លែង និងសាលាឯកជន 1កន្លែងទៀត ដោយសារតែបានរកឃើញកូនសិស្សថ្នាក់មត្តេយ្យ 1នាក់ ជាភ្នាក់ងារចម្លងមេរោគកូវីដ-19 បន្ទាប់ពីពួកគេបានបើកទ្វារបង្រៀនឡើងវិញកាលពីសប្ដាហ៍កន្លងទៅ។

    ក្នុងរបាយការណ៍ បានបញ្ជាក់ថា បទបញ្ជាឱ្យបិទសាលារៀនទាំង 8កន្លែងនោះវិញជាបន្ទាន់ គឺជាវិធានការការពារការចម្លងសាយភាយមេរោគ ដោយសារតែនៅមិនទាន់រកឃើញកូនសិស្សដទៃទៀតកើតជំងឺកូវីដ-19 ដោយអាជ្ញាធរនឹងប្រញាប់ប្រញាល់ស៊ើបអង្កេតលើករណីនេះ រួមទាំងស្វែងរកបុគ្គលដែលក្មេងៗបានប៉ះពាល់ និងនៅជិតស្និទ្ធជាមួយ ក្នុងអំឡុងពេលបើកសាលារៀនឡើងវិញកាលពីរយៈពេល 1សប្ដាហ៍កន្លងមក និងរំពឹងថា សាលារៀនអាចនឹងបើកទ្វារឡើងវិញបាន នោថ្ងៃទី25 ឧសភាខាងមុខ។

    សម្រាប់សាលារៀន ដែលបានពិនិត្យរកឃើញមានការឆ្លងរាលដាលនៃមេរោគកូវីដ-19 និងត្រូវបញ្ជាឱ្យបិទទ្វារជាបណ្ដោះអាសន្នវិញនោះ ស្ថិតនៅក្នុងទីតាំងខេត្តម៉ាយែន មណ្ឌលប៉េអ៊ី ដឺ ឡា លួរ , ខេត្តហ្វ៊ីនីស្ទែរ មណ្ឌលប្រឺតាញ , ខេត្តកុងតាល់ មណ្ឌលអូវែញ-រ៉ូណាល , ខេត្តអូ-ហ្គារ៉ុង និងខេត្តអេរ៉ូ មណ្ឌលអុកស៊ីតានី , ខេត្តអង់ដ្រេលួរ មណ្ឌលហ្សង់-វ៉ាល់ ដឺ លួរ និងទីក្រុងនីស មណ្ឌលប្រូវ៉ង់ សាល កូតដាហ្សួរ៕

    A teacher teaches to schoolchildren in a classroom at a private school during its reopening in Saint-Sebastien-sur-Loire near Nantes during the outbreak of the COVID-19 in France, May 12, 2020. REUTERS
    A disinfection squad cleans the school canteen of Saint Exupery primary school as France prepares for the gradual lifting of lockdown restrictions during the outbreak of the COVID-19 in Cannes, France. REUTERS
    A shelf with books and games which could not be used by children is protected by tape in a classroom in a private school on the eve ot its reopening in Saint-Sebastien-sur-Loire near Nantes in France, May 11, 2020. REUTERS
    A school staff member cleans school supplies in a classroom at a primary school during its reopening in Paris, France. REUTERS
    Primary school reopening in Nice as a small part of French children head back to their schools in France. REUTERS
    Schoolchildren listen to their teacher at the primary school Simone Veil during its reopening in Nice, France. REUTERS
    A teacher, wearing a protective face mask, teaches to schoolchildren in a classroom at a private school in Saint-Sebastien-sur-Loire, France, May 12, 2020. REUTERS
    Employees install signs on the floor to help children to respect social distancing at a primary school on the eve of its reopening in Nice as France softens its strict lockdown. REUTERS

    ប្រភព៖ សារព័ត៌មានបរទេស

  • ចាំមើលមើល៍…តើលោកត្រាំ នឹងពាក់ម៉ាស់ការពារវីរុសឬអត់ ពេលទៅមើលរោងចក្រផលិតរថយន្ត Ford?

    ចាំមើលមើល៍…តើលោកត្រាំ នឹងពាក់ម៉ាស់ការពារវីរុសឬអត់ ពេលទៅមើលរោងចក្រផលិតរថយន្ត Ford?

    Ford Motor Co កាលពីថ្ងៃអង្គារ(ទី19ឧសភា) បានបញ្ជាក់ពីគោលការណ៍របស់ក្រុមហ៊ុន ដែលបានកំណត់ឱ្យភ្ញៀវគ្រប់រូបដែលមកទស្សនារោងចក្ររបស់ខ្លួន ត្រូវតែពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគកូវីដ-19 ប៉ុន្តែមិនបានបញ្ជាក់ថា ខ្លួននឹងបង្ខំឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រតិបត្តិតាមគោលការណ៍ខាងលើ ឬក៏អត់នោះទេ…ខណៈដែលមេដឹកនាំសហរដ្ឋអាមេរិករូបនេះ មានកំណត់ការទៅទស្សនារោងចក្រផលិតរថយន្ត នៅក្នុងរដ្ឋមីឈិហ្គែន មួយនេះ ក្នុងអំឡុងចុងសប្ដាហ៍នេះ។

    លោក ដូណាល់ ត្រាំ មានផែនការទៅមើលរោងចក្រមួយកន្លែងរបស់ Ford នៅក្នុងទីក្រុងអ៊ិបស៊ីលែនធី រដ្ឋមិឈិហ្គែន នៅថ្ងៃព្រហស្បតិ៍(ទី21 ឧសភា) ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ធ្វើជាកន្លែងផលិតម៉ាស៊ីនជួយការដកដង្ហើម តែយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា តើក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតលំដាប់ទី2 របស់សហរដ្ឋអាមេរិកមួយនេះ នឹងអនុញ្ញាតឱ្យលោកត្រាំ ល្មើសគោលការណ៍ផ្សេងៗដែលពួកគេបានកំណត់មកជាច្រើនសប្ដាហ៍ហើយនោះ ឬយ៉ាងណាឡើយ?។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ford បានថ្លែងកាលពីថ្ងៃអង្គារ(ទី19ឧសភា)ម្សិលមិញថា “គោលការណ៍របស់យើង គឺគ្រប់គ្នាត្រូវតែពាក់ឧបករណ៍ការពារ ដើម្បីការពារការឆ្លងរាលដាលរបស់កូវីដ-19។ យើងបានចែករំលែករបៀបវិន័យសុវត្ថិភាពទាំងអស់របស់ Ford ទៅឱ្យសេតវិមានជាមុនរួចអស់ហើយ នៅក្នុងរួមមានទាំងសៀវភៅណែនាំអំពីខ្សែចង្វាក់ផលិតកម្មរបស់យើង ផែនទីបត់ណែនាំបុគ្គលិក និងបែបបទពិនិត្យវាយតម្លៃខ្លួនឯង សម្រាប់ត្រៀមការក្នុងដំណើរទស្សនានេះ”

    នៅក្នុងសៀវភៅគោលការណ៍របស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងរោគរាតត្បាតដ៏ធំពីវីរុសកូរ៉ូណាប្រភេទថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី1 ឧសភា បានបញ្ជាក់ថា បុគ្គលិក និងភ្ញៀវដែលមកទស្សនាគ្រប់រូប ចាំបាច់ត្រូវតែពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរោងចក្រផលិតកម្មរបស់ Ford នៅក្នុងសហរដ្ឋអាមេរិក។

    សេតវិមាន បានបដិសេធការផ្ដល់ចម្លើយថា តើលោកត្រាំ នឹងពាក់ម៉ាស់ការពារដែរឬទេ? ខណៈដែលកាលពីពេលមុននេះ លោកត្រាំ ធ្លាប់បានប្រាប់ថា លោកនឹងពាក់ម៉ាស់ការពារ បើសិនជាចាំបាច់ តែកាលពីសប្ដាហ៍កន្លងទៅ លោកត្រាំបានធ្វើដំណើរទៅពិនិត្យមើលមជ្ឈមណ្ឌលចែកចាយម៉ាស់អនាម័យមួយកន្លែងនៅក្នុងរដ្ឋ ផេនស៊ីលវេនៀ ពេលនោះលោកត្រាំមិនបានពាក់ម៉ាស់ការពារមេរោគឡើយ។

    សហភាពពលករ ឬ United Auto Workers ឬ UAW និងបណ្ដាអ្នកផលិតរថយន្ត ប៊ិកទ្រី បានពិភាក្សាគ្នាអស់ជាច្រើនសប្ដាហ៍ ពាក់ព័ន្ធនឹងរបៀបវិន័យផ្នែកសុវត្ថិភាពផ្សេងៗដែលត្រូវដាក់បញ្ជាឱ្យអនុវត្ត ដើម្បីបើកផ្លូវសម្រាប់ការវិលត្រឡប់មកដំណើរការគ្រឿងចក្រផលិតរថយន្តឡើងវិញ កាលពីថ្ងៃចន្ទ(ទី18ឧសភា) ក្រោយពីបានបិទប្រតិបត្តិការទាំងស្រុងតាំងពីចុងខែមីនា។

    កាលពីខែកន្លងទៅ លោកអនុប្រធានាធិបតី ម៉ៃក៍ ផេនស៍ បានពាក់ម៉ាស់អនាម័យការពារ ក្នុងអំឡុងពេលទស្សនារោងចក្រមួយកន្លែងរបស់ ជេនេរ៉ាល ម៉ូទ័រស៍ ដែលត្រូវបានប្រើប្រាស់ធ្វើជាកន្លែងផលិតម៉ាស៊ីនជួយការដកដង្ហើម ដូចគ្នានឹងលោកស្រី មែរី បារ៉ា CEO របស់ក្រុមហ៊ុន ជីអឹម
    ដែរ តែលោកស្រីបានប្រាប់ទៅអ្នកចូលរួមក្នុងអំឡុងកិច្ចប្រជុំតុមូល ក្រោយចប់ការដើរទស្សនារោងចក្រថា អ្នកទាំងអស់គ្នា អាចដោះម៉ាស់ចេញបាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​នៅ​រុស្ស៊ី បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់​ជីវិត

    ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​នៅ​រុស្ស៊ី បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់​ជីវិត

    ឧទ្ធម្ភាគ​ចក្រ​ Mi-8 មួយ​គ្រឿង​របស់​ទ័ព​អាកាស​ប្រទេស​រុស្ស៊ី​ បាន​ធ្លាក់​​នៅ​ឯជាយ​ក្រុង​ម៉ូស្គូ ក្នុង​ពេល​​ហ្វិក​ហាត់​កាល​ពី​ម្សិល​មិញ​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​3​​នាក់​​បាន​ស្លាប់​។

    “ក្នុង​​ពេល​ហោះ​ហើរ​ហ្វឹកហាត់​នៅក្នុង​រយៈ​ចម្ងាយ​ប្រហែល20​គីឡូម៉ែត្រ​ពី​ភូមិ​ Klin ក្នុង​ខេត្ត​ម៉ូស្គូ (Moscow Province) ឧទ្ធម្ភាគ​ចក្រ​ Mi-8 របស់​ទ័ព​អាកាស​រុស្ស៊ី​ បាន​ជួប​បញ្ហា​នៅ​ពេល​ចុះ​ចត​ជា​បន្ទាន់​នៅ​លើ​វាល​ធំមួយកន្លែង​។ ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​សម្លាប់​សមាជិក​នៃ​ក្រុម​ហោះ​ហើរ​ទាំង​អស់​​នៅក្នុង​ឧទ្ធម្ភាគ​ចក្រ​​” នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា​ “មូលហេតុ​នៃ​ការ​ធ្លាក់​នេះ​អាច​បណ្ដាល​មក​ពី​កំហុស​បច្ចេក​ទេស​”។

    ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា ឧទ្ធម​ភាគ​ចក្រ​នេះ​ ជួប​ឧបទ្ទវហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​20​ ក្នុង​ថ្ងៃទី​19​ឧសភា (ម៉ោង​12​យប់​ ថ្ងៃទី20​ឧសភា​ នៅ​កម្ពុជា​) និង​មិន​មាន​បំពាក់​អាវុធ​តាម​ខ្លួន​នោះ​ទេ​។​ អ្នកនាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បដិសេធ​ការ​​បញ្ជាក់​អំពី​ចំនួន​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ ប៉ុន្តែ​សារ​ព័ត៌មាន​រុស្ស៊ី​បាន​ចេញ​ផ្សាយ​ថា អ្នក​ស្លាប់​មាន​ចំនួន​3​នាក់​។ កង​កម្លាំង​ជួយ​សង្គ្រោះ​ បាន​រកឃើញ​ប្រអប់​ខ្មៅ​ចំនួន​2​របស់​ឧទ្ធម្ភាគ​ចក្រ​​ខាង​លើ​នេះ​។

    Mi-8 គឺជា​ឧទ្ធម្ភាគ​ចក្រ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហ​ភាព​សូវៀត​ ចាប់​ពី​ទសវត្សរ៍​1960​ ដោយ​មាន​ជាង​17,000​គ្រឿង​ត្រូវ​បាន​លក់​ចេញ​។ កាល​ពី​ឆ្នាំ​2018 ឧទ្ធម្ភាគ​ចក្រ​​ Mi-8 មួយ​គ្រឿង​បាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ឡើង​​ក្នុង​តំបន់​ Siberia បណ្ដាល​ឱ្យ​មនុស្ស​18​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​សមាជិក​ក្រុម​ហោះ​ហើរ​ចំនួន​3​នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អ្នក​ជំងឺ​COVID-19 កើន​ជិត​ដល់​ ​5លាន​នាក់​​នៅ​ទូទាំង​ពិភពលោក​

    អ្នក​ជំងឺ​COVID-19 កើន​ជិត​ដល់​ ​5លាន​នាក់​​នៅ​ទូទាំង​ពិភពលោក​

    ពិភពលោក​​ទាំង​មូល​ត្រូវ​បាន​រាយ​ការណ៍​ថា មាន​​មនុស្ស​ជាង​324,000​នាក់​បាន​ស្លាប់​ ក្នុង​ចំណោម​អ្នកជំងឺ​COVID-19 ជិត​5លាន​នាក់​ ខណៈ​ប្រទេស​ដែល​មាន​អ្នកជំងឺ​កូរ៉ូណា​លើស​ពី​100,000​នាក់​បាន​កើន​ដល់​11​ប្រទេស​។

    យោង​តាម​គេហទំព័រ Worldometer ប្រទេសនិង​ដែន​ដី​ចំនួន​213​ក្នុង​ពិភព​លោក​មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​4,980,533​នាក់​ និង​អ្នក​ស្លាប់​សរុប​324,445​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​95,495​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,666​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​បាន​កើន​ដល់​1,957,884​នាក់​។

    ទ្វីប​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​សរុប​2,226,468​នាក់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន1,738,811​នាក់ អាមេរិក​ខាង​ត្បូង​មាន​487,657​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​​1,815,438​នាក់​ អាស៊ីមាន​841,131​នាក់ និង​អាហ្វ្រិក​មាន​93,229​នាក់​។

    ប្រទេស​ដែល​មាន​អ្នក​ជំងឺ​ច្រើន​ជាង​100,000​នាក់ បាន​កើន​ឡើង​ដល់​11​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ រុស្ស៊ី អេស្ប៉ាញ ប្រេស៊ីល អង់គ្លេស​ អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី អ៊ីរ៉ង់ និង​ឥណ្ឌា​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ជិត​1.6​លាន​នាក់​ឆ្លង​ COVID-19 នៅ​អាមេរិក! លោក​ Trump ថា នេះ​ជា “មេដាយ​កិត្តិយស”

    ជិត​1.6​លាន​នាក់​ឆ្លង​ COVID-19 នៅ​អាមេរិក! លោក​ Trump ថា នេះ​ជា “មេដាយ​កិត្តិយស”

    អ្នកជំងឺ​ COVID-19 សរុប​ នៅ​សហរដ្ឋ​អាមេរិក​ បាន​ឡើង​ដល់​ជិត​1.6​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​93,000​នាក់​បាន​បាត់​បង់​ជីវិត​ ប៉ុន្តែ​ប្រធានាធិប​តី​អាមេរិកាំង​ លោក Donald Trump យល់​ថា តួលេខ​ខ្ពស់​បែប​នេះ​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​ធ្វើ​បាន​ល្អ​ជាង​ប្រទេស​ដទៃ​ក្នុង​ការ​ធ្វើ​តេស្ត​រក​វីរុស​។

    តួលេខ​សរុប​អំពី​អ្នក​​ឆ្លង​វីរុស​COVID-19​ នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ដល់​1,569,659​នាក់​ និង​អ្នក​ស្លាប់​សរុប​មាន​ចំនួន​93,473​នាក់​ ក្រោយ​ពី​បាន​រក​ឃើញ​អ្នកជំងឺ​ថ្មី​20,829​នាក់ និង​អ្នកស្លាប់​ថ្មី​16,000​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​ 362.984​នាក់​។ នេះ​បើតាម​ Worldometer ដែល​ជា​គេហ​ទំព័រ​ធ្វើ​បច្ចុប្បន្ន​ភាព​តួលេខ​ COVID-19 ទាន់​ហេតុ​ការណ៍​បំផុត​។

    យោង​តាម​ Politco នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​សេត​វិមាន​កាល​ពី​ថ្ងៃទី​19​កន្លង​ទៅ​ ប្រធានាធិបតី​ Donald Trump ថ្លែង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​មាន​អ្នកឆ្លង​វីរុស​COVID-19 ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ គឺ​ដោយ​សារ​សហរដ្ឋ​អាមេរិក​ធ្វើ​តេស្ត​រក​មេរោគ​បាន​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ ហេតុ​នេះ​វា​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ “មេដាយ​កិត្តិយស”។

    “នៅ​ពេល​យើង​មាន​អ្នក​ឆ្លង​វីរុស​COVID-19​ច្រើន ខ្ញុំមិន​ចាត់​ទុក​ថា​ជា​រឿង​អាក្រក់​នោះ​ទេ ហើយ​បើ​គេ​ពិនិត្យ​ទៅ​លើ​ជ្រុង​ណា​មួយ​នោះ នេះ​គឺជា​ប្រការ​ល្អ​មួយ​។ ព្រោះ​ថា វា​មាន​ន័យ​ថា សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​រកមេរោគ​របស់​យើង​ បាន​ល្អ​ជាង​គេ​” លោក Trump ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​បែប​នេះ​។ ប្រធានាធិបតី​សង្កត់​ធ្ងន់​បន្ថែម​ថា “ខ្ញុំ​ចាត់​ទុក​ប្រកាស​នេះ​ជា​មេដាយ​កិត្តិយស​មួយ​ ពិតណាស់​វា​គឺជា​មេដាយ​កិត្តិយស​”។

    យោង​តាម​លោក​ Trump គិត​មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​រក​មេរោគ​ជូន​ពលរដ្ឋ​ជិត​14​លាន​លើក​ គឺ​ខុស​គ្នា​ប្រហែល​3​លាន​លើក​បើ​ធៀប​ជាមួយ​នឹង​ទិន្ន​ន័យ​នៅ​លើ​គេហទំព័រ​ Covid Tracking Project។ លោក​ Trump បន្តថា “បើ​យើង​ធ្វើតេស្ត​​1​លាន​នាក់​ជំនួស​ឱ្យ​14​លាន​នាក់​ នោះ​ចំនួន​អ្នក​ជំងឺ​ដែល​យើង​រក​ឃើញ​នឹង​មាន​ចំនួន​តិច​ តើ​មែន​ឬ​អត់​?”។

    សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ រាប់​ទាំង​ចំនួន​អ្នក​ឆ្លងវីរុស​​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​។ អ្នក​ជំនាញ​បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​នឹង​កើន​ដល់​147,000​នាក់​នៅ​ដើម​ខែ​សីហា​ខាង​មុខ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អាចម៍ផ្កាយ​ប្រវែង​1,500​​ម៉ែត្រ​ នឹង​ហោះ​​មក​​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​

    អាចម៍ផ្កាយ​ប្រវែង​1,500​​ម៉ែត្រ​ នឹង​ហោះ​​មក​​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​

    ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង​ NASA បាន​ប្រកាស​ឱ្យ​ដឹង​ថា អាចម៍ផ្កាយ​ដ៏ធំមួយ​​ដែល​មាន​ឈ្មោះ​ថា 1997 BQ នឹង​ហោះកាត់​ទទឹង​ក្បែរ​ផែន​ដី​របស់​យើង​នា​យប់​ថ្ងៃទី​21​ឧសភា​ខាង​មុខ​។

    ជា​មួយ​នឹង​​ល្បឿន​​11.2​គីឡូម៉ែត្រ​ក្នុង​1​វិនាទី​ អាចម៍​ផ្កាយ​1997 BQ ដែល​មាន​ប្រវែង​វែង​ជាង​អគារ​ Empire State (កម្ពស់​443​ម៉ែត្រ) នៅ​សហរដ្ឋ​អាមេរិក​​ដល់​ទៅ​ជាង​3ដង​នេះ​ នឹង​ហោះ​កាត់​ក្បែរ​ផែន​ដី​​ក្នុង​រយៈ​ចម្ងាយ​មិន​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ទេ​។ ប៉ុន្តែ ដោយ​សារ​ 1997 BQ មាន​ទំហំ​ធំ​ វាក៏​ត្រូវ​បាន​ NASA ចាត់​ចូល​ក្នុង​ក្រុម​ “ដែល​អាច​បង្ក​គ្រោះថ្នាក់​” និង​ត្រូវ​បាន​តាម​ដាន​ជា​ប្រចាំ​។ 1997 BQ​ នឹង​ហោះ​មក​ក្បែរ​ផែន​ដី​ក្នុង​រយៈ​ចម្ងាយ​6.1​លាន​គីឡូម៉ែត្រ​ ដែល​ឆ្ងាយ​ជាង​រយៈ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះចន្ទ​ចំនួន​16​ដង​។ NEO ដែល​ជា​ស្ថានីយតាម​ដាន​វត្ថុ​អវកាស​ដែល​ហោះ​ក្បែរ​ផែនដី​របស់​អង្គ​ការ​ NASA បាន​ឱ្យ​ដឹង​ថា​ អាចម៍​ផ្កាយ​ 1997 BQ នេះ​ នឹង​ហោះ​មក​ជិត​​ផែន​ដី​បំផុត​នៅ​វេលា​ម៉ោង​3និង​45​នាទី​ នៃ​ថ្ងៃទី​22​ឧសភា​(ម៉ោង​នៅ​កម្ពុជា) ខាង​មុខ​។

    អាចម៍ផ្កាយ​ប្រវែង​1,500​ម៉ែត្រ​ នឹងហោះ​មក​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​បច្ចុប្បន្ន ក្រុម​តារាវិទូ​កំពុង​តែ​តាម​ដាន​វត្ថុ​អវកាស​ចំនួន​ជិត​2,000​ ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ផែន​ដី​​​ ក្នុង​នោះ​មាន​អាចម៍​ផ្កាយ​ ផ្កាយ​ដុះ​កន្ទុយ​ និង​ដុំ​ថ្ម​អវកាស​​ផ្សេង​ៗ។ អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា រាប់​ចាប់​តាំង​ពី​អាចម៍​ផ្កាយ​ដែល​បាន​ធ្វើ​ឱ្យ​ដាយ​ណូស័រ​ដាច់​ពូជ​កាល​ពី​66​លាន​ឆ្នាំ​មុន ផែន​ដី​របស់​យើង​មិន​ទាន់​ជួប​គ្រោះ​មហន្តរាយ​ប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​ឡើយ​។ ក៏ប៉ុន្តែ អាចម៍​ផ្កាយ​តូច​ៗនៅ​តែ​ធ្លាក់​មក​លើ​ផែន​ដី​ជា​ញឹក​ញាប់​។

    NASA បាន​អះអាង​ថា ចាប់​ពី​​ពេល​នេះ​រហូត​ដល់​រាប់​រយ​ឆ្នាំ​ទៅមុខ​ទៀត​ នឹង​មិន​មាន​អាចម៍​ផ្កាយ​ ឬ​ផ្កាយ​ដុះ​កន្ទុយ​ធំ​ណា​មួយ​ដែល​​មាន​លទ្ធ​ភាព​ហោះ​មក​បុក​​​ផែន​ដី​នោះទេ​។ ទីភ្នាក់​ងារ​អវកាស​អាមេរិក​នៅ​តែ​បន្ត​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​​គន្លង​គោចរ​​​​របស់​បណ្ដា​វត្ថុ​អវកាស​ធំៗ​ដែល​ត្រូវ​​បានអង្គ​ការ​នេះ​​ព្យាករ​ទុក​ជា​មុន​នា​ពេល​កន្លង​មក​៕

    ប្រភព​៖​សារ​ព័ត៌មាន​បរទេស