Category: អន្តរជាតិ

  • អភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ចូល​រួម​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ប្រកែក​តវ៉ា​ជាមួយ​​នឹង​ប្រធានាធិបតី​

    អភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ចូល​រួម​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ប្រកែក​តវ៉ា​ជាមួយ​​នឹង​ប្រធានាធិបតី​

    អភិបាល​ក្រុង​វ៉ាស៊ីង​តោន លោក​ស្រី​ Muriel Bowser កាលពី​ថ្ងៃទី​6​មិថុនា​កន្លង​ទៅ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​លើ​ដង​ផ្លូវ​ក្នុង​រដ្ឋ​ធានី​ ក្រោយ​ពី​មាន​ករណី​ប៉ូលិស​សង្កត់​ក​សម្លាប់​ George Floyd។

    “យើង​ទាំង​អស់​គ្នា​គួរ​តែ​តាម​ដាន​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​ ព្រោះ​ថា​យើង​មិន​ចង់​ឱ្យ​អាជ្ញា​ធរ​​ធ្វើ​រឿង​នេះ​ទៅលើ​ជន​ជាតិ​អាមេរិកាំង​ណា​ម្នាក់​ផ្សេង​ទៀត​នោះ​ឡើយ​” លោក​ស្រី Bowser មាន​ប្រសាសន៍​នៅ​ពេល​ចូល​រួម​ដង្ហែក្បួន​បាតុកម្ម​ជាមួយ​ក្រុម​បាតុករ​។

    អភិបាល​ក្រុង​វ៉ាស៊ីង​តោន​ លោក​ស្រី Bowser និង​ប្រធានាធិបតី​ Trump កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ បាន​ប្រកែក​គ្នា​ទាក់​ទិន​នឹង​ការ​ដែល​ម្ចាស់​សេត​វិមាន​បង្កើន​វត្តមាន​របស់​កង​ទ័ព​នៅរដ្ឋ​ធានី​​​ ខណៈ​បាតុកម្ម​ពាស​ពេញ​ប្រទេស​កំពុង​កើត​ឡើង​។ លោក​ស្រី​អភិបាល​ បាន​ទាម​ទារ​ឱ្យ​ដក​កង​ទ័ព​ដែល​ត្រូវ​បាន​បញ្ជូនមក​​ពី​រដ្ឋ​នានា​ ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីង​តោន​។

    នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ជូន​ប្រធានាធិបតី​ Trump លោក​ស្រី​ Bowser យល់​ថា​ វត្តមាន​របស់​កង​ទ័ព​​នឹង​​​ធ្វើ​ឱ្យ​បាតុករ​កាន់​តែ​ក្ដៅ​ក្រហាយ​។

    លោក​ Trump ក៏​បាន​ឆ្លើយ​តប​ទៅនឹង​លោក​ស្រី​ Bowser តាម​រយៈ​ Twitter ដោយ​ហៅ​លោក​ស្រី​ថា “អសមត្ថ​ភាព​”។ ជាង​នេះ​ លោក​ Trump ថែម​ទាំង​បាន​ព្រមាន​ថា​ បើ​សិន​លោក​ស្រី Bowser មិន​ប្រព្រឹត្ត​ល្អ​ជាមួយ​កង​ទ័ព​​ទេ នោះ​លោក​នឹង​បញ្ជូន​ទាហាន​ជា​ច្រើន​​មក​កាន់​រដ្ឋ​ធានី​បន្ថែម​ទៀត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • កម្ពុជារកឃើញអ្នកឆ្លង​COVID-19 មួយករណីថ្មីទៀត ខណៈ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ជា​បន្ត​បន្ទាប់​

    កម្ពុជារកឃើញអ្នកឆ្លង​COVID-19 មួយករណីថ្មីទៀត ខណៈ​ប្រទេស​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍​​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ជា​បន្ត​បន្ទាប់​

    ក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជា​បាន​រកឃើញអ្នកផ្ទុក​វីរុស​COVID-19 មួយករណីថ្មីទៀត​ ដែល​កើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង នៅ​ក្រុង​ភ្នំ​ពេញ​។

    សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា បុរសដែល​មាន​ផ្ទុក​វីរុស​COVID-19នេះ​ បានធ្វើដំណើរពី​ប្រទេស​បារាំង​ចូល​មក​កម្ពុជា​តាមជើងហោះហើរពីកូរ៉េខាងត្បូង។ អ្នកជំងឺ​រូប​​នេះ បានមកដល់ភ្នំពេញនៅថ្ងៃទី24​​ឧសភា​2020 និង​ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​វីរុស​COVID-19 កាល​ពី​ម្សិល​មិញ​ (6 ខែមិថុនា)។

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​126​នាក់​ ក្នុង​នោះ​មាន​​123​នាក់​បាន​ជា​សះស្បើយ​ ខណៈ​ 3​នាក់​កំពុង​ទទួល​ការ​ព្យា​បាល​។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដដែល​ ប្រទេស​សិង្ហបុរី​ គឺ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នក​ជំងឺ​សរុប​37,527​នាក់​ ពោល​គឺ​កើន​344​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ ប្រទេស​នេះ​ មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 សរុប​25​នាក់​។

    ឥណ្ឌូនេស៊ី​ឈរ​លំដាប់​ទី​2​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​30,514​នាក់​ និង​អ្នក​ស្លាប់​សរុប​1,801​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​993​នាក់​និង​អ្នក​ស្លាប់​ថ្មី​31​នាក់​​ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។

    ហ្វីលីពីន​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​3​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​មាន​អ្នក​ជំងឺ​សរុប​​21,340​នាក់​ អ្នក​ស្លាប់​សរុប​​994​នាក់​។

    ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មាន​​​ប្រទេស​ចំនួន​4​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ឡើយ​ ​ក្នុង​នោះ​រួម​មាន​​ កម្ពុជា​ វៀត​ណាម​ ឡាវ​ និង​ទីម័រ​ខាង​កើត​៕

  • ជាង​ 400,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ជាង​ 400,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ មាន​អ្នក​ស្លាប់​ជាង​ 400,000​នាក់​​ នៅក្នុង​ចំណោម​អ្នក​បាន​ឆ្លង​វីរុស​COVID-19 ជាង​ 6.9​លាន​នាក់​ ខណៈ​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន​ជាង​ 3,400,000​នាក់​។

    213​ប្រទេស​និង​ដែន​ដីក្នុង​ពិភពលោក​ បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​6,948,800​នាក់​ និង​អ្នក​ស្លាប់​សរុប​401,047​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​ចំនួន​125,523​នាក់ និង​អ្នក​ស្លាប់ថ្មី​ចំនួន​3,723​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​​ក្រោយ​​នេះ​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​រួច​ពី​ការ​ប្រឈម​នឹង​ការ​ស្លាប់​ មាន​ចំនួន​3,402,531​នាក់​។

    ទ្វីប​អាមេរិក​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ សរុប​ 3,372,437​នាក់​ ខណៈ​ទ្វីប​អឹរ៉ុប​មាន​2,078,732​នាក់ អាស៊ី​មាន​1,326,435​នាក់​ និង​អាហ្វ្រិក​មាន​185,996​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​ 1,986,646​នាក់​ និង​អ្នក​ស្លាប់​សរុប​112,055​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ 33,970​នាក់​ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​682​នាក់​។

    ប្រទេស​ប្រេស៊ី​ឈរ​លំដាប់​ទី2 ដោយ​មាន​អ្នក​ជំងឺ​សរុប​ 675,830​នាក់​ និង​អ្នក​ស្លាប់​សរុប ​36,026​នាក់​ ខណៈ​ដែល​រុស្ស៊ី​ឈរ​លំដាប់​ទី​3​ ដោយ​មាន​អ្នក​ជំងឺ​សរុប​ 458,689​នាក់ និង​អ្នក​ស្លាប់​សរុប​​ 5,725​នាក់​៕

  • “មួយ​នាទី​ស្លាប់​ម្នាក់​” ដោយ​សារ​ COVID-19! ប្រធានាធិបតី​ប្រេស៊ីល​ គំរាម​ដក​ខ្លួន​ចេញ​ពី​ WHO

    “មួយ​នាទី​ស្លាប់​ម្នាក់​” ដោយ​សារ​ COVID-19! ប្រធានាធិបតី​ប្រេស៊ីល​ គំរាម​ដក​ខ្លួន​ចេញ​ពី​ WHO

    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro គំរាម​ថា​នឹង​ដក​​ប្រទេស​នេះ​ចេញ​ពី​អង្គ​ការ​សុខភាព​ពិភព​លោក​ (WHO) ក្នុង​គ្រា​ដែល​មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​ 35,000​នាក់​ ដោយសារ​តែ​វីរុស​COVID-19។

    មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃទី​5មិថុនា ប្រធានាធិបតី​ Jair Bolsonaro បាន​ឱ្យ​ដឹង​ថា ប្រេស៊ីល​​ នឹង​ពិចារណា​ទៅ​លើ​ការ​ដក​ខ្លួន​ចេញ​ពី​ WHO បើ​សិន​អង្គ​ការ​សុខ​ភាព​ពិភពលោក​​​​នេះ​ មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​បក្ស​ពួក​និយម​ ទាក់​ទិន​នឹង​នយោបាយ​។

    កាល​ពី​ខែ​មុន​ ប្រធានាធិបតី​​ Donald Trump ដែល​ជា​សម្ព័ន្ធ​មិត្ត​នយោបាយ​របស់​ប្រធានាធិបតី​ Bolsonaro ក៏​បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ WHO បន្ទាប់​ពី​បាន​ចោទ​អង្គ​ការ​នេះ​ថាជា “អាយ៉ង” របស់​ចិន​។

    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro
    ប្រធានាធិបតី​ប្រេស៊ីល​ លោក Jair Bolsonaro

    ប្រកាស​របស់​ប្រធានាធិបតី​ប្រេស៊ីល​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ WHO បាន​ព្រមាន​ដល់​រដ្ឋាភិបាល​បណ្ដា​ប្រទេស​ ពិសេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ អំពី​ហានិភ័យ​ដែល​អាច​កើតឡើង​ បើសិន​ជា​ដក​បម្រាម​គោចរ​នៅមុន​ពេល​អាច​គ្រប់គ្រង​ល្បឿន​នៃការ​រាលដាល​របស់​វីរុស​COVID-19។

    នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​​មួយ​នៅ​​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស លោក​ស្រី​ Harris អ្នក​នាំពាក្យ​របស់​ WHO បាន​ថ្លែង​ថា “មេរោគ និង​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ នៅ​អាមេរិក​ខាង​ត្បូង​គឺ​ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ទី​បំផុត​”។

    ក៏ប៉ុន្តែ ប្រធានាធិបតី​ប្រេស៊ីល នៅ​តែ​ជ្រើស​រើស​វិធី​ផ្ទុយ​ពី​អ្វី​ដែល​ WHO បាន​ព្រមាន​។ លោក Bolsonaro បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដារដ្ឋ​ បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ខណៈ​ដែល​ប្រទេស​នេះ​នៅ​តែ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​។

    យោង​តាម​ស្ថិតិ​របស់​ Worldometers ប្រទេស​ប្រេស៊ីល​បច្ចុប្បន្ន មាន​អ្នកជំងឺ​COVID-19 ដល់​ទៅ​646,006​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ក៏​បាន​កើន​ដល់​ 35,047​នាក់​។

    អត្ថបទ​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់កាសែត Folha de S.Paulo បាន​ឱ្យ​ដឹង​ថា 100​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​រាប់​ចាប់​តាំង​ពី​ប្រធានាធិបតី​ Bolsonaro អធិប្បាយ​ថា “COVID-19 គ្រាន់​តែ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ​​” មេរោគ​នេះ​បាន​​ “​សម្លាប់​​ពលរដ្ឋ​ប្រេស៊ីលម្នាក់​ ជា​រៀង​រាល់​​1​នាទី​​កន្លង​ផុត​ទៅ”។

    អត្ថបទ​ខាង​លើ​បន្ត​ទៀត​ថា “ក្នុង​ពេល​ដែល​លោក​អ្នក​កំពុង​អាន​អត្ថបទ​នេះ គឺ​មាន​ពលរដ្ឋ​ប្រេស៊ីល​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19″៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • នាយក​រដ្ឋ​មន្ត្រី​កាណាដា លុត​ជង្គង់​ជាមួយ​ក្រុម​បាតុករ

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លុត​ជង្គង់​ជាមួយ​ក្រុម​បាតុករ

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Trudeau កាល​ពី​ថ្ងៃទី​5​មិថុនា​កន្លង​ទៅ បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ នៅ​ខាង​មុខ​វិមាន​រដ្ឋ​សភា​ប្រទេស​នេះ​ ដើម្បី​សម្ដែង​ការ​ប្រឆាំង​ទៅ​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ និង​អំពើ​ហិស្សា​របស់​ប៉ូលិស​។

    ក្រុម​បាតុករ​​នៅ​ប្រទេស​កាណាដា មាន​បំណង​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​គាំទ្រ​ចំពោះ​បាតុកម្ម​ដែល​កំពុង​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ការ​ស្លាប់​របស់​ George Floyd ដែល​ជា​ជន​ជាតិ​ស្បែក​ខ្មៅ​​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង​ Minneapolis រដ្ឋ​ Minnesota កាលពី​សប្ដាហ៍​មុន​​។

    នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau កាន់​អាវ​មួយ​ដែល​មាន​អក្សរ​ “Black Lives Matter” (ឈ្មោះ​នៃ​ចលនា​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជ​សាសន៍​ដែល​បង្កើត​ឡើង​ដោយ​សហគមន៍​​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​)​ និង​ពាក់​ម៉ាស់​ បាន​ស្រែក​ជ័យ​ឃោសន៍​ជាមួយ​នឹង​ក្រុម​បាតុករ​រាប់​ពាន់​នាក់​​ដែល​បង្ហាញ​ខ្លួន​នៅ​ក្បែរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ Ottawa។ ក្រោយ​មក ក្រុម​បាតុករ​នាំ​គ្នា​ឈរ​ស្ងៀម​ក្នុង​រយៈ​ពេល​8​នាទី​និង​46​វិនាទី​ ដែល​នេះ​ជា​រយៈ​ពេល​ដែល​ប៉ូលិស​​អាមេរិកាំង​​ឈ្មោះ Derek Chauvin បាន​យក​ជង្គង់​សង្កត់​ក​ George Floyd ធ្វើឱ្យ​បុរស​ស្បែក​ខ្មៅ​ម្នាក់​នេះ​ស្រែក​អង្វរ​ថា “ខ្ញុំ​មិន​អាច​ដក​ដង្ហើម​” មុន​ពេល​ដាច់​ខ្យល់​ស្លាប់​។

    រដ្ឋ​មន្ត្រី​ក្រសួង​គ្រួសារ​​របស់​ប្រទេស​កាណាដា​ លោក Ahmed Hussen ដែល​បាន​ចូល​រួម​ធ្វើ​បាតុ​កម្ម​នៅ​ Ottawa ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ដែរ​នោះ​ បាន​ថ្លែង​ថា “ចូរ​សម្លឹង​មើល​សម្បុរ​ស្បែក​របស់​ក្រុម​បាតុករ​នេះ​។ មិន​ត្រឹម​តែ​ជន​ជាតិ​ស្បែក​ខ្មៅ​កាណាដា​នោះ​ទេ ប៉ុន្តែ មនុស្ស​ទាំង​អស់​ ជឿ​ថា ជនជាតិ​ស្បែក​ខ្មៅ​គួរ​តែ​បាន​រស់​រាន​មាន​ជីវិត​នឹង​គេ​”។

    នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កាណាដា​ លោក​ Justin Trudeau លុត​ជង្គង់​ជា​មួយ​ក្រុម​បាតុករ​

    បាតុកម្ម​ដូច​គ្នា​នេះ​ក៏កំពុង​តែ​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​ផ្សេង​ទៀត​របស់​ប្រទេស​កាណាដា​។ នៅ​ទីក្រុង​ Toronto ស្នង​ការ​ប៉ូលិស​ Mark Saunders រួម​នឹង​មន្ត្រី​ប៉ូលីស​ជា​ច្រើន​ក៏​បាន​លុត​ជង្គង់​ជាមួយ​នឹង​ក្រុម​បាតុករ​ផងដែរ​។ លោក Mark Saunders ថ្លែង​ថា “យើង​​បាន​មើល​ឃើញ​ ហើយ​យើង​ក៏​កំពុង​ស្ដាប់​។ យើង​ត្រូវ​ការ​សាមគ្គី​ភាព​ដើម្បី​បង្កើត​ការ​ផ្លាស់​ប្ដូរ​​”។

    កាល​ពីថ្ងៃទី​2​មិថុនា​ នាយក​រដ្ឋ​មន្ត្រី​ Trudeau របស់​ប្រទេស​កាណាដា បាន​នៅ​ស្ងៀម​រយៈ​ពេល​ជាង​20​វិនាទី​នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​ដែល​លោក Trump បញ្ជា​ឱ្យ​កង​ទ័ព​បំបែក​ហ្វូង​បាតុករ​។ លោក Trudeau បង្ហាញ​ទឹក​មុខហាក់​​មិន​សប្បាយ​ចិត្តជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ ហើយ​ចុង​ក្រោយ​លោក​ក៏​បាន​សម្រេច​ចិត្ត​គេច​ចេញ​ពី​សំណួរ​នេះ​។

    នាយក​រដ្ឋ​មន្ត្រី​កាណាដា​ថ្លែង​ថា “យើង​ទាំង​អស់គ្នា​កំពុង​តាម​ដាន​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ប្រកប​ដោយ​ការ​រន្ធត់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​ទាញ​អ្នក​រាល់​គ្នា​ឱ្យ​នៅ​ជិត​គ្នា​ ប៉ុន្តែ​ក៏​ជា​ពេល​ដែល​ត្រូវ​ស្ដាប់​។ នេះ​គឺជា​ពេល​ដែល​ត្រូវ​យល់​អំពី​អ្វី​ទៅ​ដែល​ហៅ​ថា​​​អយុត្តិ​ធម៌​ ដែល​​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​ ច្រើន​ទសវត្សរ៍​កន្លង​មក​”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ជាង ​6.8​លាន​នាក់នៅ​ទូទាំង​ពិភពលោក​ បាន​​ឆ្លង​​COVID-19

    ជាង ​6.8​លាន​នាក់នៅ​ទូទាំង​ពិភពលោក​ បាន​​ឆ្លង​​COVID-19

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ជំងឺ​ជាង​ 397,000​នាក់​បាន​បាត់​បង់​ជីវិត ក្នុង​ចំណោម​អ្នកជំងឹ​COVID-19 ជាង​6.8​លាន​នាក់​ ខណៈ​​ប្រទេស​​ដែល​មាន​អ្នក​ជំងឺ​​នេះ​លើស​ពី​100,000​នាក់​ បាន​កើន​ដល់​14​ប្រទេស​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​213​ បាន​រាយ​ការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​​COVID-19 ចំនួន​ 6,823,277​នាក់​ និង​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​ 397,324​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​កើន​142,924​នាក់ និង​អ្នក​ស្លាប់​កើន​5,357​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 3,311,933​នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​COVID-19 សរុប​ 3,296,109​នាក់​ ខណៈ​ទ្វីប​អឺរ៉ុប​មាន​2,062,121​នាក់​ អាស៊ីមាន​1,292,123​នាក់ និង​អាហ្វ្រិក​មាន​179,309​នាក់​។

    ប្រទេស​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 លើស​ពី​100,000​នាក់​ បាន​កើន​ដល់​14​ប្រទេស​ រួម​មាន​ សហរដ្ឋ​អាមេរិក​ ប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ់ អង់គ្លេស​ អ៊ីតាលី ឥណ្ឌា​ អាល្លឺម៉ង់ ប៉េរូ ទួរគី អ៊ីរ៉ង់​ បារ៉ាំង​ ឈីលី និង​ម៉ិក​ស៊ិក៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • រន្ធត់​! បាក់​ច្រាំង​សមុទ្រ​នៅ​ន័រ​វ៉ែស​ បណ្ដាល​ឱ្យ​ផ្ទះ​8​ខ្នង​ត្រូវ​​​ធ្លាក់​​ចូល​សាគរ​(វីដេអូ)

    រន្ធត់​! បាក់​ច្រាំង​សមុទ្រ​នៅ​ន័រ​វ៉ែស​ បណ្ដាល​ឱ្យ​ផ្ទះ​8​ខ្នង​ត្រូវ​​​ធ្លាក់​​ចូល​សាគរ​(វីដេអូ)

    តំបន់​ដី​មួយ​កន្លែង​ដែល​មាន​ផ្ទះ​ចំនួន​8​ខ្នង​នៅ​ទីរួម​ស្រុក Alta ក្នុង​តំបន់​ Finnmark ត្រូវ​បានដី​​អូស​ទាញ​ទម្លាក់​ទៅ​ក្នុង​ទឹក​ នៅ​ពេល​ច្រាំង​សមុទ្រ​បាក់​ជ្រាល​ចូល​ទៅ​ក្នុង​សមុទ្រ​ ប៉ុន្តែមិន​ទាន់​ដឹង​ថា មាន​អ្នក​ស្លាប់​ប៉ុន្មាន​នាក់​នៅ​ឡើយ​។

    វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមក្នុង​ថ្ងៃទី​5​ ខែ​មិថុនា​​ បង្ហាញ​ថា​ មាន​ហេតុ​ការណ៍​បាក់ស្រុត​​ដី​ដ៏​ធំមួយ​បណ្ដាល​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នង​បាន​ធ្លាក់​​ទៅ​ក្នុង​សមុទ្រ​ ក៏​គួរ​ឱ្យ​តក់​ស្លុត​។ ដី​ដែល​បាន​ស្រុត​ចូល​សមុទ្រ​មាន​ទំហំ​800ម៉ែត្រ​ក្រឡា និង​ជម្រៅ​40ម៉ែត្រ​នៅ​តំបន់​ក្បែរ​ឆ្នេរ​សមុទ្រ​។

    មន្ត្រី​ប៉ូលិសម្នាក់​ឈ្មោះ​ Torfinn Halvari នៅ​តំបន់ Finnmark បាន​ឱ្យ​ដឹងថា “ក្រុម​ការ​ងារ​របស់​យើង​កំពុង​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​​ដើម្បី​វាយ​តម្លៃ​អំពី​ទំហំ​គ្រោះ​ថ្នាក់​​នៃ​ហេតុ​ការណ៍​នេះ​ ក៏ដូច​ជា​ហានិភ័យ​នៃ​គ្រោះ​បាក់​ដី​ថ្មី​ផ្សេង​ទៀត​”។

    បន្ទាប់​ពី​ហេតុ​ការណ៍ស្រុត​ដី​ដ៏​ធំនេះ ក៏​មាន​ហេតុ​ការណ៍​ស្រុត​ដី​តួច​ៗ​ជា​បន្ត​បន្ទាប់​ផងដែរ​។ ប្រជា​ជន​ក្នុង​តំបន់​ក្បែរ​ៗ​កន្លែង​កើត​ហេតុ​ត្រូវ​បាន​ជម្លៀស​ទៅកាន់​កន្លែង​ទី​សុវត្ថិ​ភាព​។ មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​អំពី​​ការ​ស្លាប់​នៅ​ឡើយ​។

  • George Floyd! ​តំណាង​រាស្ត្រ​​អំពាវ​នាវ​ឱ្យ​បន្ត​​ធ្វើ​បាតុកម្ម ខណៈ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បុណ្យ​សព​និង​​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ

    George Floyd! ​តំណាង​រាស្ត្រ​​អំពាវ​នាវ​ឱ្យ​បន្ត​​ធ្វើ​បាតុកម្ម ខណៈ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បុណ្យ​សព​និង​​រំឭក​វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ

    មនុស្ស​រាប់​រយ​នាក់​បាន​ចូល​រួម​ពិធី​បុណ្យ​សព​នៅ​ Minneapolis ដើម្បី​គោរព​ និង​រំឭក​វិញ្ញាណក្ខន្ធ​របស់ George Floyd ដែល​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​បាន​បាត់​បង់​ជីវិត​ ក្រោយ​ពី​ត្រូវ​បាន​​ប៉ូលិស​​ចាប់​ខ្លួន​និង​សង្កត់​ក​9​នាទី។

    ពិធីបុណ្យ​សព​របស់​ George Floyd ដែល​មាន​អាយុ​46​ឆ្នាំ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​4​មិថុនា​ នៅ​វិហារ​​របស់​សាកល​វិទ្យា​ល័យ​ North Central នា​ទីក្រុង​ Minneapolis ក្នុង​រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក​។ Philonise Floyd ដែល​ជា​ប្អូន​ប្រុស​របស់​ George Floyd បាន​និយាយ​ថា គ្រួ​សារ​របស់​ពួកគេ​ក្រី​ក្រ និង​ខ្វះខាត​ខ្លាំង​ណាស់​។

    Philonise Floyd ថ្លែងថា “ពិត​ជា​អស្ចារ្យ​ណាស់​ដែល​គាត់​ (George Floyd) បាន​ធ្វើ​ឱ្យ​បេះ​ដូង​របស់​មនុស្ស​ជា​ច្រើន​​​ញាប់​ញ័រ​”។ Philonise Floyd ពាក់​អាវ​ខ្មៅ​ ពាក់​កាត​ដែល​មាន​រូប​បង​ប្រុស​របស់​ខ្លួន​ រួម​ជាមួយ​នឹង​អក្សរ​ “ខ្ញុំ​មិន​អាច​ដក​ដង្ហើម” នៅ​លើ​អាវ​ផង​ដែរ​។

    ពិធីបុណ្យ​សព​នេះ​ តាម​គម្រោង​នឹង​អូស​បន្លាយ​រយៈ​ពេល​6​ថ្ងៃ​ និង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ Minnesota រដ្ឋ North Carolina និង​រដ្ឋ Texas។ សព​របស់​លោក Floyd នឹង​ត្រូវ​បាន​បញ្ចុះ​ នៅ​ថ្ងៃទី​9​មិថុនា​ខាង​មុខ​។

    Ben Crump ដែល​ជា​មេធាវី​របស់​គ្រួ​សារ​សព​លោក​ Floyd ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​ថា សកម្ម​ភាព​របស់​ប៉ូលិស​កាល​ណោះ​គឺជា​អំពើឃោរឃៅ​។ “អ្វីដែល​យើង​បាន​ឃើញ​ក្នុង​វីដេអូ​ គឺជា​សកម្ម​ភាព​ឃោរ​ឃៅ​។ ដូច្នេះ សហរដ្ឋ​អាមេរិក​ ដូច​ដែល​យើង​បាន​ប្រកាស​ក្នុង​ពេល​រំឭក​វិញ្ញាណក្ខន្ធ​របស់Georg Floyd យើង​មិន​អាច​ទទួល​​យក​បាន​ចំពោះ​អំពើ​កាច​សាហាវ​នេះ​បាន​ទេ។ យើង​ត្រូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​។ យើង​មិន​ត្រូវ​ឃុប​ឃិតនឹង​អំពើ​ព្រៃ​ផ្សៃ​ និង​ការ​ធ្វើទារុណ​បែប​នេះ​ឡើយ​”។

    ការ​ស្លាប់​របស់​ Floyd បាន​ក្លាយ​ជា​ស្នូល​ថ្មី​នៃ​ភាព​អយុត្តិ​ធម៌​​ ដែល​ប៉ូលិស​ប្រើ​ប្រាស់​អំពើ​ហិង្សា​ហួស​ហេតុ​ចំពោះ​​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ និង​បាន​បង្កើត​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​ពាស​ពេញ​ទឹកដី​សហរដ្ឋ​អាមេរិក​។ បាតុកម្ម​នៅ​តែ​បន្ត​កើត​ឡើង​​ក្នុង​ថ្ងៃទី​4​មិថុនា ប៉ុន្តែ​ភាគ​ច្រើន​គឺជា​បាតុកម្ម​សន្តិវិធី​។

    Derek Chauvin​ អាយុ​44​ឆ្នាំ ជា​អ្នក​ដែល​បាន​យក​ជង្គង់​សង្កត់​ក​របស់​ Floyd ដោយ​ផ្ទាល់​ ត្រូ​វ​បាន​បណ្ដេញ​ចេញ​ពី​ការ​ងារ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​មនុស្ស​ឃាត​​កម្រិត​2។ កម្រិត​នេះ​អាច​ធ្វើ​ឱ្យ​​ Derek Chauvin ជាប់​ពន្ធ​នាគារ​40​ឆ្នាំ​។ មិត្ត​រួម​ការ​ងារ​របស់​ Derek ចំនួន​3​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ករណី​មនុស្ស​ឃាត​នេះ​។ អតីត​មន្ត្រី​ប៉ូលិស​ទាំង​នេះ​ កំពុង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធ​នាគារ​យូរ​បំផុត​ត្រឹម​រយៈ​ពេល​40​ឆ្នាំ​។

    នៅ​ New York ជាកន្លែង​ដែល​មាន​ករណី​ឆក់​ប្លន់​ជា​ច្រើន​កើត​ឡើង​ក្នុង​បាតុកម្ម​នានា​កន្លង​មក មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ចូល​រួម​រំឭក​វិញ្ញាណក្ខន្ធ​របស់ Floyd នៅ​ឯ​សួន​ Brooklyn។ មនុស្សជា​ច្រើន​បាន​លុត​ជង្គង់​​នៅ​លើ​ស្មៅ​ដើម្បី​ប្រឆាំង​​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​ ព្រម​ទាំង​បាន​នាំ​គ្នា​ស្រែក​ថា “មិន​មាន​យុត្តិធម៌ មិន​មាន​សន្តិភាព​”។

    តំណាង​រាស្ត្រ​ Hakeem Jeffries នៅ​ New York មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ត​ធ្វើ​បាតុ​កម្ម​។ Hakeem Jeffries ថ្លែង​ថា​ សោកនាដកម្ម​ដែល​បាន​ដាស់​ស្មារតី​របស់​មនុស្ស​មួយ​ភាគ​ធំ​នឹង​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​យូរ​អង្វែង​។

    រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ William Barr កាល​ពី​ថ្ងៃទី​4​មិថុនា​បាន​ឱ្យ​ដឹង​ថា មាន​ភ័ស្តុ​តាង​បង្ហាញ​អំពី​ផល​ប្រយោជន៍​របស់​បរទេស​ និង​ក្រុម​អ្នក​អុជ​អាល​ជ្រុល​និយម​ មាន​ជាប់​ទាក់​ទិន​នឹង​ចលនា​ឆ្វេង​និយម​ ដូច​ជា​ Antifa កំពុង​ដណ្ដើម​ការ​គ្រប់​គ្រង​បាតុកម្ម​នានា​នៅ​សហរដ្ឋ​អាមេរិក។​ ក៏ប៉ុន្តែ​រដ្ឋ​មន្ត្រី​រូប​នេះ មិន​ទាន់​បាន​បង្ហាញ​ ឬ​បញ្ជាក់​លម្អិត​​អំពី​ប្រការ​នេះ​នៅ​ឡើយ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជិត​ 392,000​នាក់់​បាន​ស្លាប់​ដោយ​សារ​វីរុសCOVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​ 392,000​នាក់់​បាន​ស្លាប់​ដោយ​សារ​វីរុសCOVID-19 នៅ​ទូទាំង​ពិភពលោក

    ពិភពលោក​ទាំង​មូល ត្រូវ​បាន​រាយការណ៍​ថា មានអ្នក​ស្លាប់​​ជិត​ 392,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជិត​6.7​លាន​នាក់​។

    ប្រទេស​ និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភព​លោក​ មាន​អ្នក​ជំងឺ​COVID-19 សរុប​ ​6,680,356​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​931,967​នាក់​។ អ្នក​ជំងឺ​កើន​ 125,741​នាក់ និង​អ្នក​ស្លាប់​កើន​​5,680​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ​។ ចំណែក​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​ 3,227,186នាក់​។

    ទ្វីប​អាមេរិក​មាន​អ្នក​ជំងឺ​សរុប​3,205,881​នាក់​ ទ្វីប​អឺរ៉ុប​មាន​2,045,150នាក់​ ទ្វីប​អាស៊ី​មាន​1,260,001​នាក់​ និង​ទ្វីប​អាហ្វ្រិក​មាន​172,183​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​បង្អស់​ ដោយ​មាន​អ្នកជំងឺ​សរុប​1,923,049​នាក់​ និង​អ្នក​ស្លាប់​ 110,138​នាក់​។ អ្នក​ជំងឺ​កើន​ 21,556​នាក់​ និង​អ្នក​ស្លាប់​កើន​ 10,011​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។

    សម្បុក​មេរោគ​ធំជាង​គេ​ទី2 គឺប្រទេស​ប្រេស៊ីល ដោយ​មាន​អ្នកជំងឺ​សរុប​615,870​នាក់ និង​អ្នក​ស្លាប់​សរុប​​34,039​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី 31,890​នាក់​។

    ចំណែក​រុស្ស៊ី​វិញ មាន​អ្នកជំងឺ​សរុប​441,108​នាក់​ និង​អ្នក​ស្លាប់​សរុប​​5,384​នាក់​។ ប្រទេស​នេះ​ ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​លំដាប់​ទី​3​ក្នុង​ពិភពលោក​៕

  • ស្នាមរបួសមុតជ្រៅ កណ្ដាលដួងចិត្តជនអាមេរិកាំង…

    ស្នាមរបួសមុតជ្រៅ កណ្ដាលដួងចិត្តជនអាមេរិកាំង…

    អ្នកណាទៅនឹកដល់ថា សង្គមជនអាមេរិកាំង ត្រូវប្រឈមនឹងភាពជ្រួលច្របល់ ការចលាចល ដុតបំផ្លាញអគារហាង ផ្សារទំនើបផ្សេងៗ នៅក្នុងរាប់សិបទីក្រុងទូទាំងប្រទេស ចាប់ផ្ដើមពីការប្រមូលផ្ដុំគ្នាដើរក្បួនប្រឆាំងតវ៉ានៅក្នុងទីក្រុងមីននីសូតា ដោយសារតែការស្លាប់របស់ជនស្បែកខ្មៅ 1នាក់ ដោយសារទង្វើរបស់ប៉ូលិស 4នាក់។

    ជនអាមេរិកាំង ត្រូវចងចាំឈ្មោះ ចច ហ្វ្លយដ៍ ជនរងគ្រោះដោយសារប៉ូលិសឃោរឃៅ ដេរេក ឆូវីន ដែលមានប្រវត្តិក្នុងការប្រើអំពើហិង្សាទៅលើប្រជាជនដោយអាវុធ និងការវាយតប់ រហូតត្រូវរងការប្ដឹងផ្ដល់ដល់ទៅ 17លើក ក្នុងស្ថានការណ៍ការចលាចលដែលមិនទាន់បញ្ចប់នៅឡើយក្នុងខណៈពេលនេះ បានសាងនូវភាពខូចខាតដ៏ច្រើនមហាសាល។

    តើប៉ូលិស 3នាក់ទៀត នឹងត្រូវរងការដំណើរការរឿងក្ដីដែរឬទេ ក្រោយពីត្រូវបានបណ្ដេញចេញពីអង្គភាព? ម្នាក់នៅក្នុងចំណោមនោះ ជាកូនចៅជនជាតិម៉ុង នៅក្នុងប្រទេសឡាវ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ជាមួយជនភៀសខ្លួនជាច្រើនម៉ឺននាក់ទៀត ក្រោយសង្គ្រាមក្នុងស្រុកនៅប្រទេសឡាវបានបញ្ចប់ទៅ។ ជនជាតិម៉ុង មានមេដឹកនាំម្នាក់ គឺលោកឧត្តមសេនីយ៍ វ៉ាង ប៉ៅ ដែលស៊ីឈ្នួល CIA ទៅប្រយុទ្ធជាមួយទាហានឡាវក្រហម និងវៀតណាម។

    ភរិយារបស់ ឆូវីន ឈ្មោះ ខេលលី ក៏ជាស្ត្រីជនជាតិឡាវ នាងបានសុំប្ដឹងលែងលះភ្លាមៗ ក្រោយពីបានដឹងពីទង្វើរបស់ស្វាមី ដែលរូបភាពរបស់ ឆូវីន ប្រើជង្គង់សង្កត់បំពង់ករបស់ ហ្វ្លយដ៍ ដោយមិនបានរវីរវល់នឹងសំឡេងស្រែកសុំអង្វរឱ្យបានដកដង្ហើមរបស់ ហ្វ្លយដ៍ រហូតដល់សន្លប់បាត់ស្មារតី និងស្លាប់នៅពេលតមកនោះ បានក្លាយជាខ្សែបញ្ឆេះនៃក្ដីក្រេវក្រោធ និងគំនុំដ៏ខ្លាំងក្លា។

    ត្រឹមតែការខូចខាតផ្នែកទ្រព្យសម្បត្តិពីការត្រូវបានបំផ្លិចបំផ្លាញ ដុតកម្ទេចចោល និងសម្រុកចូលប្លន់ដោយហ្វូងមនុស្សឆ្លៀតឱកាសបន្លំខ្លួនវាយទម្លាយហាង លួចទ្រព្យសម្បត្តិយ៉ាងមិនខ្វល់ខ្វាយអំពីច្បាប់នោះ គឺជារូបបែបនៃភាពអនាធិបតេយ្យពិតប្រាកដក្នុងប្រទេសមហាអំណាចលំដាប់លេខ1 របស់ពិភពលោកដែលលើកតម្កើងរបបប្រជាធិបតេយ្យ។

    លទ្ធផលអវិជ្ជមានខាងសេដ្ឋកិច្ច នៅមិនទាន់រកច្រកចេញឃើញនៅឡើយពីការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19 ឥឡូវថែមទាំងត្រូវមានស្នាមរបួសក្នុងដួងចិត្តរ៉ាំរ៉ៃ ពាក់ព័ន្ធនឹងការរើសអើសពូជសាសន៍ពណ៌សម្បុរជាច្រើនរយឆ្នាំទៀត និងគ្មានថ្ងៃនឹងបញ្ចប់…។

    ជនអាមេរិកាំងជាង 300លាននាក់ ប្រហែលជាស្រឡាំងកាំង នៅពេលមើលឃើញសភាវការគ្មានច្បាប់ទម្លាប់ទាំងនោះ និងប្រហែលជាសួរខ្លួនឯងថា តើហេតុអ្វី បានហេតុការណ៍បែបនេះកើតឡើង និងរាលដាលទៅទូទាំងប្រទេសក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃបែបនេះទៅកើត? និងតើវានឹងចប់បែបណា?

    ការធ្វើបាតុកម្មតវ៉ាដោយសន្តិភាព បានក្លាយជាការប្រើអំពើហិង្សា និងត្រូវបានឆ្លើយតបទៅវិញដោយអំពើហិង្សា…ប៉ូលិស និងអាជ្ញាធរពីអង្គភាពផ្សេងៗទៀត បានប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ វាយដោយដំបង និងវិធានការដទៃទៀត។ ឈាមក្បាល បាក់ដៃបាក់ជើង អ្នកឆ្លៀតឱកាសលួចប្លន់ និងអ្នកប្រើអំពើហិង្សាជាច្រើនរយនាក់ ត្រូវបានចាប់ខ្លួន។

    ជាស្នាមរបួសមុតជ្រៅក្នុងប្រវត្តិសាស្ត្រនៃការរើសអើសពូជសាសន៍ពណ៌សម្បុរ…ជនស្បែកខ្មៅត្រូវរងការប្រតិបត្តិយ៉ាងឃោរឃៅ។

    ការដើរក្បួនបាតុកម្មតវ៉ា បង្កការចលាចលទូទាំងប្រទេសកម្រិតនេះ មិនបានកើតមានឡើងញឹកញាប់ឡើយ។ ក្នុងករណីរបស់ប៉ូលិស 4នាក់មិនបានរងទោសទណ្ឌអ្វីសោះ ក្រោយពីបានវាយសង្គ្រប់ទៅលើលោក រ៉ត់នីយ៍ ឃីង នៅក្នុងទីក្រុសឡូសអ៊ែនជើលេស ក្នុងឆ្នាំ1992 បានធ្វើឱ្យកើតចលាចលប្រមាណជា 2ខែ តែ ក៏នៅតែមិនរីករាលដាលទូទាំងប្រទេស ដូចគ្រានេះដែរ។

    កាលពីពេលមុនហ្នឹងទៀត ក្នុងឆ្នាំ1968 មានការដើរក្បួនបាតុកម្មប្រឆាំងសង្គ្រាមវៀតណាមយូររាប់ខែ ក៏គ្មានផលប៉ះពាល់រឿងពណ៌សម្បុរដែរ ទោះជាមានការចោទប្រកាន់ថា កងទាហានដែលបញ្ជូនទៅធ្វើសង្គ្រាមនោះ មានជនស្បែកខ្មៅ និងស្បែកពណ៌ផ្សេងទៀត ច្រើនជាងជនស្បែកសក៏ដោយ តែប្រធានបទចម្បងរបស់ការប្រឆាំងនៅពេលនោះគឺ នយោបាយរបស់រដ្ឋបាលដែលទៅពាក់ព័ន្ធនឹងវៀតណាម។

    ទាំង 2ហេតុការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាលក្នុងខណៈពេលនោះ បានប្រកាសប្រើច្បាប់រក្សាភាពស្ងប់ស្ងាត់ ដែលធ្លាប់បានចាប់ផ្ដើមកាលពីឆ្នាំ1807 ដើម្បីចាត់ការភាពច្របូលច្របល់ គឺជាច្បាប់ដូចគ្នានឹងច្បាប់ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បច្ចុប្បន្នកំពុងគំរាមថា នឹងប្រើឡើងវិញម្ដងទៀត ដើម្បីចាត់ការភាពអសន្តិសុខក្នុងគ្រានេះ បើសិនជានៅមិនទាន់បញ្ឈប់ និងនៅពេលអភិបាលរដ្ឋផ្សេងៗ ទប់លែងឈ្នះ។

    ច្បាប់នេះ បានផ្ដល់អំណាចដល់ប្រធានាធិបតី ឱ្យបញ្ជាទៅកងទ័ព បញ្ជូនទាហានចូលទៅរក្សាភាពស្ងប់ស្ងាត់ ដែលអាចនិយាយបានថា ជាសភាវមិនប្រក្រតី តែគ្រានេះ បានទទួលការទិតៀនពីមេដឹកនាំអង្គភាពយោធាថា នៅមិនទាន់ចាំបាច់នៅឡើយ និងអភិបាលរដ្ឋផ្សេងៗ ក៏មិនយល់ស្របដែរ ព្រោះយល់ឃើញថា លោកត្រាំ ត្រូវការបង្វែរចំណុចទទួលខុសត្រូវ។

    លោក ត្រាំ បាក់មុខខ្លាំងណាស់ ព្រោះគិតចង់ធ្វើអ្វី ក៏សុទ្ធតែបរាជ័យ តាំងពីការចាត់ការរឿងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដែលធ្វើឱ្យពលរដ្ឋអាមេរិកាំងឆ្លងមេរោគមួយនេះរហូតដល់ជិត 2លាននាក់ និងមានអ្នកស្លាប់ជិត 1.2សែននាក់ ហើយការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដែលរ៉ាំរ៉ៃ មួយ អាចនឹងធ្វើឱ្យកើតការឆ្លងរាលដាលនៃមេរោគនេះជាថ្មី ដែលពិបាកនឹងចាត់ការមិនខាន។

    អំពើហិង្សា បានរីករាលដាលក្លាយជារង្វង់ធំក្នុងគ្រានេះ ដោយសារតែប្រជាជនបានទទួលរងសម្ពាធពីបញ្ហាសេដ្ឋកិច្ច មនុស្សគ្មានការងារធ្វើជាង 40លាននាក់ និងនៅមិនទាន់មានសញ្ញាណាមួយថា វានឹងចប់នៅពេលណា? ធ្វើឱ្យក្លាយជាវិបត្តិជាន់លើវិបត្តិ ធ្វើឱ្យមេដឹកនាំសេតវិមាន ដើរទៅមុខលែងរួច បាត់បង់អស់សភាពគួរឱ្យគោរពជឿជាក់ក្នុងភាពជាអ្នកដឹកនាំ។

    អំពើហិង្សាយូរជាង 9ថ្ងៃនេះ លោកត្រាំ ក៏នៅមិនទាន់មានឥរិយាបថណាមួយថា នឹងចាត់ការយ៉ាងណានៅឡើយ? ចង់ប្រើទាហានចេញមកបង្ក្រាបដើម្បីរក្សាភាពស្ងប់ស្ងាត់សុវត្ថិភាព អាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងជាងមុនទៅទៀត។

    អ្វីដែលគួរឱ្យខ្មាស់អៀនបំផុតសម្រាប់ខ្លួនលោក ត្រាំ គឺការគ្មានសមត្ថភាពគ្រប់គ្រងស្ថានការណ៍ រឹតតែពេលនាំយកករណីរបស់ទីក្រុងហុងកុង មកប្រៀបធៀបជាមួយទៀតផងនោះ លោកត្រាំ រឹតតែក្លាយជាមុខសញ្ញានៃការសើចចំអកឡកឡាយដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន 2-3លើក ធ្វើឱ្យលោកត្រាំស្ទើរតែក្អួតឈាម…។

    រឹតតែមានព័ត៌មានថា អំឡុងពេលមានក្រុមបាតុករមកផ្ដុំគ្នានៅមុខសេតវិមាន មានការប៉ះទង្គិចគ្នាជាមួយអង្គភាពរក្សាសន្តិសុខសុវត្ថិភាពផងនោះ លោកត្រាំ និងក្រុមគ្រួសារត្រូវបាននាំខ្លួនចូលទៅពួននៅក្នុងលេណដ្ឋានបង់គើរសុវត្ថិភាពក្រោមដី ដល់ទៅជិត 1ម៉ោង ធ្វើឱ្យបាក់មុខយ៉ាងខ្លាំង និងត្រូវបានគេមើលឃើញថា ជាមេដឹកនាំ “មាត់ហ៊ាន តែជើងញ័រ” ហើយបន្ទាប់ពីនោះមក បានសម្ងំខ្លួននៅតែក្នុងសេតវិមាន។

    បន្ទាប់ពីនោះមក លោកត្រាំ បានព្យាយាមបញ្ចេញក្បាច់ថ្មី មានអ្នកបញ្ជាឱ្យអាជ្ញាធររំលាយក្រុមបាតុករនៅមុខសេតវិមាន បាញ់ឧស្ម័នបង្ហូរទឹកភ្នែកបណ្ដេញ ដើម្បីបើកផ្លូវឱ្យលោកត្រាំ និងក្រុមមន្ត្រីជាន់ខ្ពស់ដែលមានសុទ្ធតែអ្នកស្បែកសទាំងអស់ បានធ្វើដំណើរទៅព្រះវិហារក្នុងសួនច្បារសាធារណៈ ឡាហ្វាយែត ទៅឈរកាន់ព្រះគម្ពីប៊ីប ឱ្យជាងថតរូប បង្ហាញពីភាពក្លាហាន។

    ធ្វើឱ្យក្រុមបព្វជិតទាំងឡាយមិនសប្បាយចិត្ត ព្រោះការយកព្រះគម្ពីប៊ីប មកកាន់បង្ហាញដោយមិនបានអាន បើកចុះបើកឡើង ធ្វើរាងសង្ហានោះ មិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងឡើយ។ ឯប្រជាជន ក៏ខឹងក្រេវក្រោធខ្លាំង ព្រោះត្រូវអាជ្ញាធរបណ្ដេញចេញ ដើម្បីឱ្យលោកត្រាំបានទៅឈរបង្ហាញរាង និងប្រកាសថា ខ្លួនឯងជាប្រធានាធិបតីដែលជាតំណាងរបស់ច្បាប់។

    ពលរដ្ឋអាមេរិកាំង រស់នៅក្នុងសង្គមដែលនិយមការប្រើប្រាស់អាវុធក៏ពិតមែន តែនៅមិនទាន់មានការដឹកជញ្ជូនអាវុធ យកចេញមកដេញបាញ់ប្រហារគ្នា រហូតក្លាយជាសង្គ្រាមក្នុងស្រុកនៅឡើយទេ មានត្រឹមតែការដុតបំផ្លាញ លួចប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះ និងធ្វើឱ្យពលរដ្ឋអាមេរិកាំងមានអារម្មណ៍ថា ស្រុកទេសហាក់ដូចជាគ្មានច្បាប់ លទ្ធផលចុងក្រោយ ម្ចាស់មុខជំនួញនីមួយៗ ត្រូវតែទទួលយកការខូចខាតទាំងអស់នោះដោយខ្លួនឯង។

    ក្រុមហ៊ុនធានារ៉ាប់រង នឹងធានាខុសត្រូវសងឱ្យមកវិញក្នុងករណីមានការចលាចលបែបនេះ ឬយ៉ាងណា? វាស្រេចតែលើលក្ខខណ្ឌ ព្រោះនោះជារឿងលុយកាក់ តែរឿងរបស់ស្នាមរបួសមុតជ្រៅក្នុងដួងចិត្ត និងអារម្មណ៍វិញនោះ ត្រូវប្រើពេលវេលាយូរតទៅទៀត ទម្រាំនឹងបានធូរស្រាល…៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា