ក្រុមមន្ត្រីប៉ូលិសអាមេរិកាំង ឈរជាងពីរជួរ និងលើកដៃគំនាប់ដើម្បីបង្ហាញការគោរព នៅពេលដែលសពរបស់លោក George Floyd ត្រូវបាននាំទៅកាន់វិហារសាសនាមួយនៅទីក្រុង Houston។
ពិធីបុណ្យសពរបស់លោក George Floyd ជាជនរងគ្រោះស្បែកខ្មៅ អាយុ46ឆ្នាំ ដែលត្រូវបានប៉ូលិសសង្កត់កនឹងជង្គង់រហូតដល់ស្លាប់កាលពីថ្ងៃទី25ឧសភានៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ត្រូវបានប្រព្រឹត្តឡើងក្នុងថ្ងៃទី9មិថុនាកន្លងទៅនៅឯវិហារ Fountain of Praise ក្នុងទីក្រុង Houston រដ្ឋ Texas ដែលជាស្រុកកំណើតរបស់ Floyd។ មិត្តភ័ក្ដិ ក្រុមគ្រួសារ រួមនឹងថ្នាក់ដឹកនាំស្បែកខ្មៅ បានចូលរួមពិធីបុណ្យសពនេះផងដែរ។
ពិធីបុណ្យខាងលើត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ ក្រុមសកម្មភាព និងពលរដ្ឋក្នុងទីក្រុង Houston នាំគ្នាឈរនៅខាងក្រៅវិហាររហូតដល់ចប់ពីធីនានា។ ក្រុមប៉ូលិស ឈរជាពីរជួរ និងធ្វើការគំនាប់ សម្ដែងការគោរពនៅពេលសពត្រូវបាននាំទៅកាន់រថយន្ត ក្រោយមក មនុស្សម្នាក់បានស្រែកថា “ចូរហៅឈ្មោះរបស់គាត់! George Floyd”។

ផ្សារហ៊ុន New York (New York Stock Exchange) បានធ្វើការគោរពចំពោះសពលោក Floyd ដោយការរក្សាភាពស្ងៀមស្ងាត់រយៈពេល8នាទីនិង46វិនាទី ស្មើនឹងរយៈពេលដែល Floyd ស្ថិតក្រោមជង្គង់របស់ប៉ូលិស Derek Chauvin។ នេះគឺជាការរក្សាភាពស្ងៀមស្ងាត់យូរជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ228ឆ្នាំរបស់ផ្សារហ៊ុននេះ (ផ្សារហ៊ុន New York Stock Exchange ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី17 ឧសភា ឆ្នាំ1792)។

អតីតអនុប្រធានាធិបតីអាមេរិកាំង លោក Joe Biden ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក បានផ្ញើសម្ដីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពរបស់លោក Floyd តាមរយៈវីដេអូ។ លោកថ្លែងថា “នៅពេលដែលយើងទាមទារយុត្តិធម៌ជូន George Floyd យើងទាំងអស់គ្នាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់សមភាពពូជសាសន៍ដ៏ពិតប្រាកដនៅសហរដ្ឋអាមេរិក”។

ចំណែកអភិបាលក្រុង Houston លោក Sylvester Turner បានឱ្យដឹងថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាហាមប៉ូលិសចាប់ខ្លួនជនសង្ស័យដោយការក្រៀកក និងសង្កត់ក ព្រមទាំងត្រូវធ្វើការព្រមានជាមុន នៅពេលត្រៀមផ្ទុះអាវុធ៕
ប្រភព៖ សារព័ត៌មានបរទេស










ក្នុងព្រឹត្តិការណ៍ខាងលើ គេឃើញសមាជិកទាំងអស់នៃបក្សប្រជាធិបតេយ្យ សុទ្ធតែបង់កកន្សែងដែលធ្វើអំពីក្រណាត់ Kente។ ក្រណាត់នេះមានប្រភពពីតំបន់ Ghana និងត្រូវបានត្បាញដោយសូត្រដែលមានពណ៌ចម្រុះ និងរូបភាពដ៏ស្រស់ស្អាត។ កន្សែងប្រភេទនេះត្រូវបានគេចាត់ទុកជានិមិត្តរូបដែលបង្ហាញអំពីអត្តសញ្ញាញ និងមោទនភាពរបស់ប្រជាជននៅតំបន់អាហ្វ្រិកខាងលិច។

Lori Bush សមាជិកក្រុមប្រឹក្សាភិបាលក្រុង Cary បានថ្លែងថា ធម្មយាត្រានេះគឺជាព្រឹត្តិការណ៍ដែល “មានឥទ្ធិពលដ៏អស្ចារ្យ”។



