Category: អន្តរជាតិ

  • វ៉េណេស៊ុយអេឡា បាញ់​ទម្លាក់​យន្ត​ហោះ​ឯកជន​មួយ​គ្រឿង​ ព្រោះ​បាន​រំលោភ​ដែន​អាកាស​

    វ៉េណេស៊ុយអេឡា បាញ់​ទម្លាក់​យន្ត​ហោះ​ឯកជន​មួយ​គ្រឿង​ ព្រោះ​បាន​រំលោភ​ដែន​អាកាស​

    កង​ទ័ព​ប្រទេស​វ៉េណេស៊ុយ​អេឡា​ បាន​ទទួល​ស្គាល់​ថា បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ឯក​ជន​មួយ​​គ្រឿង​ដែល​មាន​​លេខ​កូដ​បញ្ជាក់​ថា មក​ពី​សហរដ្ឋ​អាមេរិក​ ដោយ​សារ​ថា​​ យន្តហោះ​នេះ​បាន​រំលោភ​លើ​ដែន​អាកាស​របស់​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​។

    សារ​ព័ត៌មាន​ Sputnik បាន​រាយ​ការណ៍​ថា​ បញ្ជា​ការដ្ឋាន​យុទ្ធ​សាស្ត្រ​របស់​ក្រុម​ប្រដាប់​​អាវុធ​វ៉េណេស៊ុយ​អេឡា​ (CEOFANB) កាល​ពី​ថ្ងៃទី​8​កក្កដា​ បាន​ប្រកាស​ថា ប្រទេស​នេះ​កម្ចាត់​យន្ត​ហោះ​​មួយ​គ្រឿង​ដែល​មាន​លេខ​កូដ​​បង្ហាញ​ថា​ជា​យន្ត​ហោះ​មក​ពី​សហរដ្ឋ​អាមេរិក​ ព្រោះ​តែ​យន្ត​ហោះ​នេះ​បាន​រំលោភ​លើ​ដែន​អាកាស​របស់​វ៉េណេស៊ុយ​អេឡា​។

    កង​ទ័ព​វ៉េណេស៊ុយ​អេឡា​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ Twitter ថា “CEOFANB សូម​ប្រកាស​ថា បញ្ជាការដ្ឋាន​កង​ទ័ព​ការ​ពារ​ដែន​អាកាស​ បាន​រកឃើញ​យន្ត​ហោះ​មួយ​គ្រឿង​ដែល​មាន​លេខ​សម្គាល់​មក​ពី​សហរដ្ឋ​អាមេរិក រំលោភ​លើ​ដែន​អាកាស​ប្រទេស​វ៉េណេស៊ុយ​អេឡា​នា​យប់​ថ្ងៃទី​8​កក្កដា​។ យន្ត​ហោះ​ចម្បាំង​របស់​វ៉េណេស៊ុយ​អេឡា​ បាន​កម្ចាត់​យន្ត​ហោះ​ដែល​បាន​និយាយ​ខាង​ដើម​នេះ​ ទៅ​តាម​ការ​កំណត់​”។

    ទន្ទឹម​នឹង​សេចក្ដី​ប្រកាស​នេះដែរ គេ​ឃើញ​មាន​រូប​ភាព​របស់​យន្ត​ហោះ​ដែល​ត្រូវ​បាន​ “កម្ទេច” កំពុង​ឆេះ​នៅ​លើ​ដី​។ រូប​ភាព​មួយ​បាន​បង្ហាញ​អំពី​លេខ​ស៊េរី​ N339AV នៅ​លើ​កន្ទុយ​យន្តហោះ​។

    យោង​តាម​ទំព័រ Flightradar នេះ​គឺជា​យន្តហោះ​ឯក​ជន​ Hawker 800។ មុនពេល​​ត្រូវ​បាន​បាញ់​ទម្លាក់​មួយ​ថ្ងៃ យន្ត​ហោះ​នេះ​បាន​ចុះ​ឈ្មោះ​ដើម្បី​ធ្វើការ​ហោះ​ហើរ​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ពី​រដ្ឋ Toluca ទៅកាន់​កោះ Cozumel នៃ​តំបន់​សមុទ្រ​ Caribbean។

    វ៉េណេស៊ុយអេឡា បាញ់​ទម្លាក់​យន្ត​ហោះ​ឯកជន​មួយ​គ្រឿង​ ព្រោះ​បាន​រំលោភ​ដែន​អាកាស​បច្ចុប្បន្ន​ មិន​ទាន់​មាន​ព័ត៌មាន​ផ្លូវ​ការ​ទាក់ទិន​នឹង​ទី​តាំង​ដែល​យន្ត​ហោះ​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​ ក៏ដូច​ជា​មនុស្ស​និង​ទំនិញ​នៅ​លើ​យន្ត​ហោះ​នេះ​នៅ​ឡើយ​។ សារ​ព័ត៌មាន​ Sputnik បាន​ចេញ​ផ្សាយ​ថា ហេតុ​ការណ៍​ស្រដៀង​នឹង​ករណី​ខាង​លើ​ តែង​តែ​កើត​ឡើង​ដោយ​មាន​ជាប់​ទាក់​ទិន​នឹង​សកម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​។ កាល​ពី​ខែ​មុន​​ កងទ័ព​ប្រទេស​វ៉េណេស៊ុយ​អេឡា​ក៏​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​មួយ​គ្រឿង​ដែរ ដោយ​សារ​តែ​យន្ត​ហោះ​នេះ​ដឹក​គ្រឿង​ញៀន​។

    ឆ្នាំ​2013 ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​ លោក Nicolas Maduro បាន​ចុះ​ហត្ថ​លេខា​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​កង​ទ័ព​បាញ់​ទម្លាក់​យន្ត​ហោះ​ទាំង​ឡាយ​របស់​ក្រុម​ឈ្មួញ​គ្រឿង​ញៀន​ដែល​ហោះ​ហើរឆ្លង​កាត់​​ដែន​អាកាស​របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Sputnik៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​

    អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​

    អ្នក​ចម្រៀង​រ៉ែប Kanye West បាន​ឱ្យ​ដឹង​ថា ខ្លួន​ចូល​រួម​ការ​ប្រកួតប្រជែង​​ដណ្ដើម​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដើម្បី​ជ័យ​ជំនះ​ និងបាន​បង្ហាញ​អំពី​ការ​លែង​គាំទ្រ​ចំពោះ​លោក​ Donald Trump ដូច​មុន​ទៀត​ហើយ​។

    “ជាមួយ​នឹង​កិច្ច​សម្ភាស​នេះ ខ្ញុំ​នឹង​យក​មួក​ក្រហម​ចេញ​ពី​ក្បាល” អ្នក​ចម្រៀង​រ៉ែប​ Kayne West ថ្លែង​បែប​នេះ​នៅ​ក្នុង​កិច្ចសម្ភាស​មួយ​ដែល​ត្រូវ​បាន​ចុះ​​ផ្សាយ​ក្នុង​ថ្ងៃ​នេះ​ ដោយ​លោក​​​​និយាយ​អំពី​​មួកកីឡាបេស្បលពណ៌ក្រហមដែល​មាន​ពាក្យ​ស្លោក​ “នាំ​ទឹក​ដី​អាមេរិកដ៏​មហា​អស្ចារ្យ​ត្រលប់​មក​វិញ​” របស់​លោក​ប្រធានាធិបតី​ Donald Trump កាល​ពី​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​។ លោក West ធ្លា់ប់ជា​អ្នក​គាំទ្រ​របស់​លោក​ Trump និង​ធ្លាប់​ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​មក​ធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន​ផងដែរ​។

    West ថ្លែង​ថា “ខ្ញុំ​នឹង​ប្រជែង​​រក​សំឡេង​ឆ្នោត​​ក្នុង​នាម​ជា​បេក្ខ​ភាព​មក​ពី​បក្ស​សាធារណរដ្ឋ​ បើ​សិន​មិន​មាន​លោក​ Trump។ ខ្ញុំ​នឹង​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ ក្នុង​នាម​ជា​បេក្ខ​ភាព​​ឯករាជ្យ​ បើ​សិន​មាន​លោក​ Trump”។

    លោក West បាន​ឱ្យ​ដឹង​ថា លោក​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​សម្រាប់​បក្ស Birthday Party និង​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ លោក​កំពុង​បំបែក​សំឡេង​ឆ្នោត​របស់​ក្រុម​ជន​ជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ ក៏ដូច​ជា​ការ​បង្ក​ការ​ខាត​បង់​ឱកាស​ជាប់​ឆ្នោត​របស់​លោក Joe Biden ដែល​ជា​បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ និង​ជា​គូ​ប្រជែង​សំខាន់​របស់​លោក​ Trump​ នៅក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ​។

    លោក​ West សង្កត់​ធ្ងន់​ថា “នឹង​ជា​រូប​ភាព​ប្រកាន់​ពូជ​សាសន៍​ និង​លទ្ធិ​អភិជន​ស្បែក​ស” នៅ​ពេល​ស្នើ​ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​អស់​ គាំទ្រ​បក្ស​ប្រជា​ធិបតេយ្យ​។ បើសិន​ជា​ខ្ញុំ​ឈ្នះ​​ឆ្នោត​ក្នុង​ឆ្នាំ​នេះ នោះ​គឺជា​ការ​ចាត់​ចែង​របស់​ព្រះ​។​ ហើយ​បើ​ខ្ញុំ​ឈ្នះ​ក្នុង​ឆ្នាំ​2024​ នោះ​ក៏ជា​ការ​រៀប​ចំ​របស់​ព្រះ​”។

    អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​
    អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​គោលនយោបាយ​ការ​បរទេស​​នៅ​ពេល​ឈ្នះ​ឆ្នោត អ្នកចម្រៀង​រូប​នេះ​ថ្លែង​ថា មិន​ទាន់​ផ្ដោត​ទៅ​លើបញ្ហា​នេះ​នៅ​ឡើយ។ “ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​ការ​ ការ​ពារ​ទឹក​ដី​អាមេរិក​ជា​ដំបូង​គេ​បង្អស់​​ជាមួយ​នឹង​កង​ទ័ព​ដ៏​មហិមា​របស់​យើង​។ ជា​ដំបូង​ យើង​ចូរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ខ្លួន​​យើង​រាល់​គ្នា​ជា​មុន​សិន​”។

    នៅ​ពេល​និយាយ​ដល់​ប្រទេស​ចិន​ លោក West ថ្លែង​ថា​ “ខ្ញុំ​ស្រលាញ់​ប្រទេសចិន​។ អាសន្នរោគ​នោះ​មិន​មែន​ជា​កំហុស​របស់​ប្រទេស​ចិន​ និងមិន​មែនជា​កំហុស​របស់​ជនជាតិ​ចិន​ទេ​។ ពួកគេ​ក៏ជា​មនុស្ស​របស់​ព្រះ​។ សេចក្ដី​ស្នេហា​ប្រទេស​ចិន​ បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ និងផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​ខ្ញុំ។ ម្ដាយ​របស់​ខ្ញុំ​គឺជា​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​ប្រទេស​ចិន​ កាល​ពី​ខ្ញុំ​នៅ​រៀន​ថ្នាក់​ទី​5​”។

    មួយ​ម៉ោង​ក្រោយ​ពី​កិច្ចសម្ភាស អ្នកចម្រៀង​រ៉ែប​រូប​នេះ​ បាន​ឱ្យ​ដឹង​ថា ប្រាកដ​ជា​ប្រជែង​ឆ្នោត​ក្នុង​ឆ្នាំ​2020​នេះ​ ដោយ​ប្រើ​​ពាក្យ​ស្លោក​ “YES” និង​​មិន​រង់​ចាំ​ដល់​ឆ្នាំ​2024​នោះ​ឡើយ​។ អ្នក​ដែល​ត្រូវ​បាន​ West ជ្រើសរើស​ជា​ដៃ​គូ​សម្រាប់អម​​ការ​ប្រជែង​រក​សំឡេង​ឆ្នោត​របស់​លោក​ នោះ​គឺ Michelle Tedball ជា​គ្រួអាចារ្យ​ម្នាក់​មក​ពី​កាហ្សាក់ស្ថាន​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យជ្រើស​រើស​ឈ្មោះ​ Birthday Party ជា​ឈ្មោះ​របស់​បក្ស លោក West ឆ្លើយ​ថា “ព្រោះ​ថា នៅ​ពេល​យើង​ខ្ញុំ​ឈ្នះ នោះ​នឹង​ជា​ថ្ងៃ​កំណើត​របស់​អ្នក​គ្រប់​គ្នា​”។

    អ្នក​ចម្រៀង​រ៉ែប​ Kanye West ស្វាមី​របស់​ Kim Kardashian ប្រកាស​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​​លោក​ Trump ដើម្បី​ធ្វើ​ជា​ប្រធានាធិបតី​​ក្នុង​ឆ្នាំ​នេះ​
    លោក​ West និង​កំពូល​តារា​ទូរទស្សន៍​ ​អ្នក​ស្រី​ Kim Kardashian

    លោក Kanye West កើត​ឆ្នាំ​1977​ នៅក្នុង​ទីក្រុង​ Atlanta រដ្ឋ​ Georgia នៃ​សហរដ្ឋ​អាមេរិក​។ បច្ចុប្បន្ន លោក​រស់នៅ​ជា​មួយ​ភរិយា​​ដែលជា​កំពូល​តារា​ទូរទស្សន៍​ម្នាក់ គឺ​អ្នក​ស្រី​ Kim Kardashian នៅ ​Hidden Hills ក្នុង​ទីក្រុង​ Los Angeles។ ទស្សនាវដ្ដី Forbes កាលពី​ខែ​មេសា​ បាន​ទទួល​ស្គាល់​ថា​ តារា​ចម្រៀង​រ៉ែប​ Kanye West នេះ​ គឺជា​មហា​សេដ្ឋី​ម្នាក់​ដែល​​មាន​ទ្រព្យ​ប្រមាណ​ជា 1.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

    នៅក្នុងដំណើរ​ទស្សនកិច្ច​ទៅកាន់​សេត​វិមាន​កាល​ពី​ឆ្នាំ​2018 លោក​ West បាន​ឱប​លោក​ Trump និង​បាន​និយាយ​ថា “ខ្ញុំ​ស្រលាញ់​បុរស​នេះ​”។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ចាត់​ទុក​ West ជា​បេក្ខភាព​ប្រធានាធិបតី​ដែល​មាន​សក្ដានុពល​ទេ លោក​ Trump កាល​ណោះ​បាន​ឆ្លើយ​ថា អ្នក​ចម្រៀង​រ៉ែប​រូប​នេះ អាច​ “ជា​បេក្ខ​ភាព​ល្អ​ណាស់​”។ ក៏​ប៉ុន្តែ លោក​ West អះអា​ង​ថា ប្រការ​នោះ​អាច​កើត​ឡើង​លុះត្រា​តែ​ក្រោយ​ឆ្នាំ​2024​ នៅ​ពេល​ដែល​លោក​ Trump បាន​បញ្ចប់​អាណាត្តិ​​កាលទី2​​របស់​ខ្លួន​នៅ​សេត​វិមាន​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19

    ប្រធានាធិបតី​ប្រេស៊ីល​ ឆ្លង​វីរុស​COVID-19

    ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ លោក Jair Bolsonaro បាន​ប្រកាស​ថា លោក​វិជ្ជមាន​ជាមួយ​នឹង​វីរុសCOVID-19 ក្រោយ​ពី​មាន​អាការ​អស់កម្លាំង​និង​ក្ដៅ​ខ្លួន​។

    “លទ្ធផល​គឺ​វិជ្ជមាន​” ប្រធានាធិបតី​ប្រេស៊ីល​មាន​ប្រសាសន៍​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន​​ក្នុង​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ នៅក្នុង​កម្មវិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មួយ​កាល​ពី​ថ្ងៃទី​7កក្កដា​កន្លង​ទៅ​ ។

    លោក​ Bolsonaro បាន​ឆ្លង​វីរុស​នេះ បន្ទាប់​ពី​លោក​បាន​អញ្ជើញ​ទៅ​ទទួលទាន​អាហារ​នៅ​ឯគេហដ្ឋាន​របស់​លោក​ Todd Chapman​ ដែលជា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រេស៊ីល​ នា​រដ្ឋ​ធានី​ Brasilia។ លោក​ចាប់​ផ្ដើម​មាន​អាការ​អស់​កម្លាំង​កាល​ពី​ព្រលប់​ថ្ងៃទី​4​កក្កដា​ ហើយ​ថ្ងៃ​បន្ទាប់​ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ដដែល​។

    ​រដ្ឋាភិបាល​ប្រេស៊ីល​ បាន​ឱ្យ​ដឹង​ថា លោក Bolsonaro មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន​ និង​មាន​កម្ដៅខ្លួន​ឡើង​ដល់​38​អង្សា​។ លោក​ Bolsonaro ក៏​បាន​បញ្ជាក់​ថា​ លោក​បាន​ធ្វើ​តេស្ត​រកមេរោគ​​ជា​លើក​ទី​4ហើយ​ រាប់​ចាប់​ពី​ខែ​មីនា​ និង​បាន​ថត​កាំរស្មី​អ៊ិច​ពិនិត្យ​មើល​សួត​នៅ​មន្ទីរ​ពេទ្យ​យោធា​ ប៉ុន្តែ​មិន​មាន​សញ្ញា​ខុស​ប្រក្រតី​នោះ​ទេ។

    មេដឹកនាំ​ប្រេស៊ីល​វ័យ​65​ឆ្នាំ​រូប​នេះ​ តែង​តែ​វាយ​តម្លៃ​ទាប​ទៅ​លើ​ហានិភ័យ​ក៏ដូចជា​ការ​គំរាម​កំហែង​របស់​វីរុស​COVID-19។ លោក​ធ្លាប់​បាន​ថ្លែង​ថា វីរុស​នេះ​មិន​ខុស​អ្វី​ទៅ​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតាទេ​។ លោក​ Bolsonaro ក៏ជឿ​ថា ការ​ដែល​លោក​ធ្លាប់ជា​អតីត​អត្តពលិក​នឹង​ជួយ​ឱ្យ​លោក​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ល្អ​សម្រាប់​ទប់​ទល់​នឹង​អាការ​ធ្ងន់​ធ្ងរ​បំផុត​របស់​COVID-19។

     mainichi.jp Brazil's President Bolsonaro appears in protest
    លោក​ Bolsonaro កន្លង​មក ធ្លាប់​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បម្រាម​គោចរ​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋ​មួយ​ចំនួន​នៃ​ប្រទេស​នេះ

    លោក​ Bolsonaro គឺជា​សមាជិក​ទី2​ដែល​បាន​ឆ្លង​វីរុស​COVID-19 នៅក្នុងគ្រួសារ​របស់​លោក​។ លោក​យាយ​របស់​លោក​ជំទាវ​ទី​1​ Michelle Bolsonaro ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​ដាក់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ បន្ទាប់​ពី​បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ដោយ​សារ​តែ​ឆ្លង​COVID-19 កាលពីថ្ងៃទី​1កក្កដា​។

    មុនករណី​​ប្រធានាធិបតី​ អភិបាល​ក្រុង Manaus ដែល​ជា​ទីក្រុង​ធំបំផុត​ក្នុង​តំបន់ Amazon ក៏​បាន​ចូល​ព្យាបាល​នៅមន្ទីរពេទ្យ​នាទីក្រុង​​ Sao Paulo ព្រោះ​តែ​ឆ្លង​វីរុស​COVID-19 នេះ​ដែរ​ កាល​ពី​សប្ដាហ៍​មុន​។

    គិត​មក​ដល់​បច្ចុប្បន្ន COVID-19 បាន​សម្លាប់​មនុស្ស​ ជាង​482,100​នាក់​នៅក្នុង​ចំណោម​អ្នកជំងឺ​សរុប​ជាង​9,445,800​​នាក់​ក្នុង​ពិភពលោក​។ ប្រេស៊ីល​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​សកល​លោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,6លាន​​នាក់​ និង​អ្នក​ស្លាប់​សរុប​52,951​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ទិដ្ឋ​ភាព​យន្ត​ហោះ​និង​នាវា​ចម្បាំង​អាមេរិក ធ្វើ​សមយុទ្ធ​កក្រើក​មេឃ​រញ្ជួយ​ទឹក​ នៅ​លើ​​សមុទ្រ​​ចិន​ខាង​ត្បូង​

    ទិដ្ឋ​ភាព​យន្ត​ហោះ​និង​នាវា​ចម្បាំង​អាមេរិក ធ្វើ​សមយុទ្ធ​កក្រើក​មេឃ​រញ្ជួយ​ទឹក​ នៅ​លើ​​សមុទ្រ​​ចិន​ខាង​ត្បូង​

    បណ្ដា​យន្ត​ហោះ​យោធា​អាមេរិកាំង​ត្រូ​វ​បាន​បញ្ជូន​ចេញ​ពី​រនាវា​ចម្បាំង​ USS Ronald Reagan និង USS Nimitz បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​យោធា​របស់​ហរដ្ឋ​អាមេរិក​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​។

    ក្រុម​ប្រយុទ្ធ​នៃ​នាវា​ចម្បាំង​ចំនួន​2 គឺ USS Nimitz និង USS Ronald Reagan​ ដែល​ធ្វើ​សកម្ម​ភាព​ក្រោម​ឈ្មោះ​ “កង​កម្លាំង​យុទ្ធ​សាស្ត្រ​នាវា​ផ្ទុក​យន្តហោះ​ Nitmiz កំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​កន្លែង​ដែល​កំពុង​មាន​ភាព​តាន​តឹង​ព្រោះ​តែ​ប្រទេស​ជា​ច្រើន​ដណ្ដើម​គ្នា​កាន់​កាប់​កោះ​ និង​ប្រជុំ​កោះ​នៅក្នុង​តំបន់​សមុទ្រ​នេះ​។

    ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ សហរដ្ឋ​អាមេរិក​ចង់​បញ្ជាក់​ថា សមុទ្រ​ចិន​ខាង​ត្បូង​គឺជា​ដែន​ទឹក​អន្តរ​ជាតិ​ ហើយ​នេះ​ក៏​ជា​ការ​បង្ហាញ​សាច់ដុំ​ដាក់​ប្រទេស​ចិនផងដែរ​ ក្នុង​បំណង​ការ​ពារ​បណ្ដា​ប្រទេស​តូច​ៗ និង​ការ​ពារ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​លើ​ដែន​សមុទ្រ​មួយ​នេះ​ ដោយ​សារ​តែ​ចិន​មាន​បំណង​គ្រប់​គ្រង​ផ្ដាច់​ទៅលើ​សមុទ្រ​នេះ​។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​រូប​ភាព​ដែល​បង្ហាញ​អំពី​សកម្ម​ភាព​ធ្វើ​សមយុទ្ធ​របស់​​កង​ទ័ព​សហរដ្ឋ​អាមេរិក​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​៖

    បណ្ដា​យន្ត​ហោះ​ដែល​មកពី​ក្រុម​ហោះ​ហើរ​របស់​ក្រុម​នាវា​ផ្ទុក​យន្ត​ហោះ​ កំពុង​ហោះ​ជា​2ក្រុម​ នៅ​ពី​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ USS Nimitz និង USS Ronald Reagan ​លើ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពីថ្ងៃទី​6​កក្កដា​។
    ក្រុម​នាវិក​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ USS Nimitz កំពុង​រៀប​ចំ​ឱ្យ​យន្តហោះ​ចម្បាំង​ធ្វើ​សមយុទ្ធ​
    ក្រុម​ហ៊ុន​យន្ត​ដែល​មក​ពី​ក្រុមទី11​ នៃ​នាវា​ផ្ទុក​យន្តហោះ​ កំពុង​ហោះ​ពីលើ​នាវា

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​

    ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​

    សហរដ្ឋ​អាមេរិក ប្រទេស​ចិន​ និង​អារ៉ាប់​រួម​ កំពុង​ឆ្លៀត​យក​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ​នេះ​ដើម្បី​បញ្ជូន​យាន​អវកាស​ទៅ​ស្រាវ​ជ្រាវ​ពិភព​ព្រះ​អង្គារ​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បញ្ជូន​មនុស្ស​ទៅ​រស់​នៅ​លើ​ភព​ក្រហម​នេះ​។

    ទីតាំង​និង​រយៈ​ចម្ងាយពី​ផែន​ដី​ទៅកាន់​ពិភពព្រះអង្គារ​មិន​មែន​សុទ្ធ​តែ​ដូចគ្នា​គ្រប់​ពេល​នោះ​ទេ​ ដូច្នេះ​ដំណាក់កាល​ដែល​ល្អ​បំផុត​សម្រាប់​ហោះពី​ផែន​ដី​ទៅ​កាន់​ភព​ក្រហម​នេះ​ គឺ​មាន​តែ​ម្ដង​គត់​ក្នុង​រយៈ​ពេល​26​ខែ​។ ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​សីហា​ឆ្នាំ​នេះ គឹជា​ដំណាក់​កាល​ល្អ​បំផុត​ដែល​មិន​អាច​រំលង​បាន​។ យ៉ាង​នេះ​ហើយ​ទើប​សហរដ្ឋ​អាមេរិក​ ប្រទេស​ចិន​ និង​អារ៉ាប់​រួម​ សុទ្ធ​តែ​សម្រេច​ចិត្ត​បាញ់​បង្ហោះ​យាន​អវកាស​របស់​ខ្លួន​ទៅ​កាន់​ផ្កាយ​ព្រះអង្គារ​នៅក្នុង​ដំណាក់​កាល​នេះ​។ ចំនួន​និង​កម្រិត​នៃ​ភាព​ស្មុគ​ស្មាញ​របស់​បណ្ដា​បេសក​កម្ម​ បាន​បង្ហាញថា ពិភពព្រះអង្គារពិត​ជា​មាន​សារ​សំខាន់​ដ៏ធំធេង​ក្នុង​ការ​រុក​រក​ក្នុង​ទីអវកាស​របស់​មនុស្ស​ជាតិ​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​6​កក្កដា​របស់​សារ​ព័ត៌មាន​ Futurism។

    ទីភ្នាក់​ងារ​អវកាស​អាមេរិក (NASA) មានគម្រោង​បញ្ជូន​រ៉ូបូត​ Perseverance​ ទៅកាន់​ឋាន​ព្រះអង្គារ​នៅក្នុង​ដំណាក់​កាល​ចាប់​ពី​ថ្ងៃទី​30​កក្កដា​ ដល់​ថ្ងៃ​ទី​15​សីហា​ខាងមុខ​។ Perseverance នឹង​ចុះ​ចត់​ត្រង់​រណ្ដៅ​ Jezero ដែលមាន​ទំហំ​45​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​18​កុម្ភៈ​​2021​។ រ៉ូបូត​នេះ​មាន​ភារកិច្ច​តាម​រក​ដាន​នៃ​សភាវ​រស់​នៅលើ​​ឋាន​ព្រះអង្គារ​ ហើយ​ប្រមូល​យក​សំណាក​ដី និង​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​ផ្សេង​ទៀត​។ រ៉ូបូត​នេះ​ក៏នឹង​នាំយក​ឧទ្ធម្ភាគ​ចក្រ​ស្វ័យ​ប្រវត្តិ​ខ្នាត​តូច​​ Ingenuity ទៅ​ជាមួយ​វា​ផងដែរ​។ ឧទ្ធម្ភាគ​ចក្រ​ស្វ័យ​ប្រវត្តិ​ខ្នាត​តូច​​ Ingenuity ​នឹង​ក្លាយ​ជា​ឧករណ៍​ហោះ​ហើរ​ឡើង​ដំបូង​គេ​បង្អស់​នៅ​ភព​ដទៃ​ក្រៅពី​ផែន​ដី​។

    ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
    Perseverance នឹង​ចុះ​ចត់​ត្រង់​រណ្ដៅ​ Jezero ដែលមាន​ទំហំ​45​គីឡូម៉ែត្រ​នៅ​ថ្ងៃទី​18​កុម្ភៈ​​2021​

    សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​បញ្ជូន​យាន​ទៅ​កាន់​ពិភពព្រះអង្គារ​ជា​ច្រើនលើក​មក​ហើយ​ ក្នុង​នោះ Mariner 4 គឺជា​យាន​អវកាស​ដំបូង​ដែល​បាន​ធ្វើការ​ហោះ​ហើរ​ទៅក្បែរ​ពិភព​ក្រហម​ដោយ​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​1965​។​ ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​ព្រះអង្គារ​កន្លង​មក​ រួម​នឹង​បេសកកម្ម​ក្នុង​ឆ្នាំ​នេះ គឺជា​ការ​ត្រៀម​លក្ខណៈ​សម្រាប់​បញ្ជូន​មនុស្ស​ឡើង​ទៅ​ជាន់​ដី​ផ្កាយ​ព្រះអង្គារ​នា​ពេល​ខាងមុខ​។ ក្រៅ​ពី​ NASA ក៏មាន​ក្រុម​ហ៊ុន​ឯក​ជន​មួយ​កំពុង​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​ខាង​លើ​នេះ​ដែរ​ នោះ​គឺ​ក្រុម​ហ៊ុន​ SpaceX របស់​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ លោក​ Elon Musk។

    ចំណែក​ប្រទេស​ចិន​ឯណោះ​វិញ ក៏មិន​ព្រម​ចាញ់​អាមេរិកាំង​នោះ​ឡើយ។ តាមគម្រោង​ បេសក​កម្ម​ស្រាវជ្រាវ​ពិភព​ព្រះអង្គារ​របស់ប្រទេស​ចិន​ ដែលមាន​ឈ្មោះ​ថា Tianwen 1 នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ក្នុង​អំឡុង​ពេល​ចាប់ពី​ថ្ងៃទី​20កក្កដា​ដល់​ថ្ងៃទី​25​កក្កដា​2020​នេះ​។ Tianwen​ 1​ រួមមាន​យាន​អវកាស​ហោះ​នៅលើ​គន្លង​គោចរ​ដើម្បី​ស្រាវ​ជ្រាវ​​ពិភពព្រះអង្គារ​ពី​ចម្ងាយ​ រួម​នឹង​យាន​សម្រាប់​ចុះ​ចត1គ្រឿង​​ និង​រ៉ូបូត​រុក​រក​1គ្រឿង​។ Tianwen 1 នឹង​ជួយ​ដល់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​ ស្វែង​យល់​អំពី​ដី​ ភូមិ​សាស្ត្រ​ បរិស្ថាន​ និង​បរិយាកាស​របស់​ភព​ក្រហម​នេះ​។

    ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
    Tianwen 1 នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ក្នុង​អំឡុង​ពេល​ចាប់ពី​ថ្ងៃទី​20កក្កដា​ដល់​ថ្ងៃទី​25​កក្កដា​2020​

    ឆ្នាំ​2011 ប្រទេស​ចិន​បាន​បញ្ជូន​យាន​អវកាស​ Yinghuo-1 ទៅ​សិក្សាស្រាវ​ជ្រាវ​ឋាន​ព្រះអង្គារ​ ប៉ុន្តែ​មិន​បាន​សម្រេច​។ យ៉ាង​នេះ​ក្ដី ប្រទេស​ចិន​ក៏​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​អវកាស​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅថ្មី​ៗ​នេះ​ ក្នុង​នោះ​ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​នៅ​លើ​តំបន់​ងងឹត​អចិន្ត្រៃយ៍​របស់​ឋាន​ព្រះចន្ទ​ផងដែរ​។

    នៅ​អាស៊ី​ខាងលិច​វិញ ក្នុង​​ថ្ងៃទី​14​កក្កដា​ខាង​មុខ ប្រទេស​អារ៉ាប់​រួម​ (UAE) នឹង​បញ្ជូន​យាន​អវកាស​ខ្នាតតូច Hope ​ទៅកាន់​ពិភព​ព្រះអង្គារ​។ Hope ​នឹង​មិន​ចុះ​ចត​លើ​ភព​ក្រហម​នេះ​ទេ​ ដោយ​វា​នឹង​ហោះ​ជុំ​វិញ​ឋាន​ព្រះអង្គារ​ និង​ចំណាយ​ពេល​យ៉ាង​តិច​2ឆ្នាំ​​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​បរិយាកាស​នៃ​ស្រទាប់​អូហ្សូន​។

    សម្រាប់​អារ៉ាប់​រួម Hope គឺជា​បេសក​កម្ម​ស្រាវ​ជ្រាវ​ភព​ព្រះអង្គារ​ដំបូង​បំផុត​។ នេះ​គឺជា​ផ្នែកមួយ​នឹង​គោល​ដៅ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ ដូច​ជា​បច្ចេក​វិទ្យា​អវកាស​ជា​ដើម​។

    ប្រទេស​ចំនួន​3​នឹង​​​បញ្ជូន​យាន​អវកាស​ទៅកាន់​ផ្កាយ​​ព្រះអង្គារ​នៅ​ក្នុង​ខែ​នេះ​
    Hope ​នឹង​មិន​ចុះ​ចត​លើ​ភព​ក្រហម​នេះ​ទេ​ ដោយ​វា​នឹង​ហោះ​ជុំ​វិញ​ឋាន​ព្រះអង្គារ​ និង​ចំណាយ​ពេល​យ៉ាង​តិច​2ឆ្នាំ​​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​អំពី​បរិយាកាស​នៃ​ស្រទាប់​អូហ្សូន

    រាល់​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បេសក​កម្ម​ទាំង​3ខាង​លើ​នេះ​ នឹង​រួម​ចំណែក​បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ទាំង​មូល​ និង​លម្អិត​ស្ដីអំពី​ពិភព​ព្រះអង្គារ​។

    ផ្កាយ​ ពិភព ឬ​ឋាន​ព្រះអង្គារ​នេះ មាន​រយៈ​ចម្ងាយ​ពី​ផែន​ដី​មិន​ដូច​គ្នា​នោះ​ទេ​នៅក្នុង​អំឡុង​ពេល​ខុស​ៗ​គ្នា​។ ចម្ងាយ​ជា​មធ្យម​ពី​ផែន​ដី​ទៅ​ឋាន​ព្រះអង្គារ​គឺ​ប្រមាណ​ជា​ 225​លាន​គីឡូម៉ែត្រ​ ខណៈ​ចម្ងាយ​​ឆ្ងាយ​បំផុត​​ស្មើ​​401​លាន​គីឡូម៉ែត្រ​ ចំណែក​ចម្ងាយ​ជិត​បំផុត​គឺ​ប្រមាណ​ជា​ 54.6​លាន​​គីឡូម៉ែត្រ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​ធំ​ មាន​បំណង​កែប្រែ​ពិភព​​ព្រះអង្គារ​ឱ្យទៅ​ជា​ទីឋាន​ដែល​អាច​ឱ្យ​មនុស្ស​រស់នៅ​បាន​​នា​អនាគត​វែង​ឆ្ងាយ​ខាងមុខ៕

    ប្រភព៖ Futurism

  • លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិតក្នុងស្ថានភាព ស្ដារលែងឡើង…

    លោកប្រធានាធិបតី ដូណាល់ ត្រាំ ស្ថិតក្នុងស្ថានភាព ស្ដារលែងឡើង…

    លោក ដូណាល់ ត្រាំ មេដឹកនាំសេតវិមានដ៏មហាសែនក្លៀវក្លា កំពុងត្រូវបានវាយតម្លៃដោយអ្នកវិភាគថា កំពុងស្ថិតក្នុងស្ថានភាពអស់ក្បាច់ហក់…ឱកាសក្នុងការឈ្នះការបោះឆ្នោតជ្រើសតាំង ក្លាយជាប្រធានាធិបតីអាណត្តិទី2 មើលទៅកាន់តែស្រពេចស្រពិលខ្លាំងឡើងជារៀងរាល់ថ្ងៃ…ការនិយាយស្ដី ថ្លែងការប្រាស្រ័យនៅចំពោះមុខប្រជាជន មិនរញ្ជួយចិត្ត មិនដាច់ខាត និងមិនគួរឱ្យជឿជាក់ ដូចកាលពីអាណត្តិមុនឡើយ។

    ទោះជាចង់ប្រើកាយវិការបែបណា ក៏មិនជំពប់ភ្នែក ឬត្រូវចិត្តអ្នកស្ដាប់ដែរ…រឹតតែជិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងផង ជនអាមេរិកាំងដែលធ្លាប់និយមពេញចិត្តលោកត្រាំ បានចាប់ផ្ដើមមើលឃើញថា លោកត្រាំ ជាមេដឹកនាំដែលមានបញ្ហាច្រើនណាស់ ទាំងផ្នែកការគិត នយោបាយ ទង្វើ និងតួនាទីផ្សេងៗ ក្នុងឋានៈជាអ្នកដឹកនាំប្រទេសមហាអំណាចលំដាប់លេខ1 របស់ពិភពលោក។

    រឹតតែជាបញ្ហាដ៏ធ្ងន់មួយទៀត នៅពេលដែលមិត្តជិតស្និទ្ធ មិត្តយូរអង្វែង ដូចជាក្រុមប្រទេសអឺរ៉ុប ចាប់ផ្ដើមបែរខ្លួនចេញឆ្ងាយ និងមើលឃើញហើយថា លោកត្រាំ ដូចជាមិនមែនជាមិត្តភក្តិដែលគួរឱ្យសេពគប់ ទុកចិត្តមិនបាន និងថែមទាំងមិនអាចពឹងពាក់បានទៀតផង ហើយថែមទាំងសម្លឹងមើលមកពួកមិត្តភក្តិមេដឹកនាំប្រទេសក្នុងសហគមន៍អឺរ៉ុប ប្រៀបដូចជាកូនចៅ តួរង ឬខ្ញុំកញ្ជះទៀតផង។

    ការបង្ហាញខ្លួនក្នុងអំឡុងពិធីជប់លៀងនៅថ្ងៃបុណ្យជាតិសហរដ្ឋអាមេរិក 4កក្កដា លោកត្រាំមិនបានបង្ហាញឱ្យប្រជាជនអាមេរិកាំង ជឿជាក់លើគុណភាពនៃការធ្វើជាមេដឹកនាំទាល់តែសោះ…ព្រោះជំនួសឱ្យការដែលត្រូវនិយាយឱ្យជនអាមេរិកាំង មានក្ដីសង្ឃឹមនាពេលអនាគត កណ្ដាលវិបត្តិធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច នយោបាយ សង្គមនោះ លោកត្រាំមិនធ្វើ…តែបែរជាទៅនិយាយបំផុសបំផុលជនអាមេរិកាំង ឱ្យមើលឃើញពីគ្រោះភ័យដ៏កាចសាហាវរបស់ក្រុមឆ្វេងនិយម ក្រុមប្រឆាំងហ្វាស់ស៊ីស ក្រុមក្បាលរឹងផ្សេងៗទៀត ដែលចេញមកពីផលប៉ះពាល់របស់ការទាមទារតវ៉ាប្រឆាំងនឹងទង្វើរបស់ជនស្បែកស ដែលនៅមានគំនិតបង្កប់នៅក្នុងខួរក្បាល រឿងការរើសអើងជាតិសាសន៍ពណ៌សម្បុរ រហូតក្លាយជាវិបត្តិរបស់ប្រទេសជាតិនាពេលបច្ចុប្បន្នទៅវិញ។

    ក្នុងសភាវប្រក្រតី ជនអាមេរិកាំងមានការបែកបាក់ខាងគំនិត រឿងនយោបាយពណ៌សម្បុរស្រាប់ទៅហើយ គ្រាន់តែរង់ចាំការផ្ទុះឡើងប៉ុណ្ណោះ ជួនកាល ការថ្លែងរបស់លោកត្រាំ ក្នុងអំឡុង 2-3ថ្ងៃ មុនថ្ងៃឈប់សម្រាកវែងកន្លងមកនេះ គ្រាន់តែជាការចាប់ផ្ដើមទេ តែវាត្រូវបានសំពងបន្ថែមឱ្យទំនាស់រឿងពណ៌សម្បុរនោះ រឹតតែបើកធំឡើងជាងអ្វីដែលកំពុងមាន ក្នុងខណៈពេលនេះ។

    លោកត្រាំ និយាយរឿងការបង្កភេរវកម្ម អាងថា ក្រុមមនុស្សជំនាន់ថ្មី រង់ចាំតែបំផ្លាញប្រវត្តិសាស្ត្រ ពិធីសាសនា វប្បធម៌ ជាក្រុមឆ្វេងជ្រុល ជាក្រុមអ្នកត្រូវការកសាងសង្គមថ្មី ក្រុមនិយមអនាធិបតេយ្យ ក្រុមនិយមការរឹងរូស…អាងថា ក្រុមស្បែកខ្មៅចង់តែបំផ្លាញ និងចង់ផ្លាស់ប្ដូរប្រវត្តិសាស្ត្រ។

    ការថ្លែងប្រាស្រ័យ សំឡេងវ៉េវវ៉ាវនៅក្នុងសួនច្បារផ្កាកុលាបខាងក្រោយមន្ទីរសេតវិមាន ដែលនិយាយអំពីរឿងប្រវត្តិសាស្ត្រនោះ អ្នកវិភាគមើលឃើញថា លោកត្រាំកំពុងស្ថិតក្នុងគំនិតតែលតោល មិនតភ្ជាប់នឹងសភាពការណ៍ពិតនាពេលបច្ចុប្បន្ន ព្យាយាមដាស់ខ្មោចស្នេហាជាតិ លើកតម្កើងវប្បធម៌របស់ជនជាតិអាមេរិក និងថែមទាំងធ្វើឱ្យគេឯងមើលឃើញទៀតថា លោកកំពុងស្ថិតក្នុងសភាព “ស្រមើស្រមៃ” វង្វេងវង្វាន់ ដូចការវិភាគនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន របស់ជនល្បីឈ្មោះ ខាល ប៊ើនស្ទីន ដែលបានគាស់កកាយលើករឿង វ៉តធើរ ហ្គេត មកនិយាយក្នុងយុគសម័យលោកប្រធានាធិបតី រីឆាដ និកសុន ដែលត្រូវលាឈប់ពីតំណែងយ៉ាងអាម៉ាស់។

    នៅពេលប្រៀបធៀបជាមួយមេដឹកនាំប្រទេសមហាអំណាច 2ទៀត ដែលជាគូសងសឹករបស់លោកត្រាំ គឺលោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំប្រទេសរុស្ស៊ី ក៏រឹតតែខុសគ្នាឆ្ងាយទៅទៀត…កម្រិតខុសគ្នាឆ្ងាយណាស់! ព្រោះលោកពូទីន បានឈ្នះការធ្វើប្រជានិយមឱ្យកែច្បាប់ ដោយកែសម្រួលឱ្យលោកពូទីន នៅធ្វើជាមេដឹកនាំប្រទេសរុស្ស៊ីបាន 2អាណត្តិទៀត រហូតដល់អាយុ 83ឆ្នាំ។

    នឹងនៅបានឬអត់? វាអាស្រ័យលើលទ្ធផលការបោះឆ្នោតជ្រើសតាំងក្នុង 2អាណត្តិដែលកន្លងមក ហើយនឹងនៅបានឬអត់? អាស្រ័យលើគ្រូពេទ្យ ដែលនឹងត្រូវពិនិត្យរាងកាយលោកពូទីនថា នៅតែមាំមួនល្អ ព្រោះត្រូវឆ្លងកាត់ការបោះឆ្នោត បើប្រជាជនរុស្ស៊ី មិនជ្រើសយក ក៏មានន័យថា លោកពូទីន មានឱកាស តែធ្វើតទៅទៀតមិនបាន…។

    តពីពេលនេះទៅ គឺ 16ឆ្នាំទៀត តើលោកត្រាំនឹងទៅជាអ្វី? ទៅនៅទីណាបាត់ហើយក៏មិនដឹង? បើនៅរស់ ក៏ស្ថិតក្នុងវ័យជាង 90ឆ្នាំ និងនៅក្នុងគុក ឬក្រៅគុក? ក៏នៅតែជាប្រធានបទឱ្យយើងសន្និដ្ឋានទៅ ព្រោះធ្លាប់ទៅលូកលាន់ពាក់ព័ន្ធនឹងកិច្ចការ ដែលត្រូវបានគេមើលឃើញថា មានផលប្រយោជន៍ ដែលមានទាំងដោយផ្ទាល់ និងមិនស្មុគស្មាញទៀតផង។

    ហើយអ្នកជំនាញខាងវិភាគ លោក ខាល ប៊ើនស្ទីន មើលឃើញថា លោកត្រាំនៅស្ទើរភ្លើងណាស់ ពេលចរចានយោបាយជាមួយរុស្ស៊ី ដោយលោកពូទីនបានប្រើក្បាច់ជន្លផង មែនផងក្នុងការជជែកតវ៉ា ធ្វើឱ្យលោកត្រាំទៅលែងរួច ព្រោះខ្លួនឯងគិតតែពីនិយាយអួតអាងថា ជាមេដឹកនាំប្រទេសដែលមានសមត្ថភាព អច្ឆរិយៈ ស្ថិតស្ថេរ…ហើយប្រធានាធិបតីមុនៗ សុទ្ធតែប្រើការមិនកើតទាំងអស់!។

    អ៊ីចឹងសួរថា បើលោកពូទីន នៅតទៅទៀតបានយូរ ឯលោកត្រាំ នៅបានតែ 1អាណត្តិ តើសហរដ្ឋអាមេរិក នឹងទៅជាយ៉ាងណា?

    រឹតបើប្រៀបធៀបជាមួយលោកប្រធានាធិបតីនៃប្រទេសចិន ស៊ី ជីនភីង ដែលនឹងនៅបានយូរទៅទៀត ឬរហូតដល់ស្លាប់ផងនោះ រឹតតែធ្វើឱ្យលោកត្រាំមិនអាចប្រៀបធៀបបានទៅទៀត ហើយម្យ៉ាងទៀតមេដឹកនាំចិន និងរុស្ស៊ី មានសម្ព័ន្ធភាពដ៏ល្អនឹងគ្នាទៀតផង។ វាជាភាពខុសគ្នាយ៉ាងខ្លាំងផ្នែកប្រព័ន្ធនយោបាយ ទោះជាប្រទេសមហាអំណាចដូចគ្នាក៏ដោយ…។

    ស្ថានភាពរបស់លោកត្រាំ មើលទៅទន់ជ្រាយ នៅពេលសហរដ្ឋអាមេរិក ក្លាយជាប្រភពធំរបស់ការឆ្លងរាលដាលមេរោគកូវីដ-19 ដែលធ្វើឱ្យជនអាមេរិកាំងឆ្លងមេរោគដល់ទៅជិត 3លាននាក់ និងស្លាប់ជិត 1.4សែននាក់ និងពេលនេះកំពុងឆ្លងយ៉ាងធ្ងន់ធ្ងរ ស្ទើរតែរកមើលវិធីទប់ស្កាត់មិនបានទៀតផង។ ទាំងអស់នេះ គឺលោកត្រាំមានចំណែកធ្វើឱ្យក្លាយទៅជាដូច្នោះ។

    ការបណ្ដែតបណ្ដោយ ធ្វើព្រងើយចំពោះការណែនាំរបស់អ្នកជំនាញការ ភាពបែកបាក់ខាងគំនិតនយោបាយ ធ្វើឱ្យខ្វះភាពជាធ្លុងមួយផ្នែកនយោបាយ និងវិធានការការពារព្យាបាល ហើយថែមទាំងនៅមានវិបត្តិផ្នែករើសអើងជាតិសាសន៍ពណ៌សម្បុរ ជាបញ្ហាដែលលោកត្រាំធ្វើឱ្យរីកធំ និងសាងភាពបែកបាក់ក្នុងសង្គមទៀតផង។

    និយាយប្រាស្រ័យរកសំឡេងឆ្នោត ក៏គិតតែសង្កត់ធ្ងន់លើការសាងភាពរ៉ៅឆាន ក្នុងក្រុមជនអាមេរិកាំង…។

    លោកត្រាំ មើលទៅរាងឆ្លេឆ្លា មិនដឹងថា ត្រូវយកពីណា ទៅតនៅត្រង់ណា នៅពេលដែលជនស្បែកខ្មៅ នាំគ្នាបំផ្លាញស្ដូបអនុស្សាវរីយ៍ជនល្បីឈ្មោះសំខាន់ៗក្នុងប្រវត្តិសាស្ត្រ។ ចាប់ផ្ដើមពីរូបសំណាកលោក គ្រីស្ដូហ្វើរ ខូឡាំបាស់ អ្នកប្រមាញ់អាណានិគម ដែលរកឃើញប្រទេសអាមេរិក និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានឥរិយាបថក្នុងការធ្វើជំនួញទាសករ សាងសង្គ្រាមក្នុងស្រុក ធ្វើឱ្យរឿងរ៉ាវកាន់តែធំទៅ។

    លោកត្រាំក៏គិតតែពីឆ្លៀតឱកាសវាយសំពងបន្ថែម សាងអារម្មណ៍បែកបាក់កាន់តែខ្លាំងចូលទៅទៀត។ ប្រជាជនអាមេរិកាំងមួយចំនួន មើលឃើញថា លោកត្រាំ នឹងធ្វើឱ្យប្រទេសមានបញ្ហារយៈពេលយូរ និងជាមេដឹកនាំដែលមានគ្រោះថ្នាក់ចំពោះសន្តិសុខជាតិ ដូចដែលអ្នកវិភាគ និងអ្នកធ្លាប់រួមការងារជាមួយលោកត្រាំកាលពីមុន ធ្លាប់បាននិយាយទុកពីមុនមកហើយ។

    ក្នុងសភាវបែបនេះ សហរដ្ឋអាមេរិកកំពុងត្រូវក្រុមសម្ព័ន្ធមិត្តក្នុងអឺរ៉ុប មិនចង់ជិតស្និទ្ធជាមួយឡើយ ព្រោះវាមិនកើតប្រយោជន៍អ្វី ទើបពួកគេបែរទៅសេពគប់ជាមួយរុស្ស៊ី និងចិន ដែលមានផលល្អប្រសើរជាង ខាងផ្នែកពាណិជ្ជកម្ម នយោបាយ…លោកត្រាំ មិនអាចបន្ទោសនរណាបានទេ ក្រៅពីខ្លួនឯង ព្រោះធ្លាប់ទៅមើលងាយប្រជាជនអឺរ៉ុប តាំងពីពេលខ្លួនឯងឡើងធ្វើជាអ្នកដឹកនាំ។

    ខែវិច្ឆិកា ជាវារៈសំខាន់ ដែលជនអាមេរិកាំង នឹងធ្វើការសម្រេចចិត្តថា តើនឹងជ្រើសយកលោកត្រាំ ធ្វើជាមេដឹកនាំ 1អាណត្តិទៀត ឬយ៉ាងណា? និងតើ ជនមហាកំពូលអហង្ការរូបនេះ នៅមានវិធីណាស្ដារភាពធ្លាក់ចុះ ដើម្បីយកឈ្នះចិត្តជនអាមេរិកាំងបានទេ?

    ប្រភព៖ សាព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

     

  • អាជ្ញាធរក្រុងហុងកុង បញ្ជាឱ្យដកហូតសៀវភៅល្មើសច្បាប់សន្តិសុខថ្មី ចេញពីប្រព័ន្ធការសិក្សា

    អាជ្ញាធរក្រុងហុងកុង បញ្ជាឱ្យដកហូតសៀវភៅល្មើសច្បាប់សន្តិសុខថ្មី ចេញពីប្រព័ន្ធការសិក្សា

    រដ្ឋបាលហុងកុង កាលពីថ្ងៃចន្ទ ទី6 កក្កដា បានចេញបញ្ជាឱ្យស្ថាប័នអប់រំសិក្សាធិការ​នានា ពិចារណាឡើងវិញ និងដកហូតនូវសៀវភៅណាក៏ដោយ ដែលអាចល្មើសនឹងច្បាប់សន្តិសុខថ្មី ដែលខាងក្រុងប៉េកាំង បានកំណត់ឱ្យប្រើនៅលើកោះមួយនេះ កាលពីសប្ដាហ៍កន្លងទៅ។

    នាយកដ្ឋានការអប់រំសិក្សា បានថ្លែងថា “​ដើម្បីឱ្យស៊ីចង្វាក់គ្នានឹងចំណុច 4ប្រការរបស់ការប្រព្រឹត្តកំហុសដែលច្បាប់បានកំណត់ទុកយ៉ាងច្បាស់នោះ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន គួរពិចារណាឡើងវិញអំពីសារៈខ្លឹមសារការរៀន ការបង្រៀនផ្សេងៗ ក្នុងវិធីសាស្ត្រដែលស័ក្តិសម ក្នុងនោះរួមទាំងសៀវភៅមេរៀនទាំងឡាយផងដែរ”។

    នាយកដ្ឋានខាងលើ បានបន្តទៀតថា “បើរកឃើញថា សៀវភៅមេរៀនទាំងនោះ មានសារៈខ្លឹមសារដែលហួសសម័យ ឬមានសារៈខ្លឹមសារដែលអាចបង្កភាពព្រួយកង្វល់ថា វាអាចជាប់ពាក់ព័ន្ធនឹងចំណុច 4ប្រការនៃការប្រព្រឹត្តខុសខាងលើ ពួកគេក៏គួរតែដកហូតសៀវភៅទាំងនោះ”។

    កាលពីសប្ដាហ៍កន្លងទៅ ចិនបានចេញបទបញ្ជាដាក់ឱ្យប្រើប្រាស់ច្បាប់សន្តិសុខថ្មី ដើម្បីលើកកម្ពស់ការគ្រប់គ្រងកោះហុងកុង ដោយបានកំណត់ឱ្យអំពើឧក្រិដ្ឋកម្មផ្នែកសន្តិសុខជាតិ 4ប្រភេទ ជារឿងខុសច្បាប់ ដែលមានដូចជា ការផ្ដួលរំលំរបបគ្រប់គ្រង ការបែងចែកទឹកដី ការបង្កភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស ថាជារឿងខុសច្បាប់ ក្រោមច្បាប់សន្តិសុខថ្មីច្បាប់នោះ។

    ក្រុមសកម្មជ​នសិទ្ធិមនុស្សទាំងឡាយ និងបណ្ដាអ្នកវិភាគខាងច្បាប់ បានព្រមានថា ពាក្យពេចន៍ដែលមានន័យធំទូលាយខ្លាំងពេករបស់ច្បាប់មួយនេះ ដែលត្រូវបានបិទបាំងជាការសម្ងាត់ រហូតទាល់តែទទួលបានការអនុម័តនោះ នឹងបង្កផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាច ដល់សេរីភាពខាងនយោបាយនៅក្នុងតំបន់គ្រប់គ្រងពិសេសមួយនេះ។

    បទបញ្ជាឱ្យស្ថាប័នការសិក្សានានាពិចារណាឡើងវិញ ​និងដកហូតសៀវភៅដែលមានអត្ថន័យខុសនឹងច្បាប់នេះ បានកើតឡើង 2ថ្ងៃ បន្ទាប់ពីសៀវភៅរបស់ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យនៅក្នុងក្រុងហុងកុង ចាប់ផ្ដើមត្រូវបានគេដកចេញពីបណ្ណាល័យសាធារណៈ និងប្រព័ន្ធស្វែងរកតាមអនឡាញ ក្នុងអំឡុងពេលកំពុងពិចារណាឡើងវិញថា តើសៀវភៅទាំងនោះ ល្មើសនឹងច្បាប់ផ្នែកសន្តិសុខថ្មីនេះ ឬក៏អត់?។

    សៀវភៅមួយ ក្នុងចំណោមសៀវភៅដែលត្រូវបានដកចេញពីបណ្ណាល័យនោះគឺ សៀវភៅរបស់លោក ចូសួ វ៉ង់ សកម្មជនដ៏ល្បីល្បាញ រួមទាំងសៀវភៅរបស់អ្នកស្រី ថាន់យ៉ា ឆាន មេធាវីប្រកាន់លិទ្ធិប្រជាធិបតេយ្យ និងជាច្រើនក្បាលទៀតដែលសរសេរដោយលោក ឈិន វ៉ាន អ្នកជំនាញការល្បីឈ្មោះ ដែលត្រូវបានគេមើលឃើញថា ជាព្រះបរមគ្រូ របស់ក្រុមសកម្មជនក្នុងតំបន់ ដែលទាមទារសិទ្ធិក្នុងការកំណត់វាសនាអនាគតខ្លួនឯងនៅក្នុងក្រុងហុងកុង៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ស្ថាន​ភាព​COVID-19នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយចំនួន​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​ ខណៈ​​ពិភពលោក​​ទាំង​មូល​មាន​ជាង​11.7​លាន​នាក់​បាន​ឆ្លង​វីរុស

    ស្ថាន​ភាព​COVID-19នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយចំនួន​ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​ ខណៈ​​ពិភពលោក​​ទាំង​មូល​មាន​ជាង​11.7​លាន​នាក់​បាន​ឆ្លង​វីរុស

    ពិភពលោក​ទាំងមូល​ បាន​រកឃើញ​អ្នកផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​11,710,170​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​539,720​នាក់​ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​ថ្មី​ចំនួន​​172,717​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​​3,396​នាក់​ ក្នុង​ពេល​ដែល​ស្ថាន​ភាព​វិបត្តិ​សុខ​ភាព​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ ​កាន់​តែ​ធ្ងន់​ធ្ងរឡើង​ៗ​។

    យោង​តាម​តួលេខ​របស់​ Worldometers ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋ​អាមេរិក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​41,500​នាក់ ដែល​នេះ​បាន​នាំ​ឱ្យ​តួលេខ​អ្នកជំងឺ​សរុប​កើន​ឡើង​ដល់​ជាង​3លាន​នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​សរុប​ក៏កើន​ដល់​ជិត​133,000​នាក់​។

    Channel News Asia បាន​រាយការណ៍​ថា នៅក្នុង​កិច្ច​សម្ភាស​កាលពីថ្ងៃទី​6កក្កដា​កន្លង​ទៅ​ជាមួយ​បណ្ឌិត​ Anthony Fauci ដែលជា​អ្នក​ជំនាញ​ផ្នែក​រោគ​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក​ និង​ជា​សមាជិក​នៃគណៈ​កម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​COVID-19 របស់​រដ្ឋាភិបាល​អាមេរិក បាន​ព្រមាន​ថា មហា​រោគ​រាតត្បាតនៅ​សហរដ្ឋ​អាមេរិក “ពិត​ជា​ធ្ងន់​ធ្ងរ​ណាស់​” និង​ “ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់​”។

    ចំនួន​អ្នក​ឆ្លង​វីរុស​ មាន​និន្នការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រដ្ឋ​ជា​ច្រើន​នា​ពេល​ថ្មី​ៗនេះ​ នៅ​ពេល​ដែល​តំបន់​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​។ ចំណែក​ពលរដ្ឋ​អាមេរិកាំង​នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​កាន់​ឆ្នេរសមុទ្រ​ក្នុង​ពេល​អាកាស​ធាតុ​ក្ដៅ​ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញផ្នែក​សុខាភិបាល។

    ពលរដ្ឋ​អាមេរិកាំង​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ព្រមាន​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ នៅពេល​ពួកគេ​ហ៊ាន​នាំ​គ្នា​ទៅ​កាន់​ឆ្នេរ​សមុទ្រ​

    លោក Rochelle Walensky ប្រធានផ្នែក​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Massachusetts ថ្លែង​ថា “មហា​រោគ​រាត​ត្បាត​នេះ​ មិន​ទាន់​ថម​ថយ​កម្លាំង​នៅឡើយ​។

    រីឯ​លោក Peter Hotez ប្រធានផ្នែក​ម្នាក់​នៅ​សាកល​វិទ្យា​ល័យ​វេជ្ជសាស្ត្រ Baylor នៅ​ទីក្រុង​ Bouston ក៏បាន​សង្កត់ធ្ងន់​ថា “យើង​មាន​កំណត់​ត្រាថ្មី​ (ស្ដីអំពី​ចំនួន​អ្នក​ឆ្លង​COVID-19) ស្ទើរ​តែ​រាល់​ថ្ងៃ​នៅ​ក្នុង​រដ្ឋ​ Texas។ ស្ថាន​ភាព​នេះ​កំពុង​កើត​ឡើង​នៅក្នុង​រដ្ឋ​ផ្សេង​ៗ​ផងដែរ​នៃ​ប្រទេស​នេះ​ផងដែរ​។

    ការ​ព្រមាន​ខាង​លើ រួម​នឹង​ការ​ព្រមាន​ជា​ច្រើន​ផ្សេង​ទៀត​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅនឹង​ការ​អះអាង​ប្រកប​ដោយ​ទំនុក​ចិត្ត​ជ្រុល​ហួស​របស់​ប្រធានាធិបតី​ Donald Drump និង​ក្រុម​មន្ត្រី​របស់​លោក​។ កាលពី​សប្ដាហ៍​មុន​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​ថា “យុទ្ធ​សាស្ត្រ​ទប់ទល់​នឹង​ COVID-19 របស់​សហរដ្ឋ​អាមេរិក កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​”។

    ម្ចាស់​សេតវិមាន​នេះ​អះអាង​ថា “យើង​បាន​ធ្វើតេស្ត​ជិត​40​លាន​នាក់​។ តាម​រយៈ​នេះ បាន​បង្ហាញ​ថា 99%​ នៃ​អ្នក​ជំងឺ​ គឺ​មិនមាន​គ្រោះ​ថ្នាក់ទេ​។ ពុំមាន​ប្រទេស​ណាមួយ​ដែល​មាន​លទ្ធ​ផល​បែប​នេះ​ឡើយ ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​តេស្ត​ដូច​យើង​ ទាំង​បរិមាណ​ និង​គុណ​ភាព​”។

    ស្ថាន​ភាព​​​ COVID-19 នៅ​ឥណ្ឌា​ក៏មាន​សភាព​ធ្ងន់ធ្ងរ​ជាង​មុន

    ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ ក៏មាន​ប្រទេស​ជា​ច្រើន​កំពុង​ជួប​នឹង​បញ្ហា​កើន​ឡើង​ជា​លើក​ទីពីរ​នៃ​តួលេខ​អ្នកជំងឺ​COVID-19នេះ​ដែរ​។ ប្រទេស​ប្រេស៊ីល​គឺជា​សម្បុកមេរោគ​ធំជាង​គេ​ទី​ពីរ​ក្នុង​ពិភព​លោក​ ដោយ​មាន​អ្នកជំងឺ​សរុប​1,623,284​នាក់​ និង​អ្នក​ស្លាប់​ចំនួន​65,487​នាក់​ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី​18,669​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន​587​នាក់​។ ចំណែក​ឥណ្ឌា​ដែល​ទើប​តែ​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19ធំជាង​គេ​លំដាប់​ទី​3ក្នុង​ពិភព​លោក បាន​រកឃើញ​អ្នកជំងឺ​សរុប​ចំនួន​720,346​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន​20,174​នាក់​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • ហោះកាត់​រណ្ដៅ​ទឹក​កក​​ស​ក្បុស​ ទំហំ​82​គីឡូម៉ែត្រ​នៅលើ​ផ្កាយ​ព្រះអង្គារ (វីដេអូ)

    ហោះកាត់​រណ្ដៅ​ទឹក​កក​​ស​ក្បុស​ ទំហំ​82​គីឡូម៉ែត្រ​នៅលើ​ផ្កាយ​ព្រះអង្គារ (វីដេអូ)

    អង្គ​ការ​អវកាស​អឺរ៉ុប​ (ESA) បាន​ចែក​រំលែក​វីដេអូប្រឌិត​មួយ​ដែល​បង្ហាញ​អំពី​ការ​ហោះហើរ​រុក​រក​ពី​ខាង​លើ​រណ្ដៅ​ Korolev ដ៏ធំ​ ដែល​មាន​ទឹក​កក​គ្រប​ដណ្ដប់​ពេញ​មួយ​ឆ្នាំ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើប្រាស់​រូប​ភាព​ទាំង​ឡាយ​ដែល​បាន​មក​ពី​កាមេរ៉ា​ HRSC នៅ​លើ​យាន​អវកាស​ Mars Express Orbiter របស់​ ESA បូក​រួម​ជាមួយ​នឹង​ទិន្នន័យ​ដែល​ប្រមូល​បានកន្លង​មក​​ បង្កើត​បាន​ជា​ទិដ្ឋ​ភាព​ 3D របស់​រណ្ដៅ​ Korolev ដ៏ស្រស់​ស្អាត​ គួរ​ជាទី​គយ​គន់​។ នេះ​បើ​តាមទំព័រ​ IFL Science ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ទ​3កក្កដា​កន្លង​ទៅ​។ ក្នុង​វីដេអូ​នេះ រណ្ដៅ​ Korolev មាន​ភាព​លេច​ធ្លោ​នៅ​លើ​ផ្ទៃ​របស់​ពិភពព្រះអង្គារ​ ដោយសារ​តែ​​វា​មាន​ពណ៌​ស​ក្បុស​។

    ហោះកាត់​រណ្ដៅ​ទឹក​កក​​ស​ក្បុស​ ទំហំ​82​គីឡូម៉ែត្រ​នៅលើ​ផ្កាយ​ព្រះអង្គារ (វីដេអូ)រណ្ដៅ​ Korolev ដែល​ស្ថិត​នៅ​ក្នុង​តំបន់ភាគ​ខាង​ត្បូង​នៃ​ប៉ូល​ខាង​ជើង​របស់​ពិភព​ព្រះអង្គារ​នេះ​ ​មាន​ទំហំ​82​គីឡូម៉ែត្រ​ និង​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ស្រទាប់​ទឹក​កក​ដែល​មាន​កម្រាស់​1.8​គីឡូម៉ែត្រ​ពេញ​មួយ​ឆ្នាំ​។ មូលហេតុ​ដែល​នាំ​ឱ្យ​រណ្ដៅ​នេះ​មាន​សភាព​បែប​នេះ ​គឺ​ដោយ​សារ​បរិយាកាស​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រទាប់​ទឹកកក​មាន​សីតុណ្ហ​ភាព​ទាប​ ព្រោះ​តែ​បរិយា​កាស​របស់​ពិភព​អង្គារ​មាន​សមត្ថភាព​ទាប​ក្នុង​ការ​ចម្លង​កម្ដៅ​ពី​បរិយា​កាស​ផ្នែក​ខាង​​លើ​ ទៅ​បរិយា​កាស​ខាង​ក្រោម​ ដូច្នេះ​ ស្រទាប់​ទឹកកក​មិន​អាច​រលាយ​បាន​។

    ហោះកាត់​រណ្ដៅ​ទឹក​កក​​ស​ក្បុស​ ទំហំ​82​គីឡូម៉ែត្រ​នៅលើ​ផ្កាយ​ព្រះអង្គារ (វីដេអូ)រណ្ដៅ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​ Sergei Pavlovich Korolev ដែល​ជា​បុគ្គលដែលល្បី​​ឈ្មោះ​ថា​ជា​ “ម្ដាយ​បង្កើត​”​ នៃ​​បច្ចេក​វិទ្យា​អវកាស​របស់​ប្រទេស​រុស្ស៊ី​។ លោក Sergei Pavlovich Korolev មាន​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ទៅក្នុង​ដំណើរ​ការ​អភិវឌ្ឍ​កាំជ្រួច​រុញ​ច្រាន​ R-7 ដែល​ជា​ជំនាន់​ដើម​របស់​កាំជ្រួច​ Soyuz រួម​នឹង​ការ​ហោះ​ហើរ​ជា​លើក​ដំបូង​របស់​មនុស្ស​ទៅក្នុង​អវកាស​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អវកាស​ចរ Yuri Gagarin កាលពី​ឆ្នាំ​1961​។

    ហោះកាត់​រណ្ដៅ​ទឹក​កក​​ស​ក្បុស​ ទំហំ​82​គីឡូម៉ែត្រ​នៅលើ​ផ្កាយ​ព្រះអង្គារ (វីដេអូ)យាន​អវកាស​ Mars Express Orbiter ត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​អាកាស​យាន​ដ្ឋាន Baikonur ប្រទេស​កាហ្សាក់​ស្ថាន​ កាល​ពី​ខែ​មិថុនា​ ឆ្នាំ​2003 និង​បាន​ចំណាយ​ពេល​6ខែ​ដើម្បី​ហោះ​ទៅ​ដល់​ពិភព​ព្រះអង្គារ​។

    ក្នុង​រយៈ​ពេល​ជិត​2ទសវត្សរ៍​នៃ​ការ​បំពេញ​បេសក​កម្ម​ យាន​នេះ​បានបញ្ចូន​ទិន្ន​ន័យ​សំខាន់​ៗ​ជា​ច្រើន​មកកាន់​ផែន​ដី​ ក្នុង​នោះ​ក៏​មាន​ការ​រក​ឃើញ​បឹង​ដែល​មាន​ទឹក​មួយ​កន្លែង​​​នៅ​ប៉ូល​ខាង​ត្បូងនៃ​ផ្កាយ​ព្រះ​អង្គារ​​ផងដែរ​៕

    ប្រភព៖ IFL Science

  • យន្តហោះពីរគ្រឿងបុកគ្នាលើអាកាស ធ្លាក់ទៅក្នុងបឹង! មនុស្ស​យ៉ាង​តិច​8​នាក់​បាន​ស្លាប់

    យន្តហោះពីរគ្រឿងបុកគ្នាលើអាកាស ធ្លាក់ទៅក្នុងបឹង! មនុស្ស​យ៉ាង​តិច​8​នាក់​បាន​ស្លាប់

    មនុស្ស​យ៉ាង​ហោច​ណាស់​8​នាក់​​បាន​បាត់​បង់​ជីវិត​នៅ​ពេល​យន្តហោះ​ពីរ​គ្រឿង​បាន​បុកគ្នា​នៅ​លើ​អាកាស​ និង​ធ្លាក់​ចុះ​ចូលទៅក្នុង​បឹង​ Coeur d’Alene ក្នុងរដ្ឋ​ Idaho សហរដ្ឋ​អាមេរិក​ កាលពី​វេលា​ម៉ោង​ប្រហែល​14​និង​20​នាទី ​នា​ថ្ងៃទី​5​កក្កដា​កន្លង​ទៅ​។

    លោក Ryan Higgins អ្នក​នាំ​ពាក្យ​អធិការដ្ឋាន​នគរបាល​តំបន់ Kootenai បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​អាកាស​នេះ​បាន​កើត​ឡើង​នៅ​លើ​អាកាស​នៃ​​បឹង​ Coeur d’Alene។ ប៉ុន្តែ​ បច្ចុប្បន្នសមត្ថ​កិច្ច​នៅ​មិន​ទាន់​រកឃើញ​មូលហេតុ​ ក៏ដូច​ជា​ចំនួន​មនុស្ស​ដែល​បាន​ជិះ​នៅ​លើ​យន្តហោះ​ដែល​ជួប​គ្រោះ​​​ថ្នាក់​នេះ​​នៅឡើយ​។ “នៅ​ពេល​នេះ យើង​ជឿ​ថា​មិនមាន​អ្នក​ណា​ម្នាក់​នៅ​មាន​ជីវិត​ឡើយ” នេះបើ​តាម​លោក Ryan Higgins។

    ជនរង​គ្រោះ​ពីរ​នាក់​ត្រូវ​បាន​នាំ​ចេញ​ពី​យន្ត​ហោះ​ នៅ​មុន​ពេល​មធ្យោបាយ​នេះ​លិច​ទៅក្នុង​ទឹក​បឹង​។ ចំណែក​ជន​រង​គ្រោះ​ចំនួន​6​នាក់​ផ្សេង​ទៀត​ដែល​​ត្រូវ​បាន​គេ​ជឿ​ថា​​​ បាន​បាត់​បង់​ជីវិត​នោះ​ រួម​មាន​កុមារ​ចំនួន​ពីរ​នាក់​ផងដែរ​។ ក្រៅ​ពី​នេះ មិនទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​។

    លោក Higgins ថ្លែង​ថា សាកសព​យន្ត​ហោះ​កំពុង​ស្ថិតក្រោម​ទឹក​​​បឹង​ជម្រៅ​ជាង​38​ម៉ែត្រ​​ ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​ថ្ងៃទី​6 ឬ​7កក្កដា​ ទើប​អាច​ស្រង់​ឡើង​បាន​ទាំង​ស្រុង​។​ សាក្សី​មួយ​ចំនួន​បាន​ឃើញ​ ឬ​ឮសំឡេង​ផ្ទុះ​នៃ​ការ​បុក​គ្នា​របស់​យន្តហោះ​ នៅ​ពេល​ពួកគេ​កំពុង​ចែវ​ទូកលេង​នៅលើ​បឹង​ Coeur d’Alene កាល​ពី​ចុង​សប្ដាហ៍​ ខណៈ​មាន​ថ្ងៃ​ឈប់​សម្រាក់​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ នា​ថ្ងៃទី​4​កក្កដា​។

    អ្នកនាំ​ពាក្យ​របស់​អង្គ​ភាព​គ្រប់គ្រង​អាកាស​ចរណ៍​សហរដ្ឋ​អាមេរិក​ (FAA) Ian Gregor បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​មួយ​គ្រឿង​ក្នុង​ចំណោម​យន្ត​ហោះ​ពីរ​គ្រឿង​ដែល​បាន​ជួប​គ្រោះថ្នាក់​នេះ​ គឺជា​យន្ត​ហោះ​ Cessna 206។ ចំណែក​យន្តហោះ​មួយ​គ្រឿង​ទៀត​ មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​។ Gregor ថ្លែង​ថា FAA និង​គណៈកម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​អាមេរិកាំង​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​លើករណី​នេះ​៕

    ប្រភព​៖ CNN/NYTimes