Category: អន្តរជាតិ

  • អាស៊ីអាគ្នេយ៍​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ​ជាង​1​សែន​នាក់​ ក្នុង​នោះ​មាន​4​ប្រទេស​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ

    អាស៊ីអាគ្នេយ៍​បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 ​ជាង​1​សែន​នាក់​ ក្នុង​នោះ​មាន​4​ប្រទេស​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​នៅ​ឡើយ

    ពិភពលោក​ទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 សរុប​ចំនួន​ 13,036,587​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​571,574​នាក់​ ខណៈ​អាស៊ី​អាគ្នេយ៍​​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​​106,480​នាក់​។

    នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​សម្បុក​វីរុស​COVID-19 ធំជាង​គេបង្អស់​​ ដោយ​​មាន​អ្នក​​ឆ្លង​វីរុស​ចំនួន​75,699​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​3,606​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​1,681​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​71​នាក់​។ ក្នុងចំណោម​អ្នក​ជំងឺ​សរុប​ ក៏​មាន​អ្នក​ជំងឺ​ជិត​1,300​នាក់​ដែល​មាន​ជាប់​ទាក់​ទិន​នឹង​សាលា​យោធា​ឥណ្ឌូនេស៊ី​ផងដែរ​។

    Achmad Yurianto ​មន្ត្រី​ម្នាក់​នៃ​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​ យល់​ថា​ ការ​កើន​ឡើងយ៉ាង​ឆាប់​រហ័ស​នៃ​​ករណី​ឆ្លង​វីរុស​COVID-19 គឺ​ដោយ​សារ​ប្រជា​ជន​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​ប្រទេស​នេះ​បាន​បើក​ច្រក​ព្រំ​ដែន​ ​និង​បន្ធូរ​បន្ថយ​​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

    ហ្វី​លីពីន​គឺជាសម្បុក​វីរុស​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ីអាគ្នេយ៍ ដោយ​មាន​អ្នក​ជំងឺ​សរុប​56,259​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន​1,372​នាក់​។

    សិង្ហបុរី​ ដែល​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី3​ក្នុង​តំបន់​ បាន​រកឃើញ​អ្នកផ្ទុក​វីរុស​សរុប​ចំនួន​45,961​នាក់​ គឺ​កើន​178​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​ ក្នុង​នោះ​មាន​អ្នកស្លាប់​ចំនួន​26​នាក់​។

    ប្រទេស​ថៃ មាន​អ្នកជំងឺ​សរុប​3,217​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​58​នាក់​ ខណៈ​ប្រទេស​វៀតណាម​មាន​អ្នក​ជំងឺ​សរុប​372​នាក់​ ប្រទេស​មីយ៉ានម៉ា​មាន​អ្នកជំងឺ​331 (ស្លាប់​6នាក់) ប្រទេសកម្ពុជា​មាន​​​156​នាក់​ ប្រទេស​ប៊្រុយ​ណេ​មាន​អ្នក​ជំងឺ​​141​នាក់​ (ស្លាប់​3នាក់​) ប្រទេស​ទីម័រ​ខាង​កើត​មាន​ចំនួន​24​នាក់​ និង​ប្រទេស​ឡាវ​មាន​19​នាក់​។

    ប្រទេស​កម្ពុជា​ ឡាវ​ វៀតណាម​ និង​ទីម័រ​ខាង​កើត​ គឺជា​បណ្ដា​ប្រទេសនៅ​តំបន់​អាស៊ីអាគ្នេយ៍​​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នេះ​នៅឡើយ​។

    ប្រធានអង្គការ​សុខភាព​ពិភពលោក​ (WHO) លោក Tedros Adhanom Ghebreyesus កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​COVID-19 បន្ត​រក្សា​វិធានការ​គ្រប់​គ្រង​យ៉ាង​ខ្លាំង​ក្លា​​ដើម្បី​ទប់​ស្កាត់​វីរុស​នេះ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិត

    រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិត

    រថយន្ត​ក្រុង​ពីរ​ជាន់​មួយ​គ្រឿង​ដែល​មាន​ដឹក​អ្នកដំណើរ​38​នាក់ ធ្វើ​ដំណើរ​ពី​ភាគ​ខាង​ជើង​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀត​ណាម​ បាន​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ​ប្រហែល​20​ម៉ែត្រ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​6​នាក់​ និង​រង​របួស​ធ្ងន់​ជា​ច្រើន​នាក់​ផងដែរ​។

    នៅ​វេលា​ម៉ោង​ប្រហែល​4​ទៀប​ភ្លឺ​ ថ្ងៃទី​11​កក្កដា​នេះ រថយន្ត​ដឹក​អ្នក​ដំណើរ​ប្រភេទ​48​កៅអីមួយ​គ្រឿង​ ធ្វើ​ដំណើរ​ពី​តំបន់​ភាគ​ខាង​ជើង​ ទៅកាន់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​។ នៅ​ពេល​ឆ្លងកាត់​តំបន់​ភ្នំ​​ក្នុង​ខេត្ត​ Kon Tum ស្រាប់​តែ​រថយន្ត​នេះ​បាន​រអិល​ចេញ​ពី​ផ្លូវ​​ និង​ធ្លាក់​ចូល​ទៅក្នុង​​ជ្រោះ​ដែល​មានជម្រៅ​​ប្រហែល​20​ម៉ែត្រ​ ធ្វើ​ឱ្យ​រថយន្ត​នោះ​បាក់​ជា​ពីរ​កំណាត់។

    អាជ្ញា​ធរខេត្ត​ Kon Tum បាន​ឱ្យ​ដឹង​ថា គិត​ដល់​ម៉ោង​9និង​35​នាទី​ព្រឹក​នេះ មាន​ជន​រង​គ្រោះ​ចំនួន​6​នាក់​ហើយ​ដែល​បាន​បាត់​បង់​ជីវិត​ និង​28​នាក់​ផ្សេង​ទៀត​​រង​របួស​ធ្ងន់​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ មាន​26​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​មន្ទីរ​បង្អែក​​ ចំណែក​2​នាក់​ទៀត​ដែល​មាន​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ Kon Tum។

    រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិតកន្លែង​កើត​ហេតុ​ខាង​លើ​នេះ គឺជា​តំបន់​ក្បែរ​ព្រំ​ដែន​ជាប់​ជា​មួយ​នឹង​កម្ពុជា​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​រំដោះ​​​ជន​រង​គ្រោះ​ដែល​នៅ​ជាប់​ក្នុង​រថយន្ត​​ យ៉ាង​ញាប់​ដៃ​ញាប់​ជើង​បំផុត​។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ដំណឹង​បឋម​​បាន​បញ្ជាក់​ថា នៅលើ​រថយន្ត​ខាង​លើ​នេះ​ មាន​ដឹក​អ្នក​ដំណើរ​ចំនួន​38​នាក់​ ក្នុងនោះ​មាន​កុមារ​ចំនួន​6​នាក់​ផងដែរ​។

    រថយន្ត​ដឹក​អ្នក​ដំណើរ​38​នាក់​ ​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច​6​នាក់​បាន​បាត់​បង់ជីវិត
    ផែន​ទីនៃ​កន្លែង​កើត​ហេតុ

    ប្រជាជន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​នេះ​ប្រហែល​ជា​ដឹក​អ្នក​ដំណើរ​ពី​ខេត្ត Thanh Hoa មក​កាន់​ខេត្ត​ Kon Tum និង​ខេត្ត Gia Lai ដើម្បី​រកស៊ី​។

    ឧបនាយករដ្ឋមន្ត្រី​​វៀតណាម​ លោក Truong Hoa Binh ដែល​ជា​ប្រធាន​គណកម្ម​សុវត្ថិ​ភាព​ចរាចរណ៍​​ជាតិ​នៃ​ប្រទេស​នេះ​ បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​​ Kon Tum និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​​ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើ​បញ្ហា​នេះ​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​

    ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​

    ប្រទេស​និង​ដែន​ដី​ចំនួន​221​ក្នុង​ពិភពលោក​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​12,614,315​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​561,987​នាក់​ ខណៈ​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 7,319,888​នាក់​។

    ទ្វីប​អាមេរិក​រក​ឃើញ​អ្នក​ជំងឺ​សរុប6,645,257​នាក់ ខណៈ​ទ្វីប​អាស៊ី​រក​ឃើញ​2,848,060​នាក់​ អឺរ៉ុប​រកឃើញ​2,546,899​នាក់​ និង​អាហ្វ្រិក​រកឃើញ​562,357​នាក់​។

    អ្នក​នាំពាក្យរបស់​អង្គ​ការ​សុខភាព​ពិភពលោក​ (WHO) លោក​ស្រី​ Margaret Harris កាលពីថ្ងៃទី​10​កក្កដា​ បាន​ប្រកាស​ថា​ អ្នកជំនាញ​ការ​របស់​ WHO ចំនួន​2​រូប​ ដែលរួម​មាន​អ្នក​ជំនាញ​ផ្នែក​សុខភាព​សត្វ និង​ជំងឺ​ឆ្លង​ នឹង​ធ្វើការ​​ជាមួយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​ដើម្បី​កំណត់​ទំហំ​និង​ផែន​ការ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ស្វែង​រក​ប្រភព​​របស់​COVID-19។

    លោក​ស្រី​ Harris ថ្លែង​ថា “មួយ​ក្នុង​ចំណោម​បញ្ហា​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​ និង​ជា​មូលហេតុ​ដែល​យើង​បញ្ជូន​អ្នកជំនាញ​ផ្នែក​សុខភាព​សត្វ​ទៅកាន់​ប្រទេស​ចិន​ នោះគឺ​ការ​កំណត់ឱ្យ​ដឹង​ច្បាប់​ថា តើ​វីរុស​នេះ​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដែរ​ឬទេ​ ហើយ​តើ​វា​មាន​ប្រភព​ពី​សត្វ​អ្វី​”។

    អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា “យើង​ដឹង​ហើយ​ថា វា​ពិត​ជា​ដូច​ទៅនឹង​ប្រភេទ​វីរុស​ដែល​រក​ឃើញ​នៅលើ​សត្វ​ប្រចៀវ​​ខ្លាំង​ណាស់ ប៉ុន្តែ តើវា​ឆ្លង​តាម​រយៈ​ភ្នាក់​ងារ​ចម្លង​ណាមួយ? នេះ​គឺជា​សំណួរ​ដែល​យើង​​ត្រូវ​ផ្ដល់​ចម្លើយ​”។

    ក្រុម​មន្ត្រី​របស់ WHO ធ្លាប់​យល់​ថា វីរុស​COVID-19 អាច​មាន​ប្រភព​ចេញ​ពី​ផ្សារ​លក់​សត្វ​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​។ ពួកគេ​យល់​ថា វា​ឆ្លង​ពី​សត្វ​ប្រចៀវ​​ទៅកាន់​ “ភ្នាក់​ងារ​ចម្លង​កណ្ដាល​” មួយ​ មុននឹង​បាន​ឆ្លង​មក​មនុស្ស​។

    ជាង​12.6​លាន​នាក់​បាន​ឆ្លង​COVID-19! WHO បញ្ជូន​ក្រុម​អ្នក​ជំនាញទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្រាវ​ជ្រាវ​រក​ប្រភព​វីរុស​
    ក្រុម​អ្នកវិទ្យា​សាស្ត្រនៅក្នុង​បន្ទប់​ពិសោធន៍​ផ្នែក​វីរុស​សាស្ត្រ​នៅក្នុង​ទីក្រុង​ Wuhan ប្រទេស​ចិន​

    ប្រធានាធិបតី​ និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​លើក​ឡើង​អំពី​សម្មតិកម្ម​​មួយ​ដែល​ថា COVID-19 មាន​ប្រភព​ចេញ​ពី​បន្ទប់​ពិសោធន៍​មួយ​នៅ​ក្នុង​ទីក្រុង​ Wuhan ជា​កន្លែង​ដែល​វីរុស​នេះ​​ផ្ទុះ​ឆ្លង​រាលដាល​មុន​គេបង្អស់​​។ ប៉ុន្តែ ក្រុម​មន្ត្រី​អាមេរិកាំង​មិន​ទាន់​បាន​លើក​ឡើង​អំពី​ភ័ស្តុតាង​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ ខណៈ​ដែល​ចិន​បាន​ប្រឆាំង​ និង​ទាត់​ចោល​ការ​ “ចោទ​ប្រកាន់” នេះ​។

    ប្រធានអង្គការ​ WHO លោក Tedros ធ្លាប់​បាន​ដឹក​នាំ​ប្រតិភូ​មួយ​ក្រុម​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ខែ​មករា​។ លោក Tedros បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Xi Jinping ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​វិធី​ដែល​ទីក្រុង​ប៉េកាំង​ប្រើ​ប្រាស់​ក្នុងការ​ទប់​ទល់​នឹង​COVID-19។

    ក្រោយ​ដំណើរ​ទស្សនាកិច្ច​របស់​លោក Tedros ​អ្នក​វិទ្យា​សាស្ត្រ​អន្តរជាតិ​មួយ​ក្រុម​​ផ្សេងទៀត​ក៏បាន​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ខែ​កុម្ភៈ​ ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នក​ជំនាញ​មក​ពី​អាល្លឺម៉ង់ ជប៉ុន កូរ៉េខាង​ត្បូង​ រុស្ស៊ី សឹង្ហបុរី​ សហរដ្ឋ​អាមេរិក​​ និង​នីហ្សេរីយ៉ា​ផងដែរ​៕

    ប្រភព៖ Reuters

  • អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ

    អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ

    អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ទើបតែត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល20ឆ្នាំ ដោយ​សារ​អំពើ​ពុករលួយនិងប្រើអំណាចខុសច្បាប់។

    តុលាការកំពូលរបស់កូរ៉េខាងត្បូង កាលពីម្សិលមិញ (10កក្កដា) បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគារ30ឆ្នាំ មកនៅត្រឹម20ឆ្នាំ ចំពោះអតីតប្រធានាធិបតី Park Geun-hye។ សាលក្រមចុងក្រោយនេះ បានបញ្ចប់រឿងក្ដីដែលបានអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី Park ដែលជាប្រធានាធិបតីភេទស្រីដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូង។

    ទោសជាប់ពន្ធនាគារ20ឆ្នាំរបស់លោកស្រី Park រួមមាន 15ឆ្នាំជាទោសទទួលសំណូក និង5ឆ្នាំជាទោសរំលោភអំណាច​(ប្រើប្រាស់អំណាចខុសច្បាប់) រួមជាមួយនឹងទោសព្រហ្មទណ្ឌមួយចំនួនទៀត។ លោកស្រី Park អាយុ68 ក៏ត្រូវបង់ប្រាក់ពិន័យចំនួន18ពាន់លានវ៉ុន (ប្រហែល15លានដុល្លារ) និងត្រូវបានរឹបអូសទ្រព្យសម្បត្តិ​ចំនួន3.5ពាន់លានវ៉ុនផងដែរ។

    លោកស្រី Park ត្រូវបានទម្លាក់ពីតំណែងប្រធានាធិបតីកាលពីឆ្នាំ2017 និងត្រូវបានកាត់ទោសទាក់ទិននឹងការឃុបឃិតជាមួយមិត្តជិតស្និទ្ធម្នាក់​ឈ្មោះ Choi Soon-sil នៅ​ក្នុង​ករណី​បង្ខំ​បណ្ដាក្រុមហ៊ុនធំៗដែលក្នុងនោះក៏មាន Samsung ផងដែរ ដើម្បី​ឱ្យ​ឧបត្ថម្ភប្រាក់ចំនួន77.4ពាន់លានវ៉ុនទៅឱ្យអង្គការចំនួន2ដែលអ្នកស្រី Choi កាន់កាប់។

    ក្រោយមក លោកស្រី Park ក៏ត្រូវបានប្ដឹងកាលពីឆ្នាំ2018 ទាក់ទងនឹងការទទួលសំណូក3.5ពាន់លានវ៉ុន ពីមេដឹកនាំ3រូបនៃអង្គភាពយកការណ៍សម្ងាត់កូរ៉េខាងត្បូង ចាប់ពីឆ្នាំ2013ដល់ឆ្នាំ2016។

    អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានកាត់ទោសដាក់ពន្ធនាគារ20ឆ្នាំ
    លោក​ស្រី​ Park Geun-hye កាល​ពី​នៅ​កាន់​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង

    នៅកូរ៉េខាងត្បូង ក្រៅពីលោកស្រី Park Geun-hye ក៏មានប្រធានាធិបតីមួយចំនួនផ្សេងទៀត ត្រូវជាប់ពន្ធនាគារក្រោយពីបានបញ្ចប់តំណែង។ នេះភាគច្រើនគឺជាលទ្ធផលនៃការស៊ើបអង្កេតដែលចាប់ផ្ដើមដោយបណ្ដាគូប្រជែងនយោបាយក្នុងប្រទេស។

    អ្នកកាន់តំណែងជំនាន់មុនរបស់លោកស្រី​ Park គឺអតីតប្រធានាធិបតី Lee Myung-bak ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ17ឆ្នាំ ចាប់ពីថ្ងៃទី19កុម្ភៈ ក្រោមបទចោទ​ប្រកាន់​ថា​បាន​កេងបន្លំថវិកាជាតិ និងស៊ីសំណូក។ លោក Lee Myung-bak ត្រូវបានកាត់ទោសពីបទបង្កើត “មូលនិធីខ្មៅ” តម្លៃរាប់សិបលានដុល្លារ និងទទួលសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរ​នឹងការលើកលែងការចោទប្រកាន់ចំពោះលោក Lee Kun-hee ដែលជាប្រធានក្រុមហ៊ុននេះ។ លោក Lee Kun-hee ក៏ត្រូវជាប់ពន្ធនាគារផងដែរ ដោយសារទោសគេចពន្ធ។

    អតីតមេដឹកនាំមួយរូបផ្សេងទៀតរបស់កូរ៉េខាងត្បូង នោះគឺលោក Roh Moo-hyun ក៏បានធ្វើអត្តឃាត ក្រោយពីត្រូវបានសួរចម្លើយនៅក្នុងការស៊ើបអង្កេតមួយលើបញ្ហាពុករលួយដែលជាប់ទាក់ទិននឹងគ្រួសាររបស់លោក៕

    ប្រភព៖ Yonhap

  • សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​អាវុធ​ទំនើប​ដែល​មាន​តម្លៃ​ជាង​600​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់

    សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​អាវុធ​ទំនើប​ដែល​មាន​តម្លៃ​ជាង​600​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់

    សហរដ្ឋ​អាមេរិក​បាន​អនុម័ត​យល់​ព្រម​ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​តម្លៃ​620​លាន​ដុល្លារ​ដើម្បី​បន្ទាន់​សម័យ​ទៅលើ​ប្រភេទ​មីស៊ីល​ការ​ពារ​ដែន​អាកាស​សម្រាប់​កោះ​តៃវ៉ាន់​។

    សារ​ព័ត៌មាន​ Reuters ដក​ស្រង់​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃទី​9​កក្កដា​កន្លង​ទៅ​នេះ​ បាន​ឱ្យ​ដឹង​ថា​ កោះ​តៃវ៉ាន់​បាន​ស្នើ​ទិញ​គ្រឿង​បន្លាស់​របស់​សហរដ្ឋ​អាមេរិក​​ដើម្បី​បន្ទាន់​សម័យ​មីស៊ីល​ការ​ពារ​ដែន​អាកាស​ Patriot របស់​ខ្លួន​ ក្នុងបំណង​ “ជួយ​ដល់​សកម្ម​ភាពការ​ពារ​ជាតិ​​ក្នុង​រយៈ​ពេល​30​ឆ្នាំ​ទៅ​មុខ”។

    ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ការ​ពារ​ជាតិ​ Lockheed Martin ​(សហរដ្ឋ​អាមេរិក​) នឹង​ក្លាយ​ជា​អ្នក​ម៉ៅការ​សំខាន់​បំផុត​​នៅក្នុង​កិច្ចព្រម​ព្រៀង​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ 620​លាន​ដុល្លារ​នេះ​។ សេចក្ដី​​​ប្រកាស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ដូច្នេះ​។

    សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​អាវុធ​ទំនើប​ដែល​មាន​តម្លៃ​ជាង​600​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់
    កងទ័ព​ និង​ទង់​ជាតិ​របស់​តៃវ៉ាន់

    សេចក្ដី​ប្រកាស​បន្ត​ថា “កិច្ច​ព្រម​ព្រៀង​ទិញ​ដូច​សព្វាវុធនេះ​គឺដើម្បី​ផល​ប្រយោជន៍​ផ្នែកសន្តិសុខ​ និង​​សេដ្ឋកិច្ច​​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ និង​ដើម្បី​​បន្ត​ការ​​គាំទ្រ​ដល់​ការ​រក្សា​សមត្ថភាព​ការ​ពារ​ខ្លួន​របស់​តៃវ៉ាន់។ ភាគី​ដែល​ទទួលបាន​ការ​ផ្គត់ផ្គង់​នេះ​នឹង​ប្រើប្រាស់​សមត្ថ​ភាព​នេះ​ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​នានា​នៅក្នុង​តំបន់​ និង​ដើម្បី​កែលម្អ​សមត្ថ​ភាព​ការ​ពារ​ខ្លួន​”។

    ចំណែក​ភាគី​ខាង​តៃវ៉ាន់​វិញ ស្ថាប័ន​ការ​ពារជាតិ​របស់​កោះនេះ​បាន​និយាយ​ថា ពួកគេ​សង្ឃឹម​ថា កិច្ច​ព្រម​ព្រៀង​ទិញ​ដូរ​នេះ​នឹង​ចាប់​ផ្ដើម​មាន​សុពល​ភាព​ក្នុង​អំឡុង​ខែ​សីហា​ខាងមុខ។ នេះ​គឺជា​កិច្ច​ព្រម​ព្រៀង​ទិញ​ដូរ​សព្វាវុធ​លើក​​ទី​7​ រវាង​កោះ​តៃវ៉ាន់ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ រាប់ចាប់ពី​លោក Trump បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​កាលពី​ដើម​ឆ្នាំ​2017។

    សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​អាវុធ​ទំនើប​ដែល​មាន​តម្លៃ​ជាង​600​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់
    ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen

    សូម​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​និងបណ្ដា​ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភពលោក មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ជាផ្លវ​ការ​ជាមួយ​កោះតៃវ៉ាន់នោះទេ។ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីង​តោន​នៅ​តែ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​ ដោយ​មិន​អើ​ពើ​ដល់​ការ​ប្រឆាំង​តវ៉ា​ពី​ទីក្រុង​ប៉េកាំង​។ កោះ​តៃវ៉ាន់​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​បង្កើន​សមត្ថ​ភាព​ការ​ពារ​ខ្លួន​​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​​កាន់​តែ​ខ្លាំង​ឡើង​ពី​ទីក្រុង​ប៉េកាំង​។ ប្រទេស​ចិន​ តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេចដើម្បី​បង្រួប​បង្រួម​ទឹក​ដី​ បើ​ទោះជា​ត្រូវ​ប្រើ​កម្លាំង​បាយ​ក៏ដោយ​។​

    សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​អាវុធ​ទំនើប​ដែល​មាន​តម្លៃ​ជាង​600​លាន​ដុល្លារ​ទៅ​ឱ្យ​តៃវ៉ាន់
    ប្រធានាធិបតី​ចិន​ លោក​ Xi Jinping

    នៅ​ពេល​ដែល​កងទ័ព​តៃវ៉ាន់​ ត្រូវ​បាន​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​ក្លា​ និង​ទទួល​បាន​ការ​បំពាក់​សព្វាវុធ​ទំនើប​ៗ​ ពិសេស​ពី​​សហរដ្ឋ​អាមេរិក​ ប្រទេស​ចិន​ឯណោះវិញ​ក៏​កាន់​តែ​បង្ហាញ​សាច់​ដុំ​យ៉ាង​ច្បាស់​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃផងដែរ​ ដោយ​ការ​បន្ថែម​អាវុធ​មហា​ទំនើប​​ទៅ​ក្នុង​ជួរ​កង​ទ័ព​ មាន​ដូច​ជា​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ជា​ដើម​។ល។

    ប្រភព៖ Reuter

  • ប្រធានាធិបតីនិងរដ្ឋមន្ត្រី7រូបរបស់ប្រទេសបូលីវី បានឆ្លងCOVID-19 ខណៈពិភពលោកមានអ្នកជំងឹរលាកសួតប្រភេទថ្មីឡើងដល់ជិត9.5លាននាក់

    ប្រធានាធិបតីនិងរដ្ឋមន្ត្រី7រូបរបស់ប្រទេសបូលីវី បានឆ្លងCOVID-19 ខណៈពិភពលោកមានអ្នកជំងឹរលាកសួតប្រភេទថ្មីឡើងដល់ជិត9.5លាននាក់

    ប្រធានាធិបតី Jeanine Anez របស់ប្រទេសបូលីវី កាលពីម្សិលមិញ(9កក្កដា) បានប្រកាសថា ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 ក្រោយពីបានធ្វើតេស្ត។

    លោកស្រីប្រធានាធិបតី Jeanine Anez ប្រកាសនៅលើ Twitter ថា លោកស្រីនៅមានសុខភាពល្អ។ លោកស្រីបន្តថា នឹងនៅតែបំពេញការងារជាបន្តដូចធម្មតាក្នុងអំឡុងពេលនៅដាច់ដោយឡែកពីគេឯង។ លោកស្រី Jeanine Anez ឱ្យដឹងថា “សាមគ្គីគ្នា យើងនឹងឆ្លងផុតរោគរាតត្បាតនេះ”។

    លោកស្រី Jeanine Anez បានថ្លែងថា លោកស្រីបានទៅធ្វើតេស្តរកវីរុសCOVID-19 ក្រោយពីសមាជិកក្រោមឱវាទរបស់លោកជាច្រើនរូប បានធ្លាក់ខ្លួនឈឺ។

    រដ្ឋាភិបាលប្រទេសបូលីវីបានប្រកាសថា យ៉ាងហោចណាស់ក៏មានរដ្ឋមន្ត្រីចំនួន7រូប រួមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ បានទទួលលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ក្រុមមន្ត្រីទាំងនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ខ្លះទៀតសម្រាកព្យាបាលនៅឯគេហដ្ឋានផ្ទាល់ខ្លូន។

    ប្រធានាធិបតីនិងរដ្ឋមន្ត្រី7រូបរបស់ប្រទេសបូលីវី បានឆ្លងCOVID-19 ខណៈពិភពលោកមានអ្នកជំងឹរលាកសួតប្រភេទថ្មីឡើងដល់ជិត9.5លាននាក់
    ប្រធានាធិបតី​របស់ប្រទេសបូលីវី លោក​ស្រី​ Jeanine Anez

    គិតមកដល់បច្ចុប្បន្ន ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ជិត9.5លាននាក់ និងអ្នកស្លាប់ជិត5សែននាក់។ ប្រទេសបូលីវីមានប្រជាជនសរុបជាង11.5លាននាក់ ក្នុងនោះមានជាង42,000នាក់បានឆ្លងវីរុសCOVID-19 និងជាង1,500នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ។

    នៅមុនករណីប្រធានាធិបតីបូលីវី ក៏មានមន្ត្រីជាន់ខ្ពស់ជាច្រើនផ្សេងទៀតរបស់បណ្ដាប្រទេស បានឆ្លងមេរោគរាតត្បាតCOVID-19នេះ ក្នុងនោះក៏មាននាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ៊ីរ៉ង់​ជួប​ហេតុ​ការណ៍​ផ្ទុះ​ដ៏ធំ​មួយ​នៅ​​​ក្បែរ​មូលដ្ឋាន​យោធា​​ក្នុង​រដ្ឋ​ធានី​

    អ៊ីរ៉ង់​ជួប​ហេតុ​ការណ៍​ផ្ទុះ​ដ៏ធំ​មួយ​នៅ​​​ក្បែរ​មូលដ្ឋាន​យោធា​​ក្នុង​រដ្ឋ​ធានី​

    ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​បាន​កើត​ឡើង​នៅ​ក្បែរ​ឃ្លាំង​របស់​កង​ទ័ព​បដិវត្តអ៊ីរ៉ង់​ នៅ​ក្នុង​រដ្ឋ​ធានី​តេហេរ៉ង់ (Tehran) នៅ​វេលា​ទៀប​ភ្លឺ​​ថ្ងៃ​នេះ​ បណ្ដាល​ឱ្យ​តំបន់​​ជុំ​វិញ​ត្រូវ​ដាច់​ភ្លើង​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅ​ឡើ​យ។

    ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​អ៊ីរ៉ង់​ IRIB បាន​ចេញ្​ផ្សាយ​ថា សំឡេង​ផ្ទុះ​យ៉ាង​កង​រំពង​ដែល​គេ​ស្ដាប់​ឮ​នៅ​ភាគ​ខាងលិច​នៃ​រដ្ឋ​ធានី​តេហេរ៉ង់ កាល​ពី​វេលា​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី​10​កក្កដា​នេះ​។ ក៏ប៉ុន្តែ ប្រភព​ព័ណ៌មាន​នេះ​មិន​បាន​និយាយ​អំពី​មូល​ហេតុ​ក៏​ដូចជា​ការ​ខូច​ខាត​​ដែលកើត​ឡើង​ដោយ​សារ​ករណី​ផ្ទះ​នេះ​ទេ​។ ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា តំបន់​ជា​ច្រើន​នៅ​ទីក្រុង​តេហេរ៉ង់ ត្រូវ​បាន​គេ​ផ្ដាច់​ចរន្ត​អគ្គិសនីទាំង​ស្រុង។

    ការ​ផ្ទុះ​ដ៏ខ្លាំង​ក្លា​នេះ​ ហាក់​កើត​ឡើង​នៅ​ជិត​ឃ្លាំង​​របស់​មូលដ្ឋាន​មីស៊ីល​​នៃ​កង​កម្លាំង​ឆ្មាំ​បដិវត្ត​​ឥស្លាម​អ៊ីរ៉ង់​ ប៉ុន្តែ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​ក៏​មិន​ទាន់​បាន​បញ្ចេញ​មតិ​អ្វី​ជុំវិញ​ករណី​នេះ​នៅឡើយ​។

    ប្រទេស​អ៊ីរ៉ង់​បាន​ជួប​ហេតុ​ការណ៍​ផ្ទុះ​ជា​ច្រើន​លើក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ នុយក្លេអែរ​ និង​ឧស្សាហ​កម្ម​ ក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​​ថ្មី​​ៗនេះ​។ ការ​ផ្ទុះ​មួយ​ដ៏ធំ​បាន​បំផ្លាញ​រោង​ចក្រ​​ផលិត​ម៉ាស៊ីន​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​តំបន់ Natanz ភាគ​កណ្ដាល​ប្រទេស​នេះ​​កាល​ពី​សប្ដាហ៍​មុន​។ ក្រៅពី​នេះ​ ក៏មាន​ការ​ផ្ទុះ​ធុង​ឧស្ម័ន​ដ៏ធំមួយ​នៅ​ក្នុង​តំបន់​ Parchin ជាយ​ក្រុង​តេហេរ៉ង់​ផងដែរ​ កាល​ពីថ្ងៃទី​26​មិថុនា​ បណ្ដាល​ឱ្យ​ផ្ទៃ​មេឃ​របស់​រដ្ឋ​ធានី​នេះ​ភ្លឺ​​ចិញ្ចាច​ក្នុង​រាត្រី និង​បង្កើត​ជា​ផ្សែង​ពេញ​ផ្ទៃមេឃ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ប្រជា​ជន​ចិន​ទាម​ទារ​ទឹក​ដីតំបន់​ Vladivostok ពី​ប្រទេស​រុស្ស៊ី​

    ប្រជា​ជន​ចិន​ទាម​ទារ​ទឹក​ដីតំបន់​ Vladivostok ពី​ប្រទេស​រុស្ស៊ី​

    មន្ត្រី​ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ បាន​ប្ដេជ្ញា​ទាម​ទារ​តំបន់​ Vladivostok ពីប្រទេស​​រុស្ស៊ី​មក​វិញ​ឱ្យ​បាន​ ព្រោះ​ពួកគេ​យល់​ថានេះ​គឺ​ជា​ទឹក​ដី​ដែល​ត្រូវ​បាន​រុស្ស៊ី​ចូលកាន់​កាប់​ដោយ​បង្ខំ​កាល​ពី​សតវត្សរ៍​ទី​19។

    ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​2​កក្កដា​ បាន​បង្ហោះ​សារ​​លើ​បណ្ដាញ​សង្គម​ Weibo ដើម្បី​អបអរ​​ខួប​លើក​ទី​160​ឆ្នាំ​នៃ​ការ​បង្កើត​ទីក្រុង​ Vladimostok ដែល​ស្ថិត​ក្នុង​តំបន់​ Primorsky របស់​ប្រទេស​រុស្ស៊ី​។ ប៉ុន្តែ សារ​នេះ​ ភា្លម​នោះ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រិះ​គន់​​ដោយ​ការ​បញ្ចេញ​មតិ​ និង​សារ​ទាម​ទារ​បូរណ​ភាព​ទឹក​​ដី​របស់​ក្រុម​មន្ត្រី​ការ​ទូត​ អ្នកសារ​ព័ត៌មាន​ និង​អ្នក​លេង​អ៊ីនធើណិត​នៅ​ប្រទេស​ចិ​ន។

    លោក Zhang Heqing អ្នក​ការ​ទូត​ចិន និង​ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ចិន​ប្រចាំ​ប្រទេស​ប៉ាគិស្ថាន​ បាន​បញ្ចេញ​មតិ​នៅខាងក្រោម​សារ​របស់​​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ចិនថា “តើ​នេះ​មិន​មែន​ជា​តំបន់​ Haishenwai របស់​យើង​កាល​ពី​មុន​ទេ​ឬអី?”។

    អ្នក​ប្រើ​ប្រាស់បណ្ដាញ​សង្គម​ចិន​ Weibo បន្ទាប់​នោះ​ក៏​បាន​​គាំទ្រ​ដល់​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការ​ទូត​ចិន​រូប​នេះ​ ដែល​យល់​ថា រុស្ស៊ី​បាន​ចូល​កាន់​កាប់​តំបន់​ Vladivostok ដោយ​ “សន្ធិសញ្ញា​មិន​ស្មើភាព​គ្នា​” កាលពី​សតវត្សរ៍​ទី​19។

    “ថ្ងៃ​នេះ​យើង​បាន​ត្រឹម​តែ​ទទួល​រង​ទុក្ខ ប៉ុន្តែ ជនជាតិ​ចិន​នឹង​ចង​ចាំ​ពី​សតវត្សរ៍​មួយ​ ទៅ​សតវត្សរ៍​មួយ​” ម្ចាស់​គណនី​ Weibo មួយ​បាន​សរសេរ​ដូច្នេះ​។ អ្នក​លេង​បណ្ដាញសង្គម​ម្នាក់​ទៀត​បញ្ចេញ​មតិ​ថា “យើង​ត្រូវ​ជឿ​ជាក់​ថា តំបន់​ដី​ដូន​តា​របស់​យើង​មួយនេះ​នឹងវិល​​ត្រលប់មក​​វិញ​នៅ​ក្នុង​ថ្ងៃ​អនាគត”។​

    Shen Shiwei អ្នក​សារ​ព័ត៌មាន​ម្នាក់​របស់​បណ្ដាញ​ទូរទស្សន៍​អន្តរ​ជាតិ​ចិន​ (CGTN) ក៏​បាន​ចូល​រួម​បញ្ចេញ​មតិ​នេះ​ដែរ​ ដោយ​បាន​យល់​ថា សារ​អបអរ​របស់​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​នៅ​ប្រទេសចិន​ មិន​ទទួល​បាន​ការ​គាំទ្រ​នៅលើ​ Weibo នោះ​ទេ​។

    “ប្រវត្តិសាស្ត្រ​របស់​ Vladivostok ចាប់​ផ្ដើម​ពី​ឆ្នាំ​1860 នៅ​ពេល​រុស្ស៊ី​បាន​បង្កើត​កំពង់​ផែ​យោធា​មួយ​នៅ​ទីនេះ​។ ប៉ុន្តែ ទីក្រុង​នេះ​ ធ្លាប់​ជា​ Haishenwai របស់​ប្រទេស​ចិន​ នៅ​មុន​ពេល​ត្រូវ​បាន​រុស្ស៊ី​កាន់​កាប់​ តាម​រយៈ​សន្ធិសញ្ញា​មិនមាន​ភាព​ស្មើ​គ្នា​” អ្នក​សារ​ព័ត៌មាន Shen Shiwei បញ្ចេញ​មតិ​​ដូច្នេះ​។

    តំបន់​ Primorsky របស់​រុស្ស៊ី ដែល​មាន​ Vladivostok ជា​ទីក្រុង​ធំ​ ​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​តំបន់​ Manchuria របស់​អាណា​ចក្រ​ចិន​ក្នុង​រាជ​វង្សឈិញ (Qing Empire) ប៉ុន្តែ ត្រូវ​បាន​​ចក្រភពរុស្ស៊ី​គ្រប់​គ្រង​ចាប់​ពី​ឆ្នាំ​1860​ ក្រោយពី​ចិន​បាន​ចាញ់សង្គ្រាម​អាភៀន​​ជា​លើក​ទី​2 នៅ​កក្រោម​ដៃ​​​អង់គ្លេស​និង​បារាំង​។

    តំបន់ខាង​លើ​នេះ​ ត្រូវ​បាន​ប្រគល់​ឱ្យ​រុស្ស៊ី​ ក្រោយ​ពី​មាន​សន្ធិសញ្ញា​ចំនួន​3លើក​ ដែល​ចិន​ចាត់​ទុក​ថា​ ជា​ “វិសម​ភាព​” ដែល​​រាជវង្ស​ឈិង​​បាន​ចុះ​ហត្ថលេខា​ជាមួយ​រុស្ស៊ី អង់គ្លេស​ និង​បារាំង​ កាលពី​ឆ្នាំ​1860។ ក្នុង​ចំណោម​សន្ធិសញ្ញា​ទាំង​3​ខាង​លើនេះ ក៏​មានសន្ធិសញ្ញា​​ជួល​ឧបទ្វីប​​ Kowloon (ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​តំបន់​រដ្ឋ​បាល​ពិសេស​ហុងកុង​) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​​​ដោយ​តំណាង​របស់​អង់គ្លេស​ និង​រាជ​វង្ស​ឈិង​របស់ប្រទេស​​ចិន​ផងដែរ​។

    នៅ​មាន​ភាគ​បន្ត​ទៀត…

  • តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?

    តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?

    បើ​ទោះជា​បេក្ខភាព​ឯករាជ្យ​ ឬ​ជា​សមាជិក​របស់​បក្សសាធារណរដ្ឋ លោក Kanye West បាន​ធ្វើ​ឱ្យ​ឱកាស​ចុង​ក្រោយ​ជា​ច្រើន​កន្លង​ផុត​ទៅ​ហើយ​ ទាក់​ទិន​នឹង​ការ​ចុះ​បញ្ជី​ឈ្មោះ​ដើម្បី​បាន​ធ្វើ​សកម្ម​ភាព​ឃោសនា​រកសំឡេង​ឆ្នោត​ ក៏ដូច​ជា​ការ​ប្រកួត​ប្រជែក​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​2020​​ នេះ​។

    តារា​ចម្រៀង​រ៉ែប លោក Kanye West បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​8​កក្កដា​ថា លោក​ពិត​ជា​សម្រេច​ចិត្ត​ចូល​រួម​ប្រជែង​ដណ្ដើម​យក​តំណែង​ជា​ម្ចាស់​សេត​វិមាន​ពិត​មែន​។ អ្នក​ចម្រៀង​នេះ​នឹង​ចូល​រួម​ប្រជែង​យក​សន្លឹក​ឆ្នោត​ក្នុង​នាម​ជា​បេក្ខ​ភាព​ឯក​រាជ្យ​ តំណាង​ឱ្យ​គណបក្ស​ Birthday Party បើ​សិន​លោក Trump មិន​បោះ​បង់​​ការ​ប្រកួត​។ តែ​បើ​សិនជា​លោក​ Trump បោះ​បង់​ការ​ប្រកួត​ លោក​ West ចង់​ក្លាយ​ជា​តំណាង​របស់​បក្ស​សាធារណរដ្ឋ​។ ក៏ប៉ុន្តែ លទ្ធ​ភាព​​នៃ​ការ​បោះ​បង់​របស់​លោក​ Trump ហាក់​ស្មើ​នឹង​សូន្យ​ទៅ​ហើយ​ ដូច្នេះ​ប្រាកដ​ណាស់​ថា លោក West នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​នាម​ជា​​បេក្ខ​ភាព​ឯករាជ្យ។

    ការ​សម្រេច​របស់​លោក West ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យឺត​ពេល​ណស់​ទៅហើយ​ ខណៈ​ដែល​នៅសល់​តែ​4ខែទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បោះ​ឆ្នោត​ (3វិច្ឆិកា) ហើយ​គាត់​នៅ​មាន​បែប​បទ​ជា​ច្រើន​ត្រូវ​បំពេញ​ឱ្យ​បាន​ស្រប​ច្បាប់​។

    កាលពី​ថ្ងៃទី​7កក្កដា​ អ្នក​នាំ​ពាក្យ​ម្នាក់​របស់គណៈកម្មការរៀបចំការបោះឆ្នោតសហរដ្ឋ​( FEC/ Federal Election Commission) បាន​ឱ្យ​ដឹង​ថា លោក West ហាក់​មិន​ទាន់​បាន​ធ្វើ​បែប​បទ​ចាំបាច់​ដើម្បី​បាន​ចូល​រួម​ឃោសនា​រកសំឡេង​ឆ្នោត​​ជា​ផ្លូវការ​នៅ​ឡើយ​។

    អ្នកនាំពាក្យ​របស់ FEC ថ្លែង​ថា “បេក្ខភាព​ដែល​ធ្លាប់​បាន​ជាប់​ឆ្នោតជា​​ប្រធានាធិបតីកន្លង​មក​​ តែង​ចូល​រួម​ការ​ប្រកួត​បាន​ឆាប់​ជាង​នេះ​ឆ្ងាយ​ណាស់​។ បើ​សិនជា​អ្នក​ចូល​រួម​ប្រកួត​ដណ្ដើម​តំណែង​ណាមួយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​ នោះ​រយៈ​ពេល4​ខែ​គឺ​វាហាក់​ដូច​ជា​យឺត​ពេល​ពេក​ហើយ​ នេះ​បើ​តាម​បទ​ពិសោធន៍​របស់​ខ្ញុំ”។

    បេក្ខភាព​ឯករាជ្យ​ដែល​បាន​ចាប់​ផ្ដើម​ដើម្បី​ការ​ប្រកួត​យឺត​យ៉ាវ​ដូចជា​លោក West តែង​តែ​មាន​លទ្ធ​ផល​មិន​បាន​ល្អ​។ កាលពី​ឆ្នាំ​2016​ ក្នុង​ខែ​សីហា​ អតីត​បុគ្គលិក​អង្គ​ភាព​យក​ការណ៍​សម្ងាត់​អាមេរិក (CIA) លោក Evan McMullin បាន​ប្រកាស​ចូល​រួម​ដណ្ដើម​សិទ្ធិ​ចូល​គ្រប់​គ្រង​សេត​វិមាន។ ក្រោយ​រយៈ​ពេល​3ខែ លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន​ 1.6​លាន​ដុល្លារ​ និង​រក​បាន​សំឡេង​ឆ្នោត​ត្រឹម​តែ​ 0.53​%​ ប៉ុណ្ណោះ។

    ចំណែក​លោក​ West ពេល​នេះ​បាន​ខកខាន​ការ​ចុះ​ឈ្មោះ​ជា​បេក្ខ​ភាព​ឯករាជ្យ​​នៅក្នុង​រដ្ឋ​ជា​ច្រើន​ ដូចជា​ Alabama, Illinois, Montana, Nevada, New Hampshire, New Mexico, New York, North Carolina និង​ Texas ជា​ដើម​។ នេះ​បើ​តាម​ FEC។

    “បើ​សិន​ជា​ការ​ប្រកួត​ប្រជែង​រវាង​លោក Trump និង​ Joe Biden បាន​ដើរ​ដល់​ចំណុច​ប្រកៀក​ប្រកិត​គ្នា​ នោះ​រាល់​កត្តា​នឹង​សុទ្ធ​តែ​មាន​សារ​សំខាន់​” លោក Nathan L Gonzales អ្នក​វិភាគ​ការ​បោះ​ឆ្នោត​វាយ​តម្លៃ​ដូច្នេះ​។

    យោង​តាម John Pudner អតីត​​សមាជិក​បក្សសាធារណរដ្ឋ​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​​អង្គការមិនស្វែងរកប្រាក់ចំណេញ Take Back Our Republic (TBOR) ​យល់​ថា​ លោក​មើល​មិន​ឃើញ​បញ្ហា​អ្វី​នោះ​ទេ​នៅ​ពេល​ West ប្រជែង​យក​តំណែង​ប្រធានាធិបតី​។

    លោក​ John Pudner ថ្លែង​ថា “ពលរដ្ឋ​អាមេរិកាំង​​ត្រូវ​ការ​ជម្រើស​បន្ថែម​ មិន​មែន​តិច​ជាង​នេះ​នោះ​ទេ​។ ម្ចាស់​ឆ្នោត​មាន​ជម្រើស​កាន់​តែ​ច្រើន​ នោះ​​លទ្ធ​ភាព​នៃ​ការ​ប្រាកដ​ក្នុងការ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ក្រុម​ណា​មួយ​របស់​បេក្ខ​ភាព​ប្រធានាធិបតី​ នឹង​កាន់​តែ​ទាប​”។

    ក៏ប៉ុន្តែ Matt Klink ប្រធានក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​យុទ្ធ​សាស្ត្រ​ទូរគមនាគមន៍​និង​ទំនាក់​ទំនង​សាធារណៈ Klink Campaigns Inc., យល់ថា លោក​មិន​ជឿ​ថា West ធ្វើ​ការ​ដោយ​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​គោល​ដៅ​នយោបាយ​របស់​ខ្លួន​ ហើយ​អ្នក​ចម្រៀង​រ៉ែប​រូប​នេះ​ក៏​ពិបាក​ក្នុងការ​បង្កើត​ការ​គំរាម​កំហែង​ដល់​លោក​ Trump ឬ​ Biden នោះ​ដែរ​។

    តើ​ការ​ចូល​រួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​របស់​ Kanye West គឺ​ពិត​ជា​អាច​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត?
    លោក​ Kanye West និង​ភរិយា​ អ្នក​ស្រី​ Kim Kardashian West

    Klink​ មាន​យោបល់​ថា “លោក West មិន​មាន​លក្ខណ​គ្រប់​គ្រាន់​ដើម្បី​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹក​ឆ្នោត​នៅគ្រប់​រដ្ឋ​។ គាត់​ក៏​មិនទាន់​មាន​មូលដ្ឋាន​យុទ្ធ​សាស្ត្រ​រឹង​មាំ​ មិន​មាន​ក្រុម​អ្នក​គាំទ្រ​នៅមូលដ្ឋាន និង​មិន​ទាន់​បាន​បង្ហាញ​អំពី​គំនិត​ច្បាស់​លាស់​នៅលើ​គ្រប់​បញ្ហា​នៅឡើយ។ គាត់​គ្រាន់​តែ​ល្បី​ឈ្មោះ​ក្នុង​ស្រទាប់​ម្ចាស់​ឆ្នោត​វ័យ​ក្មេង​ ប៉ុន្តែ​ប្រការ​នេះ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​ West ក្លាយ​ជា​បេក្ខភាព​ដែល​គួរ​ឱ្យ​​សង្ឃឹមនៅឡើយ​ដែរ​ ហើយ​ប្រាកដ​ណាស់​ថា គាត់​មិន​មែន​ជា​ឧបសគ្គ​ដែល​អាច​គំរាម​កំហែង​ដល់​បេក្ខ​ភាព​ប្រធានាធិបតី​កំពូល​ៗ​2រូប​ (Trump និង​ Biden) នេះ​ឡើយ​”។

    នេះ​មិន​មែនជា​លើក​ទី​មួយ​ដែល​ West បាន​បង្ហើប​អំពី​បំណង​ក្នុងការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​​​សហរដ្ឋ​នោះ​ទេ​។ កាល​ពី​ឆ្នាំ​2015​ នៅក្នុង​ពិធី​ទទួលពាន​រង្វាន់​តន្ត្រី​ MTV លោក​ក៏​ធ្លាប់​បាន​និយាយ​ថា លោក​នឹង​ប្រជែង​យក​សិទ្ធិ​ចូល​គ្រប់​គ្រង​សេត​វិមាន​នៅក្នុង​ឆ្នាំ​2020។ ប៉ុន្តែ កាលពី​ខែ​មករា​2019 លោក​ West បាន​បង្ហោះ​សារ​នៅលើ​ Twitter ថា “ឆ្នាំ​2024” ដែល​នេះ​ចង់​បញ្ជាក់​ថា លោក​ពន្យារ​ពេល​ក្នុងការ​ឈរឈ្មោះ​​។

    ម្យ៉ាង​វិញ​ទៀត ថ្មី​ៗ​នេះ លោក West ទើប​តែ​បាន​ចេញ​អាល់​ប៊ូម​​ចម្រៀង​ថ្មី​។ មនុស្ស​មិន​តិច​ទេ​ដែល​គិត​ថា ការ​ដែល​លោក​ប្រកាស​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ប្រធានាធិបតី​ គឺគ្រាន់​តែ​ជា​ល្បិច​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សារ​ព័ត៌មាន​ ​ដើម្បី​រក​ចំណេញ​ក្នុងការ​រកស៊ី​តែ​ប៉ុណ្ណោះ​។

    Larry Sabato នាយកមជ្ឈមណ្ឌល​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Virginia ព្យាករ​ថា West អាច​ទទួល​បាន​ការ​គាំទ្រ​មិន​ដល់​1%​ផង​នៅក្នុងចំណោម​សន្លឹក​ឆ្នោត​ផ្លូវការ​ទាំង​អស់​។ “West ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​បញ្ជាក់​ថា គាត់​ពិត​ជា​មាន​ភាព​ម៉ឺង​ម៉ាត់​”។

    ចំណែក​ David Smith ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យា​ល័យ Sydney ប្រទេស​អូស្ត្រាលី​ យល់​ថា “គាត់​គឺជា​បុរស​ស្មុគ​ស្មាញ​គួរ​សម។ West ទទួល​បាន​ជោគជ័យ​ច្រើន​ ប៉ុន្តែ​ការ​ធ្វើយុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​មួយ​ដូច​ទៅ​នឹង​លោក​ Trump ខ្ញុំ​គិត​ថា គាត់​មិន​អាច​ទៅ​រួច​ទេ​”។

    បើ​ទោះ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ មិន​មាន​លទ្ធ​ភាពខ្ពស់​ ប៉ុន្តែ ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​ចូលរួម​របស់​លោក​ West ពិត​ជា​អាច​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​។ ឧទាហរណ៍៖ ឆ្នាំ​1992​ បេក្ខ​ភាព​ឯករាជ្យ​ម្នាក់ គឺ​មហាសេដ្ឋី​ Ross Perot ទទួលបាន​សំឡេង​ឆ្នោត19​% បណ្ដាល​ឱ្យ​សំឡេង​ឆ្នោត​របស់​បក្ស​សាធារណរដ្ឋ​​ត្រូវ​ថយ​ចុះ​ច្រើន​។ ឆ្នាំ​នោះ បេក្ខ​ភាព​ប្រធានាធិបតិ​មក​ពី​បក្ស​ប្រជា​ធិបតេយ្យ​ គឺ​លោក​ Bill Clinton បាន​ទទួល​ជ័យ​ជំនះ​ជា​មួយ​នឹង​លទ្ធ​ផល​ប្រកៀក​ប្រកិត​​គ្នា​គួរ​ឱ្យ​ព្រួយ​បារម្ភ​​។

    មាន​ឧទាហរណ៍​មួយ​ទៀត​បង្ហាញ​ថា សំឡេង​ឆ្នោត​តិច​តួច​ក៏អាច​សម្រេច​ជោគ​វាសនា​ចុង​ក្រោយ​​របស់​បេក្ខ​ជន​ផងដែរ​។ ឆ្នាំ​2000 Ralph Nader ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​មក​ពី​បក្ស​បៃតង GPUS​ (Green Party of the United States) ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​10,000​សន្លឹក​នៅ​ក្នុង​រដ្ឋ​ Florida ដែល​នេះ​គឺ​ច្រើន​ជា​ង​បេក្ខជន​បន្ទាប់​ចំនួន​500​សំឡេង​ប៉ុណ្ណោះ​។ បើ​សិន​ជា​មិន​មាន​លទ្ធ​ផល​នេះ​ទេ នោះ​បេក្ខ​ភាព​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ប្រជា​ធានាធិបតី​ជំនួស​លោក​ George W. Bush បាត់​ទៅ​ហើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​

    ពិភពលោក​បាន​រកឃើញ​អ្នក​ជំងឺ​​ចំនួន​​​12,134,926​នាក់​ និង​អ្នក​ស្លាប់​ជិត​551,000​នាក់​ដោយ​សារ​តែ​វីរុស​COVID-19។ តំបន់​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​ជិត​ពាក់​កណ្ដាល​​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ព្រោះ​តែ​វិបត្តិ​សុខ​ភាព​នេះ​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​វីរុស​COVID-19 ធំជាង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដោយ​​មាន​អ្នក​ឆ្លង​វីរុស​ចំនួន​ 68,079​នាក់​ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​ចំនួន​3,359​នាក់​។ ចំនួន​អ្នក​ជំងឺ​បាន​កើន​​1,853​នាក់​ និង​អ្នក​ស្លាប់​កើន​50​នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ​។ សាលា​រៀន​ត្រូវ​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃទី​13​កក្កដា​ ខណៈ​ដែល​ភោជនីយដ្ឋាន​និង​បារ​ទាំង​អស់​ត្រូវ​ផ្អាក​ដំណើរ​ការ​ទាំង​ស្រុងបន្ត​ទៀត​​។

    ហ្វីលីពីន​ ដែលជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​តំបន់ បាន​រាយការណ៍​ថា ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ហ្វីលីពីន​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន​2,486​នាក់ និង​អ្នក​ស្លាប់​ចំនួន​6​នាក់​បន្ថែម​ទៀត​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​វីរុស​ កើនឡើង​ដល់​50,359​នាក់​ និង​ស្លាប់​1,853​នាក់​។

    ក្រសួង​សុខាភិបាល​ហ្វីលីពីន​បាន​ឱ្យ​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​នេះ​អាច​បណ្ដាល​មក​ពី​ប្រជា​ជន​ចាប់​ផ្ដើម​ជួប​ជុំ​គ្នា​ច្រើន​ជាង​មុន​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​បន្ធូរ​បន្ថយ​វិធាន​ការ​នៃ​បម្រាម​គោចរ​ ក្នុង​បំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​ជាតិ​។

    ចំណែក​ប្រទេស​សិង្ហបុរី​វិញ គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេលំដាប់​ទី​3​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​ចំនួន​45,298​នាក់​ ដែល​កើន​158​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​26​នាក់​។ ប្រទេស​នេះ​កំពុង​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើការ​ដើរ​ហើរ​ទៅ​តាម​ដំណាក់កាល​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សកល​នៅ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​10​កក្កដា​ខាង​មុខ​នេះ​។ នាយក​រដ្ឋ​មន្ត្រី​ Lee Hsien Loong បាន​សម្រេច​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ពេល​នេះ​ ព្រោះ​ថា មិន​ប្រាកដ​ថា បញ្ហា​ COVID-19 អាច​ត្រូវ​បាន​បញ្ចប់​​នៅ​ក្នុង​ឆ្នាំ​ក្រោយ​ ឬ​យ៉ាង​ណា​នោះ​ទេ​។

    ស្ថាន​ភាព​ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​
    អ្នក​ជំងឺ​ម្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ហ្វីលីពីន

    ប្រទេស​ម៉ាឡេស៊ី បាន​រកឃើញ​អ្នកជំងឺ​ចំនួន​ 8,596​នាក់​ និង​អ្នក​ស្លាប់​​121​នាក់ ខណៈ​ដែល​ប្រទេស​ថៃ​មាន​អ្នក​ជំងឺ​​3,157​នាក់​និង​អ្នក​ស្លាប់​​58​នាក់​ វៀត​ណាម​​រកឃើញ​អ្នក​ជំងឺ​352នាក់​ មីយ៉ានម៉ា​មាន​អ្នក​ជំងឺ​293​នាក់​និង​​ស្លាប់​​6​នាក់​ ប្រទេស​ប៊្រុយ​ណេ​មាន​អ្នកជំងឺ​141​និង​ស្លាប់​​3​នាក់​ កម្ពុជា​បាន​រកឃើញ​​​អ្នកជំងឺ​141នាក់​ ទីម័រ​ខាង​កើត​មាន​​អ្នកជំងឺ​24​នាក់​ និង​ប្រទេស​ឡាវ​មានអ្នកជំងឺ​សរុបយ៉ាង​តិច​​​​19​នាក់​។

    ​ប្រទេស​កម្ពុជា​ ឡាវ​ វៀត​ណាម និង​ទីម័រ​ខាង​កើត​ គឺជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​មិន​ទាន់​មាន​ករណី​បាត់​បង់​ជីវិត​ដោយ​សារ​ឆ្លង​វីរុស​COVID-19 នៅឡើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស