Category: អន្តរជាតិ

  • ជនជាតិអង់គ្លេស 1គ្រួសារ ប្រទះសត្វសមុទ្រចម្លែកនៅលើឆ្នេរ មានតម្លៃរាប់ម៉ឺនផោនដ៍

    ជនជាតិអង់គ្លេស 1គ្រួសារ ប្រទះសត្វសមុទ្រចម្លែកនៅលើឆ្នេរ មានតម្លៃរាប់ម៉ឺនផោនដ៍

    គ្រួសារជនជាតិអង់គ្លេស 1ក្រុម ប្រទះឃើញសត្វសមុទ្រកម្រដ៏ចម្លែក តោងជាប់នៅលើកំណាត់គល់ឈើមួយ អណ្ដែតមកទើរនៅលើឆ្នេរខ្សាច់ ក៏នាំគ្នាថតជាឃ្លីបវីដេអូ ស៊ែរនៅក្នុងហ្វេសប៊ុក មុននឹងស្រាវជ្រាវរកទិន្នន័យនៅក្នុង Google ទើបបានដឹងថា ជាគ្រំកទាដ៏កម្រ និងមានតម្លៃថ្លៃបំផុត។

    លោក ម៉ារទីន ហ្គ្រីន ជនជាតិអង់គ្លេស រស់នៅទីក្រុង នីវប្រៃតុន និងគ្រួសារ បានប្រទះឃើញវត្ថុម្យ៉ាង ដែលពីដំបូង ពួកគេគិតថាជាកំណាត់គល់ឈើខ្នាតធំមួយអណ្ដែតមកទើរលើឆ្នេរខ្សាច់ ខណៈពួកគេកំពុងដើរលេងនៅតាមឆ្នេរសមុទ្រ ក្នុងទីក្រុងខាណាវឹន តំបន់វេលស៍ តែលុះដើរចូលទៅពិនិត្យជិតៗ ទើបបានឃើញថា កំណាត់គល់ឈើនោះ មានសត្វសមុទ្រស្ថិតក្នុងសម្បកម្យ៉ាង និងមានដៃយឺតចេញមក កម្រើកគ្រប់ពេលវេលា រាប់ពាន់ក្បាល តោងជាប់ពេញកំណាត់គល់ឈើនោះ វាប្រៀបដូចជារូបភាព ដែលរបូតចេញមកពីក្នុងខ្សែភាពយន្តមនុស្សក្រៅពិភពអ៊ីចឹង។

    លោក ម៉ារទីន បានប្រាប់ទៅសារព័ត៌មានក្នុងតំបន់ថា ហ្គែមមី ភរិយារបស់លោក ជាអ្នកប្រទះឃើញ ទើបស្រែកហៅលោកឱ្យទៅមើល។ ទាំងអស់គ្នាមិនដែលឃើញទិដ្ឋភាពបែបនេះពីមុនមកឡើយ ទើបនាំគ្នាចូលទៅស្វែងរកទិន្នន័យនៅក្នុង ហ្គូហ្គល ជាមួយកូនប្រុសរបស់លោក ហើយក៏បានដឹងថា សត្វសមុទ្រទាំងនោះ មានឈ្មោះថា Goosenecked Barnacles ឬគ្រំកទា ជាសត្វសមុទ្រកម្រ និងមានតម្លៃថ្លៃបំផុត ក៏អាចថាបានដែរ។ គ្រំកទា ជាអាហារប្រណីតដ៏អស្ចារ្យ ជាពិសេសនៅប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញ ដែលពួកគេហៅថា ប៉េសេបេស(Percebes) ដោយគ្រំ1 មានតម្លៃប្រមាណ 25ផោនដ៍ ហើយនៅលើកំណាត់គល់ឈើនោះមានច្រើនដល់ទៅជាង 2,000គ្រំ(សរុបទៅ វាមានតម្លៃប្រមាណជា 50,000ផោនដ៍ ឬជាង 6ម៉ឺនដុល្លារអាមេរិក)។

    លោក ម៉ារទីន ដែលជាម្ចាស់ក្រុមហ៊ុនទីផ្សារ បាននិយាយថា លោកសុំមិនប្រាប់ថា ប្រទះឃើញគ្រំកទាទាំងនោះនៅទីណាទេ ដើម្បីទប់ស្កាត់អ្នកឆ្លៀតឱកាស នាំគ្នាទៅស្វែងរក និងបំផ្លាញបរិស្ថាន។ ក្រៅពីនោះ នៅមានរបាយការណ៍បន្ថែមទៀតថា អ្នកនេសាទទាំងឡាយ តែងតែសុខចិត្តប្រថុយស្លាប់ ដើម្បីទៅស្វែងរកសត្វសមុទ្រដ៏កម្រប្រភេទនេះ ពេលខ្លះត្រូវតស៊ូដណ្ដើមគ្នា ដោយប្រើកម្លាំងបាយ និងអំពើហិង្សាផងក៏មាន ដោយសារតែវាតម្លៃខ្ពស់ដល់ទៅ 1គីឡូក្រាម 322ផោនដ៍ ឬប្រមាណ 413ដុល្លារអាមេរិក ក្នុងរដូវកាលខ្លះ។

    ទិន្នន័យពី Waghor Aquarium ផេចរបស់សារមន្ទីរសត្វសមុទ្រ បានបញ្ជាក់ថា គ្រំកទានេះ ជាសត្វរស់នៅក្នុងសមុទ្រ ដោយតោងយ៉ាងជាប់ស្អិតនឹងដី ឬវត្ថុអ្វីផ្សេងៗនៅក្នុងសមុទ្រដោយដៃរបស់វា មានសម្បករឹងដូចគ្រំទូទៅ នៅខាងចុងសម្បក នឹងមានរោមតូចៗ ដែលប្រើសម្រាប់ច្រោះទឹកសមុទ្រ ដើម្បីញែកយកសត្វចៃល្អិតៗនៅក្នុងទឹកសមុទ្រ ដើម្បីចាប់ស៊ីជាអាហារ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

     

     

     

  • ព្យុះកំណាចបំផ្លាញស្ពានចំនួន59ខ្សែនៅកូរ៉េខាងជើង

    ព្យុះកំណាចបំផ្លាញស្ពានចំនួន59ខ្សែនៅកូរ៉េខាងជើង

    ព្យុះ Maysak បានបង្កការរាំងស្ទះយ៉ាងធំធេងចំពោះប្រព័ន្ធគមនាគមន៍របស់ប្រទេសកូរ៉េខាងជើង ដោយស្ពានចំនួន59កន្លែង រួមនឹងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតត្រូវរងការខូចខាត នាំឱ្យលោក Kim Jong-un ត្រូវពិនិត្យឡើងវិញនូវគម្រោងសាងសង់នានានៅចុងឆ្នាំនេះ។

    ទីភ្នាក់ងារសារព័ត៌មានជាតិ (KCNA) របស់កូរ៉េខាងជើង ថ្ងៃនេះបានរាយការណ៍ថា Maysak ឬហៅថាព្យុះលេខ9 នៅប្រទេសកូរ៉េខាងជើង បានធ្វើឱ្យមានស្ថានភាពអាសន្ន ដោយសារតែវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រាប់សិបកន្លែង និងបណ្ដាលឱ្យផ្ទះជាង2,000ខ្នងត្រូវដួលរលំ ព្រមទាំងបានជន់លិចតំបន់មួយចំនួនផងដែរ។

    KCNA ដកស្រង់សម្ដីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានឱ្យដឹងថា ការខូចខាតដែលបង្កឡើងដោយសារព្យុះនេះ ធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងស្ថានភាព “មិនអាចធ្វើអ្វីបាន ក្រៅតែពីការប្ដូរផ្លាស់ទិសដៅក្នុងការដោះស្រាយបញ្ហា ក្រោយពីបានពិនិត្យមើលគ្រប់ជ្រុងជ្រោយនូវភារកិច្ចចុងឆ្នាំដែលកំពុងត្រូវបានធ្វើឡើង”។

    ប្រសាសន៍របស់លោក Kim Jong-un ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមួយរបស់បក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី8កញ្ញា ដែលពិភាក្សាអំពីការខិតខំដោះស្រាយបញ្ហាដែលកើតឡើងដោយសារព្យុះនៅក្នុងតំបន់រងគ្រោះ ក្នុងនោះមានស្រុក Komdok ក្នុងខេត្ត Hamgyong ខាងត្បូងជាដើម។

    លោក​ Kim Jong-un កំពុង​ដឹក​នាំ​កិច្ច​ប្រជុំមួយ​​របស់​បក្សពលករ​កូរ៉េខាង​ជើង​

    មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ទៅលើកម្រិតនៃភាពចាំបាច់ក្នុងការសាងសង់ផ្ទះសំបែង ផ្លូវថ្នល់ និងផ្លូវដែក រហូតដល់ថ្ងៃទី10តុលា ដែលជាថ្ងៃកំណើតរបស់បក្សពលករកូរ៉េខាងជើង។ លោក Kim Jong-un ក៏បានដាក់គោលដៅផងដែរថា ចុងឆ្នាំនេះ រាល់កិច្ចការដែលបានដាក់ចេញសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារព្យុះលេខ9 ត្រូវតែធ្វើឱ្យបានរួចរាល់។

    ប្រទេសកូរ៉េខាងជើង ថ្មីៗនេះបានទទួលរងការវាយប្រហារពីព្យុះចំនួន3 គឺព្យុះ Bavi ព្យុះ Maysak និងព្យុះ Haishen ខណៈដែលប្រទសនេះកំពុងទប់ទល់នឹងជំនន់ទឹកភ្លៀង។ គ្រោះធម្មជាតិអាចបង្កផលប៉ះពាល់ខ្លាំងដល់ប្រទេសកូរ៉េខាងជើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធនានារបស់ប្រទេសនេះ ភាគច្រើនមានសភាពទ្រុឌទ្រោមស្រាប់។ ជាងនេះ តំបន់ភ្នំត្រងោលជាច្រើននៅកូរ៉េខាងជើង ក៏បង្កការប្រឈមនឹងគ្រោះទឹកជំនន់កាន់តែខ្ពស់ផងដែរ៕

    ប្រភព៖ Reuters

  • វ៉ាក់សាំងបង្ការ​វីរុស​ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញ

    វ៉ាក់សាំងបង្ការ​វីរុស​ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញ

    បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម មានបំណងទិញយកទៅប្រើប្រាស់។

    ឈុតវ៉ាក់សាំងទប់ស្កាត់ Covid-19 មានឈ្មោះថា Sputnik V ដែលត្រូវបានផលិតជាលើកដំបូង ត្រូវបានរុស្ស៊ីប្រកាសដាក់ឱ្យប្រើប្រាស់ ហើយតាមគម្រោងវានឹងត្រូវយកទៅចាក់បង្ការជូនក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងអាទិត្យនេះ។

    “ឈុតវ៉ាក់សាំង Sputnik V ដំបូងគេដែលត្រូវបានអភិវឌ្ឍដោយជម្ឈមណ្ឌលស្រាវជ្រាវផ្នែករោគឆ្លង និងអតិសុខុមប្រាណ Gamaleya របស់ក្រសួងសុខាភិបាលរុស្ស៊ី បានឆ្លងផុតដំណាក់កាលសាកល្បងទៅលើគុណភាព និងត្រូវបានដាក់ឱ្យប្រើប្រាស់” នេះបើតាមសេចក្ដីប្រកាសក្នុងថ្ងៃទី8កញ្ញារបស់ក្រសួងសុខាភិបាលរុស្ស៊ី។

    មុននេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី Mikhail Murashko បានប្រកាសថា ការចាក់វ៉ាក់សាំង Sputnik V ដែលស្ថិតក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី3 សម្រាប់ចាក់ឱ្យក្រុមអ្នកស្ម័គ្រចិត្ត នឹងត្រូវចាប់ផ្ដើមនៅក្នុងសប្ដាហ៍នេះ។

    សូមបញ្ជាក់ថា រុស្ស៊ីបានចុះឈ្មោះវ៉ាក់សាំង Sputnik V កាលពីថ្ងៃទី11សីហា ក្រោយពីបានបញ្ចប់ការប្រើប្រាស់សាកល្បងដំណាក់កាលទី1 និងទី2។ ប្រការនេះបានជួយឱ្យរុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបានផ្ដល់ការអនុម័តទៅលើវ៉ាក់សាំង COVID-19។

    វ៉ាក់សាំងបង្ការ COVID-19 ដែលរុស្ស៊ីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មានប្រទេសជាងម្ភៃចាប់អារម្មណ៍ចង់ទិញនៅដើមសប្ដាហ៍នេះ ទស្សនាវដ្ដីវេជ្ជសាស្ត្រ The Lancet ក៏បានចុះផ្សាយអំពីការប្រើប្រាស់សាកល្បងវ៉ាក់សាំង Sputnik V ដំណាក់ទី1 និងទី2។ ទន្ទឹមនឹងនេះ The Lancet ក៏បានសង្កត់ធ្ងន់ថា ការប្រើប្រាស់សាកល្បងក្នុងរយៈពេលវែងក៏នឹងនៅតែត្រូវធ្វើឡើងជាបន្តដើម្បីបញ្ជាក់អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។

    អភិបាលក្រុងម៉ូស្គូ លោក Sergey Sobyanin បានបង្ហើបឱ្យដឹងថា ការប្រើប្រាស់សាកល្បងក្រោយពីការចុះឈ្មោះរបស់វ៉ាក់សាំង Sputnik V នៅទីក្រុងម៉ូស្គូ អាចប្រើពេលចាប់ពី2ទៅ6ខែ។ ចំណែកកម្មវិធីចាក់វ៉ាក់សាំងបង្ការCOVID-19 ជាទូទៅនៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ជាកន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីCOVID-19 តាមគម្រោងនឹងត្រូវចាប់ផ្ដើមនៅចុងឆ្នាំ2020 ឬដើមឆ្នាំ2021។

    បន្ទាប់ពីបានចុះឈ្មោះ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ទទួលបានចំណាប់អារម្មណ៍ពីប្រទេសយ៉ាងតិចចំនួន​20ក្នុងពិភពលោក ក្នុងនោះមានដូចជា អារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ប្រេស៊ីល និងឥណ្ដាជាដើម បានសម្ដែងចំណាប់អារម្មណ៍របស់ខ្លួន ព្រមទាំងមានបំណងទិញយកទៅប្រើប្រាស់ទៀតផង។

    ប្រទេសរុស្ស៊ី មានគម្រោងបង្កើនការផលិតវ៉ាក់សាំង Sputnik V ឱ្យបាន200លានឈុតនៅចុងឆ្នាំនេះ ក្នុង​នោះ​មាន​30​លាន​ឈុត​នឹងត្រូវយកទៅប្រើប្រាស់ក្នុងប្រទេស៕

    ប្រភព៖ NDTV

  • មានអ្នកណាចាប់អារម្មណ៍អត់? ចិនសម្ងំសាកល្បងយន្តហោះប្រដេញបំបាំងកាយ ប្រកួតជាមួយ F-35 របស់អាមេរិក

    មានអ្នកណាចាប់អារម្មណ៍អត់? ចិនសម្ងំសាកល្បងយន្តហោះប្រដេញបំបាំងកាយ ប្រកួតជាមួយ F-35 របស់អាមេរិក

    ក្រុមហ៊ុនផលិតយន្តហោះមួយរបស់ចិន បានធ្វើការសាកល្បងយន្តហោះប្រដេញបំបាំងកាយម៉ូដែលថ្មី ដែលមានគោលបំណងប្រកួតប្រជែងជាមួយយន្តហោះប្រដេញរបស់សហរដ្ឋអាមេរិក គឺ F-35 និងអាចក្លាយជាអនាគតយន្តហោះ ដែលត្រូវផ្ទុកនៅលើនាវាចម្បាំងរបស់ពួកគេ នាពេលអនាគតទៀតផង។

    FC-31 យន្តហោះប្រដេញបំបាំងកាយរបស់ចិនដែលកំពុងហោះសាកល្បង

    តាមរយៈរូបភាពដែលថតបាន និងដែលត្រូវបានផ្ញើតៗគ្នាយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដ៏ល្បីល្បាញ វេយបូ របស់ចិននោះ គឺជារូបភាពយន្តហោះប្រដេញបំបាំងកាយម៉ូដែលថ្មី កំពុងហោះហើរនៅលើអាកាស កាលពីពេលថ្មីៗនេះ ដោយត្រូវបានគេដឹងថា វាជាគំរូថ្មីចុងក្រោយបំផុតរបស់យន្តហោះ FC-31 Gyrfalcon ដែលបានឆ្លងកាត់ការកែសម្រួលតុបតែងជាថ្មី។ តែ សារព័ត៌មាន សៅថ៍ ឆាយណា ម៉នីង ផូស្ត មិនបានអះអាងថា តើរូបភាពនោះ ជារបស់ពិត ឬយ៉ាងណានោះឡើយ។

    យន្តហោះបំបាំងកាយនេះ ត្រូវថតរូបបាន ក្នុងពេលដែលវាកំពុងប្រើ អាហ្វធើរ ប៊ើននើរ ខណៈកំពុងបង្កើនល្បឿនហោះឡើង ព្រមទាំងមើលឃើញឡូហ្គោរបស់ក្រុមហ៊ុន Aviation Industry Corporetion of China ឬ AVIC យ៉ាងច្បាស់នៅផ្នែកកន្ទុយរបស់យន្តហោះនោះ។

    FC-31 យន្តហោះប្រដេញបំបាំងកាយរបស់ចិន ចតនៅក្នុងអាកាសយានដ្ឋានយោធា

    ខុសពី វើរហ្សឹន មុនហ្នឹង…មើលទៅ យន្តហោះគំរូថ្មីចុងក្រោយបំផុតនេះ ដូចជាគ្មានប្រដាប់វាស់ល្បឿនរបស់យន្តហោះ ដែលបំពាក់នៅបរិវេណច្រមុះយន្តហោះទៀតទេ នេះបញ្ជាក់ថា វាអាចត្រូវបានជំនួសដោយឧបករណ៍ Avionics ផ្សេងៗវិញ ដូចជារ៉ាដា ប្រភេទ an active electronically scanned array ឬ ASEA និងមើលទៅ ហាក់ដូចជាផ្ទាំងកញ្ចក់ថ្លាលើបន្ទប់អ្នកបើកបរ ក៏មានការផ្លាស់ប្ដូរដូចគ្នាដែរ ដោយរចនាចេញមកឱ្យដូចនឹងអ្វី ដែលបានប្រើនៅក្នុងយន្តហោះប្រដេញ 1ម៉ូដែលទៀតរបស់ចិនដែរ គឺ J-20។ ក្រៅពីនោះ តាមរយៈរូបភាពនោះ នៅបានបង្ហាញឱ្យឃើញថា អាចមានការតុបតែងផ្សេងៗទៀត ដើម្បីកែសម្រួលការតតាំងខ្យល់របស់យន្តហោះផងដែរ។

    តែយ៉ាងណាក៏ដោយ មើលទៅហាក់ដូចជា យន្តហោះនេះ នៅតែត្រូវប្រើប្រាស់ម៉ាស៊ីនបែប Twin turbofan WS-13 របស់ FC-31 ម៉ូដែលចាស់ ដោយម៉ាស៊ីននេះមានមូលដ្ឋានគ្រឹះនៃការរចនាម៉ូដ មកតាំងពីសម័យសហភាពសូវៀត យុគទសវត្សរ៍1970 និងត្រូវបានមើលឃើញថា មានកម្រិតកំណត់ ទាំងក្នុងការប្រតិបត្តិភារកិច្ចរបស់យន្តហោះប្រដេញ និងសក្ដានុពលក្នុងការបំបាំងកាយ។

    FC-31 ជាយន្តហោះបំបាំងកាយទី2 ដែលចិនអភិវឌ្ឍឡើងដោយខ្លួនឯង បន្តពី J-20 ដោយវាបានហោះឡើងនៅក្នុងជើងហោះហើរលើកដំបូងគេបំផុតនៅឆ្នាំ2012 និងធ្លាប់ទៅបង្ហាញខ្លួននៅតាមពិធីតាំងពិព័រណ៍អាកាសយានជាច្រើនលើក ក្នុងក្ដីរំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនបរទេស ដោយខាង AVIC សង្ឃឹមថា វានឹងក្លាយជាអ្នកប្រកួតប្រជែងរបស់ F-35 របស់ ឡក់ហ៊ីត ម៉ារទីន ក្រុមហ៊ុនផលិតយន្តហោះសញ្ជាតិអាមេរិក តែទីបំផុត បែរជាមិនបានទទួលនូវការចាប់អារម្មណ៍អ្វីទាំងអស់។

    ទោះជាយ៉ាងដូច្នោះក្ដី អ្នកវិភាគផ្នែកខាងយោធា បានមើលឃើញថា វិវឌ្ឍនាការក្នុងពេលថ្មីៗនេះរបស់ FC-31 បានបង្ហាញថា អ្នកអភិវឌ្ឍន៍បានកែសម្រួល Focus ដោយងាកទៅសង្កត់ធ្ងន់លើយន្តហោះប្រដេញបំបាំងកាយ ម៉ូដែលប្រតិបត្តិការលើផ្ទៃសមុទ្រវិញម្ដង ជាពិសេសបំផុត បន្ទាប់ពីខាងក្រុមវិភាគ និងអភិវឌ្ឍន៍របស់ AVIC បានបង្ហើបឱ្យដឹងថា ពួកគេមានគោលដៅចាប់ផ្ដើមសាកល្បងយន្តហោះនៅឆ្នាំខាងមុខ។

    F-35 Lightning II របស់សហរដ្ឋអាមេរិក

    ដោយសារ វាមានទម្ងន់ស្រាលជាង និងទំហំតូចជាងម៉ូដែល J-20 យន្តហោះប្រដេញបំបាំងកាយថ្មី FC-31 អាចនឹងស័ក្តិសមជាមួយនាវាផ្ទុកយន្តហោះនាយុគសម័យថ្មីនេះ របស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន ខ្លាំងជាង។ ដោយពួកគេបាននាំគ្នារំពឹងថា នាវាផ្ទុកយន្តហោះនាយុគសម័យបន្តទៅទៀតរបស់ចិន នឹងមានប្រព័ន្ធ catapult launch system និងចាំបាច់ត្រូវមានយន្តហោះបំបាំងកាយដែលមានភាពទាន់សម័យជាង J-15 ដែលជាយន្តហោះប្រដេញម៉ូដែលតែ 1គត់ ដែលកំពុងប្រចាំកា រនៅលើនាវាផ្ទុកយន្តហោះនាពេលបច្ចុប្បន្ននេះ។

    F-35 Lightning II របស់សហរដ្ឋអាមេរិក

    FC-31 មានលក្ខណៈដោយឡែកយ៉ាងទូលាយៗ ស្រដៀងនឹង F-35 Lightning 2 របស់សហរដ្ឋអាមេរិកដែរ ដោយវាមានទម្ងន់ Take Off ខ្ពស់បំផុត 25តោន មានកម្រិតប្រឈមតតាំង 1,200គីឡូម៉ែត្រ និងបង្កើនល្បឿនខ្ពស់បំផុតបាន 1.8ម៉ាក់ (ឬ 2,205គីឡូម៉ែត្រក្នុង 1ម៉ោង)។ ចំណែក F-35 វិញ មានទម្ងន់ Take Off ខ្ពស់បំផុត 27 ដល់ 32តោន មានកម្រិតប្រឈមតតាំងខ្ពស់បំផុត 2,200គីឡូម៉ែត្រ និងល្បឿនខ្ពស់បំផុត 1.6ម៉ាក់។

    ទាំងអស់នេះ FC-31 អាចផ្ទុកអាវុធបាន 8តោន ចំណែក F-35 របស់សហរដ្ឋអាមេរិកវិញ ផ្ទុកបាន 6.8 ដល់ 8.1តោន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាស

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាស

    កងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់ឆ្កែយន្ត Vision 60 ដើម្បីល្បាត និងការពារមូលដ្ឋានទ័ពនៅក្នុងការធ្វើសមយុទ្ធប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនង និងចែករំលែកទិន្នន័យ កាលពីពេលថ្មីៗនេះ។

    កាលពីថ្ងៃទី3កញ្ញា កងកម្លាំងនៃទ័ពអាកាសសហរដ្ឋអាម៉េរិក បានធ្វើលំហាត់សមយុទ្ធលើកទី2 ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធកម្រិតខ្ពស់ (ABMS) ដែលទទួលបន្ទុកក្នុងការប្រមូល ចាត់ចែង និងចែករំលែកទិន្នន័យរវាងកងកម្លាំងរបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត នៅក្នុងពេលតែមួយ។

    ក្រៅពីការសាកល្បងប្រព័ន្ធប្រមូល និងចែករំលែកទិន្នន័យ ទ័ពអាកាសសហរដ្ឋអាម៉េរិកក៏ប្រើប្រាស់ឆ្កែយន្តដើម្បីល្បាតការពារមូលដ្ឋានទ័ពអាកាស Nellis នៅក្នុងរដ្ឋ Nevada ផងដែរ។ ឆ្កែយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ghost Robotics។

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាសឆ្កែយន្ត ឬយានគ្មានមនុស្សបើកបរ មានជើង4 (Q-UGV) ដែល បានចូលរួមក្នុងសមយុទ្ធ ABMS កាលពីសប្ដាហ៍កន្លងទៅនេះ មានឈ្មោះថា Vision 60។ ឆ្កែយន្តនេះមានតួនាទីក្នុងការត្រួតពិនិត្យកន្លែងកើតហេតុ ប្រមូលទិន្នន័យចារកម្ម តាមដាន ឈ្លបយកការណ៍ បង្កើតផែនទី ចាត់ចែកទិន្នន័យទំនាក់ទំនង និងការពារសន្តិសុខជាប្រចាំ។

    ព័ត៌មានលម្អិតអំពីបច្ចេកវិទ្យានៅលើឆ្កែយន្ត Vision 60 ដែលត្រូវបានប្រើក្នុងលំហាត់សមយុទ្ធខាងលើនេះ មិនត្រូវបានប្រកាសឱ្យដឹងនោះទេ។ ក៏ប៉ុន្តែ រូបភាពនៃលំហាត់នេះបង្ហាញថា Vision 60 ត្រូវបានបំពាក់វិញ្ញាណសិប្បនិម្មិត រួមនឹងឧបករណ៍ទំនាក់ទំនងជាច្រើននៅក្នុងក្បាលរបស់វា។

    ឆ្កែយន្តរបស់សហរដ្ឋអាម៉េរិក ដើរល្បាតមូលដ្ឋានទ័ពអាកាសភាគីខាងក្រុមហ៊ុន Ghost Robotics ឱ្យដឹងថា Vision 60 មិនងាយនឹងត្រូវបានរារាំងនោះឡើយ។ ទន្ទឹមនឹងនេះ ឆ្កែយន្តនេះក៏អាចប្ដូរផ្លាស់រូបរាងបានយ៉ាងច្រើនប្រភេទផងដែរដើម្បីងាយស្រួលក្នុងការបំពេញភារកិច្ចខុសៗគ្នា ដោយសារតែវាត្រូវបានរចនាតាមទម្រង់ម៉ូដួល (Module) ដែលងាយស្រួលគេដោះ និងដំឡើង។ ឆ្កែរ៉ូបូតនេះត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំកម្រិតខ្ពស់ ហើយការចំណាយប្រាក់កាសទៅលើការដាក់ពង្រាយ និងថែទាំក៏មានកម្រិតទាបផងដែរ៕

    ប្រភព៖ Drive

     

     

  • ចិនស្នើឱ្យ WHO អនុម័តលើវ៉ាក់សាំងប្រឆាំងCOVID-19 របស់ខ្លួន

    ចិនស្នើឱ្យ WHO អនុម័តលើវ៉ាក់សាំងប្រឆាំងCOVID-19 របស់ខ្លួន

    អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយប្រទេសចិនទាក់ទិននឹងសំណើអនុម័តទៅលើវ៉ាក់សាំងCOVID-19 នៅថ្នាក់អន្តរជាតិមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។

    “ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិន និងការិយាល័យកណ្ដាលនៃអង្គការនេះ កំពុងតែធ្វើការជាមួយនឹងនាយកដ្ឋានគ្រប់គ្រងនានានៃប្រទេសចិន។ យើងបានចែករំលែកព័ត៌មាន ការស្នើឱ្យអន្តរជាតិអនុម័តទៅលើវ៉ាក់សាំង និងកំពុងតែទាក់ទងគ្នាដោយផ្ទាល់” នេះបើតាមសម្ដីរបស់លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី7កញ្ញា។

    ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech កាលពីម្សិលមិញ (8កញ្ញា) បានឱ្យដឹងថា បេក្ខភាពវ៉ាក់សាំងរបស់ពួកគេ ដែលត្រូវបានដាក់ឈ្មោះឱ្យថា CoronaVac ទំនងជាមានសុវត្ថិភាពសម្រាប់មនុស្សពេញវ័យ ដែលនេះគឺយោងទៅតាមលទ្ធផលនៃការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលដំបូង និងដំណាក់កាលកណ្ដាល។ ក្នុងនោះ ប្រតិកម្មប្រឆាំងការឆ្លងវីរុសដែលត្រូវបានបង្កើតឡើងដោយវ៉ាក់សាំងនេះនៅលើមនុស្សចាស់ មានសភាពខ្សោយជាងបើធៀបនឹងនៅលើមនុស្សដែលមានវ័យនៅក្មេង។

    បច្ចុប្បន្ន វ៉ាក់សាំង4ប្រភេទក្នុងចំណោម8ប្រភេទនៅលើពិភពលោកដែលកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទី3 គឺជារបស់ប្រទេសចិន។

    Liu Peicheng ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Sinovac Biotech បាននិយាយថា CoronaVac មិនបង្កផលវិបាកធ្ងន់ធ្ងរនោះទេនៅក្នុងការប្រើប្រាស់សាកល្បងក្នុងដំណាក់កាលទី1និងទី2 ដែលត្រូវបានធ្វើឡើងក្នុងខែឧសភាដោយមានអ្នកស្ម័គ្រចិត្តវ័យចាប់ពី60ឆ្នាំឡើងទៅចំនួន421នាក់ បានចូលរួម។ លទ្ធផលនៃការពិសោធខាងលើនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។

    លោកស្រី Mariangela Simao ជំនួយការប្រធានអង្គការសុខភាពពិភពលោក

    CoronaVac កំពុងត្រូវបានពិសោធដំណាក់កាលចុងក្រោយនៅប្រទេសប្រេស៊ីល និងឥណ្ឌូនេស៊ី ដើម្បីឱ្យប្រាកដថា វាមានប្រសិទ្ធភាព និងសុវត្ថិភាពគ្រប់គ្រាន់ដែលអាចទទួលបានការយល់ព្រមឱ្យប្រើប្រាស់ជាផ្លូវការ និងជាទូទៅ។ CoronaVac ត្រូវបានប្រើប្រាស់ទៅលើមនុស្សរាប់ម៉ឺននាក់រួចហើយ ក្នុងនោះមាន បុគ្គលិករបស់ក្រុមហ៊ុន Sinovac Biotech និងក្រុមគ្រួសាររបស់ពួកគេប្រមាណជា90% ដែលនេះត្រូវបានចាត់ទុកដូចជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងបង្ការជាបន្ទាន់របស់ប្រទេសចិនដើម្បីការពារក្រុមមនុស្សដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស។

    Liu Peicheng និយាយថា តាមការពិសោធបានបង្ហាញថា CoronaVac នៅតែមានប្រសិទ្ធភាពក្នុងរយៈពេល42ថ្ងៃនៅពេលដាក់នៅក្នុងសីតុណ្ហភាព25អង្សា 28ថ្ងៃនៅក្នុងកម្ដៅ37អង្សា និង5ខែនៅក្នុងកម្ដៅចាប់ពី2ដល់8អង្សា។

    បេក្ខភាពវ៉ាក់សាំងរបស់ Sinovac រួមជាមួយនឹងបេក្ខភាពដទៃទៀត ត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹតិការណ៍តាំងពិព័រណ៍មួយនៅឯទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី7កញ្ញា2020។ ក្រុមហ៊ុនដែលជាម្ចាស់ផលិតផលទាំងនេះឱ្យដឹងថា ប្រភេទវ៉ាក់សាំងនេះមិនទាន់ត្រូវបានដាក់លក់ក្នុងទីផ្សារនៅឡើយ ប៉ុន្តែ ពួកគេសង្ឃឹមថា វានឹងទទួលបានការអនុញ្ញាតឱ្យចែកចាយក្រោយពីការពិសោធដំណាក់កាលចុងក្រោយត្រូវបានបញ្ចប់នាចុងឆ្នាំនេះ៕

    ប្រភព៖ Reuters

  • ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

    ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក

    បច្ចុប្បន្ន WHO គ្រាន់តែណែនាំឱ្យប្រើថ្នាំ corticosteroids ចំពោះអ្នកជំងឺCOVID-19 ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុតតែប៉ុណ្ណោះ ហើយជាងនេះទៀត ថ្នាំ corticosteroids ក៏មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឱ្យឆ្លងវីរុសនោះដែរ។

    ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ក៏រកបានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា៖ corticosteroids ដែលជាថ្នាំប្រឆាំងនឹងការរលាកសួត មានប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិតអ្នកជំងឺCOVID19 ដែលមានសភាពធ្ងន់ធ្ងរបំផុត។ លទ្ធផលនេះត្រូវបានលើកឡើងបន្ទាប់ពីក្រុមអ្នកជំនាញបានបូកបញ្ចូលគ្នារវាងលទ្ធផលនៃការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកនៅលើអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើមនៅក្នុងបន្ទប់ព្យាបាលពិសេស ICU។

    កាលពីខែឧសភា ការពិសោធន៍ដំបូងបានបង្ហាញអំពីប្រសិទ្ធភាពយ៉ាងច្បាស់លាស់របស់ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ។ បន្ទាប់ពីក៏មានការពិសោធន៍ថ្មីទៅលើថ្នាំ corticosteroid មួយប្រភេទទៀតដែលមានគេប្រើប្រាស់ច្រើន នោះគឺថ្នាំ hydrocortisone។ លទ្ធផលបានបង្ហាញថា hydrocortisone មានប្រសិទ្ធភាពខ្ពស់ជាង dexamethasone ទៅទៀត។

    ការពិសោធន៍មួយរបស់អង់គ្លេស បានបង្ហាញដែរថា hydrocortisone អាចកាត់បន្ថយអត្រានៃការស្លាប់ដោយសារCOVID-19 នៅលើអ្នកជំងឺដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតផងដែរ។

    1. Corticosteroids គឺជាថ្នាំអ្វី?

    Corticosteroids គឺជាថ្នាំមួយប្រភេទដែលត្រូវបានវេជ្ជបណ្ដិតនិយមប្រើជាច្រើនទសវត្សរ៍មកហើយសម្រាប់ព្យាបាលជំងឺរលាកសួត។ ប្រការនេះក៏មានន័យថា corticosteroids ក៏ធ្លាប់ត្រូវបានប្រើចំពោះអ្នកជំងឺរលាកសួត ជំងឺវីរុសឆ្លងចូលក្នុងឈាម (septic shock) និងអាការពិបាកដកដង្ហើមធ្ងន់ធ្ងរ។

    ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រក៏មានបំណងប្រើប្រាស់សាកល្បងប្រភេទថ្នាំនេះនៅលើអ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពរបស់ថ្នាំនេះថា តើអាចជួយកាត់បន្ថយអត្រានៃការស្លាប់បានដែរ ឬទេ។ ពិសេសជាងនេះ corticosteroids គឺជាថ្នាំដែលមានស្រាប់ មានតម្លៃទាប និងស្ថិតនៅក្នុងបញ្ជីថ្នាំសំខាន់ៗរបស់ WHO។ ប្រការនេះក៏មានន័យថា ប្រទេសទាំងអស់ក្នុងពិភពលោក សុទ្ធតែមានថ្នាំ corticosteroids នេះនៅក្នុងឃ្លាំង ហើយអាចយកមកប្រើបានភ្លាមៗ។

    2. ភ័ស្តុតាងអំពីប្រសិទ្ធភាពរបស់ថ្នាំ corticosteroids

    នៅក្នុងការពិសោធន៍កាលពីខែមិថុនារបស់ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស បានបង្ហាញថា ថ្នាំ corticosteroids មួយប្រភេទដែលមានឈ្មោះថា dexamethasone អាចកាត់បន្ថយអត្រានៃការស្លាប់បានរហូតដល់1/3 ចំពោះអ្នកជំងឺCOVID-19 ដែលត្រូវការម៉ាស៊ីនជំនួយដង្ហើម និង1/5 ចំពោះអ្នកជំងឺដែលត្រូវការអ៊ុកស៊ីហ្សែនបន្ថែម។

    ការពិសោធន៍ប្រហាក់ប្រហែលខាងលើ ដែលត្រូវបានធ្វើឡើងនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ក៏បានបង្ហាញថា អ្នកជំងឺCOVID-19 ជាង67% ដែលត្រូវបានព្យាបាលដោយថ្នាំ corticosteroids បានរួចផុតពីការស្លាប់ បន្ទាប់ពីបានលេបថ្នាំនេះក្នុងរយៈពេល28ថ្ងៃ។ នៅក្នុងការប្រៀបធៀប គេឃើញថា អ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយថ្នាំ corticosteroids ឬគ្រាន់តែទទួលបានថ្នាំ placebo (ថ្នាំដែលមិនមានសារធាតុថ្នាំ និងមិនមានប្រសិទ្ធភាពជាក់ស្ដែងក្នុងការព្យាបាលជំងឺ) គឺមានចំនួនមិនដល់59% នោះទេ ដែលនៅមានជីវិត។

    ថ្នាំ corticosteroids អាចសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុដែលអ្នកមិនគួរទិញវាទុក
    ថ្នាំ dexamethasone ដែលមានផ្ទុកសារធាតុ corticosteroid សម្រាប់​ព្យបាល​អ្នកជំងឺCOVID-19 ដែលមានអាការធ្ងន់ធ្ងរ

    យោងតាមភ័ស្តុតាងពីការសិក្សាស្រាវជ្រាវនានាខាងលើ WHO បានប្រមូលទិន្នន័យនៃការពិសោធន៍លើអ្នកជំងឺCOVID-19 ចំនួន1,703នាក់ដែលបានចូលរួមក្នុងការសាកល្បងប្រើប្រាស់ថ្នាំ corticosteroids ចំនួន7លើកផ្សេងៗគ្នា ហើយបានរកឃើញថា ការព្យាបាលដោយប្រើប្រាស់ថ្នាំ corticosteroids នេះ បានជួយកាត់បន្ថយអត្រានៃការស្លាប់ដល់ទៅ32% ខណៈដែលអ្នកជំងឺប្រមាណជា40% បានស្លាប់បើសិនមិនបានប្រើប្រាស់ថ្នាំនេះ។

    សាស្ត្រាចារ្យ Anthony Gordon មកពីសាកលវិទ្យាល័យ London បានឱ្យដឹងថា នេះគឺជាអត្រាមួយដ៏គួរឱ្យចាប់អារម្មណ៍ ពោលគឺឡើងដល់20%។ ប្រការនេះមានន័យថា បើសិនជាអ្នកព្យាបាលអ្នកជំងឺCOVID-19 ចំនួន100នាក់ ដោយប្រើប្រាស់ថ្នាំ corticosteroids នោះអ្នកនឹងអាចសង្គ្រោះជីវិតពួកគេបាន8នាក់។ នោះពិតជាតួលេខដ៏អស្ចារ្យមួយនៅក្នុងដំណាក់កាលនេះ។

    3. របបនៃការព្យាបាល COVID-19 នឹងត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ

    មេដឹកនាំនៃសេវាកម្មសុខាភិបាលជាតិរបស់អង់គ្លេស (NHS) Simon Stevens បានហៅថ្នាំ corticosteroids នេះថាជា “អាវុធបន្ទាប់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 នៅទូទាំងពិភពលោក”។ លោក Simon Stevens បានឱ្យដឹងថា NHS នឹងធ្វើបច្ចុប្បន្នភាពនៃការព្យាបាលដើម្បីអនុញ្ញាតឱ្យអ្នកជំងឺCOVID-19 អាចទទួលបានផលប្រយោជន៍ពីការព្យាបាលដោយប្រើថ្នាំ hydrocortisone ដែលដូចទៅនឹងថ្នាំ dexamethasone នាពេលកន្លងមក។

    នៅអូស្ត្រាលីវិញ ក្រុមវេជ្ជបណ្ឌិតក៏បានប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺCOVID-19 ដែលត្រូវការអ៊ុកស៊ីហ្សែន។ WHO ក៏បានណែនាំអំពីការព្យាបាលអ្នកជំងឺCOVID-19 ក្នុងនោះ ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់ corticosteroids ដើម្បីព្យាបាលអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ឬកំពុងប្រឈមនឹងការស្លាប់ខ្ពស់។

    4. ប្រជាជនមិនគួររក្សាទុកថ្នាំ corticosteroids ឬប្រើប្រាស់វាដើម្បីការពារការឆ្លងវីរុសCOVID-19នោះទេ

    ប្រការដែលសំខាន់នោះ គឺថា ការរកឃើញថ្មីស្ដីអំពី corticosteroids ពេលនេះត្រូវបានគាំទ្រឱ្យប្រើសម្រាប់អ្នកជំងឺCOVID-19 ដែលកំពុងមានអាការធ្ងន់ធ្ងរតែប៉ុណ្ណោះ។ បច្ចុប្បន្ន មានព៏ត៌មានមួយចំនួនបង្ហាញថា ថ្នាំ corticosteroids នេះ មិនសមស្របសម្រាប់ព្យាបាលអ្នកជំងឺCOVID-19 ដែលមានអាការរោគស្រាលៗ។

    បើទោះជា corticosteroids អាចព្យាបាលអ្នកជំងឺCOVID-19 ប៉ុន្តែ វាមិនមែនជាថ្នាំបង្ការការឆ្លងវីរុសនោះឡើយ។ ថ្នាំ corticosteroids គ្រាន់តែអាចជួយព្យាបាលអាការដែលកើតឡើងដោយសារប្រតិកម្មធ្ងន់ធ្ងររបស់រាងកាយក្រោយពីបានឆ្លងCOVID-19 តែប៉ុណ្ណោះ ហើយវាមិនមែនជាថ្នាំសម្រាប់ព្យាបាល ឬការពារនោះទេ។

    ហេតុដូច្នេះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានណែនាំថា អ្នកទាំងឡាយមិនគួរទិញថ្នាំ corticosteroids យកមកលេបនៅឯផ្ទះ។ ការណែនាំបានបញ្ចាក់ថា corticosteroids ដែលត្រូវបានប្រើនៅក្នុងការពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ គឺជាថ្នាំចាក់ចូលតាមសរសៃឈាម ពោលគឺមិនមែនថ្នាំ corticosteroids ប្រភេទគ្រាប់ដែលអាចរកទិញបានពីឱសថស្ថាននោះឡើយ។

    មូលហេតុនេះហើយ គឺមានតែវេជ្ជបណ្ឌិតប៉ុណ្ណោះ ទើបអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំនេះបាន។ ពលរដ្ឋមិនគួរទិញថ្នាំនេះដោយខ្លួនឯង ក្នុងបំណងលេបដើម្បីការពារការឆ្លងវីរុស ឬព្យាបាលCOVID-19 នោះឡើយ៕

    ប្រភព៖ Medicalxpress/WHO

  • អ្នកនឹងត្រូវទទួលពិន័យដោយការដេកក្នុងក្ដារមឈូស បើសិនជាមិនពាក់ម៉ាស់ពេលនៅក្នុងប្រទេសឥណ្ឌូនេស៊ី

    អ្នកនឹងត្រូវទទួលពិន័យដោយការដេកក្នុងក្ដារមឈូស បើសិនជាមិនពាក់ម៉ាស់ពេលនៅក្នុងប្រទេសឥណ្ឌូនេស៊ី

    ពលរដ្ឋណាដែលល្មើសនិងបទបញ្ជាទាក់ទិននឹងការពាក់ម៉ាស់នៅរដ្ឋធានី Jakarta នឹងត្រូវទទួលពិន័យដោយដេកក្នុងក្ដារមឈូសដើម្បីមានឱកាស “ពិចារណាកំហុស” បើសិនមិនចង់បង់ប្រាក់ពិន័យ ឬធ្វើពលកម្មជាសាធារណៈ។

    ក្រុមមន្ត្រីនៅរដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូនេស៊ី កាលពីសប្ដាហ៍មុនបានឱ្យដឹងថា អ្នកបំពានទៅលើបទបញ្ជាពាក់ម៉ាស់ទប់ស្កាត់COVID-19 មានសិទ្ធិក្នុងការជ្រើសរើសការពិន័យមួយចំនួន រួមមាន ពលកម្មសាធារណៈ បង់ប្រាក់ពិន័យ ឬដេកក្នុងក្ដារមឈូសដើម្បី “ពិចារណា” អំពីហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារកំហុសឆ្គងរបស់ពួកគេ។

    Santoso អភិបាលរងខណ្ឌ Pasar Rebo នៅក្នុងរដ្ឋធានី Jakarta ឱ្យដឹងថា ពលរដ្ឋដែលបានបំពានបទបញ្ជា ភាគច្រើនជ្រើសរើសយកទណ្ឌកម្មដេកក្នុងក្ដារមឈូស។ លោក Santoso បញ្ជាក់ថា៖ “បើសិនជាពួកគេជ្រើសរើសការពិន័យដោយការធ្វើពលកម្មសាធារណៈ ពួកគេនឹងត្រូវសម្អាតអនាម័យនៅទីសាធារណៈយ៉ាងតិច1ម៉ោង។ នៅពេលខ្ញុំសួរពួកគេថា “ហេតុអ្វីមិនជ្រើសរើសការបង់ប្រាក់” ពួកគេឆ្លើយថា “មិនមានលុយ””។

    រហូតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន194,109នាក់ ក្នុងនោះមានអ្នកស្លាប់8,025នាក់ និងជាសះស្បើយ 138,575នាក់។ ចំណែកនៅទូទាំងពិភពលោកវិញ មាន​អ្នក​ឆ្លង​វីរុស​ COVID-19​ សរុប​27,289,725​នាក់ និងស្លាប់សរុប887,550នាក់៕

    ប្រភព៖ Mirror

  • ប្រទេសម៉ិកស៊ិកអស់សំបុត្រ​បញ្ជាក់​មរណភាពដោយសារCOVID-19

    ប្រទេសម៉ិកស៊ិកអស់សំបុត្រ​បញ្ជាក់​មរណភាពដោយសារCOVID-19

    ក្រសួងសុខាភិបាលនៃប្រទេសម៉ិកស៊ិកកំពុងស្នើឱ្យរដ្ឋាភិបាលបោះពុម្ភសំបុត្របញ្ជាក់មរណភាពចំនួន1.1លានច្បាប់បន្ថែមទៀត ដោយសារតែតំបន់ជាច្រើនបានអស់ ឬខ្វះ ខណៈដែលតួលេខនៃមរណភាពដោយសារCOVID-19 នៅតែកើនឡើងយ៉ាងឆាប់រហ័ស។

    នៅក្នុងសន្និសីតសារព័ត៌មានមួយកាលពីថ្ងៃទី4កញ្ញា មន្ត្រីសុខាភិបាលម៉ិកស៊ិក លោក Hugo Lopez-Gatell Ramirez ឱ្យដឹងថា រដ្ឋមួយចំនួន ក្នុងនោះមានរដ្ឋម៉ិកស៊ិកផងដែរ កំពុងស្ថិតក្នុងស្ថានភាពអស់សំបុត្របញ្ជាក់មរណភាព។ ក្រុមមន្ត្រីមានសមត្ថកិច្ច កាលពីប៉ុន្មានសប្ដាហ៍មុនបញ្ជូនសំបុត្របញ្ជាក់មរណភាពពីតំបន់មួយចំនួន ទៅឱ្យតំបន់ដែលកំពុងស្វះសំបុត្រនេះ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា រដ្ឋធានីម៉ិកស៊ិក ក៏ជិតអស់សំបុត្របញ្ជាក់កំណើតនេះហើយដែរ។

    គិតមកដល់ពេលនេះ ប្រទេសម៉ិកស៊ិក មានអ្នកស្លាប់ដោយសារបានឆ្លងវីរុសCOVID-19 ជាង67,000នាក់ ដូច្នេះម៉ិកស៊ិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារCOVID-19 ច្រើនជាងគេលំដាប់ទី4ក្នុងពិភពលោក បន្ទាប់សហរដ្ឋអាម៉េរិក ប្រេស៊ីល និងឥណ្ឌា។ ម៉ិកស៊ិកក៏បានរកឃើញអ្នកឆ្លងវីរុសសរុបឡើងដល់ 634,023នាក់ និងអ្នកស្លាប់សរុបឡើងដល់67,558នាក់។

    នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកស្លាប់ដោយសារឆ្លងវីរុសCOVID-19 ចំនួន887,549នាក់ ខណៈអ្នកបានឆ្លងវីរុសនេះមានចំនួន27,288,595នាក់ ក្នុងនោះមាន59,960នាក់កំពុងប្រឈាមនឹងហានិភ័យនៃការស្លាប់ខ្ពស់ ក្នុងគ្រាដែលអ្នកជំងឺបានជាសះស្បើយបានកើនឡើងដល់19,370,858នាក់៕

    ប្រភព៖ Bloomberg

  • (វីដេអូ) វៀតណាមដណ្ដើមបានតំណែង​ជើង​ឯក​ក្នុងការប្រកួតរថក្រោះនៅឯហ្គេម Tank Biathlon 2020 ក្នុងក្រុមទីពីរ

    (វីដេអូ) វៀតណាមដណ្ដើមបានតំណែង​ជើង​ឯក​ក្នុងការប្រកួតរថក្រោះនៅឯហ្គេម Tank Biathlon 2020 ក្នុងក្រុមទីពីរ

    វៀតណាមដណ្ដើមបានតំណែងជើងឯក និងទទួលបានមេដាយមាសនៅក្នុងហ្គេមសង្គ្រាម Tank Biathlon 2020 នៃក្រុមទីពីរ ក្រោយពីបានផ្ដួលគូប្រកួតខ្លាំងៗនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ។

    ចូលដល់វគ្គជម្រុះ ក្រុមរថក្រោះរបស់វៀតណាម បានបង្ហាញអំពីសមត្ថភាពល្អគួរសម និងបានឡើងដល់វគ្គពាក់់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផលដែលអាចទទួលយកបាន។

    នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមរថក្រោះវៀតណាមបានទទួលបរាជ័យនៅចំពោះមុខក្រុមរបស់មីយ៉ានម៉ា ប៉ុន្តែ ក្រុមមីយ៉ានម៉ាក៏យកឈ្នះក្នុងលទ្ធផលប្រកៀកប្រកិតគ្នា ពោលគឺទៅដល់គោលដៅមុនក្រុមវៀតណាមតែប៉ុន្មាននាទីប៉ុណ្ណោះ។

    វៀតណាមដណ្ដើមបានតំណែងជើងឯកក្នុងការប្រកួតរថក្រោះនៅឯហ្គេម Tank Biathlon 2020 ក្នុងក្រុមទីពីរក្រុមរថក្រោះដទៃដែលបានប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សុទ្ធតែទទួលបានពិន្ទុទាបជាងក្រុមវៀតណាម ដូច្នេះក្រុមវៀតណាមក៏បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ2។

    ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅក្នុងក្រុមទីពីរនៃការប្រកួតរថក្រោះ Tank Biathlon 2020 ក្រុមវៀតណាមបានបង្ហាញអំពីសមត្ថភាពដ៏ខ្លាំងក្លា និងលេចធ្លោជាងគេ បើទោះពេលខ្លះ ក្រុមដទៃធ្វើបានល្អជាងក៏ដោយ។

    សារព័ត៌មានវៀតណាមបានចេញផ្សាយថា នៅពេលដែលរថក្រោះ T-72B3 ពណ៌លឿងរបស់វៀតណាមបានទៅដល់គោលដៅមុនគេ ក្រុមអ្នកគាំទ្របានយំដោយការសប្បាយចិត្ត ខណៈប្រជាជនជាច្រើននៅទូទាំងប្រទេសវៀតណាម នាំគ្នាអបអរជ័យជំនះនេះ។

    វៀតណាមដណ្ដើមបានតំណែងជើងឯកក្នុងការប្រកួតរថក្រោះនៅឯហ្គេម Tank Biathlon 2020 ក្នុងក្រុមទីពីរក្រុមរថក្រោះវៀតណាមដណ្ដើមបានតំណែងជើងឯក គឺដោយសារក្រុមនេះទៅដល់គោលដៅបានលឿនជាងគេ និងកម្ទេចផ្ទាំងស៊ីបបានច្រើនជាងគេបង្អស់ផងដែរ។

    ដូច្នេះ ជាមួយនឹងតំណែងជើងឯក និងមេដាយមាសដែលទើបទទួលបាន ឆ្នាំក្រោយ (2021) នៅក្នុងការប្រកួត Tank Biathlon 2021 ក្រុមរថក្រោះវៀតណាមនឹងបានឡើងទៅប្រកួតនៅក្នុងក្រុមទីមួយ ដែលនៅទីនោះនឹងមានគូប្រជែងខ្លាំងៗបំផុត ដូចជា រុស្ស៊ី (ម្ចាស់ផ្ទះ) ចិន និងបេឡារុសជាដើម។ល។

    ប្រភព៖ vietnamnews