Category: អន្តរជាតិ

  • អ្នកអនុរក្សធម្មជាតិបារម្ភ ត្រីឆ្លាម កន្លះលានក្បាល អាចនឹងត្រូវសម្លាប់ ដើម្បីផលិតវ៉ាក់សាំងកូវីដ-19

    អ្នកអនុរក្សធម្មជាតិបារម្ភ ត្រីឆ្លាម កន្លះលានក្បាល អាចនឹងត្រូវសម្លាប់ ដើម្បីផលិតវ៉ាក់សាំងកូវីដ-19

    មានភាពអាចទៅរួច ដែលការផលិតវ៉ាក់សាំងបង្កើនប្រព័ន្ធប្រឆាំងវីរុសកូវីដ-19 នៅក្នុងខ្លួនមនុស្ស ដែលអាចត្រូវប្រើប្រាស់ត្រីឆ្លាមជាង 5សែនក្បាល។

    អ្នកវិទ្យាសាស្ត្រ បានព្យាយាមសិក្សាស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-19 ដែលអាចនឹងប្រើសារធាតុ Squalene ឬខ្លាញ់ចម្រាញ់ចេញពីថ្លើមត្រីឆ្លាម ធ្វើជាចំណែកផ្សំក្នុងការផលិតសារធាតុបង្កើនឥទ្ធិពល បង្កើនប្រសិទ្ធភាព និងជំរុញឱ្យរាងកាយផលិតប្រព័ន្ធប្រឆាំងជំងឺបានល្អ ដោយប្រើបរិមាណវ៉ាក់សាំងកាន់តែតិច។ អ្នកជំនាញការ បញ្ជាក់ថា ការចម្រាញ់យកសារធាតុ Squalene ឱ្យបាន 1តោន នឹងត្រូវប្រើត្រីឆ្លាមប្រមាណជា 3ពាន់ក្បាល ខណៈដែលក្រុមហ៊ុន គ្លែកសូស្ម៊ីត ក្លាញន៍ អ្នកផលិតវេជ្ជភណ្ឌដ៏ធំមួយរបស់ប្រទេសអង់គ្លេស ដែលប្រើប្រាស់សារធាតុ Squalene នៅក្នុងវ៉ាក់សាំងការពារជំងឺគ្រុនផ្ដាសាយធំនោះ បានប្រកាសកាលពីខែឧសភារួចហើយថា ខ្លួននឹងផលិតសារធាតុបង្កើនឥទ្ធិពលនេះ 1ពាន់លានដូស ដើម្បីគាំទ្រដល់ការផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាប្រភេទថ្មី។

    Shark Allies ជាអង្គការNGO នៅក្នុងរដ្ឋកាលីហ្វ័រនៀ បានវាយតម្លៃថា បើប្រជាជននៅទូទាំងពិភពលោកត្រូវទទួលវ៉ាក់សាំងកូវីដ-19 ដែលមានខ្លាញ់ថ្លើមត្រីឆ្លាមជាចំណែកផ្សំក្នុងម្នាក់ចំនួន 1ដូស គឺមានន័យថា ត្រីឆ្លាមនឹងត្រូវសម្លាប់ដើម្បីការងារនេះប្រមាណ 2.5សែនក្បាល តែទាំងអស់នេះ វាអាស្រ័យលើបរិមាណសារធាតុ Squalene ដែលនឹងត្រូវប្រើដែរ។ តួលេខខាងលើនេះ ឃើញហើយគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តែអ្នកស្រាវជ្រាវជឿថា ការសាងប្រព័ន្ធប្រឆាំងជំងឺនេះ នឹងត្រូវប្រើវ៉ាក់សាំងក្នុងមនុស្សម្នាក់ចំនួន 2ដូស ដូច្នេះវាមានន័យថា ត្រីឆ្លាមអាចនឹងត្រូវសម្លាប់ប្រមាណជា 5សែនក្បាលឯណោះ។

    លោកស្រី ស្តេហ្វានី ប្រេនឌើល ស្ថាបនិក និងជាប្រធានគ្រប់គ្រងអង្គការ Shark Allies ថ្លែងថា ការប្រមូលយកអ្វីម្យ៉ាង ពីសត្វនៅក្នុងធម្មជាតិ មកប្រើក្នុងបរិមាណច្រើន គ្មានផ្លូវនឹងស្ថិតស្ថេរគង់វង្សបានទេ ជាពិសេសបើសត្វដែលត្រូវតាមប្រមាញ់នោះ មិនបានពង្រីកពូជក្នុងចំនួនច្រើនគ្រប់គ្រាន់។ ពេលនេះ យើងនៅមិនទាន់ដឹងថា តើជំងឺរាតត្បាតនេះ នឹងអូសបន្លាយយូរតទៅទៀតប៉ុនណា? និងមានវ៉ាក់សាំងប៉ុន្មានបែបទៀត ដែលកំពុងផលិតចេញមកពីចំនួនត្រីឆ្លាមដែលត្រូវនាំយកមកប្រើ ដែលនឹងកើនឡើង 1ឆ្នាំហើយ 1ឆ្នាំទៀត។

    បច្ចុប្បន្ន គេអាចវាយតម្លៃបានថា ក្នុង 1ឆ្នាំៗ ត្រីឆ្លាមត្រូវបានសម្លាប់ដើម្បីចម្រាញ់យកសារធាតុ​ Squalene ដែលប្រើក្នុងការផលិតថ្នាំ និងគ្រឿងសម្អាង រួចស្រេចទៅហើយ ក្នុង 1ឆ្នាំប្រមាណជា 3លានក្បាល។ តម្រូវការដែលកើនឡើងយ៉ាងឆាប់រហ័សបែបនេះ អាចនឹងបំពានទៅលើប្រភេទត្រីឆ្លាមដែលមានសារធាតុ Squalene ខ្ពស់ និងប្រថុយនឹងការដាច់ពូជ។ អង្គការ Shark Allies បានអំពាវនាវឱ្យឧស្សាហកម្មឱសថ ព្យាយាមស្វែងរកជម្រើសផ្សេងទៀតដែលមិនមែនជាសត្វ និងស្ថិតស្ថេរគង់វង្សជាង ក្នុងការសាកល្បងផលិតផលទាំងបច្ចុប្បន្ន និងអនាគត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេនីគំរាមពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិន​បើ​​ទួរគី​បញ្ជូន​យន្ត​ហោះ​​ចូល​មក​ជួយ​​កង​ទ័ព​អាហ្សែបែហ្សង់

    អាមេនីគំរាមពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិន​បើ​​ទួរគី​បញ្ជូន​យន្ត​ហោះ​​ចូល​មក​ជួយ​​កង​ទ័ព​អាហ្សែបែហ្សង់

    ប្រទេសអាមេនីបានធ្វើការព្រមានថានឹងប្រើប្រាស់ប្រព័ន្ធកាំជ្រួចផ្លោង Iskander ប្រសិនបើប្រទេសទួរគីបញ្ជូនយន្តហោះចម្បាំង F-16 ចូលមកជួយអាហ្សែបែហ្សង់ នៅក្នុងជម្លោះដណ្ដើមទឹកដីនៅតំបន់ ណាហ្គូរណូ-ការ៉ាបាក់ (Nagorno-Karabakh)។

    អគ្គរដ្ឋទូតអាមេនីប្រចាំនៅប្រទេសរុស្ស៊ី លោក Vardan Toghanyan បានឱ្យដឹងកាលពីថ្ងៃទី28កញ្ញាថា៖ “វិធានការទាំងឡាយសុទ្ធតែត្រូវបានពិចារណា រួមទាំងការប្រើប្រាស់ប្រព័ន្ធកាំជ្រួចផ្លោង Iskander បើសិនជាប្រទេសទួរគីបញ្ជូនយន្តហោះចម្បាំង F-16 ចូលមកគាំទ្រដល់យុទ្ធនាការវាយលុករបស់អាហ្សែបែហ្សង់។ យើងសង្ឃឹមថា ស្ថានភាពតានតឹងនឹងមិនឡើងកម្ដៅខ្លាំងដល់កម្រិតនោះ។ ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់អាហ្សែបែហ្សង់ និងទួរគី”។

    ចំណែកអ្នកនាំពាក្យនៃក្រសួងការពារជាតិរបស់អាមេនី លោក Artsrun Hovhannisyan ក៏បានព្រមានថា ប្រទេសនេះអាចដាក់ពង្រាយអាវុធធុនធ្ងន់ នៅពេលមានតម្រូវការក្នុងសមរភូមិ។ ប្រធានាធិបតីអាមេនី លោក Armen Sarkissian មុននេះក៏បានចោទប្រកាន់ថា ប្រទេសទួរគីបានបញ្ជូនទាហានស៊ីឈ្នួល យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក (UAV) រួមនឹងយន្តហោះចម្បាំង F-16 ចូលមកជួយអាហ្សែបែហ្សង់ នៅក្នុងជម្លោះប្រដាប់អាវុធរវាងប្រទេសអាមេនី និងអាហ្សែបែហ្សង់ នៅតំបន់ ណាហ្គូរណូ-ការ៉ាបាក់។

    លោក Hikmat Hajiyev ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាហ្សែបែហ្សង់ បានច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងអង់ការ៉ា (Ankara) កំពុងបញ្ជូនកម្លាំងទៅជួយដល់ទីក្រុង Baku។ រដ្ឋមន្ត្រីការបរទេសរបស់អាហ្សែបែហ្សង់ លោក Jeyhun Bayramov បានអះអាងថា ប្រទេសនេះ “នឹងឆ្លើយតបយ៉ាងសមស្រប” បើសិនអាមេនីដាក់ពង្រាយប្រព័ន្ធកាំជ្រួចផ្លោង Iskander ក្នុងសមរភូមិ។

    ប្រទេសអាមេនី បានបញ្ជាទិញប្រព័ន្ធកាំជ្រួចផ្លោង Iskander ចំនួន4ក្រុម រួមជាមួយនឹងកាំជ្រួចយ៉ាងតិច25គ្រាប់ដែលអាចបាញ់ក្នុងរយៈចម្ងាយ280គីឡូម៉ែត្រ ពីប្រទេសរុស្ស៊ី ដែលនេះបានធ្វើឱ្យអាមេនីក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលមានប្រព័ន្ធកាំជ្រួចផ្លោងយុទ្ធសាស្ត្រនេះ ក្រៅតែពីរុស្ស៊ី។ រថយន្តដែលមានបំពាក់ជើងទម្រសម្រាប់បាញ់កាំជ្រួចផ្លោង បានបង្ហាញខ្លួននៅក្នុងព្យុហយាត្រានៅរដ្ឋធានី Yerevan កាលពីឆ្នាំ2016។ ដោយមានសមត្ថភាពបាញ់ចំគោលដៅកម្រិតខ្ពស់ និងកម្លាំងបំផ្លាញដ៏ខ្លាំងក្លា Iskander ត្រូវបានគេវាយតម្លៃថា ជាអាវុធដែលអាចគំរាមកំហែងយ៉ាងអស្ចារ្យរបស់អាមេនី។

    សូមរំឭកថា កងទ័ពនៃប្រទេសអាមេនី និងអាហ្សែបែហ្សង់ កាលពីថ្ងៃទី27កញ្ញា បានប៉ះទង្គិចគ្នាដោយអាវុធយ៉ាងខ្លាំងក្លា នៅពេលភាគីទាំងសងខាងបានចោទដាក់គ្នាថា ជាអ្នកវាយប្រហារមុនសំដៅទៅលើគោលដៅនានានៅក្នុងតំបន់ ណាហ្គូរណូ-ការ៉ាបាក់ ដែលប្រទេសទាំងពីរកំពុងដណ្ដើមគ្នាកាន់កាប់។ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំដាក់គ្នា បានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង ក្នុងនោះមានរថក្រោះ រថពាសដែក និងក្រុមការពារដែនអាកាសជាច្រើនត្រូវបានបំផ្លាញ ខណៈដែលប្រជាជនជាច្រើននាក់ក៏ត្រូវស្លាប់ និងរងរបួសផងដែរ។

    ក្រសួងការពារជាតិអាហ្សែបែហ្សង់ បានប្រកាសថា ខ្លួនបានកម្ទេចទាហាន550នាក់ រថពាសដែក22គ្រឿង ប្រព័ន្ធការពារដែនអាកាស 9K33 Osa ចំនួន15កន្លែង យន្តហោះគ្មានមនុស្សបើក18គ្រឿង សមរភូមិកាំភ្លើងធំ8កន្លែង និងឃ្លាំងអាវុធចំនួន3 របស់ប្រទេសអាមេនី។ ក៏ប៉ុន្តែ អាមេនី បានបដិសេធសេចក្ដីប្រកាសនេះ និងបានឱ្យដឹងដែរថា ភាគីអាហ្សែបែហ្សង់ បានបាត់បង់ទាហានប្រមាណជា200នាក់ និងរថពាសដែកដល់ទៅ30គ្រឿងឯណោះ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាមេនី បាននិយាយថា ទាហាន16នាក់របស់ប្រទេសនេះបានបាត់បង់ជីវិត និង100នាក់ផ្សេងទៀតរងរបួស។

    ក្រុមអ្នកតាមដានសភាពការណ៍បានបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងអាមេនី និងអាហ្សែបែហ្សង់ កាលពីសប្ដាហ៍មុន មានសភាពខ្លាំងក្លាជាងការប្រយុទ្ធគ្នាកាលពីខែកក្កដាកន្លងទៅ ដោយសារប្រទេសទាំងពីរបានប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើននៅក្នុងសមរភូមិ។

    ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរខាងលើនេះ បានធ្វើឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានការព្រួយបារម្ភជាខ្លាំង ដោយសារថា បញ្ហានេះនឹងនាំឱ្យបាត់បង់ស្ថេរភាពនៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ លោក Putin កាលពីថ្ងៃទី27កញ្ញា ក៏បានស្នើឱ្យអាមេនី និងអាហ្សែបែហ្សង់ “ធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឡើងកម្ដៅខ្លាំងនៃការប្រយុទ្ធគ្នានេះ និងបញ្ឈប់ឥរិយាបថជាអរិភាពនឹងគ្នា”៕

    ប្រភព៖ RT

    អត្ថបទ​ទាក់​ទង​>អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

  • អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

    អាមេនី និងអាហ្សែបែហ្សង់ ផ្ទុះអាវុធដាក់គ្នា តើមកពីមូលហេតុ​អ្វីខ្លះ?

    ភាពតានតឹងមិនលេចធ្លោដែលកើតឡើងអស់ជាច្រើនទសវត្សរ៍រវាងប្រទេសអាមេនី (Armenia) និងប្រទេសអាហ្សែបែហ្សង់ (Azerbaijan) ទាក់ទងនឹងបញ្ហាដែនដីបំបែកខ្លួន បានផ្ទុះឡើងខ្លាំងក្លា និងបានក្លាយទៅជាសង្គ្រាមតូចមួយកាលពីថ្ងៃទី27កញ្ញា2020។

    កងទ័ពនៃប្រទេសអាមេនី និងប្រទេសអាហ្សែបែហ្សង់ កាលពីចុងសប្ដាហ៍កន្លងទៅ បានផ្ទុះអាវុធដាក់គ្នាយ៉ាងខ្លាំងក្លា ក្នុងគ្រាប្រទេសទាំងពីរបានចោទដាក់គ្នាថា បានវាយប្រហារមុនទៅលើគោលដៅនានានៅតំបន់ណាហ្គូរណូ-ការ៉ាបាក់ (Nagorno-Karabakh)។ ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំដាក់គ្នា បានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង ក្នុងនោះមានរថក្រោះ រថពាសដែក និងក្រុមការពារដែនអាកាសជាច្រើនត្រូវបានបំផ្លាញ ខណៈដែលប្រជាជនជាច្រើននាក់ក៏ត្រូវស្លាប់ និងរងរបួសផងដែរ។

    តំបន់ ណាហ្គូរណូ-ការ៉ាបាក់ គឺជាប្រភពនៃភាពតានតឹងដែលកើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រវាងសាធារណរដ្ឋទាំងពីរដែលធ្លាប់ស្ថិតក្នុងការគ្រប់គ្រងរបស់សហភាពសូវៀតនេះ។ ណាហ្គូរណូ-ការ៉ាបាក់ ស្ថិតក្នុងតំបន់ភាគនិរតីនៃប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែប្រជាជននៅក្នុងតំបន់នេះ ភាគច្រើនគឺជាជនជាតិអាមេនី ដែលកន្លងមកពួកគេតែងតែព្យាយាមបំបែកខ្លួនពីអាហ្សែបែហ្សង់ ដើម្បីបង្រួបបង្រួមជាមួយប្រទេសអាមេនី។

    ភាពតានតឹងនៃជម្លោះដណ្ដើមទឹកដីរបស់ប្រទេសអាមេនី និងអាហ្សែបែហ្សង់ បានកើតឡើងយ៉ាងស្ងាត់ស្ងៀមអស់ជាច្រើនឆ្នាំ ហើយបានឡើងដល់ចំណុចកំពូល នៅពេលដែលប្រទេសទាំងពីរវាយប្រហារគ្នាកាលពីខែកុម្ភៈ1988 ខណៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត និងបានអូសបន្លាយដល់ខែឧសភាឆ្នាំ1994 បន្ទាប់ពីសហភាពសូវៀតបានដួលរលំ។ ក្រោយរយៈពេល6ឆ្នាំ សង្គ្រាមក៏បានបញ្ចប់ បន្ទាប់ពីមេដឹកនាំរបស់អាមេនី អាហ្សែបែហ្សង់ ណាហ្គូរណូ-ការ៉ាបាក់ និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី15ឧសភា ឆ្នាំ1994។

    ផែនទីនៃ​ប្រទេស​អាហ្សែបែហ្សង់ និង​អាមេនី

    ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានចុះហត្ថលេខា តំបន់ ណាហ្គូរណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ថាជាដែនដីរបស់ប្រទេសអាហ្សែបែហ្សង់ ក៏ប៉ុន្តែប្រទេសនេះ ហាក់មិនអាចអនុវត្តសិទ្ធិគ្រប់គ្រងនៅលើដែនដីនេះបាន។ ប្រជាជនអាមេនីនៅក្នុងតំបន់ណាហ្គូរណូ-ការ៉ាបាក់ បានធ្វើប្រជាមតិ និងបង្កើតជា “សាធារណរដ្ឋអាតសាក់ (Artsak)” ឬហៅថា សាធារណរដ្ឋ ណាហ្គូរណូ-ការ៉ាបាក់ (Republic of Nagorno-Karabakh) ដែលមាននិន្នាការផ្ដាច់ខ្លួនចេញពីអាហ្សែបែហ្សង់ ដើម្បីបង្រួបបង្រួមជាមួយប្រទេសអាមេនី។

    “សាធារណរដ្ឋ ណាហ្គូរណូ-ការ៉ាបាក់” បានបង្កើតកងទ័ពដោយឡែក និងទទួលបានការគាំទ្រពីអាមេនី ប៉ុន្តែ អាហ្សែបែហ្សង់ មិនទទួលស្គាល់ប្រទេសនេះ និងតែងតែចង់គ្រប់គ្រងរាល់សភាពការណ៍នៅលើដែនដីនេះ។

    អាហ្សែបែហ្សង់ ធ្លាប់បានស្នើឱ្យអាមេនី ដកទ័ពគាំទ្រសាធារណរដ្ឋណាហ្គូរណូ-ការ៉ាបាក់ ចេញពីតំបន់ចំនួន7ដែលនៅជុំវិញតំបន់ ការ៉ាបាក់ (Karabakh) ដោយសន្យាថា អាហ្សែបែហ្សង់នឹងចែករំលែកប្រយោជន៍សេដ្ឋកិច្ចដល់អាមេនី។ ប៉ុន្តែ អាមេនីមិនទទួលយកការស្នើនោះ បណ្ដាលឱ្យកិច្ចចរចានានាបានធ្លាក់ទៅក្នុងភាពជាប់គាំង។

    Thomas de Waal អ្នកជំនាញការនៃតំបន់ Kavkaz (ឬំបន់ Caucasus) បានឱ្យដឹងថា៖ “នេះមិនមែនជាករណីដណ្ដើមទឹកដីតូចតាចនោះទេ តែវាបានក្លាយជាសង្គ្រាមធំទាក់ទិននឹងប្រវត្តិសាស្ត្រ និងអត្តសញ្ញាណនៃប្រទេសទាំងពីរ បណ្ដាលឱ្យមនុស្សប្រមាណជា20,000នាក់បានស្លាប់ និងជាង1លាននាក់ត្រូវជម្លៀសខ្លួន។

    កិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសអាមេនី អាហ្សែបែហ្សង់ ណាហ្គូរណូ-ការ៉ាបាក់ និងរុស្ស៊ី មិនអាចបញ្ចប់ការផ្ទុះអាវុធដាក់គ្នាទាំងស្រុងរវាងអាមេនី និងអាហ្សែបែហ្សង់ឡើយ។ កាលពីខែមេសា2016 កងទ័ពនៃប្រទេសទាំងពីរបានផ្ទុះអាវុធដាក់គ្នាអស់ជាច្រើនថ្ងៃ ធ្វើឱ្យមនុស្សប្រមាណជា200នាក់បានបាត់បង់ជីវិត ហើយវិះនឹងក្លាយជាសង្គ្រាមធំ។ ប៉ុន្តែ ក្រោយមក ជម្លោះប្រដាប់អាវុធនេះក៏ត្រូវបានសម្របសម្រួលពីភាគីរុស្ស៊ី។

    មកដល់ខែកក្កដា2020នេះ ការប៉ះទង្គិចគ្នាក៏បានកើតឡើងម្ដងទៀត នៅពេលកងទ័ពបានបាញ់កាំភ្លើងធំដាក់គ្នា នាំឱ្យទាហានអាហ្សែបែហ្សង់11នាក់ និងទាហានអាមេនី4នាក់បាត់បង់ជីវិត ក្នុងនោះក៏មានមេបញ្ជាការម្នាក់របស់អាហ្សែបែហ្សង់ផងដែរ។

    ការផ្ទុះអាវុធដាក់គ្នាកាលពីចុងសប្ដាហ៍មុនបង្ហាញថា ភាពតានតឹងនៃប្រទេសទាំងពីរ ទំនងជាបានឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត ដោយសារប្រទេសទាំងពីរបានបញ្ជូនទាំងរថក្រោះ រថពាសដែក កងកាំភ្លើងធំ និងកងទ័ពអាកាសទៅកាន់តំបន់មានជម្លោះ បើទោះជាមិនទាន់ដឹងច្បាស់ថា ភាគីណាមួយបានបាញ់ប្រហារមុនក៏ដោយ។

    កងទ័ពនៃប្រទេសទាំងពីរ បច្ចុប្បន្នសុទ្ធតែមានអាវុធដែលអាចវាយប្រហារដល់រដ្ឋធានីរបស់ប្រទេសនីមួយៗ ប៉ុន្តែប្រការនេះមិនទាន់ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធគ្នាកាលពីឆ្នាំ2016នៅឡើយ។ អ្នកជំនាញអះអាងថា ការផ្ទុះអាវុធដាក់គ្នាលើកនេះ មានសភាពធ្ងន់ធ្ងរជាងកាលពីខែកក្កដាកន្លងទៅ ព្រោះតែប្រទេសទាំងពីរ ហាក់មិនព្រមបន្ទន់ឥរិយាបថ។

    យោងតាមអ្នកជំនាញការ Tom Rogan មកពី Washington Examiner មូលហេតុមួយផ្សេងទៀតដែលនាំឱ្យជម្លោះប្រដាប់អាវុធរវាងប្រទេសអាហ្សែបែហ្សង់ និងអាមេនី លើកនេះ មានភាពស្មុគស្មាញជាងមុន នោះគឺដោយសារតួនាទីប្រកបដោយប្រវត្តិសាស្ត្រនៃប្រទេសទួរគី ដែលនៅជាប់ព្រំដែនភាគខាងលិចនៃប្រទេសអាមេនី។

    ប្រទេសទួរគី តាំងពីយូរយារមកហើយ បានសម្ដែងការខឹងក្រោធខ្លាំង បន្ទាប់ពីអាមេនីប្រកាសថា ចក្រភពអូតូម៉ង់ (Ottoman Empire) បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍សំដៅលើជនជាតិអាមេនីក្នុងចន្លោះឆ្នាំ1914ដល់ឆ្នាំ1923 បណ្ដាលឱ្យពលរដ្ឋអាមេនីប្រមាណ1.5លាននាក់បានស្លាប់។ ការចោទប្រកាន់នេះបានធ្វើឱ្យប្រធានាធិបតី Recep Tayyip Erdogan ដែលជាអ្នកមានមហិច្ឆតាកសាងកេរ្តិ៍ឈ្មោះជា “កងកម្លាំងការពារសីលធម៌ក្នុងតំបន់”។

    អាហ្សែបែហ្សង់ តាំងពីយូរមកហើយ គឺជាសម្ព័ន្ធមិត្តរបស់ទួរគី។ បន្ទាត់ព្រំដែនវែងដែលជាប់ជាមួយអាមេនី អនុញ្ញាតឱ្យទួរគីអាចដាក់សម្ពាធទៅលើប្រទេសនេះដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តអាហ្សែបែហ្សង់របស់ខ្លួន នៅក្នុងការផ្ទុះអាវុធដាក់គ្នាជាមួយនឹងអាមេនី។

    ប្រភពព័ត៌មានមួយចំនួនបានរាយការណ៍ថា កងទ័ពទួរគីបានបញ្ជូនយន្តហោះគ្មានមនុស្សបើក (UAV) ដែលបំពាក់ដោយអាវុធទំនើប វាយប្រហារទៅលើទីតាំងប្រព័ន្ធការពារដែនអាកាស និងឃ្លាំងអាវុធរបស់ប្រទេសអាមេនី ដើម្បីគាំទ្រដល់អាហ្សែបែហ្សង់។ កាលពីថ្ងៃទី27កញ្ញា ប្រធានាធិបតី Erdogan បានព្រមានថា ទួរគី “នឹងបន្តឈរខាងបងប្អូននៅអាហ្សែបែហ្សង់ ដូចអ្វីដែលបានធ្វើកន្លងមក”។

    យ៉ាងណាក៏ដោយ ក្រុមអ្នកតាមដានសភាពការណ៍ បានអះអាងថា ការប៉ះទង្គិចគ្នាដោយអាវុធរវាងប្រទេសទាំងពីរ នឹងនៅតែមានទ្រង់ទ្រាយតូចក្នុងរយៈពេលខ្លី ដោយសារតែឥទ្ធិពលរបស់រុស្ស៊ី។

    ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី27កញ្ញា បានស្នើឱ្យអាមេនី និងអាហ្សែបែហ្សង់ “ធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឡើងកម្ដៅខ្លាំងនៃការផ្ទុះអាវុធនេះ និងបញ្ឈប់ឥរិយាបថជាអរិភាពនឹងគ្នា”។

    រុស្ស៊ីមានទំនាក់ទំនងល្អជាមួយអាហ្សែបែហ្សង់ និងអាមេនី ប៉ុន្តែទីក្រុងម៉ូស្គូ រក្សាទំនាក់ទំនងផ្នែកសន្តិសុខការពារជាតិជាមួយអាមេនីប៉ុណ្ណោះ។ លោក Putin មិនចង់ឃើញការប៉ះទង្គិចប្រដាប់អាវុធរវាងអាហ្សែបែហ្សង់ និងអាមេនីនោះឡើយ ព្រោះថា បញ្ហានេះនឹងនាំឱ្យបាត់បង់ស្ថិរភាពនៅក្នុងតំបន់កភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

    Viktor Murakhovsky ដែលជាអគ្គនិពន្ធនាយកនៃទស្សនាវដ្ដី Arsenal Otechestva របស់រុស្ស៊ី បានសង្កត់ធ្ងន់ថា ការផ្ទុះអាវុធដាក់គ្នារវាងអាហ្សែបែហ្សង់ និងអាមេនី កាលពីសប្ដាហ៍មុន ពិបាកនឹងក្លាយជាសង្គ្រាម។ លោកនិយាយថា “សង្គ្រាមនឹងទាមទារឱ្យមានប្រភពកម្លាំងជាច្រើន ហើយប្រទេសទាំងពីរសុទ្ធតែមានការលំបាកក្នុងការធ្វើកំណែននានាក្នុងពេលនេះ”។

    ប្រធានាធិបតីអាហ្សែបែហ្សង់ លោក Ilham Aliyev ថ្មីៗនេះបានថ្លែងថា ប្រជាជននៃប្រទេសនេះតែប៉ុន្មានសិបនាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តចូលធ្វើសង្គ្រាម ខណៈដែលភាគីខាងអាមេនីវិញ ក៏មិនទាន់ត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើសង្គ្រាមនោះដែរ ដោយទើបតែបានធ្វើការលើកទឹកចិត្តក្នុងការធ្វើកំណែនកងទ័ព បន្ទាប់ពីមានការប៉ះទង្គិចគ្នានេះ។

    អ្នកជំនាញការ Murakhovsky យល់ថា មូលហេតុដែលនាំឱ្យកើតមានការផ្ទុះអាវុធដាក់គ្នានេះ អាចបណ្ដាលមកពីអាហ្សែបែហ្សង់ចង់បង្ហាញកម្លាំងទ័ពរបស់ខ្លួន ក្រោយពីអាមេនីបានចូលរួមធ្វើសមយុទ្ធយោធា Kavkaz-2020 និងអះអាងអំពីសម្ព័ន្ធមិត្តយោធាជាមួយរុស្ស៊ី។

    ក៏ប៉ុន្តែ នៅតែមានហានិភ័យមួយដែលគេសង្ស័យថា អាហ្សែបែហ្សង់ និងទួរគី អាចរុញច្រានជម្លោះប្រដាប់អាវុធនេះឱ្យធ្លាក់ទៅក្នុងវិបត្តិកម្រិតធ្ងន់ដោយការធ្វើសកម្មភាពជាក់ស្ដែងនៅលើដែនដីកំពុងមានជម្លោះ។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា សម្ពាធពីអន្តរជាតិពិតជាមានសារសំខាន់ក្នុងការបង្កើតសន្តិភាពឡើងវិញរវាងអាហ្សែបែហ្សង់ និងអាមេនី៕

    ប្រភព៖ RT

     

  • កំពុងលុតជង្គង់ សុំគូស្នេហ៍រៀបការ សែនរ៉ូមែនទិក លើស្ពានប្រ៊ូគ្លីន ស្រាប់តែអ្នកជិះកង់មកដល់…

    កំពុងលុតជង្គង់ សុំគូស្នេហ៍រៀបការ សែនរ៉ូមែនទិក លើស្ពានប្រ៊ូគ្លីន ស្រាប់តែអ្នកជិះកង់មកដល់…

    សម្រួលអារម្មណ៍ស្ទើរតែមិនទាន់ ព្រោះកំពុងលុតជង្គង់សុំសង្សាររៀបការយ៉ាងសែនរ៉ូមែនទិក នៅលើស្ពានអៃខន់ របស់ទីក្រុងនីវយ៉ក ហើយគូស្នេហ៍មិនទាន់ទាំងបានឆ្លើយចាសផង ស្រាប់តែអ្នកជិះកង់ម្នាក់ ក៏ជិះចូលមកចូកយកអ្នកថតរូបដួលបះជើងមុនបាត់ទៅហើយ។

    លោក គ្រីស វីហ្គោ បានលុតជង្គង់សុំគូស្នេហ៍ អ្នកនាង អ៊ែងជេលីកា រិវេរ៉ា រៀបការ នៅលើផ្លូវដើរលើស្ពានប្រ៊ូគ្លីន ទីកន្លែងនិមិត្តរូបមួយរបស់ទីក្រុងនីវយ៉ក ដោយបានស្នើសុំឱ្យលោក ចច រ៉ូហ្សារីអូ សម្លាញ់របស់គេ ធ្វើជាអ្នកថតរូបភាពក្នុងវិនាទីដ៏សំខាន់នៃជីវិតលើកនេះកាលពីថ្ងៃទី18កញ្ញាកន្លងទៅ តែនៅក្បែរនោះ គេសង្កេតឃើញមានអ្នកជិះកង់ទៅមកឥតឈប់ និងបើតាមព័ត៌មានបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ មានអ្នកជិះកង់ទៅមកក្នុងទីក្រុងនីវយ៉កច្រើនជាងប្រក្រតី ព្រោះមនុស្សម្នាជាច្រើន បានចៀសវាងពីការប្រើរថភ្លើងក្រោមដី ព្រោះមិនចង់ប្រថុយប្រថាននឹងការឆ្លងកូវីដ-19ហ្នឹងឯង។

    ខណៈពេលដែល ចច ស្ទុះចូលទៅឈរក្នុងទីតាំងថ្មីនៅលើផ្លូវសម្រាប់អ្នកជិះកង់ ដើម្បីឱ្យបានជ្រុងថតរូបបានល្អ សម្រាប់ម៉ូមេនត៍ពេលដែលគ្រិសសួរថា សុខចិត្តរៀបការជាមួយបងទេ ហើយខាងស្រីនឹងឆ្លើយតបនោះ…

    ស្រាប់តែមានអ្នកជិះកង់ម្នាក់បានមកដល់ និងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជាងថតរូបយើង រហូតដួលផ្កាប់មុខទាំង 2នាក់ តែសំណាងល្អណាស់ ដែលគ្មានអ្នកណាម្នាក់រងរបួសអីធ្ងន់ធ្ងរ ខណៈដែលគ្រិសនៅមិនទាន់លែងដៃពីគូស្នេហ៍ និងថែមទាំងងាកទៅប្រាប់យ៉ាងអស់សំណើចថា មិនអីទេ ចាំកាត់អាឆាកបុកគ្នាហ្នឹងចេញក៏បាន…។

    តែមានមិត្តភក្ដិម្នាក់ទៀតរបស់គ្រិស បានថតយកបានទិដ្ឋភាពហេតុកាណ៍នេះទាំងអស់ និងបន្ទាប់មក គ្រិសបាននាំយកឃ្លិបវីដេអូនេះទៅចែករំលែកនៅក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាម ព្រមទាំងសរសេរឃែបស្សិនទៀតផងថា “បើអ្នកណាចង់សុំគូស្នេហ៍រៀបការ កុំភ្លេចទីក្រុងនីវយ៉កណា៎”។ ក្រៅពីនេះ គ្រីសថែមទាំងបានផ្ដល់សម្ភាសជាមួយ NBC NEWYORK នៅពេលក្រោយមកទៀតផងថា ភ្លាមៗនោះលោកគិតថា តើត្រូវរង់ចាំឱ្យអ៊ែងជេលីណា ឆ្លើយយល់ព្រមសិន ឬក៏ទៅជួយលើកពួកម៉ាកមុន?។

    ចំណែកឯ អេរិក ឆយ បុរសអ្នកជិះកង់បុកអ្នកថតរូប បាននិយាយថា រូបគេត្រេកអរណាស់ ដែលគ្មានអ្នករងគ្រោះអីធ្ងន់ធ្ងរ និងចង់ឱ្យមនុស្សទាំងអស់ប្រយ័ត្នប្រយែងឱ្យខ្លាំងជាងនេះ ពេលនៅលើផ្លូវសម្រាប់ជិះកង់៕

    https://www.youtube.com/watch?v=DZ-7Gxvc_3c

    ប្រភព៖ សារព័ត៌មានបរទេស

  • ភ្លើងឆេះអគារ Huawei មានអ្នកស្លាប់ 3នាក់

    ភ្លើងឆេះអគារ Huawei មានអ្នកស្លាប់ 3នាក់

    រូបភាពដែលផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអនឡាញដោយទីភ្នាក់ងារព័ត៌មាន CCTV របស់រដ្ឋចិន បានបង្ហាញឱ្យឃើញអំពីហេតុការណ៍ភ្លើងឆេះអគារស្រាវជ្រាវអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងតុងកួន ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសុក្រ ទី25កញ្ញា ដោយមានអ្នកស្លាប់ចំនួន 3នាក់។

    អ្នកពន្លត់អគ្គិភ័យ បាននាំគ្នារូតរះទៅពន្លត់ភ្លើងនៅឯអគារស្រាវជ្រាវ ដែលមួយផ្នែកកំពុងស្ថិតក្នុងការសាងសង់នៅឡើយ។ អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់កាលពីថ្ងៃសុក្រថា មានអ្នកស្លាប់ 3នាក់ ក្រោយពីកើតហេតុការណ៍ភ្លើងឆេះដ៏ធំមួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Huawei Technologies ដែលជាក្រុមហ៊ុនដ៏ធំមួយខាងផ្នែកតិចណូឡូជីរបស់ចិន។

    តាមរបាយការណ៍របស់រដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានចាប់ផ្ដើមឡើងនៅឯអគារដែលកំពុងស្ថិតក្នុងការសាងសង់នៅឡើយ  នៅលើផ្លូវអាលីសាន ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍធ្វើជាទីតាំងសម្រាប់ការស្រាវជ្រាវ ហើយអណ្ដាតភ្លើងបានរលត់ទៅវិញ បន្ទាប់ពីភ្នាក់ងារពន្លត់អគ្គិភ័យចំនួន 140នាក់ បានផ្ដុំកម្លាំងគ្នាចូលទៅក្នុងទីតាំងនោះដើម្បីទប់ស្កាត់ភ្លើង។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុននៅមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍អគ្គិភ័យនេះបានទេ។ រដ្ឋបាលតំបន់តុងកួន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ចំណុចដែលជាដើមហេតុនៃអគ្គិភ័យនេះគឺជា “គ្រោងសាងដែកដែលនៅមិនទាន់បានប្រើការ” ដែលនៅជិតបន្ទប់ប្រតិបត្តិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាវជ្រាវរបស់ក្រុមហ៊ុន។

    ប្រភពព័ត៌មានពីអ្នកជំនាញ បានឱ្យដឹងថា បន្ទប់ប្រតិបត្តិការភាគច្រើន ធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងវត្ថុសម្ភារ ដូចគ្នានឹងការសាកល្បងបង្គោលអង់តែន 4G និង 5G ដែលពាក់ព័ន្ធនឹងមុខជំនួញស្ថានីយរបស់ Huawei។

    កាលពីពេលមុននេះ អង្គភាពពន្លត់អគ្គិភ័យ បានថ្លែងថា ភ្លើងបានឆេះចេញពីសម្ភារចម្បងៗ គឺសំឡីកប្បាសបឺតសំឡេង។

    ទាំងអស់នេះ ទីស្នាក់ការក្នុងតំបន់របស់Huawei ស្ថិតនៅក្នុងទីក្រុងភាគខាងត្បូងរបស់ហ្សឹនជិន តែមានទីស្នាក់ការធំរបស់សាខា ស្ថិតនៅក្នុងទីក្រុងតុងកួន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូរ៉េខាងត្បូងបញ្ជូននាវា39គ្រឿងទៅកាន់ព្រំដែនសមុទ្រកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់

    កូរ៉េខាងត្បូងបញ្ជូននាវា39គ្រឿងទៅកាន់ព្រំដែនសមុទ្រកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីម្នាក់ដែលត្រូវបានគេបាញ់សម្លាប់

    ទីក្រុងសេអ៊ូលបានបញ្ជូននាវាចម្បាំង នាវាល្បាតសមុទ្ររាប់សិបគ្រឿង ទៅស្វែងរកសាកសពមន្ត្រីរបស់ខ្លួនដែលត្រូវបានគេបាញ់សម្លាប់កាលពីពេលថ្មីៗនេះ បើទោះជាទីក្រុងព្យុងយ៉ាងបានព្រមានអំពីហានិភ័យនៃការរំលោភដែនសមុទ្ររបស់ពួកគេក៏ដោយ។

    កាលពីថ្ងៃទី27កញ្ញា កូរ៉េខាងត្បូងបានបញ្ជូននានាចម្បាំងចំនួន16គ្រឿង និងយន្តហោះចំនួន6គ្រឿង ខណៈដែលនគរបាលល្បាតសមុទ្របញ្ជូននាវា23គ្រឿង ទៅកាន់តំបន់ព្រំដែនសមុទ្រភាគខាងជើង (NLL) ដែលជាប់ជាមួយនឹងកូរ៉េខាងជើង ដើម្បីស្វែងរកសាកសពមន្ត្រីជលផលម្នាក់របស់ប្រទេសនេះ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់។

    សូមបញ្ជាក់ថា មន្ត្រីជលផលរបស់កូរ៉េខាងត្បូងម្នាក់បានបាត់ខ្លួនកាលពីថ្ងៃទី21កញ្ញា នៅពេលកំពុងត្រួតពិនិត្យជលផលនៅក្បែរ NLL។ កងទ័ពកូរ៉េខាងត្បូងជឿថា ក្រុមទាហានកូរ៉េខាងជើង បានបាញ់សម្លាប់មន្ត្រីរូបនេះ រួចដុតសាកសពចោល ខណៈដែលទីក្រុងព្យុងយ៉ាងបានសរសេរលិខិតផ្ញើទៅកាន់ទីក្រុងសេអ៊ូលដើម្បីសុំទោសអំពីហេតុការណ៍ដែលបានកើតឡើង និងបានអះអាងថា ពួកគេគ្រាន់តែដុតពោងរបស់មន្ត្រីរូបនេះក្រោយពីមិនបានរកឃើញសាកសព។

    នាវាចម្បាំង​កូរ៉េខាង​ត្បូង​នៅ​ក្បែរ​បន្ទាត់​ព្រំដែន​សមុទ្រ​កូរ៉េខាង​ជើង

    សកម្មភាពស្វែងរករបស់ទីក្រុងសេអ៊ូលនៅក្បែរកោះ Yeonpyeong ត្រូវបានទីក្រុងព្យុងយ៉ាងស្នើឱ្យបញ្ឈប់ជាបន្ទាន់ និងបានព្រមានថា ប្រការនេះអាចនាំឱ្យមានការរំលោភលើដែនសមុទ្ររបស់កូរ៉េខាងជើង។

    “យើងមិនដែលលើកលែងចំពោះការរំលោភណាមួយទៅលើដែនសមុទ្ររបស់យើង ហើយយើងសុំព្រមានយ៉ាងម៉ឺងម៉ាត់ដើម្បីឱ្យកូរ៉េខាងត្បូងគោរពប្រការនេះ។ យើងអំពាវនាវឱ្យកូរ៉េខាងត្បូង បញ្ឈប់ការឈ្លានពានទៅលើបន្ទាត់បែងចែកយោធានៅតំបន់សមុទ្រភាគខាងលិច ដែលវាអាចនាំឱ្យមានភាពតានតឹងកើតឡើង” នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់កូរ៉េខាងជើង KCNA ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី27កញ្ញា។

    កូន​នាវា​ល្បាត​សមុទ្រ​របស់​កូរ៉េខាង​ត្បូង​ កំពុង​ស្វែង​រក​សាក​សព​មន្ត្រី​ជលផល​ម្នាក់​ដែល​ត្រូវ​បាន​ទាហាន​កូរ៉េខាង​ជើង​បាញ់​សម្លាប់​

    ក៏ប៉ុន្តែ មន្ត្រីនគរបាលកូរ៉េខាងត្បូងម្នាក់បានសង្កត់ធ្ងន់ថា សកម្មភាពស្វែងរករបស់ពួកគេកំពុងប្រព្រឹត្តទៅប្រកបដោយភាពម៉ត់ចត់ក្នុងរង្វង់ដែនសមុទ្រភាគខាងត្បូង NLL។ មន្ត្រីខាងលើនិយាយថា៖ “យើងកំពុងបង្កើនចំនួននាវា និងកម្លាំងមនុស្សដើម្បីធ្វើការស្វែងរក”។

    ចំណែកកូរ៉េខាងជើងវិញ ក៏បានអះអាងថា នឹងប្រគល់សាកសពមន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួននោះ បើសិនជាពួកគេរកឃើញ ប៉ុន្តែ ក៏បានព្រមានថា សកម្មភាពស្វែងរកនានារបស់កងទ័ពជើងទឹកនៃប្រទេសនេះនៅក្បែរកន្លែងកើតហេតុ អាចបណ្ដាលឱ្យមានភាពតានតឹងកើនឡើងខ្ពស់។

    ទាហាន​កូរ៉េខាង​ត្បូង​ កំពុង​ល្បាត​លើ​ឆ្នេរ​នៃ​កោះ​ Yeonpyeong

    សូមរំឭកថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីថ្ងៃទី25កញ្ញា ក៏បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលក្នុងលិខិតនោះ លោក Kim បានសុំទោសប្រជាជនកូរ៉េខាងត្បូង ហើយយល់ថា ហេតុការណ៍នេះ មិនគួរកើតឡើង។ អង្គភាពចារកម្មរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ភស្ដុតាងដែលប្រមូលបាន បង្ហាញថា លោក Kim Jong-un មិនជាប់ទាក់ទងនឹងហេតុការណ៍ទាហានកូរ៉េខាងជើងបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូងនេះទេ៕

    ប្រភព៖ Yonhap/ KCNA

  • គ្រូបង្រៀនជាតិបារាំងម្នាក់ ប្រថុយនឹងការអស់ការងារធ្វើ ដោយសារតែសាក់ពេញខ្លួន តាំងពីក្បាលដល់ចុងជើង

    គ្រូបង្រៀនជាតិបារាំងម្នាក់ ប្រថុយនឹងការអស់ការងារធ្វើ ដោយសារតែសាក់ពេញខ្លួន តាំងពីក្បាលដល់ចុងជើង

    បុរសជនជាតិបារាំងម្នាក់ ស្រឡាញ់រូបភាពសិល្បៈលើរាងកាយ ខ្លាំងស្មើនឹងជីវិត មិនអាចអត់បាន រហូតដល់សាក់រូបភាពទូទាំងរាងកាយពេញ 100% តែពេលនេះ លោកកំពុងតែប្រថុយប្រថាននឹងការលែងមានការងារដែលខ្លួនចូលចិត្តធ្វើទៀតហើយ ព្រោះឪពុកម្ដាយ និងអាណាព្យាបាលសិស្សមួយចំនួន មិនអាចទទួលយកបាន។

    Sylvain Helaine បុរសដែលមានរូបភាពសាក់លើរាងកាយ ច្រើនជាងគេបំផុតនៅក្នុងប្រទេសបារាំង បានក្លាយជាព័ត៌មានធំជាងគេក្នុងសប្ដាហ៍នេះ និងបានធ្វើឱ្យកើតមានប្រធានបទ ក្នុងការជជែកតវ៉ាយ៉ាងទូលំទូលាយ ក្រោយពីលោកបានផ្ដល់បទសម្ភាសជាមួយ BFM TV ថា លោកកំពុងប្រថុយប្រថាននឹងការលែងមានការងារធ្វើ ពីអាជីពគ្រូបង្រៀន ព្រោះឪពុកម្ដាយ និងអាណាព្យាបាលសិស្សជាច្រើននាក់បានប្ដឹងតវ៉ា រឿងរូបរាងកាយរបស់លោក។

    គ្រូបង្រៀនវ័យ 35ឆ្នាំ ដែលប្រើឈ្មោះថា Freaky Hoody នៅលើបណ្ដាញសង្គម បានថ្លែងថា រូបលក្ខណៈរបស់លោក គឺជាបញ្ហារបស់មនុស្សតិចបំផុត ប្រមាណជា 1ភាគ1,000ប៉ុណ្ណោះ ហើយអាណាព្យាបាលរបស់សិស្ស ដែលតវ៉ាទាំងនោះ មិនមានកូនចៅរៀននៅក្នុងថ្នាក់ដែលលោកបង្រៀនទៀតផង តែមានបញ្ហាជាមួយស្នាមសាក់ដែលគ្របដណ្ដប់ស្ទើរតែពេញទាំងដងខ្លួន រួមទាំងផ្ទៃមុខ និងភ្នែករបស់លោក ខណៈដែលឪពុកម្ដាយ-អាណាព្យាបាលរបស់សិស្សដែលលោកបង្រៀនវិញ គ្មានបញ្ហាអ្វីឡើយ។ តែទោះជាយ៉ាងដូច្នេះក៏ដោយ លោកបែរជាមិនបានទទួលការអនុញ្ញាតឱ្យបង្រៀនសិស្សតទៅទៀតឡើយ ព្រោះស្ថាប័នដែលលោកធ្វើការឱ្យនោះ មិនត្រូវការទទួលយកការតវ៉ាណាមួយពីអាណាព្យាបាលសិស្សតទៅទៀតឡើយ ទោះជាស្នាមសាក់របស់លោក មិនមានផលប៉ះពាល់ដល់សមត្ថភាពក្នុងការបង្រៀនក៏ដោយ។ លោកបំពេញតួនាទីយ៉ាងពេញកម្លាំងសមត្ថភាព តែមានអ្នកខ្លះជឿថា មនុស្សដូចរូបលោក មិនគួរមានកន្លែងឈរជើងនៅក្នុងប្រព័ន្ធការសិក្សាអប់រំឡើយ ជាពិសេសការបង្រៀនសិស្សតូចៗ។

    សិស្សស្រីម្នាក់បាននិយាយថា ស្នាមសាក់នៅលើភ្នែករបស់លោកគ្រូ ធ្វើឱ្យនាងអត់នឹងមិនខ្លាចមិនបាន កាលពីពេលដំបូងៗ តែបែរជាឪពុកម្ដាយរបស់នាងទៅវិញទេ ដែលជំរុញថា មិនមានអ្វីគួរឱ្យខ្លាចនោះទេ ហើយពេលនេះ នាងក៏លែងមានអារម្មណ៍ខ្លាចទៀតហើយ ហើយលោកថែមទាំងជាលោកគ្រូដែលនាងចូលចិត្តរៀនជាមួយទៀតផង។

    ស្ថានការណ៍ពិសេសដោយឡែកពីគេរបស់ Freaky Hoody នេះ បានធ្វើឱ្យកើតមានជាប្រធានបទជជែកតវ៉ាគ្នានៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅ ដោយអ្នកខ្លះយល់ឃើញថា សមត្ថភាពនៃការធ្វើជាគ្រូរបស់លោក គឺជាចំណុច1 ដែលសំខាន់ ហើយអ្វីដែលគួរបង្រៀនក្មេងៗនោះ គឺការគោរពភាពខុសប្លែក និងអ្វីដែលអ្នកដទៃមាន ខណៈដែលមនុស្ស 1ក្រុមទៀត យល់ថា រូបលក្ខណៈបែបនេះ ពិបាកនឹងធ្វើចិត្តទទួលយកបានណាស់ បើសិនជាឱ្យបង្រៀនក្មេងៗផងនោះ។

    Freaky Hoody ចាប់ផ្ដើមសាក់ លើកដំបូងនៅពេលអាយុ 27ឆ្នាំ ខណៈស្នាក់អាស្រ័យនៅក្នុងទីក្រុងឡុងដ្រ៍ ដោយចាប់ផ្ដើមពីកន្លែងដើមដៃទៅ មុននឹងចំណាយពេលវេលា 8ឆ្នាំ ជាមួយនឹងប្រាក់ 5.7ម៉ឺនអឺរ៉ូទៀត សាក់ទូទាំងដងខ្លួន ដៃជើង ផ្ទៃមុខ ក្បាល បាតដៃ បាតជើង ប្រដាប់ភេទ រហូតអញ្ចាញធ្មេញ និងអណ្ដាត រហូតមកដល់រង្វង់ភ្នែក ដែលកាលពីដំបូងៗ លោកក៏ហាក់ដូចជារាងស្ទាក់ស្ទើរដែរ តែលោកនិយាយថា “ខ្ញុំនឹងមិនឈប់សាក់ទេ ព្រោះបើអ្នកស្រឡាញ់វា ក៏មិនបាច់គិតពីរឿងលុយកាក់ទេ ថ្ងៃណាមួយ ខ្ញុំនឹងគ្របទូទាំងរាងកាយដោយទឹកមឹកពណ៌ខ្មៅ…នៅពេលអ្នកឈ្លក់វង្វេងនឹងអ្វីម្យ៉ាងហើយ គ្មានទេពាក្យថាច្រើនជ្រុលពេក ដរាបណាដែលវាមិនបានបំផ្លាញសុខភាពរបស់អ្នក”។

    អតីត Sylvain ធ្លាប់ធ្វើជាគ្រូបង្រៀនសិល្បៈការការពារខ្លួន មុននឹងងាកមកធ្វើជាគ្រូបង្រៀន កាលពី 12ឆ្នាំមុន ដោយធ្វើជាគ្រូបង្រៀនបន្ថែមម៉ោងនៅសាលាបឋមសិក្សាមួយក្នុងទីក្រុងប៉ារីស និងថែមទាំងទទួលការងារក្រៅ ធ្វើជាអ្នកបង្ហាញម៉ូដ និងអ្នកសម្ដែងកំប្លែងទៀតផង។ លោកទទួលស្គាល់ថា ក្មេងខ្លះ ខ្លាចរូបរាងលក្ខណៈរបស់លោកនៅពេលដំបូងៗ តែនឹងស៊ាំធ្លាប់ ក្នុងពេលដ៏ខ្លី។

    “ខ្ញុំជាមនុស្សប្រក្រតីធម្មតា ខ្ញុំជាគ្រូបង្រៀន ហើយនៅពេលដែលលោកអ្នកនឹកឃើញឡើងភ្លាមថា មិនគួរកាត់សេចក្ដីមនុស្ស តាមរយៈរូបរាងលក្ខណៈខាងក្រៅនោះ ពេលនោះអ្វីៗគ្រប់យ៉ាង ក៏ងាយស្រួល និងសប្បាយឡើងវិញ”

    Sylvain បាននិយាយទៀតថា ការបង្រៀន គឺជាអាជីពដែលបំពេញបន្ថែមនូវអារម្មណ៍ដឹងពីភាពជោគជ័យរបស់លោកខ្លាំងបំផុត “រឿងដែលខ្ញុំស្រឡាញ់ចូលចិត្តបំផុត គឺអាចប្រមូលផ្ដុំ និងអប់រំផ្លូវចិត្តរបស់ក្មេងៗទាំងអស់ហ្នឹងបាន…បានព្យាយាមធ្វើឱ្យពួកគេក្លាយជាមនុស្សល្អ និងជួយឱ្យពួកគេសាងពិភពលោក ឱ្យកាន់តែគួរឱ្យរស់នៅខ្លាំងឡើង…”៕

    ប្រភព៖ សាព័ត៌មានបរទេស

  • ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នេះគឺជាសេចក្ដីប្រកាសមួយរបស់នាយកមជ្ឈមណ្ឌលអភិវឌ្ឍបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃគណៈកម្មការជាតិសុខាភិបាលចិន ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី25កញ្ញា។

    យោងតាមមន្ត្រីខាងលើដដែល បច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ប្រទេសចិននឹងផលិតបានវ៉ាក់សាំងCOVID-19 ចំនួន610លានឈុត។

    ចិននឹងផលិតវ៉ាក់សាំងCOVID-19 ចំនួន1ពាន់លានឈុតនៅក្នុងឆ្នាំ2021

    នៅចំពោះមុខ ការចែកចាយវ៉ាក់សាំងនឹងត្រូវផ្ដល់អាទិភាពជូនដល់បុគ្គលិកសុខាភិបាល យោធាការពារព្រំដែន និងមនុស្សចាស់ មុនពេលត្រូវផ្ដល់ជូនប្រជាជនទូទៅ។

    លោក Zheng Zhongwei មក​ពី​ គណៈកម្មការជាតិសុខាភិបាលចិន

    បច្ចុប្បន្ន ប្រទេសចិនកំពុងតែជំរុញសកម្មភាពកសាងមូលដ្ឋានសម្រាប់ការសាកល្បងវ៉ាក់សាំង និងរោងចក្រផលិតវ៉ាក់សាំង។ នៅក្នុងពេលនេះ ប្រទេសចិនកំពុងតែពិសោធវ៉ាក់សាំងចំនួន11ប្រភេទនៅលើមនុស្ស។ ក្នុងចំណោមនោះ មានវ៉ាក់សាំងចំនួន4ប្រភេទកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី3 ដែលជាដំណាក់កាលចុងក្រោយ។ មួយក្នុងចំណោមនោះ ក៏មានវ៉ាក់សាំងឈ្មោះ CoronaVac ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SinoVac ដែលបច្ចុប្បន្នត្រូវបានគេ​ទន្ទឹង​រង់​ចាំ​បំផុត៕

    ប្រភព៖ ABC News

  • លក់ទឹក រហូតដល់ក្លាយជាអ្នកមាន!! “ចុង ឆានសាន” ឆ្កែចចកឯកោ ក្លាយជាមហាសេដ្ឋីលំដាប់លេខ1 ក្នុងប្រទេសចិន កៀរ ជែក ម៉ា ទៅកៀន

    លក់ទឹក រហូតដល់ក្លាយជាអ្នកមាន!! “ចុង ឆានសាន” ឆ្កែចចកឯកោ ក្លាយជាមហាសេដ្ឋីលំដាប់លេខ1 ក្នុងប្រទេសចិន កៀរ ជែក ម៉ា ទៅកៀន

    ក្រុមទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍នៅថ្ងៃទី25កញ្ញា ថា សន្ទស្សន៍មហាសេដ្ឋីប្ល៊ូកប៊ើក បានចាត់លំដាប់ថ្នាក់ឱ្យ “ចុង សានឆាន” ស្ថាបនិកក្រុមហ៊ុន “ណងហ្វ៊ុ ស្ព្រីង” ផលិតទឹករ៉ែធម្មជាតិដាក់ដប នៅក្នុងប្រទេសចិន ក្លាយជាអ្នកដែលមានជាងគេបំផុតនៅក្នុងទឹកដីមហានាគចិន វ៉ាដាច់ ជែក ម៉ា ស្ថាបនិក “អាលីបាបា”។

    របាយការណ៍បញ្ជាក់ថា កាលពីអំឡុងដើមខែកញ្ញា ឆ្នាំ2020 លោកចុង បានក្លាយជាអ្នកមានជាងគេបំផុតលំដាប់លេខ3 នៅក្នុងប្រទេសចិន​នៅពេលដែលលោកចាប់ផ្ដើមលក់ភាគហ៊ុនដល់សាធារណជន។

    ថ្មីៗបំផុតនេះ កាលពីថ្ងៃពុធ(ទី23កញ្ញា) ទ្រព្យសម្បត្តិទាំងមូលរបស់លោក កើនឡើងដល់ 5.87ម៉ឺនលានដុល្លារអាមេរិក ច្រើនជាងលោក ជែក ម៉ា ប្រមាណជា 2ពាន់លានដុល្លារអាមេរិក។

    បច្ចុប្បន្ន លោកចុង ក្លាយជាមហាសេដ្ឋីលំដាប់ទី17 ក្នុងចំណោមកំពូលមហាសេដ្ឋី 500នាក់ លើគេក្នុងពិភពលោក។

    ក្រៅពីភាគហ៊ុននៅក្នុង ណងហ្វ៊ុ ស្ព្រីង ហើយ លោកចុង ថែមទាំងជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង “Beijing Wantai Biological Pharmacy Enterprise” ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងផ្សារហ៊ុនចិនទៀតផង។

    លោកចុង បានទទួលរហស្សនាមថា “ឆ្កែចចកឯកោ” ដោយសារតែលោក ជាមនុស្សដែលចូលចិត្តសម្ងំខ្លួននៅតែឯងៗ ខុសពីអ្នកដឹកនាំមុខជំនួញធំៗឯទៀតរបស់ចិន ហើយលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតែមិនប៉ុន្មាននាក់ប៉ុណ្ណោះនៅក្នុងប្រទេសចិន ដែលអាចបង្កើតក្រុមហ៊ុនមានតម្លៃច្រើនជាងខ្ទង់ម៉ឺនលានដុល្លារអាមេរិក បានដល់ទៅ 2ក្រុមហ៊ុន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ធ្លាក់យន្តហោះនៅអ៊ុយក្រែន បណ្ដាល​ឱ្យ​មនុស្ស​22​នាក់​​បាត់បង់ជីវិត

    ធ្លាក់យន្តហោះនៅអ៊ុយក្រែន បណ្ដាល​ឱ្យ​មនុស្ស​22​នាក់​​បាត់បង់ជីវិត

    យន្តហោះដឹកទំនិញរបស់ទ័ពអាកាសអ៊ុយក្រែន បានជួបគ្រោះថ្នាក់ និងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅពេលកំពុងត្រៀមចុះចតនៅព្រលានយន្តហោះ Chuhuiv បណ្ដាលឱ្យមនុស្សយ៉ាងតិច22នាក់បានស្លាប់។

    ទ័ពអាកាសរបស់អ៊ុយក្រែន បានប្រកាសថា៖ “ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី25កញ្ញា នៅពេលយន្តហោះ An-26 កំពុងបន្ទាបខ្លួនចុះចតនៅព្រលានយន្តហោះ Chuhuiv ក្នុងខេត្ត Kharkov។

    វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនៃប្រទេសអ៊ុយក្រែន បានបង្ហាញថា ខ្មោចយន្តហោះនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរផ្លូវល្បឿនលឿនដែលមានចម្ងាយប្រមាណ1.2គីឡូម៉ែត្រពីផ្លូវចុះចត។

    ក្រសួងមហាផ្ទៃអ៊ុយក្រែន ដំបូងឡើយបានឱ្យដឹងថា នៅលើយន្តហោះនេះមានមនុស្សចំនួន23នាក់ រួមមានបុគ្គលិក​ហោះ​ហើរ​5​នាក់​ និងសិក្ខាកាមនៃសាកលវិទ្យាល័យទ័ពអាកាសជាតិ Ivan Kozhedub ចំនួន18នាក់។ ប៉ុន្តែ ក្រោយមក មន្ត្រីនៃប្រទេសនេះបាននិយាយថា នៅលើយន្តហោះនោះមានបុគ្គលិកហោះហើរ7នាក់ និងសិក្ខាកាម20នាក់ ក្នុងនោះមាន22នាក់បានបាត់បង់ជីវិត 2នាក់រងរបួសធ្ងន់ និង3នាក់បាត់ខ្លួន។

    យន្តហោះ​ Antonov An-26

    មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ ក៏ប៉ុន្តែ ប្រភពព័ត៌មានពីកងទ័ពបានឱ្យដឹងថា យន្តហោះនេះបានប្រកាសជូនដំណឹងថា ម៉ាស៊ីនរបស់យន្តហោះជួបបញ្ហានៅមុនពេលយន្តហោះធ្លាក់។

    Antonov An-26 គឺជាយន្តហោះដឹកទំនិញប្រភេទមធ្យម ដែលត្រូវបានផលិតឡើងដោយសូវៀត ក្នុងដំណាក់កាលពីឆ្នាំ1969-1986។ យន្តហោះនេះមានម៉ាស៊ីន AI-24VT ចំនួន2 អាចហោះហើរក្នុងល្បឿន440គីឡូម៉ែត្រ/ម៉ោង និងអាចហោះបានចម្ងាយ2,500គីឡូម៉ែត្រពេលមិនមានផ្ទុកទំនិញ និង1,100គីឡូម៉ែត្រជាមួយនឹងទំនិញធ្ងន់បំផុត។

    https://www.youtube.com/watch?v=XRgYHW0NoVw

    ជាធម្មតា ក្រុមការងារហោះហើរមានចំនួន5នាក់ រួមមាន អ្នកបើកបរ2នាក់ ជាងម៉ាស៊ីន1នាក់ អ្នកបច្ចេកទេសខាងវិទ្យុទាក់ទង1នាក់ និងអ្នកគ្រប់គ្រង1នាក់។ យន្តហោះនេះ អាចដឹកទំនិញបាន5.5តោន ឬមនុស្សចំនួន40នាក់។ An-26 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកងកម្លាំងដឹកជញ្ជូនយុទ្ធសាស្ត្ររបស់សូវៀត ក៏ដូចជាការនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកដើម្បីបម្រើឱ្យគោលដៅយោធា និងស៊ីវិល។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងប្រើប្រាស់យន្តហោះ An-26 ប្រមាណជា20គ្រឿង៕

    ប្រភព៖ Aviationist