ប្រធានាធិបតីអាមេរិក បានចំណាយពេល3ថ្ងៃក្នុងការព្យាបាលនៅមន្ទីរពេទ្យ។ លោក Trump ត្រូវបានធ្វើតេស្តរកវីរុសជាច្រើនលើក រួមនឹងការប្រើប្រាស់អ៊ីកស៊ីហ្សែនជំនួយដង្ហើម ការប្រើថ្នាំ steroid និងព្យាបាលដោយវិធីសាស្ត្រសាកល្បងដែលមិនធ្លាប់មានពីមុនមក។
សម្រាប់ពលរដ្ឋសាមញ្ញ ការព្យាបាលដូចខាងលើនឹងត្រូវចំណាយប្រាក់យ៉ាងតិចជាង100,000ដុល្លារ។ អ្នកជំងឺធម្មតាអាចត្រូវធ្លាក់ទៅក្នុងវិបត្តិបំណុល បើទោះជាសេវាកម្មធានារ៉ាប់រងបានទូទាត់ជំនួសមួយផ្នែកធំក៏ដោយ។
ការចំណាយធំបំផុត មិនមែនស្ថិតក្នុងរយៈពេលនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ ប៉ុន្តែវាកើតឡើងដោយសារសេវាកម្មផ្សេងៗ ដូចជាការធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ឬការធ្វើតេស្តរកវីរុសជាបន្តបន្ទាប់ជាដើម។
លោក Trump បានសរសើរចំពោះគុណភាពនៃការថែទាំផ្នែកសុខាភិបាលដែលលោកបានទទួលពីមន្ទីរពេទ្យ Walter Reed ហើយលោកក៏បានបន្ទាបកម្រិតនៃគ្រោះថ្នាក់របស់COVID-19 ផងដែរ។
ពលរដ្ឋអាមេរិកាំងជិតកន្លះលាននាក់បានចូលពេទ្យ។ ការធ្វើតេស្តរកវីរុសដែលត្រូវធ្វើឡើងតាមកាលកំណត់ អាចត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារដោយមិនមានធានារាប់រងណាទូទាត់ជំនួស។ មានអ្នកជំងឺខ្លះត្រូវរ៉ាប់រងទៅលើការចំណាយឡើងដល់400,000ដុល្លារសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យ។
លោក Trump មិនត្រូវព្រួយបារម្ភអំពីការចំណាយទៅលើការព្យាបាលនោះទេ ព្រោះរដ្ឋជាអ្នកទូទាត់ជំនួស។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋធម្មតាវិញ នេះគឺជាបញ្ហាធំដែលគួរឱ្យព្រួយបារម្ភជាទីបំផុត។

ក្រុមហ៊ុនធានារ៉ាប់រង តែងទូទាត់ប្រាក់កាសទៅលើការធ្វើតេស្តរកវីរុសនៅពេលមានការស្នើពីវេជ្ជបណ្ឌិត ប៉ុន្តែពួកគេអាចបដិសេធ ប្រសិនបើម្ចាស់ប័ណ្ណធានារ៉ាប់រងជាអ្នកស្នើ។
រដ្ឋាភិបាលរបស់លោក Trump កាលពីខែមិថុនា បានចេញបទបញ្ជាមួយដែលបញ្ជាក់ថា បណ្ដាក្រុមហ៊ុនធានារ៉ាប់រង មិនចាំបាច់ទូទាត់ប្រាក់ចំពោះ “ការធ្វើតេស្តដើម្បីចម្រាញ់ផ្នែកសុខាភាព និងធានាសុវត្ថិភាពទូទៅនៅកន្លែងធ្វើការ”។ ជំនួសមកវិញ អ្នកជំងឺ ឬអ្នកត្រូវសង្ស័យថាអាចមានផ្ទុកវីរុស ត្រូវតែបង់ថ្លៃសេវាកម្មដូចខាងលើដោយខ្លួនឯង។
ការធ្វើតេស្តរកវីរុសCOVID-19 ពេលខ្លះពិតជាថ្លៃខ្លាំងណាស់។ បើទោះវាតែងមានតម្លៃត្រឹម100ដុល្លារ ប៉ុន្តែ មានករណីធ្វើតេស្តមួយនៅក្នុងរដ្ឋ Texas បានគិតថ្លៃដល់ទៅ6,408ដុល្លារសម្រាប់ការធ្វើតេស្តលឿន1ដង នៅក្នុងរថយន្ត។
ចំណែកថ្នាំ Remdesivir ដែលជាថ្នាំព្យាបាល COVID-19 ថ្មីមួយប្រភេទ មានតម្លៃ3,120ដុល្លារ នៅពេលទិញពីបណ្ដាក្រុមហ៊ុនធានារ៉ាប់រងឯកជន និងតម្លៃ2,340ដុល្លារបើទិញពីកម្មវិធីសាធារណៈ ដូចជា Medicare ឬ Medicaid ជាដើម។
លោក Trump ក៏ត្រូវព្យាបាលដោយថ្នាំអង្គបដិប្រាណរបស់ក្រុមហ៊ុន Regeneron ដែលបច្ចុប្បន្នស្ថិតក្នុងការប្រើប្រាស់សាកល្បង ឬប្រើប្រាស់បន្ទាន់។ ទាំង2ទម្រង់នេះ សុទ្ធតែមិនត្រូវបានគិតថ្លៃ។ ប៉ុន្តែ វានឹងផ្លាស់ប្ដូរ នៅពេលដំណាក់កាលសាកល្បងបានបញ្ចប់។ ថ្នាំទាំងនេះ ពិតជាពិបាកក្នុងការផលិត ខណៈដែលថ្នាំអង្គបដិប្រាណប្រភេទ monoclonal antibodies តែងមានតម្លៃឡើងដល់រាប់ពាន់ដុល្លារឯណោះ៕
ប្រភព៖ RT






យោងតាមផែនទីព្យាកររបស់ CNN រដ្ឋ Pennsylvania, Michigan និង Wisconsin ដែលជា “សមរភូមិយុទ្ធសាស្ត្រសំខាន់ក្នុងឆ្នាំនេះ ក៏កំពុងតែលំអៀងទៅរកក្រុមប្រជាធិបតេយ្យ។








