Category: អន្តរជាតិ

  • ពលរដ្ឋ​ចិន​​ក្នុង​ស្រុក​រាប់​លាន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ Google, ​Facebook​ ដោយ​ស្រប​ច្បាប់​ជា​លើក​ដំបូង ​ក្រោយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ត្រូវ​បាន​ហាម​ឃាត់

    ពលរដ្ឋ​ចិន​​ក្នុង​ស្រុក​រាប់​លាន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ Google, ​Facebook​ ដោយ​ស្រប​ច្បាប់​ជា​លើក​ដំបូង ​ក្រោយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ត្រូវ​បាន​ហាម​ឃាត់

    កម្មវិធីរុករក (Browser) ដែលមានឈ្មោះថា Tuber ទទួលបានការទាញយកមកប្រើប្រាស់ប្រមាណជា5លានលើកពីផ្សារលក់កម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនចិន Huawei ដោយចំណាយពេលត្រឹមតែជិត2សប្ដាហ៍ប៉ុណ្ណោះ។

    នៅក្នុងការសាកល្បងយ៉ាងស្ងាត់ស្ងៀមរយៈពេល2សប្ដាហ៍ ប្រទេសចិនបានបង្កើតឱកាសឱ្យមនុស្សរាប់លាននាក់ចូលទៅកាន់គេហទំព័រនានារបស់បរទេស ដែលធ្លាប់ត្រូវបានហាមឃាត់នៅប្រទេសនេះ ដូចជា YouTube និង Instagram ជាដើម។

    ប្រការនេះទំនងជាបង្ហាញថា រដ្ឋាភិបាលចិនកំពុងចាប់ផ្ដើលដើរដល់ចំណុចដែលត្រូវបើកសិទ្ធិឱ្យពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់អ៊ីនធើណិតបានទូលំទូលាយជាងមុន ។ ក៏ប៉ុន្តែ រដ្ឋាភិបាលចិន នៅតែបន្តតាមឃ្លាំមើលចំពោះសកម្មភាពរបស់អ្នកលេងអ៊ីនធើណិតនៅប្រទេសនេះ។

    កម្មវិធី Tuber ដែលត្រូវបាន 360 Security Technology Inc ជាអង្គភាពដែលភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលជាអ្នកបង្កើតឡើងនេះ បានបង្ហាញខ្លួនយ៉ាងស្ងាត់ស្ងៀមតាំងពីខែកញ្ញា ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រដែលត្រូវបានហាមឃាត់នៅប្រទេសចិន ដូចជា Google, Facebook ជាដើម។ អ្នកប្រើប្រាស់អ៊ីនធើណិតជាច្រើននៅប្រទេសចិន បានបង្ហាញការសប្បាយចិត្តជាខ្លាំងទន្ទឹមនឹងការចម្លែកក្នុងចិត្តនៅពេលបានទស្សនាផ្ទាល់នូវខ្លឹមសារដែលធ្លាប់ត្រូវបានរាំងខ្ទប់នានា ដោយមិនចាំបាច់ប្រើប្រាស់បណ្តាញឯកជននិម្មិត VPN (Virtual private network) ខុសច្បាប់។

    Tuber ត្រូវបានដំណើរការនៅលើបណ្ដាហាងលក់កម្មវិធីដែលគ្រប់គ្រងដោយ Huawei និងក្រុមហ៊ុនមួយចំនួនផ្សេងទៀត។ ឧបករណ៍នេះត្រូវបានទាញយកមកប្រើប្រាស់ប្រមាណជា5លានលើកពីផ្សារលក់កម្មវិធីរបស់ក្រុមហ៊ុន Huawei រាប់ចាប់តាំងពីវាបានបង្ហាញខ្លួនជាសាធារណៈ។ ក្រុមអ្នកអភិវឌ្ឍកម្មវិធី Tuber នេះ ត្រូវបានគ្រប់គ្រងដោយក្រុមលោក Zhou Hongyi។

    អាចនិយាយបានថា ទីក្រុងប៉េកាំងកំពុងចង់សាកល្បងប្រើប្រាស់ធម្យោបាយជាច្រើនផ្សេងគ្នាដើម្បីឱ្យអ្នកប្រើប្រាស់អ៊ីនធើណិតចំនួន904លាននាក់របស់ខ្លួន អាចចូលទៅកាន់គេហទំព័រដែលត្រូវបានហាមឃាត់កន្លងមក។ បើទោះជាត្រូវបានដកចេញ​ពី​អ៊ីនធើណិតដោយមិនមានការបកស្រាយកាលពីថ្ងៃទី10តុលាកន្លងទៅ ប៉ុន្តែ Tuber បានបង្ហាញថា នេះគឺជាការសាកល្បងដ៏សំខាន់មួយរបស់ទីក្រុងប៉េកាំងក្នុងបំណងឆ្ពោះទៅកាន់សេរីភាពនៃការប្រើប្រាស់អ៊ីនធើណិតនៅប្រទេសនេះ។ពលរដ្ឋចិនរាប់លាននាក់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ Google, Facebook ដោយស្របច្បាប់ជាលើកដំបូង ក្រោយរយៈពេលជាច្រើនឆ្នាំត្រូវបានហាមឃាត់

    កម្មវិធីរុករក (Browser) ឈ្មោះ​ Tuberឧបករណ៍ ឬកម្មវិធីដូចជា Tuber នេះ ក៏មានលក្ខណផងដែរ៖ បរិស្ថានដែលត្រូវបានគ្រប់គ្រង ក្នុងនោះមានសកម្មភាពតាមដាន និងចម្រាញ់ខ្លឹមសារ។ ទន្ទឹមនឹងនេះ គ្រប់គ្នាអាចបញ្ជូនព័ត៌មានឱ្យគ្នាទៅវិញទៅមកដូចធម្មតា ដែលប្រការនេះនឹងជួយឱ្យបណ្ដាក្រុមហ៊ុនក្នុងស្រុកអាចចូលមើលទិន្នន័យពីបរទេសបានងាយស្រួលជាងមុន។

    ជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលចិនបានលុបបំបាត់ VPN រាប់រយដែលត្រូវបានប្រើប្រាស់ដើម្បីឆ្លងកាត់ជញ្ជាំងភ្លើង (firewall)។ ការបង្កើតបាននូវច្រកចេញ-ចូលប្រភពអ៊ីនធើណិតសកលមួយដែលមានការអនុញ្ញាតពីរដ្ឋាភិបាលដើម្បីប្រើប្រាស់អ៊ីនធើណិត ក៏ប្រហែលជានឹងកាត់បន្ថយប្រសិទ្ធភាពរបស់បណ្ដា VPN ខុសច្បាប់នាពេលខាងមុខ។

    បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលនាំឱ្យមានការបិទ Tuber នៅឡើយ។ ចំណែកបុគ្គលិកទំនាក់ទំនងសាធារណជនរបស់ក្រុមហ៊ុន 360 Security ក៏បានបដិសេធការអធិប្បាយទាក់ទិននឹងបញ្ហានេះផងដែរ។

    យោងតាម Bloomberg កម្មវិធីរុករក Tuber ទំនងជាត្រួតពិនិត្យខ្លឹមសារមួយចំនួន រួមទាំងខ្លឹមសារនៅលើ YouTube ផងដែរ។ Tuber តម្រូវឱ្យអ្នកប្រើប្រាស់ចុះឈ្មោះលេខទូរស័ព្ទចល័តដើម្បីឱ្យអ្នកអភិវឌ្ឍអាចតាមដានសកម្មភាព ព្រោះថា រាល់លេខទូរស័ព្ទដែលប្រើប្រាស់ស្មាតហ្វូននៅប្រទេសចិន សុទ្ធតែត្រូវបាន “ស្គាល់អត្តសញ្ញាណ”។ ដូចទៅនឹងកម្មវិធីរុករកដទៃដែរ Tuber ក៏ស្នើសុំសិទ្ធិចូលទៅកាន់បញ្ជីទំនាក់ទំនងនៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់។

    Yik Chan Chin អ្នកស្រាវជ្រាវគោលនយោបាយទូរគមនាគមន៍នៃសាកលវិទ្យាមួយនៅទីក្រុង Suzhou បានឱ្យដឹងថា៖ “ប្រទេសចិនត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីថ្លឹងថ្លែងរវាងការបើកទូលាយជាងមុន និងការរក្សាស្ថិរភាពសង្គមក្នុងប្រទេស។ ប្រការដែលសំខាន់នោះគឺ ត្រូវរំដោះរលកព័ត៌មាន និងអនុញ្ញាតឱ្យពលរដ្ឋចិនអាចដោះចែករំលែកព័ត៌មាន ក៏ដូចជាយល់បានច្រើនអំពីពិភពលោកខាងក្រៅ”។

    លោក Yik Chan Chin បន្តថា៖ “ព័ត៌មានស្ដីអំពី Tuber ត្រូវបានគេផ្សព្វផ្សាយ និងចែករំលែកយ៉ាងឆាប់រហ័ស ធ្វើឱ្យពលរដ្ឋចិនមានការសប្បាយចិត្តជាខ្លាំង។ នេះគឺជាប្រការមួយដែលបញ្ជាក់ថា ពលរដ្ឋនៅប្រទេសចិន ស្រេចឃ្លានការប្រើប្រាស់អ៊ីនធើណិតទូទាំងពិភពលោក”៕

    ប្រភព៖ Bloomberg

  • ការ​បោះ​ឆ្នោះ​អាមេរិក​2020​៖ លោក​ Trump ពោរ​ពេញ​ដោយ​ថាម​ពល​ ពេល​ត្រលប់​មក​កាន់​ “ទីលាន​ប្រកួត​”

    ការ​បោះ​ឆ្នោះ​អាមេរិក​2020​៖ លោក​ Trump ពោរ​ពេញ​ដោយ​ថាម​ពល​ ពេល​ត្រលប់​មក​កាន់​ “ទីលាន​ប្រកួត​”

    បេក្ខ​ភាព​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ លោក Donald Trump បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេង​ឆ្នោត​ដំបូង​របស់​ខ្លួន​នៅ​រដ្ឋ Florida រាប់​ចាប់​ពី​ពេល​ដែល​លោក​បាន​ឆ្លង​វីរុស​COVID-19 ដែល​នេះ​គឺជា​សញ្ញា​នៃ​ការ​វិល​ត្រលប់​របស់​លោក​នៅក្នុង​ការ​ប្រជែង​ចូល​កាន់​កាប់​សេតវិមាន​ក្នុង​ឆ្នាំ​2020​។

    ប្រធានាធិបតី​ Donald Trump ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ឃោស​នា​រក​សំឡេង​ឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ Orlando Sanford ក្នុង​រដ្ឋ​ Florida កាលពីថ្ងៃទី​12​តុលា​។

    កាលពី​ថ្ងៃទី​12​តុលាដដែល​ លោក​ Trump ថ្លែង​ថា៖ “ពិត​ជា​អស្ចារ្យ​នៅ​ពេល​បាន​ត្រលប់​មក​កាន់​ស្រុក​កំណើត​ Florida ដើម្បី​បង្ហាញ​អំពី​ការ​វិល​ត្រលប់​ជា​ផ្លូវ​ការ​របស់​ខ្ញុំ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​លើក​នេះ​”។

    នៅក្បែរ​យន្ត​ហោះ​​ Air Force One ប្រធានាធិបតី​អាមេរិក ថ្លែង​ថា​៖ “យើង​កំពុង​ធ្វើ​បានល្អ​ជាង​ឆ្នាំ​2016។ យើង​នឹង​ទទួល​បាន​ជ័យ​ជំនះ​​ដ៏អស្ចារ្យ​ជាង​ជោគជ័យ​​ដែល​យើង​​បាន​ទទួល​កាលពី​4​ឆ្នាំ​មុន​”។

    “ពេល​នេះ​ ពួកគេ​ (ក្រុម​វេជ្ជបណ្ឌិត​នៅ​សេតវិមាន​) និយាយ​ថា ខ្ញុំ​លែង​មាន​វីរុស​។ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កម្លាំង​ខ្លាំង​ក្លា​។ ខ្ញុំ​នឹង​ថើប​អ្នក​គ្រប់​គ្នា​។ ខ្ញុំ​នឹង​ថើប​បុរស​ និង​ស្ត្រី​ដ៏​ស្រស់​ស្អាត​ និង​​អ្នក​​​គ្រប់​រូប​។ ខ្ញុំ​នឹង​ជូន​ដល់​អ្នក​គ្រប់​គ្នា​នូវ​​ស្នាម​ថើប​ដ៏​ផ្អែម​ល្ហែម​មួយ​” លោក​ Donald Trump និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​។

    ប្រធានាធិបតី​​ Trump មិនបា​ន​ពាក់​ម៉ាស់​នោះ​ទេ​នៅ​ពេល​លោកនិយាយ​ទៅ​កាន់​មនុស្ស​រាប់​ពាន់​នាក់​​។ លោក​ Trump បាន​អធិប្បាយ​ថា ការ​ប្រជែង​ចូល​កាន់​កាប់​សេតវិមាន​លើក​នេះ​គឺជា​ “ការ​ប្រជែង​ឆ្នោត​ដែល​សំខាន់​បំផុត​​ក្នុង​ប្រវត្តិ​​សាស្ត្រ​សហរដ្ឋ​អាមេរិក​”៕

    ប្រភព៖ RT

  • រង្វាន់ដែលគ្មានអ្នកណាចង់បាន…ចិនប្រគល់ “ស្លាកសញ្ញាខ្យងហៀន” ជូនអង្គភាពដែលមហាអន់-ធ្វើការយឺតបំផុត

    រង្វាន់ដែលគ្មានអ្នកណាចង់បាន…ចិនប្រគល់ “ស្លាកសញ្ញាខ្យងហៀន” ជូនអង្គភាពដែលមហាអន់-ធ្វើការយឺតបំផុត

    ប្រទេសចិនមានការរៀបចំពិធីប្រគល់រង្វាន់ ជារង្វាន់រូបសត្វខ្យងហៀន ដើម្បីជំរុញការធ្វើការងាររបស់អង្គភាពរបស់រដ្ឋ ឱ្យធ្វើការយ៉ាងមានប្រសិទ្ធភាព និងឈប់ធ្វើការយឺតយ៉ាវ។

    ប្រហែលជាមានអារម្មណ៍ថា សប្បាយរីករាយណាស់ បើសិនជាបានទទួលរង្វាន់ណាមួយនោះ តែប្រហែលជាមិនមែនរង្វាន់ “សញ្ញាខ្យងហៀន” នេះទេ ព្រោះធានាថា បើសិនអ្នកណាបានទទួលរង្វាន់នេះហើយ នឹងត្រូវស្ពឹកមុខគ្រប់គ្នាតែម្ដង។

    រឿងហេតុ កើតឡើងនៅក្នុងប្រទេសចិន ក្នុងមណ្ឌលជើចៀង ទីក្រុងលីស៊ុយ ដោយមានការរៀបចំពិធីប្រកាសជូនរង្វាន់ ខ្យងហៀន ចំពោះអង្គភាពផ្សេងៗនៅក្នុងតំបន់ ដែលមានអ្នកប្រគល់រង្វាន់ទាំងនោះ គឺលោក លី អ៊ី ប៉ លេខាបក្សតំបន់ និងលោក វ៉ាង ជឹង ហ្វ៊ើយ រងលេខាធិការគណៈកម្មការរបក្ស។

    គោលបំណងរបស់រង្វាន់ខ្យងហៀននេះ គឺសម្រាប់ប្រគល់ជូនអង្គភាពណា ដែលមានការបម្រើសេវាកម្មជូនប្រជាជន និងគ្រប់គ្រងចាត់ចែងការងារ ដែលមហាសែនអន់ និងយឺតយ៉ាវបំផុត។ ពានរង្វាន់នេះ បានទទួលកម្លាំងជំរុញចិត្តមកពីសត្វខ្យងហៀន ដែលមានលក្ខណៈសញ្ញាលេចធ្លោរបស់វា គឺភាពយឺតយ៉ាវ ប្រើពេលវេលាយូរ ទម្រាំនឹងវារគើមៗទៅដល់គោលដៅនោះ ត្រូវបានយកមកប្រៀបធៀបជាមួយនឹងប្រសិទ្ធភាព ការធ្វើការងាររបស់អង្គភាពរដ្ឋថា ទម្រាំតែដំណើការការងារចប់ គឺប្រើពេលវេលាធ្វើការ ប្រៀបដូចសត្វខ្យងហៀនហ្នឹងឯង(ស្ពឹក និងគើមៗ)។

    ក្នុងឆ្នាំ2020នេះ មានការប្រកាសប្រគល់រង្វាន់រួចទៅហើយ កាលពីខែសីហាកន្លងទៅ ហើយអង្គភាព ដែលទទួលបានរង្វាន់ដ៏គួរឱ្យមហាសែនមោទនភាពនេះ គឺក្រុមធនធានទឹក និងអង្គភាពរបស់មន្ទីរពេទ្យឈូនីង។ លទ្ធផលនៃការសម្រេចប្រគល់រង្វាន់ គឺបានមកពីពិន្ទុសំឡេងឆ្នោតរបស់ប្រជាជននៅក្នុងតំបន់នោះ ហើយសម្រាប់អង្គភាពដែលបានទទួលរង្វាន់ខ្យងហៀននេះ បើសិនភ័យខ្លាចថា រង្វាន់នេះនឹងនៅដិតជាប់នឹងអង្គភាពយូរតទៅទៀតនោះ សូមកុំបាច់ព្រួយកង្វល់អី ព្រោះរង្វាន់នេះ អាចនឹងត្រូវទាមទារយកទៅវិញ នៅពេលណាដែលអង្គភាពមួយនោះ មានការអភិវឌ្ឍការធ្វើការងារបានល្អប្រសើរឡើង។

    រង្វាន់ខ្យងហៀន ទទួលបានជោគជ័យក្នុងការជំរុញការធ្វើការងារបានយ៉ាងល្អ។ អង្គភាពដែលបានទទួលរង្វាន់ខ្យងហៀននេះទៅ ក្នុងអំឡុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ការធ្វើការងារ ក៏ស្វាហាប់ លឿនរហ័សឡើងយ៉ាងមើលឃើញច្បាស់ភ្លាមៗតែម្ដង។ ដូចជា គ្រោងការកសាងផ្លូវនៅក្នុងភូមិ ដែលប្រើពេលវេលាយូរ ទម្រាំនឹងរួចរាល់នោះ ក្រោយពីទទួលបានរង្វាន់នេះទៅ ក៏ស្រាប់តែរៀបចំអង្គភាពការងារចូលទៅមើលការខុសត្រូវការងារកសាងផ្លូវនោះឡើងបានភ្លាមៗ ក្នុងអំឡុងពេលមិនដល់ទាំង 10ថ្ងៃផង។ ហើយឧទាហរណ៍ 1ទៀត គឺគ្រោងការជួសជុល និងស្ដារបន្ទប់ទឹកសាធារណៈឡើងវិញ ដែលបានធ្វើរួចស្រេចជាស្ថាពរ ក្នុងរយៈពេលមិនដល់ 1ខែផង ក្រោយពីបានទទួលរង្វាន់នេះទៅ។ នេះគឺ ជារង្វាន់មួយ ដែលគួរឱ្យចាប់អារម្មណ៍មែនទែន និងគួរតែនាំយកមកប្រើជាមួយគ្រប់អង្គភាពការងារ…៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ការ​​បោះ​​ឆ្នោះ​​អាមេរិក​​2020​៖ ពលរដ្ឋ​​អាមេរិកាំង​​ឈរ​​តម្រង់​​ជួរ​តាំង​ពី​ម៉ោង​4​ទៀប​ភ្លឺ ​និង​រង់​ចាំ​8​ម៉ោង​ដើម្បី​បាន​​បោះ​​ឆ្នោតដោយ​ផ្ទាល់​ដៃ​​សម្រាប់​ការ​ជ្រើស​​រើស​​ប្រធានាធិបតី

    ការ​​បោះ​​ឆ្នោះ​​អាមេរិក​​2020​៖ ពលរដ្ឋ​​អាមេរិកាំង​​ឈរ​​តម្រង់​​ជួរ​តាំង​ពី​ម៉ោង​4​ទៀប​ភ្លឺ ​និង​រង់​ចាំ​8​ម៉ោង​ដើម្បី​បាន​​បោះ​​ឆ្នោតដោយ​ផ្ទាល់​ដៃ​​សម្រាប់​ការ​ជ្រើស​​រើស​​ប្រធានាធិបតី

    ម្ចាស់ឆ្នោតនៅក្នុងរដ្ឋ Georgia នាំគ្នាតម្រង់ជួរចាប់ពីព្រឹកព្រលឹម និងរង់ចាំអស់រយៈពេល8ម៉ោងដើម្បីបានបោះ​ឆ្នោតដោយផ្ទាល់ដៃនៅមុនថ្ងៃបោះឆ្នោតដែលបានកំណត់ ដែលនៅសល់2សប្ដាហ៍ទៀត។

    រដ្ឋ Georgia ដែលបានក្លាយជា “សមរភូមិ” សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ2020 ដោយមានកៅអីសភាជាន់ខ្ពស់ចំនួនពីរ និងអត្រានៃការគាំទ្របេក្ខភាពប្រធានាធិបតីទាំងពីររូបដែលទំនងជាប្រកៀកប្រកិតគ្នាខ្លាំង បានចាប់ផ្ដើមអនុញ្ញាតឱ្យម្ចាស់ឆ្នោត បោះឆ្នោតដោយផ្ទាល់ដៃ ចាប់ពីថ្ងៃទី12តុលា។

    រដ្ឋខាងលើនេះ ក៏បានអនុញ្ញាតឱ្យម្ចាស់ឆ្នោត ធ្វើការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ តាំងពីប៉ុន្មានសប្ដាហ៍មុន​មកម្លេះ ប៉ុន្តែ ថ្ងៃទី12តុលាគឺជាថ្ងៃដំបូងដែលម្ចាស់ឆ្នោតត្រូវបានអនុញ្ញាតឱ្យទៅកាន់មណ្ឌលបោះឆ្នោតដើម្បីជ្រើស​​រើសប្រធានាធិបតី។ មូលហេតុនៃការបោះឆ្នោតមុនកាលកំណត់បែបនេះគឺដោយសារស្ថានភាព COVID-19 មិនទាន់អំណោយផល នាំឱ្យគណៈកម្មការរៀបចំការបោះឆ្នោតត្រូវរក្សាគម្លាតសង្គម ដើម្បីជៀសវាងការឆ្លង​រាល​ដាល។

    ម្ចាស់ឆ្នោតនៅក្នុងរដ្ឋ Florida ហាក់បានយល់ដឹងអំពីសារសំខាន់នៃការបោះឆ្នោតអាណត្តិនេះ ទើបពួកគេនាំគ្នាទៅតម្រង់ជួរ ឈររង់ចាំអស់រយៈពេលជាច្រើនម៉ោង និងមានកន្លែងខ្លះ ម្ចាស់ឆ្នោតទៅតម្រង់ជួរ មុនពេលមណ្ឌលបោះឆ្នោតបើកទ្វារទៅទៀត។ មនុស្សមួយចំនួនបានទៅដល់មណ្ឌលបោះឆ្នោតតាំងពីម៉ោង4ព្រឹក និងរង់ចាំដល់​ទៅ​8ម៉ោងទើបដល់វេនចូលបោះឆ្នោត។ នេះបើតាមមន្ត្រីនៅតំបន់ Gwinnett County។

    ពលរដ្ឋអាមេរិកាំងឈរតម្រង់ជួររយៈពេល8ម៉ោងដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី
    ពលរដ្ឋ​អាមេរិកាំង​ឈរ​តម្រង់​ជួរ​តាំង​ពី​ម៉ោង​4​ទៀង​ភ្លឺ ដើម្បី​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​

    ម្ចាស់ឆ្នោតម្នាក់ឈ្មោះ Dannielle Driscoll បាននិយាយថា នាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញមនុស្សយ៉ាងច្រើនមកតម្រង់ជួរនៅជុំវិញបណ្ដាល័យ South Cobb។ នាងថ្លែងថា “នេះគឺជាសញ្ញានៃភាពវិជ្ជមាន​ផង និងអវិជ្ជមានផង។ វិជ្ជមាន ព្រោះតែគ្រប់គ្នាកំពុងចូលរួមបោះឆ្នោត ប៉ុន្តែអវិជ្ជមាន គឺព្រោះតែខ្ញុំមិនចង់តម្រង់​ជួររង់ចាំ”។

    អ្នកស្រី Janice Elliott-Howard វ័យ54ឆ្នាំ ឱ្យដឹងថា អ្នកស្រីមិនមានការភ្ញាក់ផ្អើលទេ នៅចំពោះមុខហ្វូងមនុស្ស​ដ៏ច្រើននេះ។ អ្នកស្រីយល់ថា ការបោះឆ្នោតផ្ទាល់គឺជារឿងល្អ។ “ខ្ញុំគិតថា នេះគឺជាវិធីដែលមានសុវត្ថិភាព។ អ្នកនឹងបានដឹងថា សន្លឹកឆ្នោតរបស់ខ្លួនត្រូវបានគេរាប់។ ខ្ញុំមិនជឿទៅលើការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រ ឬអ៊ីម៉េលនោះឡើយ”។

    យោងតាមទិន្នន័យដែលត្រូវបានប្រកាសកាលពីថ្ងៃទី12តុលារបស់គម្រោងបោះឆ្នោតអាមេរិកនៃសាកលវិទ្យាល័យ Florida ពលរដ្ឋជិត10.3លាននាក់នៅសហរដ្ឋអាមេរិក បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនកាលកំណត់ ដែលអត្រានេះគឺច្រើនជាងច្រើនដងបើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ2016។ មូលហេតុដែលនាំឱ្យមានម្ចាស់ឆ្នោតធ្វើការបោះឆ្នោតច្រើនមុនពេលកំណត់បែបនេះ គឺព្រោះតែពួកគេជ្រើសរើសការបោះឆ្នោតតាមរយៈការផ្ញើសំបុត្រដើម្បីរក្សាសុវត្ថិភាពនៅចំពោះ​មុខ​​មហា​រោគ​រាត​ត្បាត​COVID19៕

    ប្រភព៖ RT

  • វេជ្ជបណ្ឌិតនៅសេតវិមាន៖ “លោក Trump អវិជ្ជមាននឹងCOVID-19 ច្រើនថ្ងៃមកហើយ”

    វេជ្ជបណ្ឌិតនៅសេតវិមាន៖ “លោក Trump អវិជ្ជមាននឹងCOVID-19 ច្រើនថ្ងៃមកហើយ”

    វេជ្ជបណ្ឌិត Sean Conley បានឱ្យដឹងថា ការធ្វើតេស្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញថា លោកអវិជ្ជមានជាមួយនឹងវីរុសCOVID-19 អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ និងបានបញ្ជាក់ថា “មិនអាចចម្លងទៅអ្នកផ្សេងបានទេ”។

    “ខ្ញុំចង់និយាយថា លោក (Trump) បានទទួលលទ្ធផលអវិជ្ជមានអស់រយៈពេលច្រើនថ្ងៃជាបន្តបន្ទាប់ នៅពេលធ្វើតេស្តដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស Abbot BinaxNOW” វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley បានឱ្យដឹងដូច្នេះនៅក្នុងកំណត់ហេតុមួយដែលត្រូវបានប្រកាសប្រាប់សារព័ត៌មានកាលពីថ្ងៃទី12តុលា ខណៈដែលលោក Trump ធ្វើដំណើរទៅកាន់រដ្ឋ Florida ដើម្បីបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

    ក្រុមមន្ត្រីនៅសេតវិមានមិនបានឱ្យដឹងលម្អិតអំពីពេលវេលាជាក់លាក់នោះទេ ប៉ុន្តែបានអះអាងថា ទិន្នន័យនៃការធ្វើតេស្ត អនុញ្ញាតឱ្យក្រុមវេជ្ជបណ្ឌិតប្រចាំសេតវិមាន អាចសន្មតបានថា “ប្រធានាធិបតីលែងមានហានិភ័យក្នុងការចម្លងវីរុសទៅអ្នកដទៃទៀតហើយ”។

    វេជ្ជបណ្ឌិតនៅសេតវិមាន៖ “លោក Trump អវិជ្ជមាននឹងCOVID-19 ច្រើនថ្ងៃមកហើយ”
    វេជ្ជបណ្ឌិតប្រចាំសេតវិមាន លោក Sean Conley

    តាមបទពិសោធន៍កន្លងមក ក្រុមអ្នកវេជ្ជសាស្ត្រផ្នែករោគឆ្លងឱ្យដឹងថា អ្នកដែលបានឆ្លងវីរុសCOVID-19 អាចមិនមានរោគសញ្ញា ឬមិនមានហានិភ័យក្នុងការចម្លងវីរុសទៅអ្នកផ្សេង ប៉ុន្តែពួកគេនៅតែមានផ្ទុកវីរុសនៅក្នុងរាងកាយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី11តុលាបានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកថា លោក “ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានទាំងស្រុង” ជាមួយនឹងCOVID-19។

    សូមរំឭកថា កាលពីថ្ងៃទី2តុលា លោក Trump បានប្រកាសថា លោក និងភរិយា បានឆ្លងវីរុសCOVID-19 ហើយ​បន្ទាប់មកក៏បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធា Walter Reed ដើម្បីទទួលការព្យាបាល។ លោក Trump បានចេញពីមន្ទីរពេទ្យ និងត្រលប់មកសេតវិមានកាលពីថ្ងៃទី5តុលាដើម្បីបន្តធ្វើការនៅក្នុងការិយាល័យបណ្ដោះអាសន្នដែលស្ថិតនៅក្រោមដីដែលជាប់នឹងបន្ទប់សុខាភិបាល ដើម្បីអាចតាមដាន និងពិនិត្យសុខភាពបានភ្លាមនៅពេលមានអាការរោគណាមួយកើតឡើង។ ថ្ងៃទី7តុលា លោក Trump ក៏បានត្រលប់ចូលធ្វើការក្នុងបន្ទប់រាងពងក្រពើ (The Oval Office)។ ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសឈប់ប្រើប្រាស់ថ្នាំព្យាបាល​COVID-19 ចាប់ពីថ្ងៃទី9តុលា៕

    ប្រភព៖ Reuters

  • ទីក្រុង​ប៊ែរ​ឡាំង​ប្រកាស​​ព្រមាន​ស្ដេច​ថៃ​ថា​ “មិន​គួរ​ដឹក​នាំ​ប្រទេស​ពី​ទឹក​ដី​អាល្លឺម៉ង់”

    ទីក្រុង​ប៊ែរ​ឡាំង​ប្រកាស​​ព្រមាន​ស្ដេច​ថៃ​ថា​ “មិន​គួរ​ដឹក​នាំ​ប្រទេស​ពី​ទឹក​ដី​អាល្លឺម៉ង់”

    ទីក្រុងប៊ែរឡាំងបានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា មហាក្សត្រថៃ ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) មិនបានប្រឹងប្រែងក្នុងការដឹកនាំប្រទេសជាតិពីទឹកដីអាល្លឺម៉ង់នោះទេ ខណៈដែលមានបាតុកម្មប្រឆាំងរបបយោធាកំពុងកើតមាននៅប្រទេសថៃ។

    ប្រទេសថៃកំពុងកើតមានរលកបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយមានបាតុកររាប់ពាន់នាក់បាននាំគ្នាចេញធ្វើបាតុកម្មអំពាវនាវឱ្យធ្វើកំណែទម្រង់របបយោធានិម។ ក៏ប៉ុន្តែ មហាក្សត្រ មហាវ៉ាជីរ៉ាឡុងកន បែរជាចំណាយពេលភាគច្រើនរបស់ទ្រង់ ទៅលើការប្រថាប់នៅក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលទ្រង់ជួលសណ្ឋាគារមួយទាំងមូលសម្រាប់ក្រុមហែហមស្នាក់នៅទៅវិញ។

    “យើងបាននិយាយច្បាស់ហើយថា មិនគួរដឹកនាំនយោបាយថៃ ពីប្រទេសអាល្លឺម៉ង់នោះឡើយ” រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយដូច្នេះកាលពីសប្ដាហ៍មុន។ លោកបន្តថា៖ “បើសិនជាមានភ្ញៀវរូបណាដែលជ្រើសរើសការដឹកនាំការងារប្រទេសជាតិរបស់ពួកគេពីទឹកដីរបស់យើងខ្ញុំ យើងតែងមានបំណងទប់ស្កាត់ប្រការនោះ”។

    នៅក្នុងសភាអាល្លឺម៉ង់ តំណាងរាស្ត្រ Frithjof Schmidt មកពីបក្សបៃតង (Alliance 90/The Greens) ដែលជាបក្សប្រឆាំង បានសួរទៅលោក Maas ថា៖ “ហេតុអ្វីបានជារដ្ឋាភិបាលអាល្លឺម៉ង់ បែរជាលើកលែងចំពោះសកម្មភាពមិនប្រក្រតីនេះ? ហើយបើតាមខ្ញុំ វាគឺជាបញ្ហាខុសច្បាប់ នៅពេលមេដឹកនាំបរទេសមួយរូប ដឹកនាំនយោបាយរបស់ខ្លួននៅលើទឹកដីអាល្លឺម៉ង់បែបនេះ”។

    តំណាងរាស្ត្រ Frithjof Schmidt មកពីបក្សបៃតង (Alliance 90/The Greens)

    មហាក្សត្រថៃ ព្រះអង្គម្ចាស់ មហាវ៉ាជីរ៉ាឡុងកន ព្រះជន្ម68វស្សា តាំងពីដើមរៀងមក ព្រះអង្គសព្វព្រះទ័យនឹងការប្រថាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ជាងនៅប្រទេសថៃ។ អវត្តមានរបស់មហាក្សត្រថៃ ប្រៀបដូចជាការបន្ថែមប្រេងសាំងទៅក្នុងអណ្ដាតភ្លើងនៃចលនាប្រឆាំងរបបយោធានិយមនៃប្រទេសថៃ ខណៈដែលប្រធានបទអវិជ្ជមានជាច្រើនអំពីស្ដេចថៃដែលត្រូវបានគេលើកឡើង ក៏បង្ហាញខ្លួននៅលើទំព័រសារព័ត៌មានអាល្លឺម៉ង់។

    នៅក្នុងអំឡុងពេលនៃការដាក់បម្រាមគោចរដោយសារ COVID-19 ក្នុងឆ្នាំនេះ ស្ដេចថៃ នៅ​តែ​អាច​ចេញ​-ចូល​ប្រទេស​អាល្លឺម៉ង់​និង​ថៃ ប្រៀបដូចជាមិនអើពើដល់បទបញ្ជាបំរាមគោចរ ដោយយាងតាម Boeing 737 ដែលជាយន្តហោះផ្ទាល់របស់ព្រះអង្គ។

    រដូវក្ដៅឆ្នាំនេះ ស្ដេចថៃបានប្រទានការលើកលែងទោសដល់អតីតស្នំឯកដែលត្រូវបានឃុំខ្លួននៅប្រទេសថៃ ព្រមទាំងបាននាំស្នំរូបនេះទៅកាន់រដ្ឋ Bavaria តាមយន្តហោះផ្ទាល់របស់ទ្រង់ផងដែរ។ ស្ដេចថៃអង្គនេះ មានដំណាក់មួយនៅក្បែរបឹង ប៉ុន្តែទ្រង់ជ្រើសរើសការគង់ប្រថាប់នៅក្នុងសណ្ឋាគារ Sonnenbichl ដែលស្ថិតនៅលើជួរភ្នំ Alps ដោយមានអ្នកហែហមមួយក្រុម ក្នុងនោះត្រូវបានគេជឿថា មានទាំងស្រីស្នំក្រមការជាច្រើនរូបផងដែរ។

    ពលរដ្ឋថៃ តាំងពីយូរយ៉ារមកហើយ ត្រូវបានហាមមិនឱ្យនិយាយអាក្រក់អំពីមហាក្សត្រនិងរាជវង្ស ព្រមទាំងអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល15ឆ្នាំនៅពេលមានទោសប្រមាថមហាក្សត្រ។ ប៉ុន្តែ នៅ​ក្នុង​មួយរយៈពេលខ្លីចុងក្រោយនេះ គេមើល​ឃើញថា​មានបាតុកម្មជាច្រើនត្រូវបានធ្វើឡើងដើម្បីគាំទ្ររបបប្រជាធិបតេយ្យ ដោយមិនអើពើដល់ច្បាប់នេះ។ ​ពាក្យ​គន្លឹះ​ #whydoweneedaking​ (ហេតុ​អ្វីយើងត្រូវការស្ដេច) កំពុងតែត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម Twitter ព្រមទាំងមានបាតុករជាច្រើនបាននាំគ្នាអំពាវនាវឱ្យធ្វើកំណែទម្រង់របបយោធានិយមរបស់ប្រទេសនេះទៀតផង៕

    ប្រភព៖ Telegraph

  • ម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” ឱ្យចិន ក្នុង 1ម៉ោង បានជាង 3សែនផ្លែ

    ម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” ឱ្យចិន ក្នុង 1ម៉ោង បានជាង 3សែនផ្លែ

    ទីភ្នាក់ងារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីសប្ដាហ៍មុនថា ប្រទេសម៉ាឡេស៊ី លក់ផ្លែទុរេន “មូសាំង ឃីង” រយៈពេលត្រឹមតែ 1ម៉ោងគត់ បាន 300,000ផ្លែ តាមប្រព័ន្ធអនឡាញ។

    មូសាំង ឃីង(Musang King) ឬភាសាចិនហៅថា ម៉ៅ សានវ៉ាង ដែលប្រែថា “ស្ដេចឆ្មាព្រៃ” គឺជាទុរេនកម្រិតកំពូលរបស់ប្រទេសម៉ាឡេស៊ី ដោយជនជាតិម៉ាឡេស៊ីបានអួតអាងថា មានរសជាតិល្អបំផុតលើពិភពលោក និងមានតម្លៃ ថ្លៃជាងទុរេនប្រភេទផ្សេងៗទៀត។ តែយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ផ្លែទុរេនដែលប្រទេសចិននាំចូលទៅបរិភោគនៅក្នុងប្រទេសនោះ គឺភាគច្រើន នាំចូលពីប្រទេសថៃ។

    ការលក់ទុរេនខាងលើ បានក្លាយជាផ្នែកមួយ របស់រដូវកាលប្រពៃណីលក់ទុរេនតាមអនឡាញនៅក្នុងប្រទេសចិន(កួងស៊ី)-ម៉ាឡេស៊ីប្រចាំឆ្នាំ2020 ដោយអាចលក់ផ្លែទុរេនបានចំនួន 60តោន ក្នុងរយៈពេលតែ 50នាទី 48វិនាទី ដែលគិតជាទឹកប្រាក់ ក៏ប្រមាណជា 61.2លានរីងហ្គីត ឬប្រហែលជាង 12លានដុល្លារ។

    លោក Tong King Sing ទូតពិសេសរបស់ម៉ាឡេស៊ី ប្រចាំប្រទេសចិន បានបញ្ជាក់ថា លោកជឿជាក់ក្នុងចិត្តថា ការលក់ផ្លែទុរេនទៅប្រទេសចិន នឹងក្លាយជាគុណប្រយោជន៍ដល់ការបង្កើនតម្លៃពាណិជ្ជកម្មរួម រវាងប្រទេសទាំង2។

    កាលពីឆ្នាំ2019 ប្រទេសចិន បាននាំចូលផ្លែទុរេន 6សែនតោន គិតជាទឹកប្រាក់ ប្រមាណជា 1.7ពាន់លានដុល្លារ ដោយនៅក្នុងចំនួននោះ នាំចូលពីប្រទេសម៉ាឡេស៊ី 7,700តោន គិតជាទឹកប្រាក់ 67លានដុល្លារ។ ក្រៅពីនេះ ប្រទេសចិននៅនាំចូល សាច់ទុរេនក្លាស្សេរឹង ពីប្រទេសម៉ាឡេស៊ី គិតជាទឹកប្រាក់សរុប 41លានដុល្លារ កាលពីឆ្នាំ2018។

    កន្លងមក ប្រទេសម៉ាឡេស៊ី បានព្យាយាមបង្កើនបរិមាណការនាំចេញទុរេនទៅប្រទេសចិន ដោយដាក់ទិសដៅថា នឹងនាំចេញទាំងផ្លែទុរេនស្រស់ និងទុរេនក្លាស្សេទៅកាន់ប្រទេសចិន ជាទីផ្សារដែលពេញនិយមក្នុងការបរិភោគផ្លែទុរេន កំពុងរីកធំធាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

    តម្រូវការផ្លែទុរេនរបស់ប្រទេសចិន ថែមទាំងក្លាយជាបច្ច័យជំរុញឱ្យតម្លៃរបស់ផ្លែទុរេនម៉ាឡេស៊ី កើនឡើង ដោយកាលពីឆ្នាំ2012 កសិករចម្ការទុរេនម៉ាឡេស៊ី អាចលក់ផ្លែទុរេនបានក្នុង 1គីឡូក្រាម តម្លៃត្រឹមតែ 9រិងហ្គីត(ប្រមាណជាង 2ដុល្លារ)ប៉ុណ្ណោះ តែបច្ចុប្បន្ន តម្លៃទុរេនម៉ាឡេស៊ី បានកើនឡើងខ្ពស់ ដល់ទៅ 30រិងហ្គីតក្នុង 1គីឡូក្រាម(ប្រមាណជិត 9ដុល្លារ)។

    ប្រភព៖ សារព័ត៌មានបរទេស

     

     

  • ចិនធ្វើសមយុទ្ធ “វាយប្រហារកោះ” ដើម្បី “គំរាម” និង “សាកចិត្ត” តៃវ៉ាន់

    ចិនធ្វើសមយុទ្ធ “វាយប្រហារកោះ” ដើម្បី “គំរាម” និង “សាកចិត្ត” តៃវ៉ាន់

    យោងតាមស្ថានីយទូរទស្សន៍ជាតិចិន (CCTV) សមយុទ្ធយោធាកាលពីថ្ងៃទី10តុលា ដែលមានការចូលរួមរបស់អង្គភាពថ្មី ដូចជា យន្តហោះគ្មានមនុស្សបើក កងកម្លាំងពិសេស និងកងកម្លាំងឆត្រយោងជាដើម ក្រៅពីនេះ ក៏មានអង្គភាពជាច្រើនផ្សេងទៀតដែលមកពីតំបន់ដទៃនៅក្នុងបណ្ដាខេត្តជាប់មាត់សមុទ្រ Guangdong និង Fujian ផងដែរ។

    CCTV បានចេញផ្សាយថា៖ “សមយុទ្ធប្រកបដោយប្រសិទ្ធភាព ដោយមានវត្តមានរបស់អង្គភាពថ្មីៗ បានបង្កើនសមត្ថភាពរបស់កងទ័ពចិននៅក្នុងការវាយប្រហារឡើងគោករួម”។

    សមយុទ្ធដែលបង្ហាញអំពីការវាយប្រហារឡើងគោកទៅលើកោះមួយរបស់កងទ័ពចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី10តុលា2020 ដែលនេះត្រូវបានធ្វើឡើងចំនឹងថ្ងៃបុណ្យជាតិនៃសាធារណរដ្ឋចិន (National Day of the Republic of China) តៃវ៉ាន់។

    វីដេអូដែលត្រូវបានកងទ័ពចិនបង្ហាញជាសាធារណៈកាលពីយប់ថ្ងៃទី10តុលាបានបង្ហាញថា សមយុទ្ធត្រូវបានធ្វើឡើងណោវេលាពាក់កណ្ដាលយប់ នៅពេលកងកម្លាំងឈ្លប ចូលទៅក្បែរគោលដៅ។

    កងទ័ពចិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំធុនធ្ងន់ និងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារគោលដៅ ព្រមទាំងបានប្រើប្រាស់រថពាសដែកវាយឡើងគោក នៅក្នុងសមយុទ្ធនេះផងដែរ។

    នៅក្នុងថ្ងៃដដែលនោះ កងទ័ពចិនបានប្រកាសអំពីសមយុទ្ធបាញ់គ្រាប់ពិតមួយផ្សេងទៀតដែលនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល4ថ្ងៃ នៅក្បែរឆកសមុទ្រតៃវ៉ាន់។

    ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីដែលមិនអាចកាត់ផ្ដាច់បានរបស់ខ្លួន។ ប្រទេសនេះ បានត្រៀមរួចជាស្រេចក្នុងការរឹបអូសយកកោះតៃវ៉ាន់មកវិញតាមគ្រប់មធ្យោបាយ សូម្បីតែការប្រើប្រាស់កម្លាំងយោធា។

    កាលពីថ្ងៃទី10តុលានោះដែរ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអំពាវនាវឱ្យមានការ “ចរចាប្រកបដោយអត្ថន័យ” ជាមួយទីក្រុងប៉េកាំង ប៉ុន្តែ លោកស្រីសន្យាថានឹងនៅតែរក្សាសន្តិសុខរបស់តៃវ៉ាន់ដដែល។

    ប្រទេសចិន នៅតែបង្កើនបន្តការគំរាមកំហែងដល់កោះតៃវ៉ាន់ តាមរយៈសមយុទ្ធយោធាជាបន្តបន្ទាប់ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះនេះ។ យន្តហោះចម្បាំងរបស់ចិនជិត40គ្រឿង បានហោះកាត់ឆកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលតែមួយថ្ងៃ កាលពីខែកញ្ញាកន្លងទៅ។

    ទីប្រឹក្សាសន្តិសុខជាតិអាមេរិកាំង លោក Robert O’Brien កាលពីថ្ងៃទី7តុលា បានព្រមានចិនថា មិនគួរប្រើប្រាស់កម្លាំងយោធាវាយប្រហារកោះតៃវ៉ាន់នោះទេ។ ជាផ្លូវការ សហរដ្ឋអាមេរិកនៅតែទទួលស្គាល់គោលការណ៍ “ប្រទេសចិនតែមួយ” ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីងតោនក៏នៅតែបន្តផ្គត់ផ្គង់អាវុធដល់កោះនេះដដែល៕

    ប្រភព៖ SCMP

  • ស្ត្រីអាល់ហ្សេរ៊ី ក្រោកឡើងតវ៉ារកយុត្តិធម៌ រឿងក្ដីនាងក្រមុំ វ័យ 19ឆ្នាំម្នាក់ ត្រូវចាប់រំលោភ-ដុតទាំងរស់

    ស្ត្រីអាល់ហ្សេរ៊ី ក្រោកឡើងតវ៉ារកយុត្តិធម៌ រឿងក្ដីនាងក្រមុំ វ័យ 19ឆ្នាំម្នាក់ ត្រូវចាប់រំលោភ-ដុតទាំងរស់

    កាលពីថ្ងៃទី9 តុលា ទីភ្នាក់ងារព័ត៌មាន BBC បានរាយការណ៍ ពីការក្រោកឡើងទាមទារតវ៉ា ហេតុការណ៍រំលោភផ្លូវភេទនៅក្នុងអាល់ហ្សេរ៊ី ប្រទេសស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង ក្រោយពីនាងកញ្ញា ឆៃម៉ា អាយុ 19ឆ្នាំ ត្រូវជនល្មើសចាប់ពង្រត់ យកទៅរំលោភ មុននឹងគរភ្លើង ដុតសម្លាប់ចោលទាំងរស់ ហើយបោះសាកសពចោលនៅឯស្ថានីយប្រេងដែលគេបោះបង់ចោលមួយ នៅក្នុងទីក្រុងថេនៀ ឆ្ងាយពីទីក្រុងអាល់ហ្សេរ៍ ទៅភាគខាងកើតប្រមាណជា 80គីឡូម៉ែត្រ កាលពីថ្ងៃទី2 តុលាកន្លងទៅ។

    ទោះជាប៉ូលិសចាប់ឃាត់ខ្លួនជនសង្ស័យបានហើយ និងថែមទាំងបានឆ្លើយសារភាពហើយក្ដី តែប្រជាជនចំនួនដ៏ច្រើននៅតែចេញមកប្រមូលផ្ដុំគ្នា ដើរជាក្បួនតវ៉ាទាមទារភាពយុត្តិធម៌ឱ្យនារីរងគ្រោះឆៃម៉ា រួមទាំងដាក់សម្ពាធឱ្យរដ្ឋបាល ពន្លឿនការកែបញ្ហាអំពើហិង្សាលើកុមារ និងស្ត្រី និងលើកកម្ពស់ទណ្ឌកម្មឱ្យបានដាច់ខាតខ្លាំងឡើង។

    កាលពីពេលមុននេះ ម្ដាយរបស់ ឆៃម៉ា បាននិយាយថា កូនស្រីរបស់អ្នកស្រី ត្រូវបុរសសង្ស័យតាមរំខាន និងព្យាយាមចាប់រំលោភ តាំងពីឆៃម៉ា មានអាយុត្រឹម 15ឆ្នាំ ហើយកាលពីឆ្នាំ2016 គ្រួសាររបស់អ្នកស្រី បានដាក់ពាក្យបណ្ដឹង ដោយនឹកសង្ឃឹមថា ប៉ូលិសនឹងដំណើរការរឿងនេះ តែមិនយូរប៉ុន្មានក្រោយមក រឿងក្ដីនេះ ត្រូវបានលើកលែងការចោទប្រកាន់។

    ស្ត្រីសកម្មជនម្នាក់ ដែលចូលរួមការជំនុំនៅក្នុងទីក្រុងអាល់ហ្សេរ៍ បានផ្ដល់សម្ភាសថា “រដ្ឋបាលឈុតនេះ មិនបានជួយ ឬបង្កើតយន្តការអ្វីមួយ ដើម្បីជួយការពារជនរងគ្រោះពីការរងការយាយីខាងផ្លូវភេទទាល់តែសោះ…រដ្ឋបាលប្រាប់ថា មានច្បាប់! តែការពិតវិញ ស្ត្រីទាំងអស់នោះ ត្រូវបានទាមទារឱ្យលើកលែងទោសឱ្យជនដែលរំលោភបំពានលើពួកយើង មិនថាតែសាច់ញាតិ បងប្អូន ឬឪពុក ឬអ្នកណាក៏ដោយ”

    ស្ត្រីទាំងអស់នោះ បានដាក់ពាក្យបណ្ដឹង និងរង់ចាំយូររហូតដល់ទៅ 3-4ឆ្នាំ ដើម្បីដំណើរការរឿងក្ដី និងដើម្បីយុត្តិធម៌។ នេះជាស្ថានភាព ដែលមិនអាចទទួលយកបានឡើយ។ អាហ្សេរ៊ី គួរតែជាប្រទេសរបស់បុរស និងស្ត្រី មានភាពស្មើភាពគ្នា។

    ចំណែកក្រុម ហ្វេមីសៃដ៍ អាហ្សេរ៊ី អង្គការប្រឆាំងការសម្លាប់ស្ត្រី បានបង្ហើបឱ្យដឹងអំពីទិន្នន័យស្ថិតិថា តាំងពីដើមឆ្នាំ2020 មក អាល់ហ្សេរ៊ីមានហេតុការណ៍ឃាតកម្មលើមនុស្សស្រីដោយសារតែរឿងផ្លូវភេទ យ៉ាងតិច 38នាក់មកហើយ ខណៈដែលឆ្នាំ2019 មានស្ត្រី 60នាក់ត្រូវបានសម្លាប់ តែគេសន្និដ្ឋានថា តួលេខពិតប្រាកដ អាចនឹងខ្ពស់ជាងទិន្នន័យដែលរដ្ឋបាលអះអាង៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • អាហ្សែបែហ្សង់-អាមេនី យល់​ព្រម​ឈប់​បាញ់

    អាហ្សែបែហ្សង់-អាមេនី យល់​ព្រម​ឈប់​បាញ់

    ប្រទេសអាហ្សែបែហ្សង់ និងប្រទេសអាមេនី នឹងប្រយុទ្ធគ្នាព្រោះមូលហេតុ “មនុស្សធម៌” ដោយបានព្រមព្រៀងគ្នាដើម្បីចរចាស្វែងរកវិធីសាស្ត្រយូរអង្វែរសម្រាប់តំបន់ Nagorno-Karabakh ដែលកំពុងស្ថិតក្នុងជម្លោះដណ្ដើមសិទ្ធិកាន់កាប់។

    “ភាគីទាំងសងខាងដែលបានប្រយុទ្ធគ្នានៅ Nagorno-Karabakh បានឯកភាពគ្នាឈប់បាញ់ចាប់ពីម៉ោង12ថ្ងៃទី10តុលា (ម៉ោង15នៅកម្ពុជា) ដោយសារមូលហេតុមនុស្សធម៌។ ការព្រមព្រៀងឈប់បាញ់នេះ ត្រូវបានធ្វើឡើងដើម្បីដោះដូរអ្នកទោស និងសាកសព ដោយមានកាកបាទក្រហមអន្តរជាតិជាអាជ្ញាកណ្ដាល” នេះបើតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ដែលបាននិយាយនៅថ្ងៃនេះ បន្ទាប់ពីកិច្ចប្រជុំរយៈពេល11ម៉ោងជាមួយនឹងសមភាគីមកពីអាហ្សែបែហ្សង់ និងអាមេនី។

    លោក Sergey Lavrov បានថ្លែងថា អាមេនី និងអាហ្សែបែហ្សង់ បានឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយយូរអង្វែរសម្រាប់តំបន់ Nagorno-Karabakh។ លោកបន្តថា៖ “កិច្ចចរចានានារវាងប្រទេសទាំងពីរនឹងត្រូវបានក្រុម Minsk ជាមួយនឹងរុស្ស៊ី បារាំង និងអាមេរិកជាសហប្រធាន ធ្វើជាអាជ្ញាកណ្ដាល។

    ការព្រមព្រៀងឈប់បាញ់រវាងភាគីអាហ្សែបែហ្សង់ និងអាមេនី សម្រេចបានបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេនី និងអាហ្សែបែហ្សង់ ត្រូវបានអញ្ជើញឱ្យទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួមកិច្ចចរចាមួយដែលរៀបចំដោយក្រសួងការបរទេសរុស្ស៊ី។

    វិមានក្រឹមឡាំង (Kremlin) កាលពីថ្ងៃទី8តុលា បានឱ្យដឹងថា នៅក្នុងការពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាមេនី និងប្រធានាធិបតីអាហ្សែបែហ្សង់ លោក Putin បានស្នើឱ្យបញ្ឈប់ការធ្វើអរិភាពនឹងគ្នានៅតំបន់ Nagorno-Karabakh ដើម្បីអាចឱ្យភាគីទាំងពីរ “ដោះដូរអ្នកទោស និងសាកសព”។

    សូមបញ្ជាក់ថា Nagorno-Karabakh គឺជាខេត្តមួយនៅភាគនិរតីរបស់ប្រទេសអាហ្សែបែហ្សង់ ក៏ប៉ុន្តែ ពលរដ្ឋនៅទីនេះ ភាគច្រើនជាជនជាតិអាមេនី ដែលពួកគេតែងស្វែងរកវិធីដើម្បីផ្ដាប់ខ្លួនពីអាហ្សែបែហ្សង់ ក្នុងបំណងបង្រួបបង្រួមទៅក្នុងប្រទេសអាមេនី។ ផ្ទៃដីភាគច្រើននៅក្នុងតំបន់មានជម្លោះនេះ ត្រូវបានកាន់កាប់ដោយកងកម្លាំងផ្ដាច់ខ្លួនដែលស្និទ្ធនឹងអាមេនី។

    ជម្លោះដណ្ដើមទឹកដីក្នុងតំបន់ខាងលើ បានផ្ទុះឡើងជាការប្រយុទ្ធគ្នាអស់រយៈពេល6ឆ្នាំរវាងអាហ្សែបែហ្សង់ជាមួយនឹងអាមេនី រាប់ចាប់ពីខែកុម្ភៈឆ្នាំ1988 ដល់ខែឧសភា1994។ ចាប់ពីឆ្នាំ1994 បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចចរចាជាច្រើនផ្សេងទៀត តំបន់នេះនៅតែកើតមានការប៉ះទង្គិចគ្នារប៉េះរប៉ោះជាហូរហែ។

    ការប្រយុទ្ធគ្នាចុងក្រោយរវាងអាមេនី និងអាហ្សែបែហ្សង់ នៅតំបន់ Nagorno-Karabakh និងតំបន់ក្បែរខាង ដែលបានកើតឡើងចាប់ពីថ្ងៃទី27កញ្ញា2020 នេះ គឺជាជម្លោះប្រដាប់អាវុធដែលមានសភាពធ្ងន់ធ្ងរជាងគេបង្អស់ក្នុងអំឡុងជាច្រើនឆ្នាំកន្លងមក។ ការប្រយុទ្ធគ្នាដែលបានអូសបន្លាយពេលជាច្រើនថ្ងៃមកនេះ បានសម្លាប់ទាហាន និងជនស៊ីវិលរបស់ភាគីទាំងសងខាង ប្រមាណ400នាក់៕

    ប្រភព៖ RIA Novosti