Category: អន្តរជាតិ

  • រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់ នៅសហរដ្ឋអាមេរិក

    រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់ នៅសហរដ្ឋអាមេរិក

    សហរដ្ឋអាមេរិក ជាលើកដំបូងបានកត់ត្រាតួលេខអ្នកស្លាប់ដោយសារCovid-19 ជាង2,000ករណីនៅក្នុងមួយថ្ងៃ រាប់​ចាប់​ពី​ខែ​ឧសភា ពោលគឺមានន័យថា រៀងរាល់40វិនាទី មានអ្នកជំងឺCovid-19 ម្នាក់បានបាត់បង់ជីវិត។

    សហរដ្ឋអាមេរិកដែលជាសម្បុកវីរុសCovid-19 ធំជាងគេលំដាប់ទីមួយក្នុងពិភពលោក បានរកឃើញអ្នកឆ្លងវីរុសសរុប 13,137,962នាក់ និងស្លាប់សរុប268,219នាក់ ក្នុងនោះមានករណីវិជ្ជមានថ្មីចំនួន186,409នាក់ និង​ស្លាប់​ថ្មី​ចំនួន​2,367​នាក់​នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។

    យោងតាមសារព័ត៌មាន Reuters កាលពីថ្ងៃទី24វិច្ឆិកា សហរដ្ឋអាមេរិកមានអ្នកជំងឺCovid-19 ដល់​ទៅ​2,157​នាក់បានស្លាប់នៅក្នុងអំឡុង24ម៉ោង ពោលគឺមានន័យថា រៀងរាល់40វិនាទី Covid-19 សម្លាប់បានមនុស្សម្នាក់។ នេះគឺជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ជាង2,000នាក់នៅក្នុងមួយថ្ងៃដោយ​សារ​Covid-19 បើរាប់ចាប់ពីខែឧសភា។ តួលេខអ្នកជំងឺCovid-19 ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃ​ទី​25វិច្ឆិកាមានចំនួនជាង88,000ករណី ខណៈដែលបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន2.3លាននាក់នៅក្នុង​រយៈ​ពេល2សប្ដាហ៍កន្លងទៅ។

    នៅទូទាំងពិភពលោក វីរុស​ Covid-19 បានឆ្លងទៅមនុស្សសរុប​ចំនួន​ 60,715,719នាក់ និងបានសម្លាប់មនុស្សចំនួន 1,426,734នាក់ ក្នុងនោះ អ្នកជំងឺបានកើនឡើងជាង575,730នាក់ និងអ្នកស្លាប់កើនឡើង​11,486​នាក់ ​ខណៈ​អ្នក​ជំងឺ​42,028,241​នាក់បានជាសះស្បើយ។ ចំណែកអ្នកជំងឺកំពុងព្យាបាលមានចំនួន​17,260,744​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ 103,933នាក់កំពុងប្រឈមនឹងការស្លាប់៕

    ប្រភព៖ Reuters, Worldometers

     

  • Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំ

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំ

    ប្រធានាធិបតីអាមេរិក លោក Donald Trump បានចូលរួមពិធីលើកលែងទោស ឬរំដោះគ្រោះដល់មាន់ដាំងដុងដែលមានឈ្មោះថា Corn ដែលជាព្រឹត្តិការណ៍ប្រពៃណីពិសេសមួយនៅសេតវិមាន ក្នុងឱកាសបុណ្យអំណរគុណ (Thanksgiving)។

    “Corn ខ្ញុំលើកលែងទោសទាំងស្រុងដល់អ្នក” លោក Donald Trump បានប្រកាសយ៉ាងដូច្នេះ នៅក្នុងពិធីលើកលែងទោស ឬរំដោះគ្រោះដល់សត្វមាន់បារាំង (មាន់ដាំងដុង) នៅក្នុងសួនកុលាបនៃសេតវិមានកាលពីថ្ងៃ​ទី​24​វិច្ឆិកា។ Corn ត្រូវបាននាំយកពីរដ្ឋ Iowa មកកាន់ទីក្រុងវ៉ាស៊ីងតោន ដើម្បីចូលរួមពិធីខាងលើនេះ។ ការប្រារព្ធពិធីលើកលែងទោសទៅតាមប្រពៃណីនេះ មានអត្ថន័យថា ជាការដោះលែងជីវិតសត្វឱ្យរួចផុតពីការក្លាយជាចំណីរបស់មនុស្សនៅក្នុងថ្ងៃបុណ្យអំណរគុណ។ ក្រុមមនុស្សដែលចូលរួមក្នុងពិធីនេះ បន្ទាប់មកក៏នាំគ្នាទះដៃអបអរសាទរ។

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំនៅមុនពិធីនេះ Corn និងមាន់ដាំងដុង1ក្បាលផ្សេងទៀត ត្រូវបាននាំមកកាន់រដ្ឋធានីវ៉ាស៊ីងតោនកាលពីថ្ងៃ​ទី​22​វិច្ឆិកា និងបានសម្រាកនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់ Willard នៅក្បែរសេតវិមាន។ ការជ្រើសរើសតាម​អន​ឡាញ​មួយក៏ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល24ម៉ោង ដើម្បីឱ្យពលរដ្ឋអាមេរិកាំង បោះឆ្នោតជ្រើស​រើស​ថា គួរ​យក​ Corn ឬ Cob ទៅកាន់សេតវិមានដើម្បីឱ្យប្រធានាធិបតីលើកលែងទោស។

    Trump លើក​លែង​ទោស​និង​រំដោះ​គ្រោះ​ដល់​មាន់​ដាំង​ដុង​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​អំណរ​គុណ​ប្រចាំ​ឆ្នាំពិធីលើកលែងទោសដល់មាន់បារាំងនៅក្នុងថ្ងៃបុណ្យអំណរគុណរបស់សេតវិមាននេះ ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ1947 ក្នុងសម័យប្រធានាធិបតី Harry Truman ក្រោយមកត្រូវបាន George H.W. Bush ប្រែក្លាយឱ្យវាទៅជាទំនៀមទម្លាប់របស់សេតវិមានចាប់ពីឆ្នាំ1989។ ក្រោយពិធីរំដោះគ្រោះ ឬពិធីលើកលែងទោសនេះ មាន់ទាំងពីរសុទ្ធតែត្រូវបានបញ្ជូនចេញពីសេតវិមាន និងត្រលប់ទៅរស់នៅក្នុងសកិដ្ឋាននៅក្នុងសាកលវិទ្យា​ល័យ​នៃរដ្ឋ Iowa ដើម្បីទទួលភ្ញៀវទេសចរណ៍មកទស្សនាចាប់ពីថ្ងៃទី5 ខែធ្នូ៕

    ប្រភព៖ Reuters

  • តួលេខអ្នកឆ្លងCovid-19 ទូទាំងពិភពលោកកើនដល់ជាង 60លាននាក់ ខណៈកម្ពុជាមាន307នាក់

    តួលេខអ្នកឆ្លងCovid-19 ទូទាំងពិភពលោកកើនដល់ជាង 60លាននាក់ ខណៈកម្ពុជាមាន307នាក់

    ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ បានឱ្យដឹង បានរកឃើញករណីវិជ្ជមាននឹងCovid-19 ចំនួន1ករណីបន្ថែមទៀត ដែលនេះបាននាំឱ្យតួលេខសរុបកើនដល់307នាក់ ស្របពេលដែលពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសជាង60លាននាក់។

    ការឆ្លងថ្មី1ករណីខាងលើនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី24វិច្ឆិកា ហើយអ្នកជំងឺគឺជាបុរសជនជាតិនេប៉ាល អាយុ37ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ បុរសនេះបានធ្វើដំណើរពីប្រទេសនេប៉ាល់ទៅកាន់ដូហា និង​បន្ត​ជើង​ហោះ​ហើរ​នៅកូរ៉េខាងត្បូងមុននឹងមកដល់កម្ពុជានៅថ្ងៃទី11វិច្ឆិកា។

    គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសCovid-19 សរុបចំនួន307នាក់ ក្នុងនោះមាន298នាក់បានជាសះស្បើយ និង9នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

    ដោយឡែក នៅទូទាំងពិភពលោកវិញ វីរុសCovid-19 បានឆ្លងទៅមនុស្សចំនួន 60,099,771នាក់ ក្នុង​នោះ​មាន​1,414,621​នាក់​បាន​ស្លាប់ និង41,549,934នាក់បានជាសះស្បើយ ខណៈ17,135,216នាក់កំពុងសម្រាកព្យាបាល៕

  • អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

    អភ័យឯកសិទ្ធិដំបូងៗដែល Biden នឹងទទួលបានក្នុងគ្រាប្រគល់និងទទួលអំណាច

    ក្រុមរបស់លោក Joe Biden នឹងទទួលបានប្រាក់ជាង6លានដុល្លារ និងអភ័យឯកសិទ្ធិផ្នែកសន្តិសុខជាច្រើនផ្សេងទៀត បន្ទាប់ពី GSA ប្រកាសអំពីការចាប់ផ្ដើមដំណើរការប្រគល់អំណាច។

    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ដោយបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។ នេះជាសញ្ញាបង្ហាញថា GSA នឹងចុះហត្ថលេខលើលិខិតស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។

    GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។

    ជាមួយនឹងលិខិតប្រកាសខាងលើរបស់ប្រធានា GSA ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden និងក្រុមរបស់លោកនឹងចាប់ផ្ដើមទទួលបានអភ័យឯកសិទ្ធិជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុ និងសន្តិសុខ ដើម្បីត្រៀមសម្រាប់ដំណើរការនៃការទទួលគ្រប់គ្រងអំណាចប្រកបដោយរលូន។

    ក្រុមរបស់លោក Biden ពេលនេះ អាចចាប់ផ្ដើមប្រើប្រាស់ខ្ទង់ថវិកា 6.3លានដុល្លារនៃកញ្ចប់ថវិការបស់រដ្ឋដែលបានត្រៀមសម្រាប់ការប្រគល់ និងទទួលអំណាច ក៏ដូចជាការទៅបំពេញការងារនៅតាមស្ថាប័ននានារបស់រដ្ឋាភិបាលកណ្ដាលដើម្បីស៊ាំជាមួយនឹងដំណើរការនៃការទទួលអំណាច ទៅតាមច្បាប់ប្រគល់តំណែងប្រធានាធិបតី។

    លោក Biden ក៏នឹងទទួលបានរបាយការណ៍លម្អិតអំពីការគំរាមកំហែងផ្នែកសន្តិសុខដែលទាក់ទិននឹងអាមេរិក ក៏ដូចជាសកម្មភាពយោធា និងយុទ្ធនាការសម្ងាត់ដែលកំពុងត្រូវបានធ្វើឡើង។

    បន្ទាប់ពីសេចក្ដីប្រកាសរបស់ GSA មេដឹកនាំនៃបណ្ដាស្ថាប័នរដ្ឋបាលកណ្ដាលអាចចាប់ផ្ដើមធ្វើការជាមួយនឹងសមាជិកក្នុងក្រុមរបស់លោក Biden ដើម្បីត្រៀមសម្រាប់ដំណើរការនៃការប្រគល់អំណាច នៅពេលដែលលោក Biden នឹងចូលកាន់តំណែងនៅថ្ងៃទី20មករា2021។

    ក្រុមមន្ត្រីរដ្ឋបាលកណ្ដាលក៏អាចចាប់ផ្ដើមផ្ដល់លិខិតស្នាមផ្នែកសន្តិសុខជូនដល់សមាជិកក្នុងក្រុមរបស់លោក Biden និងក្រុមមនុស្សដែលត្រូវបានតែងតាំងទៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ លិខិតស្នាមនេះនឹងអនុញ្ញាតឱ្យពួកគេចូលទៅកន្លែងដែលមានការការពារយ៉ាងតឹងរ៉ឹង និងអាចទទួលបានព័ត៌មានសម្ងាត់ផងដែរ។

    ក្រុមរបស់លោក Biden នឹងទទួលបានតំណភ្ជាប់អ៊ីនធើណិតដែលមានឈ្មោះដែនគេហទំព័រ (domain name) ជារដ្ឋាភិបាលអាមេរិក ដើម្បីបង្កើតទំព័រនៃគេហទំព័រ និងអ៊ីម៉េល។

    ការសម្រេចចិត្តទទួលស្គាល់របស់ GSA អាចជំរុញឱ្យដំណើរការនៃការប្រគល់អំណាចប្រព្រឹត្តទៅបានលឿនជាងមុន។ លោក Biden បានចាប់ផ្ដើមធ្វើសកម្មភាពទាក់ទងនឹងការទទួលអំណាច ក្នុងនោះមានដូចជាការជ្រើសរើស និងឧទ្ទេសនាមសមាជិករបស់រដ្ឋាភិបាលថ្មី ក៏ដូចជាការប្រជុំជាមួយក្រុមហ៊ុនសំខាន់ៗ មានដូចជាក្រុមហ៊ុនផលិតឱសថដែលកំពុងស្រាជ្រាវវ៉ាក់សាំងជាដើម រួមនឹងការធ្វើទំនាក់ទំនងទៅកាន់ក្រុមមេដឹកនាំអឺរ៉ុបដើម្បីកែលម្អទំនាក់ទំនងរវាងប្រទេសនៃឆ្នេរមហាសមុទ្រអាត្លង់ទិកទាំងពីរនេះផងដែរ៕

    ប្រភព៖ Reuters

  • (វីដេអូ) យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ​​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអែរ​​នៅ​លើ​តំបន់​ពិសោធន៍​និង​ហ្វឹក​ហាត់​យោធា​ Nevada

    (វីដេអូ) យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35A ​​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអែរ​​នៅ​លើ​តំបន់​ពិសោធន៍​និង​ហ្វឹក​ហាត់​យោធា​ Nevada

    កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចូលរួមធ្វើលំហាត់សាកល្បងទៅលើយន្តហោះចម្បាំង F-35A ដោយការទម្លាក់គ្រាប់បែកនុយក្លេអែរ B61-12 ក្លែងក្លាយកាលពីខែសីហា ប៉ុន្តែ វីដេអូទើបតែត្រូវបានគេបញ្ចេញកាលពីពេលថ្មីៗនេះ។

    មន្ទីរពិសោធន៍ជាតិ Sandia និងមន្ទីរពិសោធន៍ជាតិ Los Alamos រួមជាមួយនឹងកងទ័ពអាកាសអាមេរិក ​កាល​​ពី​​ថ្ងៃ​ទី​25​សីហា ​បានប្រើប្រាស់យន្តហោះចម្បាំង F-35A ដើម្បីធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរក្លែង​ក្លាយ​​ B61-12 ដែលមានរូបរាង និងទម្លន់ស្មើនឹងគ្រាប់បែកនុយក្លេអែរពិត ប៉ុន្តែវាមិនមានរំសេវ សារធាតុវិទ្យុសកម្ម ឬឧបករណ៍អេឡិចត្រូនិកនោះទេ។ ការសាកល្បងនេះត្រូវបានធ្វើឡើងនៅឯទីលាន Tonopah ដែលស្ថិតក្នុងតំបន់ពិសោធន៍និងហ្វឹកហាត់យោធា Nevada។

    វីដេអូស្ដីអំពីការសាកល្បង ឬការហ្វឹកហាត់ដែលត្រូវបានប្រកាសដោយមន្ទីរពិសោធន៍ជាតិ Sandia កាលពីថ្ងៃ​ទី​23​វិច្ឆិកា បង្ហាញថា គ្រាប់បែក B64-12 ត្រូវបានទម្លាក់ចេញពីប្រព័ន្ធបំពាក់អាវុធរបស់យន្តហោះចម្បាំង F-35A នៅ​លើកម្ពស់ជាង 3,000ម។ គ្រាប់បែកនេះបានបង្វិលខ្លួនពេលកំពុងធ្លាក់ចុះ និងចំណាយពេលប្រហែល​42​វិនាទី​មុន​នឹងសំដៅចំគោលដៅ។

    (វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរ
    យន្ត​ហោះ​ចម្បាំង​ F-35A

    Steven Samuels អ្នកគ្រប់គ្រងក្រុមដែលទទួលខុសត្រូវលើប្រព័ន្ធរបស់ B61-12 នៃមន្ទីរពិសោធន៍ជាតិ Sandia បានឱ្យដឹងថា “នេះគឺជាការពិសោធដំបូងដើម្បីពិនិត្យលើប្រព័ន្ធម៉ាស៊ីន អេឡិចត្រូនិក ទំនាក់ទំនង និង​ការទម្លាក់រវាងយន្តហោះ F-35A និងគ្រាប់បែក B61-12។ ការសាកល្បងថ្មីបំផុតនេះគឺជាផ្នែកមួយនៃកម្​មវិធី​ F-35A និង B-61-12”។

    យន្តហោះចម្បាំង F-35A ធ្លាប់បានចូលរួមធ្វើការហ្វឹកហាត់ និងសាកល្បងទម្លាក់គ្រាប់បែកក្លែងក្លាយ B61-12 កាលពីខែមិថុនា2019។ ការសាកល្បងនេះគឺមានបំណងដើម្បីធានាឱ្យបានប្រាកដថា គ្រាប់បែកនុយក្លេអែរ B61-12 ដែលត្រូវទម្លាក់ពី F-35A នឹងដំណើរការនៅពេលចាំបាច់ និងមិនទាមទារលក្ខខណ្ឌផ្សេង”។ របាយការណ៍​កាល​ពី​ឆ្នាំ​2007 ​បាន​ឱ្យ​ដឹង​ថា​ ស្ថាប័ន​ដែល​បាន​ចូលរួមធ្វើការសាកល្បងនេះមានសង្ឃឹមថា គ្រាប់បែក​នុយ​ក្លេអែរ B61-12 នឹងត្រូវបាន​បំពាក់​ទៅ​ឱ្យ​យន្ត​ហោះ​ចម្បាំង​ F-35A​ របស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ​2020​នេះ។

    (វីដេអូ) យន្តហោះចម្បាំងបំបាំងកាយ F-35A ធ្វើលំហាត់ទម្លាក់គ្រាប់បែកនុយក្លេអែរគ្រាប់បែកនុយក្លេអែរយុទ្ធសាស្ត្រ B61-12 អាចត្រូវបានបំពាក់ប្រព័ន្ធនាំផ្លូវពីផ្កាយរណប ក្បាលគ្រាប់នុយក្លេអែរ​ដែល​មានកម្លាំងស្មើនឹងរំសេវ TNT 50,000តោន។ ចំណែកទំហំវិញ គឺតូចល្មមដែលអាចដាក់បានយ៉ាងល្អនៅក្នុងយន្តហោះចម្បាំង F-35A។

    កម្មវិធីកែលម្អ B61-12 ត្រូវចំណាយប្រាក់សរុប 10ពាន់លានដុល្លារ ក្នុងនោះ គ្រាប់បែក1គ្រាប់ៗមានទម្ងន់ 320​គីឡូក្រាម និងមានតម្លៃ28លានដុល្លារអាមេរិក ដែលតម្លៃនេះខ្ពស់ជាង1.5ដងបើធៀបនឹងតម្លៃមាសសុទ្ធដែលមានទម្ងន់ដូចគ្នា។ ​សហរដ្ឋ​អាមេរិក​មាន​ផែនការផលិតគ្រាប់បែកនុយក្លេអែរ B61-12 ដែលមានអាយុកាល​20​ឆ្នាំចំនួន500គ្រាប់ ដើម្បីបំពាក់ឱ្យ​ក្រុម​ហោះ​ហើរ ​F-​15E​ និង F-35 របស់ប្រទេសនេះ និងសម្ព័ន្ធមិត្ត NATA៕

    https://www.youtube.com/watch?v=6HmR2D5ZRnw

    ប្រភព៖ Drive

  • រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden

    រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden

    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក បានផ្ញើលិខិតមួយជូនទៅបេក្ខភាពប្រធានាធិបតី Joe Biden ឱ្យដឹងថា រដ្ឋាភិបាលរបស់លោក Donald Trump បានត្រៀមខ្លួនរួចហើយក្នុងការប្រគល់អំណាចជូនគណបក្សជាប់ឆ្នោត។

    “ខ្ញុំមានការប្រាកដនិយមជាមួយនឹងកិច្ចការនេះ។ ដោយសារស្ថានការណ៍ថ្មីៗនេះមានបញ្ហាទាក់ទងនឹងផ្លូវច្បាប់ និងលិខិតស្នាមស្ដីអំពីការទទួលស្គាល់លទ្ធផលបោះឆ្នោត ខ្ញុំផ្ញើលិខិតនេះដើម្បីប្រគល់ធនធានមនុស្ស និងសេវាកម្មដែលមាន ជូនដល់លោក” លិខិតរបស់ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក GSA (General Services Administration) លោកស្រី Emily Murphy បានសរសរសំបុត្រផ្ញើទៅកាន់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden កាលពីថ្ងៃទី23វិច្ឆិកា ដោយមានឃ្លាសរសេរដូច្នេះ។

    ប្រធានាធិបតីអាមេរិក Donald Trump បានសរសេរនៅលើទំព័រ Twitter ថា លោកបានស្នើឱ្យ Murphy និងក្រុមការងារ GSA “ធ្វើកិច្ចការដែលត្រូវធ្វើជាមួយនឹងនីតិវិធិបឋម” ដើម្បីផលប្រយោជន៍ជាតិ លោកបន្ថែមថា លោកក៏បាន “ណែនាំឱ្យក្រុមការងាររបស់ខ្ញុំធ្វើដូច្នេះដែរ”។

    “ខ្ញុំសូមអរគុណដល់ប្រធាន GSA លោកស្រី Emily Murphy សម្រាប់ការប្រឹងប្រែង និងស្មោះត្រង់ចំពោះប្រទេសជាតិ។ លោកស្រីត្រូវបានគេរំខាន គំរាមកំហែង និងរំលោភសិទ្ធិ ខ្ញុំមិនចង់ឃើញបញ្ហានេះកើតឡើងចំពោះលោកស្រី និងគ្រួសារ ក៏ដូចជាសមាជិករបស់ GSA។ ការប្ដឹងតវ៉ានឹងបន្តធ្វើឡើងយ៉ាងខ្លាំងក្លា ខ្ញុំជឿថា យើងនឹងឈ្នះ” លោក Trump មានប្រសាសន៍យ៉ាងដូច្នេះ។

    រដ្ឋាភិបាលរបស់ Trump យល់ព្រមប្រគល់អំណាចឱ្យ Biden
    ប្រធានរដ្ឋបាលសេវាកម្មទូទៅរបស់អាមេរិក GSA (General Services Administration) លោកស្រី Emily Murphy

    លោកស្រី Murphy បានអះអាងថា លោកស្រីមិនត្រូវបានសេតវិមានកៀបសង្កត់ដើម្បីពន្យារការប្រគល់អំណាចនោះទេ។ នៅក្នុងលិខិតនោះ មានឃ្លាសរសេរទៀតថា “សូមយល់ថា ខ្ញុំបានចេញបញ្ជាប្រកបដោយភាពឯករាជ្យ ដោយផ្អែកលើច្បាប់ និងទិន្នន័យជាក់ស្ដែង។

    ប្រការខាងលើនេះគឺជាជំហានដំបូងដែលបានបង្ហាញថា រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់បរាជ័យរបស់លោក Trump ហើយវាក៏ជាសញ្ញាមួយបញ្ជាក់ថា ប្រធាន GSA នឹងចុះហត្ថលេខលើលិខស្នាមមួយចំនួនដើម្បីទទួលស្គាល់ជ័យជំនះរបស់លោក Biden ជាផ្លូវការ។

    ព័ត៌មានខាងលើនេះត្រូវបានលើកឡើងបន្ទាប់ពីរដ្ឋ Michigan ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានប្រគល់សំឡេងឆ្នោតនៃអ្នកតំណាងពលរដ្ឋចំនួន16សំឡេងទៅឱ្យលោក Biden។

    GSA គឺជាស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលអាមេរិក ដែលមានតួនាទីជួយដល់សកម្មភាពនានារបស់ស្ថាប័នរដ្ឋាភិបាលកណ្ដាល និងទទួលខុសត្រូវទៅលើការចុះហត្ថលេខាលើសំណុំបែបបទផ្លូវការ ក្រោយពីមានប្រធានាធិបតីជាប់ឆ្នោត ដើម្បីប្រគល់ប្រាក់រាប់លានដុល្លារ ផ្ដល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមមន្ត្រីរដ្ឋាភិបាល ប្រគល់ការិយាល័យនានា និងសម្ភារទូទៅ ទៅឱ្យគណបក្សជាប់ឆ្នោតថ្មី។ សកម្មភាពទាំងនេះ គឺដូចទៅនឹងការប្រកាសជាផ្លូវការរបស់រដ្ឋាភិបាលកណ្ដាល ទន្ទឹមនឹងការប្រកាសដោយសារព័ត៌មាន ស្ដីអំពីប្រធានាធិបតីថ្មី៕

    ប្រភព៖ CNN

  • កាឡាក់ស៊ី “ហ្វូស៊ីល”​ ហោះ​មក​បុក​នឹង​កាឡាក់​ស៊ី ​Milky ​Way​ កាល​ពី​10​ពាន់​លាន​ឆ្នាំ​មុន

    កាឡាក់ស៊ី “ហ្វូស៊ីល”​ ហោះ​មក​បុក​នឹង​កាឡាក់​ស៊ី ​Milky ​Way​ កាល​ពី​10​ពាន់​លាន​ឆ្នាំ​មុន

    ហ្វូស៊ីរបស់កាឡាក់ស៊ី Heracles ដែលត្រូវបានកប់នៅកណ្ដាលកាឡាក់ស៊ី Milky Way របស់មនុស្ស បង្ហើបឱ្យយើងដឹងព័ត៌មានបន្ថែមអំពីចក្រវាឡរបស់ផែនដីកាលពីយុគសម័យដំបូង។

    ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញកាឡាក់ស៊ីមួយដែលបានក្លាយជាថ្ម (ហ្វូស៊ីល) ដែលកប់ជ្រៅក្នុងកាឡាក់ស៊ី Milky Way ហើយវាត្រូវបានគេដាក់ឈ្មោះឱ្យថា Heracles។ កាឡាក់ស៊ីនេះ ទំនងជាបានហោះមកបុកនឹងកាឡាក់ស៊ី Milky Way របស់មនុស្ស កាលពី1ម៉ឺនលានឆ្នាំមុន ក្នុងសម័យដែល Milky Way នៅក្មេងនៅឡើយ។ លទ្ធផលនៃការស្រាវជ្រាវថ្មីនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី The Monthly Notices of Royal Astronomical Society កាលពីថ្ងៃទី20តុលា។

    ដានដែលនៅសេះសល់របស់ Heracles មានទំហំប្រមាណ 1/3នៃរង្វង់ពន្លឺដែលភ្លឺខ្លាំងជាងគេនៅកណ្ដាលកាឡាក់ស៊ី Milky Way។ បើទោះជាមានទំហំធំ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានរកឃើញវា រហូតដល់មានការសង្កេតយ៉ាងយកចិត្តទុកដាក់បំផុតទៅលើផ្កាយរាប់ម៉ឺនដួងនៅទីនោះ។

    បណ្ឌិត Ricardo Schiavon មកពីមន្ទីរស្រាវជ្រាវតារារូបវិទ្យានៃសាកលវិទ្យាល័យ Liverpool John Moores រួមនឹងសហការី បានវិភាគទៅលើទិន្នន័យដែលបានមកពី Apogee ដែលជាគម្រោងដ៏ធំមួយដែលប្រមូលព័ត៌មានអំពីផ្កាយជាងកន្លះលាននៅក្នុងកាឡាក់ស៊ី Milky Way។

    កាឡាក់ស៊ី “ហ្វូស៊ីល” ហោះមកបុកនឹងកាឡាក់ស៊ី Milky Way កាលពី10ពាន់លានឆ្នាំមុន
    Heracles ស្ថិត​នៅកណ្ដាល​ Milky Way

    “ដើម្បីរកឃើញកាឡាក់ស៊ីដែលបានក្លាយជាហ្វូស៊ីល ដូចជា Heracles យើងត្រូវសង្កេតទៅលើធាតុគីមីជាក់លាក់ និងចលនារបស់ផ្កាយរាប់ម៉ឺនដួង។ ប្រការនេះពិតជាមានការលំបាក់ចំពោះផ្កាយដែលនៅកណ្ដាលកាឡាក់ស៊ី Milky Way ព្រោះពួកវាត្រូវបានពពកធូលីបិទបាំង។ Apogee បានជួយទម្លុះពពកធូលីនោះ និងអាចមើលឃើញផ្នែកដែលនៅជ្រៅបំផុតនៅកណ្ដាលកាឡាក់ស៊ី Milky Way” លោក Schiavon បញ្ជាក់យ៉ាងដូច្នេះ។

    ដើម្បីបែងចែកឱ្យដឹងថា ផ្កាយណាជាផ្កាយរបស់ Heracles និងផ្កាយណាជាផ្កាយរបស់ Milky Way ក្រុមអ្នកវិទ្យាសាស្ត្រត្រូវវាស់ស្ទង់មើលធាតុគីមី និងល្បឿនរបស់ផ្កាយដោយប្រើឧបករណ៍របស់គម្រោង Apogee។ បេក្ខជនបណ្ឌិត Danny Horta មកពីសាកលវិទ្យាល័យ Liverpool John Moores បានបកស្រាយថា “ក្នុងចំណោមផ្កាយរាប់ម៉ឺនដួងដែលយើងបានសង្កេត មានផ្កាយខ្ទង់រយដួងដែលមានធាតុគីមី និងល្បឿនខុសប្លែកពីគេ។ ពួកវាពិសេស និងប្លែកពីគេរហូតដល់ថ្នាក់ មានតែផ្កាយមកពីកាឡាក់ស៊ីដទៃតែប៉ុណ្ណោះទើបមានលក្ខណបែបនេះ។ ដោយសារសង្កេតយ៉ាងហ្មត់ចត់ទៅលើផ្កាយទាំងនេះ ទើបយើងអាចរកឃើញទីតាំងជាក់លាក់ និងអតីតកាលរបស់កាឡាក់ស៊ីហ្វូស៊ីល Heracles”។

    ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ករណីបុកជាមួយនឹងកាឡាក់ស៊ី Heracles គឺជាព្រឹត្តិការណ៍ធំកាលពីអតីតកាលរបស់ Milky Way។ ប្រការនេះបានធ្វើឱ្យកាឡាក់ស៊ីរបស់មនុស្ស មានលក្ខណពិសេស ព្រោះថា កាឡាក់ស៊ីរាងគូទខ្យងធំៗ តែងតែឆ្លងកាត់ “យុវវ័យ” ប្រកបដោយភាពស្ងប់ស្ងាត់ជាងនេះឆ្ងាយណាស់៕

    ប្រភព៖ Independent

  • មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន

    មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន

    មេដឹកនាំចលនាបាតុកម្មប្រឆាំងអាជ្ញាធរចិននៅទីក្រុងហុងកុង លោក Joshua Wong ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីសារភាពថា ជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការធ្វើបាតុកម្ម ដែលនេះនឹងនាំឱ្យ Wong ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ3ឆ្នាំ។

    នៅក្នុងតុលាការនាព្រឹកនេះ Joshua Wong រួមនឹងសកម្មជនពីរនាក់ទៀត គឺ Agnes Chow និង Ivan Lam បានសារភាពថា ជាអ្នកផ្ដើមគំនិតឱ្យមានការប្រមូលផ្ដុំគ្នានៅក្បែរទីស្នាក់ការប៉ូលិសនៅក្នុងបាតុកម្មប្រឆាំងរដ្ឋអំណាចកាលពីឆ្នាំ2019។ សកម្មជនប្រជាធិបតេយ្យទាំង3រូបនេះ សុទ្ធតែកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។

    នៅមុនពេលត្រូវបានបុគ្គលិកសន្តិសុខនាំខ្លួនចេញពីបន្ទប់កាត់ក្ដី លោក Wong បានស្រែកឡើងថា៖ “សូមអ្នករាល់គ្នារក្សាគោលជំហររឹងមាំ! ខំតស៊ូឡើង!”។

    លោក Wong មិនបានសារភាពទៅនឹងការចោទប្រកាន់ទី3ដែលថា មានចេតនាចូលរួមប្រមុំផ្ដុំគ្នា​ដោយ​ខុស​ច្បាប់​ បន្ទាប់​ពី​ចៅ​ក្រម​មិនបានបង្ហាញភ័ស្ដុតាង។ បច្ចុប្បន្ន លោក Wong កំពុងប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំ ខណៈដែលសាលក្រមនឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី2 ខែធ្នូខាងមុខ។

    នៅមុនពេលចូលទៅកាន់សាលតុលាការ លោក Wong បានឱ្យដឹងថា “ក្រុមមន្ត្រីប្រហែលជាចង់ឱ្យខ្ញុំជាប់ឃុំជាបន្តបន្ទាប់”។

    ក្រុមអ្នកគាំទ្ររាប់សិបនាក់នៅខាងក្រៅតុលាការ នាំគ្នាស្រែកថា “ដោះលែង Joshua Wong, Agnes Chow, Ivan Lam!”។ល។

    លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាល​ពី​ឆ្នាំ​2014​ ដើម្បី​ធ្វើការប្រឆាំងទៅនឹងទីក្រុងប៉េកាំងដែលបាននិងកំពុងលូកដៃចូលជ្រៅទៅក្នុងការបោះឆ្នោតនៅហុងកុងកាលពីឆ្នាំ2017។ ចលនានេះត្រូវបានគេហោថា បាតុកម្ម “ឆត្រ” ដោយសារក្រុមមនុស្សដែលបានចូលរួម យកឆត្រទៅតាមខ្លួនដើម្បីការពារកម្ដៅ ភ្លៀង និងផ្សែងបង្ហូរទឹកភ្នែក ឬការបាញ់ទឹកពីអាជ្ញាធរ។

    មេដឹកនាំចលនាបាតុកម្មនៅហុងកុងត្រូវបានឃុំខ្លួន
    លោក Wong បច្ចុប្បន្នមានអាយុ24ឆ្នាំ បានក្លាយជាមេដឹកនាំបាតុកម្ម “ឆត្រ” ដែលដឹកនាំដោយក្រុមនិស្សិតកាលពីឆ្នាំ2014

    Joshua Wong បានបង្កើតបក្ស Demosisto កាលពីឆ្នាំ2016 និងមានគម្រោងទាមទារសិទ្ធិស្វ័យ​សម្រេច​សម្រាប់​ទី​ក្រុង​ហុង​កុង​ក្រោយឆ្នាំ2047 ជាដំណាក់កាលដែលសេចក្ដីប្រកាសរួមរវាងចិន-អង់គ្លេសត្រូវអស់សុពលភាព ដោយក្នុងនោះបានចែងថា ហុងកុងមានសិទ្ធិរក្សាប្រព័ន្ធច្បាប់ រូបិយវត្ថុដោយឡែករបស់ខ្លួន និងឯករាជ្យពីចិនដីគោកទៅតាមរូមមន្ត “ប្រទេសមួយប្រព័ន្ធពីរ” ក្នុងរយៈពេល50ឆ្នាំ រាប់ចាប់ពីពេលត្រូវបានអង់គ្លេសប្រគល់ទៅឱ្យទីក្រុងប៉េកាំងកាលពីឆ្នាំ2017។

    កាលពីដើមឆ្នាំនេះ Wong រួមនឹងអ្នកនយោបាយ និងសកម្មជន11នាក់ផ្សេងទៀត ត្រូវបានរឹបអូសសិទ្ធិឈរ​ឈ្មោះ​បោះ​ឆ្នោត។​ Wong ​បាន​ចាកចេញពី Demosisto ហើយបក្សនេះក៏ត្រូវបានរម្សាយកាលពីខែមិថុនា បន្ទាប់ពីទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្និសុខហុងកុង។

    កាលពីឆ្នាំ2019 Wong ធ្លាប់បានជាប់ឃុំរយៈពេល5ខែម្ដងរួចហើយ ក្រោមបទចោទថា ប្រមាថតុលាការ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​កាលពីថ្ងៃទី16មិថុនា ក្នុងគ្រាដែលបាតុកម្មកំពុងកើតឡើង។

    ក្រុមប្រទេសលោកខាងលិចបានរិះគន់ខ្លាំងៗទៅលើប្រទេសចិនដែលបានចាប់ខ្លួនលោក Wong និងក្រុមសកម្មជនដទៃទៀត ដោយយល់ថា ទីក្រុងប៉េកាំងមិនធ្វើទៅតាមកិច្ចព្រមព្រៀងដែលចិនបានសន្យាថា ទុកឱ្យហុងកុងរក្សាកម្រិតស្វ័យគ្រប់គ្រងទៅតាមសេចក្ដីប្រកាសរួមរវាងអង់គ្លេសនិងចិន។ ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយ​ថា ​ហុង​កុង​ជា​បញ្ហា​ផ្ទៃ​ក្នុង ​ហើយថា ប្រទេសដទៃមិនត្រូវមកធ្វើអន្តរាគមន៍ឡើយ៕

    ប្រភព៖ Reuters

  • នាយឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ​នៅ​ក្នុងគ្រាដែលចិនកំពុងពង្រីកឥទ្ធិពល

    នាយឧត្តមនាវីសហរដ្ឋអាមេរិកម្នាក់ ធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ​នៅ​ក្នុងគ្រាដែលចិនកំពុងពង្រីកឥទ្ធិពល

    នាយឧត្តមនាវី Michael Studeman ទទួលបន្ទុកផ្នែកចារកម្មរបស់កងទ័ពអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនបានគ្រោងជាទុក នេះបើតាមការអះអាងរបស់ប្រភពព័ត៌មានចំនួនពីរ។

    ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ ក្នុងនោះមានមន្ត្រីយោធាតៃវ៉ាន់ផងដែរ បាននិយាយថា មន្ត្រីដែលមកធ្វើទស្សនកិច្ចនៅកោះនេះ គឺលោក Michael Studeman នាយឧត្តមនាវីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមគេហទំព័រកងទ័ពជើងទឹលអាមេរិក លោក Studeman គឺជាប្រធានអង្គភាព J2 ដែលជាអ្នកគ្រប់គ្រងកិច្ចការចារកម្មនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកទទួលបន្ទុកក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក (Indopacom) របស់កងទ័ពសហរដ្ឋអាមេរិក។

    សារព័ត៌មាន United Daily News របស់តៃវ៉ាន់ បានចុះផ្សាយអំពីរូបភាពនៃយន្តហោះឯកជនមួយគ្រឿងដែលមិនមានឈ្មោះ តែត្រូវគេដឹងថា ជាយន្តហោះយោធាអាមេរិក កំពុងចុះចតនៅព្រមានយន្តហោះ Songshan Airport នាទីក្រុងតៃប៉ិ ហើយទំនងជារង់ចាំនៅក្នុងចំណតរថភ្លើង VIP។

    ទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ phanefinder.net ក៏បានបង្ហាញថា មានជើងហោះហើរនៃយន្តហោះឯកជនមួយដែលបានចាកចេញពីកោះ Hawaii ជាកន្លែងមានការិយាល័យកណ្ដាលនៃបញ្ជាការដ្ឋានកងទ័ព Indopacom ​បាន​ហោះ​ឆ្ពោះ​ទៅកាន់ព្រមានយន្តហោះ Songshan កាលពីល្ងាចថ្ងៃទី22វិច្ឆិកា នៅមុន United Daily News ចុះផ្សាយអំពីរូបថតដែលបាននិយាយខាងដើម។

    មន្ទីរបញ្ចកោណ និងអង្គភាពការពារកោះតៃវ៉ាន់ សុទ្ធតែបានបដិសេធការធ្វើអធិប្បាយអំពីព័ត៌មាននេះ។ ស្ថាប័នកិច្ចការបរទេសនៃកោះតៃវ៉ាន់ កាលពីថ្ងៃទី2វិច្ឆិកា បានទទួលស្គាល់ថា មានមន្ត្រីសហរដ្ឋអាមេរិកម្នាក់មកកាន់កោះតៃវ៉ាន់ ប៉ុន្តែ បានបដិសេដផ្ដល់ព័ត៌មានលម្អិត។

    មន្ត្រីតៃវ៉ាន់ខាងលើបន្ថែមថា “យើងស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកាំង។ យោងតាមការ​ទុក​ចិត្ត​គ្នា​ រវាង​កោះ​តៃវ៉ាន​និងសហរដ្ឋអាមេរិក យើងមិនមានការបកស្រាយ ឬអធិប្បាយអ្វីបន្ថែមទៀតទេ”។

    យន្តហោះ​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​

    ប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ។ កន្លងមក ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយការបញ្ជូនយន្តហោះចម្បាំង ហោះទៅក្បែរកោះតៃវ៉ាន់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar កាលពីខែសីហា និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Keith Krach កាលពីខែកញ្ញា។

    បច្ចុប្បន្ន គេមិនទាន់ដឹងថា ទស្សនកិច្ចរបស់លោក Michael Studeman នឹងត្រូវបានចិនចាត់ទុកជាការបង្កហេតុដែរ ឬយ៉ាងណានៅឡើយ។ ប៉ុន្តែលោកគឺជាមន្ត្រីយោធាជាន់ខ្ពស់មួយរូបដំបូងដែលបានមកធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងអំឡុងច្រើនឆ្នាំកន្លងទៅនេះ។

    Douglas Paal អតីតប្រធានការិយាល័យតំណាងសហរដ្ឋអាមេរិកនៅកោះតៃវ៉ាន់ បានឱ្យដឹងថា៖ “បើសិនជាលោក Studeman របស់ J2 នៃបញ្ជាការដ្ឋាន Indopacom ខ្ញុំដឹងថា មិនទាន់មានដំណើរទស្សនកិច្ចបែបនេះពីមុនទេ”។

    Randall Schriver អតីតជំនួយការរបស់រដ្ឋមន្ត្រីការពារជាតិសម្រាប់តំបន់អាស៊ីក្នុងសម័យលោក Donald Trump បាននិយាយថា មន្ទីរបញ្ចកោណធ្លាប់បានបញ្ជូននាយឧត្តមនាវីមកកាន់កោះតៃវ៉ាន់ដោយស្ងាត់ៗជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។ លោកបន្ថែមថា អាមេរិក និងតៃវ៉ាន់បានចែករំលែកព័ត៌មានសម្ងាត់យ៉ាងលម្អិតទាក់ទងនឹងកងទ័ពរំដោះប្រជាជនចិន។

    សហរដ្ឋអាមេរិក និងបណ្ដាប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ទេ ប៉ុន្តែ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធ និងជាអ្នកគាំទ្រអន្តរជាតិសំខាន់បំផុតរបស់កោះនេះ។ Su Tseng-chang មេដឹកនាំនៃស្ថាប័នប្រតិបត្តិច្បាប់របស់តៃវ៉ាន់បានឱ្យដឹងថា ប្រធានស្ថាប័នការពារបរិស្ថានអាមេរិក Andrew Wheeler ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ នឹងមកធ្វើទស្សនកិច្ចកោះតៃវ៉ាន់នៅខែក្រោយផងដែរ៕

    ប្រភព៖ Reuters

  • ចិនគំរាម “បុកភ្នែកឱ្យពិការ” ​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត ​Five ​Eyes

    ចិនគំរាម “បុកភ្នែកឱ្យពិការ” ​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត ​Five ​Eyes

    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការគំរាមដល់ក្រុមសម្ព័ន្ធមិត្ត Five Eyes (ភ្នែកប្រាំ) ថា ពួកគេអាចនឹងត្រូវ “បុកភ្នែកឱ្យពិការ” បន្ទាប់ពីក្រុមភ្នែកប្រាំនេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចិនទាក់ទងនឹងបញ្ហាហុងកុង។

    នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី19វិច្ឆិកា អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian បានដំឡើងសំឡេងប្រឆាំងទៅនឹងក្រុមភ្នែកប្រាំ រួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី នូវែលហ្សែឡង់ ដោយចោទថា “បាន និងកំពុងលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន”។

    “ទោះបីជាអស់លោកមានភ្នែកប៉ុន្មានក៏ដោយ ប្រយ័ត្នត្រូវបុកឱ្យពិការ ដោយសារតែការបង្កការខូចខាតដល់អធិប្បតេយ្យ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ប្រទេសចិន” លោក Zhao Lijian ថ្លែងយ៉ាងដូច្នេះ ដែលទំនងជាសំដៅទៅលើភ្នែកទាំងប្រាំរបស់ក្រុមសម្ព័ន្ធមិត្ត Five Eyes។

    ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមសម្ព័ន្ធមិត្ត5ប្រទេស ដែលហៅថា ក្រុមភ្នែកប្រាំ កាលពីថ្ងៃទី18វិច្ឆិកា បានប្រកាសថា ប្រទេសចិនបានរំលោភទៅលើកិច្ចព្រមព្រៀង ដែលចិនមានកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅពេលបានអនុម័តយល់ព្រមឱ្យបញ្ចប់មុខនាទីរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន4រូបនៅហុងកុង។ ក្រុមភ្នែកប្រាំក៏បានចោទប្រទេសចិនថា បានរាំងខ្ទប់ការបញ្ចេញមតិរិះគន់នៅទីក្រុងហុងកុង និងបានស្នើឱ្យចិនដកហូតសេចក្ដីសម្រេចខាងលើ ដើម្បីប្រគល់តួនាទីដល់តំណាងរាស្ត្រទាំងនោះឡើងវិញផងដែរ។

    លោក Zhao Lijian បានហៅសេចក្ដីថ្លែងការរួមរបស់ក្រុមហ៊ុន Five Eyes ថា ជា “ការលូកដៃយ៉ាងងងើលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភទៅលើច្បាប់អន្តរជាតិ និងស្តង់ដាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ”។

    អ្នកនាំពាក្យខាងលើក៏បានថ្លែងថា ករណីរដ្ឋសភាប្រទេសនេះ បានចេញសេចក្ដីសម្រេចនោះ គឺជា “រឿងស្របច្បាប់ និងមិនអាចប្ដូរផ្លាស់បាន។ ជារឿងធម្មតា អ្នកស្រលាញ់ប្រទេសជាតិ និងស្រលាញ់ហុងកុង ត្រូវតែគ្រប់គ្រងហុងកុង ចំណែកអ្នកប្រឆាំងនឹងចិននៅហុងកុង គួរតែត្រូវបានរំលាយចោល”។

    យោងតាមសេចក្ដីសម្រេចរបស់ទីក្រុងប៉េកាំង រដ្ឋអំណាចហុងកុងទទួលបានសិទ្ធិក្នុងការដកហូតកៅអីភ្លាមៗ​ពី​ក្រុម​តំណាង​រាស្ត្រ​ណា​ដែលជំរុញ ឬគាំទ្រគំនិតឯករាជ្យនៅហុងកុង ដោយការអូសទាញកម្លាំងពីខាងក្រៅឱ្យលូកដៃចូលក្នុងកិច្ចការរបស់ទីក្រុងនេះ ឬចូលរួមធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕

    Xinhua, Global Times