Category: អន្តរជាតិ

  • ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    ជាង 64 លាន​នាក់​បាន​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក! WHO ព្រមាន​អំពី​មហា​រោគ​រា​ត​ត្បត​នាពេល​អនគ​ត

    នៅក្នុង​ពិភពលោក​ទាំងមូល ករណី​ឆ្លង​វីរុស Covid-19 បាន​កើន​ដល់ 64 លាន​នាក់ និង​ជិត 1.5 លាន​នាក់​បាន​ស្លាប់ ស្រប​ពេលដែល WHO បាន​ព្រមាន​អំពី​មហា​រោគរាតត្បាត​ផ្សេងទៀត បើសិនជា​មិន​ដក​បទពិសោធន៍​នាបច្ចុប្បន្ន។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 2ធ្នូ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 64,169,941 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 44,428,048 នាក់ អ្នកស្លាប់​ចំនួន 1,485,672 នាក់ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 18,256,167 នាក់ ដែល​ក្នុង​នេះដែរ​មាន​អ្នកជំងឺ​ចំនួន 105,687 នាក់​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។ នេះ​បើតាម​ស្ថិតិ Worldometers ដែលជា​គេហទំព័រ​ធ្វើ​បច្ចុប្បន្នភាព​តួលេខ Covid-19 លឿង​ជាងគេ​បំផុត។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី 30 ខែវិច្ឆិកា លោក Mike Ryan ប្រធាន​កម្មវិធី​សុខាភិបាល​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា ពិភពលោក​មាន​ហានិភ័យ​ប្រឈម​នឹង​រោគរាតត្បាត​ផ្សេងទៀត​នៅ​ថ្ងៃ​អនាគត បើសិនជា «ភ្លេច​ស្មារតី» និង​មិនបាន​ដក​បទពិសោធន៍​ពី​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19 នាពេលនេះ។

    លោក Ryan ព្រមាន​ថា៖ «ខ្ញុំ​ធ្លាប់បាន​ឃើញនឹងភ្នែក​នូវ​ការ​ភ្លេចខ្លួន ក្រោយពី​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​មួយ​បាន​កន្លងផុតទៅ។ ប្រការនេះ គេ​អាច​យល់បាន។ ប៉ុន្តែ ក្រោយ​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​វីរុស SARS, H5N1, H1N1 បើសិនជា​យើង​នៅតែ​ធ្វើ​ព្រងើយ​ចំពោះ​ហានិភ័យ​ពី​ប្រភព​មេរោគ​គ្រោះថ្នាក់​ដែល​កំពុង​ងើបឡើង យើង​នឹងត្រូវ​ឆ្លងកាត់​ស្ថានភាព​ប្រហាក់ប្រហែល​នេះ ឬក៏​អាក្រក់​ជាង​នេះ សាជាថ្មី​ម្ដងទៀត​មិន​ខាន»៕

    ប្រភព៖ AFP, Reuters, Worldometers

  • មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​​នៃ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

    មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​​នៃ​​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ត្រូវបាន​បាញ់សម្លាប់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

    Muslim Shahdan មេបញ្ជាការ​ជាន់ខ្ពស់រ​បស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បាត់​បង់ជីវិត​នៅ​ក្នុងករណី​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ក្នុង​តំបន់​ព្រំដែន​ស៊ី​រី។

    ប្រភពពី​កងសន្តិសុខ​អ៊ីរ៉ាក់​បានឱ្យដឹងថា ករណី​វាយប្រហារ​សំដៅលើ​ក្បួន​រថយន្ត​ដែលមាន​ដឹក Shahdan បានកើត​ឡើង​នៅ​យប់​ថ្ងៃទី 28វិច្ឆិកា ឬ​ទៀបភ្លឺ​ថ្ងៃទី 29វិច្ឆិកា បានសម្លាប់​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC) រួម​នឹង​មនុស្ស 3នាក់​ផ្សេងទៀត​ដែល​រួម​ដំណើរ​ជាមួយ​លោក។

    មន្ត្រី​សន្តិសុខ​អ៊ីរ៉ាក់ 2នាក់​ផ្សេងទៀត​បាន​និយាយថា ក្បួន​រថយន្ត​របស់ Shahdan មាន​ដឹក​អាវុធ និង​ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បាញ់ប្រហារភ្លាមៗក្រោយពី​បាន​ឆ្លង​ពី​ព្រំដែន​អ៊ីរ៉ាក់ ចូលដល់​ទឹកដី​ស៊ី​រី។ ករណីនេះ​មិនទាន់មាន​ភាគី​ណាមួយ​ចេញមុខ​មក​ទទួលខុស​ត្រូវ​នៅឡើយ។

    ករណីនេះ​បាន​កើតមានឡើង បន្ទាប់ពី​អ្នកជំនាញ​ខាង​នុយ​ក្លេ​អែរ​ដ៏​កំពូល​របស់​អ៊ីរ៉ង់ លោក Mohsen Fakhrizadeh ត្រូវបាន​ធ្វើឃាត​កាលពី​ថ្ងៃទី 27វិច្ឆិកា។ ការធ្វើឃាត​នេះ ត្រូវបាន​អ៊ីរ៉ង់​ចោទថា ជា​ស្នាដៃ​របស់​ប្រទេស​អ៊ីស្រាអែល។

    ចំណែក​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​វិញ បាន​ចោទ​អ៊ីរ៉ង់ រួម​នឹង​ក្រុម​ទាហាន​ដែល​ប្រទេស​គាំទ្រ​ថា បាន​ព្យាយាម​ដឹក​អាវុធ​ខុសច្បាប់​ពី​ប្រទេស​អ៊ីរ៉ាក់ ទៅកាន់​ប្រទេស​ស៊ី​រី និង​លី​បង់។ អាវុធ​ទាំងនោះ ក្រោយមក​នឹងត្រូវ​បាន​ក្រុម​ទាហាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អ៊ីស្រាអែល។

    ឧ​ត្ត​ម​សេនី Aviv Kochavi មេបញ្ជាការ​កងទ័ព​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​អះអាងថា ប្រទេស​នេះ​មិន​បោះបង់​យុទ្ធនាការ​ទប់ស្កាត់​កង​ទាហាន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ធ្វើ​សកម្មភាព​ស្វែងរក​កន្លែង​ឈរជើង​នៅ​ស៊ី​រី​ឡើយ៕

    ប្រភព៖ Time of Israel

  • អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជិត 1.5លាន​នាក់ នៅ​ទូទាំង​ពិភពលោក! WHO ថា​នឹង​រកឱ្យឃើញ​ប្រភព​របស់​វីរុស​នេះ

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ឡើងដល់ 63,584,784នាក់ ក្នុងនោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត​ មាន​ចំនួន​ 1,473,741​នាក់​​ និង 43,980,097នាក់​ផ្សេង​ទៀត​​​បានជា​សះស្បើយ ខណៈដែល​អង្គការ​សុខ​ភាព​​ពិភព​លោក​​បាន​សន្យាថា នឹង “ធ្វើ​គ្រប់យ៉ាង” ដើម្បី​ស្វែងរក​ប្រភព​របស់​វីរុស​នេះ។

    សហរដ្ឋអាមេរិក​នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយបាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន 13,919,870នាក់ និង​អ្នកស្លាប់​ចំនួន 274,332នាក់។

    បន្ទាប់ពី​សហរដ្ឋអាមេរិក ក៏​នៅមាន​ប្រទេស​ចំនួន 11ផ្សេងទៀត​ដែលមាន​អ្នកជំងឺ Covid-19 លើសពី 1លាន​នាក់ រួមមាន៖ ឥណ្ឌា ប្រេ​ស៊ី​ល រុស្ស៊ី បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អ៊ីតាលី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក និង​អាល្លឺម៉ង់។

    ចំណែក​ប្រទេស​ដែលមាន​អ្នកស្លាប់​លើសពី 1សែន​នាក់​ដោយសារ​វីរុស​នេះ មាន​ចំនួន 4ប្រទេស រួមមាន សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អះអាងថា​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រកឱ្យឃើញ​ប្រភព​នៃ​សត្វ​ដែល​បាន​ចម្លង​វីរុស Covid-19 មក​មនុស្ស។ លោក​ថ្លែងថា ការយល់ដឹង​អំពី​វា គឺជា​គន្លឹះ​ដើម្បី​ទប់ស្កាត់​រោគរាតត្បាត​នៅ​ថ្ងៃ​អនាគត។ ក្រៅពីនេះ លោក Tedros ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី បញ្ឈប់​ការ​លាប​ពណ៌​គ្នា ឬ​ការចោទប្រកាន់​ទៅលើ​ការដែល WHO ស្វែងរក​ជំនួយ​ពី​ចិន​ដើម្បី​ស៊ើបអង្កេត​លើ​ប្រភព Covid-19៕

    ប្រភព៖ Reuters, Worldometers

  • Trump ប្រើប្រាស់​តុ​ប្រជុំ​ខ្នាតតូច​ខុសពី​ធម្មតា ធ្វើឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល

    Trump ប្រើប្រាស់​តុ​ប្រជុំ​ខ្នាតតូច​ខុសពី​ធម្មតា ធ្វើឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល

    ប្រធានាធិបតី​អាមេរិក បាន​ក្លាយជា​ប្រធានបទ​ជជែក​គ្នា​នៅលើ​បណ្ដាញ​សង្គម បន្ទាប់ពី​លោក​បង្ហាញខ្លួន​ជាមួយនឹង​តុ​ខ្នាតតូច​មិនគួរ​ឱ្យ​ជឿ​កាលពី​ព្រលប់​ថ្ងៃទី26វិច្ឆិកា។

    ថ្លែងការណ៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ផ្សាយ​ផ្ទា​ល់ពី​សេត​វិមាន​កាលពី​យប់​ថ្ងៃទី26វិច្ឆិកា ប្រធានាធិបតី Donald Trump បានឱ្យដឹងថា លោក​នឹង​ចាក​ចេញពី​តំណែង បើសិន​លោក Joe Biden ដណ្ដើមបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​នៃ​ក្រុម​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត នៅ​ថ្ងៃទី14ធ្នូ​ខាងមុខ។

    ក្នុង​គ្រា​ដែល​ប្រធានាធិបតី​បានលើកឡើង​អំពី​ការបោះឆ្នោត​ប្រកបដោយ​ការលួចបន្លំ អ្នកលេង​បណ្ដាញ​សង្គម​បែរជា​ចាប់អារម្មណ៍​ទៅលើ​តុ​ដ៏​តូច​ខុសពី​ធម្មតា​ដែល​លោក Trump កំពុង​ប្រើប្រាស់​នៅក្នុង​សន្និសីទ​របស់លោក។

    Trump ប្រើប្រាស់​តុ​ប្រជុំ​ខ្នាតតូច​ខុសពី​ធម្មតា ធ្វើឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល

    អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​យល់ថា តុ​ដែលមាន​ខ្នាត​ដ៏​តូច​នេះ បង្ហាញ​អំពី​អំណាច​នៃ​ប្រ​ធានា​ធីប​តី​កំពុង​ថមថយ ប៉ុន្តែ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួនទៀត​គិតថា វា​អាចជា​ស្នាដៃ​នៃ​ការកាត់ត​រូបភាព។

    តារា​សម្ដែង Mark Hamill បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter ថា ៖ “បើសិនជា​លោក​ប្រព្រឹត្ត​ត្រឹមត្រូវ ឈប់​និយាយ​កុហក​ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត​មាន​បញ្ហា និង​គិត​អំពី​ប្រការល្អៗសម្រាប់​ប្រទេសជាតិ​ជំនួស​ឱ្យ​ការ​ត្អូញត្អែរថា​អយុត្តិធម៌ នោះ​ប្រហែលជា​លោក​ទទួលបាន​ការអញ្ជើញ​ឱ្យ​ឡើង​អង្គុយ​នៅលើ​កៅអី​និង​តុ​ធំ​ជាង​នេះ។

    អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់ទៀត សរសេរថា៖ “មិនគួរ​ឱ្យ​ជឿ​សោះ​ថា ប្រការនេះ​បានកើត​ឡើង​នៅក្នុង​ថ្ងៃនេះ។ អរគុណ​ដល់​អ្នក​ដែលមាន​គំនិត​អំពី​តុ​នេះ។

    លោក Trump ក្រោយមក​បាន​បង្ហោះ​សារ​នៅលើ Twitter ដោយ​ចោទ​បណ្ដាញ​ផ្សព្វផ្សាយ​ថា បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការអធិប្បាយ​របស់លោក និង​បាន​ចោទ Twitter ថា បាន​បង្កើត “ខ្លឹមសារ​អវិជ្ជមាន” សម្រាប់​អ្វីដែល​កំពុង​ពេញនិយម​របស់​បណ្ដាញ​សង្គម។

    រាប់​ចាប់ពី​លោក Joe Biden ត្រូវបាន​គេ​ព្យាករ​ថា បាន​ជាប់ឆ្នោត​ដោយមាន​សំឡេងឆ្នោត​ចំនួន 306 សំឡេង​ពី​តំណាង​ម្ចាស់ឆ្នោត លោក Trump ក៏បាន​ចោទប្រកាន់ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​ធ្វើការ​ប្ដឹងតវ៉ា​ជា​បន្តបន្ទាប់​ដើម្បី​កែប្រែ​ស្ថានការណ៍​នៅក្នុង​រដ្ឋ​មួយចំនួន ដូចជា Georgia, Michigan, Nevada, Arizona និង Pennsylvania។ ប៉ុន្តែ បច្ចុប្បន្ន មិនទាន់មាន​រដ្ឋ​ណាមួយ​ទទួលស្គាល់​ការប្ដឹងតវ៉ា​របស់លោក Trump និង​ក្រុម​របស់លោក​នៅឡើយ៕

    ប្រភព៖ Guardian

  • ទីតាំង​នៃ​បង្គោល​លោហធាតុ​​ដ៏​​អាថ៌​កំបាំង​​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ ត្រូវបាន​គេ​រកឃើញ​ហើយ!

    ទីតាំង​នៃ​បង្គោល​លោហធាតុ​​ដ៏​​អាថ៌​កំបាំង​​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ ត្រូវបាន​គេ​រកឃើញ​ហើយ!

    ក្រុម​អ្នកជំនាញ​ផ្នែក​ស្វែងរក​ទីតាំង​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត បាន​រុក​រកឃើញ​ទីតាំងរ​បស់បង្គោល​លោហធាតុ​ដ៏​ចម្លែក​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​សមុទ្រ​ខ្សាច់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ នាំឱ្យមាន​មនុស្ស​កាន់តែច្រើន នាំគ្នា​ធ្វើដំណើរ​ទៅកាន់​កន្លែងកើតហេតុ បើទោះជា​មានការ​ព្រមាន​អំពី​សុវត្ថិភាព​ពី​អាជ្ញាធរ។

    នៅពេល​មាន​ព័ត៌មាន​ទាក់ទង​នឹង​បង្គោល​លោហធាតុ​ខាងលើ កាលពី​ថ្ងៃទី23វិច្ឆិកា ក្រុមមន្ត្រី​នៅ​រដ្ឋ Utah បាន​បដិសេធ​មិន​ប្រាប់​អំពី​ទីតាំងរ​បស់បង្គោល​នេះ​ទេ ដោយសារ​បារម្ភ​អំពី​សុវត្ថិភាព។

    ប៉ុន្តែ ក្នុង​រយៈពេល​តែ48ម៉ោង ក្រោយពី​មាន​ព័ត៌មាន​ខាងលើ មនុស្ស​ដំបូង​គេ​បាន​រុករក​ឃើញ​ទីតាំងរ​បស់បង្គោល​នេះ ហើយក៏​បានមក​ដល់ទី​តាំង​នោះ​ផ្ទាល់​ដើម្បី​ពិនិត្យមើល បើទោះជា​មានការ​បារម្ភ​ថា គេ​អាច​វង្វេងផ្លូវ។ មកដល់​ថ្ងៃទី25វិច្ឆិកា នៅលើ Instagram គេ​ក៏​ឃើញ​មាន​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​អំពី​ទិដ្ឋភាព​មនុស្ស​មួយចំនួន​ដែល​បាន​ទៅដល់​ទីតាំង​នៃ​បង្គោល​លោហធាតុ​នោះ។

    ទីតាំងនៃបង្គោលលោហធាតុដ៏អាថ៌កំបាំងនៅកណ្ដាលសមុទ្រខ្សាច់ ត្រូវបានគេរកឃើញហើយ!អ្នក​ទាំងនេះ ទទួលបាន​ជំនួយ​ពី​ក្រុមអ្នកលេង​អ៊ី​ន​ធើ​ណិ​ត ដែលជា​ក្រុមមនុស្ស​បាន​ស្វែង​រកឃើញ​ទីតាំងរ​បស់បង្គោល តាមរយៈ​កម្មវិធី Google Earth។

    សូម​រំលឹកថា ក្រុម​បុគ្គលិក​នៅ​អង្គភាព​សុវត្ថិភាព​សាធារណៈ​នៃ​រដ្ឋ Utah (DPS) សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី18វិច្ឆិកា បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ជួយ​ដល់​នាយកដ្ឋាន​ការពារ​ធនធាន​សត្វព្រៃ ដើម្បី​រាប់​សត្វ​ចៀម​ស្នែង​ធំ​នៅលើ​សមុទ្រ​ខ្សាច់​ភាគ​អាគ្នេយ៍​របស់​រដ្ឋ​នេះ។ ពួកគេ​ស្រាប់តែ​បាន​ប្រទះឃើញ​វត្ថុ​មួយ​ដែល​ដូច​ទៅនឹង​ដុំថ្ម​អាថ៌កំបាំង​ដែលមាន​នៅក្នុង​ខ្សែភាពយន្ត​រឿង “2001: A Space Odyssey” ដែល​ផលិត​ឆ្នាំ1968។

    អ្នកបើកបរ​ឧទ្ធម្ភាគចក្រ Bret Hutchings បាន​រៀបរាប់ថា៖ “អ្នកជំនាញ​ខាង​ជីវសាស្ត្រ​ម្នាក់​នៅក្នុង​ក្រុម​ហោះហើរ​បាន​ប្រទះឃើញ​វា នៅពេល​យើង​ហោះ​ពីលើ​វត្ថុ​នោះ។ គាត់​បាន​ស្រែក​ឡើង “អូ! អូ! ត្រលប់ក្រោយ!។ ខ្ញុំ​ក៏​សួរថា “ថី​ហ្នឹង?។ ហើយ​គាត់​ក៏​ប្រាប់ថា “ត្រលប់​ក្រោយសិនៗ មាន​អ្វី​នៅ​ខាងក្រោយ យើង​ត្រូវតែទៅ​មើល!។ វា​នៅ​ទីនោះ! នៅ​កណ្ដាល​ដុំថ្មធំៗពណ៌​ក្រហម គឺជា​បង្គោល​លោហធាតុ​ពណ៌​ប្រាក់ រលោក​ផ្លេក​ដែល​ផុស​ឡើង​ផុតពី​ដី។

    Hutchings ប៉ាន់ប្រមាណ​ដឹងថា បង្គោល​លោហធាតុ​នោះ​មាន​កម្ពស់​ប្រហែល​ពី3-3.6ម៉ែត្រ ហើយ​វា​មិន​ដូច​ទៅនឹង​ករណី​ធ្លាក់​ពីលើ​អាកាស​នោះទេ វា​ទំនង​ជាមាន​អ្នក​យកមក​ដាំ៕

    ប្រភព៖​ BBC

  • យីហោរបស់អតីតប្រធានាធិបតី Barack Obama រកប្រាក់បានច្រើនសន្ធឹក តាមវីធីណាខ្លះ?

    យីហោរបស់អតីតប្រធានាធិបតី Barack Obama រកប្រាក់បានច្រើនសន្ធឹក តាមវីធីណាខ្លះ?

    ពេល​ទើបតែ​ឈាន​ជើង​ចូល​សេត​វិមាន ទ្រព្យសម្បត្តិ​របស់​គ្រួសារ​អតីត​ប្រធានាធិបតី Barack Obama កាលណោះ​មានតែ 1.3លាន​ដុល្លារ​ប៉ុណ្ណោះ។ ដល់​ឆ្នាំ2018 តួលេខ​នេះ​បាន​ឡើងដល់40លាន​ដុល្លារ ហើយ​នាពេល​បន្តបន្ទាប់​ទៀត កំពុងតែ​កើន​យ៉ាង​ឆាប់រហ័ស។

    បន្ទាប់ពី​ចាកចេញ​ពី​សេត​វិមាន លោក Obama បាន​កសាង “អ​នាច​ក្រ​ទូរគមនាគមន៍” មួយ​ដោយ​ខ្លួនឯង ប្រកបដោយ​ជោគជ័យ។

    អ្នកជំនាញការ​ម្នាក់​អះអាងថា៖ “ដោយសារតែ​សង្គម​អាមេរិក​បែកបាក់​គ្នា​យ៉ាងធ្ងន់ធ្ងរ យីហោ Obama នឹង​នៅតែ​ត្រូវបាន​គេ​និយម​ចូលចិត្ត។

    “យីហោ​ចម្លង​អាជីវកម្ម (Franchise) Obama

    គេហទំព័រ Le Figaro បាន​ចុះផ្សាយ​អត្ថបទ​ស្ដីអំពី​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​ស្វាមីភរិយា​លោក​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama ដែលជា “ប្រភព​ថាមពល” អាចជួយ​ឱ្យទ្រព្យរបស់​លោក​កើនឡើង​យ៉ាង​ឆាប់រហ័ស រហូត​ជី​តដល់240លាន​ដុល្លារ​អាមេរិក។

    ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុងពេល​តែមួយ​នៅក្នុង​ប្រទេស​ចំនួន23 កាលពី​ថ្ងៃទី17វិច្ឆិកា ទៅតាម​បែបបទ​នៃ​ការចាក់​បញ្ចាំង​ខ្សែភាពយន្តកំពូលៗរបស់ Hollywood សៀវភៅ​ភាគ​ទីមួយ​នៃ​កំណត់ហេតុ​របស់​ប្រធានាធិបតី​ទី44របស់​សហរដ្ឋអាមេរិក បាន​ក្លាយជា “បាតុភូត” ដ៏​អស្ចារ្យ​មួយ។ នៅ​សហរដ្ឋអាមេរិក និង​កាណាដា សៀវភៅ​នេះ​ត្រូវបាន​លក់ដាច់​ជាង890,000ក្បាល​នៅក្នុង​ថ្ងៃ​ចេញផ្សាយ​ដំបូង។ សៀវភៅ Becoming របស់​ស្ត្រី​ទីមួយ​របស់​អាមេរិក​ដែល​បាន​បោះ​ពុ​ម្ភ​ក្នុង​ឆ្នាំ2018 ក៏​លក់បាន724,000ក្បាល​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ដំបូង ហើយ​មកដល់ពេលនេះ វា​បាន​ឡើងដល់14លាន​ក្បាល​ទៅហើយ។

    គូ​ស្វាមីភរិយា Barack Obama និង Michelle Obama បាន​ក្លាយជា​យីហោ​មួយ​ដែលមាន​ផលិតផល​ជាច្រើន នាំមក​នូវ​ប្រាក់ចំណេញ​ច្រើនសន្ធឹក។ តួលេខ​ដែល​គេ​ត្រូវ​លើក​យកមក​និយាយ​ពេលនេះ មានដូចជា ខ្ទង់​ប្រាក់ចំណូល​ជិត65លាន​ដុល្លារ​បានមកពី​កិច្ចព្រមព្រៀង​ជាមួយនឹង​ម្ចាស់​រោង​ពុ​ម្ភ Penguin Random House និង​ជាង50លាន​ដុល្លារ​បានមកពី​កិច្ចព្រមព្រៀង​ជាមួយនឹង Netflix បូករួម​នឹង​មូលប្បទានប័ត្រ20លាន​ដុល្លារ​ពី Spotify ដើម្បី​ទទួលបាន postcast ផ្ដាច់មុខ​ពី​លោក Obama ជាដើម។ល។

    ប៉ុន្តែ បញ្ជីរាយនាម “ផលិតផល” របស់​គ្រួសារ Obama ខាងលើនេះ នឹងមាន​ច្រើន​ជាងនេះទៀត​នាពេលខាងមុខ។ ក្នុងនោះ​មានដូចជា កិច្ចពិភាក្សា​គ្នា​ដែលមាន​តម្លៃ 400,000ដុល្លារ/មួយពេល ហើយ​សូម្បីតែ​ប៉ានតែ​ដែលមាន​ផ្ដិច​ឃ្លា​ដែល​ទាក់ទង​នឹង​សេចក្ដី​ថ្លែង​ការ​ប្រកបដោយ​ការច្នៃប្រឌិត​របស់លោក Obama ក៏មាន​តម្លៃ​ដល់​ទៅ20ដុល្លារ​ផងដែរ​ក្នុង​ប៉ាន់​ចំនួន​មួយ។

    យីហោរបស់អតីតប្រធានាធិបតី Obama រកប្រាក់បានច្រើនសន្ធឹក តាមវីធីណាខ្លះ?
    Obama ហាក់ដូចជា “ប៉ះត្រង់ណា ត្រង់នោះក៏ក្លាយជាមាស”

    នៅ​សហរដ្ឋអាមេរិក ការដែល​ប្រធានាធិបតី​ចេញផ្សាយ​សៀវភៅ ឬ​បង្កើត​មូលនិធិ​ឯកជន បានក្លាយ​ជា​រឿង​ទំនៀមទម្លាប់​ទៅហើយ បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញពី​សេត​វិមាន។ អតីត​ប្រធានាធិបតី Bush, Bill Clinton ជាដើម សុទ្ធតែ​បានធ្វើ​ដូច្នេះ។ ប៉ុន្តែ Louis Morales-Chanard ដែលជា​នាយក​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ Dentsu និយាយថា លោក Obama គឺជា​មនុស្ស​ដំបូង​គេ​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង ហើយ​លទ្ធផល​នេះ​បាន​កើតឡើង​ដំណាលគ្នា​នឹង​ការរីកចម្រើន​របស់​ប​ណ្ដា​ញ​សង្គម ដូចជា Facebook, Twitter, Youtube ព្រោះ​គ្រួសារ​លោក Obama បាន​ចាប់យក​ឥទ្ធិពល​នេះ​បាន​យ៉ាង​ឆាប់រហ័ស។

    មួយវិញទៀត ជោគជ័យ​របស់លោក Obama មួយផ្នែក​ក៏ដោយ​សារ​លោក​គឺជា​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ។ ក្រៅពីនេះ លោក Obama ក៏ត្រូវ​បាន​គេ​ចាត់ទុក​ដូចជា​តំណាង​របស់​ក្រុម​ភាគតិច​ផងដែរ។ ហើយ​ដើម្បី​រក្សា​មុខមាត់ និង​កេរ្ដិ៍ឈ្មោះ​នេះ លោក Obama តែងតែ​ធ្វើខ្លួន​ឱ្យ​ជា​ប្រធានាធិបតី និង​អតីត​ប្រធានាធិបតី​ដែលមាន​លក្ខណសាមញ្ញ និង​ងាយស្រួល​រាប់អាន។

    ជាង​នេះ លោក Obama កំពុងតែ​ចាត់ទុក​លោក Trump ជា​ឥន្ធនៈ​ដ៏​ល្អ​ឯក​សម្រាប់​ប្រព័ន្ធ​ដំណើរការ​របស់ខ្លួន។ ក្នុងពេលដែល​ស្ដង់ដា និង​តម្លៃ​នៃ​សហរដ្ឋអាមេរិក​ត្រូវបាន​ថយចុះ ក្នុងនោះ​សង្គម​ត្រូវ​បែកបាក់ លោក Obama គឺជា​តំណាង​នៃ​សេចក្ដីសុខ និង​សុវត្ថិភាព​របស់​ពិភព​បុរាណ នេះ​បើតាម​អ្នកវិភាគ Jean-Emmanuel Cortade de la Saussay ស្ថាបនិក​របស់ Story Mind ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អំពី​យីហោ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

    មកដល់​បច្ចុប្បន្ន គូ​ស្វាមីភរិយា​លោក Obama ហាក់ដូចជា “ប៉ះ​ត្រង់ណា ត្រង់នោះ​ក៏​ក្លាយជា​មាស។ ពេល​ទើបតែ​ឈាន​ជើង​ចូល​សេត​វិមាន ទ្រព្យសម្បត្តិ​របស់​គ្រួសារ​អតីត​ប្រធានាធិបតី Barack Obama កាលណោះ​ត្រូវបាន​ប្រកាសថា មានតែ 1.3លាន​ដុល្លារ​ប៉ុណ្ណោះ។ ដល់​ឆ្នាំ2018 តួលេខ​នេះ​បាន​ឡើងដល់40លាន​ដុល្លារ នេះ​បើតាម GoBankingRates។ ចំណែក New York Post ថ្មីៗនេះ បាន​គន់គូរ​ឃើញថា ទ្រព្យ​របស់​គ្រួសារ Obama មាន​ដល់​ទៅ135លាន​ដុល្លារ​អាមេរិក ខណៈដែល​ស្ថិតិ​របស់​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន​បាន​ព្យាករ​ថា នាពេលខាងមុខ តួលេខ​នេះ​នឹង​កើន​ដល់242លាន​ដុល្លារ​អាមេរិក៕

    ប្រភព៖ BI, Le Figaro,RFI

     

     

  • Trump ថានឹងចាកចេញពីសេតវិមាន ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    Trump ថានឹងចាកចេញពីសេតវិមាន ប៉ុន្តែត្រូវមានលក្ខខណ្ឌ

    ប្រធានាធិបតី Donald Trump បានឱ្យដឹងថា នឹងចុះចេញពីសេតវិមាន បើសិនជាគូប្រជែង Joe Biden ឈ្នះក្នុងការបោះឆ្នោតរបស់តំណាងម្ចាស់ឆ្នោតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី14ធ្នូខាងមុខ។

    កាលពីថ្ងៃទី 26វិច្ឆិកា លោក Donald Trump បានអះអាងថា លោកនឹងចុះចេញពីសេតវិមាន បើសិនជាបេក្ខភាពមកពីបក្សប្រជាធិបតេយ្យ លោក Joe Biden ត្រូវបានប្រតិភូតំណាងម្ចាស់ឆ្នោតទទួលស្គាល់ថាជាអ្នកឈ្នះ នៅក្នុងការបោះឆ្នោតនាថ្ងៃទី14ធ្នូខាងមុខ ប៉ុន្តែបានបន្ថែមថា នឹងពិបាកខ្លាំងដើម្បីឱ្យលោកទទួលស្គាល់បរាជ័យ នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ហើយតំណាងម្ចាស់ឆ្នោតនឹង “បង្កឱ្យមានកំហុសឆ្គង” បើសិនជាបោះឆ្នោតឱ្យ Biden។

    នេះគឺជាឥរិយាបថចុងក្រោយ និងទំនងជាការ​​ទទួលស្គាល់បរាជ័យថ្មី​បំផុត​របស់ខ្លួន ដែលលោក Trump បានលើកឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

    នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក Trump ថ្លែងថា “ការបោះឆ្នោតនេះ គឺជាករណីបោកប្រាស់” ក៏ប៉ុន្តែ លោកមិនបានលើកឡើងអំពីភ័ស្តុតាងនោះទេ។

    ចាប់ពីថ្ងៃទី7វិច្ឆិកា សារព័ត៌មានអាមេរិកាំង បានទទួលស្គាល់ថា លោក Joe Biden គឺជាប្រធានាធិបតីជាប់ឆ្នោត។ ចំនួនសន្លឹកឆ្នោតនៃប្រតិភូតំណាងម្ចាស់ឆ្នោតដែលលោក Biden កំពុងកាន់កាប់ មាន​ចំនួន​ 306សំឡេង ខណៈលោក Trump កាន់កាប់ 232សំឡេង នេះបើតាមលទ្ធផលនៃការព្យាករដែលត្រូវបានប្រកាសដោយបណ្ដាស្ថាប័នសារ​ព័ត៌មានធំៗនៅសហរដ្ឋអាមេរិក។

    ក៏ប៉ុន្តែ Trump មិនទាន់ទទួលស្គាល់ថាចាញ់នៅឡើយ ហើយបច្ចុប្បន្ន លោកកំពុងធ្វើ “សង្គ្រាម” ផ្នែកច្បាប់នៅឯបណ្ដារដ្ឋសំខាន់ៗ រួមមាន Pennsylvania, Georgia និង Michigan ដើម្បីប្រឆាំងនឹងលទ្ធផលនៃការ​រាប់​សន្លឹក​ឆ្នោត បើទោះជារដ្ឋទាំងនេះ បានទទួលស្គាល់ជ័យជំនះរបស់លោក Biden ក៏ដោយ​៕

    ប្រភព៖ Reuters

  • អតីតនាយករដ្ឋមន្ត្រីស៊ូដង់ បង់ជីវិតនៅ UAE ដោយសារCovid-19

    អតីតនាយករដ្ឋមន្ត្រីស៊ូដង់ បង់ជីវិតនៅ UAE ដោយសារCovid-19

    ក្រោយរយៈពេល3សប្ដាហ៍ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអារ៉ាប់រួម (UAE) អតីតនាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Sadiq al-Mahdi បានទទួលមរណភាព ព្រោះតែបានឆ្លងវីរុសCovid-19។

    កាលពីខែមុន គ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីស៊ូដង់ Sadiq al-Mahdi បានឱ្យដឹងថា លោកបានធ្វើតេស្តរកឃើញថា វិជ្ជមានជាមួយនឹងCovid-19។ ក្រោយការព្យាបាលរយៈពេលខ្លីនៅប្រទេសស៊ូដង់មិនទទួលបានផលល្អ លោក Sadiq al-Mahdi ក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប់រួម។

    ថ្ងៃទី26វិច្ឆិកានេះ គ្រួសារ និងបក្ស Umma បានប្រកាសថា លោក Sadiq al-Mahdi បានទទួលមរណភាព។ សាកសពអតីតនាយករដ្ឋមន្ត្រីស៊ូដង់រូបនេះ នឹងត្រូវបានបញ្ចុះនៅព្រឹកថ្ងៃទី27វិច្ឆិកានៅក្នុងទីក្រុង Omdurman នៃប្រទេសស៊ូដង់។ នេះបើតាមសារព័ត៌មាន Reuters។

    លោក Sadiq al-Mahdi ឆ្នាំនេះ មានវ័យ84ឆ្នាំ។ លោកគឺជាអ្នកនយោបាយកំពូលមួយរូបនៅប្រទេសស៊ូដង់។ លោកធ្លាប់បានកាន់កាប់តំណែងនាយករដ្ឋមន្ត្រីស៊ូដង់ក្នុងដំណាក់កាលពីឆ្នាំ1966-1967 និងឆ្នាំ1986-1989។ ឆ្នាំ1989 លោកត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីតំណែង ហើយអតីតប្រធានាធិបតី Omar al-Bashir បានឡើងកាន់កាប់តំណែងនាយករដ្ឋមន្ត្រីជំនួសលោករូប។

    ក្រោយការរស់នៅនិរទេសខ្លួនបានមួយឆ្នាំ លោក Sadiq al-Mahdi ក៏ត្រលប់មកកាន់ស៊ូដង់វិញនៅចុងឆ្នាំ2018 ខណៈដែលរដ្ឋាភិបាលរបស់លោក Bashir កំពុងប្រឈមនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លា។ កូនស្រីរបស់លោក Sadiq al-Mahdi ឈ្មោះ Mariam Sadiq al-Mahdi ដែលគ្រប់គ្រងតំណែងជាអនុប្រធាននៃគណបក្សប្រឆាំង Umma ក៏ធ្លាប់ត្រូវបានឃុំខ្លួននៅក្នុងគ្រាដែលមានបាតុកម្មកើតឡើងផងដែរ។

    ក្នុងកាលៈទេសៈដែលបក្សប្រឆាំងនានាសុទ្ធតែចុះខ្សោយក្រោមរបបលោក Bashir គណបក្ស Umma ក៏បានសាមគ្គីគ្នា និងដើរតួនាទីសំខាន់ដើម្បីរក្សាតុល្យភាពអំណាចនៅស៊ូដង់។ ក្រោយពីកងទ័ពបានបង្ខំឱ្យអតីតប្រធានាធិបតី al-Bashir ចាកចេញពីអំណាច លោក Sadiq al-Mahdi ក៏បន្តជំរុញឱ្យប្រទេសជាតិ​ងាក​មក​រក​របប​ប្រជាធិបតេយ្យវិញ៕

    ប្រភព៖ Reuters

  • ក្រុមបាតុករថៃ ជាង10,000នាក់ នាំគ្នាតវ៉ានៅមុខធនាគារដែលមានភាគហ៊ុនរបស់ស្ដេច 

    ក្រុមបាតុករថៃ ជាង10,000នាក់ នាំគ្នាតវ៉ានៅមុខធនាគារដែលមានភាគហ៊ុនរបស់ស្ដេច 

    ប្រជាជនថៃប្រមាណជាង10,000នាក់ បានលើកគ្នាមកតវ៉ានៅខាងមុខធនាគារពាណិជ្ជសៀម ដើម្បីស្នើឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិ ក៏ដូចជាការចំណាយរបស់មហាក្សត្រ Vajiralongkorn។

    បាតុកម្មនេះត្រូវបានធ្វើឡើងចាប់ពីវេលាម៉ោងប្រហែល15 ក្នុងថ្ងៃទី25វិច្ឆិកា នៅខាងក្រៅការិយាល័យកណ្ដាលរបស់ធនាគារពាណិជ្ជសៀម (SCB) នៅភាគខាងជើងទីក្រុងបាងកក បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅក្នុងតំបន់នេះ។ ការិយាល័យកណ្ដាលរបស់ SCB នៅទីក្រុងបាងកកបានបិទទ្វារកាលពីម្សិលមិញ ប៉ុន្តែសាខារបស់ធនាគារនេះនៅតែដំណើរការជាធម្មតា។

    មហាក្សត្រថៃ Vajiralongkorn គឺជាភាគហ៊ុនិកធំបំផុតរបស់ធនាគារ SCB ហើយកន្លងមក ក្រុមបាតុករក៏ធ្លាប់បានអំពាវនាវឱ្យប្រជាជនបិទគណនីនៅធនាគារនេះដើម្បីសម្ដែងការជំទាស់។

    មេដឹកនាំក្រុមបាតុករ Parit “Penguin” Chiwarak បានស្នើឱ្យបើកការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិ និងការចាយវាយរបស់មហាក្សត្រថៃផងដែរ។ Penguin បានស្នើឱ្យក្រុមបាតុករច្រៀងរួមគ្នានូវចម្រៀងមួយបទមុននឹងបញ្ចប់ការតវ៉ាដោយសន្តិវិធីដើម្បីទប់ស្កាត់ករណីត្រូវចាប់ខ្លួនដែលអាចនាំឱ្យពួកគេមិនអាចធ្វើបាតុកម្មនៅថ្ងៃទី27វិច្ឆិកា។

    មេដឹកនាំម្នាក់ទៀតរបស់ក្រុមបាតុករ នោះគឺ Panusaya “Ruang” Sithijirawattanakul បានឱ្យដឹងថា បាតុកម្មបន្ទាប់នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី27វិច្ឆិកាខាងមុខ ក៏ប៉ុន្តែមេដឹកនាំរូបនេះមិនបានបង្ហើបឱ្យដឹងអំពីទីតាំងជាក់លាក់នោះទេ។

    Penguin បានសរសេរនៅទំព័រ Facebook កាលពីថ្ងៃទី24វិច្ឆិកាថា ខ្លួនត្រូវបានប៉ូលិសស្នើឱ្យចូលខ្លួនបំភ្លឺនៅឯនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី1ធ្នូ។ ដីកាកោះនេះក៏ត្រូវបានធ្វើឡើងចំពោះក្រុមសកម្មជនចំនួន12នាក់ផ្សេងទៀតផងដែរ។

    ក្រុមបាតុករនេះ ដំបូងឡើយមានផែនការប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ហើយបន្ទាប់មកនឹងឆ្ពោះទៅកាន់នាយកដ្ឋានរាជសម្បត្តិ (CBP) នៅកណ្ដាលរាជធានីដើម្បីស្នើឱ្យមានការស៊ើបអង្កេតលើទ្រព្យសម្បត្តិ និងការចំណាយរបស់មហាក្សត្រ។ ប៉ុន្តែ ក្រុមប៉ូលិសបានរារាំងនៅតំបន់ CBP ដោយប្រើប្រាស់កុងតឺន័រ របងបេតុង និងបន្លាលួស។ ប៉ូលិសព្រមានក្រុមបាតុករមិនឱ្យចូលដល់រង្វង់150ជុំវិញ CBP។

    ក្រុមបាតុករ ក្រោយមកក៏បានប្ដូរទិសដៅទៅកាន់ធនាគារ SCB ដើម្បីកាត់បន្ថយភាពតានតឹងដែលអាចប្រឈមមុខដាក់គ្នា ឬការប៉ះទង្គិចជាមួយក្រុមប៉ូលិសដែលអាចនាំឱ្យពួកគេធ្លាក់ចូលក្នុងអន្ទាក់។ អាជ្ញាធរបានបំពាក់កាមេរ៉ានៅជុំវិញ SCB កាលពីព្រឹកថ្ងៃទី25វិច្ឆិកា។

    មហាក្សត្រថៃ Vajiralongkorn គឺជាភាគហ៊ុនិកធំជាងគេបង្អស់របស់ SCB ដែលជាធនាគារធំលំដាប់ទីពីរនៅប្រទេសថៃ និងកាន់កាប់ភាគហ៊ុនប្រមាណ 23.4% ដោយព្រះអង្គជាអ្នកឈរព្រះនាមផ្ទាល់។

    ក្រោយពីបានឡើងគ្រងរាជ មហាក្សត្រ Vajiralongkorn ក៏បានកាន់កាប់សិទ្ធិគ្រប់គ្រង CPB និងឈរព្រះនាមក្ដោបក្ដាប់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបប្រមាណជាង 60ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ2016 រួមមាន អចលនទ្រព្យកំពូលៗនៅទីក្រុងបាងកក និងមូលបត្រនៅ SCP។ CPB ត្រូវបានបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ1930 ដើម្បីគ្រប់គ្រងរាជសម្បត្តិ ប៉ុន្តែ នៅឆ្នាំ2017 វាបានក្លាយជាទ្រព្យឯកជនរបស់មហាក្សត្រ។

    សូមរំលឹកថា បាតុករថៃបានចេញធ្វើបាតុកម្មអស់ជាច្រើនខែមកហើយ ដើម្បីទាមទារឱ្យមានការកែសម្រួលរដ្ឋធម្មនុញ្ញ ឬកែទម្រង់របបយោធានិយម ដែលប្រការនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែថៃជាប្រទេសមួយដែលមានទំនៀមទម្លាប់គោរពរាជវង្សយ៉ាងខ្ជាប់ខ្ជួន។ យោងតាមច្បាប់ប្រមាទព្រះមហាក្សត្រ ដែលត្រូវគេចាត់ទុកថាមានលក្ខណតឹងរ៉ឹងបំផុតក្នុងពិភពលោក ជនល្មើសអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារដល់ទៅ15ឆ្នាំឯណោះ។

    នាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha កាលពីសប្ដាហ៍មុន បានប្រកាសថា រាជរដ្ឋាភិបាលថៃ និងស្ថាប័នសន្តិសុខ “នឹងប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីទប់ទល់នឹងក្រុមបាតុករ” ដែលលោកបានហៅថា ជាក្រុមល្មើសច្បាប់៕

    ប្រភព៖ Nikkei

  • អាមេរិកចេញគោលនយោបាយថ្មី៖ អ្នកទេសចរណ៍មកពីប្រទេសចំនួន23 នឹងត្រូវដាក់ប្រាក់កក់ធានា​ខ្លួន​​រហូត​ដល់​15,000​ដុល្លារ

    អាមេរិកចេញគោលនយោបាយថ្មី៖ អ្នកទេសចរណ៍មកពីប្រទេសចំនួន23 នឹងត្រូវដាក់ប្រាក់កក់ធានា​ខ្លួន​​រហូត​ដល់​15,000​ដុល្លារ

    គោលនយោបាយថ្មីរបស់ក្រសួងការបរទេសអាមេរិក តម្រូវឱ្យអ្នកទេសចរណ៍បរទេសមកពីប្រទេសចំនួន23 ដាក់ប្រាក់កក់ជាមុនរហូតដល់15,000ដុល្លារ នៅពេលសុំទិដ្ឋាការចូលទឹកដីអាមេរិក។ ខ្ទង់ប្រាក់កក់នេះនឹងត្រូវបានអាជ្ញាធរដកហូត បើសិនជាអ្នកទេសចរណ៍ស្នាក់នៅលើសថ្ងៃកំណត់នៅលើទឹកដីអាមេរិក។

    ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី23វិច្ឆិកា បានឱ្យដឹងថា គោលនយោបាយថ្មីនេះនឹងមានសុពលភាពចាប់​ពីថ្ងៃទី24ធ្នូ ឆ្នាំ2020ខាងមុខ រហូតដល់ថ្ងៃទី24មិថុនា ឆ្នាំ2021។ ការកំណត់ថ្មីនេះ ភាគច្រើនសំដៅទៅលើបណ្ដាប្រទេសដែលមានអត្រាពលរដ្ឋទៅស្នាក់នៅហួសកាលកំណត់លើទឹកដីអាមេរិកខ្ពស់ជាងគេ ដោយប្រើប្រាស់ប្រភេទទិដ្ឋាការ B-2 (សម្រាប់គោលដៅទេសចរណ៍) និង B-1 (សម្រាប់គោលដៅការងារ)។ ព័ត៌មានខាងលើនេះ ត្រូវបាន​​​ចុះផ្សាយលើបណ្ដាញព័ត៌មានរបស់នាយកដ្ឋានចុះឈ្មោះជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃទី24វិច្ឆិកា។

    គោលនយោបាយថ្មីនេះ បញ្ជាក់ថា អ្នកទេសចរណ៍ដែលសុំទិដ្ឋាការប្រភេទ B ទៅកាន់សហរដ្ឋអាមេរិក នឹងត្រូវកក់ប្រាក់ចំនួន 5,000ដុល្លារ ឬ 10,000ដុល្លារ ឬ 15,000ដុល្លារ។ ខ្ទង់ប្រាក់នេះនឹងត្រូវនាយកដ្ឋានអន្តោប្រវេសន៍ដកហូត បើសិនស្នាក់នៅហួសថ្ងៃកំណត់។

    ប្រទេសដែលមានឈ្មោះក្នុងបញ្ជីនៃគោលនយោបាយខាងលើ មានចំនួន23ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសដែលមានអត្រាពលរដ្ឋទៅស្នាក់នៅអាមេរិកខ្ពស់ជាង10% ហើយភាគច្រើនគឺជាប្រទេសនៅទ្វីបអាហ្វ្រិក (15​ប្រទេស)។ ក្រៅពីនេះក៏មានប្រទេសមួយចំនួននៅអាស៊ីផងដែរ។ ក៏ប៉ុន្តែ ការកំណត់ថ្មីខាងលើ មិនប៉ះពាល់ដល់និស្សិត ឬទេសចរមកពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតដែលទទួលបានការលើកលែងទិដ្ឋាការចូលទឹកដីអាមេរិក។

    អាមេរិកចេញគោលនយោបាយថ្មី៖ អ្នកទេសចរណ៍មកពីប្រទេសចំនួន23 នឹងត្រូវដាក់ប្រាក់កក់រហូតដល់15,000ដុល្លារ
    អាមេរិកចេញគោលនយោបាយថ្មី៖ អ្នកទេសចរណ៍មកពីប្រទេសចំនួន23 នឹងត្រូវដាក់ប្រាក់កក់រហូតដល់15,000ដុល្លារ

    គោលនយោបាយសាកល្បងដែលមានសុពលភាពរយៈពេល 6ខែនេះរបស់រដ្ឋាភិបាលលោក Trump ត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយស្ថានភាពទេសចរស្នាក់នៅហួសកាលកំណត់ ដែលនេះនឹងជួយឱ្យរដ្ឋាភិបាលបន្ថយបានការចំណាយទាក់ទងនឹងការបណ្ដេញចេញជនបរទេសដែលស្នាក់នៅលើសថ្ងៃកំណត់នៅលើទឹកដីអាមេរិក។

    បណ្ដាប្រទេសដែលរងផលប៉ះពាល់ពីគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក រួមមាន៖ អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ ស៊ីរី យេមែន លីប៊ី ម៉ូរីតានី អ៊ីរីទ្រា ស៊ូដង់ អង់ហ្គោឡា ប៊ូតាន បួគីណាហ្វាសូ បួរុនឌី កាបវែរ ឆាត សាធារណរដ្ឋកុងហ្គោ ជីប៊ូទី ហ្គាមប៊ី ហ្គីណេប៊ីសូ ឡាវ មីយ៉ានម៉ារ ប៉ាពួញ៉ូវហ្គីណេ និងប្រទេស សៅតូម៉េប្រាំងស៊ីប៕

    ប្រភព៖ AFP