Category: អន្តរជាតិ

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស 100លាន​នាក់

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​កើន​លើស 100លាន​នាក់

    ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ឱ្យដឹងថា ក្នុង​ថ្ងៃទី 25 មករា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 2 ករណី​ទៀត នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នៅ​កម្ពុជា​កើន​ដល់ 460 នាក់។

    ករណី​វិជ្ជមាន​ទាំងពីរ​ខាងលើនេះ សុទ្ធតែជា​ករណី​នាំចូល ក្នុងនោះ​មាន 1 ករណី​ជា​ពល​ការិនី​ត្រលប់​មកពី​ប្រទេស​ថៃ និង 1 ករណី​ទៀត ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ ក្រៅពី​រកឃើញ​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ចំនួន 2 ករណី​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 460 នាក់ ក្នុងនោះ​មាន 412​ នាក់​បានជា​សះស្បើយ និង 48 នាក់​កំពុង​សម្បា​ក​ព្យាបាល។

    នៅ​ទូទាំង​ពិភពលោក អ្នក​ឆ្លង Covid-19 បាន​កើន​ឡើងដល់​ជាង 100 លាន​នាក់ និង​អ្នកស្លាប់​កើន​ដល់​ជាង 2,148,000 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន​ជាង 25.8 លាន​នាក់៕

  • ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

    ថៃប្រកាសអំពីគម្រោងចាក់វ៉ាក់សាំង Covid-19 ដល់ក្រុមមនុស្សអាទិភាព

    ប្រទេស​ថៃ កាលពី​ថ្ងៃទី 25 មករា បានប្រកាស​ឱ្យដឹង​អំពី​គម្រោង​ចាក់​វ៉ាក់សាំង​ទប់ស្កាត់ Covid-19 នៅ​ខែកុម្ភៈ​ខាងមុខ ដោយ​ប្រើប្រាស់​វ៉ាក់សាំង 50,000 ដូ​ស របស់ AstraZeneca។

    ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកយកព័ត៌មាន លោក Sopon Mekton ដែលជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់​ថៃ បានឱ្យដឹងថា បុគ្គលិក​សុខាភិបាល​នៅក្នុង​ខេត្ត Samut Sakhon ដែលជា​ស្នូល​នៃ​រលក​វីរុស​ថ្មី​បំផុត​នៅ​ប្រទេស​នេះ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ដំបូង​គេ បន្ទាប់មក​គឺ​ក្រុមមនុស្ស​វ័យ​ចំណាស់ និង​ពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ។

    កាលពី​សប្ដាហ៍​មុន ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ថ្នាំពេទ្យ​របស់​ថៃ បានអនុម័ត​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ប៉ុន្តែ​មិនទាន់​បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinovac Biotech ដែល​ខ្លួន​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នៅឡើយ។

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រទេស​ថៃ Anutin Charnvirakul បញ្ជាក់ថា ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជាង 2 សែន​ដូ​សរ​បស់ AstraZeneca និង 2 លាន​ដូ​ស របស់ Sinovac Biotech។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 26 មករា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 13,687 នាក់ ក្នុងនោះ​មាន 75 នាក់​បាន​ស្លាប់៕

    ប្រភព​៖ Bangkok Post

  • ទាហាន​ឥ​ណ្ឌ – ចិន វាយតប់​គ្នា​នៅ​ព្រំដែន​ទៀតហើយ!

    ទាហាន​ឥ​ណ្ឌ – ចិន វាយតប់​គ្នា​នៅ​ព្រំដែន​ទៀតហើយ!

    ទាហាន​របស់​កងទ័ព​ឥណ្ឌា និង​ចិន បន្ត​វាយតប់​គ្នា​នៅ​តំបន់​ព្រំដែន​កំពុងមាន​ជម្លោះ ស្ថិតនៅលើ​ជួរ​ភ្នំ​​ហិម​ពាន្ត ​(ហិមាល័យ/​Himalaya)​ បណ្ដាល​ឱ្យ​ទាហាន​ពីរ​នាក់​រងរបួស។

    មន្ត្រី​ឥណ្ឌា​ថ្ងៃនេះ​បានឱ្យដឹងថា ករណី​វាយតប់​គ្នា​ថ្មី​នេះ​បាន​កើតឡើង​នៅក្នុង​ថ្ងៃទី 20 មករា នៅ Naku La រដ្ឋ Sikkim ខណៈដែល​ទាហាន​ល្បាត​មួយក្រុម​របស់​ចិន ព្យាយាម​ដើរចូល​ក្នុង​ទឹកដី​របស់​ឥណ្ឌា រួច​ក៏ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ទៅវិញ។ តំបន់ Naku La ស្ថិតនៅ​ចន្លោះ​រដ្ឋ Sikkim របស់​ឥណ្ឌា និង​តំបន់ ទី​បី (Tibet) របស់​ចិន។

    ក្រុមមន្ត្រី​ឥណ្ឌា​បាន​បញ្ជាក់ថា ករណី​វាយតប់​គ្នា​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅក្នុង​យប់​ដដែល​នោះ ខណៈដែល​ភាគី​ទាំងសងខាង​សុទ្ធ​តែមាន​អ្នករងរបួស។

    ចំណែក​ភាគី​ប្រទេស​ចិន​វិញ មកដល់​បច្ចុប្បន្ន​មិនទាន់​មានការ​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​នេះ​នៅឡើយ។

    ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​ឥណ្ឌា និង​ចិន បានអូសបន្លាយ​ពេល​អ​ស់ 7 ទសវត្សរ៍​មកហើយ។ ភាគី​ទាំងពីរ​ធ្លាប់បាន​វាយ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​រយៈពេល​ខ្លី​កាលពី​ឆ្នាំ 1962។

    ក្រោយ​ភាព​តានតឹង​នៅ​ខ្ពង់រាប Doklam នា​ឆ្នាំ 2017 ស្ថានភាព​នៅ​តំបន់​មាន​ជម្លោះ​ក៏បាន​ស្ងប់ស្ងាត់ ប៉ុន្តែ ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​នាំឱ្យ​មានការ​វាយតប់​គ្នា​ជា​ក្រុម​កាលពី​ខែឧសភា ឆ្នាំ 2020។ មកដល់​ខែមិថុនា ឆ្នាំ 2020 ក៏​ស្រាប់​តែមាន​ករណី​វាយតប់​គ្នា​ទៀត​រវាង​ទាហាន​ចិន និង​ឥណ្ឌា នៅ​ជ្រលង​ភ្នំ Galwan បណ្ដាលឱ្យ​ទាហាន​ឥណ្ឌា 20 នាក់​បាន​ស្លាប់ និង​ទាហាន​ចិន​ជាច្រើន​នាក់​ត្រូវស្លាប់ និងរ​ងរ​បូស។ ក្រោយមក​ក៏មាន​ករណី​វាយតប់​គ្នា​ទ្រង់ទ្រាយ​តូច​កើត​ឡើងជា​បន្តបន្ទាប់។

    ការ​វាយតប់​គ្នា​ជាច្រើនលើក បានធ្វើ​ឱ្យមាន​បាតុកម្ម​ប្រឆាំងនឹង​ផលិតផល និង​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​នៅ​ឥណ្ឌា​ផងដែរ។ ទាំង​ចិន ទាំង​ឥណ្ឌា សុទ្ធតែ​កំពុង​បង្កើន​កម្លាំង​ទ័ព​នៅក្បែរ​ព្រំដែនរៀងៗខ្លួន ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ករណី​មាន​សង្គ្រាម ឬ​ការផ្ទុះអាវុធ​ដាក់គ្នា​កើតឡើង។

    ភាគី​ទាំង​ពីរបាន​ចរចា​គ្នា​ជាច្រើនលើក​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ព្រំដែន ក្នុងនោះ​ការចរចា​កាលពី​ថ្ងៃទី 24 មករា បាន​ជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​មួយកម្រិត ប៉ុន្តែ​ពុំទាន់​មានការ​បញ្ចេញ​ឱ្យដឹង​អំពី​លទ្ធផល​ជាក់លាក់​នៃ​ការជួប​ចរចា​នោះ​​នៅ​ឡើយ៕

    ប្រភព៖ AFP

  • អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង

    អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើង ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង

    អ្នកការទូត​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង ដែល​ធ្លាប់​កាន់តំណែង​ឯកអគ្គរដ្ឋទូត​ស្ដីទី​ប្រចាំ​ប្រទេស​គុយ​វ៉ែត បាន​ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង​ជាមួយនឹង​គ្រួសារ​កាលពី​ឆ្នាំ 2019 ប៉ុន្តែ ទើបតែ​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពីពេលថ្មីៗនេះ។

    Ryu Hyun-woo ភៀសខ្លួន​មកកាន់​កូរ៉េខាងត្បូង​កាល​ខែកញ្ញា ឆ្នាំ 2019 និង​បាន​សុំ​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​នេះ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​គេ​លាក់បាំង​រហូតដល់​បច្ចុប្បន្ន នេះ​បើតាម Maeil Business ជាទី​ភ្នា​ក់​សារព័ត៌មាន​សេដ្ឋកិច្ច​ធំជាងគេ​នៅ​កូរ៉េខាងត្បូង ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មករា ឆ្នាំ 2021។ «ខ្ញុំ​សម្រេចចិត្ត​ភៀសខ្លួន​គឺ​ដោយសារ​ចង់​នាំមក​នូវ​អនាគត​ល្អប្រសើរ​សម្រាប់កូន» លោក Ryu Hyun-woo ថ្លែង​ដូច្នេះ។

    Ryu Hyun-woo បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​ស្ដីទី​របស់​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​គុយ​វ៉ែត​នៅ​ខែកញ្ញា ឆ្នាំ 2017 បន្ទាប់ពី​គុយ​វ៉ែត​បាន​បណ្ដេញ​ប្រេសិត​ពិសេស So Chang-sik។ ការបណ្ដេញចេញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​គុយ​វ៉ែត​អនុម័ត​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្ដីអំពី​កម្មវិធី​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង។

    យោងតាម​សារព័ត៌មាន Maeil Business លោក Ryu Hyun-woo គឺជា​កូនប្រសា​របស់ Jon Il-chun អតីត​មេដឹកនាំ​ការិយាល័យ 39 ដែលជា​អង្គភាព​គ្រប់គ្រង​មូលនិធិ​សម្ងាត់​របស់​ក្រុម​មេដឹកនាំ​កូរ៉េខាងជើង។

    លោក Thae Yong-ho អតីតឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំអង់គ្លេសដែលបានភៀសខ្លួនចូលកូរ៉េខាងត្បូងកាលពីឆ្នាំ 2016

    Thae Yong-ho អតីត​ឯកអគ្គរដ្ឋទូត​រងរ​បស់​កូរ៉េខាងជើង​ប្រចាំ​អង់គ្លេស​ដែល​បាន​ភៀសខ្លួន​ចូល​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ 2016 និង​ត្រូវបាន​បោះឆ្នោត​ជា​តំណាងរាស្ត្រ​បក្សប្រឆាំង​កាលពី​ឆ្នាំទៅ បាន​អធិប្បាយ​ថា លោក Ryu Hyun-woo គឺជា​ផ្នែក​មួយ​នៃ «ស្នូល​សំខាន់» របស់​ទីក្រុង​ព្យុងយ៉ាង។ «បើទោះជា​ជីវភាព​របស់​អ្នកមាន​សិទ្ធិ​ពិសេស​យ៉ាងណាក៏ដោយ​នៅ​កូរ៉េខាងជើង គំនិត​របស់​អ្នកនឹង​ផ្លាស់ប្ដូរ​នៅពេល​អ្នក​ចេញទៅ​បរទេស និង​ចាប់​ផ្ដើមធ្វើ​ការប្រៀបធៀប» លោក Thae បញ្ជាក់។

    ជនជាតិ​កូរ៉េខាងជើង​ប្រមាណ​ជា 30,000 នាក់ ត្រូវបាន​គេ​ជឿថា បាន​ភៀសខ្លួន​ចូល​ទឹកដី​កូរ៉េខាងត្បូង។ ការដែល​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ភៀសខ្លួន​ពី​ទឹកដី​គឺជា​រឿង​កម្រ បើ​ទោះ​ការ​ភៀសខ្លួន​របស់ Ryu ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​ភៀសខ្លួន​របស់​អតីត​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អ៊ីតាលី Jo Song-gil ដែល​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ទីក្រុង​សេ​អ៊ូ​ល ត្រឹមតែ​រយៈពេល 2 ខែ​ក៏ដោយ។

    កូរ៉េខាងជើង​បាន​រឹតបន្តឹង​សន្តិសុខ​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​ទប់ស្កាត់ Covid-19 នាំឱ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​ចូលមក​កាន់​កូរ៉េខាងត្បូង​ត្រូវ​ថយចុះ​ច្រើន​ក្នុង​ឆ្នាំ 2020។ ទំនាក់ទំនង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​ជាប់គាំង បន្ទាប់ពី​ការខិតខំ​ចរចា​មិនបាន​នាំមក​នូវ​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

    ប្រភព៖ AFP

  • ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ឆ្លង Covid-19

    ប្រធានាធិបតី​របស់​ម៉ិ​ក​ស៊ិ​ក លោក Lopez Obrador ទើបតែ​បានប្រកាស​ឱ្យដឹងថា លោក បាន​ឆ្លង Covid-19 នាំឱ្យ​បញ្ជី​ឈ្មោះ​នៃ​មេដឹកនាំ​ពិភពលោក​ដែល​ឆ្លង​វីរុស Covid-19 កាន់តែ​វែងឡើង។

    «ខ្ញុំ​មានការ​សោកស្ដាយ​ណាស់​នៅពេល​ប្រកាសថា ខ្ញុំ​បាន​ឆ្លង​វីរុស Covid-19។ អាការរោគ​ស្រាល​ទេ ប៉ុន្តែ​ខ្ញុំ​កំពុង​ទទួល​ការព្យាបាល» ប្រធាន​ធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador បាន​បង្ហោះ​សារ​បែបនេះ​នៅលើ​បណ្ដាញ​ស​ង្គ​ល​កាលពី​ថ្ងៃទី 24 មករា (ព្រឹក​ថ្ងៃទី 25 មករា នៅ​កម្ពុជា)។ លោក​បាន​បន្ថែមទៀត «ខ្ញុំ​នៅតែមាន​ការជឿជាក់​ដូចដើម»។

    លោក Lopez Obrador ថ្លែងថា លោក​នឹង​បន្តធ្វើ​ការ​ពី​វិមាន​ប្រធានាធិបតី និង​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រសួងមហាផ្ទៃ​ជំនួស​លោក​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅក្នុង​សប្ដាហ៍​នេះ។

    លោក Lopez Obrador មាន​អាយុ 67 ឆ្នាំ ដែលមាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​មាន​បញ្ហា​បេះដូង ត្រូវបាន​គេ​មើលឃើញថា ហាក់​មិនដែល​ពាក់​ម៉ាស ព្រមទាំង​នៅតែ​ធ្វើការ​ទៅតាម​ធម្មតា​នៅក្នុង​អំឡុង​វិបត្តិ​សុខភាព Covid-19។ លោក​ធ្លាប់មាន​បញ្ហា​បេះដូង និង​ត្រូវ​ចូល​ពេទ្យ​កាលពី​ឆ្នាំ 2013។

    នៅ​ដើម​ខែម​ករានេះ Jesus Ramirez Cuevas ដែលជា​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក ក៏មាន​លទ្ធផល​វិជ្ជមាន​នឹង Covid-19 ផងដែរ។

    មុន​លោក Lopez Obrador មេដឹកនាំ​ពិភពលោក​ជាច្រើនរូប​ក៏​ធ្លាប់​ឆ្លង Covid-19 ក្នុងនោះ​មានដូចជា ប្រធានាធិបតី​អង់គ្លេស លោក Boris Johnson ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ផងដែរ។

    ម៉ិ​ក​ស៊ិ​ក​គឺជា​សម្បុក​វីរុស Covid-19 ធំជាងគេ​លំដាប់​ទី 4 ក្នុង​តំបន់​អាមេរិក​ឡាទីន ដោយមាន​អ្នក​ឆ្លង​វីរុស​ចំនួន​ជាង 1.7 លាន​នាក់ និង​ជិត 150,000 នាក់​បាន​ស្លាប់៕

    ប្រភព៖ AFP, ABC

  • Covid-19 នៅ​កម្ពុជា និង​ពិភពលោក ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 24មករា

    Covid-19 នៅ​កម្ពុជា និង​ពិភពលោក ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 24មករា

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី 25 ខែមករា​នេះ បានប្រកាស​ឱ្យដឹងថា កម្ពុ​ជាមាន​ករណី​ជាសះស្បើយ​ពី Covid-19 ថ្មី​ចំនួន 4 នាក់ ខណៈ​មិនមាន​ករណី​វិជ្ជមាន​នោះទេ​នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ។

    ករណី​ជាសះស្បើយ​នេះ​សុទ្ធតែជា​ពលករ ពល​ការិនី​ខ្មែរ​ដែល​ត្រលប់​មកពី​ប្រទេស​ថៃ ក្នុងនោះ​មាន​បុរស​ម្នាក់ និង​ស្ត្រី​ចំនួន 3 នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 25 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 458 នាក់ ក្នុងនោះ​មាន 409 នាក់​បានជា​សះស្បើយ និង 49 នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    នៅ​ទូទាំង​ពិភពលោក Covid-19 បាន​ឆ្លងទៅ​មនុស្ស​ជាង 99,736,690 នាក់ និង​សម្លាប់​មនុស្ស​ជាង 2,137,990 នាក់ ខណៈ 25,878,905 នាក់​កំពុង​ព្យាបាល។ អ្នកជំងឺ Covid-19 បានជា​សះស្បើយ មាន​ចំនួន 71,718,569 នាក់៕


  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2ករណី​បន្ថែមទៀត ខណៈ​ពិភពលោក​រកឃើញ 574,547 នាក់ ក្នុងអំឡុង 24ម៉ោង​កន្លង

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី 2ករណី​បន្ថែមទៀត ខណៈ​ពិភពលោក​រកឃើញ 574,547 នាក់ ក្នុងអំឡុង 24ម៉ោង​កន្លង

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា ករណី​វិជ្ជមាន​ចំនួន 2 នាក់ ដែល​ទើប​ត្រូវបាន​រកឃើញ​ក្នុងអំឡុង​មួយ​យប់​និង​មួយថ្ងៃ​កន្លងទៅនេះ​គឺជា​ករណី​នាំចូល។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ខាងលើ​គឺមាន 1 ករណី​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ និង​មួយ​ករណី​ទៀត​ជា​ស្ត្រី​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក។ ព័ត៌មាន​លម្អិត​សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 24 មករា ឆ្នាំ 2021 នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 458 នាក់ ក្នុងនោះ​មាន 405 នាក់​បានជា​សះស្បើយ និង 53 នាក់​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​វិជ្ជមាន​នឹង Covidd-19 សរុប 99,298,747 នាក់ ក្នុងនេះ​មាន 2,128,755 នាក់​បាន​បាត់​បង់ជីវិត និង 71,351,096 នាក់​បានជា​សះស្បើយ។ អ្នក​កំពុង​វិជ្ជមាន​នឹង Covid-19 មាន​ចំនួន 25,818,483 នាក់៕


     

  • Covid-19 នៅ​ទូទាំង​ពិភពលោក​កើន​ដល់​ជាង 98.7លាន​នាក់ ក្នុង​នោះ​ កម្ពុជា​កើន​ដល់​ជាង 450នាក់

    Covid-19 នៅ​ទូទាំង​ពិភពលោក​កើន​ដល់​ជាង 98.7លាន​នាក់ ក្នុង​នោះ​ កម្ពុជា​កើន​ដល់​ជាង 450នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា ក្នុងអំឡុង​មួយថ្ងៃ​និង​មួយ​យប់​កន្លងទៅនេះ កម្ពុជា​មិនមាន​ករណី​វិជ្ជមាន​នឹង Covid-19 នោះទេ ក្នុង​គ្រា​ដែល​ពិភពលោក​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​ចំនួន 23,412 នាក់។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 456 នាក់ ក្នុងនោះ​មាន 403 នាក់​បានជា​សះស្បើយ និង 53 នាក់ កំពុង​ព្យាបាល។

    នៅ​ទូទាំង​ពិភពលោក មកដល់​បច្ចុប្បន្ន Covid-19 បានសម្លាប់​មនុស្ស​ចំនួន 2,116,159 នាក់​នៅក្នុង​ចំណោម​អ្នកជំងឺ​សរុប​ចំនួន 98,736,967 នាក់ ក្នុងនេះ​មាន 70,911,582 នាក់​បានជា​សះស្បើយ និង 25,709,254 នាក់​កំពុង​ទទួល​ការព្យាបាល។ ក្នុងចំណោម​អ្នក​កំពុង​ព្យាបាល មាន 111,239 នាក់ ស្មើនឹង 0.4% អាច​បាត់​បង់ជីវិត​ដោយសារ​អាការ​ធ្ងន់ធ្ងរ៕


  • ធនាគារ​នាំគ្នា​បិទ​គណនី​របស់ Trump

    ធនាគារ​នាំគ្នា​បិទ​គណនី​របស់ Trump

    Banks United នៅ Florida ប្រកាសថា បាន​បិទ​គណនី​របស់លោក Trump ធ្វើឱ្យ​បញ្ជី​នៃ​បណ្ដា​ធនាគារ​ដែល​បែរខ្នង​ដាក់​អតីត​ប្រធានាធិបតី​រូបនេះ កាន់តែ​វែង​អន្លាយ ក្រោយពី​មាន​អំពី​ហិង្សា​នៅ Capitol Hill។

    «យើង​ពុំមាន​ទំនាក់ទំនង​អ្វី​ទៀត​ជាមួយនឹង​គាត់» Banks United បានចេញ​សេចក្ដី​ក្រ​កាស​កាលពី​ថ្ងៃទី 21 មករា ប៉ុន្តែ​មិនបាន​លើកឡើង​អំពី​មូលហេតុ​ច្បាស់លាស់​ដែលនាំឱ្យ​មានការ​បិទគ​ណ​នី​ធនាគារ​របស់លោក Trump នេះ​ទេ។

    Washington Post ឱ្យដឹងថា លោក Donald Trump ធ្លាប់បាន​ប្រកាសថា លោក​មាន​គណនី​បញ្ញើ​ប្រាក់​ចំនួន​ពីរ​នៅ​ធនាគារ Banks United ជាមួយនឹង​ប្រាក់​ក្នុង​គណនី​ប្រមាណ 5.1 លាន​ដុល្លារ និង 25.2 លាន​ដុល្លារ។

    មុននេះ​មាន​ធនាគារ​មួយ​ផ្សេងទៀត​នៅ Florida គឺ Professional Bank ក៏បាន​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​លោក Trump ដោយ​អះអាងថា មិន​ធ្វើការ​ជួញដូរ​អ្វី​ជាមួយនឹង​អតីត​ប្រធានាធិបតី​រូបនេះ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​របស់លោក។

    ធនាគារ Signature Bank នៅ​ទីក្រុង New York និង​ធនាគារ Deutsche Bank ក៏​ធ្លាប់​បានប្រកាស «បដិសេធ​ធ្វើ​ជំនួញ​លក្ខណ​បុគ្គល​ជាមួយនឹង Trump និង​ចរន្ត​ប្រាក់​របស់លោក»។ ក្រោយពី​មាន​អំពើហិង្សា​នៅ​វិមាន​សភា​អាមេរិក​កាលពី​ថ្ងៃទី 6 មករា ធនាគារ Signature Bank បាន​អំពាវ​អំ​នាវ​ឱ្យ​លោក Trump លាលែង​ពី​តំណែង។ ធនាគារ​នេះ​ក៏បាន​ប្រកាសថា មិន​ធ្វើ​ជំនួញ​ជាមួយ​ក្រុមតំណាងរាស្ត្រ​ដែល​បាន​ចូលរួម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​នៅ​វិមាន​សភា​ទៀតផង

    ចំណែក​ធនាគារ Deutsche Bank វិញ ត្រូវបាន​គេ​ជឿថា កំពុងតែ​ស្វែងរក​វិធី​ដោះស្រាយ​ចំពោះ​ខ្ទង់​ប្រាក់កម្ចី​ជាង 300 លាន​ដុល្លារ​របស់​អតីត​ប្រធានាធិបតី Trump ដោយ​អាច​បង្វែរ​សំណើរ​ទៅកាន់​ភាគី​ទី​បី។ ខ្ទង់​កម្ចី​របស់ Trump នៅ​ធនាគារ Deutsche Bank គឺ​សម្រាប់​ទីលាន​វាយកូនគោល​មួយ​របស់លោក នៅ Miami និង​សណ្ឋាគារ​មួយចំនួន​នៅ​វ៉ា​ស៊ី​ង​តោន និង​ទីក្រុង Chicago។

    ក្រោយពី​ព្រឹត្តិការណ៍​ហិង្សា​នៅ Capitol Hill ការរកស៊ី​របស់លោក Trump ហាក់​កំពុង​រង្គោះរង្គើ​ខ្លាំង​នៅពេល​លោក​ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នក​នៅ​ពីក្រោយ​បាតុកម្ម​នេះ។ សមាគម​កីឡា​កូនគោល PGA និង R&A ក៏បាន​ប្រកាសថា​នឹង​ផ្អាក​ប្រើប្រាស់​ទីលាន​ចំនួន​ពីរ​ដែលជា​កម្មសិទ្ធិ​រប​ស់​អតីត​ប្រធានាធិបតី Donald Trump ផងដែរ ក្រោយ​ព្រឹត្តិការណ៍​នៅ Capitol Hill៕

    ប្រភព៖ Thehill

  • អាមេរិក​ប្រកាស​បន្ត​ផ្ដល់ជំនួយ​ដល់ WHO

    អាមេរិក​ប្រកាស​បន្ត​ផ្ដល់ជំនួយ​ដល់ WHO

    កាលពី​ថ្ងៃទី 21 មករា សហរដ្ឋអាមេរិក​បាន​ប្រកាសថា នឹង​បន្ត​ជួយ​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​គ្រា​ដែល​ប្រធានាធិបតី Joe Biden កំពុង​ចាប់ផ្ដើម​គោលនយោបាយ​សហការ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​ជាង​មុន នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​វីរុស Covid-19។

    ក្នុង​ថ្ងៃ​ធ្វើការ​ដំបូង​ក្នុងឋានៈ​ជា​ប្រធានាធិបតី​អាមេរិក លោក Biden បាន​បញ្ជាក់ថា លោក​បាន​លុបចោល​សេចក្ដីសម្រេច​របស់​អតីត​ប្រធានាធិបតី Trump ទាក់ទង​នឹង​បញ្ហា​ដកខ្លួន​ចេញពី WHO។ មួយថ្ងៃ​បន្ទាប់ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់​រដ្ឋាភិបាល​អាមេរិក លោក Anthony Fauci បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្ដល់​វិភាគទាន​ជា​ទឹកប្រាក់​ក្នុង​ទំហំ​ធំ​ដល់ WHO។ នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញរ​បស់​អង្គការ​សុខភាព​ពិភពលោក លោក Anthony Fauci បាន​​លើក​ឡើង​ថា​៖ «ក្នុងស្ថានភាព​លំបាក WHO ប្រមូលបាន​សហគមន៍​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​អភិវឌ្ឍ​ដើម្បី​ព​ន្លឿ​ន​ការបង្កើត​វ៉ាក់សាំង វិធីសាស្ត្រ​ព្យាបាល និង​វិធី​ពិនិត្យ​ជំងឺ»។

    មុននេះ លោក Fauci បានប្រកាស​អំពី​សេចក្ដីសម្រេច​របស់​សហ​រដ្ឋ​អាមេរិក​ថា នៅតែ​ជា​សមាជិក​របស់ WHO ព្រមទាំង​បាន​អរគុណ​ដល់​អង្គការ​នេះ​ដែល​បាន​ដឹកនាំ​បេសកកម្ម​ទប់ទល់​នឹង Covid-19 នៅ​ទូទាំង​សកលលោក។ ប្រធាន WHO លោក Tedros Adhanon Ghegreyesus បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការសម្រេចចិត្ត​នេះ​របស់​អាមេរិក ខណៈដែល​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ «ជំហាន​ប្រកបដោយ​វិជ្ជមាន» ដែល​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​បានប្រកាស។

    លោក Anthony Fauci (ឆ្វេង) និង​ប្រធាន​អង្គ​ការ​សុខភាព​ពិភពលោក

    ក្រៅពី​ការសម្រេចចិត្ត​ខាងលើ ប្រធានាធិបតី​ថ្មី​របស់​អាមេរិក កាលពី​ថ្ងៃទី 21 មករា ក៏បាន​ប្រកាស​អំពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅក្នុង​ស្រុក ក្នុងនោះ​ក៏មាន​ការជំរុញ​លើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ការធ្វើ​តេស្តរ​កវី​រុស និង​ផ្ដោតទៅលើ​កត្តា​វិទ្យាសាស្ត្រ​ផងដែរ។ បទបញ្ជា​តម្រូវឱ្យ​ពាក់​ម៉ាស ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការការពារ​ជន​ងាយ​រងគ្រោះ​បំផុត ការជំរុញ​ឱ្យមាន​យុត្តិធម៌​លើ​បញ្ហា​ពូជសាសន៍ ការស្ដារ​តួនាទី​គ្រប់គ្រង​ពិភពលោក​របស់​សហរ​ដ្ឋ​អាមេរិក​ជាមួយនឹង​ស្មារតី​ត្រៀមខ្លួន​ខ្ពស់​សម្រាប់​ទប់ទល់​នឹង​មហា​រោគរាតត្បាត​នាពេល​អនាគត ក៏ត្រូវ​បាន​យកចិត្តទុកដាក់​ជាង​មុន។

    រដ្ឋាភិបាល​ថ្មី​នៃ​សហ​រដ្ឋ​អាមេរិក​ក៏មាន​សង្ឃឹមថា សភា​នឹង​អនុម័ត​យល់ព្រម​ឱ្យ​បញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន 1.9 លាន​លាន (1,900,000,000,000.00) ដុល្លារ សម្រាប់​ការពារ និង​ការប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ក្នុងនោះ ទឹកប្រាក់​ចំនួន 20 ពាន់​លាន​ដុល្លារ​ទុក​សម្រាប់​ទិញ​វ៉ាក់សាំង និង 50 ពាន់​លាន​ដុល្លារ​សម្រាប់​យុទ្ធនាការ​ធ្វើតេស្តរ​កវី​រុស។

    សហរដ្ឋអាមេរិក បច្ចុប្បន្ន​គឺជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារតែ Covid-19 ដោយមាន​មនុស្ស​ជាង 405,000 នាក់ បាន​បាត់​បង់ជីវិត។ ការវិភាគ និង​ការ​ព្យាករ​របស់​រដ្ឋាភិបាល​អាមេរិក បានឱ្យដឹងថា វីរុស​ក្លាយ​ពូជ​ថ្មី​របស់ Covid-19 ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អង់គ្លេស អាច​ឆ្លង​ចូល​ទឹកដី​សហរដ្ឋអាមេរិក និង​ធ្វើឱ្យ​សម្បុក​វីរុស​នៅទីនេះ​កើនឡើង​ខ្ពស់​នា​ប៉ុន្មាន​ខែ​ខាងមុខ៕

    ប្រភព​៖ UN