Category: អន្តរជាតិ

  • ថៃ​ជិត​បាន​ចាក់​វ៉ាក់សាំង Covid-19 ដែល​ផលិត​ក្នុងស្រុក

    ប្រទេស​ថៃ​មាន​គម្រោង​ផលិត​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក​ដើម្បី​ត្រៀម​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយ​ធំ​នៅក្នុង​ខែមិថុនា​ខាងមុខ។

    ប្រធាន​វិទ្យាស្ថាន​ជាតិ​វ៉ាក់សាំង​របស់​ថៃ លោក Nakorn Premsri កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តាម​ផែនការ ប្រទេស​នេះ​នឹង​បញ្ចប់​ការពិសោធ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងស្រុក នៅ​ចុងខែ​ឧសភា និង​ផលិត​រួចរាល់​នៅក្នុង​ខែមិថុនា 2021​ ដើម្បី​ត្រៀម​សម្រាប់​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ។ លោក Nakorn Premsri បាន​និយាយ​ថា ​ប្រទេស​​ថៃ​​អាច​ផលិត​វ៉ាក់សាំង Covid-19 បាន​ចំនួន 18 លាន​ដូ​ស​រៀងរាល់ខែ។

    យោងតាម​មេដឹកនាំ​វិទ្យាស្ថាន​ខាងលើ មូល​ហេតុដែល​ប្រទេស​នេះ​បានជ្រើសរើស​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​គឺ​ព្រោះ​ពួកគេ​ចង់​ធានាឱ្យមាន​ប្រភព​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ក្នុង​គ្រា​ដែល​ពិភពលោក​​កំពុង​​ប្រយុទ្ធ​​ប្រឆាំង​នឹង​វីរុស​ Covid-19 ដែល​បានសម្លាប់​មនុស្ស​ជាង 2 លាន​នាក់។

    ប្រធានវិទ្យាស្ថានជាតិវ៉ាក់សាំងរបស់ថៃ លោក Nakorn Premsri

    ប្រទេស​ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca កាលពី​ខែតុលា ឆ្នាំ 2020 តាម​ពីក្រោយ​ប្រទេស​មួយចំនួន ដូចជា អង់គ្លេស អាមេរិក និង​ឥណ្ឌា។ ថៃ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​ក្នុងប្រទេស​ថៃ ចំនួន 61 លាន​ដូ​ស គ្រប់គ្រាន់​សម្រាប់​មនុស្ស 30 លាន​នាក់ ដែល​ស្មើនឹង​ជាង​ពាក់កណ្ដាល​នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ពលរដ្ឋ​អាយុ​ក្រោម 18 ឆ្នាំ និង​ស្ត្រី​មាន​ផ្ទៃពោះ។

    គិត​រហូតដល់​ខែមិថុនា ឆ្នាំ 2021 នេះ ប្រទេស​ថៃ​នឹង​នៅតែ​បន្ត​ពឹង​ផ្អែកលើ​វ៉ាក់សាំង Covid-19 ដែល​នាំចូល​ពី​បរទេស។ តាម​ផែនការ ប្រទេស​នេះ​នឹង​ទទួលបាន​វ៉ាក់សាំង​នាំចូល​ចំនួន 50,000 ដូ​ស​ដំបូង ពី​ក្រុមហ៊ុន AstraZeneca នៅ​ខែ​ក្រោយនេះ រួចហើយ​នឹង​បន្ត​ទទួល 100,000 ដូ​ស​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​នោះ។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ លោក Anutin Charnvirakul កាលពី​ម្សិលមិញ​បាន​សំដែង​ការព្រួយបារម្ភ​លើ​បញ្ហា​ផ្គត់ផ្គង់​នៅ​អឺរ៉ុប ដែល​អាច​នាំឱ្យ​កាលបរិច្ឆេទ​ទទួល​វ៉ាក់សាំង​ពី AstraZeneca ត្រូវ​ពន្យារពេល។

    AstraZeneca គឺជា​ក្រុមហ៊ុន​ផលិត​ឱសថ​ពហុ​ប្រទេស​របស់​ស៊ុយអែត និង​អង់គ្លេស។ ក្រុមហ៊ុន​នេះ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Cambridge ប្រទេស​អង់គ្លេស និង​មាន​សាខា​រោងចក្រ​ផលិត​ឱសថ​នៅក្នុង​ប្រទេស​មួយចំនួន​​ផងដែរ។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul

    ប្រទេស​ថៃ​ក៏បាន​ប​ញ្ជេ​ទិញ​វ៉ាក់សាំង Sinovac Biotech របស់​ចិន​ចំនួន 2 លាន​ដូ​ស ដែល​ថៃ​នឹងត្រូវ​ទទួលបាន 200,000 ដូ​ស​នៅក្នុង​ខែកុម្ភៈ បើទោះជា​វ៉ាក់សាំង​នេះ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​អនុម័ត​ឱ្យប្រើ​ប្រាស់​ក៏ដោយ។

    ប្រទេស​ថៃ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 17,023 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 76 នាក់ និង​ជាសះស្បើយ​ចំនួន 11,396 នាក់ ខណៈ​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 5,551 នាក់៕

    ប្រភព៖ Reuters

  • កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5.6សែន​នាក់

    កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ថ្មី 1នាក់​ទៀត ខណៈ​ពិភពលោក​រកឃើញ​ជិត 5.6សែន​នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី 30 មករា​នេះ បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 ករណី​ទៀត ដែលជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ។

    អ្នក​វិជ្ជមាន​ខាងលើនេះ​គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ 37 ឆ្នាំ នៅ​ខេត្តបាត់ដំបង។ ក្រៅពី​ករណី​វិជ្ជមាន ថ្ងៃនេះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 5 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត​សូម​អាន​បញ្ជី​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 30 ខែមករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 464 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 443 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 21 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 102,577,402 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,214,032 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 26,086,562 នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន 74,273,103 នាក់៕

  • 26.3​លាន​​នាក់​បាន​ឆ្លង​ Covid-19 នៅ​អាមេរិក​ ខណៈ​សហគមន៍​អ្នក​វេជ្ជ​សាស្ត្រ​ថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង

    26.3​លាន​​នាក់​បាន​ឆ្លង​ Covid-19 នៅ​អាមេរិក​ ខណៈ​សហគមន៍​អ្នក​វេជ្ជ​សាស្ត្រ​ថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង

    សហរដ្ឋអាមេរិក​គឺ​ដែលជា​សម្បុក​វីរុស Covid-19 ធំជាងគេ​ក្នុង​ពិភពលោក បានប្រកាសថា វីរុស Covid-19 ក្លាយ​ពូជ​ថ្មី មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង។

    សហរដ្ឋអាមេរិក គិត​មកដល់​ព្រឹក​ថ្ងៃទី 29 មករា​នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប 26,310,559 នាក់ និង​អ្នកស្លាប់​សរុប 443,162 នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 145,343 នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 3,463 នាក់ ដែល​ត្រូវបាន​រកឃើញ​ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ។

    ក្រុមមន្ត្រី​សុខាភិបាល​អាមេរិក កាលពី​ថ្ងៃទី 28 មករា បានប្រកាស​ជា​លើកដំបូង​ថា បាន​រកឃើញ​វីរុស Covid-19 ក្លាយ​ពូជ​ថ្មី​ដែលមាន​ប្រភពពី​អាហ្វ្រិក នៅលើ​អ្នកជំងឺ 2 នាក់​នៅក្នុង​រដ្ឋ Carolina ខាងត្បូង។ សហគមន៍​អ្នក​វេជ្ជសាស្ត្រ​យល់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នេះ​គឺជា​ឧបសគ្គ​ដ៏​គួរឱ្យ​ប្រកាសអាសន្ន​នៅក្នុង​ការប្រឹងប្រែង​ទប់ស្កាត់​វីរុស ព្រោះថា មន្ទីរពិសោធន៍​ជាច្រើន​បាន​បញ្ជាក់ថា វីរុស​ក្លាយ​ពូជ​ថ្មី​នេះ​មាន​សមត្ថភាព​ទប់ទល់​នឹង​វ៉ាក់សាំង និង​កាត់បន្ថយ​ប្រសិទ្ធភាព​របស់​អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង​ទៀតផង។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​លើកឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Minnesota បាន​រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ក្លាយ​ពូជ​ដែលមាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ និង​មាន​ប្រភពពី​ប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​វីរុស​ក្លាយ​ពូជ​មកពី​អង់គ្លេស​បានបង្ហាញ​ខ្លួន​នៅក្នុង​រដ្ឋ​យ៉ាងតិច​ចំនួន 28 នៅ​សហរដ្ឋអាមេរិក៕

    ប្រភព​៖ RT

  • ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការគ្រប់គ្រង Covid-19

    ប្រទេស​ជិត​ខាង​របស់​កម្ពុជា​ ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការគ្រប់គ្រង Covid-19

    ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ វៀតណាម និង​តៃវ៉ាន់ គឺជា​ប្រទេស និង​ដែនដី​ដែល​ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង Covid-19 ដោយសារតែ​គ្រប់គ្រង​ស្ថានភាព​វិបត្តិ​សុខភាព​នេះ​បាន​យ៉ាង​ល្អ។

    តារាង​ចំណាត់ថ្នាក់​នៃ​ការ​ទប់​ទល់នឹង Covid-19 (Covid Performance Index) ដែល​ត្រូវបាន​វិទ្យាស្ថាន Lowy នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី ប្រកាស​បង្ហាញ​ក្នុង​ថ្ងៃទី 28 មករា បាន​បង្ហាញថា នូ​វែ​ល​ហ្សេ​ឡង់ ឈរ​លំដាប់​កំពូល​តារាង ព្រោះតែ​គ្រប់គ្រង​ស្ថានភាព Covid-19 បានល្អ​ជាងគេ​នៅក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន​ជិត 100 ក្នុង​​ពិភព​លោក​ ដែល​វិទ្យាស្ថាន Lowy បាន​វាយតម្លៃ។ វិទ្យាស្ថាន Lowy បាន​បញ្ជាក់ថា បញ្ជី​ចំណាត់ថ្នាក់​នេះ មិនបាន​រាប់បញ្ចូល​ប្រទេស​ចិន ជា​កន្លែង​ដែល Covid-19 ចាប់ផ្ដើម​បង្ហាញ​វត្តមាន​ដំបូង​គេ​កាលពី​ខែធ្នូ ឆ្នាំ 2019 នោះទេ ដោយសារតែ​ខ្វះ​ទិន្នន័យ​បើកចំហ។ ដូច្នេះ ប្រទេស និង​ដែនដី​ទាំងឡាយ (ក្នុងនោះ​មាន​កម្ពុជា) ដែល​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ ក៏​អាចមាន​មូលហេតុ​ដូចគ្នានេះដែរ។

    ក្រុម​ប្រទេសផ្សេងៗដែល​ស្ថិតនៅក្នុង «top 10» នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស​ថៃ (លេខ 3) ប្រទេស​ស៊ី​ប ប្រទេសរ​វ៉ាន់ដា អ៊ី​ស្លង់ អូស្ត្រាលី ឡា​ត​វី និង​ស្រីលង្កា។ ទាំងនេះ​គឺជា​ប្រទេស​ដែល​សុទ្ធ​តែមាន​អត្រា​នៃ​ការឆ្លង និង​អត្រា​នៃ​ការស្លាប់​ក្នុង​កម្រិត​ទាប បើ​ធៀប​នឹង​ប្រជាជន​សរុប និង​មធ្យមភាគ​លើ​មនុស្ស​ម្នាក់។

    ចំណែក​ប្រទេស​ដែល​ស្ថិតក្នុង bottom 10 (បាត​តារាង) នៃ​តារាង​ចំណាត់ថ្នាក់​នេះ រួមមាន ប្រទេស ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក កូ​ឡុំ​ប៊ី អ៊ីរ៉ង់ សហរដ្ឋអាមេរិក បូ​ឡា​វី ប៉ា​ណា​ម៉ា អូ​ម៉​ង់ អ៊ូយ​ក្រែ​ន និង​ប្រទេស​ឈី​លី ដោយសារតែ​គ្រប់គ្រង Covid-19 មិនបាន​ល្អ។

    ជា​សរុប មាន​ប្រទេស​ចំនួន 98 ត្រូវបាន​វិទ្យាស្ថាន Lowy វាយតម្លៃ​អំពី​ស្ថានភាព Covid-19 នៅក្នុង​អំឡុងពេល 36 សប្ដាហ៍ រាប់​ចាប់ពី​ការរកឃើញ​ករណី​វិជ្ជមាន​ទី 100 នៃ​ប្រទេសនីមួយៗ និង​យក​ទិន្នន័យ​ដែលមាន​ស្រាប និង​គិតដល់​ថ្ងៃទី 9 មករា។

    ទិន្នន័យ​ធ​ម្យ​ម​ភាគ​ត្រូវ​បានគិត​ក្នុងអំឡុង 14 ថ្ងៃ គឺជា​ករណី​ឆ្លង​ត្រូវបាន​បញ្ជាក់ តួលេខ​នៃ​ការឆ្លង​ដែល​បានបញ្ជាក់​លើ​ពលរដ្ឋ 1លាន​នាក់ តួលេខ​អ្នកស្លាប់​ដែល​បានទទួល​ស្គាល់ តួលេខ​អ្នកស្លាប់​ម្នា​ក់លើ 1 លាន​នាក់ រួម​នឹង​ចំនួន​ករណី​ដែល​ត្រូវបាន​បញ្ជាក់​ទៅតាម​អត្រា​នៃ​ការធ្វើ​តេស្ត និង​អត្រា​ធ្វើតេស្ត​លើ​ម្នា​ក់លើ 1 លាន​នាក់។

    បណ្ដាប្រទេស​ និង​ដែន​ដី​ដែល​ឈរ​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់

    របាយការណ៍​នៃ​ការស្រាវជ្រាវ​នេះ ត្រូវបាន​បង្ហាញ​ឱ្យដឹង ក្នុង​គ្រា​ដែល​ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​វិជ្ជមាន​ជាង 100 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 2 លាន​នាក់។

    តារាង​ចំណាត់ថ្នាក់​ខាងលើ​ក៏បាន​បង្ហាញថា បណ្ដា​ប្រទេស និង​ដែនដី​នៅ​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង Covid-19 ខណៈដែល​អឺរ៉ុប និង​អាមេរិក ត្រូវបាន​ជាន់ពន្លិច​ដោ​យ​រលក​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស៕

    ស្វែង​យល់​បន្ថែម​៖ នៅទីនេះ

    ប្រភព៖ Reuters

  • កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 1នាក់ ខណៈ​ពិភពលោក​រកឃើញ​ជាង 101លាន​នាក់

    កម្ពុ​ជាមាន​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី 1នាក់ ខណៈ​ពិភពលោក​រកឃើញ​ជាង 101លាន​នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 28 មករា​នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 1 ករណី ដែលជា​ពលករ​ត្រលប់​មកពី​ប្រទេស​ថៃ។

    ករណី​វិជ្ជមាន​ថ្មី​នេះ​កើតឡើង​ចំពោះ​ស្ត្រីជន​ជាតិខ្មែរ អាយុ 42 ឆ្នាំ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពី​ករណី​វិជ្ជមាន ក្នុង​រយៈពេល 24 ម៉ោង​ចុង​ក្រោយនេះ កម្ពុជា​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន 5 នាក់​ផងដែរ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 28 មករា ឆ្នាំ 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 461 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 428 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 33 នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 បាន​កើន​ដល់ 101,403,758 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,182,237 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 25,919,908 នាក់។ ក្នុងអំឡុង 24 ម៉ោង​មកនេះ ពិភពលោក​ក៏មាន​អ្នក​វិជ្ជមាន​ថ្មី​ជាង 582,340 នាក់​ផងដែរ៕

  • យន្តហោះ​ស៊ើបការណ៍​អាមេរិក-ចិន ប្រឈមមុខ​ដាក់គ្នា​នៅក្បែរ​កោះ​តៃវ៉ាន់

    យន្តហោះ​ស៊ើបការណ៍​អាមេរិក-ចិន ប្រឈមមុខ​ដាក់គ្នា​នៅក្បែរ​កោះ​តៃវ៉ាន់

    យន្តហោះ​ឈ្លបយកការណ៍ EP-3E របស់​សហរដ្ឋអាមេរិក និង Y-8G របស់​ប្រទេស​ចិន បាន​ហោះ​ទន្ទឹមគ្នា​នៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដែល​នេះ​គឺជា​ឥរិយាបថ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក។

    ទំព័រ Aircraft Spots ដែលមាន​ជំនាញ​ខាង​តាមដាន​ជើងហោះហើរ បានឱ្យដឹងថា យន្តហោះ​ឈ្លបយកការណ៍​យុទ្ធសាស្ត្រ​ដែល​បំពាក់​ឧបករណ៍​បច្ចេកវិទ្យាទំនើបៗ និង​អាច​ចូលរួម​ក្នុង​សង្គ្រាម​អេឡិចត្រូនិក EP-3E ដែលមាន​លេខ​សម្គាល់ 156528 របស់​កងទ័ពជើងទឹក​អាមេរិក និង​យន្តហោះ​ស៊ើបការណ៍​រលកសញ្ញា Y-8G ដែលមាន​លេខ​សម្គាល់ 30518 របស់​ទ័ពអាកាស​ចិន បាន​ប្រឈមមុខ​ដាក់គ្នា​នៅវេលា​ម៉ោង 11 និង 4 នាទី ក្នុង​ថ្ងៃទី 26 មករា​កន្លងទៅ។

    យន្តហោះ Y-8G ហោះ​នៅលើ​គន្លង​ដែល​យន្តហោះ​ចម្បាំង​ចិន​ធ្លាប់បាន​ហោះហើរ​ស្ទើរតែ​រាល់ថ្ងៃ​នៅ​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់ ដែល​ស្ថិតក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​កោះ​នេះ។ ប្រការ​ដែល​ខុសប្លែក​ពី​សព្វមួយដង​នោះ​គឺថា ផ្លូវ​ហោះហើរ​នេះ​មាន​លក្ខណ​ទន្ទឹមគ្នា ប៉ុន្តែ​បញ្ច្រាស​ទិញ​គ្នា នៅក្នុង​គម្លាត​យ៉ាង​ជិត​ទៅនឹង​យន្តហោះ EP-3E របស់​អាមេរិក។

    យន្តហោះ​ស៊ើបការណ៍​របស់​អាមេរិក និង​ចិន តែងតែ​ហោះចូល​ទៅកាន់​តំបន់ ADIZ របស់​តៃវ៉ាន់ នៅពេល​បំពេញភារកិច្ច ប៉ុន្តែ​កន្លងមក សុទ្ធតែ​ហោះហើរ​ឆ្ងាយ​ពីគ្នា និង​មិនដែល​ហោះ​ទន្ទឹមគ្នា​ក្នុង​គម្លាត​ជិត​យ៉ាងនេះ។

    ក្រុមអ្នកតាមដាន​យល់ថា នេះ​អាចជា​យុទ្ធសាស្ត្រ​ថ្មី​របស់​កងទ័ព​អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក Joe Biden ក្នុង​បំណង​កំញើញ​ដល់​យន្តហោះ​ចម្បាំង​ចិន​ដែល​ហោះ​កៀក​កោះ​តៃវ៉ាន់។

    ហេតុការណ៍​នេះ​បានកើត​ឡើង​ស្រប​ពេលដែល​គោលនយោបាយ​របស់​ប្រធានាធិបតី Biden ជាមួយនឹង​តៃវ៉ាន់ មិនទាន់មាន​ភាពច្បាស់​លាស់ ប៉ុន្តែ រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក ទំនងជា​នឹង​បន្ត​អនុវត្ត​វិធានការ​តឹងរ៉ឹង​ចំពោះ​ចិន ដូច​ទៅនឹង​រដ្ឋាភិបាល​របស់​លោក Trump។

    ប្រទេស​ចិន កាលពីដើម​សប្ដាហ៍​នេះ​បាន​បញ្ជូន​យន្តហោះ​រាប់សិប​គ្រឿង រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​យន្តហោះ​ចម្បាំង ហោះ​ចូលមក​ក្បែរ​កោះ​តៃវ៉ាន់ ក្នុងអំឡុង​ពីរ​ថ្ងៃជាប់ៗគ្នា ក្នុង​គ្រា​ដែល​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Theodore Roosevelt របស់​អាមេរិក ធ្វើដំណើរ​ចូលមក​កាន់​សមុទ្រ​ចិន​ខាងត្បូង។

    ប្រទេស​ចិន​តែងតែ​ចាត់ទុកថា តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​កំពុង​រង់ចាំ​ការបង្រួបបង្រួម។ ទីក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​ជាច្រើន​គ្រឿង ហោះ​លើ​ដែនអាកាស​ភាគខាងត្បូង​របស់​តៃវ៉ាន់​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ ក្នុងសម័យ​ប្រធានាធិបតី Donald Trump ទំនាក់ទំនង​រវាង​អាមេរិក ជាមួយនឹង​តៃវ៉ាន់ កាន់តែ​កក់ក្ដៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ខណៈដែល​ទំនាក់ទំនង​រវាង​អាមេរិក-ចិន ឬ​ចិន-តៃវ៉ាន់ តែងតែមាន​ភាព​តានតឹង​ខ្លាំងឡើង៕

    ប្រភព៖ Taiwan News

  • ស្នំ​ឯករបស់​​មហាក្សត្រ​ថៃ ត្រូវបានតែងតាំង​ជា​មហេសី​ទី​ពីរ

    ស្នំ​ឯករបស់​​មហាក្សត្រ​ថៃ ត្រូវបានតែងតាំង​ជា​មហេសី​ទី​ពីរ

    មហាក្សត្រ​ថៃ ព្រះបាទ Maha Vajiralongkorn តែងតាំង​ស្នំ​ឯក​ជា​មហេសី​ទី​ពីរ​របស់​ទ្រង់ ដើម្បី​ជា​អំណោយ​នៅក្នុង​ខួបកំណើត​ទី 36 របស់​របស់​ស្នំ​រូបនេះ។

    ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា ព្រះបាទ Maha Vajiralongkorn ព្រះជន្ម 68 វស្សា កាលពី​ថ្ងៃទី 26 មករា ឆ្នាំ 2021 បានតែងតាំង​ស្នំ​ឯក Sineenat Wongvajirapakdi ជាម​ហា​សី​ពេញសិទ្ធិ​របស់​ទ្រង់។ ព្រះអង្គម្ចាស់​ទាំងពីរ គ្រង​ឈុត​ពណ៌​ខៀវខ្ចី នៅក្នុង​ព្រះរាជ​ពិធី​អភ័យ​ទាន់​ដល់​សត្វ និង​ត្រី នៅក្នុង​ការ​បួងសួង​មួយ​នៃ​ខួបកំណើត​ទី 36 របស់​ស្នំ​ឯក Sineenat ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​កំពង់ផែ Wasukri ក្នុង​រាជធានី​បាងកក។

    ការតែងតាំង និង​ដំឡើង​ឋានៈ​ទៅឱ្យ​ស្នំ​ឯក Sinneenat នេះ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង ព្រោះថា ព្រះ​ស្នំ​រូបនេះ​ធ្លាប់​ត្រូវបាន​ដកហូត​តំណែង​ម្ដង​រួចហើយ​កាលពី​ខែកក្កដា ឆ្នាំ 2019 ក្រោយ​ទទួលបាន​ការតែងតាំង​ជា​ស្នំ​ឯក​បាន 3 ខែ ព្រោះតែ «មិន​ស្មោះត្រង់» និង «មាន​ហិ​ច្ឆ​តា» ដណ្ដើម​តំណែង​របស់​មហេសី Suthida។

    Sinneenat ទទួលបាន​ការតែងតាំង​ជា​ស្នំ​ឯក​ជាថ្មី បន្ទាប់ពី​ត្រូវបាន​ដកតំណែង​អស់​រយៈពេល​ជិត 1 ឆ្នាំ។ ចាប់តាំងពី​ពេលនោះ​មក ស្នំ​ឯករូប​នេះ​តែងតែ​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នានា​ក្នុង​ទីសាធារណៈ។ ថ្មីៗនេះ ព្រះ​ស្នំ Sinneenat ក៏ត្រូវ​បានតែងតាំង​ជាទី​ប្រឹក្សា​រង​នៅក្នុង​គណៈកម្មការ​ថែទាំ​សុខភាព​របស់​អ្នកទោស​ដែល​មហាក្សត្រ​ជា​អ្នក​បង្កើតឡើង។ ព្រះ​ស្នំ​នេះ​ក៏​បង្ហាញខ្លួន​ក្បែរ​មហាក្សត្រ​ថៃ ខណៈ​កំពុង​បោសសម្អាត​ពន្ធនាគារ​មួយ​កាលពី​ដើមខែ​នេះ​ផងដែរ ដែល​នេះ​ត្រូវបាន​គេ​មើលឃើញថា ដើម្បី​ស្ដារ​កិត្តិយស​របស់​រាជវាំង​ថៃ​ឡើងវិញ៕

    ប្រភព៖ Daily Mail

  • ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​​ចំនួន​ 18.4​លាន​​ដូ​ស​ ខណៈ​​អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជាង 1.9សែន​នាក់

    ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​​ចំនួន​ 18.4​លាន​​ដូ​ស​ ខណៈ​​អ្នកស្លាប់​ដោយសារ Covid-19 កើន​ដល់​ជាង 1.9សែន​នាក់

    ក្រសួងសុខាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃទី 26 មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱសថ​ចំនួន​ពីរ​គឺ Pharmaniaga Lifescience Sdn Bhd និង Doupharma Sdn Bhd ដើម្បី​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 18.4 លាន​ដូ​ស។

    យោងតាម​ប្រភពព័ត៌មាន​ពី​រាជធានី គួ​ឡា​ឡាំ​ពួរ Pharmaniaga Lifescience Sdn Bhd ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Pharmaniaga (ក្រុមហ៊ុន​លំដាប់​កំពូល​របស់​ម៉ាឡេស៊ី) នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac ចំនួន 12 លាន​ដូ​ស មកឱ្យ​ម៉ាឡេស៊ី។

    ក្រសួងសុខាភិបាល​ឱ្យដឹងថា បរិមាណ​នៃ​វ៉ាក់សាំង CornaVac ខាងលើនេះ គ្រប់គ្រាន់​សម្រាប់​ចាក់ឱ្យ​មនុស្ស​ចំនួន 6 លាន​នាក់ ស្មើនឹង 18.75% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី។ វ៉ាក់សាំង CornaVac នឹង​ត្រូវបាន​ផ្គត់ផ្គង់​មកឱ្យ​ម៉ាឡេស៊ី ទៅតាម​ដំណាក់កាល ដោយ​ចាប់ផ្ដើម​ពី​ចុងខែ​មីនា​ខាងមុខ។

    ចំណែក​វ៉ាក់សាំង Sputnik V ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​រុស្ស៊ី Gamaleya ចំនួន 6.4 លាន​ដូ​ស ដែល​ផ្គត់​ផ្គង់​​ដោយ​ក្រុមហ៊ុន Duopharma នឹង​ចាក់ឱ្យ​ពលរដ្ឋ​បាន 3.2 លាន​នាក់។

    វ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​ខាងលើ​នឹង​ត្រូវបាន​ចាក់​ចំនួន 2 លើក​សម្រាប់​មនុស្ស​ម្នាក់ និង​ចាក់ឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ។ ចំពោះ CoronaVac ការចាក់​លើក​ទី​ពីរ​នឹងមាន​គម្លាត​ពី​លើកទីមួយ​ចំនួន​ពីរ​សប្ដាហ៍ ខណៈ Sputnik V គម្លាត​នេះ​នឹងមាន​រយៈពេល 21 ថ្ងៃ។

    ប្រទេស​ម៉ាឡេស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 190,434 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 700 នាក់ ខណៈ 40,574 នាក់​កំពុង​សម្រាក​ព្យាបាល៕

     

    ប្រភព៖ Yahoo News

  • ស្ថានភាព Covid-19 នៅ​ទូទាំង​ពិភពលោក និង​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា

    ស្ថានភាព Covid-19 នៅ​ទូទាំង​ពិភពលោក និង​កម្ពុជា គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​ថ្ងៃទី 27 មករា ឆ្នាំ 2021 នេះ បានឱ្យដឹងថា មិនមាន​ករណី​ឆ្លង​វីរុស Covid-19 ថ្មី​នោះទេ ប៉ុន្តែ មាន​ករណី​ជាសះស្បើយ​ជាច្រើន​នាក់ ខណៈ​ពិភពលោក​មាន​ករណី​ថ្មី​ជាង 523,962 នាក់។

    ករណី​ជាសះស្បើយ​នៅ​កម្ពុជា​សម្រាប់​ព្រឹក​នេះ មាន​ចំនួន 11 នាក់ សុទ្ធតែជា​ពលករ ពល​ការិនី ដែល​ត្រលប់​មក ពី​​ប្រទេស​ថៃ។ ព័ត៌មាន​លម្អិត សូម​អាន​តារាង​ខាងក្រោម។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 27 មករា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 460 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 423 នាក់ អ្នក​កំពុង​ព្យាបាល​ចំនួន 37 នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​វីរុស Covid-19 សរុប បាន​កើន​ដល់ 100,807,884 នាក់ ក្នុងនោះ​មាន 2,165,020 នាក់​បាន​ស្លាប់ និង 25,824,124 នាក់​កំពុង​សម្រាក​ព្យាបាល៕

  • រកឃើញ​ប្រព័ន្ធ​ផ្កាយ​ដែលមាន​ព្រះអាទិត្យ​ចំនួន 6 ដួង នៅក្នុង​កាឡាក់ស៊ី Milky Way

    រកឃើញ​ប្រព័ន្ធ​ផ្កាយ​ដែលមាន​ព្រះអាទិត្យ​ចំនួន 6 ដួង នៅក្នុង​កាឡាក់ស៊ី Milky Way

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រព័ន្ធ​តារា​មួយ​ដែលមាន​ផ្កាយ​ចំនួន​ដល់​ទៅ 6 ដួង វិលជុំ​វិញ​គ្នា នៅក្នុង​កាឡាក់ស៊ី Milky Way ដែលមាន​ចម្ងាយ​ប្រមាណ 2,000 ឆ្នាំ​ពន្លឺ​ពី​ផែនដី។

    ទស្សនាវដ្ដី arXiv កាលពី​ថ្ងៃទី 12 មករា បាន​ចុះផ្សាយ​ថា ប្រព័ន្ធ​ផ្កាយ​ដែលមាន​ឈ្មោះថា TIC 168789840 នេះ ត្រូវបាន​រកឃើញ​ដោយ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ដោយ​យោងទៅលើ​ទិន្នន័យ​ពី TESS ដែលជា​ផ្កាយរណប​ជំនាញ​ខាង​រុករក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។

    ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ មាន​ព្រះអាទិត្យ ឬ​ផ្កាយ​ចំនួន 6 ដួង ដែល​វិល​ជុំវិញ​គ្នា។ បើសិនជា​គេ​ពិនិត្យមើល​ដោយ​ប្រើ​កែវយឹត​ធម្មតា​ពី​ផែនដី គេ​នឹង​គ្រាន់តែ​ឃើញថា ប្រព័ន្ធ​ផ្កាយ​នេះ មាន​សភាព​ដូច​ទៅនឹង​ផ្កាយ 1 ដូង​នៅលើ​មេឃ​តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយសារតែ​ពន្លឺ​របស់​វា​មានការ​ប្រែប្រួល​ខុសធម្មតា ទើប​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​តេ​ឡេ​ស្កុប​របស់​ផ្កាយរណប TESS ដើម្បី​សង្កេត​បន្ថែម ហើយ​ក៏បាន​រកឃើញថា តាមពិត វា​គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​ព្រះអាទិត្យ​ដោយឡែក​ចំនួន 6 ដួង។

    NASA បាន​បកស្រាយ​ថា ព្រះអាទិត្យ​ចំនួន 6 ដួង​របស់ TIC 168789840 នេះ វិលជុំ​វិញ​គ្នា​នៅលើ​ផ្ទៃ​ដែល​រាប់ស្មើ​ដូច​ថាស និង​ចំហៀង​របស់​វា​បែរ​ត្រង់​មករក​ផែនដី ដូច្នេះ នៅពេល​មាន​ផ្កាយ​ណាមួយ​ក្នុង​ប្រព័ន្ធ​នេះ គោចរ​ឆ្លងកាត់​ពីមុខ​ផ្កាយ​មួយទៀត នោះ​វា​នឹង​បង្កើតបានជា​បាតុភូត​សូរ្យគ្រាស ធ្វើឱ្យ​ពន្លឺ​របស់​ប្រព័ន្ធ​ផ្កាយ​ត្រូវ​ថយចុះ។

    TIC 168789840 មិនមែនជា​ប្រព័ន្ធ​ផ្កាយ​ដែលមាន​ព្រះអាទិត្យ​ចំនួន 6 តែមួយគត់​ក្នុង​កាឡាក់ស៊ី Milky Way នោះទេ តែ​វា​ស្រដៀង​នឹង​ប្រព័ន្ធ​ផ្កាយ Castor មាន​ចម្ងាយ 51 ឆ្នាំ​ពន្លឺ​ពី​ផែនដី ដែល​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 1920។

    ប្រព័ន្ធ​ផ្កាយ​ Castor

    ជាក់ស្ដែង ព័ន្ធ​ផ្កាយ​នេះ​វិល​ជុំវិញ​គ្នា​ជា​គូ ដោយ​ក្នុងនោះ គូ​ទីមួយ និង​គូ​ទី​ពីរ (ដូច​ទៅនឹង Castor A និង A) ភ្ជាប់​ជាមួយគ្នា​យ៉ាង​ម៉ត់ចត់ ហើយ​ដើម្បី​វិល​បាន​មួយ​ជុំ​លើ​គន្លង​គោល​ពីរ​នេះ ផ្កាយ​មួយ​ដួង​ស៊ីពេល​អស់ 31 ម៉ោង ខណៈ​ផ្កាយ​មួយ​ដួង​ទៀត​ចំណាយ​អស់ 38 ម៉ោង។ ប្រព័ន្ធ​ផ្កាយ​ទាំងពីរ​គូ​នេះ ក៏​វិល​ជុំវិញ​ចំណុចកណ្ដាល​រួមមួយ​ដែល​ធំ​ជាង​គន្លង​​គោចរ​​ដោយ​ឡែក​​របស់​​ពួក​វា ​ដោយ​ត្រូវ​ចំណាយពេល 3.7 ឆ្នាំ ទើប​គោចរ​បាន​មួយ​ជុំ។

    ចំណែក​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ទី​បី (ដូច​ទៅនឹង Castor C) ត្រូវ​ចំណាយពេល​អស់ 2,000 ឆ្នាំ ឬ​យូរ​ជាង​នេះ ទើប​ធ្វើដំណើរ​បាន​មួយ​ជុំ​នៃ​គន្លង​គោចរ​ធំជាងគេ​របស់​ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ។ ផ្កាយ 2 ដូង​នៅក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ទី​បី​នេះ វិលជុំ​វិញ​គ្នា​លើ​គន្លង​គោចរ​ដែលមាន​គោលរៀងៗខ្លួន និង​ត្រូវ​ចំណាយពេល 129 ម៉ោង​ទើប​វិល​បាន​មួយ​ជុំ។

    យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនបាន​យល់ច្បាស់​អំពី​ប្រភព ឬ​វិធី​ចាប់កំណើត​របស់​ប្រព័ន្ធ​ផ្កាយ TIC 168789840 នេះ​នៅឡើយ៕

    ប្រភព៖ Live Science