Category: អន្តរជាតិ

  • ស្ថានភាព Covid-19 នៅ ASEAN គិតត្រឹមថ្ងៃទី 10មីនា 2021

    ស្ថានភាព Covid-19 នៅ ASEAN គិតត្រឹមថ្ងៃទី 10មីនា 2021

    យោងតាម​ទំព័រ Worldometers គិត​មកដល់​ម៉ោង 23៖59 នាទី​នៃ​ថ្ងៃទី 10 មីនា បណ្ដា​ប្រទេស​ស្ថិតក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​សរុប​ចំនួន 10,059 ករណី។

    ក្នុងអំឡុង 24 ម៉ោង​កន្លងទៅ ASEAN មាន 3 ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារវីរុស​ Covid-19 នោះ​គឺ ហ្វីលីពីន​, ​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី ខណៈដែល​ប្រទេស​ចំនួន 9 របស់​សមាគម​នេះ មាន​ករណី​ឆ្លង Covid-19។ ដោយឡែក​ប្រទេស ប្រ៊ុយណេ, មី​យ៉ាន​ម៉ា (មិន​បញ្ចេញ​របាយការណ៍) និង​ឡាវ មិនមាន​ករណី​ឆ្លង ឬ​ស្លាប់​នោះទេ។

    ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​នៅ ASEAN ប៉ុន្តែ ស្ថានភាព​កំពុងតែ​ប្រសើរឡើង​ជាង​មុន​នៅពេល​តួលេខ​អ្នក​វិជ្ជមាន​ថ្មី​បាន​ថយចុះ​បន្តិច​បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុននេះ។ យ៉ាងណាក្ដី ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 10 មីនា ប្រទេស​នេះ​នៅតែ​ជា​ទឹកដី​ដែលមាន​អ្នក​វិជ្ជមាន​ថ្មី និង​ករណី​ស្លាប់​ថ្មី​ដោយសារ Covid-19 ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទ្វីបអាស៊ី។

    ជារួម Covid-19 គិត​មកដល់​បច្ចុប្បន្ន បានសម្លាប់​មនុស្ស​ចំនួន 55,020 នាក់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​កើន 197 ករណី បើ​ធៀប​នឹង​មុន​នោះ​មួយថ្ងៃ ខណៈដែល​តួលេខ​អ្នក​វិជ្ជមាន​សរុប ឡើងដល់​ជាង​ 2,552,300 នាក់។ ទន្ទឹមនឹងនេះ តំបន់​នេះ​ក៏មាន​អ្នកជា​សះស្បើយ​ចំនួនជាង​ 2,281,670​ នាក់​ផងដែរ៕

    តួលេខ​ស្ដីអំពី Covid-19 នៅ​តំបន់ ASEAN គិត​ត្រឹម​ថ្ងៃទី 10មីនា 2021៖

    ប្រភព៖ Xinhua, Worldometers
    ប្រែសម្រួល​៖ បុត្រា

  • Meghan Markle ភរិយា​របស់​អតីត​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស ​បាន​ធ្វើឱ្យ​​ពិភព​លោក​នាំគ្នា​ពិចារណា​អំពី​បញ្ហា​ពលរដ្ឋ​ត្រូវ​បង់ពន្ធ​ដើម្បី​ចិញ្ចឹម​រាជវង្ស

    Meghan Markle ភរិយា​របស់​អតីត​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស ​បាន​ធ្វើឱ្យ​​ពិភព​លោក​នាំគ្នា​ពិចារណា​អំពី​បញ្ហា​ពលរដ្ឋ​ត្រូវ​បង់ពន្ធ​ដើម្បី​ចិញ្ចឹម​រាជវង្ស

    ជាមួយនឹង​ប្រជាជន​សរុប​ចំនួន 66.8 លាន​នាក់ ជា​មធ្យម ពលរដ្ឋ​អង់គ្លេស​ម្នាក់​ត្រូវ​បង់ពន្ធ​ចំនួន 1.28 ផោន ដើម្បី​ចិញ្ចឹម​មហាក្សត្រី និង​រាជវង្សានុវង្ស​នៃ​ចក្រភព​អង់គ្លេស។

    កិច្ច​សម្ភាស​របស់​អតីត​ព្រះ​នាង Meghan Markle ដែលជា​ភរិយា​របស់​អតីត​ព្រះអង្គម្ចាស់ Harry (Henry Charles Albert David) នៃ​រាជវង្ស​អង់គ្លេស បាន​វាយប្រហារចំៗទៅលើ​រាជវាំង បើទោះជា​ប្រជាជន​ប្រទេស​នេះ មាន​ទម្លាប់​គោរព​រាជវង្សានុវង្ស។

    ក្រោយពី​កិច្ច​សម្ភាស​ខាងលើ ក្រុមហ៊ុន YouGov ក៏បាន​ធ្វើ​ការស្ទង់មតិ​មួយ ហើយ​លទ្ធផល​បាន​បង្ហាញថា ពលរដ្ឋ​ប្រមាណ 40% មានការ​អាណិត​ដល់​រាជវង្ស និង​មហាក្សត្រី​អង់គ្លេស Elizabeth II (Elizabeth Alexandra Mary Windsor) ដោយ​ចាត់ទុកថា ត្រូវបាន​គេ «លាប​ពណ៌» នៅលើ​កញ្ចក់​ទូរទស្សន៍ ខណៈដែល 24% សំដែង​ការ​អាសូរ​ចំពោះ​គ្រួសារ Meghan ព្រោះតែ​បញ្ហា​ដែល​ពួកគេ​បាន​ឆ្លងកាត់។ ចំណែក មតិ​ចំនួន 24% ទៀត មិន​ចូលចិត្ត​ភាគី​ខាង​ណា​ទាំងអស់។

    តាម​ការពិត ពលរដ្ឋ​អង់គ្លេស​បាន​ជជែក​គ្នា​ជាច្រើន​អំពី​ខ្ទង់​ថវិកាជាតិ​ដែល​ត្រូវបាន​ចំណាយ​ទៅលើ​រាជវង្ស។ បើទោះជា​កិត្តិនាម​ដ៏​ល្បីល្បាញ​របស់​មហាក្សត្រី និង​រាជវង្សានុវង្ស​អង់គ្លេស ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ក៏ដោយ ប៉ុន្តែ សមាជិក​រាជវង្ស​ក៏ត្រូវ​ការ​ខ្ទង់​ប្រាក់​ជំនួយ​សម្រាប់​ជីវភាព​លំដាប់​ថ្លៃថ្នូរ​ផងដែរ។

    កិច្ច​សម្ភាស​ខាង​លើ​ មាន​អ្នក​តាម​ដាន​រាប់​សិប​លាន​នាក់

    យោងតាម​ច្បាប់ រាជវង្ស​អង់គ្លេស មាន​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រាជវាំង ឬ​ហៅថា «Crown Estate» រួមមាន​ដីធ្លី រាជវាំង ឬ​កសិដ្ឋាន។ វិមាន Buckingham, Windsor ជាដើម សុទ្ធតែជា​កម្មសិទ្ធិ​រប​ស់រាជ​វាំង និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ។ ក្រៅពីនេះ ថវិកាជាតិ​ក៏ត្រូវ​បាន​ទុក​មួយ​ខ្ទង់​សម្រាប់​ជា​ជំនួយ​ដល់​រាជវង្ស ដែល​នេះ​ត្រូវបាន​គេ​ហៅថា «Sovereign Grant»។

    ខ្ទង់​ថវិកា​ខាងលើ ត្រូវបាន​គេ​ចែង​យ៉ាងច្បាស់​ថា ដើម្បី​ជួយ​ដល់​មហាក្សត្រី រួម​នឹង​សមាជិក​រាជវង្ស សម្រាប់​បំពេញ​កិច្ចការ​ដែលជា​ភារកិច្ច​របស់​មេដឹកនាំ​កិត្តិយស មានដូចជា ការទទួល​ជួប​មេដឹកនាំ​បរទេស ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស សកម្មភាព​មនុស្សធម៌។ល។

    ផ្ទុយ​មកវិញ ប្រភព​ចំណូល​នៃ​វិមាន​នានា​របស់​រាជវាំង​អង់គ្លេស នឹងត្រូវ​ប្រគល់​មកឱ្យ​រដ្ឋ ដែល​នេះ​ប្រៀបបាន​ដូចជា​ការ «ដោះដូរ» គ្នា។

    កិច្ចសម្ភាសរបស់អតីតព្រះនាង Meghan Markle និង​អតីតព្រះអង្គម្ចាស់ Harry ជាមួយ​នឹង​ទូរទស្សន៍​ CBS កាល​ពី​ពេល​ថ្មី​ៗ​នេះ​

    របាយការណ៍​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​បង្ហាញថា ប្រាក់ចំណូល​ដែល​រាជវាំង​រកបាន​ក្នុង​ឆ្នាំសារពើពន្ធ 2018-2019 ឡើងដល់ 343.5 លាន​ផោន (476.5 លាន​ដុល្លារ​អាមេរិក)។ ចំណែក​ខ្ទង់​ជំនួយ​របស់​រដ្ឋាភិបាល​សម្រាប់​រាជវាំង​ក្នុង​ឆ្នាំ 2020-2021 មាន​ត្រឹមតែ 85.9 លាន​ផោន​ប៉ុណ្ណោះ ពោលគឺ​ស្មើនឹង 25% បើ​ធៀប​នឹង​ចំណូល​ដែល​រាជវាំង។

    ដូច្នេះ ជាមួយនឹង​ប្រជាជន 66.8 លាន​នាក់ ជា​មធ្យម ពលរដ្ឋ​អង់គ្លេស​ម្នាក់​នឹងត្រូវ​បង់ 1.28 ផោន (ប្រហែល​ជិត 2 ដុល្លារ​អាមេរិក) ដើម្បី​ចិញ្ចឹម​រាជវង្សានុវង្ស​អង់គ្លេស៕

    ប្រភព​៖ NYT, ABC News
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី​អ៊ីតាលី តម្រង់​ជួរ​រង់ចាំ​វេន​ចាក់​វ៉ាក់សាំង Covid-19 ដូច​គេ​ ដូច​ឯង

    ប្រធានាធិបតី​អ៊ីតាលី តម្រង់​ជួរ​រង់ចាំ​វេន​ចាក់​វ៉ាក់សាំង Covid-19 ដូច​គេ​ ដូច​ឯង

    ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella មិន​ត្រូវបាន​ប្រព្រឹត្ត​ជាពិសេស​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​នោះទេ នៅពេល​លោក​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 នៅឯ​មន្ទីរពេទ្យ​មួយនា​ទីក្រុង Rome។

    រូបថត​ដែល​ត្រូវបាន​ការិយាល័យ​ប្រធានាធិបតី​ចុះផ្សាយ​នៅ​ថ្ងៃទី 9 មីនា បង្ហាញថា មេដឹកនាំ​វ័យ 79 ឆ្នាំ​រូបនេះ អង្គុយ​នៅលើ​កៅអី​ដូច​ទៅនឹង​មនុស្ស​វ័យ​ចំណាស់​ដទៃទៀត នៅក្នុង​សាល​ធំ​មួយ​នៃ​មន្ទីរពេទ្យ Spallanzani ក្នុងពេលដែល​ក្រុមគ្រូពេទ្យ​កំពុងធ្វើការ។ គ្រប់គ្នា​សុទ្ធតែ​រក្សា​គម្លាត​សុវត្ថិភាព​ទៅតាម​ការកំណត់។

    ប្រធានាធិបតី Sergio Mattarella រង់ចាំ​រហូតដល់​ក្រុម​វ័យ​របស់លោក​ត្រូវបាន​ហៅ​ឈ្មោះ និង​ចាក់​វ៉ាក់សាំង Moderna។ ការិយាល័យ​ប្រធានាធិបតី​ឱ្យដឹងថា ប្រធានាធិបតី​អ៊ីតាលី​ត្រូវបាន​ចាក់​វ៉ាក់សាំង​ទៅតាម «យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ 1941»។

    ប្រទេស​អ៊ីតាលី ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 តាំងពី​ចុងខែ​ធ្នូ 2020 ប៉ុន្តែ ដូច​ទៅនឹង​ប្រទេសផ្សេងៗ យុទ្ធនាការ​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារ​ខ្វះ​ប្រភព​ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី​ថ្មី Mario Draghi បាន​សន្យា​រថា​នឹង​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដោយសារ​អត្រា​ឆ្លង​កើនឡើង​លឿន​ព្រោះតែ​វីរុស​ក្លាយ​ពូជ​ថ្មី។

    គិត​មកដល់​បច្ចុប្បន្ន អ៊ីតាលី​បាន​ចាក់​វ៉ាក់សាំង​អស់​ចំនួន 5.6 លាន​ដូ​ស ក៏ប៉ុន្តែ មានតែ 1.7 លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​រួចរាល់ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 60 លាន​នាក់។

    មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 3,101,093 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 100,479 នាក់ និង​ជាសះស្បើយ​ចំនួន 2,521,731 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 478,883 នាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • លិច​កប៉ាល់​នៅ​សមុទ្រ​ទុយ​នេ​ស៊ី នាំឱ្យ​មនុស្ស​យ៉ាងតិច 39នាក់​បាន​ស្លាប់

    លិច​កប៉ាល់​នៅ​សមុទ្រ​ទុយ​នេ​ស៊ី នាំឱ្យ​មនុស្ស​យ៉ាងតិច 39នាក់​បាន​ស្លាប់

    យោងតាម​ក្រសួងការពារជាតិ​ទុយ​នេ​ស៊ី (Tunisia) កាលពី​ថ្ងៃទី 9 មីនា​កន្លងទៅ មាន​ជន​ចំណាកស្រុក​យ៉ាងហោច 39 នាក់​បាន​បាត់​បង់ជីវិត​នៅក្នុង​ករណី​លិច​កប៉ាល់​នៅលើ​លម្ហ​សមុទ្រ​របស់​ប្រទេស​ទុយ​នេ​ស៊ី ក្នុងពេល​កំពុង​ព្យាយាម​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ទៅកាន់​កោះ Lampedusa របស់​អ៊ីតាលី។

    អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​ទុយ​នេ​ស៊ី បានឱ្យដឹងថា ឆ្មាំ​ការពារ​ឆ្នេរសមុទ្រ​ប្រទេស​នេះ សង្គ្រោះ​ជីវិត​មនុស្ស​បាន 165 នាក់​ដែល​ធ្វើដំណើរ​តាម​កប៉ាល់​ខាងលើ ហើយ​បច្ចុប្បន្នកំពុង​ស្វែងរក​ជនរងគ្រោះ​ផ្សេងទៀត​នៅ​លម្ហ​សមុទ្រ​នៃ​ទីក្រុង Sfax។ ពលរដ្ឋ​ចំណាកស្រុក​ដែល​បាន​ស្លាប់​ខាងលើ សុទ្ធតែជា​អ្នក​មកពី​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់ Sahara នៅ​អាហ្វ្រិក។

    តំបន់ឆ្នេរ​សមុទ្រ​ក្បែរ​កំពង់ផែ​នៃ​ទីក្រុង Sfax របស់​ទុយ​នេ​ស៊ី កន្លងមកនេះ​គឺជា​កន្លែង​ចេញដំណើរ​របស់​ក្រុម​អ្នក​ចំណាកស្រុក​ដែល​ភៀសខ្លួន​ពី​សង្គ្រាម និង​គ្រោះ​ទុរភិក្ស​នៅ​តំបន់​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ស្វែងរក​ជីវភាព​ល្អប្រសើរ​នៅ​អឺរ៉ុប។

    ក្នុង​ឆ្នាំ 2019 ជនភៀសខ្លួន​ប្រមាណ 90 នាក់​មកពី​អាហ្វ្រិក បាន​បាត់​បង់ជីវិត​នៅពេល​កប៉ាល់​របស់​ពួកគេ​បាន​ក្រឡាប់​នៅលើ​សមុទ្រ​ទុយ​នេ​ស៊ី ក្រោយពី​បានចេញ​ដំណើរ​ពី​ប្រទេស​លី​ប៊ី ដើម្បី​ទៅកាន់​អឺរ៉ុប។ តួលេខ​ជនភៀសខ្លួន​ពី​ទុយ​នេ​ស៊ី ទៅកាន់​ឆ្នេរសមុទ្រ​របស់​អ៊ីតាលី បាន​កើន​ឡើងដល់​ជាង 13,000 នាក់ ក្នុង​ឆ្នាំ 2020៕

    ប្រភព​៖ Guardian
    ប្រែសម្រួល​៖ បុត្រា

  • Covid-19 នៅ ASEAN និង​ពិភព​លោក​ គិត​ត្រឹម​ដំណាច់​ថ្ងៃទី 9មីនា 2021

    Covid-19 នៅ ASEAN និង​ពិភព​លោក​ គិត​ត្រឹម​ដំណាច់​ថ្ងៃទី 9មីនា 2021

    ថ្ងៃទី 9 មីនា បណ្ដា​ប្រទេស ASEAN បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ជាង 10,000 នាក់ នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់ 2.54 លាន​នាក់។

    យោងតាម​ស្ថិតិ​របស់​គេហទំព័រ worldometers.info ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 9 មីនា បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រកឃើញ​អ្នក​វិជ្ជមាន​ចំនួន 10,474 នាក់ និង​អ្នកស្លាប់​ចំនួន 266 នាក់។ ដូច្នេះ បច្ចុប្បន្ន តំបន់​នេះ​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប 2,542,205 នាក់ ក្នុងនោះ​មាន 54,823 នាក់​បាន​ស្លាប់ និង 2,273,580 នាក់ បានជា​សះស្បើយ។

    ក្នុង​ថ្ងៃទី 9 មីនា តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ចំនួន 3 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 រួមមាន ឥណ្ឌូនេស៊ី (210 នាក់), ហ្វីលីពីន (7 នាក់) និង​ម៉ាឡេស៊ី (9 នាក់)។

    ឥណ្ឌូនេស៊ី បន្ត​ជា​សម្បុក​វីរុស Covid-19 គ្រោះថ្នាក់​ជាងគេ​ក្នុង​តំបន់​អាស៊ី​ន​អាគ្នេយ៍ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន 6,389 នាក់ នាំឱ្យ​តួលេខ​សរុប​ឡើងដល់ 1,392,945 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 37,757 នាក់។

    ស្ថានភាព Covid-19 នៅ​ម៉ាឡេស៊ី​ក៏​គួរឱ្យ​ព្រួយបារម្ភ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន 1,280 នាក់ កាលពី​ថ្ងៃទី 9 មីនា នាំឱ្យ​តួលេខ​សរុប​ឡើងដល់ 316,286 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 1,186 នាក់។ ចំណែក​ហ្វីលីពីន​មាន​អ្នកស្លាប់​សរុប 12,528 នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន 600,428 នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​បាន​កើនឡើង​ដល់ 118,143,312 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 2,621,012 នាក់ និង​ជាសះស្បើយ​ចំនួន 93,827,318 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 21,694,982 នាក់៕

    ប្រភព​៖ Worldometers
    ប្រែសម្រួល​៖ បុត្រា

  • ប៉ូលិស​មី​យ៉ាន​ម៉ា ដកថយ​ពី​តំបន់​ឡោមព័ទ្ធ​បាតុករ ក្រោយពី​ចាប់​មនុ​ស្សបាន 50នាក់

    ប៉ូលិស​មី​យ៉ាន​ម៉ា ដកថយ​ពី​តំបន់​ឡោមព័ទ្ធ​បាតុករ ក្រោយពី​ចាប់​មនុ​ស្សបាន 50នាក់

    ក្រុមប៉ូលិស​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) បាន​ដកខ្លួន​ចេញពី​តំបន់​ដែល​ពួកគេ​បាន​ឡោម​ព័ទ្ធចាប់​បាតុករ​នៅ​កណ្ដាល​ទីក្រុង Yangon ជា​កន្លែង​ដែល​បាតុករ​រាប់រយ​នាក់​បាន​ជាប់គាំង​នៅពេល​យប់ បន្ទាប់ពី​កា​រប​ង្រា​ម និង​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋអំណាច។

    ក្រុម​សកម្មជន​ប្រជាធិបតេយ្យ ថ្ងៃនេះ​បានឱ្យដឹងថា បាតុករ​អាច​ចាក​ចេញពី​តំបន់​ប្រជុំជន​នៅក្នុង​សង្កាត់ San Chaung នាទី​ក្រុង Yangon ក្រោយពី​ត្រូវបាន​ប៉ូលិស​ឡោមព័ទ្ធ និង​តាម​ចាប់ខ្លួន​ពេញ​មួយ​យប់។ បាតុករ​ម្នាក់​ឈ្មោះ Shar Ya Mone បាន​និយាយថា នាង​បាន​ជាប់​នៅក្នុង​អគារ​មួយ​ដែលមាន​មនុស្ស ប្រហែល​ពី 15-20 នាក់ ប៉ុន្តែ​ពេលនេះ​អាច​ត្រលប់​ទៅផ្ទះ​បាន​ហើយ។

    កងកម្លាំង​សន្តិសុខ​មី​យ៉ាន​ម៉ា តាំងពី​ព្រលប់​ថ្ងៃទី 8 មីនា បាន​ឡោមព័ទ្ធ​តំបន់​ប្រជុំជន​ខាងលើ​ដើម្បី​តាម​ចាប់ខ្លួន​បាតុករ​ដែល​ស្នើឱ្យ​ដោះលែង​លោកស្រី Aung San Suu Kyi។ ពេលយប់​ចូលមក​ដល់ ក្រុមប៉ូលិស​ចាប់ផ្ដើម​សម្រុកចូល​គាស់​ទ្វារផ្ទះ​ពលរដ្ឋ​ដើម្បី​ឆែកឆេរ​រក​បាតុករ​ដែល​ពួកគេ​សង្ស័យថា​កំពុង​លាក់ខ្លួន។

    សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា យ៉ាងហោច​មាន​មនុស្ស​ចំនួន 50 នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​មិនមាន​ដីកា​តុលាការ នៅក្នុង​យប់​ថ្ងៃទី 8 មីនា និង​រំលងអធ្រាត្រ​ចូល​ថ្ងៃទី 9 មីនា។

    មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ក្រោយពី​កងទ័ព​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ បាតុកម្ម​ដែល​បាន​កើតឡើង​រយៈពេល​ជាង 1 ខែ​មកនេះ​គឺ​ដើម្បី​ស្នើឱ្យ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្នើឱ្យ​មានការ​គោរព​លទ្ធ​ផល​នៃ​ការបោះឆ្នោត​​កាលពី​ខែ​វិច្ឆិកា​ 2020 ដែល​កងទ័ព​ចោទថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត៕

    ប្រភព៖ Al Jazeera
    ប្រែ​សម្រួល៖ បុត្រា

  • ជិត 118លាន​នាក់​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក៖ សហរដ្ឋអាមេរិក​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរហើរ​​ចំពោះ​​អ្នក​​បាន​ចាក់​វ៉ាក់សាំង

    ជិត 118លាន​នាក់​ឆ្លង Covid-19 នៅ​ទូទាំង​ពិភពលោក៖ សហរដ្ឋអាមេរិក​បន្ថយ​ការ​រឹតត្បិត​លើ​ការ​ដើរហើរ​​ចំពោះ​​អ្នក​​បាន​ចាក់​វ៉ាក់សាំង

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​ករណី​ឆ្លង Covid-19 សរុប​ចំនួន 117,737,690 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 2,611,556 នាក់ និង​ជាសះស្បើយ 93,400,984 នាក់ ខណៈ​អ្នកជំងឺ​កំពុង​ទទួល​ការព្យាបាល មាន​ចំនួន 21,725,150 នាក់។

    សហរដ្ឋអាមេរិក​ដែលជា​សម្បុក​វីរុស​ធំជាងគេ បាន​រកឃើញ​មនុស្ស​ចំនួន 29,743,289 នាក់ បាន​ឆ្លង​វីរុស Covid-19 ក្នុងនោះ​មាន 538,603 នាក់ បាន​បាត់​បង់ជីវិត។ នាយកដ្ឋាន​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​អាមេរិក (CDC) បានចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការដើរ​ហើរ​របស់​ពល​រដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ដោយ​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំគ្នា​នៅក្នុង​ផ្ទះ​ដោយ​មិនបាច់​ពាក់​ម៉ាស។

    ប៉ុន្តែ ពលរ​ដ​អាមេរិក នៅតែ​ត្រូវបាន​ស្នើឱ្យ​ពាក់​ម៉ាស​នៅ​ទីសាធារណៈ និង​ចៀសវាង​ការធ្វើដំណើរ​បើសិន​មិនចាំបាច់។ ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ក៏​នៅតែ​ត្រូវ​ពាក់​ម៉ាស​នៅពេល​ជួប​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង និង​ចៀស​វា​ការជួប​ជុំគ្នា​ដែលមាន​មនុស្ស​ច្រើន។

    បច្ចុប្បន្ន ពលរដ្ឋ​អាមេរិក​ជាង 90% មិនទាន់បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ នេះ​បើតាម​ប្រធានាធិបតី Joe Biden។ លោក Biden ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់ CDC ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​បន្ទាប់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ប៉ូលិស​មី​យ៉ាន​ម៉ា ឡោមព័ទ្ធ​ក្រុមបាតុករ​ទាំងយប់៖ មនុស្ស 3នាក់​ត្រូវបាន​បាញ់សម្លាប់

    ប៉ូលិស​មី​យ៉ាន​ម៉ា ឡោមព័ទ្ធ​ក្រុមបាតុករ​ទាំងយប់៖ មនុស្ស 3នាក់​ត្រូវបាន​បាញ់សម្លាប់

    ក្រុម​សន្តិសុខ​នៃ​របប​សឹក​មី​យ៉ាន​ម៉ា បាន​ឡោមព័ទ្ធ​បាតុករ​រាប់រយ​នាក់​ដែល​នាំគ្នា​ធ្វើបាតុកម្ម​នៅ​ទីក្រុង Yangon និង​បាន​គំរាម​ដល់​ពលរដ្ឋ​ណា​ដែល​លាក់​បំពួន​បាតុករ។

    សកម្មភាព​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី 8 មីនា ឆ្នាំ 2021 នៅក្នុង​សង្កាត់ Sanchuang នៃ​ទីក្រុង Yangon។ Stephane Dujarric អ្នកនាំពាក្យ​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា អគ្គលេខាធិការ Antonio Guterres បាន​អំពាវនាវ​ឱ្យ «អត់ធ្មត់​ជា​អតិបរមា និង​ដោះលែង​គ្រប់គ្នា​ដោយ​សុវត្ថិភាព»។ ការិយាល័យ​អង្គការសហប្រជាជាតិ​នៅ​មី​យ៉ាន​ម៉ា រួម​នឹង​ស្ថានទូត​អាមេរិក និង​អង់គ្លេស ក៏បាន​ស្នើឱ្យ​ប៉ូលិស​ទុក​ផ្លូវ​ឱ្យ​បាតុករ​ចាកចេញ។

    ក៏ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា ប៉ូលិស​មី​យ៉ាន​ម៉ា​នឹង​បង្អង់​ដៃ​នោះទេ។ សារព័ត៌មាន​ក្នុងស្រុក និង​​ក្រុម​អ្នក​លេង​ Facebook បានឱ្យដឹងថា មនុស្ស​ចំនួន 20 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​សង្កាត់ Sanchuang បន្ទាប់ពី​ក្រុមប៉ូលិស​បាន​ឆែកឆេរ​ផ្ទះ​របស់​ពលរដ្ឋ។

    នៅ​តំបន់ផ្សេងៗក្នុង​ទីក្រុង Yangon មនុស្ស​រាប់ពាន់នាក់​បាន​ចេញ​ធ្វើបាតុកម្ម និង​ស្នើឱ្យ​ដោះលែង​បាតុករ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន។ ប៉ូលិស​បាន​ផ្ទុះអាវុធ និង​បាញ់​គ្រាប់បែក​សម្ល​ត់​ស្មារតី ដើម្បី​បំបែកហ្វូង​បាតុករ។

    អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន​ម៉ា មិនទាន់​ធ្វើការ​អធិប្បាយ​អ្វី​អំពី​ហេតុការណ៍​ខាងលើ​នៅឡើយ។

    សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី 8 មីនា បានឱ្យដឹងថា បាតុករ 3 នាក់ ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​បាតុកម្ម​នៅ​ភាគ​ខាងជើង​ប្រទេស និង​តំបន់​វាលរាប​ទន្លេ Irrawaddy។ យោងតាម​អង្គការសហប្រជាជាតិ សកម្មភាព​របស់​ប៉ូលិស និង​កងទ័ព​មី​យ៉ាន​ម៉ា បាន​បណ្ដាលឱ្យ​មនុស្ស​ជាង 50 នាក់ ត្រូវ​បាត់បង់​ជីវិត រាប់​ចាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​កើតឡើង។

    មី​យ៉ាន​ម៉ា បាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ក្រោយពី​កងទ័ព​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ Aung San Suu Kyi រួម​នឹង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ បាតុកម្ម​ដែល​បាន​កើតឡើង​រយៈពេល​ជាង 1 ខែ​មកនេះ​គឺ​ដើម្បី​ស្នើឱ្យ​ដោះលែង​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្នើឱ្យ​មានការ​គោរព​លទ្ធ​ផល​នៃ​ការបោះឆ្នោត​​កាល​ពី​​ខែ​វិច្ឆិកា​ 2020 ​ដែល​កងទ័ព​ចោទថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅថ្ងៃនេះ

    វៀតណាមចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 នៅថ្ងៃនេះ

    ព្រឹក​ថ្ងៃទី 8 មីនា​នេះ វៀតណាម​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​ក្រុមមនុស្ស​អាទិភាព​របស់​ខ្លួន​ដែល​ស្ថិតនៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ រួម​មាននៅ​រដ្ឋធានី​ហាណូយ ទីក្រុង​ហូជីមិញ និង​ខេត្ត​ហៃ​ហ្សឿ​ង។

    ក្រុមមនុស្ស​ដែល​ស្ថិតក្នុង​អាទិភាព​ដំបូង​គេ មានដូចជា​ក្រុមគ្រូពេទ្យ និង​ក្រុមមនុស្ស​ដែល​ធ្វើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស Covid-19 ជាដើម។

    វៀតណាម បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ Covid-19 AstraZeneca ចំនួន 117,500 ដូ​ស ត្រូវបាន​ផ្គត់ផ្គង់​ដល់​ខេត្ត​ចំនួន 13 ដែល​កំពុង​រង​ផលវិបាក​ដោយសារ Covid-19 ច្រើនជាងគេ។ ក្រៅពីនេះ មាន 600 ដូ​ស ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពិនិត្យ​គុណភាព។

    ក្រុម​អ្នក​ត្រូវ​ចាក់វ៉ាក់សាំង​ នៅ​ខេត្ត​ហៃហ្សឿង

    តាម​គម្រោង នៅក្នុង​ខែមីនា​នេះ វៀតណាម​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន 1.3លាន​ដូ​ស​ទៀត​នៅក្នុង​កម្មវិធី Covax Facility។ ចំនួន​នេះ​នឹង​កើន​ឡើងជា​បន្តបន្ទាប់ រហូតដល់​គម្រប់ 100 លាន​ដូ​ស។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម មាន​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 2,512 នាក់ ក្នុងនោះ​មាន 1,920 នាក់​បានជា​សះស្បើយ និង 35 នាក់​បាន​បាត់​បង់ជីវិត ខណៈ 553 នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ VE
    ប្រែ​សម្រួល៖ បុត្រា

  • ទិដ្ឋភាព​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ពេល​មើល​ពីលើ​មេឃ

    ទិដ្ឋភាព​បាតុកម្ម​នៅ​មី​យ៉ាន​ម៉ា ពេល​មើល​ពីលើ​មេឃ

    បណ្ដា​រូបថត​ពី​ផ្កាយរណប​បង្ហាញថា បាតុកម្ម​ប្រឆាំង​កងទ័ព​នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) នៅតែ​មិនទាន់​ចុះខ្សោយ​នៅឡើយ ក្រោយ​រដ្ឋប្រហារ​យោធា​ជាង​មួយខែ​មកនេះ។

    (រូប​ភាព​ខាងលើ)-បាតុករ​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃទី 4 មីនា នៅ​ឧទ្យាន City Park នាទី​ក្រុង Mandalay ដើម្បី​ប្រឆាំងនឹង​កងទ័ព និង​ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ Kyal Sin អាយុ 19 ឆ្នាំ ដែល​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​មុន​នោះ​មួយថ្ងៃ នៅពេល​កំពុង​ចូលរួម​ធ្វើបាតុកម្ម​នៅ Mandalay។

    អក្សរ​ពីរ​បន្ទាត់​ដែល​សរសេរថា «ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា» និង «ដោះលែង​មេដឹកនាំ​របស់​យើង» ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ពី​ផ្កាយរណប​ដែល​បាន​ថត​ដងផ្លូវ​ក្នុង​ទីក្រុង Mandalay កាលពី​ថ្ងៃទី 4 មីនា។

    រូបភាព​ពី​ផ្កាយរណប​ដែល​ហ្ស៊ូ​ម​ឆ្ងាយ​ជាង​រូប​ខាងលើ​បន្តិច នៅតែ​អាច​មើលឃើញ​អក្សរ​ពីរ​បន្ទាត់​យ៉ាងច្បាស់។

    អក្សរ​មួយ​បន្ទាត់​ពណ៌​ស «សង្គ្រោះ​មី​យ៉ាន​ម៉ា​ផង» (ផ្នែក​លើ​គេ និង​នៅ​ចំ​កណ្ដាល) ត្រូវបាន​សរសេរ​នៅលើ​ឆ្នេរ​ខ្សាច់​តាម​បណ្ដោយ​ទន្លេ Irrawaddy នៅ Mandalay កាលពី​ថ្ងៃទី 4 មីនា។

    «ដោះលែង​ក្រុម​មេដឹកនាំ​របស់​យើងខ្ញុំ» គឺជា​ឃ្លា​ដែល​ត្រូវបាន​ក្រុមបាតុករ​បាញ់ថ្នាំ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Yangon កាលពី​ខែកុម្ភៈ។

    រូបភាព​ពី​ផ្កាយរណប​ដែល​បានមកពី​ក្រុមហ៊ុន Maxar Technologies បង្ហាញថា មាន​ទាហាន​រាប់ពាន់នាក់ និង​រថយន្ត​ដឹក​ទាហាន​ជិត 400 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​មូលដ្ឋានទ័ព​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​ណៃ​ពិដោ កាលពី​ថ្ងៃទី 4 មីនា។

    កងទ័ព​មី​យ៉ាន​ម៉ា នៅតែ​បន្ត​ដាក់ពង្រាយ​ទាហាន​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ ដើម្បី​ទប់ស្កាត់​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ។ ក្រុមបាតុករ​មី​យ៉ាន​ម៉ា ក៏​នៅតែ​ប្ដេជ្ញាចិត្ត ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលយោធា​ដដែល បើទោះជា​មាន​បាតុករ​ជាច្រើន​សិប​នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់។

    ក្រុមបាតុករ​បាន និង​កំពុង​អំពាវនាវ​ឱ្យ​កងទ័ព​ដោះលែង​ទីប្រឹក្សា​រដ្ឋ លោក Aung San Suu Kyi និង​ស្ដារ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វី​ញ៕

    ប្រភព៖ AFP/ Reuters/ AP
    ប្រែ​សម្រួល៖ បុត្រា