Category: អន្តរជាតិ

  • ថ្មី! វ៉ាក់សាំង​Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ត្រៀម​ធ្វើ​ការ​ពិសោធ​លើ​មនុស្ស​ហើយ!

    ថ្មី! វ៉ាក់សាំង​Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ត្រៀម​ធ្វើ​ការ​ពិសោធ​លើ​មនុស្ស​ហើយ!

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​ផ្សំ​ឡើងជា​ប្រភេទ​គ្រាប់​សម្រាប់​លេប​ដែល​អាច​ប្រើប្រាស់​នៅតាម​ផ្ទះ នឹង​អាច​ត្រូវបានធ្វើ​ការពិសោធ​លើ​មនុស្ស​នាពេល​ដ៏​ខ្លី​ខាងមុខ។

    យោងតាម​សារព័ត៌មាន RT វ៉ាក់សាំង​ប្រភេទ​ថ្មី​ដំបូង​គេ​ដែលមាន​ឈ្មោះថា Oravax នេះ ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oramed របស់​អាមេរិក-អ៊ីស្រាអែល និង​ក្រុមហ៊ុន​ជីវសាស្ត្រ Premas របស់​ឥណ្ឌា។ ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​ចាប់ដៃគ្នា​បង្កើត​ក្រុមហ៊ុន Oravax Medical ដើម្បី​អភិវឌ្ឍ និង​ផលិត​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​គ្រាប់​សម្រាប់​លេប ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់។

    ក្រោយពី​បានធ្វើ​ការពិសោធ​នៅលើ​សត្វ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​បង្កើត​អង្គ​ប​ដិ​ប្រាណ​ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​វីរុស Covid-19។ ចំណុច​ពិសេស នោះ​គឺ​វ៉ាក់សាំង Oravax តែមួយ​គ្រាប់​គត់ សត្វ​ដែល​ត្រូវធ្វើ​ការពិសោធ​អាច​ការពារ​ខ្លួន​ពី​ការឆ្លង​វីរុស Covid-19។ នេះ​គឺជា​ចំណុច​ខុសប្លែក និង​ត្រូវបាន​គេ​ចាត់ទុកថា​លេចធ្លោ​ជាង​បើ​ធៀប​ជាមួយនឹង​វ៉ាក់សាំង​បច្ចុប្បន្ន​ដែល​ត្រូវ​ការចាក់​រហូតដល់​ពី​រ​ម្ជុល។

    លោក Prabuddha Kundu ដែលជា​សហ​ស្ថាបនិក​របស់ Premas បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឥណ្ឌា​ថា ការ​លេប​វ៉ាក់សាំង​នេះ​នឹង «ដូច​ទៅនឹង​ការ​លេបថ្នាំ​វីតាមីន» ហើយ «យើង​ជឿជាក់100% ថា បច្ចេកវិទ្យា​នេះ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ក្ដីសង្ឃឹម»។ លោក​បន្ថែមថា លទ្ធផល​ដែល​បានមកពី​ការពិសោធ​បឋម​លើស​ត្វ​នឹងត្រូវ​បានប្រកាស​ឱ្យដឹង​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មួយ​នាពេលឆាប់ៗនេះ។

    Oravax ត្រូវបានសហការអភិវឌ្ឍដោយក្រុមហ៊ុន Oramed របស់អាមេរិក-អ៊ីស្រាអែល និងក្រុមហ៊ុនជីវសាស្ត្រ Premas របស់ឥណ្ឌា

    ចំណែក Nadav Kidron នាយក​ប្រតិបត្តិ​របស់ Oramed និយាយថា វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​នឹង​បំបាត់​បញ្ហា​នានា​ដែល​កើតឡើង​ពី​រដូវ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក។ ជាង​នេះ វា​ក៏​នឹង​អាច​ត្រូវបាន​ប្រើប្រាស់​នៅតាម​ផ្ទះ​យ៉ាង​ងាយស្រួល​ផងដែរ។

    គេ​អាច​រក្សាទុក​វ៉ាក់សាំង Oravax នេះ​នៅក្នុង​សីតុណ្ហភាព​របស់​បន្ទប់​ក្នុងផ្ទះ និង​ជួយ​កាត់បន្ថយ​បញ្ហា​រក្សាទុក​ក្នុងស្ថានភាព​ត្រជាក់​ដែល​វ៉ាក់សាំង «បុរាណ» នានា​កំពុង​ជួបប្រទះ។ នាយក Kedron ប្រកាសថា ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​គ្រាប់​នេះ​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​ក្រោយពី​បាន​លេប ហើយ​វា​ក៏​នឹងមាន​ប្រយោជន៍​ច្រើន បើសិន​ក្លាយជា​វ៉ាក់សាំង​ដែល​ត្រូវ​លេប​ប្រចាំឆ្នាំ​ដូច​ទៅនឹង​វ៉ាក់សាំង​បង្ការ​វីរុស​ផ្ដាសាយ។

    Oravax Medical នឹងធ្វើ​ការពិសោធ​លើ​មនុស្ស​ក្នុងដំណាក់កាល​ដំបូង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន ​សហរដ្ឋ​អាមេរិក,​ អ៊ីស្រាអែល, ម៉ិ​ក​ស៊ិ​ក និង​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ។ ការពិសោធ​ដំបូង​អាច​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែកក្កដា​ឆ្នាំ2021៕

    ប្រភព​៖ BI
    ប្រែសម្រួល​៖ បុត្រា

  • លោក Trump ឧទ្ទេសនាម​បណ្ដាញ​សង្គម​ថ្មី និង​ផ្ទាល់ខ្លួន

    លោក Trump ឧទ្ទេសនាម​បណ្ដាញ​សង្គម​ថ្មី និង​ផ្ទាល់ខ្លួន

    លោក Donald Trump មាន​គម្រោង​បង្ហាញ​វត្តមាន​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​នៅក្នុង​អំឡុង​ពី​ពីរ​ទៅ​បី​ខែ​ខាងមុខ ដែល​នេះ​គឺជា​ការអះអាង​របស់​ទីប្រឹក្សា​នៃ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក។

    Jason Miller ដែលជា​អ្នកនាំពាក្យ​សម្រាប់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក Trump កាលពី​ឆ្នាំ 2020 បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​ថ្ងៃទី 21មីនា​ថា អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump នឹង​បង្ហាញ​វត្តមាន​នៅលើ​បណ្ដាញ​សង្គម​ជាថ្មី​ជាមួយនឹង​ថ្នាល​ដោយឡែក​របស់ខ្លួន​ដែល​អាច «កំណត់​ឡើងវិញ​ទាំងអស់​នូវ​អត្ថន័យ​នៃ​ការប្រកួតប្រជែង»។

    ចាប់តាំងពី​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន និង​ត្រលប់​ទៅ​រស់នៅក្នុង​តំបន់​លម្ហែកាយ Mar-a-Lago ក្នុង​រដ្ឋ Florida លោក Trump មិនបាន​បង្ហាញខ្លួន​ញឹកញាប់​នៅមុខ​សាធារណជន​ដូចមុនៗទៀត​ទេ ហើយ​លោក​តែង​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជំនួស​វិញ។ ក៏ប៉ុន្តែ បើតាម លោក Miller លោក Trump បានធ្វើ​កិច្ចការ​យ៉ាង​យកចិត្តទុកដាក់។

    «គាត់​មាន​កិច្ចប្រជុំសំខាន់ៗជាច្រើន​នៅ Mar-a-Lago។ មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ជួបប្រជុំ​ជាមួយ​លោក» ទីប្រឹក្សា​របស់លោក Trump បានឱ្យដឹង​ដូច្នេះ។

    «ថ្នាល​ថ្មី​នេះ​នឹង​ធំ ហើយ​ខ្លាំង។ល។ គាត់​នឹង​នាំ​មនុស្ស​រាប់លាន រាប់លាន​នាក់ ឬ​រាប់សិប​លាន​នាក់​មកកាន់​ថ្នាល​ថ្មី​នេះ» Miller បាន​បន្ថែម​បែបនេះ ប៉ុន្តែ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អ្វីដែល​ទាក់ទង​នឹង​គម្រោង​ខាងលើនេះ​ទេ។

    សូម​រំលឹកថា Facebook, Twitter រួម​នឹង​បណ្ដាញ​សង្គម​ជាច្រើន​ផ្សេងទៀត បាន​រាំងខ្ទប់​គណនី​របស់លោក Trump ក្រោយពី​មាន​អំពើហិង្សា​នៅ​ភ្នំ Capitol កាលពី​ថ្ងៃទី6 មករា នៅពេលដែល​លោក​ត្រូវបាន​គេ​ចោទថា បាន​ញុះញង់​ឱ្យ​ក្រុមបាតុករ​សម្រុកចូល​អ​គារ​សភា​អាមេរិក។

    មុនពេល​ត្រូវបាន​រាំងខ្ទប់ លោក Trump តែងតែ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រិះគន់​ដល់​ក្រុមមនុស្ស​ដែល​បាន​ថ្កោលទោស​លោក ឬ​ដើម្បី​ប្រកាស​អំពី​ការផ្លាស់ប្ដូរ​បុគ្គលិក ឬមួយ​ការកែប្រែ​គោលនយោបាយសំខាន់៕

    ប្រភព៖ CNA
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថាន​ភាព​ Covid-19 នៅ​ទូទាំង​ពិភពលោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី22 មីនា 2021

    ស្ថាន​ភាព​ Covid-19 នៅ​ទូទាំង​ពិភពលោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី22 មីនា 2021

    យោងតាម​សារព័ត៌មាន Worldometers ក្នុងអំឡុង 24ម៉ោង​កន្លងទៅ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ជាង 409,000នាក់ និង​ជាង 5,600នាក់​បាន​ស្លាប់ នាំឱ្យ​តួលេខ​វិជ្ជមាន​សរុប​កើន​ដល់ 123.8លាន​នាក់ ក្នុងនោះ​មាន​ជាង 2.72លាន​នាក់​បាន​បាត់បង់​ជីវិត។

    ប្រទេស​ចំនួន3 ដែលមាន​ករណី​​ឆ្លង Covid-19 ច្រើនជាងគេ​ក្នុងអំឡុង24ម៉ោង​កន្លងទៅ រួម​មាន​​​​ប្រទេស​​ប្រេ​ស៊ី​ល​ (47,774​នាក់),​ ឥណ្ឌា​ (47,009នាក់) និង​សហរដ្ឋអាមេរិក (ជាង 37,000នាក់)។

    ប្រទេស​ចំនួន3 ដែលមាន​ករណី​ស្លាប់​ដោយសារ Covid-19 ច្រើនជាងគេ​ក្នុង​រយៈពេល24ម៉ោង​កន្លងទៅគឺ​មាន​ ប្រេ​ស៊ី​ល (1,186នាក់), ម៉ិ​ក​ស៊ិ​ក (608នាក់) និង​សហរដ្ឋអាមេរិក (437នាក់)។

    បច្ចុប្បន្ន ស្ថានភាព Covid-19 នៅ​ប្រេ​ស៊ី​ល មាន​ភាព​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់​ នៅពេល​តួលេខ​អ្នក​វិជ្ជមាន និង​អ្នក​​ស្លាប់​ប្រចាំថ្ងៃ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​ក្នុង​ពិភពលោក។ ប្រទេស​នេះ​ក៏​តែងតែ​ឈរ​លំដាប់​ទី​ពីរ​ក្នុង​ពិភព​លោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក បើ​និយាយ​អំពី​តួលេខ​សរុប​នៃ​ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ Covid-19 រាប់​ចាប់តាំង​ពី Covid-19 បានបង្ហាញ​ខ្លួន៕

    ប្រភព​៖ Worldometers
    ប្រែសម្រួល​៖ បុត្រា

  • ស្ថិតិ​សង្ខេបនៃ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20មីនា 2021

    ស្ថិតិ​សង្ខេបនៃ Covid-19 នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20មីនា 2021

    ពិភពលោក​ទាំងមូល​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 122,868,566នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 99,027,110នាក់, ស្លាប់ 2,712,570នាក់ និង​កំពុង​ព្យាបាល​ចំនួន 21,128,869នាក់។

    ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ច្រើនជាង 100,000នាក់ មាន 6ប្រទេស រួមមាន សហរដ្ឋ​អាមេរិក​ (554,040នាក់), ប្រេ​ស៊ី​ល (290,525នាក់), ម៉ិ​ក​ស៊ិ​ក (196,606នាក់), ឥណ្ឌា (159,594នាក់), អង់គ្លេស (123,026នាក់) និង​អ៊ីតាលី (104,241នាក់)។ ក្រៅពីនេះ តួលេខ​អ្នកស្លាប់​នៅ​ប្រទេស​បារាំង​ក៏​កើន​ជិត​ដល់​ខ្ទង់សែន​ផងដែរ។

    នៅ​ទូទាំង​ពិភពលោក ទ្វីបអាស៊ី​ទាំងមូល​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 26,720,499នាក់ ក្នុងនោះ​មាន   414,618នាក់​បាន​បាត់​បង់ជីវិត ខណៈ 1,407,000នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​កុង​ហ្គោ

    រាប់រយ​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​អំពើហិង្សា​នៅ​ភាគខាងត្បូង​ប្រទេស​កុង​ហ្គោ

    ពលរដ្ឋ​ជិត 200នាក់​បាន​បាត់​បង់ជីវិត និង 40,000នាក់​ត្រូវ​ចាក​ចេញពីផ្ទះ​រាប់​ចាប់ពី​ខែមករា ក្រោយពី​ការវាយប្រហារ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត (Allied Democratic Forces/ADF) នៅ​ភាគ​ឦសាន​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ។ នេះ​បើតាម​ប្រកាស​កាលពី​ថ្ងៃទី 19 មីនា 2021 របស់​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)។

    ក្នុង​របាយការណ៍​ខាងលើ UNHCR បាន​សំដែង​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការកើនឡើង​នៃ​ករណី​វាយប្រហារ​របស់ ADF ដែលជា​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម Uganda មាន​វត្ត​មាននៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កុង​ហ្គោ​ចាប់តាំងពី​ឆ្នាំ 1995។

    ចាប់តាំងពី​ដើមឆ្នាំ 2021 មកដល់​បច្ចុប្បន្ន ការវាយប្រហារ​ប្រកបដោយ​ហិង្សា​នៅក្នុង​ទីក្រុង Beni នៃ​ខេត្ត Kivu ខាងជើង និង​ខេត្ត Ituri បានសម្លាប់​មនុស្ស​ជិត 200នាក់ និង​ជាច្រើន​នាក់​ត្រូវ​រងរបួស ខណៈដែល​មនុស្ស​ជាង 40,000នាក់​ត្រូវ​ជម្លៀស​ខ្លួន​ចេញពីផ្ទះ។ ក្នុងអំឡុង​ជិត 3ខែ​មកនេះ ADF ត្រូវបាន​ចោទប្រកាន់ថា បាន​វាយប្រហារ​ទៅលើ​ភូមិឋាន​ចំនួន 25 និង​ដុត​ផ្ទះសម្បែង​របស់​ប្រជាជន ព្រមទាំង​បាន​ចាប់ជំរិត​មនុស្ស​ជាង 70នាក់។

    ADF គឺជា​ឧទ្ទាម​ដែល​ប្រើ​អំពើហិង្សា​ជាងគេ​ក្នុងចំណោម​ឧទ្ទាម​ចំនួន 122ក្រុម ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​កុង​ហ្គោ។ កាលពី​ឆ្នាំ 2020 ក្រុម​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ 460នាក់។

    យោងតាម​អង្គការ​តាមដាន​សន្តិសុខ Kuvu (KST/Kivu Security Tracker) ចាប់ពី​ឆ្នាំ 2017 ដល់​បច្ចុប្បន្ន ADF បានសម្លាប់​ជន​ស៊ីវិល​ជាង 1,200នាក់​នៅ​ទីក្រុង Beni។

    បច្ចុប្បន្ន UNHCR ត្រូវការ​ប្រាក់ 2លាន​ដុល្លារ​ជាបន្ទាន់​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នៅ​តំបន់ Beni និង​តំបន់ Irumu ក្នុង​ខេត្ត Ituri។ មកដល់ពេលនេះ UNHCR ទើបតែ​ទទួលបាន 5.5% ប៉ុណ្ណោះ ក្នុងចំណោម 33លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ខេត្ត​នានា​នៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ​សម្រាប់​ឆ្នាំ 2021៕

    ប្រភព៖ AFP
    ប្រែសម្រួល​៖ បុត្រា

  • រន្ទះបាញ់​អាចជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី

    រន្ទះបាញ់​អាចជា​អ្នក​ដែល​បាន​បង្កើត​ជីវិត​នៅលើ​ផែនដី

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា រន្ទះបាញ់​ដែល​បាញ់​ចុះមក​កាន់​ផ្ទៃដី​របស់​ភពផែនដី​កាលពី​យុគសម័យដំបូងៗ ទំនងជា​បានផ្ដល់​សារធាតុ​ផូស្វ័រ ( phosphorus) ចាំបាច់​ដើម្បី​បង្កបង្កើត​ជីវិត។

    ផូស្វ័រ​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៅក្នុង​ម៉ូលេគុល​ដែល​បង្កបង្កើត​រចនាសម្ព័ន្ធ​របស់​កោសិកា​រាងកាយ និង​ម្នាស​របស់​កោសិកា ហើយ​ជាង​នេះ វា​ក៏បង្ក​បង្កើតបានជា​គ្រោង​សម្រាប់ DNA និង ARN ផងដែរ។ ប៉ុន្តែ ផូស្វ័រ​ពិតជា​ពិបាក​ត្រូវ​បាន​ចាប់​យក​​នៅលើ​ផែនដី​កាលពី​យុគសម័យ​ជាង 4ពាន់​លាន​ឆ្នាំមុន។

    «ផូស្វ័រ​ស្ទើរតែ​ទាំងអស់​នៅលើ​ផែនដី​កាលពី​យុគសម័យ​ដំបូង ត្រូវ​ជាប់គាំង​នៅក្នុង​រ៉ែ​មិន​រលាយ និង​មិន​ដំណើរការ​ មាន​ន័យ​ថា​ វា​មិនអាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើតជា​ម៉ូ​លី​គុល​ជីវសាស្ត្រ​ចាំបាច់​សម្រាប់​ជីវិត» នេះ​បើតាម​​ការ​ឱ្យ​ដឹង​ពី​អ្នកវិទ្យាសាស្ត្រ Benjamin Hess មកពី​សាកលវិទ្យាល័យ Yale នៃ​សហរដ្ឋអាមេរិក។

    កន្លងមក ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា អាចម៍ផ្កាយ​ដែល​ធ្លាក់​មកលើ​ផែនដី បាន​នាំមក​នូវ​កត្តាចាំបាច់​ស​ម្រា​ប់​ជីវិត​លើ​ពិភព​មួយ​នេះ។ ដុំថ្ម​អវកាស​ត្រូវបាន​គេ​ដឹងថា មាន​ផ្ទុក schreibersite ជា​សារធាតុ​ផូស្វ័រ​ដែល​អាច​រលាយ​ក្នុង​ទឹក។ បើសិន​ជាមាន​អាចម៍ផ្កាយ​ច្រើន​ធ្លាក់​មកលើ​ផែនដី នោះ​វា​គឺជា​ប្រភព​របស់​ផូស្វ័រ​ដ៏​សមស្រប​សម្រាប់​ការកកើត​ជីវិត។

    ក៏ប៉ុន្តែ ការសិក្សា​ស្រាវជ្រាវថ្មីៗនេះ បាន​បង្ហាញថា ជីវិត​ចាប់ផ្ដើម​កកើត​លើ​ផែនដី​របស់​យើង​តាំងពី 3.5 ដល់ 4.5ពាន់​លាន​ឆ្នាំមុន ហើយ​ក្នុង​យុគសម័យ​នោះ ផែនដី​មិនសូវ​ទទួល​ឥទ្ធិពល​ពី​អាចម៍ផ្កាយ។ ដូច្នេះ បរិមាណ​ផូស្វ័​យ​ដែល​គាំទ្រ​ដល់​ជីវិត អាចមាន​ប្រភពពី​យន្តការ​ដទៃ។

    រូប​ភាព​ឧទ្ទាហរណ៍​នៃ​រន្ទះបាញ់​​កាល​ពី​យុគ​សម័យ​ដំបូង​ៗ​របស់​ផែន​ដី​

    នៅក្នុង​របាយការណ៍​ថ្មី​មួយ​នៅលើ​ទស្សនាវដ្ដី Nature Communication ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 16 មីនា 2021 អ្នកវិទ្យាសាស្ត្រ Hess រួម​នឹង​សហការី​របស់ខ្លួន​បាន​រកឃើញ​ភ័ស្ដុតាង​ដែល​អាច​អះអាង​បាន​ថា រន្ទះ​ដែល​បាញ់​ចុះមក​ផែនដី​កាលពី​អតីតកាល ទំនងជា​បាន «បើក​សោ» ឱ្យ​ផូស្វ័រ​ដែល​កំពុង​ជាប់​នៅក្នុង​រ៉ែផ្សេងៗអាច​ចេញមកក្រៅ។

    កាលពី​ផែនដី​នៅ​ក្មេង រន្ទះបាញ់​កើតមាន​ច្រើនជាង​សព្វថ្ងៃ ព្រោះថា កាលណោះ​បរិយាកាស​មាន​ផ្ទុក​សារធាតុ carbon dioxide យ៉ាងច្រើន។ សព្វថ្ងៃ ផែនដី​មាន​រន្ទះបាញ់​ប្រមាណ 560លាន​ដង​ក្នុងមួយឆ្នាំ។ ក្នុង​យុគសម័យ​ដំបូង តួលេខ​នេះ​គឺ ចាប់ពី 1 ដល់ 5ពាន់​លាន​ដង ក្នុងនោះ​មាន​ចាប់ពី 100 ទៅ 1ពាន់​លាន​ដង បាន​បាញ់​មកលើ​ដី។ ប្រការនេះ​មានន័យថា រន្ទះបាញ់​អាច​ផ្គត់​ផ្គង​សារធាតុ​ផូស្វ័រ​ដល់​ផែនដី​បាន​យ៉ាងច្រើន។

    «ការយល់ដឹង​អំពី​តួនាទី​របស់​រន្ទះបាញ់​ដែល​ដូច​ទៅនឹង​យន្តការ​បង្កបង្កើត​ផូស្វ័រ​ដែល «អាច​ប្រតិកម្ម» គឺជា​រឿង​សំខាន់​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​នៃ​ជីវិត​នៅលើ​ផែនដី ក៏ដូចជា​ប្រភព​នៃ​ជីវិត​នៅក្រៅ​ផែនដី។ ការរកឃើញ​របស់​យើង អាចអនុវត្ត​​នៅ​លើ​​គ្រប់​​ពិភព​ទាំងអស់​ដែលមាន​បរិយាកាស​អាច​បង្កើត​រន្ទះបាញ់» អ្នកវិទ្យាសាស្ត្រ Hess អះអាង​ដូច្នេះ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ 2024

    គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ 2024

    រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍ​ជាតិ​ឥណ្ឌូនេស៊ី លោក Suharso Monoarfa កាលពី​ថ្ងៃទី 17 មីនា បានឱ្យដឹងថា គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹងត្រូវ​បន្ត​នៅក្នុង​ឆ្នាំ 2021 ជាមួយនឹង​គោលដៅ​សម្រេច​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ 2024។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីពេលថ្មីៗនេះ លោក Suharso Monoarfa ដែលជា​រដ្ឋមន្ត្រី និង​ជា​អ្នកទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​គម្រោង​កសាង​រដ្ឋធានី​ថ្មី បានឱ្យដឹងថា ថវិកា​ដែល​បាន​ប៉ាន់ប្រមាណ​ដំបូង​សម្រាប់​ការកសាង​រដ្ឋធានី​ថ្មី​នេះ មាន​ចំនួន 466 លាន​លាន​រូពី (32.3ពាន់​លាន​ដុល្លារ​អាមេរិក)។ ប៉ុន្តែ តួលេខ​នេះ​កំពុង​ត្រូវបាន​កែប្រែ​ទៅតាម​យុទ្ធសាស្ត្រ និង​ដំណាក់កាល​របស់​គម្រោង។

    ផែន​ទី​ទីតាំង​នៃ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី

    កាលពី​ខែសីហា ឆ្នាំ 2020 ឥណ្ឌូនេស៊ី បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​នូវ​គម្រោង​រើ​រដ្ឋធានី​ទៅកាន់​កោះ Borneo​ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា Covid-19។

    លោក​រដ្ឋមន្ត្រី Monoarfa ថ្លែងថា គម្រោង​សាងសង់​អគារ​នានា​របស់​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី​ថ្មី​នឹងត្រូវ​ពន្យារពេល​រហូតដល់​ឥណ្ឌូនេស៊ី​មាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់ Covid-19។ លោក Monoarfa បញ្ជាក់ថា ការចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ​អាច​ត្រូវបាន​ពន្យារពេល​ដល់​ឆ្នាំ 2022 ឬ 2023 ព្រោះថា រដ្ឋាភិបាល​កំពុង​ផ្ដោតលើ​ការស្រាវជ្រាវ ដើម្បី​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ដល់​ពលរដ្ឋ​ជិត 270 លាន​នាក់។

    រដ្ឋធានី​ Jakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី

    យោងតាម​ផែនការ​ដំបូង គម្រោង​នេះ​នឹងត្រូវ​បានចាប់ផ្ដើម​នៅ​ដើមឆ្នាំ 2021 ជាមួយនឹង​សកម្មភាព​សាងសង់​អគារ​រដ្ឋាភិបាល កែលម្អ​ព្រលានយន្តហោះ កំពង់ផែ​សមុទ្រ និង​ផ្លូវថ្នល់​នៅក្នុង​តំបន់​ព្រៃ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តាំង​រដ្ឋធានី​ឆ្លាត​វៃ​ថ្មី។ មកដល់​ឆ្នាំ 2024 ដែលជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី​ពីរ​របស់​ប្រធានាធិបតី Joko Widodo ក្រុមមន្ត្រី​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​រើ​ទៅធ្វើ​ការ​នៅ​រដ្ឋធានី​ថ្មី។

    កាលពី​ឆ្នាំ 2019 ប្រធានាធិបតី Joko Widodo បានប្រកាស​អំពី​គម្រោង​រើ​រដ្ឋធានី​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ទម្ងន់​របស់ Jakarta ជា​រដ្ឋធានី​ដែល​ស្ថិតនៅលើ​កោះ Java និង​មាន​ប្រជាជន 10លាន​នាក់​កំពុង​រស់នៅ។​ លោក​ Masayoshi Son នាយក​ប្រតិបត្តិ​របស់​ធនាគារ SoftBank, អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Tony Blair និង​ព្រះអង្គម្ចាស់​ត្រៀម​ស្នង​រាជ Sheikh Mohammed Bin Zayed al Nahyan របស់​រដ្ឋធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម ត្រូវបាន​អញ្ជើញ និង​យាង​ឱ្យធ្វើជា​ទីប្រឹក្សា​សម្រាប់​គម្រោង​ខាងលើនេះ៕

    ប្រភព៖ AA
    ប្រែ​សម្រួល៖ បុត្រា

  • ​ក្បួន​រថយន្ត​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​​វាយឆ្មក់ បណ្ដាលឱ្យ​មនុស្ស 13នាក់​បាត់​បង់ជីវិត

    ​ក្បួន​រថយន្ត​របស់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ឧក្រិដ្ឋ​ជន​​វាយឆ្មក់ បណ្ដាលឱ្យ​មនុស្ស 13នាក់​បាត់​បង់ជីវិត

    ក្បួន​រថយន្ត​របស់​ប៉ូលិស​នៅក្នុង​រដ្ឋ​ភាគ​កណ្ដាល​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លួច​វាយប្រហារ​កាលពី​ថ្ងៃទី 18 មីនា នាំឱ្យមាន​មនុស្ស​យ៉ាងតិច 13 នាក់​បាន​ស្លាប់។

    ក្បួន​រថយន្ត​ល្បាត​របស់​ប៉ូលិស​ត្រូវ​រង​ការវាយប្រហារ​នៅ​ទីក្រុង Coatepec Harinas រដ្ឋ Mexico ក្នុង​គ្រា​ដែល​កំពុង​អនុវត្ត​ច្បាប់​សំដៅលើ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​នៅក្នុង​តំបន់។ ជនរងគ្រោះ រួមមាន ប៉ូលិស​ចំនួន 8 នាក់ និង​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​ការិយាល័យ​រដ្ឋអាជ្ញា​ស្រុក​ចំនួន 5 នាក់។ នេះ​បើតាម​ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Mexico។

    «ក្បួន​រថយន្ត​កំពុងធ្វើកា​រ​ល្បាត​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ល្បើ​ស​ច្បាប់​ដែល​ធ្វើ​សកម្មភាព​ក្នុង​តំបន់។ នេះ​គឺជា​ការវាយប្រហារ​មក​លើ​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក។ យើង​នឹង​ឆ្លើយតប​ដោយ​កងកម្លាំង​គ្រប់​ប្រភេទ» លោក Rodrigo Martinez Celis មេដឹកនាំ​អង្គភាព​សុវត្ថិភាព​សាធារណៈ​របស់​រដ្ឋ ឱ្យដឹង​ដូច្នេះ។

    នេះ​គឺជា​ការវាយប្រហារ​ធំ​បំផុត​សំដៅលើ​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ​ម៉ិ​ក​ស៊ិ​ក រាប់​ចាប់ពី​ខែតុលា 2019 ដែល​កាលណោះ មាន​ប៉ូលិស​ចំនួន 14 នាក់​បាន​ស្លាប់​នៅក្បែរ​រដ្ឋ Mexico បន្ទាប់ពី​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​លួច​បាញ់ប្រហារ។

    ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃទី 18​ មីនា 2021

    បច្ចុប្បន្ន ក្រុម​ជនដៃដល់​ខាងលើ មិនទាន់​ត្រូវបាន​វែកមុខ​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក ដោយមាន​ជំនួយ​ពី​ទាហានជើងគោក ទាហាន​ម៉ា​រី​ន និង​កងកម្លាំង​ការពារជាតិ។

    រដ្ឋ Mexico ដែល​នៅជាប់​នឹង​រដ្ឋធានី ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​ដែលមាន​អំពើហិង្សា​ច្រើនជាងគេ​បំផុត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយសារ​វត្តមាន​របស់​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​ក្រុម។

    ការវាយប្រហារ​ខាងលើ ទំនងជា​ត្រូវបាន​ធ្វើឡើង​ដើម្បី​រារាំង​កិច្ចការ​របស់​ប្រធានាធិបតី Andrés Manuel López Obrador ដែល​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​បោសសម្អាត ដែល​ប្រឈមមុខ​នឹង​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ដោយផ្ទាល់ ដើម្បី​កាត់បន្ថយ​អំពើហិង្សា​នៅ​ប្រទេស​នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថិតិ​សង្ខេប​ស្ដីពី Covid-19 គិត​ត្រឹម​ម៉ោង 6កន្លះ​ព្រឹក​ថ្ងៃទី 19មីនា 2021៖ ពិភពលោក​មាន​អ្នក​វិជ្ជមាន​ជាង 122​​លាន​​នាក់

    ស្ថិតិ​សង្ខេប​ស្ដីពី Covid-19 គិត​ត្រឹម​ម៉ោង 6កន្លះ​ព្រឹក​ថ្ងៃទី 19មីនា 2021៖ ពិភពលោក​មាន​អ្នក​វិជ្ជមាន​ជាង 122​​លាន​​នាក់

    យោងតាម​គេហទំព័រ Worldometers ក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 18 មីនា 2021 ពិភពលោក​បាន​រកឃើញ​​ករណី​ឆ្លង Covid-19 ជាង 517,000 នាក់ និង​ស្លាប់​ជាង 9,690 នាក់ ខណៈ​តួលេខ​វិជ្ជមាន​សរុប​កើន​ឡើងដល់​ជាង 122,343,500 នាក់ ក្នុងនោះ​មាន​ជាង 2,702,000 នាក់​បាន​ស្លាប់ និង 21,008,244 នាក់ កំពុង​ព្យាបាល។

    ក្នុង​ថ្ងៃទី 18 មីនា មាន​ប្រទេស​ចំនួន 3 ដែល​បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង Covid-19 ច្រើនជាងគេ រួមមាន ប្រេ​ស៊ី​ល (ជាង 80,380 នាក់), សហរដ្ឋអាមេរិក (ជាង 57,200 នាក់) និង​ឥណ្ឌា (ជាង 39,640 នាក់)។

    ចំណែក​ប្រទេស​ដែលមាន​អ្នកជំងឺ Covid-19 ស្លាប់​ច្រើនជាងគេ​ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 18 មីនា រួមមាន ប្រទេស​ប្រេ​ស៊ី​ល (2,363 នាក់), សហរដ្ឋអាមេរិក (1,515 នាក់) និង​ម៉ិ​ក​ស៊ិ​ក (789 នាក់)៕

    ប្រភព៖ Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • ប្រធានាធិបតី​ប្រទេស​តង់​សានី លោក John Pombe Magufuli ​ទទួល​មរណ​ភាព

    ប្រធានាធិបតី​ប្រទេស​តង់​សានី លោក John Pombe Magufuli ​ទទួល​មរណ​ភាព

    ប្រភពព័ត៌មាន​ពី​អាហ្វ្រិក បានឱ្យដឹងថា នា​ថ្ងៃទី 18 មីនា 2021 នេះ អនុ​ប្រធានាធិបតី​នៃ​ប្រទេស តង់​សានី (Tanzania) លោក Samia Suluhu Hassan បានប្រកាសថា ប្រធានាធិបតី John Pombe Magufuli នៃ​ប្រទេស​នេះ បានទទួល​មរណភាព​ទៅហើយ។

    អនុ​ប្រធានាធិបតី​បាន​បញ្ជាក់ថា លោក John Pombe Magufuli បានទទួល​មរណភាព​នៅវេលា​ម៉ោង 18 នៃ​ថ្ងៃទី 17 មីនា 2021 (ម៉ោង 21 ថ្ងៃទី 17 មីនា នៅ​កម្ពុជា) នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Dar es Salaam នៃ​ប្រទេស​តង់​សានី ដោយសារ​ជំងឺ​បេះដូង។

    លោក Samia Suluhu Hassan បានឱ្យដឹងថា ប្រទេស​នេះ​នឹង​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​ក្នុង​រយៈពេល 14 ថ្ងៃ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​សព​លោក​ប្រធានាធិបតី John Pombe Magufuli។

    ផែន​នៃ​ប្រទេស​តង់សានី

    លោក John Pombe Magufuli អាយុ 61 ឆ្នាំ គឺជា​ប្រធានាធិបតី​ទី 5 របស់​សហ​សាធារណ​⁠​រដ្ឋ​តង់​សានី (United Republic of Tanzania) ចាប់ពី​ឆ្នាំ 2015 ដល់​បច្ចុប្បន្ន៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា