Category: អន្តរជាតិ

  • វីរុស​ផ្ដាសាយ​អាច​ទប់ស្កាត់​ការ «copy-​past» ​របស់​វីរុស Covid-19

    វីរុស​ផ្ដាសាយ​អាច​ទប់ស្កាត់​ការ «copy-​past» ​របស់​វីរុស Covid-19

    ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​រកឃើញថា ប្រព័ន្ធ​ភាពស៊ាំ​ដែល​កើតឡើង​បន្ទាប់ពី​បាន​ឆ្លង rhinovirus ដែលជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា អាចបង្កើត​បានជា​ការ​ការពារ​មួយចំនួន ជួយ​ឱ្យ​រាងកាយ​ប្រឆាំងនឹង​វីរុស Covid-19។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស (CVR) នៃ​សាកលវិទ្យាល័យ Glasgow (អង់គ្លេស) បាន​រកឃើញថា វីរុស rhinovirus ដែល​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា មានលទ្ធភាព​ដាស់​ប្រព័ន្ធ​ការពារ​រាងកាយ​ពី​កំណើត ឱ្យមាន​សកម្មភាព ដើម្បី​ទប់ស្កាត់​ដំណើរការ​នៃ​ការ «ថតចម្លង» (បង្កើត​កូនចៅ) របស់ Covid-19 នៅក្នុង​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Journal of Infectious Diseases កាលពី​ថ្ងៃទី 23មីនា 2021។

    ក្នុងការ​ស្រាវជ្រាវ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​ចម្លង​វីរុស Covid-19 ទៅកាន់​កោសិកា​នៃ​ប្រព័ន្ធ​ដង្ហើម​របស់​មនុស្ស​នៅក្នុង​បន្ទប់ពិសោធន៍ និង​បង្កើត​បរិស្ថាន​ដូច​ទៅនឹង​កោសិកា​ដែល​ជំងឺឆ្លង​ធម្មតា​បានកើត​មាន។ ក្រោយមក ពួកគេ​វិភាគ​ទៅលើ​ការកកើត​កូនចៅ​របស់ Covid-19 នៅក្នុង​បរិស្ថាន​នេះ ហើយ​វា​ត្រូវបាន​ចែកជា​ពីរ​ករណី​គឺ «មាន» និង «មិនមាន​វីរុស​ផ្ដាសាយ»។

    សាស្ត្រាចារ្យ Pablo Murcia ដែលជា​សមាជិក​ម្នាក់រ​បស់​ក្រុម​ស្រាវជ្រាវ​ខាងលើ បានឱ្យដឹងថា ការពិសោធន៍​បាន​បង្ហាញថា វីរុស rhinovirus នៅក្នុង​រាងកាយ​មនុស្ស ធ្វើឱ្យ​សកម្ម​លើ​ប្រព័ន្ធ​ភាពស៊ាំ​ពី​កំណើត​នៅក្នុង​កោសិកា​ផ្លូវដង្ហើម​របស់​មនុស្ស ហើយ​តាមរយៈ​នេះ ក៏​ទប់ស្កាត់​ការកកើត​កូនចៅ​របស់ Covid-19។

    លោក Pablo Murcia ថ្លែងថា៖ «ប្រការនេះ​មានន័យថា ការឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​ដំណើរការ​នៃ​ការឆ្លង​វីរុស​ផ្ដាសាយ អាច​ផ្ដល់នូវ​ការការពារ​ច្រើន​កម្រិត​ដើម្បី​ប្រឆាំងនឹង Covid-19 ដោយ​វា​មាន​សក្ដានុពល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស​នេះ និង​កាត់បន្ថយ​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ដែល Covid-19 អាច​បង្កឡើង»។

    ការវិភាគ​នៅលើ​កុំព្យូទ័រ​របស់​ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា អន្តរ​កម្ម​រវាង​វីរុស​នានា អាចមាន​ឥទ្ធិពល​ទៅលើ​បរិ​មាណនៃ​បណ្ដុំ​របស់​វីរុស ពោលគឺ​ការឆ្លង​វីរុស​ផ្ដាសាយ​មាន​អត្រា​ខ្ពស់​កម្រិតណា តួលេខ​នៃ​ការឆ្លង Covid-9 ក៏​អាច​ថយចុះ​កម្រិត​នោះ។

    របកគំហើញ​នេះ ជួយ​ឱ្យ​ក្រុម​ស្រាវជ្រាវ ស្វែងយល់​អំពី​យន្តការ និង​កម្រិត​នៃ​អន្តរ​កម្ម​របស់​វីរុស​ផ្ដាសាយ ជាមួយនឹង Covid-19 ដែលនាំឱ្យ​មានការ​អភិវឌ្ឍ​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​Covid-19 នៅក្នុង​កម្រិត​ម៉ូ​លិ​គុល។ «ប៉ុន្តែ ការចាក់​វ៉ាក់សាំង អាច​នៅតែ​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​ការពារ​រាងកាយ​ពី​វីរុស» អ្នកវិទ្យាសាស្ត្រ Pablo Murcia បញ្ជាក់បន្ថែម៕

    ប្រភព៖ Oxford Academic
    ប្រែ​សម្រួល៖ បុត្រា

  • ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ពាន់នាក់​បន្ត​ចេញ​ធ្វើបាតុកម្ម ក្រោយ «នៅ​ស្ងៀម» បាន​មួយថ្ងៃ

    ពលរដ្ឋ​មី​យ៉ាន​ម៉ា​រាប់ពាន់នាក់​បន្ត​ចេញ​ធ្វើបាតុកម្ម ក្រោយ «នៅ​ស្ងៀម» បាន​មួយថ្ងៃ

    មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ចេញ​ដង្ហែ​ក្បួន​ជា​បាតុកម្ម​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​នានា​នៃ​ប្រទេស​ភូមា​នា​ថ្ងៃនេះ បន្ទាប់ពី​បានធ្វើ «កូដកម្ម​ស្ងាត់ស្ងៀម» រយៈពេល​មួយថ្ងៃ ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា។

    បាតុកម្ម​នា​ថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង Yangon និង Monywa រួម​នឹង​នៅ​ទីក្រុង​មួយចំនួនទៀត​នៃ​ប្រទេស​មី​យ៉ាន​ម៉ា។ នេះ​បើតាម​ក្រុម​សាក្សី និង​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​សង្គម។

    «តើ​យើង​មាន​សាមគ្គីភាព​ដែរ ឬទេ? មាន! យើង​ត្រូវតែមាន​សាមគ្គីភាព» ក្រុមបាតុករ​នាំគ្នា​ស្រែក​ហ៊ោ​នៅ​ទីក្រុង Monywa និង​បានប្រកាសថា ការតស៊ូ​របស់​ពួកគេ «ត្រូវតែ​ឈ្នះ»។

    នារី​ជា​បាតុករ​ម្នាក់ ឈ្មោះ Nant Khi Phyu Aye ឱ្យដឹងថា អ្នក​ដែល​ចូលរួម​ចលនា​បាតុកម្ម ភាគច្រើន​គឺជា​យុវវ័យ។ «ពួកគេ​ចង់​ចូលរួម​គ្រប់ពេល មិន​បោះបង់​មួយថ្ងៃ​ឡើយ»។

    យោងតាម​សារព័ត៌មាន Hinthar Media ក្រុមប៉ូលិស​បាន​បង្ក្រាប​បាតុកម្ម​មួយ​នៅ Mawlamyine និង​បាន​ចាប់ខ្លួន​បាតុករ​ចំនួន 20នាក់។ មនុស្ស​យ៉ាងតិច​ពីរ​នាក់​បាន​រងរ​បួង ប៉ុន្តែ​មិនទាន់មាន​ព័ត៌មាន​ទាក់ទិន​នឹង​ករណី​ស្លាប់ ឬ​របួស​នៅ​តំបន់ផ្សេងៗនៅឡើយ។

    បាតុកម្ម​នៅ​ទីក្រុង Yangon ក្នុង​ថ្ងៃទី 25​ មីនា​

    បាតុកម្ម​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​ការធ្វើ «កូដកម្ម​ស្ងៀមស្ងាត់» កាលពី​ថ្ងៃទី 24មីនា នៅពេល​ពលរដ្ឋ​បាន​អំពាវនាវ​ឱ្យ​បិទទ្វារ​នៅក្នុង​ផ្ទះ នាំឱ្យ​តំបន់​ដែល​ធ្លាប់មាន​មនុស្ស​អ៊ូអរ ប្រែជា​ស្ងប់ស្ងាត់​ខុសធម្មតា។

    ទំហំ​នៃ​បាតុកម្ម​នានា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង បាន​ថយចុះ​នៅក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បន្ទាប់ពី​មាន​អំពើ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​សំណាក់​របប​យោធា​មី​យ៉ាន​ម៉ា។ ក៏ប៉ុន្តែ ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​បន្ត​ចេញ​ធ្វើបាតុកម្ម ចាប់ពី​ថ្ងៃនេះ​តទៅ។

    កងទ័ព​ភូមា បានធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី 1កុម្ភៈ និង​បាន​ចាប់ខ្លួន​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជាច្រើនរូប​នៃ​បក្ស​កាន់អំណាច​របស់លោក​ស្រី Aung San Suu Kyi ក្រោមលេស​ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ2020។ ទង្វើ​នេះ​បាន​នាំឱ្យមាន​បាតុកម្ម​កើត​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ មាន​មនុស្ស​យ៉ាងតិច 286នាក់​បាន​​ស្លាប់​​ដោយ​សារ​​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស។ នេះ​បើតាម​សមាគម​សង្គ្រោះ​អ្នកទោសនយោបាយ (AAPP)៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ប្រទេស​ចិន​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19

    ប្រទេស​ចិន​ចែក​ប័ណ្ណ​ទិញ​ទំនិញ​ដល់​អ្នក​បាន​ចាក់​វ៉ាក់សាំង Covid-19

    ខណ្ឌ Daxing នៃ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដែលមាន​ប្រជាជន​សរុប​ចំនួន 1.8លាន​នាក់ បានផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចាប់ពី​ថ្ងៃទី 24មីនា 2021។

    «ប័ណ្ណ​ទិញ​ទំនិញ​ដែលមាន​តម្លៃ​ចាប់ពី 8 ដល់ 30យុន (1.23-4.6ដុល្លារ​អាមេរិក) ក្នុង​មួយ​សន្លឹក ត្រូវបាន​បែង​ចែក​ទៅតាម​លក្ខខណ្ឌ​មួយចំនួន និង​អាច​ប្រើប្រាស់​នៅក្នុង​ផ្សារ​ទំនើប​នានា​ក្នុង​ខណ្ឌ» នេះ​បើតាម​​​ក្រុម​មន្ត្រី​​នៅ​ខណ្ឌ Daxing។ សារព័ត៌មាន Beijing Daily បាន​រាយការណ៍​ថា ប័ណ្ណ​ទិញ​ទំនិញ​ទាំងនេះ​មានតម្លៃ​សរុប​ជាង 200លាន​យុន (30.7លាន​ដុល្លារ​អាមេរិក)។

    ក៏ប៉ុន្តែ មនុស្ស​មួយចំនួន​បាន​សំដែង​ការព្រួយបារម្ភ​អំពី​កម្មវិធី​ផ្ដល់​ប័ណ្ណ​ទិញ​ទំនិញ​ខាងលើ។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Weibo ថា៖ «ការលើកទឹកចិត្ត​តាម​វិធី​នេះ​ដើម្បីឱ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ការជឿជាក់​ទៅលើ​វ៉ាក់សាំង​មានការ​ថយចុះ»។

    ពលរដ្ឋ​ជាង 73% ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ​ឡើងទៅ នៅក្នុង​ខណ្ឌ Daxing បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19​ យ៉ាងតិច​មួយ​ម្ជុល នេះ​បើតាម Beijing Daily។ វ៉ាក់សាំង​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ច្រើនជាងគេ​នៅ​ប្រទេស​ចិន នោះ​គឺ BBIBP-CorV របស់ Sinopharm និង CoronaVac របស់ Sinovac ដែល​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​ស្រុក និង​ត្រូវ​ចាក់​ជា​ពីរ​ម្ជុល។

    មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​ប្រទេស​ចិន បានកំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ឱ្យបាន 40%​ នៃ​ចំនួន​ប្រជាជន​សរុប ពោលគឺ​ប្រហាក់ប្រហែល​នឹង 560លាន​នាក់ នៅក្នុង​ខែមិថុនា។ ប៉ុន្តែ គិត​មកដល់​ត្រឹម​ថ្ងៃទី 8មីនា ប្រទេស​នេះ​ចាក់​បានតែ 65លាន​នាក់​ប៉ុណ្ណោះ។

    ចិន​ត្រូវបាន​វាយតម្លៃថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​គ្រប់គ្រង Covid-19 បានល្អ ដោយមាន​អត្រា​នៃ​ការស្លាប់​ទាប ព្រោះតែ​វិធានការ​តឹងរ៉ឹង និង​ការផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន ប្រទេស​ចិន​មាន​សមត្ថ​ភាព​ផលិត​វ៉ាក់សាំង​បង្ការ Covid-19 បាន 5លាន​ដូ​ស/ថ្ងៃ កើនឡើង​ច្រើនជាង 3ដង បើ​ធៀប​នឹង 1.5លាន​ដូ​ស​/​ថ្ងៃ កាលពីដើម​ខែកុម្ភៈ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • របប​សឹក​នៅ​មី​យ៉ាន​ម៉ា ដោះលែង​បាតុករ​ជាង 600នាក់ ក្រោយពី​បាន​ឃុំខ្លួន​មួយរយៈ​ពេល

    របប​សឹក​នៅ​មី​យ៉ាន​ម៉ា ដោះលែង​បាតុករ​ជាង 600នាក់ ក្រោយពី​បាន​ឃុំខ្លួន​មួយរយៈ​ពេល

    របប​សឹក​នៃ​ប្រទេស​មី​យ៉ាន​ម៉ា បាន​ដោះលែង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​ជាង 600នាក់​នៅក្នុង​ថ្ងៃទី 24មីនា​នេះ ខណៈដែល​ក្រុម​សកម្មជន​អំពាវនាវ​ឱ្យ «ធ្វើ​កូដកម្ម​ស្ងាត់ស្ងៀម» នៅ​ទីក្រុង Yangon។

    «យើង​បាន​ដោះលែង​បុរស​ចំនួន 360នាក់ និង​ស្ត្រី​ចំនួន 268នាក់ ពី​ពន្ធនាគារ Insein នៅថ្ងៃនេះ» មន្ត្រីជាន់ខ្ពស់​ម្នា​ក់រប​ស់​ពន្ធនាគារ បាន​ប្រាប់​ដូច្នេះ។

    ក្រុម​សាក្សី ដែល​រួមមាន​ទាំង​មេធាវី​របស់​បាតុករ​ដែល​ត្រូវបាន​ចាប់ខ្លួន បានឱ្យដឹងថា រថយន្ត​ដែល​ដឹក​ពេញ​ដោយ​មនុស្ស​ជាច្រើន​គ្រឿង​បាន​ចាក​ចេញពី​ពន្ធនាគារ Insein នៅ​ទីក្រុង Yangon ជាទី​ក្រុង​ធំ​លំដាប់​ទីមួយ​នៅ​មី​យ៉ាន​ម៉ា នៅវេលា​ម៉ោង​ប្រហែល 10ព្រឹក។

    មេធាវី​បាន​និយាយថា៖ «អ្នក​ដែល​ត្រូវបាន​ដោះលែង​ទាំងអស់ សុទ្ធតែ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​មុន​នោះ ដែល​ត្រូវបាន​ចាប់​នៅពេល​យប់ ឬ​ក្រុមមនុស្ស​ដែល​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ទៅ​ទិញ​របស់របរ (រំលោភ​លើ​បទបញ្ជា​អាជ្ញាសឹក)»។ មេធាវី​បន្ថែមថា រថយន្ត​ប្រហែល 16គ្រឿង​បាន​ចាក​ចេញពី​ពន្ធនាគារ។ «ពួកគេ​ត្រូវបាន​ដឹក​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​នានា​ដែល​ជាប់ទាក់ទង មុននឹង​បាន​ត្រលប់​ទៅផ្ទះ»។

    បច្ចុប្បន្ន របប​សឹក​ភូមា​មិនបាន​បញ្ជាក់​អំពី​តួលេខ​អ្នកទោស​ដែល​ត្រូវបាន​ដោះលែង​នៅឡើយ។ អ្នកនាំពាក្យ​របស់​កង​ទ័ព មិនបាន​លើក​ទូរស័ព្ទ​របស់​អ្នកយកព័ត៌មាន។

    សមាគម​ជួយ​អ្នកទោសនយោបាយ (AAPP) បានឱ្យដឹងថា​មនុស្ស​ប្រមាណ 2,600នាក់ ត្រូវបាន​ចាប់ខ្លួន និង​យ៉ាងតិច 275នាក់​បាន​ស្លាប់ រាប់​ចាប់ពី​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន​ម៉ា។ ក្រុម​សកម្មជន​យល់ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់ជាង​នេះ​ឆ្ងាយ​ណាស់។

    បាតុករ​មីយ៉ានម៉ា​ ដែល​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​នេះ

    កូដកម្ម​មួយ​បាន​កើតឡើង​មួយថ្ងៃ​ក្រោយពី​បុគ្គលិក​របស់​ក្រុម​រៀបចំ​ពិធី​បុណ្យសព​នៅ Mandalay ដែលជា​ទីក្រុង​ធំ​លំដាប់​ទី​ពីរ​នៅ​មី​យ៉ាន​ម៉ា បានឱ្យដឹងថា ក្មេងស្រី​អាយុ 7ឆ្នាំ​ម្នាក់ ត្រូវបាន​កងកម្លាំង​សន្តិសុខ​បាញ់សម្លាប់ និង​បាន​ក្លាយជា​ជនរងគ្រោះ​ដែលមាន​អាយុ​ទាប​បំផុត​នៅក្នុង​វិបត្តិ​នយោបាយ​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​នាបច្ចុប្បន្ន។ ភាគី​​ខាង​កងទ័ព​ក៏​មិនទាន់មាន​ការអធិប្បាយ​អ្វីមួយ​អំពី​ហេតុការណ៍​នេះ​នៅឡើយ៕

    ប្រភព៖ AFP, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ​វ៉ាក់សាំង​បង្ការ​ Covid-19 ប្រភេទ​ហិត​តាមផ្លូវ​ដង្ហើម ត្រូវ​បាន​ចិន​អនុម័ត​ឱ្យ​ប្រើ​សាក​ល្បង​

    ​វ៉ាក់សាំង​បង្ការ​ Covid-19 ប្រភេទ​ហិត​តាមផ្លូវ​ដង្ហើម ត្រូវ​បាន​ចិន​អនុម័ត​ឱ្យ​ប្រើ​សាក​ល្បង​

    នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់​ចិន បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន CanSino Biologics ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ប្រភេទ​ហិត ជំនួស​ឱ្យ​ការចាក់​ដូច​ធម្មតា។

    នៅក្នុង​ឯកសារ​ដែល​ត្រូវបាន​ប្រកាស​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង កាលពី​ថ្ងៃទី 23មីនា ក្រុមហ៊ុន CanSino បានឱ្យដឹងថា ពួកគេ​បានទទួល​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​សាកល្បង​វ៉ាក់សាំង​ប្រភេទ​ហិត​ដែល​ក្រុមហ៊ុន​បាន​សហការ​អភិវឌ្ឍ​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជីវសាស្ត្រ​ប៉េកាំង។

    CanSino មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ Covid-19 ប្រភេទ​ហិត​នេះ​ទេ ប៉ុន្តែ បាន​ព្រមាន​ថា សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ នឹង «ត្រូវបាន​ទទួលស្គាល់» ក្រោយពី​ការប្រើប្រាស់​សាកល្បង​ជា​ផ្លូវការ​តែប៉ុណ្ណោះ។

    វ៉ាក់សាំង​បង្ការ Covid-19 មួយ​ប្រភេទ​របស់​ CanSino

    ដំណឹង​ខាងលើនេះ​បាន​លេចឡើង​បន្ទាប់ពី​នាយកដ្ឋាន​គ្រប់គ្រង​ផលិតផល​សុខាភិបាល​ជាតិចិន បានអនុម័ត​ឱ្យប្រើ​ប្រាស់​មាន​លក្ខខណ្ឌ​ចំពោះ​វ៉ាក់សាំង​មួយ​ប្រភេទ​ផ្សេងទៀត​របស់ CanSino កាលពី​ខែ​មុន។ ប្រទេស​ចិន បច្ចុប្បន្ន​មាន​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 5ប្រភេទ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ដោយមាន​លក្ខខណ្ឌ ឬ​ក្នុងស្ថានភាព​បន្ទាន់ ប៉ុន្តែ​ពុំមាន​ប្រភេទ​ណាមួយ​ដែល​ប្រើប្រាស់​តាមផ្លូវ​ដង្ហើម​នោះឡើយ។

    គិត​មកដល់​ថ្ងៃទី 20មីនា ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 74.96លាន​ដូ​ស​រួចហើយ នេះ​បើតាម Our World in Data ជា​អង្គការ​ផ្គត់ផ្គង់​ទិន្នន័យ​សហការ​រវាង​សាកលវិទ្យាល័យ Oxford និង​អង្គការ​មនុស្សធម៌​មួយទៀត៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • សហរដ្ឋអាមេរិក​មាន​ហេតុការណ៍​បាញ់ប្រហារ​ចំនួន 7ករណី ក្នុង​រយៈពេល​តែ 7ថ្ងៃ​ប៉ុណ្ណោះ​

    សហរដ្ឋអាមេរិក​មាន​ហេតុការណ៍​បាញ់ប្រហារ​ចំនួន 7ករណី ក្នុង​រយៈពេល​តែ 7ថ្ងៃ​ប៉ុណ្ណោះ​

    ករណី​បាញ់រះ​ចំនួន 7លើក កើតមាន​នៅក្នុង​អំឡុង​ពេល​តែមួយ​សប្ដាហ៍ បានបង្ហាញ​នូវ​ទិដ្ឋភាព​ដែល​ព្រមាន​អំពី​ស្ថានភាព​នៃ​អំពើហិង្សា​ប្រដាប់អាវុធ​នៅ​សហរដ្ឋអាមេរិក។

    ករណី​បាញ់ប្រហារ​នៅក្នុង​ផ្សារ​ទំនើប​មួយ​នៅ Boulder ក្នុង​រដ្ឋ Colorado កាលពី​ព្រលប់​ថ្ងៃទី 22មីនា (ម៉ោង​ក្នុងស្រុក) បាន​កើតឡើង​ក្រោយ​មិន​ដល់​មួយ​សប្ដាហ៍ បន្ទាប់ពី​មនុស្ស 8នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាញ់រះ​សំដៅ​ទីតាំង​ស្ប៉ា​មួយកន្លែង​នៅ Atlanta។

    យោងតាម CNN ករណី​បាញ់រះ​ខាងលើ​អាច​នឹង​ជួយ​ជំរុញឱ្យមាន​កិច្ចប្រជុំ​បន្ថែម​អំពី​ច្បាប់គ្រប់គ្រងអាវុធ​នៅ​សហរដ្ឋអាមេរិក។ ហេតុការណ៍​បាញ់រះ​នេះ​ក៏​ស្ថិតក្នុង​ចំណោម​ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង​យ៉ាងតិច​ចំនួន 7 លើក ដែល​បាន​កើតឡើង​កាលពី​សប្ដាហ៍​មុន​នៅ​ទូទាំង​សហរដ្ឋអាមេរិក។ គ្រាន់តែ​នៅក្នុង​ថ្ងៃទី 20មីនា សហរដ្ឋអាមេរិក​មាន​ហេតុការណ៍​បាញ់រះ​រហូតដល់ 3ករណី។

    កង​កម្លាំង​ FBI និង​ SWAT រាប់​សិប​នាក់​ ត្រូ​វ​បាន​បញ្ជូន​មក​កាន់​កន្លែង​កើត​ហេតុ​នៅ​ឯ​ទីក្រុង​ Boulder​ នៃ​រដ្ឋ​ Colorado

    កាលពី​ថ្ងៃទី 16មីនា ខ្មាន់កាំភ្លើង​ជា​ជនជាតិ​ស្បែក​សម្នាក់ បាន​សម្រុក​ចូលក្នុង​ហាង​ស្ប៉ា​មួយកន្លែង​នៅ Atlanta និង​បាន​បាញ់រះ​សម្លាប់​មនុស្ស​ចំនួន 8នាក់ ក្នុងនោះ​មាន​ជនជាតិ​អាស៊ី 6នាក់។ ថ្ងៃទី 17មីនា នៅ Stockton រដ្ឋ California មនុស្ស​ចំនួន 5នាក់​ដែល​កំពុង​រៀបចំ​ពិធីបួងសួង​ក៏ត្រូវ​បាន​បាញ់រះ​ដោយ​ជន​បើកបរ​រថយន្ត​ម្នាក់ ប៉ុន្តែ​មិន​បង្កឱ្យមាន​អ្នកស្លាប់​នោះទេ។

    ថ្ងៃទី 18មីនា ជនរងគ្រោះ​ចំនួន 4នាក់​នៅក្នុង​ករណី​បាញ់រះ​មួយ​នៅ​ទីក្រុង Portland រដ្ឋ Oregon ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ ដោយសារ​ត្រូវរបួស​ធ្ងន់ធ្ងរ។

    ថ្ងៃទី 20មីនា មនុស្ស​ចំនួន 5នាក់​ត្រូវបាន​បាញ់ប្រហារ​ក្នុង​ហេតុការណ៍​ហិង្សា​ក្នុង​ក្លឹប​រាត្រី​មួយ នាទី​ក្រុង Houston ក្នុងនោះ​មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​ជីវិត។

    ប៉ូលិស​ក្នុង​នាំ​មនុស្ស​ម្នា​ចេញ​ពី​កន្លែង​គ្រោះ​ថ្នាក់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​

    ថ្ងៃទី 20មីនា​ដដែល នៅ Dallas ខ្នាន់​កាំភ្លើង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​វាយប្រហារ​ដោយ​កាំភ្លើង បណ្ដាលឱ្យ​មនុស្ស​ចំនួន 7នាក់​រងរបួស និង​ម្នា​ក់បាន​ស្លាប់។

    ក្នុងអំឡុងពេល​ខាងលើ​នោះដែរ ក៏មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង 5នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់រះ​ក្នុង​ពិធីជប់លៀង​ខុសច្បាប់​មួយ​នៅ Philadelphia។

    មកដល់​ថ្ងៃទី 22មីនា ករណី​បាញ់ប្រហារ​មួយទៀត បាន​កើតឡើង​នៅក្នុង​ផ្សារ​ទំនើប King Soopers បណ្ដាលឱ្យ​មនុស្ស​ចំនួន 10នាក់​ត្រូវ​បាត់បង់​ជីវិត ក្នុងនោះ​ក៏មាន​ប៉ូលិស​ម្នាក់​ផងដែរ។

    ហេតុការណ៍​បាញ់រះ​នៅ​តំបន់​ Colorado

    តួលេខ​នៃ​អំពើ​បាញ់ប្រហារ​ខាងលើ បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​អំពី​បញ្ហា​សុវត្ថិភាព​នៃ​អាយុជីវិត​របស់​មនុស្ស​ទូទៅ ព្រមទាំង​កំពុង​ជំរុញឱ្យមាន​ការពិភាក្សា​បន្ថែម​ទៅលើ​ច្បាប់គ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ​នៅ​សហរដ្ឋអាមេរិក ខណៈ​ពលរដ្ឋ​នៅក្នុង​រដ្ឋ​ភាគច្រើន​នៃ​ប្រទេស​នេះ មាន​សិទ្ធិ​កាន់កាប់​អាវុធ។

    យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក មនុស្ស​ចំនួន​ជិត 40,000​នាក់​​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ដែល​ពាក់ព័ន្ធ​នឹង​កាំភ្លើង នៅក្នុង​ឆ្នាំ 2019។

    កាលពី​ថ្ងៃទី 11មីនា សភា​ជាន់​ទាប​អាមេរិក បានអនុម័ត​លើ​សេចក្ដីព្រៀងច្បាប់​មួយ​ដើម្បី​រិត​បន្តឹង​លើ​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក្នុង​បំណង​ទប់ស្កាត់​មិនឱ្យ​ក្រុមមនុស្ស​ដែល​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ មិនអាច​មានឱកាស​​កា​ន់​កាប់​អាវុធ។

    ការ​បាញ់ប្រហារ​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី 22​មីនា​ 2021 នៅ​ទីក្រុង​ Boulder នៃ​រដ្ឋ​ Colorado

    មុន​នោះ នៅក្នុង​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត លោក Biden បានប្រកាសថា​នឹង​បង្កើត​ច្បាប់​ហាម​ផលិត​អាវុធ និង​ទិញ​អាវុធ​វាយប្រហារ ក៏ដូចជា​អាវុធ​ដែល​បង្ក​ការស្លាប់​កម្រិត​ខ្ពស់ ទន្ទឹមនឹង​ការប្រមូលទិញ​អាវុធ​ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ។

    ក៏ប៉ុន្តែ យោងតាម​ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020 ដោយ​វិទ្យាស្ថាន Gallup បាន​​បង្ហាញថា អត្រា​នៃ​អ្នកគាំទ្រ​ដល់​ការ​រិត​បន្តឹង​ច្បាប់​ប្រើប្រាស់​អាវុធ កំពុងស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​នៅ​សហរដ្ឋ​អាមេរិក រាប់​ចាប់ពី​ឆ្នាំ 2016៕

    ប្រភព​៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • Pfizer ចាប់ផ្ដើម​សាកល្បង​​ប្រើ​​ថ្នាំ​លេប​​សម្រាប់​ព្យាបាល Covid-19

    Pfizer ចាប់ផ្ដើម​សាកល្បង​​ប្រើ​​ថ្នាំ​លេប​​សម្រាប់​ព្យាបាល Covid-19

    ក្រុមហ៊ុន​ឱសថ​អាមេរិក Pfizer កាលពី​ថ្ងៃទី 23មីនា បានប្រកាសថា បានចាប់ផ្ដើម​ពិសោធ​ដំណាក់កាល​ដំបូង​នៅ​សហរដ្ឋ​អាមេរិក ចំពោះ​ប្រភេទ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល Covid-19។

    យោងតាម​សារព័ត៌មាន Reuters ក្រុមហ៊ុន Pfizer ឱ្យដឹងថា បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស​បាន​បង្ហាញថា វាស​កម្ម​យ៉ាង​ខ្លាំងក្លា​ក្នុងការ​ប្រឆាំងនឹង​វីរុស Covid-19 នៅក្នុង​ការស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍​នានា។ ក្រុមហ៊ុន​ខាងលើ​បាន​ប្រាប់ថា ថ្នាំ​នេះ​អាច​យកទៅ​ព្យាបាល​អ្នកជំងឺ​ដែលមាន​រោគសញ្ញា​ដំបូង​នៃ​ការឆ្លង​វីរុស។

    បេក្ខភាព​ថ្នាំ​ប្រឆាំង Covid-19 របស់ Pfizer ដែល​ត្រូវបាន​ដាក់ឈ្មោះ​បែប​វិទ្យាសាស្ត្រ​ថា PF-07321332 និង​ជា​សារធាតុ​ទប់ស្កាត់ protease បានបង្ហាញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​រារាំង​មិនឱ្យ​វីរុស​បង្កើន​ចំនួន​នៅក្នុង​កោសិកា។

    ក្រុមហ៊ុន​ឱ្យដឹងថា សារធាតុ​ទប់ស្កាត់ protease មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​បណ្ដា​វីរុស​ដូចជា HIV, វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជាដើម ដោយ​ការប្រើប្រាស់​ដោយឡែក ឬ​ផ្សំ​ជាមួយនឹង​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​វីរុស​ដទៃ។

    ក្រុមហ៊ុន Pfizer ក៏​កំពុងតែ​ពិសោធ​ដំណាក់កាល​ដំបូង​លើ​បេក្ខភាព​ថ្នាំ​ប្រឆាំងនឹង​វីរុស Covid-19 មួយ​ផ្សេងទៀត តាមរយៈ​ការចាក់​ចូលក្នុង​សរសៃឈាម​របស់​អ្នកជំងឺ Covid-19 ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    «បេក្ខភាព​ថ្នាំ​គ្រាប់ និង​ថ្នាំ​ចាក់​ក្នុង​សរសៃឈាម មាន​សក្ដានុពល​បង្កើត​បានជា​រូបមន្ត​មួយ​ក្នុងការ​ព្យាបាល​ពីដំបូង​ដល់​ចប់ បន្ថែម​ពីលើ​ការចាក់​វ៉ាក់សាំង សម្រាប់​ករណី​ដែល​នៅតែ​កើត​ជំងឺ» នេះ​បើតាម Mikael Dolsten នាយក​ផ្នែក​សុខាភិបាល​របស់ Pfizer បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន។

    បេក្ខភាព​ថ្នាំ​ព្យាបាល Covid-19 ថ្មី​របស់ Pfizer នេះ ឈរ​ពីក្រោយ​បេក្ខភាព​ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​គ្រាប់​សម្រាប់​លេប​ចំនួន​ពីរ​ផ្សេងទៀត ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង ក្នុងនោះ​មាន​បេក្ខភាព​មួយ​គឺជា​ថ្នាំ​ដែល​ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Merck & Co និង​ក្រុមហ៊ុន Ridgeback Bio ខណៈ​បេក្ខភាព​ថ្នាំលេប​ទី​ពីរ​មកពី​ក្រុមហ៊ុន Roche Holding និង Atea Pharmaceuticals។

    បច្ចុប្បន្ន remdesivir របស់ Gilead Sciences គឺជា​ប្រភេទ​ថ្នាំ​តែមួយគត់​ដែល​ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ចំណីអាហារ និង​ថ្នាំពេទ្យ​អាមេរិក (FDA) ទទួលស្គាល់​សម្រាប់​ការព្យាបាល Covid-19។

    FDA បានអនុញ្ញាត​បន្ទាន់​ឱ្យប្រើ​ប្រាស់​ថ្នាំ​អង្គ​ប​ដិ​ប្រាណ Eli Lilly-bamlanivimab ដោយ​ប្រើប្រាស់​ដោយឡែក ឬ​​ផ្សំ​​ជា​មួយ​នឹង​ etesevimab និង​ការព្យាបាល​មួយ​ផ្សេងទៀត​ដែល​រួមផ្សំ​ជាមួយនឹង​ថ្នាំ​ពី​ក្រុមហ៊ុន Regeneron៕

    ប្រភព៖ Reuters, CNBC
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព​គ្រោះទឹកជំនន់​ធំ​បំផុត​នៅ​អូស្ត្រាលី៖ ប្រជាជន​ចំនួន 40% ទទួល​បាន​ការព្រមាន​អំពី​អាកាសធាតុ​អាក្រក់

    ស្ថានភាព​គ្រោះទឹកជំនន់​ធំ​បំផុត​នៅ​អូស្ត្រាលី៖ ប្រជាជន​ចំនួន 40% ទទួល​បាន​ការព្រមាន​អំពី​អាកាសធាតុ​អាក្រក់

    ប្រទេស​អូស្ត្រាលី ក្នុង​ថ្ងៃទី 23មីនា​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​អំពី​គ្រោះ​ជំនន់​ទឹកភ្លៀង និង​បទបញ្ជា​ជម្លៀស​ប្រជាជន​ចំនួន 40% នៃ​ពលរដ្ឋ​សរុប​របស់​ប្រទេស​នេះ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ជាច្រើន​នៅ​ទូទាំង​ប្រ​ទស។

    គ្រោះ​ជំនន់​ទឹកភ្លៀង បង្កឱ្យមាន​ការ​ជន​លិច និង​គួច​យក​ផ្ទះសម្បែង និង​បំផ្លិចបំផ្លាញ​ផ្លូវថ្នល និង​កសិដ្ឋាន​រាប់មិនអស់​របស់​ប្រទេស​អូស្ត្រាលី។ នាយកដ្ឋាន​ព្យាករណ៍​ឧតុនិយម​ជាតិ បានចេញ​សេចក្ដី​ព្រមាន​អំពី​ស្ថានភាព​អាកាសធាតុ​អាក្រក់​នៅ​គ្រប់​រដ្ឋ និង​តំបន់​នានា​របស់​ទ្វីប​នេះ​ថា ពលរដ្ឋ​ប្រមាណ 10លាន​នាក់​ក្នុងចំណោម 25លាន​នាក់​របស់​អូស្ត្រាលី នឹងរង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN របស់​សហរដ្ឋអាមេរិក។

    នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​ថ្លែងថា៖ «ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ និង​ខ្លាំងក្លា​បំផុត»។

    គិត​មកដល់​បច្ចុប្បន្ន មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​តំបន់​ជន​លិច​ធ្ងន់ធ្ងរ ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​ណាមួយ​ត្រូវបាន​រាយការណ៍​នៅឡើយ។ ជា​សរុប មនុស្ស​ចំនួន 18,000នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជន​លិច និង 15,000នាក់​ផ្សេងទៀត ត្រូវបាន​នាំទៅ​កាន់​កន្លែង​សុវត្ថិភាព។

    ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​រដ្ឋ New South Wales ត្រូវបាន​គេ​រាយការណ៍​ថា មាន​សភាព​ធ្ងន់ធ្ងរ​ជាងគេ ក្នុងនោះ​ក៏មាន​ករណី​ទឹក​គួច​បាក់​ស្ពាន លិច​ផ្ទះសំបែង និង​នាំឱ្យ​សត្វពាហនៈ​ត្រូវ​ជាប់​ក្នុង​ទឹក។ល។

    ប្រភព៖ CNN, Guardian, AP
    ប្រែ​សម្រួល៖ បុត្រា

  • តៃវ៉ាន់​ផ្អាក​រាល់​ការហោះហើរ​របស់​យន្តហោះ​យោធា ក្រោយ​ករណី​ធ្លាក់​យន្ត​ហោះ​ចម្បាំង​

    តៃវ៉ាន់​ផ្អាក​រាល់​ការហោះហើរ​របស់​យន្តហោះ​យោធា ក្រោយ​ករណី​ធ្លាក់​យន្ត​ហោះ​ចម្បាំង​

    តៃវ៉ាន់​ផ្អាក​រាល់​សកម្មភាព​ហ្វឹកហាត់ និង​ការហោះហើរ​របស់​ទ័ពអាកាស បន្ទាប់ពី​មាន​គ្រោះថ្នាក់​យន្តហោះ​ចម្បាំង F-5E បណ្ដាលឱ្យ​អ្នកបើកបរ​យ៉ាងតិច​មួយ​នាក់​បាន​បាត់​បង់ជីវិត។

    «កងទ័ព​ការពារ​ដែនអាកាស​បាន​ផ្អាក​រាល់​សកម្មភាព​ហោះហើរ-ហ្វឹកហាត់​ចំពោះ​យន្តហោះ​យោធា ដើម្បី​វាយតម្លៃ​លើ​សុវត្ថិភាព ប៉ុន្តែ ភារកិច្ច​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ប្រយុទ្ធ​នៅតែ​រក្សា​ដូចដើម។ អង្គភាព​ការពារជាតិ​កំពុង​ស្វែងរក​អ្នកបើកបរ​ដែល​បាន​បាត់​ខ្លួន​ក្នុងអំឡុងពេល 72ម៉ោង» មេបញ្ជាការ​កងទ័ព​ការពារ​ដែនអាកាស​តៃវ៉ាន់ ឧ​ត្ត​ម​សេនីយ៍ Huang Chih-wei បានឱ្យដឹង​កាលពី​ម្សិលមិញ។

    សេចក្ដីសម្រេច​ខាងលើ​ត្រូវបាន​ដាក់ចេញ ក្រោយពី​ករណី​យន្តហោះ​ចម្បាំង F-5E ចំនួន​ពីរ​គ្រឿង បាន​ធ្លាក់ចូល​សមុទ្រ​ក្នុងពេល​កំពុង​ហោះហើរ​ហ្វឹកហាត់។ «ការស្រាវជ្រាវ​បឋម​បាន​បង្ហាញថា នេះ​អាចជា​ករណី​ប៉ះទង្គិច​គ្នា​នៅលើ​អាកាស ដោយ​មិន​ទទួលរង​ឥទ្ធិពល​ពី​កត្តា​បច្ចេកទេស និង​អាកាសធាតុ» នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍ Huang។

    កៅអី​រំដោះ​ជីវិត​របស់​​យន្តហោះ​ F-5E

    យន្តហោះ​ចម្បាំង F-5E ពីរ​គ្រឿង បាន​ធ្លាក់​នៅលើ​លម្ហ​សមុទ្រ​ភាគ​ខាងកើត​នៃ​ស្រុក Pingtung ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់ ក្រោយពី​បាន​ប៉ះគ្នា។ អ្នកបើកបរ​ម្នាក់ អាយុ 28ឆ្នាំ ត្រូវបាន​រកឃើញ​ក្នុងស្ថានភាព​ដែល​អាច​នៅមាន​ជីវិត ប៉ុន្តែ ការប្រឹងប្រែង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​បានទទួល​បរាជ័យ និង​ត្រូវបាន​គេ​បញ្ជាក់ថា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ។

    ចំណែក​អ្នកបើកបរ​ម្នាក់ទៀត​ដែលមាន​អាយុ 26ឆ្នាំ មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក្រុមមន្ត្រី​តៃវ៉ាន់ បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង និង​នាវា​ល្បាត​ចំនួន 6គ្រឿង​ដើម្បី​ស្វែងរក​អ្នកបើកបរ​យន្តហោះ​ដែល​កំពុង​បាត់​ខ្លួន។

    F-5 គឺជា​យន្តហោះ​ចម្បាំង​ធន់​ស្រាល ត្រូវបាន​អភិវឌ្ឍ​ដោយ​សហរដ្ឋអាមេរិក​តាំងពី​ទសវត្សរ៍ 1972 ខណៈដែល​កំណែ F-5E Tiger II បាន​ហោះហើរ​ដំបូង​ក្នុងអំឡុង​ទសវត្សរ៍ 1972។ តៃវ៉ាន់​បានទទួល F-5E ដំបូង​ចាប់ពី​ឆ្នាំ 1975 ហើយ​បច្ចុប្បន្ន F-5E និង​កំណែ​ល្បាត​ប្រយុទ្ធ RF-5E ចំនួន 25គ្រឿង​កំពុង​ត្រូវបាន​ប្រើប្រាស់ ចំណែក 90-100គ្រឿង​ទៀត កំពុងស្ថិត​ក្នុងស្ថានភាព​រក្សាទុក​ក្នុង​ឃ្លាំង។

    កាលពី​ខែតុលា 2020 យន្តហោះ​ចម្បាំង F-5E មួយគ្រឿង​របស់​តៃវ៉ាន់ ក៏បាន​ដាំ​ក្បាល​ចូល​សមុទ្រ ក្រោយពី​មាន​បញ្ហា​ម៉ាស៊ីន បណ្ដាលឱ្យ​អ្នកបើកបរ​ត្រូវ​បាត់បង់​ជីវិត។ ខែធ្នូ ឆ្នាំ​ដដែល អ្នកបើកបរ F-16 មួយគ្រឿង​របស់​តៃវ៉ាន់ បាន​ស្លាប់ ​ព្រោះ​​តែ​​យន្តហោះ​នេះ​បាន​ធ្លាក់​នៅពេល​កំពុងធ្វើដំណើ​រ​ទៅ​ចូលរួម​សកម្មភាព​ហ្វឹកហាត់​នាពេល​យប់។

    ឧ​ត្ត​ម​សេនីយ៍ Shen Yi-ming មេបញ្ជាការ​កងទ័ព​តៃវ៉ាន់ រួម​នឹង​មន្ត្រី​យោធា 7នាក់​ផ្សេងទៀត ក៏បាន​បាត់បង់​ជីវិត​កាលពី​ខែមករា 2020 បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ដែល​ដឹក​ពួកគេ បាន​បុក​នឹង​ភ្នំ ក្នុង​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​ទាហាន​នៅ​តំបន់ភ្នំ ក្បែរ​ខាង​​ទីក្រុង​តៃប៉ិ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ស្អាត​ដូច​តួកុន! ស្ត្រី​ចិន​អ្នកបកប្រែ ដណ្ដើមបាន​ចំណាប់អារម្មណ៍​អ្នកតាមដាន កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ “ចិន-អាមេរិក”

    ស្អាត​ដូច​តួកុន! ស្ត្រី​ចិន​អ្នកបកប្រែ ដណ្ដើមបាន​ចំណាប់អារម្មណ៍​អ្នកតាមដាន កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ “ចិន-អាមេរិក”

    កាលពី 8ឆ្នាំមុន កិច្ចប្រជុំ​ក្នុង​ប្រធានបទ​ដ៏​វែង​អន្លាយ​មួយ​ស្ដីពី “ខ្លឹមសារ​ដែល​ពាក់ព័ន្ធ និង​ចំណុច​ពិចារណា នៃ​ផែនការ​កែសម្រួល​ស្ថាប័ន និង​ការធ្វើការងារ​របស់​ស​ភា​នៃ​រដ្ឋ” របស់​សភា​ប្រជាជន​នៃ​ប្រជា​ជាតិចិន ដែលជា​កិច្ចប្រជុំ​សម័យ​ទី12 បាន​ក្លាយជា​ព័ត៌មាន និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សាធារណជន​យ៉ាងច្រើន​លើសលប់ និង​មិន​គួរឱ្យ​ជឿ។

    ប្រាកដ​ណាស់! មិនមែន​មកពី​ខ្លឹមសារ​របស់​កិច្ចប្រជុំ​នោះទេ តែ​ដោយសារតែ​អ្នកបកប្រែ​ស្រី​ស្អាត​ម្នាក់ ដែលមាន​ឈ្មោះថា ចាង​ជី​ង ហ្នឹងឯង ដែល​មកដល់​ថ្ងៃនេះ នាង​បាន​វិល​មក​ល្បីល្បាញ​ជាថ្មី​ម្ដង​ទៀតហើយ…។

    ចាង​ជី​ង ជា​អ្នកស្រុក​ហាំង​ចូ ចាប់​ផ្ដើមចេញ​ពន្លឺ​លេចធ្លោ​ឡើង ដោយសារ​ការរៀន​ផ្នែក​ភាសាបរទេស នៅ​មហាវិទ្យាល័យ ក្នុងស្រុក​កំណើត រហូត​ត្រូវបាន​ជ្រើសរើស ឱ្យទៅ​សិក្សា​បន្ត​នៅឯ​ស្ថាប័ន​ការសិក្សា​ដ៏​ល្បីល្បាញ​មួយ ជា​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ ស្ថិតនៅក្នុង​ទីក្រុង​ប៉េកាំង ដែល​តែងតែ​ជ្រើសរើស​ចម្រាញ់​យកតែ​និស្សិត​ណា ដែលមាន​ភាពលេច​ធ្លោ​ជាពិសេស​ផ្នែក​ភាសា ចំនួន 200នាក់ ពី​ទូទាំងប្រទេស ឱ្យមក​សិក្សា​បន្ត ដើម្បី​បំពេញ​តួនាទី​លើ​ផ្នែក​ការបរទេស​របស់​រដ្ឋ​បាល​ចិន ហើយ​ចាង​ជី​ង ក៏​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះដែរ។

    លក្ខណសម្បត្តិ​ផ្ទាល់ខ្លួន របស់​ចាង​ជី​ង អាច​និយាយបានថា មាន​ភាព​លេចធ្លោ មក​តាំងពី​សម័យ​ជា​និស្សិត​ស្រាប់​ទៅហើយ និង​ក្លាយ​ជាទីគោរព​រាប់អាន​របស់​សិស្ស​ជំនាន់​ប្អូន​ជាច្រើន ហើយ​ថែមទាំង​ធ្លាប់បាន​ចូលរួម​ប្រកួតប្រជែង​ជំនាញ​ផ្នែក​ភាសា រហូត​ទទួលបាន​រង្វាន់​លំដាប់​ថ្នាក់ជាតិ​រួចមកហើយ​ជាច្រើន​ដង រួមទាំង​ការ​ដណ្ដើមបាន​រង្វាន់ ការ​ថ្លែង​សុន្ទរកថា ជា​ភាសា​អង់គ្លេស កាលពី​សម័យ​នៅ​ជា​និស្សិត​ទៀតផង។

    រហូត​នៅពេល​បានទទួល​ការដាក់បញ្ចូល​ឈ្មោះ​ជា​មន្ត្រី​របស់​រដ្ឋបាល​ចិន ចាង​ជី​ង ក៏បាន​បង្ហាញ​នូវ​ភាពលេច​ធ្លោ ក្នុងការ​បំពេញ​តួនាទី នៅក្នុង​កិច្ចប្រជុំ​ក្នុង​កម្រិត​អន្តរជាតិ រហូត​លេចចេញ​ជា​ព័ត៌មាន ទាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ខ្លួនឯង និង​ក្នុង​សារព័ត៌មាន​អន្តរជាតិ​ទៀតផង។

    រហូតមកដល់​ថ្ងៃនេះ ឈ្មោះ​ចាង​ជី​ង បាន​វិល​ត្រឡប់មក​ក្លាយជា​ព័ត៌មាន​ល្បីល្បាញ​ជាថ្មី​ម្ដងទៀត ជាមួយ​ការបំពេញ​តួនាទី ជា​អ្នកបកប្រែ​នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​កំពូល រវាង​ចិន និង​សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ ឃ្លី​ប ដែល​ចាង​ជី​ង​បំពេញ​តួនាទី ដែលមាន​អ្នកទស្សនា​នៅក្នុង​ប្រទេស​ចិនដីគោក​រាប់សិប​លាន​ដង និង​រឿងរ៉ាវ ជាមួយ​រូបភាព​របស់​នាង ថែមទាំង​ត្រូវបាន​បង្ហាញឡើង​នៅក្នុង​ប្រ​ព្ធ័​ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​ផងដែរ។

    នៅក្នុង​បទ​សម្ភាស​មួយ ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ចាង​ជី​ង បាន​ប្រាប់ថា នាង​គ្រាន់តែ​ជា​ជន​ជាតិចិនធម្មតាៗម្នាក់ ដែល​ចូលចិត្ត​អាន​វណ្ណ​កម្ម​របស់​ចិន និង​តាំងចិត្ត​រៀនសូត្រ​តាម​ប្រក្រតី​តែប៉ុណ្ណោះ។

    អ្នកយកព័ត៌មាន បាន​សួរថា តើ​ហេតុ​អី​បាន​អ្នកនាង មើលទៅ​មាន​ទឹកមុខ ហាក់ដូចជា​មាំ​ម៉ឺងម៉ាត់ ពេល​បំពេញការងារ? ចាង​ជី​ង​ប្រាប់ថា ទឹកមុខ​ដែល​នាង​ធ្វើ គឺ​ត្រូវ​ការបង្ហាញ​ភាព​គួរឱ្យ​គោរព​ជឿជាក់ ដូច្នេះហើយ​ទើប​នាង​មិនអាច​ញញឹមញញែម ឬ​សើច​លេង​អ្វី​បាន​ច្រើន​នោះទេ។

    កំលោះៗជន​ជាតិចិន​ជាច្រើន សុទ្ធតែ​ប្រាប់ថា ចាង​ជី​ង គឺជា​ស្ត្រី​ក្នុង​ក្ដី​សុបិន​របស់​ពួកគេ​យ៉ាងពិត​ប្រាកដ ចំណែកនារីៗជាច្រើន​នាក់​វិញ ប្រាប់ថា នេះ​គឺជា​កម្លាំង​ជំរុញ​ចិត្ត​របស់​ពួកគេ​ដូចគ្នា និង​ថែមទាំង​មាន​អ្នក​ប្រាប់ថា រូប​សម្ផស្ស​របស់​នាង មើលទៅ​ហាក់​ស្រដៀង​នឹង​តារា​ស៊ូ​ភើរ​ស្តារ​របស់​ចិនដីគោក​ម្នាក់ ឈ្មោះ ចៅ​វើ​យ មែនទែន៕

    ប្រភព៖ សា​ព័ត៌មាន​បរទេស
    ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ