Category: អន្តរជាតិ

  • ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    ត្រូវ​ចាក់​វ៉ាក់សាំង Covid-19 «ច្រឡំ» រហូតដល់ 6ដូ​ស នារី​ម្នា​ក់នៅ​អ៊ីតាលី ត្រូវ​ចូល​ពេទ្យ

    អ៊ីតាលី៖ នារី​វ័យ23ឆ្នាំ​ម្នាក់ ត្រូវ​ចូល​តាមដាន​សុខភាព​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Tuscany បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 របស់ Pfizer រហូតដល់ 6ដូ​ស ព្រោះតែ​ការច្រឡំ។

    ហេតុការណ៍​នេះ​បានកើត​ឡើង​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​តំបន់ Tuscany ភាគ​កណ្ដាល​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី9 ខែឧសភា នៅពេលដែល​គិលានុបដ្ឋាក បាន​ចាក់​វ៉ាក់សាំង​អស់​មួយ​ម្ជុល ដែល​ស្មើនឹង 6ដូ​ស ទៅឱ្យ​នារី​ម្នាក់​ដែលមាន​អាយុ 23ឆ្នាំ។ បច្ចុប្បន្ន សុខភាព​អ្នកជំងឺ កំពុងស្ថិត​ក្នុងស្ថានភាព​ល្អ បន្ទាប់ពី​បាន​បញ្ចូល​សេរ៉ូម និង​លេបថ្នាំ paracetamol។

    អត្តសញ្ញាណ​របស់​នារី​រងគ្រោះ រួម​នឹង​មន្ទីរពេទ្យ​ខាងលើ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ ហេតុ​ការណ៍​​នេះ​ត្រូវបាន​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​ប្រទេស​អ៊ីតាលី រួចហើយ។

    សារព័ត៌មាន​អ៊ីតាលី បានឱ្យដឹងថា ការពិសោធ​នានា​ទៅលើ​ការចាក់​វ៉ាក់សាំង Covid-19 លើស​ចំណុះ​កន្លងមក ត្រូវបាន​គេ​ធ្វើឡើង​ត្រឹមតែ 4ដូ​ស​ប៉ុណ្ណោះ ក្នុង​នោះបាន​បង្ហាញថា ពុំមាន​ផលវិបាក​ប្រកបដោយ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ដល់​អ្នក​ត្រូវបាន​ចាក់​នោះទេ។ គិត​មកដល់​បច្ចុប្បន្ន ករណី​ចាក់​លើស​ចំណុះ បានកើត​ឡើង​នៅក្នុង​ប្រទេស​មួយចំនួន ក្នុងនោះ​មាន សហរដ្ឋអាមេរិក, អូស្ត្រាលី, អាល្លឺម៉ង់ និង​អ៊ីស្រាអែល​ផងដែរ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក «មើលឃើញ​ពន្លឺ​នៅ​ខាងចុង​ផ្លូវ​រូង​របស់ Covid-19 រួចហើយ!

    សហរដ្ឋអាមេរិក កំពុង​ឈរ​នៅ​ចំពោះមុខ​របត់​ថ្មី​មួយ​ដ៏​ធំ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង Covid-19 នៅពេលដែល​ចំនួន​អ្នក​វិជ្ជមាន​ថ្មី និង​អ្នក​ចូល​ពេទ្យ បាន​ថយចុះ​យ៉ាងច្រើន ដែល​នេះ​ត្រូវបាន​គេ​ជឿថា​ជា ជោគជ័យ​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​កំពុង​កែប្រែ​ស្ថានការណ៍» Jeffrey Zients អ្នកសម្របសម្រួល​ចំពោះ​កិច្ចការ​ប្រឆាំងនឹង Covid-19 របស់​សេត​វិមាន បាន​និយាយ​ដូច្នេះ។

    ដោយសារ​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដល់​មនុស្សពេញវ័យ​បាន​ចំនួន 58% និង​ប្រហែល 113លាន​នាក់ (34%) បាន​ចាក់​រួចរាល់ សហរដ្ឋអាមេរិក កំពុងស្ថិត​ក្នុង​ផ្លូវ​ទៅរក​គោលដៅ ដែល​ប្រធានាធិបតី Joe Biden បានកំណត់ ក្នុង​នោះបាន​ចែងថា ពលរដ្ឋ​ចំនួន 70% នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ឱ្យបាន​មុន​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។

    «យើង​គិតថា គ្រប់គ្នា​សុទ្ធតែ​ហត់នឿយ ហើយ​ការពាក់​ម៉ាស អាចជា​ប្រការ​ដ៏​រំខាន។ ប៉ុន្តែ យើង​កំពុងធ្វើដំណើរ​ជិត​ដល់​គោលដៅ ហើយ​ពន្លឺ​នៅខាងមុខ ក៏​កាន់តែច្បាស់ឡើងៗហើយ​ដែរ» Zients ថ្លែង​ដូច្នេះ។

    លោក​ Anthony Fauci អ្នកជំនាញលំដាប់កំពូលខាងរោគឆ្លងរបស់សហរដ្ឋអាមេរិក

    Anthony Fauci ដែលជា​អ្នកជំនាញ​លំដាប់​កំពូល​ខាង​រោគ​ឆ្លង​របស់​សហរដ្ឋអាមេរិក ក៏បាន​លើកឡើង​ស្រដៀង​នេះដែរ។ លោក​និយាយថា ដល់​ពេលដែល​ត្រូវ​បន្ធូរបន្ថយ​វិធានការ​ទាក់​ស្កាត់ Covid-19 និង​អនុញ្ញាតឱ្យ​ជនជាតិ​អាមេរិកាំង ទទួល​បទពិសោធន៍​ល្អ​ដែល​បានមកពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង។

    «យើង​ត្រូវការ​ចាប់ផ្ដើម​សេរីភាព​ច្រើនជាង​មុន នៅពេល​ដែលមាន​ពលរ​ដ្ឋ​កាន់តែច្រើន បានទទួល​ការចាក់​វ៉ាក់សាំង» លោក Anthony Fauci ថ្លែង​បែបនេះ។ ប៉ុន្តែ លោក​ក៏បាន​បញ្ជាក់ថា សង្គ្រាម​នេះ​នៅតែ​ត្រូវធ្វើ​បន្ត ដើម្បី​សម្រេចបាន​គោលដៅ ព្រោះថា ប្រការនេះ​មានន័យថា «វីរុស​នឹង​លែងមាន​កន្លែង​សម្រាប់​ជ្រោក​កោន»។

    ក្រុមមន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក មាន​មូលដ្ឋាន​ដែល​អាចឱ្យ​ពួកគេ​មាន​ក្ដីសង្ឃឹម​ក្នុងការ​រួចផុត​ពី​មហា​រោគរាតត្បាត ដោយសារ​ការចាក់​វ៉ាក់សាំង។ តួលេខ​នៃ​ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ​សហរដ្ឋអាមេរិក គិត​ជា​មធ្យម​ក្នុង​រយៈពេល 7ថ្ងៃ ដោយ​គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា មាន​ចំនួន 42,000នាក់ ថយចុះ​ច្រើន​បើ​ធៀប​នឹង 260,000នាក់ កាលពី​ខែមករា។ អត្រា​នៃ​ករណី​ចូល​ពេទ្យ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិតដល់​ថ្ងៃទី7 ខែឧសភា គឺ​ជាង 39,300នាក់ ថយចុះ​ជាង 70% បើ​ធៀប​នឹង 137,600 កាលពីដើម​ខែមករា។ ចំណេ​ក​អត្រា​នៃ​ការស្លាប់ ក៏បាន​ថយចុះ​ច្រើន ពោលគឺ ជា​មធ្យម ក្នុង​រយៈពេល 7ថ្ងៃ គិត​ត្រឹម​ថ្ងៃទី8 ខែឧសភា គឺមាន 675ករណី ថយចុះ​ជិត 80% បើ​ធៀប​នឹង​មធ្យមភាគ 3,352ករណី កាលពី​ពាក់កណ្ដាល​ខែមករា។

    លើ​រថយន្ត​ក៏​អាច​ចាក់វ៉ាក់សាំង​បាន​ដែរ​

    ក្រុម​អ្នកជំនាញ បាន​អះអាងថា លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បានមកពី​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​ពលរដ្ឋ​ជាង 257លាន​ដូ​ស ឈរ​លំដាប់​ទី​ពីរ បើ​ធៀប​នឹង 318លាន​ដូ​ស​របស់​ប្រទេស​ចិន (យោងតាម​ទិន្នន័យ​របស់ Our World in Data)។ សហរដ្ឋអាមេរិក ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន 5 ដែល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច1ដូ​ស បាន​ច្រើនជាងគេ​ផងដែរ រួមមាន ប្រទេស​ទាំង​ដែន​កោះ ស៊ី​សែ​ល (Seychelles), ប្រទេស​អ៊ីស្រាអែល, អង់គ្លេស, និង​ប្រទេស​បា​រ៉ែ​ន។ សហរដ្ឋ​អាមេរិក ជា​ប្រទេស​ឈរ​លំដាប់​ទី 4 ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​រួចរាល់​បាន​ច្រើនជាងគេ បន្ទាប់​ពី​ប្រទេស​​ស៊ី​សែ​ល (60.7%), ប្រទេស​អ៊ីស្រាអែល (58.6%) និង​ប្រទេស​ស៊ី​លី (37%)។

    ក្រុម​អ្នកជំនាញ​ក៏បាន​បញ្ជាក់ថា ការអនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន និង​ប្រសិទ្ធភាព ក៏​អាស្រ័យទៅលើ​ប្រសិទ្ធភាព​របស់​ប្រភេទ​វ៉ាក់សាំង​ផងដែរ។ វ៉ាក់សាំង​ចំនួន 3ប្រភេទ ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​អនុម័ត​ឱ្យប្រើ​ប្រាស់ រួមមាន Pfizer, Moderna និង Johnson & Johnson។ យោងតាម​ទស្សនាវដ្ដី Yale Medicine វ៉ាក់សាំង​ទាំងនេះ មាន​ប្រសិទ្ធភាព​ខ្ពស់៕

    ប្រភព​៖ Guardian, NYTimes, WSJ, AP
    ប្រែសម្រួល​៖ បុត្រា

  • បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    បច្ចុប្បន្នភាព Covid-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី10 ខែឧសភា ឆ្នាំ2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 506នាក់​ទៀត និង​ស្លាប់ 6នាក់​ទៀត នៅក្នុង​អំឡុង 24ម៉ោង​នៃ​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង Covid-19 សរុប នៅ​កម្ពុជា កើនឡើង​ដល់ 19,743នាក់ និង​អ្នកស្លាប់​សរុប​ឡើងដល់ 126នាក់។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 158,970,290នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 3,306,746នាក់, អ្នកជា​សះស្បើយ 136,517,897នាក់ និង​កំពុង​ព្យាបាល​ចំនួន 19,145,647​នាក់៕

    ប្រភព៖ ក្រសួង​ព័ត៌មាន​
    ដកស្រង់​៖ បុត្រា

  • ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ចិន​ខណ្ឌ​ចែក​កំពូលភ្នំ​ Everest ដើម្បី​ទប់ស្កាត់ Covid-19

    ប្រទេស​ចិន ខណ្ឌ​ចែក​កំពូលភ្នំ​អេ​វើ​រ៉េ​ស (Everest) ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការចម្លង Covid-19 ពី​ក្រុម​អ្នក​ឡើង​ភ្នំ ដែល​មកពី​ប្រទេស​នេ​ប៉ាល់ មកឱ្យ​ប្រជាជន​នៅ​តំបន់​ទី​បេ (Tibet)។

    មគ្គ​ទេសន៍​ដែល​នាំ​ផ្លូវ​ឡើង​ភ្នំ​មួយក្រុម​មកពី​តំបន់​ទី​បេ នឹង​ឡើងលើ​កំពូលភ្នំ អេ​វើ​រ៉េ​ស និង​ធ្វើការ​ខណ្ឌ​ចែក​តំបន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ជួបជុំ​រវាង​ក្រុម​អ្នក​ផ្សងព្រេង​របស់​ភាគី​មក​ពី​ប្រទេស​ចិន និង​ភាគី​មកពី​ប្រទេស​នេ​ប៉ាល់។ នេះ​បើតាម​សារព័ត៌មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃទី9 ខែឧសភា ឆ្នាំ2021 ដោយ​ដកស្រង់​សម្ដី​របស់​ប្រធាន​មន្ទីរ​កីឡា​នៃ​តំបន់​ទី​បី។

    ក្រុម​ខាងលើ​ដែលមាន​សមាជិក​ជា​ជន​ជាតិចិន​ចំនួន 21នាក់ កំពុងធ្វើដំណើរ​មកកាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ដើម្បី​បំពេញបេសកកម្ម​នេះ។ ប៉ុន្តែ សារព័ត៌មាន​ចិន មិនបាន​អធិប្បាយ​អំពី​របៀប​ខណ្ឌ​ចែក ដែល​ក្រុម​នេះ​នឹងធ្វើ​នោះទេ។

    ទីតាំង​បោះជំរំ​លើក​ពូ​ល​ភ្នំ​អេ​វើ​រ៉េ​ស នៅលើ​ទឹកដី​ប្រទេស​នេ​ប៉ាល់ ត្រូវ Covid-19 រាតត្បាត​ចាប់ពី​ចុងខែ​មេសា ឆ្នាំ2021 រហូតដល់​បច្ចុប្បន្ន។ រដ្ឋាភិបាល​នេ​ប៉ាល់ ដែលជា​ប្រទេស​ពឹងផ្អែក​ច្រើន​ទៅលើ​ចំណូល​ដែល​បានមកពី​វិស័យ​ទេសចរណ៍ នៅតែ​មិនទាន់​លុបចោល​រដូវ​ឡើង​ភ្នំ ដែល​ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែមិថុនា រៀងរាល់ឆ្នាំ មុនពេល​តំបន់​នេះ​ឈាន​ចូលដល់​រដូវ​វង្សា។

    កំពូលភ្នំ​អេ​វើ​រ៉េ​ស ស្ថិតនៅ​កម្ពស់ 8,848ម៉ែត្រ គឺជា​តំបន់​ធ្លាក់​ព្រឹល​តូច​មួយ​ដែលមាន​ផ្ទៃដី អាចឱ្យ​អ្នក​ឡើង​ភ្នំ និង​អ្នក​នាំ​ផ្លូវ ឈរ​ក្នុងពេល​តែមួយ ត្រឹមតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

    ប្រទេស​ចិន បាន​ហាម​អ្នក​ឡើង​ភ្នំ​ទាំង​ដែលមាន​បំណង​ឡើងទៅ​កាន់​កំពូលភ្នំ​អេ​វើ​រ៉េ​ស ពី​ទឹកដី​នៃ​តំបន់​ទី​បេ របស់​ចិន ចាប់តាំងពី Covid-19 បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន។ ទេសចរ​ដែល​មក​ទស្ស​នា​ទេសភាព​កំពូលភ្នំ​អេ​វើ​រ៉េ​ស ក៏ត្រូវ​បាន​ហាមឃាត់​ទៅកាន់​កន្លែង​បោះជំរំ​លើទឹក​ដី​ទី​បេ​ផងដែរ។

    ប្រទេស​ចិន កាលពី​ថ្ងៃទី9 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 11ករណី នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​ឡើងដល់ 90,796នាក់ ក្នុងនោះ​មាន 4,637នាក់​បាន​ស្លាប់។ ចំណែក​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី9 ខែឧសភា ក៏បាន​ប្រកាសថា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ចំនួន 8,777នាក់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​កើនឡើង​ដល់​ជាង 394,000នាក់ ក្នុងនោះ​មាន 3,720នាក់​បាន​បាត់​បង់ជីវិត៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • កវីនិពន្ធ​ប្រឆាំង​កងទ័ព​ភូមា ត្រូវគេ​សម្លាប់ និង​យក​គ្រឿងក្នុង​ទៅ​បាត់!

    កវីនិពន្ធ​ប្រឆាំង​កងទ័ព​ភូមា ត្រូវគេ​សម្លាប់ និង​យក​គ្រឿងក្នុង​ទៅ​បាត់!

    ភរិយា​របស់លោក Khet Thi ដែលជា​អ្នកនិពន្ធ​ប្រឆាំងនឹង​របប​យោធា​ភូមា បាន​អះអាងថា សាកសព​ស្វាមី​របស់​អ្នកស្រី ត្រូវគេ​យក​គ្រឿងក្នុង នៅពេល​ត្រូវ​កងទ័ព​ចាប់ឃុំខ្លួន។

    ភរិយា​របស់ Khet Thi បានឱ្យដឹងថា ស្វាមី​របស់​អ្នកស្រី ត្រូវ​ក្រុម​ទាហាន និង​ប៉ូលិស ចាប់ខ្លួន​ទៅ​សួរនាំ​កាលពី​ថ្ងៃទី8 ខែឧសភា 2021។ Khet Thi អាយុ 45ឆ្នាំ គឺជា​ម្ចាស់​កំណាព្យ​មួយ​ដែលមាន​ចំណងជើង​ថា «ពួកគេ​បាញ់​តម្រង់​ក្បាល ប៉ុន្តែ​មិនបាន​ដឹងថា បដិវត្ត​ស្ថិតនៅក្នុង​បេះដូង»។

    «ខ្ញុំ​ត្រូវគេ​សួរនាំ។ គាត់ (ស្វាមី) ក៏​ដូច្នេះ។ ពួកគេ​បាន​ប្រាប់ថា គាត់​កំពុង​នៅក្នុង​អង្គភាព​សួរចម្លើយ ប៉ុន្តែ គាត់​មិនបាន​វិល​ត្រលប់​ជា​រៀងរហូត គឺ​នៅសល់តែ​សាកសព​ប៉ុណ្ណោះ» អ្នកស្រី Chaw Su ភរិយា​របស់លោក Khet Thi បានឱ្យដឹង​កាលពី​ម្សិលមិញ (09 ឧសភា)។

    គ្រួសារ​របស់​ជនរងគ្រោះ រស់នៅក្នុង​ទីរួមស្រុក​មួយ​នៃ​តំបន់ Sagaing ភាគ​កណ្ដាល​ប្រទេស ដែលជា​តំបន់​ប្រឆាំង​យ៉ាងខ្លាំង​ក្លាយ​ទៅនឹង​រដ្ឋប្រហារ​របស់​កងទ័ព​ភូមា។

    «ពួកគេ​បាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​នៅពេល​ព្រឹក ប្រាប់​ថាឱ្យ​ទៅកាន់​មន្ទីរពេទ្យ​នៅ Monywa ដើម្បី​ជួប​គាត់។ ខ្ញុំ​គិតថា គាត់​គ្រាន់តែ​ត្រូវ​បាក់ដៃ ឬ​ប្រហាក់ប្រហែល​នេះ។ ប៉ុន្តែ នៅពេល​ទៅដល់ រាងកាយ​របស់គាត់​បា​ន​ស្ថិតនៅក្នុង​សាល​ដាក់​សាកសព ហើយ​គ្រឿងក្នុង​របស់គាត់​ក៏ត្រូវ​គេ​យកទៅ​បាត់» អ្នកស្រី Chaw Su បាន​និយាយ​ទាំង​ទឹកភ្នែក នៅ​ទីកន្លែង​ដែលមាន​ចម្ងាយ​ប្រហែល 100គម ពី​ផ្ទះ។

    ខាង​មន្ទីរពេទ្យ បាន​ប្រាប់​អ្នកស្រី Chaw Su ថា Khet Thi មាន​ជំងឺ​បេះដូង ប៉ុន្តែ អ្នកស្រី មិន​ខ្ចី​អាន​លិខិតបញ្ជាក់​មរណភាព​នេះ​ទេ ព្រោះ​យល់ថា នេះ​មិនមែនជា​ការពិត។ អ្នកស្រី ឱ្យដឹងថា កងទ័ព​ប្រុង​យក​សាកសព Khet Thi ទៅ​កប់ ប៉ុន្តែ អ្នកស្រី​បាន​សុំ​យក​សព​ត្រលប់មក​ផ្ទះ។ អ្នកស្រី​មិនបាន​និយាយ​អំពី​វិធី​ដែល​ស្វាមី​របស់ខ្លួន​ត្រូវគេ​យក​គ្រឿងក្នុង​នោះទេ។

    លោក Khet Thi

    អ្នកនាំពាក្យ​របស់​កង​ទ័ព​មី​យ៉ាន​ម៉ា មិនបាន​ឆ្លើយតប​នឹង​ការ​ស្នើឱ្យ​បកស្រាយ​អំពី​ការស្លាប់​របស់លោក Khet Thi ជា​កវី​ទី​បី ដែល​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​ដែល​អូសបន្លាយ​ពេល​ជាង​បី​ខែ​កន្លងមកនេះ។

    Khet Thi គឺជា​មិត្ត​របស់ K Za Win អាយុ 39ឆ្នាំ ជា​អ្នកនិពន្ធ​មួយរូប ដែល​ត្រូវបាន​បាញ់សម្លាប់​ក្នុង​បាតុកម្ម​នៅ Monywa កាលពីដើម​ខែមីនា។ សកម្មជន​សង្គម វប្បធម៌ សិល្បៈ ជាច្រើនរូប ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​មានមតិ​ប្រឆាំងនឹង​កងទ័ព​ភូមា។

    Khet Thi ធ្លាប់ជា​វិស្វករ​ម្នាក់ មុនពេល​បាន​ឈប់​ធ្វើការ​កាលពី​ឆ្នាំ2012 ដើម្បី​ផ្ដោតលើ​ការសរសេរ​កំណាព្យ និង​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​របរ​ធ្វើកា​រ៉ែ​ម និង​នំ​ផ្អែម។

    «ខ្ញុំ​មិន​ចង់​ធ្វើជា​អ្នកក្លាហាន មិន​ចង់​ក្លាយជា​អ្នកស្លាប់​ដោយសារ​ជំនឿ មិន​ចង់​ក្លាយជា​មនុស្ស​កំសាក មិន​ចង់​ក្លាយជា​មនុស្ស​ឆោតល្ងង់» លោក Khet Thi សរសេរ​ក្រោយ​រដ្ឋប្រហារ​បាន​ពីរ​សប្ដាហ៍។ «ខ្ញុំ​មិន​ចង់​គាំទ្រ​អយុត្តិធម៌។ បើសិនជា​នៅសល់​មួយ​នាទី​ដើម្បី​រស់ ខ្ញុំ​ចង់​រក្សា​មនសិការ​ឱ្យនៅ​ស្អាតស្អំ​រហូតដល់​ទីបំផុត»។

    ក្រុមអ្នកតាមដាន​ក្នុងស្រុក បានឱ្យដឹងថា ជន​ស៊ីវិល​ប្រមាណ 776នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​បាតុកម្ម​ប្រឆាំង​កងទ័ព​ភូមា និង 3,778នាក់​ផ្សេងទៀត កំពុង​ជាប់ឃុំ។ ភាគី​កងទ័ព បាន​ច្រានចោល​របាយការណ៍​នេះ និង​ថា បុគ្គលិក​សន្តិសុខ​យ៉ាងតិច 20នាក់​របស់ខ្លួន បាន​ស្លាប់​នៅ​ក្នុងករណី​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • Covid-19 ​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែឧសភា ​2021​៖ អ្នក​ស្លាប់​​សរុប​ ជិត ​71,000នាក់

    Covid-19 ​នៅ​​តំបន់​អាស៊ីអាគ្នេយ៍ គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែឧសភា ​2021​៖ អ្នក​ស្លាប់​​សរុប​ ជិត ​71,000នាក់

    នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 ថ្មី ក្នុង​ថ្ងៃទី09 ខែឧសភា ឆ្នាំ​2021 មាន​ចំនួន 17,778​នាក់ ក្នុងនោះ កម្ពុជា មាន​ចំនួន 520នាក់។

    អ្នកស្លាប់​សរុប ដោយសារ Covid-19 ក្នុង​តំបន់​នេះ កើន​ដល់ ចំនួន 70,971​នាក់ នៅក្នុង​ថ្ងៃ​ដ​ដៃ​នេះ ខណៈ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 3,571,360នាក់៕

    ប្រភព៖ Worldometers
    ប្រែសម្រួល និង​រៀប​​រៀង​ដោយ​៖ បុត្រា

  • អាសន្ន! អង់គ្លេស ណែ​នាំឱ្យ​មនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca»

    អាសន្ន! អង់គ្លេស ណែ​នាំឱ្យ​មនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca»

    គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស (JCVI) កាលពី​ថ្ងៃទី7 ខែឧសភា បានឱ្យដឹងថា ពលរដ្ឋ​ក្រោម​វ័យ 40ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ផ្សេង ជំនួស​ឱ្យ​វ៉ាក់សាំង​របស់​ក្រុម​ហ៊ុន​ AstraZeneca។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា អត្រា​នៃ​ការឆ្លង Covid-19 នៅ​អង់គ្លេស បាន​ថយចុះ ដែល​នេះ​គឺ​មានន័យថា ហានិភ័យ​នៃ​ការ​ប្រឈម​នឹង​បញ្ហា​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង អាច​ធំ​ជាង​ហានិភ័យ​នៃ​ការឆ្លង​វីរុស។ យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

    ទិន្នន័យ​របស់​រដ្ឋាភិបាល ដែល​បានប្រកាស​កាលពី​ថ្ងៃទី6 ខែឧសភា បានឱ្យដឹងថា គិត​មកដល់​អំឡុង​ពេលនេះ ប្រទេស​អង់គ្លេស រកឃើញ​ករណី​កកឈាម​ដ៏​កម្រ ចំនួន 242នាក់ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ដែល​នេះ​គឺ កើន 33ករណី បើ​ធៀប​នឹង​សប្ដាហ៍​មុន ក្នុងនោះ មាន 49នាក់​បាន​ស្លាប់។ 2/3 នៃ​អ្នក​ស្ថិតក្រោម​វ័យ 60ឆ្នាំ បាន​ជួប​ផលវិបាក បន្ទាប់ពី​បាន​ចាកក់​វ៉ាក់សាំង។

    ការណែនាំ​ថ្មី​របស់​ប្រទេស​អង់គ្លេស ដែលថា ក្រុមមនុស្ស​ក្រោម​វ័យ 40ឆ្នាំ «កុំ​ចាក់​វ៉ាក់សាំង AstraZeneca» គឺជា​សម្ពាធ​មួយ​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សាកលវិទ្យាល័យ Oxford និង​ដៃគូ​សហការ​របស់ខ្លួន គឺ​ក្រុមហ៊ុន AstraZeneca។ ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ខែមេសា ឆ្នាំ2021 បាន​បញ្ឈប់​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca។ ចំណែក​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅ​អឺរ៉ុប ក៏បាន​កាត់បន្ថយ​ការចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​យុវវ័យ ដោយសារ​ភ័ស្ដុតាង​នានា បង្ហាញថា បញ្ហា​កកឈាម ភាគច្រើន​កើតឡើង​នៅលើ​អ្នក​ដែលមាន​វ័យ​នៅ​ក្មេង។

    ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Cambridge បាន​អះអាងថា ចំពោះ​មនុស្ស​ក្រោម​វ័យ 30ឆ្នាំ ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 និង​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​ការចាក់​វ៉ាក់សាំង​គឺ​ប្រហាក់ប្រហែលគ្នា អាស្រ័យ​លើ​អត្រា​នៃ​ការឆ្លង​នៅក្នុង​សហគមន៍ ក្នុងអំឡុងពេលនីមួយ។

    អង់គ្លេស​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ប្រកបដោយ​ប្រសិទ្ធភាព​ជាងគេ​ក្នុង​ពិភពលោក ដោយសារ​វ៉ាក់សាំង AstraZeneca។ បច្ចុប្បន្ន យុវវ័យ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​វីរុស​Covid-19 មាន​កម្រិត​ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​មួយ​រយៈពេល​កន្លងទៅ៕

    ប្រភព៖ Financial Times
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង Covid-19! វៀតណាម៖ បុគ្គលិក​សុខាភិបាល​ម្នាក់ បាន​ស្លាប់ ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19

    វ៉ាក់សាំង Covid-19! វៀតណាម៖ បុគ្គលិក​សុខាភិបាល​ម្នាក់ បាន​ស្លាប់ ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19

    ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​យប់​ថ្ងៃទី7 ខែឧសភា បានប្រកាសថា បុគ្គលិក​សុខាភិបាល​ភេទ​ស្រី​ម្នាក់ អាយុ 35ឆ្នាំ ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្ត An Giang ភាគខាងត្បូង​ប្រទេស​នេះ បាន​បាត់​បង់ជីវិត បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

    មូលហេតុ​នៃ​ការស្លាប់​នេះ ត្រូវបាន​ក្រុមប្រឹក្សា​ជំនាញ​នៃ​នាយកដ្ឋាន​សុខាភិបាល​របស់​ខេត្ត An Giang បញ្ជាក់ថា ដោយសារ «ប្រតិកម្ម​នឹង​ប្រភេទ​ថ្នាំ non steroid (បន្ថយ​ការឈឺចាប់ និង​ប្រឆាំង​រលាក) ដែលជា​ករណី​កម្រ​ជួប នៅពេល​ចាក់​វ៉ាក់សាំង​បង្ការ Covid-19»។

    នេះ​គឺជា​ករណី​ស្លាប់​ដំបូង​ក្រោយ​ការចាក់​វ៉ាក់សាំង Covid-19 នៅ​ប្រទេស​វៀតណាម។ ជនរងគ្រោះ​ខាងលើ ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 កាលពី​ព្រឹក​ថ្ងៃទី6 ខែឧសភា ឆ្នាំ2021។

    វៀតណាម បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca តាំងពី​ថ្ងៃទី8 ខែមីនា ឆ្នាំ2021។ បច្ចុប្បន្ន ប្រទេស​នេះ បាន​ចាក់​ជូន​ពលរដ្ឋ​ចំនួន 747,827នាក់​រួចហើយ។ អ្នក​ដែល​ទទួលបាន​អាទិភាព​ក្នុង​ការចាក់​វ៉ាក់សាំង រួមមាន​មន្ត្រី និង​បុគ្គលិក​ពេទ្យ​ជួរមុខ, សមាជិក​នៃ​សហគមន៍ Covid-19, គណៈកម្មការ​គ្រប់គ្រង​វីរុស, ប៉ូលិស និង​ទាហាន។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម បានទទួល​វ៉ាក់សាំង AstraZeneca ពីរលើក​មកហើយ ក្នុងនោះ លើកទីមួយ មាន 117,600ដូ​ស នាំចូល​ដោយ​ក្រុមហ៊ុន VNVC និង​លើក​ទី​ពីរ ជាង 800,000ដូ​ស ដែល​ផ្ដល់​ដោយ​យន្តការ Covax ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ។

    យោងតាម​ការវិភាគរ​បស់​ស្ថាប័ន​គ្រប់គ្រង បាន​បង្ហាញថា អត្រា​កកឈាម​ដ៏​កម្រ (និយាយ​រួម) បន្ទាប់ពី​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ប្រមាណ 1/100,000នាក់, អត្រា​នេះ​កើនឡើង​ប្រហែល 1/60,000នាក់ ចំពោះ​មនុស្ស​វ័យ 30ឆ្នាំ។ អត្រា​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ និយាយ​រួម​គឺ ប្រហែល 2/1000,000នាក់ ខណៈ​វ័យ​ចាប់ពី 30 ដល់ 39 គឺ 4.5/1,000,000នាក់។

    ហ្វីលីពីន ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca សម្រាប់​មនុស្ស​ក្រោម​អាយុ 60ឆ្នាំ។ ចំណែក​អូស្ត្រាលី​វិញ បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ក្រោម​វ័យ 50ឆ្នាំ ប្រើប្រាស់​វ៉ាក់សាំង​របស់ Pfizer ខណៈដែល​អ៊ីតាលី, បារាំង, ហូ​ឡង់, អាល្លឺម៉ង់ និង​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក្នុង​សហភាព​អឺរ៉ុប បានស្នើ​ឱ្យ​ចាក់​វ៉ាក់សាំង​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង៕

    ប្រភព៖ VNE, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ដំណឹង​ល្អ! វ៉ាក់សាំង Sinopharm របស់​ចិន ទទួលបាន​ការអនុម័ត​ពី WHO រួចហើយ!

    ដំណឹង​ល្អ! វ៉ាក់សាំង Sinopharm របស់​ចិន ទទួលបាន​ការអនុម័ត​ពី WHO រួចហើយ!

    អង្គការ​សុខភាព​ពិភពលោក (WHO) បានអនុម័ត​លើ​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm ដើម្បី​ប្រើប្រាស់​ក្នុងករណី​ចាំបាច់​បន្ទាន់។

    «WHO ដាក់បញ្ចូល​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 របស់ Sinopharm ដែល​ផលិត​នៅ​រដ្ឋធានី ប៉េកាំង នៃ​ប្រទេស​ចិន ទៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់ខ្លួន​រួចហើយ។ នេះ​គឺជា​វ៉ាក់សាំង Covid-19 ទី6 ក្នុង​ពិភពលោក ដែល​ត្រូវបាន WHO ទទួលស្គាល់​ផ្នែក​សុវត្ថិភាព ប្រសិទ្ធភាព និង​គុណភាព» ប្រធាន WHO លោក Tedros Adhanom Ghebreyesu ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី7 ខែឧសភា។

    លោក Tedros បាន​បន្តថា៖ «ក្រុមប្រឹក្សា​យុទ្ធសាស្ត្រ រួមមាន​ក្រុម​អ្នកជំនាញ​ផ្នែក​ចាក់​វ៉ាក់សាំង (SASGE) បាន​ពិនិត្យ​លើ​ទិន្នន័យ និង​ស្នើឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​ពីរ​ដូ​ស​នេះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 18ឆ្នាំ​ឡើងទៅ»។

    ប្រអប់​របស់​វ៉ាកសាំង​ Sinopharm

    ដូច្នេះ នៅក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង Covid-19 ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ របស់ WHO រួមមាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech, Moderna, Johnson & Johnson, AstraZeneca និង​ក្រុមហ៊ុន Sinopharm។ ចំពោះ​វ៉ាក់សាំង AstraZeneca ដែល​ត្រូវបាន WHO អនុម័ត​ឱ្យប្រើ​ប្រាស់ នោះ​គឺ​ប្រភេទ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា និង​កូរ៉េខាងត្បូង។

    ការបន្ថែម​វ៉ាក់សាំង Sinopharm ទៅក្នុង​បញ្ជី​ឈ្មោះ​ខាងលើ របស់ WHO នឹង​ជួយ​ឱ្យ​បណ្ដា​ប្រទេស មាន​មូលដ្ឋាន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ក្នុង​ការបញ្ជាទិញ យកទៅ​ប្រើប្រាស់ ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​មិនទាន់មាន​ស្ថាប័ន​គ្រប់គ្រង​ស្ដង់ដា​អន្តរជាតិ​ដោយឡែក​របស់ខ្លួន។

    វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន​ចិន Sinopharm បច្ចុប្បន្ន ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 ក្នុង​ពិភពលោក ឈរ​បន្ទាប់ពី AstraZeneca (166 ប្រទេស), Pfizer-BioNTech (94 ប្រទេស) និង Moderna (46 ប្រទេស)៕

    ប្រភព៖ AFP
    ប្រែសម្រួល​៖ បុត្រា

  • Bill Gate ផ្ទេរ​ទ្រព្យ​ច្រើនជាង 1ប៊ី​លាន​ដុល្លារ​ជូន​អតីត​ភរិយា តែ​មិនទាន់​សម្រេច​ពី​តុលាការ

    Bill Gate ផ្ទេរ​ទ្រព្យ​ច្រើនជាង 1ប៊ី​លាន​ដុល្លារ​ជូន​អតីត​ភរិយា តែ​មិនទាន់​សម្រេច​ពី​តុលាការ

    លោក Bill Gate ត្រូវបាន​ប្រភព​សារព័ត៌មាន​ជាច្រើន​រាយការណ៍ ដូចជា Cnet ឬ yahop finace ឱ្យដឹងថា លោក​បាន​បំពេញបែបបទ ផ្ទេរ​ទ្រព្យសម្បត្តិ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន 1.8ប៊ី​លាន​ដុល្លារ(ពាន់​លាន)ប្រគល់ជូន​អតីត​ភរិយា លោកស្រី Melinda Gate។

    ប្រភពពី​ដំណឹង​ខាងលើ​ត្រូវបាន​គេ​បញ្ជាក់ថា មហាសេដ្ឋី​ពិភពលោក​ទី4 ឆ្នាំ2021 រូបនោះ បានសម្រេច​ចិត្ត​ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ ស្រប​ពេលដែល​គ្រួសារ​របស់លោក ប្រកាស​លែងលះគ្នា​ជា​សាធារណៈ​លើ Twitter រៀងៗខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍។

    ហេតុផល​ដែល​បញ្ជា​ចិត្ត​គូស្នេហ៍ ដែលមាន​អាយុ​ជិត 3ទសវត្សរ៍​មកនេះ បណ្ដាលឱ្យ​ចែកផ្លូវ​គ្នា ហាក់​មិនបាន​និយាយ​អ្វី​ច្រើន​នោះទេ ពួកគេ​គ្រាន់តែ​បង្ហើប​ថា គ្រួសារ​នេះ​មិនអាច​បន្ដ​ទៅមុខទៀត​បា​ន​ទេ​គ្រាន់តែ​ត្រូវការ​គម្លាត​ចង់បាន​ភាពជា​ឯកជន និង​ចង់​ចាប់ផ្ដើម​ជីវិត​ថ្មី។

    មកទល់ពេលនេះ ការ​លែងលះគ្នា រវាង​លោក Bill Gate និង​អ្នកស្រី Melina Gate ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ​ថា មិនទាន់​ឈានដល់​ដំណាក់កាល​ផ្លូវច្បាប់ នឹង​មិនទាន់​ត្រូវបាន​តុលាការ​សម្រេច​នៅឡើយ៕