Category: អន្តរជាតិ

  • ធ្លាយ​ព័ត៌មាន «នាវាមុជទឹក​សហរដ្ឋ​អាមេរិក ប្រទះឃើញ UFO ហោះហើរ និង​មុជទឹក​ក្រោម​ទឹកសមុទ្រ ក្នុង​ល្បឿន​មហា​លឿន

    ធ្លាយ​ព័ត៌មាន «នាវាមុជទឹក​សហរដ្ឋ​អាមេរិក ប្រទះឃើញ UFO ហោះហើរ និង​មុជទឹក​ក្រោម​ទឹកសមុទ្រ ក្នុង​ល្បឿន​មហា​លឿន

    អ្នកយកព័ត៌មាន​មួយរូប​របស់​ទស្សនាវដ្ដី Washington Examiner ទើបតែ​បាន​បង្ហើប​ឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ប្រទះឃើញ​វត្ថុ​ចម្លែក​មួយចំនួន​ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅ​ខាងក្រោម​ផ្ទៃ​ទឹកសមុទ្រ សង្ស័យថា​ជា យានអវកាស​របស់​ម​នុស្ស​ពិភព​ផ្កាយ។

    យោងតាម​សារព័ត៌មាន Sputnik អ្នក​កែ​សែត​ឈ្មោះ Tom Rogan ដែល​ធ្វើ​ការឱ្យ​ទស្សនាវដ្ដី Washington Examiner បាន​ចែករំលែក​ឱ្យដឹងពី​ហេតុការណ៍​ខាងលើ ជាមួយនឹង​ពិធីករ Tucker Carlson របស់​ទូរទស្សន៍ Fox News ក្នុងពេល​កំពុង​ជជែក​គ្នា​អំពី​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ខែកក្កដា ឆ្នាំ2019។ វីដេអូ​ខ្លី​មួយ​នេះ បង្ហាញ​ពី​វត្ថុ​ចម្លែក​មួយ​ដែលមាន​រូបរាង​តូច និង​សណ្ឋាន​មូល ហោះ​ក្បែរ​ផ្ទៃ​ទឹកសមុទ្រ រួច​ក៏​មុជ​ចូលក្នុង​ទឹក។

    អ្នកសារព័ត៌មាន Rogan និយាយថា ក្រៅពី​វីដេអូ​បង្ហាញ​ពី​វត្ថុ​ហោះ និង​មុជទឹក​ដ៏​ចម្លែក ដែល​ត្រូវបាន​គេ​សង្ស័យថា​មកពី​ពិភព​ខាងក្រៅ នាវាមុជទឹក​វាយប្រហា​រ និង​នាវាមុជទឹក​នុយ​ក្លេ​អែរ របស់​សហរដ្ឋអាមេរិក ក៏​ចាប់បាន​រលកសញ្ញា​រប​ស់​វត្ថុ​ចម្លែក​មួយចំនួន ដែល​ផ្លាស់​ទី​ក្នុង​ល្បឿន​រាប់រយ knot (1 knot ប្រហែល​នឹង 1.85 គីឡូម៉ែត្រ/ម៉ោង) ក្រោម​ទឹកសមុទ្រ​ផងដែរ។

    Rogan ថ្លែងថា លោក​ទទួលបាន​ព័ត៌មាន​នេះ ពី​ប្រភព​មួយចំនួន​ដ៏​គួរ​ជាទី​ទុកចិត្ត និង​បាន​អះអាងថា កងទ័ពជើងទឹក​រប​ស់ សហរដ្ឋអាមេរិក ក៏មាន​ទិន្នន័យ​ទាក់ទិន​នឹង​ហេតុការណ៍​នេះដែរ។

    ទូរទស្សន៍ RT របស់​រុស្ស៊ី បានឱ្យដឹងថា នៅក្នុង​អំឡុង​ពេលដែល​វីដេអូ​ខាងលើ​ត្រូវបាន​ថត​កាលពី​ខែកក្កដា ឆ្នាំ​2019 មាន​នាវាចម្បាំង​សហរដ្ឋអាមេរិក ចំនួន 3គ្រឿង រួមមាន USS Kidd, USS Rafael Peralta និង USS John Finn ដែល​កំពុង​បំពេញបេសកកម្ម​នៅក្នុង​តំបន់ San Diego ត្រូវបាន​យាន​ហោះហើរ​ចម្លែក​ចំនួន 6​គ្រឿង ហោះ​មក​ក្បែរ ក្នុង​ល្បឿន 64គម/ម៉ោង អស់​រយៈពេល​ជាច្រើន​ថ្ងៃ។ យាន​ចម្លែក​ទាំងនេះ ត្រូវបាន​គេ​ជឿថា មាន​សមត្ថភាព​អស្ចារ្យ​ជាង​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ទៅទៀត៕

    ប្រភព៖ Fox News, Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • រដ្ឋ​នៅ​ឥណ្ឌា ផ្ដល់​ឱសថ​បុរាណ​របស់​អាចារ្យ​សាសនា ដល់​អ្នកជំងឺ​COVID-19

    រដ្ឋ​នៅ​ឥណ្ឌា ផ្ដល់​ឱសថ​បុរាណ​របស់​អាចារ្យ​សាសនា ដល់​អ្នកជំងឺ​COVID-19

    ក្រុមប្រឹក្សាភិបាល​នៃ​រដ្ឋ Haryana សម្រេច​ផ្ដល់​ឱសថ​បុរាណ​របស់លោក​អាចារ្យ​ម្នាក់ ជូន​ដល់​អ្នកជំងឺ​Covid-19 ប៉ុន្តែ ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត ប្រតិកម្ម​ជំទាស់​យ៉ាងខ្លាំង​ក្លា។

    រដ្ឋ Haryana នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈបក្ស Bharatiya Janata របស់​នាយករដ្ឋមន្ត្រី Narendra Modi ក្នុង​សប្ដាហ៍​នេះ បានប្រកាសថា នឹង​ចែក​ឱសថ​បុរាណ Coronil ដល់​អ្នកជំងឺ​Covid-19។ ឱសថ​នេះ ត្រូវបាន​ក្រុមហ៊ុន Patanjali Ayurved របស់​អាចារ្យ Baba Ramdev ឧទ្ទេសនាម​កាលពី​ឆ្នាំទៅ និង​ត្រូវបាន​ឃោសនា​យ៉ាង​គគ្រឹកគគ្រេង​ថា​ជា «ឱសថ​ព្យាបាល​ជំងឺ​Covid-19»។

    ក្រោយមក អាជ្ញាធរ​បានប្រកាសថា Ramdev ដែលជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ខាងលើ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឃោសនា​ថា​ជា ថ្នាំ​ព្យាបាល​ជំងឺ​នោះទេ តែ​អាច​ឃោសនា​ថា​ជា ថ្នាំ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប៉ុណ្ណោះ។

    សេចក្ដីសម្រេច​ចែក​ថ្នាំ Coronil របស់​រដ្ឋ Haryana នេះ បាន​ជួបនឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​ឥណ្ឌា។ ពួកគេ​ក៏បាន​រិះគន់ Ramdev ផងដែរ ព្រោះតែ​អាចារ្យ​រូបនេះ ធ្លាប់បាន​ប្រកាសថា វេជ្ជសាស្ត្រ​ទំនើប បណ្ដាលឱ្យ​ជនជាតិ​ឥណ្ឌា​ជាច្រើន​ត្រូវស្លាប់​ដោយសារ Covid-19។

    «បើសិនជា​អាជ្ញាធរ Haryana សម្រេច​ចែក​ថ្នាំ​នេះ​ពិតមែន នោះ​នឹង​ជា​បរាជ័យ​របស់​ពួកគេ» នេះ​បើតាម​សម្ដី​របស់ Ajay Khanna ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា (IMA) ប្រចាំ​រដ្ឋ Uttarakhand ដែល​បាន​ព្រមាន​កាលពី​ថ្ងៃទី26 ខែឧសភា។

    Uttarakhand គឺជា​ទី​ដែល​ក្រុមហ៊ុន Patanjali របស់​អាចារ្យ Ramdev តាំងនៅ។ Khanna យល់ថា ពុំមាន​មូលដ្ឋាន​ផ្នែក​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់​អំពី​ការប្រើប្រាស់​ថ្នាំ Coronil នៅក្នុង​ការព្យាបាល​ជំងឺ​Covid-19 នោះឡើយ។ IMA ក៏បាន​ដាក់ពាក្យ​បណ្ដឹង ប្រឆាំងនឹង​អាចារ្យ Ramdev ផងដែរ ព្រោះតែ​បុគ្គល​នេះ​បានប្រកាសថា ការព្យាបាល Covid-19 ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ បាន​បណ្ដាលឱ្យ​អ្នកជំងឺ​Covid-19 រាប់ពាន់នាក់​ត្រូវស្លាប់។

    គិត​មកដល់​ថ្ងៃទី27 ខែឧសភា​នេះ ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 169,097,775នាក់ ក្នុងនោះ​មាន 3,512,593នាក់​បាន​ស្លាប់, 7150,734,575 បានជា​សះស្បើយ និង 14,850,607នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី27 ខែឧសភា ឆ្នាំ2021

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី27 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ (27 ឧសភា) បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 649​នាក់​បន្ថែមទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប ចំនួន 27,638​នាក់។ ព័ត៌មាន​បន្ថែម សូម​អានរ​វាយ​ការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 169,093,368 ​នាក់ ក្នុងនោះ​មាន 3,512,497​​នាក់​បាន​ស្លាប់, 150,722,266​​នាក់​បានជា​សះស្បើយ និង 14,858,605​នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • បាញ់រះ​ដោយ​កាំភ្លើង​ លើ​មនុស្ស 80នាក់ ក្នុង​ចំណត​រថភ្លើង​មួយ នៅ សហរដ្ឋ​អាមេរិក! 9នាក់​បាន​ស្លាប់

    បាញ់រះ​ដោយ​កាំភ្លើង​ លើ​មនុស្ស 80នាក់ ក្នុង​ចំណត​រថភ្លើង​មួយ នៅ សហរដ្ឋ​អាមេរិក! 9នាក់​បាន​ស្លាប់

    សហរដ្ឋអាមេរិក៖ បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ម្នាក់ បាន​យក​កាំភ្លើង​បាញ់រះ សម្លាប់​មិត្ត​រួម​ការងារ​ចំនួន 8នាក់ មុនពេល​ធ្វើអត្តឃាត នៅឯ​ចំណត​រថភ្លើង​មួយកន្លែង​ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី26 ខែឧសភា 2021។

    ក្រុមមន្ត្រី​សហរដ្ឋអាមេរិក នៅ​មូលដ្ឋាន បានឱ្យដឹងថា ករណី​បាញ់រះ​នេះ​កើតឡើង​នៅវេលា​ម៉ោង 6និង30នាទី នៃ​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021 (ម៉ោង​នៅ​ភ្នំពេញ) នៅក្នុង​កិច្ចប្រជុំ​មួយ​ដែលមាន​វត្តមាន​មនុស្ស​យ៉ាងតិច 80នាក់។ ជនរងគ្រោះ 8នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់ និង​ម្នាក់​រួចផុត​ពី​ការស្លាប់​ក្នុងស្ថានភាព​អាច​គ្រោះថ្នាក់​ដល់​ជីវិត សុទ្ធតែជា​បុគ្គលិក​របស់​ស្ថាប័ន​ដឹកជញ្ជូន​មួយ ដែលមាន​ទីតាំង​នៅក្បែរ​ព្រលានយន្តហោះ​នៃ​ទីក្រុង San Jose ភាគខាងត្បូង​ទីក្រុង San Francisco នៃ​រដ្ឋ California។

    «ក្រៅពីនេះ ហេតុការណ៍​ក៏មាន​ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​រងរបួស​ផងដែរ។ ភ្លាមៗនៅពេល​ករណី​បាញ់រះ​កំពុង​កើតឡើង ក្រុមប៉ូលិស​ក៏បាន​ទៅដល់​កន្លែងកើតហេតុ» នេះ​បើតាម Russell Davis ស្នងការរង​ប៉ូលិស​ប្រចាំ​តំបន់ Santa Clara។

    ទីតាំងកើត​ហេតុ

    Laurie Smith ស្នងការ​ប៉ូលិស​តំបន់ Santa Clara និយាយថា «ខ្ញុំ​ជឿជាក់ថា នៅពេល​ដឹងថា កម្លាំង​ប៉ូលិស​បាន​ទៅដល់ ជន​នោះ​ក៏បាន​ធ្វើអត្តឃាត។ កងកម្លាំង​របស់​យើង បាន​ទៅដល់​កន្លែងកើតហេតុភ្លាម»។

    ក្រុម​ដោះ​គ្រាប់បែក ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ក្នុងនោះ សុនក​ជំនាញ បាន​រកឃើញ «វត្ថុ​ធាតុ​នៃ​គ្រឿងផ្ទុះ​មួយចំនួន​នៅក្នុង​កន្លែងកើតហេតុ» និង​កំពុង​បន្ត​ស្វែងរក​នៅ​បរិវេណ​ជុំវិញ​ចំណត​រថភ្លើង កាលពី​ល្ងាច​ថ្ងៃទី26 ខែឧសភា។

    ជនដៃដល់​ត្រូវបាន​គេ​ដឹងថា ឈ្មោះ Samuel Cassidy ជា​បុគ្គលិក​នៅ​ស្ថាប័ន​ដឹកជញ្ជូន​ក្នុង​តំបន់ Santa Clara ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​រថយន្ត​ដឹក​អ្នកដំណើរ និង​រថភ្លើង​សម្រាប់​តំបន់ San Jose។

    Laurie Smith ស្នងការប៉ូលិសតំបន់ Santa Clara

    ករណី​ខាងលើនេះ ក៏មាន​វត្តមាន​របស់​ក្រុមប៉ូលិស FBI និង​ក្រុមហ៊ុន​ពន្លត់​អគ្គិភ័យ​ផងដែរ។ ប៉ូលិស​ក៏​ស៊ើបអង្កេត​លើ​ករណី​អគ្គិភ័យ​មួយ​ដែល​ត្រូវបាន​គេ​ជឿថា ជាប់​ទាក់ទិន​នឹង​ជនដៃដល់​ក្នុងករណី​បាញ់រះ​នេះ។

    ថ្មីៗនេះ អំពើ​បាញ់ប្រហារ​នៅ​សហរដ្ឋអាមេរិក បាន និង​កំពុង​កើតមាន​ជា​បន្តបន្ទាប់។ ករណី​ជាច្រើន​បានកើត​ឡើង​នៅ​ឯក​រិ​យា​ល័យ​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx នៅ​តំបន់ Indianapolis, អគារ​ក​រិ​យា​ល័យ​មួយ​នៅ California, ហាង​ទំនិញ​មួយ​នៅ Colorado និង​ហាង​ម៉ាស្សា​មួយចំនួន​នៅ Atlanta។

    កាលពី​ខែ​មុន ប្រធានាធិបតី​អាមេរិក បាន​ហៅ​អំពើ​បាញ់ប្រហារ​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក ថា​ជា «ជំងឺឆ្លង» និង​ជា «អំពើ​គួរឱ្យ​អៀនខ្មាស​នៅ​ចំពោះមុខ​ពិភពលោក»។ កាលពី​ឆ្នាំ2020 ករណី​បាញ់ប្រហារ​ដោយ​កាំភ្លើង​នានា​នៅ​សហរដ្ឋ​អាមេរិក បានសម្លាប់​មនុស្ស​ជាង 43,000នាក់៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង COVID-19! ពលរដ្ឋ​​ពេញ​វ័យ​​ចំនួន​​ពាក់កណ្ដាល​នៅ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចរាល់

    វ៉ាក់សាំង COVID-19! ពលរដ្ឋ​​ពេញ​វ័យ​​ចំនួន​​ពាក់កណ្ដាល​នៅ​​សហរដ្ឋ​អាមេរិក​ បាន​ចាក់​វ៉ាក់សាំង​រួចរាល់

    សេត​វិមាន​បានប្រកាសថា ប្រជាជន​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក​ចំនួន​ពាក់កណ្ដាល បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 រួចរាល់​ហើយ ដែល​នេះ​គឺជា​របត់​សំខាន់​ថ្មី​នៅក្នុង​ការប្រយុទ្ធប្រឆាំង Covid-19 របស់​ប្រទេស​នេះ។

    ព័ត៌មាន​ខាងលើនេះ ត្រូវបាន​លើកឡើង​កាលពី​ថ្ងៃទី25 ខែឧសភា ឆ្នាំ2021 នៅលើ Twitter របស់ Cyrus Shahpar នាយក​ផ្នែក​ទិន្នន័យ Covid-19 របស់​សេត​វិមាន។ ដូច្នេះ ពលរដ្ឋ​ពេញវ័យ​ចំនួន 50% នៅ​សហរដ្ឋ អាមេរិក បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 ដូ​ស​ទី​ពីរ​របស់ Moderna និង Pfizer-BioNTech ឬ មួយ​ដូ​សរ​បស់ Johnson & Johnson (វ៉ាក់សាំង Johnson & Johnson តម្រូវឱ្យ​ចាក់​តែមួយ​ដូ​សគឺ​រួចរាល់)។

    សហរដ្ឋអាមេរិក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ចំនួន 33,947,189នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 605,208នាក់, អ្នកជា​សះស្បើយ​ចំនួន 27,606,442នាក់ ខណៈ​អ្នកជំងឺ​កំពុង​ព្យាបាល មាន​ចំនួន 5,735,539នាក់។

    បើ​ទោះ​បាន​ក្លាយជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក ប៉ុន្តែ បច្ចុប្បន្ន សហរដ្ឋអាមេរិក កំពុង​នាំមុខគេ​នៅក្នុង​ការចាក់​វ៉ាក់សាំង ជាមួយនឹង​ពលរដ្ឋ ចំនួន 50% ក្នុងចំណោម​ពលរដ្ឋ​សរុប​ជាង 332 លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស។

    ប្រធានាធិបតី Joe Biden បានកំណត់​គោលដៅ ចាក់​វ៉ាក់សាំង​យ៉ាងតិច​មួយ​ដូ​ស ជូន​ពលរដ្ឋ​ពេញវ័យ​ឱ្យបាន 70% ត្រឹម​ថ្ងៃទី4 ខែកក្កដា ឆ្នាំ2021។ បច្ចុប្បន្ន តួលេខ​នេះ បាន​កើន​ដល់​ជិត 62% ទៅហើយ។ ក៏ប៉ុន្តែ យុទ្ធនា​ការចាក់​វ៉ាក់សាំង កំពុង​ជួប​ឧបសគ្គ ដោយសារតែ​ពលរដ្ឋ​ខ្លះ មានការ​រារែក​ក្នុងការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង។

    «ស្ថានភាព​សុខភាព​របស់​សហគម​ន៍​នានា ត្រូវបាន​កែលម្អ ដែល​នេះ បានផ្ដល់​ថាមពល​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ឱ្យ​ងើបក្បាលឡើង​បាន 90% បើ​ធៀប​នឹង​ដំណាក់កាល​មុន​វិបត្តិ Covid-19» នេះ​បើតាម​ក្រុមហ៊ុន Moody’s Analytics។ ស្ថាន​ភាពខ្វះ​កម្លាំង​ពលកម្ម​នៅ​តំបន់​មួយចំនួន​គឺជា​ភស្ដុតាង​បង្ហាញ​ពី​ល្បឿន​នៃ​ការរីកចម្រើន​របស់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ហើយក៏​ជាស​ញ្ញា​មួយ​បង្ហាញថា អត្រា​ខ្វះ​ការងារ​ធ្វើ​នឹងត្រូវ​ថយចុះ​ក្នុងពេលឆាប់ៗនេះ។

    ខណៈ​នេះដែរ នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​​Covid-19 សរុប​ចំ​នួន​ 168,535,322​​​នាក់ ក្នុងនោះ​មាន 3,500,047នាក់​បាន​ស្លាប់, 150,077,015នាក់​បានជា​សះស្បើយ និង 14,958,260នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ Worldometers, AFP, Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាព​ជំងឺ COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី26 ខែ​ឧសភា ឆ្នាំ​2021

    ស្ថានភាព​ជំងឺ COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី26 ខែ​ឧសភា ឆ្នាំ​2021

    អ្នកជំងឺ Covid-19 ថ្មី ចំនួន 660នាក់ ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ (25 ឧសភា) នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​នេះ​សរុប ឡើងដល់ 26,989នាក់។

    កាលពី​ម្សិលមិញ កម្ពុជា ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 7នាក់ បាន​បាត់​បង់ជីវិត ដូច្នេះ អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​នេះ ក៏បាន​កើន​ដល់ 190នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​ស​ង្កេ​បរ​បស់​ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 168,528,040នាក់ ក្នុងនោះ​មាន 3,499,712នាក់​បាន​ស្លាប់, 150,052,550នាក់​បានជា​សះស្បើយ និង 14,975,778នាក់ កំពុង​ទទួល​ការព្យាបាល៕ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់​៖ បុត្រា

  • (វីដេអូ)-ទាហានសហរដ្ឋអាមេរិក ​មាន​​បំពាក់​កែវ​យឹត​ពិសេស «មើល​ពេល​យប់​ ឃើញ​ដូច​ពេល​ថ្ងៃ»

    (វីដេអូ)-ទាហានសហរដ្ឋអាមេរិក ​មាន​​បំពាក់​កែវ​យឹត​ពិសេស «មើល​ពេល​យប់​ ឃើញ​ដូច​ពេល​ថ្ងៃ»

    ទាហាន​សហរដ្ឋអាមេរិក ប្រើប្រាស់​កែវយឹត​រាត្រី ENVG-B បង្ហាញ​វត្ថុ​នានា​ដែល​ស្ថិតក្នុង​ទី​ងងឹត ឱ្យមើល​ឃើញច្បាស់ ជាមួយនឹង​ខ្សែ​រស្មី​ព័ទ្ធជុំវិញ​រូបភាព យ៉ាង​លម្អិត ប្រៀប​ដូច​នៅក្នុង​ហ្គេម​អេឡិចត្រូនិក។

    សារព័ត៌​អាមេរិក កាលពី​ថ្ងៃទី24 ខែឧសភា ឆ្នាំ 2021 បាន​ចុះផ្សាយ​វីដេអូ ដែលមាន​ប្រភពពី​កងទ័ព បង្ហាញ​ពី​ក្រុម​ទាហាន​ប្រទេស​នេះ ប្រើប្រាស់​កែវយឹត​សម្រាប់​មើល​ពេលយប់​ជំនា​ក់​ថ្មី ដែលមាន​ឈ្មោះថា ENVG-B។ តាមរយៈ ENVG-B គេ​អាច​មើលឃើញ​រូបភាព​ក្នុង​ស្បៃ​រាត្រី បាន​យ៉ាងច្បាស់ ដោយមាន​ជំនួយ​ពី​ខ្សែ​ពន្លឺ​ដ៏​ភ្លឺ ដែលជា​ស៊ុម​ព័ទ្ធជុំវិញ​រូបភាព នៅលើ​ផ្ទៃ​ទិដ្ឋភាព​ពណ៌​ក្រហម-ប្រផេះ។

    នៅក្នុង​វីដេអូ​នេះ ក្រុម​ទាហាន​អាមេរិក និង​ទិដ្ឋភាព​នានា ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់ ដោយ​កែវយឹត ENVG-B បើទោះជា​ពួកគេ​កំពុង​បញ្ចូល​គ្រាប់កាំភ្លើង​ធំ M777 នៅក្នុង​ទី​ងងឹត។ គ្រាប់កាំភ្លើង​ដែល​បាន​បាញ់​ចេញ ត្រូវបាន​មើលឃើញ​ច្បាស់ ដោយ​វា​បង្ហាញ​ពន្លឺ​ពណ៌​ខៀវ-ប្រផេះ។

    ក្រុមមន្ត្រី​ការពារជាតិ បានឱ្យដឹងថា ENVG-B គឺជា​ផលិតផល​នៃ​កម្មវិធី​ទំនើបកម្ម​សព្វាវុធ ដែល​ត្រូវបាន​អភិវឌ្ឍ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ក្រុមហ៊ុន Elbit Systems of America។ ENVG-B អាច​ត្រូវបាន​បំពាក់​លើ​មួកសុវត្ថិភាព​របស់​ទា​ហាន។

    ENVG-B គឺជា​កំណែ​ថ្មី​នៃ​កែវយឹត​រាត្រី​ជំនា​ក់​មុន​របស់​កងទ័ព​អាមេរិក ដោយ​វា​ត្រូវបាន​បំពាក់​ប្រព័ន្ធ​ស្កេ​ន​កំដៅ​រូបភាព (Thermal imaging systems) និង​ប្រព័ន្ធ​បង្កើន​ភាពជាក់ស្ដែង (Augmented reality) ដែល​ច្នៃ​ឡើង​ដោយ​ប្រើប្រាស់​មូលដ្ឋាន​នៃ​បច្ចេកវិទ្យា​នៅលើ​ទូរស័ព្ទ និង​ម៉ាស៊ីន​លេង​ហ្គេម។

    កន្លងមក កែវយឹត​រាត្រី​បុរាណ​របស់​កងទ័ព​អាមេរិក បង្ហាញ​រូបភាព​នៅលើ​ផ្ទៃ​ពណ៌​បៃតង ដែល​នេះ​អាចធ្វើឱ្យ​ចុក​រោយ​ភ្នែក និង​អស់កម្លាំង បើសិន​ប្រើប្រាស់​យូរ។ ចំណែក ENVG-B ផ្ដល់​រូបភាព​ច្បាស់​ជាង និង​ជួយ​ឱ្យ​ទាហាន​មាន​ភាពងាយស្រួល​ក្នុងការ​មើលឃើញ​សត្រូវ​នៅ​ខាងក្រោយ​ផ្សែង និង​ក្នុងស្ថានភាព​អាកាសធាតុ​មិនល្អ។

    ENVG-B ថែមទាំង​មាន​មុខងារ​បង្ហាញ​ផែនទី ប្រព័ន្ធ​នាំ​ផ្លូវ និង​តំណ​ភ្ជាប់​ឥត​ខ្សែ ជួយ​ឱ្យ​ក្រុម​ទាហាន ងាយស្រួល​ចែករំលែក​ទីតាំង​របស់​សត្រូវ​ដែល​ពួកគេ​បានឃើញ។

    «ជាមួយនឹង​កំណែ​មុន​របស់ ENVG-B អ្នក​ស្ទើរតែ​មិនអាច​មើលឃើញ​អ្វី នៅពេល​មាន​គ្រាប់បែក​ផ្ទុះ ឬ​មាន​ពន្លឺ​ដ៏​ខ្លាំង​អ្វីមួយ​បង្ហាញខ្លួន។ ចំណែក ENVG-B វិញ មាន​បំពាក់​ប្រព័ន្ធ​លៃ​ពន្លឺ ដូច្នេះ អ្នក​អាច​ប្រើ​វា​បាន​ក្នុងពេល​មាន​ពន្លឺ​ខ្លាំង​កំពុង​ជះ​មក» នេះ​បើតាម Daniel Mathews មន្ត្រី​យោធា​មួយរូប ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​របស់​កងពល​តូច​ថ្មើរជើង​លេខ2 នៃ​កងពលធំ​ថ្មើរជើង​លេខ2 របស់​កងទ័ពជើងគោក​សហរដ្ឋអាមេរិក។

    ក្រុមហ៊ុន Elbit បាន​ចុះ​កិច្ចព្រមព្រៀង ផ្គត់ផ្គង់​កែវយឹត​រាត្រី ENVG-B ដែលមាន​តម្លៃ​សរុប 442លាន​ដុល្លារ ទៅឱ្យ​កងទ័ព​សហរដ្ឋអាមេរិក និង​បាន​ផ្ដើម​ប្រគល់​ផលិតផល ចាប់ពី​ឆ្នាំ2020៕

    ប្រភព៖ Washington Post
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19! ជិត 200នាក់​លោត​ចូល​ទន្លេ​ដើម្បី​គេច​ពី​វ៉ាក់សាំង៖ ឥណ្ឌា​ព​ន្លឿ​ន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស

    COVID-19! ជិត 200នាក់​លោត​ចូល​ទន្លេ​ដើម្បី​គេច​ពី​វ៉ាក់សាំង៖ ឥណ្ឌា​ព​ន្លឿ​ន​ការយល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស

    ពលរដ្ឋ​ជិត 200នាក់ នៅក្នុង​រដ្ឋ Uttar Pradesh នៃ​ប្រទេស​​ ឥណ្ឌា បាននាំគ្នា​រត់​ពួន ក្នុងនោះ​មាន​អ្នកខ្លះ​លោត​ចូល​ទឹកទន្លេ នៅពេល​ក្រុមមន្ត្រី​សុខាភិបាល​មកចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

    ដើម្បី​អាច​គ្រប់គ្រង​បញ្ហា​ឆ្លង Covid-19 អាជ្ញាធរ​រដ្ឋ​ឥណ្ឌា បាន​អំពាវនាវ​ជា​បន្តបន្ទាប់ ឱ្យ​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ចាប់ពី​ថ្ងៃទី1 ខែឧសភា ឆ្នាំ2021។

    ប៉ុន្តែ យោងតាម​សារព័ត៌មាន Sputnik កាលពី​ចុង​សប្ដាហ៍​កន្លង នៅក្នុង​ភូមិ Sisaunda (រដ្ឋ Uttar Pradesh) មាន​ហេតុការណ៍​ដ៏​ធំ​មួយ​បាន​កើតឡើង នៅពេល​ប្រជាជន​ជិត 200នាក់ បាន​រត់​ចេញពី​ផ្ទះសម្បែង ហើយ​មាន​អ្នកខ្លះ​ថែមទាំង​លោត​ចូល​ទឹកទន្លេ​ទៀតផង នៅពេល​ក្រុម​បុគ្គលិក​សុខាភិបាល​មកចាក់​វ៉ាក់សាំង។ មូលហេតុ​ដែល​ត្រូវបាន​ពលរដ្ឋ​ទាំងនោះ​លើកឡើង នោះ​គឺថា ពួកគេ​មិន​ចង់​ត្រូវគេ​ចាក់ «សារធាតុពុល» ចូលក្នុង​ខ្លួន ដែល​នេះ​គឺ​សំដៅលើ​វ៉ាក់សាំង​បង្ការ Covid-19។

    ក្រុម​ប្រជាពលរដ្ឋនៅក្នុង​ភូមិ Sisaunda បានស្នើ​ឱ្យ​ក្រុម​បុគ្គលិក​សុខាភិបាល ចាក​ចេញពី​ភូមិ​របស់​ពួកគេ។ ក្រុម​បុគ្គលិក​សុខាភិបាល បាននាំគ្នា​ពន្យល់ ណែនាំ និង​បញ្ចុះបញ្ចូល ប៉ុន្តែ​ប្រការនេះ​បានធ្វើ​ឱ្យមាន​បញ្ហា​ច្របូកច្របល់។ ពលរដ្ឋ​ជាច្រើន​នាំគ្នា​រត់គេច និង​លោត​ចូល​ទន្លេ Sarayu ដែល​នៅក្បែរ​ភូមិ ក្នុង​បំណង​គេច​ពី​ការចាក់​វ៉ាក់សាំង។

    ភូមិ Sisaunda នៃ​ទីរួមស្រុក Ramngar ក្នុងស្រុក Sisaunda បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ 1,700នាក់ ដែល​ភាគច្រើន​មិនចេះ​អក្សរ។ ពួកគេ​មានការ​សង្ស័យ​លើ​ការចាក់​វ៉ាក់សាំង។ មន្ត្រី​មួយរូប​ប្រចាំ​តំបន់ Ramnagar បាន​ប្រាប់​ទី​ភ្នាក់​ងារ​​សារព័ត៌មាន Sputnik កាលពី​ថ្ងៃទី24 ខែឧសភា​ថា៖ «យើង​មិនអាច​ចាប់ខ្លួន ឬ​ឃុំខ្លួន​ពួកគេ ព្រោះតែ​ការខ្លាច​វ៉ាក់សាំង។ យើង​នឹង​បង្កើន​ការអប់រំ ដើម្បីឱ្យ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការចាក់​វ៉ាក់សាំង»។

    បច្ចុប្បន្ន ឥណ្ឌា​ មាន​អ្នក​ស្លាប់​​ជាង​ 307,240​នាក់​ ដោយ​សារ​ Covid-19

    Gulshan Kumar ដែលជា​និស្សិត​មួយរូប​កំពុង​សិក្សា​ផ្នែក​ចក្ខុវិញ្ញាណ​នៅ Ramnagar និយាយថា ក្នុងភូមិ​ខាងលើ មិនទាន់មាន​ករណី​ឆ្លង Covid-19 ណាមួយ​នៅឡើយ។ «ពលរដ្ឋ​យល់ថា មានតែ​អ្នក​បាន​ឆ្លង​វីរុស​ប៉ុណ្ណោះ ទើប​គួរ​ត្រូវ​ចាក់​វ៉ាក់សាំង។ អ្នកភូមិ​មិន​យល់​សោះ​ថា ហេតុអ្វី​បុគ្គល​មិន​ឆ្លង​ក៏ត្រូវ​ចាក់​វ៉ាក់សាំង»។

    ទន្ទឹមនឹងនេះ ព័ត៌មាន​ដែល​និយាយ​ពី​មាត់​មួយ ទៅ​មាត់​មួយ នៅក្នុង​ភូមិ​គឺ​វា «លឿន​ជាង​ល្បឿន​ពន្លឺ​ទៅទៀត»។ និស្សិត​វ័យ 22ឆ្នាំ​រូបនេះ​ពន្យល់ថា៖ «នៅក្នុង​ភូមិ និង​ទីរួមស្រុក​ដែល​នៅក្បែរ​ខាង មាន​ករណី​ឆ្លង​វីរុស​ក្រោយពេល​បាន​ចាក់​វ៉ាក់សាំង ហើយ​ជាង​នេះ​ក៏មាន​ករណី​ស្លាប់​ជា​ហូរហែ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង Covid-19។ ពលរដ្ឋ​បាន​យក​ដំណឹង​នេះ និយាយប្រាប់តៗគ្នា ធ្វើឱ្យ​កើតមាន​បញ្ហា «ក្បែ​កមួយ​ជា​ក្អែ​កដប់» ដែល​នេះ​គឺជា​មូលហេតុ​នាំឱ្យ​ប្រជាជន​ក្នុងភូមិ​ខ្លាច​វ៉ាក់សាំង​ដល់​ថ្នាក់​នេះ»។

    នៅពេល​ឃើញ​ប្រជាជន​នាំគ្នា​លោត​ចូល​ទឹកទន្លេ ដោយសារតែ​ខ្លាច​វ៉ាក់សាំង Rajiv Kumar Shukla ដែលជា​មន្ត្រី​មួយរូប​នៅ​តំបន់ Ramnagar ក៏បាន​ទៅដល់​មាត់ទន្លេ និង​ពន្យល់ លើកទឹកចិត្ត។ ក្រោយមក ក៏មាន​ពលរដ្ឋ​ចំនួន 18នាក់ បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ​ទទួលយក​ការចាក់​វ៉ាក់សាំង។

    យោងតាម​ក្រសួងសុខាភិបាល​ឥណ្ឌា ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី24 ខែឧសភា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​​Covid-19 ជាង 222,000នាក់​ទៀត នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប មកដល់​ថ្ងៃទី25 ខែឧសភា​នេះ ​បាន​កើនឡើង​ដល់​ជាង 26.9លាន​នាក់ ក្នុងនោះ​មាន 307,249នាក់​បាន​ស្លាប់, 24,054,861 នាក់ បានជា​សះស្បើយ និង 2,586,764នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ Sputnik
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព​ជំងឺ​COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ ​គិត​ត្រឹម​​ថ្ងៃទី25 ខែឧសភា ឆ្នាំ​2021

    ស្ថានភាព​ជំងឺ​COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ ​គិត​ត្រឹម​​ថ្ងៃទី25 ខែឧសភា ឆ្នាំ​2021

    អ្នក​បាន​ឆ្លង​វីរុស​Covid-19 នៅ កម្ពុជា បច្ចុប្បន្ន បាន​កើន​ដល់ 26,329​នាក់ ក្រោយ​ការរកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 568​នាក់ កាលពី​ថ្ងៃទី​24 ខែឧសភា កន្លងទៅ។

    កាលពី​ម្សិលមិញ កម្ពុជា ក៏មាន​អ្នកជំងឺ​ចំនួន 4នាក់ បាន​បាត់​បង់ជីវិត​ដោយសារ Covid-19 ផងដែរ ដែល​នេះ​នាំឱ្យ​តួលេខ​អ្នកស្លាប់​សរុប ឡើងដល់ 183នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំ​នួ 167,988,054​នាក់ ក្នុងនោះ​មាន 3,487,062នាក់​បាន​ស្លាប់, 149,309,514នាក់​បានជា​សះស្បើយ និង 15,505,463នាក់ កំពុង​ទទួល​ការព្យាបាល៕ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • រថភ្លើង​ល្បឿន​លឿន​ពីរ​គ្រឿង ប៉ះគ្នា​នៅ ម៉ាឡេស៊ី! ជាង 200នាក់ ត្រូវ​រងរបួស

    រថភ្លើង​ល្បឿន​លឿន​ពីរ​គ្រឿង ប៉ះគ្នា​នៅ ម៉ាឡេស៊ី! ជាង 200នាក់ ត្រូវ​រងរបួស

    អ្នកដំណើរ​នៅ​រាជធានី គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ាឡេស៊ី ជាង 200នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​ប៉ះគ្នា​រវាង​រថភ្លើង​ល្បឿន​លឿន​ស្វ័យប្រវត្ត (LRT) ពីរ​គ្រឿង ដែល​មួយគ្រឿង​មាន​ស្លាក​លេខ40 និង​មួយទៀត​លេខ81 នៅត្រង់ចំណុច​ផ្លូវ​រូង​ក្រោម​ដី កាលពី​យប់​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021។

    យោងតាម​ប្រភពព័ត៌មាន​ពី​ប្រទេស ម៉ាឡេស៊ី ករណីនេះ​បានកើត​ឡើង បន្ទាប់ពី​រថភ្លើង​លេខ40 ដែល​ដឹក​អ្នកដំណើរ​ពី​ចំណត Ampang បាន​ប៉ះទង្គិច​ជាមួយនឹង​រថភ្លើង​លេខ81 ដែល​មិនមាន​អ្នកដំណើរ បណ្ដាលឱ្យ​អ្នកដំណើរ​ទាំងអស់​នៅលើ​រថភ្លើង​លេខ40 ត្រូវ​ខ្ទាត​ចេញពី​កន្លែង​អង្គុយ ហើយ​មនុស្ស​ជាច្រើន​ក៏ត្រូវ​រងរបួស ក្នុងនោះ​មាន 47នាក់ រងរបួស​ធ្ងន់។ មុនពេល​ប៉ះគ្នា រថភ្លើង​ទាំងនេះ​ធ្វើដំណើរ​ក្នុង​ល្បឿន​យឺត ពោលគឺ​មួយគ្រឿង​មាន​ល្បឿន 20គម/ម៉ោង និង​មួយគ្រឿង​ទៀត​មាន​ល្បឿន 40គម/ម៉ោង។

    Azhar Ghazali ដែលជា​តំណាង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន LRT បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​ញាប់ដៃ-ញាប់ជើង ជួយ​សង្គ្រោះ​អ្នកដំណើរ​ក្នុង​ហេតុការណ៍​នេះ។ មូលហេតុ​នៃ​គ្រោះថ្នាក់ ត្រូវបាន​គេ​ជឿថា បណ្ដាលមកពី​ការភាន់ច្រឡំ​នៅក្នុង​ផ្នែក​ដោះស្រាយ​ព័ត៌មាន។

    មន្ត្រី​នៃ​ប្រទេស ម៉ាឡេស៊ី បាន​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រព័ន្ធ LRT ជួប​បញ្ហា​គ្រោះថ្នាក់​ដូច្នេះ ក្រោយ​ដំណើរការបាន 23ឆ្នាំ។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ស្នើឱ្យ​ក្រសួង​ដឹកជញ្ជូន ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​នេះ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យទាន់​ពេលវេលា៕

    ប្រភព​៖ Reuters, CNN
    ប្រែសម្រួល​៖ បុត្រា