Category: អន្តរជាតិ

  • ចិន អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ​គ្រប់​គូ អាច​យ​កកូន​បាន 3នាក់

    ចិន អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ​គ្រប់​គូ អាច​យ​កកូន​បាន 3នាក់

    រដ្ឋាភិបាល​ចិន អនុញ្ញាតឱ្យ​គូ​ស្វាមី-ភរិយា​គ្រប់​គូ អាចបង្កើត​កូន​បាន 3នាក់ ក្រោយពី​ការសិក្សា​ស្រាវជ្រាវ​លើ​ចំនួន​ប្រជាជន បាន​បង្ហាញថា ពលរដ្ឋ​ប្រទេស​នេះ ចាស់​យ៉ាង​ឆាប់រហ័ស។

    «ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ប្រជាជនមាន​វ័យ​ចំណាស់​កាន់តែច្រើន ប្ដី-ប្រពន្ធ​មួយគូ អាច​មានកូន​ចំនួន 3នាក់» នេះ​បើតាម​សេចក្ដីប្រកាស​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ របស់​ក្រសួង​នយោបាយ ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Xinhua។

    សេចក្ដីប្រកាស មាន​ឃ្លា​សរសេរថា៖ «គោលនយោបាយ​ស្ដីពី​ការបន្ត​ពូជ នឹង​ត្រូវបាន​កែលម្អ​ជាង​បច្ចុប្បន្ន។ គោលនយោបាយ​ដែល​អនុញ្ញាតឱ្យ​ប្ដី-ប្រពន្ធ 1គូ មានកូន 3នាក់ នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​រួម​ជាមួយនឹង​វិធានការ​គាំពារ​នានា។ ប្រការនេះ​នឹង​កែលម្អ​រចនាសម្ព័ន្ធ​ប្រជាជន​របស់​ប្រទេស​ចិន»។

    វិធានការផ្សេងៗដែល​ត្រូវបាន​ស្នើឡើង មានដូចជា ពន្យារពេល​លើ​អាយុ​ចូលនិវត្តន៍ ផ្ដោតទៅលើ​យុទ្ធនា​ការអប់រំ​លើ​តម្លៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ សម្រាប់​យុវវ័យ។ សេវាកម្ម​ថែទាំ​កុមារ ការឈប់​សម្រាក​ពី​ការងារ​ពេល​ឆ្លងទន្លេ និង​ធានារ៉ាប់រង​លើ​មាតុភាព ក៏​នឹង​ត្រូវបាន​កែលម្អ។

    ការសិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ខែ​នេះ បាន​បង្ហាញថា តួលេខ​នៃ​ការឆ្លង​ទន្លេ​ប្រចាំឆ្នាំ​របស់​ប្រទេស​ចិន បន្ត​ថយចុះ​ដល់​កម្រិត​ទាប​បំផុត បើទោះជា​មានការ​លើកទឹកចិត្ត​ឱ្យ​បង្កើត​កូនចៅ ពី​រដ្ឋាភិបាល​ក៏ដោយ។ វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​ចិន (NBS) បានឱ្យដឹងថា អ្នក​ម្ដាយ​នានា​នៅ​ប្រទេស​ចិន កាលពី​ឆ្នាំមុន បង្កើតកូន​បាន 12លាន​នាក់ ថយចុះ 18% បើ​ធៀប​នឹង​ឆ្នាំ2020 និង​បន្ត​ថយចុះ​ទាប​បំផុត​ក្នុងអំឡុង​ជិត 6ទសវត្សរ៍​មកនេះ។

    អត្រា​ចាប់កំណើត​របស់​ទារក​នៅ​ប្រទេស​ចិន គឺ​ស្មើនឹង 1.3នាក់/ស្ត្រី​ម្នាក់ ទាប​ជាង​អត្រា 2.1 ដែល​ចិន​ត្រូវការ​ចាំបាច់ ដើម្បី​ធានា​ឱ្យ​កំណើន​ប្រជាពលរដ្ឋ មាន​ស្ថិរភាព។

    ជិត 40ឆ្នាំ​មកនេះ ប្រទេស​ចិន បាន​អនុវត្ត «គោលនយោបាយ​កូន​មួយ» ដែលនាំឱ្យ​មានការ​រិះគន់​ច្រើន ព្រោះ​វា​ជាការ​កំណត់​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក ស្ដីពី​ផែនការ​គ្រួសារ។ ប្រទេស​នេះ បាន​លុបចោល​គោលនយោបាយ​កូន​មួយ ចាប់ពី​ឆ្នាំ2016 ដោយសារ​មានការ​ព្រួយបារម្ភ ខ្លាច​កម្លាំង​ពលកម្ម​ត្រូវ​ប្រឈម​នឹង​ភាព​ចាស់ជរា​ច្រើន ដែលនាំឱ្យ​សេដ្ឋកិច្ច​ជួប​បញ្ហា៕

    ប្រភព៖ AFP, SCMP
    ប្រែ​សម្រួល៖ បុត្រា

  • វីដេអូថ្មី​​ស្ដីពី​ UFO បង្ក​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង មុន​ថ្ងៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ប្រកាស​ឯកសារ​សម្ងាត់​ជា​ផ្លូវ​ការ​

    វីដេអូថ្មី​​ស្ដីពី​ UFO បង្ក​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង មុន​ថ្ងៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ប្រកាស​ឯកសារ​សម្ងាត់​ជា​ផ្លូវ​ការ​

    មន្ទីរ​បញ្ច​កោណ (Pentagon) ធ្វើការ​បញ្ជាក់​អំពី​ខ្លឹមសារ​វីដេអូ ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ឆ្នាំ2019 ក្នុងនោះ​បង្ហាញថា UFO (Unidentified flying object / វត្ថុ​ហោះ មិន​ស្គាល់​អត្តសញ្ញាណ) ចំនួន 14គ្រឿង បាន​ឡោមព័ទ្ធ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក។

    «ខ្ញុំ​អាច​បញ្ជាក់បាន​ថា វីដេអូ​នេះ ត្រូវបាន​ថត​ដោយ​ទាហានជើងទឹក។ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ស្រាវជ្រាវ​បាតុភូត​អាកាស (Unknown Airborne Phenomena Task Force/UAPTF) បាន​បញ្ចូល​រូបភាព​ទាំងនេះ​ទៅក្នុង​បញ្ជី​ស៊ើបអង្កេត។ យើង​មិនមាន​ព័ត៌មាន​បន្ថែម​អ្វី​ផ្សេង​ក្រៅពីនេះ» អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ និយាយ​កាលពី​ថ្ងៃទី29 ខែឧសភា ឆ្នាំ2021។

    ការលើកឡើង​ខាងលើ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី Jeremy Corbell ផលិតករ​ភាពយន្ត​ស៊ើបអង្កេត បានប្រកាស​បង្ហាញ​រូបភាព​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha ពេល​វា​កំពុង​ផ្លាស់​ទី​នៅលើ​លម្ហ​សមុទ្រ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2019។ «វីដេអូ ដែល​ត្រូវបាន​ថត​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ប្រយុទ្ធ​របស់ USS Omaha បង្ហាញថា រ៉ា​ដា រកឃើញ​ការប្រឈមមុខ​ដ៏​ធំ​មួយ ជាមួយនឹង UFO» Corbell និយាយ​ដូច្នេះ កាលពី​ថ្ងៃទី28 ខែឧសភា។

    នៅក្នុង​វីដេអូ​នោះ យ៉ាងហោចណាស់ មាន UFO ចំនួន 14គ្រឿង ផ្លាស់​ទី​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ឡោមព័ទ្ធ​នាវាចម្បាំង​សហរដ្ឋអាមេរិក។ ក្រុម​នាវិក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​រក​វិធី​កំណត់​ល្បឿន និង​ទិសដៅ​ហោះ​របស់​ពួកវា។ Corbell បានឱ្យដឹងថា UFO 1គ្រឿង ក្នុងចំណោម 14គ្រឿង បាន​ហោះចូល​ក្នុង​ទឹកសមុទ្រ ហើយ​នាវាមុជទឹក​ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​តាមរក​ដាន​របស់​វា ប៉ុន្តែ​មិនអាច​រកឃើញ។

    នេះ​គឺជា​វីដេអូ​ទី​ពីរ​ដែល​ត្រូវបាន Corbell ប្រកាស​បង្ហាញ នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ ផលិតករ​ភាពយន្ត​នេះ បានឱ្យដឹងថា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក បាន​ប្រឈមមុខ​នឹង UFO ជាង 100គ្រឿង នៅក្នុង​អំឡុង​ឆ្នាំ2019 ដោយ​យោងតាម​ទិន្នន័យ​ដែល​លោក​ប្រមូលបាន។

    សភា​អាមេរិក កាលពី​ខែមករា បានកំណត់​យក​ថ្ងៃទី1 ខែមិថុនា ជា​ថ្ងៃ​ដែល​អង្គភាព​ស៊ើបការណ៍​សម្ងាត់ និង​ក្រសួងការពារជាតិ ត្រូវ​ប្រកាស​ឯកសារ​ទាក់ទង​នឹង UFO និង​បាតុភូត​ដែល​មិនអាច​កំណត់​អត្តសញ្ញាណ​បាន។ ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា។

    ប្រភព RT
    ប្រែ​សម្រួល៖ បុត្រា

  • ចិន បាញ់បង្ហោះយានដឹកទំនិញ Tianzhou-2 ឡើងទៅកាន់ទីអវកាស ដោយជោគជ័យ

    ចិន បាញ់បង្ហោះយានដឹកទំនិញ Tianzhou-2 ឡើងទៅកាន់ទីអវកាស ដោយជោគជ័យ

    នៅវេលា​ម៉ោង 20និង55នាទី នៃ​ថ្ងៃទី29 ខែឧសភា (ម៉ោង 19និង55នាទី នៅ​កម្ពុជា) ប្រទេស​ចិន បាន​បាញ់​បង្ហោះ​យានអវកាស​ដឹកទំនិញ Tianzhou-2 ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី ដោយ​ជោគជ័យ។

    យោងតាម​ទីភ្នាក់ងារ​អវកាស​មាន​មនុស្ស​បើក​របស់​ប្រទេស​ចិន (China Manned Space Agency/CMSA) រ៉ុក្កែត Long March-7 ដែល​ដឹក​យានអវកាស Tianzhou-2 ត្រូវបាន​បាញ់​ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Wenchang ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​ខេត្ត Hainan។

    ស្ថានីយអវកាស​ចិន Tiangong

    Tianhe គឺជា​ម៉ូឌុល​កាប៊ីន​ស្នូល របស់​ស្ថានីយ​អវកាស​ដែលមាន​ទម្រង់​ជា​អក្សរ T និង​មាន​ឈ្មោះថា Tiangong ដែល​ប្រទេស​ចិន បានកំណត់​គោលដៅ​សាងសង់​ឱ្យបាន​សម្រេច​ជា​ស្ថាពរ នៅ​ចុងឆ្នាំ2022។ ការបាញ់​បង្ហោះ​យានអវកាស Tianzhou-2 គឺជា​លើក​ទី​ពីរ ក្នុងចំណោម 11លើក ដែល​ចិន​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​នាំយក​ម៉ូឌុល​ស្នូល​របស់​ស្ថានីយ​អវកាស យានអវកាស​មាន​មនុស្ស​បើក និង​យានអវកាស​ដឹកទំនិញ ឡើងទៅ​កាន់​ទី​អវកាស។

    តាម​គម្រោង ដល់​ឆ្នាំ2022 ចិន​នឹង​អាច​ចាប់ផ្ដើម​ដំណើរការ​ស្ថានីយ​អវកាស Tiangong នេះ។ ស្ថានីយ​នេះ​មាន​ទម្ងន់ 100តោន និង​មាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​អ្នក​អវកាស 3នាក់ ធ្វើការ​ក្នុង​រយៈពេល​យូរ។ Tiangong នឹង​គោចរ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ដែល​ស្ថិត​លើ​កម្ពស់​ចាប់ពី 340-450គីឡូម៉ែត្រ ពី​ផ្ទៃផែនដី។ នេះ​គឺជា​ស្ថានីយ​អវកាស​ដំបូង​របស់​ប្រទេស​ចិន ដែល​ធ្វើ​សកម្មភាព​យូរអង្វែង​លើ​គន្លង​គោចរ​ភូមិសាស្ត្រ (Geostationary orbit)៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង COVID-19 របស់​ចិន មាន​ផលប៉ះពាល់​តិច និង​មិនទាន់មាន​ករណី​ស្លាប់

    វ៉ាក់សាំង COVID-19 របស់​ចិន មាន​ផលប៉ះពាល់​តិច និង​មិនទាន់មាន​ករណី​ស្លាប់

    ក្រុម​ហ៊ុន​ Sinopharm ប្រកាស​លទ្ធផល​នៃ​ការសាកល្បង​ប្រើប្រាស់​ដំណាក់កាល​ទី​បី ក្រោយពី​វ៉ាក់សាំង Covid-19 ចំនួន 200លាន​ដូ​ស របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ ត្រូវបាន​ចាក់​នៅ​ជុំវិញ​ពិភពលោក។

    យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី26 ខែឧសភា នៅលើ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Sinopharm ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង មាន​ប្រសិទ្ធភាព 78.1%។ វ៉ាក់សាំង Covid-19 របស់ Sinopharm មុន​នោះ ក៏​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ​ដែរ។

    ចំណែក​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់ Sinopharm ផលិត​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ ​មាន​ប្រសិទ្ធភាព 72.8%។ វ៉ាក់សាំង​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ស្នើ WHO ផ្ដល់​សិទ្ធ​ឱ្យធ្វើ​ចរាចរណ៍​បន្ទាន់ និង​ត្រូវ​បានអនុម័ត​ដោយមាន​លក្ខខណ្ឌ​អម​នៅ​ប្រទេស​ចិន។

    លទ្ធផល​ដែល​ទទួលបាន​ពី​ការសាកល្បង​ប្រើប្រាស់​លើក​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅលើ​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន 40,411នាក់ នៅ UAE និង​បា​រ៉ែ​ន ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ កាលពី​ឆ្នាំ2020។ អ្នកស្ម័គ្រចិត្ត ភាគច្រើន​មាន​សុខភាព​ល្អ និង​មាន​វ័យ​ចាប់ពី 18-59ឆ្នាំ ប៉ុន្តែ​ក៏មាន​ប្រហែល 600នាក់ មាន​អាយុ​លើសពី 60ឆ្នាំ​ផងដែរ។

    លទ្ធផល​ខាងលើ បាន​បង្ហាញថា អ្នក​ដែល​បាន​​ជួប​ផលប៉ះពាល់​មាន​ចំនួន 201ករណី ក្នុងនោះ​មាន 2ករណី​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត ទាក់ទិន​នឹង​វ៉ាក់សាំង​របស់​ Sinopharm ​ដែល​ផលិត​នៅ​ទីក្រុង​ប៉េកាំង។ នោះ​គឺ​បុរស​វ័យ 30ឆ្នាំ ដែល​ត្រូវបាន​ពិនិត្យឃើញថា អាច​ប៉ះពាល់​ដល់​សរសៃវិញ្ញាណ និង​ស្ត្រី​វ័យ 35ឆ្នាំ មាន​អាការ​ក្អួតចង្អោរ​ខ្លាំង និង​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    ទស្សនាវដ្ដី សមាគម​វេជ្ជសាស្ត្រ​អាមេរិក ក៏បាន​បញ្ជាក់ថា ការពិសោធ​ដំណាក់កាល​ទី​បី​របស់ Sinopharm ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ទៅលើ​ក្រុមមនុស្ស​ដែលមាន​វ័យ​នៅ​ក្មេង មិនអាច​បញ្ជាក់​អំពី​ប្រសិទ្ធភាព​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ ស្ត្រី និង​មនុ​ស្សវ័យ​ចំណាស់។

    យោងតាម​ទិន្នន័យ​កាលពី​ដើមខែ​នេះ វ៉ាក់សាំង Sinopharm ប្រមាណ 200លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន 42 លើ​ពិភពលោក ឈរ​ពីក្រោយ AstraZeneca, Pfizer-BioNTech និង Moderna។

    វ៉ាក់សាំង Sinopharm កន្លងមក ធ្លាប់​ធ្វើឱ្យមាន​ការសង្ស័យ​ច្រើន​ពី​សំណាក់​ក្រុម​អ្នកវិទ្យាសាស្ត្រ ដោយសារ​តែមាន​ទិន្នន័យ​តិចតួច​ស្ដីពី​ការពិសោធន៍​លើ​មនុស្ស​ដំណាក់​កាល​ចុងក្រោយ ដែល​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ចិន ក៏ដូចជា​ការ​បង្ហើប​ពី​ក្រុមហ៊ុន​នេះ៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • ពលរដ្ឋ​ឥណ្ឌា គោរពបូជា អាទិទេព CORONA ដើម្បី​ការ​ពារ​មនុស្ស​ពី​ COVID-19

    ពលរដ្ឋ​ឥណ្ឌា គោរពបូជា អាទិទេព CORONA ដើម្បី​ការ​ពារ​មនុស្ស​ពី​ COVID-19

    ឥណ្ឌា៖ សាសនិក​ហិណ្ឌូ​ជាច្រើន បាននាំគ្នា​មក​បួងសួង​ជា​រៀងរាល់ថ្ងៃ នៅ​វិហារ​មួយ​ដែល​ស្ថិតក្នុង​រដ្ឋ Tamil Nadu ជា​កន្លែង​ដែលមាន​រូបសំណាក​អាទិទេព​ថ្មី​មួយទៀត​របស់​ពួកគេ នោះ​គឺ Corona។

    ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានឱ្យដឹងថា រូបសំណាក​អាទិទេព​ Corona មួយ​អង្គ​ បានបង្ហាញ​ខ្លួន​នៅក្នុង​ទីក្រុង Coimbatore ក្នុង​គ្រា​ប្រទេស​ឥណ្ឌា​ជួប​បញ្ហាលំបាក​ខ្លាំង ដោយសារតែ​រលក​នៃ​ការវាយប្រហារ​លើក​ទី​ពីរ​របស់​វីរុស​Covid-19។

    វិហារ Kamatchipuri Adhinam ត្រូវបាន​បិទទ្វារ​ក្នុងពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង Coimbatore ប៉ុន្តែ អ្នក​កាន់សាសនា​ហិណ្ឌូ​ជាច្រើន នៅតែ​មកកាន់​ទីនេះ​ដើម្បី​បួងសួង​នៅ​ចំពោះមុខ​រូបសំណាក​អាទិទេព Corona។ នៅ​ខាង​មុខ​រូបសំណាក​អាទិទេព​ Corona ក៏​មាន​រូបសំណាក​វីរុស​Corona ចំនួន​ពីរ​ផងដែរ​ ក្នុង​នោះ​មាន​ មួយ​​ធ្វើ​អំពី​ថ្ម និង​មួយ​​ទៀត​ធ្វើ​អំពី​ឈើ​ក្រអូប។

    អាទិទេព​ Corona

    មូលហេតុ​ដែលនាំឱ្យ​សាសនិក​ហិណ្ឌូ គោរព​អាទិទេព Corona នេះ ត្រូវបាន​គេ​ជឿថា ដើម្បី​បួងសួង​សុំ​បញ្ចប់​មហា​រោគរាតត្បាត Covid-19 ឱ្យបាន​ឆាប់រហ័ស។

    គិត​មកដល់​ព្រឹក​ថ្ងៃទី29 ខែឧសភា ឥណ្ឌា បាន​រកឃើញ​អ្នក​ឆ្លង​វី​រូស​Covid-19 សរុប​ចំនួន 27,719,431នាក់ ក្នុងនោះ​មាន 322,384នាក់​បាន​ស្លាប់, 25,170,952នាក់ បានជា និង 2,226,095នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព​៖ AFP,
    ប្រែសម្រួល​៖ បុត្រា

  • ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និយាយថា “មាន​ភ័ស្ដុតាង​ស្ដីពី​ប្រភព​របស់ COVID-19”

    ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និយាយថា “មាន​ភ័ស្ដុតាង​ស្ដីពី​ប្រភព​របស់ COVID-19”

    មន្ត្រី​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បាន​រាយការណ៍​ប្រាប់ សេត​វិមាន ថា ពួកគេ​មាន​ភ័ស្ដុតាង​ជាច្រើន​ដែល​មិនទាន់​ត្រូវបាន​ត្រួតពិនិត្យ ទាក់ទិន​នឹង​ប្រភព​របស់​វីរុស​Covid-19 ហើយ​ថា នឹង​វិភាគ​ឱ្យបាន​ច្បាស់លាស់។

    សារព័ត៌មាន New York Times កាលពី​ថ្ងៃទី27 ខែឧសភា បាន​រាយការណ៍​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក គ្រោង​នឹងធ្វើ​ការវិភាគ​លើ​កុំព្យូទ័រ ដើម្បី​ស្វែងយល់​ឱ្យដឹងថា តើ​វីរុស​Covid-19 ពិតជា​ត្រូវបាន​គេ​ធ្វើឱ្យ​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​នៅ Wuhan ដោយ​អ​ចេតនា ឬ​យ៉ាងណា និង​ដើម្បី​តាមដាន​សកម្មភាព​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពិសោធន៍ រួម​នឹង​ការពិនិត្យ​លើ​របៀប​ដែល​វីរុស​នេះ ផ្ទុះ​ឆ្លង​រាលដាល។ យ៉ាងនេះ​ក្ដី ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក មិនបាន​បញ្ជាក់​សម្អិត​ពី​ភ័ស្ដុតាង ឬ​ប្រភេទ​នៃ​ការវិភាគ​លើ​កុំព្យូទ័រ​ដែល​ពួកគេ​នឹង​ប្រើប្រាស់។

    មន្ត្រីជាន់ខ្ពស់​ម្នាក់ បាន​និយាយថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ពិនិត្យ​លើ​បន្ទប់ពិសោធន៍​នានា​នៅ​ថ្នាក់ជាតិ និង​ប្រភពធនធាន​វិទ្យាសាស្ត្រ​ដែល​មុននេះ​មិនទាន់បាន​ចូលរួម​ស្វែងរក​ប្រភព​របស់​វីរុស​Covid-19។

    សេត​វិមាន និង​ការិយាល័យ​ប្រធាន​ស្ថាប័ន​ស៊ើបការណ៍​ជាតិ (ODNI) មិនទាន់មាន​អធិប្បាយ​អ្វី​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    មន្ទីរ​ពិសោធន៍​វីរុស​សាស្ត្រ​ Whuan នៃ​ប្រទេស​ចិន​

    ODNI កាលពី​ថ្ងៃទី27 ខែឧសភា បានឱ្យដឹងថា ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បាន​និយាយថា មាន​សម្មតិកម្ម​ចំនួន​ពីរ ស្ដីពី​ប្រភព​របស់​វីរុស​Covid-19 រួមមាន ទីមួយ​ទាក់ទិន​នឹង​ការប៉ះពាល់​រវាង​មនុស្ស​និង​សត្វ​ដែលមាន​ផ្ទុក​វីរុស និង​ទី​ពីរ​គឺ គ្រោះថ្នាក់​នៅក្នុង​បន្ទប់ពិសោធន៍។

    ប៉ុន្តែ ODNI បាន​បញ្ជាក់ថា «ក្រុម​ភ្នាក់ងារ​សម្ងាត់​អាមេរិក មិន​បានដឹង​ច្បាស់​ថា ទីណា ពេលណា ឬ​តាមរបៀប​ណា ទើប​វីរុស​Covid-19 ចាប់ផ្ដើម​ឆ្លង​រាលដាល​នោះទេ ប៉ុន្តែ ពួកគេ​បាន​ប្រមូលផ្ដុំ​ជា​សេណារីយោ​ចំនួន​ពីរ ដែល​អាច​កើតឡើង»។

    សេណារីយោ «វីរុស​រួច​ចេញពី​បន្ទប់ពិសោធន៍» បានធ្វើ​ឱ្យមាន​ចំណាប់អារម្មណ៍​ឡើងវិញ ក្រោយពី​សារព័ត៌មាន Wall Street Journal កាលពី​ថ្ងៃទី23 ខែឧសភា បាន​ដកស្រង់​របាយការណ៍​មិនទាន់​ត្រូវបាន​ប្រកាស របស់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក និយាយថា «អ្នកជំនាញ​ចំនួន 3រូប នៃ​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ Wuhan បាន​ចូល​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ កាលពី​ខែវិច្ឆិកា ឆ្នាំ2019 ដោយមាន​ជំងឺ​ដែលមាន​រោគសញ្ញា​ដូច Covid-19 និង​ជំងឺ​ផ្ដាសាយ​តាម​រដូវ នៅមុន​ពេល Covid-19 ផ្ទុះ​ឆ្លង​រាលដាល​នៅ​ទីក្រុង Wuhan។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​អះអាងថា «ពុំមាន​អ្នកជំនាញ​ណា​ម្នាក់ ត្រូវ​ចូល​ពេទ្យ​សោះឡើយ»៕

    ប្រភព៖ NY Times
    ប្រែ​សម្រួល៖ បុត្រា

  • ត្រូវ​រង្វាន់​ 1​លាន​ដុល្លារ​ ដោយ​សារ​បាន​ចាក់វ៉ាក់សាំង​ COVID-19

    ត្រូវ​រង្វាន់​ 1​លាន​ដុល្លារ​ ដោយ​សារ​បាន​ចាក់វ៉ាក់សាំង​ COVID-19

    សហរដ្ឋ​អាមេរិក​៖ នារី​ជា​វិស្វករ​ម្នាក់​ នៅ​ក្នុង​រដ្ឋ​​ Ohio បាន​ត្រូវ​រង្វាន់​ 1​លាន​ដុល្លារ​​ នៅ​ក្នុង​កម្មវិធី​ចេញ​ឆ្នោត​សម្រាប់​ពលរដ្ឋ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ខណៈ​ដែល​សិស្ស​សាលា​មួយ​រូប​ ក៏​ទទួល​បាន​អាហារូបករណ៍​សម្រាប់​រៀន​នៅ​សាកល​វិទ្យា​ល័យ។

    នាង​ Abbigail Bugenske​ ត្រូវ​បាន​រង្វាន់​ 1​លាន​ដុល្លារ​អាមេរិក​ នេះ​បើ​តាម​ការ​ប្រកាស​កាល​ពី​ថ្ងៃទី​26​ ខែ​ឧសភា​ ឆ្នាំ​2021​ របស់​រដ្ឋ​ Ohio។ Abbigail Bugenske​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ចំពោះ​មុខ​រង្វាន់​ដ៏​ធំ​នេះ​ ហើយ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ដទៃ​ ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​​នាង​។

    ចំណែក​ សិស្ស​សាលា​ម្នាក់​ ឈ្មោះ​ Joseph Costello អាយុ​ 14​ឆ្នាំ ក៏​បាន​ត្រូវ​រង្វាន់​ជា​អាហារូបករណ៍​​សម្រាប់​រៀន​នៅ​មហា​វិទ្យា​ល័យ​​ពេញ​ 4​ឆ្នាំ​។ Joseph Costello​ អាច​រៀន​នៅ​សាកល​វិទ្យា​ល័យ​ណា​ក៏​បាន​។

    «បើ​សិន​អ្នក​កំពុង​ស្ថិត​ក្នុង​វ័យ​ចាប់​ពី​ 12 ដល់​ 17​ឆ្នាំ និង​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ 1​ដូស​ នោះ​អ្នក​អាច​មាន​សំណាង​ឈ្នះ​រង្វាន់​បន្ទាប់​!» អភិបាល​រដ្ឋ​ Ohio លោក​ Mike DeWine​ បាន​បង្ហោះ​សារ​នៅ​លើ​ Twitter ដូច្នេះ​។

    អភិបាល​រដ្ឋ​ លោក Mike DeWine ថត​រូប​ជាមួយ​នឹង​ Joseph Costello (14​ឆ្នាំ​, រូប​កណ្ដាល)

    រដ្ឋ​ Ohio នៅ​តែ​តម្កល់​រង្វាន់​ 4​លាន​ដុល្លារ​ ហើយ​ថា​ នឹង​ប្រកាស​ឈ្មោះ​អ្នក​ត្រូវ​រង្វាន់​បន្ទាប់​​ នៅក្នុង​ព្រឹត្តិ​ការណ៍​​ទិវា​នៃ​ការ​ចង​ចាំ​ 31ឧសភា​ខាង​មុខ​។

    ក្រុម​មន្ត្រី​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជិត​ 2.8​លាន​នាក់​ បាន​ចូល​រួម​ចាប់​រង្វាន់​ បន្ទាប់​ពី​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19។

    សហរដ្ឋ​អាមេរិក​ ដំបូង​ឡើយ មាន​ពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​។ ក៏ប៉ុន្តែ​ ក្រោយ​មក​ ចំនួន​នេះ​ចេះ​តែ​ថយ​ចុះ​ពីមួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ ដោយ​សារ​តែ​មាន​ព័ត៌មាន​ទាក់​ទិន​នឹង​ករណី​ប្រតិកម្ម​ និង​បញ្ហា​សុខភាព​​ ក្រោយ​ពី​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ មូលហេតុ​នេះ ធ្វើ​ឱ្យ​រដ្ឋ​ជា​ច្រើន​របស់​អាមេរិក​ ធ្វើ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ទាក់​ទាញ​ពលរដ្ឋ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​​បង្ការ​ Covid-19៕

    ប្រភព​៖ NY Post
    ប្រែសម្រួល​៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី28 ខែឧសភា ឆ្នាំ2021

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី28 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ (28 ឧសភា) បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 559នាក់​បន្ថែមទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី27 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជា មាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប ចំនួន 28,237​នាក់។ ព័ត៌មាន​បន្ថែម សូម​អានរ​វាយ​ការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 169,643,590 ​នាក់ ក្នុងនោះ​មាន 3,525,259​​នាក់​បាន​ស្លាប់, 151,343,702​នាក់​បានជា​សះស្បើយ និង 14,774,629​នាក់ កំពុង​ទទួល​ការព្យាបាល៕

  • អង្គភាព​ស៊ើបការណ៍​សម្ងាត់​អាមេរិក៖ COVID-19 អាច​បណ្ដាលមកពី​គ្រោះថ្នាក់​ក្នុង​បន្ទប់ពិសោធន៍

    អង្គភាព​ស៊ើបការណ៍​សម្ងាត់​អាមេរិក៖ COVID-19 អាច​បណ្ដាលមកពី​គ្រោះថ្នាក់​ក្នុង​បន្ទប់ពិសោធន៍

    ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា មាន​សម្មតិកម្ម​ចំនួន​ពីរ ស្ដីពី​ប្រភព​របស់​វីរុស​Covid-19 រួមមាន ទីមួយ​ទាក់ទិន​នឹង​ការប៉ះពាល់​រវាង​មនុស្ស​និង​សត្វ​ដែលមាន​ផ្ទុក​វីរុស និង​ទី​ពីរ​គឺ គ្រោះថ្នាក់​នៅក្នុង​បន្ទប់ពិសោធន៍។

    «ក្រុម​ភ្នាក់ងារ​សម្ងាត់​អាមេរិក មិន​បានដឹង​ច្បាស់​ថា ទីណា ពេលណា ឬ​តាមរបៀប​ណា ទើប​វីរុស​Covid-19 ចាប់ផ្ដើម​ឆ្លង​រាលដាល​នោះទេ ប៉ុន្តែ ពួកគេ​បាន​ប្រមូលផ្ដុំ​ជា​សេណារីយោ​ចំនួន​ពីរ ដែល​អាច​កើតឡើង» នេះ​បើតាម​ការិយាល័យ​នៃ​ប្រធាន​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ជាតិ (ODNI) របស់​សហរដ្ឋអាមេរិក​បានឱ្យដឹង​កាលពី​ថ្ងៃទី27 ខែឧសភា។

    ODNI បាន​ប្រាប់ថា ចំពោះ​សម្មតិកម្ម​ទាំងពីរ​ខាងលើ ក្រុម​អ្នកជំនាញ​បាន​យោងទៅលើ​ការបកស្រាយ​មួយចំនួន ជាមួយនឹង «ភាពជឿជាក់​ក្នុង​កម្រិត​ទាប ឬ​មធ្យម» ដែល​នេះ បើតាម​ពាក្យ​បច្ចេកទេសផ្នែក​ស៊ើបការណ៍​សម្ងាត់​គឺ មានន័យថា ពួកគេ​ជឿថា ភ័ស្ដុតាង​ដែល​គាំទ្រ​ដល់​ការយល់ឃើញ​ខាងលើ នឹង​ស៊ី​ពេលវេលា​ជាច្រើន​ទៀត ទើប​អាច​បញ្ជាក់បាន។

    ប្រភពព័ត៌មាន​ពី​ក្រុម​ជំនាញ​ផ្នែក​វិភាគ​នៅក្នុង​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ ឱ្យដឹងថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក (CIA) និង​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​ស្ថាប័ន​ការពារជាតិ បច្ចុប្បន្ន សុទ្ធតែ​មិន​គាំទ្រ​ដល់​ការបកស្រាយ​ចំពោះ​សម្មតិកម្ម​ទាំងពីរ​ខាងលើ​នោះទេ និង​បាន​បង្ហើប​ឱ្យដឹងថា ព្រោះថា​ពួកគេ​ស្ថិតក្នុង​ចំណោម​អង្គភាព​ភាគច្រើន​របស់​អាមេរិក ដែល​មិនទាន់មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​ថា តើ​សេណារីយោ​មួយណា​ដែល​គួរ​ជឿជាក់​ជាង​នៅឡើយ។

    ប្រធានាធិបតី Joe Biden បាន​ថ្លែងថា លោក​នឹង​អាច​ប្រកាស​របាយការណ៍​លម្អិត​មួយ ស្ដីពី​ការរកឃើញ​របស់​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក អំពី​ប្រភព​របស់​វីរុស​Covid-19 បន្ទាប់ពី​លោក​បានចេញ​បញ្ជា​ឱ្យ​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់ «ប្រឹងប្រែង​ជាមុន​ទ្វេដង» ដើម្បី ស្រាវជ្រាវ​រក​ប្រភព​នៃ​មហា​រោគរាតត្បាត​នេះ និង​បន្ត​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន ចូលរួម​ការស្រាវជ្រាវ​ដ៏​ពេញលេញ។

    ប្រភព​៖ AFP, Reuters
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី ស៊ី​រី Bashar al-Assad ជាប់ឆ្នោត​អាណត្តិ​ទី​បួន

    ប្រធានាធិបតី ស៊ី​រី Bashar al-Assad ជាប់ឆ្នោត​អាណត្តិ​ទី​បួន

    ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ កាលពី​ថ្ងៃទី27 ខែឧសភា ប្រធានរដ្ឋសភា ស៊ី​រី លោក Hammouda Sabbagh ប្រកាសថា ប្រធានាធិបតី Bashar al-Assad បាន​ជាប់ឆ្នោត​អាណត្តិ​ទី4 ដោយមាន​សំឡេងឆ្នោត​គាំទ្រ 94.1% នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី26 ខែឧសភា ឆ្នាំ2021។

    យោងតាម​ប្រធានសភា Sabbagh ម្ចាស់ឆ្នោត​ចំនួន 14.2លាន​នាក់ ដែល​ស្មើនឹង 76.64% នៃ​ប្រជាជន​ពេញវ័យ​សរុប​របស់​ប្រទេស​នេះ បាន​ទៅ​បោះឆ្នោត។ លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ​ក៏បាន​ឱ្យដឹងថា បេក្ខភាព​ប្រធានាធិបតី 2រូប​ទៀត គឺ អតីត​អនុប្រធាន​ខុទ្ទកាល័យ Abdallah Saloum Abdallah ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​ 1.5% និង​លោក Mahmoud Ahmed Marei មេដឹកនាំ​បក្សប្រឆាំង​តូច​មួយ​របស់ ស៊ី​រី ទទួលបាន 3.3%។

    ប្រធានរដ្ឋសភា ស៊ីរី លោក Hammouda Sabbagh

    នេះ​គឺជា​ការបោះឆ្នោត​លើក​ទី​ពីរ​នៅ ស៊ី​រី  រាប់​ចាប់តាំងពី​ប្រទេស​នេះ​បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​កាលពី​ឆ្នាំ2011។ នៅក្នុង​ការបោះឆ្នោត​លើកទីមួយ ដែល​ធ្វើឡើង​កាលពី​ឆ្នាំ2014 លោក al-Assad ទទួលបាន​សំឡេងឆ្នោត​គាំទ្រ 88%។

    នៅក្នុង​ការបោះឆ្នោត​លើក​នេះ ពាក្យស្លោក​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់លោក al-Assad គឺ «ក្ដីសង្ឃឹម​តាមរយៈ​ការងារ»។ គោលដៅ​របស់​មេដឹកនាំ​វ័យ 55ឆ្នាំ​រូបនេះ នោះ​គឺ​តាមរយៈ​ការងារ​ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ក្នុង​គ្រា​កំពុង​ឈរ​នៅ​ចំពោះមុខ​ឧបសគ្គ​ជាច្រើន បន្ទាប់ពី​រងគ្រោះ​ដោយសារ​សង្គ្រាម។ នៅ​ចំពោះមុខ ការដោះស្រាយ​បញ្ហា Covid-19 គឺជា​រឿង​អាទិភាព៕

    ប្រភព​៖ Rueters
    ប្រែសម្រួល​៖ បុត្រា