Category: អន្តរជាតិ

  • រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    រោគសញ្ញា​នៃ Covid-19 ប្រភេទ Delta (ឥណ្ឌា) អាច​ច្រឡំ​នឹង​ជំងឺ​ផ្ដាសាយ

    ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស អង់គ្លេស បាន​ព្រមាន​ថា អ្នក​ដែល​បាន​ឆ្លង​វីរុស​Covid-19 បំប្លែង​ខ្លួន​ប្រភេទ SARS-CoV-2 Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ​ប្រទេស ឥណ្ឌា អាចធ្វើ​ឱ្យគេ​ច្រឡំ​នឹង​រោគសញ្ញា​នៃ​ជំងឺ​គ្រុនផ្ដាសាយ។

    សារព័ត៌មាន​របស់ អង់គ្លេស Guardian បានចេញ​ផ្សាយ​ថា ការឈឺ​ក្បាល ក្រហាយ​បំពង់ក និង​ហៀរ​សម្បោរ គឺជា​រោគសញ្ញា​ដែល​គេ​ជួបប្រទះ​ច្រើន​បំផុត ទាក់ទង​នឹង​វីរុស​ក្លាយ​ពូជ​ថ្មី​ប្រភេទ Delta។

    សាស្ត្រាចារ្យ Tim Spector មកពី​សាកលវិទ្យាល័យ King’s College London ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា យោងទៅតាម​ទិន្នន័យ​ប្រមូលបាន អ្នក​ដែល​បាន​ឆ្លង Covid-19 ប្រភេទ Delta នឹងមាន​អារម្មណ៍​ថា ដូច​កំពុងមាន​ជំងឺ​ផ្ដាសាយ។

    «គ្រប់គ្នា​គិតថា ខ្លួនគេ​គ្រាន់តែ​ផ្ដាសាយ​តាម​រដូវ ដូច្នេះ ពួកគេ​នៅតែ​ទៅ​ជប់លៀង។ ប្រការនេះ​នឹង​នាំឱ្យមាន​បញ្ហា​ច្រើន។ អាការ​ចម្បង​ជាងគេ​បង្អស់ នោះ​គឺ ឈឺក្បាល បន្ទាប់មក​គឺ​ក្រហាយ​បំពង់ក ក្រោយមកទៀត​គឺ ហៀរ​សម្បោរ និង​ក្ដៅខ្លួន» សាស្ត្រាចារ្យ Tim Spector បន្ថែម។

    សាស្ត្រាចារ្យ Tim Spector ផ្ដល់យោបល់​ថា៖ «បើសិនជា អ្នក​នៅ​ក្មេង និង​មាន​រោគសញ្ញា​ស្រាល ដូចជា​ផ្ដាសាយ ល្អ​បំផុត​គឺ​គួរតែ​នៅផ្ទះ និង​ធ្វើតេស្ត Covid-19»។

    យោងតាម​ក្រសួងសុខាភិបាល អង់គ្លេស (NHS) រោគសញ្ញាសំខាន់ៗរបស់ Covid-19 គឺ ក្ដៅខ្លួន ក្អក និង​បាត់បង់​រសជាតិ។ ចំណែក​សាស្ត្រាចារ្យ Spector និយាយថា នៅពេល​ឆ្លង Delta អាការ​បាត់បង់​រសជាតិ មិន​ស្ថិតក្នុង​ក្រុម​រោគសញ្ញា​ចម្បង​ទាំង10 របស់​អ្នកជំងឺ​នោះឡើយ។

    ទិន្នន័យ​របស់ អង់គ្លេស និយាយថា វីរុស​បំប្លែង​ខ្លួន Delta (B.1.617) ដែល​រកឃើញ​ដំបូង​នៅ ឥណ្ឌា ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​ក្នុង​អត្រា​ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​វីរុស​បំប្លែង​ខ្លួន Alpha (B.1.1.7) ដែល​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ប្រទេស អង់គ្លេស។

    សារព័ត៌មាន Guardian កាលពី​ថ្ងៃទី14 ខែមិថុនា បាន​រាយការណ៍​ថា Covid-19 ប្រភេទ Delta បច្ចុប្បន្ន បាន​ឆ្លង​​រាល​ដាល​​ដល់​​ប្រទេស​​ចំនួន 74 ក្នុង​ពិភពលោក៕

    ប្រភព​៖ Guardian
    ប្រែសម្រួល​៖ បុត្រា

  • ធ្លាក់​យន្តហោះ 3គ្រឿង នៅ​ប្រទេស ស្វី​ស និង អាមេរិក! មនុស្ស​ច្រើន​នាក់​បាន​ស្លាប់

    ធ្លាក់​យន្តហោះ 3គ្រឿង នៅ​ប្រទេស ស្វី​ស និង អាមេរិក! មនុស្ស​ច្រើន​នាក់​បាន​ស្លាប់

    កាលពី​ថ្ងៃទី14 ខែមិថុនា ប៉ូលិស​ក្នុងស្រុក​បានឱ្យដឹងថា មនុស្ស​ចំនួន 5នាក់ បាន​ស្លាប់ នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​ធុន​តូច 1គ្រឿង និង​ឧបករណ៍​ហោះហើរ​ប្រភេទ glider 1គ្រឿង នៅ​ជួរ​ភ្នំ Alps របស់​ប្រទេស​ស្វី​ស កាលពី​ចុង​សប្ដាហ៍​កន្លង។ ប៉ូលិស​កំពុង​ស្រាវជ្រាវ​ដើម្បី​ឱ្យដឹងថា តើ​ករណី​គ្រោះថ្នាក់​ទាំងពីរ​នេះ មាន​ជាប់​ទាក់ទិន​នឹង​គ្នា​ដែរ ឬ​អត់។

    យន្តហោះ​ធុន​តូច 1គ្រឿង ដែលមាន​អ្នកជិះ​ចំនួន 4នាក់ រួមមាន​ទាំង​កុមារ​ម្នាក់​ផង បាន​ធ្លាក់​នៅលើ​ភ្នំ Piz Neir នៅ​ភាគ​ខាងកើត​ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី12 ខែមិថុនា បណ្ដាលឱ្យ​មនុស្ស​ទាំងអស់ ត្រូវ​បាត់បង់​ជីវិត។ សមត្ថកិច្ច​បាន​រកឃើញ​បំណែក​យន្តហោះ​ខាងលើ​កាលពី​ថ្ងៃទី13 ខែមិថុនា នៅពេល​កំពុង​ស្វែងរក​យន្តហោះ​ប្រភេទ​កំសាន្ត (glider) ដែល​បាន​ធ្លាក់​ក្នុង​ថ្ងៃ​ជាមួយគ្នា បណ្ដាលឱ្យ​អ្នកបើកបរ​ម្នាក់ បាត់បង់​ជីវិត។

    យន្ត​ហោះ​ដែល​ធ្លាក់​នៅ​ អាមេរិក​

    យន្តហោះ​ប្រភេទ​កំសាន្ត​ខាងលើ បាន​ធ្លាក់​នៅក្បែរ​ទីតាំង​ដែល​គេ​រកឃើញ​បំណែក​យន្តហោះ​ធុន​តូច ប្រមាណ 1គីឡូម៉ែត្រ នៅលើ​កម្ពស់ 2,700ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។

    យន្ត​ហោះ​ប្រភេទ​កំសាន្ត​ (glider) ធ្លាក់​នៅ​ប្រទេស​ ស្វីស

    ដោយឡែក នៅ សហរដ្ឋអាមេរិក ក៏មាន​ករណី​ធ្លាក់​យន្តហោះ​ធុន​តូច 1គ្រឿង​ដែរ នៅក្នុង​រដ្ឋ Texas កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី14 ខែមិថុនា (ម៉ោង​ក្នុងស្រុក) នាំឱ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង 5នាក់​ផ្សេងទៀត រងរបួស។

    កូន​យន្ត​ហោះ​ ដែល​ធ្លាក់​នៅ​ប្រទេស​ ស្វីស

    ក្រុមមន្ត្រី​បានឱ្យដឹងថា យន្តហោះ​នេះ​បាន​ធ្លាក់​នៅពេល​កំពុង​ព្យាបាល​ចុះចត​នៅឯ​ព្រលានយន្តហោះ Madisonville កាលពី​វេលា​ម៉ោង 1 ទៀបភ្លឺ នៃ​ថ្ងៃទី14 ខែមិថុនា។ អ្នកស្លាប់​នៅក្នុង​ករណីនេះ គឺជា អ្នកបើកបរ ចំណែក​មនុស្ស 5នាក់​ទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ៕

    ប្រភព​៖ Xinhuanet, ABC13, Switzerland.in-24
    ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-ផ្ទុះ​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ សហរដ្ឋអាមេរិក! ពលរដ្ឋ​នៅ​ជុំវិញ​រោងចក្រ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ

    (វីដេអូ)-ផ្ទុះ​ឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នៅ សហរដ្ឋអាមេរិក! ពលរដ្ឋ​នៅ​ជុំវិញ​រោងចក្រ ត្រូវ​ជម្លៀស​ខ្លួន​ដោយ​បង្ខំ

    ប្រភពព័ត៌មាន​ពី សហរដ្ឋអាមេរិក នៅវេលា​ទៀបភ្លឺ ថ្ងៃទី15 ខែមិថុនា (ថ្ងៃទី14 ខែមិថុនា នៅ​អាមេរិក) បានឱ្យដឹងថា មាន​ករណី​ផ្ទុះ​រោងចក្រ​គីមី​ដ៏​ធំ​មួយ​នៅក្នុង​រដ្ឋ Illinois ដែល​ស្ថិតនៅក្នុង​តំបន់ Midwest នៃ សហរដ្ឋអាមេរិក។

    ករណី​ផ្ទុះ បានធ្វើ​ឱ្យមាន​អគ្គិភ័យ​យ៉ាង​ធំ នៅក្នុង​រោងចក្រ​គីមី របស់​ក្រុមហ៊ុន Chemtool Incorporated ចាប់ពី​ម៉ោង 7ព្រឹក ថ្ងៃទី14 ខែមិថុនា (ម៉ោង​ក្នុងស្រុក)។

    រោងចក្រ​នេះ​ស្ថិត​នៅក្បែរ​ដងផ្លូវ Prairie Hill ក្នុង​តំបន់ Rockton ស្រុក Winnebago នៃ​រដ្ឋ Illinois។ រោងចក្រ​នេះ មាន​ជំនាញ​ខាង​ផលិត​ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត ដែល​នាំចេញ​ទៅកាន់​ពិភពលោក។

    កងកម្លាំង​ប្រតិកម្ម​រហ័ស និង​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់ បាន​ទៅដល់​កន្លែងកើតហេតុ។ ក្រុមមន្ត្រី​ក្នុង​តំបន់ កំពុង​ជម្លៀស​ដោយ​បង្ខំ ចំពោះ​ពលរដ្ឋ​ដែលមាន​ទីលំនៅ នៅ​ជុំវិញ​រោងចក្រ នៅពេល​អគ្គិភ័យ​ឆាប់ឆេះ និង​មាន​ផ្សែ​ខ្មៅ​ខ្មួលខ្មាញ់។

    បច្ចុប្បន្ន មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ការខូចខាត ក៏ដូចជា​ការបាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​នេះ​នៅឡើយ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក WTVO បានឱ្យដឹងថា កម្មករ​រោងចក្រ​យ៉ាងតិច 70នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​សុវត្ថិភាព៕

    NBC News, AP

  • រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    រដ្ឋធានី​របស់ រុស្ស៊ី ត្រៀម​រង្វាន់ធំៗជាច្រើន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ទៅ​ចាក់​វ៉ាក់សាំង​Covid-19 

    អភិបាលក្រុង មូ​ស្គូ លោក Sergei Sobyanin កាលពី​ថ្ងៃទី13 ខែមិថុនា បានប្រកាសថា ពលរដ្ឋ​នៃ​រដ្ឋធានី ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ម្ជុល​ទីមួយ នឹងមាន​ឱកាស​ត្រូវ​ឆ្នោត​ដែលមាន​រង្វាន់ធំៗជាច្រើន ក្នុងនោះ​ក៏មាន​រថយន្ត​ច្រើន​គ្រឿង​ផងដែរ។

    សារព័ត៌​មានបារាំង AFP បានចេញ​ផ្សាយ​ថា ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​អាជ្ញាធរ មានបំណង​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង Covid-19 ខណៈដែល​ករណី​ឆ្លង​វីរុស​នៅ​រដ្ឋធានី​មូ​ស្គូ និង​ទូទាំងប្រទេស កំពុង​កើនឡើង។

    «ចាប់ពី​ថ្ងៃទី14 ខែមិថុនា ដល់​ថ្ងៃទី11 ខែកក្កដា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទីមួយ នឹង​បាន​ចូលរួម​កម្មវិធី​ចាប់ឆ្នោត​ឈ្នះ​រង្វាន់​រថយន្ត» លោក Sergei Sobyanin ប្រកាស​នៅលើ​គេហទំព័រ​របស់ខ្លួន​ដូច្នេះ។

    លោក Sergei Sobyanin បញ្ជាក់ថា អ្នក​ទាំងឡាយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត រហូតដល់ 5គ្រឿង ជា​រៀងរាល់​សប្ដាហ៍ ហើយ​ក្នុង 1គ្រឿងៗ មានតម្លៃ 1លាន​រូប​រុស្ស៊ី (ស្មើនឹង 13,884 ដុល្លារ​អាមេរិក)។

    «ក៏ប៉ុន្តែ ពិតណាស់ ផលប្រយោជន៍​ចម្បង​ដែល​ពលរដ្ឋ​ទទួលបាន​ពី​ការចាក់​វ៉ាក់សាំង គឺ​មិនអាច​ប្រៀបប្រដូច​ជាមួយនឹងរ​ថយ​ន្ត​ទាំងនេះ​បានឡើយ នោះ​គឺ​សុខភាព និង​ទំនុកចិត្ត​របស់​ពួកគេ» អភិបាលក្រុង​មូ​ស្គូ រៀបរាប់។

    លោក Sobyanin ឱ្យដឹងថា លោក​បានទទួល​ការចាក់​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី កាលពី​ឆ្នាំទៅ និង​បាន​ចាក់​រំលឹក​ឡើងវិញ កាលពី 2ថ្ងៃមុន។ លោក Sobyanin បន្ថែមថា លោក​មាន​មាន​អារម្មណ៍​ថា មាន​សុខ​ភាពល្អ​ណាស់។

    កាលពី​ថ្ងៃទី13 ខែមិថុនា អាជ្ញាធរ​ក្រុង​មូ​ស្គូ ក៏បាន​ប្រកាសថា នឹង​ចាប់ឆ្នោត​ដែលមាន​រង្វាន់​ជា​ផ្ទះ 1ខ្នង មាន​បន្ទប់​គេង​ចំនួន3 សម្រាប់​ក្រុម​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ម្ជុល​ដំបូង ចាប់ពី​ថ្ងៃទី15 ខែមិថុនា ដល់​ថ្ងៃទី25 ខែមិថុនា។

    ប្រទេស​រុស្ស៊ី មកដល់​បច្ចុប្បន្ន ចាក់​វ៉ាក់សាំង​យ៉ាងតិច 1ដូ​ស ជូន​ពលរដ្ឋ​បាន​ប្រមាណ 12% នៃ​ប្រជាជន​សរុប ខណៈដែល​ការស្ទង់មតិ​នានា បាន​បង្ហាញថា ពលរដ្ឋ​ភាគច្រើន មិនមាន​បំណង​ចាក់​វ៉ាក់សាំង។

    នៅ​ទូទាំងប្រទេស​រុស្ស៊ី គិត​មកដល់​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បាន​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 សរុប​ចំនួន 5,208,687នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 126,430នាក់, អ្នកជា​ចំនួន 4,801,335នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 280,922នាក់៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី14 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 542​​នាក់​, អ្នក​ជា​ចំនួន​ 1,109​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 13​​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី13​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 38,969​នាក់ ក្នុងនោះ​មាន 348​​​​នាក់​បាន​បាត់​បង់ជីវិត,

    32,967​​​​​នាក់​បានជា និង​ប្រមាណ​​ជា 6,000​​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 176,722,290​​​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 160,767,466​នាក់​​បានជា, 3,819,621​នាក់​បាន​ស្លាប់ និង 12,135,203​​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ កូរ៉េខាងត្បូង មាន​ប្រសិទ្ធភាព នៅក្នុង​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី

    ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់ កូរ៉េខាងត្បូង មាន​ប្រសិទ្ធភាព នៅក្នុង​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី

    ប្រភពព័ត៌មាន​ពី​រដ្ឋធានី សេ​អ៊ូ​ល បានឱ្យដឹងថា Celltrion Inc. ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​មួយ​របស់ កូរ៉េខាងត្បូង នា​ថ្ងៃទី14 ខែមិថុនា​នេះ បានប្រកាស​លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស ដំណាក់កាល​ទី​បី​នៅ​ទូទាំង​ពិភពលោក ចំពោះ Rekirona ដែលជា​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នេះ​ផ្ទាល់។

    ការពិសោធ​នេះ គឺជា ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ការស្រាវជ្រាវ​ដើម្បី​បញ្ជាក់​អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំងស្រុង​របស់​ថ្នាំ Rekirona។ លទ្ធផល​នៃ​ការពិសោធ បាន​បង្ហាញថា ថ្នាំ Rekirona នេះ បាន​កាត់បន្ថយ​ពេលវេលា​នៃ​ការព្យាបាល និង​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ របស់​អ្នកជំងឺ Covid-19។

    ជាក់ស្ដែង ថ្នាំ Rekirona កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់ 54% បើ​ធៀប​អ្នកជំងឺ​ដែល​មិនបាន​ប្រើ​ថ្នាំ​នេះ។ ចំណែក​រយៈពេល​នៃ​ការព្យាបាល​ជាសះស្បើយ ក៏​ត្រូវបាន​កាត់បន្ថយ​ជា​មធ្យម 4.9ថ្ងៃ ចំពោះ​អ្នកជំងឺ Covid-19 ទាំងអស់ និង 4.7 ចំពោះ​អ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ។

    ក្រុម​ហ៊ុន​ Celltrion

    ថ្នាំ​ Rekirona ត្រូវបាន​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ​របស់ កូរ៉េខាងត្បូង ផ្ដល់​ការអនុញ្ញាតឱ្យ​ធ្វើចរាច​រណ៍ កាលពី​ខែកុម្ភៈ​ ឆ្នាំ​2021។ ប្រការនេះ នាំឱ្យ Rekirona ក្លាយជា​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 ដំបូង ដែល​ត្រូវបាន​ផលិត​នៅ​ប្រទេស កូរ៉េខាងត្បូង។

    Rekirona គឺជា​អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន (monoclonal antibodies) ដែលមាន​សារធាតុ​ប្រឆាំងនឹង​វីរុស Covid-19។ អង្គ​ប​ដិ​ប្រាណ​ម៉ូ​ណូ​ក្លូន គឺជា ប្រូតេអ៊ីន មួយ​ប្រភេទ ដែល​ត្រូវបាន​រាងកាយ​ផលិតឡើង ដើម្បី​ជ្រៀតចូល​កោសិកា​ដែល​បាន​ឆ្លង​វីរុស។ ថ្នាំ​នេះ កន្លងមក ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​បន្ទាន់​រួចហើយ នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។

    ក្រុមហ៊ុន Celltrion មាន​គម្រោង​ដាក់ពាក្យ​សុំច្បាប់​ធ្វើ​ចរាចរណ៍​ថ្នាំ​នេះ ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ សហរដ្ឋ​អាមេរិក (FDA) និង​ស្ថាប័ន​គ្រប់គ្រង​ឱសថ អឺរ៉ុប (EMA) នៅក្នុង​ឆ្នាំនេះ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • អ៊ីស្រាអែល មាន​នាយករដ្ឋមន្ត្រី​ថ្មី

    អ៊ីស្រាអែល មាន​នាយករដ្ឋមន្ត្រី​ថ្មី

    នាយករដ្ឋមន្ត្រី​ថ្មី​របស់ អ៊ីស្រាអែល លោក Bennett បាន​ស្បថ​ចូលកាន់​តំណែង បន្ទាប់ពី​សភា បានអនុម័ត​បង្កើតរ​ដ្ឋា​ភិ​បាល​ចម្រុះ​ថ្មី ដែល​នេះ​ក៏បាន​បញ្ចប់​ការ​កាន់អំណាច 12ឆ្នាំ របស់លោក Benjamin Netanyahu។

    សភាជាតិ​អ៊ីស្រាអែល កាលពី​ថ្ងៃទី13 ខែមិថុនា កន្លងទៅ បានអនុម័ត​បង្កើតរ​ដ្ឋា​ភិ​បាល​ចម្រុះ​ថ្មី ដឹកនាំ​ដោយ​ប្រធាន​គណបក្ស Yamina លោក Naftali Bennett ក្រោយ​ការបោះឆ្នោត​ដែល​លោក​ទទួលបាន​ការគាំទ្រ​ចំនួន 60សំឡេង ទល់នឹង 59សំឡេង​ប្រឆាំង និង​មានតែ 1សំឡេង​ប៉ុណ្ណោះ​ដែលជា​សន្លឹកឆ្នោត​អនុបវាទ។

    នៅ​ចំពោះមុខ​សភា លោក Bennett វ័យ 49ឆ្នាំ បាន​អះអាងថា រដ្ឋាភិបាលចម្រុះ​របស់​លោក «តំណាងឱ្យ អ៊ីស្រាអែល ទាំងមូល»។

    នៅ​រដ្ឋធានី Tel Aviv មនុស្ស​រាប់ពាន់នាក់ បាននាំគ្នា​ចេញទៅ​កាន់​ដងផ្លូវ អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​លើក​នេះ។

    រដ្ឋាភិបាល​ថ្មី​នេះ កំពុងមាន​គម្រោង​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​បញ្ហា​អន្តរជាតិសំខាន់ៗ ដូចជា គោលនយោបាយ​សម្រាប់​ជនជាតិ​ប៉ា​លេ​ស្ទី​ន និង​ការស្ដារ​ស្ថានភាព​ក្នុងស្រុក។

    ក៏ប៉ុន្តែ អតីត​នាយករដ្ឋមន្ត្រី លោក Netanyahu វ័យ 71ឆ្នាំ ឱ្យដឹងថា លោក នឹង «ត្រលប់​មកវិញ​ក្នុងពេលឆាប់ៗនេះ»។

    យោងតាម​កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​របស់​នាយករដ្ឋមន្ត្រី​ថ្មី Bennett និង​ប្រធាន​បក្ស Yesh Atid លោក Yair Lapid មេដឹកនាំ​ទាំងពីរ​រូបនេះ នឹង​ចែករំលែក​ការឡើង​កាន់តំណែង​នាយករដ្ឋមន្ត្រី​ម្នាក់​ពីរ​ឆ្នាំ ក្នុងនោះ លោក Bennett ឡើងកាន់តំណែង​ពីរ​ឆ្នាំ​ដំបូង៕

    ប្រភព៖ Reuters/AFP
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅកម្ពុជា និងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី12 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី12 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 638​នាក់​, អ្នក​ជា​ចំនួន​ 605​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 9​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី11​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 37,959​​​នាក់ ក្នុងនោះ​មាន 320​​​នាក់​បាន​បាត់​បង់ជីវិត,

    31,222​​​នាក់​បានជា និង​ប្រមាណ​ 6,390​​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 176,043,397​​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 159,609,343​​​នាក់​​បានជា, 3,800,625​នាក់​បាន​ស្លាប់ និង 12,633,429​​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • តើ​ប្រទេសនីមួយៗនៅ G7 បាន​​សន្យា​​ផ្ដល់​​វ៉ាក់សាំង COVID-19 ប៉ុន្មាន​ដូ​ស និង​តាម​យន្តការ​អ្វីខ្លះ ដល់​ពិភពលោក?

    តើ​ប្រទេសនីមួយៗនៅ G7 បាន​​សន្យា​​ផ្ដល់​​វ៉ាក់សាំង COVID-19 ប៉ុន្មាន​ដូ​ស និង​តាម​យន្តការ​អ្វីខ្លះ ដល់​ពិភពលោក?

    ដោយសារតែ​បាត់បង់​តុល្យភាព​ក្នុងការ​បែងចែក​វ៉ាក់សាំង យុទ្ធនាការ​ទប់ទល់​នឹង Covid-19 ជាស​កល បាន និង​កំពុង​ជួប​ឧបសគ្គ ដូច្នេះ គំនិត​ផ្ដួចផ្ដើម​ដែលមាន​ឈ្មោះថា COVAX ដែលជា​កម្មវិធី​ចែករំលែក​វ៉ាក់សាំង​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ បានកំណត់​គោលដៅ ផ្ដល់​វ៉ាក់សាំង​ចំនួន 2ពាន់​លាន​ដុល្លារ ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំ2021នេះ។ ក្នុងនោះ មេដឹកនាំ​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង 7 (G7) ថ្មីៗនេះ ក៏បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​បង្ការ Covid-19 រាប់រយ​លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ក្រីក្រ។

    មុនពេល សហរដ្ឋអាមេរិក និង​អង់គ្លេស ប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​ជា​វ៉ាក់សាំង​ថ្មី​បំផុត​របស់ខ្លួន កម្មវិធី COVAX ទើបតែ​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស ប្រហែល 150លាន​ដូ​ស​ប៉ុណ្ណោះ ដែល​នេះ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​តម្រូវការ 250លាន​ដូ​ស នៅ​ចុងខែ​កញ្ញា។ ខាងក្រោម​នេះ​គឺជា​ការសន្យា​របស់​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ G7។

    សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី10 ខែមិថុនា បានប្រកាស​អំពី​គម្រោង​ទិញ​វ៉ាក់សាំង Pfizer ចំនួន 500លាន​ដូ​ស ដើម្បី​ផ្ដល់ឱ្យ​ប្រទេស​ចំនួន 92 ដែលមាន​ចំណូល​ទាប និង​សហភាព​អាហ្វ្រិក (African Union)។ យន្តការ​ផ្ដល់ជំនួយ​នេះ នឹងត្រូវ​ធ្វើឡើង​តាម​កម្មវិធី COVAX ដោយ 200លាន​ដូ​ស​សម្រាប់​ឆ្នាំ2021 និង 300លាន​ដូ​ស​សម្រាប់​ឆ្នាំ2022។

    អង់គ្លេស ៖ នាយករដ្ឋមន្ត្រី Boris Johnson អះអាងថា G7 សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រហែល 1ពាន់​លាន​ដូ​ស​ដល់​ពិភពលោក នៅ​ចុងឆ្នាំ2022។ អង់គ្លេស​ក៏​សន្យាថា នឹង​រួមចំណែក​យ៉ាងតិច 100លាន​ដូ​ស ដោយ​ចាប់ផ្ដើម​ពី​ពេលនេះ ដល់​ឆ្នាំ2022។

    សហភាព​អឺរ៉ុប (EU) ៖ ប្រធាន​គណៈ​កម្មករ​អឺរ៉ុប Ursula von der Leyen បានប្រកាសថា EU រួមចំណែក ផ្ដល់​វ៉ាក់សាំង​យ៉ាងតិច 100លាន​ដូ​ស ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​មធ្យម និង​ទាប គិត​ត្រឹម​ចុង​ឆ្នាំនេះ។ ក្នុងនោះ បារាំង នឹង​ផ្ដល់ 30លាន​ដូ​ស, អាល្លឺម៉ង់ 30លាន​ដូ​ស និង អ៊ីតាលី 15លាន​ដូ​ស។ បារាំង មុននេះ បានផ្ដល់​វ៉ាក់សាំង AstraZeneca ចំនួន 184,000ដូ​ស ដល់​ប្រ​ទស សេ​ណេ​ហ្គា​ល តាមរយៈ COVAX។

    ជប៉ុន ៖ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Yoshihide Suga អះអាងថា នឹង​រួមចំណែក ផ្ដល់​វ៉ាក់សាំង ដល់​កម្មវិធី COVAX ចំនួន 30លាន​ដូ​ស។ កាលពី​សប្ដាហ៍​មុន ជប៉ុន បានប្រគល់​វ៉ាក់សាំង AstraZeneca ចំនួន 1.24លាន​ដូ​ស ដល់​កោះ​តៃវ៉ាន់។

    កាណាដា ៖ កាណាដា កំពុង​ពិភាក្សា​ជាមួយនឹង​ដៃគូ​សហការ ដើម្បី​ចែករំលែក​វ៉ាក់សាំង​ដែល​នៅសល់​របស់ខ្លួន ដល់​បណ្ដា​ប្រទេស តាមរយៈ​កម្មវិធី COVAX។ ប៉ុន្តែ កាណាដា មិនទាន់​ប្រកាស​អំពី​គម្រោង​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​ណាមួយ​នៅឡើយ៕

    ប្រភព៖ Al Jazeera
    ប្រែ​សម្រួល៖ បុត្រា

  • ឥណ្ឌា៖ អ្នកជំងឺ​Covid-19 ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ដើមឈើ ដូច​ក្នុង​រឿង Tarzan

    ឥណ្ឌា៖ អ្នកជំងឺ​Covid-19 ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ដើមឈើ ដូច​ក្នុង​រឿង Tarzan

    ដោយសារតែ​ផ្ទះ​ចង្អៀត​ពេក ទើប​ពលរដ្ឋ​ជាច្រើន​នៅ​ប្រទេស ឥណ្ឌា ត្រូវ​នឹក​រក​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចម្លែក​ជាងគេ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ Covid-19។

    ថ្មីៗនេះ សារព័ត៌មាន ឥណ្ឌា បាន​រាយការណ៍​ថា កំលោះ​វ័យ 18ឆ្នាំ​ម្នាក់ មាន​ឈ្មោះថា Shiva រស់នៅ​ក្នុងភូមិ Telangana បាន​ឆ្លងកាត់​ការរស់នៅ​រយៈពេល 11ថ្ងៃ នៅលើ​ដើមឈើ ដើម្បី​ចៀសវាង​ការចម្លង​វីរុស​Covid-19 ដល់​គ្រួសារ បន្ទាប់ពី​ខ្លួន​វិជ្ជមាន​នឹង​វីរុស​នេះ។

    នៅពេល​ប្រទេស​ឥណ្ឌា ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​កាល​ពី​ឆ្នាំទៅ ពលករ​ចំណាកស្រុក​ជាច្រើន បាន​ត្រលប់​ទៅ​ស្រុកកំណើត ព្រោះតែ​កន្លែងធ្វើការ​ត្រូវគេ​បិទទ្វារ។ ពេលនោះ មាន​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធីផ្សេងៗ ដែល​អាចធ្វើ​ទៅបាន។

    Shiva គឹជា​និស្សិត​ម្នាក់ កំពុង​សិក្សា​នៅ​ទីក្រុង Hyderabad នៃ​រដ្ឋ Telangana។ នៅពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង កំលោះ Shiva ក៏​ត្រលប់មក​ស្រុក​វិញ។ Shiva ត្រូវបាន​គេ​ធ្វើតេស្ត​ឃើញថា វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ហើយក៏​ត្រូវ​ក្រុមគ្រូពេទ្យ​ស្នើ​ឱ្យនៅ​ដាច់ដោយឡែក​ពី​គ្រួសារ។

    ក៏ប៉ុន្តែ ដោយសារ​ផ្ទះ​ចង្អៀត​ពេក Shiva ក៏​នឹកឃើញ​វិធី​ចម្លែក​មួយ៖ Shiva យក​ដើម​ឫស្សី ចងភ្ជាប់​នឹង​មែកឈើ ដើម្បី​បង្កើតជា​កន្លែង​ស្នាក់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន។ កំលោះ​នេះ​ក៏​បង្កើត​ប្រព័ន្ធ​ខ្សែរូត និង​ឧបករណ៍​ចាំបាច់​សម្រាប់​ប្រើប្រាស់ ក៏ដូចជា​សម្រាប់​ទទួល​អាហារ​ពី​គ្រួសារ។

    Shiva និយាយថា៖ «ពុំមាន​អ្នកណាម្នាក់​នៅក្នុង​ភូមិ ហ៊ាន​មកជួប​ខ្ញុំ​ទេ ព្រោះ​ខ្លាច Covid-19។ ប៉ុន្តែ ខ្ញុំ​គិតថា មិនចាំបាច់​ភ័យខ្លាច​ពេក​ទេ អ្នក​អាច​យកឈ្នះ​លើ​វា ដោយ​ការគិត​ប្រកបដោយ​វិជ្ជមាន»។ Shiva ឱ្យដឹងថា ក្នុងពេល​សម្រាក​លើ​ដើមឈើ គាត់​អាន​សៀវភៅ ស្ដាប់​ចម្រៀង និង​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ភ័ក្ដិ។

    រហូត​ដល់ពេល​អ្នកយក​ព័ត៌មាន​បានដឹង​អំពី​ហេតុការណ៍​នេះ Shiva ពេលនោះ​ក៏​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន 11ថ្ងៃ​រួចហើយ។ ភូមិ​ដែល Shiva រស់នៅ មានគ្រួសារ​ប្រមាណ 350គ្រួ ប៉ុន្តែ មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​ពី​នោះ 5គម ខណៈ​មន្ទីរពេទ្យ​ដែល​នៅក្បែរ​បំផុត ក៏មាន​ចម្ងាយ​រហូតដល់ 30គម។

    បើទោះជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីរួមស្រុក កាលពី​ថ្ងៃទី13 ខែឧសភា ប៉ុន្តែ មនុស្ស​តិចតួច​ណាស់ដែ​ល​បានដឹង ដូច្នេះ ពួកគេ​ត្រូវ​រក​វិធី​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្ទាល់ខ្លួន។ ក្រៅពី Shiva ពលរដ្ឋ​ជាច្រើន​ក្នុងភូមិ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​បន្ទប់ទឹក ខ្ទម ឬ​តង់។ល។

    ប្រភព៖ Indiatoday
    ប្រែសម្រួល​៖ បុត្រា