Category: អន្តរជាតិ

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 24 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 24 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 860 នាក់, អ្នកជា​ចំនួន 1,074 នាក់ និង​អ្នកស្លាប់​ចំនួន 32 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 72,104 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 64,548 នាក់ និងអ្នកស្លាប់ 1,254 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 194,066,268 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 176,154,166 ​​​នាក់​បានជា, 4,160,263 នាក់​បាន​ស្លាប់ និង​ជាង 13,751,839 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​កំពុង​លិច​ទឹក 3 ម៉ោង នៅ Zhengzhou ខ្ញុំ​គិតថា ខ្ញុំ​ស្លាប់​មិនខានឡើយ!

    ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​កំពុង​លិច​ទឹក 3 ម៉ោង នៅ Zhengzhou ខ្ញុំ​គិតថា ខ្ញុំ​ស្លាប់​មិនខានឡើយ!

    (ប្រទេស​ចិន)-នៅពេល​ទឹកជំនន់​បាន​កើន​ឡើងដល់​ដើមទ្រូង ស្ត្រី​ម្នាក់​ក្នុងចំណោម​អ្នកដំណើរ​ជាង 500 នាក់ ដែល​ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី ដែល​កំពុង​លិច​ទឹក បាន​ទូរស័ព្ទ​ទៅកាន់​ញាតិ​របស់ខ្លួន ដើម្បី​ឱ្យជួយ​រៀបចំ​កិច្ចការផ្សេងៗ បន្ទាប់ពី​នាង​បាន​ស្លាប់ ព្រោះថា នាង​ជឿថា ខ្លួន​មិនអាច​នៅមាន​ជីវិត​ទៀតឡើយ។

    នៅ​ព្រលប់ ថ្ងៃទី 20 កក្កដា ទីក្រុង Zhengzhou ដែលមាន​ប្រជាជន​ចំនួន 12 លាន​នាក់ របស់​ខេត្ត Henan ភាគ​កណ្ដាល​ប្រទេស​ចិន បាន​រងគ្រោះ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ភ្លៀង​ធ្លាក់​ដូច​គេ​ហែក​មេឃ។ ជំនន់​ទឹកភ្លៀង បានធ្វើឱ្យ​ខ្សែទឹក​ដែល​ប្រៀបដូចជា​ទឹកជ្រោះ ហូរ​ចូល​ផ្លូវ​ក្រោម​ដី​នៃ​ប្រព័ន្ធ​រថភ្លើង​អគ្គិសនី​ក្រោម​ដី Zhengzhou និង​បាន​ហូរ​ចាក់​ចូលទៅក្នុង​ទូរថភ្លើង។

    រៀបរាប់​នៅលើ​បណ្ដាញ​សង្គម Weibo ស្ត្រី​ដែលជា​អ្នកដំណើរ​ម្នាក់ បានឱ្យដឹងថា ទឹក​ចាប់ផ្ដើម​ជ្រាប​ចូលក្នុង​ទូរថភ្លើង នៅពេល​រថយន្ត​បាន​ឈប់​នៅ​កណ្ដាលផ្លូវ​ចន្លោះ​ចំណត់​រថភ្លើង​ទាំងពីរ។ បុគ្គលិក​របស់​រថភ្លើង ដំបូង​ឡើយ បាន​ណែនាំ​ឱ្យ​អ្នកដំណើរ​ជម្លៀស​ខ្លួន​តាមផ្លូវ​ក្រោម​ដី ប៉ុន្តែ ក្រោយមក ពួកគេ​ក៏ត្រូវ​ស្នើឱ្យ​នាំ​អ្នកដំណើរ​ត្រលប់​ក្រោយ ព្រោះ​នៅខាងមុខ ទឹកជំនន់​កំពុង​កើនឡើង​ខ្ពស់។

    ពេល​អ្នកដំណើរ​ត្រលប់​មកដល់​ទូរថភ្លើង ទឹកបាន​ឡើងដល់​ត្រឹម​ចង្កេះ​ទៅហើយ។ ទឹក​នៅក្នុង​ទូរថភ្លើង​ចេះតែ​ឡើង​ខ្ពស់ នៅពេល​ជំនន់​ទឹក​ភ្លើង​ហូរ​ចូល​ផ្លូវ​ក្រោម​ដី​កាន់តែខ្លាំង។

    «យើង​បាន​ព្យាយាម​តោង​ឡើង​ឈរលើ​កៅអី ប៉ុន្តែ ទឹក​នៅតែ​ឡើងដល់​ដើមទ្រូង» ស្ត្រី​អ្នកដំណើរ​ខាងលើ​ឱ្យដឹង​ដូច្នេះ។ «ខ្ញុំ​ពិតជា​ភ័យខ្លាច​ខ្លាំងណាស់ តែ​អ្វីដែល​ត្រូវ​ខ្លាច​ជាងគេ នោះ​គឺ​បរិមាណ​អុកស៊ីសែន​ក្នុង​ទូរថភ្លើង​ដែល​បិទ​ជិត កំពុងតែ​ថយចុះ។ ខ្ញុំ​ឃើញ​មនុស្ស​ច្រើន​នាក់ ហាក់​ពិបាក​ដកដង្ហើម»។

    នាង និង​អ្នកដំណើរ​រាប់រយ​នាក់ នៅលើ​កំណត់​ផ្លូវ​លេខ 5 នៃ​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង Zhengzhou កំពុង​ឆ្លងកាត់​គ្រោះថ្នាក់​ដ៏​សែន​រន្ធត់ ដែល​កើតមាន​នៅក្រោម​ដី ក្នុង​គ្រា​ដែល​ទីក្រុង​ទាំងមូល កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លើង «មួយ​ពាន់​ឆ្នាំមាន​ម្ដង»។

    ជាប់​ក្នុង​ទូរថភ្លើង​ដែល​កំពុង​លិច​បន្តិចម្ដងៗ អ្នកដំណើរ​ត្រូវ​តោង​បង្កាន់ដៃ​ដែល​ភ្ជាប់​នឹង​ផ្នែក​ខាងក្រោម​នៃ​ដំបូង​រថភ្លើង ដើម្បី​អាច​ដកដង្ហើម​បាន។

    ស្ត្រី​ខាងលើ បានឮ​សំឡេង​នារី​ម្នាក់ កំពុងនិយាយ​ទូរស័ព្ទ និង​អាន​ទិន្នន័យ​លម្អិត​អំពី​គណនី​ធនាគារ​របស់ខ្លួន ទៅឱ្យ​គ្រួសារ ហើយក៏​បាន​សួរ​ខ្លួនឯង​ថា គួរ​ធ្វើ​ដូច​នាង​ម្នាក់​នោះដែរ ឬ​អត់។ នាង​ក៏បាន​សម្រេចចិត្ត ផ្ញើ​សារ​ទៅកាន់​ម្ដាយ ដោយ​ប្រាប់ថា នាង «ប្រហែលជា​មិន​រួច​ផុតពី​ការស្លាប់​ឡើយ»។

    ពេល​ម្ដាយ​ស្ត្រី​នេះ​ហៅ​ទូរស័ព្ទ​មកវិញ នាង​មិនអាច​រៀបរាប់បាន ដោយ​គ្រាន់តែ​ប្រាប់ថា ខ្លួន​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ ហើយ​ក៏បាន​ផ្ដាច់​ទូរស័ព្ទ។ ក្នុង​រយៈពេល​ជិត 3 ម៉ោង នាង និង​អ្នកដំណើរ​ផ្សេងទៀត ត្រូវ​រង់ចាំ​ការជួយ​សង្គ្រោះ នៅក្នុង​ស្ថានភាព​ដូច​កំពុងស្ថិត​កៀក​នឹង​មាត់ជ្រោះ។

    មិនយូរប៉ុន្មាន នាង​ក៏​ស​ន្លា​ប់​ដោយសារ​ខ្វះ​អុកស៊ីសែន ប៉ុន្តែ ក្រោយមក​ក៏បាន​ដឹងខ្លួន ព្រោះតែ​សំឡេង​រោទ៍​របស់​ទូរស័ព្ទ។ ម្ដាយ​របស់​នាង បាន​ទូរស័ព្ទ​មក​ប្រាប់ថា កម្លាំង​ជួយសង្គ្រោះ កំពុងធ្វើដំណើរ​មកហើយ។

    ក្រោយមក​បន្តិច នាង​ក៏​បានឮ​សំឡេង​ជើង​រត់​នៅលើ​ដំបូល​រថភ្លើង ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​ក៏​ចាប់ផ្ដើម​វាយ​បំបែក​បង្អួច ដើម្បីឱ្យ​ខ្យល់​ចេញចូល។ អ្នកដំណើរ​ក៏ត្រូវ​បាន​នាំចេញ​ជា​បន្តបន្ទាប់។ អ្នកសន្លប់ ត្រូវ​នាំចេញ​ទៅមុន បន្ទាប់មក​គឺ​ដល់​វេន​ស្ត្រី។

    ក៏ប៉ុន្តែ ក្រោយមក​មិនយូរប៉ុន្មាន អត្ថបទ​របស់​នាង ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Weibo ក៏ត្រូវ​បាន​គេ​លុបចោល ដោយ​មិនដឹង​មូលហេតុ។

    ស្ត្រី​ម្នាក់​ផ្សេងទៀត បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន China Youth Daily ថា នាង​បាន​យំ​យ៉ាង​អណ្ដឺតអណ្ដក នៅពេល​ឃើញ​ទឹកជំនន់​ហូរ​ចូល​ទូរថភ្លើង។ ជុំវិញ​នាង មនុស្ស​ជាច្រើន​ក៏​កំពុង​យំ​ខ្សឹកខ្សួល ភ័យរន្ធត់។ ប៉ុន្តែ ក្រោយមក គ្រប់គ្នា​បាន​លើកទឹកចិត្ត​គ្នា​ទៅវិញ ទៅមក ហើយ​បន្តិចម្ដងៗ គ្រប់គ្នា​ក៏​សម្រេច​នៅ​ស្ងៀមស្ងាត់​ដើម្បី​រក្សា​កម្លាំង។

    ស្ត្រី​ខាងលើ​រៀបរាប់ថា ការហៅ​ទូរស័ព្ទ​ទៅសុំ​ជំនួយ​សង្គ្រោះបន្ទាន់ សុទ្ធតែ​ឥតប្រយោជន៍។ ប្រហែល​ម៉ោង 21 ទឹក​នៅក្នុង​ទូរថភ្លើង បាន​ឡើងដល់​ត្រឹម​បំពង់ក។ ក្នុងចំណោម​អ្នកដំណើរ​ដែល​នៅក្បែរ​នាង ក៏មាន​ស្ត្រី​មាន​ផ្ទៃពោះ ក្មេង និង​មនុស្ស​ចាស់។ ដៃជើង​របស់​ពួកគេ​ចាប់ផ្ដើម​ញ័រ ក្អួត និង​ដកដង្ហើម​ញាប់។

    «ខ្ញុំ​តក់ស្លុត​ណាស់ នៅពេល​ឃើញ​ទឹក​នៅ​ខាងក្រៅ​រថភ្លើង បាន​ឡើង​ខ្ពស់ជាង​ក្បាល។ ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​ដើម្បី​ទទួលយក​ការពិត​នេះ។ ខ្ញុំ​ពិតជា​មិនអាច​នៅមាន​ជីវិត​ទៀត​ទេ» នាង​រៀបរាប់​បន្ថែម។

    ទូរស័ព្ទ​នៅសល់​ថ្ម​ប្រហែល 30% នាង​ក៏​បិទ​កម្មវិធី​ទាំងអស់ ហើយ​ផ្ញើ​សារ​ទៅកាន់​ញាតិ មិត្ត នៅលើ WeChat ប៉ុន្តែ មិន​ហ៊ាន​ប្រាប់​ឪពុក-ម្ដាយ។ មុន​ម៉ោង 21 នាង​ផ្ញើ​សារ​ប្រាប់​មិត្ត​ភ័ក្ដិ ដើម្បីឱ្យ​ពួកគេ​សុំ​ជំនួយ​សង្គ្រោះបន្ទាន់។ ប៉ុន្តែ ចាប់ពី​ម៉ោង 21 តទៅ នាង​ផ្ដោតលើ​ការ​ស្នើឱ្យ​គ្រប់គ្នា​ជួយ​រៀបចំ​កិច្ចការផ្សេងៗ បើសិនជា​ខ្លួន​ត្រូវ​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ។

    សំណាងល្អ​ណាស់ ក្រុម​អ្នក​សង្គ្រោះ​ក៏បាន​មកជួយ​ទាន់ពេល មុននឹង​យមរាជ​មកដល់។ ក្រុមមន្ត្រី​ឱ្យដឹងថា អ្នកដំណើរ​ជាង 500 នាក់ ត្រូវបាន​ជួយ​នាំ​ចេញពី​ទូរថភ្លើង​ដែល​កំពុង​លិច​ក្នុង​ទឹក ប៉ុន្តែ នៅតែមាន​ជនរងគ្រោះ 12 នាក់​បាន​ស្លាប់ និង 5 នាក់​រងរបួស៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • សហភាព​អឺរ៉ុប អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12 ឆ្នាំ

    សហភាព​អឺរ៉ុប អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12 ឆ្នាំ

    ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 Moderna សម្រាប់​ក្មេង​ជំទង់​ចាប់ពី​អាយុ 12-17 ឆ្នាំ ដូច្នេះ វា​បាន​ក្លាយជា​វ៉ាក់សាំង​ទី​ពីរ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​សម្រាប់​ក្មេង​ជំទង់​នៅលើ​ទ្វីប​នេះ។

    «ការប្រើប្រាស់​វ៉ាក់សាំង Moderna សម្រាប់​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ គឺ​ដូច​ទៅនឹង​មនុស្ស​ចាប់ពី​អាយុ 18 ឆ្នាំ​ឡើងទៅ» ស្ថាប័ន​គ្រប់គ្រង​ឱសថ​អឺរ៉ុប (EMA) បានឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី 23 កក្កដា។ វ៉ាក់សាំង​នេះ​នឹងត្រូវ​បាន​ចាក់​ពីរលើក ហើយ​ក្នុង​មួយលើកៗ មាន​គម្លាត​ពីគ្នា 4 សប្ដាហ៍។

    EMA បានឱ្យដឹងថា ពួកគេ​បាន​ស្រាវជ្រាវ​លើ​ផលប៉ះពាល់​របស់​វ៉ាក់សាំង Moderna ចំពោះ​ក្មេង​ចាប់ពី​អាយុ 12-17 ឆ្នាំ។ ការស្រាវជ្រាវ​បង្ហាញថា ការបង្កើត​អង្គ​ប​ដិ​ប្រាណ Moderna នៅលើ​ក្មេង​ចាប់ពី 12-17 ឆ្នាំ គឺ ប្រហាក់ប្រហែល​នឹង​មនុស្សពេញវ័យ​ដែលមាន​អាយុ​ចាប់ពី 18-25 ឆ្នាំ។

    កាលពី​ខែឧសភា Pfizer/BioNTech បាន​ក្លាយជា​វ៉ាក់សាំង​បង្ការ COVID-19 ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ចំពោះ​ក្មេង​ជំទង់​នៅ​អឺរ៉ុប។

    EMA ឱ្យដឹងថា ផលប៉ះពាល់​របស់​វ៉ាក់សាំង​នៅលើ​ក្មេង ប្រហាក់ប្រហែល​នឹង​ផលប៉ះពាល់​នៅលើ​មនុស្សពេញវ័យ រួមមាន​ដូចជា ឈឺ និង​ហើម​ត្រង់​កន្លែង​ចាក់ អស់កម្លាំង ឈឺក្បាល ឈឺ​សាច់ដុំ និង​សន្លាក់ ហើម​កូនកណ្ដុរ (កូនកណ្ដុរ​ឈាមស) ព្រឺ​រងា រកកល​ក្អួត ក្អួតចង្អោរ និង​ក្ដៅខ្លួន។ «អាការ​ទាំងនេះ តែង​កើតឡើង​ក្នុង​សភាព​ស្រាល ឬ​មធ្យម ហើយ​បាត់​ទៅវិញ​បន្តិចម្ដង» នេះ​បើតាម EMA៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 825 នាក់, អ្នកជា​ចំនួន 791 នាក់ និង​អ្នកស្លាប់​ចំនួន 34 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 71,244 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 63,474 នាក់ និង អ្នកស្លាប់ 1,222 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 193,422,020 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 175,737,680 ​​​នាក់​បានជា, 4,151,655 នាក់​បាន​ស្លាប់ និង​ជាង 13,532,680 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ចិន បំផ្ទុះ​ទំនប់ទឹក ដើម្បី​បង្វែរ​ទិស​មហា​ទឹកជំនន់

    ចិន បំផ្ទុះ​ទំនប់ទឹក ដើម្បី​បង្វែរ​ទិស​មហា​ទឹកជំនន់

    កងទ័ព​ចិន បាន​បំផ្ទុះ​ទំនប់ទឹក​មួយ​នៅ Luoyang នៃ​ខេត្ត Henan ដើម្បី​បង្វែរ​ទិស​របស់​ទឹកជំនន់ នៅ​ចំពោះមុខ​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់ ក្រោយ​បាតុភូត​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ធ្លាប់មាន​ក្នុងអំឡុង​ច្រើន​សតវត្សរ៍​កន្លង។

    ទំនុបទឹក​ដែល​ត្រូវបាន​បំផ្ទុះ​កាលពី​យប់​ថ្ងៃទី 20 កក្កដា នេះ ស្ថិតនៅក្នុង​ទីក្រុង Luoyang នៃ​ខេត្ត Henan ក្នុង​គ្រា​ដែល​ជំនន់​ទឹកភ្លៀង កំពុង​វាយប្រហារ​ទីក្រុង​រដ្ឋបាល​នៃ​ខេត្ត Henan។

    យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន 33 នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត Henan ក្នុងនោះ​ក៏មាន​មនុស្ស​ចំនួន 12 នាក់ ដែល​ជាប់​នៅក្នុង​រថភ្លើង​ក្រោម​ដី ក្នុង​ក្រុង Zhengzhou។ បេសកកម្ម​ជួយសង្គ្រោះ នៅតែ​បន្ត​ធ្វើឡើង ខណៈ​មនុស្ស​រាប់រយ​នាក់​ដែល​បាត់​ខ្លួន មិនទាន់​រកឃើញ​នៅឡើយ។

    រដ្ឋបាល​ទីក្រុង Zhengzhou កំពុង​ប្រឹងប្រែង​ដើម្បី​រក្សា​ប្រភពទឹក និង​អគ្គិសនី ស្រប​ពេលដែល​ខេត្ត Henan កំពុង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​នឹង​គ្រោះ​ជំនន់​ទឹកភ្លៀង​មួយ​ផ្សេងទៀត។ ទាហាន​ជាង 3,000 នាក់ កំពុងធ្វើការ​នៅតាម​តំបន់​គ្រោះថ្នាក់​នានា នៅ​ជុំវិញ​ទីក្រុង។ ការខាតបង់​ផ្នែក​សេដ្ឋកិច្ច ត្រូវបាន​គេ​គណនា​ឃើញថា ប្រហែល 1.22 ពាន់​លាន​យុន ស្មើនឹង 189 លាន​ដុល្លារ​អាមេរិក។

    ឥទ្ធិពល​នៃ​ទឹកជំនន់​នេះ ក៏បាន​បណ្ដាលឱ្យ​ពលរដ្ឋ​ចំនួន 3 លាន​នាក់ នៅក្នុង​ស្រុក/ខណ្ឌ​ចំនួន 877 របស់​ខេត្ត Henan ត្រូវ​ឈ្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

    ខេត្ត Henan ស្ថិតនៅក្នុង​តំបន់​វាលរាប​ភាគ​កណ្ដាល​ប្រទេស​ចិន លាតសន្ធឹង​លើ​អាង​ទន្លេសំខាន់ៗចំនួន 4 គឺ ទន្លេ Hai River (Peiho), ទន្លេ​លឿង (Yellow River), ទន្លេ Hwai (Huai River) និង​ទន្លេ Yangtze (Yangzi river)។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ ទាប​ជាង​តំបន់​ក្បែរ​ខាង ដូច្នេះ ងាយ​នឹងរង​គ្រោះទឹកជំនន់ ខណៈ​ប្រព័ន្ធ​បង្ហូរទឹក​ក៏​មិនអាច​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​នេះ​បាន៕

    ប្រភព៖ AP
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 22 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 811 នាក់, អ្នកជា​ចំនួន 798 នាក់ និង​អ្នកស្លាប់​ចំនួន 20 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 70,419 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 62,570 នាក់ និង អ្នកស្លាប់ 1,188 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 192,840,800 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 175,357,704 ​​​នាក់​បានជា, 4,142,679 នាក់​បាន​ស្លាប់ និង​ជាង 13,340,400 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ដោយ​ទុកចិត្ត​វេជ្ជបណ្ឌិត ពលរដ្ឋ អ៊ូ​ហ្គ​ង់​ដា 800 នាក់ ត្រូវគេ​ចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ

    ដោយ​ទុកចិត្ត​វេជ្ជបណ្ឌិត ពលរដ្ឋ អ៊ូ​ហ្គ​ង់​ដា 800 នាក់ ត្រូវគេ​ចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ

    យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ចំនួន 800 នាក់ នៅ​ប្រទេស អ៊ូ​ហ្គ​ង់​ដា ត្រូវបាន​ចាក់​វ៉ាក់សាំង COVID-19 ក្លែង​ក្លាយ ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ចាក់ទឹក​ទៀតផង។

    មន្ត្រី​រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បានឱ្យដឹងថា នេះ​គឺជា​ល្បិចកល​ទាក់ទិន​នឹង​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល មួយ​ក្ដាប់​តូច ដែលមាន​ចិត្ត​លោភលន់ និង​អមនុស្សធម៌។

    យោងតាម​សារព័ត៌មាន SCMP ការចាក់​វ៉ាក់សាំង COVID-19 ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខែឧសភា និង​ខែមិថុនា ក្នុង​គ្រា​ដែល COVID-19 ឆ្លង​រាលដាល​ខ្លាំង​នៅ អ៊ូ​ហ្គ​ង់​ដា ដោយមាន​ពេលខ្លះ មាន​អ្នក​វិជ្ជមាន​រហូតដល់ 1,700 ករណី/ថ្ងៃ។

    ក្រុម​ជន​ខិល​ខួច បាន​បោកប្រាស់​ពលរដ្ឋ​ទាំងឡាយណា​ដែល​ចង់​បង់ប្រាក់​ដើម្បី​បាន​ចាក់​វ៉ាក់សាំង​មុនគេ នៅក្នុង​អំឡុងពេល​ប្រទេស អ៊ូ​ហ្គ​ង់​ដា កំពុង​ខ្វះខាត​វ៉ាក់សាំង។

    បណ្ឌិត Warren Naaamara ប្រធាន​អង្គភាព​តាមដាន​សេវា​សុខាភិបាល របស់​ប្រធានាធិបតី បានទទួល​ស្គាល់​ព័ត៌មាន​ខាងលើ និង​ឱ្យដឹង​បន្ថែមថា «យើង​បាន​ចាប់ខ្លួន​បុគ្គលិក​សុខាភិបាល​ចំនួន 2 នាក់ ទាក់ទង​នឹង​បញ្ហា​​បោកប្រាស់​នេះ ចំណែក​វេជ្ជបណ្ឌិត​ម្នាក់​ទៀត កំពុង​លាក់ខ្លួន»។

    លោក Warren Naaamara បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ មិនចាំបាច់​ព្រួយបារម្ភ​ឡើយ ព្រោះ​ការពិសោធ​បង្ហាញថា វ៉ាក់សាំង​ក្លែងក្លាយ​នេះ មិនមាន​ផ្ទុក​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ឡើយ។

    រដ្ឋាភិបាល អ៊ូ​ហ្គ​ង់​ដា ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដោយ​មិន​គិតថ្លៃ ខណៈ​ក្រុម​ឆបោក យកប្រាក់​ចាប់ពី 25-120 ដុល្លារ ចំពោះ​ពលរដ្ឋម្នាក់។

    ប្រទេស អ៊ូ​ហ្គ​ង់​ដា កាលពី​ថ្ងៃទី 21 កក្កដា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ត្រឹមតែ 252 នាក់​ប៉ុណ្ណោះ ក្រោយ​ការឆ្លង​ដល់​កម្រិត​កំពូល​កាលពី​ខែមិថុនា។ មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​​ចំនួន 91,162 នាក់ ក្នុងនោះ​មាន 2,425 នាក់ បាន​បាត់​បង់ជីវិត៕

    ប្រភព​៖ Bloomberg
    ប្រែសម្រួល​៖ បុត្រា

  • វៀតណាម ផលិត​បាន​វ៉ាក់សាំង COVID-19 គំរូ Sputnik-V ដំបូង​រួចហើយ សម្រាប់​ការពិសោធន៍

    វៀតណាម ផលិត​បាន​វ៉ាក់សាំង COVID-19 គំរូ Sputnik-V ដំបូង​រួចហើយ សម្រាប់​ការពិសោធន៍

    ថ្ងៃទី 21 កក្កដា នេះ សារព័ត៌មាន​រដ្ឋ រុស្ស៊ី ដកស្រង់​សេចក្ដីប្រកាស​មួយ​របស់​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (Russian Direct Investment Fund / RDIF) ឱ្យដឹងថា វៀតណាម បាន​ផលិត​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រភេទ Sputnik-V គំរូ​សម្រាប់​ពិសោធន៍​ដំបូង ដែល​អភិវឌ្ឍ​ដោយ រុស្ស៊ី។ ក្រុមហ៊ុន​ជា​ដៃគូ VABIOTECH របស់​ភាគី វៀតណាម ក៏បាន​ទទួលស្គាល់​ព័ត៌មាន​នេះ។

    ស្ថានីយ​វិទ្យុ Sputnik និង​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា គំរូ​របស់​វ៉ាក់សាំង​ពិសោធន៍​នេះ នឹង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល Gamaleya នៅ​ប្រទេស រុស្ស៊ី ដើម្បី​ធ្វើការ​វាយតម្លៃ​គុណភាព។

    នាយក​មូលនិធិ RDIF លោក Kirill Dmitriev បាន​និយាយថា «RDIF និង VABIOTECH កំពុង​សហការគ្នា​ក្នុង​ការផ្ទេរ​បច្ចេកវិទ្យា។ RDIF កំពុង​បង្កើន​កម្លាំង​ផលិត​វ៉ាក់សាំង Sputnik V ដើម្បី​បង្កើនល្បឿន​ក្នុង​ការចាក់​វ៉ាក់សាំង ដែល​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក»។

    ប្រធាន​ក្រុមហ៊ុន VABIOTECH នៃ​ប្រទេស វៀតណាម លោក Do Tuan Dat ត្រូវបាន​ដកស្រង់​សំដី​ដែល​ថ្លែង​នៅលើ​ស្ថានីយ​វិទ្យុ Sputnik ឱ្យដឹង​ដែរ​ថា «យើង​សង្ឃឹមថា កិច្ចសហការ​រវាង RDIF និង VABIOTECH នឹង​ជួយ​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រឆាំង COVID-19 ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ ដល់ ប្រទេស វៀតណាម និង​បណ្ដា​ប្រទេស នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល»។

    Sputnik-V គឺជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ដំបូង​គេ​ក្នុង​ពិភពលោក។ យោងតាម RDIF មកដល់​បច្ចុប្បន្ន ប្រទេស និង​ដែនដី​ជាង 60 ដែលមាន​ប្រជាជន​សរុប ជាង 3.7 ពាន់​លាន​នាក់ បាន​ចុះឈ្មោះ​ប្រើប្រាស់​វ៉ាក់សាំង Sputnik-V ។

    តារាង​វាយតម្លៃ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី ដែលជា​អ្នក​បាន​អភិវឌ្ឍ​វ៉ាក់សាំង Sputnik-V បញ្ជាក់ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព 97.6% ក្នុងការ​ទប់ស្កាត់ COVID-19។ វិទ្យាស្ថាន Gamaleya កាលពី​ថ្ងៃទី 29 មិថុនា បានឱ្យដឹងថា វ៉ាក់សាំង​របស់ រុស្ស៊ី នេះ ក៏មាន​ប្រសិទ្ធភាព​ប្រហែល 90% ក្នុងការ​ទប់ស្កាត់ COVID-19 ប្រភេទ Delta ផងដែរ។

    បច្ចុប្បន្ន ឥណ្ឌា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង Sputnik-V ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយ​ផលិត 300 លាន​ដូ​ស​ជា​រៀងរាល់ឆ្នាំ ទៅតាម​កិច្ចព្រមព្រៀង។ RDIF ក៏បាន​បន្ថែមថា ឈុត​វ៉ាក់សាំង Sputnik-V ដំបូង​ដែល​ផលិត​នៅ ឥណ្ឌា តាម​គម្រោង​នឹងត្រូវ​រួចរាល់​នៅក្នុង​ខែកញ្ញា ឆ្នាំ 2021៕

    ប្រភព​៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី អាហ្វហ្គានីស្ថាន អង្គុយបួងសួងធ្វើព្រងើយ ក្រោមស្នូរ​នៃ​​គ្រាប់​រ៉ុក្កែត គួរឱ្យតក់ស្លុត

    ប្រធានាធិបតី អាហ្វហ្គានីស្ថាន អង្គុយបួងសួងធ្វើព្រងើយ ក្រោមស្នូរ​នៃ​​គ្រាប់​រ៉ុក្កែត គួរឱ្យតក់ស្លុត

    នៅក្នុង​វីដេអូ​មួយ បង្ហាញថា ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ghani អង្គុយ ក្រាប បួងសួង​ជាមួយនឹង​ក្រុមមន្ត្រី​នៃ​វិមាន​រដ្ឋាភិបាល ដោយ​មិន​ខ្ចី​ចាប់អារម្មណ៍​លើ​សំឡេង​ផ្ទុះ​របស់​គ្រាប់​រ៉ុក្កែត ដែល​កំពុង​លាន់​កងរំពង​នៅ​ជុំវិញខ្លួន។

    ប្រធានាធិបតី របស់ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ashraf Ghani កាលពី​ថ្ងៃទី 20 កក្កដា បាន​ដឹកនាំ​ការ​បួងសួង​មួយ​នៅក្នុង​វិមាន​ប្រធានាធិបតី នៅក្នុង​រដ្ឋធានី កា​ប៊ុល ដើម្បី​ចាប់ផ្ដើម​ថ្ងៃបុណ្យ Eid al-Adha របស់​សាសនា​អ៊ីស្លាម។ នៅ​ក្នុង​វីដេអូ​បង្ហាញថា នៅវេលា​ម៉ោង​ប្រហែល 8 ក្នុង​គ្រា​ដែល​ក្រុមមន្ត្រី​កំពុង​ប្រារព្ធ​ពិធីបួងសួង ក៏​ស្រាប់​តែមាន​សំឡេង​ផ្ទុះ​មួយ​យ៉ាង​ធំ ធ្វើឱ្យ​មន្ត្រី​មួយចំនួន​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច។

    បុរស​ម្នាក់ ស្រ​ឡាំ​កាំ​ង ក្រោកឈរ និង​ពិនិត្យមើល​ទី​ជុំវិញ ខណៈ​មនុស្ស​មួយចំនួន ទំនងជា​មានការ​ព្រួយបារម្ភ។ សំឡេង​គ្រាប់​រ៉ុក្កែត នៅតែ​បន្ត​បន្លឺឡើង​នៅលើ​អាកាស ហើយ​សំឡេង​ផ្ទុះ​ជាច្រើន​ក៏បាន​លាន់ឮ​គួរឱ្យ​ព្រឺក្បាល។

    ក៏ប៉ុន្តែ ប្រធានាធិបតី Ghani នៅតែ​មិន​អើពើ ហើយ​បន្ត​ដឹកនាំ​ពិធីបួងសួង ចំណែក​ក្រុមមនុស្ស​ក៏​បន្ត​បួងសួង​ជាមួយ​លោក។ បុគ្គលិក​សន្តិសុខ​មួយចំនួន បន្ទាប់មក ក៏បាន​ចាក​ចេញពី​ក្រុម​របស់​ប្រធានាធិបតី ដើម្បី​ទៅពិនិត្យ​ស្ថានការណ៍។

    ក្នុង​វីដេអូ យ៉ាងហោច​មាន​រ៉ុក្កែត​ចំនួន 3 គ្រាប់ បាន​ផ្ទុះ​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី ប៉ុន្តែ​ពុំមាន​អ្នករងរបួស​នោះទេ។ ក្រុម​សកម្មប្រយុទ្ធ រដ្ឋ​អ៊ីស្លាម Khorasan (Islamic State Khorasan/IS-K) នៅ អា​ហ្វ​ហ្កា​នី​ស្ថាន បាន​ចេញមុខ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​នេះ។

    «ថ្ងៃបុណ្យ Eid ឆ្នាំនេះ ត្រូវ​បានដាក់​ទៅតាម​ឈ្មោះ​នៃ​កងកម្លាំង​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​គោរព​ដល់​ការលះបង់ និង​ភាពក្លាហាន​របស់​ពួកគេ ពិសេស​នៅក្នុង​រយៈពេល 3 ខែ​កន្លង។ ក្រុម តា​លី​បង់ មិនមាន​បំណង ហើយក៏​មិនមាន​គំនិតល្អ​សម្រាប់​សន្តិភាព។ យើង​បាន​បង្ហាញថា យើង​មានបំណង មាន​សុច្ឆន្ទៈ ហើយ​បាន​លះបង់​ដើម្បី​សន្តិភាព» ប្រធានាធិបតី មានប្រសាសន៍​ដូច្នេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចាប់ផ្ដើម​ពិធីបុណ្យ Eid al-Adha ដែលជា​ថ្ងៃបុណ្យ​ធំ​របស់​អ៊ីស្លាម​សាសនិក។

    ការវាយប្រហារ​ខាងលើ ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​អនាគត​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ក្រុម តា​លី​បង់ កំពុងដណ្ដើម​គ្រប់គ្រង​ទឹកដី​បានជា​បន្តបន្ទាប់ ខណៈដែល​សហរដ្ឋអាមេរិក ដក​កងទ័ព​ស្ទើរតែ​ទាំងអស់​ចេញពី​ប្រទេស​នេះ ក្រោយ​សង្គ្រាម​អូសបន្លាយ​អស់​រាប់​ទសវត្សរ៍។

    ប្រធានាធិបតី របស់ អាហ្វហ្គានីស្ថាន លោក Ashraf Ghani

    ប្រធានាធិបតី សហរដ្ឋ​អាមេរិក លោក Joe Biden កាលពី​ដើមខែ​នេះ​បានឱ្យដឹងថា ផែនការ​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន សម្រេចបាន​ជាង 95% ចំណែក​ទាហាន​ដែល​នៅ​សេសសល់ នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី 31 សីហា៕

    ប្រភព៖ CNN
    ប្រែសម្រួល​៖ បុត្រា

  • កម្ពុជា នឹង​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង COVID-19 ពី ជប៉ុន នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ

    កម្ពុជា នឹង​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង COVID-19 ពី ជប៉ុន នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ

    (ភ្នំពេញ)៖ វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន 1 លាន​ដូ​ស ជា​ជំនួយ​របស់​ប្រទេស ជប៉ុន ដែល​នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021 នឹងត្រូវ​បាន សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់។

    កាលពី​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 រាជរដ្ឋាភិបាល​ជប៉ុន បានប្រកាស​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 1 លាន​ដូ​ស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19។

    ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជា លោក MIKAMI Masahiro បាន​បញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែល​ត្រូវ​បានផ្តល់​អាជ្ញា​បណ្ណ​ផលិត​ក្នុងប្រទេស​ជប៉ុន នឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ បន្ទាប់ពី​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility បានបញ្ចប់។

    គិត​មកដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល ជប៉ុន បានផ្ដល់​ជំនួយ​ជាច្រើន​ដល់ កម្ពុជា ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ក្នុងនោះ​មានដូចជា បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការផ្ដល់​បរិ​ក្ខា​រ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​ជាដើម ដែល​សរុប​ជា​ទឹកប្រាក់ ស្មើនឹង​ជាង 50 លាន​ដុល្លារ​អាមេរិក។

    ជាង​នេះ ជប៉ុន ក៏បានផ្ដល់​ប្រាក់កម្ចី​ប្រមាណ 227 លាន​ដុល្លារ​អាមេរិក ដល់ កម្ពុជា ផងដែរ សម្រាប់​ចាត់​ចែក​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ថវិកា​ដល់​ពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ COVID-19 និង​សម្រាប់​កែលម្អ​ប្រព័ន្ធ​សុខាភិបាល។ នេះ​បើតាម លោក MIKAMI Masahiro។

    កន្លងមក កម្ពុជា​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 សរុប​ចំនួន 2,524,000 ដូ​ស ពី​អន្តរជាតិ ក្នុងនោះ​មាន​ជំនួយ​ពី ប្រទេស​ចិន ចំនួន 2,200,000 ដូ​ស និង​ពី​យន្តការ COVAX ចំនួន 324,000 ដូ​ស។