Category: អន្តរជាតិ

  • វ៉ាក់សាំង COVID-19 ជាង 1.4 លាន​ដូ​ស ជា​ជំនួយ​របស់ អាមេរិក និង អង់គ្លេស នឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះ

    វ៉ាក់សាំង COVID-19 ជាង 1.4 លាន​ដូ​ស ជា​ជំនួយ​របស់ អាមេរិក និង អង់គ្លេស នឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះ

    វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន​ពាក់កណ្ដាល ក្នុងចំណោម​ជាង 1 លាន​ដូ​ស ដែលជា​ជំនួយ​របស់ សហរដ្ឋអាមេរិក តាមរយៈ​យន្តការ COVAX នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក ខណៈ​ជំនួយ​ជា វ៉ាក់សាំង ចំនួន 415,000 របស់ ចក្រភព​អង់គ្លេស ក៏​នឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះដែរ។

    នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​របស់ ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំ កម្ពុជា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 28 កក្កដា បាន​បញ្ជាក់ថា វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ប្រទេស​នេះ គឺ​ប្រភេទ Johnson & Johnson។ វ៉ាក់សាំង​ទាំងនេះ នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 វេលា​ម៉ោង 07:15 នាទី​ព្រឹក នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ស្ថានទូត​ក៏បាន​ឱ្យដឹងថា វ៉ាក់សាំង​ដែល​នៅសល់​ពីនេះ នឹង​មកដល់​នៅ​ថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។

    ដោយឡែក ស្ថានទូត​អង់គ្លេស ប្រចាំ កម្ពុជា ក៏បាន​ឱ្យដឹងថា វ៉ាក់សាំង AstraZeneca ចំនួន 415,000 ដូ​ស ដែល​ប្រទេស​នេះ បាន​សន្យា​ផ្ដល់​ជា​ជំនួយ​ដល់ កម្ពុជា ត្រូវ​បានរៀបចំ​រួចរាល់ ហើយនឹង​មកដល់ កម្ពុជា ក្នុង​សប្ដាហ៍​នេះដែរ។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 75,917 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 68,380 នាក់ និង អ្នកស្លាប់ 1,350 នាក់៕

    ដោយ​៖ បុត្រា

  • វ៉ាក់សាំង Pfizer 3 ដូ​ស គ្រប់​គ្រាន់​សម្រាប់​ការ​​ទប់ទល់​នឹង​ វ៉ា​រ្យ៉​ង់ Delta របស់ COVID-19

    វ៉ាក់សាំង Pfizer 3 ដូ​ស គ្រប់​គ្រាន់​សម្រាប់​ការ​​ទប់ទល់​នឹង​ វ៉ា​រ្យ៉​ង់ Delta របស់ COVID-19

    ទិន្នន័យ​ថ្មី​បាន​បង្ហាញថា ដូ​ស (ម្ជុល) ទី​បី នៃ វ៉ាក់សាំង Pfizer អាច​បង្កើន​បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំង​វីរុស COVID-19 ប្រភេទ Delta ចាប់ពី 5-11 ដង បើ​ធៀប​នឹង​ការចាក់​ម្ជុល​ទី​ពីរ។

    ទិន្នន័យ​ដែល​ត្រូវ​ក្រុមហ៊ុន Pfizer បង្ហោះ​នៅលើ​អ៊ី​ន​ធើ​ណិ​ត កាលពី​ថ្ងៃទី 28 កក្កដា បង្ហាញថា បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង វីរុស COVID-19 ប្រភេទ Delta នៅលើ​មនុស្ស​ដែលមាន​វ័យ​ចាប់ពី 18-55 ឆ្នាំ កើនឡើង 5 ដង ក្រោយពី​បាន​ចាក់​ដូ​ស​ទី​បី។ ចំណែក​នៅលើ​អ្នក​ដែលមាន​វ័យ​ចាប់ពី 65-85 ឆ្នាំ កំណើន​នៃ​អង្គ​ប​ដិ​ប្រាណ​នេះ ស្មើនឹង 11 ដង។

    ក្រុម​អ្នកស្រាវជ្រាវ​របស់ Pfizer/BioNTech អះអាងថា ការចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​បី ជួយ​បង្កើន​ភាពរឹងមាំ​នៃ​របង​ការពារ​មនុស្ស​ពី Delta ដែលជា​វ៉ា​រ្យ៉​ង់ (វី​រូស​បំប្លែង​ខ្លួន​ថ្មី) របស់ COVID-19 ដែល​កំពុង​រាតត្បាត​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។ ក្រុម​ស្រាវជ្រាវ​បន្ថែមថា វ៉ាក់សាំង Pfizer ចំនួន 3 ដូ​ស អាចជួយ «បង្កើន​លទ្ធភាព​នៃ​ការបង្ក្រាប​លើ វ៉ា​រ្យ៉​ង់ Delta បាន​រហូតដល់ 100 ដង» ធៀប​នឹង​កាល​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ក្រៅពីនេះ ទិន្នន័យ​នៃ​ការពិសោធ​ស្រាវជ្រាវ​ខាងលើ ក៏បាន​បញ្ជាក់ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន 3 ដូ​ស មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​វីរុស​ប្រភេទ​ដំបូង​របស់ COVID-19 និង វ៉ា​រ្យ៉​ង់ Beta ដែល​បង្ហាញខ្លួន​ដំបូង​នៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ខ្ពស់ជាង​ច្រើន បើ​ធៀប​នឹង​អ្នក​ដែល​បាន​ចាក់​ពីរ​ដូ​ស។ បច្ចុប្បន្ន ទិន្នន័យ​នៃ​ការពិសោធ​នេះ មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​ជា​ផ្លូវការ​នៅឡើយ។

    នៅក្នុង​បញ្ជី​ស្ដីពី​វ៉ាក់សាំង​ប្រឆាំង COVID-19 ដែល​ត្រូវបាន WHO អនុម័ត គេ​ឃើញថា វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា mRNA មាន​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ នៅក្នុង​ការពិសោធ​លើ​មនុស្ស ក្នុងនោះ វ៉ាក់សាំង Moderna មាន​ប្រសិទ្ធភាព 94% និង Pfizer 95%។ បើទោះជា​មានការ​លំបាក​ក្នុងការ​រក្សាទុក និង​ការដឹកជញ្ជូន ប៉ុន្តែ វ៉ាក់សាំង​ទាំង 2 ប្រភេទ​នេះ ហាក់​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ជាក់ស្ដែង ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការពិសោធ។ ការស្រាវជ្រាវ​មួយ​របស់​រដ្ឋាភិបាល​អ​ង់​គ្លេ​ស កាលពី​ខែ​មុន បានបង្ហាញ​ដែរ​ថា វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ​របស់​អ្នក​វិជ្ជមាន​នឹង វ៉ា​រ្យ៉​ង់ Delta បាន​រហូតដល់ 96% ឯណោះ៕

    ប្រភព៖ CNN
    ប្រែ​សម្រួល៖ បុត្រា

  • ក្រោយ​ចាក់​វ៉ាក់សាំង AstraZeneca ម្ជុល​ទី​ពីរ ហានិភ័យ​កកឈាម បាន​ថយចុះ​ទាប​បំផុត

    ក្រោយ​ចាក់​វ៉ាក់សាំង AstraZeneca ម្ជុល​ទី​ពីរ ហានិភ័យ​កកឈាម បាន​ថយចុះ​ទាប​បំផុត

    ហានិភ័យ​នៃ​បញ្ហា​កកឈាម​បន្ទាប់ពី​ត្រូវបាន​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​ពីរ មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​ក្រោយ​ការចាក់​ដូ​ស​ទីមួយ។

    លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ Lancet កាលពី​ថ្ងៃទី 28 កក្កដា ក្រោម​ការដឹកនាំ និង​ឧបត្ថម្ភ​ដោយ AstraZeneca បាន​បង្ហាញថា អត្រា​នៃ​ការកកើត​ដុំ​ឈាមកក ដោយ​បរិមាណ​ប្លា​កែ​ត​ថយចុះ (TTS/ Thrombosis with Thrombocytopenia Syndrome) ក្រោយពី​បាន​ចាក់​ម្ជុល​ទីមួយ ស្មើនឹង 8.1 នាក់/1 លាន​នាក់។

    ការស្រាវជ្រាវ ផ្អែកទៅលើ​ទិន្នន័យ​សុវត្ថិភាព​សកល​របស់ AstraZeneca ដែល​បាន​វាយតម្លៃ​លើ​ករណី​ត្រូវបាន​រាយការណ៍​គិត​ត្រឹម​ថ្ងៃទី 30 មេសា ក៏​បង្ហាញថា បញ្ហា​កកឈាម កើតឡើង​ក្នុង​រង្វង់ 14 ថ្ងៃ បន្ទាប់ពី​បាន​ចាក់​ម្ជូ​ល​ទីមួយ ឬ​ម្ជុល​ទី​ពីរ។

    ជាក់ស្ដែង មាន​បញ្ហា TTS ចំនួន 13 ករណី​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរ នៅលើ​មនុស្ស​ចាប់ពី​វ័យ 45-85 ឆ្នាំ ខណៈ 399 ករណី ត្រូវបាន​រកឃើញ ក្រោយពី​បាន​ចាក់​ម្ជុល​ដំបូង។

    ស្ថាប័ន​គ្រប់គ្រង​ឱសថ​របស់​សហភាព​អឺរ៉ុប (EU) បាន​ពិនិត្យ​ទៅលើ​ករណី TTS ចាប់តាំងពី​ខែមីនា និង​បាន​រកឃើញ​ទំនាក់ទំនង​រវាង​បញ្ហា​កកឈាម​នេះ ជាមួយនឹង​វ៉ាក់សាំង AstraZeneca និង Johnson & Johnson។ ក៏ប៉ុន្តែ ពួកគេ​​សង្កត់​ធ្ងន់​ថា ផលប្រយោជន៍​ជារួម​របស់​វ៉ាក់សាំង​ទាំង 2 ប្រភេទ​នេះ នៅតែ​ធំធេង​ជាង​ហានិភ័យ​ណាៗទាំងអស់៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 28 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 766 នាក់, អ្នកជា​ចំនួន 967 នាក់ និង​អ្នកស្លាប់​ចំនួន 15 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 75,152 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 67,692 នាក់ និង អ្នកស្លាប់ 1,339 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 195,992,087 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 177,679,271 ​​​នាក់​បានជា, 4,193,169 នាក់​បាន​ស្លាប់ និង​ជាង 14,119,647 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ប្រទះឃើញ​ត្បូង​ខ្នាត​យក្ស មានតម្លៃ 100 លាន​ដុល្លារ ពេល​ជីក​អណ្ដូង​ក្នុងផ្ទះ

    ប្រទះឃើញ​ត្បូង​ខ្នាត​យក្ស មានតម្លៃ 100 លាន​ដុល្លារ ពេល​ជីក​អណ្ដូង​ក្នុងផ្ទះ

    ស្រីលង្កា៖ ក្រុមកម្មករ​​ដែល​ជីក​អណ្ដូង​ក្នុងផ្ទះ​របស់​អ្នកជំនួញ​ម្នា​ក់នៅ​តំបន់ Ratnapura បាន​ប្រទះឃើញ​ត្បូង​កណ្ដៀង (sapphire) មួយ​ដុំ​ធំ​ដែលមាន​ទម្ងន់​ជាង 500 គីឡូក្រាម និង​មានតម្លៃ​ប្រហែល 100 លាន​ដុល្លារ​អាមេរិក។

    បណ្ដាញសារព័ត៌មាន ស្រីលង្កា កាលពី​ថ្ងៃទី 27 កក្កដា បានចេញ​ផ្សាយ​ថា ត្បូង​កណ្ដៀង (sapphire) ទម្ងន់​ជាង 2.5 លាន​កា​រ៉ា​ត ត្រូវបាន​ក្រុម​អ្នក​ជីក​អណ្ដូង ប្រទះឃើញ​នៅក្នុង​បរិវេណ​ផ្ទះ​របស់​អ្នកជំនួញ Gamage នៅក្នុង​ក្រុង Ratnapura ខេត្ត Sabaragamuwa ដែលជា​តំបន់​មួយ សម្បូរ​ធនធានធម្មជាតិ ពិសេស​គឺ​ត្បូង​ដែលមាន​តម្លៃ​ខ្ពស់ របស់ ស្រីលង្កា។

    «កម្មករ​ជីក​អណ្ដូង បាន​ប្រាប់ថា ពួកគេ​ប្រទះឃើញ​ត្បូង​តូច​មួយចំនួន។ ក្រោយមក យើង​ក៏បាន​បន្ត​រកឃើញ​ត្បូង​ដ៏​ធំ​នេះ» លោក Gamege ប្រាប់​ដូច្នេះ។

    ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា ត្បូង​កណ្ដៀង​ទម្ងន់​សរុប 510 គីឡូក្រាម ដែល​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា «Serendipity Sapphire» នេះ មានតម្លៃ​ឡើងដល់ 100 លាន​ដុល្លារ​អាមេរិក នៅលើ​ទីផ្សារ​ត្បូង​អន្តរជាតិ។

    អ្នកជំនួញ Gamage ជា​សមាជិក​នៃ​គ្រួសារ​ដែល​ធ្វើ​ជំនួញ​ខាងត្បូង អស់ 3 ជំនាន់​មកហើយ ក្រោយមក​ក៏បាន​រាយការណ៍​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ។ ប៉ុន្តែ ក្រុមមន្ត្រី​ត្រូវការ​ពេល​ជាង 1 ឆ្នាំ ក្នុងការ​សម្អាត ទើប​អាច​វាយតម្លៃ​ជា​ផ្លូវការ​បាន។

    Gamage ថ្លែងថា ក្នុងអំឡុង​សម្អាត​ដំបូង ត្បូងតូចៗមួយចំនួន​បាន​របេះ​ចេញពី Serendipity Sapphire ហើយ​វា​ត្រូវបាន​បញ្ជាក់ថា ជា ត្បូង​កណ្ដៀង​រូប​ផ្កាយ (Star Sapphire) ដែលមាន​គុណភាព​ខ្ពស់។

    Gamini Zoysa ដែលជា​បណ្ឌិត​ផ្នែក​ត្បូង​ពេ​ជ្យ បាន​អធិប្បាយ​អំពី Serendipity Sapphire ថា៖ «ខ្ញុំ​មិន​ធ្លាប់​បានឃើញ​វត្ថុ​ធំ​យ៉ាង​ដូច្នេះ​ទេ។ ត្បូង​នេះ ទំនងជា​បាន​កកើត​តាំងពី 400 លាន​ឆ្នាំមុន»។

    យ៉ាងណាក៏ដោយ អ្នកជំនាញ​មួយចំនួន​និយាយថា បើជា​ត្បូង​នេះ​មាន​ទម្ងន់​ធ្ងន់ ប៉ុន្តែ មិន​ប្រាកដថា គ្រប់ផ្នែក​របស់​វា សុទ្ធតែជា​ត្បូង​ដែលមាន​គុណភាព​ខ្ពស់​នោះដែរ។ Thilak Weerasinghe មេដឹកនាំ​ស្ថាប័ន​ត្បូង​មានតម្លៃ​របស់ ស្រីលង្កា សង្ឃឹមថា ត្បូង Serendipity Sapphire នេះ នឹង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមហ៊ុន ឬ​សារមន្ទីរ​អន្តរជាតិ៕

    ប្រភព៖ BBC
    ប្រែ​សម្រួល៖ បុត្រា

  • ប៉ូលិស ឥណ្ឌា បាញ់ប្រហារ​គ្នា! អ្នកស្លាប់ និង​របួស កើន​ដល់​ជាង 60 នាក់

    ប៉ូលិស ឥណ្ឌា បាញ់ប្រហារ​គ្នា! អ្នកស្លាប់ និង​របួស កើន​ដល់​ជាង 60 នាក់

    ប៉ូលិស​ក្នុង​រដ្ឋ​ចំនួន 2 គឺ​រដ្ឋ Assam និង​រដ្ឋ Mizoram របស់​ប្រទេស ឥណ្ឌា បាន​បាញ់ប្រហារ​គ្នា ដោយសារតែ​ការដណ្ដើម​ទឹកដី បណ្ដាលឱ្យមាន​អ្នកស្លាប់ 6 នាក់ និង​របួស​ជាង 60 នាក់។

    មេដឹកនាំ​រដ្ឋ Assam លោក Himanta Biswa Sarma កាលពី​ថ្ងៃទី 27 កក្កដា បានឱ្យដឹងថា បុគ្គលិក​ពិសេស​ចំនួន 4,000 នាក់ នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​តំបន់​ព្រំប្រទល់​នឹង​រដ្ឋ Mizoram បន្ទាប់ពី​មាន​ករណី​ប្រយុទ្ធ​គ្នា​មួយថ្ងៃ​មុន​នោះ។

    ចំណែក មេដឹកនាំ​រដ្ឋ Mizoram លោក Zoramthanga បាន​ចោទថា ប៉ូលិស​របស់​រដ្ឋ Assam បាន​ផ្ទុះអាវុធ​មុន ហើយ​គំរាម​សម្លុត​បុគ្គលិក​នៅ​បន្ទាយ​ការពារ​ដែន និង​បាន​វាយប្រហារ​ពលរដ្ឋ​ស៊ីវិល​ដែល​មិនមាន​អាវុធ។

    រដ្ឋ​ទាំងពីរ​មានការ​ប្រទាញប្រទង់​គ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ទាក់ទង​នឹង​បញ្ហា​ព្រំប្រទល់។ ភាព​តានតឹង​បាន​កើនឡើង​តាំងពី​ខែ​មុន នៅពេល​រដ្ឋ Mizoram បាន​ចោទ​កងកម្លាំង​របស់រ​ដ្ឋ Assam ថា បាន​រំលោភ​ទឹកដី។ ជាការ​ឆ្លើយតប រដ្ឋ Assam ក៏បាន​ចោទ​វិញ​ថា ពលរដ្ឋ​របស់​រដ្ឋ Mizoram បាន​រំលោភ​យក​ដីព្រៃ​បម្រុង​របស់​រដ្ឋ​នេះ។

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឥណ្ឌា លោក Amit Shah បាន​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ ប៉ុន្តែ មិនទាន់មាន​ដំណោះស្រាយ​សមស្រប​ដើម្បី​សម្របសម្រួល​បញ្ហា​ដណ្ដើម​ទឹកដី​គ្នា​នេះ​នៅឡើយ។ Sarma សមាជិក​ម្នាក់​នៃ​បក្ស​កាន់អំណាច Bharatiya Janata (BJP) របស់​នាយករដ្ឋមន្ត្រី Narendra Modi ឱ្យដឹងថា អាជ្ញាធរ​របស់លោក​នឹងដាក់​សំណើ​ឡើង​តុលាការ​កំពូល ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា «ពុំមាន​ដីព្រៃ​បម្រុង​មួយ​តឹក​ណា ត្រូវបាន​គេ​រំលោភបំពាន»។

    Mizoram ធ្លាប់ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​រដ្ឋ Assam គិត​ត្រឹម​ឆ្នាំ 1972 បន្ទាប់ពី​ត្រូវបាន​បំបែកចេញ​ពីគ្នា ហើយ​ក្រោយមក​ក៏​ក្លាយជា​រដ្ឋ​ដាច់ដោយឡែក​នៅ​ឆ្នាំ 1986។ អាជ្ញាធរ​រដ្ឋ Mizoram ឱ្យដឹងថា តំបន់​ដែល​រដ្ឋ Assam ប្រកាសថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​ដែរនោះ ត្រូវបាន​ពលរដ្ឋ​រប​ស់​ពួកគេ ប្រើប្រាស់​ជាង 100 ឆ្នាំ​មកហើយ។ ប៉ុន្តែ ភាគី​ខាង Assam អះអាងថា ដែនដី​មួយផ្នែកធំ​របស់ខ្លួន ត្រូវបាន​គេ​រំលោភ​កាន់កាប់។

    តំបន់​ភាគ​ឦសាន​ដែល​នៅ​ដាច់ស្រយាល និង​សម្បូរ​ធនធានធម្មជាតិ របស់​ប្រទេស ឥណ្ឌា គឺ​ជាទី​ដែលមាន​បញ្ហា​ពូជសាសន៍​កើតឡើង​ជា​ញឹកញាប់ ចាប់តាំងពី​ប្រទេស​នេះ ដណ្ដើមបាន​ឯករាជ្យ កាលពី​ឆ្នាំ 1947។ បន្ទាត់​ព្រំប្រទល់​រវាង​រដ្ឋ​ចំនួន 7 នៅ​តំបន់​នេះ មិនត្រូវ​បាន​ខណ្ឌ​ចែក​ច្បាស់លាស់ ធ្វើឱ្យ​ជម្លោះ​ដណ្ដើម​ទឹកដី និង​ទ្រព្យសម្បត្តិ កើតមាន​ជា​បន្តបន្ទាប់ ប៉ុន្តែ កម្រ​កើតមាន​ការប្រយុទ្ធ​គ្នា​រហូតដល់​ថ្នាក់​មាន​មនុស្ស​ស្លាប់​ច្រើន​ដូច្នេះ៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • Joe Biden ប្រកាស​បញ្ចប់​បេសកកម្ម​សង្គ្រាម​របស់ អាមេរិក នៅ អ៊ីរ៉ាក់

    Joe Biden ប្រកាស​បញ្ចប់​បេសកកម្ម​សង្គ្រាម​របស់ អាមេរិក នៅ អ៊ីរ៉ាក់

    ប្រធានាធិបតី សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សកម្មភាព​ប្រយុទ្ធ​របស់​ទាហាន​អាមេរិក នៅ​ប្រទេស​មជ្ឈិមបូព៌ា​មួយ​នេះ ក្រោយ​ការចូល​ធ្វើ​អត្ត​រាគ​មន៍​ជាង 18 ឆ្នាំ។

    «តួនាទី​របស់​យើង​នៅ​ប្រទេស អ៊ីរ៉ាក់ នឹង​ជាការ​បង្វឹក គាំទ្រ និង​ជួយឧបត្ថម្ភ ក៏ដូចជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការធ្វើសកម្មភាព បើសិនជា​ក្រុម​រដ្ឋ​អ៊ីស្លាម (IS / Islamic State) បង្ហាញខ្លួន​ជាថ្មី។ ប៉ុន្តែ យើង​នឹងមិន​ចូលរួម​ការប្រយុទ្ធ ចាប់ពី​ចុងឆ្នាំ​នេះ» ប្រធានាធិបតី Joe Biden ថ្លែង​ក្រោយ​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Mustafa al-Kadhimi នៅ​សេត​វិមាន កាលពី​ថ្ងៃទី 26 កក្កដា។

    ការសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Biden បានប្រកាស​ដកទ័ព អាមេរិក ភាគច្រើន​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន បញ្ចប់សង្គ្រាម​ពីរលើក​ដែល​ចាប់ផ្ដើម​តាំងពី​ជំនាន់​អតីត​ប្រធានាធិបតី George W. Bush។

    លោក Joe Biden (ស្ដាំ) និង​នាយករដ្ឋមន្ត្រី​ អ៊ីរ៉ាក់ Mustafa al-Kadhimi

    សហរដ្ឋអាមេរិក កំពុង​ដាក់​ទាហាន 2,500 នាក់ នៅក្នុង​ប្រទេស អ៊ីរ៉ាក់ ដោយមាន​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS ។ តួនាទី​របស់​ទាហាន អាមេរិក នឹង​ងាក​ទៅធ្វើជា​គ្រូបង្វឹក និង​ប្រឹក្សា​យោបល់​ឱ្យ​កងទ័ព អ៊ីរ៉ាក់ ក្នុង​បេសកកម្ម​ប្រយុទ្ធ។ ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក នឹង​ទុក​ទាហាន​ចំនួន​​ប៉ុន្មាន​នាក់ ឱ្យនៅ​ក្នុងប្រទេស អ៊ីរ៉ាក់ នោះទេ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រយុទ្ធ។

    សហរដ្ឋអាមេរិក បាន​បញ្ជូន​កងទ័ព​​របស់​ខ្លួន​ចូល​ប្រទេស អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2003 ដើម្បី​ផ្ដួលរំលំ​របប​ប្រធានាធិបតី Saddam Hussein ហើយ​ក្រោយមក​ក៏បាន​ដកទ័ព​ទាំងអស់​ចេញពី​ប្រទេស​នេះ នៅ​ខែធ្នូ ឆ្នាំ 2011 ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី Barack Obama ប៉ុន្តែ ត្រូវបាន​បញ្ជូន​ត្រលប់​ទៅកាន់ អ៊ីរ៉ាក់ ជាថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព IS តាម​ការស្នើ​របស់​ប្រទេស​នេះ។

    «នឹង​មិនមាន​អ្នកណាម្នាក់ ប្រកាស​បញ្ចប់​ភារកិច្ច​នោះទេ។ គោលដៅ​គឺ​ការធានា​ឱ្យបាន​នូវ​បរាជ័យ​របស់ IS » នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់ សហរដ្ឋអាមេរិក ដែល​ទំនងជា​ចង់​បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិន​បោះ​បង់ អ៊ីរ៉ាក់ នោះឡើយ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-ព្យុះ​ខ្សាច់​កម្ពស់​ជាង 100 ម៉ែត្រ គ្របដណ្ដប់​ទីក្រុង​របស់​ប្រទេស​ចិន

    (វីដេអូ)-ព្យុះ​ខ្សាច់​កម្ពស់​ជាង 100 ម៉ែត្រ គ្របដណ្ដប់​ទីក្រុង​របស់​ប្រទេស​ចិន

    ព្យុះ​ខ្សាច់​នេះ បាន​វាយប្រហារ​មកលើ​ទីក្រុង Dunhuang នាំឱ្យ​ផ្ទៃមេឃ​ប្រែជា​ពណ៌​លឿង ងងឹត ហើយ​អាច​មើលឃើញ​ក្នុង​រយៈ​ចម្ងាយ​តែ 5 ម៉ែត្រ ខណៈ​ចរាចរណ៍​ក៏ត្រូវ​ស្ទះ។

    ព្យុះ​ខ្សាច់​មួយ​ដ៏​ធំ បាន​បោកបក់​មកដល់​ទីក្រុង Dunhuang នៅវេលា​ម៉ោង​ប្រហែល 15 នៃ​ថ្ងៃទី 25 ខែកក្កដា (ម៉ោង​ក្នុងស្រុក)។ ទ្រង់ទ្រាយ​របស់​ព្យុះ​នេះ ដូច​ទៅនឹង​ជញ្ជាំង​ខ្សាច់​ដែលមាន​កម្ពស់​ជាង 100 ម៉ែត្រ និង​ធ្វើដំណើរ​ពី​ទិស​ខាងជើង​មក​ខាងត្បូង ហើយ​ក៏បាន​គ្របដណ្ដប់​ផ្លូវ​ល្បឿន​លឿន​អស់​ជាច្រើន​នាទី បណ្ដាលឱ្យ​ផ្ទៃមេឃ​ប្រែ​ទៅជា​ពណ៌​លឿន ចំណែក​រយៈ​ចម្ងាយ​មើលឃើញ​ក៏ត្រូវ​ធ្លាក់​ចុះក្រោម 5 ម៉ែត្រ។

    ប៉ូលិស​ក្នុង​តំបន់ ដែល​មក​បំពេញការងា​រ ណែ​នាំឱ្យ​រថយន្ត​ដែល​ត្រូវ​ស្ទះ ប្រញាប់​ចាកចេញ​ពី​ផ្លូវ​ល្បឿន​លឿន ទៅកាន់​ទីតាំង​សុវត្ថិភាព រង់ចាំ​ព្យុះ​ទៅ​ផុត។

    ទីក្រុង Duhuang ដែល​ស្ថិតនៅលើ​សមុទ្រ​ខ្សាច់ Gobi មានឈ្មោះ​ល្បី​ខ្លាំង ដោយសារតែ​អាកាសធាតុ និង​បាតុភូតធម្មជាតិអាក្រក់ៗ ធ្វើឱ្យ​ប្រជាជន​ក្នុង​តំបន់ ពិបាក​រស់នៅ៕

    ប្រភព​៖ SCMP
    ប្រែសម្រួល​៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 កក្កដា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 778 នាក់, អ្នកជា​ចំនួន 686 នាក់ និង​អ្នកស្លាប់​ចំនួន 22 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2021។

    គិត​ត្រឹម​ព្រឹក​​​ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 73,701 នាក់ ក្នុងនោះ​មានអ្នកជា​សះស្បើយ​ជាង 65,950 នាក់ និង អ្នកស្លាប់ 1,305 នាក់។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 194,835,310 ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 176,779,220 ​​​នាក់​បានជា, 4,175,129 នាក់​បាន​ស្លាប់ និង​ជាង 13,880,950 នាក់ កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ក្រុមហ៊ុន ជប៉ុន ពិសោធ​ថ្នាំ​ព្យាបាល COVID-19! ព្យាបាល 5 ថ្ងៃ ជា ៖ អ្នក​មិន​អាច​ចាក់​វ៉ាក់សាំងបាន​​ មាន​សង្ឃឹម​ហើយ!

    ក្រុមហ៊ុន ជប៉ុន ពិសោធ​ថ្នាំ​ព្យាបាល COVID-19! ព្យាបាល 5 ថ្ងៃ ជា ៖ អ្នក​មិន​អាច​ចាក់​វ៉ាក់សាំងបាន​​ មាន​សង្ឃឹម​ហើយ!

    ក្រុមហ៊ុន Shionogi នៅ Osaka ប្រទេស ជប៉ុន បានចាប់ផ្ដើម​ពិសោធ​លើ​មនុស្ស ចំពោះ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ ដោយ​ឱ្យ​លេប 1 ថ្ងៃ 1 ដង ហើយ​លទ្ធផល​ដែល​ទទួលបាន នោះ​គឺ​ការ​កម្ចាត់​វីរុស​ក្នុង​រយៈពេល មិន​ដល់ 1 សប្ដាហ៍។

    ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានចេញ​ផ្សាយ​ថា Shionogi ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ​សម្រាប់​បញ្ចុះ​ខ្លាញ​អាក្រក់ Crestor បានប្រកាសថា ផលិត​បាន​ថ្នាំ​កម្ចាត់​វីរុស COVID-19។ ដោយ​ត្រូវ​លេប 1 ដង ក្នុង 1 ថ្ងៃ ថ្នាំ​ប្រភេទ​នេះ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ព្យាបាល។ ក្រុមហ៊ុន Shionogi បានឱ្យដឹងថា ពួកគេ​កំពុង​ពិសោធ​លើ​ការប្រើប្រាស់​ថ្នាំ រួម​នឹង​ផលប៉ះពាល់​របស់​វា នៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត។ ការពិសោធ​នេះ​ទើបតែ​បានចាប់ផ្ដើម​ក្នុង​ខែកក្កដា ហើយ​វា​អាច​អូសបន្លាយ​ដល់​ឆ្នាំ 2022។

    វិធី​ព្យាបាល COVID-19 ដែលមាន​ក្នុង​បច្ចុប្បន្ន មានដូចជា ថ្នាំ​ប្រឆាំង​វីរុស​ប្រភេទ​បញ្ចូល​ក្នុង​សរសៃឈាម remdesivir របស់ Gilead Sciences ប្រើ​នៅក្នុង​មន្ទីរពេទ្យ និង​មាន​ប្រសិទ្ធភាព​ដោយ​ករណី។ ថ្នាំ​មួយចំនួនទៀត​ដែល​ត្រូវបាន​ប្រើ​នាបច្ចុប្បន្ន មានដូចជា ថ្នាំ​អង្គ​ប​ដិ​ប្រាណ​ប្រភេទ monoclonal (mAb ឬ moAb) ថ្នាំ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Regeneron និង​ថ្នាំ​ប្រភេទ steroid dexamethasone។

    «គោលដៅ​របស់​យើង នោះ​គឺ​ការបង្កើត​ថ្នាំ​ប្រភេទ​លេប ប្រកបដោយ​សុវត្ថិភាព ដូច​ទៅនឹង Tamiflu និង Xofluza» លោក Isao Teshi នាយក​ប្រតិបត្តិ​របស់ Shionogi បញ្ជាក់​ដូច្នេះ។ លោក​ថ្លែងថា ថ្នាំ​គ្រាប់​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​កម្ចាត់​វីរុស ក្នុង​រយៈពេល 5 ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បាន​លេប​គ្រាប់​ដំបូង។

    លោក Isao Teshi នាយកប្រតិបត្តិរបស់ Shionogi

    វេជ្ជបណ្ឌិត Teshirogi បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ស្វែងរក​អ្នកស្ម័គ្រចិត្ត ចាប់ពី 50-100 នាក់ ដើម្បី​ចូលរួម​ការពិសោធ​នៅ ជប៉ុន។ ក្រោយមក ការពិសោធ​ធំ​ជាង​នេះ​មួយ​ផ្សេងទៀត ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ 2020។

    ក្រុមហ៊ុន ជប៉ុន នេះ បាន​ចូលរួម​ប្រជែង​ក្នុងការ​អភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 យឺត​ជាង បើ​ធៀប​នឹង​ក្រុមហ៊ុន Pfizer និង Merck ដែល​សុទ្ធតែជា​ក្រុមហ៊ុន​របស់ សហរដ្ឋអាមេរិក។ Pfizer បានប្រកាសថា ថ្នាំ​ប្រភេទ​លេប 2 ដង/ថ្ងៃ របស់​ពួកគេ នឹង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ដាក់លក់​ក្នុង​ទីផ្សារ លឿន​បំផុត​នៅ​ឆ្នាំនេះ។ Pfizer កំពុង​ត្រៀម​ស្វែងរក​អ្នកជំងឺ COVID-19 ចំនួន 2,000 នាក់ ដើម្បី​ចូលរួម​ការពិសោធ​ថ្នាំ​នេះ។

    ការសិក្សា​ស្រាវជ្រាវ​នានា​បាន​បង្ហាញថា ការចាក់​វ៉ាក់សាំង មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដែល​បង្កឡើង​ដោយ​វ៉ា​រ្យ៉​ង​មួយចំនួន​របស់ COVID-19 ប៉ុន្តែ ជាក់ស្ដែង នៅមាន​មនុស្ស​ជាច្រើន​មិន​ចង់​ចាក់​វ៉ាក់សាំង ឬ​មាន​ជំងឺ​ប្រចាំកាយ មិនអាច​ចាក់​វ៉ាក់សាំង​បាន ខណៈដែល​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ក៏​នៅមាន​ហានិភ័យ​វិជ្ជមាន​នឹង​វីរុស​នេះ។ ដូច្នេះ ការអភិវឌ្ឍ​ថ្នាំ​ព្យាបាល COVID-19 របស់​ក្រុមហ៊ុន​ទាំងនេះ គឺ​សំដៅលើ​ក្រុមមនុស្ស​ខាងលើ។

    ក្រៅពី​ក្រុមហ៊ុន​ខាងលើ នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត កំពុង​យកចិត្តទុកដាក់​លើ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ក្នុងនោះ នៅ​ប្រទេស អ៊ីស្រាអែល ក្រុម​អ្នកវិទ្យាសាស្ត្រ បានប្រកាសថា បាន​រកឃើញ​ថ្នាំ​ចំនួន 3 ប្រភេទ​ដែលមាន​ស្រាប់ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ COVID-19 រួមមាន ថ្នាំ​ព្យាបាល​បញ្ហា​ស្ទះ​សរសៃឈាម darapladib, ថ្នាំ​ព្យាបាល​មហារីក flumatinib និង​ថ្នាំ​ព្យាបាល​ជំងឺ HIV៕

    ប្រភព​៖ WSJ
    ប្រែសម្រួល​៖ បុត្រា