Category: អន្តរជាតិ

  • ប្រទេស​ចិន៖ ទីក្រុង​ជាច្រើន​ប្រកាសអាសន្ន «កម្រិត​ក្រហម» ដោយសារ​ជំនន់​ទឹកភ្លៀង (វីដេអូ)

    ប្រទេស​ចិន៖ ទីក្រុង​ជាច្រើន​ប្រកាសអាសន្ន «កម្រិត​ក្រហម» ដោយសារ​ជំនន់​ទឹកភ្លៀង (វីដេអូ)

    ទីក្រុង​ចំនួន 5 នៅក្នុង​ខេត្ត Hubei កំពុង​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​ចំនួន 21 នាក់ និង​ធ្វើឱ្យ​ប្រជាជន​ជិត 6,000 នាក់ ត្រូវ​រត់​ទៅកាន់​ទី​សុវត្ថិភាព។

    សារព័ត៌មាន​រដ្ឋ​ចិន បានចេញ​ផ្សាយ​ថា កម្រិត​ផ្ទៃ​ទឹក​នៅក្នុង​បឹង​ចំនួន 774 កន្លែង ក្នុង​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​នេះ បាន​ឡើង​ផុត​កម្រិត​ប្រកាសអាសន្ន​តាំងតែ​ពី​យប់​ម្សិលមិញ ក្នុង​គ្រា​ដែល​ភ្លៀង​ធំ​បានធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ បណ្ដាលឱ្យ​ផ្ទះ​ជាង 3,600 ខ្នង​ត្រូវ​ខូចខាត និង​បំផ្លាញ​ដី​កសិកម្ម​ជាង 8,110 ហិកតា។

    អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ខេត្ត Hubei បានឱ្យដឹងថា ការខាតបង់​គិត​ជា​ទឹកប្រាក់ អាច​ឡើងដល់ 16.7 លាន​ដុល្លារ​អាមេរិក។ ទីក្រុង​ចំនួន 5 របស់​ខេត្ត​នេះ បានប្រកាស​អាសន្ន​កម្រិត​ក្រហម បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បានសម្លាប់​មនុស្ស​អស់ 21 នាក់ នៅក្នុង​ទីក្រុង Suizhou ភាគ​ខាងជើង​នៃ​ខេត្ត Hubei។

    ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​របស់​ចិន បានប្រកាសថា កម្លាំង​ជួយសង្គ្រោះ​បន្ទាន់ កំពុង​ត្រូវបាន​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត រួមមាន ទីក្រុង Suizhou, Xiangyang និង Xiaogan។

    នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ចិន បាន​ព្រមាន​ថា ភ្លៀង​ធំ​នឹង​អូសបន្លាយ​រហូតដល់​ស​ប្ដា​ហ៍​ក្រោយ បង្ក​ជា​ទឹកជំនន់​នៅក្នុង​តំបន់​ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ Yangtze។ ក្រុមមន្ត្រី​ក៏បាន​ព្រមាន​ថា តំបន់​ដែល​នឹង​ជួប​គ្រោះថ្នាក់ រួមមាន ខេត្ត Hubei, Henan, Anhui, Sichuan, Guizhou និង​ខេត្ត Zhejiang។

    ក្រុមមន្ត្រី​ចិន កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា មនុស្ស​ចំនួន 440,000 នាក់ បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ទីក្រុង​ចំនួន 6 នៃ​ខេត្ត Sichuan ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន 80,000 នាក់​ត្រូវ​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់។ គ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​នេះ បាន​បណ្ដាលឱ្យ​ខាតបង់​ជា​ទឹកប្រាក់​ជាង 38 លាន​ដុល្លារ​អាមេរិក ខណៈ​ផ្ទះ​ចំនួន 45 ខ្នង​ត្រូវ​ខូច​ទាំងស្រុង និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 118 កន្លែង ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ។

    ខេត្ត Henan ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ចុងខែ​មុន ក៏បាន​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ភ្លៀង​មួយថ្ងៃ ជិត​ស្មើនឹង​ភ្លៀង​ក្នុង​រយៈពេល​មួយឆ្នាំ។ គ្រោះធម្មជាតិ​នេះ បានសម្លាប់​មនុស្ស​ជាង 300 នាក់ ដែល​ភាគច្រើន​នៅក្នុង​ខេត្ត Zhengzhou៕

  • យុទ្ធ​នារី កូរ៉េខាងត្បូង ធ្វើអត្តឃាត ក្នុង​គ្រា​ដែល​ករណី​បៀតបៀន​ផ្លូវភេទ​លើ​រូបនាង កំពុង​ត្រូវបាន​ស៊ើបអង្កេត

    យុទ្ធ​នារី កូរ៉េខាងត្បូង ធ្វើអត្តឃាត ក្នុង​គ្រា​ដែល​ករណី​បៀតបៀន​ផ្លូវភេទ​លើ​រូបនាង កំពុង​ត្រូវបាន​ស៊ើបអង្កេត

    នារី​ជា​ទាហាន​ម្នាក់​ដែលមាន​ឋានន្តរស័ក្ដិ​ជា​នាយទោ របស់​កងទ័ពជើងទឹក កូរ៉េខាងត្បូង ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត នៅពេល​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ដែល​នាង​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​ផ្លូវភេទ កំពុង​ត្រូវបាន​ធ្វើឡើង។

    យុទ្ធ​នារី​ដែល​មិនត្រូវ​បាន​គេ​ឱ្យដឹង​អត្តសញ្ញាណ​នេះ ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​កាលពី​ថ្ងៃទី 12 សីហា ឆ្នាំ 2021 ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នាង​បាន​រាយការណ៍​អំពី​ករណី​ដែល​នាង​ត្រូវបាន​បុរស​ជា​មិត្ត​រួមការ​ងារ បាន​បៀតបៀន​ផ្លូវភេទ​តាំងពី​ខែឧសភា។ រដ្ឋមន្ត្រី​ការពារជាតិ កូរ៉េខាងត្បូង Suh Wook ថ្ងៃនេះ (13 សីហា) បានទទួល​ស្គាល់​អំពី​ព័ត៌មាន​នេះ និង​បានធ្វើការ​សុំទោស​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង។ រដ្ឋមន្ត្រី​រូបនេះ បន្ថែមថា៖ «យើង​នឹង​បង្កើត​ក្រុម​ពិ​សេសមួយ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់ ដើម្បី​មិនឱ្យ​មាន​បញ្ហា​មន្ទិល​ណាមួយ​កើតឡើង»។

    ខុទ្ទកាល័យ​ប្រ​ធានា​ធិ​ប​តិ កូរ៉េខាងត្បូង ក្នុង​ថ្ងៃ​ដដែល​ក៏បាន​ឱ្យដឹងថា ប្រធានាធិបតី Moon Jae-in ខឹង​យ៉ាងខ្លាំង​នៅពេល​ទទួលបាន​ដំណឹង​ស្ដីពី​ការស្លាប់​របស់​យុទ្ធ​នារី​រូបនេះ និង​បាន​ស្នើឱ្យ​កងទ័ព​បើក​ការស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់​ជាទីបំផុត ព្រមទាំង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​គ្រួសារ​សព​ផងដែរ។

    គួររំលឹកថា មុននេះ កាលពី​ខែមិថុនា សាធារណជន​នៅ កូរ៉េខាងត្បូង ក៏​ធ្លាប់​ខឹងសម្បារ​នឹង​ករណី​ស្រដៀង​គ្នា​នេះដែរ នៅពេល​យុទ្ធ​នារី​ជា​ពលបាលទោ​ម្នាក់​នៃ​កងទ័ពអាកាស កូរ៉េខាងត្បូង បានធ្វើ​អត្តឃាត ក្រោយពី​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​កេរ្ដិ៍ខ្មាស ប៉ុន្តែ​មិនត្រូវ​បាន​ថ្នាក់លើ​ជួយ​ដោះស្រាយ។ មេបញ្ជាការ​កងទ័ពអាកាស​របស់ កូរ៉េខាងត្បូង លោក Lee Seong-yong បានទទួល​ខុសត្រូវ​លើ​ករណីនេះ និង​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង។

    ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​បៀតបៀន​ផ្លូវភេទ​នានា បាន​កើតមានឡើង​បន្តបន្ទាប់​ក្នុង​រយៈពេល​ខ្លី នាំឱ្យ​កងទ័ព កូរ៉េខាងត្បូង ត្រូវ​រង​ការរិះគន់​ពី​សំណាក់​ប្រជាជន ដោយសារតែ​មិនអាច​ទប់ស្កាត់បាន​នូវ​អំពើ​បំពារបំពាន​ផ្លូវភេទ​នៅក្នុង​ជួរ​កងទ័ព៕

  • អាមេរិក និង អង់គ្លេស បញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ អាហ្វហ្គានីស្ថាន ក្នុងពេល តាលីបង់ វាយលុកជិតដល់រដ្ឋធានី

    អាមេរិក និង អង់គ្លេស បញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ អាហ្វហ្គានីស្ថាន ក្នុងពេល តាលីបង់ វាយលុកជិតដល់រដ្ឋធានី

    កាលពី​ថ្ងៃទី 12 សីហា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ប្រកាសថា មន្ទីរ​បញ្ច​កោណ នឹង​បញ្ជូនទាហាន​ប្រមាណ 3,000 នាក់ ទៅកាន់ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ជួយ​ដល់​ការជម្លៀស​បុគ្គលិក​ការទូត និង​ពលរដ្ឋ​អាមេរិកាំង ចេញពី​ប្រទេស​នេះ។

    អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក John Kirby បានឱ្យដឹងថា ទាហាន 3,000 នាក់​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai នៅ​រដ្ឋធានី កា​ប៊ុល នាពេលឆាប់ៗនេះ។ ក្រៅពីនេះ ទាហាន​បម្រុង​ប្រមាណ​ពី 3,500-4,000 នាក់​ផ្សេងទៀត នឹងត្រូវ​ដាក់ពង្រាយ​នៅ​ប្រទេស គុយ​វ៉ែត។

    មុននេះ ក្រសួងការបរទេស អាមេរិក បានចេញ​បញ្ជា​ឱ្យ​ជម្លៀស​បុគ្គលិក​ការទូត​របស់ខ្លួន ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ជាបន្ទាន់ ដោយសារ​ស្ថានភាព​សន្តិសុខ​កាន់តែ​ច្របូកច្របល់ ខណៈ​ក្រុម តា​លី​បង់ វាយលុក​ជិត​ដល់​រដ្ឋធានី។

    សារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋអាមេរិក Lloyd Austin និង​រដ្ឋមន្ត្រីការបរទេស Antony Blinken កាលពី​ថ្ងៃទី 12 សីហា បាន​អះអាង​ជាមួយ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ថា «សហរដ្ឋអាមេរិក នៅតែ​សន្យា​ការពារ​សន្តិសុខ និង​ស្ថិរភាព​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​គ្រា​ដែល តា​លី​បង់ ប្រើ​អំពើហិង្សា​ខ្លាំង​កាន់តែខ្លាំង»។

    ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រីការបរទេស អង់គ្លេស កាលពី​ម្សិលមិញ​ក៏បាន​ប្រកាសថា នឹង​បញ្ជូនទាហាន​ប្រមាណ 600 នាក់ ទៅ កាន់​អា​ហ្វ​ហ្គា​នី​ស្ថាន ផងដែរ ដើម្បី​ជួយ​ជម្លៀស​ពលរដ្ឋ​របស់ខ្លួន​ចេញពី​ប្រទេស​នេះ។

    សកម្មភាព​ខាងលើ ត្រូវបាន​ធ្វើឡើង ក្រោយពី​ក្រុម​ប្រដាប់អាវុធ​នៃ​ចលនា​អ៊ីស្លាម តា​លី​បង់ ដណ្ដើមបាន​ទីក្រុង​ធំ​ចំនួន​ពីរ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន និង​ដាក់​រដ្ឋធានី កា​ប៊ុល ឱ្យនៅ​ឯកោ។

    ក្រុម​ប្រដាប់​អាវុធ​ តាលីបង់ កំពុង​គ្រប់​គ្រង​ទីក្រុង​ Ghanzi

    សារព័ត៌មាន​សហរដ្ឋ​អាមេរិក CNN និង​ទូរទស្សន៍​រុស្ស៊ី RT បាន​រាយការណ៍​ថា កងកម្លាំង តា​លី​បង់ បន្ត​វាយ​សង្គ្រុប​នៅលើ​សមរភូមិ នៅពេល​ដណ្ដើមបាន​ទីក្រុង Herat និង Ghazni ពី​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន។

    ដូច្នេះ ចាប់តាំងពី សហរដ្ឋអាមេរិក និង កងទ័ព​សម្ព័ន្ធមិត្ត ចាប់ផ្ដើម​ដក​កម្លាំង​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែឧសភា មកដល់​បច្ចុប្បន្ន កងកម្លាំង តា​លី​បង់ ក៏​វាយ​យកបាន​ខេត្ត និង​ក្រុងធំៗចំនួន 11 និង​ដណ្ដើមបាន​ទឹកដី​ជិត 2/3 នៃ​ប្រទេស​នេះ។

    បេសកជន​ពិសេស​របស់ អាមេរិក ចិន និង​ប្រទេស​មួយចំនួនទៀត កាលពី​ថ្ងៃទី 12 សីហា ក៏បាន​អំពាវនាវ​ឱ្យ​បង្កើត​សន្តិភាព​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន និង​បញ្ឈប់​រាល់​ការវាយប្រហារ​សំដៅ​ទីក្រុង​ទាំងឡាយ​របស់​ប្រទេស​នេះ បន្ទាប់ពី​មាន​កិច្ចពិភាក្សា​មួយ​នៅ​ប្រទេស កាតា ស្ដី​ពី​ស្ថាន​ការណ៍​នៅ​ អាហ្វហ្គានីស្ថាន។

    ប្រកាស​ខាងលើ​បានបញ្ជាក់​ជាថ្មី​ថា បណ្ដា​ប្រទេស នឹងមិន​ទទួលស្គាល់​រដ្ឋាភិបាល​ណា​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ឡើងកាន់​អំណាច «តាមរយៈ​ការប្រើប្រាស់​កម្លាំង​ទ័ព»។

    ក្រុម​ចារកម្ម​របស់ សហរដ្ឋអាមេរិក បាន​ព្យាករ​ថា កងកម្លាំងប្រដាប់អាវុធ តា​លី​បង់ អាច​វាយ​ដណ្ដើម​យកបាន​រដ្ឋធានី កា​ប៊ុល ក្នុង​រយៈពេល 3 ខែ​ទៀត៕

  • ម៉ាឡេស៊ី អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19

    ម៉ាឡេស៊ី អំពាវនាវ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង COVID-19

    ក្នុង​កាលៈទេសៈ​ដែល​តួលេខ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ដោយសារ COVID-19 ចេះតែ​កើនឡើង ក្រសួងសុខាភិបាល​ប្រទេស ម៉ាឡេស៊ី បាន​អំពាវនាវ​ដល់​ក្រុម​គោលដៅ​នេះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន និង​កូន​ក្នុង​ផ្ទៃ។

    វេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ជា 40% បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ MySejahtera។ លោក Noor សង្កត់ធ្ងន់ថា អត្រា​នេះ នៅតែ​ទាប ដូច្នេះ ស្ត្រី​មាន​ផ្ទៃពោះ​ជាច្រើន​នៅតែមាន​ហានិភ័យ​ឆ្លង COVID-19។

    លោក Noor ក៏បាន​ស្នើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​រួចរាល់ មុនពេល​ឈាម​ចូលដល់​ដំណាក់កាល​ចុងក្រោយ​នៃ​វដ្ដ​របស់​គភ៌។

    ចាប់តាំងពី​ការផ្ទុះ​ឆ្លង​រាលដាល​របស់ COVID-19 ប្រទេស​ម៉ាឡេស៊ី មាន​ស្ត្រី​ពពោះ​ចំនួន 70 នាក់ បាន​ស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ។ ក្នុងនោះ​មាន 17 នាក់ បាន​ស្លាប់​នៅក្នុង​ខែមិថុនា ហើយ​ក្នុងនោះ​ក៏មាន 15 ករណី​មិនទាន់បាន​ចាក់​វ៉ាក់សាំង និង 2 ករណី​ទើបតែ​បាន​ចាក់​ដូ​ស​ទីមួយ។

    ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី បានឱ្យដឹងថា ចាប់ពី​ខែមីនា ឆ្នាំ 2020 ដល់​ខែមិថុនា ឆ្នាំ 2021 ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3,396 នាក់ បាន​ឆ្លង COVID-19។

    យោងតាម​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​ផ្ទៃពោះ មាន​ហានិភ័យ​ឆ្លង COVID-19 ធ្ងន់ធ្ងរ និង​ត្រូវ​ការចូល​មន្ទីរពេទ្យ ព្យាបាល​ទៅតាម​ស្ដង់ដា​ពិសេស ហើយ​អត្រា​នៃ​ការប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ក៏​ខ្ពស់ជាង ធៀប​នឹង​ស្ត្រី​មិនមាន​ផ្ទៃពោះ។

    នៅ សហរដ្ឋអាមេរិក ក្រុមមន្ត្រី​សុខាភិបាល ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

    Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»៕

  • ទស្សនា​របៀប​ដែល​សាលារៀន​នៅ កូរ៉េខាងជើង ទប់ស្កាត់ COVID-19

    ទស្សនា​របៀប​ដែល​សាលារៀន​នៅ កូរ៉េខាងជើង ទប់ស្កាត់ COVID-19

    សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu នៅ​រដ្ឋធានី ព្យុងយ៉ាង ប្រទេស កូរ៉េខាងជើង បាន និង​កំពុង​អនុវត្ត​វិធានការ​យ៉ាង​តឹងរ៉ឹង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19។

    ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានធ្វើ​បទ​យកការណ៍​ខ្លី​មួយ ស្ដីពី​យុទ្ធនាការ​ទប់ស្កាត់ COVID-19 នៅក្នុង​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម Jang Chol Gu។

    សាកលវិទ្យាល័យ Jang Chol Gu នា​រដ្ឋធានី​ព្យុងយ៉ាង បាន និង​កំពុងតែ​អនុវត្ត​គ្រប់​វិធានការ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​វីរុស COVID-19។

    https://www.youtube.com/watch?v=tJzWPnGRMWo

    ចំនួន​អ្នក​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​ជាង 200 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជាង 4 លាន​នាក់។ An Jong Choi ជា​អ្នកត្រួតពិនិត្យ​លើ​ការបាញ់​ថ្នាំ​សម្លាប់​វីរុស​នៅក្នុង​សាលា​សាកលវិទ្យាល័យ Jang Chol Gu បាន​និយាយថា៖ «ក្នុង​គ្រានេះ ខ្ញុំ​គិតថា ការគំរាមកំហែង​ធំ​បំផុត នោះ​គឺ​ការមើលស្រាល​បញ្ហា ការមិន​យកចិត្តទុកដាក់ ភាព​ធូររលុង​នៅក្នុង​យុទ្ធនា​ការប្រឆាំង​រោគរាតត្បាត»។

    និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ សុទ្ធតែ​គាំទ្រ និង​អនុវត្តតាម​វិធានការ​ទប់ស្កាត់ COVID-19 របស់​សាលា។ និស្សិត​ម្នាក់​ឈ្មោះ Cha Jin Myong បាន​ប្រាប់ AFP ថា៖ «យើង​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​យល់ច្បាស់​អំពី​សារប្រយោជន៍​នៃ​ការ​វាស់​កំដៅ​រាងកាយ ការលាង​សម្អាត​ដៃ និង​ការចូលរួម​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​វីរុស»។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​កូរ៉េខាងជើង មិនទាន់មាន​ករណី​វិជ្ជមាន​នឹង COVID-19 ណាមួយ ដែល​ត្រូវបាន​រកឃើញ​នៅឡើយ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 សីហា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 សីហា ឆ្នាំ 2021

    កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 455 នាក់, អ្នកជា​ចំនួន 677 នាក់ និង​អ្នកស្លាប់​ចំនួន 20 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 ក្នុងនោះ ករណី​ឆ្លង​សហគមន៍ មាន 374 នាក់ និង​ករណី​នាំចូល មាន 81 នាក់។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 83,839 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 78,431 នាក់ និង​អ្នកស្លាប់ 1,634 នាក់។

    ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា គិត​ត្រឹម​ព្រឹក​ព្រលឹម​ថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំ​ឡើងទៅ (ពលរដ្ឋ​គោលដៅ 10 លាន​នាក់) ចាក់​បាន 81.16%  ចំណែក​ពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋ​គោលដៅ ជិត 2 លាន​នាក់) ចាក់​បាន 20.52%។ ជា​សរុប ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ 16 លាន​នាក់ នៅ​ទូទាំងប្រទេស សម្រេចបាន 53.25%។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 205,534,960 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 184,497,820 នាក់​បានជា, ជាង 4,337,520 នាក់​បាន​ស្លាប់ និង​ជាង 16,699,610 នាក់ កំពុង​ព្យាបាល៕

  • សហរដ្ឋអាមេរិក ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង COVID-19

    សហរដ្ឋអាមេរិក ជំ​រុញឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ចាក់​វ៉ាក់សាំង COVID-19

    ក្រុមមន្ត្រី សហរដ្ឋអាមេរិក អំពាវនាវ និង​ជំរុញ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដោយ​បញ្ជាក់ថា ទិន្នន័យ​នៃ​ការស្រាវជ្រាវ​នានា​បង្ហាញថា វ៉ាក់សាំង COVID-19 មិន​ធ្វើឱ្យ​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន កើនឡើង​នោះទេ។

    Rochelle Walensky ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 សីហា បានឱ្យដឹងថា ស្ថាប័ន​នេះ «លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​កំពុងមាន​ផ្ទៃពោះ ស្ត្រី​កំពុង​គិតដល់​ការ​មាន​ផ្ទៃពោះ និង​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន​ទាំងអស់ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ខ្លួន​ពី​វីរុស COVID-19»។

    «វ៉ាក់សាំង​សុទ្ធ​តែមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព។ ការបង្កើន​ការចាក់​វ៉ាក់សាំង បានក្លាយ​ជា​រឿង​ចាំបាច់​ជាងពេលណាៗទាំងអស់ នៅពេលដែល​យើង​កំពុង​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta ដែលមាន​លទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង» Walensky ថ្លែង​ដូច្នេះ។

    ថ្មីៗនេះ ការសិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញថា ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ 4 នាក់ គឺមាន​តែ 1 នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស។ CDC របស់ សហរដ្ឋអាមេរិក ឱ្យដឹងថា ហានិភ័យ​នៃ​បញ្ហា​រលូត​កូន​មិនបាន​កើនឡើង​នោះទេ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត 2,500 នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer ឬ Moderna) នៅ សហរដ្ឋអាមេរិក មុន​សប្ដាហ៍​ទី 20 នៃ​វដ្ដ​របស់​គភ៌។

    ពួកគេ​បានឱ្យដឹងថា អត្រា​នៃ​បញ្ហា​រលូត​កូន​ចំពោះ​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 គឺ 13% ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា​រលូត​កូន​ធម្មតា (11-16%)។ «ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺមាន​ផលប្រយោជន៍​ច្រើនជាង​ហានិភ័យ​ទាំងឡាយ​ដែល​ត្រូវបាន​គេ​ដឹង​កន្លងមក» CDC អាមេរិក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ។

    សហរដ្ឋអាមេរិក ដែលជា​សម្បុក​វីរុស COVID-19 ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន​ជាង 37 លាន​ករណី ចំណែក​អ្នកស្លាប់​ដោយសារ​ឆ្លង​វីរុស​នេះ មាន​ចំនួន​ជាង 635,000 ករណី។ បច្ចុប្បន្ន ប្រទេស​នេះ មាន​អ្នកជំងឺ COVID-19 ជាង 6,414,000 កំពុង​ទទួល​ការព្យាបាល៕

  • WHO កំពុង​ពិសោធ​ថ្នាំ 3 ប្រភេទ សម្រាប់​ព្យាបាល COVID-19

    WHO កំពុង​ពិសោធ​ថ្នាំ 3 ប្រភេទ សម្រាប់​ព្យាបាល COVID-19

    អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសថា កំពុងធ្វើការ​ពិសោធ​លក្ខណៈ​អន្តរជាតិ ចំពោះ​ថ្នាំ​ចំនួន 3 ប្រភេទ សម្រាប់​ព្យាបាល​ជំងឺ COVID-19 ដើម្បី​ស្វែងយល់​ឱ្យដឹងថា តើ​វា​អាចជួយ​ព្យាបាល​អ្នកជំងឺ​បាន​កម្រិតណា។

    ថ្នាំ​ទាំង 3 ប្រភេទ ដែល​រួមមាន artesunate, imatinib និង infliximab នេះ នឹងត្រូវ​បានធ្វើ​តេស្ត​លើ​អ្នកជំងឺ COVID-19 នៅឯ​មន្ទីរពេទ្យ​ជាង 600 កន្លែង ក្នុងប្រទេស​ចំនួន 52។ នេះ​បើតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃទី 11 សីហា របស់ WHO។

    ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​ថ្លែងថា៖ «ការស្វែងរក​ថ្នាំ​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព និង​ងាយស្រួល​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ COVID-19 នៅតែ​ជា​តម្រូវ​ការសំខាន់»។

    Artesunate គឺជា​ថ្នាំ​ព្យាបាល​ជំងឺគ្រុនចាញ់ ចំណែក imatinib គឺជា​ថ្នាំ​ប្រើ​សម្រាប់​អ្នកជំងឺ​មហារីក​មួយចំនួន ខណៈដែល infliximab វិញ គឺជា​ថ្នាំ​ព្យាបាល​បញ្ហា​ច្របូកច្របល់​នៃ​អង់​ទីករ ដូចជា​ជំងឺ Crohn (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ឬ​រលាក​សន្លាក់​រ៉ាំរ៉ៃ។

    ថ្នាំ​ចំនួន 3 ប្រភេទ​នេះ ត្រូវបាន​ក្រុម​អ្នក​ផលិត​បរិច្ចាគ​ដល់ WHO ដើម្បី​ធ្វើការ​ពិសោធ និង​កំពុង​ត្រូវបាន​បញ្ជូន​ទៅកាន់​បណ្ដា​មន្ទីរពេទ្យ​ដែល​បានកំណត់។

    នៅ​ទូទាំង​សកលលោក បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 4.54 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់ ក្នុងនោះ ជា​មធ្យម វ៉ាក់សាំង​ចំនួន 36.66 លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ។ ក្នុងចំណោម​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក មាន 30.4% ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស និង 15.8% បាន​ចាក់​រួចរាល់៕

  • ទ័ពថ្មើរជើង ឥណ្ឌូនេស៊ី លុប​ចោលការ​ធ្វើតេស្ត​ព្រហ្មចារី

    ទ័ពថ្មើរជើង ឥណ្ឌូនេស៊ី លុប​ចោលការ​ធ្វើតេស្ត​ព្រហ្មចារី

    មេបញ្ជាការ​កងទ័ព ឥណ្ឌូនេស៊ី បានប្រកាសថា ការពិនិត្យ​ព្រហ្មចារី​ចំពោះ​នារី​ជា​ទាហាន​ថ្មី នឹង​ត្រូវបាន​លុបចោល បន្ទាប់ពី​វា​បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស ទាក់ទិន​នឹង​សិទ្ធិមនុស្ស។

    ការធ្វើ​តេស្ត​ព្រហ្មចារី នៅ​ប្រទេស ឥណ្ឌូនេស៊ី តែង​ត្រូវបាន​គេ​ហៅថា «ការពិនិត្យ​ដោយ​ម្រាមដៃ​ពីរ» ដោយសារ​ថា នៅក្នុង​ការធ្វើ​តេស្ត​នោះ ក្រុម​វេជ្ជបណ្ឌិត នឹង​ប្រើ​ម្រាមដៃ​ចំនួន​ពីរ លូក​ចូលក្នុង​ប្រដាប់បន្តពូជ​របស់​នារី​ជា​បេក្ខភាព​ទាហាន​ថ្មី ដើម្បី​ពិនិត្យមើល​ឱ្យដឹងថា តើ​នៅមាន​ព្រហ្មចារី ឬ​អត់។ បេ​ក្ខ​នារី​ដែល​ត្រូវបាន​គេ​យល់ថា «អស់​ព្រហ្មចារី» នឹងត្រូវ​បាន​គេ​ឱ្យ​ធ្លាក់​ពី​ការប្រលង។ គូ​ដណ្ដឹង​ស្រី​របស់​ទាហាន​នៃ​ប្រទេស​នេះ ជួនកាល​ក៏ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​នេះដែរ។

    មេបញ្ជាការ​កងទ័ពជើងគោក ឥណ្ឌូនេស៊ី ឧត្ដមសេនីយ៍ Andika Perkasa កាលពី​ម្សិលមិញ បានប្រកាសថា ការធ្វើ​តេស្ត​បែបនេះ​នឹង​លែង​ត្រូវបាន​អនុវត្ត​ទៀតហើយ នៅក្នុង​ជួរ​កងទ័ពជើងគោក។ កាលពី​ខែ​មុន លោក Andika Perkasa ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា ដំណើរការ​នៃ​ការជ្រើសរើស​ទាហាន​ថ្មី​ទាំង​ពីរភេទ ត្រូវតែមាន​ភាពស្មើគ្នា។ ចំណែក​អ្នកនាំពាក្យ​របស់​កងទ័ព​ជើង​ទឹក និង​កងទ័ពអាកាស របស់ ឥណ្ឌូនេស៊ី ក៏បាន​និយាយថា ស្ថាប័ន​របស់​ពួកគេ ពុំ​មានការ​ធ្វើតេស្ត​ព្រហ្មចារី​នោះទេ។

    កន្លងមក ការធ្វើ​តេស្ត​នេះ បាន​បណ្ដាលឱ្យមាន​បញ្ហា​ជជែក​វែកញែក​ជាច្រើន។ WHO ធ្លាប់បាន​និយាយថា វា «ពុំមាន​តម្លៃ​ផ្នែក​វិទ្យាសាស្ត្រ» និង​វា​ជា​រឿង «រំលោភសិទ្ធិ​មនុស្ស»។ អង្គការ​តាមដាន​សិទ្ធិមនុស្ស (Human Right Watch / HRW) បានឱ្យដឹងថា សកម្មភាព​នេះ​គឺ ប្រហាក់ប្រហែល​នឹង «អំពើហិង្សា​លើ​មូលដ្ឋាន​ភេទ»។ ក្រុម​ការពារ​សិទ្ធិមនុស្ស បាន​អបអរ​ចំពោះ​ការប្រកាស​របស់​កងទ័ព​ជើងគោក។ Andreas Harsono មកពី HRW បាន​ហៅ​ការសម្រេច​ខាងលើនេះ​ថា​ជា «ប្រការ​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ»៕

  • COVID-19 ប្រភេទ Delta ឆ្លង​លឿន និង​សាហាវ​កម្រិតណា បានជា​គ្រប់គ្នា​ភ័យខ្លាច?

    COVID-19 ប្រភេទ Delta ឆ្លង​លឿន និង​សាហាវ​កម្រិតណា បានជា​គ្រប់គ្នា​ភ័យខ្លាច?

    វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស COVID-19 ឆ្លង​រាលដាល​លឿន​ជាង ហើយ​កំហាប់ ឬ​បរិមាណ​របស់​វីរុស​នៅក្នុង​បំពង់ក និង​មាត់​របស់​អ្នកជំងឺ មាន​កម្រិត​ខ្ពស់ជាង បើ​ធៀប​នឹង COVID-19 ប្រភេទ​ដំបូង ដូច្នេះ មានន័យថា គោលការណ៍​សុវត្ថិភាព​មុននេះ លែង​សមស្រប​ទៀតហើយ។

    យោងតាម​ការសិក្សា​ស្រាវជ្រាវ​នានា កាលពី​ដំបូង វីរុស COVID-19 ត្រូវការ​ប្រហែល 15 នាទី ដើម្បី​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ នៅពេល​មនុស្ស​នៅក្បែរ​គ្នា។ បច្ចុប្បន្ន រយៈពេល​នេះ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ធ្វើឱ្យ​មនុស្ស​មានការ​ភ័យខ្លាច។

    វ៉ា​រ្យ៉​ង់ Delta កំពុងតែ​នាំឱ្យ​ក្រុមមន្ត្រី​សុខាភិបាល​សាធារណៈ ត្រូវធ្វើ​ការប្ដូរ​ផ្លាស់​លើ​ការណែនាំ​ស្ដីពី​សុវត្ថិភាព។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់ សហរដ្ឋអាមេរិក (CDC) កាលពី​ចុងខែ​កក្កដា បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ គួរតែ​បន្ត​ពាក់​ម៉ាស នៅ​ទី​ដែល​បិទ​ជិត ក្នុង​តំបន់​ដែលមាន​អត្រា​នៃ​ការឆ្លង​រាលដាល​ខ្ពស់។

    ប្រធាន CDC អាមេរិក លោកស្រី Rochelle Walensky និយាយថា Delta អាច​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​វា​មិនមាន​រោគសញ្ញា​នោះទេ បើ​ទោះ​វីរុស​មាន​បរិមាណ​ច្រើន ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា Delta មានលទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង​ប្រហែល 50% ធៀប​នឹង Alpha។ ចំណែក Alpha ក៏មាន​សមត្ថភាព​ឆ្លង​ខ្ពស់ជាង COVID-19 ដែល​រកឃើញ​ដំបូង​នៅ Wuhan ប្រហែល 50%។

    Delta ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ភ័យ​ខ្លាច​អំពី​ការ​ស្លាប់​

    ក្នុងការ​ស្រាវជ្រាវ​កាលពីដើម​ខែកក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​រកឃើញថា អ្នក​ដែល​វិជ្ជមាន​នឹង Delta មាន​ផ្ទុក​វីរុស​ក្នុង​ផ្លូវដង្ហើម​ច្រើនជាង 1,000 ដង ធៀប​នឹង COVID-19 ដំបូង។ សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​រដ្ឋ Colorado ក្នុង​ក្រុង Fort Collins សហរដ្ឋអាមេរិក បាន​អះអាងថា៖ «Delta ជ្រែកចូល​កោសិកា​នៃ​រាងកាយ​មនុស្ស​បាន​ងាយ​ជាង» វីរុស​ដំបូង។

    បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​គណនា​ដឹងបាន​អំពី​បរិមាណ​ជាក់លាក់​នៃ​វីរុស Delta ដែល​បញ្ចេញ​ពី​បំពង់ក​របស់​អ្នកជំងឺ​នៅឡើយ។ ប៉ុន្តែ កំហាប់​វីរុស Delta ដែលមាន​កម្រិត​ខ្ពស់​បែបនេះ មានន័យថា អ្នកជំងឺ​ក៏​បញ្ចេញ​វីរុស​មក​ក្រៅ​បាន​ច្រើនជាង COVID-19 ដំបូង​ផងដែរ។ នេះ​បើតាម​សាស្ត្រាចារ្យ Linsey Marr នៃ​សាលា Virginia Tech។

    យោងតាម​សហគមន៍​អ្នក​វេជ្ជសាស្ត្រ ការចាក់​វ៉ាក់សាំង​គឺជា​វី​ធី​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស។ ប៉ុន្តែ វ៉ាក់សាំង​នឹងមាន​ប្រសិទ្ធភាព​ទាប នៅពេល​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta។ យ៉ាងនេះ​ក្ដី វ៉ាក់សាំង​នៅតែ​អាច​ការពារ​មិនឱ្យ​ជំងឺ​វីវ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់។

    វេជ្ជបណ្ឌិត Marr និយាយថា Delta មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការឆ្លង​ទៅកាន់​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង នៅពេល​នៅក្បែរ​អ្នក​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី ដូចជា 1 នាទី​នៅក្នុង​ជណ្ដើរ​ប្រអប់​ជាដើម។

    «ដើមឡើយ អ្នក​ត្រូវ​នៅក្នុង​បន្ទប់​បិទ​ជិត​ជាមួយ​អ្នកជំងឺ​រហូតដល់ 15 នាទី ទើប​អាច​ឆ្លង​វីរុស។ ប៉ុ​ន្តេ បច្ចុប្បន្ន ល្បឿន​នេះ​លឿន​ជាង​មុន 1,000 ដង។ 15 នាទី មក​នៅត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ» នេះ​បើតាម​វេជ្ជបណ្ឌិត Marr៕