Category: អន្តរជាតិ

  • ដ្រូន​ក្លាយ​​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​​លើ​ផ្ទៃ​ទឹក​

    ដ្រូន​ក្លាយ​​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​​លើ​ផ្ទៃ​ទឹក​

    (ប្រទេស​ចិន) – ដ្រូន TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។

    ក្រុម​ហ៊ុន​ដ្រូន Didiok Makings របស់​ចិន បាន​អភិវឌ្ឍ​ «ពោង​ហោះ TY-3R» ដែល​ជា​ឧបករណ៍​មួយ​រួម​ផ្សំ​រវាង​ដ្រូន​ដែល​មាន​ស្លាប​បួន និង​ពោង​សង្គ្រោះ​ជីវិត​។ នៅ​ពេល​ក្រុម​អ្នក​សង្គ្រោះ​ស្ថិត​នៅ​លើ​ច្រាំង បាន​ឃើញ​ជន​រង​គ្រោះកំពុង​ស្ថិត​នៅ​លើ​សមុទ្រ ពួក​គេ​នឹងបញ្ជា​ឱ្យដ្រូន TY-3R ហោះ​ទៅ​កាន់​គោលដៅ រួច​ចុះ​ចត​លើ​ផ្ទៃ​ទឹក​ ក្លាយ​ជា​ពោង​សង្គ្រោះ​ជីវិត​។ ជនរង​គ្រោះ​អាច​ប្រើប្រាស់​ដ្រូន​នេះ​ជា​ពោង​ មុន​ពេល​ក្រុម​សង្គ្រោះ​មក​ដល់​។

    ដ្រូន​នេះ​បំពាក់​កាមេរ៉ា​ 720 ភិចសែល​ និង​ប្រព័ន្ធ​ GPS ដើម្បី​ជួយ​ឱ្យ​អ្នក​បញ្ជា​មើល​ឃើញ​ទិដ្ឋភាព​បាន​ច្បាស់​ និង​ងាយ​ស្រួល​ឱ្យ​ដ្រូន​ហោះមក​កាន់​កន្លែង​ដើម​ដោយ​ស្វ័យ​ប្រវត្ត។

    TY-3R អាច​ជួយ​ឱ្យ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក អាច​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​រង្វង់​ 1.1 គីឡូម៉ែត្រ និង​​ហោះ​ក្នុង​ល្បឿន​ 47 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ខណៈ​ដែល​អាច​​ដំណើរ​ការ​បាន​ 10​ នាទី​​ បន្ទាប់​ពី​បញ្ចូល​ថាមពល​ថ្ម​មួយ​ពេញ​។

    នេះ​មិន​មែនជា​ដ្រូន​សង្គ្រោះ​ជនរងគ្រោះ​លើ​សមុទ្រ​ដំបូង​គេ​នោះ​ទេ។ មុន​នោះ ដ្រូន Pars របស់​អាម៉េរិក Little Ripper របស់​អូស្ត្រាលី និង​ដ្រូន Auxdron របស់​អេស្ប៉ាញ ក៏​មាន​សមត្ថភាព​បែប​នេះ​ផងដែរ​។

  • ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។

    លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។

    ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

  • ភ្នំ​ដែល​ក្អែរ​ចេញ​មាស​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​នរណា​ចង់​រើស

    ភ្នំ​ដែល​ក្អែរ​ចេញ​មាស​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​នរណា​ចង់​រើស

    ភ្នំ​ភ្លើង​មួយ​នេះ​ ផ្ទុះ​កម្អែរ​មាស​យ៉ាង​ច្រើន​សន្ធឹក​ជា​រៀង​រាល់​ថ្ងៃ​ ក៏ប៉ុន្តែពុំ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ក្បែរ​។

    Interesting Engineering ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​នៅ​ជុំវិញភ្នំ​ភ្លើង​មួយ​ដែល​មាន​ឈ្មោះ​ថា Erebus ស្ថិត​នៅ​ក្នុងទ្វីប​អង់តាកទិច លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​កោះ ross និង​មាន​កម្ពស់​ជិត 4000 ម៉ែត្រ​ ធៀប​នឹង​ទឹក​សមុទ្រ​។

    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ភ្នំ​ភ្លើង​នេះ​ធ្វើ​សកម្មភាព​តាំង​ពី​យូរ​មក​ហើយ​ និង​ផ្ទុះ​កម្អែរ​មាស​ជារៀង​រាល់​ថ្ងៃ​។ Erebus ដែល​ចាប់​ផ្ដើម​ផ្ទុះតាំង​ពី​ឆ្នាំ 1972 និង​ស្ថិត​ក្នុង​ចំណោម​ភ្នំ​ភ្លើងសកម្ម​ចំនួន 138 នៅ​អង់តាកទិច គឺជា​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ក្នុង​តំបន់​ដែលក្អែរ​ចេញ​មាស​ជា​រៀង​រាល់​ថ្ងៃ​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាស​ដែល​ភ្នំ​ភ្លើង​នេះ​បញ្ចេញ​មក​ក្រៅ មនុស្ស​ធម្មតា​មិន​អាច​ប្រមូល​យក​បាន​ឡើយ។ ព្រោះ​ថា មាស​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញមក​ក្រៅ​ក្នុង​ទម្រង់​ធូលី​ និង​ហោះ​ទៅ​ឆ្ងាយ​ពី​ភ្នំ​។ ដូច្នេះ គ្រប់​គ្នា​ពិបាក​នឹង​ប្រមូល​យក​មាស​ទាំង​នោះ​។

  • រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។

    Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។

    យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។

    ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

  • ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។

    Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។

    ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។

    AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។

    ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ និង​ល្បឿន​ 190 គីឡូម៉ែត្រ​/ម៉ោង​។

    ក្នុង​អនាគត Klein Vision នឹង​សាកល្បង​ម៉ាស៊ីន​​សម្រាប់​អាកាសចរណ៍ ADEPT ទំនើប​ ដែល​មាំ ស្រាល និង​សន្សំ​សំចៃ​ថាមពល​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន Klein Vision ក៏​បាន​បញ្ចប់​ការរចនា​ជាមូលដ្ឋាន​ និង​ការ​វាយ​តម្លៃ​ ចំពោះ​កំណែ​មួយ​កៅអី​ដែល​អាច​ហោះ​បាន​ជាង 300 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​អាច​ហោះ​បាន 1,000 គីឡូម៉ែត្រ​។

  • បែលហ្ស៊ិកស្ថាបនា​កោះ​ផលិត​អគ្គិសនី​បៃតង​ដំបូង​គេ​លើពិភពលោក

    បែលហ្ស៊ិកស្ថាបនា​កោះ​ផលិត​អគ្គិសនី​បៃតង​ដំបូង​គេ​លើពិភពលោក

    អាជ្ញាធរ​ប្រទេសបែលហ្ស៊ិក កំពុង​អនុវត្ត​គម្រោង​កោះ​ថាមពល​សិប្បនិម្មិត​ Princesse Elisabeth នៅ​លើ​សមុទ្រ​ខាង​ជើង (North Sea) ដែល​នឹង​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

    ដំណាក់​កាល​ដំបូង​របស់​គម្រោង​ខាងលើ​ រួម​មាន ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​លើ​ដី​គោក​នៅ​ប្រទេស​ហូឡង់។ បន្ទាប់​មក ក្រុម​ហ៊ុន​អគ្គិសនី​របស់​បែលហ្ស៊ិក​នឹង​ដំឡើង​ប្រព័ន្ធ​ និង​ស្ថានីយ​អគ្គិសនី​ រួម​នឹង​ឧបករណ៍​ចាំបាច់​ ដើម្បី​បញ្ជូន​អគ្គិសនីផលិត​ដោយ​កម្លាំង​ខ្យល់​ 3.5 GW ពី​សមុទ្រ​មក​កាន់​ដី​គោក​។

    កោះ Princesse Elisabeth គ្រោង​នឹង​ក្លាយ​ជា​រោង​ចក្រ​អគ្គិសនី​ធំជាង​គេ​នៅ​ប្រទេស​បែលហ្ស៊ិក​ ដោយ​វា​នឹង​ផ្គត់​ផ្គង់​អគ្គិសនី​ច្រើន​ជាង​បី​ដង បើ​ធៀប​នឹង​រោង​ចក្រ​អគ្គិសនី​ថាមពល​នុយក្លេអែរ​។

    គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្ដូរ​ផ្លាស់​នៅក្នុង​វិធី​ផលិត​ និង​ប្រើប្រាស់​អគ្គិសនី​ ព្រម​ទាំង​បញ្ជាក់​អំពី​ការ​សន្យា​របស់​ប្រទេស​បែលហ្ស៊ិក​ ចំពោះ​ថាមពល​កកើត​ឡើង​វិញ​។

  • ចិន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​គំរូដំបូង

    ចិន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​គំរូដំបូង

    ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹងគ្រាប់​ស៊ុត​ ក្នុង​នោះ​មាន​កន្លែង​សម្រាប់​អ្នក​អវកាស​ធ្វើ​ការ​ពិសោធ​ និង​កន្លែង​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។

    ក្រុម​អ្នក​វិទ្យា​ចិន​ទើប​តែ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គំរូ​ដំបូង​នៃ​ស្ថានីយ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។ ស្ថានីយ​ដែល​​មាន​ឈ្មោះ​ថា Moon Pot និង​មាន​រូប​រាង​ដូចទៅនឹង​គ្រាប់​ស៊ុត​នេះ ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ Huazhong University។

    លោក Li Bin ដែល​ជា​លេខា​របស់​សាកលវិទ្យាល័យ​ខាងលើ​ ឱ្យ​ដឹង​ថា តាម​រយៈ​ការ​បង្កើត​ស្ថានីយ​ស្រាវ​ជ្រាវ​មួយ​លើ​ឋាន​ព្រះ​ចន្ទ អវកាសចរ​នឹង​មាន​កន្លែង​សម្រាប់​ស្រាវជ្រាវ​ និង​ធ្វើកិច្ច​ការ​ប្រចាំ​ថ្ងៃ​ ព្រោះ​ស្ថានីយ​នេះ​ផ្ដល់​សុវត្ថិភាព​ និង​អាច​រស់​នៅ​បាន​។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្ដោត​ទៅ​លើ​ការ​រចនា​ម៉ូដសម្រាប់​ Moon Pot​ ដើម្បី​អាច​សាងសង់​បាន​ដោយ​ការ​បោះ​ពុម្ព​បែប​ 3D ដែល​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដែល​ត្រូវ​បាន​នាំ​យក​មក​ពី​ឋានព្រះ​ចន្ទ​ដោយយាន​ Chang’e 5។

    យោង​តាម​អង្គការអវកាសចិន​ (CNSA) បេសកកម្ម​អវកាស​នា​ពេល​អនាគត​ដែល​រួម​មាន Chang’e 7 (2026), Chang’e 8 (2028) នឹង​បង្កើត​រូបមន្ត​មូលដ្ឋាន​សម្រាប់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​​ដំបូង​របស់​ចិន​។

  • ឧបករណ៍​ផលិតអគ្គិសនី​ពី​ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម បង្កើត​កម្ដៅបាន 37​លាន​អង្សាសេ

    ឧបករណ៍​ផលិតអគ្គិសនី​ពី​ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម បង្កើត​កម្ដៅបាន 37​លាន​អង្សាសេ

    (សហរដ្ឋ​អាម៉េរិក) – FuZe គឺជា​ឧបករណ៍​ខ្នាត​តូច​តម្លៃ​ទាប​ អាច​បង្កើត​កម្ដៅ​ពីប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (Nuclear fusion) ​យ៉ាង​ឆាប់​រហ័ស និង​អាច​ឆ្លើយតប​នឹង​តម្រូវ​ការ​អគ្គិសនី​របស់​មនុស្ស​នៅ​ក្នុង​អនាគត​។

    ឧបករណ៍​ខ្នាត​តូច​មួយ​ដែល​ផលិត​ឡើងដោយ​ក្រុម​ហ៊ុន​ថាមពល​ Zap Energy នៅ​សហរដ្ឋ​អាម៉េរិក​ បង្កើត​កម្ដៅ​អេឡិចត្រុង​ប្លាស្មា​​ពី 1 ទៅ 3 keV ដែល​ប្រហែល​នឹង​ពី 11 ទៅ 37 លាន​អង្សាសេ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 23 មេស 2024​។

    ខុសពីប្រតិកម្មនុយក្លេអែរបែបបំបែកអាតូម (Nuclear fission) ដែលប្រើប្រាស់នៅក្នុងបណ្ដារោងចក្រថាមពលនុយក្លេអែរលើពិភពលោកបច្ចុប្បន្ន ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (ជាធម្មតាគឺអាតូមរបស់ deuterium និង tritium) ដែលហៅថា Nuclear fusion គឺមិនបញ្ចេញសារធាតុវិទ្យុសកម្មឡើយ។

    FuZe របស់​ក្រុម​ហ៊ុន​ថាមពល​ Zap Energy

    មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ Nuclear fusion ដទៃ FuZe ក្រុម​ហ៊ុន​ថាមពល​ Zap Energy មិន​ត្រូវ​ការ​មេដែក​មហា​កម្លាំង ឬ​ពន្លឺ​ឡាស៊ែរ​កម្លាំង​ខ្លាំង​ដើម្បី​បង្កើត​ប្លាស្មា​នោះទេ ដូច្នេះ​ហើយ​វា​មាន​តម្លៃ​ទាប​ខ្លាំង​។

  • ឌូបៃ​ជួយ​ជួសជុល​ផ្ទះ​ដោយ​មិន​គិត​ថ្លៃ ក្រោយ​ «ភ្លៀង​បាក់​មេឃ» កាល​ពី​សប្ដាហ៍​កន្លង

    ឌូបៃ​ជួយ​ជួសជុល​ផ្ទះ​ដោយ​មិន​គិត​ថ្លៃ ក្រោយ​ «ភ្លៀង​បាក់​មេឃ» កាល​ពី​សប្ដាហ៍​កន្លង

    បន្ទាប់ពី​ភ្លៀង​ធំបង្ក​ទឹក​ជំនន់ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ឌូបៃ​របស់​អេមីរ៉ាត់​អារ៉ាប់រួម (UAE) ដែលត្រូវ​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ នឹង​ទទួលបាន​ការ​ពន្យារ​ពេល​សង​បំណង​ធនាគារ​ 6 ខែ និង​ជួស​ជុល​ផ្ទះដោយ​មិន​គិត​ថ្លៃ​។

    ធនាគារ​ជាតិ​ UAE (CBUAE) ទើប​តែ​អនុម័ត​ និង​ប្រកាស​ស្នើ​ឱ្យ​គ្រប់​ធនាគារ​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ អនុញ្ញាត​ឱ្យ​ពន្យារ​ពេល​លើ​ការ​បង់​ប្រាក់​សង​ត្រឡប់​ចំពោះ​ឥណទានផ្ទាល់​ខ្លួន​ និង​ឥណទាន​ទិញ​រថយន្ត​ ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង រយៈ​ពេល 6​ខែ​។ ការ​ពន្យារ​ពេល​បង់​ប្រាក់​សង​ធនាគារ​នេះ​នឹង​មិន​មាន​ការ​ប្រាក់​ ឬ​ការ​ចំណាយ​បន្ថែម​។

    ទន្ទឹម​នឹង​នេះ CBUAE ក៏​បាន​សម្រេច​ថា ការ​ខូច​ខាត​យាន​ជំនិះ និង​ផ្ទះ​សំបែង​ដោយ​ជំនន់​ទឹក​ភ្លៀង​កាល​ពី​សប្ដាហ៍​កន្លង នឹង​ត្រូវ​បានធានារ៉ាប់រង​ បើ​សិន​មាន​កិច្ច​សន្យា​ធានារ៉ាប់រងការបាត់​បង់ និង​ការ​ខូច​ខាត​។ ដូច្នេះ បណ្ដា​ក្រុម​ហ៊ុនធានារ៉ាប់រងត្រូវ​តែ​មាន​កាតព្វកិច្ច​អនុវត្ត​តាម​ការ​ព្រមព្រៀង​។

  • រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    រកស៊ី​ក្នុង​វិស័យ​ណា​ខ្លះ​​​ដែល​ងាយ​ក្លាយ​ជា​មហា​សេដ្ឋី​បំផុត​?

    ហិរញ្ញវត្ថុ – វិនិយោគ បង្កើត​មហា​សេដ្ឋី​ជាង​ 420 នាក់​នៅលើពិភពលោក​ ក្នុងនោះ Warren Buffett ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន Berkshire Hathaway គឺជា​អ្នក​មាន​ជាង​គេ​បង្អស់​។

    ដើម​ខែ​នេះ ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​ពិភពលោក​សម្រាប់​ឆ្នាំ2024​។ ឆ្នាំ​នេះ​ ពិភពលោក​​មាន​មហាសេដ្ឋី​សរុប​ចំនួន 2,781នាក់ ច្រើន​ជាង 141នាក់បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ ក្នុងនោះ ទ្រព្យ​របស់​មហាសេដ្ឋី​ទាំង​នេះ​ក៏​មាន​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់ 14,200 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ យោង​តាម​ស្ថិតិ​របស់ Forbes មហាសេដ្ឋី​ភាគ​ច្រើន​រក​ស៊ី​ក្នុង​វិស័យ​ចំនួន​10 ដែល​មាន​ដូច​ខាង​ក្រោម​៖

    1/ ហិរញ្ញវត្ថុ-វិនិយោគ

    -ចំនួន​មហា​សេដ្ឋី​៖ 427នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 15%
    -អ្នក​មាន​ជាង​គេ​៖ Warren Buffett (អាម៉េរិក) (133ពាន់​លាន​ដុល្លារ​អាម៉េរិក)

    2/ បច្ចេកវិទ្យា

    -ចំនួន​មហា​សេដ្ឋី​៖ 342​នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Jeff Bezos (អាម៉េរិក) ( 194ពាន់​លាន​ដុល្លារ​អាម៉េរិក)

    3/ ផលិត

    -ចំនួន​មហា​សេដ្ឋី​៖ 328នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 12%
    -អ្នក​មាន​ជាង​គេ​៖ Reinhold Wuerth (អាល្លឺម៉ង់) (33.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    4/ សម្លៀកបំពាក់-លក់​រាយ

    -ចំនួន​មហា​សេដ្ឋី​៖ 285នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 10%
    -អ្នក​មាន​ជាង​គេ​៖ Bernard Arnault (បារាំង) (233​ពាន់​លាន​ដុល្លារ​អាម៉េរិក)

    5/ អាហារ – ភេសជ្ជៈ

    -ចំនួន​មហា​សេដ្ឋី​៖ 210នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 8%
    -អ្នក​មាន​ជាង​គេ​៖ Zhong Shanshan (ចិនដីគោក) (62.3ពាន់​លាន​ដុល្លារ​អាម៉េរិក)

    6/ ពហុវិស័យ

    -ចំនួន​មហា​សេដ្ឋី​៖ 201នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Mukesh Ambani (ឥណ្ឌា) (116ពាន់​លាន​ដុល្លារ​អាម៉េរិក)

    7/ សុខាភិបាល

    -ចំនួន​មហា​សេដ្ឋី​៖ 197នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Dilip Shanghvi (ឥណ្ឌា) (22.6ពាន់​លាន​ដុល្លារ​អាម៉េរិក)

    8/ អចលនាទ្រព្យ

    -ចំនួន​មហា​សេដ្ឋី​៖ 190នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 7%
    -អ្នក​មាន​ជាង​គេ​៖ Lee Shau Kee (ចិនហុងកុង) (27.7ពាន់​លាន​ដុល្លារ​អាម៉េរិក)

    9/ ប្រព័ន្ធផ្សព្វផ្សាយ – កម្សាន្ត

    -ចំនួន​មហា​សេដ្ឋី​៖ 104នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Rupert Murdoch (អាម៉េរិក​ដើម​កំណើត​អូស្ត្រាលី) (19.5 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    10/ ថាមពល

    -ចំនួន​មហា​សេដ្ឋី​៖ 98នាក់
    -អត្រា​នៅ​ក្នុង​បញ្ជី​៖ 4%
    -អ្នក​មាន​ជាង​គេ​៖ Harold Hamm (អាម៉េរិក) (18.5ពាន់​លាន​ដុល្លារ​អាម៉េរិក)។