Category: អន្តរជាតិ

  • អង់គ្លេស ឱ្យ កូរ៉េខាងត្បូង ខ្ចី​វ៉ាក់សាំង COVID-19 មួយ​លាន​ដូ​ស

    អង់គ្លេស ឱ្យ កូរ៉េខាងត្បូង ខ្ចី​វ៉ាក់សាំង COVID-19 មួយ​លាន​ដូ​ស

    ប្រទេស​អង់គ្លេស បានសម្រេច​ចិត្ត​ឱ្យ កូរ៉េខាងត្បូង ខ្ចី​វ៉ាក់សាំង Pfizer ចំនួន 1 លាន​ដូ​ស ទៅតាម​កិច្ចព្រមព្រៀង​ដោះដូរ ហើយ ទីក្រុង​សេ​អ៊ូ​ល នឹង​សង​វិញ​នៅ​ចុងឆ្នាំ។

    «ដោយ​វិធីសាស្ត្រ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​មិត្ត កូរ៉េខាងត្បូង ការសម្រេចចិត្ត​ដោះដូរ​វ៉ាក់សាំង​នឹង​គ្នា​នេះ នឹង​ជួយ​បង្កើនល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ ប្រទេស​កូរ៉េខាងត្បូង ព្រមទាំង​មិន​ប៉ះពាល់​ដល់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់ អង់គ្លេស ផងដែរ» រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អង់គ្លេស Sajid Javid ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 22 កញ្ញា។

    រដ្ឋាភិបាល​អង់គ្លេស បានឱ្យដឹងថា នេះ​គឺជា​វ៉ាក់សាំង Pfizer ចំនួន 1 លាន​ដូ​ស ដែល​ប្រទេស​នេះ​មិនទាន់​ត្រូវការ​ប្រើប្រាស់ភ្លាមៗ ហើយ​អាច​ត្រូវបាន​ប្រើប្រាស់​លឿន​ជាង​នៅ កូរ៉េខាងត្បូង។

    នាយកដ្ឋាន​សុខាភិបាល​និង​ថែទាំ​សង្គម (DHSC) របស់ ប្រទេស​អង់គ្លេស បានឱ្យដឹងថា កូរ៉េខាងត្បូង នឹង​សង​មកវិញ​ទាំងអស់​នៅ​ចុងឆ្នាំ 2021។

    DHSC បន្ថែមថា ការព្រមព្រៀង​នេះ​នឹង​ជួយ​ឱ្យ កូរ៉េខាងត្បូង សម្រេចបាន​គោលដៅ 70% នៃ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​សរុប នៅ​ចុងខែ​តុលា។ ឈុត​វ៉ាក់សាំង​ដំបូង​នឹងត្រូវ​បាន អង់គ្លេស ដឹក​ទៅដល់ កូរ៉េខាងត្បូង នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។

    នៅក្នុង​ខែ​នេះដែរ អង់គ្លេស និង​អូស្ត្រាលី ក៏បាន​ព្រមព្រៀង​ដោះដូរ​វ៉ាក់សាំង COVID-19 ដូចគ្នានេះដែរ។ អង់គ្លេស បាន​ដឹក​វ៉ាក់សាំង Pfizer ចំនួន 4 លាន​ដូ​ស ទៅឱ្យ អូស្ត្រាលី រួចហើយ។

    កាលពី​ខែកក្កដា កូរ៉េខាងត្បូង ក៏​ទទួលបាន​វ៉ាក់សាំង Pfizer ចំនួន 700,000 ដូ​ស ជិត​ផុត​កាលកំណត់ ដែល អ៊ីស្រាអែល មិនទាន់​ត្រូវ​ការប្រើ។ អ៊ីស្រាអែល នឹង​ទទួលបាន​វ៉ាក់សាំង Pfizer ដែល កូរ៉េខាងត្បូង នឹង​សង​នៅ​ខែកញ្ញា និង​តុលា៕

  • វ៉ាក់សាំង​ប្រភេទ «ខ្យល់» របស់​​ក្រុម​ហ៊ុន​​ចិន អាច​នឹងត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់ឆាប់ៗនេះ

    វ៉ាក់សាំង​ប្រភេទ «ខ្យល់» របស់​​ក្រុម​ហ៊ុន​​ចិន អាច​នឹងត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់ឆាប់ៗនេះ

    ក្រុមហ៊ុន​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ COVID-19 «ប្រភេទ​ខ្យល់​សម្រាប់​ស្រូប​តាម​ផ្លូវ​ដង្ហើម» ដំបូង​គេ​ក្នុង​ពិភពលោក បានឱ្យដឹងថា Ad5-nCoV មាន​សុវត្ថិភាព និង​អាច​ត្រូវបាន​អាជ្ញាធរ​ចិន​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ក្រុមហ៊ុន CanSinoBIO របស់​ចិន កាលពី​ថ្ងៃទី 22 កញ្ញា បានឱ្យដឹងថា វ៉ាក់សាំង Ad5-nCoV ប្រភេទ​ខ្យល់​សម្រាប់​ហិត ឬស្រូប​ កំពុងមាន​ភាពជឿនលឿន ឆ្ពោះទៅកាន់​គោលដៅ​ទទួលបាន​ការអនុញ្ញាតិ​ឱ្យប្រើ​ប្រាស់​បន្ទាន់ និង​ឆាប់​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ដោយសារតែ​សុវត្ថិភាព ឆ្លើយតប​នឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​ខ្លាំងក្លា និង​ប្រសិទ្ធភាព​ខ្ពស់​ដូច​ទៅនឹង​ដូ​ស​ជំរុញ។

    Ad5-nCoV អាចបង្កើត​ប្រតិកម្ម​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា ប្រហាក់ប្រហែល​នឹង​ការចាក់​នៅលើ​សាច់​ដុំដៃ។ នៅពេល​ប្រើប្រាស់ Ad5-nCoV ធ្វើជា​ដូ​ស​ជំរុញ ឬ​ដូ​ស​បន្ថែម អង្គ​ប​ដិ​ប្រាណ IgG កើនឡើង​ច្រើនជាង ពី 7-8 ដង ធៀប​នឹង​ប្រភេទ​វ៉ាក់សាំង​វីរុស​អសកម្ម​ធម្មតា។

    Ad5-nCoV ឬ​ហៅថា វ៉ាក់សាំង Adenovirus គឺជា​បេក្ខភាព​វ៉ាក់សាំង​បង្ការ COVID-19 ដំបូង​របស់​ប្រទេស​ចិន ដែល​ត្រូវបាន​ពិសោធ​លើ​មនុស្ស​កាលពី​ខែមីនា ឆ្នាំ 2020។ វ៉ាក់សាំង​នេះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន CanSinoBIO សហការ​ជាមួយ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​ចិន។ ក្រុម​អ្នកជំនាញ​ផ្ដល់​អនុសាសន៍​ថា វ៉ាក់សាំង​ប្រភេទ​សម្រាប់​ស្រូប​តាមផ្លូវ​ដង្ហើម​នេះ​គឺជា​បេក្ខភាព​ដែលមាន​សក្ដានុពល សម្រាប់​ប្រើ​ជា​ដូ​ស​ជំរុញ ក្រោយ​ការចាក់​វ៉ាក់សាំង​ប្រភេទ​វីរុស​អសកម្ម​រួចហើយ។

    ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ដំបូង​បាន​បង្ហាញថា ការប្រើប្រាស់​វ៉ាក់សាំង Ad5-nCoV ធ្វើជា​ដូ​ស​ជំរុញ ក្រោយពេល​ចាក់​វ៉ាក់សាំង​ត្រង់​សាច់​ដុំដៃ​បាន 28 ថ្ងៃ «បង្កើតបាន​អង្គ​ប​ដិ​ប្រាណ NAbs (Neutralizing Antibodies) និង IgG (Immunoglobulin G) កម្រិត​ខ្ពស់» នេះ​បើតាម​របាយការណ៍​ដែល​បាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Lancet កាលពី​ថ្ងៃទី 20 កញ្ញា។

    អ្នក​ស្ម័គ្រ​ចិត្ត​ កំពុង​ស្រូប​វ៉ាក់សាំង​​ប្រភេទ​ខ្យល់​ Ad5-nCoV

    ការពិសោធ​ក៏បាន​បង្ហាញថា វ៉ាក់សាំង Ad5-nCoV ប្រភេទ​ខ្យល់ ដំណើរ​ការល្អ​នៅក្នុង​រាងកាយ ដោយ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ។ ក្រុម​អ្នក​អភិវឌ្ឍ​បាន​អះអាងថា ការប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​វីរុស​អសកម្ម (ដូចជា Sinopharm) រួមផ្សំ​ជាមួយនឹង Ad5-nCoV នាំមក​នូវ​អង្គ​ប្រ​ដិ​ប្រាណ NAbs កម្រិត​ខ្ពស់​សម្រាប់​ទប់ទល់​នឹង COVID-19 ទម្រង់​ដើម ក៏ដូចជា​វ៉ា​រ្យ៉​ង់ Alpha, Beta, Gamma និង Delta។

    ការពិសោធ​លើស​ត្វ​បង្ហាញថា ការប្រើប្រាស់ Ad5-nCoV ធ្វើជា​ដូ​ស​ជំរុញ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​វីរុស​អសកម្ម (inactivated vaccine) បាន 2 ដូ​ស ផ្ដល់​ផល​ល្អ​ជាង បើ​ធៀប​នឹង​ការចាក់​វ៉ាក់សាំង​បច្ចេកវិទ្យា mRNA (ដូចជា Pfizer) ធ្វើជា​ដូ​ស​ជំរុញ។ ប្រភេទ​វ៉ាក់សាំង​វីរុស​អសកម្ម និង​វ៉ាក់សាំង​ប្រភេទ Subunit vaccine មាន​ប្រសិទ្ធភាព​ទាប​ជាង នៅពេល​ប្រើ​ជា​ដូ​ស​រំលឹក បើ​ធៀប​នឹង Ad5-nCoV និង mRNA ដោយ​បរិមាណ​អង្គ​ប​ដិ​ប្រាណ​ខុសគ្នា​ជិត 10 ដង។

    លទ្ធផល​នៃ​ការពិសោធ​ថ្មី​បំផុត​បង្ហាញថា ក្មេង​ចាប់ពី​អាយុ 6-17 ឆ្នាំ ប្រើប្រាស់ Ad5-nCoV ក្នុង​បរិមាណ​ទាប មាន​សុវត្ថិភាព​ខ្ពស់ អត្រា​បង្ក​ផលប៉ះពាល់​ទាប​ជាង ធៀប​នឹង​មនុស្សពេញវ័យ។

    បើសិនវ៉ាក់សាំង​ប្រភេទ​ខ្យល់ Ad5-nCoV ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ នោះ​វា​នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​គេ​លើ​ពិភពលោក ដែលមាន​ប្រសិទ្ធភាព​បង្ការ​វីរុស COVID-19 ក្នុង​ទម្រង់​ចំនួន 3 នៅលើ​រាងកាយ​មនុស្ស គឺ ទម្រង់​រាវ ទម្រង់​កោសិកា និង​ទម្រង់​ភ្នាស។ នេះ​បើតាម Tao Lina អ្នកឯកទេស​ក្នុង​វិស័យ​វ៉ាក់សាំង នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន។

    វ៉ាក់សាំង​ប្រភេទ​សម្រាប់​ស្រូប​តាម​ផ្លូវ​ដង្ហើម​​នេះ អាច​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​នៅក្នុង​ស្រទាប់​ភ្នាស​ទឹករំអិល​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើម​ធ្វើការ​ប្រតិកម្ម​បញ្ចេញ​អង្គ​ប​ដិ​ប្រាណ ជួយ​បន្ថយ​ការឈឺចាប់ និង​ងាយ​ប្រើប្រាស់ ពិសេស​ចំពោះ​កុមារ និង​មនុស្ស​ដែល​ងាយ​រងរបួស ព្រោះ​វា​មិន​បង្ក​ឱ្យ​ហើម និង​ឈឺចាប់​ដូច​ការចាក់​ដោយ​ម្ជុល​នោះទេ។ ក្រៅពីនេះ បរិមាណ​នៃ​វ៉ាក់សាំង​ប្រភេទ​ខ្យល់​របស់​ CanSinoBIO ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​ប្រភេទ​ចាក់ ដែល​នេះ​នឹង​ជួយ​សន្សំសំច័យ​វ៉ាក់សាំង ក៏ដូចជា​កាត់បន្ថយ​ស​ម្ពា​ធ និង​ការចំណាយ​សម្រាប់​ការផលិត​ផងដែរ៕

  • COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 ខែ​កញ្ញា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 ខែ​កញ្ញា ឆ្នាំ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 22 កញ្ញា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 638 នាក់

    – ជាសះស្បើយ​ថ្មី = 479 នាក់

    – ស្លាប់​ថ្មី = 22 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 638 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 525 នាក់

    – អ្នកដំណើរពីបរទេស 113 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប=106,619 នាក់

    – អ្នកជាសះស្បើយ=99,134 នាក់

    – អ្នកស្លាប់=2,176 នាក់

    តួលេខ COVID-19 នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖     

    – អ្នក​ឆ្លង​សរុប = 230,882,741​​ នាក់

    – អ្នកជា​សះស្បើយ = 207,590,922 នាក់

    – អ្នកស្លាប់ = 4,732,838 នាក់

    – អ្នក​​កំពុង​ព្យាបាល = 18,558,981 នាក់

  • អាជ្ញាធរ​ថៃ ចាប់ខ្លួន​​មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេនីយ៍ឯក​ម្នាក់ ដែលមាន​រថយន្ត​ទំនើប​ជាង 40 គ្រឿង

    អាជ្ញាធរ​ថៃ ចាប់ខ្លួន​​មន្ត្រី​ប៉ូលិស​ថ្នាក់​វរសេនីយ៍ឯក​ម្នាក់ ដែលមាន​រថយន្ត​ទំនើប​ជាង 40 គ្រឿង

    ក្រោយពី​បាន​ចាប់ខ្លួន​វរសេនីយ៍ឯក Thitisan Utthanaphon ដោយ​ជាប់​ទាក់ទិន​នឹង​ការធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ ក្រុមមន្ត្រី​ថៃ ក៏បាន​រកឃើញថា មន្ត្រីប៉ូលិស​រូបនេះ មាន​រថយន្ត​ទំនើប​រហូតដល់ 42 គ្រឿង។

    Thitisan Utthanaphon អាយុ 41 ឆ្នាំ ជា​អតីត​ស្នងការ​ប៉ូលិស នៅ​ទីក្រុង Nakhon Sawan ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ កាលពី​ថ្ងៃទី 11 កញ្ញា ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស រំលោភ​អំណាច រួម​នឹង​បទចោទប្រកាន់​ជាច្រើន​ផ្សេងទៀត។ Thitisan Utthanaphon ត្រូវបាន​គេ​ជឿថា បានធ្វើ​ទារុណកម្ម បណ្ដាលឱ្យ​ជនសង្ស័យ​ទាក់ទង​​នឹង​​គ្រឿង​ញៀន​​ម្នាក់​​ស្លាប់​​ដោយសារ​ថប់ដង្ហើម ព្រោះតែ​ត្រូវបាន​គេ​រុំ​ក្បាល​នឹង​ថង់​ប្លា​ស្ទិ​ក 6 ជាន់ កាលពី​ខែសីហា។ នេះ​បើតាម​សារព័ត៌មាន AFP។

    ករណី​ស្លាប់​ខាងលើ​ត្រូវបាន​ការិយាល័យ​ស្នងការ​ប៉ូលិស​របស់ Thitisan Utthanaphon បិទបាំង និង​កត់ត្រា​ចូល​កំណត់​ហេតុថា ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ។ ក៏ប៉ុន្តែ មេធាវី​ម្នាក់​បាន​បង្ហើប​ឱ្យដឹងពី​មូលហេតុ​នៃ​ការស្លាប់​របស់​ជនសង្ស័យ​នៅលើ​បណ្ដាញ​សង្គម។ បន្ទាប់មក Thitisan ក៏ត្រូវ​បាន​ផ្ទេរ​ទៅ​ខេត្ត​ក្បែរ​ខាង ដោយសារតែ​អន្តរាគមន៍​ពី​ឪពុក​មិត្តស្រី។

    មេធាវី​មួយរូប​ទៀត​ក៏បាន​បន្ត​បញ្ចេញ​វីដេអូ​ដែល​ថ្នាក់ក្រោម​ម្នាក់​របស់ Thitisan ថត​បាន ដែល​បង្ហាញថា Thitisan ច្របាច់ក​ជនសង្ស័យ​ដែល​កំពុង​ជាប់​ខ្លោះ ខណៈ​អ្នកផ្សេង​ចាប់​ដៃជើង។ វីដេអូ​នេះ​ត្រូវបាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម ធ្វើឱ្យ​ប៉ូលិស​ត្រូវ​ចាប់ Thitisan រួម​នឹង​មន្ត្រី​មួយចំនួន។ Thitisan បាន​បដិសេធ​រាល់​ការចោទប្រកាន់។

    មេធាវី Sittra Biabungkerd ដែលជា​អ្នក​បង្ហោះ​វីដេអូ​ខាងលើ បានឱ្យដឹងថា ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ទាប់​ស្កាត់​ប៉ូលិស «ជួយ​គ្នាឯង​ឱ្យ​រួច​ពី​ទោស​មនុស្សឃាត»។

    «មនុស្ស​ជាច្រើន​អាច​យល់ឃើញថា ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដើម្បី​សួរចម្លើយ​ជនសង្ស័យ លែងមានទៀតហើយ ព្រោះតែ​សម័យកាល​បាន​ប្ដូរផ្លាស់។ ប៉ុន្តែ តាមពិត វា​នៅតែ​កើតមានឡើង​ដោយ​សម្ងាត់» មេធាវី​ខាងលើ​បន្ថែម។

    ក្រោយពី Thitisan ត្រូវបាន​ចាប់ខ្លួន សារព័ត៌មាន​នានា​នាំគ្នា​បើក​កកាយ​អំពី​ការរស់នៅ​ប្រកបដោយ​ភាព​ហ៊ឺហា និង​មាន​ទំនាក់​ទំនងជា​មួយក្រុម​មនុស្ស​ល្បីឈ្មោះ​របស់​ជង​នេះ។ ក្រុម​អ្នកស៊ើប​អង្កេត​ក៏បាន​រកឃើញថា Thitisan មាន​ភូមិគ្រឹះ​ប្រណិត​មួយ​នៅ បាងកក, រថយន្ត​ទំនើប 42 គ្រឿង ក្នុងនោះ​ក៏មាន Lamborghini Aventador 1 គ្រឿង តម្លៃ 1.5 លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​ប្រមាណ 18 លាន​ដុល្លារ បើ​ទោះ​ប្រាក់ខែ​របស់​ជននេះ​ត្រឹម​ប្រហែល 40,000 បាត/ខែ (ជិត 1,200 ដុល្លារ)។

    Thitisan Utthanaphon ត្រូវបានគេជឿថា បានធ្វើទារុណកម្ម បណ្ដាលឱ្យជនសង្ស័យទាក់ទងនឹងគ្រឿងញៀនម្នាក់ស្លាប់

    «មនុស្ស​ម្នាក់​ដែលមាន​ប្រាក់ខែ​កម្រិត​នេះ បែរជា​អាច​ទិញ​រថយន្ត​បាន​ជាង 40 គ្រឿង បូករួម​ទាំង​រថយន្ត​ធុន​ថ្លៃ» Srisuwan Janya ដែលជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ បញ្ចេញមតិ​ដូច្នេះ និង​បានឱ្យដឹងថា អង្គភាព​ប្រឆាំង​អំពើ​លាងលុយកខ្វក់​ត្រូវបាន​ស្នើឱ្យ​ស្រាវជ្រាវ​លើ​ទ្រព្យសម្បត្តិ​របស់ Thitisan។

    មួយផ្នែក​នៃ​ទ្រព្យ​របស់ Thitisan គឺ​បានមកពី​ការដេញថ្លៃ​រថយន្ត​ទំនើប​នាំចូល​រាប់រយ​គ្រឿង​ដែល​ត្រូវបាន​ស្ថាប័នគយ​របស់​ប្រទេស​ថៃ រឹបអូស។ ក្រុមមន្ត្រី​ស៊ើបអង្កេត​គ្រោង​នឹង​បញ្ជូន​សំណុំរឿង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថ្នាក់ជាតិ នៅ​ថ្ងៃទី 24 កញ្ញា មុនពេល​សម្រេច​ស្នើ​តុលាការ​កាត់ទោស៕

  • តួលេខ​វិជ្ជមាន​នឹង COVID-19 ថយចុះ​ទាប​ខ្លាំង​នៅ​ទូទាំង​ពិភពលោក កាលពី​សប្ដាហ៍​មុន

    តួលេខ​វិជ្ជមាន​នឹង COVID-19 ថយចុះ​ទាប​ខ្លាំង​នៅ​ទូទាំង​ពិភពលោក កាលពី​សប្ដាហ៍​មុន

    WHO បានឱ្យដឹងថា តួលេខ​នៃ​ករណី​ឆ្លង COVID-19 ទូទាំង​សកលលោក​កាលពី​សប្ដាហ៍​មុន បាន​ថយចុះ​ប្រហែល 400,000 នាក់ ធៀប​នឹង​មួយ​សប្ដាហ៍​មុន​នោះ ដែល​នេះ​គឺជា​ការថយចុះ​ដំបូង​នៅក្នុង​រយៈពេល 2 ខែ។

    អង្គការ​សុខ​ភា​ពិភពលោក (WHO) បានឱ្យដឹងថា ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 3.6 លាន​នាក់ នៅក្នុង 1 សប្ដាហ៍​កន្លងទៅ ពោលគឺ​ថយចុះ 400,000 នាក់ ធៀប​នឹង​តួលេខ​អ្នក​វិជ្ជមាន 4 លាន​នាក់ កាលពី 1 សប្ដាហ៍​មុន​នោះ។ តំបន់​ចំនួន 2 ដែល​ត្រូវបាន​រាយការណ៍​ថា ថយចុះ​ច្រើនជាងគេ​គឺ មជ្ឈិមបូព៌ា (22%) និង អាស៊ីអាគ្នេយ៍ (16%)។ ករណី​វិជ្ជមាន​ថ្មី​ស្ទើរតែ​ទាំងអស់​ស្ថិតនៅ សហរដ្ឋ​អាម៉េរិក, ឥណ្ឌា, អង់គ្លេស, តួ​ក​គី និង ហ្វីលីពីន។ វីរុស COVID-19 ប្រភេទ ឌែ​លតា (Delta) បានបង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន 185 និង​ក្លាយជា​វ៉ា​រ្យ៉​ង់​ដែល​លេចធ្លោ​ជាងគេ​នៅ​ទូទាំង​ពិភពលោក។

    ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ពិភពលោក ក៏​ថយចុះ 7% នៅក្នុង​សប្ដាហ៍​កន្លង ដោយមាន​អ្នកជំងឺ 60,000 នាក់​បាន​ស្លាប់។ អាស៊ីអាគ្នេយ៍ គឺជា​តំបន់​ដែលមាន​ករណី​ស្លាប់​ថយចុះ​ច្រើនជាងគេ (30%)។

    ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 230,868,745 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 4,732,669 នាក់, ជាសះស្បើយ 207,561,828 នាក់ និង កំពុង​ព្យាបាល​ចំនួន 18,574,248 នាក់។

    គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាង 6 ពាន់​លាន​ដូ​ស ត្រូវបាន​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក ក្នុងនោះ ពលរដ្ឋ​ចំនួន 43.7% បាន​ចាក់​យ៉ាងតិច 1 ដូ​ស ប៉ុន្តែ នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប អត្រា​នេះ​មាន​ត្រឹមតែ 2% ប៉ុណ្ណោះ៕

  • មេដឹកនាំ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់ ប៊ី​ន ឡា​ដែន ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់ តា​លី​បង់

    មេដឹកនាំ​ក្រុម​អង្គរក្ស​ផ្ទាល់​របស់ ប៊ី​ន ឡា​ដែន ក្លាយជា​មេបញ្ជាការ​កងទ័ព​រប​ស់ តា​លី​បង់

    ហាក មូ​ចា​ហ៊ី​ដ (Haq Mujahid) មេបញ្ជាការ​របស់​ក្រុម «អង្គរក្ស​ឈុតខ្មៅ» របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ី​ន ឡា​ដែន (Osama bin Laden) ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​នៃ​ទាហាន​មួយក្រុម​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

    «អាន​វ៉ារ អ៊ុ​ល ហាក មូ​ចា​ហ៊ី​ដ (Anwar ul Haq Mujahid) បាន​ត្រលប់​មកវិញ ដោយមាន​ការ​អម​ការពារ​ពី​យានជំនិះ​រាប់រយ​គ្រឿង និង​មនុស្ស​រាប់ពាន់នាក់​ទទួល​ស្វាគមន៍​នៅ​តំបន់ ចា​ឡា​ឡា​បាដ (Jalalabad)» អតីតមន្ត្រី​ចារកម្ម​ជាន់ខ្ពស់​ម្នាក់រ​បស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ចាស់ បានឱ្យដឹង​នៅ​សប្ដាហ៍​នេះ។

    អតីតមន្ត្រី​ខាងលើ​បន្ថែមថា ហាក មូ​ចា​ហ៊ី​ដ ត្រលប់​មកវិញ​ជាមួយនឹង​ក្រុមមនុស្ស​ដែល​ធ្លាប់បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​ភេរវកម្ម អាល់​កៃ​ដា កាលពី​ឆ្នាំ 2001។ ហាក មូ​ចា​ហ៊ី​ដ ត្រូវបាន​គេ​ជឿថា កំពុង​ដឹកនាំ​ទាហាន​មួយក្រុម​របស់ តា​លី​បង់ និង​ទាហាន​ស៊ី បរទេស​មួយក្រុម នៅ​ភាគ​ខាងកើត​នៃ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន។ នេះ​បើ​តាម​សារ​ព័ត៌មាន​ Daily Mail។

    ហ្វី​លី​ព​ប៉ូ រ៉ូ​ស្ស៊ី (Filippo Rossi) និង​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការសហប្រជាជាតិ ក៏បាន​បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា ហាក មូ​ចា​ហ៊ី​ដ  ត្រូវបាន តា​លី​បង់ តែងតាំង​ជា​មេបញ្ជាការ​កងទ័ព។

    អានវ៉ារ អ៊ុល ហាក មូចាហ៊ីដ (Anwar ul Haq Mujahid)

    ហាក មូ​ចា​ហ៊ី​ដ គឺជា​មេដឹកនាំ​ក្រុម «អង្គរក្ស​ឈុតខ្មៅ» (Black Guards) របស់​មេ​ភេរ​វករ អូ​សា​ម៉ា ប៊ិន ឡា​ដែន។ ហាក មូ​ចា​ហ៊ី​ដ ធ្លាប់បាន​ជួយ​ឱ្យ ប៊ិន ឡា​ដែន គេច​ផុតពី​ការតាមប្រមាញ់​របស់​ក​ង​ទ័ព សហរដ្ឋ​អាម៉េរិក នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ឆ្នាំ 2001។

    តា​លី​បង់ មិនទាន់​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។ កន្លងមក តា​លី​បង់ ធ្លាប់បាន​បដិសេធ​អំពី​ទំនាក់​ទំនងជា​សម្ព័ន្ធមិត្ត​ជាមួយនឹង​ក្រុម អាល់​កៃ​ដា បើទោះជា​អតីត​អគ្គរដ្ឋទូត​របស់ អាម៉េរិក ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោក រ៉ូ​ណា​លដ៍ នូ​ម៉ាន់ (Ronald Neumann) ប្រកាសថា អាល់​កៃ​ដា នៅតែមាន​វត្តមាន​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ តា​លី​បង់។

    អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក ហ្សា​ប៊ី​ល​ហ៊ុ​ល្លា មូ​ចា​ហ៊ី​ដ (Zabihullah Mujahid) កាលពី​ខែ​មុន​បានប្រកាស​ថា ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​សា​ម៉ា ប៊ី​ន ឡា​ដែន គឺជា​មេខ្លោង​នៃ​អំពើ​ភេរវកម្ម​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 11 កញ្ញា​នោះឡើយ បើទោះជា ប៊ី​ន ឡា​ដែន ធ្លាប់បាន​ទទួលស្គាល់​នៅក្នុង​ខ្សែអាត់​សំឡេង៕

  • ឥណ្ឌា ចាប់បាន​ថ្នាំញៀន ហេ​រ៉ូ​អ៊ី​ន ជិត 3 តោន ពី អា​ហ្វ​ហ្គា​នី​ស្ថាន

    ឥណ្ឌា ចាប់បាន​ថ្នាំញៀន ហេ​រ៉ូ​អ៊ី​ន ជិត 3 តោន ពី អា​ហ្វ​ហ្គា​នី​ស្ថាន

    អាជ្ញាធរ​ឥណ្ឌា បាន​រឹបអូស ហេ​រ៉ូ​អ៊ី​ន ជាង 2.9 តោន ដែលមាន​តម្លៃ 2.72 ពាន់​លាន​ដុល្លារ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ តា​លី​បង់ ឡើងកាន់​អំណាច​នៅ​ប្រទេស​នេះ​បាន 1 ខែ។

    មន្ត្រី​ម្នាក់​នៅក្នុង​រដ្ឋ Gujarat របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី 21 កញ្ញា បានឱ្យដឹងថា នាយកដ្ឋាន​ស៊ើបការណ៍​ផ្នែក​ប្រាក់ចំណូល (DRI) ជា​ស្ថាប័ន​ប្រឆាំង​អំពើ​គេចពន្ធ​កំពូល​របស់ ឥណ្ឌា កាលពី​សប្ដាហ៍​មុន បាន​ត្រួតពិនិត្យ​កុងតឺន័រ​ចំនួន 2 នៅឯ​កំពង់ផែ Mundra ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​សកម្មភាព​ដឹកជញ្ជូន​គ្រឿងញៀន។

    ក្រុមហ៊ុន​មួយ​នៅក្នុង​ទីក្រុង Vijayawada នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា គឺជា​អ្នក​នាំចូល​កុងតឺន័រ​ទាំងនេះ។ ពេល​ត្រួតពិនិត្យ អាជ្ញាធរ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ទម្ងន់ 2,989 គីឡូក្រាម ដែលមាន​ប្រភពពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស 2 នាក់​ដែល​ជាប់​ទាក់ទិន​នឹង​ការដឹកជញ្ជូន ហើយ​កំពុង​សួរចម្លើយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​នាក់​ផ្សេងទៀត​ដែល​ជាប់ទាក់ទង។

    បុរស​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ កំពុង​ប្រមូល​ផ្កា​អាភៀន​​ នៅ​ក្នុង​ខេត្ត​ Jalalabad កាល​ពីឆ្នាំ​ 2014

    ក្រុមមន្ត្រី​ឱ្យដឹងថា កុងតឺន័រ ទាំង 2 ខាងលើ ដែល​ត្រូវបាន​ប្រកាសថា ផ្ទុក​ថ្ម talc ជា​ធាតុ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​គីមី និង​សេ​រ៉ា​មិច គឺ​មកពី​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន។

    កុងតឺន័រ​ទាំងនេះ​ត្រូវបាន​ដឹក​ពី​កំពង់ផែ Bandar Abbas របស់​ប្រទេស​អ៊ីរ៉ង់ ទៅកាន់​កំពង់ផែ Gujarat Mundra ប្រទេស​ឥណ្ឌា។

    អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ផ្គត់ផ្គង់​អាភៀន​ធំជាងគេ​ក្នុង​ពិភពលោក។ ក្រោយពី​បាន​ឡើងកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន តា​លី​បង់ បានប្រកាសថា នឹង​ហាមឃាត់​សកម្មភាព​ជួញដូរ​ថ្នាំញៀន ប៉ុន្តែ មិនទាន់​ឱ្យដឹង​សេចក្ដីលម្អិត ក៏ដូចជា​វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​របស់​ពួកគេ​នៅឡើយ៕

  • រដ្ឋប្រហារ​យោធានៅ​ប្រទេស​ស៊ូដង់ ទទួល​បរាជ័យ» 

    រដ្ឋប្រហារ​យោធានៅ​ប្រទេស​ស៊ូដង់ ទទួល​បរាជ័យ» 

    មន្ត្រី​យោធា​នៃ​ប្រទេស​ស៊ូដង់ ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ព្យាយាម​ដណ្ដើម​កាន់កាប់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព នៅក្នុង​ផែនការ​រដ្ឋប្រហារ​ដែល​មិនបាន​សម្រេច។

    «កងទ័ព​បាន​រាំងខ្ទប់​ផែន​ការធ្វើ​រដ្ឋប្រហារ ហើយ​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង» ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន​របស់​ឧ​ត្ត​ម​សេនីយ៍ Abdelfattah al-Burhan និង​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យ ស៊ូដង់ បាន​ប្រាប់​សារព័ត៌មាន​កាលពី​ម្សិលមិញ​ដូច្នេះ។

    យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ទាហាន​ប្រហែល 40 នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​កំពុង​ព្យាយាម​ដណ្ដើម​កាន់កាប់​អគារ​នានា​របស់​ស្ថានីយទូរទស្សន៍​ជាតិ និង​បញ្ជាការដ្ឋាន​កងទ័ព។ អាជ្ញាធរ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ូដង់ បាន​ចោទប្រកាន់​កងកម្លាំង​ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ​ថា ជាប់​ទាក់ទិន​នឹង​អតីត​ប្រធានាធិបតី Omar al-Bashir ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2019។

    «យើង​ធានា​ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស៊ូដង់ ថា ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង។ សមាជិក​កងទ័ព និង​កម្លាំង​ស៊ីវិល​ដែល​ចូលរួម​ធ្វើ​រដ្ឋប្រហារ ត្រូវបាន​ចាប់ខ្លួន និង​កំពុង​ត្រូវបាន​សួរចម្លើយ» Hamza Balol អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ស៊ូដង់ ប្រកាស​លើ​ទូរទស្សន៍​ដូច្នេះ និង​បន្ថែមថា ពួកគេ​កំពុង​បន្ត​ស្វែងរក​ក្រុមមនុស្ស​ស្មោះស្ម័គ្រ​នឹង Bashir ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​នេះ។

    Abdalla Hamdok គឺ​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន​នៅ​ ស៊ូដង់ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​ Omar al-Bashir កាល​ពី​ឆ្នាំ​ 2019

    អតីត​ប្រធានាធិបតី Omar al-Bashir បច្ចុប្បន្ន​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​មួយ​ក្នុង​តំបន់ Khartoum និង​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន។ ក្រុមប្រឹក្សា​អធិបតេយ្យ​ស៊ូដង់ កំពុង​រ៉ាប់រង​លើ​ការដឹកនាំ​ប្រទេស ដោយយោង​ទៅតាម​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​រវាង​កងទ័ព និង​កងកម្លាំង​ស៊ីវិល ចាប់តាំងពី Bashir ត្រូវបាន​ផ្ដួលរំលំ។ ការបោះឆ្នោត​នានា តាម​គម្រោង​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ឆ្នាំ 2024។

    នេះ​មិនមែនជា​លើកដំបូង​ដែល​រដ្ឋាភិបាលបណ្ដោះអាសន្ន​របស់​ប្រទេស​ស៊ូដង់ ត្រូវ​ប្រឈម​នឹង​ឧបសគ្គ។ ពួកគេ​បានឱ្យដឹងថា កន្លងមក​ក៏​ធ្លាប់មាន​ការព្យាយាម​ធ្វើ​រដ្ឋប្រហារ​ជាច្រើនលើក ដែល​ជាប់​ទាក់ទិន​នឹង​ក្រុមគាំទ្រ​របស់លោក Bashir ប៉ុន្តែ ត្រូវបាន​បែកធ្លាយ​ជា​ព័ត៌មាន ឬ​ត្រូវបាន​កម្ចាត់។ កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី ស៊ូដង់ Abdalla Hamdok បាន​រួច​ពី​ការស្លាប់ នៅពេល​ត្រូវគេ​លួច​ធ្វើឃាត​នៅឯ Khmartoum។

    ស៊ូដង់ ជា​ប្រទេសមួយ​ដែលមាន​ប្រវត្តិ​រដ្ឋប្រហារ​ជាច្រើនលើក និង​យូរអង្វែង។ Bashir បាន​ក្លាយជា​ប្រធានាធិបតី ក្រោយពី​រដ្ឋប្រហារ​ដែល​គាំទ្រ​ដោយ​សាសនិក​អ៊ីស្លាម កាលពី​ឆ្នាំ 1989។ លោក Bashir គឺជា​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​ប្រធានាធិបតី​ច្រើន​រូប​ដែល​កាន់អំណាច​យូរ​ជាងគេ​នៅ ស៊ូដង់ (ជិត 30 ឆ្នាំ) និង​ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាម​ចាប់ខ្លួន​ពីបទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

    លោក Bashir ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា ឆ្នាំ 2019 នៅក្នុង​រដ្ឋប្រហារ​យោធា ក្រោយ​ពលរដ្ឋ​ចេញ​ធ្វើបាតុកម្ម​អស់​រយៈពេល 4 ខែ ដើម្បី​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង៕

  • (វីដេអូ)-ក​ម្អែ​ភ្នំភ្លើង លេប​ត្របាក់​ភូមិឋាន! រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន

    (វីដេអូ)-ក​ម្អែ​ភ្នំភ្លើង លេប​ត្របាក់​ភូមិឋាន! រាប់ពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន

    អេស្ប៉ាញ៖ ក​ម្អែ​ភ្នំភ្លើង​ក្រហមឆ្អៅ​ហូរ​ដូច​គេ​ចាក់​បបរ​នៅលើ​ខ្នងភ្នំ និង​ហូរ​កាត់​ចូលក្នុង​តំបន់​ភូមិឋាន​របស់​ប្រជាជន​នៅលើ​ប្រជុំ​កោះ Canary បន្ទាប់ពី​មានប​ន្ទុះ​ភ្នំភ្លើង​កើតឡើង។

    ការផ្ទុះ​ភ្នំភ្លើង​នៅលើ​កោះ Canary កាលពី​ថ្ងៃទី 19 កញ្ញា គឺជា​ប​ន្ទុះ​ភ្នំភ្លើង​លើកទីមួយ ក្រោយ​រយៈពេល 50 ឆ្នាំ​កន្លងទៅ។ ប​ន្ទុះ​ភ្នំភ្លើង​នេះ បាញ់​ក​ម្អែ​ឡើង​ទៅលើ​អាកាស​កម្ពស់​រាប់រយ​ម៉ែត្រ និង​បាន​ពន្លិច​តំបន់​ព្រៃ​ស្ទើរតែ​ទាំងស្រុង។ វីដេអូ​នានា​បាន​បង្ហាញថា ក​ម្អែ​ភ្នំភ្លើង​កំពុង​ហូរ​តាម​ជម្រាលភ្នំ ឆ្ពោះទៅកាន់​សមុទ្រ។

    ក​ម្អែ​របស់​ភ្នំភ្លើង​ក៏បាន​ហូរ​ចូលក្នុង​ភូមិ​របស់​ប្រជាជន​នៅលើ​កោះ La Palma ដែលជា​កោះ​មួយ​នៅ​ភាគ​ពាយព្យ​របស់​ប្រជុំ​កោះ Canary។ សាក្សី​ម្នាក់​និយាយថា ក​ម្អែ​ភ្នំភ្លើង ហូរ​នៅលើ​ផ្លូវ និង​ចាក់​ចូលក្នុង​ផ្ទះ​របស់​ប្រជាជន ធ្វើឱ្យ​គ្រប់យ៉ាង​ត្រូវ​រលាយ​គ្មាន​សល់។

    ផ្ទះ​ប្រហែល 100 ខ្នង ត្រូវបាន​បំផ្លាញ​ទាំងស្រុង ខណៈ​មនុស្ស​ជាង 5,500 នាក់ ត្រូវ​ជម្លៀស​ចេញពី​តំបន់​កើតហេតុ។ ប៉ុន្តែ ពុំទាន់​មាន​ករណី​ស្លាប់ ឬ​របួស​ណាមួយ​ត្រូវបាន​រាយការណ៍​នៅឡើយ។

    ផ្លូវ​ចំនួន 6 ខ្សែ​ដែល​នៅលើ​កោះ ត្រូវបាន​បិទ។ ក្រុមមន្ត្រី​បានស្នើ​ឱ្យ​ពលរដ្ឋ​កុំ​ស្លន់ស្លោ​ខ្លាំងពេក ហើយ​ត្រូវ​ជម្លៀស​ទៅតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ។

    Miguel Angel Morcuende អ្នកចាត់ចែង​កិច្ចការ​បន្ទាន់​ក្នុង​តំបន់ បានឱ្យដឹងថា ក​ម្អែ​ភ្នំភ្លើង​នេះ​ផ្លាស់​ទី​យឺត​ជាង​ការ​ព្យាករ និង​កំពុង​ឆ្ពោះទៅកាន់​សមុទ្រ។

    នាយករដ្ឋមន្ត្រី Pedro Sanchez កាលពី​ថ្ងៃទី 20 កញ្ញា បាន​ទៅពិនិត្យ​តំបន់​ដែល​រង​ផលប៉ះពាល់ និង​បាន​សរសើរ​ដល់​កងក​ម្លាំ​ង​សង្គ្រោះបន្ទាន់​នៅ​ទីនោះ។

    នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល Enaire ឱ្យដឹងថា ដែនអាកាស​ជុំវិញ​ប្រជុំ​កោះ Canary នៅតែ​បើក​ដំណើរការ ដោយសារ​ធូលី និង​ផ្សែង​របស់​ភ្នំភ្លើង មិនទាន់​បង្ក​ការលំបាក​ដល់​ការហោះហើរ​នៅឡើយ៕

  • តួលេខ​នៃ​ការស្លាប់​ដោយសារ​វីរុស​ COVID-19 នាបច្ចុប្បន្ន និង H1N1 កាលពី​ឆ្នាំ 1918 នៅ សហរដ្ឋ​អាម៉េរិក

    តួលេខ​នៃ​ការស្លាប់​ដោយសារ​វីរុស​ COVID-19 នាបច្ចុប្បន្ន និង H1N1 កាលពី​ឆ្នាំ 1918 នៅ សហរដ្ឋ​អាម៉េរិក

    ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ សហរដ្ឋ​អាម៉េរិក បាន​កើន​លើសពី 675,000 នាក់ ដែលជា​តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស H1N1 នៅ​ប្រទេស​នេះ ក្នុង​សោកនាដកម្ម​ដែល​បង្កឡើង​ដោយ​រោគរាតត្បាត​សកល កាលពី​ឆ្នាំ 1918។

    ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី 17 កញ្ញា សហរដ្ឋ​អាម៉េរិក មាន​អ្នកស្លាប់​ចំនួន 675,722 នាក់​ដោយសារ​ឆ្លង COVID-19។ ក្រោយពី​បានសម្លាប់​មនុស្ស​ជាង 675,000 នាក់​នៅ សហរដ្ឋ​អាម៉េរិក កាលពី​ឆ្នាំ 1918 វីរុស H1N1 ក៏បាន​បំប្លែង​ខ្លួន​ទៅជា​វីរុស​ផ្ដាសាយ​តាម​រដូវ ដែល​បច្ចុប្បន្ន​គេ​ហៅថា A H1N1 និង​បង្ក​ផលប៉ះពាល់​តិចតួច។

    តួលេខ​នៃ​ការស្លាប់​ខាងលើ​បាន​កើតឡើង​នៅពេល សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​រលក​នៃ​ការ​រាតត្បាត​ថ្មី​ដែល​ទាក់ទិន​នឹង​វ៉ា​រ្យ៉​ង់ Delta ក្នុងនោះ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បាន​តិច​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​ករណី​ស្លាប់​ច្រើន។

    រោគ​រាតត្បាត​សកល​ H1N1 កាលពី​ឆ្នាំ​ 1918

    រោគរាតត្បាត​សកល​កាលពី​ឆ្នាំ 1918 បាន​បណ្ដាលឱ្យ​មនុស្ស​ប្រហែល 50 លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់ ចន្លោះ​ឆ្នាំ 1918-1920 ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នាបច្ចុប្បន្ន ដែលមាន​ត្រឹម​ជាង 4.7 លាន​នាក់។

    តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 នៅ សហរដ្ឋ​អាម៉េរិក មាន​ប្រហែល 14% ធៀប​នឹង​តួលេខ​សរុប​របស់​ពិភពលោក ខណៈដែល​ចំនួន​ប្រជាជន​របស់​ប្រទេស​នេះ​មាន​ត្រឹមតែ 5%។ ចំនួន​ប្រជាជន​របស់ អាម៉េរិក កាលពី​ឆ្នាំ 1918 មាន​មិន​ដល់ 1/3 ធៀប​នឹង​បច្ចុប្បន្ន ដូច្នេះ ចំនួន​អ្នកស្លាប់​នៅក្នុង​វិបត្តិ​រោគរាតត្បាត​សកល​នៅ​ដើម​សតវត្សរ៍​ទី 20 គឺ ប្រហាក់ប្រហែល​នឹង​អ្នកស្លាប់ 2.2 លាន​នាក់​នាបច្ចុប្បន្ន។

    មិន​ដូច​ទៅនឹង COVID-19 ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ក្មេង​តូច និង​មនុស្ស​ចាស់ H1N1 ឆ្នាំ 1918 បានសម្លាប់​មនុស្ស​វ័យ​ក្មេង​ក្នុង​អត្រា​ខ្ពស់។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង (CDC) របស់ អាម៉េរិក ឱ្យដឹងថា ការដែល​មិនមាន​ថ្នាំ និង​វ៉ាក់សាំង បានធ្វើឱ្យ​ការប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កាលពី​ឆ្នាំ 1918 ត្រូវ​ជួប​បញ្ហា​ធំ។

    រោគ​រាត​ត្បាតសកល​​ COVID-19

    បច្ចុប្បន្ន វ៉ាក់សាំង COVID-19 ជាច្រើន​ប្រភេទ​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ត្រូវបាន​គេ​អភិវឌ្ឍ និង​ពិសោធ​ដោយ​ប្រើពេល​ខ្លី​បំផុត។ ប៉ុន្តែ មនុស្សពេញវ័យ​ប្រហែល 24% នៅ សហរដ្ឋ​អាម៉េរិក ដែល​ជិត​ស្មើនឹង 60 លាន​នាក់ នៅតែ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ណាមួយ​នៅឡើយ។ ក្រុម​អ្នកជំនាញ​យល់ថា មូល​ហេតុដែល​នាំឱ្យមាន​ការរារែក​ក្នុងការ​ទទួល​ការចាក់​វ៉ាក់សាំង​គឺ​មកពី​វិបត្តិ​នៃ​ការយល់ដឹង និង​ព័ត៌មាន​មិន​ពិត។

    ក្រៅពី​វ៉ាក់សាំង បណ្ដា​វិធីសាស្ត្រ​ព្យាបាល COVID-19 ផ្សេងទៀត ត្រូវបាន​អភិវឌ្ឍ ក្នុងនោះ​មានដូចជា ការប្រើ​អង្គ​បដិបក្ខ Monoclonal, ម៉ាស៊ីន​ជំនួយ​ដង្ហើម​ទាន់សម័យ និង​ក្រុម​ថ្នាំ​ប្រឆាំង​បញ្ហា​រលាក corticoid ដើម្បី​កាត់បន្ថយ​ការ​ប្រតិកម្ម​ខ្លាំងក្លា​នៃ​ប្រព័ន្ធ​ភាពស៊ាំ ចំពោះ​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ៕